ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VII

ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ (I)

សេចក្ដីសង្ខេបអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និស្ស័យសុចរិតរបស់ព្រះជាម្ចាស់ និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់

នៅពេលដែលរាល់គ្នាអធិស្ឋានចប់ តើដួងចិត្តរបស់អ្នករាល់គ្នាមានអារម្មណ៍ថាស្ងប់ស្ងាត់ក្នុងព្រះវត្តមាននៃព្រះជាម្ចាស់ឬទេ? (មែន។) បើសិនជាដួងចិត្តរបស់មនុស្សអាចស្ងប់ស្ងាត់ ពួកគេនឹងអាចស្ដាប់ឮ និងយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេនឹងអាចស្ដាប់ឮ ព្រមទាំងយល់ពីសេចក្ដីពិត។ បើសិនជាដួងចិត្តរបស់អ្នកមិនអាចស្ងប់ស្ងាត់ទេ បើសិនជាដួងចិត្តរបស់អ្នកតែងតែរសាត់អណ្ដែត ឬតែងតែគិតអំពីរឿងរ៉ាវផ្សេងៗទៀត ការនេះនឹងប៉ះពាល់ដល់អ្នកនៅពេលដែលអ្នកចូលរួមការជួបជុំគ្នាដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើអ្វីទៅជាចំណុចសំខាន់នៃបញ្ហាដែលយើងបាន និងកំពុងពិភាក្សា? ចូរយើងទាំងអស់គ្នាគិតឡើងវិញបន្តិចអំពីចំណុចសំខាន់ៗ។ ទាក់ទងនឹងការស្គាល់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ នៅក្នុងផ្នែកទីមួយ យើងបានពិភាក្សាគ្នាអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ នៅក្នុងផ្នែកទីពីរ យើងបានពិភាក្សាគ្នាអំពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ ហើយនៅក្នុងផ្នែកទីបី យើងបានពិភាក្សាអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ តើមានមាតិកាជាក់លាក់ណាមួយដែលយើងបានពិភាក្សាគ្នារាល់លើក បានធ្វើឱ្យអ្នករាល់គ្នាចាប់អារម្មណ៍ឬទេ? នៅក្នុងផ្នែកទីមួយ «សិទ្ធិអំណាចរបស់ព្រះជាម្ចាស់» តើអ្វីដែលធ្វើឱ្យអ្នករាល់គ្នាចាប់អារម្មណ៍ខ្លាំងបំផុត? តើផ្នែកណាមួយដែលមានឥទ្ធិពលខ្លាំងបំផុតលើអ្នករាល់គ្នា? (ដំបូង ព្រះជាម្ចាស់បានបញ្ចេញសិទ្ធិអំណាច និងព្រះចេស្ដានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ពិតជាល្អដូចព្រះបន្ទូលរបស់ទ្រង់ ឯព្រះបន្ទូលរបស់ទ្រង់នឹងក្លាយជាការពិត។ នេះជាសារជាតិដែលនៅជាប់នឹងព្រះជាម្ចាស់។) (បញ្ជារបស់ព្រះជាម្ចាស់ទៅកាន់សាតាំងគឺថា វាអាចត្រឹមតែល្បួងយ៉ូបប៉ុណ្ណោះ ប៉ុន្តែមិនអាចយកជីវិតរបស់គាត់បានឡើយ។ តាមរយៈការនេះ យើងមើលឃើញពីសិទ្ធិអំណាចនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។) តើមានអ្វីត្រូវបន្ថែមទៀតទេ? (ព្រះជាម្ចាស់ប្រើព្រះបន្ទូលដើម្បីបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងអ្វីៗគ្រប់យ៉ាងនៅក្នុងនោះ ហើយទ្រង់មានព្រះបន្ទូលដើម្បីធ្វើការតាំងសញ្ញាជាមួយមនុស្ស និងដើម្បីប្រទានពររបស់ទ្រង់ដល់មនុស្ស។ ទាំងនេះសុទ្ធតែជាឧទាហរណ៍អំពីសិទ្ធិអំណាចនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្ទាប់មក យើងបានឃើញពីរបៀបដែលព្រះអម្ចាស់យេស៊ូវបានបញ្ជាឡាសារឱ្យដើរចេញពីផ្នូររបស់គាត់មក នេះបង្ហាញថា ជីវិត និងសេចក្ដីស្លាប់គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ឯសាតាំងគ្មានអំណាចគ្រប់គ្រងជីវិត និងសេចក្ដីស្លាប់ឡើយ ព្រមទាំងបង្ហាញថា ទោះបីជាកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានធ្វើឡើងនៅក្នុងសាច់ឈាម ឬនៅក្នុងព្រះវិញ្ញាណក៏ដោយ ក៏សិទ្ធិអំណាចរបស់ទ្រង់គឺមានតែមួយគត់។) នេះគឺជាការយល់ដឹងដែលអ្នករាល់គ្នាទទួលបានក្រោយពីបានស្ដាប់ឮការប្រកបគ្នានេះ។ និយាយអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ តើអ្នករាល់គ្នាយល់ដូចម្ដេចអំពីពាក្យ «សិទ្ធិអំណាច»? នៅក្នុងវិសាលភាពនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ តើមនុស្សមើលឃើញអ្វីខ្លះអំពីអ្វីៗដែលព្រះជាម្ចាស់ធ្វើ និងបើកសម្ដែង? (យើងមើលឃើញប្រាជ្ញា និងសព្វានុភាពនៃព្រះជាម្ចាស់។) (យើងឃើញថា សិទ្ធិអំណាចរបស់ព្រះជាម្ចាស់មានគ្រប់ពេលជានិច្ច ហើយឃើញថា វាមានយ៉ាងពិតប្រាកដ។ យើងមើលឃើញសិទ្ធិអំណាចរបស់ព្រះជាម្ចាស់មានវិសាលភាពធំធេងនៅក្នុងការត្រួតត្រារបស់ទ្រង់លើរបស់សព្វសារពើ ហើយយើងមើលឃើញវាមានវិសាលភាពតូចតាចនៅពេលទ្រង់គ្រប់គ្រងជីវិតមនុស្សម្នាក់ៗ។ ព្រះជាម្ចាស់ពិតជាធ្វើផែនការ និងគ្រប់គ្រងដំណាក់កាលទាំងប្រាំមួយនៃជីវិតមនុស្ស។ លើសពីនេះទៅទៀត យើងឃើញថា សិទ្ធិអំណាចរបស់ព្រះជាម្ចាស់តំណាងឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ ហើយគ្មានភាវៈណាមួយទោះត្រូវបានបង្កើត ឬមិនត្រូវបានបង្កើតឡើងក្ដី អាចមានសិទ្ធិអំណាចនេះឡើយ។ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ជានិមិត្តរូបនៃឋានៈរបស់ទ្រង់។) ការយល់ដឹងរបស់អ្នករាល់គ្នាអំពី «និមិត្តរូបនៃឋានៈរបស់ព្រះជាម្ចាស់ និងតំណែងរបស់ព្រះជាម្ចាស់» ហាក់មានលក្ខណៈដូចជាគោលលទ្ធិ។ តើអ្នករាល់គ្នាមានការយល់ដឹងដ៏សំខាន់អំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឬទេ? (ព្រះជាម្ចាស់បានមើលថែយើង និងការពារយើងតាំងតែពីយើងនៅតូច ហើយយើងមើលឃើញសិទ្ធិអំណាចរបស់ព្រះជាម្ចាស់នៅក្នុងនោះ។ យើងមិនបានដឹងអំពីគ្រោះថ្នាក់ដែលចាំឆ្មក់យើងទេ ប៉ុន្តែព្រះជាម្ចាស់កំពុងតែតាមការពារយើងនៅពីក្រោយឆាកជានិច្ច។ នេះក៏ជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែរ។) ល្អណាស់។ និយាយបានល្អ។

នៅពេលដែលយើងនិយាយអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់តើយើងផ្ដោតទៅលើអ្វីជាចំណុចសំខាន់របស់យើង? ហេតុអ្វីបានជាយើងត្រូវការពិភាក្សាអំពីរឿងនេះ? គោលបំណងទីមួយក្នុងការពិភាក្សាអំពីរឿងនេះ គឺដើម្បីបង្កើតនូវឋានៈរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់មនុស្សថាជាព្រះអាទិករ និងតំណែងរបស់ទ្រង់ក្នុងចំណោមរបស់សព្វសារពើ។ នេះជាអ្វីដែលពីដំបូងអាចនាំមនុស្សឱ្យដឹង មើលឃើញ និងទទួលអារម្មណ៍។ អ្វីដែលអ្នកឃើញ និងអ្វីដែលអ្នកទទួលអារម្មណ៍បានមកពីសកម្មភាពរបស់ព្រះជាម្ចាស់ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការគ្រប់គ្រងរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ។ ដូច្នេះ តើអ្វីជាការយល់ដឹងពិតប្រាកដដែលមនុស្សទទួលបានពីអ្វីទាំងអស់ដែលពួកគេមើលឃើញ រៀនសូត្រ និងដឹងតាមរយៈសិទ្ធិអំណាចរបស់ព្រះជាម្ចាស់? យើងបានពិភាក្សាគ្នារួចហើយអំពីគោលបំណងទីមួយ។ គោលបំណងទីពីរ គឺដើម្បីឱ្យមនុស្សមើលឃើញពីប្រាជ្ញា និងព្រះចេស្ដារបស់ព្រះជាម្ចាស់តាមរយៈអ្វីទាំងអស់ដែលព្រះជាម្ចាស់បានធ្វើ និងមានព្រះបន្ទូល ព្រមទាំងបានគ្រប់គ្រងដោយសិទ្ធិអំណាចរបស់ទ្រង់។ វាគឺដើម្បីឱ្យអ្នកមើលឃើញថា តើព្រះជាម្ចាស់មានព្រះចេស្ដាយ៉ាងណា និងមានប្រាជ្ញាយ៉ាងណានៅក្នុងការគ្រប់គ្រងរបស់ទ្រង់លើអ្វីគ្រប់យ៉ាង។ តើនេះមិនមែនជាចំណុចផ្ដោត និងចំណុចសំខាន់នៃការពិភាក្សារបស់យើងមុននេះ អំពីសិទ្ធិអំណាចតែមួយគត់របស់ព្រះជាម្ចាស់ទេឬ? ពេលវេលាកន្លងទៅមិនយូរប៉ុន្មានទេ តាំងពីពេលពិភាក្សាគ្នាមក ប៉ុន្តែអ្នកខ្លះបានភ្លេចបាត់ទៅហើយ ដែលនេះបញ្ជាក់ថា អ្នករាល់គ្នាមិនទាន់បានយល់ដឹងជ្រៅជ្រះអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់នៅឡើយទេ។ គេថែមទាំងអាចនិយាយបានទៀតថា មនុស្សមិនទាន់មើលឃើញសិទ្ធិអំណាចរបស់ព្រះជាម្ចាស់នៅឡើយទេ។ តើឥឡូវនេះអ្នករាល់គ្នាមានការយល់ដឹងខ្លះហើយឬនៅ? នៅពេលអ្នកឃើញព្រះជាម្ចាស់ប្រើសិទ្ធិអំណាចរបស់ទ្រង់ តើអ្នកទទួលអារម្មណ៍ពិតប្រាកដដូចម្តេច? តើអ្នកបានទទួលអារម្មណ៍ពិតប្រាកដអំពីព្រះចេស្ដារបស់ព្រះជាម្ចាស់ឬទេ? (បាន។) នៅពេលអ្នកអានព្រះបន្ទូលរបស់ទ្រង់ អំពីរបៀបដែលទ្រង់បង្កើតរបស់សព្វសារពើ អ្នកទទួលអារម្មណ៍អំពីព្រះចេស្ដារបស់ទ្រង់ ហើយអ្នកទទួលអារម្មណ៍អំពីសព្វានុភាពរបស់ទ្រង់។ នៅពេលអ្នកឃើញការត្រួតត្រារបស់ព្រះជាម្ចាស់លើវាសនារបស់មនុស្ស តើអ្នកមានអារម្មណ៍ដូចម្តេច? តើអ្នកទទួលអារម្មណ៍អំពីព្រះចេស្ដារបស់ទ្រង់ និងប្រាជ្ញារបស់ទ្រង់ឬទេ? បើព្រះជាម្ចាស់មិនមានព្រះចេស្ដានេះទេ បើទ្រង់មិនមានប្រាជ្ញានេះទេ តើទ្រង់នឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការត្រួតត្រាលើរបស់សព្វសារពើ និងលើវាសនារបស់មនុស្សដែរឬទេ? ព្រះជាម្ចាស់មានព្រះចេស្ដា និងព្រះប្រាជ្ញាញាន ដូច្នេះហើយទ្រង់មានសិទ្ធិអំណាច។ នេះគឺមានតែមួយគត់។ ក្នុងចំណោមការបង្កើតទាំងអស់ តើអ្នកធ្លាប់ឃើញមនុស្សណាម្នាក់ ឬសត្វណាមួយដែលមានចេស្ដាដូចព្រះជាម្ចាស់ឬទេ? តើមានអ្នកណាម្នាក់ ឬអ្វីមួយដែលមានចេស្ដាក្នុងការបង្កើតស្ថានសួគ៌ និងផែនដី និងរបស់សព្វសារពើ ព្រមទាំងគ្រប់គ្រង និងត្រួតត្រាលើអ្វីៗសព្វសារពើនោះឬទេ? តើមានអ្នកណាម្នាក់ ឬអ្វីមួយដែលអាចចាត់ចែង និងដឹកនាំមនុស្សជាតិទាំងអស់ ហើយដែលអាចមានវត្តមាននៅគ្រប់ទីកន្លែងគ្រប់ពេលវេលាបានឬទេ? (ទេ គ្មានទេ។) តើឥឡូវនេះ អ្នករាល់គ្នាយល់អំពីអត្ថន័យពិតនៃសិទ្ធិអំណាចដែលមានតែមួយគត់របស់ព្រះជាម្ចាស់ហើយឬនៅ? តើឥឡូវនេះ អ្នកមានការយល់ដឹងខ្លះៗអំពីរឿងនេះហើយឬនៅ? (មាន។) នេះជាការបញ្ចប់នូវការរម្លឹកឡើងវិញអំពីប្រធានបទស្ដីពីសិទ្ធិអំណាចដែលមានតែមួយគត់របស់ព្រះជាម្ចាស់។

នៅក្នុងផ្នែកទីពីរ យើងបាននិយាយអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ យើងមិនបានពិភាក្សាច្រើននៅក្នុងប្រធានបទនេះទេ ពីព្រោះនៅដំណាក់កាលនេះ កិច្ចការរបស់ព្រះជាម្ចាស់ជាចម្បងគឺមានតែការជំនុំជម្រះ និងការវាយផ្ចាលប៉ុណ្ណោះ។ នៅក្នុងយុគសម័យនៃនគរព្រះ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ត្រូវបានបើកសម្ដែងយ៉ាងច្បាស់ និងល្អិតល្អន់បំផុត។ ទ្រង់បានបញ្ចេញនូវព្រះបន្ទូលដែលទ្រង់មិនធ្លាប់បញ្ចេញតាំងពីសម័យកាលនៃបង្កើតមក ហើយនៅក្នុងព្រះបន្ទូលរបស់ទ្រង់ មនុស្សទាំងអស់ ព្រមទាំងអស់អ្នកដែលអាន និងពិសោធព្រះបន្ទូលរបស់ទ្រង់ បានឃើញនូវនិស្ស័យដ៏សុចរិតរបស់ទ្រង់ដែលបានបើកសម្ដែង។ ដូច្នេះ តើអ្វីទៅជាចំណុចសំខាន់នៃការពិភាក្សារបស់យើងអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់? តើអ្នករាល់គ្នាយល់បានជ្រៅជ្រះអំពីនិស្ស័យនេះឬទេ? តើអ្នកយល់ដឹងពីនិស្ស័យនេះចេញពីបទពិសោធឬ? (ព្រះជាម្ចាស់បានដុតក្រុងសូដុម ពីព្រោះមនុស្សនៅពេលនោះពុករលួយក្រៃលែង ហើយធ្វើឱ្យព្រះជាម្ចាស់មានសេចក្ដីក្រោធ។ តាមរយៈការនេះ យើងមើលឃើញពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។) ជាដំបូង ចូរក្រឡេកមើលថា៖ បើព្រះជាម្ចាស់មិនបានបំផ្លាញក្រុងសូដុមទេ តើអ្នកនឹងអាចដឹងពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ដែរឬទេ? អ្នកនឹងនៅតែអាចដឹងបានដដែល។ អ្នកអាចមើលឃើញនិស្ស័យនេះនៅក្នុងព្រះបន្ទូលដែលព្រះជាម្ចាស់បានបញ្ចេញនៅក្នុងយុគសម័យនៃនគរព្រះ និងនៅក្នុងការជំនុំជម្រះ ការវាយផ្ចាល និងបណ្ដាសាដែលទ្រង់បានដាក់ទៅលើមនុស្ស។ តើអ្នកអាចមើលឃើញនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់នៅក្នុងសេចក្ដីសន្តោសរបស់ទ្រង់ចំពោះក្រុងនីនីវេឬទេ? (ឃើញ។) នៅក្នុងសម័យបច្ចុប្បន្ន មនុស្សអាចមើលឃើញសេចក្ដីមេត្តាករុណា សេចក្ដីស្រឡាញ់ និងសេចក្ដីអត់ទ្រាំមួយចំនួនរបស់ព្រះជាម្ចាស់ ហើយមនុស្សក៏អាចមើលឃើញពីនិស្ស័យនេះដែរនៅក្នុងការផ្លាស់ប្ដូរព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្រោយការប្រែចិត្តរបស់មនុស្ស។ ការលើកឧទាហរណ៍ទាំងពីរនេះក្នុងការបង្ហាញពីការពិភាក្សារបស់យើងអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ បង្ហាញឱ្យឃើញយ៉ាងច្បាស់ថា និស្ស័យដ៏សុចរិតរបស់ទ្រង់ត្រូវបានបើកសម្ដែង ប៉ុន្តែតាមការពិត សារជាតិនៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់មិនកំណត់ត្រឹមតែអ្វីដែលត្រូវបានបើកសម្ដែងនៅក្នុងរឿងទាំងពីរក្នុងព្រះគម្ពីរនោះទេ។ តាមរយៈអ្វីដែលអ្នករាល់គ្នាបានរៀន និងបានឃើញ និងបានពិសោធនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់ តើអ្វីទៅជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់តាមដែលអ្នករាល់គ្នាឃើញនោះ? ចូរនិយាយចេញពីបទពិសោធផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា។ (នៅក្នុងបរិស្ថានដែលព្រះជាម្ចាស់បានបង្កើតសម្រាប់មនុស្ស នៅពេលដែលមនុស្សអាចស្វែងរកឃើញសេចក្តីពិត និងប្រព្រឹត្តស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងណែនាំពួកគេ បំភ្លឺពួកគេ ហើយធ្វើឱ្យពួកគេអាចមានអារម្មណ៍ថាភ្លឺថ្លាឡើងនៅក្នុងដួងចិត្តរបស់ពួកគេ។ នៅពេលមនុស្សប្រឆាំងនឹងព្រះជាម្ចាស់ ហើយរឹងទទឹងនឹងទ្រង់ ព្រមទាំងមិនប្រព្រឹត្តស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់ នោះនឹងមានភាពងងឹតក្រៃលែងនៅក្នុងខ្លួនពួកគេ ប្រៀបដូចព្រះជាម្ចាស់បានបោះបង់ចោលពួកគេអ៊ីចឹង។ សូម្បីតែនៅពេលដែលពួកគេអធិស្ឋាន ក៏ពួកគេមិនទាំងដឹងថាត្រូវទូលអ្វីទៅកាន់ទ្រង់ផង។ ប៉ុន្តែ នៅពេលពួកគេទុកចោលសញ្ញាណ និងការស្រមើស្រមៃផ្ទាល់ខ្លួនរបស់ពួកគេ ហើយសុខចិត្តបែរមករួមកម្លាំងជាមួយព្រះជាម្ចាស់ និងប្រឹងប្រែងធ្វើឱ្យខ្លួនពួកគេប្រសើរឡើង នោះបន្តិចម្តងៗពួកគេនឹងអាចមើលឃើញស្នាមញញឹមនៅលើព្រះភ័ក្រ្ដរបស់ព្រះជាម្ចាស់។ តាមរយៈការនេះ យើងមានបទពិសោធជាមួយភាពបរិសុទ្ធនៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់លេចមកនៅក្នុងនគរដ៏បរិសុទ្ធ ប៉ុន្តែទ្រង់លាក់ព្រះអង្គទ្រង់នៅកន្លែងដែលមិនបរិសុទ្ធ។) (ខ្ញុំឃើញនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់តាមរយៈរបៀបដែលទ្រង់ប្រព្រឹត្តចំពោះមនុស្ស។ បងប្អូនប្រុសស្រីរបស់យើងមានឋានៈ និងគុណសម្បត្តិខុសៗគ្នា ហើយអ្វីដែលព្រះជាម្ចាស់ទាមទារពីយើងម្នាក់ៗក៏ខុសៗគ្នាដែរ។ យើងទាំងអស់គ្នាសុទ្ធតែអាចទទួលការបំភ្លឺពីព្រះជាម្ចាស់ក្នុងកម្រិតផ្សេងៗគ្នា ហើយនៅក្នុងនេះ ខ្ញុំឃើញសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ពីព្រោះយើងជាមនុស្ស មិនមានសមត្ថភាពក្នុងការប្រព្រឹត្តចំពោះមនុស្សតាមរបៀបនេះទេ ប៉ុន្តែព្រះជាម្ចាស់អាច។) ឥឡូវនេះ អ្នកទាំងអស់គ្នាមានចំណេះដឹងជាក់ស្ដែងមួយចំនួនដែលអ្នកអាចបញ្ជាក់យ៉ាងច្បាស់បាន។

តើអ្នករាល់គ្នាដឹងទេថា តើចំណេះដឹងអ្វីដែលជាគន្លឹះក្នុងការយល់អំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់? មានរឿងជាច្រើនដែលអាចនិយាយចេញពីបទពិសោធចំពោះប្រធានបទនេះ ប៉ុន្តែជាដំបូង មានចំណុចសំខាន់ៗមួយចំនួនដែលខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នា។ ដើម្បីយល់ពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ គ្រប់គ្នាត្រូវយល់អំពីព្រះទ័យរបស់ព្រះជាម្ចាស់ជាមុនសិន៖ តើទ្រង់ស្អប់អ្វី តើទ្រង់ស្អប់ខ្ពើម និងបដិសេធអ្វី តើទ្រង់ស្រឡាញ់អ្វី តើទ្រង់អត់ទ្រាំ និងមានមេត្តាករុណាចំពោះអ្នកណា ហើយតើទ្រង់ផ្ដល់សេចក្ដីមេត្តាករុណាឱ្យមនុស្សប្រភេទណា។ នេះជាចំនុចសំខាន់មួយ។ គ្រប់គ្នាក៏ត្រូវតែយល់ដែរថាព្រះជាម្ចាស់គួរឱ្យស្រឡាញ់យ៉ាងណាប៉ុនណានោះទេ មិនថាទ្រង់មានសេចក្ដីមេត្តាករុណា និងសេចក្តីស្រឡាញ់ចំពោះមនុស្សប៉ុនណានោះទេ ក៏ព្រះជាម្ចាស់មិនត្រាប្រណីចំពោះអ្នកណាម្នាក់ដែលប្រមាថឋានៈ និងតំណែងរបស់ទ្រង់ដែរ ហើយទ្រង់ក៏មិនត្រាប្រណីចំពោះអ្នកណាម្នាក់ដែលប្រមាថកិត្តិយសរបស់ទ្រង់ដែរ។ ទោះបីជាព្រះជាម្ចាស់ស្រឡាញ់មនុស្សក៏ដោយ ក៏ទ្រង់មិនថ្នាក់ថ្នមពួកគេដែរ។ ទ្រង់ប្រទានឱ្យមនុស្សនូវសេចក្ដីស្រឡាញ់របស់ទ្រង់ សេចក្ដីមេត្តាករុណារបស់ទ្រង់ និងសេចក្ដីត្រាប្រណីរបស់ទ្រង់ ប៉ុន្តែទ្រង់មិនដែលថ្នាក់ថ្នមពួកគេឡើយ ព្រះជាម្ចាស់មានគោលការណ៍របស់ទ្រង់ និងដែនកំណត់របស់ទ្រង់។ មិនខ្វល់ថាអ្នកទទួលអារម្មណ៍អំពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ច្រើនប៉ុនណានោះទេ មិនខ្វល់ថាសេចក្ដីស្រឡាញ់នោះមានជម្រៅប៉ុនណានោះទេ ក៏អ្នកមិនត្រូវប្រព្រឹត្តចំពោះព្រះជាម្ចាស់ដូចដែលអ្នកនឹងប្រព្រឹត្តចំពោះមនុស្សដទៃនោះដែរ។ ថ្វីបើវាជាការពិតដែលថា ព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សដោយភាពស្និទ្ធស្នាលបំផុតក៏ដោយ ប្រសិនបើមនុស្សចាត់ទុកព្រះជាម្ចាស់ត្រឹមតែដូចមនុស្សឯទៀត ហាក់ដូចជាទ្រង់គ្រាន់តែជាភាវៈដែលត្រូវបានបង្កើតមួយទៀត ដូចជាមិត្តភក្តិ ឬជាវត្ថុសម្រាប់ថ្វាយបង្គំ នោះព្រះជាម្ចាស់នឹងលាក់ព្រះភ័ក្ត្ររបស់ទ្រង់ពីពួកគេ ហើយបោះបង់ចោលពួកគេ។ នេះជានិស្ស័យរបស់ទ្រង់ ហើយមនុស្សមិនត្រូវខ្វះការពិចារណាលើបញ្ហានេះឡើយ។ ដូច្នេះ យើងច្រើនតែមើលឃើញព្រះបន្ទូលបែបនេះដែលព្រះជាម្ចាស់ថ្លែងអំពីនិស្ស័យរបស់ទ្រង់៖ វាមិនសំខាន់ថា តើអ្នកបានធ្វើដំណើរលើផ្លូវចំនួនប៉ុន្មាននោះទេ តើអ្នកបានធ្វើកិច្ចការច្រើនប៉ុនណានោះទេ ឬតើអ្នកបានស៊ូទ្រាំការរងទុក្ខច្រើនប៉ុនណានោះទេ នៅពេលអ្នកប្រមាថនិស្ស័យរបស់ព្រះជាម្ចាស់ហើយ នោះទ្រង់នឹងសងឱ្យអ្នកម្នាក់ៗវិញទៅតាមអ្វីដែលអ្នកបានធ្វើ។ នេះមានន័យថា ព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សដោយភាពស្និទ្ធស្នាលបំផុត ប៉ុន្តែ មនុស្សមិនត្រូវប្រព្រឹត្តចំពោះព្រះជាម្ចាស់ដូចជាមិត្តភក្តិ ឬសាច់ញាតិនោះទេ។ កុំហៅព្រះជាម្ចាស់ថាជា «មិត្តជិតស្និទ្ធ» របស់អ្នកឡើយ។ មិនថាអ្នកបានទទួលសេចក្ដីស្រឡាញ់ច្រើនប៉ុនណាពីទ្រង់នោះទេ មិនថាទ្រង់បានផ្ដល់សេចក្ដីត្រាប្រណីច្រើនប៉ុនណាដល់អ្នកនោះទេ អ្នកមិនត្រូវប្រព្រឹត្តចំពោះព្រះជាម្ចាស់ដូចជាមិត្តភក្តិរបស់អ្នកឡើយ។ នេះហើយជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ តើអ្នកយល់ទេ? តើខ្ញុំត្រូវនិយាយបន្ថែមទៀតអំពីរឿងនេះទេ? តើអ្នករាល់គ្នាមានការយល់ដឹងពីមុនខ្លះទេអំពីបញ្ហានេះ? និយាយជាទូទៅ នេះជាកំហុសដែលមនុស្សងាយធ្វើណាស់ ទោះបីជាពួកគេយល់អំពីគោលលទ្ធិ ឬក៏ពួកគេមិនធ្លាប់ជញ្ជឹងគិតអំពីបញ្ហានេះពីមុនមកក៏ដោយ។ នៅពេលមនុស្សប្រមាថព្រះជាម្ចាស់ វាប្រហែលជាមិនមែនដោយសារតែព្រឹត្តិការណ៍មួយ ឬរឿងមួយដែលពួកគេបាននិយាយនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺដោយសារតែអាកប្បកិរិយាដែលពួកគេប្រកាន់យក និងសភាពដែលពួកគេស្ថិតនៅក្នុង។ នេះពិតជារឿងគួរឱ្យភ័យខ្លាចណាស់។ មនុស្សមួយចំនួនជឿថា ពួកគេមានការយល់ដឹងអំពីព្រះជាម្ចាស់ ពួកគេស្គាល់ទ្រង់បានខ្លះដែរ ហើយពួកគេថែមទាំងអាចធ្វើរឿងមួយចំនួនដែលបំពេញព្រះហឫទ័យព្រះជាម្ចាស់ទៅទៀត។ ពួកគេចាប់ផ្តើមមានអារម្មណ៍ថាស្មើគ្នានឹងព្រះជាម្ចាស់ ហើយមានអារម្មណ៍ថា ពួកគេបានប្រើកលល្បិចយ៉ាងឆ្លាតវៃ ដើម្បីឱ្យពួកគេមានមិត្តភាពជាមួយព្រះជាម្ចាស់។ អារម្មណ៍ទាំងនេះជាការខុសធ្ងន់ធ្ងរណាស់។ បើអ្នកមិនមានការយល់ដឹងជ្រៅជ្រះអំពីរឿងនេះទេ បើអ្នកមិនយល់ពីរឿងនេះច្បាស់លាស់ទេ នោះអ្នកនឹងងាយប្រមាថព្រះជាម្ចាស់ និងនិស្ស័យដ៏សុចរិតរបស់ទ្រង់ខ្លាំងណាស់។ អ្នកយល់ពីរឿងនេះហើយឥឡូវនេះ មែនទេ? តើនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់មិនមែនមានតែមួយទេឬ? តើនិស្ស័យនេះអាចស្មើនឹងចរិតលក្ខណៈ ឬតម្លៃសីលធម៌របស់មនុស្សឬទេ? វាមិនអាចទេ។ ដូច្នេះ អ្នកមិនត្រូវភ្លេចទេថា មិនថាព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សយ៉ាងណានោះទេ មិនថាទ្រង់គិតពីមនុស្សយ៉ាងណានោះទេ ក៏តំណែង សិទ្ធិអំណាច និងឋានៈរបស់ព្រះជាម្ចាស់មិនផ្លាស់ប្ដូរសោះឡើយ។ ចំពោះមនុស្សជាតិ ព្រះជាម្ចាស់គឺជាព្រះអម្ចាស់នៃរបស់សព្វសារពើ និងជាព្រះអាទិករជានិច្ច។

តើអ្នករាល់គ្នាបានរៀនអ្វីខ្លះអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់? នៅក្នុងផ្នែកនោះនិយាយអំពី «ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់» ហើយក្រៅពីការពិតដែលថា សេចក្ដីទុច្ចរិតរបស់សាតាំងត្រូវបានប្រើជាវត្ថុឆ្លុះបញ្ចាំងការពិត តើអ្វីទៅជាខ្លឹមសារចម្បងនៃការពិភាក្សារបស់យើងអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់? តើវាមិនមែនជាលក្ខណៈ និងកម្មសិទ្ធិរបស់ព្រះជាម្ចាស់ទេឬអ្វី? តើលក្ខណៈ និងកម្មសិទ្ធិរបស់ព្រះជាម្ចាស់ មានតែនៅនឹងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេឬ? (មែន។) គឺថា ភាវៈដែលត្រូវបានបង្កើតមិនមាននោះទេ។ ដូច្នេះហើយទើបយើងនិយាយថា ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់គឺមានតែមួយ។ នេះហើយជាអ្វីដែលអ្នករាល់គ្នាគួរតែអាចយល់បាន។ យើងបានរៀបចំការប្រជុំចំនួនបីស្ដីពីប្រធានបទអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ តើអ្នករាល់គ្នាអាចពិពណ៌នាដោយប្រើពាក្យពេចន៍ និងការយល់ដឹងផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា អំពីអ្វីដែលអ្នករាល់គ្នាជឿថាជាភាពបរិសុទ្ធរបស់ព្រះជាម្ចាស់បានទេ? (លើកចុងក្រោយដែលព្រះជាម្ចាស់បានប្រាស្រ័យទាក់ទងជាមួយយើង យើងបានឱនក្បាលនៅចំពោះទ្រង់។ ព្រះជាម្ចាស់បានប្រកបសេចក្ដីពិតដល់ពួកយើងអំពីការលុតក្រាប និងការឱនក្បាលថ្វាយបង្គំទ្រង់។ យើងបានឃើញថាការឱនក្បាលថ្វាយបង្គំទ្រង់មុនពេលបំពេញតាមសេចក្ដីតម្រូវរបស់ទ្រង់ គឺមិនស្របតាមព្រះហឫទ័យរបស់ទ្រង់ទេ ហើយតាមរយៈការនេះ យើងបានមើលឃើញភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។) ពិតណាស់។ តើមានអ្វីផ្សេងទៀតទេ? (នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់មកកាន់មនុស្សជាតិ យើងឃើញថា ទ្រង់មានព្រះបន្ទូលយ៉ាងសាមញ្ញ និងច្បាស់លាស់។ ទ្រង់មានព្រះបន្ទូលត្រង់ៗ និងចំចំណុច។ សាតាំងនិយាយពង្វាង ហើយពោរពេញទៅដោយការកុហក។ តាមរយៈអ្វីដែលបានកើតឡើងលើកចុងក្រោយនេះ នៅពេលដែលយើងលុតក្រាបនៅចំពោះព្រះជាម្ចាស់ យើងបានឃើញថា ព្រះបន្ទូលរបស់ទ្រង់ និងសកម្មភាពរបស់ទ្រង់សុទ្ធតែមានគោលការណ៍។ ទ្រង់តែងតែមានព្រះបន្ទូលច្បាស់ៗ និងខ្លីៗ នៅពេលដែលទ្រង់ប្រាប់យើងពីរបៀបដែលយើងគួរតែធ្វើ របៀបដែលយើងគួរតែប្រតិបត្តិតាម និងរបៀបដែលយើងគួរតែអនុវត្ត។ ប៉ុន្តែមនុស្សមិនធ្វើដូច្នោះទេ។ ចាប់តាំងពីសាតាំងធ្វើឱ្យមនុស្សជាតិពុករលួយ ពួកគេបានធ្វើសកម្មភាព និងនិយាយតាមតែចលករ គោលបំណង និងសេចក្ដីប្រាថ្នានៅក្នុងចិត្តផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ តាមរយៈរបៀបដែលព្រះជាម្ចាស់ថែរក្សា យកព្រះទ័យទុកដាក់ និងការពារមនុស្សជាតិ យើងឃើញថា អ្វីៗដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែវិជ្ជមាន និងច្បាស់លាស់។ គឺតាមរបៀបនេះហើយដែលយើងឃើញថា សារជាតិនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ត្រូវបានបើកឱ្យដឹង។) ពិតជារៀបចំបានល្អមែន! តើមានអ្នកណាចង់បន្ថែមអ្វីទៀតទេ? (តាមរយៈការបើកសម្ដែងរបស់ព្រះជាម្ចាស់អំពីសារជាតិអាក្រក់របស់សាតាំង យើងមើលឃើញភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ យើងស្គាល់អំពើអាក្រក់របស់សាតាំងកាន់តែច្រើន ហើយយើងមើលឃើញប្រភពនៃការរងទុក្ខរបស់មនុស្សជាតិ។ កាលពីមុន យើងមិនបានដឹងអំពីការរងទុក្ខរបស់មនុស្សក្រោមដែនត្រួតត្រារបស់សាតាំងឡើយ។ ទាល់តែក្រោយពេលដែលព្រះជាម្ចាស់បានបើកសម្ដែងឱ្យដឹងរឿងនេះ ទើបយើងមើលឃើញថា ការរងទុក្ខទាំងអស់ដែលកើតមកពីការតាមរកកិត្តិយស និងទ្រព្យសម្បត្តិ គឺជាកិច្ចការរបស់សាតាំង។ មានតែពេលនោះទេ ទើបយើងមានអារម្មណ៍ថា ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺជាសេចក្ដីសង្គ្រោះពិតប្រាកដរបស់មនុស្សជាតិ។) តើមានអ្វីផ្សេងទៀត ដែលត្រូវបន្ថែមដល់សេចក្ដីនោះទេ? (មនុស្សជាតិដែលពុករលួយ ខ្វះការស្គាល់ និងការស្រឡាញ់ពិតប្រាកដចំពោះព្រះជាម្ចាស់។ ដោយសារតែយើងមិនយល់ពីសារជាតិនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ហើយដោយសារតែនៅពេលយើងលុតក្រាប និងឱនក្បាលថ្វាយបង្គំនៅចំពោះទ្រង់ យើងធ្វើដូច្នេះដោយគំនិតមិនបរិសុទ្ធ និងដោយចលករ ព្រមទាំងបំណងលាក់កំបាំង ទើបព្រះជាម្ចាស់មិនសព្វព្រះហឫទ័យ។ យើងអាចមើលឃើញថា ព្រះជាម្ចាស់ខុសពីសាតាំង ព្រោះសាតាំងចង់ឱ្យមនុស្សគោរព និងបញ្ជោរវា ហើយលុតក្រាប និងឱនក្បាលថ្វាយបង្គំវា។ សាតាំងគ្មានគោលការណ៍ទេ។ តាមរយៈការនេះ ខ្ញុំក៏ដឹងអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ដែរ។) ល្អណាស់! ឥឡូវនេះយើងបានប្រកបអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ តើអ្នករាល់គ្នាមើលឃើញភាពគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ឬទេ? តើអ្នកមើលឃើញពីរបៀបដែលព្រះជាម្ចាស់ធ្វើជាប្រភពនៃភាពវិជ្ជមានទាំងអស់ឬទេ? តើអ្នកអាចមើលឃើញពីរបៀបដែលព្រះជាម្ចាស់ធ្វើជាតំណាងនៃសេចក្ដីពិត និងសេចក្ដីយុត្តិធម៌ឬទេ? តើអ្នកមើលឃើញពីរបៀបដែលព្រះជាម្ចាស់ធ្វើជាប្រភពនៃសេចក្ដីស្រឡាញ់ឬទេ? តើអ្នកមើលឃើញថារបៀបដែលព្រះជាម្ចាស់ធ្វើការ សម្ដែងចេញ និងបើកសម្ដែងឱ្យដឹងនូវអ្វីៗទាំងអស់ គឺសុទ្ធតែត្រឹមត្រូវឥតខ្ចោះឬទេ? (យើងឃើញ។) ទាំងនេះជាចំណុចសំខាន់ៗនៃអ្វីដែលខ្ញុំបាននិយាយអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ ព្រះបន្ទូលទាំងនេះអាចហាក់ដូចគ្រាន់តែជាគោលលទ្ធិប៉ុណ្ណោះចំពោះអ្នករាល់គ្នា ប៉ុន្តែនៅថ្ងៃមួយ នៅពេលដែលអ្នកពិសោធ ហើយមើលឃើញព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពិតចេញពីព្រះបន្ទូលរបស់ទ្រង់ និងកិច្ចការរបស់ទ្រង់ នោះអ្នកនឹងនិយាយចេញពីដួងចិត្តរបស់អ្នកថា ព្រះជាម្ចាស់បរិសុទ្ធ ព្រះជាម្ចាស់ខុសពីមនុស្សជាតិ ហើយថាព្រះហឫទ័យ និស្ស័យ និងសារជាតិរបស់ទ្រង់សុទ្ធតែបរិសុទ្ធ។ ភាពបរិសុទ្ធនេះអនុញ្ញាតឱ្យមនុស្សមើលឃើញភាពគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ និងមើលឃើញថា សារជាតិនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ឥតមានសៅហ្មងទេ។ សារជាតិនៃភាពបរិសុទ្ធរបស់ទ្រង់កំណត់ថា ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ ហើយក៏អនុញ្ញាតឱ្យមនុស្សមើលឃើញ និងបញ្ជាក់ថា ទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ដែរ។ តើនេះមិនមែនជាចំណុចសំខាន់ទេឬ? (សំខាន់។)

ថ្ងៃនេះ យើងបានធ្វើសេចក្ដីសង្ខេបអំពីប្រធានបទមួយចំនួនចេញពីការប្រកបនានាកន្លងមក។ នេះជាការបញ្ចប់នូវសេចក្ដីសង្ខេបថ្ងៃនេះ។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងយកទុកក្នុងចិត្តចំពោះចំណុចសំខាន់ៗអំពីប្រការ និងប្រធានបទនីមួយៗ។ ចូរកុំគិតថាវាគ្រាន់តែជាគោលលទ្ធិប៉ុណ្ណោះ នៅពេលដែលអ្នកមានពេលទំនេរ ចូរអាន និងពិចារណាសេចក្ដីទាំងនោះឱ្យបានប្រាកដប្រជា។ ចូរចងចាំសេចក្ដីទាំងនោះទុកក្នុងចិត្តរបស់អ្នករាល់គ្នា ហើយយកសេចក្ដីទាំងនោះចូលក្នុងការពិត ពេលនោះអ្នកពិតជានឹងបានពិសោធនូវអ្វីគ្រប់យ៉ាងដែលខ្ញុំបានមានបន្ទូលអំពីភាពពិតនៃការបើកសម្ដែងរបស់ព្រះជាម្ចាស់អំពីនិស្ស័យរបស់ទ្រង់ ព្រមទាំងលក្ខណៈ និងកម្មសិទ្ធិរបស់ទ្រង់។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកគ្រាន់តែកត់សេចក្ដីទាំងនោះទុកក្នុងសៀវភៅកត់ត្រារបស់អ្នក ហើយមិនអាន មិនគិតពីសេចក្ដីទាំងនោះទេ នោះអ្នកនឹងមិនបានសេចក្ដីទាំងនោះសម្រាប់ខ្លួនឯងឡើយ។ អ្នកយល់ហើយឥឡូវនេះ មែនទេ? បន្ទាប់ពីបានបញ្ចេញប្រធានបទទាំងបីនេះ នៅពេលមនុស្សបានទទួលការយល់ដឹងទូទៅ ឬរហូតដល់ទៅជាក់លាក់អំពីឋានៈ សារជាតិ និងនិស្ស័យរបស់ព្រះជាម្ចាស់ តើការយល់ដឹងរបស់ពួកគេអំពីព្រះជាម្ចាស់នឹងបានពេញលេញដែរឬទេ? (ទេ។) ឥឡូវនេះ នៅក្នុងការយល់ដឹងផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះជាម្ចាស់ តើមានកន្លែងណាមួយផ្សេងទៀតដែលអ្នកមានអារម្មណ៍ថា អ្នកត្រូវការការយល់ដឹងស៊ីជម្រៅជាងមុនឬទេ? និយាយឱ្យចំគឺថា ឥឡូវនេះអ្នកបានទទួលការយល់ដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និស្ស័យដ៏សុចរិតរបស់ទ្រង់ និងភាពបរិសុទ្ធរបស់ទ្រង់ ប្រហែលជាឋានៈ និងតំណែងដែលមានតែមួយគត់របស់ទ្រង់ត្រូវបានបង្កើតឡើងនៅក្នុងចិត្តរបស់អ្នក ប៉ុន្តែវានៅមានទៀតដើម្បីឱ្យអ្នកមើល យល់ដឹង និងបង្កើនចំណេះដឹងរបស់អ្នកអំពីសកម្មភាព ព្រះចេស្ដា និងសារជាតិរបស់ទ្រង់តាមរយៈបទពិសោធផ្ទាល់ខ្លួនរបស់អ្នក។ ឥឡូវនេះអ្នករាល់គ្នាបានស្ដាប់ការប្រកបទាំងនេះហើយ ដូច្នេះ នៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា សេចក្ដីជំនឿមាំមួនក៏ត្រូវបានបង្កើតទោះតិច ឬច្រើនក្ដី៖ ព្រះជាម្ចាស់ពិតជាមានមែន ហើយវាជាការពិតដែលថា ទ្រង់គ្រប់គ្រងលើរបស់សព្វសារពើ។ គ្មាននរណាម្នាក់អាចប្រមាថនិស្ស័យដ៏សុចរិតរបស់ទ្រង់បានឡើយ ភាពបរិសុទ្ធរបស់ទ្រង់ជាភាពប្រាកដប្រជាដែលគ្មាននរណាម្នាក់អាចនឹងជំទាស់បានឡើយ។ ទាំងនេះជាការពិត។ ការប្រកបគ្នាទាំងនេះអនុញ្ញាតឱ្យឋានៈ និងតំណែងរបស់ព្រះជាម្ចាស់ មានគ្រឹះនៅក្នុងដួងចិត្តរបស់មនុស្ស។ នៅពេលដែលគ្រឹះនេះត្រូវបានបង្កើតឡើង មនុស្សត្រូវតែព្យាយាមស្វែងយល់បន្ថែមទៀត។

រឿងទី ១៖ គ្រាប់ពូជ ផែនដី ដើមឈើ ពន្លឺព្រះអាទិត្យ បក្សាបក្សី និងមនុស្ស

ថ្ងៃនេះ ខ្ញុំនឹងប្រកបអំពីប្រធានបទថ្មីជាមួយអ្នករាល់គ្នា។ តើប្រធានបទនេះនិយាយអំពីអ្វី? ចំណងជើងរបស់វាគឺ៖ «ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ។» តើប្រធានបទនេះស្ដាប់ទៅរាងធំបន្តិចហើយមែនទេ? តើមានអារម្មណ៍ថា ហួសសមត្ថភាពរបស់អ្នករាល់គ្នាមែនទេ? «ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ» ប្រធានបទនេះអាចធ្វើឱ្យមនុស្សចាប់អារម្មណ៍ថា ដូចជាឆ្ងាយបន្តិចហើយ ប៉ុន្តែអស់អ្នកដែលដើរតាមព្រះជាម្ចាស់ ត្រូវតែយល់ ពីព្រោះវាត្រូវបានផ្សារភ្ជាប់ដោយមិនអាចកាត់ផ្ដាច់បានទៅនឹងការស្គាល់ព្រះជាម្ចាស់របស់មនុស្សម្នាក់ៗ និងលក្ខណៈរបស់ពួកគេ ដែលអាចបំពេញព្រះហឫទ័យ និងគោរពព្រះជាម្ចាស់បាន។ ដូច្នោះហើយទើបខ្ញុំនឹងប្រកបអំពីប្រធានបទនេះ។ វាពិតជាអាចទៅរួចដែលថា មនុស្សមានការយល់ដឹងសាមញ្ញជាមុនទៅហើយអំពីប្រធានបទនេះ ឬក៏ប្រហែលជាពួកគេបានដឹងអំពីប្រធានបទនេះក្នុងកម្រិតណាមួយ។ នៅក្នុងចិត្តគំនិតរបស់មនុស្សមួយចំនួន ចំណេះដឹង ឬការដឹងនេះ អាចអមមកជាមួយនូវការយល់ដឹងសាមញ្ញ ឬក្នុងកម្រិតសើៗ។ អ្នកផ្សេងទៀតអាចមានបទពិសោនធពិសេសមួយចំនួននៅក្នុងដួងចិត្តរបស់ពួកគេ ដែលបាននាំពួកគេទៅរកការប្រឈមមុខដោយផ្ទាល់ និងស៊ីជម្រៅជាមួយនឹងប្រធានបទនេះ។ ប៉ុន្តែចំណេះដឹងពីមុនបែបនេះ មិនថាជ្រៅជ្រះ ឬស្ដួចស្ដើងនោះទេ វាមានលក្ខណៈតែម្ខាង ហើយគ្មានលក្ខណៈជាក់លាក់គ្រប់គ្រាន់ទេ។ ដូច្នេះ នេះហើយជាមូលហេតុដែលខ្ញុំបានជ្រើសរើសប្រធានបទនេះសម្រាប់ការប្រកបគ្នា៖ ដើម្បីជួយអ្នករាល់គ្នាឱ្យទៅដល់កម្រិតយល់ដឹងដែលកាន់តែស៊ីជម្រៅ និងកាន់តែជាក់លាក់។ ខ្ញុំនឹងប្រើវិធីសាស្ត្រពិសេសមួយដើម្បីប្រកបជាមួយអ្នករាល់គ្នាអំពីប្រធានបទនេះ ជាវិធីសាស្ត្រដែលយើងមិនធ្លាប់ប្រើពីមុនមកទេ ជាវិធីសាស្ត្រមួយដែលអ្នករាល់គ្នាអាចនឹងយល់ថាចម្លែកបន្តិច ឬមិនសូវស្រួល។ អ្នករាល់គ្នានឹងដឹងពីអ្វីដែលខ្ញុំចង់និយាយនៅពេលបន្ទាប់ទៀត។ តើអ្នករាល់គ្នាចូលចិត្តរឿងនិទានទេ? (យើងចូលចិត្ត។) ល្អ ប្រហែលជាការនិទានរឿងជាជម្រើសដ៏ល្អរបស់ខ្ញុំ ដោយសារអ្នករាល់គ្នាសុទ្ធតែចូលចិត្តរឿងខ្លាំងណាស់។ ឥឡូវនេះ ចូរយើងចាប់ផ្តើម។ អ្នករាល់គ្នាមិនចាំបាច់កត់ទុកនោះទេ។ ខ្ញុំសូមឱ្យអ្នករាល់គ្នាស្ងប់ស្ងាត់ និងកុំឆ្លេឆ្លា។ អ្នករាល់គ្នាអាចបិទភ្នែកបានបើសិនជាអ្នកខ្លាចបែកអារម្មណ៍ដោយសារអ្វីៗដែលនៅជុំវិញ ឬមនុស្សដែលនៅជុំវិញអ្នក។ ខ្ញុំមានរឿងដ៏អស្ចារ្យមួយប្រាប់ដល់អ្នករាល់គ្នា។ នេះជារឿងអំពីគ្រាប់ពូជ ផែនដី ដើមឈើ ពន្លឺព្រះអាទិត្យ បក្សាបក្សី និងមនុស្ស។ តើអ្នកណាខ្លះជាតួអង្គសំខាន់ៗនៃរឿងនេះ? (គ្រាប់ពូជ ផែនដី ដើមឈើ ពន្លឺព្រះអាទិត្យ បក្សី និងមនុស្ស។) តើព្រះជាម្ចាស់ស្ថិតនៅក្នុងចំណោមពួកគេឬទេ? (ទេ។) ទោះជាដូច្នេះក្ដី ខ្ញុំប្រាកដថា អ្នករាល់គ្នានឹងមានអារម្មណ៍ស្រស់ស្រាយ និងពេញចិត្តភ្លាមនៅពេលដែលអ្នករាល់គ្នាបានស្ដាប់រឿងនេះ។ ឥឡូវ សូមស្ដាប់ដោយស្ងៀមស្ងាត់។

មានគ្រាប់ពូជតូចមួយបានធ្លាក់ទៅលើផែនដី។ ភ្លៀងមួយមេយ៉ាងធំបានធ្លាក់ចុះមក ហើយគ្រាប់ពូជនោះក៏ដុះពន្លកខ្ចីចេញមក ឯឫសរបស់វាក៏ចាក់ចូលសន្សឹមៗទៅក្នុងដីខាងក្រោម។ ពន្លកក៏បានដុះខ្ពស់ឡើងៗតាមពេលវេលា ដោយបានស៊ូទ្រាំនឹងខ្យល់កំណាច និងភ្លៀងខ្លាំងនានា ដោយបានឆ្លងកាត់ការផ្លាស់ប្ដូររដូវនានាដូចដំណើរព្រះចន្ទម្ដងខ្នើតម្ដងរនោច។ នៅរដូវក្តៅ ផែនដីនាំយកទឹកមកជាអំណោយ ដើម្បីឱ្យពន្លកអាចស៊ូទ្រាំនឹងកម្ដៅរោលរាលនៃរដូវនេះបាន។ ហើយដោយសារតែផែនដី កម្ដៅផ្ចាញ់ពន្លកមិនបានទេ ដូច្នេះហើយកម្ដៅដ៏អាក្រក់បំផុតនៃរដូវក្ដៅនេះក៏បានកន្លងផុតទៅ។ នៅពេលរដូវរងារមកដល់ ផែនដីបានហ៊ុមព័ទ្ធពន្លកនៅក្នុងរង្វង់ដៃដ៏កក់ក្ដៅរបស់ខ្លួន ហើយផែនដី និងពន្លកបានកាន់ដៃគ្នាទៅវិញទៅមកយ៉ាងជាប់។ ផែនដីបានផ្ដល់កម្ដៅឱ្យពន្លក ដូច្នេះហើយវាបានរួចជីវិតពីភាពត្រជាក់យ៉ាងខ្លាំងនៃរដូវនេះ និងមិនរងគ្រោះដោយសារព្យុះព្រិល និងព្យុះនៃរដូវរងារ។ ដោយបានទទួលជម្រកពីផែនដី ពន្លកនេះបានដុះលូតលាស់យ៉ាងអង់អាច និងរីករាយ ហើយដោយបានផែនដីចិញ្ចឹមបីបាច់ដោយមិនគិតពីខ្លួនឯង ពន្លកនេះក៏បានដុះលូតលាស់យ៉ាងល្អ និងរឹងមាំ។ វាបានដុះឡើងយ៉ាងរីករាយ ដោយច្រៀងក្នុងពេលភ្លៀង ហើយរាំ និងយោលយោគតាមខ្យល់។ ពន្លក និងផែនដីពឹងផ្អែកគ្នាទៅវិញទៅមក ...

ច្រើនឆ្នាំកន្លងផុតទៅ ពន្លកបានដុះទៅជាដើមឈើដ៏ខ្ពស់ត្រដែតមួយ។ វាឈរយ៉ាងរឹងមាំនៅលើផែនដី ដោយមានមែកមាំ និងស្លឹករាប់មិនអស់នៅតាមចុងមែក។ ឫសរបស់ដើមឈើនេះនៅតែចាក់ចូលក្នុងផែនដីដូចពីមុន ហើយឥឡូវនេះ ពួកវាបានចាក់ចូលយ៉ាងជ្រៅទៅក្នុងដីខាងក្រោម។ ផែនដីដែលធ្លាប់ការពារពន្លកដ៏តូចមួយ ឥឡូវនេះគឺជាគ្រឹះសម្រាប់ដើមឈើដ៏ធំសម្បើមមួយ។

កាំរស្មីព្រះអាទិត្យបានចាំងមកលើដើមឈើនេះ។ ដើមឈើនេះបានយោលយោគខ្លួនរបស់វា ហើយសន្ធឹងដៃរបស់វាចេញយ៉ាងធំ រួចដកដង្ហើមវែងៗស្រូបយកខ្យល់ដែលទទួលពន្លឺពីព្រះអាទិត្យ។ ដីនៅខាងក្រោមបានដកដង្ហើមស្របពេលជាមួយនឹងដើមឈើ ហើយផែនដីមានអារម្មណ៍ល្អឡើងវិញ។ ស្រាប់តែពេលនោះ ខ្យល់រំភើយបរិសុទ្ធបានបក់ចេញពីមែកឈើ ហើយដើមឈើញាប់ញ័រក្នុងក្ដីរីករាយ ដោយរេរាំប្រកបដោយថាមពល។ ដើមឈើ និងពន្លឺព្រះអាទិត្យពឹងផ្អែកគ្នាទៅវិញទៅមក ...

មនុស្សបានអង្គុយក្រោមម្លប់ដ៏ត្រជាក់របស់ដើមឈើ ហើយរីករាយទទួលនូវខ្យល់ដ៏ត្រជាក់ និងក្រអូប។ ខ្យល់បានសម្អាតបេះដូង និងសួតរបស់ពួកគេ ហើយវាបានសម្អាតឈាមនៅក្នុងខ្លួនពួកគេ រីឯរាងកាយរបស់ពួកគេលែងស្រយុតស្រយង់ ឬតឹងតែងទៀតហើយ។ មនុស្ស និងដើមឈើពឹងផ្អែកគ្នាទៅវិញទៅមក ...

ហ្វូងបក្សាបក្សីតូចៗយំចេចចាចបានចុះទំលើមែកឈើនោះ។ ប្រហែលជាពួកវាបានទំនៅទីនោះដើម្បីគេចពីសត្វរំពា ឬដើម្បីបង្កាត់ពូជ និងចិញ្ចឹមកូនៗរបស់ពួកវា ឬប្រហែលជាពួកវាកំពុងតែសម្រាកមួយរយៈ។ បក្សាបក្សី និងដើមឈើពឹងផ្អែកគ្នាទៅវិញទៅមក ...

ឫសរបស់ដើមឈើរមួល និងប្រទាក់គ្នា ហើយចាក់ជ្រៅចូលទៅក្នុងផែនដី។ តាមរយៈដើមរបស់វា វាបានការពារផែនដីពីខ្យល់ និងភ្លៀង ហើយវាបានសន្ធឹងជើងរបស់វាដើម្បីការពារផែនដីដែលនៅក្រោមបាតជើងរបស់វា។ ដើមឈើធ្វើដូច្នេះ ពីព្រោះផែនដីគឺជាម្ដាយរបស់វា។ ពួកវាពង្រឹងគ្នាទៅវិញទៅមក និងពឹងអាស្រ័យគ្នាទៅវិញទៅមក ហើយពួកវានឹងមិនបែកពីគ្នាឡើយ ...

ហើយដូច្នេះ រឿងនេះចប់ហើយ។ រឿងដែលខ្ញុំបាននិទាននេះនិយាយអំពីគ្រាប់ពូជ ផែនដី ដើមឈើ ពន្លឺព្រះអាទិត្យ បក្សាបក្សី និងមនុស្ស។ វាមានត្រឹមតែពីរបីឈុតឆាកប៉ុណ្ណោះ។ តើវាបន្សល់ទុកឱ្យអ្នករាល់គ្នានូវអារម្មណ៍ដូចម្ដេច? នៅពេលខ្ញុំមានបន្ទូលបែបនេះ តើអ្នករាល់គ្នាយល់ពីអ្វីដែលខ្ញុំកំពុងមានបន្ទូលឬទេ? (យើងយល់។) សូមនិយាយអំពីអារម្មណ៍របស់អ្នករាល់គ្នា។ តើអ្នករាល់គ្នាមានអារម្មណ៍ដូចម្តេច បន្ទាប់ពីបានស្ដាប់រឿងនេះ? ដំបូង ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា តួអង្គទាំងអស់នៅក្នុងរឿងនេះគឺយើងអាចមើលឃើញ និងប៉ះបាន ព្រោះជាអ្វីដែលមានពិត មិនមែនជាការប្រៀបធៀបទេ។ ខ្ញុំចង់ឱ្យអ្នករាល់គ្នាពិចារណានូវអ្វីដែលខ្ញុំបានមានបន្ទូល។ មិនមានអ្វីដែលពិបាកយល់នៅក្នុងរឿងរបស់ខ្ញុំទេ ហើយចំណុចសំខាន់ៗរបស់វាអាចត្រូវបានបង្ហាញដោយពីរបីល្បះចេញពីរឿងនេះ។ (រឿងដែលយើងបានស្ដាប់ឮគូរចេញជារូបភាពដ៏ស្រស់ស្អាតមួយផ្ទាំង។ គ្រាប់ពូជមួយប្រែជាមានជីវិត ហើយពេលវាលូតលាស់ វាឆ្លងកាត់រដូវកាលទាំងបួននៃឆ្នាំ៖ រដូវផ្ការីក រដូវក្ដៅ រដូវស្លឹកឈើជ្រុះ និងរដូវរងារ។ ផែនដីចិញ្ចឹមបីបាច់គ្រាប់ពូជដែលកំពុងដុះពន្លកប្រៀបដូចជាម្ដាយម្នាក់។ វាផ្ដល់ភាពកក់ក្ដៅដល់ពន្លកនៅក្នុងរដូវរងារ ដើម្បីឱ្យពន្លកអាចរួចជីវិតពីភាពត្រជាក់។ បន្ទាប់ពីពន្លកបានដុះទៅជាដើមឈើ កាំរស្មីព្រះអាទិត្យក៏ប៉ះមែករបស់វា ដែលធ្វើឱ្យវារីករាយយ៉ាងខ្លាំង។ ខ្ញុំឃើញថា ក្នុងចំណោមការបង្កើតដ៏ច្រើនអនេករបស់ព្រះជាម្ចាស់ ផែនដីក៏មានជីវិតដែរ ហើយវា និងដើមឈើពឹងផ្អែកគ្នាទៅវិញទៅមក។ ខ្ញុំក៏ឃើញពីភាពកក់ក្ដៅដ៏អស្ចារ្យដែលពន្លឺព្រះអាទិត្យផ្ដល់ឱ្យដើមឈើ ហើយខ្ញុំឃើញបក្សាបក្សី ទោះជាពួកវាជាសត្វធម្មតាក្ដី ក៏ពួកវាមករួមគ្នាជាមួយដើមឈើ និងមនុស្សក្នុងរូបភាពនៃភាពសុខដុមដ៏ល្អឥតខ្ចោះមួយ។ ទាំងនេះជាអារម្មណ៍ដែលខ្ញុំមាននៅក្នុងដួងចិត្តរបស់ខ្ញុំនៅពេលខ្ញុំបានស្ដាប់រឿងនេះ ខ្ញុំដឹងថា ភាវៈទាំងអស់នេះពិតជាមានជីវិតមែន។) និយាយបានល្អ! តើមានអ្នកណាមានអ្វីទៀតបន្ថែមទេ? (នៅក្នុងរឿងដែលនិយាយអំពីគ្រាប់ពូជដែលដុះពន្លក និងលូតលាស់ទៅជាដើមឈើដ៏ខ្ពស់ត្រដែតមួយនេះ ខ្ញុំឃើញពីភាពអស្ចារ្យនៃការបង្កើតរបស់ព្រះជាម្ចាស់។ ខ្ញុំឃើញថា ព្រះជាម្ចាស់ធ្វើឱ្យរបស់សព្វសារពើជួយពង្រឹងដល់គ្នា និងពឹងផ្អែកលើគ្នាទៅវិញទៅមក ហើយឃើញថា របស់សព្វសារពើផ្សារភ្ជាប់គ្នា និងបម្រើឱ្យគ្នាទៅវិញទៅមក។ ខ្ញុំឃើញប្រាជ្ញានៃព្រះជាម្ចាស់ ភាពអស្ចារ្យរបស់ទ្រង់ ហើយខ្ញុំឃើញថា ទ្រង់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ។)

អ្វីគ្រប់យ៉ាងដែលខ្ញុំទើបតែមានបន្ទូល ជាអ្វីមួយដែលអ្នករាល់គ្នាធ្លាប់ឃើញពីមុនមក។ ឧទាហរណ៍ គ្រាប់ពូជដុះទៅជាដើមឈើ ហើយទោះបីជាអ្នកមិនអាចឃើញដំណើរការនេះបានលម្អិតគ្រប់យ៉ាងក្ដី ក៏អ្នកដឹងថាវាកើតឡើងមែនដែរ មែនទេ? អ្នកក៏ដឹងដែរអំពីផែនដី និងពន្លឺព្រះអាទិត្យ។ រូបភាពបក្សាបក្សីទំលើដើមឈើជាអ្វីដែលគ្រប់គ្នាធ្លាប់ឃើញហើយ មែនទេ? ហើយរូបភាពអំពីមនុស្សជ្រកក្រោមម្លប់នៃដើមឈើ ជាអ្វីដែលអ្នករាល់គ្នាសុទ្ធតែធ្លាប់ឃើញ មែនទេ? (មែន។) ដូច្នេះ នៅពេលដែលភាវៈទាំងអស់នេះស្ថិតនៅក្នុងរូបភាពតែមួយ តើរូបភាពនោះបង្កើតឱ្យមានអារម្មណ៍ដូចម្តេច? (អារម្មណ៍នៃភាពសុខដុម។) តើវត្ថុនីមួយៗនៅក្នុងរូបភាពនេះបានមកពីព្រះជាម្ចាស់មែនទេ? (មែន។) ដោយសារទាំងនេះសុទ្ធតែចេញមកពីព្រះជាម្ចាស់ ព្រះជាម្ចាស់ជ្រាបដឹងអំពីតម្លៃ និងសារៈសំខាន់នៃអត្ថិភាពរបស់ផែនដីចំពោះភាវៈទាំងអស់នេះ។ នៅពេលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ នៅពេលដែលទ្រង់បានធ្វើផែនការ និងបានបង្កើតភាវៈនីមួយៗមក គឺទ្រង់បានធ្វើដូច្នេះដោយមានចេតនា ហើយនៅពេលដែលទ្រង់បានបង្កើតភាវៈទាំងនោះ ភាវៈនីមួយៗពោរពេញទៅដោយជីវិត។ បរិស្ថានដែលទ្រង់បានបង្កើតសម្រាប់អត្ថិភាពនៃមនុស្សជាតិ ដូចទើបបានរៀបរាប់នៅក្នុងរឿងរបស់យើង ជាកន្លែងមួយដែលគ្រាប់ពូជ និងផែនដីពឹងផ្អែកគ្នាទៅវិញទៅមក ដែលផែនដីអាចចិញ្ចឹមបីបាច់គ្រាប់ពូជ ហើយគ្រាប់ពូជត្រូវបានចងសម្ព័ន្ធជាមួយនឹងផែនដី។ ទំនាក់ទំនងនេះត្រូវបានកំណត់វាសនាដោយព្រះជាម្ចាស់តាំងតែពីដើមដំបូងនៃការបង្កើតរបស់ទ្រង់។ ឈុតឆាកអំពីដើមឈើ ពន្លឺព្រះអាទិត្យ បក្សាបក្សី និងមនុស្ស ជាការពណ៌នាអំពីបរិស្ថានមានជីវិតដែលព្រះជាម្ចាស់បានបង្កើតសម្រាប់មមនុស្សជាតិ។ ជាបឋម ដើមឈើមិនអាចចាកចេញពីផែនដីបានឡើយ ហើយវាក៏មិនអាចរស់នៅដោយគ្មានពន្លឺព្រះអាទិត្យបានដែរ។ ដូច្នេះ តើអ្វីជាគោលបំណងរបស់ព្រះជាម្ចាស់នៅក្នុងការបង្កើតដើមឈើ? តើយើងអាចនិយាយបានទេថា វាមានន័យសម្រាប់តែផែនដី? តើយើងអាចនិយាយបានទេថា វាមានន័យសម្រាប់តែបក្សាបក្សី? តើយើងអាចនិយាយបានទេថា វាមានន័យសម្រាប់តែមនុស្ស? (ទេ។) តើអ្វីជាទំនាក់ទំនងរវាងរបស់ទាំងអស់នេះ? ទំនាក់ទំនងរវាងពួកវាជាទំនាក់ទំនងមួយក្នុងចំណោមការពង្រឹងគ្នាទៅវិញទៅមក ពឹងពាក់គ្នាទៅវិញទៅមក និងភាពមិនអាចផ្ដាច់ចេញពីគ្នាបាន។ និយាយឱ្យចំគឺថា ផែនដី ដើមឈើ ពន្លឺព្រះអាទិត្យ បក្សាបក្សី និងមនុស្ស ពឹងអាស្រ័យគ្នាទៅវិញទៅមកដើម្បីអត្ថិភាព និងចិញ្ចឹមបីបាច់គ្នាទៅវិញទៅមក។ ដើមឈើការពារផែនដី ហើយផែនដីចិញ្ចឹមបីបាច់ដើមឈើ ឯពន្លឺព្រះអាទិត្យផ្គត់ផ្គង់ដល់ដើមឈើ ខណៈដើមឈើទទួលខ្យល់បរិសុទ្ធពីពន្លឺព្រះអាទិត្យ និងបន្ថយកម្ដៅរោលរាលនៃព្រះអាទិត្យមកលើផែនដី។ តើចុងក្រោយអ្នកណាទទួលអត្ថប្រយោជន៍ពីការនេះ? គឺមនុស្សជាតិ មែនទេ? នេះជាគោលការណ៍មួយដែលជាមូលដ្ឋាននៃបរិស្ថានដែលមនុស្សជាតិរស់នៅ ដែលព្រះជាម្ចាស់បានបង្កើតមក នេះហើយជារបៀបដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានតាំងតែពីដំបូង។ ទោះបីជារូបភាពនេះជារូបភាពដ៏សាមញ្ញមួយក្ដី ក៏យើងអាចមើលឃើញប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងបំណងព្រះហឫទ័យរបស់ទ្រង់នៅក្នុងនេះដែរ។ មនុស្សជាតិមិនអាចរស់នៅដោយគ្មានផែនដី ឬដោយគ្មានដើមឈើបានទេ ហើយរឹតតែមិនអាចគ្មានបក្សាបក្សី និងពន្លឺព្រះអាទិត្យទៅទៀត។ តើមិនអ៊ីចឹងទេឬ? ទោះបីនេះគ្រាន់តែជារឿងមួយក៏ដោយ ក៏អ្វីៗដែលវាពណ៌នាគឺជាអតិសុខុមលោកនៃការបង្កើតរបស់ព្រះជាម្ចាស់នូវផ្ទៃមេឃ និងផែនដី និងរបស់សព្វសារពើ ព្រមទាំងបរិស្ថានដែលជាអំណោយរបស់ទ្រង់សម្រាប់មនុស្សជាតិអាចរស់នៅបាន។

ផ្ទែមេឃ និងផែនដី និងរបស់សព្វសារពើ ព្រមទាំងបរិស្ថាន សុទ្ធតែត្រូវបានព្រះជាម្ចាស់បង្កើតឡើងសម្រាប់ឱ្យមនុស្សជាតិរស់នៅ។ ជាបឋម ចំណុចសំខាន់នៃរឿងរបស់យើងបានបង្ហាញពីការពង្រឹងគ្នាទៅវិញទៅមក ការពឹងពាក់គ្នាទៅវិញទៅមក និងសហត្ថិភាពនៃរបស់សព្វសារពើ។ ក្រោមគោលការណ៍នេះ បរិស្ថានសម្រាប់អត្ថិភាពរបស់មនុស្សត្រូវបានការពារ វាអាចមានអត្ថិភាព និងស្ថិតស្ថេរ។ ដោយហេតុនេះហើយទើបមនុស្សជាតិអាចចម្រើនលូតលាស់ និងបង្កើតកូនចៅបាន។ រូបភាពដែលយើងបានឃើញជារូបភាពនៃដើមឈើ ផែនដី ពន្លឺព្រះអាទិត្យ បក្សាបក្សី និងមនុស្សរួមជាមួយគ្នា។ តើព្រះជាម្ចាស់នៅក្នុងរូបភាពនេះដែរឬទេ? មនុស្សមើលមិនឃើញទ្រង់ទេ។ ប៉ុន្តែគ្រប់គ្នាបានឃើញច្បាប់នៃការពង្រឹងគ្នាទៅវិញទៅមក និងការពឹងពាក់គ្នាទៅវិញទៅមករវាងអ្វីៗនៅក្នុងឈុតឆាកនេះ ហើយនៅក្នុងច្បាប់នេះ គ្រប់គ្នាអាចឃើញអត្ថិភាព និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ប្រើគោលការណ៍បែបនេះ និងច្បាប់បែបនេះដើម្បីរក្សាជីវិត និងអត្ថិភាពនៃរបស់សព្វសារពើ។ តាមរបៀបនេះ ទ្រង់ផ្គត់ផ្គង់ដល់របស់សព្វសារពើ និងដល់មនុស្សជាតិ។ តើរឿងនេះបានផ្សារភ្ជាប់ទៅនឹងផ្ទៃរឿងចម្បងរបស់យើងដែរឬទេ? មើលពីក្រៅ វាហាក់ដូចជាមិនមែន ប៉ុន្តែក្នុងភាពភាពជាក់ស្ដែង ច្បាប់ដែលព្រះជាម្ចាស់បានបង្កើតឱ្យមានជាមួយរបស់សព្វសារពើ និងភាពជាម្ចាស់របស់ទ្រង់លើរបស់សព្វសារពើ ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងលក្ខណៈរបស់ទ្រង់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ។ ការពិតទាំងនេះមិនអាចផ្ដាច់ចេញពីគ្នាបានឡើយ។ ឥឡូវនេះអ្នករាល់គ្នាកំពុងតែចាប់ផ្ដើមរៀនអំពីអ្វីមួយហើយ!

ព្រះជាម្ចាស់ចេញច្បាប់ដែលគ្រប់គ្រងការប្រព្រឹត្តទៅនៃរបស់សព្វសារពើ ទ្រង់ចេញច្បាប់ដែលគ្រប់គ្រងការរស់រាននៃរបស់សព្វសារពើ ទ្រង់គ្រប់គ្រងរបស់សព្វសារពើ ហើយកំណត់ឱ្យពួកវាពង្រឹងគ្នា និងពឹងផ្អែកគ្នាទៅវិញទៅមកដើម្បីកុំឱ្យពួកវាវិនាស ឬបាត់បង់ទៅ។ មានតែដូច្នេះទេ ទើបមនុស្សជាតិអាចរស់នៅបាន មានតែដូច្នេះទេ ទើបពួកគេអាចរស់នៅក្រោមការណែនាំរបស់ព្រះជាម្ចាស់នៅក្នុងមជ្ឈដ្ឋានបែបនេះ។ ព្រះជាម្ចាស់គឺជាម្ចាស់នៃច្បាប់នៃការប្រព្រឹត្តទៅទាំងនេះ ហើយគ្មាននរណាម្នាក់អាចបង្អាក់ ឬអាចផ្លាស់ប្ដូរច្បាប់ទាំងនេះបានទេ។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេដែលជ្រាបដឹងអំពីច្បាប់ទាំងនេះ ហើយមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេដែលគ្រប់គ្រងលើពួកវា។ ពេលណាដែលដើមឈើនឹងដុះពន្លក ពេលណាដែលវានឹងភ្លៀង ទឹក និងសារធាតុចិញ្ចឹមប៉ុន្មានដែលផែនដីនឹងផ្ដល់ឱ្យដើមឈើ រដូវណាដែលស្លឹកឈើនឹងជ្រុះ រដូវណាដែលដើមឈើនឹងមានផ្លែ សារធាតុចិញ្ចឹមប៉ុន្មានដែលពន្លឺព្រះអាទិត្យនឹងផ្ដល់ឱ្យដើមឈើ អ្វីដែលដើមឈើដកដង្ហើមបញ្ចេញក្រោយពេលទទួលការចិញ្ចឹមពីពន្លឺព្រះអាទិត្យ អ្វីៗទាំងអស់នេះសុទ្ធតែត្រូវបានកំណត់ជាមុនដោយព្រះជាម្ចាស់នៅពេលដែលព្រះអង្គបង្កើតរបស់សព្វសារពើ ពោលគឺជាច្បាប់ដែលគ្មានអ្នកណាអាចបំពានបានឡើយ។ អ្វីៗដែលព្រះជាម្ចាស់បានបង្កើត មិនថាមានជីវិត ឬគ្មានជីវិតនៅក្នុងកែវភ្នែករបស់មនុស្ស សុទ្ធតែស្ថិតនៅក្នុងកណ្ដាប់ព្រះហស្ដរបស់ទ្រង់ ជាកន្លែងដែលទ្រង់គ្រប់គ្រងពួកវា និងសោយរាជ្យលើពួកវា។ គ្មាននរណាអាចផ្លាស់ប្ដូរ ឬបំពានច្បាប់ទាំងនេះបានឡើយ។ និយាយឱ្យចំគឺថា នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានកំណត់ទុកជាមុនថា បើគ្មានផែនដីទេ ដើមឈើមិនអាចចាក់ឫស ដុះពន្លក និងលូតលាស់បានឡើយ ហើយថា បើផែនដីគ្មានដើមឈើទេ នោះវានឹងស្ងួតហែង ព្រមទាំងថា ដើមឈើគួរតែក្លាយជាផ្ទះរបស់បក្សាបក្សី និងជាកន្លែងដែលពួកវាអាចជ្រកគេចពីខ្យល់បាន។ តើដើមឈើអាចរស់នៅដោយគ្មានផែនដីបានទេ? ច្បាស់ជាមិនអាចបានហើយ។ តើវាអាចរស់នៅដោយគ្មានព្រះអាទិត្យ និងងទឹកភ្លៀងបានទេ? វាក៏មិនអាចដែរ។ អ្វីៗទាំងអស់នេះគឺសុទ្ធតែសម្រាប់មនុស្សជាតិ សម្រាប់ការរស់រានរបស់មនុស្សជាតិ។ មនុស្សទទួលខ្យល់បរិសុទ្ធពីដើមឈើ ហើយមនុស្សរស់នៅលើផែនដី ដែលត្រូវបានការពារដោយដើមឈើ។ មនុស្សមិនអាចរស់នៅដោយគ្មានពន្លឺព្រះអាទិត្យ ឬភាវរស់ផ្សេងៗបានទេ។ ទោះបីជាទំនាក់ទំនងទាំងនេះស្មុគស្មាញក៏ដោយ ក៏អ្នកត្រូវតែចាំថា ព្រះជាម្ចាស់បានបង្កើតច្បាប់ដែលគ្រប់គ្រង់លើរបស់សព្វសារពើដើម្បីឱ្យពួកវាអាចពង្រឹងគ្នាទៅវិញទៅមក ពឹងផ្អែកគ្នាទៅវិញទៅមក និងមានអត្ថិភាពជាមួយគ្នា។ អាចនិយាយម្យ៉ាងទៀតបានថា រាល់ភាវៈនីមួយៗដែលទ្រង់បានបង្កើតគឺសុទ្ធតែមានតម្លៃ និងមានសារៈសំខាន់។ បើព្រះជាម្ចាស់បានបង្កើតអ្វីមួយដែលគ្មានសារៈសំខាន់ នោះព្រះជាម្ចាស់នឹងធ្វើឱ្យវាបាត់បង់ទៅវិញ។ នេះជាវិធីសាស្ត្រមួយដែលព្រះជាម្ចាស់ប្រើដើម្បីផ្គត់ផ្គង់ដល់របស់សព្វសារពើ។ តើពាក្យ «ផ្គត់ផ្គង់ដល់» សំដៅទៅលើអ្វីនៅក្នុងរឿងនេះ? តើព្រះជាម្ចាស់ស្រោចទឹកឱ្យដើមឈើរាល់ថ្ងៃឬទេ? តើដើមឈើត្រូវការជំនួយពីព្រះជាម្ចាស់ដើម្បីដកដង្ហើមឬទេ? (ទេ។) «ផ្គត់ផ្គង់ដល់» នៅទីនេះសំដៅទៅលើការគ្រប់គ្រងរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើក្រោយពេលបង្កើតពួកវា ហើយវាសមល្មមសម្រាប់ព្រះជាម្ចាស់ក្នុងការគ្រប់គ្រងពួកវា បន្ទាប់ពីបានបង្កើតច្បាប់ដែលត្រួតត្រាពួកវា។ នៅពេលដែលគ្រាប់ពូជត្រូវបានដាំនៅលើផែនដី ដើមឈើដុះដោយខ្លួនឯង។ លក្ខខណ្ឌសម្រាប់ការដុះលូតលាស់របស់វាត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ទាំងអស់។ ព្រះជាម្ចាស់បានបង្កើតពន្លឺព្រះអាទិត្យ ទឹក ដី ខ្យល់ និងបរិស្ថានជុំវិញ។ ព្រះជាម្ចាស់បានបង្កើតខ្យល់ សន្សើម ព្រិល និងភ្លៀង ព្រមទាំងរដូវកាលទាំងបួន។ ទាំងនេះជាលក្ខខណ្ឌដែលដើមឈើត្រូវការដើម្បីដុះលូតលាស់ ហើយទាំងនេះជាអ្វីៗដែលព្រះជាម្ចាស់បានរៀបចំឡើង។ ដូច្នេះ តើព្រះជាម្ចាស់ជាប្រភពនៃបរិស្ថានរស់នៅនេះមែនឬទេ? (មែន។) តើព្រះជាម្ចាស់ត្រូវរាប់ស្លឹកឈើនីមួយៗនៅលើដើមឈើរាល់ថ្ងៃឬទេ? ទេ! ហើយព្រះជាម្ចាស់ក៏មិនចាំបាច់ជួយដើមឈើក្នុងការដកដង្ហើម ឬដាស់ពន្លឺព្រះអាទិត្យរាល់ថ្ងៃ ដោយមានបន្ទូលថា «ដល់ពេលបញ្ចេញពន្លឺទៅលើដើមឈើហើយ» នោះដែរ។ ទ្រង់មិនចាំបាច់ធ្វើដូច្នោះទេ។ ពន្លឺព្រះអាទិត្យបញ្ចេញពន្លឺដោយខ្លួនឯងនៅពេលដល់ពេលវាបញ្ចេញពន្លឺ ស្របតាមច្បាប់ ហើយវាលេចមក និងបញ្ចេញពន្លឺមកលើដើមឈើ ឯដើមឈើស្រូបយកពន្លឺព្រះអាទិត្យនៅពេលវាត្រូវការ ហើយនៅពេលវាមិនត្រូវការ ដើមឈើនៅតែរស់នៅតាមច្បាប់ដដែល។ អ្នករាល់គ្នាប្រហែលជាមិនអាចពន្យល់ពីបាតុភូតនេះឱ្យបានច្បាស់លាស់ទេ ប៉ុន្តែទោះយ៉ាងណា វាជាការពិតដែលគ្រប់គ្នាអាចមើលឃើញ និងទទួលស្គាល់។ អ្វីដែលអ្នកត្រូវធ្វើគឺទទួលស្គាល់ថា ច្បាប់ដែលគ្រប់គ្រងអត្ថិភាពនៃរបស់សព្វសារពើបានមកពីព្រះជាម្ចាស់ ហើយដឹងថា ព្រះជាម្ចាស់មានអំណាចត្រួតត្រាលើការលូតលាស់ និងការរស់រាននៃរបស់សព្វសារពើ។

ឥឡូវ តើរឿងនេះមានអ្វីដែលមនុស្សហៅថា «ពាក្យប្រៀបធៀប» ដែរឬទេ? តើវាជាការធ្វើបដិរូបកម្មមែនទេ? (មិនមែនទេ។) ខ្ញុំបាននិទានប្រាប់នូវរឿងពិត។ ភាវៈមានជីវិតគ្រប់ប្រភេទ អ្វីគ្រប់យ៉ាងដែលមានជីវិត ត្រូវបានគ្រប់គ្រងដោយព្រះជាម្ចាស់ ហើយភាវៈមានជីវិតនីមួយៗត្រូវបានព្រះជាម្ចាស់បំពេញទៅដោយជីវិតនៅពេលវាត្រូវបានបង្កើតឡើង ដូច្នេះជីវិតនៃរបស់សព្វសារពើដែលមានជីវិត សុទ្ធតែបានមកពីព្រះជាម្ចាស់ ហើយធ្វើដំណើរតាមគន្លង និងច្បាប់ដែលដឹកនាំវា។ វាមិនត្រូវការឱ្យមនុស្សកែប្រែវាទេ ហើយក៏មិនត្រូវការជំនួយពីមនុស្សដែរ វាជាផ្លូវមួយដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់របស់សព្វសារពើ។ អ្នកយល់ហើយ មែនទេ? តើអ្នករាល់គ្នាគិតថា មនុស្សចាំបាច់ទទួលស្គាល់ការនេះឬទេ? (ចាំបាច់។) ដូច្នេះតើរឿងនេះមានអ្វីទាក់ទងនឹងជីវវិទ្យាឬទេ? តើវាទាក់ទងតាមរៀបណាមួយទៅនឹងវិស័យណាមួយនៃចំណេះដឹង ឬមែកធាងណាមួយនៃការសិក្សាឬទេ? យើងមិនមែនកំពុងពិភាក្សាគ្នាអំពីជីវវិទ្យាទេ ហើយយើងពិតជាមិនមែនកំពុងធ្វើការស្រាវជ្រាវខាងជីវវិទ្យានោះដែរ។ តើអ្វីជាគំនិតសំខាន់នៃការពិភាក្សារបស់យើង? (ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ។) តើអ្នករាល់គ្នាបានឃើញអ្វីខ្លះនៅក្នុងការបង្កើត? តើអ្នកបានឃើញដើមឈើទេ? តើអ្នកបានឃើញផែនដីទេ? (ឃើញ។) អ្នកបានឃើញពន្លឺព្រះអាទិត្យ មែនទេ? តើអ្នកបានឃើញបក្សាបក្សីទំលើដើមឈើទេ? (យើងបានឃើញ។) តើមនុស្សជាតិរីករាយនឹងរស់នៅក្នុងបរិស្ថានបែបនោះឬទេ? (រីករាយ។) និយាយឱ្យចំគឺថា ព្រះជាម្ចាស់ប្រើរបស់សព្វសារពើ (អ្វីៗដែលទ្រង់បានបង្កើត) ដើម្បីរក្សា និងការពារផ្ទះរបស់មនុស្សជាតិ និងបរិស្ថានជីវិតរបស់ពួកគេ។ តាមរបៀបនេះ ព្រះជាម្ចាស់ផ្គត់ផ្គង់ដល់មនុស្សជាតិ និងដល់របស់សព្វសារពើ។

តើអ្នករាល់គ្នាចូលចិត្តដូចម្ដេចដែរចំពោះរបៀបនៃការពិភាក្សានេះ ឬវិធីដែលខ្ញុំកំពុងធ្វើការប្រកបនេះ? (វាងាយស្រួលយល់ទេ ហើយមានឧទារហ៍ក្នុងជីវិតជាក់ស្ដែងជាច្រើន។) ខ្ញុំមិនមែននិយាយពាក្យឥតខ្លឹមសារទេ មែនទេ? តើមនុស្សត្រូវការរឿងនេះដើម្បីយល់ថា ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើឬទេ? (ត្រូវការ។) បើដូច្នេះ ចូរយើងបន្តទៅរឿងបន្ទាប់របស់យើងទៀត។ រឿងបន្ទាប់មានខ្លឹមសារខុសគ្នាបន្តិច ហើយការផ្ដោតក៏ខុសគ្នាបន្តិចដែរ។ អ្វីគ្រប់យ៉ាងដែលមាននៅក្នុងរឿងនេះជាអ្វីដែលមនុស្សអាចមើលឃើញដោយភ្នែករបស់ពួកគេចំពោះការបង្កើតរបស់ព្រះជាម្ចាស់។ ឥឡូវនេះ ខ្ញុំនឹងចាប់ផ្ដើមការនិទានរឿងបន្ទាប់របស់ខ្ញុំ។ សូមស្ដាប់ដោយស្ងៀមស្ងាត់ ហើយគិតមើលថាតើអ្នករាល់គ្នាអាចរកឃើញអត្ថន័យរបស់ខ្ញុំឬអត់។ ពេលនិទានចប់ ខ្ញុំនឹងសួរសំណួរមួយចំនួនទៅអ្នករាល់គ្នាដើម្បីដឹងថាតើអ្នករាល់គ្នារៀនបានអ្វីខ្លះ។ តួអង្គនៅក្នុងរឿងនេះគឺ ភ្នំធំមួយ អូរតូចមួយ ខ្យល់ខ្លាំងមួយ និងរលកយក្សមួយ។

រឿងទី ២៖ ភ្នំធំ មួយ អូរតូចមួយ ខ្យល់ខ្លាំងមួយ និងរលកយក្សមួយ

មានអូរតូចមួយដែលបត់បែនទៅមករហូតដល់ជើងភ្នំដ៏ធំមួយ។ ភ្នំនេះបានរាំងផ្លូវរបស់អូរដ៏តូចនេះ ដូច្នេះអូរក៏បាននិយាយទៅកាន់ភ្នំដោយសម្លេងខ្សោយតិចៗថា «សូមឱ្យខ្ញុំឆ្លងកាត់ផង។ អ្នកកំពុងតែឈរចំផ្លូវរបស់ខ្ញុំ ហើយរាំងផ្លូវខ្ញុំមិនឱ្យទៅមុខទៀត»។ «តើអ្នកកំពុងតែទៅណា?» ភ្នំបានសួរ។ «ខ្ញុំកំពុងរកមើលផ្ទះរបស់ខ្ញុំ» អូរបានឆ្លើយ។ «មិនអីទេ ចូរទៅមុខដោយហូរពីលើខ្ញុំមកចុះ!» ប៉ុន្តែអូរដ៏តូចនេះខ្សោយពេក និងក្មេងពេក ដូច្នេះវាគ្មានផ្លូវនឹងហូរពីលើភ្នំដ៏ធំដូចនេះបាននោះទេ។ វាត្រឹមតែអាចបន្តហូរបុកជើងភ្នំនេះទៀតតែប៉ុណ្ណោះ ...

ខ្យល់ដ៏ខ្លាំងមួយបានបោកបក់មក ដោយនាំយកទាំងខ្សាច់ និងកម្ទេចកម្ទីទៅកាន់ភ្នំនេះ។ ខ្យល់នេះគំហកដាក់ភ្នំថា «ឱ្យអញឆ្លងទៅ!» «តើអ្នកកំពុងតែទៅណា?» ភ្នំបានសួរ។ «អញចង់ឆ្លងទៅម្ខាងទៀតនៃភ្នំអ្នក» ខ្យល់ឆ្លើយដោយសម្លុត។ «មិនអីទេ បើអ្នកអាចបំបែកឆ្លងចង្កេះខ្ញុំបាន នោះអ្នកអាចទៅបាន!» ខ្យល់ដ៏ខ្លាំងនេះបានបក់យ៉ាងសន្ធឹកម្ដងតាមនេះ ម្ដងតាមនោះ ប៉ុន្តែទោះបីជាវាបក់បោកខ្លាំងយ៉ាងណាក៏ដោយ ក៏វាមិនអាចបំបែកឆ្លងចង្កេះភ្នំបានដែរ។ ខ្យល់នេះបានកើតការនឿយហត់ ហើយក៏ឈប់សម្រាកទៅ រីឯនៅម្ខាងទៀតនៃភ្នំនេះ ខ្យល់រំភើយបានចាប់ផ្ដើមបក់ ដោយធ្វើឱ្យមនុស្សម្នានៅទីនោះបានរីករាយ។ នេះជាការស្វាគមន៍របស់ភ្នំចំពោះមនុស្ស ...

នៅឯឆ្នេរសមុទ្រ ទឹកសមុទ្រសាចបោកផ្ទប់ច្រាំងថ្មថ្នមៗ។ ភ្លាមៗនោះ រលកយក្សមួយបានកើតឡើង ហើយបានគ្រហឹមបក់បោកឆ្ពោះទៅភ្នំ។ «ចៀសចេញ!» រលកយក្សស្រែក។ «តើអ្នកកំពុងតែទៅណា?» ភ្នំបានសួរ។ ដោយមិនអាចបញ្ឈប់សន្ទុះរបស់វាបាន រលកនេះបានគំហកថា «អញកំពុងតែពង្រីកទឹកដីរបស់អញ! អញចង់សន្ធឹងដៃរបស់អញ!» «មិនអីទេ បើអ្នកអាចឆ្លងផុតកំពូលខ្ញុំបាន ខ្ញុំនឹងឱ្យអ្នកទៅ។» រលកដ៏អស្ចារ្យនេះដកថយបន្តិច បន្ទាប់មកក៏ខ្ជោលឡើងម្ដងទៀតសំដៅទៅកាន់ភ្នំ។ ប៉ុន្តែទោះបីជាវាព្យាយាមយ៉ាងណាក៏ដោយ ក៏វាមិនអាចឡើងផុតកំពូលភ្នំបានដែរ។ រលកនេះអាចត្រឹមតែរសាត់យឺតៗត្រឡប់ទៅសមុទ្រវិញប៉ុណ្ណោះ ...

រាប់ពាន់ឆ្នាំមកហើយ អូរតូចនេះបានហូរតិចៗថ្នមៗក្បែរជើងភ្នំ។ ដោយធ្វើតាមការណែនាំរបស់ភ្នំ អូរតូចនេះក៏មានផ្លូវត្រឡប់ទៅផ្ទះវិញ ជាកន្លែងដែលវាបានជួបជាមួយទន្លេដែលបន្តទៅជួបជាមួយសមុទ្រ។ ក្រោមការថែទាំរបស់ភ្នំ អូរតូចនេះមិនដែលវង្វេងផ្លូវរបស់វាឡើយ។ អូរ និងភ្នំបានពង្រឹងគ្នាទៅវិញទៅមក ហើយពឹងពាក់គ្នាទៅវិញទៅមក ពួកវាបានបន្ថែមកម្លាំងឱ្យគ្នាទៅវិញទៅមក ទប់ទល់គ្នាទៅវិញទៅមក ហើយមានអត្ថិភាពជាមួយគ្នា។

រាប់ពាន់ឆ្នាំមកហើយ ខ្យល់ខ្លាំងនេះបានបក់យ៉ាងសន្ធឹកតាមទម្លាប់របស់វា។ វានៅតែមក «ជួប» ភ្នំជារឿយៗ ជាមួយនឹងការកួចខ្សាច់យ៉ាងខ្លាំងដែលវិលចូលក្នុងកំសួលរបស់វា។ វាបានគំរាមកំហែងភ្នំ តែវាមិនដែលបំបែកឆ្លងចង្កេះភ្នំបានទេ។ ខ្យល់ និងភ្នំបានពង្រឹងគ្នាទៅវិញទៅមក ហើយពឹងពាក់គ្នាទៅវិញទៅមក ពួកវាបានបន្ថែមកម្លាំងឱ្យគ្នាទៅវិញទៅមក ទប់ទល់គ្នាទៅវិញទៅមក ហើយមានអត្ថិភាពជាមួយគ្នា។

រាប់ពាន់ឆ្នាំមកហើយ រលកយក្សនេះមិនដែលឈប់សម្រាកទេ ហើយវាបានដើរទៅមុខដោយឥតបង្អង់ដៃដើម្បីបន្តពង្រីកទឹកដីរបស់វា។ វាបានគ្រហឹម និងកញ្ជ្រោលឡើងម្ដងហើយម្ដងទៀតឆ្ពោះទៅកាន់ភ្នំ តែភ្នំមិនដែលរំកិលចេញមួយអ៊ិន្ឈ៍ឡើយ។ ភ្នំបានមើលថែសមុទ្រ ហើយដោយបែបនេះ សត្វនានានៅក្នុងសមុទ្របានកើតកូនចៅច្រើនឡើង និងបានចម្រើនលូតលាស់។ រលក និងភ្នំបានពង្រឹងគ្នាទៅវិញទៅមក ហើយពឹងពាក់គ្នាទៅវិញទៅមក ពួកវាបានបន្ថែមកម្លាំងឱ្យគ្នាទៅវិញទៅមក ទប់ទល់គ្នាទៅវិញទៅមក ហើយមានអត្ថិភាពជាមួយគ្នា។

ដូច្នេះរឿងរបស់យើងចប់ហើយ។ ដំបូង ចូរប្រាប់ខ្ញុំមើលថា តើរឿងនេះនិយាយអំពីអ្វី? ជាការចាប់ផ្ដើម គឺមានភ្នំធំមួយ អូរតូចមួយ ខ្យល់ខ្លាំងមួយ និងរលកយក្សមួយ។ តើមានអ្វីកើតឡើងនៅក្នុងវគ្គទីមួយ ជាមួយអូរដ៏តូច និងភ្នំដ៏ធំ? ហេតុអ្វីបានជាខ្ញុំជ្រើសរើសនិយាយអំពីអូរ និងភ្នំ? (ក្រោមការថែទាំរបស់ភ្នំ អូរមិនដែលវង្វេងផ្លូវរបស់វាឡើយ។ ពួកវាពឹងផ្អែកគ្នាទៅវិញទៅមក។) តើអ្នកនឹងនិយាយថា ភ្នំបានការពារ ឬរារាំងអូរតូចនេះ? (វាការពារអូរ។) ប៉ុន្តែតើវាមិនបានរារាំងអូរទេឬ? វា និងអូរបានពិនិត្យមើលគ្នាទៅវិញទៅមក ភ្នំបានការពារអូរផង និងរារាំងអូរផង។ ភ្នំបានការពារអូរឱ្យបានទៅជួបជាមួយទន្លេ ប៉ុន្តែបានរារាំងវាមិនឱ្យហូរទៅកន្លែងដែលវានឹងហូរទៅដែលធ្វើឱ្យមានទឹកជំនន់ និងនាំមកនូវគ្រោះមហន្តរាយដល់មនុស្ស។ តើនេះមិនមែនជាខ្លឹមសារនៃវគ្គនេះទេឬ? តាមរយៈការការពារ និងទប់ស្កាត់អូរ ភ្នំបានរក្សាការពារផ្ទះរបស់មនុស្ស។ ក្រោយមក អូរតូចនេះបានជួបជាមួយទន្លេនៅឯជើងភ្នំ ហើយបានហូរបន្តទៅក្នុងសមុទ្រ។ តើនេះមិនមែនជាច្បាប់ដែលគ្រប់គ្រងអត្ថិភាពរបស់អូរទេឬ? តើអ្វីដែលធ្វើឱ្យអូរអាចជួបជាមួយទន្លេ និងសមុទ្របាន? តើវាមិនមែនជាភ្នំទេឬ? អូរបានពឹងផ្អែកលើកិច្ចការពារ និងការរារាំងរបស់ភ្នំ។ ដូច្នេះ តើនេះមិនមែនជាចំណុចសំខាន់ទេឬ? តើនៅក្នុងនេះអ្នកមើលឃើញពីសារៈសំខាន់របស់ភ្នំចំពោះទឹកឬទេ? តើក្នុងការបង្កើតភ្នំទាំងធំទាំងតូចនេះ ព្រះជាម្ចាស់មានគោលបំណងរបស់ទ្រង់ឬទេ? (មាន។) វគ្គខ្លីនេះគ្មានអ្វីក្រៅពីអូរដ៏តូចមួយ និងភ្នំដ៏ធំមួយនោះទេ ចូរយើងមើលពីតម្លៃ និងសារៈសំខាន់នៃការបង្កើតវត្ថុទាំងពីរនេះដោយព្រះជាម្ចាស់ចុះ ហើយវាក៏បង្ហាញដល់យើងនូវប្រាជ្ញា និងគោលបំណងនៅក្នុងការគ្រប់គ្រងរបស់ទ្រង់លើពួកវាដែរ។ តើមិនដូច្នេះទេឬ?

តើវគ្គទីពីរនៃរឿងនេះនិយាយអំពីអ្វី? (ខ្យល់ខ្លាំងមួយ និងភ្នំធំមួយ។) តើខ្យល់ជាវត្ថុល្អឬទេ? (ល្អ។) តែមិនទាំងស្រុងទេ ពេលខ្លះខ្យល់ខ្លាំងពេក បង្កឱ្យមានគ្រោះមហន្តរាយ។ តើអ្នកនឹងមានអារម្មណ៍យ៉ាងណាប្រសិនបើអ្នកត្រូវបានបង្កើតមកដើម្បីរារាំងខ្យល់ដ៏ខ្លាំង? វាអាស្រ័យលើកម្លាំងខ្យល់។ ប្រសិនបើវាជាខ្យល់កម្រិតបី ឬបួន គេនឹងអាចទ្រាំបាន។ ភាគច្រើន មនុស្សអាចនឹងពិបាកក្នុងការបើកភ្នែក។ ប៉ុន្តែប្រសិនបើខ្យល់បក់ខ្លាំង ហើយក្លាយជាព្យុះកំបុតត្បូង តើអ្នកនឹងអាចទប់ទល់វាបានទេ? អ្នកនឹងមិនអាចទប់ទល់ទេ។ ដូច្នេះ វាមិនត្រឹមត្រូវទេដែលមនុស្សដែលនិយាយថាខ្យល់ល្អជានិច្ច ឬថាវាអាក្រក់ជានិច្ច ព្រោះនេះអាស្រ័យលើកម្លាំងរបស់វា។ ឥឡូវនេះ តើភ្នំមានមុខងារអ្វីនៅទីនេះ? តើមុខងាររបស់វាមិនមែនជាការត្រងខ្យល់ទេឬ? តើភ្នំកាត់បន្ថយខ្យល់ដ៏ខ្លាំងទៅជាអ្វី? (ខ្យល់រំភើយ។) ឥឡូវនេះ នៅក្នុងបរិស្ថានដែលមនុស្សរស់នៅ តើមនុស្សភាគច្រើនជួបប្រទះព្យុះសង្ឃរា ឬខ្យល់រំភើយ? (ខ្យល់រំភើយ។) តើនេះមិនមែនជាគោលបំណងមួយរបស់ព្រះជាម្ចាស់ទេឬ ដែលជាបំណងព្រះហឫទ័យមួយរបស់ទ្រង់ក្នុងការបង្កើតភ្នំ? តើវានឹងទៅជាយ៉ាងណា ប្រសិនបើមនុស្សរស់នៅក្នុងបរិស្ថានមួយដែលមានខ្សាច់ហោះហើរខ្លាំងនៅក្នុងខ្យល់ ដោយគ្មានការរារាំង និងដោយគ្មានការត្រង? តើវានឹងអាចទេថា ដីដែលឡោមព័ទ្ធដោយខ្សាច់ និងថ្មប៉ើងហើរពាសពេញ នឹងមិនអាចរស់នៅបាន? ថ្មអាចនឹងបុកត្រូវមនុស្ស ហើយខ្សាច់អាចនឹងធ្វើឱ្យពួកគេខ្វាក់ភ្នែក។ ខ្យល់អាចនឹងបក់បោកមនុស្សហើបជើងផុតពីដី ឬនាំយកពួកគេទៅក្នុងអាកាស។ ផ្ទះអាចនឹងត្រូវបំផ្លាញ ហើយគ្រោះមហន្តរាយគ្រប់បែបយ៉ាងនឹងកើតឡើង។ ប៉ុន្តែ តើវាមានតម្លៃទេក្នុងការមានខ្យល់ខ្លាំង? ខ្ញុំបាននិយាយថា វាមិនល្អទេ ដូច្នេះគ្រប់គ្នាអាចមានអារម្មណ៍ថា វាគ្មានតម្លៃទេ ប៉ុន្តែតើវាអ៊ីចឹងមែនឬ? តើវាគ្មានតម្លៃទេឬ នៅពេលវាប្រែទៅជាខ្យល់រំភើយ? តើមនុស្សត្រូវការអ្វីច្រើនបំផុតនៅពេលអាកាសធាតុសើម ឬក្ដៅហប់ខ្លាំង? ពួកគេត្រូវការខ្យល់រំភើយតិចៗ បក់មកលើពួកគេថ្នមៗ ធ្វើឱ្យពួកគេស្រស់ស្រាយ និងសម្អាតខួរក្បាលរបស់ពួកគេ ធ្វើឱ្យការគិតរបស់ពួកគេមុតស្រួច ជួសជុល និងធ្វើឱ្យស្ថានភាពចិត្តគំនិតរបស់ពួកគេប្រសើរឡើង។ ឧទាហរណ៍ថា ឥឡូវនេះអ្នករាល់គ្នាអង្គុយក្នុងបន្ទប់មួយដែលមានមនុស្សច្រើន ហើយហប់ខ្យល់ តើអ្នកត្រូវការអ្វីបំផុត? (ខ្យល់រំភើយតិចៗ។) ការទៅកាន់កន្លែងមួយដែលមានខ្យល់កខ្វក់ និងស្មោកគ្រោក អាចធ្វើឱ្យការគិតរបស់មនុស្សថយចុះ កាត់បន្ថយចរន្តឈាម និងបន្ថយភាពច្បាស់លាស់នៃចិត្តគំនិតរបស់មនុស្ស។ ប៉ុន្ដែទោះជាយ៉ាងណា ចលនា និងចរន្តខ្យល់តែបន្តិចធ្វើឱ្យខ្យល់ស្រស់ថ្លា ហើយមនុស្សមានអារម្មណ៍ខុសគ្នានៅក្នុងខ្យល់ស្រស់ថ្លា។ ទោះជាអូរតូចនេះអាចបង្កឱ្យមានគ្រោះមហន្តរាយក្ដី ទោះជាខ្យល់ខ្លាំងនេះអាចបង្កឱ្យមានគ្រោះមហន្តរាយក្ដី ដរាបណាមានភ្នំនៅទីនោះ វានឹងប្រែក្លាយគ្រោះថ្នាក់នោះទៅជាកម្លាំងដែលផ្ដល់ផលប្រយោជន៍ដល់មនុស្សវិញ។ តើមិនអ៊ីចឹងទេឬ?

តើវគ្គទីបីនៃរឿងនេះនិយាយអំពីអ្វី? (ភ្នំធំ និងរលកយក្ស។) ភ្នំធំ និងរលកយក្ស។ វគ្គនេះកើតហេតុនៅឯឆ្នេរសមុទ្រនាជើងភ្នំ។ យើងមើលឃើញភ្នំ ទឹកសមុទ្រសាច និងរលកដ៏ធំមួយ។ តើភ្នំជាអ្វីចំពោះរលកនៅក្នុងឧទាហរណ៍នេះ? (អ្នកការពារ និងរបាំង។) វាជាអ្នកការពារផង និងជារបាំងផង។ ក្នុងនាមជាអ្នកការពារ វារក្សាសមុទ្រមិនឱ្យទៅបាត់ ដើម្បីឱ្យសត្វនានាដែលរស់នៅក្នុងនោះអាចកើតកូនចៅច្រើនឡើង និងចម្រើនលូតលាស់។ ក្នុងនាមជារបាំង ភ្នំការពារទឹកសមុទ្រមិនឱ្យហូរហៀរបង្កគ្រោះមហន្តរាយ មិនឱ្យបង្កគ្រោះថ្នាក់ និងបំផ្លាញផ្ទះរបស់មនុស្ស។ ដូច្នេះយើងអាចនិយាយបានថា ភ្នំនេះជាអ្នកការពារផង និងជារបាំងផង។

នេះជាសារៈសំខាន់នៃអន្តរទំនាក់ទំនងរវាងភ្នំដ៏ធំ និងអូរដ៏តូច ភ្នំដ៏ធំ និងខ្យល់ដ៏ខ្លាំង ភ្នំដ៏ធំ និងរលកយក្ស ហើយនេះជាសារៈសំខាន់នៃការពង្រឹង និងការទប់ទល់គ្នាទៅវិញទៅមករបស់ពួកវា និងសហត្ថិភាពរបស់ពួកវា។ វត្ថុដែលព្រះជាម្ចាស់បានបង្កើតទាំងនេះ ត្រូវបានគ្រប់គ្រងក្នុងអត្ថិភាពរបស់ពួកវាដោយច្បាប់ និងច្បាប់។ ដូច្នេះ តើអ្នកមើលឃើញទង្វើអ្វីខ្លះរបស់ព្រះជាម្ចាស់នៅក្នុងរឿងនេះ? តើព្រះជាម្ចាស់ធ្លាប់ព្រងើយកន្តើយនឹងរបស់សព្វសារពើឬទេ ចាប់តាំងពីពេលទ្រង់បានបង្កើតពួកវាមក? តើទ្រង់បានបង្កើតច្បាប់ និងរចនាបែបបទដំណើរការនៃរបស់សព្វសារពើ ដើម្បីតែទុកពួកវាចោលបន្ទាប់ពីបង្កើតហើយមែនទេ? តើវាកើតឡើងដូច្នោះមែនទេ? (ទេ។) ដូចនេះតើមានអ្វីកើតឡើង? ព្រះជាម្ចាស់នៅតែបន្តគ្រប់គ្រង។ ទ្រង់គ្រប់គ្រងទឹក ខ្យល់ និងរលក។ ទ្រង់មិនឱ្យពួកវារត់ផ្ដេសផ្ដាសទេ ហើយទ្រង់ក៏មិនឱ្យពួកវាបង្កអន្តរាយ ឬបំផ្លាញផ្ទះដែលមនុស្សរស់នៅដែរ។ ដោយហេតុនេះ មនុស្សអាចរស់នៅបាន ហើយកើតកូនកើតចៅច្រើនឡើង និងចម្រើនលូតលាស់នៅលើដី។ នេះមានន័យថា នៅពេលទ្រង់បានបង្កើតរបស់សព្វសារពើ ព្រះជាម្ចាស់បានរៀបចំច្បាប់សម្រាប់អត្ថិភាពរបស់ពួកវារួចជាស្រេច។ នៅពេលព្រះជាម្ចាស់បានបង្កើតវត្ថុនីមួយៗ ទ្រង់បានធានាថា វានឹងផ្ដល់ផលប្រយោជន៍ដល់មនុស្សជាតិ ហើយទ្រង់បានគ្រប់គ្រងលើវា ដើម្បីកុំឱ្យវាអាចបង្កបញ្ហាដល់មនុស្សជាតិ ឬបង្កគ្រោះមហន្តរាយដល់ពួកគេ។ តើវាមិនមែនសម្រាប់ឱ្យព្រះជាម្ចាស់គ្រប់គ្រងទេឬ តើទឹកនឹងមិនហូរដោយគ្មានការទប់ស្កាត់ទេឬ? តើខ្យល់នឹងមិនបក់ដោយគ្មានការទប់ស្កាត់ទេឬ? តើទឹក និងខ្យល់ធ្វើតាមច្បាប់ដែរឬទេ? ប្រសិនបើព្រះជាម្ចាស់មិនបានគ្រប់គ្រងពួកវាទេ នោះនឹងគ្មានច្បាប់ណាមួយគ្រប់គ្រងលើពួកវាបានឡើយ ហើយខ្យល់នឹងបក់បោកយ៉ាងសន្ធឹក ឯទឹកនឹងគ្មានអ្វីទប់ស្កាត់ហើយបង្កជាទឹកជំនន់។ ប្រសិនបើរលកខ្ពស់ជាងភ្នំ តើសមុទ្រនឹងអាចមានទេ? វានឹងគ្មានទេ។ ប្រសិនបើភ្នំមិនខ្ពស់ស្មើរលក នោះសមុទ្រនឹងគ្មានទេ ហើយភ្នំនឹងបាត់បង់តម្លៃ និងសារៈសំខាន់របស់វា។

តើអ្នកមើលឃើញប្រាជ្ញានៃព្រះជាម្ចាស់នៅក្នុងរឿងទាំងពីរនេះទេ? ព្រះជាម្ចាស់បានបង្កើតអ្វីគ្រប់យ៉ាងដែលមានអត្ថិភាព ហើយទ្រង់មានអំណាចត្រួតត្រាអ្វីគ្រប់យ៉ាងដែលមានអត្ថិភាព ទ្រង់គ្រប់គ្រងរាល់អ្វីៗទាំងអស់ ហើយទ្រង់ធ្វើការផ្គត់ផ្គង់ដល់អ្វីៗទាំងអស់ រីឯនៅក្នុងរបស់សព្វសារពើ ទ្រង់ទតឃើញ និងពិនិត្យមើលគ្រប់ពាក្យ និងសកម្មភាពនៃអ្វីគ្រប់យ៉ាងដែលមានអត្ថិភាព។ ដូច្នេះហើយ ទើបព្រះជាម្ចាស់ទតឃើញ និងពិនិត្យមើលបានគ្រប់ជ្រុងជ្រោយនៃជីវិតមនុស្សផងដែរ។ ហេតុដូចនេះ ព្រះជាម្ចាស់ជ្រាបដឹងយ៉ាងលម្អិតនូវអ្វីគ្រប់យ៉ាងដែលមានអត្ថិភាពនៅក្នុងការបង្កើតរបស់ទ្រង់ ចាប់តាំងពីមុខងាររបស់វត្ថុនីមួយៗ លក្ខណៈរបស់វា និងច្បាប់សម្រាប់រស់រានរបស់វា រហូតដល់សារៈសំខាន់នៃជីវិតរបស់វា និងតម្លៃនៃអត្ថិភាពរបស់វា អ្វីៗទាំងអស់នេះព្រះជាម្ចាស់ទ្រង់ជ្រាបដឹងគ្មានសល់។ ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ តើអ្នករាល់គ្នាគិតថា ទ្រង់ត្រូវការសិក្សាពីច្បាប់ដែលគ្រប់គ្រងពួកវាឬទេ? តើព្រះជាម្ចាស់ត្រូវការសិក្សាពីវិទ្យាសាស្ត្រ ឬចំណេះដឹងរបស់មនុស្ស ដើម្បីរៀន និងស្វែងយល់អំពីពួកវាឬទេ? (ទេ។) តើមាននរណាម្នាក់ក្នុងចំណោមមនុស្សជាតិដែលមានការរៀនសូត្រ និងមានចំណេះវិជ្ជាជ្រៅជ្រះ ដើម្បីស្វែងយល់ពីរបស់សព្វសារពើដូចព្រះជាម្ចាស់ឬទេ? គ្មានទេ មែនទេ? តើមានតារាវិទូ ឬជីវវិទូណាម្នាក់ដែលយល់ពិតប្រាកដអំពីច្បាប់ដែលរបស់សព្វសារពើរស់នៅ និងដុះលូតលាស់តាមដែរឬទេ? តើពួកគេយល់ពិតប្រាកដអំពីតម្លៃនៃអត្ថិភាពរបស់វត្ថុនីមួយៗឬទេ? (ទេ ពួកគេមិនអាចទេ។) នេះមកពីរបស់សព្វសារពើត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ ហើយមិនថាមនុស្សជាតិសិក្សាពីចំណេះដឹងនេះបានជ្រៅជ្រះប៉ុនណា ឬច្រើនយ៉ាងណា ឬក៏ពួកគេខំប្រឹងខ្នះខ្នែងរៀនពីវាយូរប៉ុនណានោះទេ ក៏ពួកគេនឹងមិនអាចវាស់ស្ទង់នូវអាថ៌កំបាំង ឬគោលបំណងដែលព្រះជាម្ចាស់បង្កើតរបស់សព្វសារពើមកបានដែរ។ តើមិនអ៊ីចឹងទេឬ? ឥឡូវនេះ តាមរយៈការពិភាក្សារបស់យើងមកទល់ពេលនេះ តើអ្នករាល់គ្នាមានអារម្មណ៍ថា បានទទួលការយល់ដឹងមួយផ្នែកអំពីអត្ថន័យពិតប្រាកដនៃឃ្លាដែលថា៖ «ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ» ហើយឬនៅ? (យល់។) ខ្ញុំជ្រាបដឹងថា នៅពេលដែលខ្ញុំពិភាក្សាអំពីប្រធានបទនេះ (ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ) មនុស្សជាច្រើននឹងគិតភ្លាមដល់ឃ្លាមួយទៀតថា៖ «ព្រះជាម្ចាស់ជាសេចក្ដីពិត ហើយព្រះជាម្ចាស់ប្រើព្រះបន្ទូលរបស់ទ្រង់ដើម្បីផ្គត់ផ្គង់ដល់យើង» ហើយគ្មានអ្វីដែលហួសពីកម្រិតអត្ថន័យនៃប្រធានបទនេះនោះទេ។ អ្នកខ្លះថែមទាំងអាចមានអារម្មណ៍ថា ព្រះជាម្ចាស់ផ្គត់ផ្គង់ជីវិតមនុស្ស អាហារ និងភេសជ្ជៈប្រចាំថ្ងៃ ព្រមទាំងចាំបាច់ប្រចាំថ្ងៃ មិនរាប់ថាជាការផ្គត់ផ្គង់របស់ទ្រង់ដល់មនុស្សនោះទេ។ តើគ្មានអ្នកដែលមានអារម្មណ៍បែបនេះទេឬ? ប៉ុន្តែ តើចេតនារបស់ព្រះជាម្ចាស់នៅក្នុងការបង្កើតរបស់ទ្រង់ (ដើម្បីឱ្យមនុស្សជាតិមានអត្ថិភាព និងរស់នៅជាធម្មតា) មិនជាក់ស្ដែងទេឬ? ព្រះជាម្ចាស់ថែទាំបរិស្ថានដែលមនុស្សរស់នៅ ហើយទ្រង់ផ្គត់ផ្គង់គ្រប់អ្វីៗទាំងអស់ដែលមនុស្សជាតិត្រូវការសម្រាប់ការរស់រានរបស់ពួកគេ។ លើសពីនេះទៅទៀត ទ្រង់គ្រប់គ្រង និងរក្សាអធិបតេយ្យភាពលើរបស់សព្វសារពើ។ អ្វីៗទាំងអស់នេះអាចឱ្យមនុស្សជាតិរស់នៅ និងចម្រើនលូតលាស់ ព្រមទាំងកើតកូនចៅច្រើនឡើងជាធម្មតា នេះហើយជារបៀបដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់ស្នាព្រះហស្ដទាំងអស់ និងដល់មនុស្សជាតិ។ តើវាមិនពិតទេឬ ដែលថាមនុស្សត្រូវទទួលស្គាល់ និងយល់ពីអ្វីៗទាំងនេះ? ប្រហែលជាអ្នកខ្លះអាចនិយាយថា «ប្រធានបទនេះនៅឆ្ងាយពេកពីការដែលយើងស្គាល់ព្រះជាម្ចាស់ដ៏ពិតផ្ទាល់ព្រះអង្គ ហើយយើងមិនចង់ដឹងអំពីរឿងនេះទេ ព្រោះយើងមិនមែនរស់ដោយសារនំប៉័ងតែមួយមុខនោះទេ ប៉ុន្តែផ្ទុយទៅវិញ យើងរស់ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ តើការយល់ឃើញនេះត្រឹមត្រូវឬទេ? (ទេ។) ហេតុអ្វីបានជាមិនត្រឹមត្រូវ? បើគ្រាន់តែស្គាល់នូវអ្វីៗដែលព្រះជាម្ចាស់មានព្រះបន្ទូលនោះ តើអ្នករាល់គ្នាអាចមានការយល់ដឹងពេញលេញអំពីព្រះជាម្ចាស់ទេ? បើគ្រាន់តែទទួលស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ និងទទួលស្គាល់ការជំនុំជម្រះ ព្រមទាំងការវាយផ្ចាលរបស់ព្រះជាម្ចាស់នោះ តើអ្នករាល់គ្នាអាចមានការយល់ដឹងពេញលេញអំពីព្រះជាម្ចាស់ទេ? បើគ្រាន់តែដឹងនូវផ្នែកតូចមួយអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ផ្នែកតូចមួយអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់នោះ តើអ្នករាល់គ្នានឹងចាត់ទុកថា គ្រប់គ្រាន់ក្នុងការសម្រេចបានការយល់ដឹងអំពីព្រះជាម្ចាស់ហើយមែនទេ? (ទេ។) សកម្មភាពរបស់ព្រះជាម្ចាស់បានចាប់ផ្ដើមដោយទ្រង់បង្កើតរបស់សព្វសារពើ ហើយពួកវាបន្តដល់សព្វថ្ងៃនេះ (សកម្មភាពរបស់ព្រះជាម្ចាស់សុទ្ធតែអាចមើលឃើញគ្រប់ពេលវេលា ពីមួយពេលទៅមួយពេល។) បើមនុស្សម្នាក់ជឿថា ព្រះជាម្ចាស់មានមែន ដោយសារតែទ្រង់បានរើសតាំងរាស្ត្រមួយក្រុមឱ្យទៅសង្គ្រោះ និងបំពេញកិច្ចការរបស់ទ្រង់ ក្រៅពីនោះគ្មានអ្វីពាក់ព័ន្ធជាមួយព្រះជាម្ចាស់ឡើយ មិនថាសិទ្ធិអំណាចរបស់ទ្រង់ ឋានៈរបស់ទ្រង់ ឬក៏សកម្មភាពរបស់ទ្រង់នោះទេ ដូច្នេះតើគេអាចចាត់ទុកមនុស្សម្នាក់នេះថា ស្គាល់ព្រះជាម្ចាស់ពិតប្រាកដឬទេ? មនុស្សដែលគេហៅថា «ស្គាល់ព្រះជាម្ចាស់» បែរជាមានការយល់ដឹងត្រឹមតែមួយជ្រុងប៉ុណ្ណោះ យោងទៅតាមការដែលពួកគេកម្រិតទង្វើរបស់ទ្រង់ត្រឹមតែចំពោះមនុស្សមួយក្រុម។ តើនេះជាការស្គាល់ព្រះជាម្ចាស់ពិតប្រាកដឬទេ? តើមនុស្សដែលមានការស្គាល់ប្រភេទនេះ មិនបដិសេធការបង្កើតរបស់សព្វសារពើដោយព្រះជាម្ចាស់ និងអធិបតេយ្យភាពរបស់ទ្រង់លើពួកគេទេឬ? មនុស្សមួយចំនួនមិនចង់ពាក់ព័ន្ធនឹងចំណុចនេះទេ ផ្ទុយទៅវិញ គេបែរជាគិតក្នុងចិត្តខ្លួនឯងថា៖ «ខ្ញុំមិនដែលឃើញអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើនោះទេ។ គំនិតនេះខុសប្លែកណាស់ ហើយខ្ញុំមិនខ្វល់ក្នុងការយល់ដឹងពីវានោះទេ។ ព្រះជាម្ចាស់ធ្វើអ្វីដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ ហើយវាគ្មានអ្វីពាក់ព័ន្ធជាមួយខ្ញុំទេ។ ខ្ញុំគ្រាន់តែទទួលស្គាល់ភាពជាអ្នកដឹកនាំរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ទ្រង់ ដើម្បីឱ្យខ្ញុំអាចទទួលបានការសង្គ្រោះ និងភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ប៉ុណ្ណោះ។ គ្មានអ្វីទៀតដែលសំខាន់សម្រាប់ខ្ញុំទេ។ ច្បាប់ដែលព្រះជាម្ចាស់បានបង្កើតនៅពេលដែលទ្រង់បង្កើតរបស់សព្វសារពើ និងអ្វីៗដែលទ្រង់ផ្គត់ផ្គង់ដល់របស់សព្វសារពើ និងដល់មនុស្សជាតិ គ្មានអ្វីពាក់ព័ន្ធជាមួយខ្ញុំទេ។» តើនេះជាពាក្យសម្ដីប្រភេទណាទៅវិញ? តើនេះមិនមែនជាអំពើបះបោរទេឬ? តើមានអ្នកណាក្នុងចំណោមអ្នករាល់គ្នាមានការយល់ឃើញបែបនេះឬទេ? ទោះបីជាអ្នករាល់គ្នាមិននិយាយដូច្នេះក៏ដោយ ក៏ខ្ញុំជ្រាបដឹងថា អ្នករាល់គ្នានៅទីនេះភាគច្រើនយល់ដូច្នោះដែរ។ តាមច្បាប់ មនុស្សបែបនេះមើលទៅអ្វីគ្រប់យ៉ាងតាមទស្សនៈ «ខាងវិញ្ញាណ» ផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេចង់ដាក់ដែនកំណត់ព្រះជាម្ចាស់ឱ្យនៅត្រឹមតែក្នុងព្រះគម្ពីរប៉ុណ្ណោះ គឺដាក់ដែនកំណត់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលដែលទ្រង់បានសម្ដែង ឱ្យនៅត្រឹមតែអត្ថន័យដែលទាញចេញពីព្រះបន្ទូលដែលសរសេរត្រង់ៗប៉ុណ្ណោះ។ ពួកគេមិនចង់ស្គាល់ព្រះជាម្ចាស់ច្រើនជាងនេះទេ ហើយពួកគេមិនចង់ឱ្យព្រះជាម្ចាស់បំបែកការយកព្រះហឫទ័យទុកដាក់របស់ទ្រង់ទៅធ្វើការអ្វីផ្សេងទៀតទេ។ ការគិតរបៀបនេះគឺដូចកូនក្មេងអ៊ីចឹង ហើយវាក៏មានលក្ខណៈសាសនាហួសហេតុដែរ។ តើមនុស្សដែលមានទស្សនៈទាំងនេះអាចស្គាល់ព្រះជាម្ចាស់ឬទេ? ពួកគេនឹងពិបាកស្គាល់ព្រះជាម្ចាស់ខ្លាំងណាស់។ ថ្ងៃនេះ ខ្ញុំបាននិទានរឿងពីរ ដែលរឿងនីមួយៗនិយាយអំពីទិដ្ឋភាពខុសៗគ្នា។ នៅពេលដែលទើបតែស្ដាប់រឿងនេះ អ្នករាល់គ្នាអាចនឹងមានអារម្មណ៍ថា រឿងទាំងនេះជ្រាលជ្រៅ ឬអរូបីបន្តិច ពិបាកក្នុងការយល់ដឹង និងស្វែងយល់ណាស់។ វាអាចនឹងពិបាកក្នុងការផ្សារភ្ជាប់រឿងទាំងនេះជាមួយនឹងសកម្មភាពរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពទាំងអស់របស់ព្រះជាម្ចាស់ និងអ្វីទាំងអស់ដែលទ្រង់បានធ្វើនៅក្នុងការបង្កើត និងក្នុងចំណោមមនុស្សជាតិ គួរតែត្រូវបានស្គាល់យ៉ាងច្បាស់ និងត្រឹមត្រូវ ដោយមនុស្សគ្រប់រូប និងគ្រប់គ្នាដែលប្រឹងប្រែងស្គាល់ព្រះជាម្ចាស់។ ការស្គាល់នេះនឹងផ្ដល់ឱ្យអ្នកនូវភាពប្រាកដប្រជានៅក្នុងជំនឿរបស់អ្នកចំពោះអត្ថិភាពដ៏ពិតរបស់ព្រះជាម្ចាស់។ វាក៏នឹងផ្ដល់ឱ្យអ្នកនូវការស្គាល់ច្បាស់នូវប្រាជ្ញាញាណនៃព្រះជាម្ចាស់ ព្រះចេស្ដារបស់ទ្រង់ និងបែបបទដែលទ្រង់ផ្គត់ផ្គង់ដល់របស់សព្វសារពើផងដែរ។ វានឹងអាចឱ្យអ្នកនឹកគិតយ៉ាងច្បាស់លាស់អំពីអត្ថិភាពដ៏ពិតរបស់ព្រះជាម្ចាស់ ហើយឃើញថា អត្ថិភាពរបស់ទ្រង់មិនមែនប្រឌិត មិនមែនជាទេវកថា មិនមែនស្រពេចស្រពិល មិនមែនជាទ្រឹស្ដី ហើយប្រាកដជាមិនមែនជាប្រភេទនៃការលួងលោមចិត្តខាងវិញ្ញាណទេ ប៉ុន្តែជាអត្ថិភាពពិត។ លើសពីនេះ វានឹងអាចឱ្យមនុស្សដឹងថា ព្រះជាម្ចាស់តែងតែផ្គត់ផ្គង់ដល់ការបង្កើតទាំងអស់ និងដល់មនុស្សជាតិ ហើយព្រះជាម្ចាស់ទ្រង់ធ្វើដូច្នេះតាមវិធីរបស់ព្រះអង្គផ្ទាល់ និងស្របតាមចង្វាក់ភ្លេងរបស់ព្រះអង្គផ្ទាល់។ ដូច្នេះ ដោយសារព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ និងបានឱ្យពួកវានូវច្បាប់ដែលពួកវានីមួយៗ ស្ថិតក្រោមការកំណត់ទុកជាមុនរបស់ទ្រង់ អាចអនុវត្តភារកិច្ចដែលបានបែងចែកឱ្យពួកវា បំពេញការទទួលខុសត្រូវរបស់ខ្លួន ព្រមទាំងអនុវត្តតួនាទីផ្ទាល់ខ្លួនរបស់ពួកវា ដោយស្ថិតក្រោមការកំណត់ទុកជាមុនរបស់ទ្រង់ វត្ថុនីមួយៗមានប្រយោជន៍រៀងខ្លួនក្នុងការបម្រើ មនុស្សជាតិ និងលំហ ព្រមទាំងបរិស្ថានដែលមនុស្សជាតិរស់នៅ។ បើព្រះជាម្ចាស់មិនបានធ្វើដូច្នេះទេ ហើយមនុស្សជាតិគ្មានបរិស្ថានបែបនេះដើម្បីរស់នៅទេ នោះការជឿលើព្រះជាម្ចាស់ ឬការធ្វើតាមទ្រង់នឹងមិនអាចធ្វើទៅរួចទេសម្រាប់មនុស្សជាតិ ហើយវានឹងស្មើត្រឹមតែជាសម្ដីគ្មានខ្លឹមសារទាំងអស់។ តើមិនអ៊ីចឹងទេឬ?

ចូរយើងក្រឡេកមើលឡើងវិញនូវរឿងភ្នំធំ និងអូរតូច។ តើភ្នំមានមុខងារអ្វី? របស់មានជីវិតធំលូតលាស់នៅលើភ្នំ ដូច្នេះហើយអត្ថិភាពរបស់វាមានតម្លៃជាប់មកជាមួយ ហើយវាក៏រារាំងអូរតូចមិនឱ្យហូរទៅកន្លែងដែលវានឹងទៅ ដែលនឹងនាំមកនូវមហន្តរាយដល់មនុស្សដែរ។ តើមិនអ៊ីចឹងទេឬ? ភ្នំមានអត្ថិភាពតាមរបៀបជាភាវៈផ្ទាល់ខ្លួនរបស់វា ដោយអាចឱ្យវត្ថុមានជីវិតច្រើនអនេកលូតលាស់នៅលើវា (ដើមឈើ និងស្មៅ ព្រមទាំងរុក្ខជាតិ និងសត្វផ្សេងទៀតទាំងអស់ដែលនៅលើភ្នំ។) វាក៏តម្រង់ទិសលំហូរនៃអូរតូចនេះដែរ ដោយភ្នំប្រមូលផ្ដុំទឹកអូរ ហើយនាំផ្លូវទឹកអូរហូរតាមធម្មជាតិក្បែរជើងរបស់វា ដែលជាកន្លែងទឹកអូរអាចហូរចូលទៅក្នុងទន្លេ និងជាចុងក្រោយចូលទៅក្នុងសមុទ្រ។ ច្បាប់ទាំងនេះមិនមែនកើតឡើងដោយធម្មជាតិទេ ប៉ុន្តែត្រូវបានរៀបចំឡើងយ៉ាងពិសេសដោយព្រះជាម្ចាស់នៅសម័យកាលនៃការបង្កើត។ ចំណែកភ្នំធំ និងខ្យល់ខ្លាំង ភ្នំក៏ត្រូវការខ្យល់ដែរ។ ភ្នំត្រូវការខ្យល់ដើម្បីបបោសអង្អែលភាវៈមានជីវិតដែលរស់នៅលើវា ហើយនៅពេលជាមួយគ្នានោះដែរ វាទប់កម្លាំងរបស់ខ្យល់ខ្លាំងដើម្បីកុំឱ្យវាបក់បោកព្រៃផ្សៃពេក។ ក្នុងទិដ្ឋភាពជាក់លាក់មួយ ច្បាប់នេះតំណាងឱ្យករណីយកិច្ចរបស់ភ្នំធំ ដូច្នេះ តើច្បាប់អំពីករណីយកិច្ចរបស់ភ្នំនេះមានរូបរាងឡើងដោយខ្លួនឯងមែនទេ? (ទេ។) វាត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់។ ភ្នំធំនេះមានករណីយកិច្ចរបស់វា ឯខ្យល់ខ្លាំងវិញក៏មានករណីយកិច្ចរបស់វាដែរ។ ឥឡូវនេះ ចូរយើងងាកទៅមើលភ្នំធំ និងរលកធំ។ បើគ្មានអត្ថិភាពរបស់ភ្នំទេ តើទឹកអាចរកទិសហូរដោយខ្លួនឯងបានឬទេ? (ទេ។) ទឹកនឹងជន់លិច។ ភ្នំមានតម្លៃអត្ថិភាពផ្ទាល់ខ្លួនរបស់វាក្នុងនាមជាភ្នំ ហើយសមុទ្រមានតម្លៃអត្ថិភាពផ្ទាល់ខ្លួនរបស់វាក្នុងនាមជាសមុទ្រ តែទោះជាយ៉ាងនេះក្ដី ក្រោមកាលៈទេសៈដែលពួកវាអាចមានអត្ថិភាពជាមួយគ្នាជាធម្មតា និងមិនជ្រៀតជ្រែកដល់គ្នាទៅវិញទៅមក ពួកវាក៏បង្ខាំងគ្នាទៅវិញទៅមកដែរ ដោយភ្នំធំបង្ខាំងសមុទ្រដើម្បីកុំឱ្យជន់លិច ហេតុនេះវាការពារផ្ទះរបស់មនុស្ស ហើយការបង្ខាំងសមុទ្រក៏អាចឱ្យសមុទ្រចិញ្ចឹមភាវៈមានជីវិតដែលរស់នៅក្នុងវាផងដែរ។ តើទេសភាពនេះកើតឡើងដោយខ្លួនឯងមែនទេ? (ទេ។) វាក៏ត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ដែរ។ តាមរូបភាពនេះ យើងឃើញថា នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានកំណត់ទុកជាមុននូវកន្លែងដែលភ្នំនឹងស្ថិតនៅ កន្លែងដែលអូរនឹងហូរ ទិសដៅដែលខ្យល់ខ្លាំងនឹងចាប់ផ្ដើមបក់ពីណាទៅណា និងកម្ពស់ដែលរលកធំគួរនឹងមាន។ អ្វីៗទាំងអស់នេះផ្ទុកនូវគោលបំណង និងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពួកវាជាទង្វើរបស់ព្រះជាម្ចាស់។ ឥឡូវនេះ តើអ្នករាល់គ្នាអាចមើលឃើញឬទេថាទង្វើរបស់ព្រះជាម្ចាស់មានវត្តមាននៅក្នុងរបស់សព្វសារពើ? (ឃើញ។)

តើអ្វីជាគោលបំណងរបស់យើងនៅក្នុងការពិភាក្សាអំពីរឿងទាំងនេះ? តើគឺដើម្បីឱ្យមនុស្សសិក្សាពីច្បាប់ដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើមែនទេ? តើគឺដើម្បីលើកទឹកចិត្តឱ្យចាប់អារម្មណ៍លើផ្នែកតារាវិទ្យា និងភូមិវិទ្យាមែនទេ? (ទេ។) អ៊ីចឹង តើវាជាអ្វី? គឺដើម្បីធ្វើឱ្យមនុស្សយល់ពីអំពើរបស់ព្រះជាម្ចាស់។ តាមរយៈសកម្មភាពរបស់ព្រះជាម្ចាស់ មនុស្សអាចបញ្ជាក់ និងផ្ទៀងផ្ទាត់បានថា ព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ។ បើអ្នកអាចយល់ពីរឿងនេះបាន នោះអ្នកនឹងពិតជាអាចបញ្ជាក់អំពីកន្លែងរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នក ហើយអ្នកនឹងអាចបញ្ជាក់ថា ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ ជាព្រះអាទិករនៃផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើ ដូច្នេះ តើវាមានប្រយោជន៍ចំពោះការយល់ដឹងរបស់អ្នកអំពីព្រះជាម្ចាស់ឬទេ ក្នុងការស្គាល់ពីច្បាប់នៃរបស់សព្វសារពើ និងស្គាល់ទង្វើរបស់ព្រះជាម្ចាស់? (មាន។) តើវាមានប្រយោជន៍ដូចម្តេច? ជាបឋម នៅពេលដែលអ្នកបានយល់ពីទង្វើរបស់ព្រះជាម្ចាស់ហើយ តើអ្នកអាចនៅតែចាប់អារម្មណ៍លើផ្នែកតារាវិទ្យា និងភូមិវិទ្យាទៀតឬទេ? តើអ្នកនៅតែអាចមានដួងចិត្តជាមនុស្សប៉ិនសង្ស័យ និងមានមន្ទិលចំពោះព្រះជាម្ចាស់ជាព្រះអាទិករនៃរបស់សព្វសារពើទៀតដែរឬទេ? តើអ្នកនៅតែអាចមានដួងចិត្តជាអ្នកស្រាវជ្រាវ និងមានមន្ទិលចំពោះព្រះជាម្ចាស់ជាព្រះអាទិករនៃរបស់សព្វសារពើទៀតដែរឬទេ? (ទេ។) នៅពេលដែលអ្នកបានបញ្ជាក់ថា ព្រះជាម្ចាស់ជាព្រះអាទិករនៃរបស់សព្វសារពើ និងបានយល់ពីច្បាប់មួយចំនួននៃការបង្កើតរបស់ព្រះជាម្ចាស់ តើអ្នកពិតជានឹងជឿជាក់ក្នុងដួងចិត្តរបស់អ្នកដែរឬទេថា ព្រះជាម្ចាស់ផ្គត់ផ្គង់ដល់របស់សព្វសារពើ? (ជឿជាក់។) តើ «ការផ្គត់ផ្គង់» នៅទីនេះមានសារៈសំខាន់ពិសេសមែនទេ ឬក៏ការប្រើប្រាស់វាសំដៅទៅលើកាលៈទេសៈជាក់លាក់មួយ? «ព្រះជាម្ចាស់ផ្គត់ផ្គង់ដល់របស់សព្វសារពើ» ជាឃ្លាមួយដែលមានវិសាលភាព និងសារៈសំខាន់ទូលំទូលាយណាស់។ ព្រះជាម្ចាស់មិនត្រឹមតែផ្គត់ផ្គង់ដល់មនុស្សនូវអាហារ និងភេសជ្ជៈប្រចាំថ្ងៃរបស់ពួកគេប៉ុណ្ណោះទេ ទ្រង់ផ្គត់ផ្គង់ដល់មនុស្សជាតិនូវអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ មានទាំងអ្វីគ្រប់យ៉ាងដែលមនុស្សអាចមើលឃើញ និងអ្វីៗដែលមិនអាចមើលឃើញផង។ ព្រះជាម្ចាស់គាំពារ គ្រប់គ្រង និងសោយរាជ្យលើបរិស្ថានរស់នៅនេះ ដែលចាំបាច់ដល់មនុស្សជាតិ។ និយាយឱ្យចំគឺថា បរិស្ថានអ្វីក៏ដោយដែលមនុស្សជាតិត្រូវការសម្រាប់រដូវកាលនីមួយៗ គឺព្រះជាម្ចាស់បានរៀបចំឱ្យទាំងអស់។ ព្រះជាម្ចាស់ក៏គ្រប់គ្រងប្រភេទខ្យល់ និងសីតុណ្ហភាពដើម្បីឱ្យពួកវាសមស្របសម្រាប់ការរស់រានរបស់មនុស្សដែរ។ ច្បាប់ដែលគ្រប់គ្រងលើអ្វីៗទាំងនេះមិនមែនកើតឡើងដោយខ្លួនឯង ឬដោយចៃដន្យនោះទេ ពួកវាជាលទ្ធផលនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងទង្វើរបស់ទ្រង់។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គជាប្រភពនៃច្បាប់ទាំងអស់នេះ និងជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ។ មិនខ្វល់ថា តើអ្នកជឿវាឬអត់ តើអ្នកអាចមើលឃើញវាឬអត់ ឬតើអ្នកអាចយល់ពីវាឬអត់នោះទេ ការនេះនៅតែជាការពិតដែលគេទទួលស្គាល់ និងមិនអាចបដិសេធបាន។

ខ្ញុំជ្រាបដឹងថា មនុស្សភាគច្រើនណាស់ដែលមានតែសេចក្ដីជំនឿលើព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ដែលមាននៅក្នុងព្រះគម្ពីរតែប៉ុណ្ណោះ។ សម្រាប់មនុស្សមួយចំនួនតូច ព្រះជាម្ចាស់បានបើកសម្ដែងឱ្យដឹងពីទង្វើរបស់ទ្រង់ និងបានអនុញ្ញាតឱ្យមនុស្សមើលឃើញពីតម្លៃនៃអត្ថិភាពរបស់ទ្រង់។ ទ្រង់ក៏បានឱ្យពួកគេមានការយល់ដឹងមួយចំនួនអំពីឋានៈរបស់ទ្រង់ ព្រមទាំងបានបញ្ជាក់នូវការពិតអំពីអត្ថិភាពរបស់ទ្រង់ដែរ។ តែទោះជាយ៉ាងនេះក្ដី សម្រាប់មនុស្សជាច្រើនទៀត ការពិតដែលថា ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ហើយទ្រង់គ្រប់គ្រង និងទំនុកបម្រុងដល់របស់សព្វសារពើ ហាក់ដូចជាស្រពេចស្រពិល ឬមិនជាក់លាក់ទេ។ មនុស្សបែបនេះថែមទាំងអាចប្រកាន់នូវអាកប្បកិរិយាដែលមានមន្ទិលទៀតផង។ អាកប្បកិរិយានេះបណ្ដាលឱ្យពួកគេជឿយ៉ាងជាប់លាប់ថា ច្បាប់នៃពិភពធម្មជាតិបានកើតឡើងដោយឯកឯង រីឯបាតុភូត ការផ្លាស់ប្តូរ ការប្រែប្រួលនៃធម្មជាតិ និងច្បាប់នានាដែលគ្រប់គ្រងវានោះ បានកើតចេញពីធម្មជាតិខ្លួនវា។ មនុស្សមិនអាចនឹកគិតឃើញនៅក្នុងចិត្តរបស់ពួកគេអំពីរបៀបដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ និងសោយរាជ្យលើពួកវានោះទេ ពួកគេមិនអាចយល់បានពីរបៀបដែលព្រះជាម្ចាស់គ្រប់គ្រង និងផ្គត់ផ្គង់ដល់របស់សព្វសារពើឡើយ។ ក្រោមដែនកំណត់នៃការសន្មតនេះ មនុស្សមិនអាចជឿថា ព្រះជាម្ចាស់បានបង្កើត សោយរាជ្យលើ និងផ្គត់ផ្គង់ដល់របស់សព្វសារពើនោះទេ សូម្បីតែអស់អ្នកដែលជឿ ក៏ដាក់កម្រិតជំនឿរបស់ពួកគេត្រឹមតែយុគសម័យនៃក្រឹត្យវិន័យ យុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះដែរ៖ ពួកគេជឿថា ទង្វើរបស់ព្រះជាម្ចាស់ និងការផ្គត់ផ្គង់របស់ទ្រង់ដល់មនុស្សជាតិ គឺសម្រាប់តែរាស្ត្រដែលទ្រង់បានរើសតាំងតែប៉ុណ្ណោះ។ នេះជាអ្វីដែលខ្ញុំស្ទាក់ស្ទើរក្នុងការទតមើលឃើញបំផុត ហើយជាអ្វីដែលបណ្ដាលឱ្យមានការឈឺចាប់យ៉ាងខ្លាំង ពីព្រោះសូម្បីតែមនុស្សជាតិដែលរីករាយនឹងអ្វីទាំងអស់ដែលព្រះជាម្ចាស់នាំមកឱ្យ ក៏ពួកគេបដិសេធអ្វីទាំងអស់ដែលទ្រង់ធ្វើ និងអ្វីទាំងអស់ដែលទ្រង់ផ្ដល់ឱ្យពួកគេដែរ។ មនុស្សជឿតែត្រឹមថា ផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើ ត្រូវបានគ្រប់គ្រងដោយពួកវាខ្លួនឯងផ្ទាល់ ច្បាប់ធម្មជាតិ និងពួកវាខ្លួនឯងផ្ទាល់ ច្បាប់ធម្មជាតិសម្រាប់ការរស់រាន ហើយជឿទៀតថា ពួកវាគ្មានមេដឹកនាំក្នុងការគ្រប់គ្រងពួកវា ឬមានអំណាចត្រួតត្រាក្នុងការផ្គត់ផ្គង់ដល់ពួកវា និងរក្សាពួកវានោះទេ។ ទោះបីជាអ្នកជឿលើព្រះជាម្ចាស់ក៏ដោយ ក៏អ្នកប្រហែលជាមិនជឿថា អ្វីទាំងអស់នេះជាអំពើរបស់ទ្រង់ដែរ មែនទែនទៅ នេះជារឿងមួយដែលច្រើនតែមិនត្រូវបានយកចិត្តទុកដាក់ដោយគ្រប់អ្នកជឿលើព្រះជាម្ចាស់ ទាំងអ្នកដែលទទួលស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអ្នកដែលធ្វើតាមព្រះជាម្ចាស់។ ដូច្នេះ ពេលដែលខ្ញុំចាប់ផ្ដើមពិភាក្សាពីអ្វីមួយដែលមិនទាក់ទងនឹងព្រះគម្ពីរ ឬដែលគេហៅថាពាក្យខាងវិញ្ញាណភ្លាម អ្នកខ្លះក៏ធុញទ្រាន់ ឬនឿយណាយ ឬថែមទាំងមិនស្រួលចិត្តទៀតផង។ ពួកគេមានអារម្មណ៍ថា ព្រះបន្ទូលរបស់ខ្ញុំហាក់ដូចជាដាច់ចេញពីមនុស្សខាងវិញ្ញាណ និងរឿងរ៉ាវខាងវិញ្ញាណ។ នោះជារឿងអាក្រក់ណាស់។ ពេលនិយាយអំពីការស្គាល់ទង្វើរបស់ព្រះជាម្ចាស់ ទោះជាយើងមិនបាននិយាយអំពីផ្នែកតារាវិទ្យា ឬមិនបានស្រាវជ្រាវអំពីភូមិវិទ្យា ឬជីវវិទ្យាក៏ដោយ ក៏យើងត្រូវតែយល់អំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ យើងត្រូវតែដឹងអំពីការផ្គត់ផ្គង់របស់ទ្រង់ដល់របស់សព្វសារពើ ហើយដឹងថាទ្រង់ជាប្រភពនៃរបស់សព្វសារពើ។ នេះជាមេរៀនដ៏ចាំបាច់ និងជាមេរៀនមួយដែលត្រូវតែសិក្សា។ ខ្ញុំជឿថា អ្នករាល់គ្នាបានយល់ពីបន្ទូលរបស់ខ្ញុំហើយ មែនទេ?

រឿងទាំងពីរដែលខ្ញុំទើបតែនិទាននេះ ទោះជាមានខ្លឹមសារ និងលក្ខណៈបង្ហាញមិនធម្មតាបន្តិចក្ដី ព្រោះតែវាត្រូវបាននិទានតាមរបៀបដែលពិសេសបន្តិច ក៏ជាបំណងព្រះហឫទ័យរបស់ខ្ញុំក្នុងការប្រើប្រាស់ភាសាត្រង់ៗ និងវិធីដ៏សាមញ្ញដើម្បីជួយឱ្យអ្នករាល់គ្នាទទួលបាន និងទទួលយកនូវអ្វីមួយកាន់តែជ្រាលជ្រៅ។ នេះជាគោលបំណងតែមួយគត់របស់ខ្ញុំ។ នៅក្នុងរឿងតូចៗទាំងនេះ និងរូបភាពគូរចេញពីរឿងមក ខ្ញុំចង់ឱ្យអ្នករាល់គ្នាមើលឃើញ និងជឿថា ព្រះជាម្ចាស់មានអំណាចត្រួត្រាលើការបង្កើតទាំងអស់។ គោលបំណងនៃការនិទានរឿងទាំងនេះ គឺដើម្បីឱ្យអ្នករាល់គ្នាមើលឃើញ និងស្គាល់ពីទង្វើគ្មានព្រំដែនរបស់ព្រះជាម្ចាស់នៅក្នុងព្រំដែនមានកំណត់នៃរឿង។ អំពីពេលវេលាដែលអ្នករាល់គ្នានឹងយល់ដឹងពេញលេញ ហើយសម្រេចបានលទ្ធផលនេះនៅក្នុងខ្លួនរបស់អ្នករាល់គ្នា វាអាស្រ័យលើការតាមរកដោយខ្លួនអ្នកផ្ទាល់ និងបទពិសោធផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា។ បើអ្នកជាមនុស្សដែលតាមរកសេចក្ដីពិត និងប្រឹងប្រែងស្គាល់ព្រះជាម្ចាស់ នោះរឿងទាំងនេះនឹងប្រើជាគ្រឿងដាស់តឿនកាន់តែមានប្រសិទ្ធភាពថែមទៀត ដោយពួកវានឹងផ្ដល់ឱ្យអ្នកនូវការយល់ដឹងស៊ីជម្រៅ និងភាពច្បាស់លាស់នៅក្នុងការយល់ដឹងរបស់អ្នក ដែលនឹងបន្តិចម្តងៗខិតទៅជិតទង្វើដ៏ពិតប្រាកដរបស់ព្រះជាម្ចាស់បន្តិចម្តងៗ ដោយមានភាពជិតស្និទ្ធដែលនឹងគ្មានគម្លាត និងគ្មានកំហុស។ ទោះជាយ៉ាងនេះក្ដី បើអ្នកមិនមែនជាមនុស្សដែលប្រឹងប្រែងស្គាល់ព្រះជាម្ចាស់ទេ នោះរឿងទាំងនេះមិនអាចធ្វើបាបអ្វីដល់អ្នករាល់គ្នាឡើយ។ គ្រាន់តែចាត់ទុកពួកវាថាជារឿងពិតទៅចុះ។

តើអ្នករាល់គ្នាបានទទួលការយល់ដឹងខ្លះពីរឿងទាំងពីរនេះឬទេ? ជាបឋម តើរឿងទាំងពីរនេះប្លែកពីការពិភាក្សាពីមុនរបស់យើងអំពីក្ដីបារម្ភរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិឬទេ? តើមានការផ្សារភ្ជាប់ដែលជាប់ជាមួយឬទេ? តើពិតឬទេដែលថា នៅក្នុងរឿងទាំងពីរនេះ យើងមើលឃើញទង្វើរបស់ព្រះជាម្ចាស់ និងការពិចារណាយ៉ាងហ្មត់ចត់របស់ទ្រង់ចំពោះអ្វីគ្រប់យ៉ាងដែលទ្រង់បានរៀបចំសម្រាប់មនុស្សជាតិ? តើពិតឬទេដែលថា អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ និងអ្វីគ្រប់យ៉ាងដែលទ្រង់ព្រះតម្រិះសុទ្ធតែសម្រាប់ជាប្រយោជន៍ដល់អត្ថិភាពរបស់មនុស្សជាតិ? (ពិត។) តើគំនិត និងការពិចារណាយ៉ាងផ្ចិតផ្ចង់របស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិមិនជាក់ស្ដែងពេកទេឬ? មនុស្សជាតិមិនចាំបាច់ធ្វើអ្វីនោះទេ។ ព្រះជាម្ចាស់បានរៀបចំឱ្យមានខ្យល់សម្រាប់មនុស្ស (អ្វីដែលពួកគេត្រូវធ្វើគឺ គ្រាន់តែដកដង្ហើមប៉ុណ្ណោះ)។ បន្លែ និងផ្លែឈើដែលពួកគេបរិភោគ គឺមានស្រាប់។ ពីជើងទៅត្បូង ពីកើតទៅលិច តំបន់នីមួយៗមានធនធានធម្មជាតិផ្ទាល់របស់វា។ ដំណាំ ផ្លែឈើ និងបន្លែតាមតំបន់ផ្សេងៗគ្នា ត្រូវបានរៀបចំដោយព្រះជាម្ចាស់ទាំងអស់។ នៅក្នុងបរិស្ថានដែលកាន់តែអស្ចារ្យ ព្រះជាម្ចាស់បានធ្វើឱ្យរបស់សព្វសារពើពង្រឹងគ្នាទៅវិញទៅមក ពឹងផ្អែកគ្នាទៅវិញទៅមក បន្ថែមកម្លាំងឱ្យគ្នាទៅវិញទៅមក ទប់ទល់គ្នាទៅវិញទៅមក និងមានអត្ថិភាពជាមួយគ្នា។ នេះជាវិធីសាស្ត្រ និងច្បាប់របស់ទ្រង់ក្នុងការរក្សាការរស់រាន និងអត្ថិភាពរបស់របស់សព្វសារពើ តាមវិធីនេះ មនុស្សជាតិអាចធំលូតលាស់ដោយសុវត្ថិភាព និងស្ងប់ស្ងៀមនៅក្នុងបរិស្ថានរស់នៅនេះ ដើម្បីបង្កើតកូនចៅច្រើនឡើងពីមួយជំនាន់ទៅមួយជំនាន់រហូតមកដល់សព្វថ្ងៃនេះ។ និយាយឱ្យចំគឺថា ព្រះជាម្ចាស់នាំមកនូវតុល្យភាពដល់បរិស្ថានធម្មជាតិ។ បើព្រះជាម្ចាស់មិនមានអំណាចត្រួតត្រា និងគ្រប់គ្រងទេ នោះទោះបីជាបរិស្ថានត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ក៏ដោយ ក៏វានឹងហួសពីសមត្ថភាពរបស់គ្រប់គ្នាក្នុងការថែទាំ និងរក្សាឱ្យមានតុល្យភាពមិនខាន។ នៅកន្លែងខ្លះ គ្មានខ្យល់នោះទេ ហើយមនុស្សជាតិក៏មិនអាចរស់នៅកន្លែងបែបនោះដែរ។ ព្រះជាម្ចាស់មិនអនុញ្ញាតឱ្យអ្នកទៅកន្លែងទាំងនោះទេ។ ដូច្នេះ ចូរកុំទៅហួសពីព្រំដែនដែលសមស្រប។ នេះគឺសម្រាប់ការពារមនុស្សជាតិ ព្រោះមានអាថ៌កំបាំងនានានៅក្នុងនោះ។ ផ្នែកនីមួយៗនៃបរិស្ថាន បណ្ដោយ និងទទឹងរបស់ផែនដី គ្រប់សត្វនៅលើផែនដី (ទាំងរស់ទាំងស្លាប់) ត្រូវបានព្រះតម្រិះ និងរៀបចំទុកដោយព្រះជាម្ចាស់។ ហេតុអ្វីបានជាវត្ថុនេះចាំបាច់? ហេតុអ្វីបានជាវត្ថុនោះមិនចាំបាច់? តើអ្វីទៅជាគោលបំណងនៃការមានវត្ថុនេះនៅទីនេះ ហើយហេតុអ្វីបានជាវត្ថុនោះគួរតែនៅទីនោះ? ព្រះជាម្ចាស់បានព្រះតម្រិះរួចហើយនូវសំណួរទាំងអស់នេះ ហើយមិនចាំបាច់ឱ្យមនុស្សគិតអំពីពួកវាទៀតទេ។ មានមនុស្សឆោតល្ងង់មួយចំនួនដែលតែងតែគិតអំពីការរំកិលភ្នំ ប៉ុន្តែជំនួសឱ្យការធ្វើបែបនោះ ហេតុអ្វីក៏មិនរំកិលទៅកាន់វាលទំនាបតែម្ដងទៅ? បើអ្នកមិនចូលចិត្តភ្នំ ហេតុអ្វីបានជាអ្នករស់នៅជិតពួកវាធ្វើអ្វី? តើនោះមិនមែនឆោតល្ងង់ទេឬ? តើនឹងមានអ្វីកើតឡើងបើអ្នករំកិលភ្នំនោះ? ព្យុះកំបុតត្បូង និងរលកធំៗនឹងមក ហើយផ្ទះរបស់មនុស្សនឹងត្រូវបំផ្លាញ។ តើនេះមិនមែនជាភាពកំព្រើលទេឬ? មនុស្សមានសមត្ថភាពតែខាងបំផ្លាញប៉ុណ្ណោះ។ ពួកគេមិនទាំងអាចថែទាំកន្លែងតែមួយគត់ដែលពួកគេមានដើម្បីរស់នៅផង ប៉ុន្តែពួកគេបែរជាចង់ផ្គត់ផ្គង់ដល់របស់សព្វសារពើទៅវិញ។ នេះមិនអាចទៅរួចទេ។

ព្រះជាម្ចាស់អនុញ្ញាតឱ្យមនុស្សជាតិគ្រប់គ្រងរបស់សព្វសារពើ និងមានភាពជាម្ចាស់លើពួកវា ប៉ុន្តែតើមនុស្សធ្វើការបានល្អឬទេ? មនុស្សបំផ្លាញអ្វីគ្រប់យ៉ាងដែលអាចបំផ្លាញបាន។ ពួកគេមិនអាចសូម្បីតែរក្សាអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានបង្កើតសម្រាប់ពួកគេឱ្យនៅស្ថានភាពដូចដើមផង ប៉ុន្តែពួកគេបានធ្វើផ្ទុយស្រឡះ និងបានបំផ្លាញអ្វីៗដែលព្រះជាម្ចាស់បានបង្កើត។ មនុស្សជាតិបានរំកិលភ្នំ រានយកដីសមុទ្រ និងប្រែទំនាបទៅជាវាលខ្សាច់ដែលមនុស្សមិនអាចរស់នៅបាន។ ប៉ុន្តែនៅឯវាលខ្សាច់គឺថា មនុស្សបានធ្វើឧស្សាហកម្ម និងសង់មូលដ្ឋាននុយក្លេអ៊ែរ ដែលសាបព្រោះការបំផ្លាញគ្រប់ទីកន្លែង។ ឥឡូវនេះ ទន្លេលែងជាទន្លេ សមុទ្រលែងជាសមុទ្រទៀតហើយ...។ នៅពេលមនុស្សជាតិបានបំផ្លាញតុល្យភាពនៃបរិស្ថានធម្មជាតិ និងច្បាប់របស់វាហើយ នោះថ្ងៃអន្តរាយ និងការស្លាប់របស់ពួកគេនៅមិនយូរទៀតឡើយ វាចៀសមិនរួចនោះទេ។ នៅពេលដែលគ្រោះមហន្តរាយមកដល់ មនុស្សជាតិនឹងដឹងពីភាពមានតម្លៃនៃអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានបង្កើតសម្រាប់ពួកគេ និងភាពសំខាន់របស់ពួកវាចំពោះមនុស្សជាតិ។ សម្រាប់មនុស្ស ការរស់នៅក្នុងបរិស្ថានដែលមានខ្យល់ និងភ្លៀងដែលមកត្រូវពេលរបស់ពួកវា គឺប្រៀបដូចជាការរស់នៅលើស្ថានសួគ៌អ៊ីចឹងដែរ។ មនុស្សមិនដឹងថានេះជាព្រះពរទេ ប៉ុន្តែនៅពេលដែលពួកគេបាត់បង់ព្រះពរអស់ នោះពួកគេនឹងដឹងថាព្រះពរមានតម្លៃ និងកម្រយ៉ាងណា។ ហើយនៅពេលដែលព្រះពរបាត់បង់ទៅហើយ តើធ្វើដូចម្ដេចទើបបានមកវិញ? តើមនុស្សអាចធ្វើអ្វីបាន បើព្រះជាម្ចាស់គ្មានចេតនាបង្កើតព្រះពរម្តងទៀត? តើមានអ្វីដែលអ្នករាល់អ្នកអាចធ្វើបានទេ? តាមពិត មានកិច្ចការមួយចំនួនដែលអ្នកអាចធ្វើបាន។ វាសាមញ្ញណាស់ នៅពេលខ្ញុំមានបន្ទូលប្រាប់អ្នករាល់គ្នាថាវាជាអ្វី អ្នករាល់គ្នានឹងដឹងភ្លាមថាវាអាចធ្វើបាន។ តើយ៉ាងដូចម្ដេចបានជាមនុស្សធ្លាក់ក្នុងស្ថានភាពអត្ថិភាពបច្ចុប្បន្ននេះដោយមិនដឹងខ្លួន? តើវាដោយសារភាពលោភលន់ និងការបំផ្លាញរបស់ពួកគេមែនទេ? បើសិនជាមនុស្សបញ្ចប់ការបំផ្លាញនេះ តើបរិស្ថានរស់នៅរបស់ពួកគេនឹងមិនកែតម្រូវបន្តិចម្តងៗដោយខ្លួនវាទេឬ? បើព្រះជាម្ចាស់មិនធ្វើអ្វីសោះ បើព្រះជាម្ចាស់មិនសព្វព្រះហឫទ័យចង់ធ្វើអ្វីទៀតសម្រាប់មនុស្សជាតិ និយាយឱ្យចំគឺថា បើទ្រង់មិនធ្វើអន្តរាគមន៍នៅក្នុងបញ្ហានេះទេ នោះដំណោះស្រាយល្អបំផុតរបស់មនុស្ស គឺត្រូវផ្អាករាល់ការបំផ្លាញទាំងអស់ ហើយឱ្យបរិស្ថានរស់នៅរបស់ពួកគេត្រឡប់មកស្ថានភាពធម្មជាតិរបស់វាវិញ។ ការបញ្ចប់នូវរាល់ការបំផ្លាញនេះ មានន័យថាជាការបញ្ចប់នូវការលួចប្លន់ និងការបំផ្លិចបំផ្លាញអ្វីៗដែលព្រះជាម្ចាស់បានបង្កើតមក។ ការធ្វើដូច្នេះ នឹងធ្វើឱ្យបរិស្ថានដែលមនុស្សរស់នៅមានភាពប្រសើរឡើងវិញបន្តិចម្ដងៗ រីឯការបរាជ័យក្នុងការធ្វើដូច្នេះ នឹងនាំឱ្យមានបរិស្ថានកាន់តែគួរឱ្យស្អប់ខ្ពើមថែមទៀតសម្រាប់ជីវិត ដែលការបំផ្លាញនឹងកាន់តែលឿនឡើង។ តើដំណោះស្រាយរបស់ខ្ញុំសាមញ្ញឬទេ? វាសាមញ្ញ ហើយអាចធ្វើបាន មែនទេ? ពិតជាសាមញ្ញ និងអាចធ្វើបានសម្រាប់មនុស្សមួយចំនួន ប៉ុន្តែតើវាអាចធ្វើបានដោយមនុស្សភាគច្រើនសន្ធឹកសន្ធាប់នៅលើផែនដីឬទេ? (មិនអាចទេ។) យ៉ាងហោចណាស់ សម្រាប់អ្នករាល់គ្នា តើអាចធ្វើបានឬទេ? (បាន។) តើអ្វីធ្វើឱ្យអ្នករាល់គ្នានិយាយថា «បាន»? តើអាចនិយាយបានថា វាចេញមកពីគ្រឹះនៃការយល់ដឹងអំពីទង្វើរបស់ព្រះជាម្ចាស់ឬទេ? តើអាចនិយាយបានទេថា លក្ខខណ្ឌរបស់វាគឺជាការស្ដាប់បង្គាប់តាមផែនការ និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់? (បាន។) មានវិធីមួយដើម្បីផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាង ប៉ុន្តែនោះមិនមែនជាប្រធានបទដែលយើងកំពុងពិភាក្សាឥឡូវនេះទេ។ ព្រះជាម្ចាស់ជាអ្នកទទួលខុសត្រូវចំពោះរាល់ជីវិតមនុស្សម្នាក់ៗ ហើយទ្រង់ជាអ្នកទទួលខុសត្រូវរហូតដល់ចុងបញ្ចប់។ ព្រះជាម្ចាស់ផ្គត់ផ្គង់ដល់អ្នក ហើយទោះបីជានៅក្នុងបរិស្ថានដែលត្រូវបំផ្លាញដោយសាតាំងនេះ អ្នកត្រូវបានធ្វើឱ្យឈឺ ឬរងការបំពុល ឬការបំពានក៏ដោយ ក៏វាគ្មានបញ្ហាដែរ (ព្រះជាម្ចាស់នឹងផ្គត់ផ្គង់ដល់អ្នក ហើយព្រះជាម្ចាស់នឹងអនុញ្ញាតឱ្យអ្នករស់បន្ត)។ អ្នកគួរមានសេចក្ដីជំនឿក្នុងរឿងនេះ។ ព្រះជាម្ចាស់នឹងមិនឱ្យមនុស្សស្លាប់ដោយងាយៗទេ។

តើឥឡូវនេះអ្នករាល់គ្នាចាប់ផ្ដើមមានអារម្មណ៍ដឹងពីសារៈសំខាន់នៃការទទួលស្គាល់ថា «ព្រះជាម្ចាស់គឺជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ» ហើយឬនៅ? (ពួកយើងខ្ញុំបានដឹងហើយ។) តើអ្នករាល់គ្នាមានអារម្មណ៍ដូចម្តេចខ្លះ? ចូរប្រាប់ខ្ញុំមក។ (កាលពីមុន យើងមិនដែលគិតចង់ផ្សារភ្ជាប់ភ្នំ សមុទ្រ និងបឹងបួរជាមួយនឹងសកម្មភាពរបស់ព្រះជាម្ចាស់ទេ។ រហូតទាល់តែដល់ពេលស្ដាប់ការប្រកបរបស់ព្រះជាម្ចាស់នៅថ្ងៃនេះ ទើបយើងបានយល់ថា អ្វីៗទាំងនេះមានទង្វើ និងប្រាជ្ញាញាណរបស់ព្រះជាម្ចាស់នៅក្នុងពួកវា ហើយយើងឃើញថា សូម្បីតែពេលដែលព្រះជាម្ចាស់ចាប់ផ្ដើមបង្កើតរបស់សព្វសារពើ ក៏ទ្រង់បានបំពេញភាវៈនីមួយៗរួចជាស្រេចដោយវាសនា និងសុឆន្ទៈរបស់ទ្រង់។ របស់សព្វសារពើពង្រឹងគ្នា និងពឹងផ្អែកគ្នាទៅវិញទៅមក ហើយមនុស្សជាតិជាអ្នកទទួលផលប្រយោជន៍ចុងក្រោយ។ អ្វីដែលយើងបានឮនៅថ្ងៃនេះ វាមានអារម្មណ៍ថាថ្មីនិងប្លែកណាស់ ដោយយើងមានអារម្មណ៍ថា សកម្មភាពរបស់ព្រះជាម្ចាស់អីក៏ជាក់ស្ដែងម្ល៉េះ។ ក្នុងពិភពជាក់ស្ដែង ក្នុងជីវិតប្រចាំថ្ងៃរបស់យើង និងនៅក្នុងការជួបប្រទះរបស់យើងជាមួយនឹងរបស់សព្វសារពើ យើងឃើញថាវាដូច្នេះមែន។) អ្នកពិតជាបានឃើញ មែនទេ? ព្រះជាម្ចាស់មិនផ្គត់ផ្គង់ដល់មនុស្សជាតិដោយគ្មានគ្រឹះរឹងមាំឡើយ ការផ្គត់ផ្គង់របស់ទ្រង់មិនមែនត្រឹមតែជាព្រះបន្ទូលខ្លីៗពីរបីម៉ាត់នោះទេ។ ព្រះជាម្ចាស់បានធ្វើអ្វីៗជាច្រើន ហើយសូម្បីតែអ្វីៗដែលអ្នកមើលមិនឃើញក៏សុទ្ធតែសម្រាប់ជាប្រយោជន៍ដល់អ្នកដែរ។ មនុស្សរស់នៅក្នុងបរិស្ថាននេះ នៅក្នុងក្របខណ្ឌនៃរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតសម្រាប់ពួកគេ ជាកន្លែងដែលមនុស្ស និងរបស់សព្វសារពើពឹងផ្អែកគ្នាទៅវិញទៅមក។ ឧទាហរណ៍ រុក្ខជាតិបញ្ចេញឧស្ម័នដែលបន្សុទ្ធខ្យល់ ឯមនុស្សដកដង្ហើមស្រូបយកខ្យល់ដែលបានបន្សុទ្ធ និងទទួលប្រយោជន៍ពីវា។ ប៉ុន្តែរុក្ខជាតិមួយចំនួនពុលចំពោះមនុស្ស ខណៈរុក្ខជាតិផ្សេងទៀតទប់ទល់នឹងរុក្ខជាតិដែលពុល។ នេះជាភាពអស្ចារ្យនៃការបង្កើតរបស់ព្រះជាម្ចាស់! ប៉ុន្តែឥឡូវនេះ ចូរយើងទុកប្រធានបទនេះមួយឡែកសិន ហើយថ្ងៃនេះ ការពិភាក្សារបស់យើងជាចម្បងគឺអំពីសហត្ថិភាពរវាងមនុស្ស និងការបង្កើតផ្សេងៗទៀត ហើយបើសិនជាគ្មានពួកវាទេ មនុស្សមិនអាចរស់នៅបានឡើយ។ តើអ្វីទៅជាសារៈសំខាន់នៃការបង្កើតរបស់សព្វសារពើដោយព្រះជាម្ចាស់? មនុស្សមិនអាចរស់នៅបានដោយគ្មានការបង្កើតផ្សេងទៀតទេ ដូចជាមនុស្សត្រូវការខ្យល់ដើម្បីរស់ជាដើម បើអ្នកត្រូវគេដាក់នៅកន្លែងដែលគ្មានខ្យល់ អ្នកនឹងស្លាប់ភ្លាម។ នេះជាគោលការណ៍ដ៏សាមញ្ញបំផុតដែលបង្ហាញថា មនុស្សមិនអាចមានអត្ថិភាពដាច់ដោយឡែកពីអ្វីៗផ្សេងទៀតដែលបានបង្កើតមកនោះទេ។ ដូច្នេះ តើមនុស្សគួរតែមានអាកប្បកិរិយាបែបណាចំពោះរបស់សព្វសារពើ? អ្នកដែលឱ្យតម្លៃខ្ពស់ដល់ពួកវា ការពារពួកវា ប្រើប្រាស់ពួកវាប្រកបដោយប្រសិទ្ធភាព មិនបំផ្លាញពួកវា មិនខ្ជះខ្ជាយពួកវា និងមិនផ្លាស់ប្ដូរពួកវាតាមតែអំពើចិត្តនោះទេ ដ្បិតរបស់សព្វសារពើបានមកពីព្រះជាម្ចាស់ របស់សព្វសារពើជាការផ្គត់ផ្គង់របស់ទ្រង់ដល់មនុស្សជាតិ ហើយមនុស្សជាតិត្រូវតែប្រព្រឹត្តចំពោះពួកវាដោយមានមនសិការ។ ថ្ងៃនេះ យើងបានពិភាក្សាគ្នាអំពីប្រធានបទទាំងពីរនេះ។ សូមពិចារណា និងសញ្ជឹងគិតអំពីប្រធានបទទាំងនោះឱ្យបានល្អ។ លើកក្រោយ យើងនឹងពិភាក្សាគ្នាពីអ្វីៗដែលលម្អិតជាងនេះ។ សូមបញ្ចប់ការជួបជុំគ្នានៅថ្ងៃនេះ។ សូមជម្រាបលា!

ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤

ខាង​ដើម៖ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI

បន្ទាប់៖ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VIII

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ