ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់សម្ដីទី ១៣៩
07-11-2025
ព្រះដែលយកកំណើតជាមនុស្សមិនអាចបន្តនៅជាមួយមនុស្សជារៀងរហូតឡើយ ដោយសារតែព្រះជាម្ចាស់មានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។ ទ្រង់មិនអាចជាប់ជំពាក់ជាមួយសាច់ឈាមឡើយ។ ទ្រង់ត្រូវតែលះបង់សាច់ឈាមចោល ដើម្បីធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ ទោះបីជាទ្រង់ត្រូវធ្វើកិច្ចការនោះនៅក្នុងរូបភាពជាសាច់ឈាមក៏ដោយ។ នៅពេលដែលព្រះជាម្ចាស់យាងមកផែនដី ទ្រង់មិនរង់ចាំរហូតដល់ទ្រង់បានដល់ទម្រង់មួយដែលមនុស្សសាមញ្ញគួរតែមានមុនពេលការសុគត និងការចាកចេញពីមនុស្សជាតិនោះឡើយ។ មិនថាសាច់ឈាមរបស់ទ្រង់មានវ័យប៉ុនណានោះទេ នៅពេលដែលកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ នោះទ្រង់ត្រូវតែយាងចាកចេញពីមនុស្ស។ សម្រាប់ទ្រង់ វាគ្មានឡើយការមានវ័យចាស់នោះ ទ្រង់មិនបានរាប់ចំនួនថ្ងៃរបស់ទ្រង់ ស្របតាមអាយុកាលរបស់មនុស្សឡើយ ផ្ទុយទៅវិញ ទ្រង់បញ្ចប់ព្រះជន្មរបស់ទ្រង់នៅក្នុងសាច់ឈាម ស្របតាមជំហាននៃកិច្ចការរបស់ទ្រង់។ ប្រហែលមានមនុស្សខ្លះមានអារម្មណ៍ថា ការដែលយាងចូលក្នុងសាច់ឈាមបែបនេះ ព្រះជាម្ចាស់ត្រូវតែមានព្រះជន្មដល់កម្រិតមួយ ត្រូវតែធំធាត់ឡើងរហូតដល់ពេញវ័យ ចូលដល់វ័យចំណាស់ ហើយចាកចេញទៅនៅពេលដែលរូបកាយនោះលែងដំណើរការប៉ុណ្ណោះ។ នេះជាការស្រមើស្រមៃរបស់មនុស្ស ប៉ុន្តែព្រះជាម្ចាស់មិនធ្វើការបែបនេះឡើយ។ ទ្រង់យាងចូលក្នុងសាច់ឈាម ដើម្បីធ្វើកិច្ចការដែលទ្រង់គួរតែធ្វើប៉ុណ្ណោះ ហើយទ្រង់មិនរស់នៅតាមបែបជាមនុស្សសាមញ្ញ ដែលកើតមកមានឪពុកម្ដាយ ធំធាត់ឡើង បង្កើតជាគ្រួសារ និងចាប់ផ្ដើមធ្វើការ មានកូន និងចិញ្ចឹមកូន ឬមានបទពិសោធនូវការឡើងចុះនៃជីវិតនោះឡើយ។ ទាំងអស់នេះគឺជាសកម្មភាពរបស់មនុស្សសាមញ្ញ។ នៅពេលដែលព្រះជាម្ចាស់យាងមកផែនដី នេះជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលពាក់រូបកាយជាសាច់ឈាម យាងចូលក្នុងសាច់ឈាម ប៉ុន្តែព្រះជាម្ចាស់មិនរស់នៅជីវិតតាមបែបមនុស្សសាមញ្ញឡើយ។ ទ្រង់គ្រាន់តែយាងមក ដើម្បីសម្រេចផ្នែកមួយនៅក្នុងផែនការគ្រប់គ្រងរបស់ទ្រង់ប៉ុណ្ណោះ។ បន្ទាប់ពីនេះ ទ្រង់នឹងត្រូវចាកចេញពីមនុស្សជាតិ។ នៅពេលដែលទ្រង់យាងចូលទៅក្នុងសាច់ឈាម ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនបានធ្វើឱ្យភាពជាមនុស្សសាមញ្ញខាងសាច់ឈាមនោះ បានគ្រប់លក្ខណ៍ឡើយ។ ផ្ទុយទៅវិញ នៅពេលកំណត់មួយដែលព្រះជាម្ចាស់បានតម្រូវទុកជាមុន ភាពជាព្រះត្រូវបន្តធ្វើការដោយផ្ទាល់វិញ។ ក្រោយពេលធ្វើគ្រប់កិច្ចការដែលទ្រង់ត្រូវធ្វើ និងបញ្ចប់ព័ន្ធកិច្ចរបស់ទ្រង់បានទាំងស្រុងហើយ ទើបកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅក្នុងដំណាក់កាលនេះត្រូវបានបញ្ចប់ ហើយវាក៏ជាចំណុចដែលព្រះជន្មរបស់ព្រះដែលយកកំណើតជាមនុស្ស ត្រូវបានបញ្ចប់ផងដែរ មិនថារូបកាយខាងសាច់ឈាមរបស់ទ្រង់បានរស់នៅដល់អាយុកាលយូរប៉ុនណានោះឡើយ។ គឺអាចនិយាយបានថា មិនថារូបកាយខាងសាច់ឈាមចូលដល់ដំណាក់កាលអ្វីនៃជីវិត មិនថាវារស់នៅលើផែនដីបានយូរប៉ុនណានោះឡើយ ប៉ុន្តែអ្វីៗគ្រប់យ៉ាងត្រូវបានសម្រេចព្រះទ័យ ដោយកិច្ចការនៃព្រះវិញ្ញាណ។ វាគ្មានទាក់ទងជាមួយនឹងអ្វីដែលមនុស្សចាត់ទុកថាជាភាពជាមនុស្សសាមញ្ញនោះឡើយ។ ចូរយកព្រះយេស៊ូវជាឧទាហរណ៍ទៅចុះ។ ទ្រង់បានរស់នៅក្នុងសាច់ឈាមរយៈពេលសាមសិបបីឆ្នាំកន្លះ។ ទាក់ទងនឹងអាយុកាលនៃរូបកាយជាមនុស្ស ទ្រង់មិនគួរសុគតនៅវ័យនេះឡើយ ហើយទ្រង់ក៏មិនគួរលាចាកលោកទៅបែបនេះនោះដែរ។ ប៉ុន្តែការនេះមិនប៉ះពាល់ដល់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ឡើយ។ កិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ នៅចំណុចដែលរូបកាយត្រូវបានដកបាត់ទៅ គឺបាត់រួមជាមួយព្រះវិញ្ញាណតែម្ដង។ នេះគឺជាគោលការណ៍ដែលព្រះជាម្ចាស់ធ្វើការនៅក្នុងសាច់ឈាម។ បើនិយាយឱ្យចំ ភាពជាមនុស្សរបស់ព្រះដែលយកកំណើតជាមនុស្ស មិនមានភាពសំខាន់ជាចម្បងឡើយ។ សូមបញ្ជាក់ម្ដងទៀតថា ទ្រង់យាងមកផែនដី មិនមែនដើម្បីរស់នៅជីវិតជាមនុស្សសាមញ្ញម្នាក់នោះឡើយ។ ជាដំបូង ទ្រង់មិនបានចាប់ផ្ដើមជីវិតជាមនុស្សសាមញ្ញ ហើយបន្ទាប់មក ចាប់ផ្ដើមធ្វើការនោះឡើយ។ ផ្ទុយទៅវិញ ពេលដែលទ្រង់ប្រសូតចូលក្នុងគ្រួសារមនុស្សសាមញ្ញភ្លាម ទ្រង់អាចធ្វើកិច្ចការនៃព្រះបានភ្លាម ហើយកិច្ចការនៃព្រះនេះ ជាកិច្ចការមួយដែលមិនប្រឡាក់ប្រឡូកជាមួយចេតនារបស់មនុស្ស មិនមែនជាកិច្ចការខាងសាច់ឈាម មិនស្របតាមផ្លូវនៃសង្គម ឬមិនពាក់ព័ន្ធនឹងគំនិត ឬសញ្ញាណរបស់មនុស្សឡើយ ហើយលើសពីនេះទៅទៀត វាមិនពាក់ព័ន្ធនឹងទស្សនវិជ្ជានៃការរស់នៅខាងលោកីយ៍នោះឡើយ។ នេះគឺជាកិច្ចការដែលព្រះយកកំណើតជាមនុស្សមានគោលបំណងចង់ធ្វើ ហើយវាក៏ជាភាពសំខាន់ជាក់ស្ដែងនៃការយកកំណើតជាមនុស្សរបស់ទ្រង់ផងដែរ។ ព្រះជាម្ចាស់យាងចូលក្នុងសាច់ឈាមជាចម្បង ដើម្បីធ្វើដំណាក់កាលមួយនៃកិច្ចការដែលត្រូវសម្រេចនៅក្នុងសាច់ឈាម ដោយមិនចាំបាច់ឆ្លងកាត់ដំណើរការមិនសំខាន់ផ្សេងទៀត ហើយសម្រាប់បទពិសោធរបស់មនុស្សសាមញ្ញ ទ្រង់មិនមាននោះឡើយ។ កិច្ចការដែលព្រះយកកំណើតជាមនុស្សត្រូវធ្វើ មិនរួមបញ្ចូលបទពិសោធរបស់មនុស្សសាមញ្ញនោះទេ។ ដូច្នេះ ព្រះជាម្ចាស់យាងចូលក្នុងសាច់ឈាមសម្រាប់ជាប្រយោជន៍នៃការសម្រេចកិច្ចការដែលទ្រង់ត្រូវសម្រេចនៅក្នុងសាច់ឈាមប៉ុណ្ណោះ។ អ្វីៗផ្សេងទៀតគ្មានពាក់ព័ន្ធជាមួយទ្រង់ឡើយ។ ទ្រង់មិនចាំបាច់ឆ្លងកាត់ដំណើរការជាច្រើនដែលមិនសំខាន់នោះទេ។ ពេលដែលកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ នោះភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ទ្រង់ ក៏ត្រូវបានបញ្ចប់ផងដែរ។ ការបញ្ចប់ដំណាក់កាលនេះ មានន័យថា កិច្ចការដែលទ្រង់ត្រូវធ្វើនៅក្នុងសាច់ឈាមបានបិទបញ្ចប់ ហើយព័ន្ធកិច្ចនៃសាច់ឈាមរបស់ទ្រង់ក៏បានបញ្ចប់ផងដែរ។ ប៉ុន្តែ ទ្រង់មិនអាចបន្តធ្វើការនៅក្នុងសាច់ឈាមជារៀងរហូតនោះឡើយ។ ទ្រង់ត្រូវតែបន្តទៅកាន់កន្លែងមួយទៀតដើម្បីធ្វើការ ជាកន្លែងមួយនៅខាងក្រៅសាច់ឈាម។ មានតែបែបនេះទេ ទើបកិច្ចការរបស់ទ្រង់អាចត្រូវបានសម្រេចយ៉ាងពេញលេញ និងរីកចម្រើនបានលទ្ធផលកាន់តែខ្លាំង។ ព្រះជាម្ចាស់ធ្វើការស្របតាមផែនការដើមរបស់ទ្រង់។ កិច្ចការអ្វីដែលទ្រង់ត្រូវធ្វើ និងកិច្ចការអ្វីដែលទ្រង់បានបញ្ចប់ ទ្រង់ជ្រាបដឹងយ៉ាងច្បាស់តែម្ដង។ ព្រះជាម្ចាស់ដឹកនាំមនុស្សម្នាក់ៗឱ្យដើរតាមផ្លូវមួយដែលទ្រង់បានតម្រូវទុករួចជាស្រេច។ គ្មាននរណាម្នាក់អាចរួចផុតនោះឡើយ។ គឺមានតែមនុស្សដែលដើរតាមការដឹកនាំនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបគេអាចចូលសម្រាកបាន។ នៅក្នុងកិច្ចការបន្ទាប់ វាអាចនឹងគ្មានព្រះជាម្ចាស់ដែលមានបន្ទូលនៅក្នុងសាច់ឈាម ដើម្បីដឹកនាំមនុស្សទៀតឡើយ ប៉ុន្តែអាចជាព្រះវិញ្ញាណនៅក្នុងទម្រង់ជាក់ស្ដែង ធ្វើការដឹកនាំជីវិតរបស់មនុស្សវិញម្ដង។ មានតែបែបនេះទេ ទើបមនុស្សអាចប៉ះពាល់ព្រះជាម្ចាស់យ៉ាងច្បាស់ សម្លឹងទៅកាន់ព្រះជាម្ចាស់ និងយល់កាន់តែច្បាស់អំពីការពិតដែលព្រះជាម្ចាស់តម្រូវទុក ហើយត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ដ៏ពិត។ នេះគឺជាកិច្ចការដែលព្រះជាម្ចាស់មានគោលបំណងចង់សម្រេច និងជាអ្វីដែលទ្រង់បានគ្រោងទុកជាយូរឆ្នាំមកហើយ។ ចាប់ពីពេលនេះតទៅ អ្នករាល់គ្នាគួរតែមើលឃើញផ្លូវដែលអ្នករាល់គ្នាគួរតែដើរហើយ!
ដកស្រង់ពី «ភាពខុសគ្នាដ៏សំខាន់រវាងព្រះដែលយកកំណើតជាមនុស្ស និងមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត