ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VIII
ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ (II)
យើងនឹងបន្តប្រកបអំពីប្រធានបទចុងក្រោយរបស់យើង។ តើអ្នករាល់គ្នានឹកឃើញអំពីប្រធានបទដែលយើងបានធ្វើការប្រកបគ្នាលើកចុងក្រោយដែរឬទេ? (ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ។) តើប្រធានបទ «ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ» ជាប្រធានបទដែលមានអារម្មណ៍ថានៅឆ្ងាយពីអ្នករាល់គ្នាខ្លាំងមែនទេ? ឬក៏អ្នករាល់គ្នាមានគោលគំនិតត្រួសៗអំពីវារួចហើយនៅក្នុងបេះដូងរបស់អ្នករាល់គ្នាមែនទេ? តើនរណាអាចនិយាយមួយភ្លែតអំពីចំណុចសំខាន់នៃការប្រកបគ្នាលើកចុងក្រោយរបស់យើងអំពីប្រធានបទនេះបានឬទេ? (តាមរយៈការបង្កើតរបស់សព្វសារពើដោយព្រះជាម្ចាស់ ខ្ញុំឃើញថា ទ្រង់ចិញ្ចឹមបីបាច់របស់សព្វសារពើ ហើយចិញ្ចឹមបីបាច់មនុស្សជាតិផងដែរ។ កាលពីមុន ខ្ញុំតែងតែគិតថា នៅពេលព្រះជាម្ចាស់ធ្វើការប្រទានឲ្យមនុស្ស ទ្រង់បានត្រឹមតែប្រទានព្រះបន្ទូលរបស់ព្រះអង្គដល់រាស្ត្រជ្រើសតាំងរបស់ទ្រង់ ខ្ញុំមិនដែលដឹងថា ព្រះជាម្ចាស់កំពុងចិញ្ចឹមបីបាច់មនុស្សជាតិទាំងអស់ តាមរយៈច្បាប់នានាដែលគ្រប់គ្រងរបស់សព្វសារពើនោះទេ។ រហូតទាល់តែព្រះជាម្ចាស់ធ្វើការបញ្ចេញអំពីសេចក្តីពិតនេះ ទើបខ្ញុំបានដឹងថា ទ្រង់ជាប្រភពនៃរបស់សព្វសារពើ ទ្រង់ប្រទានជីវិតដល់របស់សព្វសារពើ ហើយព្រះជាម្ចាស់រៀបចំច្បាប់ទាំងនេះ និងចិញ្ចឹមបីបាច់របស់សព្វសារពើ។ តាមរយៈការបង្កើតរបស់សព្វសារពើដោយព្រះជាម្ចាស់ ទើបខ្ញុំមើលឃើញពីសេចក្ដីស្រឡាញ់របស់ទ្រង់។) កាលពីលើកចុងក្រោយនេះ យើងបានធ្វើការប្រកបគ្នាជាចម្បងអំពីការបង្កើតរបស់សព្វសារពើដោយព្រះជាម្ចាស់ និងអំពីរបៀបដែលទ្រង់បានបង្កើតច្បាប់នានា និងគោលការណ៍នានាសម្រាប់ពួកវា។ នៅក្រោមច្បាប់ និងគោលការណ៍ទាំងនេះ របស់សព្វសារពើរស់ និងស្លាប់ ហើយមានវត្ដមានរស់នៅជាមួយមនុស្សក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ និងក្រោមការទតមើលរបស់ព្រះជាម្ចាស់។ ដំបូងយើងបាននិយាយអំពីការដែលព្រះជាម្ចាស់បង្កើតរបស់សព្វសារពើ ហើយប្រើវិធីសាស្ត្ររបស់ព្រះអង្គផ្ទាល់ដើម្បីកំណត់ច្បាប់នានាដើម្បីឲ្យពួកវាលូតលាស់ ក៏ដូចជាគន្លងគោចរ និងលំនាំនៃការលូតលាស់របស់ពួកវា។ ទ្រង់ក៏បានកំណត់ពីរបៀបដែលរបស់សព្វសារពើរស់រាននៅក្នុងដែនដីនេះ ដើម្បីឲ្យពួកវាអាចបន្តលូតលាស់ និងកើតកូនចៅច្រើនឡើង ហើយរស់រានបានដោយពឹងពាក់គ្នាទៅវិញទៅមក។ ដោយប្រើវិធីសាស្ត្រ និងច្បាប់ទាំងនេះ របស់សព្វសារពើអាចមានវត្ដមាន និងលូតលាស់នៅលើដែនដីនេះដោយមិនចាំបាច់ប្រឹង និងដោយសន្តិភាព ហើយមានតែបរិដ្ឋានបែបនេះទេទើបមនុស្សជាតិអាចមានផ្ទះដ៏នឹងនមួយ និងមានស្ថានភាពដ៏នឹងនមួយដើម្បីរស់នៅ ដោយឆ្ពោះទៅមុខជានិច្ចក្រោមការណែនាំរបស់ព្រះជាម្ចាស់ គឺថាទៅមុខរហូត។
កាលពីលើកមុន យើងបានពិភាក្សាអំពីគោលគំនិតជាមូលដ្ឋានរបស់ព្រះជាម្ចាស់ក្នុងការផ្គត់ផ្គង់ដល់របស់សព្វសារពើ៖ ព្រះជាម្ចាស់ផ្គត់ផ្គង់ដល់របស់សព្វសារពើតាមរបៀបដែលអាចឲ្យរបស់សព្វសារពើមានវត្តមាន និងរស់នៅសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ។ និយាយម៉្យាងទៀតគឺថា បរិស្ថានបែបនេះមានវត្តមានដោយសារច្បាប់នានាដែលបានកំណត់ដោយព្រះជាម្ចាស់។ វាដោយសារតែព្រះជាម្ចាស់ថែទាំ និងគ្រប់គ្រងច្បាប់ទាំងនេះ ទើបមនុស្សជាតិមានបរិស្ថានរស់នៅដូចបច្ចុប្បន្ននេះ។ វាជាការផ្លោះដ៏អស្ចារ្យរវាងអ្វីៗដែលយើងបាននិយាយកាលពីលើកចុងក្រោយនេះ និងការស្គាល់ព្រះជាម្ចាស់ដែលយើងបាននិយាយកាលពីគ្រាមុន។ តើមូលហេតុអ្វីបានមានការផ្លោះបែបនោះ? ពោលគឺថា នៅពេលយើងនិយាយអំពីការស្គាល់ព្រះជាម្ចាស់កាលពីអតីតកាល គឺយើងបាននិយាយនៅក្នុងវិសាលភាពនៃការសង្គ្រោះ និងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ (នោះគឺជាការប្រោសលោះ និងការគ្រប់គ្រងរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់) ហើយនៅក្នុងវិសាលភាពនោះ យើងបាននិយាយអំពីការស្គាល់ព្រះជាម្ចាស់ អំពើរបស់ព្រះជាម្ចាស់ និស្ស័យរបស់ទ្រង់ កម្មសិទ្ធិនិងលក្ខណៈរបស់ទ្រង់ បំណងព្រះហឫទ័យរបស់ទ្រង់ ព្រមទាំងអំពីរបៀបដែលទ្រង់ប្រទានសេចក្ដីពិត និងជីវិតដល់មនុស្ស។ ប៉ុន្តែកាលពីលើកចុងក្រោយនេះ ប្រធានបទដែលយើងបានចាប់ផ្ដើម មិនកំណត់ត្រឹមតែខ្លឹមសារក្នុងព្រះគម្ពីរ និងវិសាលភាពនៃការសង្គ្រោះដោយព្រះជាម្ចាស់ដល់រាស្ត្ររើសតាំងរបស់ទ្រង់ប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ ប្រធានបទនេះលាតសន្ធឹងហួសពីវិសាលភាពនេះ ចេញផុតពីព្រំដែននៃព្រះគម្ពីរ និងដំណាក់កាលទាំងបីនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើទៅលើរាស្ត្ររើសតាំងរបស់ទ្រង់ ដោយពិភាក្សាអំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គជំនួសវិញ។ ដូច្នេះ នៅពេលអ្នកស្ដាប់ឮផ្នែកនៃការប្រកបរបស់ខ្ញុំនេះ អ្នកមិនត្រូវបង្ខាំងការស្គាល់ព្រះជាម្ចាស់របស់អ្នកត្រឹមតែក្នុងព្រះគម្ពីរ និងដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់នោះទេ។ ផ្ទុយទៅវិញ អ្នកត្រូវតែបើកចំហទស្សនៈរបស់អ្នកជានិច្ច អ្នកត្រូវតែមើលឃើញអំពើរបស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់នៅក្នុងរបស់សព្វសារពើ ក៏ដូចជារបៀបដែលទ្រង់កំណត់ និងគ្រប់គ្រងរបស់សព្វសារពើ។ តាមរយៈវិធីសាស្ត្រនេះ និងផ្អែកលើគ្រឹះនេះ អ្នកអាចមើលឃើញអំពីរបៀបដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់របស់សព្វសារពើ ដែលនេះអាចឲ្យមនុស្សជាតិយល់បានថា ព្រះជាម្ចាស់ជាប្រភពពិតនៃជីវិតសម្រាប់របស់សព្វសារពើ ហើយជាការពិតណាស់ នេះជាអត្តសញ្ញាណពិតរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ និយាយឲ្យចំគឺថា អត្តសញ្ញាណ ឋានៈ និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ រួមទាំងលក្ខណៈគ្រប់យ៉ាងរបស់ទ្រង់ មិនមែនសម្រាប់តែអស់អ្នកដែលដើរតាមទ្រង់នាពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេ (មិនមែនសម្រាប់តែក្រុមមនុស្សដូចអ្នករាល់គ្នានេះទេ) តែថែមទាំងសម្រាប់របស់សព្វសារពើផងដែរ។ ដូច្នេះវិសាលភាពនៃរបស់សព្វសារពើគឺធំធេងណាស់ ខ្ញុំប្រើពាក្យថា «របស់សព្វសារពើ» ដើម្បីពិពណ៌នាអំពីវិសាលភាពនៃច្បាប់របស់ព្រះជាម្ចាស់ទៅលើអ្វីៗគ្រប់យ៉ាង ព្រោះខ្ញុំចង់ប្រាប់អ្នករាល់គ្នាថា អ្វីៗដែលព្រះជាម្ចាស់កំណត់ គឺមិនមែនត្រឹមតែជាអ្វីៗដែលអ្នករាល់គ្នាអាចមើលឃើញដោយភ្នែករបស់អ្នករាល់គ្នានោះទេ ពួកវាមិនមែនត្រឹមតែរួមបញ្ចូលនូវពិភពរូបធាតុដែលគ្រប់គ្នាអាចមើលឃើញប៉ុណ្ណោះទេ តែមានទាំងពិភពមួយផ្សេងទៀតក្រៅពីពិភពរូបធាតុដែលមិនអាចមើលឃើញបានដោយភ្នែកមនុស្សផងដែរ ហើយមានហួសពីភពនានា និងលំហអាកាសដែលមនុស្សមិនអាចរស់នៅបានថែមទៅទៀត។ នោះហើយជាវិសាលភាពនៃការត្រួតត្រារបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ វិសាលភាពនៃការត្រួតត្រារបស់ទ្រង់គឺធំធេងណាស់ ចំណែកអ្នករាល់គ្នា ម្នាក់ៗត្រូវការ និងត្រូវតែយល់ដឹង មើលឃើញ និងមានភាពច្បាស់លាស់អំពីអ្វីៗដែលគួរតែយល់ដឹង អ្វីៗដែលគួរតែមើលឃើញ និងចំណេះដឹងអំពីអ្វីៗដែលគួរតែមាន។ ទោះបីជាវិសាលភាពនៃពាក្យថា «របស់សព្វសារពើ» ពិតជាធំធេងមែនក្ដី តែខ្ញុំនឹងមិនប្រាប់អ្នករាល់គ្នាអំពីរបស់នៅក្នុងវិសាលភាពនោះដែលអ្នករាល់គ្នាគ្មានវិធីមើលឃើញ ឬដែលអ្នករាល់គ្នាមិនអាចប៉ះពាល់ដោយផ្ទាល់បាននោះទេ។ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាតែអំពីរបស់នៅក្នុងវិសាលភាពនោះប៉ុណ្ណោះដែលមនុស្សអាចប៉ះពាល់បាន យល់ដឹងបាន និងយល់ច្បាស់បាន ដើម្បីឲ្យគ្រប់គ្នាអាចដឹងពីអត្ថន័យពិតនៃឃ្លាថា «ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ»។ តាមរយៈវិធីនេះ គ្មានពាក្យណាមួយនៃការប្រកបគ្នារបស់ខ្ញុំចំពោះអ្នករាល់គ្នានឹងគ្មានខ្លឹមសារឡើយ។
កាលពីលើកមុន យើងបានប្រើវិធីសាស្ត្រនិទានរឿងដើម្បីផ្ដល់នូវសេចក្ដីសង្ខេបដ៏សាមញ្ញមួយអំពីប្រធានបទ «ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ» ដើម្បីឲ្យមនុស្សអាចទទួលបានការយល់ដឹងជាមូលដ្ឋានអំពីរបៀបដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់របស់សព្វសារពើ។ តើអ្វីទៅជាគោលបំណងនៃការបង្រៀនអំពីគោលគំនិតជាមូលដ្ឋាននេះដល់អ្នករាល់គ្នា? វាគឺដើម្បីធ្វើឲ្យមនុស្សយល់ដឹងថា កិច្ចការរបស់ព្រះជាម្ចាស់ឈានហួសលើសពីត្រឹមតែក្នុងព្រះគម្ពីរ និងដំណាក់កាលទាំងបីនៃកិច្ចការរបស់ទ្រង់ទៅទៀត។ ទ្រង់កំពុងធ្វើកិច្ចការយ៉ាងច្រើនជាងនេះទៅទៀត តែមនុស្សមិនអាចមើលឃើញ ហើយពួកគេក៏មិនអាចទៅប៉ះពាល់បានដែរ ព្រោះកិច្ចការទាំងនោះទ្រង់ធ្វើដោយផ្ទាល់ព្រះអង្គឯង។ ប្រសិនបើព្រះជាម្ចាស់កំពុងធ្វើការតែម្នាក់ឯងលើការគ្រប់គ្រងរបស់ទ្រង់ និងលើការដឹកនាំរាស្ត្ររើសតាំងរបស់ទ្រង់បន្តទៅមុខទៀត ហើយមិនបានប្រឡូកក្នុងកិច្ចការណាមួយផ្សេងទៀតនេះទេ នោះវានឹងមានការលំបាកខ្លាំងណាស់ក្នុងការបន្តដំណើរទៅមុខទៀតសម្រាប់មនុស្សជាតិនេះ ដែលរួមទាំងអ្នករាល់គ្នាផងដែរ។ មនុស្សជាតិនេះ និងពិភពលោកនេះ មុខជាមិនអាចបន្តការអភិវឌ្ឍបានទេ។ ក្នុងនោះវាមាននូវសារៈសំខាន់នៃឃ្លាថា «ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ» ដែលជាប្រធានបទនៃការប្រកបគ្នាដែលខ្ញុំនឹងពិភាក្សាជាមួយអ្នករាល់គ្នានៅថ្ងៃនេះ។
បរិស្ថានចាំបាច់សម្រាប់ជីវិតដែលព្រះជាម្ចាស់បង្កើតសម្រាប់មនុស្សជាតិ
យើងបានពិភាក្សាអំពីប្រធានបទជាច្រើន និងខ្លឹមសារជាច្រើនទាក់ទងនឹងពាក្យថា «ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ» ប៉ុន្តែ តើអ្នករាល់គ្នាដឹងនៅក្នុងបេះដូងរបស់ខ្លួនអំពីអ្វីៗដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស ក្រៅពីការផ្ដល់ឲ្យអ្នករាល់គ្នានូវព្រះបន្ទូលរបស់ទ្រង់ និងការអនុវត្តកិច្ចការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់លើអ្នករាល់គ្នាដែរឬទេ? មនុស្សមួយចំនួនប្រហែលជានិយាយថា «ព្រះជាម្ចាស់ប្រទាននូវព្រះគុណ និងព្រះពរដល់ទូលបង្គំ ទ្រង់ផ្ដល់សេចក្ដីប្រៀនប្រដៅ និងភាពសុខស្រួលដល់ទូលបង្គំ ហើយទ្រង់ផ្ដល់ការថែទាំ និងការការពារតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបានដល់ទូលបង្គំ»។ អ្នកខ្លះទៀតនិយាយថា «ព្រះជាម្ចាស់ប្រទានអាហារ និងភេសជ្ជៈដល់ទូលបង្គំរាល់ថ្ងៃ» រីឯអ្នកខ្លះទៀតថែមទាំងពោលថា «ព្រះជាម្ចាស់ប្រទានអ្វីៗគ្រប់យ៉ាងដល់ទូលបង្គំ»។ អ្នករាល់គ្នាប្រហែលជាឆ្លើយតបនឹងបញ្ហាទាំងអស់នោះដែលមនុស្សជួបប្រទះនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេតាមរបៀបមួយដែលទាក់ទងដល់វិសាលភាពនៃបទពិសោធន៍ជីវិតខាងសាច់ឈាមផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា។ ព្រះជាម្ចាស់ប្រទានរបស់ជាច្រើនដល់មនុស្សម្នាក់ៗ ទោះបីជាអ្វីដែលយើងកំពុងពិភាក្សានៅទីនេះមិនកំណត់ត្រឹមតែវិសាលភាពនៃតម្រូវការប្រចាំថ្ងៃរបស់មនុស្សក្ដី ប៉ុន្តែវាសម្រាប់ពង្រីកទស្សនៈវិស័យរបស់មនុស្សម្នាក់ៗ និងអនុញ្ញាតឲ្យអ្នករាល់គ្នាមើលឃើញអ្វីៗតាមរយៈទស្សនៈទូលាយ។ ដោយសារតែព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ តើទ្រង់រក្សាជីវិតនៃរបស់សព្វសារពើតាមរបៀបណា? ម៉្យាងទៀត តើព្រះជាម្ចាស់ប្រទានអ្វីខ្លះដល់របស់សព្វសារពើដែលទ្រង់បានបង្កើត ដើម្បីរក្សាវត្ដមានរបស់ពួកវា និងច្បាប់នានាដែលទ្រទ្រង់វត្ដមាននោះ ដើម្បីឲ្យពួកវាអាចមានវត្ដមានតទៅទៀត? នោះហើយជាចំណុចសំខាន់នៃការពិភាក្សារបស់យើងនៅថ្ងៃនេះ។ តើអ្នករាល់គ្នាយល់ពីអ្វីដែលខ្ញុំបាននិយាយឬទេ? ប្រធានបទនេះប្រហែលជាពុំធ្លាប់ដឹងឮសោះដល់អ្នករាល់គ្នាឡើយ ប៉ុន្តែខ្ញុំនឹងមិននិយាយអំពីគោលលទ្ធិណាមួយដែលជ្រាលជ្រៅពេកនោះទេ។ ខ្ញុំនឹងព្យាយាមធ្វើឲ្យប្រាកដថា អ្នករាល់គ្នាអាចស្ដាប់ពាក្យសម្ដីរបស់ខ្ញុំបាន ហើយទទួលបានការយល់ដឹងពីពាក្យសម្ដីទាំងនេះ។ អ្នករាល់គ្នាមិនចាំបាច់មានអារម្មណ៍ថាមានបន្ទុកនោះទេ អ្វីគ្រប់យ៉ាងដែលអ្នករាល់គ្នាត្រូវធ្វើគឺស្ដាប់ដោយយកចិត្តទុកដាក់។ ទោះយ៉ាងណាក៏ដោយ ត្រង់ចំណុចនេះ ខ្ញុំត្រូវតែគូសបញ្ជាក់ម្ដងទៀតថា៖ តើខ្ញុំកំពុងនិយាយអំពីប្រធានបទអ្វី? ប្រាប់មក។ (ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ។) ហើយតើព្រះជាម្ចាស់ផ្គត់ផ្គង់ដល់របស់សព្វសារពើយ៉ាងដូចម្ដេច? តើទ្រង់ប្រទានអ្វីខ្លះដល់របស់សព្វសារពើដើម្បីឲ្យគេអាចនិយាយបានថា «ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ»? តើអ្នករាល់គ្នាមានទស្សនៈ ឬគំនិតអ្វីមួយអំពីសេចក្ដីនេះទេ? វាហាក់ដូចជាខ្ញុំកំពុងពិភាក្សាអំពីប្រធានបទមួយដែលអ្នករាល់គ្នាស្ទើរតែមិនធ្លាប់ដឹងបន្តិចសោះនៅក្នុងបេះដូង និងចិត្តរបស់អ្នករាល់គ្នា។ ប៉ុន្តែខ្ញុំសង្ឃឹមថា អ្នករាល់គ្នាអាចភ្ជាប់ប្រធានបទនេះ និងអ្វីៗដែលខ្ញុំនឹងនិយាយនេះទៅនឹងអំពើរបស់ព្រះជាម្ចាស់ ជាជាងទៅនឹងចំណេះដឹង វប្បធម៌មនុស្សជាតិ ឬការស្រាវជ្រាវណាមួយ។ ខ្ញុំកំពុងនិយាយតែអំពីព្រះជាម្ចាស់ប៉ុណ្ណោះ គឺនិយាយអំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ នេះហើយជាការផ្ដល់យោបល់របស់ខ្ញុំដល់អ្នករាល់គ្នា។ ខ្ញុំជឿជាក់ថា អ្នករាល់គ្នាយល់ហើយ!
ព្រះជាម្ចាស់បានប្រទានរបស់ជាច្រើនដល់មនុស្សជាតិ។ ខ្ញុំនឹងចាប់ផ្តើមដោយនិយាយអំពីអ្វីៗដែលមនុស្សអាចមើលឃើញ ពោលគឺ អ្វីៗដែលពួកគេអាចដឹងបាន។ ទាំងនេះជារឿងដែលមនុស្សអាចទទួលយក និងយល់ដឹងបាននៅក្នុងដួងចិត្ដរបស់ពួកគេ។ ដូច្នេះដំបូង ចូរយើងចាប់ផ្តើមដោយនិយាយអំពីអ្វីៗដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សជាតិព្រមទាំងការពិភាក្សាគ្នាអំពីពិភពរូបធាតុ។
១. ខ្យល់
ដំបូង ព្រះជាម្ចាស់បានបង្កើតខ្យល់ដើម្បីឲ្យមនុស្សអាចដកដង្ហើមបាន។ ខ្យល់គឺជាសារធាតុដែលមនុស្សអាចប៉ះរាល់ថ្ងៃបាន ហើយវាជាវត្ថុដែលមនុស្សពឹងផ្អែកលើគ្រប់ខណៈពេលទាំងអស់ សូម្បីតែពេលដេកក៏ដោយ។ ខ្យល់ដែលព្រះជាម្ចាស់បានបង្កើត គឺមានសារៈសំខាន់យ៉ាងសម្បើមសម្រាប់មនុស្សជាតិ៖ វាចាំបាច់សម្រាប់ដង្ហើម និងជីវិតរបស់ពួកគេ។ សារធាតុនេះ គេអាចដឹងបានតែមើលមិនឃើញទេ វាជាអំណោយដំបូងរបស់ព្រះជាម្ចាស់ដល់របស់សព្វសារពើដែលទ្រង់បានបង្កើតមក។ ប៉ុន្តែបន្ទាប់ពីបង្កើតខ្យល់ហើយ តើព្រះជាម្ចាស់បានឈប់ ដោយចាត់ទុកថាកិច្ចការរបស់ទ្រង់បានចប់ហើយ មែនទេ? ឬក៏តើទ្រង់បានព្រះតម្រិះអំពីរបាយខ្យល់ដែលគួរតែមានឬទេ? តើទ្រង់បានព្រះតម្រិះអំពីធាតុផ្សំដែលខ្យល់គួរតែមានឬទេ? (បាន។) តើព្រះជាម្ចាស់បានគិតអំពីអ្វីនៅពេលទ្រង់បង្កើតខ្យល់? ហេតុអ្វីបានជាព្រះជាម្ចាស់បង្កើតខ្យល់ ហើយតើទ្រង់មានហេតុផលអ្វីដែរ? មនុស្សត្រូវការខ្យល់ ហើយពួកគេត្រូវការដកដង្ហើម។ ជាបឋម របាយខ្យល់គួរតែសមស្របនឹងសួតរបស់មនុស្ស។ តើមានអ្នកណាដឹងអំពីរបាយខ្យល់ខ្យល់ឬទេ? តាមពិតទៅ គ្មានអ្វីចាំបាច់បន្តិចសោះក្នុងការឲ្យមនុស្សដឹងនូវចម្លើយចំពោះសំណួរនេះអំពីតួលេខ ឬទិន្នន័យអ្វីនោះទេ ជាក់ស្ដែង វាមិនចាំបាច់សោះឡើយក្នុងការដឹងចម្លើយ ព្រោះវាគ្រប់គ្រាន់ណាស់ទៅហើយក្នុងការមានត្រឹមតែគំនិតទូទៅមួយ។ ព្រះជាម្ចាស់បានបង្កើតខ្យល់ដោយមានរបាយដែលសមស្របបំផុតសម្រាប់ឲ្យសួតរបស់មនុស្សដកដង្ហើម។ ពោលគឺ ទ្រង់បានបង្កើតខ្យល់ដើម្បីឲ្យវាអាចចូលក្នុងខ្លួនមនុស្សបានរួចជាស្រេចតាមរយៈដង្ហើមរបស់ពួកគេ និងដើម្បីឲ្យវាមិនបង្កអន្តរាយដល់រាងកាយនៅពេលដកដង្ហើមនោះទេ។ ទាំងនេះជាព្រះតម្រិះរបស់ព្រះជាម្ចាស់នៅពេលទ្រង់បានបង្កើតខ្យល់។ បន្ទាប់មកទៀត យើងនឹងនិយាយអំពីធាតុផ្សំដែលមាននៅក្នុងខ្យល់។ ធាតុផ្សំរបស់វាមិនពុលដល់មនុស្ស ហើយនឹងមិនធ្វើឲ្យខូចសួត ឬផ្នែកណាមួយនៃរាងកាយឡើយ។ ព្រះជាម្ចាស់ត្រូវតែព្រះតម្រិះអំពីអ្វីៗទាំងអស់នេះ។ ព្រះជាម្ចាស់ត្រូវតែមានព្រះតម្រិះថា ខ្យល់ដែលមនុស្សដកដង្ហើមគួរតែចូល និងចេញពីរាងកាយដោយរលូន ហើយបន្ទាប់ពីស្រូបចូល ធម្មជាតិ និងបរិមាណនៃសារធាតុនៅក្នុងខ្យល់ គួរតែត្រូវបានរំលាយបានយ៉ាងល្អជាមួយឈាម ក៏ដូចជាខ្យល់សំណល់នៅក្នុងសួត ព្រមទាំងរាងកាយទាំងមូល។ លើសពីនេះទៅទៀត ទ្រង់ត្រូវតែមានព្រះតម្រិះថា ខ្យល់មិនគួរមានសារធាតុពុលទេ។ បំណងរបស់ខ្ញុំក្នុងការប្រាប់អ្នករាល់គ្នាអំពីបទដ្ឋានទាំងពីរនេះចំពោះខ្យល់ គឺមិនមែនដើម្បីផ្ដល់ឲ្យអ្នករាល់គ្នានូវចំណេះដឹងជាក់លាក់ណាមួយនោះទេ ប៉ុន្តែដើម្បីបង្ហាញអ្នករាល់គ្នាថា ព្រះជាម្ចាស់បានបង្កើតរាល់វត្ថុនីមួយៗនៅក្នុងចំណោមការបង្កើតរបស់ទ្រង់ទាំងអស់ គឺស្របតាមព្រះតម្រិះរបស់ព្រះអង្គផ្ទាល់ ហើយរាល់វត្ថុដែលទ្រង់បានបង្កើតគឺល្អបំផុតចំពោះវាហើយ។ លើសពីនេះទៀត ចំពោះចំនួនធូលីនៅក្នុងខ្យល់ ព្រមទាំងចំនួនធូលី ខ្សាច់ និងកម្ទេចកម្ទីនៅលើផែនដី ក៏ដូចជាចំនួនធូលីដែលរសាត់ចុះមកលើផែនដីពីលើមេឃផងដែរ ព្រះជាម្ចាស់មានវិធីរបស់ទ្រង់ក្នុងការគ្រប់គ្រងរបស់ទាំងនេះ និងវិធីក្នុងការសំអាតពួកវា ឬក៏ធ្វើឲ្យពួកវាបែកខ្ទេចខ្ទីផងដែរ។ នៅពេលមានធូលីមួយចំនួនមក ព្រះជាម្ចាស់បានធ្វើឲ្យវាទៅជាធូលីដែលនឹងមិនបង្កអន្តរាយដល់រាងកាយរបស់មនុស្ស ឬមានគ្រោះថ្នាក់ដល់ការដកដង្ហើមរបស់មនុស្សឡើយ ហើយទ្រង់បានធ្វើឲ្យផង់ធូលីមានទំហំតូចៗដែលនឹងមិនបង្កអន្តរាយដល់រាងកាយ។ តើការបង្កើតខ្យល់ដោយព្រះជាម្ចាស់មិនមែនជាអាថ៌កំបាំងទេឬ? តើវាជារឿងធម្មតាមួយ ដូចការដកដង្ហើមស្រូបខ្យល់ចេញតាមព្រះឱស្ឋរបស់ទ្រង់មែនទេ? (មិនមែនទេ។) សូម្បីតែនៅក្នុងការបង្កើតរបស់ដ៏សាមញ្ញបំផុតក៏ដោយ ក៏អាថ៌កំបាំងរបស់ព្រះជាម្ចាស់ ដំណើរការនៃព្រះទ័យរបស់ទ្រង់ របៀបទ្រង់ព្រះតម្រិះ និងព្រះប្រាជ្ញាញាណរបស់ទ្រង់គឺសុទ្ធតែអាចមើលឃើញ។ តើព្រះជាម្ចាស់មិនជាក់ស្ដែងទេឬ? (ទ្រង់ជាក់ស្ដែង។) អត្ថន័យរបស់វាគឺថា សូម្បីតែនៅក្នុងការបង្កើតរបស់សាមញ្ញៗ ក៏ព្រះជាម្ចាស់បានគិតគូរដល់មនុស្សជាតិផងដែរ។ ពីដំបូង ខ្យល់ដែលមនុស្សដកដង្ហើមគឺស្អាត ហើយធាតុផ្សំរបស់វាគឺសមស្របសម្រាប់មនុស្សដកដង្ហើម មិនពុល និងមិនបង្កអន្តរាយដល់មនុស្សឡើយ ហើយតាមរបៀបដូចគ្នានេះ របាយខ្យល់ក៏សមស្របសម្រាប់ការដកដង្ហើមរបស់មនុស្សផងដែរ។ ខ្យល់ដែលមនុស្សស្រូបចេញចូលឥតឈប់ឈរនេះ គឺចាំបាច់ចំពោះរាងកាយមនុស្ស និងសាច់ឈាមមនុស្ស។ នេះហើយជាមូលហេតុដែលមនុស្សអាចដកដង្ហើមបានដោយសេរី ដោយគ្មានឧបសគ្គ ឬកង្វល់។ ម្លេះហើយ ពួកគេអាចដកដង្ហើមបានជាធម្មតា។ ខ្យល់គឺជារបស់ដែលព្រះជាម្ចាស់បានបង្កើតតាំងតែពីដំបូង ហើយជារបស់ដែលមិនអាចខ្វះបានសម្រាប់មនុស្សដង្ហើម។
២. សីតុណ្ហភាព
វត្ថុទីពីរដែលយើងនឹងពិភាក្សាគឺ សីតុណ្ហភាព។ មនុស្សគ្រប់គ្នាស្គាល់សីតុណ្ហភាពជាអ្វីរួចហើយ។ សីតុណ្ហភាពគឺជារបស់ដែលចាំបាច់ចំពោះបរិស្ថានមួយដែលសមស្របសម្រាប់ការរស់រានរបស់មនុស្ស។ ប្រសិនបើសីតុណ្ហភាពខ្ពស់ពេក (ជាឧទាហរណ៍ ឧបមាថាសីតុណ្ហភាពឡើងខ្ពស់ជាងសែសិបអង្សាសេ) តើនេះនឹងមិនឲ្យស្ងួតហួតហែងពេកសម្រាប់មនុស្សទេឬ? តើវានឹងធ្វើឲ្យអស់កម្លាំងខ្លាំងដល់មនុស្សដែលរស់នៅក្នុងលក្ខខណ្ឌបែបនេះទេឬ? ហើយចុះវានឹងទៅជាបែបណា បើសិនជាសីតុណ្ហភាពទាបពេក? ឧបមាថា សីតុណ្ហភាពធ្លាក់ដល់ដកសែសិបអង្សាសេ នោះមនុស្សក៏មិនអាចទ្រាំទ្រនឹងលក្ខខណ្ឌទាំងនេះបានដែរ។ ហេតុដូច្នេះហើយ ព្រះជាម្ចាស់ប្រយ័ត្នប្រយែងណាស់ក្នុងការកំណត់ចន្លោះសីតុណ្ហភាព ដែលជាចន្លោះសីតុណ្ហភាពដែលរាងកាយមនុស្សអាចសម្របខ្លួនបាន ដែលស្ថិតក្នុងចន្លោះមិនតិចជាងនិងមិនច្រើនជាងដកសាមសិបអង្សាសេ និងបូកសែសិបអង្សាសេ។ សីតុណ្ហភាពនៅលើផែនដីពីភាគខាងជើងទៅភាគខាងត្បូងគឺស្ថិតនៅក្នុងចន្លោះនេះ។ នៅក្នុងតំបន់ត្រជាក់ខ្លាំង សីតុណ្ហភាពអាចធ្លាក់ចុះដល់ប្រហែលដកហាសិប ឬហុកសិបអង្សាសេ។ ព្រះជាម្ចាស់នឹងមិនឲ្យមនុស្សរស់នៅក្នុងតំបន់បែបនេះទេ។ ចុះហេតុអ្វីបានជាមានតំបន់កកត្រជាក់ទាំងនេះ? ព្រះជាម្ចាស់មានព្រះប្រាជ្ញាញាណរបស់ព្រះអង្គផ្ទាល់ ហើយទ្រង់មានបំណងព្រះហឫទ័យរបស់ព្រះអង្គផ្ទាល់ចំពោះរឿងនេះ។ ទ្រង់មិនចង់ឲ្យអ្នកទៅក្បែរកន្លែងទាំងនោះទេ។ កន្លែងដែលក្តៅពេក និងត្រជាក់ពេក ត្រូវបានការពារដោយព្រះជាម្ចាស់ មានន័យថា ទ្រង់មិនបានដាក់ផែនការឲ្យមនុស្សរស់នៅទីនោះទេ។ កន្លែងទាំងនេះមិនមែនសម្រាប់មនុស្សជាតិទេ។ ប៉ុន្តែហេតុអ្វីបានជាព្រះជាម្ចាស់ឲ្យកន្លែងបែបនេះមាននៅលើផែនដី? បើទាំងនេះជាកន្លែងដែលព្រះជាម្ចាស់មិនឲ្យមនុស្សរស់នៅ ឬសូម្បីតែរស់រានក៏មិនបានផង ចុះហេតុអ្វីបានជាព្រះជាម្ចាស់បង្កើតពួកវា? ក្នុងនេះហើយមានព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ ពោលគឺ ព្រះជាម្ចាស់បានកំណត់ចន្លោះសីតុណ្ហភាពនៃបរិស្ថានដែលមនុស្សអាចរស់រានបានយ៉ាងសមហេតុផល។ វាក៏មានដំណើរការនៃច្បាប់ធម្មជាតិនៅក្នុងនេះផងដែរ។ ព្រះជាម្ចាស់បានបង្កើតរបស់មួយចំនួនដើម្បីរក្សា និងគ្រប់គ្រងសីតុណ្ហភាព។ តើរបស់ទាំងនោះជាអ្វី? ដំបូង ព្រះអាទិត្យអាចផ្ដល់កម្ដៅដល់មនុស្ស ប៉ុន្តែតើមនុស្សអាចទ្រាំទ្រនឹងកម្ដៅនេះបានទេនៅពេលដែលវាក្ដៅខ្លាំងពេក? តើមានអ្នកណាម្នាក់ដែលហ៊ានចូលទៅជិតព្រះអាទិត្យដែរឬទេ? តើមានឧបករណ៍វិទ្យាសាស្ត្រណាមួយនៅលើផែនដីដែលអាចចូលទៅជិតព្រះអាទិត្យបានឬទេ? (អត់ទេ។) ហេតុអ្វីបានជាមិនមាន? គឺមកពីព្រះអាទិត្យក្ដៅពេក។ អ្វីក៏ដោយដែលចូលទៅជិតពេកនឹងរលាយ។ ហេតុដូច្នេះហើយ ព្រះជាម្ចាស់បានធ្វើការកំណត់យ៉ាងជាក់លាក់អំពីកម្ពស់របស់ព្រះអាទិត្យនៅពីលើមនុស្សជាតិ និងចម្ងាយរបស់វាធៀបនឹងពួកគេស្របតាមការគណនាយ៉ាងល្អិតល្អន់ និងបទដ្ឋានរបស់ទ្រង់។ បន្ទាប់មក ផែនដីមានប៉ូលពីរ គឺប៉ូលខាងត្បូង និងប៉ូលខាងជើង។ តំបន់ទាំងនេះមានសុទ្ធតែទឹកកក និងត្រជាក់ខ្លាំងណាស់។ តើមនុស្សជាតិអាចរស់នៅក្នុងតំបន់ផែនទឹកកកបានឬទេ? តើកន្លែងបែបនេះសមស្របឲ្យមនុស្សរស់រានបានឬទេ? (មិនបានទេ។) មនុស្សមិនទៅកន្លែងទាំងនេះទេ ព្រោះពួកវាមិនសមស្របសម្រាប់ការរស់រានមានជីវិតនោះទេ។ ដោយសារមនុស្សមិនទៅប៉ូលខាងត្បូង និងប៉ូលខាងជើង ទើបផែនទឹកកករបស់ពួកវាត្រូវបានរក្សាការពារ និងអាចបម្រើគោលបំណងរបស់ពួកវាក្នុងការគ្រប់គ្រងសីតុណ្ហភាពបាន។ អ្នកយល់ហើយ មែនទេ? ប្រសិនបើគ្មានប៉ូលខាងត្បូង និងប៉ូលខាងជើងទេ នោះកម្ដៅឥតឈប់ឈររបស់ព្រះអាទិត្យនឹងបណ្ដាលឲ្យមនុស្សនៅលើផែនដីវិនាស។ ប៉ុន្តែ តើព្រះជាម្ចាស់រក្សាសីតុណ្ហភាពនៅក្នុងចន្លោះមួយដែលសមស្របដល់ការរស់រានរបស់មនុស្សតាមរយៈរបស់តែពីរយ៉ាងនេះទេឬ? អត់ទេ។ នៅមានវត្ថុមានជីវិតគ្រប់ប្រភេទផងដែរដូចជា ស្មៅនៅតាមទីវាល ដើមឈើផ្សេងៗ និងរុក្ខជាតិគ្រប់ប្រភេទនៅក្នុងព្រៃដែលស្រូបយកកំដៅព្រះអាទិត្យ ហេតុដូច្នោះហើយ ពួកវាបន្សាបថាមពលកម្ដៅរបស់ព្រះអាទិត្យតាមរយៈការសម្រួលសីតុណ្ហភាពនៃបរិស្ថានដែលមនុស្សជាតិរស់នៅ។ ហើយមានទាំងប្រភពទឹកផងដែរ ដូចជាទន្លេ និងបឹងជាដើម។ គ្មាននរណាម្នាក់អាចកំណត់ផ្ទៃដីដែលគ្របដណ្តប់ដោយទន្លេ និងបឹងបាននោះទេ។ គ្មាននរណាម្នាក់អាចគ្រប់គ្រងបរិមាណទឹកដែលត្រូវមាននៅលើផែនដី ព្រមទាំងទីតាំងដែលទឹកត្រូវហូរទៅ ក៏ដូចជាទិសដៅនៃលំហូរ ចំណុះទឹក និងល្បឿនរបស់វាបាននោះទេ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះទើបដឹង។ ប្រភពទឹកផ្សេងៗគ្នាទាំងនេះ មានតាំងពីទឹកក្រោមដីរហូតដល់ទៅទន្លេនិងបឹងដែលអាចមើលឃើញនៅលើដី ក៏អាចសម្រួលសីតុណ្ហភាពនៃបរិស្ថានដែលមនុស្សរស់នៅបានផងដែរ។ ក្រៅពីប្រភពទឹក ក៏នៅមានទ្រង់ទ្រាយភូមិសាស្ត្រគ្រប់ប្រភេទផងដែរ ដូចជាភ្នំនានា វាលទំនាប អន្លង់ជ្រៅៗ និងតំបន់ដីសើម ដែលសុទ្ធតែសម្រួលសីតុណ្ហភាពក្នុងកម្រិតមួយសមាមាត្រទៅនឹងតំបន់ និងទំហំភូមិសាស្ត្ររបស់ពួកវា។ ជាឧទាហរណ៍ ប្រសិនបើភ្នំមួយមានវណ្ឌមណ្ឌលមួយរយគីឡូម៉ែត្រ នោះទំហំរយគីឡូម៉ែត្រនេះនឹងរួមចំណែកដល់ភាពមានប្រយោជន៍ដែលមានតម្លៃស្មើមួយរយគីឡូម៉ែត្រ។ ចំពោះចំនួននៃជួរភ្នំ និងអន្លង់ជ្រៅៗទាំងនេះដែលព្រះជាម្ចាស់បានបង្កើតនៅលើផែនដី គឺជាចំនួនដែលព្រះបានព្រះតម្រិះរួចហើយ។ ម៉្យាងទៀត នៅពីក្រោយអត្ថិភាពនៃរាល់វត្ថុនីមួយៗដែលព្រះជាម្ចាស់បានបង្កើតមក សុទ្ធតែមានរឿងហេតុ ហើយវត្ថុនីមួយៗសុទ្ធតែផ្ទុកនូវព្រះប្រាជ្ញាញាណ និងផែនការរបស់ព្រះជាម្ចាស់។ ចូរពិចារណាអំពីព្រៃឈើ និងរុក្ខជាតិគ្រប់ប្រភេទទាំងអស់ជាឧទាហរណ៍ ចម្ងាយ និងទំហំនៃតំបន់ដែលពួកវាតាំងនៅ និងលូតលាស់ គឺហួសពីសមត្ថភាពគ្រប់គ្រងរបស់មនុស្សរាល់គ្នា ហើយគ្មាននរណាម្នាក់មានពាក្យនិយាយអំពីរឿងទាំងនេះបានទេ។ ដូចគ្នានេះដែរ គ្មានមនុស្សណាម្នាក់ដែលអាចគ្រប់គ្រងបរិមាណទឹកដែលពួកវាស្រូបយក និងបរិមាណថាមពលកម្ដៅដែលពួកវាស្រូបពីព្រះអាទិត្យបាននោះទេ។ វត្ថុទាំងអស់នេះស្ថិតនៅក្នុងវិសាលភាពនៃផែនការដែលព្រះជាម្ចាស់បានបង្កើត នៅពេលទ្រង់បានបង្កើតរបស់សព្វសារពើ។
វាដោយសារតែព្រះជាម្ចាស់បានធ្វើផែនការ ព្រះតម្រិះ និងរៀបចំយ៉ាងប្រុងប្រយ័ត្នគ្រប់បែបយ៉ាង ទើបមនុស្សអាចរស់នៅក្នុងបរិស្ថានដែលមានសីតុណ្ហភាពសមស្របបែបនេះ។ ហេតុដូច្នេះហើយ រាល់វត្ថុនីមួយៗដែលមនុស្សមើលឃើញដោយភ្នែករបស់ពួកគេ ដូចជា ព្រះអាទិត្យ ប៉ូលខាងត្បូង និងប៉ូលខាងជើងដែលមនុស្សតែងតែឮគេនិយាយញឹកញាប់ណាស់មកហើយ ក៏ដូចជាវត្ថុមានជីវិតផ្សេងៗដែលរស់នៅលើដី ក្រោមដី និងក្នុងទឹក ព្រមទាំងទំហំនៃផ្ទៃដីដែលគ្របដណ្ដប់ដោយព្រៃឈើ និងរុក្ខជាតិផ្សេងៗទៀត ហើយនិងប្រភពទឹក ប្រភពផ្ទុកទឹកផ្សេងៗ បរិមាណទឹកសមុទ្រនិងទឹកសាប ព្រមទាំងបរិស្ថានភូមិសាស្ត្រនានា ទាំងនេះសុទ្ធតែជារបស់សព្វសារពើដែលព្រះជាម្ចាស់ប្រើដើម្បីរក្សាសីតុណ្ហភាពធម្មតាសម្រាប់ការរស់រានមានជីវិតរបស់មនុស្ស។ នេះមានលក្ខណៈពេញលេញគ្រប់គ្រាន់ហើយ។ វាដោយសារតែព្រះជាម្ចាស់បានព្រះតម្រិះយ៉ាងជ្រាលជ្រៅអំពីអ្វីៗទាំងអស់នេះដើម្បីឲ្យមនុស្សអាចរស់នៅបាននៅក្នុងមជ្ឈដ្ឋានដែលមានសីតុណ្ហភាពសមស្របបែបនេះ។ វាមិនត្រូវត្រជាក់ពេក ហើយក៏មិនត្រូវក្តៅពេកដែរ៖ កន្លែងដែលក្ដៅពេក ដែលមានសីតុណ្ហភាពលើសពីកម្រិតដែលរាងកាយមនុស្សអាចសម្របខ្លួនបាន ច្បាស់ជាព្រះជាម្ចាស់មិនទុកសម្រាប់ឲ្យអ្នកឡើយ។ កន្លែងដែលត្រជាក់ពេក ដែលមានសីតុណ្ហភាពទាបពេក ដែលមនុស្សនឹងកកទាំងស្រុងក្រោយពេលទៅដល់ទីនោះត្រឹមតែពីរបីនាទីប៉ុណ្ណោះ រហូតដល់ថ្នាក់ពួកគេមិនអាចនិយាយបាន ខួរក្បាលរបស់ពួកគេកកអស់ ពួកគេមិនអាចគិតបាន ហើយមិនយូរប៉ុន្មាន ពួកគេក៏ថប់ដង្ហើម កន្លែងបែបនេះព្រះជាម្ចាស់ក៏មិនទុកសម្រាប់ឲ្យមនុស្សជាតិដែរ។ មិនថាមនុស្សចង់ធ្វើការស្រាវជ្រាវប្រភេទណានោះទេ មិនថាពួកគេចង់កែប្រែថ្មី ឬក៏ទម្លុះដែនកំណត់នេះក៏ដោយ ទោះជាមនុស្សមានគំនិតបែបណាក្ដី ក៏ពួកគេនឹងមិនអាចចេញផុតពីព្រំដែនដែលរាងកាយមនុស្សអាចសម្របខ្លួនបានឡើយ។ ពួកគេនឹងមិនអាចបោះចោលដែនកំណត់ទាំងនេះដែលព្រះជាម្ចាស់បានបង្កើតសម្រាប់មនុស្សបានសោះឡើយ។ នេះក៏ព្រោះតែព្រះជាម្ចាស់បានបង្កើតមនុស្សមក ហើយព្រះជាម្ចាស់ជ្រាបច្បាស់ពីកម្រិតសីតុណ្ហភាព ដែលរាងកាយរបស់មនុស្សអាចសម្របខ្លួនបាន។ ប៉ុន្តែមនុស្សខ្លួនឯងមិនដឹងទេ។ ហេតុអ្វីបានជាខ្ញុំនិយាយថាមនុស្សមិនដឹង? តើមនុស្សបានធ្វើរឿងឆោតល្ងង់អ្វីខ្លះ? តើមនុស្សជាច្រើនមិនប៉ុនប៉ងសាកល្បងជាមួយប៉ូលខាងជើង និងប៉ូលខាងត្បូងតែរហូតមកទេឬអ្វី? មនុស្សបែបនេះតែងតែចង់ទៅកន្លែងទាំងនោះដើម្បីកាន់កាប់ដី ដើម្បីឲ្យពួកគេអាចចាក់ឬសនៅទីនោះបាន។ វាជាទង្វើដែលមិនសមហេតុផល។ ទោះបីជាអ្នកបានស្រាវជ្រាវតំបន់ប៉ូលបានយ៉ាងហ្មត់ចត់ក្ដី បន្ទាប់មកវាយ៉ាងម៉េច? ទោះបីជាអ្នកអាចសម្របខ្លួនទៅនឹងសីតុណ្ហភាព ហើយអាចរស់នៅទីនោះក៏ដោយ តើវានឹងផ្ដល់ផលប្រយោជន៍ដល់មនុស្សជាតិតាមរបៀបណា បើអ្នកនឹង «កែសម្រួល» បរិស្ថានបច្ចុប្បន្នដើម្បីរស់នៅប៉ូលខាងត្បូង និងប៉ូលខាងជើងបែបនេះ? មនុស្សជាតិមានបរិស្ថានមួយដែលអាចរស់រានបាន ប៉ុន្តែមនុស្សមិននៅទីនោះដោយស្ងាត់ស្ងៀម និងចេះអធ្យាស្រ័យនោះទេ ផ្ទុយទៅវិញពួកគេទទូចផ្សងព្រេងទៅកន្លែងដែលពួកគេមិនអាចរស់រានបាន។ តើនេះមានន័យអ្វីទៅ? ពួកគេបានកើតការធុញទ្រាន់ និងមិនចេះអត់ធ្មត់ក្នុងជីវិតដែលមានសីតុណ្ហភាពដ៏សមស្របនេះ ហើយបានរីករាយនឹងព្រះពរច្រើនពេក។ ក្រៅពីនេះ បរិស្ថានធម្មតាសម្រាប់ជីវិតនេះត្រូវបានបំផ្លាញដោយមនុស្សជាតិស្ទើរតែទាំងស្រុងទៅហើយ ដូច្នេះឥឡូវនេះពួកគេគិតថា ពួកគេក៏អាចទៅប៉ូលខាងត្បូង និងប៉ូលខាងជើងដើម្បីធ្វើការបំផ្លាញបន្ថែមទៀត ឬក៏តាមរក «ហេតុផល» មួយចំនួនដែលអាចឲ្យពួកគេរកឃើញនូវវិធីមួយចំនួនក្នុងការ «ត្រួសត្រាយផ្លូវថ្មី»។ តើនេះមិនមែនជាការឆោតល្ងង់ទេឬ? និយាយឲ្យចំគឺថា ក្រោមការដឹកនាំរបស់សាតាំងនៃបុព្វបុរសរបស់ពួកគេ មនុស្សជាតិទាំងនេះនៅតែបន្តធ្វើរឿងមិនសមហេតុផលមួយហើយមួយទៀត ដោយបំផ្លាញចោលដោយឥតគិត និងឥតបង្អង់ដៃនូវផ្ទះដ៏ស្រស់ស្អាតដែលព្រះជាម្ចាស់បានបង្កើតឲ្យពួកគេ។ នេះហើយជាការប្រព្រឹត្តរបស់សាតាំង។ លើសពីនេះទៀត ដោយយល់ឃើញថា ការរស់រានរបស់មនុស្សជាតិនៅលើផែនដីអាចត្រូវវិនាសនៅពេលណាមួយនោះ មនុស្សជាច្រើនបានស្វះស្វែងរកវិធីទៅកាន់ឋានព្រះចន្ទ ដោយចង់រកវិធីរស់រាននៅទីនោះ។ ប៉ុន្តែនៅទីបំផុត ព្រះចន្ទគ្មានអុកស៊ីសែន។ តើមនុស្សអាចរស់រានដោយគ្មានអុកស៊ីសែនបានទេ? ដោយសារព្រះចន្ទគ្មានអុកស៊ីសែន នោះវាមិនមែនជាកន្លែងដែលមនុស្សអាចស្នាក់នៅបានទេ ក៏ប៉ុន្តែមនុស្សនៅតែជំនះចង់ទៅទីនោះទៀត។ តើគេហៅអាកប្បកិរិយាបែបនេះដូចម្ដេច? វាក៏ជាការបំផ្លាញខ្លួនឯងដែរ មែនទេ? ព្រះចន្ទ គឺជាកន្លែងដែលគ្មានខ្យល់ ហើយសីតុណ្ហភាពរបស់វាមិនសមស្របសម្រាប់ការរស់រានរបស់មនុស្សទេ ហេតុដូច្នេះហើយ វាមិនមែនជាកន្លែងដែលព្រះជាម្ចាស់ទុកសម្រាប់ឲ្យមនុស្សទេ។
ប្រធានបទរបស់យើងឥឡូវនេះគ្រាន់តែជាសីតុណ្ហភាពដែលមនុស្សពើបប្រទះនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ សីតុណ្ហភាព គឺជារបស់ដែលរាងកាយមនុស្សទាំងអស់គ្នាអាចដឹងបាន ប៉ុន្តែគ្មាននរណាម្នាក់គិតថា តើសីតុណ្ហភាពកើតឡើងបានយ៉ាងដូចម្ដេច ឬក៏ថា តើអ្នកណាទទួលបន្ទុកលើវា និងគ្រប់គ្រងវា ដើម្បីឲ្យវាសមស្របសម្រាប់ការរស់រានរបស់មនុស្សទេ។ នេះជាអ្វីដែលយើងកំពុងរៀនឥឡូវនេះ។ តើមានព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់នៅក្នុងនេះទេ? តើមានសកម្មភាពរបស់ព្រះជាម្ចាស់នៅក្នុងនេះទេ? (មាន។) ដោយគិតថាព្រះជាម្ចាស់បានបង្កើតបរិស្ថានមួយដែលមានសីតុណ្ហភាពសមស្របសម្រាប់ការរស់រានរបស់មនុស្ស តើនេះជាវិធីមួយដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់របស់សព្វសារពើមែនទេ? (មែន។) ត្រូវហើយ។
៣. សំឡេង
តើវត្ថុទីបីនេះគឺជាអ្វី? វាក៏ជារបស់ដែលជាផ្នែកដ៏ចាំបាច់មួយនៃបរិស្ថានធម្មតានៃវត្ដមានរបស់មនុស្ស ជារបស់ដែលព្រះជាម្ចាស់ត្រូវតែធ្វើការរៀបចំនៅពេលទ្រង់បានបង្កើតរបស់សព្វសារពើ។ វាមានសារៈសំខាន់ណាស់ចំពោះព្រះជាម្ចាស់ និងចំពោះមនុស្សម្នាក់ៗ និងមនុស្សគ្រប់រូប។ ប្រសិនបើព្រះជាម្ចាស់មិនបានយកចិត្តទុកដាក់ចំពោះរបស់នេះទេ នោះវានឹងរំខានយ៉ាងខ្លាំងដល់ការរស់រានរបស់មនុស្សជាតិ មានន័យថា វានឹងមានឥទ្ធិពលជាដុំកំភួនដល់ជីវិតមនុស្ស និងរាងកាយសាច់ឈាមរបស់មនុស្ស រហូតដល់ថ្នាក់មនុស្សជាតិមិនអាចរស់រានបាននៅក្នុងបរិស្ថានបែបនេះ។ គេអាចនិយាយបានថា គ្មានវត្ថុមានជីវិតណាមួយអាចរស់រាននៅក្នុងបរិស្ថានបែបនេះបានទេ។ ដូច្នេះ វត្ថុដែលខ្ញុំនិយាយនេះគឺជាអ្វី? ខ្ញុំកំពុងនិយាយអំពីសំឡេង។ ព្រះជាម្ចាស់បានបង្កើតអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់នោះរស់នៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ គ្រប់អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើត សុទ្ធតែកំពុងរស់នៅ និងមានចលនាជាទៀតទាត់ក្រោមការទតមើលរបស់ទ្រង់។ តាមរយៈការនេះ ខ្ញុំចង់មានន័យថា វត្ថុនីមួយៗដែលព្រះជាម្ចាស់បានបង្កើតមក សុទ្ធតែមានតម្លៃ និងអត្ថន័យនៅក្នុងអត្ថិភាពរបស់វា។ ពោលគឺ វត្ដមាននៃរាល់វត្ថុទាំងអស់សុទ្ធតែមានសារៈសំខាន់។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ របស់នីមួយៗសុទ្ធតែមានជីវិត ហើយដោយសារតែរបស់សព្វសារពើមានជីវិត នោះពួកវានីមួយៗសុទ្ធតែបង្កើតបានជាសំឡេង។ ឧទាហរណ៍ដូចជា ផែនដីវិលឥតឈប់ឈរ ព្រះអាទិត្យវិលឥតឈប់ឈរ ហើយព្រះចន្ទក៏វិលឥតឈប់ឈរផងដែរ។ ដោយសារតែរបស់សព្វសារពើអាចកើតកូនកើតចៅបាន លូតលាស់បាន និងផ្លាស់ទីបាន នោះពួកវាក៏បញ្ចេញសំឡេងបានឥតឈប់ឈរផងដែរ។ គ្រប់អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក ដែលមាននៅលើផែនដី សុទ្ធតែកើតកូនកើតចៅ លូតលាស់ និងផ្លាស់ទីឥតឈប់ឈរ។ ឧទាហរណ៍ដូចជា បាតភ្នំកំពុងតែផ្លាស់ទី និងរំកិល ហើយវត្ថុមានជីវិតទាំងអស់នៅក្នុងសមុទ្រដ៏ជ្រៅកំពុងតែហែល និងផ្លាស់ទីចុះឡើង។ នេះមានន័យថា វត្ថុមានជីវិតទាំងនេះ និងរបស់សព្វសារពើក្រោមការទតមើលរបស់ព្រះជាម្ចាស់ សុទ្ធតែមានចលនាជាទៀងទាត់ឥតឈប់ឈរស្របតាមលំនាំគំរូដែលបានបង្កើតឡើង។ ដូច្នេះ តើវត្ថុដែលកើតកូនកើតចៅ និងលូតលាស់ក្នុងភាពងងឹត ហើយផ្លាស់ទីក្នុងភាពសម្ងាត់ទាំងអស់នេះ ធ្វើឲ្យអ្វីកើតឡើងមក? សំឡេង។ ល្អណាស់ គឺសំឡេងដ៏មានថាមពល។ ក្រៅពីភពផែនដី ភពគ្រប់ប្រភេទទាំងអស់ក៏មានចលនាឥតឈប់ឈរដែរ ហើយសារពាង្គកាយ និងវត្ថុមានជីវិតនានានៅលើភពទាំងនេះក៏កំពុងតែកើតកូនកើតចៅ លូតលាស់ និងផ្លាស់ទីឥតឈប់ឈរដូចគ្នាដែរ។ ពោលគឺ របស់សព្វសារពើ ទាំងមានជីវិតនិងគ្មានជីវិត កំពុងតែផ្លាស់ទីទៅមុខជានិច្ចក្រោមការទតមើលរបស់ព្រះជាម្ចាស់ ហើយដោយបែបនោះហើយ ពួកវានីមួយៗសុទ្ធតែបញ្ចេញសំឡេងផងដែរ។ ព្រះជាម្ចាស់ក៏បានធ្វើការរៀបចំសម្រាប់សំឡេងទាំងនេះផងដែរ ហើយខ្ញុំជឿថា អ្នករាល់គ្នាដឹងពីហេតុផលរបស់ទ្រង់រួចហើយចំពោះបញ្ហានេះ មែនទេ? នៅពេលអ្នកចូលទៅជិតយន្តហោះ តើសូររបស់ម៉ាស៊ីនមានឥទ្ធិពលដូចម្ដេចមកលើអ្នក? ប្រសិនបើអ្នកនៅជិតវាយូរពេក នោះត្រចៀកអ្នកនឹងហ៊ឹង ឬថ្លង់។ ចុះបេះដូងរបស់អ្នកដូចម្ដេចដែរ តើវានឹងអាចទប់ទល់ជាមួយស្ថានភាពដ៏អាក្រក់បែបនេះបានទេ? មនុស្សមួយចំនួនដែលមានបេះដូងខ្សោយនឹងទប់ទល់មិនបានទេ។ ជាការពិតណាស់ សូម្បីតែអស់អ្នកដែលមានបេះដូងខ្លាំងក៏មិនអាចទប់ទល់បានយូរពេកដែរ។ និយាយឲ្យចំគឺថា ឥទ្ធិពលនៃសំឡេងទៅលើរាងកាយមនុស្ស មិនថាត្រចៀក ឬបេះដូងនោះទេ គឺខ្លាំងក្លាណាស់ចំពោះមនុស្សម្នាក់ៗ ហើយសំឡេងដែលឮខ្លាំងពេកនឹងបង្កគ្រោះថ្នាក់ដល់មនុស្ស។ ហេតុដូច្នេះហើយ នៅពេលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ និងបន្ទាប់ពីពួកវាបានចាប់ដំណើរការជាធម្មតាហើយ ព្រះជាម្ចាស់បានធ្វើការរៀបចំយ៉ាងសមស្របសម្រាប់សំឡេងទាំងនេះ ដែលជាសំឡេងនៃរបស់សព្វសារពើក្នុងពេលផ្លាស់ទី។ នេះក៏ជាបញ្ហាមួយដែលព្រះជាម្ចាស់ត្រូវព្រះតម្រិះផងដែរនៅពេលបង្កើតបរិស្ថានសម្រាប់មនុស្សជាតិ។
ជាដំបូងគឺ កម្ពស់នៃបរិយាកាសពីលើផ្ទៃផែនដីមានឥទ្ធិពលទៅលើសំឡេង។ លើសពីនេះ ទំហំនៃចន្លោះក្នុងដីក៏នឹងគ្រប់គ្រង ហើយមានឥទ្ធិពលលើសំឡេងផងដែរ។ បន្ទាប់មកគឺ បន្សំនៃបរិស្ថានភូមិសាស្ត្រផ្សេងៗគ្នាក៏ជះឥទ្ធិពលដល់សំឡេងផងដែរ។ និយាយឲ្យចំគឺថា ព្រះជាម្ចាស់ប្រើវិធីសាស្ត្រមួយចំនួនដើម្បីលុបបំបាត់សំលេងខ្លះចោលដើម្បីឲ្យមនុស្សអាចរស់រានបាននៅក្នុងបរិស្ថានមួយដែលត្រចៀកនិងបេះដូងរបស់ពួកគេអាចទ្រាំទ្របាន។ បើមិនដូច្នោះទេ សំឡេងនឹងបង្កជាឧបសគ្គយ៉ាងធំធេងដល់ការរស់រានរបស់មនុស្សជាតិ ដោយក្លាយជាការរំខានដ៏ខ្លាំងក្រៃលែងនៅក្នុងជីវិតរបស់ពួកគេ និងបង្កើតជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់ពួកគេ។ នេះមានន័យថា ព្រះជាម្ចាស់ប្រយ័ត្នប្រយែងណាស់នៅក្នុងការបង្កើតរបស់ទ្រង់ដូចជា ដែនដី បរិយាកាស និងបរិស្ថានភូមិសាស្ត្រប្រភេទផ្សេងៗ ហើយនៅក្នុងរបស់នីមួយៗទាំងនេះមានផ្ទុកនូវព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ ការយល់ដឹងរបស់មនុស្សជាតិអំពីរឿងនេះមិនចាំបាច់លម្អិតពេកទេ ព្រោះវាសមល្មមសម្រាប់ឲ្យមនុស្សដឹងថា សកម្មភាពរបស់ព្រះជាម្ចាស់គឺមាននៅក្នុងនោះ។ ឥឡូវនេះ ចូរអ្នករាល់គ្នាប្រាប់ខ្ញុំមកថា កិច្ចការដែលព្រះជាម្ចាស់បានធ្វើនេះ (ដោយបានកំណត់កម្រិតសំឡេងយ៉ាងច្បាស់លាស់ដើម្បីថែរក្សាបរិស្ថានរស់នៅ និងការរស់នៅជាធម្មតារបស់មនុស្សជាតិនេះ) តើចាំបាច់ឬទេ? (ចាំបាច់។) ព្រោះតែកិច្ចការនេះចាំបាច់ នោះតាមរយៈទស្សនៈនេះ តើគេអាចនិយាយបានទេថា ព្រះជាម្ចាស់បានប្រើកិច្ចការនេះធ្វើជាមធ្យោបាយដើម្បីផ្គត់ផ្គង់ដល់របស់សព្វសារពើ? ព្រះជាម្ចាស់បានបង្កើតបរិស្ថានដ៏ស្ងប់ស្ងាត់បែបនេះជាការប្រទានដល់មនុស្សជាតិដើម្បីឲ្យរាងកាយមនុស្សអាចរស់នៅបានជាធម្មតាបំផុតនៅក្នុងបរិស្ថាននេះ ដោយមិនរងការរំខានអ្វីឡើយ និងដើម្បីឲ្យមនុស្សជាតិអាចមានវត្ដមាន និងរស់នៅបានជាធម្មតា។ ដូច្នេះ តើនេះជាមធ្យោយបាយមួយក្នុងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ដល់មនុស្សជាតិ មែនឬទេ? តើនេះជាកិច្ចការដ៏សំខាន់ខ្លាំងណាស់ដែលព្រះជាម្ចាស់បានធ្វើ មែនឬទេ? (មែន។) វាមានតម្រូវការខ្លាំងណាស់។ ដូច្នេះ តើអ្នករាល់គ្នាឲ្យតម្លៃកិច្ចការនេះយ៉ាងដូចម្តេច? ទោះបីជាអ្នករាល់គ្នាមិនអាចដឹងបានថា នេះជាសកម្មភាពរបស់ព្រះជាម្ចាស់ក្ដី ព្រមទាំងមិនដឹងពីរបៀបដែលព្រះជាម្ចាស់បានអនុវត្តសកម្មភាពនេះនៅពេលនេះក៏ដោយ តែអ្នករាល់គ្នានៅតែអាចដឹងអំពីភាពចាំបាច់នៃព្រះជាម្ចាស់ដែលបានធ្វើកិច្ចការនេះដែរ មែនឬទេ? តើអ្នករាល់គ្នាអាចដឹងអំពីព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ក៏ដូចជាការយកចិត្តទុកដាក់ និងព្រះតម្រិះដែលទ្រង់បានដាក់ចូលក្នុងនោះដែរឬទេ? (ដឹង យើងអាចដឹងបាន។) ប្រសិនបើអ្នករាល់គ្នាអាចដឹងបាន នោះជាការល្អគ្រប់គ្រាន់ហើយ។ មានសកម្មភាពជាច្រើនដែលព្រះជាម្ចាស់បានធ្វើនៅក្នុងចំណោមរបស់នានាដែលទ្រង់បានបង្កើតមក ដែលមនុស្សមិនអាចដឹង និងមើលមិនឃើញ។ ខ្ញុំលើកឡើងនេះគ្រាន់តែដើម្បីប្រាប់អ្នករាល់គ្នាឲ្យដឹងពីសកម្មភាពនានារបស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាអាចបែរមកស្គាល់ព្រះជាម្ចាស់។ ទាំងនេះជាតម្រុយដែលអាចជួយឲ្យអ្នករាល់គ្នាស្គាល់ និងយល់ពីព្រះជាម្ចាស់បានកាន់តែប្រសើរ។
៤. ពន្លឺ
វត្ថុទីបួនទាក់ទងនឹងភ្នែករបស់មនុស្ស៖ ពន្លឺ។ នេះក៏សំខាន់ណាស់ផងដែរ។ នៅពេលអ្នកឃើញពន្លឺភ្លឺ ហើយនៅពេលដែលភាពភ្លឺរបស់វាឡើងដល់កម្រិតខ្លាំងជាក់លាក់មួយ នោះវាអាចធ្វើឲ្យភ្នែករបស់មនុស្សខ្វាក់បាន។ យ៉ាងណាមិញ ភ្នែករបស់មនុស្ស គឺជាភ្នែកខាងសាច់ឈាម។ ពួកគេមិនអាចទ្រាំទ្រនឹងការរលាកបានទេ។ តើមានអ្នកណាហ៊ានសម្លឹងចំព្រះអាទិត្យដោយផ្ទាល់ទេ? មនុស្សមួយចំនួនបានសាកល្បងមើល ហើយប្រសិនបើពួកគេពាក់វ៉ែនតាការពារពន្លឺថ្លៃ នោះវាមិនអីទេ តែនេះគឺត្រូវប្រើឧបករណ៍។ បើគ្មានឧបករណ៍ទេ ភ្នែកទទេរបស់មនុស្សគ្មានសមត្ថភាពប្រឈម និងសម្លឹងចំព្រះអាទិត្យដោយផ្ទាល់ឡើយ។ តែទោះយ៉ាងណា ព្រះជាម្ចាស់បានបង្កើតព្រះអាទិត្យដើម្បីនាំពន្លឺមកឲ្យមនុស្សជាតិ ហើយពន្លឺនេះក៏ជារបស់ដែលទ្រង់បានថែរក្សាផងដែរ។ ព្រះជាម្ចាស់មិនមែនគ្រាន់តែបង្កើតព្រះអាទិត្យរួចហើយ ក៏ទុកវាចោលនៅកន្លែងមួយ ហើយបន្ទាប់មកមិនអើពើនឹងវានោះទេ។ នោះមិនមែនជារបៀបធ្វើការរបស់ព្រះជាម្ចាស់នោះទេ។ ទ្រង់មានការប្រុងប្រយ័ត្នខ្លាំងណាស់ចំពោះសកម្មភាពរបស់ទ្រង់ ហើយទ្រង់ព្រះតម្រិះយ៉ាងហ្មត់ចត់អំពីពួកវា។ ព្រះជាម្ចាស់បានបង្កើតភ្នែកឲ្យមនុស្សជាតិដើម្បីឲ្យពួកគេអាចមើលឃើញ ហើយទ្រង់ក៏បានកំណត់ជាមុនផងដែរនូវកម្រិតនៃពន្លឺដែលមនុស្សមើលឃើញ។ វាមិនល្អទេប្រសិនបើពន្លឺភ្លឺតិចពេក។ នៅពេលវាងងឹតខ្លាំងដល់ថ្នាក់មនុស្សមិនអាចមើលឃើញម្រាមដៃរបស់ខ្លួននៅពីមុខពួកគេបាន នោះភ្នែករបស់ពួកគេនឹងបាត់បង់មុខងាររបស់ខ្លួន ហើយប្រើការលែងកើត។ ប៉ុន្តែពន្លឺដែលភ្លឺខ្លាំងពេក ក៏ធ្វើឲ្យភ្នែករបស់មនុស្សមិនអាចមើលឃើញដូចគ្នា ព្រោះភាពភ្លឺធ្វើឲ្យភ្នែកមិនអាចទ្រាំបាន។ ហេតុដូច្នេះហើយ ព្រះជាម្ចាស់បានប្រទានបរិស្ថានសម្រាប់វត្ដមានរបស់មនុស្សជាតិដោយមានកម្រិតពន្លឺសមល្មមសម្រាប់ភ្នែកមនុស្ស ជាកម្រិតដែលនឹងមិនធ្វើឲ្យគ្រោះថ្នាក់ ឬអន្តរាយដល់ភ្នែកមនុស្សទេ កុំថាឡើយដល់ទៅធ្វើឲ្យពួកវាបាត់បង់មុខងារនោះ។ នេះហើយជាមូលហេតុដែលព្រះជាម្ចាស់បានបន្ថែមស្រទាប់ពពកនៅជុំវិញព្រះអាទិត្យ និងផែនដី ហើយក៏ជាមូលហេតុដែលរបាយខ្យល់អាចច្រោះយកប្រភេទពន្លឺដែលអាចធ្វើឲ្យគ្រោះថ្នាក់ដល់ភ្នែក ឬស្បែករបស់មនុស្សចេញបានយ៉ាងត្រឹមត្រូវផងដែរ ទាំងនេះមានលក្ខណៈសមស្របគ្នា។ លើសពីនេះទៀត ពណ៌នៃផែនដីដែលព្រះជាម្ចាស់បានបង្កើត ចាំងពន្លឺព្រះអាទិត្យ និងពន្លឺគ្រប់ប្រភេទផ្សេងទៀត ហើយអាចកម្ចាត់ប្រភេទពន្លឺដែលភ្លឺពេកសម្រាប់ភ្នែកមនុស្សសម្របខ្លួន។ ម្ល៉ោះហើយ មនុស្សអាចដើរនៅខាងក្រៅបាន និងដឹកនាំជីវិតរបស់ពួកគេដោយមិនចាំបាច់ពាក់វ៉ែនតាការពារពន្លឺថ្លៃដ៏ខ្មៅងងឹតជាប្រចាំនោះទេ។ នៅក្រោមលក្ខខណ្ឌធម្មតា ភ្នែកមនុស្សអាចមើលឃើញអ្វីៗនៅក្នុងដែនគំហើញរបស់ពួកវាដោយគ្មានការរំខានពីពន្លឺ។ និយាយឲ្យចំគឺថា វាមិនល្អទេ ប្រសិនបើពន្លឺភ្លឺខ្លាំងពេក ឬបើវាភ្លឺតិចពេក។ ប្រសិនបើវាភ្លឺតិចពេក នោះភ្នែករបស់មនុស្សនឹងត្រូវរងគ្រោះ ហើយក្រោយពេលប្រើបានមួយភ្លែតមក វាក៏នឹងត្រូវបំផ្លាញ។ ប្រសិនបើវាភ្លឺខ្លាំងពេក ភ្នែករបស់មនុស្សនឹងមិនអាចទ្រាំទ្របានទេ។ ពន្លឺដែលមនុស្សទទួលរងនេះ ត្រូវតែសមស្របសម្រាប់ឲ្យភ្នែកមនុស្សមើលឃើញ ហើយព្រះជាម្ចាស់បានប្រើវិធីសាស្ត្រផ្សេងៗដើម្បីកាត់បន្ថយការបំផ្លាញដែលកើតមានដល់ភ្នែកមនុស្សដោយសារពន្លឺ ហើយទោះបីជាពន្លឺនេះអាចផ្ដល់អត្ថប្រយោជន៍ ឬប៉ះពាល់ដល់ភ្នែកមនុស្សក៏ដោយ ក៏វាគ្រប់គ្រាន់នឹងឲ្យមនុស្សអាចប្រើប្រាស់ភ្នែករបស់ពួកគេរហូតដល់ទីបញ្ចប់នៃជីវិតរបស់ពួកគេ។ តើព្រះជាម្ចាស់មិនហ្មត់ចត់ក្នុងព្រះតម្រិះអំពីរឿងនេះទេឬ? រីឯអារក្សសាតាំងវិញ ធ្វើសកម្មភាពដោយមិនគិតពិចារណាបែបនេះទេ សូម្បីតែយកចិត្តទៅគិតតែបន្តិចក៏គ្មានផង។ ចំពោះសាតាំងវិញ ពន្លឺម្ដងភ្លឺខ្លាំងពេក ម្ដងភ្លឺតិចពេកជានិច្ច។ នេះហើយជារបៀបធ្វើការរបស់សាតាំង។
ព្រះជាម្ចាស់បានធ្វើការទាំងនេះសម្រាប់គ្រប់ផ្នែកទាំងអស់នៃរាងកាយមនុស្សដូចជា ការមើលឃើញ ការស្ដាប់ឮ ការដឹងរសជាតិ ការដកដង្ហើម ការដឹងអារម្មណ៍ជាដើម ដើម្បីបង្កើនលទ្ធភាពសម្របខ្លួនក្នុងការរស់រានរបស់មនុស្សជាតិ ដូច្នេះពួកគេអាចរស់នៅបានជាធម្មតា និងជាដរាប។ និយាយម៉្យាងទៀតគឺថា បរិស្ថានសម្រាប់ជីវិតបច្ចុប្បន្ន ដែលព្រះជាម្ចាស់បានបង្កើតមក គឺជាបរិស្ថានដែលសមស្រប និងមានប្រយោជន៍បំផុតសម្រាប់ការរស់រានរបស់មនុស្សជាតិ។ មនុស្សមួយចំនួនអាចនឹងគិតថា នេះមិនមែនជាបញ្ហាធំដុំនោះទេ វាសុទ្ធតែជារឿងសាមញ្ញខ្លាំងណាស់។ សំឡេង ពន្លឺ និងខ្យល់ សុទ្ធតែជាវត្ថុដែលមនុស្សយល់ថាជាសិទ្ធិមានពីកំណើតរបស់ពួកគេ ដែលពួកគេមានតាំងពីពេលពួកគេកើតភ្លាមមកម្ល៉េះ។ ប៉ុន្តែនៅពីក្រោយវត្ថុដែលអ្នកអាចទទួលបានទាំងនេះ ព្រះជាម្ចាស់បាន និងកំពុងធ្វើការឥតឈប់ឈរ នេះហើយជាអ្វីដែលមនុស្សត្រូវយល់ និងជាអ្វីដែលពួកគេត្រូវដឹង។ ទោះបីជាអ្នកគិតថា វាមិនចាំបាច់ក្នុងការយល់ ឬដឹងពីរឿងទាំងនេះក៏ដោយ និយាយឲ្យខ្លីគឺថា នៅពេលព្រះជាម្ចាស់បានបង្កើតពួកវាមក ទ្រង់បានគិតគូរយ៉ាងច្រើនអំពីពួកវា ទ្រង់មានផែនការ ហើយទ្រង់មានព្រះតម្រិះជាក់លាក់។ ទ្រង់មិនមែនចេះតែដាក់ ឬគ្រាន់តែដាក់មនុស្សជាតិឲ្យរស់នៅក្នុងបរិស្ថានបែបនេះ ដោយគ្មានការគិតគូរបន្ថែមទៀតនោះទេ។ អ្នករាល់គ្នាប្រហែលជាគិតថា ខ្ញុំបាននិយាយអស្ចារ្យពេកអំពីវត្ថុតូចតាចនីមួយៗទាំងនេះ ប៉ុន្តែតាមទស្សនៈរបស់ខ្ញុំ វត្ថុនីមួយៗដែលព្រះជាម្ចាស់បានផ្គត់ផ្គង់ដល់មនុស្សជាតិ គឺសុទ្ធតែចាំបាច់សម្រាប់ការរស់រានរបស់មនុស្ស។ ហើយមានសកម្មភាពរបស់ព្រះជាម្ចាស់នៅក្នុងនោះ។
៥. លំហូរខ្យល់
តើវត្ថុទីប្រាំនេះគឺជាអ្វី? វត្ថុនេះទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ។ អ្វីដែលជិតដិតបំផុតនោះគឺទំនាក់ទំនងរបស់វាទៅនឹងជីវិតមនុស្ស ដែលរាងកាយមនុស្សមិនអាចរស់បាននៅក្នុងពិភពរូបធាតុនេះដោយគ្មានវាបានទេ។ វត្ថុនេះគឺលំហូរខ្យល់។ គ្រាន់តែបានឮភ្លាម ប្រហែលជាអ្នកណាក៏អាចយល់ពីពាក្យ «លំហូរខ្យល់» នេះដែរ។ ដូច្នេះ តើលំហូរខ្យល់គឺជាអ្វី? អ្នករាល់គ្នាអាចឆ្លើយបានថា «លំហូរខ្យល់» គ្រាន់តែជាចលនាខ្យល់ទៅមក។ លំហូរខ្យល់គឺជាខ្យល់បក់ដែលភ្នែកមនុស្សមិនអាចមើលឃើញ។ វាក៏ជារបៀបមួយដែលឧស្ម័នផ្លាស់ទីផងដែរ។ ក៏ប៉ុន្ដែ នៅក្នុងការពិភាក្សានេះ តើ «លំហូរខ្យល់» សំដៅទៅលើអ្វីជាចម្បង? ឲ្យតែខ្ញុំនិយាយចេញមក អ្នករាល់គ្នានឹងយល់ភ្លាម។ ផែនដីទ្រភ្នំ សមុទ្រ និងរបស់ដែលបានបង្កើតមកទាំងអស់ នៅពេលវាវិល ហើយនៅពេលវាវិល វាវិលដោយមានល្បឿន។ ទោះបីជាអ្នកមិនដឹងអ្វីសោះអំពីការវិលនេះក៏ដោយ ក៏រង្វិលរបស់ផែនដីនៅតែមានដដែល។ តើរង្វិលរបស់វាបង្កើតបានអ្វីខ្លះ? នៅពេលអ្នករត់ តើមានខ្យល់បក់កើតឡើង ហើយឆ្លងកាត់ត្រចៀករបស់អ្នកយ៉ាងលឿនដែរឬទេ? ប្រសិនបើខ្យល់បក់អាចកើតឡើងបាននៅពេលដែលអ្នករត់ តើធ្វើម្ដេចមិនអាចមានខ្យល់បក់បានទៅនៅពេលដែលផែនដីវិលនោះ? នៅពេលផែនដីវិល របស់សព្វសារពើសុទ្ធតែមានចលនា។ ផែនដីមានចលនារបស់ខ្លួន និងវិលក្នុងល្បឿនជាក់លាក់មួយ ក្នុងពេលដែលរបស់សព្វសារពើនៅលើវាក៏កំពុងតែកើតកូនកើតចៅ និងលូតលាស់ឥតឈប់ឈរ។ ហេតុដូច្នេះហើយ ការមានចលនាក្នុងល្បឿនជាក់លាក់មួយ នឹងធ្វើឲ្យកើតមានលំហូរខ្យល់ជាការធម្មតា។ នេះហើយជាអ្វីដែលខ្ញុំឲ្យអត្ថន័យថា «លំហូរខ្យល់»។ តើលំហូរខ្យល់នេះមិនប៉ះពាល់ដល់រាងកាយរបស់មនុស្សខ្លះទេឬ? ចូរពិចារណាអំពីព្យុះទីហ្វុង៖ ព្យុះទីហ្វុងធម្មតាមិនមានអានុភាពខ្លាំងទេ ប៉ុន្តែនៅពេលពួកវាវាយប្រហារ មនុស្សមិនអាចទាំងឈរឲ្យបានជាប់ផង ហើយពួកគេក៏ពិបាកក្នុងការដើរនៅក្នុងខ្យល់បក់ដូចគ្នា។ សូម្បីតែមួយជំហានក៏ពិបាកណាស់ដែរ ហើយអ្នកខ្លះថែមទាំងត្រូវបានខ្យល់បក់រុញផ្ទប់នឹងវត្ថុមួយចំនួនមិនអាចផ្លាស់ទីបានទេ។ នេះហើយជារបៀបមួយដែលលំហូរខ្យល់អាចប៉ះពាល់ដល់មនុស្សជាតិបាន។ ប្រសិនបើផែនដីទាំងមូលត្រូវបានគ្របដណ្ដប់ដោយវាលទំនាប នោះនៅពេលផែនដី និងរបស់សព្វសារពើវិល រាងកាយរបស់មនុស្សនឹងមិនអាចទប់ទល់នឹងលំហូរខ្យល់ដែលកើតឡើងមកបានសោះឡើយ។ វានឹងលំបាកក្រៃលែងក្នុងការឆ្លើយតបចំពោះស្ថានភាពបែបនេះ។ ប្រសិនបើករណីនេះពិតជាកើតឡើងមែន នោះលំហូរខ្យល់បែបនេះនឹងមិនត្រឹមតែបង្កអន្តរាយដល់មនុស្សជាតិប៉ុណ្ណោះទេ តែវាបំផ្លាញខ្ទេចខ្ទីតែម្ដង។ មនុស្សនឹងមិនអាចរស់រានក្នុងបរិស្ថានបែបនេះបានទេ។ នេះហើយជាមូលហេតុដែលព្រះជាម្ចាស់បានបង្កើតបរិស្ថានភូមិសាស្ត្រខុសៗគ្នាដើម្បីបំបែកលំហូរខ្យល់បែបនេះ ព្រោះនៅក្នុងបរិស្ថានខុសៗគ្នា លំហូរខ្យល់ក្លាយជាខ្សោយទៅៗ ផ្លាស់ប្ដូរទិសដៅរបស់ពួកវា ផ្លាស់ប្ដូរល្បឿនរបស់ពួកវា និងផ្លាស់ប្ដូរកម្លាំងរបស់ពួកវា។ ដូច្នោះហើយទើបមនុស្សអាចឃើញមានលក្ខណៈភូមិសាស្ត្រខុសៗគ្នា ដូចជា ភ្នំ ជួរភ្នំធំៗ វាលទំនាប ទួល អាងធម្មជាតិ ជ្រលងភ្នំ ខ្ពង់រាប និងទន្លេធំៗជាដើម។ ព្រះជាម្ចាស់ប្ដូរល្បឿន ទិសដៅ និងកម្លាំងរបស់លំហូរខ្យល់ដោយប្រើលក្ខណៈភូមិសាស្ត្រខុសៗគ្នាទាំងនេះ។ នេះជាវិធីសាស្ត្រដែលទ្រង់ប្រើដើម្បីកាត់បន្ថយ ឬគ្រប់គ្រងលំហូរខ្យល់ឲ្យទៅជាខ្យល់បក់ដែលមានល្បឿន ទិសដៅ និងកម្លាំងសមស្របដើម្បីឲ្យមនុស្សអាចមានបរិស្ថានធម្មតាមួយសម្រាប់រស់នៅ។ តើត្រូវការបែបនេះទេ? (ត្រូវការ។) ការធ្វើដូចនេះហាក់ដូចជាពិបាកសម្រាប់មនុស្ស ប៉ុន្តែវាងាយស្រួលសម្រាប់ព្រះជាម្ចាស់ ព្រោះទ្រង់សង្កេតមើលរបស់សព្វសារពើ។ សម្រាប់ទ្រង់ ការបង្កើតបរិស្ថានមួយដែលមានលំហូរខ្យល់សមស្របសម្រាប់មនុស្សជាតិ មិនអាចសាមញ្ញជាង ឬងាយស្រួលជាងបាននោះទេ។ ហេតុដូច្នេះហើយ នៅក្នុងបរិស្ថានដែលព្រះជាម្ចាស់បានបង្កើតមកនេះ វត្ថុនីមួយៗដែលស្ថិតក្នុងការបង្កើតរបស់ទ្រង់ទាំងអស់ សុទ្ធតែចាំបាច់ខ្លាំងណាស់។ វាមានតម្លៃ និងភាពចាំបាច់នៅក្នុងវត្ដមាននៃរាល់វត្ថុទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ គោលការណ៍នេះគ្មានអ្នកណាយល់ទេ ទាំងសាតាំងទាំងមនុស្សជាតិដែលបានពុករលួយ។ ពួកគេបន្តបំផ្លាញ អភិវឌ្ឍ និងធ្វើអាជីវកម្ម តាមការស្រមើស្រមៃដ៏ឥតប្រយោជន៍អំពីការប្រែក្លាយភ្នំឲ្យទៅជាដីរាបស្មើ ការចាក់បំពេញអន្លង់ជ្រៅៗ និងការសាងសង់អាគារខ្ពស់ៗនៅលើដីរាបដើម្បីបង្កើតជាព្រៃបេតុង។ វាជាសេចក្ដីរំពឹងរបស់ព្រះជាម្ចាស់ថា មនុស្សជាតិអាចរស់នៅដោយរីករាយ ធំធាត់ដោយរីករាយ និងចំណាយពេលរាល់ថ្ងៃដោយរីករាយនៅក្នុងបរិស្ថានដ៏សមស្របបំផុតដែលទ្រង់បានរៀបចំឲ្យពួកគេ។ ហេតុដូច្នោះហើយទើបព្រះជាម្ចាស់មិនដែលធ្វេសប្រហែសទាល់តែសោះចំពោះរបៀបដែលទ្រង់ប្រព្រឹត្ដចំពោះបរិស្ថានដែលមនុស្សរស់នៅ។ តាំងពីសីតុណ្ហភាពរហូតដល់ខ្យល់ តាំងពីសំឡេងរហូតដល់ពន្លឺ ព្រះជាម្ចាស់បានបង្កើតផែនការ និងការរៀបចំយ៉ាងស្មុគស្មាញ ដើម្បីឲ្យរាងកាយមនុស្ស និងបរិស្ថានរស់នៅរបស់ពួកគេ មិនទទួលរងការរំខានពីលក្ខខណ្ឌធម្មជាតិនានា ហើយផ្ទុយទៅវិញ មនុស្សជាតិនឹងអាចរស់នៅបាន ហើយកើតកូនចៅច្រើនឡើងជាធម្មតា ព្រមទាំងរស់នៅជាធម្មតាជាមួយរបស់សព្វសារពើប្រកបដោយភាពសុខដុមរមនា។ ព្រះជាម្ចាស់ផ្ដល់អ្វីៗទាំងនេះដល់របស់សព្វសារពើ និងដល់មនុស្សជាតិ។
តាមរបៀបដែលព្រះជាម្ចាស់បានរៀបចំលក្ខខណ្ឌជាមូលដ្ឋានទាំងប្រាំយ៉ាងសម្រាប់ឲ្យមនុស្សរស់រាននេះ តើអ្នករាល់គ្នាអាចមើលឃើញពីរបៀបដែលទ្រង់ផ្គត់ផ្គង់ដល់មនុស្សជាតិឬទេ? (ឃើញ។) និយាយឲ្យចំគឺថា ព្រះជាម្ចាស់ជាអ្នកបង្កើតលក្ខខណ្ឌចាំបាច់បំផុតគ្រប់យ៉ាងសម្រាប់ការរស់រានរបស់មនុស្ស ហើយព្រះជាម្ចាស់ក៏កំពុងតែគ្រប់គ្រង និងត្រួតត្រារបស់ទាំងនេះដែរ។ សូម្បីតែឥឡូវនេះ បន្ទាប់ពីមានវត្ដមានមនុស្សច្រើនពាន់ឆ្នាំមកហើយ ព្រះជាម្ចាស់នៅតែបន្តកែប្រែមជ្ឈដ្ឋានបរិស្ថានរស់នៅរបស់ពួកគេដដែល ដោយផ្ដល់ឲ្យពួកគេនូវបរិស្ថានដ៏សមស្របបំផុត និងល្អបំផុតដើម្បីឲ្យពួកគេនៅតែអាចមានជីវិតតាមរបៀបធម្មតា។ តើស្ថានភាពបែបនេះអាចស្ថិតនៅយូរបានរយៈពេលប៉ុន្មាន? ម៉្យាងទៀត តើព្រះជាម្ចាស់នឹងបន្តផ្ដល់បរិស្ថានបែបនេះរហូតដល់ពេលណា? វានឹងមានរហូតដល់ពេលព្រះជាម្ចាស់បញ្ចប់កិច្ចការគ្រប់គ្រងរបស់ទ្រង់ទាំងស្រុង។ បន្ទាប់មក ព្រះជាម្ចាស់នឹងផ្លាស់ប្ដូរបរិស្ថានរស់នៅរបស់មនុស្សជាតិ។ ប្រហែលជា ទ្រង់នឹងធ្វើការផ្លាស់ប្ដូរទាំងនេះតាមវិធីសាស្ត្រដូចគ្នា ឬអាចតាមវិធីសាស្ត្រផ្សេងទៀត ប៉ុន្តែអ្វីដែលមនុស្សត្រូវតែដឹងនោះគឺថា ព្រះជាម្ចាស់កំពុងតែបន្តផ្គត់ផ្គង់ដល់តម្រូវការរបស់មនុស្សជាតិ គ្រប់គ្រងបរិស្ថានដែលមនុស្សជាតិរស់នៅ និងអភិរក្ស ការពារ ព្រមទាំងថែរក្សាបរិស្ថាននោះ។ ជាមួយបរិស្ថានបែបនេះ រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់អាចរស់នៅតាមរបៀបធម្មតា ហើយទទួលយកសេចក្ដីសង្គ្រោះ និងការវាយផ្ចាល ក៏ដូចជាការជំនុំជម្រះរបស់ព្រះជាម្ចាស់។ របស់សព្វសារពើបន្តរស់រានដោយសារអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយមនុស្សជាតិទាំងអស់បន្តឆ្ពោះទៅមុខដោយសារការផ្គត់ផ្គង់ទាំងនេះដែលមកពីព្រះជាម្ចាស់។
តើផ្នែកចុងក្រោយនៃការប្រកបគ្នារបស់យើងនេះបាននាំឲ្យអ្នករាល់គ្នាមានគំនិតថ្មីៗឬទេ? តើឥឡូវនេះអ្នករាល់គ្នាបានដឹងអំពីភាពខុសគ្នាដ៏ធំបំផុតរវាងព្រះជាម្ចាស់ និងមនុស្សជាតិហើយឬនៅ? នៅទីបំផុត តើអ្នកណាជាម្ចាស់នៃរបស់សព្វសារពើ? តើមនុស្សឬ? (ទេ។) អ៊ីចឹង តើព្រះជាម្ចាស់ និងមនុស្សប្រព្រឹត្ដខុសគ្នាដូចម្ដេចខ្លះចំពោះអ្វីៗដែលបានបង្កើតមក? (ព្រះជាម្ចាស់គ្រប់គ្រង និងរៀបចំរបស់សព្វសារពើ រីឯមនុស្សរីករាយនឹងរបស់សព្វសារពើទាំងនោះ។) តើអ្នករាល់គ្នាយល់ស្របនឹងចម្លើយនេះទេ? ភាពខុសគ្នាធំបំផុតរវាងព្រះជាម្ចាស់ និងមនុស្សជាតិគឺថា ព្រះជាម្ចាស់គ្រប់គ្រង និងផ្គត់ផ្គង់ដល់អ្វីៗដែលបានបង្កើតមក។ ទ្រង់ជាប្រភពនៃអ្វីៗទាំងអស់ ហើយក្នុងពេលដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់អ្វីៗដែលបានបង្កើតមក មនុស្សជាតិវិញរីករាយនឹងអ្វីៗដែលត្រូវបានបង្កើតមក។ និយាយឲ្យចំគឺថា មនុស្សរីករាយនឹងរបស់ដែលបានបង្កើតមកទាំងអស់ នៅពេលពួកគេទទួលស្គាល់ជីវិតដែលព្រះជាម្ចាស់ប្រទានដល់របស់សព្វសារពើ។ ព្រះជាម្ចាស់គឺជាម្ចាស់ ឯមនុស្សជាតិរីករាយនឹងផលផ្លែពីការបង្កើតរបស់សព្វសារពើដោយព្រះជាម្ចាស់។ ចុះបើគិតអំពីរបស់ដែលបានបង្កើតមកទាំងអស់ដោយព្រះជាម្ចាស់ តើអ្វីទៅជាភាពខុសគ្នារវាងព្រះជាម្ចាស់ និងមនុស្សជាតិ? ព្រះជាម្ចាស់អាចមើលឃើញយ៉ាងច្បាស់អំពីច្បាប់នានាស្ដីពីរបៀបលូតលាស់នៃរបស់សព្វសារពើ ហើយទ្រង់គ្រប់គ្រង និងត្រួតត្រាច្បាប់ទាំងនេះ។ ពោលគឺ របស់សព្វសារពើស្ថិតក្រោមការទតមើលរបស់ព្រះជាម្ចាស់ និងស្ថិតក្នុងវិសាលភាពនៃការស្ទង់មើលរបស់ទ្រង់។ តើមនុស្សជាតិអាចមើលឃើញរបស់សព្វសារពើបានឬទេ? មនុស្សជាតិអាចមើលឃើញតែអ្វីៗដែលនៅចំពោះមុខរបស់ពួកគេប៉ុណ្ណោះ។ ប្រសិនបើអ្នកឡើងភ្នំ នោះអ្វីដែលអ្នកមើលឃើញ គឺត្រឹមតែជាភ្នំនោះប៉ុណ្ណោះ។ អ្នកមិនអាចមើលឃើញអ្វីៗដែលនៅផ្នែកម្ខាងទៀតនៃភ្នំនេះបានទេ។ ប្រសិនបើអ្នកទៅកាន់ឆ្នេរខ្សាច់ នោះអ្វីដែលអ្នកមើលឃើញ គឺគ្រាន់តែជាផ្នែកមួយនៃមហាសមុទ្រប៉ុណ្ណោះ ហើយអ្នកមិនអាចដឹងថា តើផ្នែកម្ខាងទៀតនៃមហាសមុទ្រនោះដូចម្ដេចឡើយ។ ប្រសិនបើអ្នកចូលទៅក្នុងព្រៃ អ្នកអាចមើលឃើញរុក្ខជាតិគ្រប់ប្រភេទដែលនៅពីមុខរបស់អ្នក និងនៅជុំវិញអ្នក ប៉ុន្តែអ្នកមិនអាចមើលឃើញអ្វីៗដែលនៅឆ្ងាយជាងនោះទៀតទេ។ មនុស្សមិនអាចមើលឃើញទីខ្ពស់ៗ ឆ្ងាយៗ និងជ្រៅៗបានទេ។ អ្វីទាំងអស់ដែលពួកគេអាចមើលឃើញ គឺជាអ្វីៗដែលនៅផ្ទាល់ពីមុខពួកគេ នៅក្នុងដែនគំហើញរបស់ពួកគេ។ ទោះបីជាមនុស្សដឹងពីច្បាប់ដែលកំណត់រដូវទាំងបួនក្នុងមួយឆ្នាំ ឬច្បាប់នានាអំពីការលូតលាស់នៃរបស់សព្វសារពើក៏ដោយ ក៏ពួកគេនៅតែមិនអាចគ្រប់គ្រង ឬកំណត់របស់សព្វសារពើនោះបានដែរ។ ក៏ប៉ុន្តែរបៀបដែលព្រះជាម្ចាស់ទតមើលអ្វីៗដែលបានបង្កើតទាំងអស់ គឺដូចរបៀបដែលទ្រង់ទតមើលម៉ាស៊ីនដែលទ្រង់បានបង្កើតដោយផ្ទាល់ព្រះអង្គអីចឹងដែរ។ ទ្រង់ស្គាល់រាល់ធាតុផ្សំ និងរាល់ការតភ្ជាប់ទាំងអស់យ៉ាងស៊ីជម្រៅ ដូចជា គោលការណ៍របស់ពួកវា លំនាំគំរូរបស់ពួកវា និងគោលបំណងរបស់ពួកវាជាដើម ព្រះជាម្ចាស់ស្គាល់អ្វីៗទាំងអស់នេះក្នុងកម្រិតច្បាស់លាស់បំផុត។ ដូច្នេះហើយ ព្រះជាម្ចាស់គឺព្រះជាម្ចាស់ ឯមនុស្សគឺមនុស្ស! ទោះបីជាមនុស្សអាចស្រាវជ្រាវយ៉ាងជ្រាលជ្រៅអំពីវិទ្យាសាស្ត្រ និងច្បាប់នានាដែលគ្រប់គ្រងរបស់សព្វសារពើក៏ដោយ ក៏ការស្រាវជ្រាវនោះនៅតែមានដែនកំណត់ ចំណែកឯព្រះជាម្ចាស់វិញ ទ្រង់គ្រប់គ្រងអ្វីៗគ្រប់យ៉ាង។ សម្រាប់មនុស្ស ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺគ្មានដែនកំណត់ទេ។ មនុស្សម្នាក់អាចចំណាយពេលពេញមួយជីវិតដើម្បីស្រាវជ្រាវអំពីកិច្ចការដ៏តូចបំផុតរបស់ព្រះជាម្ចាស់ដោយមិនទទួលបានលទ្ធផលពិតអ្វីឡើយ។ ដូច្នេះហើយ ប្រសិនបើអ្នកប្រើតែចំណេះដឹង និងអ្វីៗដែលអ្នកបានរៀនដើម្បីសិក្សាអំពីព្រះជាម្ចាស់ នោះអ្នកនឹងមិនអាចស្គាល់ព្រះជាម្ចាស់ ឬយល់ពីទ្រង់បានឡើយ។ ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសយកផ្លូវស្វែងរកការពិត និងស្វែងរកព្រះជាម្ចាស់ ហើយក្រឡេកមើលព្រះជាម្ចាស់តាមបែបបែរមកស្គាល់ទ្រង់ នោះនៅថ្ងៃណាមួយ អ្នកនឹងទទួលស្គាល់ថា សកម្មភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ គឺមាននៅគ្រប់ទីកន្លែងក្នុងពេលតែមួយ ហើយអ្នកនឹងដឹងពីមូលហេតុដែលគេថា ព្រះជាម្ចាស់គឺជា ម្ចាស់នៃរបស់សព្វសារពើ និងជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ។ បើអ្នកមានការយល់ដឹងបែបនេះកាន់តែច្រើន នោះអ្នកនឹងកាន់តែយល់ពីមូលហេតុដែលគេថា ព្រះជាម្ចាស់គឺជាម្ចាស់នៃរបស់សព្វសារពើមិនខាន។ របស់សព្វសារពើគ្រប់យ៉ាង ដែលរួមទាំងខ្លួនអ្នកផង សុទ្ធតែកំពុងទទួលការប្រទានពីព្រះជាម្ចាស់ជាហូរហែយ៉ាងមាំទាំឥតឈប់ឈរ។ អ្នកក៏នឹងអាចដឹងយ៉ាងច្បាស់ផងដែរថា នៅក្នុងពិភពលោកនេះ និងនៅក្នុងចំណោមមនុស្សជាតិនេះ ក្រៅពីព្រះជាម្ចាស់ គ្មាននរណាម្នាក់ដែលអាចមានសមត្ថភាព និងសារជាតិក្នុងការត្រួតត្រា គ្រប់គ្រង និងថែរក្សាវត្ដមាននៃរបស់សព្វសារពើដូចទ្រង់បានឡើយ។ នៅពេលអ្នកឈានដល់កម្រិតយល់ដឹងនេះ អ្នកនឹងពិតជាទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់របស់អ្នក។ នៅពេលអ្នកឈានដល់ចំនុចនេះ អ្នកពិតជានឹងបានទទួលយកព្រះជាម្ចាស់ ហើយអនុញ្ញាតឲ្យទ្រង់ធ្វើជាព្រះជាម្ចាស់របស់អ្នក និងធ្វើជាម្ចាស់របស់អ្នក។ នៅពេលអ្នកបានទទួលការយល់ដឹងបែបនេះ ហើយជីវិតរបស់អ្នកបានឈានដល់ចំនុចបែបនេះ នោះព្រះជាម្ចាស់នឹងលែងសាកល្បង និងជំនុំជម្រះអ្នកទៀតហើយ ហើយទ្រង់ក៏នឹងមិនទាមទារអ្វីពីអ្នកទៀតដែរ ពីព្រោះអ្នកមុខជាយល់ពីព្រះជាម្ចាស់ មុខជាស្គាល់ព្រះហឫទ័យរបស់ទ្រង់ ហើយមុខជាបានទទួលយកព្រះជាម្ចាស់ចូលក្នុងដួងចិត្ដរបស់អ្នកពិតប្រាកដមែន។ នេះហើយជាហេតុផលដ៏សំខាន់ក្នុងការប្រកបគ្នាអំពីប្រធានបទទាំងនេះអំពីការត្រួតត្រា និងការគ្រប់គ្រងរបស់សព្វសារពើដោយព្រះជាម្ចាស់។ ការធ្វើដូច្នេះគឺដើម្បីផ្ដល់ឲ្យមនុស្សនូវចំណេះដឹង និងការយល់ដឹងបន្ថែមទៀត ដែលមិនគ្រាន់តែឲ្យអ្នកទទួលស្គាល់ប៉ុណ្ណោះទេ តែថែមទាំងឲ្យអ្នកដឹង និងយល់ពីសកម្មភាពរបស់ព្រះជាម្ចាស់តាមរបៀបកាន់តែជាក់ស្ដែងថែមទៀត។
អាហារ និងភេសជ្ជៈប្រចាំថ្ងៃដែលព្រះជាម្ចាស់រៀបចំឲ្យមនុស្សជាតិ
អំបាញ់មិញនេះ យើងបាននិយាយអំពីផ្នែកមួយនៃបរិស្ថានបែបទូទៅ ជាពិសេស លក្ខខណ្ឌចាំបាច់សម្រាប់ការរស់រានរបស់មនុស្ស ដែលព្រះជាម្ចាស់បានរៀបចំនៅពេលទ្រង់បានបង្កើតពិភពលោក។ យើងបាននិយាយអំពីវត្ថុចំនួនប្រាំ ដែលជាធាតុចំនួនប្រាំនៃបរិស្ថាន។ ប្រធានបទបន្ទាប់ទៀតរបស់យើង ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងជីវិតនៃរូបកាយរបស់មនុស្ស ហើយវាពាក់ព័ន្ធច្រើនទៅនឹងជីវិតនោះ និងការបំពេញលក្ខខណ្ឌចាំបាច់នានារបស់ជីវិតកាន់តែច្រើនជាងវត្ថុទាំងប្រាំពីមុន។ ពោលគឺ វាជាអាហារដែលមនុស្សបរិភោគ។ ព្រះជាម្ចាស់បានបង្កើតមនុស្ស ហើយដាក់ពួកគេនៅក្នុងបរិស្ថានដ៏សមស្របមួយសម្រាប់ជីវិត ក្រោយមក មនុស្សត្រូវការអាហារ និងទឹក។ មនុស្សមានតម្រូវការនេះ ដូច្នេះហើយព្រះជាម្ចាស់បានធ្វើការរៀបចំឲ្យត្រូវតាមពួកគេ។ ហេតុដូច្នេះហើយ រាល់ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ និងរាល់វត្ថុដែលទ្រង់ធ្វើ មិនមែនជាព្រះបន្ទូលឥតខ្លឹមសារដែលកំពុងតែថ្លែងនោះទេ ប៉ុន្តែជាសកម្មភាពពិតជាក់ស្ដែងដែលកំពុងតែអនុវត្ត។ តើអាហារមិនចាំបាច់ខ្លាំងណាស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សទេឬ? តើអាហារសំខាន់ខ្លាំងជាងខ្យល់ដែរឬទេ? ពួកវាសំខាន់ដូចគ្នា។ ពួកវាទាំងពីរជាសារធាតុ និងលក្ខខណ្ឌចាំបាច់សម្រាប់ការរស់រានរបស់មនុស្សជាតិ និងសម្រាប់រក្សាការពារការបន្តជីវិតរបស់មនុស្ស។ តើមួយណាសំខាន់ជាង ខ្យល់ ឬក៏ ទឹក? សីតុណ្ហភាព ឬក៏ អាហារ? ពួកវាទាំងអស់សុទ្ធតែសំខាន់ដូចគ្នា។ មនុស្សមិនអាចជ្រើសយកតែវត្ថុណាមួយរវាងពួកវាបានទេ ព្រោះពួកគេមិនអាចរស់ដោយគ្មានវត្ថុណាមួយបានឡើយ។ នេះជាបញ្ហាពិតជាក់ស្ដែងមួយ មិនមែនគ្រាន់តែជាការជ្រើសរើសរបស់អ្នករវាងវត្ថុទាំងនេះប៉ុណ្ណោះទេ។ អ្នកមិនដឹងទេ តែព្រះជាម្ចាស់ដឹង។ ពេលអ្នកឃើញអាហារ អ្នកគិតថា «ខ្ញុំមិនអាចរស់ដោយគ្មានអាហារបានទេ!» ប៉ុន្តែកាលពីពេលដែលអ្នកទើបតែត្រូវបានបង្កើតមក តើអ្នកបានដឹងទេថា អ្នកត្រូវការអាហារ? អ្នកមិនបានដឹងទេ ប៉ុន្តែព្រះជាម្ចាស់ដឹង។ ទាល់តែដល់ពេលអ្នកឃ្លាន ហើយបានឃើញផ្លែឈើនៅលើដើមឈើ និងឃើញគ្រាប់ធញ្ញជាតិនៅលើដីសម្រាប់ឲ្យអ្នកបរិភោគ ទើបបានអ្នកដឹងថា អ្នកត្រូវការអាហារ។ ទាល់តែដល់ពេលអ្នកស្រេកទឹក ហើយបានឃើញទឹកចេញពីក្រោមដីមក និងទាល់តែអ្នកបានផឹក ទើបអ្នកបានដឹងថា អ្នកត្រូវការទឹក។ ព្រះជាម្ចាស់បានរៀបចំទឹកទុកជាមុនសម្រាប់មនុស្សជាតិ។ អាហារ ទោះជាអ្នកខ្លះបរិភោគក្នុងមួយថ្ងៃពីរពេល ឬបី ពេល ឬច្រើនជាងនេះទៀត ជារួមគឺថា ជាវត្ថុដែលមិនអាចខ្វះបានចំពោះមនុស្សនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ វាជាវត្ថុមួយដែលចាំបាច់ក្នុងការរក្សាការរស់រានធម្មតាជាបន្តរបស់រាងកាយមនុស្ស។ ដូច្នេះ តើអាហារភាគច្រើនបានមកពីណា? ដំបូង វាបានមកពីដី។ ព្រះជាម្ចាស់បានរៀបចំដីទុកជាមុនសម្រាប់មនុស្សជាតិ ហើយវាសមស្របសម្រាប់ការរស់រាននៃរុក្ខជាតិជាច្រើនប្រភេទ មិនមែនត្រឹមតែដើមឈើ ឬស្មៅប៉ុណ្ណោះទេ។ ព្រះជាម្ចាស់បានរៀបចំគ្រាប់ធញ្ញជាតិគ្រប់ប្រភេទ និងគ្រាប់ពូជផ្សេងៗទៀតសម្រាប់មនុស្សជាតិ ហើយទ្រង់បានផ្ដល់ឲ្យមនុស្សនូវដីដ៏សមស្របសម្រាប់ការដាំដុះ និងដោយមានរបស់ទាំងនេះហើយ ទើបមនុស្សជាតិទទួលបានអាហារ។ តើអាហារដ៏ច្រើនប្រភេទនោះមានអ្វីខ្លះ? អ្នករាល់គ្នាប្រហែលជាដឹងរួចហើយ។ ទីមួយគឺ ធញ្ញជាតិផ្សេងៗ។ តើធញ្ញជាតិមានប្រភេទអ្វីខ្លះ? ស្រូវសាលី ស្រូវមីយេកន្ទុយកញ្ជ្រោង ស្រូវមីយេដំណើប ស្រូវមីយេទូទៅ និងធញ្ញជាតិមានសំបកផ្សេងៗទៀត។ ដូច្នេះគ្រាប់ធញ្ញជាតិមានគ្រប់ប្រភេទទាំងអស់ដែលមានពូជខុសៗគ្នាតាំងពីភាគខាងត្បូងដល់ភាគខាងជើង៖ ស្រូវបាឡេ ស្រូវសាលី ស្រូវអាវ័ន បាក់វីត ជាដើម ។ល។ ប្រភេទផ្សេងគ្នាគឺសមស្របនឹងការដាំដុះនៅក្នុងតំបន់ផ្សេងគ្នា។ រីឯស្រូវវិញក៏មានច្រើនប្រភេទផងដែរ។ ភាគខាងត្បូងមានពូជដោយឡែករបស់ខ្លួន ដោយមានគ្រាប់វែងជាង និងសមស្របចំពោះមនុស្សមកពីភាគខាងត្បូង ព្រោះទីនោះមានអាកាសធាតុក្ដៅជាង មានន័យថា មនុស្សក្នុងតំបន់នោះត្រូវបរិភោគពូជស្រូវផ្សេងៗដូចជា ស្រូវឥណ្ឌីកាជាដើម ដែលមិនសូវស្អិត។ ស្រូវរបស់ពួកគេមិនអាចស្អិតខ្លាំងបានទេ បើមិនដូច្នោះទេ ពួកគេនឹងបាត់បង់ចំណង់បរិភោគ ហើយមិនអាចរំលាយវាបានឡើយ។ អ្នកនៅភាគខាងជើងបរិភោគស្រូវដែលស្អិតជាង ព្រោះភាគខាងជើងតែងតែត្រជាក់ ដូច្នេះមនុស្សនៅទីនោះត្រូវតែបរិភោគរបស់ដែលស្អិតៗ។ ក្រៅពីនេះ ក៏មានសណ្ដែកដែលដុះពីលើដី និងបន្លែយកមើមដែលដុះនៅក្រោមដីជាច្រើនប្រភេទផងដែរដូចជា ដំឡូងបារាំង ដំឡូងជ្វា ត្រាវ និងបន្លែយកមើមច្រើនទៀត។ ដំឡូងបារាំងដុះនៅភាគខាងជើង ជាកន្លែងដែលធ្វើឲ្យវាមានគុណភាពខ្ពស់ជាងគេ។ នៅពេលមនុស្សគ្មានធញ្ញជាតិបរិភោគ នោះដំឡូងបារាំងជាអាហារចម្បងដែលអាចឲ្យពួកគេបរិភោគបីពេលក្នុងមួយថ្ងៃបាន។ ដំឡូងបារាំងអាចប្រើធ្វើជាស្បៀងអាហារក៏បាន។ គុណភាពនៃដំឡូងជ្វាអន់ជាងដំឡូងបារាំងបន្តិច ប៉ុន្តែគេនៅតែអាចប្រើវាធ្វើជាអាហារចម្បងដើម្បីបំពេញការបរិភោគបីពេលជារាល់ថ្ងៃបាន។ នៅពេលធញ្ញជាតិពិបាករកបាន មនុស្សអាចបំបាត់ភាពស្រេកឃ្លានដោយប្រើដំឡូងជ្វាជាបណ្ដោះអាសន្នបាន។ ជាញឹកញាប់ ត្រាវត្រូវបានបរិភោគដោយមនុស្សនៅភាគខាងត្បូង គេអាចប្រើវាតាមរបៀបដូចគ្នា ហើយវាក៏អាចប្រើធ្វើជាអាហារចម្បងបានផងដែរ។ ទាំងនេះជាដំណាំផ្សេងៗគ្នាជាច្រើនមុខ ដែលសុទ្ធតែជាផ្នែកដ៏ចាំបាច់នៃអាហារ និងភេសជ្ជៈប្រចាំថ្ងៃរបស់មនុស្ស។ មនុស្សប្រើធញ្ញជាតិផ្សេងៗគ្នាដើម្បីធ្វើជា មី មីសួរ នំបញ្ចុក នំប៉ាវ បាយ និងគុយទាវជាដើម។ ព្រះជាម្ចាស់បានប្រទានធញ្ញជាតិទាំងនេះច្រើនប្រភេទដល់មនុស្សជាតិយ៉ាងបរិបូណ៌។ ហេតុដែលមានពូជច្រើនដូច្នេះគឺអាស្រ័យលើព្រះហឬទ័យរបស់ព្រះជាម្ចាស់៖ ពួកវាសមស្របសម្រាប់ការដាំដុះនៅលើដី និងអាកាសធាតុខុសៗគ្នានៅភាគខាងជើង ខាងត្បូង ខាងកើត និងខាងលិច។ រីឯសមាសធាតុ និងធាតុផ្សំផ្សេងៗរបស់ពួកវា ក៏ត្រូវគ្នានឹងសមាសធាតុ និងធាតុផ្សំផ្សេងៗនៃរាងកាយមនុស្សផងដែរ។ ទាល់តែបរិភោគធញ្ញជាតិទាំងនេះទើបមនុស្សអាចរក្សាឲ្យមានសារធាតុចិញ្ចឹម និងសារធាតុផ្សេងៗតាមតម្រូវការរាងកាយរបស់ពួកគេបាន។ អាហារនៅភាគខាងជើង និងអាហារនៅភាគខាងត្បូង គឺខុសគ្នា តែយ៉ាងណាពួកវាមានភាពស្រដៀងគ្នាច្រើនជាងភាពខុសគ្នា។ ពួកវាទាំងពីរសុទ្ធតែអាចបំពេញតម្រូវការជាប្រចាំរបស់រាងកាយមនុស្ស និងទ្រទ្រង់ការរស់រានជាធម្មតារបស់រាងកាយបាន។ ដូច្នេះអាហារច្រើនប្រភេទយ៉ាងសម្បូរបែបត្រូវបានលូតលាស់នៅក្នុងតំបន់នីមួយៗ ពីព្រោះរូបកាយរបស់មនុស្សត្រូវការសារធាតុផ្សេងៗពីអាហារខុសៗគ្នាទាំងនេះ ពោលគឺរាងកាយត្រូវការការផ្គត់ផ្គង់ពីអាហារផ្សេងៗគ្នាទាំងនេះដែលដុះពីដី ដើម្បីទ្រទ្រង់អត្ថិភាពធម្មតារបស់រាងកាយ ដោយពួកវាអាចនាំឲ្យមនុស្សមានជីវិតជាធម្មតាបាន។ សរុបសេចក្ដីមក ព្រះជាម្ចាស់បានគិតគូរដល់មនុស្សជាតិខ្លាំងណាស់។ អាហារដ៏ច្រើនដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស គឺមិនផ្លាស់ប្ដូរនោះទេ ផ្ទុយទៅវិញ ពួកវាថែមទាំងត្រូវបានសម្រិតសម្រាំងជាខ្លាំង។ បើមនុស្សចង់បរិភោគធញ្ញជាតិ នោះពួកគេអាចបរិភោគធញ្ញជាតិបាន។ អ្នកខ្លះចូលចិត្តស្រូវជាងស្រូវសាលី ហើយមិនចូលចិត្តស្រូវសាលីទេ ដូច្នោះពួកគេអាចបរិភោគស្រូវបាន។ មានស្រូវគ្រប់ប្រភេទ ទាំងគ្រាប់វែងទាំងគ្រាប់ខ្លី ហើយប្រភេទនីមួយៗអាចបំពេញតាមចំណង់បរិភោគរបស់មនុស្សបាន។ ហេតុដូច្នេះហើយ បើមនុស្សបរិភោគធញ្ញជាតិទាំងនេះ (ដរាបណាពួកគេមិនរើសចំណីអាហារពេកទេ) នោះពួកគេនឹងមិនខ្វះអាហាររូបត្ថម្ភឡើយ ព្រមទាំងធានាបាននូវការរស់នៅប្រកបដោយសុខភាពល្អរហូតដល់ស្លាប់។ នោះហើយជាព្រះតម្រិះដែលព្រះជាម្ចាស់បានព្រះតម្រិះនៅពេលទ្រង់ប្រទានអាហារដល់មនុស្សជាតិ។ រាងកាយមនុស្សមិនអាចរស់ដោយគ្មានរបស់ទាំងនេះបានទេ តើនេះមិនមែនជាការពិតទេឬ? ទាំងនេះជាបញ្ហាជាក់ស្ដែងដែលមនុស្សមិនអាចដោះស្រាយដោយខ្លួនឯងបានទេ ប៉ុន្តែព្រះជាម្ចាស់បានរៀបចំឲ្យពួកគេរួចហើយ៖ ទ្រង់បានព្រះតម្រិះអំពីពួកវាជាមុន និងបានធ្វើការរៀបចំរួចជាស្រេចសម្រាប់មនុស្សជាតិ។
ប៉ុន្តែព្រះជាម្ចាស់មិនបានប្រទានដល់មនុស្សជាតិតែប៉ុណ្ណឹងនោះទេ ទ្រង់ក៏បានប្រទានបន្លែដល់មនុស្សផងដែរ! ប្រសិនបើអ្នកបរិភោគស្រូវតែម្យ៉ាងដោយគ្មានអ្វីផ្សេងទៀតទេ នោះអ្នកអាចនឹងមិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ឡើយ។ ម៉្យាងវិញទៀត ប្រសិនបើអ្នកឆាបន្លែតែបន្ដិច ឬញាំដើម្បីបរិភោគជាមួយអាហាររបស់អ្នក នោះវីតាមីនក្នុងបន្លែ និងធាតុចាំបាច់តិចតួចផ្សេងៗ ក៏ដូចជាសារធាតុចិញ្ចឹមផ្សេងទៀត នឹងអាចបំពេញតាមសេចក្ដីត្រូវការនៃរាងកាយអ្នកបានជាធម្មតា។ ហើយមនុស្សអាចបរិភោគផ្លែឈើបន្តិចបន្តួចនៅចន្លោះពេលអាហារចម្បងក៏បានដែរ ឬក៏មិនអាចទេ? ពេលខ្លះ មនុស្សត្រូវការថែមទៀតនូវជាតិទឹក ឬសារធាតុចិញ្ចឹមផ្សេងទៀត ឬរសជាតិផ្សេងៗ ហើយផ្លែឈើ និងបន្លែនេះឯងដែលបំពេញតម្រូវការទាំងនេះនោះ។ ដោយភាគខាងជើង ខាងត្បូង ខាងកើត និងខាងលិច មានដីនិងអាកាសធាតុខុសគ្នា ទើបពួកវាមានបន្លែ និងផ្លែឈើជាច្រើនប្រភេទខុសៗគ្នា។ ដោយសារអាកាសធាតុនៅភាគខាងត្បូងក្ដៅខ្លាំងពេក ទើបមានផ្លែឈើ និងបន្លែប្រភេទត្រជាក់ច្រើនបំផុតដែលអាចធ្វើឲ្យភាពក្ដៅ និងត្រជាក់មានតុល្យភាពនៅក្នុងខ្លួនមនុស្សបាននៅពេលបរិភោគពួកវា។ ផ្ទុយទៅវិញ វាមានប្រភេទបន្លែ និងផ្លែឈើនៃភាគខាងជើងតិចតួចប៉ុណ្ណោះ ក៏ប៉ុន្តែវាគ្រប់គ្រាន់សម្រាប់ឲ្យមនុស្សក្នុងតំបន់បរិភោគបាន។ ទោះជាយ៉ាងនេះក្ដី ដោយសារការអភិវឌ្ឍក្នុងសង្គមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងអ្វីដែលគេហៅថាការរីកចម្រើនផ្នែកសង្គម ក៏ដូចជាភាពប្រសើរឡើងក្នុងការប្រាស្រ័យទាក់ទង និងការដឹកជញ្ជូនដែលតភ្ជាប់ភាគខាងជើង ខាងត្បូង ខាងកើត និងខាងលិចជាមួយគ្នា នាំឲ្យមនុស្សនៅភាគខាងជើងក៏អាចបរិភោគផ្លែឈើ និងបន្លែនៃភាគខាងត្បូង ឬកសិផលប្រចាំតំបន់មកពីភាគខាងត្បូងបានមួយចំនួនផងដែរ ហើយពួកគេអាចធ្វើដូច្នោះបាននៅគ្រប់ទាំងបួនរដូវ។ ទោះបីជានេះអាចបំពេញតាមចំណង់បរិភោគ និងចំណង់ខាងរូបធាតុរបស់មនុស្សក៏ដោយ ក៏រាងកាយរបស់ពួកគេត្រូវរងគ្រោះថ្នាក់ក្នុងកម្រិតផ្សេងៗទាំងមិនដឹងខ្លួន។ នេះក៏ព្រោះតែ ក្នុងចំណោមអាហារដែលព្រះជាម្ចាស់បានរៀបចំសម្រាប់មនុស្សជាតិ មានអាហារ ផ្លែឈើ និងបន្លែមួយចំនួន គឺសម្រាប់តែមនុស្សនៅភាគខាងត្បូងប៉ុណ្ណោះ ហើយអាហារ ផ្លែឈើ និងបន្លែខ្លះទៀត គឺសម្រាប់តែមនុស្សនៅភាគខាងជើងប៉ុណ្ណោះ។ និយាយឲ្យចំគឺថា ប្រសិនបើអ្នកបានកើតនៅភាគខាងត្បូង នោះអ្នកគួរតែបរិភោគអាហារដែលមកពីភាគខាងត្បូងទើបជាការសមស្រប។ ព្រះជាម្ចាស់បានរៀបចំយ៉ាងពិសេសនូវអាហារ ផ្លែឈើ និងបន្លែទាំងនេះអាស្រ័យតាមអាកាសធាតុពិសេសផ្ទាល់ខ្លួននៃភាគខាងត្បូង។ ភាគខាងជើងមានអាហារដែលចាំបាច់សម្រាប់រាងកាយរបស់មនុស្សនៅភាគខាងជើង។ ក៏ប៉ុន្ដែដោយសារមនុស្សល្មោភអាហារពេក ទើបពួកគេបានបណ្ដោយឲ្យខ្លួនឯងរងការអូសទាញនៅក្នុងជំនោរនៃនិន្នាការសង្គមថ្មីដោយពុំដឹងខ្លួន ហើយពួកគេបំពានច្បាប់ទាំងនេះទាំងមិនដឹងខ្លួន។ ទោះជាមនុស្សមានអារម្មណ៍ថា ជីវិតរបស់ពួកគេបានប្រសើរជាងមុនក្ដី តែវឌ្ឍនភាពប្រភេទនេះបង្កអន្តរាយដ៏គ្រោះថ្នាក់ដល់រាងកាយរបស់មនុស្សកាន់តែច្រើនឡើង។ នេះមិនមែនជាអ្វីដែលព្រះជាម្ចាស់ចង់ឃើញនោះទេ ហើយវាមិនមែនជាអ្វីដែលទ្រង់បានគ្រោងទុកនៅពេលទ្រង់បានផ្គត់ផ្គង់អាហារ ផ្លែឈើ និងបន្លែទាំងនេះដល់មនុស្សជាតិឡើយ។ មនុស្សខ្លួនឯងបានបង្កើតស្ថានភាពបច្ចុប្បន្ននេះដោយបំពានច្បាប់នានារបស់ព្រះជាម្ចាស់។
សូម្បីតែក្រៅពីទាំងអស់នោះ រង្វាន់ដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សជាតិ គឺពិតជាសម្បូរហូរហៀរណាស់ ហើយកន្លែងនីមួយៗសុទ្ធតែមានផលិតផលប្រចាំតំបន់ផ្ទាល់ខ្លួន។ ឧទាហរណ៍ដូចជា កន្លែងខ្លះសម្បូរទៅដោយពុតទ្រាក្រហម កន្លែងខ្លះទៀតសម្បូរទៅដោយវ៉លណាត់ ហើយកន្លែងផ្សេងៗទៀតសម្បូរទៅដោយសណ្ដែកដី ឬឈើយកគ្រាប់ផ្សេងៗ វត្ថុខាងរូបធាតុទាំងនេះសុទ្ធតែផ្ដល់សារធាតុចិញ្ចឹមដែលរាងកាយមនុស្សត្រូវការ ប៉ុន្តែព្រះជាម្ចាស់ផ្គត់ផ្គង់ដល់មនុស្សជាតិនូវរបស់ទាំងនេះក្នុងបរិមាណដ៏ត្រឹមត្រូវ និងនៅពេលដ៏ត្រឹមត្រូវ អាស្រ័យតាមរដូវ និងពេលវេលានៃឆ្នាំ។ មនុស្សជាតិផ្គាប់តាមផ្នែករូបកាយ និងល្មោភស៊ី ដែលវាធ្វើឲ្យងាយនឹងបំពាន និងបំផ្លាញច្បាប់ធម្មជាតិនានាអំពីការលូតលាស់របស់មនុស្សដែលទ្រង់បានបង្កើតមក នៅពេលទ្រង់បង្កើតមនុស្សជាតិ។ ឥឡូវ យើងយក ឆឺរី ធ្វើជាឧទាហរណ៍។ ឆឺរី ទុំនៅក្នុងខែមិថុនា។ ក្រោមលក្ខខណ្ឌធម្មតា ដល់ខែសីហា គឺគ្មាន ឆឺរី នៅសល់ទេ។ ពួកវាអាចរក្សាឲ្យនៅស្រស់ក្នុងរយៈពេលតែពីរខែប៉ុណ្ណោះ ប៉ុន្តែដោយប្រើបច្ចេកទេសវិទ្យាសាស្ត្រ ឥឡូវនេះមនុស្សអាចពន្យាពេលរហូតដល់ដប់ពីរខែ ឬថែមទាំងដល់ផុតរដូវឆឺរីនាឆ្នាំបន្ទាប់ទៅទៀត។ នេះមានន័យថា មានឆឺរីពេញមួយឆ្នាំតែម្ដង។ តើនេះជាបាតុភូតធម្មតាឬទេ? (ទេ។) អ៊ីចឹង តើការបរិភោគផ្លែឆឺរីនៅរដូវណាដែលល្អបំផុត? នោះគឺរយៈពេលចាប់ពីខែមិថុនាដល់ខែសីហា។ ផុតរយៈពេលនេះ មិនថាអ្នករក្សាពួកវាឲ្យនៅស្រស់យ៉ាងណានោះទេ ពួកវាមិនមានរសជាតិដូចគ្នាឡើយ ហើយក៏មិនផ្ដល់នូវអ្វីដែលរាងកាយមនុស្សត្រូវការដែរ។ នៅពេលកាលកំណត់បានកន្លងផុត មិនថាអ្នកប្រើជាតិគីមីអ្វីក៏ដោយ អ្នកនឹងមិនអាចបំពេញជំនួសនូវអ្វីៗដែលពួកវាមាននៅពេលលូតលាស់តាមធម្មជាតិបានឡើយ។ លើសពីនេះទៀត គ្រោះថ្នាក់ដែលជាតិគីមីបង្កដល់មនុស្ស គឺគ្មាននរណាម្នាក់អាចដោះស្រាយ ឬផ្លាស់ប្ដូរបានឡើយ មិនថាពួកគេព្យាយាមយ៉ាងណាក៏ដោយ។ ដូច្នេះ តើសេដ្ឋកិច្ចទីផ្សារបច្ចុប្បន្ននាំអ្វីខ្លះមកឲ្យមនុស្ស? ការរស់នៅរបស់មនុស្សហាក់ដូចជាប្រសើរជាងមុន ការដឹកជញ្ជូនរវាងតំបន់នានាកាន់តែមានភាពងាយស្រួល ហើយមនុស្សអាចបរិភោគផ្លែឈើគ្រប់ប្រភេទគ្រប់ពេលវេលាក្នុងរដូវទាំងបួន។ មនុស្សនៅភាគខាងជើងអាចបរិភោគចេក ព្រមទាំងអាហារឆ្ងាញ់ៗប្រចាំតំបន់ដូចជា ផ្លែឈើ ឬអាហារដទៃទៀតពីភាគខាងត្បូងជាទៀងទាត់បាន។ ប៉ុន្តែនេះមិនមែនជាជីវិតដែលព្រះជាម្ចាស់ចង់ផ្ដល់ឲ្យមនុស្សជាតិឡើយ។ សេដ្ឋកិច្ចទីផ្សារប្រភេទនេះអាចនាំមកនូវផលប្រយោជន៍មួយចំនួនដល់ជីវិតរបស់មនុស្ស ប៉ុន្តែវាក៏អាចនាំមកនូវគ្រោះថ្នាក់ផងដែរ។ ដោយសារតែភាពសម្បូរបែបនៅក្នុងទីផ្សារ មនុស្សជាច្រើនបរិភោគដោយមិនខ្វល់ថា តើពួកគេកំពុងដាក់អ្វីចូលក្នុងមាត់របស់ពួកគេនោះទេ។ អាកប្បកិរិយានេះគឺជាការបំពានច្បាប់ធម្មជាតិ ហើយវាមានគ្រោះថ្នាក់ដល់សុខភាពរបស់មនុស្ស។ ដូច្នេះ សេដ្ឋកិច្ចទីផ្សារមិនអាចនាំមកឲ្យមនុស្សនូវសុភមង្គលពិតបាននោះទេ។ ចូរអ្នករាល់គ្នាពិនិត្យមើលចុះ។ តើផ្លែទំពាំងបាយជូរមិនមានលក់លើទីផ្សារនៅក្នុងរដូវទាំងបួនទេឬអ្វី? តាមពិតទៅ ផ្លែទំពាំងបាយជូរនៅស្រស់តែក្នុងរយៈពេលដ៏ខ្លីបំផុត ក្រោយពេលបេះ។ បើអ្នករក្សាទុកពួកវារហូតដល់ខែមិថុនាឆ្នាំក្រោយ តើពួកវានៅតែអាចឲ្យគេហៅថាជាទំពាំងបាយជូរទៀតបានដែរឬទេ? ឬហៅថា «សំរាម» វិញទើបជាឈ្មោះដែលល្អជាងសម្រាប់ពួកវា? ពួកវាមិនត្រឹមតែខ្វះនូវសារធាតុនៃទំពាំងបាយជូរស្រស់ប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងពួកវាមានទាំងជាតិគីមីយ៉ាងច្រើនទៀតផង។ មួយឆ្នាំក្រោយមក ពួកវាលែងនៅស្រស់ទៀតហើយ ឯសារធាតុចិញ្ចឹមនានាដែលពួកវាមានក៏បាត់អស់ជាយូរហើយ។ នៅពេលមនុស្សបរិភោគផ្លែទំពាំងបាយជូរ ពួកគេមានអារម្មណ៍ដូចនេះថា៖ «យើងមានសំណាងអ្វីម្ល៉េះទេ! តើកាលពីសាមសិបឆ្នាំមុន យើងអាចបរិភោគផ្លែទំពាំងបាយជូរក្នុងរដូវនេះបានឬទេ? មិនអាចទេ ទោះបីជាចង់យ៉ាងណាក៏ដោយ! ជីវិតឥឡូវនេះល្អខ្លាំងណាស់!» តើនេះពិតជាសុភមង្គលមែនឬទេ? បើអ្នកចាប់អារម្មណ៍ អ្នកអាចធ្វើការស្រាវជ្រាវដោយខ្លួនអ្នកផ្ទាល់អំពីទំពាំងបាយជូរដែលត្រូវបានរក្សាទុកដោយជាតិគីមី ហើយមើលថា តើពួកវាធ្វើមកពីអ្វី តើសារធាតុទាំងនេះអាចមានប្រយោជន៍ដល់មនុស្សដែរឬទេ។ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ពេលជនជាតិអ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីប និងពេលកំពុងធ្វើដំណើរ ព្រះជាម្ចាស់បានប្រទានសត្វក្រួច និងនំម៉ាណាដល់ពួកគេ។ ប៉ុន្តែ តើព្រះជាម្ចាស់បានអនុញ្ញាតឲ្យមនុស្សរក្សាទុកអាហារទាំងនេះដែរឬទេ? អ្នកខ្លះគិតខ្លី ហើយភ័យខ្លាចថា នឹងលែងមានទៀតនៅថ្ងៃបន្ទាប់ ដូច្នេះពួកគេបានរក្សាទុកខ្លះសម្រាប់ពេលក្រោយ។ បន្ទាប់មក តើមានអ្វីកើតឡើង? នៅថ្ងៃបន្ទាប់ វារលួយអស់។ ព្រះជាម្ចាស់មិនអនុញ្ញាតឲ្យអ្នករក្សាទុកអាហារទាំងនេះឡើយ ត្បិតទ្រង់បានធ្វើការរៀបចំរួចហើយ ដែលធានាបានថា អ្នកនឹងមិនឃ្លានឡើយ។ ប៉ុន្តែមនុស្សជាតិមិនមានទំនុកចិត្តបែបនេះទេ ហើយក៏មិនមានជំនឿពិតប្រាកដលើព្រះជាម្ចាស់ផងដែរ។ ពួកគេតែងតែចង់ទុកបន្ទប់លាក់កលល្បិចរបស់ពួកគេ ហើយមិនដែលអាចមើលឃើញពីការយកចិត្តទុកដាក់ និងព្រះតម្រិះដែលនៅពីក្រោយការរៀបចំរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិឡើយ។ ពួកគេមិនអាចដឹងបាន ដូច្នេះពួកគេមិនអាចមានជំនឿលើព្រះជាម្ចាស់ទាំងស្រុងបាន ដោយពួកគេគិតជានិច្ចថា៖ «សកម្មភាពរបស់ព្រះជាម្ចាស់មិនអាចទុកចិត្តបានទេ! តើអ្នកណាដឹងទៅថា ព្រះជាម្ចាស់មុខជាផ្ដល់ឲ្យយើងនូវអ្វីៗដែលយើងត្រូវការនោះ ឬ តើពេលណាទ្រង់នឹងផ្តល់ឲ្យយើងនោះ! បើពេលខ្ញុំឃ្លាន ហើយព្រះជាម្ចាស់មិនផ្ដល់ឲ្យ ពេលនោះតើខ្ញុំនឹងមិនដាក់ពោះស្លាប់ហើយទេឬអ្វី? តើខ្ញុំនឹងមិនខ្វះអាហារូបត្ថម្ភហើយទេឬអ្វី?» ចូរមើលពីទំនុកចិត្តរបស់មនុស្សខ្វះជំនឿចុះ!
ធញ្ញជាតិ ផ្លែឈើនិងបន្លែ និងគ្រាប់ផ្លែឈើគ្រប់ប្រភេទ ទាំងអស់នេះសុទ្ធតែជាអាហារបួស។ ពួកវាផ្ទុកនូវសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់បំពេញតាមសេចក្ដីត្រូវការរបស់រាងកាយមនុស្ស ទោះបីជាពួកវាជាអាហារបួសក៏ដោយ។ តែទោះយ៉ាងនេះក្ដី ព្រះជាម្ចាស់មិនបានមានព្រះបន្ទូលថា៖ «អញនឹងប្រទានត្រឹមតែអាហារទាំងនេះប៉ុណ្ណោះដល់មនុស្សជាតិ។ ចូរពួកឯងបរិភោគតែរបស់ទាំងនេះបានហើយ!» ព្រះជាម្ចាស់មិនបានឈប់ត្រឹមនេះទេ ប៉ុន្តែទ្រង់បានបន្តរៀបចំឲ្យមនុស្សជាតិនូវអាហារជាច្រើនទៀតដែលរឹតតែមានរសជាតិឆ្ងាញ់ជាងមុន។ តើអាហារទាំងនេះមានអ្វីខ្លះ? ពួកវាមានសាច់ និងត្រីជាច្រើនប្រភេទដែលភាគច្រើនអ្នករាល់គ្នាអាចមើលឃើញ និងបរិភោគបាន។ ទ្រង់បានរៀបចំឲ្យមនុស្សនូវសាច់ និងត្រីច្រើនប្រភេទខ្លាំងណាស់។ ត្រីរស់នៅក្នុងទឹក ហើយសាច់របស់ត្រីក្នុងទឹកមានសារធាតុខុសប្លែកពីសាច់របស់សត្វដែលរស់នៅលើដី ហើយវាអាចផ្ដល់ឲ្យមនុស្សនូវសារធាតុចិញ្ចឹមផ្សេងៗគ្នា។ ត្រីក៏មានលក្ខណៈសម្បត្តិដែលអាចគ្រប់គ្រងភាពក្ដៅ និងត្រជាក់នៅក្នុងខ្លួនមនុស្សបានដែរ នេះអត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះមនុស្ស។ ប៉ុន្តែមិនត្រូវបរិភោគអាហារឆ្ងាញ់ៗឲ្យលើសនោះទេ។ ដូចដែលខ្ញុំបាននិយាយរួចមកហើយថា ព្រះជាម្ចាស់ប្រទានដល់មនុស្សជាតិនូវបរិមាណដ៏ត្រឹមត្រូវនៅពេលដ៏ត្រឹមត្រូវដើម្បីឲ្យមនុស្សអាចរីករាយនឹងការប្រទានរបស់ទ្រង់បានល្អប្រសើរតាមរបៀបធម្មតា ហើយអាស្រ័យតាមរដូវ និងពេលវេលា។ ឥឡូវនេះ តើអាហារប្រភេទណាខ្លះដែលស្ថិតក្នុងប្រភេទបសុបក្សី? មាន់ ក្រួច ព្រាប ជាដើម ។ល។ មនុស្សជាច្រើនក៏បរិភោគទា និងក្ងានផងដែរ។ ថ្វីបើព្រះជាម្ចាស់បានផ្ដល់សាច់គ្រប់ប្រភេទទាំងនេះក្ដី តែទ្រង់បានកំណត់លក្ខខណ្ឌតម្រូវមួយចំនួនដល់រាស្ត្ររើសតាំងរបស់ទ្រង់ និងដាក់កំហិតជាក់លាក់អំពីរបបអាហាររបស់ពួកគេនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ សព្វថ្ងៃនេះ ការកំហិតទាំងនេះត្រូវបានផ្អែកលើរសនិយមរៀងខ្លួន និងការបកស្រាយផ្ទាល់ខ្លួន។ សាច់ច្រើនប្រភេទទាំងនេះផ្ដល់ឲ្យរាងកាយមនុស្សនូវសារធាតុចិញ្ចឹមចម្រុះមុខ ដើម្បីបង្គ្រប់ប្រូតេអ៊ីននិងជាតិដែក ជំនួយឈាម ពង្រឹងសាច់ដុំនិងឆ្អឹង និងបង្កើតកម្លាំងរាងកាយ។ មិនខ្វល់ថាមនុស្សចម្អិន និងបរិភោគពួកវាយ៉ាងណានោះទេ សាច់ទាំងនេះអាចជួយកែលម្អរសជាតិនៃអាហាររបស់មនុស្ស និងបង្កើនចំណង់បរិភោគរបស់ពួកគេ ព្រមទាំងបំពេញក្រពះរបស់ពួកគេផងដែរ។ សំខាន់បំផុតនោះគឺ អាហារទាំងនេះអាចផ្គត់ផ្គង់ដល់រាងកាយមនុស្សតាមតម្រូវការអាហារូបត្ថម្ភប្រចាំថ្ងៃ។ នេះហើយជាព្រះតម្រិះរបស់ព្រះជាម្ចាស់នៅពេលទ្រង់បានរៀបចំអាហារសម្រាប់មនុស្សជាតិ។ មានបន្លែ មានសាច់ តើនេះមិនសម្បូរហូរហៀរទេឬ? ប៉ុន្តែមនុស្សគួរតែយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅពេលទ្រង់បានរៀបចំអាហារទាំងអស់សម្រាប់មនុស្សជាតិ។ តើវាដើម្បីឲ្យមនុស្សជាតិបរិភោគអាហារទាំងនេះហួសប្រមាណឬ? តើមានអ្វីកើតឡើងនៅពេលមនុស្សជាប់អន្ទាក់នៅក្នុងការប៉ុនប៉ងបំពេញចំណង់ខាងរូបធាតុទាំងនេះ? តើពួកគេមិនក្លាយជាទទួលទានលើសកម្រិតទេឬ? តើការទទួលទានច្រើនពេកមិនប៉ះពាល់ដល់រាងកាយមនុស្សច្រើនយ៉ាងទេឬ? (ប៉ះពាល់។) នោះហើយជាមូលហេតុដែលព្រះជាម្ចាស់បានបែងចែកឲ្យមានបរិមាណដ៏ត្រឹមត្រូវនៅពេលដ៏ត្រឹមត្រូវ ហើយឲ្យមនុស្សរីករាយនឹងអាហារផ្សេងៗគ្នាអាស្រ័យតាមពេលវេលា និងរដូវកាលផ្សេងៗគ្នា។ ឧទាហរណ៍ដូចជា បន្ទាប់ពីរដូវក្ដៅដ៏សែនក្ដៅ មនុស្សកើនកម្ដៅច្រើននៅក្នុងខ្លួនពួកគេ ក៏ដូចជាមានភាពសើម និងភាពស្ងួតដែលអាចបង្កជំងឺបាន។ ពេលរដូវលំហើយមកដល់ ផ្លែឈើជាច្រើនប្រភេទបានទុំ ហើយពេលមនុស្សបរិភោគផ្លែឈើទាំងនេះ ភាពសើមនៅក្នុងខ្លួនរបស់ពួកគេត្រូវបានបណ្ដេញចេញ។ នៅពេលនេះ គោក្របីនិងចៀម ក៏លូតលាស់ខ្លាំងដែរ ដូច្នេះនេះជាពេលដែលមនុស្សគួរតែបរិភោគសាច់ជាអាហារឲ្យបានច្រើន។ តាមរយៈការបរិភោគសាច់ច្រើនប្រភេទ រាងកាយរបស់មនុស្សទទួលបានថាមពល និងកម្ដៅដើម្បីជួយពួកគេទប់ទល់នឹងភាពត្រជាក់នៃរដូវរងា ដូច្នោះហើយពួកគេអាចឆ្លងកាត់រដូវរងារបានដោយសុវត្ថិភាព និងមានសុខភាពល្អ។ ដោយមានការយកចិត្តទុកដាក់ និងភាពប្រុងប្រយ័ត្នបំផុត ទើបព្រះជាម្ចាស់គ្រប់គ្រង និងសម្របសម្រួលពេលវេលា និងអ្វីៗដែលត្រូវផ្ដល់ឲ្យមនុស្សជាតិ ក៏ដូចជាពេលវេលាដែលទ្រង់នឹងឲ្យវត្ថុផ្សេងៗដុះលូតលាស់ ចេញផ្លែ និង ទុំ។ នេះទាក់ទងនឹង «របៀបដែលព្រះជាម្ចាស់រៀបចំអាហារដែលមនុស្សត្រូវការក្នុងជីវិតប្រចាំថ្ងៃ»។ បន្ថែមពីលើអាហារដ៏ច្រើនប្រភេទនេះ ព្រះជាម្ចាស់ក៏ផ្ដល់ប្រភពទឹកដល់មនុស្សជាតិផងដែរ។ បន្ទាប់ពីបរិភោគរួចហើយ មនុស្សត្រូវការផឹកទឹកបន្ថែមទៀត។ តើផ្លែឈើតែម្យ៉ាងគ្រប់គ្រាន់ឬទេ? មនុស្សមិនអាចរស់ដោយសារផ្លែឈើតែម្យ៉ាងបានទេ ហើយក្រៅពីនេះ នៅរដូវខ្លះគ្មានផ្លែឈើនោះទេ។ ដូច្នេះ តើបញ្ហាទឹករបស់មនុស្សជាតិអាចដោះស្រាយបានយ៉ាងដូចម្តេច? ព្រះជាម្ចាស់បានដោះស្រាយបញ្ហានេះតាមរយៈការរៀបចំប្រភពទឹកជាច្រើននៅលើដី និងក្រោមដី ដូចជា បឹង ទន្លេ និងទឹកចេញពីក្រោមដី។ ប្រភពទឹកទាំងនេះសុទ្ធតែអាចផឹកបានឲ្យតែគ្មានការឆ្លងមេរោគ និងឲ្យតែមនុស្សមិនបានកេងចំណេញ ឬបំផ្លាញប្រភពទឹកទាំងនោះ។ ម៉្យាងទៀត បើនិយាយពីប្រភពអាហារដែលទ្រទ្រង់ជីវិតរបស់រូបកាយមនុស្សវិញ ព្រះជាម្ចាស់បានធ្វើការរៀបចំយ៉ាងច្បាស់លាស់ ត្រឹមត្រូវ និងសមស្របបំផុត ដើម្បីឲ្យជីវិតរបស់មនុស្សសម្បួរសប្បាយ និងមិនខ្វះអ្វីទាំងអស់។ នេះជាអ្វីដែលមនុស្សអាចដឹង និងមើលឃើញ។
លើសពីនេះទៅទៀត ក្នុងចំណោមរបស់សព្វសារពើ ព្រះជាម្ចាស់បានបង្កើតរុក្ខជាតិ សត្វមួយចំនួន និងរុក្ខជាតិស្លឹកផ្សេងៗដែលត្រូវបានប្រើជាពិសេសក្នុងការព្យាបាលរបួស ឬជំងឺនៅក្នុងខ្លួនមនុស្ស។ ឧទាហរណ៍ថា បើពួកគេរលាកភ្លើង ឬរលាកទឹកក្ដៅដោយចៃដន្យ តើពួកគេគួរតែធ្វើដូចម្ដេច? តើអ្នកអាចគ្រាន់តែលាងការរលាកជាមួយទឹកបានឬទេ? តើអ្នកអាចគ្រាន់តែរុំវាជាមួយកំណាត់ចាស់ៗបានឬទេ? បើអ្នកធ្វើដូច្នោះ មុខរបួសអាចនឹងមានសុទ្ធតែខ្ទុះ ឬក៏ឆ្លងមេរោគ។ ឧទាហរណ៍ថា បើមាននរណាម្នាក់ក្ដៅខ្លួន ឬគ្រុនផ្ដាសាយ រងរបួសក្នុងពេលកំពុងធ្វើការ កើតមានបញ្ហាជំងឺក្រពះដោយសារការបរិភោគមិនត្រឹមត្រូវ ឬកើតមានជំងឺមួយចំនួន ដែលបណ្ដាលមកពីកត្តានៃរបៀបរបៀបនៃការរស់នៅ ឬបញ្ហាផ្លូវចិត្ត រាប់បញ្ចូលទាំង ជំងឺសរសៃឈាម ជំងឺផ្លូវចិត្ត ឬជំងឺសរីរាង្គខាងក្នុងជាដើម នោះមានរុក្ខជាតិដែលត្រូវគ្នាដែលអាចព្យាបាលជំងឺរបស់ពួកគេបាន។ មានរុក្ខជាតិដែលសម្រួលចលនារបត់ឈាម និងកម្ចាត់ការស្ទះឈាម បំបាត់ការឈឺចាប់ ឃាត់ឈាម ធ្វើឲ្យសន្លប់/ស្ពឹក ជួយព្យាបាលស្បែកឲ្យត្រឡប់ទៅស្ថានភាពធម្មតាវិញ និងបំបែកឈាមកក និងបំបាត់ជាតិពុលចេញពីរាងកាយ សរុបសេចក្ដីមក រុក្ខជាតិទាំងនេះមានការប្រើប្រាស់រាល់ថ្ងៃក្នុងជីវិត។ មនុស្សអាចប្រើពួកវាបាន ហើយព្រះជាម្ចាស់បានរៀបចំពួកវាសម្រាប់រាងកាយមនុស្សក្នុងករណីមានតម្រូវការ។ ព្រះជាម្ចាស់បានអនុញ្ញាតឲ្យមនុស្សរកឃើញពួកវាមួយចំនួនដោយគាប់ជួន រីឯមួយចំនួនផ្សេងទៀតត្រូវបានរកឃើញដោយមនុស្សដែលព្រះជាម្ចាស់បានរើសតាំងឲ្យធ្វើដូច្នោះ ឬដោយសារបាតុភូតពិសេសៗដែលទ្រង់បានចាត់ចែង។ ក្រោយការរកឃើញរុក្ខជាតិទាំងនេះ មនុស្សជាតិនឹងផ្ទេរបន្តឲ្យអ្នកជំនាន់ក្រោយ ហើយមនុស្សជាច្រើននឹងដឹងអំពីពួកវា។ ម្ល៉ោះហើយ ការបង្កើតរុក្ខជាតិទាំងនេះដោយព្រះជាម្ចាស់ ពិតជាមានតម្លៃ និងខ្លឹមសារមែន។ សរុបសេចក្ដីមក របស់ទាំងនេះសុទ្ធតែបានមកពីព្រះជាម្ចាស់ ដោយទ្រង់បានរៀបចំ និងដាំដុះនៅពេលទ្រង់បង្កើតបរិស្ថានរស់នៅរបស់មនុស្សជាតិ។ ពួកវាសុទ្ធតែសំខាន់។ តើព្រះតម្រិះរបស់ព្រះជាម្ចាស់មានដំណើរហ្មតចត់ជាងគំនិតរបស់មនុស្សជាតិដែរឬទេ? នៅពេលអ្នកមើលឃើញទង្វើគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើ តើអ្នកដឹងពីផ្នែកជាក់ស្តែងរបស់ព្រះជាម្ចាស់ឬទេ? ព្រះជាម្ចាស់ធ្វើការយ៉ាងសម្ងាត់។ ព្រះជាម្ចាស់បានបង្កើតរបស់ទាំងអស់នេះ តាំងពីពេលមនុស្សមិនទាន់លេចមុខមកក្នុងពិភពលោកនេះម្ល៉េះ ជាពេលដែលទ្រង់មិនមានទំនាក់ទំនងជាមួយមនុស្សជាតិនៅឡើយ។ អ្វីៗគ្រប់យ៉ាងត្រូវបានធ្វើឡើងដោយមានការគិតគូរដល់មនុស្សជាតិជានិច្ច សម្រាប់ជាប្រយោជន៍ដល់វត្តមានរបស់មនុស្ស និងដោយព្រះតម្រិះអំពីការរស់រានរបស់ពួកគេ ដើម្បីឲ្យមនុស្សជាតិអាចរស់នៅដោយសប្បាយរីករាយនៅក្នុងពិភពរូបធាតុដ៏សម្បូរបែបដែលព្រះជាម្ចាស់បានរៀបចំឲ្យពួកគេនេះ ដោយគ្មានការព្រួយបារម្ភអំពីអាហារ ឬសម្លៀកបំពាក់ ដែលមិនខ្វះអ្វីសោះឡើយ។ នៅក្នុងមជ្ឈដ្ឋានបែបនេះ មនុស្សជាតិអាចបន្តបង្កើតកូនចៅ និងរស់រានបាន។
ក្នុងចំណោមអំពើទាំងអស់របស់ព្រះជាម្ចាស់ ទាំងធំទាំងតូច តើមានអំពើណាមួយដែលគ្មានតម្លៃ ឬគ្មានខ្លឹមសារឬទេ? អ្វីគ្រប់យ៉ាងដែលទ្រង់ធ្វើសុទ្ធតែមានតម្លៃ និងមានខ្លឹមសារ។ តោះយើងចាប់ផ្ដើមពិភាក្សាគ្នាអំពីប្រធានបទដ៏ទូទៅមួយ។ គេតែងតែសួរថា៖ តើមាន់ និងស៊ុតមាន់ មួយណាមានមុន? (មាន់។) មាន់មានមុន ប្រាកដណាស់! ហេតុអ្វីបានជាមាន់មានមុន? ហេតុអ្វីបានជាស៊ុតមាន់មិនអាចមានមុនបាន? តើមាន់មិនញាស់ពីស៊ុតមាន់ទេឬ? ម្ភៃមួយថ្ងៃក្រោយមក មាន់ក៏ញាស់ ហើយមាន់នោះក៏មានស៊ុតបន្ថែមទៀត បន្ទាប់មកមាន់ជាច្រើនទៀតក៏ញាស់ពីស៊ុតមាន់ទាំងនោះ។ ដូច្នេះ តើមាន់ ឬស៊ុតមាន់មានមុន? អ្នករាល់គ្នាឆ្លើយថា «មាន់» យ៉ាងប្រាកដប្រជា។ ប៉ុន្តែហេតុអ្វីបានជាអ្នករាល់គ្នាឆ្លើយដូចនេះ? (ព្រះគម្ពីរប្រាប់ថា ព្រះជាម្ចាស់បានបង្កើតបក្សាបក្សី និងសត្វនានា។) ដូច្នេះចម្លើយរបស់អ្នករាល់គ្នា គឺផ្អែកលើព្រះគម្ពីរ។ ប៉ុន្តែខ្ញុំចង់ឲ្យអ្នករាល់គ្នានិយាយអំពីការយល់ដឹងផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា ដើម្បីឲ្យខ្ញុំអាចដឹងថា តើអ្នករាល់គ្នាមានចំណេះដឹងជាក់ស្ដែងអំពីសកម្មភាពរបស់ព្រះជាម្ចាស់ឬទេ។ ឥឡូវនេះ តើអ្នករាល់គ្នាជឿជាក់លើចម្លើយរបស់អ្នករាល់គ្នាឬអត់? (ព្រះជាម្ចាស់បានបង្កើតមាន់ បន្ទាប់មកបានផ្ដល់ឲ្យវាមានសមត្ថភាពក្នុងការបន្តពូជ ដែលមានន័យថាជាសមត្ថភាពក្នុងការភ្ញាស់ស៊ុត។) ការបកស្រាយនេះគឺត្រឹមត្រូវ មិនលើសមិនខ្វះឡើយ។ មាន់មានមុន បន្ទាប់មកគឺស៊ុតមាន់។ នេះពិតជាអ៊ីចឹង។ វាមិនមែនជាអាថ៌កំបាំងជ្រាលជ្រៅពិសេសអ្វីនោះទេ ប៉ុន្តែទោះជាយ៉ាងនេះក្ដី មនុស្សក្នុងពិភពលោកនេះពិចារណាដូចវាអស្ចារ្យណាស់អ៊ីចឹង ហើយព្យាយាមដោះស្រាយដោយប្រើទ្រឹស្ដីទស្សនវិជ្ជា ដោយមិនដែលឈានដល់ទីបញ្ចប់ឡើយ។ នេះគឺដូចពេលដែលមនុស្សមិនដឹងថា ព្រះជាម្ចាស់បានបង្កើតពួកគេអ៊ីចឹង។ ពួកគេមិនដឹងអំពីគោលការណ៍គ្រឹះនេះទេ ហើយក៏មិនមានគំនិតច្បាស់លាស់ថា តើស៊ុតមាន់ ឬមាន់គួរតែមានមុននោះដែរ។ ពួកគេមិនដឹងថា តើមួយណាគួរមានមុនគេនោះទេ ដូច្នេះពួកគេមិនដែលអាចស្វែងរកបានចម្លើយឡើយ។ វាពិតជាធម្មតាណាស់ដែលថាមាន់មានមុន។ ប្រសិនបើមានស៊ុតមាន់មុនពេលមានមាន់ នោះទើបមិនធម្មតា! វាជារឿងសាមញ្ញណាស់ ដែលថា មាន់ដាច់ខាតត្រូវតែមានមុន។ នេះមិនមែនជាចំណោទដែលត្រូវការចំណេះដឹងខ្ពង់ខ្ពស់អ្វីនោះទេ។ ព្រះជាម្ចាស់បានបង្កើតអ្វីៗគ្រប់យ៉ាង ដោយមានបំណងព្រះហឫទ័យឲ្យមនុស្សបានរីករាយនឹងពួកវា។ នៅពេលមានមាន់ នោះស៊ុតមាន់នឹងមានតាមក្រោយជារឿងធម្មតា។ តើនេះមិនមែនជាដំណោះស្រាយស្រេចបាច់ទេឬ? ប្រសិនបើស៊ុតមាន់ត្រូវបានបង្កើតមុន តើវានឹងនៅតែត្រូវការមាន់ក្រាបភ្ញាស់ស៊ុតទៀតដែរឬទេ? ការបង្កើតមាន់មកតែម្ដង គឺជាដំណោះស្រាយស្រេចបាច់ល្អខ្លាំងជាង។ តាមវិធីនេះ មាន់អាចពង និងក្រាបភ្ញាស់កូនមាន់ដែលនៅក្នុងស៊ុតបាន ហើយមនុស្សអាចមានមាន់សម្រាប់បរិភោគបាន។ ងាយស្រួលម្ល៉េះ! របៀបដែលព្រះជាម្ចាស់ធ្វើអ្វីៗគឺរៀបរយល្អណាស់ មិនសាំញ៉ាំសោះឡើយ។ តើស៊ុតមាន់បានមកពីណា? វាបានមកពីមាន់។ បើគ្មានមាន់ទេ ស៊ុតក៏មិនមានដែរ។ អ្វីដែលព្រះជាម្ចាស់បានបង្កើតគឺជាវត្ថុមានជីវិត! មនុស្សជាតិល្ងីល្ងើគ្មានហេតុផល និងគួរឲ្យអស់សំណើច ដែលតែងតែក្លាយជាស្មុគស្មាញក្នុងរឿងដ៏សាមញ្ញបែបនេះ ហើយបញ្ចប់ដោយការយល់ខុសគ្មានហេតុផលយ៉ាងច្រើន។ មនុស្សអីក៏ផ្ដេសផ្ដាសម្ល៉េះ! ទំនាក់ទំនងរវាងស៊ុតមាន់ និងមាន់ច្បាស់ណាស់គឺ៖ មាន់មានមុន។ នេះជាការពន្យល់ដ៏ត្រឹមត្រូវបំផុត ជាវិធីដ៏ត្រឹមត្រូវបំផុតក្នុងការយល់ពីវា និងជាចម្លើយដ៏ត្រឹមត្រូវបំផុត។ វាពិតជាត្រឹមត្រូវ។
តើយើងទើបតែពិភាក្សាគ្នាអំពីប្រធានបទអ្វីខ្លះ? យើងបានចាប់ផ្ដើមដោយការនិយាយអំពីបរិស្ថានដែលមនុស្សរស់នៅ និងអ្វីៗដែលព្រះជាម្ចាស់បានធ្វើសម្រាប់បរិស្ថាននោះ ព្រមទាំងការរៀបចំដែលទ្រង់បានធ្វើ។ យើងបានពិភាក្សាគ្នាអំពីអ្វីៗដែលទ្រង់បានចាត់ចែង ក៏ដូចជាទំនាក់ទំនងរវាងអ្វីៗដែលត្រូវបានបង្កើតមក ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់មនុស្សជាតិ ព្រមទាំងរបៀបដែលព្រះជាម្ចាស់បានរៀបចំទំនាក់ទំនងទាំងនេះដើម្បីកុំឲ្យអ្វីៗដែលទ្រង់បានបង្កើតមកបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ។ ព្រះជាម្ចាស់ក៏បានកាត់បន្ថយគ្រោះថ្នាក់ដោយសារកត្តាផ្សេងៗជាច្រើននៅក្នុងការបង្កើតរបស់ទ្រង់ ដែលអាចមានលើបរិស្ថានរបស់មនុស្សជាតិផងដែរ ដោយឲ្យរបស់សព្វសារពើបំពេញគោលបំណងខ្ពស់បំផុតរបស់ពួកវា និងនាំមកឲ្យមនុស្សជាតិនូវបរិស្ថានដ៏មានប្រយោជន៍ដែលមានធាតុផ្សំដ៏មានប្រយោជន៍ ហេតុដូច្នេះហើយអាចឲ្យមនុស្សជាតិសម្របខ្លួនទៅនឹងបរិស្ថានបែបនេះ ព្រមទាំងបន្តវដ្ដនៃជីវិតនិងការបន្តពូជយ៉ាងទៀងទាត់។ បន្ទាប់មកទៀត យើងបាននិយាយអំពីអាហារដែលរាងកាយមនុស្សត្រូវការ គឺអាហារនិងភេសជ្ជៈប្រចាំថ្ងៃរបស់មនុស្សជាតិ។ នេះក៏ជាលក្ខខណ្ឌចាំបាច់សម្រាប់ការរស់រានរបស់មនុស្សជាតិផងដែរ។ និយាយឲ្យចំគឺថា រាងកាយរបស់មនុស្សមិនអាចរស់នៅបានទេ បើមានត្រឹមតែការដកដង្ហើមតែម្យ៉ាង ជាមួយនឹងពន្លឺព្រះអាទិត្យសម្រាប់ទ្រទ្រង់ជីវិត ឬខ្យល់ ឬសីតុណ្ហភាពដ៏សមស្របតែប៉ុណ្ណោះ។ មនុស្សក៏ត្រូវការបំពេញក្រពះរបស់ពួកគេផងដែរ ហើយព្រះជាម្ចាស់បានរៀបចំឲ្យមនុស្សជាតិដោយមិនបានមើលរំលងអ្វីមួយឡើយនូវប្រភពនៃអ្វីៗដែលពួកគេអាចចម្អែតពោះបាន ដែលទាំងនោះគឺជាប្រភពនៃអាហាររបស់មនុស្សជាតិ។ នៅពេលអ្នកបានឃើញកសិផលដ៏បរិបូរហូរហៀរបែបនេះ (ប្រភពនៃអាហារនិងភេសជ្ជៈរបស់មនុស្សជាតិ) តើអ្នកអាចនិយាយបានទេថា ព្រះជាម្ចាស់គឺជាប្រភពនៃការផ្គត់ផ្គង់ឲ្យមនុស្សជាតិ និងរបស់ទាំងអស់ដែលទ្រង់បានបង្កើតមក? ប្រសិនបើក្នុងអំឡុងពេលនៃការបង្កើត ព្រះជាម្ចាស់បានបង្កើតត្រឹមតែដើមឈើ និងស្មៅ ឬវត្ថុមានជីវិតផ្សេងទៀតតែចំនួនប៉ុណ្ណោះ ហើយប្រសិនបើវត្ថុមានជីវិត និងរុក្ខជាតិផ្សេងៗគ្នាទាំងនេះ គឺសម្រាប់ឲ្យតែគោនិងចៀមស៊ី ឬសម្រាប់តែសេះបង្កង់ ក្តាន់ និងសត្វប្រភេទផ្សេងៗទៀត ឧទាហរណ៍ដូចជា តោត្រូវស៊ីរបស់ដូចជាសេះបង្កង់និងក្តាន់ ហើយខ្លាត្រូវស៊ីរបស់ដូចជាចៀមនិងជ្រូកជាដើម ប៉ុន្តែមិនមានរបស់ណាមួយសោះដែលសមស្របសម្រាប់ឲ្យមនុស្សបរិភោគ តើបែបនេះនឹងទៅរួចឬទេ? វានឹងមិនអាចទេ។ មនុស្សជាតិនឹងមិនអាចរស់រានបានយូរឡើយ។ ចុះដូចម្ដេចវិញបើមនុស្សបរិភោគតែស្លឹក? តើបែបនេះនឹងទៅរួចឬទេ? តើមនុស្សអាចបរិភោគស្មៅដែលសម្រាប់ឲ្យចៀមស៊ីបានឬទេ? វាប្រហែលជាមិនឈឺទេបើពួកគេសាកតែបន្តិច ក៏ប៉ុន្តែបើពួកគេបរិភោគរបស់ទាំងនេះក្នុងរយៈពេលយូរ នោះក្រពះរបស់ពួកគេនឹងមិនអាចទ្រាំទ្របានទេ ហើយមនុស្សនឹងរស់នៅមិនបានយូរទេ។ មានទាំងរបស់ដែលសត្វអាចស៊ីបាន ប៉ុន្តែវាពុលចំពោះមនុស្ស សត្វស៊ីពួកវាដោយគ្មានផលវិបាក ប៉ុន្តែវាមិនមែនសម្រាប់មនុស្សទេ។ និយាយឲ្យចំគឺថា ព្រះជាម្ចាស់បានបង្កើតមនុស្ស ដូច្នេះព្រះជាម្ចាស់ជ្រាបច្បាស់បំផុតអំពីគោលការណ៍ និងរចនាសម្ព័ន្ធនៃរាងកាយមនុស្ស រួមទាំងអ្វីៗដែលមនុស្សត្រូវការ។ ព្រះជាម្ចាស់ជ្រាបច្បាស់គ្មានសល់អំពីសមាសភាព និងធាតុផ្សំរបស់រាងកាយ តម្រូវការរបស់វា និងមុខងារនៃសរីរាង្គខាងក្នុងរបស់វា និងរបៀបដែលពួកវាស្រូបយក បញ្ចេញចោល និងរំលាយសារធាតុផ្សេងៗ។ ឯមនុស្សវិញមិនដឹងទេ ពេលខ្លះពួកគេបរិភោគដោយធ្វេសប្រហែស ឬមិនប្រុងប្រយ័ត្នក្នុងការថែរក្សាខ្លួនឯង ការធ្វើបែបនេះច្រើនពេកបណ្ដាលឲ្យគ្មានតុល្យភាព។ ប្រសិនបើអ្នកបរិភោគ ហើយរីករាយនឹងអ្វីៗដែលព្រះជាម្ចាស់បានរៀបចំឲ្យអ្នកតាមរបៀបធម្មតា នោះអ្នកនឹងមិនមានបញ្ហាសុខភាពឡើយ។ ទោះបីជាពេលខ្លះអ្នកមានអារម្មណ៍មិនល្អ ហើយអ្នកមានការស្ទះឈាមក៏ដោយ ក៏វាមិនបង្កជាបញ្ហាអ្វីសោះឡើយ។ អ្នកគ្រាន់តែត្រូវការបរិភោគរុក្ខជាតិមួយចំនួនប៉ុណ្ណោះ នោះការស្ទះនឹងបាត់ទៅវិញអស់។ ព្រះជាម្ចាស់បានធ្វើការរៀបចំសម្រាប់រឿងទាំងអស់នេះរួចហើយ។ ដូច្នេះ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សជាតិនៅខ្ពស់ជាងឆ្ងាយពីវត្ថុមានជីវិតផ្សេងៗទៀត។ ព្រះជាម្ចាស់បានរៀបចំបរិស្ថានសម្រាប់រុក្ខជាតិគ្រប់ប្រភេទ ហើយទ្រង់បានរៀបចំអាហារនិងបរិស្ថានសម្រាប់សត្វគ្រប់ប្រភេទ ប៉ុន្តែមនុស្សជាតិមានតម្រូវការបរិស្ថានតឹងរ៉ឹងបំផុត ហើយតម្រូវការទាំងនោះមិនអាចឲ្យមើលរំលងបន្តិចណាឡើយ។ បើហ៊ានតែមើលរំលង នោះមនុស្សជាតិនឹងមិនអាចបន្តការលូតលាស់ ការរស់នៅ និងការបន្តពូជតាមរបៀបធម្មតាបានទេ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះទើបជ្រាបរឿងនេះច្បាស់បំផុតនៅក្នុងព្រះហឫទ័យរបស់ទ្រង់។ នៅពេលព្រះជាម្ចាស់បានធ្វើការនេះ ទ្រង់បានយកចិត្តទុកដាក់ខ្លាំងលើរឿងនេះច្រើនជាងបញ្ហាផ្សេងទៀត។ ប្រហែលជាអ្នកមិនអាចដឹងពីសារៈសំខាន់នៃរឿងធម្មតាមួយចំនួនដែលអ្នកអាចមើលឃើញ និងរីករាយនៅក្នុងជីវិតរបស់អ្នក ឬក៏រឿងដែលអ្នកមើលឃើញ និងរីករាយដែលអ្នកមានតាំងពីកំណើតនោះទេ ប៉ុន្តែព្រះជាម្ចាស់បានធ្វើការរៀបចំរួចជាស្រេចសម្រាប់អ្នកជាយូរមកហើយ ឬដោយសម្ងាត់។ ក្នុងកម្រិតល្អបំផុតដែលអាចធ្វើទៅបាន ព្រះជាម្ចាស់បានបំបាត់ និងកាត់បន្ថយនូវធាតុអវិជ្ជមានទាំងអស់ដែលមិនអំណោយផលដល់មនុស្សជាតិ និងដែលអាចបង្កគ្រោះថ្នាក់ដល់រាងកាយមនុស្ស។ តើការធ្វើនេះបង្ហាញអំពីអ្វី? តើនេះបង្ហាញពីឥរិយាបថដែលព្រះជាម្ចាស់មានចំពោះមនុស្សជាតិនៅពេលទ្រង់បានបង្កើតពួកគេពេលនោះដែរឬទេ? តើឥរិយាបថនោះគឺជាអ្វី? ព្រះជាម្ចាស់មានឥរិយាបថប្រុងប្រយ័ត្ន និងស្មោះអស់ពីដួងព្រះទ័យ ព្រមទាំងមិនបណ្ដោយឲ្យមានការរំខានពីកម្លាំងសត្រូវ ឬកត្តាខាងក្រៅ ឬលក្ខខណ្ឌនានាដែលមិនមែនជារបស់ទ្រង់ឡើយ។ តាមរយៈនេះ គេអាចមើលឃើញឥរិយាបថរបស់ព្រះជាម្ចាស់នៅក្នុងការបង្កើត និងគ្រប់គ្រងមនុស្សជាតិនៅពេលនេះ។ ចុះតើព្រះជាម្ចាស់មានឥរិយាបថដូចម្ដេច? តាមរយៈបរិស្ថានសម្រាប់ការរស់រាន និងជីវិតដែលមនុស្សជាតិរីករាយ ក៏ដូចជាតាមរយៈអាហារនិងភេសជ្ជៈប្រចាំថ្ងៃ និងសេចក្ដីត្រូវការប្រចាំថ្ងៃរបស់ពួកគេ យើងអាចមើលឃើញឥរិយាបថរបស់ព្រះជាម្ចាស់ដែលមានការទទួលខុសត្រូវចំពោះមនុស្សជាតិ ដែលទ្រង់បានប្រកាន់ខ្ជាប់តាំងពីពេលទ្រង់បានបង្កើតមនុស្សមកម្ល៉េះ ក៏ដូចជាការប្ដេជ្ញារបស់ទ្រង់ក្នុងការសង្គ្រោះមនុស្សជាតិនៅពេលនេះ។ តើអាចមើលឃើញភាពពិតប្រាកដនៃព្រះជាម្ចាស់នៅក្នុងរបស់ទាំងនេះឬទេ? គឺភាពអស្ចារ្យរបស់ទ្រង់ឬ? ភាពមិនអាចវាស់ស្ទង់បានរបស់ទ្រង់ឬ? សព្វានុភាពរបស់ទ្រង់ឬ? ព្រះជាម្ចាស់ប្រើវិធីដ៏ឈ្លាសវៃ និងដែលមានគ្រប់ព្រះចេស្ដាដើម្បីផ្គត់ផ្គង់ដល់មនុស្សជាតិទាំងអស់ ក៏ដូចជាអ្វីៗទាំងអស់ដែលទ្រង់បានបង្កើតមក។ ខ្ញុំបាននិយាយច្រើនណាស់មកហើយ ឥឡូវនេះ តើអ្នករាល់គ្នាអាចនិយាយបានទេថា ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ? (បាន។) គឺពិតជាដូច្នោះមែន។ តើអ្នករាល់គ្នាមានការសង្ស័យអ្វីទេ? (ទេ។) ការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ដល់របស់សព្វសារពើគ្រប់គ្រាន់ក្នុងការបង្ហាញថា ទ្រង់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ ពីព្រោះទ្រង់ជាប្រភពនៃការផ្គត់ផ្គង់ដែលអាចធ្វើឲ្យរបស់សព្វសារពើមានអត្ថិភាព មានជីវិត បង្កើតកូនចៅ និងបន្តទៅទៀត ហើយគ្មានប្រភពណាផ្សេងក្រៅពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនោះទេ។ ព្រះជាម្ចាស់ផ្គត់ផ្គង់គ្រប់តម្រូវការនៃរបស់សព្វសារពើ និងគ្រប់តម្រូវការរបស់មនុស្សជាតិ មិនថាទាំងនោះជា តម្រូវការខាងបរិស្ថានដ៏ចាំបាច់បំផុតរបស់មនុស្ស តម្រូវការក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ឬក៏តម្រូវការចំពោះសេចក្ដីពិតដែលទ្រង់ផ្ដល់ដល់វិញ្ញាណរបស់មនុស្សនោះទេ។ ដោយប្រើទស្សនៈរបស់មនុស្សសម្លឹងមើលអត្តសញ្ញាណរបស់ព្រះជាម្ចាស់ និងឋានៈរបស់ទ្រង់តាមគ្រប់មធ្យោបាយឃើញថា មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ ទើបជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ។ តើនេះត្រឹមត្រូវឬទេ? (ត្រូវ។) និយាយឲ្យចំគឺថា ព្រះជាម្ចាស់ជាមេដឹកនាំ ជាម្ចាស់ និងជាអ្នកផ្គត់ផ្គង់ពិភពរូបធាតុនេះ ជាពិភពដែលមនុស្សអាចមើលឃើញ និងដឹងបាន។ តើនេះមិនមែនជាអត្តសញ្ញាណរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិទេឬ? គ្មានអ្វីដែលមិនពិតនៅក្នុងនេះទេ។ ដូច្នេះនៅពេលអ្នកឃើញបក្សាបក្សីហើរនៅលើមេឃ អ្នកគួរតែដឹងថា ព្រះជាម្ចាស់បានបង្កើតអ្វីគ្រប់យ៉ាងដែលអាចហើរបាន។ មានទាំងភាវៈមានជីវិតដែលហែលនៅក្នុងទឹក ហើយពួកវាមានវិធីរស់រានផ្ទាល់ខ្លួនរបស់ពួកវា។ ដើមឈើ និងរុក្ខជាតិដែលរស់នៅលើគោក ចេញពន្លកនិងក្រពុំផ្កានៅរដូវផ្ការីក ហើយចេញផ្លែនិងជ្រុះស្លឹកនៅរដូវលំហើយ លុះដល់រដូវរងាស្លឹកឈើទាំងអស់ជ្រុះគ្មានសល់ ព្រោះរុក្ខជាតិទាំងនោះត្រៀមខ្លួនឆ្លងកាត់រដូវរងារ។ នោះហើយជាវិធីរស់រានរបស់ពួកវា។ ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ហើយរបស់នីមួយៗរស់នៅតាមទម្រង់ខុសៗគ្នា និងរបៀបខុសៗគ្នា ហើយប្រើវិធីសាស្ត្រខុសៗគ្នាក្នុងការបង្ហាញកម្លាំងជីវិតរបស់ខ្លួន និងទម្រង់ដែលវារស់នៅ។ មិនថាវត្ថុទាំងអស់រស់នៅតាមបែបណានោះទេ ពួកវាសុទ្ធតែស្ថិតក្រោមច្បាប់របស់ព្រះជាម្ចាស់ទាំងអស់។ តើព្រះជាម្ចាស់មានគោលបំណងអ្វីក្នុងការគ្រប់គ្រងលើរាល់ទម្រង់នៃជីវិត និងភាវៈមានជីវិតទាំងអស់? តើនោះគឺសម្រាប់ជាប្រយោជន៍ដល់ការរស់រានរបស់មនុស្សជាតិមែនទេ? (មែន។) ទ្រង់គ្រប់គ្រងច្បាប់នៃជីវិតទាំងអស់ គឺសុទ្ធតែសម្រាប់ជាប្រយោជន៍ដល់ការរស់រានរបស់មនុស្សជាតិ។ នេះគ្រាន់តែបង្ហាញថា តើការរស់រានរបស់មនុស្សជាតិសំខាន់យ៉ាងណាចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ។
ជាធម្មតា សមត្ថភាពរបស់មនុស្សជាតិក្នុងការរស់រាន និងបន្តពូជ គឺជាការសំខាន់បំផុតចំពោះព្រះជាម្ចាស់។ ហេតុដូច្នេះហើយ ទើបព្រះជាម្ចាស់ផ្គត់ផ្គង់ដល់មនុស្សជាតិ និងរបស់ដែលទ្រង់បានបង្កើតមកទាំងអស់ឥតឈប់ឈរ។ ទ្រង់ផ្គត់ផ្គង់ដល់របស់សព្វសារពើតាមរបៀបខុសៗគ្នា ហើយដើម្បីរក្សាការរស់រាននៃរបស់សព្វសារពើ ទ្រង់ធ្វើឲ្យមនុស្សជាតិអាចបន្តចម្រើនទៅមុខបាន ដែលធានានូវការរស់រានជាធម្មតារបស់មនុស្សជាតិ។ ទាំងនេះជាគំនិតចំនួនពីរនៅក្នុងការប្រកបគ្នារបស់យើងនៅថ្ងៃនេះ។ តើគំនិតទាំងពីរនេះមានអ្វីខ្លះ? (តាមទស្សនៈទូលាយ ព្រះជាម្ចាស់បានបង្កើតបរិស្ថានដែលមនុស្សរស់នៅ។ នោះគឺជាចំណុចទីមួយ។ ព្រះជាម្ចាស់ក៏បានរៀបចំវត្ថុខាងរូបធាតុដែលមនុស្សជាតិត្រូវការ ហើយអាចមើលឃើញ និងប៉ះបាន។) យើងបានប្រកបគ្នាអំពីប្រធានបទចម្បងរបស់យើងតាមរយៈគំនិតទាំងពីរនេះ។ តើអ្វីទៅគឺជាប្រធានបទចម្បងរបស់យើង? (ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ។) ឥឡូវនេះ អ្នករាល់គ្នាគួរតែបានយល់ខ្លះហើយអំពីមូលហេតុដែលធ្វើឲ្យការប្រកបគ្នារបស់ខ្ញុំអំពីប្រធានបទនេះមានខ្លឹមសារបែបនេះ។ តើមានការពិភាក្សាណាមួយដែលមិនទាក់ទងនឹងប្រធានបទចម្បងនេះឬទេ? គ្មាននោះទេ! បន្ទាប់ពីបានឮរឿងទាំងនេះហើយ អ្នករាល់គ្នាមួយចំនួនប្រហែលជាបានទទួលការយល់ដឹងខ្លះហើយ ថែមទាំងឥឡូវនេះដឹងទៀតថា ពាក្យទាំងនេះមានទម្ងន់ និងសំខាន់ណាស់ ប៉ុន្តែអ្នកខ្លះទៀតប្រហែលជាមានការយល់ដឹងត្រឹមតែន័យត្រង់មួយចំនួនប៉ុណ្ណោះ ព្រមទាំងយល់ថា ពាក្យទាំងនេះមិនសំខាន់ចំពោះពួកគេនោះទេ។ មិនថាអ្នករាល់គ្នាយល់យ៉ាងណាអំពីរឿងនេះក្នុងពេលបច្ចុប្បន្ននេះនោះទេ ប៉ុន្តែនៅពេលអ្នករាល់គ្នាទទួលបានបទពិសោធន៍នៅថ្ងៃណាមួយ នៅពេលការយល់ដឹងរបស់អ្នករាល់គ្នាឈានដល់កម្រិតជាក់លាក់មួយ ពោលគឺ នៅពេលអ្នករាល់គ្នាស្គាល់សកម្មភាពរបស់ព្រះជាម្ចាស់ និងស្គាល់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដល់កម្រិតជាក់លាក់មួយ ពេលនោះអ្នករាល់គ្នានឹងមានពាក្យពេចន៍ប្រើផ្ទាល់ខ្លួនដែលមានលក្ខណៈជាក់ស្ដែង ដើម្បីចែកចាយទីបន្ទាល់ដ៏ជ្រាលជ្រៅ និងពិតប្រាកដអំពីសកម្មភាពរបស់ព្រះជាម្ចាស់។
ខ្ញុំគិតថា ការយល់ដឹងបច្ចុប្បន្នរបស់អ្នករាល់គ្នាគឺនៅរាក់កំផែល និងមិនជ្រាលជ្រៅណាស់នៅឡើយ ប៉ុន្តែពេលបានស្ដាប់ឮគំនិតទាំងពីរនៅក្នុងការប្រកបគ្នារបស់ខ្ញុំហើយ តើអ្នករាល់គ្នាយ៉ាងហោចណាស់អាចស្គាល់ពីវិធីសាស្ត្រដែលព្រះជាម្ចាស់ប្រើដើម្បីផ្គត់ផ្គង់ដល់មនុស្សជាតិ ឬស្គាល់ពីអ្វីៗដែលព្រះជាម្ចាស់ផ្ដល់ដល់មនុស្សជាតិដែរមែនទេ? តើអ្នករាល់គ្នាមានគោលគំនិតជាមូលដ្ឋាន ដែលជាការយល់ដឹងជាមូលដ្ឋានដែរឬទេ? (មាន។) ប៉ុន្តែ តើគោលគំនិតទាំងពីរដែលខ្ញុំប្រកបគ្នានេះទាក់ទងនឹងព្រះគម្ពីរដែរឬទេ? (អត់ទេ។) តើពួកវាទាក់ទងនឹងការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះដែរឬទេ? (អត់ទេ។) ចុះហេតុអ្វីបានជាខ្ញុំប្រកបគ្នាអំពីពួកវា? តើដោយសារតែមនុស្សត្រូវតែយល់ដឹងពីពួកវាដើម្បីស្គាល់ព្រះជាម្ចាស់មែនទេ? (មែន។) វាចាំបាច់ណាស់ក្នុងការដឹងពីរឿងទាំងនេះ ហើយវាក៏ចាំបាច់ណាស់ផងដែរក្នុងការយល់ពីពួកវា។ ពេលអ្នករាល់គ្នាស្វះស្វែងយល់ពីព្រះជាម្ចាស់ឲ្យបានពេញលេញ ចូរកុំបង្ខាំងខ្លួនឯងឲ្យនៅតែក្នុងព្រះគម្ពីរធ្វើអ្វី ហើយក៏កុំបង្ខាំងខ្លួនឯងឲ្យនៅតែក្នុងការជំនុំជម្រះ និងការវាយផ្ចាលមនុស្សដោយព្រះជាម្ចាស់អី។ តើខ្ញុំនិយាយបែបនេះមានគោលបំណងអ្វី? នេះគឺដើម្បីឲ្យមនុស្សដឹងថា ព្រះជាម្ចាស់មិនមែនគ្រាន់តែជាព្រះជាម្ចាស់របស់រាស្ត្ររើសតាំងរបស់ទ្រង់ប៉ុណ្ណោះនោះទេ។ បច្ចុប្បន្ននេះ អ្នកដើរតាមព្រះជាម្ចាស់ ហើយទ្រង់គឺជាព្រះជាម្ចាស់របស់អ្នក ក៏ប៉ុន្តែ តើទ្រង់គឺជាព្រះជាម្ចាស់របស់អស់អ្នកដែលមិនដើរតាមទ្រង់ដែរឬទេ? តើព្រះជាម្ចាស់ក៏ជាព្រះជាម្ចាស់របស់មនុស្សទាំងអស់នោះដែលមិនដើរតាមទ្រង់ដែរមែនទេ? តើព្រះជាម្ចាស់គឺជាព្រះជាម្ចាស់នៃរបស់សព្វសារពើមែនទេ? (មែន។) អីចឹង តើកិច្ចការ និងសកម្មភាពរបស់ព្រះជាម្ចាស់ ត្រូវបានកំណត់ត្រឹមតែចំពោះអស់អ្នកដែលដើរតាមទ្រង់ប៉ុណ្ណោះទេឬ? (ទេ។) តើកិច្ចការ និងសកម្មភាពរបស់ទ្រង់មានវិសាលភាពប៉ុនណា? កម្រិតតូចបំផុតគឺថា វិសាលភាពនៃកិច្ចការ និងសកម្មភាពរបស់ទ្រង់ គ្របដណ្ដប់លើមនុស្សជាតិ និងរបស់ដែលត្រូវបានបង្កើតមកទាំងអស់។ ឯកម្រិតខ្ពស់បំផុតគឺថា វាគ្របដណ្ដប់សកលលោកទាំងមូលដែលមនុស្សមើលមិនឃើញ។ ដូច្នេះ យើងអាចនិយាយបានថា ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ និងអនុវត្តសកម្មភាពរបស់ទ្រង់នៅក្នុងចំណោមមនុស្សជាតិទាំងអស់ ហើយនេះគ្រប់គ្រាន់នឹងឲ្យមនុស្សបែរមកស្គាល់ព្រះជាម្ចាស់ឲ្យបានពេញលេញ។ ប្រសិនបើអ្នកចង់ស្គាល់ព្រះជាម្ចាស់ ចង់ស្គាល់ទ្រង់ឲ្យបានពិតប្រាកដ ចង់យល់ពីទ្រង់ឲ្យបានពិតប្រាកដ នោះចូរកុំរឹតត្បិតខ្លួនឯងឲ្យនៅតែក្នុងដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ ឬរឿងនិទាននានាអំពីកិច្ចការដែលទ្រង់បានធ្វើកាលពីមុន។ ប្រសិនបើអ្នកព្យាយាមស្គាល់ទ្រង់តាមរបៀបនោះ មានន័យថាអ្នកកំពុងតែដាក់ដែនកំណត់លើព្រះជាម្ចាស់ដោយរឹតត្បិតទ្រង់។ អ្នកកំពុងតែចាត់ទុកព្រះជាម្ចាស់ដូចវត្ថុដ៏តូចបំផុតមួយ។ តើការធ្វើដូច្នោះនឹងជះឥទ្ធិពលយ៉ាងណាដល់មនុស្ស? អ្នកនឹងមិនអាចដឹងសោះឡើយអំពីភាពល្អអស្ចារ្យ និងភាពឧដុង្គឧត្ដមរបស់ព្រះជាម្ចាស់ ក៏ដូចជាព្រះចេស្ដា និងសព្វានុភាពរបស់ទ្រង់ ព្រមទាំងវិសាលភាពនៃសិទ្ធិអំណាចរបស់ទ្រង់ផងដែរ។ ការយល់ដឹងបែបនេះនឹងមានឥទ្ធិពលលើសមត្ថភាពរបស់អ្នកក្នុងការទទួលការពិតដែលថា ព្រះជាម្ចាស់ជាមេដឹកនាំនៃរបស់សព្វសារពើ ក៏ដូចជាការស្គាល់នូវអត្តសញ្ញាណ និងឋានៈពិតរបស់ព្រះជាម្ចាស់។ ម៉្យាងទៀត ប្រសិនបើការយល់ដឹងរបស់អ្នកអំពីព្រះជាម្ចាស់ត្រូវបានកម្រិតឲ្យនៅតែក្នុងវិសាលភាព នោះអ្វីៗដែលអ្នកអាចទទួលបានក៏មានកម្រិតដូចគ្នា។ ហេតុនេះហើយអ្នកត្រូវតែពង្រីកវិសាលភាពរបស់អ្នក និងពង្វាតព្រំដែនចំណេះរបស់អ្នក។ អ្នកគួរតែស្វះស្វែងយល់អំពីអ្វីៗទាំងអស់នេះដូចជា វិសាលភាពនៃកិច្ចការរបស់ព្រះជាម្ចាស់ ការគ្រប់គ្រងរបស់ទ្រង់ វិន័យរបស់ទ្រង់ និងរបស់ទាំងអស់ដែលទ្រង់គ្រប់គ្រង និងត្រួតត្រា។ អ្នកគួរតែបែរមកយល់ពីសកម្មភាពរបស់ព្រះជាម្ចាស់តាមរយៈអ្វីៗទាំងនេះ។ ដោយមានការយល់ដឹងបែបនេះ អ្នកនឹងទៅជាយល់ដោយមិនដឹងខ្លួនថា ព្រះជាម្ចាស់ត្រួតត្រា គ្រប់គ្រង និងផ្គត់ផ្គង់ដល់របស់សព្វសារពើនៅក្នុងចំណោមពួកវា ហើយអ្នកក៏នឹងយល់ពិតប្រាកដថា អ្នកគឺជាចំណែក និងជាសមាជិកនៃរបស់សព្វសារពើ។ ដោយព្រះជាម្ចាស់ផ្គត់ផ្គង់ដល់របស់សព្វសារពើ ដូច្នេះអ្នកក៏កំពុងតែទទួលវិន័យ និងការប្រទានរបស់ព្រះជាម្ចាស់។ នេះហើយជាការពិតដែលគ្មាននរណាម្នាក់អាចបដិសេធបានឡើយ។ របស់សព្វសារពើត្រូវនៅក្រោមច្បាប់ផ្ទាល់ខ្លួនរបស់ពួកវាដែលស្ថិតក្រោមវិន័យរបស់ព្រះជាម្ចាស់ ហើយក្រោមវិន័យរបស់ព្រះជាម្ចាស់ របស់សព្វសារពើមានច្បាប់ផ្ទាល់ខ្លួនរបស់ពួកវាសម្រាប់ការរស់រាន។ វាសនា និងតម្រូវការរបស់មនុស្សជាតិ ក៏ត្រូវបានផ្សារភ្ជាប់គ្នាជាមួយវិន័យ និងការប្រទានរបស់ព្រះជាម្ចាស់ផងដែរ។ ដូច្នោះហើយទើបមនុស្សជាតិ និងរបស់សព្វសារពើមានការទាក់ទងគ្នាទៅវិញទៅមក ពឹងពាក់គ្នា និងពាក់ព័ន្ធគ្នាទៅវិញទៅមក ស្ថិតនៅក្រោមការត្រួតត្រា និងវិន័យរបស់ព្រះជាម្ចាស់។ នេះហើយជាគោលបំណង និងតម្លៃនៃការបង្កើតរបស់សព្វសារពើរបស់ព្រះជាម្ចាស់។ ឥឡូវអ្នកយល់ពីរឿងនេះហើយ មែនទេ? ដូច្នេះយើងបញ្ចប់ការប្រកបគ្នាថ្ងៃនេះត្រឹមប៉ុណ្ណេះចុះ។ ជម្រាបលា! (សូមអរគុណដល់ព្រះជាម្ចាស់!)
ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៤