ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់សម្ដីទី ១៣៧
07-11-2025
នៅពេលដែលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់ធ្វើតែកិច្ចការណាដែលស្ថិតនៅក្នុងភាពជាព្រះប៉ុណ្ណោះ ហើយនោះជាអ្វីដែលព្រះវិញ្ញាណនៃស្ថានសួគ៌បានផ្ទុកផ្ដាក់ដល់ព្រះដែលយកកំណើតជាមនុស្ស។ នៅពេលដែលទ្រង់យាងមក ទ្រង់គ្រាន់តែប្រកាសព្រះបន្ទូលនៅទូទាំងទឹកដី ដើម្បីថ្លែងព្រះសូរសៀងរបស់ទ្រង់ តាមរយៈមធ្យោបាយផ្សេងៗ និងចេញពីទិដ្ឋភាពផ្សេងៗប៉ុណ្ណោះ។ ទ្រង់យកការផ្គត់ផ្គង់តម្រូវការរបស់មនុស្ស និងការបង្រៀនមនុស្សជាគោលដៅ និងជាគោលការណ៍ការងាររបស់ទ្រង់ ហើយទ្រង់មិនខ្វល់ជាមួយកិច្ចការផ្សេងទៀត ដូចជាទំនាក់ទំនងអន្តរបុគ្គល ឬសេចក្តីលម្អិតនៃជីវិតរបស់មនុស្សឡើយ។ ព័ន្ធកិច្ចចម្បងរបស់ទ្រង់ គឺជាការប្រកាសព្រះបន្ទូល ជំនួសឱ្យព្រះវិញ្ញាណ។ នៅពេលដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បង្ហាញអង្គទ្រង់នៅក្នុងសាច់ឈាម ទ្រង់គ្រាន់តែបំពេញដល់តម្រូវការនៃជីវិតរបស់មនុស្ស និងប្រកាសនូវសេចក្តីពិតប៉ុណ្ណោះ។ ទ្រង់មិនបានពាក់ព័ន្ធនៅក្នុងកិច្ចការរបស់មនុស្សឡើយ គឺអាចនិយាយបានថា ទ្រង់មិនចូលរួមនៅក្នុងកិច្ចការក្នុងភាពជាមនុស្សទេ។ មនុស្សមិនអាចធ្វើកិច្ចការរបស់ព្រះ ហើយព្រះជាម្ចាស់មិនពាក់ព័ន្ធក្នុងកិច្ចការរបស់មនុស្ស។ ប៉ុន្មានឆ្នាំដោយចាប់តាំងពីព្រះជាម្ចាស់បានយាងមកផែនដី ដើម្បីធ្វើនូវកិច្ចការរបស់ទ្រង់ ព្រះអង្គតែងតែធ្វើវាតាមរយៈមនុស្ស។ យ៉ាងណាមិញ មនុស្សទាំងនេះមិនអាចត្រូវបានចាត់ទុកដូចជាព្រះដែលយកកំណើតជាមនុស្សឡើយ គឺគ្រាន់តែជាមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់ប៉ុណ្ណោះ។ នៅគ្រាដដែលនោះ ព្រះជាម្ចាស់នាពេលបច្ចុប្បន្នអាចមានបន្ទូលដោយផ្ទាល់ចេញពីទិដ្ឋភាពនៃភាពជាព្រះ ដោយប្រកាសអំពីព្រះសូរសៀង និងការធ្វើការជំនួសឱ្យព្រះវិញ្ញាណ។ អស់អ្នកដែលព្រះជាម្ចាស់បានត្រាស់បង្គាប់នៅទូទាំងយុគសម័យកាល គឺដូចជាឧទាហរណ៍នៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលកំពុងតែធ្វើការនៅក្នុងរូបកាយខាងសាច់ឈាមដូច្នេះដែរ។ ហេតុអ្វីបានជាពួកគេមិនអាចត្រូវបានហៅថាជាព្រះជាម្ចាស់ទៅ? ប៉ុន្តែ ព្រះជាម្ចាស់នាពេលបច្ចុប្បន្នក៏ជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលកំពុងធ្វើការដោយផ្ទាល់នៅក្នុងសាច់ឈាមផងដែរ ហើយព្រះយេស៊ូវក៏ជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលកំពុងធ្វើការនៅក្នុងសាច់ឈាមផងដែរ ដូច្នេះ ព្រះអង្គទាំងពីរក៏ត្រូវបានហៅថាជាព្រះជាម្ចាស់ផងដែរ។ តើវាមានលក្ខណៈខុសគ្នាយ៉ាងដូចម្ដេចទៅ? មនុស្សដែលព្រះជាម្ចាស់បានត្រាស់បង្គាប់នៅទូទាំងយុគសម័យកាល សុទ្ធតែមានសមត្ថភាពចេះគិត និងត្រិះរិះពិចារណាតាមធម្មតា។ ពួកគេទាំងអស់គ្នាបានយល់អំពីគោលការណ៍នៃការប្រព្រឹត្តរបស់មនុស្ស។ ពួកគេមានគំនិតជាមនុស្សសាមញ្ញ ហើយក៏មានអ្វីៗគ្រប់យ៉ាងដែលមនុស្សសាមញ្ញគួរតែមានផងដែរ។ ពួកគេភាគច្រើនមាននូវទេពកោសល្យ និងបញ្ញាវាងវៃអស្ចារ្យ។ ដើម្បីធ្វើឱ្យមនុស្សទាំងនេះគ្រប់លក្ខណ៍ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ប្រើប្រាស់នូវទេពកោសល្យរបស់គេ ដែលជាព្រះអំណោយទានដែលព្រះជាម្ចាស់ប្រទានឱ្យ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ប្រើប្រាស់ទេពកោសល្យរបស់គេ ប្រើប្រាស់ចំណុចខ្លាំងរបស់គេ ដើម្បីបម្រើព្រះជាម្ចាស់។ ប៉ុន្តែ សារជាតិរបស់ព្រះជាម្ចាស់មិនមាននូវគំនិត ឬយោបល់នោះទេ ដោយមិនមានលាយឡំនូវចេតនារបស់មនុស្ស ហើយថែមទាំងខ្វះនូវអ្វីដែលមនុស្សសាមញ្ញមានទៀតផង។ គឺអាចនិយាយបានថា ទ្រង់មិនធ្លាប់ស្គាល់គោលការណ៍នៃការប្រព្រឹត្តិរបស់មនុស្សឡើយ។ នេះជាលក្ខណៈរបស់ទ្រង់ នៅពេលដែលព្រះជាម្ចាស់នាពេលបច្ចុប្បន្នយាងមកកាន់ផែនដី។ កិច្ចការ និងព្រះបន្ទូលរបស់ទ្រង់មិនមានលាយឡំជាមួយចេតនា ឬគំនិតរបស់មនុស្សទេ ប៉ុន្តែវាជាការស្ដែងចេញដោយផ្ទាល់អំពីចេតនារបស់ព្រះវិញ្ញាណ ហើយទ្រង់ធ្វើការដោយផ្ទាល់ ជំនួសឱ្យព្រះជាម្ចាស់។ នេះមានន័យថា ព្រះវិញ្ញាណមានបន្ទូលដោយផ្ទាល់ និងមានន័យថា ភាពជាព្រះធ្វើកិច្ចការដោយផ្ទាល់ ដោយគ្មានលាយឡំជាមួយចេតនារបស់មនុស្ស សូម្បីតែបន្តិចនោះឡើយ។ ម្យ៉ាងទៀត ព្រះដែលយកកំណើតជាមនុស្សតំណាងដោយផ្ទាល់នូវភាពជាព្រះ ដោយគ្មានគំនិត ឬយោបល់របស់មនុស្សឡើយ ហើយក៏គ្មានការយល់ដឹងអំពីគោលការណ៍នៃការប្រព្រឹត្តរបស់មនុស្សផងដែរ។ បើសិនជាមានតែភាពជាព្រះជាអ្នកធ្វើការ (មានន័យថា បើសិនជាមានតែព្រះជាម្ចាស់ផ្ទាល់ជាអ្នកធ្វើការ) នោះវានឹងគ្មានផ្លូវឱ្យកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានអនុវត្តនៅលើផែនដីនោះឡើយ។ ដូច្នេះ នៅពេលដែលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់ត្រូវតែមានមនុស្សមួយក្រុមតូចដែលទ្រង់អាចត្រាស់បង្គាប់ ដើម្បីធ្វើការនៅក្នុងភាពជាមនុស្ស ទន្ទឹមជាមួយកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងភាពជាព្រះ។ ម្យ៉ាងទៀត ទ្រង់ប្រើប្រាស់កិច្ចការរបស់មនុស្ស ដើម្បីគាំទ្រដល់កិច្ចការជាព្រះរបស់ទ្រង់។ បើមិនដូច្នេះទេ វានឹងគ្មានផ្លូវដែលមនុស្សអាចធ្វើកិច្ចការរបស់ព្រះដោយផ្ទាល់បានឡើយ។ នេះជាលក្ខណៈនៃការធ្វើការរបស់ព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់។ ក្នុងពេលដែលទ្រង់គង់នៅក្នុងពិភពលោក ព្រះយេស៊ូវបានលុបបំបាត់ចោលក្រឹត្យវិន័យចាស់ៗ ហើយបង្កើតនូវបទបញ្ញត្តិថ្មីៗ។ ទ្រង់ក៏មានបន្ទូលជាច្រើនផងដែរ។ គ្រប់កិច្ចការទាំងអស់នេះត្រូវបានសម្រេចនៅក្នុងភាពជាព្រះ។ ឯមនុស្សផ្សេងទៀត ដូចជា ពេត្រុស ប៉ុល និងយ៉ូហាន សុទ្ធតែសង់កិច្ចការជាបន្តបន្ទាប់របស់ពួកគេពីលើគ្រឹះនៃព្រះបន្ទូលរបស់ព្រះយេស៊ូវប៉ុណ្ណោះ។ គឺអាចនិយាយបានថា ព្រះជាម្ចាស់បានចាប់ផ្ដើមនូវកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនោះ ដោយបង្ហាញនូវទីចាប់ផ្ដើមនៃយុគសម័យនៃព្រះគុណ។ ទ្រង់បាននាំមកនូវយុគសម័យមួយថ្មី លុបបំបាត់អ្វីដែលចាស់ ហើយក៏សម្រេចតាមព្រះបន្ទូលដែលចែងថា «ព្រះជាម្ចាស់ជាដើមដំបូង និងជាទីបញ្ចប់»។ ម្យ៉ាងទៀត មនុស្សត្រូវតែធ្វើកិច្ចការរបស់មនុស្សនៅពីលើគ្រឹះនៃកិច្ចការដែលមកពីព្រះ។ នៅពេលដែលព្រះយេស៊ូវបានមានបន្ទូលគ្រប់យ៉ាងដែលទ្រង់ត្រូវមានបន្ទូល និងបានបង្ហើយកិច្ចការរបស់ទ្រង់នៅលើផែនដីរួចហើយ ទ្រង់ក៏បានចាកចេញពីមនុស្ស។ ក្រោយមក មនុស្សទាំងអស់ធ្វើការស្របតាមគោលការណ៍ដែលបានបង្ហាញនៅក្នុងព្រះបន្ទូលរបស់ទ្រង់ និងបានអនុវត្តស្របទៅតាមសេចក្តីពិតដែលទ្រង់បានមានបន្ទូល។ មនុស្សទាំងអស់នេះបានធ្វើការសម្រាប់ព្រះយេស៊ូវ។ ប្រសិនបើព្រះយេស៊ូវធ្វើការនេះតែអង្គទ្រង់ នោះទោះបីទ្រង់មានបន្ទូលច្រើនប៉ុនណា ក៏មនុស្សគ្មានផ្លូវនឹងយល់អំពីព្រះបន្ទូលរបស់ទ្រង់នោះដែរ ដោយសារតែទ្រង់កំពុងតែធ្វើការនៅក្នុងភាពជាព្រះ ហើយអាចមានបន្ទូលនៃភាពជាព្រះប៉ុណ្ណោះ ហើយទ្រង់មិនអាចពន្យល់ដល់ចំណុចមួយដែលមនុស្សសាមញ្ញអាចយល់ព្រះបន្ទូលរបស់ទ្រង់បានឡើយ។ ដូច្នេះហើយបានជាទ្រង់ត្រូវមានពួកសាវ័ក និងពួកហោរា ដែលបានមកតាមក្រោយទ្រង់ ដើម្បីជួយបំពេញបន្ថែមដល់កិច្ចការរបស់ទ្រង់។ នេះជាគោលការណ៍អំពីរបៀបដែលព្រះដែលយកកំណើតជាមនុស្សធ្វើកិច្ចការរបស់ទ្រង់ ដោយប្រើប្រាស់សាច់ឈាមជាមនុស្ស ដើម្បីមានបន្ទូល និងធ្វើការឱ្យសម្រេចកិច្ចការនៃភាពជាព្រះ ហើយបន្ទាប់មក ប្រើប្រាស់មនុស្សពីរបីនាក់ ឬប្រហែលច្រើននាក់ ជាមនុស្សដែលស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដើម្បីបំពេញបន្ថែមដល់កិច្ចការរបស់ទ្រង់។ ព្រះជាម្ចាស់ត្រាស់បង្គាប់មនុស្សដែលស្របតាមព្រះហឫទ័យរបស់ទ្រង់ ដើម្បីធ្វើកិច្ចការនៃការគង្វាល និងការផ្ដល់ទឹកនៅក្នុងភាពជាមនុស្ស ដើម្បីឱ្យពួកជ្រើសតាំងរបស់ព្រះជាម្ចាស់អាចយល់អំពីតថភាពនៃសេចក្តីពិត។
នៅពេលដែលទ្រង់បានយាងមកក្លាយជាសាច់ឈាម ប្រសិនបើព្រះជាម្ចាស់ធ្វើតែកិច្ចការនៃភាពជាព្រះ ហើយគ្មានមនុស្សដែលស្របតាមព្រះហឫទ័យរបស់ទ្រង់ធ្វើការរួមជាមួយទ្រង់ទេ នោះមនុស្សនឹងគ្មានសមត្ថភាពយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬផ្សារភ្ជាប់ជាមួយនឹងព្រះជាម្ចាស់នោះឡើយ។ ព្រះជាម្ចាស់ត្រូវតែប្រើប្រាស់មនុស្សសាមញ្ញ ដែលស្របតាមព្រះហឫទ័យរបស់ទ្រង់ក្នុងការសម្រេចកិច្ចការនេះ ដែលជាមើលថែ និងឃ្វាលដល់ពួកជំនុំ ដើម្បីឱ្យកម្រិតនៃការយល់ដឹងរបស់មនុស្សអាចស្រមើស្រមៃឃើញ ហើយខួរក្បាលរបស់គេអាចយល់បាន។ នៅក្នុងន័យម្យ៉ាងទៀត ព្រះជាម្ចាស់ប្រើប្រាស់មនុស្សមួយក្រុមតូច ដែលស្របតាមព្រះហឫទ័យរបស់ទ្រង់ ដើម្បី «បកស្រាយ» កិច្ចការដែលទ្រង់ធ្វើនៅក្នុងភាពជាព្រះរបស់ទ្រង់ ដើម្បីឱ្យមនុស្សអាចយល់អំពីកិច្ចការរបស់ទ្រង់ ដើម្បីបំផ្លាស់បំប្រែភាសារបស់ព្រះឱ្យក្លាយជាភាសារបស់មនុស្ស ដើម្បីឱ្យមនុស្សអាចស្វែងយល់ និងយល់ដឹងពីកិច្ចការរបស់ទ្រង់បាន។ បើព្រះជាម្ចាស់មិនធ្វើបែបនេះទេ នោះនឹងគ្មាននរណាម្នាក់យល់ភាសារបស់ព្រះជាម្ចាស់ឡើយ ដោយសារតែមនុស្សដែលស្របតាមព្រះហឫទ័យរបស់ព្រះ គឺជាចំនួនមនុស្សមួយក្រុមតូច ហើយសមត្ថភាពនៃការយល់ដឹងរបស់មនុស្ស ក៏នៅខ្សោយទៀត។ នោះជាហេតុផលដែលព្រះជាម្ចាស់ជ្រើសរើសវិធីសាស្ត្រនេះ នៅពេលដែលទ្រង់ធ្វើការនៅក្នុងសាច់ឈាមជាមនុស្សតែប៉ុណ្ណោះ។ បើមានតែកិច្ចការនៃព្រះ នោះវានឹងគ្មានផ្លូវដែលមនុស្សអាចដឹង ឬផ្សារភ្ជាប់ជាមួយនឹងព្រះជាម្ចាស់បានឡើយ ដោយសារតែមនុស្សមិនយល់ភាសារបស់ព្រះជាម្ចាស់ឡើយ។ មនុស្សអាចយល់ភាសានេះបាន លុះត្រាតែតាមរយៈភ្នាក់ងារនៃមនុស្សដែលស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលធ្វើការបកស្រាយបញ្ជាក់ពីព្រះបន្ទូលរបស់ទ្រង់។ យ៉ាងណាមិញ បើមានតែមនុស្សបែបនេះធ្វើការនៅក្នុងភាពជាមនុស្ស វាអាចបន្តនៅក្នុងជីវិតសាមញ្ញរបស់មនុស្សតែប៉ុណ្ណោះ ប៉ុន្តែវាមិនអាចបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្សបានឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់មិនអាចមានទីចាប់ផ្ដើមថ្មីទេ ហើយវានឹងមានតែរបៀបចាស់ៗដដែលៗ គួរឱ្យធុញទ្រាន់ប៉ុណ្ណោះ។ មានតែតាមរយៈភ្នាក់ងារនៃព្រះដែលយកកំណើតជាមនុស្ស ដែលមានបន្ទូលនូវអ្វីៗគ្រប់យ៉ាងដែលត្រូវថ្លែង និងធ្វើអ្វីៗគ្រប់យ៉ាងដែលត្រូវធ្វើ ក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សរបស់ទ្រង់ ហើយក្រោយមក មនុស្សធ្វើការ និងដកពិសោធន៍ ស្របតាមព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ ទើបនិស្ស័យរបស់ពួកគេនឹងអាចផ្លាស់ប្រែ និងអាចហូរទៅតាមពេលវេលា។ ព្រះអង្គដែលធ្វើការនៅក្នុងភាពជាព្រះ តំណាងឱ្យព្រះជាម្ចាស់ ចំណែកឯអ្នកដែលធ្វើការនៅក្នុងភាពជាមនុស្ស គឺជាមនុស្សដែលព្រះជាម្ចាស់ត្រាស់បង្គាប់។ គឺអាចនិយាយបានថា ព្រះដែលយកកំណើតជាមនុស្សមានលក្ខណៈខុសគ្នាយ៉ាងខ្លាំងពីមនុស្សដែលព្រះជាម្ចាស់បានត្រាស់បង្គាប់។ ព្រះដែលយកកំណើតជាមនុស្សអាចធ្វើកិច្ចការនៃភាពជាព្រះ ខណៈមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់ មិនអាចធ្វើកិច្ចការនេះបានឡើយ។ នៅដើមដំបូងនៃយុគសម័យនីមួយៗ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មានបន្ទូលដោយផ្ទាល់ ហើយផ្ដើមឡើងនូវយុគសម័យថ្មី ដើម្បីនាំមនុស្សចូលទៅក្នុងទីចាប់ផ្ដើមមួយថ្មី។ នៅពេលដែលទ្រង់បានមានបន្ទូលចប់ហើយ ការនេះជាសញ្ញាបញ្ជាក់ថា កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងភាពជាព្រះក៏ត្រូវបានបញ្ចប់ផងដែរ។ ក្រោយមក មនុស្សទាំងអស់ដែលដើរតាមបុគ្គលដែលព្រះជាម្ចាស់បានប្រើប្រាស់ ក៏ទទួលបានបទពិសោធជីវិតរបស់គេផងដែរ។ ដូចគ្នាផងដែរ ការនេះក៏ជាដំណាក់កាលមួយដែលព្រះជាម្ចាស់នាំមនុស្សចូលទៅក្នុងយុគសម័យថ្មី និងប្រទានឱ្យមនុស្សនូវទីចាប់ផ្ដើមថ្មីផងដែរ ដ្បិតនេះជាពេលមួយដែលកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមត្រូវបានបិទបញ្ចប់។
ដកស្រង់ពី «ភាពខុសគ្នាដ៏សំខាន់រវាងព្រះដែលយកកំណើតជាមនុស្ស និងមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត