ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា

កាលដើមដំបូងឡើយ ព្រះជាម្ចាស់បានគង់ក្នុងសេចក្ដីសម្រាក។ នៅពេលនោះ ពុំមានមនុស្សលោក ឬអ្វីផ្សេងទៀតនៅលើផែនដីនេះទេ ហើយព្រះជាម្ចាស់ក៏មិនទាន់បានបំពេញកិច្ចការអ្វីនៅឡើយដែរ។ ទ្រង់ទើបតែបានចាប់ផ្ដើមកិច្ចការគ្រប់គ្រងរបស់ទ្រង់ នៅពេលដែលចាប់ផ្ដើមមានមនុស្សជាតិ និងបន្ទាប់ពីមនុស្សជាតិត្រូវបានធ្វើឱ្យពុករលួយប៉ុណ្ណោះ។ ចាប់ពីពេលនោះមក ទ្រង់លែងបានសម្រាកទៀតហើយ តែបែរជាចាប់ផ្ដើមរវល់ជាមួយមនុស្សជាតិដោយផ្ទាល់ព្រះអង្គទ្រង់វិញ។ នេះគឺដោយសារសេចក្ដីពុករលួយរបស់មនុស្សជាតិ និងដោយសារការបះបោររបស់មហាទេវតានេះហើយ ទើបព្រះជាម្ចាស់បាត់បង់សេចក្ដីសម្រាករបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់ ពុំយកឈ្នះលើសាតាំង និងសង្គ្រោះមនុស្សជាតិដែលបានពុករលួយទេ នោះទ្រង់នឹងមិនអាចយាងចូលទៅក្នុងសេចក្ដីសម្រាកសារជាថ្មីបានឡើយ។ ដោយសារមនុស្សខ្វះនូវសេចក្ដីសម្រាក ដូច្នេះព្រះជាម្ចាស់ក៏ខ្វះនូវសេចក្ដីសម្រាកដែរ ហើយនៅពេលទ្រង់ចូលទៅក្នុងសេចក្ដីសម្រាកម្ដងទៀត នោះមនុស្សលោកក៏នឹងបានសម្រាកម្ដងទៀតដែរ។ ការរស់នៅក្នុងសេចក្ដីសម្រាក សំដៅលើជីវិតមួយដែលគ្មានចម្បាំង គ្មានភាពស្មោកគ្រោក និងគ្មានការតតាំងជាមួយសេចក្ដីទុច្ចរិត។ មានន័យថា ជីវិតនេះ គឺជាជីវិតមួយដែលគ្មានការរំខានពីសាតាំង (ក្នុងន័យនេះ «សាតាំង» សំដៅលើអំណាចសត្រូវ) និងសេចក្ដីពុករលួយរបស់សាតាំង ហើយជីវិតនេះនឹងមិនរងនូវការឈ្លានពានពីអំណាចណាមួយដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ឡើយ។ គឺជាជីវិតមួយដែលគ្រប់សព្វសារពើទាំងអស់ ដើរតាមប្រភេទរៀងៗខ្លួន និងអាចថ្វាយបង្គំព្រះអម្ចាស់ដែលបង្កើតសព្វសារពើបាន ហើយស្ថានសួគ៌និងផែនដី មានសភាពស្ងប់ស្ងាត់ទាំងស្រុង។ នេះគឺជាអត្ថន័យពាក្យថា «ជីវិតស្រាកស្រាន្តរបស់មនុស្ស»។ នៅពេលដែលព្រះជាម្ចាស់សម្រាក សេចក្ដីទុច្ចរិតនឹងលែងមាននៅលើផែនដីនេះទៀតហើយ ហើយក៏លែងមានការឈ្លានពានបន្ថែមទៀតពីអំណាចសត្រូវដែរ ហើយមនុស្សជាតិនឹងចូលទៅក្នុងពិភពថ្មីមួយ គេលែងជាមនុស្សជាតិដែលត្រូវសាតាំងធ្វើឱ្យពុករលួយទៀតហើយ ប៉ុន្តែផ្ទុយទៅវិញ ជាមនុស្សជាតិដែលត្រូវបានសង្គ្រោះ ក្រោយពីត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ ថ្ងៃសម្រាករបស់មនុស្សជាតិ ក៏នឹងក្លាយជាថ្ងៃសម្រាករបស់ព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់បានបាត់បង់សេចក្ដីសម្រាករបស់ទ្រង់ដោយសារមនុស្សជាតិមិនអាចចូលទៅក្នុងសេចក្ដីសម្រាកបាន មិនមែនដោយសារទ្រង់មិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានតាំងពីដើមមកនោះទេ។ ការចូលទៅក្នុងសេចក្ដីសម្រាកពុំមានន័យថា អ្វីគ្រប់សព្វសារពើឈប់កម្រើក ឬឈប់វិវឌ្ឍនោះទេ ហើយវាក៏មិនមានន័យថា ព្រះជាម្ចាស់ឈប់បំពេញកិច្ចការ ឬមានន័យថា មនុស្សឈប់រស់នៅដែរ។ ទីសម្គាល់នៃការចូលទៅក្នុងសេចក្ដីសម្រាក គឺនៅពេលដែលសាតាំងត្រូវបានបំផ្លាញ នៅពេលដែលមនុស្សទុច្ចរិតដែលចូលដៃជើងក្នុងការប្រព្រឹត្តអំពើអាក្រក់របស់វា ត្រូវបានដាក់ទោស និងត្រូវកម្ចាត់ចោល និងនៅពេលដែលគ្រប់អំណាចទាំងអស់ដែលទទឹងនឹងព្រះជាម្ចាស់លែងកើតមាន។ ព្រះជាម្ចាស់ដែលយាងចូលទៅក្នុងសេចក្ដីសម្រាក សំដៅលើថា ទ្រង់នឹងលែងបំពេញកិច្ចការរបស់ទ្រង់ក្នុងសេចក្ដីសង្គ្រោះមនុស្សលោកទៀត។ មនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាក មានន័យថា មនុស្សជាតិទាំងមូលនឹងរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់ និងរស់នៅក្រោមព្រះពររបស់ទ្រង់ គ្មានសេចក្ដីពុករលួយរបស់សាតាំង ហើយសេចក្ដីទុច្ចរិតក៏នឹងលែងកើតមានទៀត។ ស្ថិតក្រោមការថែទាំរបស់ព្រះជាម្ចាស់ មនុស្សលោកនឹងរស់នៅតាមធម្មតានៅលើផែនដី។ នៅពេលដែលព្រះជាម្ចាស់ និងមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា មានន័យថា មនុស្សជាតិត្រូវបានសង្គ្រោះ ហើយសាតាំងត្រូវបានបំផ្លាញ ហើយកិច្ចការរបស់ព្រះជាម្ចាស់ចំពោះមនុស្ស គឺមានលក្ខណៈពេញលេញទាំងស្រុង។ ព្រះជាម្ចាស់នឹងលែងបន្តបំពេញកិច្ចការចំពោះមនុស្សលោក ហើយពួកគេនឹងលែងរស់នៅក្រោមដែនត្រួតត្រារបស់សាតាំងទៀត។ ដូច្នេះ ព្រះជាម្ចាស់នឹងលែងជាប់រវល់ទៀត ហើយមនុស្សនឹងលែងត្រូវដើរឥតឈប់ទៀតហើយ។ ព្រះជាម្ចាស់និងមនុស្សជាតិ នឹងចូលទៅក្នុងសេចក្ដីសម្រាកក្នុងពេលជាមួយគ្នា។ ព្រះជាម្ចាស់នឹងត្រឡប់ទៅកាន់កន្លែងដើមរបស់ទ្រង់វិញ ហើយមនុស្សម្នាក់ៗនឹងត្រូវត្រឡប់ទៅកន្លែងរបស់គេរៀងៗខ្លួនវិញ។ ទាំងអស់នេះ គឺជាទិសដៅដែលព្រះជាម្ចាស់និងមនុស្សលោកនឹងត្រូវរស់នៅ នៅពេលការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់។ ព្រះជាម្ចាស់មានទិសដៅរបស់ទ្រង់ ហើយមនុស្សជាតិមានទិសដៅរបស់មនុស្សជាតិ។ នៅពេលកំពុងសម្រាក ព្រះជាម្ចាស់នឹងបន្តដឹកនាំមនុស្សលោកទាំងអស់នៅក្នុងជីវិតរស់នៅរបស់ពួកគេនៅលើផែនដី ហើយនៅពេលស្ថិតក្នុងពន្លឺរបស់ទ្រង់ពួកគេនឹងថ្វាយបង្គំព្រះជាម្ចាស់ដ៏ពិតតែមួយអង្គគត់នៅលើស្ថានសួគ៌។ ព្រះជាម្ចាស់នឹងលែងរស់នៅក្នុងចំណោមមនុស្សលោក ហើយមនុស្សលោកក៏នឹងលែងអាចរស់នៅជាមួយព្រះជាម្ចាស់នៅក្នុងទិសដៅរបស់ទ្រង់ទៀតបានដែរ។ ព្រះជាម្ចាស់និងមនុស្សលោក មិនអាចរស់នៅក្នុងពិភពដូចគ្នាបានទេ ក៏ប៉ុន្តែទាំងព្រះជាម្ចាស់និងមនុស្សលោក មានលក្ខណៈនៃការរស់នៅរៀងៗខ្លួន។ ព្រះជាម្ចាស់ គឺជាព្រះដែលដឹកនាំមនុស្សជាតិទាំងអស់ ហើយគ្រប់មនុស្សជាតិទាំងអស់ គឺជាការបង្ហាញឱ្យឃើញច្បាស់អំពីកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ មនុស្សលោក គឺជាមនុស្សដែលត្រូវព្រះជាម្ចាស់ដឹកនាំនិងគ្មានសារជាតិដូចព្រះជាម្ចាស់ឡើយ។ «សម្រាក» មានន័យថា ត្រឡប់ទៅកាន់កន្លែងដើមរៀងៗខ្លួនវិញ។ ហេតុនេះ នៅពេលដែលព្រះជាម្ចាស់យាងចូលទៅក្នុងសេចក្ដីសម្រាក មានន័យថា ទ្រង់បានយាងត្រឡប់ទៅកាន់កន្លែងដើមរបស់ទ្រង់វិញហើយ។ ទ្រង់នឹងលែងរស់នៅលើផែនដីនេះ ឬគង់ក្នុងចំណោមមនុស្សជាតិ ដើម្បីរួមចំណែកក្នុងភាពសប្បាយរីករាយ និងទុក្ខសោករបស់ពួកគេទៀតហើយ។ នៅពេលដែលមនុស្សចូលទៅក្នុងសេចក្ដីសម្រាក មានន័យថា ពួកគេបានក្លាយជារបស់ពិតប្រាកដនៃការបង្កើតសព្វសារពើមក។ ពួកគេនឹងថ្វាយបង្គំព្រះជាម្ចាស់ពីផែនដីនេះ និងរស់នៅក្នុងជីវិតជាមនុស្សសាមញ្ញធម្មតា។ មនុស្សនឹងលែងរឹងចចេសនឹងព្រះជាម្ចាស់ ឬលែងប្រឆាំងនឹងទ្រង់ទៀតហើយ ហើយគេនឹងត្រូវត្រឡប់ទៅកាន់ជីវិតដើមរបស់អ័ដាម និងអេវ៉ាវិញ។ ទាំងអស់នេះ នឹងក្លាយជាជីវិត និងជាទិសដៅរៀងៗខ្លួនរបស់ព្រះជាម្ចាស់និងមនុស្សលោក បន្ទាប់ពីព្រះជាម្ចាស់និងមនុស្សលោកចូលទៅក្នុងសេចក្ដីសម្រាក។ ការបរាជ័យរបស់សាតាំង គឺជារឿងដែលមិនអាចគេចផុតបាន នៅក្នុងសង្គ្រាមរវាងសាតាំងនឹងព្រះជាម្ចាស់។ ដូច្នេះ ការចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះជាម្ចាស់ ក្រោយពីបញ្ចប់កិច្ចការគ្រប់គ្រងរបស់ទ្រង់ និងបញ្ចប់ការសង្គ្រោះមនុស្សជាតិទាំងស្រុង រួចចូលទៅក្នុងសេចក្ដីសម្រាក ក៏បានក្លាយជារឿងដែលមិនអាចគេចផុតដូចគ្នាដែរ។ កន្លែងសម្រាករបស់មនុស្សជាតិគឺនៅលើផែនដី ហើយកន្លែងសម្រាករបស់ព្រះជាម្ចាស់ គឺនៅឯស្ថានសួគ៌។ ពេលមនុស្សលោកថ្វាយបង្គំព្រះជាម្ចាស់ក្នុងសេចក្ដីសម្រាក ពួកគេនឹងរស់នៅលើផែនដីនេះ ហើយពេលព្រះជាម្ចាស់ដឹកនាំមនុស្សជាតិ ដែលនៅសេសសល់ក្នុងសេចក្ដីសម្រាក ទ្រង់នឹងដឹកនាំពួកគេពីស្ថានសួគ៌ មិនមែនពីផែនដីឡើយ។ ព្រះជាម្ចាស់នឹងនៅតែជាព្រះវិញ្ញាណដដែល ចំណែកមនុស្សនឹងនៅតែជាសាច់ឈាមដដែល។ ព្រះជាម្ចាស់ និងមនុស្សលោក សម្រាកក្នុងលក្ខណៈខុសគ្នា។ នៅពេលដែលព្រះជាម្ចាស់សម្រាក ទ្រង់នឹងយាងយក ហើយលេចឡើងក្នុងចំណោមមនុស្សលោក។ នៅពេលដែលមនុស្សលោកសម្រាក ព្រះជាម្ចាស់នឹងដឹកនាំពួកគេទៅលេងស្ថានសួគ៌ក៏ដូចជាទៅត្រេកអរ សប្បាយនឹងជីវិតនៅទីនោះផងដែរ។ បន្ទាប់ពីព្រះជាម្ចាស់ និងមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាក សាតាំងនឹងលែងកើតមានទៀតហើយ។ ដូចគ្នានេះដែរ មនុស្សទុច្ចរិតទាំងនោះ ក៏នឹងលែងមានវត្តមាននៅលើផែនដីនេះទៀតដែរ។ នៅមុនពេលដែលព្រះជាម្ចាស់ និងមនុស្សជាតិសម្រាក មនុស្សទុច្ចរិតដែលធ្លាប់បានបៀតបៀនព្រះជាម្ចាស់នៅលើផែនដី ក៏ដូចជាសត្រូវដែលរឹងចចេសនឹងទ្រង់នៅលើផែនដីនេះ នឹងត្រូវបានបំផ្លាញរួចជាស្រេចហើយ។ ពួកគេនឹងត្រូវកម្ចាត់ចោលដោយគ្រោះមហន្តរាយយ៉ាងធំក្រៃលែងនៅគ្រាចុងក្រោយ។ នៅពេលដែលមនុស្សទុច្ចរិតទាំងនោះត្រូវវិនាសសាបសូន្យទាំងស្រុង ផែនដីនឹងលែងស្គាល់នូវការយាយីរបស់សាតាំងជាថ្មីទៀតហើយ។ ទាល់តែពេលនោះ ទើបមនុស្សជាតិនឹងទទួលបាននូវសេចក្ដីសង្គ្រោះទាំងស្រុង ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏នឹងត្រូវបញ្ចប់ដោយទាំងស្រុងផងដែរ។ ទាំងនេះ គឺជាលក្ខខណ្ឌតម្រូវទុកមុន សម្រាប់ឱ្យព្រះជាម្ចាស់ និងមនុស្សជាតិ ចូលទៅក្នុងសេចក្ដីសម្រាក។

ការខិតចូលទៅរកទីបញ្ចប់នៃគ្រប់សារពើទាំងអស់ បង្ហាញពីការបង្ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏ដូចជាទីបញ្ចប់នៃការវិវឌ្ឍរបស់មនុស្សជាតិដែរ។ នេះមានន័យថាមនុស្សដែលត្រូវសាតាំងធ្វើឱ្យខូចអាក្រក់ នឹងបានឈានចូលដល់ដំណាក់កាលវិវឌ្ឍចុងក្រោយបង្អស់របស់ពួកគេ ហើយកូនចៅរបស់អ័ដាម និងអេវ៉ា នឹងត្រូវបានបញ្ចប់ការបន្តពូជពង្សរបស់ពួកគេដែរ។ វាក៏មានន័យថា មនុស្សជាតិដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយបែបនេះ នឹងមិនអាចបន្តការវិវឌ្ឍទៅមុខទៀតបានឡើយ។ កាលដើមដំបូងឡើយ អ័ដាមនិងអេវ៉ា មិនត្រូវបានធ្វើឱ្យពុករលួយនោះទេ ប៉ុន្តែអ័ដាមនិងអេវ៉ា ដែលត្រូវបណ្ដេញចេញពីសួនច្បារអេដែន ត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ នៅពេលដែលព្រះជាម្ចាស់និងមនុស្សលោក ចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា ចុងក្រោយ អ័ដាមនិងអេវ៉ា (ដែលត្រូវបានបណ្តេញចេញសួនច្បារអេដែន) និងកូនចៅរបស់ពួកគេ នឹងចូលមកដល់ទីបញ្ចប់។ មនុស្សជាតិនាថ្ងៃអនាគត នឹងនៅតែមានកូនចៅរបស់អ័ដាមនិងអេវ៉ាដដែល ប៉ុន្តែពួកគេនឹងមិនមែនជាមនុស្សដែលរស់នៅក្រោមដែនត្រួតត្រារបស់សាតាំងទៀតឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងក្លាយជាមនុស្សដែលត្រូវបានសង្គ្រោះ និងបន្សុទ្ធវិញ។ គេនឹងក្លាយជាមនុស្សជាតិ ដែលត្រូវបានជំនុំជម្រះ និងវាយផ្ចាល ហើយជាមនុស្សដែលបរិសុទ្ធ។ មនុស្សទាំងអស់នេះនឹងមិនមែនជាអំបូរមនុស្សដូចកាលពីដើមដំបូងឡើយ។ សឹងតែអាចនិយាយបានថា ពួកគេនឹងខុសគ្នាទាំងស្រុង ពីប្រភេទមនុស្សជាតិនៃអំបូររបស់អ័ដាម និងអេវ៉ាកាលពីដើមដំបូង។ មនុស្សទាំងនេះ នឹងត្រូវបានជ្រើសរើសចេញពីក្នុងចំណោមអ្នកដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ ហើយពួកគេនឹងក្លាយជាមនុស្សដែលឈរមាំដល់ទីបញ្ចប់ ក្នុងអំឡុងពេលនៃការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់។ ពួកគេនឹងក្លាយជាក្រុមមនុស្សដែលនៅសេសសល់ចុងក្រោយគេបង្អស់ ក្នុងចំណោមមនុស្សជាតិដែលពុករលួយ។ មានតែមនុស្សទាំងនេះទេ ដែលនឹងអាចចូលទៅក្នុងសេចក្ដីសម្រាកនៅពេលចុងក្រោយជាមួយព្រះជាម្ចាស់។ អ្នកណាដែលអាចឈរមាំដល់ទីបញ្ចប់ក្នុងអំឡុងពេលនៃកិច្ចការជំនុំជម្រះ និងកិច្ចការនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់ ក្នុងអំឡុងគ្រាចុងក្រោយ ពោលគឺ ក្នុងអំឡុងកិច្ចការនៃការបន្សុទ្ធលើកចុងក្រោយ នឹងក្លាយជាមនុស្សដែលនឹងត្រូវចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយជាមួយព្រះជាម្ចាស់។ ដូច្នេះ អ្នកណាដែលចូលទៅក្នុងសេចក្ដីសម្រាក នឹងត្រូវផ្ដាច់ចេញពីឥទ្ធិពលរបស់សាតាំង ហើយត្រូវព្រះជាម្ចាស់ទទួលយក បន្ទាប់ពីបានឆ្លងកាត់កិច្ចការនៃការបន្សុទ្ធលើកចុងក្រោយរបស់ទ្រង់។ មនុស្សលោកទាំងអស់នេះដែលចុងក្រោយត្រូវព្រះជាម្ចាស់ទទួលយកនោះ នឹងចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយ។ គោលបំណងនៃកិច្ចការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ គឺមានន័យសំខាន់ដើម្បីបន្សុទ្ធមនុស្សជាតិ ដើម្បីជាប្រយោជន៍នៃការសម្រាកនៅទីចុងបំផុត។ គ្មានមនុស្សជាតិណាម្នាក់អាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទខុសៗគ្នា ឬចូលទៅក្នុងសេចក្ដីសម្រាក ដោយគ្មានការសម្អាតឱ្យបានស្អាតបែបនេះបានឡើយ។ កិច្ចការនេះ គឺជាផ្លូវតែមួយគត់សម្រាប់ឱ្យមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាកបាន។ មានតែកិច្ចការនៃការបន្សុទ្ធរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបបន្សុទ្ធសេចក្ដីទុច្ចរិតរបស់មនុស្សលោកឱ្យបានស្អាត ហើយមានតែកិច្ចការនៃការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ ទើបនាំពន្លឺទៅដល់មនុស្សជាតិដែលមានចរិតរឹងចចេសបាន ដោយញែកអ្នកដែលអាចត្រូវបានសង្គ្រោះ ចេញពីអ្នកដែលមិនអាចត្រូវបានសង្គ្រោះ ហើយញែកអ្នកដែលនឹងត្រូវបន្តរស់នៅ ចេញពីអ្នកដែលនឹងមិនត្រូវបន្តរស់នៅ។ នៅពេលដែលកិច្ចការនេះត្រូវបានបញ្ចប់ អស់អ្នកណាដែលត្រូវអនុញ្ញាតឱ្យបន្តរស់នៅ នឹងត្រូវបន្សុទ្ធ និងចូលទៅក្នុងសភាពកាន់តែឧត្ដុង្គឧត្ដមរបស់មនុស្សជាតិ ដែលឱ្យពួកគេត្រេកអរសប្បាយនឹងជីវិតទីពីរដ៏អស្ចារ្យរបស់មនុស្សលោក នៅលើផែនដីនេះ។ និយាយឱ្យចំទៅ ពួកគេនឹងចាប់ផ្ដើមថ្ងៃសម្រាករបស់មនុស្សលោក និងរស់នៅព្រមគ្នាជាមួយព្រះជាម្ចាស់។ ក្រោយពេលដែលអស់អ្នកដែលមិនត្រូវអនុញ្ញាតឱ្យបន្តរស់នៅ ត្រូវបានវាយផ្ចាល និងជំនុំជម្រះរួច ចរិតពិតប្រាកដរបស់ពួកគេនឹងត្រូវបង្ហាញឱ្យឃើញទាំងស្រុង ក្រោយពីនោះមក ពួកគេនឹងត្រូវបំផ្លាញចោល ហើយពួកគេនឹងលែងទទួលបានការអនុញ្ញតឱ្យរស់នៅលើផែនដីនេះតទៅទៀត ដូចសាតាំងដែរ។ មនុស្សជាតិនាពេលអនាគត នឹងលែងរាប់បញ្ចូលមនុស្សប្រភេទនេះទៀតហើយ។ មនុស្សបែបនេះ មិនស័ក្ដិសមចូលទៅក្នុងទឹកដីនៃសេចក្ដីសម្រាកចុងក្រោយឡើយ ហើយពួកគេក៏មិនស័ក្តិសមនឹងមានថ្ងៃសម្រាកដែលព្រះជាម្ចាស់ និងមនុស្សជាតិត្រូវមានរួមគ្នាដែរ ដ្បិតពួកគេជាគោលដៅនៃការដាក់ទោស និងជាមនុស្សអាក្រក់ មនុស្សទុច្ចរិត។ ពួកគេត្រូវបានប្រោសលោះម្ដងរួចមកហើយ ហើយពួកគេក៏ធ្លាប់ត្រូវបានជំនុំជម្រះ និងវាយផ្ចាលរួចផងដែរ។ ពួកគេក៏ធ្លាប់បានបម្រើព្រះជាម្ចាស់ពីមុនមកទៀតផង។ ក៏ប៉ុន្តែ នៅពេលដែលគ្រាចុងក្រោយបានចូលមកដល់ ពួកគេនឹងត្រូវផាត់ចោល និងបំផ្លាញចោល ដោយសារសេចក្ដីអាក្រក់ និងចរិតរឹងចចេសរបស់ពួកគេ និងដោយសារពួកគេគ្មានសមត្ថភាពទទួលបាននូវការប្រោសលោះ។ ពួកគេនឹងលែងអាចមកចាប់ជាតិជាថ្មី នៅក្នុងពិភពលោកនាពេលអនាគត ហើយនឹងលែងបានរស់នៅក្នុងចំណោមអំបូរមនុស្សនាពេលអនាគតទៀតហើយ។ អ្នកប្រព្រឹត្តអាក្រក់ទាំងអស់ និងអស់អ្នកណាដែលមិនត្រូវបានសង្គ្រោះនឹងត្រូវបំផ្លាញចោល នៅពេលដែលពួកបរិសុទ្ធនៅក្នុងចំណោមមនុស្សលោក បានចូលទៅក្នុងសេចក្ដីសម្រាក ទោះបីពួកគេជាវិញ្ញាណរបស់មនុស្សស្លាប់ ឬជាមនុស្សដែលកំពុងរស់នៅជាសាច់ឈាមនៅឡើយក៏ដោយ។ និយាយពីវិញ្ញាណអាក្រក់ និងមនុស្សលោកដែលប្រព្រឹត្តអំពើអាក្រក់ ឬវិញ្ញាណនៃមនុស្សសុចរិត និងមនុស្សដែលប្រព្រឹត្តអំពើសុចរិត មិនថាពួកគេរស់នៅក្នុងយុគសម័យណានោះទេ អ្នកណាដែលប្រព្រឹត្តអាក្រក់ ចុងក្រោយនឹងត្រូវបំផ្លាញចោល ហើយអ្នកណាដែលសុចរិតនឹងនៅរស់រាន។ បុគ្គលម្នាក់ ឬវិញ្ញាណមួយ អាចនឹងទទួលបាននូវសេចក្ដីសង្គ្រោះ ឬអត់នោះ គឺមិនមែនសម្រេចទាំងស្រុងលើមូលដ្ឋាននៃកិច្ចការនៅយុគសម័យចុងក្រោយឡើយ។ ផ្ទុយទៅវិញ គឺត្រូវកំណត់ត្រង់ថា តើពួកគេបានប្រឆាំង ឬធ្លាប់រឹងចចេសដាក់ព្រះជាម្ចាស់ដែរឬអត់។ មនុស្សកាលពីសម័យមុន ដែលបានប្រព្រឹត្តអំពើបាប និងមិនអាចទទួលបាននូវសេចក្ដីសង្គ្រោះ នឹងក្លាយជាគោលដៅនៃការដាក់ទោសច្បាស់ណាស់ ហើយមនុស្សនៅក្នុងសម័យបច្ចុប្បន្ន ដែលប្រព្រឹត្តអាក្រក់ និងមិនអាចទទួលបានការសង្គ្រោះ ក៏នឹងក្លាយជាគោលដៅនៃការដាក់ទោសយ៉ាងប្រាកដដែរ។ មនុស្សលោកត្រូវបានបែងចែកប្រភេទទៅតាមមូលដ្ឋាននៃអំពើល្អនិងអាក្រក់ មិនមែនទៅតាមសម័យកាលដែលពួកគេរស់នៅឡើយ។ នៅពេលណាដែលពួកគេត្រូវបានចាត់ថ្នាក់ក្នុងលក្ខណៈនេះរួចហើយ ពួកគេនឹងមិនត្រូវដាក់ទោស ឬប្រទានរង្វាន់ភ្លាមៗនោះទេ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់នឹងគ្រាន់តែបំពេញកិច្ចការរបស់ទ្រង់ក្នុងការដាក់ទោសអំពើអាក្រក់ និងប្រទានរង្វាន់ដល់អំពើល្អ បន្ទាប់ពីទ្រង់បានបញ្ចប់ការបំពេញកិច្ចការនៃការបង្ក្រាបរបស់ទ្រង់នៅគ្រាចុងក្រោយប៉ុណ្ណោះ។ តាមពិត ទ្រង់បានញែកមនុស្សជាល្អនិងអាក្រក់ តាំងពីទ្រង់បានចាប់ផ្ដើមបំពេញកិច្ចការរបស់ទ្រង់អំពីការសង្គ្រោះមនុស្សលោកមកម្ល៉េះ។ គ្រាន់តែថា ទ្រង់នឹងប្រទានរង្វាន់ដល់មនុស្សសុចរិត និងដាក់ទោសចំពោះមនុស្សទុច្ចរិត នៅពេលដែលកិច្ចការរបស់ទ្រង់បានឈានដល់ទីបញ្ចប់ប៉ុណ្ណោះ។ គ្រាន់តែមិនមែនថា ទ្រង់នឹងញែកពួកគេទៅតាមប្រភេទ នៅពេលបញ្ចប់កិច្ចការរបស់ទ្រង់ ហើយបន្ទាប់មក ចាប់ផ្ដើមកិច្ចការនៃការដាក់ទោសមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អភ្លាមៗប៉ុណ្ណោះ។ ផ្ទុយទៅវិញ កិច្ចការនេះនឹងត្រូវសម្រេចបាន លុះត្រាតែកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ទាំងស្រុងប៉ុណ្ណោះ។ គោលបំណងទាំងស្រុងនៃកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ ក្នុងការដាក់ទោសលើមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អ គឺដើម្បីបន្សុទ្ធមនុស្សលោកទាំងអស់ឱ្យបានបរិសុទ្ធម៉ត់ហ្មង ដើម្បីឱ្យទ្រង់អាចនាំមនុស្សជាតិដែលបរិសុទ្ធម៉ត់ហ្មងនេះ ទៅក្នុងសេចក្ដីសម្រាកដ៏អស់កល្បជានិច្ច។ ដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ មានសារៈសំខាន់ខ្លាំងបំផុត។ វាគឺជាដំណាក់កាលចុងក្រោយនៃកិច្ចការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់មិនបានបំផ្លាញមនុស្សទុច្ចរិត តែបែរជាអនុញ្ញាតឱ្យពួកគេបន្តរស់នៅវិញ នោះមនុស្សលោកទាំងមូលនឹងនៅតែមិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានដដែល ហើយព្រះជាម្ចាស់នឹងមិនអាចនាំមនុស្សជាតិ ទៅក្នុងពិភពមួយដែលល្អប្រសើរជាងនេះបានឡើយ។ កិច្ចការបែបនេះ នឹងមិនអាចបង្ហើយបានឡើយ។ នៅពេលដែលកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ មនុស្សជាតិទាំងមូលនឹងក្លាយជាបរិសុទ្ធទាំងស្រុង។ ទាល់តែបែបនេះ ទើបព្រះជាម្ចាស់់អាចគង់ក្នុងសេចក្ដីសម្រាកបានដោយស្ងប់ព្រះទ័យ។

បច្ចុប្បន្ននេះ មនុស្សនៅតែមិនអាចដោះលែងអ្វីគ្រប់យ៉ាងខាងសាច់ឈាមបានដដែល។ ពួកគេមិនអាចលះបង់ ការសប្បាយខាងសាច់ឈាម ខាងលោកិយ ប្រាក់កាស ឬនិស្ស័យពុករលួយរបស់ពួកគេបានឡើយ។ មនុស្សភាគច្រើនបន្តការព្យាយាមឱ្យបានរបស់ពួកគេក្នុងលក្ខណៈច្បោលៗ មិនប្រាកដប្រជា។ តាមពិតមនុស្សទាំងអស់នេះ មិនបានយកព្រះជាម្ចាស់ដាក់ក្នុងចិត្តរបស់ពួកគេឡើយ ហើយពួកគេថែមទាំងមិនកោតខ្លាចព្រះជាម្ចាស់ទៀតផង។ ពួកគេគ្មានព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេឡើយ ហេតុដូច្នេះ ពួកគេមិនអាចយល់ពីអ្វីដែលព្រះជាម្ចាស់ធ្វើឡើយ ពួកគេកាន់តែគ្មានសមត្ថភាពជឿលើព្រះបន្ទូលដែលទ្រង់មានព្រះសូរសៀងមកថែមទៀតហើយ។ មនុស្សបែបនេះ ជាប់ជំពាក់ខាងសាច់ឈាមយ៉ាងក្រាស់ក្រែល។ ពួកគេត្រូវបានធ្វើឱ្យពុករលួយដល់ឆ្អឹង និងគ្មានសេចក្ដីពិតអ្វីបន្តិចសោះ។ លើសពីនេះ ពួកគេមិនជឿថា ព្រះជាម្ចាស់អាចត្រឡប់មកជាសាច់ឈាមបានឡើយ។ អ្នកណាដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ពោលគឺអ្នកណាដែលមិនជឿលើព្រះជាម្ចាស់ដែលអាចមើលឃើញ ឬមិនជឿលើកិច្ចការនិងព្រះបន្ទូលរបស់ទ្រង់ តែបែរជាថ្វាយបង្គំព្រះជាម្ចាស់នៅឯស្ថានសួគ៌ដែលមើលពុំឃើញវិញ គឺជាមនុស្សម្នាក់ដែលមិនមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេឡើយ។ មនុស្សបែបនេះ គឺជាពួកបះបោរ ហើយទទឹងទាស់នឹងព្រះជាម្ចាស់។ ពួកគេខ្វះភាពជាមនុស្ស និងខ្វះហេតុផល ពោលគឺគ្មានសេចក្ដីពិតសោះ។ ជាងនេះទៅទៀត ចំពោះមនុស្សទាំងអស់នេះ កាលណាព្រះជាម្ចាស់កាន់តែអាចមើលឃើញ និងកាន់តែរូបី ពួកគេនឹងកាន់តែលែងជឿ ហើយពួកគេចាត់ទុកព្រះជាម្ចាស់ដែលមិនអាចមើលឃើញ និងអរូបី ជាព្រះដែលគួរទុកចិត្ត និងគួរត្រេកអរខ្លាំងបំផុត។ អ្វីដែលពួកគេស្វែងរក គឺមិនមែនជាសេចក្ដីពិតជាក់ស្ដែងនោះទេ ក៏មិនមែនជាសារជាតិនៃជីវិតពិតប្រាកដដែរ ហើយរឹតតែមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះដែរ។ ផ្ទុយទៅវិញ ពួកគេស្វែងរកសេចក្ដីសប្បាយរីករាយ។ មិនចាំបាច់ឆ្ងល់នោះទេ អ្វីដែលពួកគេជឿ និងអ្វីដែលពួកគេស្វែងរក គឺជាអ្វីដែលអាចបំពេញតាមចំណង់ចិត្តផ្ទាល់ខ្លួនរបស់ពួកគេបាន។ ពួកគេជឿលើព្រះជាម្ចាស់ គឺគ្រាន់តែដើម្បីបំពេញចំណង់ចិត្តផ្ទាល់ខ្លួនរបស់ពួកគេឱ្យស្កប់ស្កល់តែប៉ុណ្ណោះ មិនមែនដើម្បីស្វែងរកសេចក្ដីពិតឡើយ។ តើមនុស្សបែបនេះ មិនមែនជាអ្នកប្រព្រឹត្តអាក្រក់ទេឬអី? ពួកគេទុកចិត្តលើខ្លួនឯងជាខ្លាំង ហើយពួកគេមិនជឿថា ព្រះជាម្ចាស់ដែលគង់នៅឯស្ថានសួគ៌ នឹងបំផ្លាញ «មនុស្សល្អ» ដូចជាពួកគេនេះទាល់តែសោះ។ ផ្ទុយទៅវិញ ពួកគេជឿថា ព្រះជាម្ចាស់នឹងអនុញ្ញាតឱ្យពួកគេបន្តរស់នៅ ហើយនឹងប្រទានរង្វាន់ដល់ពួកគេឱ្យបានស័ក្តិសមថែមទៀត ដ្បិតពួកគេបានធ្វើរឿងជាច្រើនថ្វាយព្រះជាម្ចាស់ និងបានបង្ហាញនូវ «ភាពស្មោះត្រង់» យ៉ាងច្រើនចំពោះទ្រង់។ ប្រសិនបើពួកគេត្រូវស្វែងរកព្រះជាម្ចាស់ដែលអាចមើលឃើញ នៅពេលណាដែលបំណងចិត្តរបស់ពួកគេមិនត្រូវបានបំពេញតាម ពួកគេនឹងវាយបកមកព្រះជាម្ចាស់វិញ ឬចាប់ផ្ដើមខឹងសម្បារភ្លាមៗតែម្ដង។ ពួកគេបង្ហាញថា ខ្លួនឯងជាមនុស្សទុរយសថោកទាប ដែលព្យាយាមផ្គាប់តែបំណងចិត្តរបស់ខ្លួនឯងប៉ុណ្ណោះ។ ពួកគេមិនមែនជាមនុស្សដែលមានសេចក្ដីស្មោះត្រង់ក្នុងការព្យាយាមឱ្យបានសេចក្ដីពិតនោះឡើយ។ មនុស្សបែបនេះត្រូវបានហៅថា មនុស្សទុច្ចរិតដែលដើរតាមព្រះគ្រីស្ទ។ អស់អ្នកណាដែលមិនស្វែងរកសេចក្ដីពិត គេមិនអាចជឿលើសេចក្ដីពិតបានឡើយ ហើយក៏មិនអាចសម្រេចបាននូវលទ្ធផលនាពេលអនាគតរបស់មនុស្សជាតិបានដែរ ដ្បិតពួកគេមិនជឿលើកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលអាចមើលឃើញឡើយ ហើយសេចក្ដីនេះរាប់បញ្ចូលទាំងការមិនជឿលើទិសដៅអនាគតរបស់មនុស្សជាតិដែរ។ ហេតុនេះ បើទោះបីជាពួកគេដើរតាមព្រះជាម្ចាស់ដែលអាចមើលឃើញក្ដី ក៏ពួកគេនៅតែបន្តប្រព្រឹត្តអំពើអាក្រក់ និងមិនបានស្វែងរកសេចក្ដីពិតសោះឡើយ ហើយពួកគេក៏មិនបានអនុវត្តនូវសេចក្ដីពិតដែលខ្ញុំចង់បានដែរ។ ផ្ទុយទៅវិញ មនុស្សទាំងអស់នោះដែលមិនជឿថា ពួកគេនឹងត្រូវបំផ្លាញ នឹងក្លាយជាមនុស្សដែលនឹងត្រូវបំផ្លាញចោលវិញ។ ពួកគេគ្រប់គ្នាសុទ្ធតែជឿថា ខ្លួនគេជាមនុស្សឈ្លាសវៃណាស់ ហើយពួកគេគិតថា ពួកគេនោះជាមនុស្សដែលអនុវត្តសេចក្ដីពិត។ ពួកគេចាត់ទុកការប្រព្រឹត្តអាក្រក់របស់ខ្លួនជាសេចក្ដីពិត ហើយអរសប្បាយនឹងអំពើនោះ។ មនុស្សទុច្ចរិតបែបនេះ គឺជាមនុស្សដែលជឿជាក់លើខ្លួនឯងខ្លាំងបំផុត។ ពួកគេចាត់ទុកសេចក្ដីពិតជាគោលលទ្ធិ និងចាត់ទុកទង្វើអាក្រក់របស់ខ្លួនជាសេចក្ដីពិត ប៉ុន្តែចុងបញ្ចប់ទៅ ពួកគេបានត្រឹមតែច្រូតផលនៃទង្វើដែលពួកគេបានសាបព្រោះប៉ុណ្ណោះ។ នៅពេលណាដែលមនុស្សកាន់តែមានទំនុកចិត្តខ្លាំងលើខ្លួនឯង ហើយនៅពេលដែលពួកគេកាន់តែក្រអឺតក្រទមខ្លាំង ពួកគេនឹងកាន់តែមិនអាចទទួលបាននូវសេចក្ដីពិត។ នៅពេលណាដែលមនុស្សកាន់តែជឿលើព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ នោះពួកគេនឹងកាន់តែប្រឆាំងទាស់នឹងព្រះជាម្ចាស់។ មនុស្សទាំងអស់នេះ គឺជាមនុស្សដែលនឹងត្រូវដាក់ទោស។ នៅមុនពេលដែលមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាក ទោះបីជាជំពូកបុគ្គលនីមួយៗត្រូវទទួលទោសឬត្រូវទទួលរង្វាន់ នឹងត្រូវកំណត់លើលក្ខណៈថា តើពួកគេបានស្វែងរកសេចក្ដីពិតដែរឬអត់ ពួកគេស្គាល់ព្រះជាម្ចាស់ដែរឬអត់ ហើយពួកគេអាចចុះចូលចំពោះព្រះជាម្ចាស់ដែលអាចមើលឃើញដែរឬអត់។ អស់អ្នកណាដែលបានបម្រើដល់ព្រះជាម្ចាស់ដែលអាចមើលឃើញបាន ក៏ប៉ុន្តែមិនបានស្គាល់ទ្រង់ និងមិនបានចុះចូលនឹងទ្រង់ គឺខ្វះនូវសេចក្ដីពិត។ មនុស្សបែបនេះ គឺជាអ្នកប្រព្រឹត្តអំពើអាក្រក់ ហើយអ្នកប្រព្រឹត្តអំពើអាក្រក់ ច្បាស់ជានឹងក្លាយជារបស់ដែលត្រូវដាក់ទោស។ បន្ថែមលើនេះ ពួកគេនឹងត្រូវដាក់ទោសស្របទៅតាមទង្វើទុច្ចរិតរបស់ពួកគេ។ ព្រះជាម្ចាស់ គឺសម្រាប់ឱ្យមនុស្សលោកជឿតាម ហើយទ្រង់ក៏មានតម្លៃឱ្យពួកគេស្ដាប់បង្គាប់តាមដែរ។ អស់អ្នកណាដែលត្រឹមតែមានសេចក្ដីជំនឿ ចំពោះព្រះជាម្ចាស់ដែលស្រពេចស្រពិល និងមិនអាចមើលឃើញ គឺជាអ្នកដែលពុំជឿលើព្រះជាម្ចាស់ និងមិនអាចចុះចូលនឹងព្រះជាម្ចាស់បានឡើយ។ ប្រសិនបើមនុស្សទាំងអស់នេះ នៅតែមិនអាចជឿលើព្រះជាម្ចាស់ដែលអាចមើលឃើញ ពេលដែលកិច្ចការនៃការយកឈ្នះរបស់ទ្រង់បានបញ្ចប់ និងបន្តមិនស្ដាប់បង្គាប់ ហើយប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែលអាចមើលឃើញនៅខាងសាច់ឈាម នោះច្បាស់ណាស់ថា «មនុស្សដែលជឿលើព្រះជាម្ចាស់ដែលស្រពេចស្រពិល» នឹងក្លាយជារបស់ដែលត្រូវបំផ្លាញ។ ដូចគ្នាដែរ មនុស្សមួយចំនួនក្នុងចំណោមអ្នករាល់គ្នា គឺជាមនុស្សដែលទទួលស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សត្រឹមតែបបូរមាត់ ប៉ុន្តែមិនអាចអនុវត្តសេចក្ដីពិតនៃការចុះចូលនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបាន ចុងក្រោយនឹងត្រូវផាត់ចោល និងបំផ្លាញចោល។ បន្ថែមលើនេះ នរណាម្នាក់ដែលទទួលស្គាល់ព្រះជាម្ចាស់ដែលអាចមើលឃើញ តាមបបូរមាត់របស់ពួកគេ ដោយហូប និងផឹកនូវសេចក្ដីពិតដែលទ្រង់បើកសម្ដែង ហើយក៏ស្វែងរកព្រះជាម្ចាស់ដ៏ស្រពេចស្រពិល និងមិនអាចមើលឃើញដែរនោះ ប្រាកដជានឹងក្លាយជាកម្មវត្ថុនៃការបំផ្លាញចោលមិនខាន។ ក្នុងចំណោមមនុស្សទាំងអស់នេះ គ្មាននរណាម្នាក់នឹងអាចបន្តរស់នៅរហូតដល់ពេលសម្រាកដែលនឹងត្រូវចូលមកដល់ ក្រោយពេលដែលកិច្ចការរបស់ព្រះជាម្ចាស់បានបញ្ចប់ឡើយ ហើយក៏គ្មាននរណាម្នាក់ស្រដៀងនឹងមនុស្សបែបនេះ ដែលអាចបន្តរស់នៅក្នុងពេលវេលានៃសេចក្ដីសម្រាកបានឡើយ។ មនុស្សអាក្រក់ គឺជាមនុស្សដែលមិនអនុវត្តសេចក្ដីពិត។ សារជាតិរបស់គេ គឺប្រឆាំងទាស់ ហើយរឹងចចេសនឹងព្រះជាម្ចាស់ ហើយពួកគេមិនមានបំណងចុះចូលនឹងទ្រង់សូម្បីបន្តិចសោះឡើយ។ មនុស្សបែបនេះ នឹងត្រូវបំផ្លាញចោលទាំងអស់។ ការដែលអ្នកមានសេចក្ដីពិតឬអត់ ហើយអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់ឬអត់នោះ គឺអាស្រ័យលើសារជាតិរបស់អ្នក មិនមែនអាស្រ័យលើរូបកាយខាងក្រៅរបស់អ្នកឡើយ ក៏មិនមែនស្ថិតនៅលើរបៀបដែលអ្នកត្រូវនិយាយ ឬប្រព្រឹត្តរបស់ខ្លួនឯងម្ដងម្កាលនោះទេ។ បុគ្គលណាមួយនឹងត្រូវបំផ្លាញចោល ឬអត់នោះ គឺត្រូវកំណត់ទៅតាមសារជាតិរបស់មនុស្សម្នាក់ៗ។ គឺត្រូវសម្រេចទៅតាមសារជាតិដែលត្រូវបានបង្ហាញឱ្យឃើញតាមឥរិយាបថ និងតាមការព្យាយាមឱ្យបានសេចក្ដីពិតរបស់មនុស្សម្នាក់ៗ។ ក្នុងចំណោមមនុស្សដែលកំពុងបំពេញកិច្ចការដូចគ្នានឹងអ្នកដទៃទៀត និងអ្នកដែលធ្វើកិច្ចការក្នុងចំនួនដូចគ្នា ជាមនុស្សដែលមានសារជាតិជាមនុស្សល្អ និងជាអ្នកដែលមានសេចក្ដីពិត គេនឹងនឹងត្រូវអនុញ្ញាតឱ្យបន្តរស់នៅទៀត ចំណែកឯអ្នកដែលមានសារជាតិជាមនុស្សអាក្រក់ ហើយអ្នកដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ដែលអាចមើលឃើញ គឺជាអ្នកដែលនឹងត្រូវក្លាយរបស់ដែលត្រូវបំផ្លាញចោល។ គ្រប់កិច្ចការ និងព្រះបន្ទូលទាំង់អស់របស់ព្រះជាម្ចាស់ ដែលពាក់ព័ន្ធនឹងទិសដៅរបស់មនុស្សជាតិ នឹងត្រូវដោះស្រាយជាមួយមនុស្សឱ្យបានស័ក្តិសមទៅតាមសារជាតិរបស់បុគ្គលម្នាក់ៗ ហើយសូម្បីកំហុសបន្តិចបន្តួច ក៏នឹងមិនអាចកើតមានដែរ ហើយក៏នឹងគ្មានកំហុសឆ្គងសូម្បីបន្តិចសោះឡើយ។ ទាល់តែពេលដែលមនុស្សបំពេញកិច្ចការ ទើបអារម្មណ៍និងអត្ថន័យជាមនុស្ស ច្របល់បញ្ចូលគ្នា។ កិច្ចការដែលព្រះជាម្ចាស់បំពេញ គឺស័ក្តិសមបំផុត។ ទ្រង់ដាច់ខាតមិនក្លែងទាមទារសំណងពីសត្តនិករណាមួយឡើយ។ បច្ចុប្បន្ននេះ មានមនុស្សជាច្រើនដែលមិនអាចយល់អំពីទិសដៅអនាគតរបស់មនុស្សជាតិបាន ហើយជាមនុស្សដែលមិនជឿលើព្រះបន្ទូលដែលខ្ញុំថ្លែង។ មនុស្សគ្រប់គ្នាដែលមិនជឿ ក៏ដូចជាអ្នកដែលមិនអនុវត្តសេចក្ដីពិត គឺសុទ្ធតែជាពួកអារក្ស!

បច្ចុប្បន្ននេះ អ្នកដែលស្វែងរក និងអ្នកដែលមិនស្វែងរក គឺជាមនុស្សពីរប្រភេទដែលខុសគ្នាស្រឡះ ហើយទិសដៅរបស់ពួកគេ ក៏ខុសគ្នាយ៉ាងខ្លាំងផងដែរ។ អស់អ្នកដែលស្វែងរកចំណេះដឹងអំពីសេចក្ដីពិត និងអនុវត្តនូវសេចក្ដីពិត គឺមនុស្សដែលព្រះជាម្ចាស់នឹងប្រទានសេចក្ដីសង្គ្រោះដល់គេ។ អស់អ្នកណាដែលមិនដឹងអំពីផ្លូវពិត គឺសុទ្ធតែជាពួកអារក្ស និងជាពួកសត្រូវ។ ពួកគេជាកូនចៅនៃមហាទេវតា ហើយនឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ សូម្បីតែអស់អ្នកណាដែលជឿស៊ប់លើព្រះជាម្ចាស់ដែលស្រពេចស្រពិល តើពួកគេមិនមែនជាពួកអារក្សទេឬអី? មនុស្សដែលមានសតិសម្បជញ្ញៈល្អ ប៉ុន្តែពុំទទួលយកផ្លូវពិត គឺសុទ្ធតែពួកជាអារក្ស។ សារជាតិរបស់ពួកគេ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អ្នកណាដែលមិនទទួលយកផ្លូវត្រូវ គឺជាអ្នកដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយទោះបីជាមនុស្សបែបនេះ ទទួលរងនូវទុក្ខលំបាកក្ដី ក៏ពួកគេនឹងនៅតែត្រូវបំផ្លាញចោលដដែល។ អស់អ្នកណាដែលមិនសុខចិត្តលះបង់លោកិយនេះ អស់អ្នកណាដែលមិនអាចអត់ទ្រាំបែកចេញពីឪពុកម្ដាយរបស់ពួកគេបាន និងអស់អ្នកណាដែលមិនអាចលះបង់នូវការសប្បាយរីករាយខាងសាច់ឈាមបាន គឺសុទ្ធតែជាមនុស្សរឹងចចេសនឹងព្រះជាម្ចាស់ ហើយអ្នកទាំងអស់នេះ នឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ ជាងនេះទៅទៀត នរណាម្នាក់ដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សគឺជាពួកអារក្ស ហើយនឹងត្រូវបំផ្លាញចោល។ អស់អ្នកណាដែលមានសេចក្ដីជំនឿ ប៉ុន្តែមិនបានអនុវត្តតាមសេចក្ដីពិត អស់អ្នកណាដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងអស់អ្នកណាដែលមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ក៏នឹងក្លាយទៅជារបស់ដែលត្រូវបំផ្លាញចោលផងដែរ។ អ្នកទាំងឡាយណាដែលនឹងត្រូវអនុញ្ញាតឱ្យបន្តរស់នៅ គឺសុទ្ធតែជាមនុស្សដែលបានឆ្លងកាត់នូវទុក្ខវេទនានៃការបន្សុទ្ធ និងប្រកាន់ខ្ជាប់នូវជំហរយ៉ាងរឹងមាំ។ មនុស្សទាំងអស់នេះ គឺជាមនុស្សដែលបានឆ្លងកាត់ការល្បងលយ៉ាងពិតប្រាកដ។ នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ គឺជាសត្រូវ ពោលគឺ នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស (មិនថា ពួកគេនៅក្នុង ឬនៅក្រៅកិច្ចការបម្រើទេ) គឺសុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ។ តើសាតាំងជានរណា តើអារក្សជានរណា ហើយតើសត្រូវរបស់ព្រះជាម្ចាស់ជានរណា ប្រសិនបើមិនមែនជាពួកតតាំងដែលមិនជឿលើព្រះជាម្ចាស់នោះ? តើពួកគេមិនមែនជាមនុស្សដែលរឹងទទឹងនឹងព្រះជាម្ចាស់ទេឬអី? តើពួកគេមិនជាមនុស្សដែលអះអាងថា ខ្លួនមានសេចក្ដីជំនឿ តែខ្វះនូវសេចក្ដីពិតទេឬអី? តើពួកគេមិនមែនជាពួកដែលគ្រាន់តែព្យាយាមចង់បានព្រះពរ តែមិនអាចធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់ទេឬអី? សព្វថ្ងៃនេះ អ្នកនៅលាយឡំជាមួយនឹងពួកអារក្ស ទាំងមានសតិសម្បជញ្ញៈ និងសេចក្ដីស្រឡាញ់ចំពោះពួកវា ប៉ុន្តែ ក្នុងករណីនេះ តើអ្នកមិនកំពុងបន្ថែមសមានចិត្តចំពោះសាតាំងទេឬអី? តើអ្នកមិនមែននៅក្នុងក្រុមជាមួយនឹងពួកអារក្សទេឬអី? ប្រសិនបើមនុស្សសម័យនេះ នៅតែមិនអាចបែងចែកភាពខុសគ្នា រវាងអ្វីល្អនិងអ្វីអាក្រក់ទេ ហើយបន្តធ្វើជាមនុស្សគួរឱ្យស្រឡាញ់ និងមានមេត្តាធម៌ទាំងងងឹតងងល់ ដោយគ្មានបំណងចង់ឈ្វេងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬអាចដាក់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទៅក្នុងចិត្តរបស់ខ្លួនដោយវិធីណាមួយបាន នោះចុងបញ្ចប់របស់ពួកគេរាល់គ្នានឹងកាន់អាក្រក់ទៅៗ។ អ្នកណាមួយដែលមិនជឿលើព្រះជាម្ចាស់ដែលសណ្ឋិតក្នុងសាច់ឈាម គឺជាសត្រូវរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកអាចមានសតិសម្បជញ្ញៈ និងក្ដីស្រឡាញ់ចំពោះសត្រូវ តើអ្នកមិនមែនខ្វះស្មារតីនៃសេចក្ដីសុចរិតទេឬអី? ប្រសិនបើអ្នកចុះសម្រុងនឹងអស់អ្នកដែលខ្ញុំស្អប់ខ្ពើម និងអស់អ្នកដែលខ្ញុំមិនយល់ស្របនោះ ហើយនៅតែមានសេចក្ដីស្រឡាញ់ និងអារម្មណ៍ផ្ទាល់ខ្លួនដក់ជាប់ចំពោះពួកគេ ដូច្នេះ តើអ្នកមិនមែនជាមនុស្សរឹងចចេសទេឬអី? តើអ្នកមិនមែនកំពុងប្រឆាំងនឹងព្រះជាម្ចាស់ដោយចេតនាទេឬអី? តើមនុស្សបែបនេះ មានសេចក្ដីពិតដែរឬទេ? ប្រសិនបើមនុស្សដែលមានសតិសម្បជញ្ញៈចំពោះសត្រូវ មានសេចក្ដីស្រឡាញ់ចំពោះពួកអារក្ស និងមានសេចក្ដីសន្ដោសប្រណីចំពោះសាតាំង ដូច្នេះ តើពួកគេមិនមែនកំពុងតែរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ដោយចេតនាទេឬអី? អស់អ្នកណាដែលជឿតែលើព្រះយេស៊ូវគ្រីស្ទនិងមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សក្នុងគ្រាចុងក្រោយ ក៏ដូចជាអស់អ្នកដែលអះអាងដោយបបូរមាត់ថា គេជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស តែប្រព្រឹត្តអំពើអាក្រក់ គឺសុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ ដោយមិនចាំបាច់និយាយដល់អ្នកណាដែលមិនបានជឿលើព្រះជាម្ចាស់ឡើយ។ មនុស្សអស់ទាំងនេះ នឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ ក្បួនខ្នាតដែលមនុស្សលោកវិនិច្ឆ័យអ្នកដទៃ គឺផ្អែកលើឥរិយាបថរបស់ពួកគេ។ អស់អ្នកណាដែលប្រព្រឹត្តអំពើល្អគឺជាមនុស្សសុចរិត រីឯអស់អ្នកណាប្រព្រឹត្តអំពើគួរឱ្យស្អប់ខ្ពើម គឺជាមនុស្សទុច្ចរិត។ ក្បួនខ្នាតដែលព្រះជាម្ចាស់ជំនុំជម្រះមនុស្សលោក គឺផ្អែកលើថា តើសារជាតិរបស់ពួកគេ ចុះចូលនឹងទ្រង់ដែរឬអត់។ នរណាម្នាក់ដែលចុះចូលនឹងព្រះជាម្ចាស់ គឺជាមនុស្សសុចរិត រីឯនរណាម្នាក់ដែលមិនចុះចូល គឺជាសត្រូវ និងជាមនុស្សទុច្ចរិត ទោះបីជាអាកប្បកិរិយារបស់មនុស្សម្នាក់នោះល្អឬអាក្រក់ ហើយទោះបីជាសម្ដីរបស់ពួកគេត្រឹមត្រូវឬមិនត្រូវឡើយ។ មនុស្សមួយចំនួនចង់ប្រើប្រាស់អំពើល្អ ដើម្បីទទួលបានទិសដៅល្អនាពេលអនាគត ហើយមនុស្សខ្លះទៀតចង់ប្រើប្រាស់សម្ដីល្អៗ ដើម្បីទទួលបានទិសដៅល្អមួយ។ មនុស្សគ្រប់គ្នាជឿទាំងខុសឆ្គងថា ព្រះជាម្ចាស់កំណត់លទ្ធផលរបស់មនុស្សក្រោយពីទ្រង់បានទតឃើញអាកប្បកិរិយារបស់ពួកគេឬក្រោយពីទ្រង់បានស្ដាប់ឮសម្ដីរបស់ពួកគេ។ ហេតុនេះ មនុស្សភាគច្រើនចង់ទាញយកផលចំណេញពីចំណុចនេះ ដើម្បីបោកបញ្ឆោតព្រះជាម្ចាស់ឱ្យប្រទាននូវការអនុគ្រោះដល់ពួកគេបានមួយគ្រា។ នៅពេលអនាគត មនុស្សដែលនឹងនៅរស់រានក្នុងសភាពនៃការសម្រាក សុទ្ធតែនឹងត្រូវឆ្លងកាត់នូវគ្រារងទុក្ខវេទនា ហើយក៏នឹងត្រូវធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ផងដែរ។ ពួកគេនឹងក្លាយជាមនុស្សដែលបានបំពេញភារកិច្ចរបស់ខ្លួន និងជាអ្នកដែលបានចុះចូលនឹងព្រះជាម្ចាស់ ដោយចេតនាពិត។ អស់អ្នកណាដែលគ្រាន់តែចង់ប្រើឱកាសនេះ មកបម្រើដោយមានចេតនាគេចវេសពីការអនុវត្តនូវសេចក្ដីពិត នឹងមិនត្រូវអនុញ្ញាតឱ្យបន្តរស់នៅទៀតឡើយ។ ព្រះជាម្ចាស់មានក្បួនខ្នាតសមស្រប សម្រាប់ការរៀបចំលទ្ធផលរបស់បុគ្គលម្នាក់ៗ។ ទ្រង់មិនមែនគ្រាន់តែសម្រេចព្រះទ័យ លើការទាំងអស់នេះ ស្របទៅតាមសម្ដី និងទង្វើរបស់មនុស្សម្នាក់ៗនោះឡើយ ហើយទ្រង់ក៏មិនសម្រេចព្រះទ័យផ្អែកតាមទង្វើរបស់មនុស្សម្នាក់ក្នុងអំឡុងពេលតែមួយគ្រានោះដែរ។ ទ្រង់នឹងមិនអត់ឱនជាដាច់ខាតចំពោះទង្វើអាក្រក់របស់មនុស្សណាម្នាក់ ដោយសារតែពួកគេបានបម្រើដល់ទ្រង់កាលពីមុនមកឡើយ ហើយទ្រង់ក៏នឹងមិនលើកលែងដល់នរណាម្នាក់ឱ្យរួចផុតពីសេចក្ដីស្លាប់ ដោយសារការលះបង់របស់ពួកគេ ចំពោះព្រះជាម្ចាស់តែមួយគ្រានោះឡើយ។ គ្មាននរណាម្នាក់អាចគេចផុតពីទុក្ខវេទនាសម្រាប់អំពើអាក្រក់របស់គេឡើយ ហើយគ្មាននរណាម្នាក់អាចគ្របបាំងអាកប្បកិរិយាអាក្រក់របស់ពួកគេ ហើយគេចចេញពីទុក្ខវេទនានៃសេចក្ដីអន្តរាយបានទេ។ ប្រសិនបើមនុស្សអាចបំពេញភារកិច្ចរបស់ពួកគេបានដោយពិតប្រាកដ នោះមានន័យថា ពួកគេស្មោះត្រង់ជានិច្ចចំពោះព្រះជាម្ចាស់ និងមិនព្យាយាមចង់បានរង្វាន់នោះទេ ទោះបីជាពួកគេទទួលបានព្រះពរ ឬទទួលសំណាងអាក្រក់ក៏ដោយ។ ប្រសិនបើមនុស្សស្មោះត្រង់ចំពោះព្រះជាម្ចាស់ នៅពេលដែលពួកគេឃើញព្រះពរ ប៉ុន្តែបាត់បង់ភាពស្មោះត្រង់របស់ពួកគេ នៅពេលដែលពួកគេមិនអាចមើលឃើញព្រះពរ ហើយនៅចុងបញ្ចប់ ប្រសិនបើពួកគេនៅតែមិនអាចធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ ឬបំពេញភារកិច្ចដែលត្រូវបានប្រគល់ជូនពួកគេ នោះពួកគេនឹងនៅតែជារបស់ដែលត្រូវបំផ្លាញចោលដដែល ទោះបីជាពួកគេធ្លាប់បានបម្រើព្រះជាម្ចាស់ដោយស្មោះត្រង់កាលពីមុនមក ឬក៏អត់ក្ដី។ និយាយឱ្យខ្លី មនុស្សទុច្ចរិតមិនអាចរស់រាននៅបានរហូតអស់កល្បជានិច្ចឡើយ ហើយពួកគេក៏មិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានដែរ។ មានតែមនុស្សសុចរិតប៉ុណ្ណោះ ទើបជាម្ចាស់នៃសេចក្ដីសម្រាក។ នៅពេលណាដែលមនុស្សជាតិស្ថិតនៅលើផ្លូវត្រូវ មនុស្សនឹងមានជីវិតជាមនុស្សលោកសាមញ្ញធម្មតា។ ពួកគេរាល់គ្នានឹងបំពេញភារកិច្ចរបស់ពួកគេរៀងៗខ្លួន ហើយមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់យ៉ាងក្រៃលែង។ ចុងក្រោយ ពួកគេនឹងបាត់បង់ចរិតរឹងចចេស និងនិស្ស័យពុករលួយរបស់ខ្លួន ហើយពួកគេនឹងរស់នៅសម្រាប់ព្រះជាម្ចាស់ និងដោយព្រោះព្រះជាម្ចាស់ ដោយគ្មានទាំងចរិតរឹងចចេស និងការចរិតរឹងទទឹងផង។ ពួកគេទាំងអស់នឹងអាចចុះចូលនឹងព្រះជាម្ចាស់ទាំងស្រុង។ នេះនឹងក្លាយជាជីវិតរបស់ព្រះជាម្ចាស់ និងមនុស្សជាតិ។ វានឹងក្លាយជាជីវិតនៃនគរស្ថានសួគ៌ ហើយវានឹងក្លាយជាជីវិតនៃសេចក្ដីសម្រាក។

អស់អ្នកណាដែលអូសទាញកូនចៅ និងសាច់ញាតិរបស់ពួកគេដែលមិនជឿទាល់តែសោះទៅក្នុងព្រះវិហារ គឺជាមនុស្សអាត្មានិយមយ៉ាងក្រៃលែង ហើយពួកគេគ្រាន់តែបង្ហាញនូវចិត្តសប្បុរសតែប៉ុណ្ណោះ។ មនុស្សទាំងអស់នេះ គ្រាន់តែផ្ដោតទៅលើការធ្វើខ្លួនជាមនុស្សគួរឱ្យស្រឡាញ់ប៉ុណ្ណោះ ទោះបីជាពួកគេជឿ ឬមិនជឿ ហើយទោះបីវាគឺជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬអត់ក៏ដោយ។ អ្នកខ្លះនាំប្រពន្ធរបស់គេមកចំពោះព្រះជាម្ចាស់ ឬអូសទាញឪពុកម្ដាយរបស់ពួកគេមកចំពោះព្រះជាម្ចាស់ ហើយទោះបីជាព្រះវិញ្ញាញបរិសុទ្ធយល់ស្របចំពោះរឿងនេះឬអត់ ឬទ្រង់កំពុងធ្វើការនៅក្នុងពួកគេឬអត់នោះ ក៏ពួកគេបន្ត «ជ្រើសរើសមនុស្សដែលមានសមត្ថភាព» សម្រាប់ព្រះជាម្ចាស់ទាំងងងឹតងងល់ដែរ។ តើការសន្ធឹងសេចក្ដីសប្បុរសចំពោះអ្នកមិនជឿទាំងអស់នេះ អាចទទួលបានអ្វីមកវិញ? បើទោះបីជាមនុស្សដែលគ្មានវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធគង់ជាមួយ ខិតខំប្រឹងប្រែងដើរតាមព្រះជាម្ចាស់ ក៏ពួកគេនៅតែមិនអាចត្រូវបានសង្គ្រោះដូចជាមនុស្សដែលជឿដែរ។ អស់អ្នកណាដែលមិនទទួលបានសេចក្ដីសង្គ្រោះ គឺពិតជាមិនងាយស្រួលនឹងទទួលយកនោះទេ។ មនុស្សដែលមិនបានឆ្លងកាត់កិច្ចការ និងការល្បងលរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយមិនត្រូវបានព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប្រោសឱ្យគ្រប់លក្ខណ៍ គេច្បាស់ជាមិនអាចត្រូវបានធ្វើឱ្យពេញខ្នាតឡើយ។ ហេតុនេះ ចាប់តាំងពីពេលដែលពួកគេចាប់ផ្ដើមដើរតាមទ្រង់ត្រឹមតែឈ្មោះមក មនុស្សទាំងអស់នោះពុំមានវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធគង់ជាមួយឡើយ។ ចំពោះរឿងលក្ខខណ្ឌនិងស្ថានភាពជាក់ស្ដែងរបស់ពួកគេ ពួកគេមិនអាចត្រូវបានធ្វើឱ្យពេញខ្នាតឡើយ។ ដូច្នេះ ព្រះវិញ្ញាណបរិសុទ្ធសម្រេចព្រះទ័យមិនចំណាយកម្លាំងឱ្យច្រើនលើពួកគេនោះទេ ហើយទ្រង់ក៏មិនប្រទាននូវការបំភ្លឺ ឬការណែនាំដល់ពួកគេ ដោយវិធីណាមួយដែរ។ ទ្រង់គ្រាន់តែអនុញ្ញាតឱ្យពួកគេដើរតាម ហើយនៅចុងបំផុត ទ្រង់ក៏បង្ហាញនូវលទ្ធផលរបស់ពួកគេ។ តែប៉ុណ្ណេះ គឺគ្រប់គ្រាន់ហើយ។ ចិត្តសាទរនិងបំណងរបស់មនុស្សជាតិ កើតចេញមកពីសាតាំង ហើយគ្មានផ្លូវណាដែលសេចក្ដីទាំងអស់នេះ អាចបំពេញកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ។ មិនថាមនុស្សមានលក្ខណៈបែបណានោះទេ ពួកគេត្រូវមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ តើមនុស្សលោកអាចធ្វើឱ្យមនុស្សលោកបានពេញខ្នាតដែរឬទេ? ហេតុអ្វីបានជាប្ដីស្រឡាញ់ប្រពន្ធ? ហេតុអ្វីបានប្រពន្ធស្រឡាញ់ប្ដី? ហេតុអ្វីបានជាកូនត្រូវមានកាតព្វកិច្ចចំពោះឪពុកម្ដាយរបស់ពួកគេ? ហេតុអ្វីបានជាឪពុកម្ដាយផ្ដោតការស្រឡាញ់លើកូនៗរបស់ពួកគេ? តើមនុស្សមានបំណងបែបណានៅក្នុងចិត្តរបស់ពួកគេឱ្យប្រាកដ? តើបំណងរបស់ពួកគេ មិនមែនដើម្បីសម្រេចផែនការផ្ទាល់ខ្លួន ឬបំពេញចំណង់ចិត្តអាត្មានិយមរបស់ខ្លួនគេផ្ទាល់ទេ មែនទេ? តើពួកគេពិតជាចង់ធ្វើការ ដើម្បីជាប្រយោជន៍ដល់ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់មែនទេ? តើពួកគេពិតជាកំពុងធ្វើការ ដើម្បីជាប្រយោជន៍ដល់កិច្ចការរបស់ព្រះជាម្ចាស់មែនទេ? តើបំណងរបស់ពួកគេ គឺដើម្បីសម្រេចភារកិច្ចក្នុងនាមជាសត្តនិករដែលព្រះបានបង្កើតមកមែនទេ? អស់អ្នកណាដែលមិនអាចទទួលបាននូវវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធ ចាប់តាំងពីពេលដែលពួកគេចាប់ផ្ដើមជឿលើព្រះជាម្ចាស់ នឹងមិនអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ មនុស្សទាំងនេះ ត្រូវបានសម្រេចថាជារបស់ដែលត្រូវបំផ្លាញចោល។ ទោះបីមនុស្សម្នាក់មានសេចក្ដីស្រឡាញ់ចំពោះពួកគេខ្លាំងប៉ុនណា ក៏វាមិនអាចជំនួសនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ។ សេចក្ដីអរសប្បាយនិងសេចក្ដីស្រឡាញ់របស់មនុស្ស តំណាងឱ្យបំណងរបស់មនុស្ស ប៉ុន្តែមិនអាចតំណាងឱ្យបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ ហើយសេចក្ដីទាំងនេះក៏មិនអាចជំនួសកិច្ចការរបស់ព្រះជាម្ចាស់បានដែរ។ បើទោះបីជាមនុស្សណាម្នាក់លាតសន្ធឹងសេចក្ដីស្រឡាញ់ ឬសេចក្ដីករុណាយ៉ាងច្រើនលើសលប់តាមដែលគេមានចំពោះមនុស្សដែលគ្រាន់តែជឿលើព្រះជាម្ចាស់ត្រឹមតែឈ្មោះ និងធ្វើពុតជាដើរតាមទ្រង់ដោយគ្មានដឹងសោះថា ការជឿលើព្រះជាម្ចាស់មានន័យដូចម្ដេច នោះពួកគេនឹងនៅតែមិនអាចទទួលបាននូវសេចក្ដីអាណិតអាសូររបស់ព្រះជាម្ចាស់ ហើយពួកគេក៏នឹងមិនអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ ទោះបីជាមនុស្សដែលដើរតាមព្រះជាម្ចាស់ដោយចិត្តស្មោះ មានគុណសម្បត្តិអន់ខ្សោយ និងមិនអាចយល់ពីសេចក្ដីពិតបានច្រើនយ៉ាងណាក្ដី ក៏ពួកគេនៅតែអាចទទួលបាននូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធម្ដងម្កាលដែរ។ ដោយឡែក អ្នកដែលត្រូវបានចាត់ទុកថាមានគុណសម្បត្តិល្អគួរសម ប៉ុន្តែមិនជឿដោយចិត្តស្មោះ គឺមិនអាចទទួលបានវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធសោះឡើយ។ មនុស្សបែបនេះ គ្មានលទ្ធភាពនឹងទទួលបានសេចក្ដីសង្គ្រោះទាល់តែសោះ។ បើទោះបីជាពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬស្ដាប់ការអធិប្បាយអំពីព្រះគម្ពីរម្ដងម្កាល ឬសូម្បីតែច្រៀងសរសើរតម្កើងដល់ព្រះជាម្ចាស់ក្ដី នៅទីបំផុត ពួកគេក៏នៅតែមិនអាចនៅរស់រានបានរហូតដល់ពេលវេលានៃសេចក្ដីសម្រាកបានដែរ។ ការដែលមនុស្សស្វែងរកដោយចិត្តស្មោះ ឬអត់នោះ មិនមែនកំណត់តាមការដែលមនុស្សដទៃវិនិច្ឆ័យពួកគេយ៉ាងណា ឬតាមការដែលមនុស្សនៅជុំវិញពួកគេ គិតពីពួកគេយ៉ាងណានោះទេ ប៉ុន្តែគឺត្រូវបានកំណត់តាមការដែលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការយ៉ាងណាចំពោះពួកគេនិងតាមការដែលពួកគេបានទទួលនូវវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ ឬមួយក៏អត់។ បន្ថែមលើនេះ វាអាស្រ័យលើថា តើនិស្ស័យរបស់ពួកគេបានបំផ្លាស់បំប្រែដែរឬអត់ ហើយតើពួកគេបានទទួលនូវចំណេះដឹងអំពីព្រះជាម្ចាស់ បន្ទាប់ពីឆ្លងកាត់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ក្នុងរយៈពេលជាក់លាក់ណាមួយដែរឬអត់។ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធកែខៃមនុស្សណាម្នាក់ និស្ស័យរបស់បុគ្គលនោះនឹងត្រូវបំផ្លាស់បំប្រែបន្តិចម្ដងៗ ហើយទស្សនៈរបស់ពួកគេចំពោះការជឿលើព្រះជាម្ចាស់ នឹងកាន់តែបរិសុទ្ធបន្តិចម្ដងៗដែរ។ មិនថាមនុស្សដើរតាមព្រះជាម្ចាស់យូរប៉ុនណានោះទេ ឱ្យតែពួកគេបានបំផ្លាស់បំប្រែ នោះមានន័យថា ព្រះវិញ្ញាណបរិសុទ្ធកំពុងកែខៃពួកគេហើយ។ ប្រសិនបើពួកគេមិនបានបំផ្លាស់បំប្រែទេ នោះមានន័យថា ព្រះវិញ្ញាណបរិសុទ្ធមិនមែនកំពុងកែខៃពួកគេឡើយ។ បើទោះបីជាពួកគេបានបម្រើកិច្ចការខ្លះក្ដី អ្វីដែលជំរុញឱ្យពួកគេធ្វើបែបនេះ គឺចំណង់ចិត្តចង់ទទួលបាននូវព្រះពរ។ ត្រឹមតែការបម្រើកិច្ចការម្ដងម្កាល មិនអាចជំនួសការឆ្លងកាត់នូវការបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេឡើយ។ ចុងបញ្ចប់ ពួកគេនឹងត្រូវបំផ្លាញចោល ដ្បិតនៅក្នុងនគរស្ថានសួគ៌ នឹងលែងត្រូវការអ្នកបម្រើទៀតហើយ ហើយក៏លែងត្រូវការមនុស្សដែលមិនទាន់បានបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេ ឱ្យមកបម្រើដល់អស់អ្នកដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ និងអស់អ្នកដែលស្មោះត្រង់ចំពោះព្រះជាម្ចាស់ដែរ។ ព្រះបន្ទូលដែលថ្លែងកាលពីអតីតកាលថា «នៅពេលមនុស្សម្នាក់ជឿលើព្រះអម្ចាស់ ភ័ព្វសំណាងញញឹមស្វាគមន៍គ្រួសារគេទាំងមូល» គឺសមស្របសម្រាប់សម័យព្រះគុណ ប៉ុន្តែមិនជាប់ពាក់ព័ន្ធនឹងទិសដៅរបស់មនុស្សជាតិឡើយ។ ព្រះបន្ទូលទាំងនេះ ស័ក្តិសមសម្រាប់ដំណាក់កាលមួយក្នុងសម័យព្រះគុណតែប៉ុណ្ណោះ។ អត្ថន័យនៃព្រះបន្ទូលទាំងអស់នេះ ត្រូវបានតម្រង់ទៅរកភាពសុខសាន្ត និងព្រះពរខាងរូបកាយដែលមនុស្សចូលចិត្ត។ ព្រះបន្ទូលទាំងនេះ ពុំមែនមានន័យថា គ្រួសារទាំងមូលរបស់អ្នកដែលជឿលើព្រះអម្ចាស់ នឹងត្រូវបានសង្គ្រោះឡើយ ហើយព្រះបន្ទូលនេះក៏មិនមែនមានន័យថា នៅពេលនរណាម្នាក់ទទួលបានព្រះពរ នោះគ្រួសាររបស់គេទាំងមូលក៏អាចត្រូវនាំទៅកាន់សេចក្ដីសម្រាកបាននោះដែរ។ ការដែលនរណាម្នាក់ទទួលបានព្រះពរ ឬទទួលរងសំណាងអាក្រក់ឬអត់នោះ គឺត្រូវកំណត់ទៅតាមសារជាតិរបស់គេ មិនមែនទៅតាមសារជាតិទូទៅដែលមនុស្សម្នាក់អាចមានដូចគ្នានឹងអ្នកដទៃនោះទេ។ ព្រះបន្ទូលដែលពោលបែបនេះ ឬក្បួនខ្នាតបែបនេះ មិនមានសោះឡើយនៅនគរស្ថានសួគ៌។ ចុងក្រោយ ប្រសិនបើមនុស្សម្នាក់អាចរួចជីវិតបាន នោះគឺដោយសារពួកគេបានបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយចុងក្រោយ ប្រសិនបើពួកគេមិនអាចបន្តរស់នៅបានរហូតដល់ពេលសម្រាក នោះគឺដោយសារពួកគេរឹងចចេសចំពោះព្រះជាម្ចាស់ ហើយមិនបានបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ មនុស្សគ្រប់គ្នាមានទិសដៅសមស្របមួយ។ ទិសដៅទាំងអស់នេះត្រូវបានកំណត់ទៅតាមសារជាតិរបស់បុគ្គលម្នាក់ៗ និងគ្មានអ្វីដែលពាក់ព័ន្ធនឹងមនុស្សដទៃទាល់តែសោះ។ ឥរិយាបថអាក្រក់របស់កូនមិនអាចផ្ទេរទៅឱ្យឪពុកម្ដាយបានឡើយ ហើយសេចក្ដីសុចរិតរបស់កូន ក៏មិនអាចចែករំលែកជាមួយឪពុកម្ដាយរបស់ពួកគេបានដែរ។ ឥរិយាបថអាក្រក់របស់ឪពុកម្ដាយ មិនអាចផ្ទេរទៅឱ្យកូនចៅបានឡើយ ហើយសេចក្ដីសុចរិតរបស់ឪពុកម្ដាយ ក៏មិនអាចចែករំលែកជាមួយកូនចៅរបស់ពួកគេបានដែរ។ មនុស្សគ្រប់គ្នាមានបាបរៀងៗខ្លួន ហើយមនុស្សគ្រប់គ្នាត្រេកអរសប្បាយនឹងព្រះពររបស់ពួកគេរៀងៗខ្លួន។ គ្មាននរណាម្នាក់អាចជំនួសបុគ្គលណាម្នាក់បានឡើយ។ នេះគឺជាសេចក្ដីសុចរិត។ តាមទស្សនៈរបស់មនុស្ស ប្រសិនបើឪពុកម្ដាយទទួលបានព្រះពរ នោះកូនចៅរបស់ពួកគេ គប្បីអាចទទួលបានភ័ព្វសំណាងដែរ ហើយប្រសិនបើកូនចៅប្រព្រឹត្តអាក្រក់ នោះឪពុកម្ដាយរបស់ពួកគេ ក៏ត្រូវតែទទួលរងបាបទាំងនោះដែរ។ នេះគឺជាទស្សនៈរបស់មនុស្សលោក និងជារបៀបដែលមនុស្សលោកប្រព្រឹត្តអំពើផ្សេងៗ។ វាមិនមែនជាទស្សនៈរបស់ព្រះជាម្ចាស់ឡើយ។ លទ្ធផលរបស់មនុស្សម្នាក់ ត្រូវកំណត់ទៅតាមសារជាតិដែលចេញមកពីទង្វើរបស់ពួកគេ ហើយលទ្ធផលនេះ តែងត្រូវកំណត់យ៉ាងសមស្របបំផុត។ គ្មាននរណាម្នាក់អាចរ៉ាប់រងបាបរបស់នរណាផ្សេងទៀតបានឡើយ ហើយបើទោះបីជាដូច្នេះក្ដី ក៏គ្មាននរណាម្នាក់អាចទទួលទណ្ឌកម្មជំនួសនរណាម្នាក់ទៀតបានដែរ។ ចំណុចនេះ គឺដាច់ខាតណាស់។ ការដែលឪពុកម្ដាយស្រឡាញ់ថែទាំកូនចៅរបស់ពួកគេ ពុំបង្ហាញថា ពួកគេអាចបំពេញអំពើសុចរិតជំនួសឱ្យកូនចៅរបស់ពួកគេបានឡើយ ហើយកាតព្វកិច្ចដែលកូនចៅត្រូវស្រឡាញ់ចំពោះឪពុកម្ដាយរបស់ពួកគេ ក៏មិនមានន័យថា ពួកគេអាចបំពេញអំពើសុចរិតជំនួសឪពុកម្ដាយរបស់ពួកគេដែរ។ នេះគឺជាអត្ថន័យពិតប្រាកដនៃព្រះបន្ទូលដែលថា «មានមនុស្សពីរនាក់នៅឯវាល ម្នាក់នឹងត្រូវយកទៅ ហើយម្នាក់នឹងត្រូវទុកឱ្យនៅ។ មានស្ត្រីពីរនាក់កំពុងកិនម្សៅ ម្នាក់នឹងត្រូវយកទៅ ម្នាក់នឹងត្រូវទុកឱ្យនៅ»។ មនុស្សមិនអាចយកកូនចៅរបស់ពួកគេដែលប្រព្រឹត្តអំពើអាក្រក់ទៅក្នុងសេចក្ដីសម្រាក ដោយសំអាងលើសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ពួកគេ ចំពោះកូនចៅគេឡើយ ហើយគ្មាននរណាម្នាក់អាចយកប្រពន្ធ (ប្ដី) ទៅក្នុងសេចក្ដីសម្រាក ដោយសំអាងលើអំពើសុចរិតផ្ទាល់ខ្លួនរបស់ពួកគេបានដែរ។ នេះគឺជាបទបញ្ញត្តិគ្រប់គ្រងមួយ គឺគ្មានការលើកលែងចំពោះនរណាម្នាក់ឡើយ។ នៅចុងបញ្ចប់ អ្នកប្រព្រឹត្តអំពើសុចរិត គឺជាអ្នកប្រព្រឹត្តអំពើសុចរិត ហើយអ្នកប្រព្រឹត្តអំពើអាក្រក់ គឺជាអ្នកប្រព្រឹត្តអំពើអាក្រក់។ នៅទីបំផុត ពួកសុចរិតគង់នឹងត្រូវអនុញ្ញាតឱ្យរស់រានបន្ត រីឯអ្នកប្រព្រឹត្តអាក្រក់ នឹងត្រូវបំផ្លាញចោល។ មនុស្សបរិសុទ្ធ មាននូវភាពបរិសុទ្ធ។ ពួកគេមិនស្មោកគ្រោកនោះទេ។ មនុស្សស្មោកគ្រោក មាននូវភាពស្មោកគ្រោក ហើយគ្មានចំណែកណាមួយរបស់ពួកគេដែលបរិសុទ្ធឡើយ។ មនុស្សដែលនឹងត្រូវបំផ្លាញចោល គឺជាមនុស្សទុច្ចរិត ហើយមនុស្សដែលអាចរស់រានបន្តបាន គឺជាមនុស្សសុចរិត បើទោះបីជាកូនចៅរបស់មនុស្សទុច្ចរិតធ្វើនូវអំពើសុចរិត ហើយបើទោះបីជាឪពុកម្ដាយរបស់មនុស្សសុចរិត ប្រព្រឹត្តអំពើអាក្រក់ក៏ដោយ។ ប្ដីជឿ ប្រពន្ធមិនជឿ គ្មានអ្វីទាក់ទងគ្នាទេ ហើយកូនជឿនិងឪពុកម្ដាយមិនជឿ ក៏គ្មានអ្វីទាក់ទងគ្នាដែរ។ មនុស្សពីរប្រភេទនេះ គឺមិនចុះសម្រុងនឹងគ្នាទាល់តែសោះ។ នៅមុនពេលចូលទៅក្នុងសេចក្ដីសម្រាក មនុស្សមានសាច់ញាតិខាងរូបកាយ ប៉ុន្តែនៅពេលដែលមនុស្សបានចូលទៅក្នុងសេចក្ដីសម្រាកហើយ គេនឹងលែងមានសាច់ញាតិខាងរូបកាយដែលត្រូវរំឭកនឹកដល់ទៀតហើយ។ អស់អ្នកណាដែលបំពេញភារកិច្ចរបស់ខ្លួន គឺជាសត្រូវរបស់អស់អ្នកដែលមិនបំពេញភារកិច្ចរបស់ខ្លួន។ អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់ និងអ្នកដែលស្អប់ទ្រង់ ប្រឆាំងទាស់នឹងគ្នាទៅវិញទៅមក។ អស់អ្នកណាដែលនឹងចូលទៅក្នុងសេចក្ដីសម្រាក និងអ្នកដែលនឹងត្រូវបំផ្លាញ គឺជាសត្តនិករពីរប្រភេទដែលមិនចុះសម្រុងនឹងគ្នាឡើយ។ សត្តនិករដែលបំពេញភារកិច្ចរបស់ខ្លួន នឹងអាចរួចជីវិតបាន ចំណែកឯសត្តនិករដែលមិនបានបំពេញភារកិច្ចរបស់ខ្លួន នឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល ជាងនេះទៅទៀត វានឹងត្រូវបន្តរហូតដល់ អស់កល្បជានិច្ច។ តើអ្នកស្រឡាញ់ប្ដីរបស់អ្នក ដើម្បីបំពេញភារកិច្ចរបស់អ្នក ក្នុងនាមជាសត្តនិករដែលបានបង្កើតមកមែនទេ? តើអ្នកស្រឡាញ់ប្រពន្ធរបស់អ្នក ដើម្បីបំពេញភារកិច្ចរបស់អ្នក ក្នុងនាមជាសត្តនិករដែលបានបង្កើតមកមែនទេ? តើអ្នកមានកាតព្វកិច្ចចំពោះឪពុកម្ដាយអ្នកដែលមិនជឿ ដើម្បីបំពេញភារកិច្ចរបស់អ្នក ក្នុងនាមជាសត្តនិករដែលបានបង្កើតមកមែនទេ? តើទស្សនៈរបស់មនុស្សចំពោះការជឿលើព្រះជាម្ចាស់នោះ ខុសឬក៏ត្រូវ? តើហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? តើអ្នកចង់បានអ្វី? តើអ្នកស្រឡាញ់ព្រះជាម្ចាស់ដល់កម្រិតណា? អស់អ្នកណាដែលមិនអាចបំពេញភារកិច្ចរបស់ខ្លួនបានក្នុងនាមជាសត្តនិករដែលបានបង្កើតមក និងអ្នកដែលមិនអាចខិតខំប្រឹងប្រែងឱ្យអស់ពីចិត្តបាននោះ នឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ មានសម្ពន្ធភាពខាងរូបកាយជាច្រើន កើតមានឡើងរវាងមនុស្សនាពេលសព្វថ្ងៃ ព្រមទាំងមានសម្ពន្ធភាពជាសាច់សាលោហិតផងដែរ ប៉ុន្តែនៅពេលអនាគត សម្ពន្ធភាពទាំងអស់នេះ នឹងត្រូវបែកខ្ចាត់ខ្ចាយអស់។ អ្នកជឿនិងអ្នកមិនជឿ មិនអាចនឹងចុះសម្រុងគ្នាបានទេ តែផ្ទុយទៅវិញ ពួកគេប្រឆាំងគ្នាទៅវិញទៅមក។ អស់អ្នកណាដែលស្ថិតក្នុងសេចក្ដីសម្រាកនឹងជឿថាមានព្រះជាម្ចាស់មួយអង្គ ហើយគេនឹងចុះចូលនឹងព្រះជាម្ចាស់ ចំណែកឯអ្នកដែលរឹងចចេសនឹងព្រះជាម្ចាស់ សុទ្ធតែនឹងត្រូវបំផ្លាញចោលទាំងអស់។ នឹងលែងមានក្រុមគ្រួសារ នៅលើផែនដីនេះតទៅទៀតហើយ។ តើអាចនឹងមានសម្ពន្ធភាពជាឪពុកម្ដាយ ឬកូនចៅ ឬប្ដីប្រពន្ធទៀត ដោយរបៀបណា? ភាពមិនចុះសម្រុងគ្នាខ្លាំងនៃការជំនឿ និងការមិនជឿ នឹងធ្វើឱ្យទំនាក់ទំនងខាងសាច់ឈាម ត្រូវញែកដាច់ពីគ្នាយ៉ាងខ្លាំង!

ដំបូងឡើយ ក្នុងចំណោមមនុស្សជាតិ គ្មានក្រុមគ្រួសារឡើយ។ មានតែមនុស្សប្រុស និងមនុស្សស្រីតែប៉ុណ្ណោះ ជាមនុស្សពីរប្រភេទផ្សេងគ្នា។ ពុំមានប្រទេស ពុំមានក្រុមគ្រួសារអ្វីឡើយ ប៉ុន្តែដោយសារសេចក្ដីពុករលួយរបស់មនុស្ស មនុស្សគ្រប់ប្រភេទទាំងអស់បានរៀបចំខ្លួនគេជាក្រុមបក្ខពួក ហើយក្រោយមកក៏បង្កើតជាប្រទេស និងក្រុមជនជាតិនានា។ ប្រទេស និងក្រុមជនជាតិទាំងអស់នេះ រួមមានក្រុមគ្រួសារតូចៗ ហើយក្នុងលក្ខណៈនេះ មនុស្សគ្រប់ប្រភេទទាំងអស់ ត្រូវបានបែងចែកក្នុងចំណោមជាតិសាសន៍ជាច្រើន ផ្អែកតាមភាពខុសគ្នាខាងភាសា និងព្រំប្រទល់។ តាមពិតទៅ មិនថាមានជាតិសាសន៍ច្រើនប៉ុនណានៅក្នុងពិភពលោកនោះទេ មនុស្សមានបុព្វបុរសតែមួយប៉ុណ្ណោះ។ កាលដើមដំបូងឡើយ មានមនុស្សតែពីរប្រភេទតែប៉ុណ្ណោះ ហើយមនុស្សទាំងពីរប្រភេទនេះ គឺមនុស្សប្រុស និងមនុស្សស្រី។ ក៏ប៉ុន្តែ ដោយសារការវិវឌ្ឍន៍នៃកិច្ចការរបស់ព្រះជាម្ចាស់ ដោយសារចលនាប្រវត្តិសាស្រ្ត និងដោយសារការប្រែប្រួលទីតាំងភូមិសាស្រ្តក្នុងកម្រិតផ្សេងៗគ្នា មនុស្សទាំងពីរប្រភេទនេះ ក៏បានអភិវឌ្ឍទៅជាមនុស្សកាន់តែច្រើនប្រភេទថែមទៀត។ ជាធម្មតា មិនថាមនុស្សមានចម្រុះទៅដោយជាតិសាសន៍ច្រើនប៉ុនណានោះទេ មនុស្សទាំងអស់ នៅតែជាសត្តនិករដែលព្រះជាម្ចាស់បានបង្កើតមកដដែល។ មិនថាមនុស្សស្ថិតក្នុងជាតិសាសន៍ណាមួយឡើយ ពួកគេគឺជាសត្តនិកររបស់ទ្រង់។ ពួកគេទាំងអស់គ្នា គឺជាកូនចៅរបស់អ័ដាម និងអេវ៉ា។ ថ្វីបើពួកគេមិនត្រូវបានព្រះជាម្ចាស់បង្កើតមកដោយផ្ទាល់ព្រះហស្ដទ្រង់ក្ដី ក៏ពួកគេនៅតែជាកូនចៅរបស់អ័ដាមនិងអេវ៉ា ដែលព្រះជាម្ចាស់បានបង្កើតមកដោយផ្ទាល់ដដែល។ មិនថាមនុស្សស្ថិតនៅក្នុងប្រភេទមនុស្សបែបណានោះទេ ពួកគេទាំងអស់គឺជាសត្តនិកររបស់ទ្រង់។ ដោយសារពួកគេជាមនុស្សដែលព្រះជាម្ចាស់បានបង្កើតមក នោះទិសដៅរបស់ពួកគេ គឺជាទិសដៅដែលមនុស្សគប្បីមាន ហើយពួកគេត្រូវបានញែកពីគ្នា ទៅតាមក្បួនច្បាប់សម្រាប់រៀបចំមនុស្សលោក។ នេះមានន័យថា ទីបំផុត អ្នកប្រព្រឹត្តអាក្រក់ និងអ្នកសុចរិតទាំងអស់ គឺសុទ្ធតែជាសត្តនិករទាំងអស់។ សត្តនិករដែលប្រព្រឹត្តអាក្រក់ ចុងក្រោយនឹងត្រូវបំផ្លាញចោល ហើយសត្តនិករដែលប្រព្រឹត្តសុចរិត នឹងត្រូវរួចជីវិត។ នេះគឺជាការរៀបចំដ៏សមស្របបំផុតសម្រាប់សត្តនិករទាំងពីរប្រភេទនេះ។ ដោយសារការមិនស្ដាប់បង្គាប់របស់ពួកគេ ទោះបីជាពួកគេជាសន្តនិករដែលព្រះបានបង្កើតមកក្ដី ក៏អ្នកប្រព្រឹត្តអាក្រក់មិនអាចប្រកែកបានឡើយថា សាតាំងបានចាប់ចងពួកគេឡើយ ហើយដោយហេតុនេះ មិនអាចទទួលបានសេចក្ដីសង្គ្រោះឡើយ។ ផ្អែកតាមការពិតដែលថាពួកគេនឹងត្រូវរួចជីវិតនោះ សត្តនិករដែលប្រព្រឹត្តខ្លួនដោយសុចរិត មិនអាចបដិសេធបានឡើយថា ព្រះជាម្ចាស់បានបង្កើតពួកគេឡើងមក តែនៅមិនទាន់ទទួលបាននូវសេចក្ដីសង្គ្រោះ បន្ទាប់ពីត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ អ្នកប្រព្រឹត្តអាក្រក់ គឺជាអ្នកដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់។ ពួកគេគឺជាសត្តនិករដែលមិនអាចទទួលបានសេចក្ដីសង្គ្រោះ ហើយត្រូវបានសាតាំងចាប់ទុកជាយូរណាស់មកហើយ។ មនុស្សដែលប្រព្រឹត្តអាក្រក់ក៏ជាមនុស្សដែរ។ ពួកគេជាមនុស្សដែលត្រូវបានធ្វើឱ្យពុករលួយដល់ឆ្អឹង និងមិនអាចទទួលសេចក្ដីសង្គ្រោះបានឡើយ។ មនុស្សដែលប្រព្រឹត្តសុចរិត ក៏ត្រូវបានធ្វើឱ្យពុករលួយដូចជាសត្តនិករផ្សេងដែរ ប៉ុន្តែពួកគេជាមនុស្សដែលអាចផ្ដាច់ខ្លួនចេញពីនិស្ស័យពុករលួយរបស់ពួកគេបាន និងមានសមត្ថភាពចុះចូលនឹងព្រះជាម្ចាស់បាន។ មនុស្សដែលប្រព្រឹត្តិសុចរិត មិនពេញប្រៀបទៅដោយសេចក្ដីសុចរិតនោះទេ។ តែផ្ទុយទៅវិញ ពួកគេបានទទួលនូវសេចក្ដីសង្គ្រោះ និងបានផ្ដាច់ចេញពីនិស្ស័យពុករលួយរបស់ពួកគេ។ ពួកគេអាចចុះចូលនឹងព្រះជាម្ចាស់បាន។ ពួកគេនឹងប្រកាន់ខ្ជាប់ដោយបែបនេះរហូតដល់ទីបញ្ចប់ បើទោះបីមិនចាំបាច់និយាយថា ពួកគេមិនធ្លាប់ត្រូវបានសាតាំងធ្វើឱ្យពុករលួយក៏ដោយ។ ក្រោយពីកិច្ចការរបស់ព្រះជាម្ចាស់បានបញ្ចប់ ក្នុងចំណោមសត្តនិករទាំងអស់របស់ទ្រង់ នឹងមានអ្នកដែលនឹងត្រូវបំផ្លាញចោល និងអ្នកដែលនឹងត្រូវរួចខ្លួន។ នេះគឺជានិន្នាការដែលមិនអាចជៀសផុតបានឡើយនៅក្នុងកិច្ចការគ្រប់គ្រងរបស់ទ្រង់។ គ្មាននរណាម្នាក់អាចបដិសេធកិច្ចការនេះបានឡើយ។ អ្នកធ្វើអាក្រក់ នឹងមិនត្រូវអនុញ្ញាតឱ្យរួចខ្លួនបានឡើយ។ អ្នកដែលចុះចូល និងដើរតាមព្រះជាម្ចាស់រហូដល់ទីបញ្ចប់ ប្រាកដជានឹងបាននៅរស់រាន។ ដោយសារកិច្ចការនេះ គឺជាកិច្ចការនៃការគ្រប់គ្រងរបស់មនុស្ស នោះនឹងមានអ្នកដែលត្រូវនៅ និងអ្នកដែលត្រូវផាត់ចោល។ ទាំងអស់នេះ គឺជាលទ្ធផលខុសៗគ្នាសម្រាប់មនុស្សពីរប្រភេទផ្សេងគ្នានេះ ហើយពួកគេគឺជាការរៀបចំដ៏ស័ក្ដិសមបំផុតសម្រាប់សត្តនិកររបស់ព្រះជាម្ចាស់។ ការរៀបចំចុងក្រោយបង្អស់របស់ព្រះជាម្ចាស់សម្រាប់មនុស្ស គឺដើម្បីញែកពួកគេ ដោយបំបែកក្រុមគ្រួសារ កម្ទេចក្រុមជនជាតិ និងរំលាយព្រំប្រទល់ប្រទេស នៅក្នុងការរៀបចំមួយដែលគ្មានក្រុមគ្រួសារ ឬព្រំប្រទល់ប្រទេសអ្វីឡើយ ដ្បិតក្រោយពីនោះមក មនុស្សគឺជាកូនចៅដែលចេញពីដូនតាតែមួយ និងជាស្នាព្រះហស្ដបង្កើតឡើងដោយព្រះជាម្ចាស់។ សរុបមក សត្តនិករដែលប្រព្រឹត្តិអាក្រក់នឹងត្រូវបានបំផ្លាញចោល ហើយសត្តនិករដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ នឹងត្រូវរួចផុតជីវិត។ ក្នុងលក្ខណៈនេះ នឹងលែងមានក្រុមគ្រួសារ លែងមានប្រទេស ជាពិសេស គ្មានក្រុមជនជាតិនៅក្នុងគ្រានៃសេចក្ដីសម្រាក ដែលនឹងចូលមកដល់នោះឡើយ។ មនុស្សទាំងពីរប្រភេទនេះ នឹងក្លាយជាប្រភេទមនុស្សដែលបរិសុទ្ធជាងគេបំផុត។ កាលដើមដំបូងឡើយ អ័ដាម និងអេវ៉ាត្រូវបានបង្កើតមក ដើម្បីឱ្យមនុស្សអាចមើលថែសព្វសារពើទាំងអស់នៅលើផែនដីនេះបាន។ កាលពីដើម មនុស្សលោក គឺជាម្ចាស់នៃសព្វសារពើទាំងអស់។ បំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ានៅក្នុងការបង្កើតមនុស្សលោក គឺដើម្បីឱ្យពួកគេរស់នៅលើផែនដីនេះ និងដើម្បីមើលថែទាំគ្រប់សារពើទាំងអស់ដែលនៅលើផែនដី ដ្បិតមនុស្សកាលពីដើមដំបូងឡើយ មិនត្រូវបានធ្វើឱ្យពុករលួយ និងមិនអាចប្រព្រឹត្តអំពើអាក្រក់បានឡើយ។ យ៉ាងណាក៏ដោយ ក្រោយពេលដែលមនុស្សត្រូវបានធ្វើឱ្យពុករលួយរួចហើយ ពួកគេលែងក្លាយជាអ្នកមើលថែគ្រប់សព្វសារពើទៀតហើយ។ គោលបំណងនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ គឺដើម្បីស្រោចស្រង់មុខងាររបស់មនុស្សមកវិញ ដើម្បីស្រោចស្រង់នូវមូលហេតុដើម និងការស្ដាប់បង្គាប់ពីដើមរបស់មនុស្ស ត្រឡប់មកវិញ។ ការដែលមនុស្សស្ថិតក្នុងសេចក្ដីសម្រាក នឹងក្លាយជាការតំណាងឱ្យលទ្ធផល ដែលព្រះជាម្ចាស់សង្ឃឹមសម្រេចបាន នៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះរបស់ទ្រង់។ បើទោះបីជាជីវិតនេះលែងជាជីវិតមួយដូចជាជីវិតនៅក្នុងសួនច្បារអេដែនក្ដី ក៏សារជាតិរបស់ពួកគេនៅដូចគ្នាដដែល។ មនុស្សនឹងលែងក្លាយជាមនុស្សនៅដើមដំបូង ដែលមិនមានការពុករលួយ ប៉ុន្តែផ្ទុយទៅវិញ នឹងក្លាយជាមនុស្សជាតិដែលបានពុករលួយ និងក្រោយមកក៏ទទួលបាននូវសេចក្ដីសង្គ្រោះ។ មនុស្សទាំងអស់ដែលបានទទួលនូវសេចក្ដីសង្គ្រោះ ចុងក្រោយ (ពោលគឺ បន្ទាប់ពីកិច្ចការរបស់ព្រះជាម្ចាស់បានបំពេញរួច) នឹងចូលទៅក្នុងសេចក្ដីសម្រាក។ ដូចគ្នានេះដែរ លទ្ធផលនៃអ្នកដែលនឹងត្រូវទទួលទោស ក៏នឹងត្រូវបើកសម្ដែងឱ្យឃើញទាំងស្រុងនៅទីចុងបំផុតដែរ ហើយពួកគេនឹងត្រូវបំផ្លាញចោល បន្ទាប់ពីកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់។ ម្យ៉ាងវិញទៀតក្រោយពេលកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ អ្នកប្រព្រឹត្តអាក្រក់ទាំងអស់នោះ ព្រមទាំងអ្នកដែលត្រូវបានសង្គ្រោះ នឹងសុទ្ធតែត្រូវបើកបង្ហាញឱ្យឃើញទាំងអស់ ដ្បិតកិច្ចការនៃការបើកសម្ដែងគ្រប់ប្រភេទទាំងអស់របស់មនុស្ស (មិនថាពួកគេជាអ្នកប្រព្រឹត្តអាក្រក់ ឬក្នុងចំណោមអ្នកដែលត្រូវបានសង្គ្រោះឡើយ) នឹងត្រូវអនុវត្តចំពោះមនុស្សគ្រប់គ្នា ក្នុងពេលតែមួយ។ អ្នកប្រព្រឹត្តអំពើអាក្រក់នឹងត្រូវផាត់ចោល ហើយអ្នកដែលត្រូវបានអនុញ្ញាតឱ្យបន្តរស់នៅ នឹងត្រូវបើកបង្ហាញនៅក្នុងពេលជាមួយគ្នានោះដែរ។ ហេតុនេះ លទ្ធផលរបស់មនុស្សគ្រប់ប្រភេទទាំងអស់ នឹងត្រូវបើកសម្ដែងនៅក្នុងពេលជាមួយគ្នានោះដែរ។ ព្រះជាម្ចាស់នឹងមិនអនុញ្ញាតឱ្យមនុស្សមួយក្រុមណា ដែលមិនទទួលបានសេចក្ដីសង្គ្រោះ ចូលទៅក្នុងសេចក្ដីសម្រាកនៅមុនពេលញែកអ្នកប្រព្រឹត្តអាក្រក់ទុកមួយឡែក និងជំនុំជម្រះ និងដាក់ទោសលើពួកគេបន្តិចម្ដងៗនោះទេ។ កិច្ចការបែបនេះនឹងមិនស្របគ្នាជាមួយនឹងការពិតឡើយ។ នៅពេលអ្នកប្រព្រឹត្តិអាក្រក់ត្រូវបានបំផ្លាញ ហើយពេលដែលអ្នករួចខ្លួន ចូលទៅក្នុងសេចក្ដីសម្រាក នោះកិច្ចការរបស់ព្រះជាម្ចាស់នៅទូទាំងសាកលលោកទាំងមូល នឹងត្រូវបញ្ចប់។ នឹងលែងមានលំដាប់លំដោយអាទិភាពក្នុងចំណោមមនុស្សដែលទទួលបានព្រះពរ និងអ្នកដែលទទួលរងសំណាងអាក្រក់ទៀតហើយ។ អ្នកដែលទទួលបានព្រះពរនឹងរស់នៅជារៀងរហូត ចំណែកឯអ្នកដែលទទួលរងសំណាងអាក្រក់ នឹងត្រូវវិនាសហិនហោចអស់កល្បជានិច្ច។ ដំណាក់កាលទាំងពីរនៃកិច្ចការនេះ នឹងត្រូវបញ្ចប់ក្នុងពេលដំណាលគ្នា។ ច្បាស់ណាស់ គឺដោយសារការកើតមាននូវមនុស្សដែលមិនស្ដាប់បង្គាប់នេះហើយ ទើបត្រូវបើកសម្ដែងឱ្យឃើញនូវសេចក្ដីសុចរិតរបស់អ្នកដែលចុះចូល ហើយច្បាស់ណាស់ គឺដោយសារមានអ្នកដែលទទួលបាននូវព្រះពរនេះហើយ ទើបត្រូវបើកសម្ដែងពីសំណាងអាក្រក់ដែលអ្នកដែលមានឥរិយាបថអាក្រក់ទទួលរង។ ប្រសិនបើព្រះជាម្ចាស់ មិនលាតត្រដាងពីអ្នកប្រព្រឹត្តអាក្រក់ទេ នោះមនុស្សដែលចុះចូលនឹងព្រះជាម្ចាស់ដោយចិត្តស្មោះ នឹងមិនដែលឃើញព្រះអាទិត្យឡើយ។ ប្រសិនបើព្រះជាម្ចាស់ពុំបាននាំយកអ្នកដែលចុះចូលនឹងទ្រង់ ទៅកាន់ទិសដៅសមស្របណាមួយទេ នោះមនុស្សដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ នឹងមិនអាចទទួលបាននូវការដាក់ទោសដែលពួកគេសមនឹងទទួលបានឡើយ។ នេះគឺជាដំណើរការនៃកិច្ចការរបស់ព្រះជាម្ចាស់។ ប្រសិនបើទ្រង់មិនបានបំពេញកិច្ចការនៃការដាក់ទោសអំពើអាក្រក់ ហើយប្រទានរង្វាន់ដល់អំពើល្អទេ នោះសត្តនិកររបស់ទ្រង់ នឹងមិនអាចចូលទៅក្នុងទិសដៅរៀងៗខ្លួនរបស់ពួកគេបានឡើយ។ នៅពេលដែលមនុស្សបានចូលទៅក្នុងសេចក្ដីសម្រាករួចហើយ អ្នកប្រព្រឹត្តអាក្រក់នឹងត្រូវបានបំផ្លាញចោលហើយមនុស្សជាតិទាំងអស់ នឹងបានដើរនៅលើផ្លូវត្រូវ។ មនុស្សគ្រប់ប្រភេទទាំងអស់ នឹងបានចូលទៅក្នុងប្រភេទរៀងៗខ្លួន ស្របទៅតាមមុខងារដែលពួកគេគប្បីបំពេញ។ មានតែបែបនេះទេ ទើបជាថ្ងៃសម្រាករបស់មនុស្ស វានឹងក្លាយជារឿងដែលមិនអាចជៀសផុតបានសម្រាប់ការវិវឌ្ឍន៍របស់មនុស្ស ហើយមានតែពេលដែលមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាកប៉ុណ្ណោះ ទើបសមិទ្ធផលដ៏អស្ចារ្យនិងសមិទ្ធផលចុងក្រោយបង្អស់របស់ព្រះជាម្ចាស់ បានចូលដល់ទីបញ្ចប់។ នេះគឺជាផ្នែកចុងបញ្ចប់នៃកិច្ចការរបស់ទ្រង់។ កិច្ចការនេះនឹងត្រូវបញ្ចប់នូវជីវិតដុនដាបរបស់មនុស្សនៅខាងសាច់ឈាម ក៏ដូចជាជីវិតរបស់មនុស្សដែលពុករលួយផងដែរ។ ចាប់ពេលនោះតទៅ មនុស្សលោកនឹងត្រូវចូលទៅក្នុងពិភពថ្មីមួយ។ បើទោះជាមនុស្សទាំងអស់ នឹងរស់នៅខាងសាច់ឈាមក្ដី ក៏សារជាតិនៃជីវិតនេះ និងជីវិតរបស់មនុស្សពុករលួយ នឹងមានភាពខុសគ្នាយ៉ាងខ្លាំងដែរ។ សារជាតិសំខាន់នៃការរស់នៅនេះ និងសារជាតិនៃវត្តមានរបស់មនុស្សដែលពុករលួយ ក៏ខុសគ្នាផងដែរ។ បើទោះជាជីវិតនេះនឹងមិនមែនជាជីវិតរបស់មនុស្សប្រភេទថ្មីក្ដី ក៏អាចនិយាយបានថា ជាជីវិតនៃមនុស្សដែលបានទទួលនូវសេចក្ដីសង្គ្រោះ ក៏ដូចជាជីវិតមួយដែលមនុស្សនិងវិចារណញាណ ទទួលបានមកវិញ។ មនុស្សទាំងអស់នេះ គឺជាមនុស្សដែលធ្លាប់មិនស្ដាប់បង្គាប់ព្រះជាម្ចាស់ ជាមនុស្សដែលត្រូវបានព្រះជាម្ចាស់បង្ក្រាប ហើយបន្ទាប់មកត្រូវបានទ្រង់សង្គ្រោះដោយសារទ្រង់។ មនុស្សទាំងអស់នេះ គឺជាមនុស្សដែលមិនគោរពព្រះជាម្ចាស់ ហើយក្រោយមកបានធ្វើទីបន្ទាល់សម្រាប់ទ្រង់។ ក្រោយពីពួកគេបានឆ្លងកាត់ និងបានរួចផុតពីការសាកល្បងរបស់ទ្រង់ វត្តមានរបស់ពួកគេ នឹងក្លាយជាវត្តមានដែលមានអត្តន័យបំផុត។ ពួកគេគឺជាមនុស្សដែលធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់នៅចំពោះមុខសាតាំង ហើយគឺជាមនុស្សលោកដែលស័ក្តិសមនឹងរស់នៅ។ អ្នកដែលនឹងត្រូវបំផ្លាញចោល គឺជាអ្នកដែលមិនអាចធ្វើទីបន្ទាល់ចំពោះព្រះជាម្ចាស់បាន និងមិនស័ក្តិសមនឹងបន្តរស់នៅឡើយ។ ការបំផ្លាញលើពួកគេ នឹងមកពីលទ្ធផលនៃអាកប្បកិរិយាអាក្រក់របស់ពួកគេ ហើយការធ្វើឱ្យពួកគេវិនាសសាបសូន្យបែបនេះ គឺជាទិសដៅល្អបំផុត។ នៅពេលអនាគត នៅពេលដែលមនុស្សជាតិចូលទៅក្នុងពិភពដ៏ស្រស់ស្អាត នោះនឹងលែងមានទំនាក់ទំនងរវាងប្ដីនិងប្រពន្ធ ទំនាក់ទំនងរវាងឪពុក និងកូនស្រី ឬទំនាក់ទំនងរវាងម្ដាយនិងកូនប្រុសទៀតហើយ ដែលមនុស្សស្រមៃថា ពួកគេនឹងអាចរកឃើញ។ នៅពេលនោះ មនុស្សម្នាក់ៗនឹងដើរតាមប្រភេទរៀងៗខ្លួន ហើយក្រុមគ្រួសារនឹងត្រូវបែកខ្ញែកពីគ្នា។ ដោយរងបរាជ័យទាំងស្រុងបែបនេះ សាតាំងនឹងមិនរំខានមនុស្សជាតិជាថ្មីទៀតឡើយ ហើយមនុស្សលោកនឹងលែងមាននិស្ស័យពុករលួយរបស់សាតាំងទៀតដែរ។ មនុស្សដែលមិនស្ដាប់បង្គាប់ នឹងត្រូវបានបំផ្លាញចោល ហើយមានតែមនុស្សដែលចុះចូលប៉ុណ្ណោះ ដែលនឹងបន្តរស់នៅបាន។ ដូច្នេះ មានក្រុមគ្រួសារតិចតួចណាស់ដែលនឹងរួចផុតពីភាពហ្មងសៅនេះ។ តើទំនាក់ទំនងខាងរូបកាយអាចបន្តកើតមានបានដោយរបៀបណា? ជីវិតខាងសាច់ឈាមរបស់មនុស្សពីមុន នឹងត្រូវហាមឃាត់ជាដាច់ខាត។ តើទំនាក់ទំនងខាងរូបកាយអាចកើតមានក្នុងចំណោមមនុស្សបានដោយរបៀបណា? បើគ្មាននិស្ស័យពុករលួយរបស់សាតាំងទេ ជីវិតរបស់មនុស្សលោកនឹងលែងជាជីវិតចាស់ នៅក្នុងពេលអតីតកាលទៀតហើយ ប៉ុន្តែជាជីវិតថ្មីមួយ។ ឪពុកម្ដាយនឹងបាត់បង់កូនចៅ ហើយកូនចៅនឹងបាត់បង់ឪពុកម្ដាយ។ ប្ដីនឹងបាត់បង់ប្រពន្ធ ហើយប្រពន្ធនឹងបាត់បង់ប្ដី។ បច្ចុប្បន្ន ទំនាក់ទំនងខាងរូបកាយ កើតមានក្នុងចំណោមមនុស្សលោក ប៉ុន្តែពួកគេនឹងលែងកើតមានទៀតឡើយ នៅពេលដែលមនុស្សគ្រប់គ្នាបានចូលទៅក្នុងសេចក្ដីសម្រាក។ មានតែមនុស្សជាតិប្រភេទនេះទេ ទើបមាននូវសេចក្ដីសុចរិតនិងភាពបរិសុទ្ធ។ មានតែមនុស្សជាតិប្រភេទនេះទេ ទើបអាចថ្វាយបង្គំព្រះជាម្ចាស់បាន។

ព្រះជាម្ចាស់បានបង្កើតមនុស្សលោក និងដាក់ពួកគេនៅលើផែនដី ហើយទ្រង់បានដឹកនាំពួកគេចាប់តាំងពីពេលនោះមក។ ក្រោយមក ទ្រង់ក៏បានសង្គ្រោះពួកគេ និងធ្វើជាតង្វាយលោះបាបសម្រាប់មនុស្សជាតិ។ នៅទីបំផុត ទ្រង់នៅតែត្រូវយកឈ្នះលើមនុស្សជាតិ សង្គ្រោះមនុស្សលោកទាំងមូល និងស្រោចស្រង់ពួកគេទៅរកលក្ខណៈដើមរបស់ពួកគេវិញ។ នេះគឺជាកិច្ចការដែលទ្រង់បានចូលរួមធ្វើ ចាប់តាំងពីគ្រាដំបូងមកម៉្លេះ ជាការស្រោចស្រង់មនុស្សទៅរករូបអង្គ និងលក្ខណៈដើមរបស់ពួកគេវិញ។ ព្រះជាម្ចាស់នឹងបង្កើតនគរស្ថានសួគ៌របស់ទ្រង់ និងស្រោចស្រង់លក្ខណៈដើមរបស់មនុស្សជាតិត្រឡប់មកវិញ ដែលមានន័យថា ព្រះជាម្ចាស់នឹងស្រោចស្រង់នូវសិទ្ធិអំណាចរបស់ទ្រង់នៅលើផែនដី និងក្នុងចំណោមសត្តនិករទាំងអស់ត្រឡប់មកវិញ។ មនុស្សជាតិបានបាត់បង់នូវចិត្ត ដែលកោតខ្លាចព្រះជាម្ចាស់ ក៏ដូចជាមុខងារដែលប្រគល់ឱ្យសត្តនិកររបស់ព្រះជាម្ចាស់ ក្រោយពីត្រូវសាតាំងធ្វើឱ្យពុករលួយ ហើយបានក្លាយជាសត្រូវមិនស្ដាប់បង្គាប់ព្រះជាម្ចាស់។ ក្រោយមកទៀត មនុស្សជាតិរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង និងបានដើរតាមការបញ្ជារបស់សាតាំង។ ហេតុនេះ ព្រះជាម្ចាស់គ្មានផ្លូវណាត្រូវបំពេញកិច្ចការក្នុងចំណោមសត្តនិកររបស់ទ្រង់ឡើយ ហើយកាន់តែមិនអាចយកឈ្នះលើការគោរពកោតខ្លាចដែលពោរពេញដោយការខ្លាចរអារនោះទេ។ មនុស្សលោកត្រូវបានព្រះជាម្ចាស់បង្កើតមក ហើយត្រូវថ្វាយបង្គំព្រះជាម្ចាស់ ប៉ុន្តែពួកគេទៅជាបែរខ្នងដាក់ទ្រង់ និងថា្វយបង្គំសាតាំងទៅវិញ។ សាតាំងបានក្លាយជាព្រះក្លែងក្លាយនៅក្នុងដួងចិត្តរបស់ពួកគេ។ ហេតុនេះ ព្រះជាម្ចាស់បានបាត់បង់នូវកន្លែងរបស់ទ្រង់នៅក្នុងដួងចិត្តរបស់ពួកគេ ដែលមានន័យថា ទ្រង់បានបាត់បង់នូវអត្ថន័យនៅពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់។ ហេតុនេះ ដើម្បីស្រោចស្រង់នូវអត្ថន័យនៅពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់ត្រឡប់មកវិញ ទ្រង់ត្រូវតែស្រោចស្រង់នូវភាពជាមនុស្សដើមរបស់ពួកគេត្រឡប់មកវិញ និងបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់ពួកគេចេញ។ ដើម្បីទាមទារយកមនុស្សពីសាតាំងវិញ ទ្រង់ត្រូវសង្គ្រោះពួកគេឱ្យរួចពីបាបសិន។ មានតែតាមរបៀបនេះទេ ទើបព្រះជាម្ចាស់អាចស្រោចស្រង់លក្ខណៈដើម និងមុខងាររបស់ពួកគេត្រឡប់មកវិញ ហើយចុងក្រោយ ក៏ស្រោចស្រង់នូវនគរស្ថានសួគ៌របស់ទ្រង់ត្រឡប់មកវិញ។ ការបំផ្លាញជាចុងក្រោយបង្អស់លើកូនដែលមិនស្ដាប់បង្គាប់ទាំងនោះ ក៏នឹងត្រូវអនុវត្តដើម្បីឱ្យមនុស្សបានថ្វាយបង្គំព្រះជាម្ចាស់ប្រសើរជាងមុនដែរ ហើយនឹងរស់នៅលើផែនដីនេះបានប្រសើរជាងមុន។ ដោយសារព្រះជាម្ចាស់បានបង្កើតមនុស្សលោកមក ទើបទ្រង់ត្រូវធ្វើឱ្យពួកគេថ្វាយបង្គំទ្រង់។ ដោយសារទ្រង់ចង់ស្រោចស្រង់មុខងារដើមរបស់មនុស្សជាតិត្រឡប់មកវិញ ទើបទ្រង់ត្រូវស្រោចស្រង់មុខងារនោះឱ្យបានទាំងស្រុង ដោយគ្មានការផិតក្បត់ឡើយ។ ការស្រោចស្រង់សិទ្ធិអំណាចរបស់ទ្រង់មានន័យថា ការធ្វើឱ្យមនុស្សថ្វាយបង្គំទ្រង់ និងចុះចូលចំពោះទ្រង់។ វាមានន័យថាព្រះជាម្ចាស់នឹងធ្វើឱ្យមនុស្សជាតិរស់នៅដោយសារទ្រង់ និងធ្វើឱ្យសត្រូវរបស់ទ្រង់វិនាសហិនហោច ដោយសារសិទ្ធិអំណាចរបស់ទ្រង់។ វាមានន័យថា ព្រះជាម្ចាស់នឹងធ្វើឱ្យសព្វសារពើររបស់ទ្រង់បន្តស្ថិតនៅក្នុងចំពោះមនុស្សជាតិ ដោយគ្មានការប្រឆាំងទាស់ពីនរណាម្នាក់ឡើយ។ នគរស្ថានសួគ៌ដែលព្រះជាម្ចាស់ចង់បង្កើត គឺជានគរស្ថានសួគ៌របស់ទ្រង់ផ្ទាល់។ មនុស្សជាតិដែលទ្រង់ចង់បាន គឺជាមនុស្សដែលនឹងថ្វាយបង្គំទ្រង់ ជាមនុស្សដែលនឹងចុះចូលចំពោះទ្រង់ទាំងស្រុង និងផ្សាយនូវសិរីល្អរបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់ពុំបានសង្គ្រោះមនុស្សជាតិដែលពុករលួយទេ នោះអត្ថន័យពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់ នឹងត្រូវបាត់បង់។ ទ្រង់នឹងមិនមានសិទ្ធិអំណាចកាន់តែច្រើនក្នុងចំណោមមនុស្សជាតិ ហើយនគរស្ថានសួគ៌របស់ទ្រង់នឹងលែងអាចកើតមាននៅលើផែនដីនេះទៀតហើយ។ ប្រសិនបើព្រះជាម្ចាស់ពុំបានបំផ្លាញសត្រូវទាំងនោះដែលមិនស្ដាប់បង្គាប់ទ្រង់ទេ ទ្រង់នឹងមិនអាចទទួលបាននូវសិរីល្អពេញលេញរបស់ទ្រង់បានឡើយ ហើយទ្រង់ក៏នឹងមិនអាចបង្កើតនគរស្ថានសួគ៌របស់ទ្រង់នៅលើផែនដីនេះបានដែរ។ ទាំងអស់នេះ នឹងក្លាយជាទីសម្គាល់នៃការបញ្ចប់កិច្ចការរបស់ទ្រង់ និងជាជោគជ័យដ៏អស្ចារ្យរបស់ទ្រង់៖ ក្នុងការបំផ្លាញដល់អ្នកដែលនៅស្ថិតក្នុងចំណោមមនុស្សជាតិដែលមិនស្ដាប់បង្គាប់ទ្រង់ និងក្នុងការនាំអ្នកដែលបានធ្វើឱ្យពេញខ្នាតចូលទៅក្នុងសេចក្ដីសម្រាក។ នៅពេលដែលមនុស្សលោកត្រូវបានស្រោចស្រង់មកជាលក្ខណៈដើមរបស់ពួកគេវិញ ហើយនៅពេលដែលពួកគេអាចបំពេញភារកិច្ចរៀងៗខ្លួន រក្សាទីតាំងត្រឹមត្រូវរបស់ខ្លួន និងចុះចូលនឹងការរៀបចំទាំងអស់របស់ព្រះជាម្ចាស់បាន នោះព្រះជាម្ចាស់នឹង ទទួលយកមនុស្សមួយក្រុមនៅលើផែនដីដែលថ្វាយបង្គំទ្រង់ ហើយទ្រង់ក៏នឹងបានបង្កើតនគរមួយនៅលើផែនដីដែលថ្វាយបង្គំទ្រង់ផងដែរ។ ទ្រង់នឹងមានជ័យជម្នះជាអស់កល្បជានិច្ចនៅលើផែនដីនេះ ហើយអ្នកដែលប្រឆាំងនឹងទ្រង់ នឹងត្រូវវិនាសហិនហោចជាអស់កល្បជានិច្ច។ កិច្ចការនេះនឹងស្រោចស្រង់នូវបំណងព្រះហឫទ័យដើមរបស់ទ្រង់នៅក្នុងការបង្កើតមនុស្សជាតិនេះត្រឡប់មកវិញ។ វានឹងស្រោចស្រង់នូវបំណងព្រះហឫទ័យរបស់ទ្រង់ក្នុងការបង្កើតគ្រប់សព្វសារពើ ហើយក៏នឹងស្រោចស្រង់នូវសិទ្ធិអំណាចរបស់ទ្រង់នៅលើផែនដី ក្នុងចំណោមគ្រប់សព្វសារពើ និងក្នុងចំណោមសត្រូវរបស់ទ្រង់ត្រឡប់មកវិញផងដែរ។ ទាំងអស់នេះ នឹងក្លាយជានិមិត្តរូបនៃជ័យជម្នះទាំងស្រុងរបស់ទ្រង់។ ចាប់ពីពេលនោះមក មនុស្សជាតិនឹងចូលទៅក្នុងសេចក្ដីសម្រាក និងចាប់ផ្ដើមជីវិតមួយដែលស្ថិតនៅលើផ្លូវត្រូវ។ ព្រះជាម្ចាស់ ក៏នឹងចូលទៅក្នុងសេចក្ដីសម្រាកជាអស់កល្បជានិច្ចជាមួយមនុស្សជាតិផងដែរ និងចាប់ផ្ដើមជីវិតដ៏អស់កល្បជានិច្ច រួមគ្នាដោយទ្រង់ផ្ទាល់ព្រះអង្គ និងដោយមនុស្សលោក។ ភាពស្មោកគ្រោក និងការមិនស្ដាប់បង្គាប់នៅលើផែនដី នឹងត្រូវបាត់អស់ ហើយអ្នកស្រែកទួញថ្ងូរ នឹងបានរសាយចិត្ត ហើយគ្រប់សព្វសារពើទាំងអស់នៅក្នុងពិភពលោកនេះ ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ នឹងត្រូវឈប់កើតមានទៀត។ មានតែព្រះជាម្ចាស់ និងអ្នកដែលទទួលបាននូវសេចក្ដីសង្គ្រោះរបស់ទ្រង់ប៉ុណ្ណោះ ដែលនឹងនៅបន្តទៀត។ មានតែសព្វសារពើដែលទ្រង់បង្កើតមកប៉ុណ្ណោះ ដែលនឹងត្រូវនៅបន្តទៀត។

ខាង​ដើម៖ ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ

បន្ទាប់៖ ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ