ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ

តើអ្នកចង់ឃើញព្រះយេស៊ូវដែរឬទេ? តើអ្នកចង់រស់នៅជាមួយព្រះយេស៊ូវដែរឬទេ? តើអ្នកចង់ឮព្រះបន្ទូលដែលចេញមកពីព្រះឱស្ឋរបស់ព្រះយេស៊ូវដែរឬទេ? ប្រសិនបើអ្នកចង់ តើអ្នកនឹងត្រូវស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ ដោយវិធីណា? តើអ្នកបានប្រុងប្រៀបស្រេចហើយឬនៅ? តើអ្នកនឹងស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ ដោយឥរិយាបថបែបណា? ខ្ញុំគិតថា បងប្អូនប្រុសស្រីគ្រប់គ្នាដែលដើរតាមព្រះយេស៊ូវ ចង់ទទួលស្វាគមន៍ទ្រង់ឱ្យបានល្អ។ ប៉ុន្តែ តើអ្នករាល់គ្នាបានពិចារណាចំណុចនេះទេថា៖ នៅពេលដែលទ្រង់យាងត្រឡប់មកវិញ តើអ្នកនឹងស្គាល់ព្រះយេស៊ូវពិតប្រាកដដែរឬទេ? តើអ្នករាល់គ្នាពិតជានឹងយល់ពីអ្វីគ្រប់យ៉ាង ដែលទ្រង់មានព្រះបន្ទូលដែរឬទេ? តើអ្នករាល់គ្នាពិតជានឹងទទួលយកកិច្ចការទាំងអស់ដែលទ្រង់ធ្វើដោយឥតលក្ខខណ្ឌមែនទេ? អស់អ្នកដែលបានអានព្រះគម្ពីរ គឺសុទ្ធតែដឹងអំពីការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ ហើយអស់អ្នកដែលបានអានព្រះគម្ពីរ ក៏សុទ្ធតែទន្ទឹងរង់ចាំការយាងត្រឡប់មកវិញរបស់ទ្រង់ដោយចិត្តស្មោះត្រង់ដែរ។ អ្នករាល់គ្នាសុទ្ធតែខ្វាយខ្វល់ក្នុងចិត្ត ចំពោះការមកដល់នៃគ្រានោះ ហើយភាពស្មោះត្រង់របស់អ្នករាល់គ្នា ពិតជាគួរឱ្យកោតស្ញប់ស្ញែង ជំនឿរបស់អ្នករាល់គ្នាពិតជាល្អគួរឱ្យច្រណែន ប៉ុន្តែ តើអ្នករាល់គ្នាដឹងទេថា អ្នករាល់គ្នាបានប្រព្រឹត្តកំហុសមួយយ៉ាងធ្ងន់? តើព្រះយេស៊ូវនឹងយាងត្រឡប់មកវិញក្នុងលក្ខណៈដូចម្ដេច? អ្នករាល់គ្នាជឿថា ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញនៅលើដុំពពកស ប៉ុន្តែខ្ញុំសូមសួរអ្នករាល់គ្នា ថាតើដុំពពកសមួយនេះសំដៅលើអ្វី? មានអ្នកដើរតាមព្រះយេស៊ូវច្រើនណាស់ កំពុងទន្ទឹងរង់ចាំការយាងត្រឡប់មកវិញរបស់ទ្រង់ តើទ្រង់នឹងយាងចុះមកវិញក្នុងចំណោមក្រុមមនុស្សណាមួយ? ប្រសិនបើអ្នករាល់គ្នាស្ថិតក្នុងចំណោមក្រុមមនុស្សដំបូងគេដែលព្រះយេស៊ូវយាងចុះមក តើអ្នកដទៃទៀតនឹងមិនយល់ថា នេះគឺជាអំពើអយុត្តិធម៌ដែលមិនអាចទទួលយកបានទេឬអី? ខ្ញុំដឹងថា អ្នករាល់គ្នាមានភាពស្មោះត្រង់ និងមានភក្ដីភាពចំពោះព្រះយេស៊ូវខ្លាំងណាស់ ប៉ុន្តែ តើអ្នករាល់គ្នាធ្លាប់ជួបព្រះយេស៊ូវដែរឬទេ? តើអ្នករាល់គ្នាស្គាល់និស្ស័យរបស់ទ្រង់ដែរឬទេ? តើអ្នករាល់គ្នាធ្លាប់រស់នៅជាមួយទ្រង់ដែរឬទេ? តើអ្នករាល់គ្នាយល់ពីទ្រង់ច្បាស់ប៉ុនណា? អ្នកខ្លះមុខជានិយាយថា សម្ដីទាំងនេះធ្វើឱ្យពួកគេស្ថិតក្នុងសភាពមួយដ៏សែនអាម៉ាស់។ ពួកគេមុខជានិយាយថា៖ «ខ្ញុំបានអានព្រះគម្ពីរពីដើមដល់ចប់ ជាច្រើនលើកច្រើនសា។ ម្ដេចក៏ថាខ្ញុំមិនយល់ពីព្រះយេស៊ូវ? កុំថាដល់និស្ស័យរបស់ព្រះយេស៊ូវ សូម្បីតែពណ៌សម្លៀកបំពាក់ដែលទ្រង់សព្វព្រះហឫទ័យ ក៏ខ្ញុំដឹងដែរ។ នៅពេលដែលអ្នកនិយាយថា ខ្ញុំមិនយល់អំពីទ្រង់ តើអ្នកមិនមែនកំពុងតែមើលងាយខ្ញុំទេឬអី?» ខ្ញុំសូមទូន្មានអ្នកទៅចុះថា កុំទៅប្រកែកគ្នាពីរឿងទាំងនេះធ្វើអ្វី យកល្អគួរធ្វើចិត្តឱ្យស្ងប់ រួចប្រកបគ្នាអំពីសំណួរដូចតទៅនេះវិញ៖ ទីមួយ តើអ្នកដឹងទេថា អ្វីទៅជាភាពជាក់ស្ដែង ហើយអ្វីទៅជាទ្រឹស្ដី? ទីពីរ តើអ្នកដឹងទេថា អ្វីទៅជាការសន្មត ហើយអ្វីទៅជាសេចក្ដីពិត? ទីបី តើអ្នកដឹងទេថា អ្វីទៅជាការស្រមើស្រមៃ ហើយអ្វីទៅជាការពិត?

មនុស្សខ្លះបដិសេធការពិតដែលថា ពួកគេមិនស្គាល់ព្រះយេស៊ូវ។ ហើយខ្ញុំនៅតែនិយាយថា អ្នករាល់គ្នាមិនយល់ពីទ្រង់សូម្បីតែបន្តិច ហើយក៏មិនយល់ពីព្រះបន្ទូលរបស់ព្រះយេស៊ូវសូម្បីមួយម៉ាត់ដែរ។ នេះមកពីអ្នករាល់គ្នាដើរតាមទ្រង់ ដោយសារកំណត់ហេតុក្នុងព្រះគម្ពីរ និងដោយសារអ្វីដែលអ្នកដទៃបាននិយាយ។ អ្នករាល់គ្នាមិនធ្លាប់ឃើញព្រះយេស៊ូវសោះ ក៏រឹតតែមិនធ្លាប់រស់នៅជាមួយនឹងទ្រង់ដែរ ហើយអ្នកក៏មិនធ្លាប់បានប្រកបគ្នាជាមួយទ្រង់ សូម្បីតែមួយរយៈពេលខ្លីក៏អត់ដែរ។ ដូច្នេះ តើការយល់ដឹងរបស់អ្នកអំពីព្រះយេស៊ូវ មិនមែនគ្រាន់តែជាទ្រឹស្ដីទេឬអី? តើវាមិនមែនជាការយល់ដឹងដែលគ្មានការពិតទេឬអី? អ្នកខ្លះក៏ប្រហែលជាធ្លាប់បានឃើញរូបគំនូរព្រះយេស៊ូវ ឬអ្នកខ្លះទៀតប្រហែលធ្លាប់បានទៅលេងទឹកដីកំណើតរបស់ព្រះយេស៊ូវ។ អ្នកខ្លះទៀតក៏ប្រហែលជាធ្លាប់បានប៉ះសម្លៀកបំពាក់របស់ព្រះយេស៊ូវផង។ ប៉ុន្តែ ការយល់ដឹងរបស់អ្នកអំពីទ្រង់ នៅតែជាទ្រឹស្ដីនៅឡើយ មិនមែនជាភាពជាក់ស្ដែងនោះទេ បើទោះបីជាខ្លួនឯងផ្ទាល់ ធ្លាប់បានភ្លក់អាហារ ដែលព្រះយេស៊ូវធ្លាប់បានសោយក៏ដោយ។ ទោះក្នុងករណីបែបណាក៏ដោយ ក៏អ្នកមិនធ្លាប់បានឃើញព្រះយេស៊ូវដែរ ហើយមិនធ្លាប់បានប្រកបជាមួយនឹងទ្រង់ នៅក្នុងរូបអង្គជាសាច់ឈាមនោះដែរ ហេតុនេះ ការយល់ដឹងរបស់អ្នកអំពីព្រះយេស៊ូវ នឹងនៅតែជាទ្រឹស្ដីទទេស្អាត ដែលគ្មានការជាក់ស្ដែងបន្តិចសោះ។ ប្រហែលជាសម្ដីរបស់ខ្ញុំ មិនធ្វើឱ្យអ្នកចាប់អារម្មណ៍ប៉ុន្មានទេ ប៉ុន្តែខ្ញុំសូមសួរសំណួរអ្នកមួយថា៖ ថ្វីបើអ្នកបានអានស្នាដៃជាច្រើនរបស់អ្នកនិពន្ធដែលអ្នកស្ងើចសរសើរបំផុតក៏ដោយ ប៉ុន្តែតើអ្នកអាចយល់អំពីគាត់បានទាំងស្រុង ដោយមិនចំណាយពេលជាមួយគាត់ បានដែរទេ? តើអ្នកដឹងថា គាត់មានបុគ្គលិកលក្ខណៈបែបណាទេ? តើអ្នកដឹងថា គាត់សម្រេចចិត្តក្នុងជីវិតបែបណាទេ? តើអ្នកដឹងអ្វីខ្លះពីអារម្មណ៍ពិតរបស់គាត់ទេ? សូម្បីតែមនុស្សដែលអ្នកកោតសរសើរ ក៏អ្នកមិនអាចយល់អំពីគេអស់ផង ចុះទម្រាំព្រះយេស៊ូវគ្រីស្ទទៀត តើអ្នកអាចយល់ពីទ្រង់បានដោយវិធីណា? គ្រប់យ៉ាងដែលអ្នកយល់ពីព្រះយេស៊ូវ គឺពោរពេញដោយការស្រមើស្រមៃ និងការសន្មត ហើយគ្មានសេចក្ដីពិត ឬភាពជាក់ស្ដែងឡើយ។ ការយល់ដឹងរបស់អ្នក គឺមានតែក្លិនអសោច និងពោរពេញទៅដោយសាច់ឈាមប៉ុណ្ណោះ។ តើការយល់ដឹងបែបនេះ នឹងអាចឱ្យអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវដូចម្ដេចបាន? ព្រះយេស៊ូវនឹងមិនទទួលយកមនុស្សណាដែលមានពេញដោយគំនិតស្រមើស្រមៃ និងការសន្មតបែបសាច់ឈាមនោះឡើយ។ តើមនុស្សដែលមិនយល់ពីព្រះយេស៊ូវ សមនឹងធ្វើជាអ្នកជឿដល់ទ្រង់បានដោយរបៀបណា?

តើអ្នករាល់គ្នាចង់ដឹងអំពីឫសគល់នៃមូលហេតុ ដែលពួកផារិស៊ីប្រឆាំងទាស់ជាមួយព្រះយេស៊ូវដែរឬទេ? តើអ្នករាល់គ្នាចង់ដឹងពីសារជាតិរបស់ពួកផារិស៊ីទេ? ពួកគេពោរពេញដោយការស្រមើស្រមៃអំពីព្រះមែស្ស៊ី។ ជាងនេះទៅទៀត ពួកគេជឿត្រឹមថា ព្រះមែស្ស៊ីនឹងយាងមក ប៉ុន្តែពួកគេមិនបានដេញតាមជីវិតនិងសេចក្ដីពិតឡើយ។ ហេតុនេះ សូម្បីសព្វថ្ងៃនេះ ក៏ពួកគេនៅតែទន្ទឹងរង់ចាំព្រះមែស្ស៊ីដែរ ដ្បិតពួកគេមិនស្គាល់ផ្លូវនៃជីវិត ហើយក៏មិនដឹងថា ផ្លូវនៃសេចក្ដីពិតនោះជាអ្វីដែរ។ តើមនុស្សល្ងីល្ងើ ចចេសរឹងរូស និងល្ងង់ខ្លៅដូចជាអ្នករាល់គ្នានេះ អាចទទួលបានព្រះពរពីព្រះជាម្ចាស់បានដោយវិធីណា? តើពួកគេអាចមើលឃើញព្រះមែស្ស៊ីបានដោយរបៀបណា? ពួកគេប្រឆាំងទាស់នឹងព្រះយេស៊ូវ ព្រោះពួកគេមិនស្គាល់គោលដៅនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រោះពួកគេមិនស្គាល់ផ្លូវនៃសេចក្ដីពិតដែលព្រះយេស៊ូវមានបន្ទូលប្រាប់ ហើយលើសពីនេះទៅទៀត គឺមកពីពួកគេមិនយល់អំពីព្រះមែស្ស៊ី។ ហើយដោយសារតែពួកគេមិនធ្លាប់បានឃើញព្រះមែស្ស៊ី និងមិនធ្លាប់បានពាក់ព័ន្ធជាមួយនឹងព្រះមែស្ស៊ី ទើបពួកគេបានប្រព្រឹត្តកំហុសមួយ គឺប្រកាន់ខ្ជាប់តាមតែព្រះនាមរបស់ព្រះមែស្ស៊ី ទាំងដែលពួកគេកំពុងប្រឆាំងទាស់នឹងនិស្ស័យពិតរបស់ព្រះមែស្ស៊ី អស់ពីលទ្ធភាពដែលគេមាន។ សារជាតិនៃពួកផារិស៊ីនេះ គឺចចេសរឹងរូស ក្រអឺតក្រទម ហើយមិនស្ដាប់បង្គាប់សេចក្ដីពិតឡើយ។ គោលការណ៍នៃសេចក្តីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់គឺ៖ ទោះបីសេចក្ដីបង្រៀនរបស់អ្នកជ្រៅជ្រះយ៉ាងណា ទោះបីជាសិទ្ធិអំណាចរបស់អ្នកខ្ពង់ខ្ពស់យ៉ាងណា ក៏អ្នកមិនមែនជាព្រះគ្រីស្ទដែរ លុះត្រាតែគេហៅថា ព្រះមែស្ស៊ី។ តើជំនឿនេះមិនគួរឱ្យអស់សំណើច និងខុសទំនងទេឬអី? ខ្ញុំសូមសួរអ្នករាល់គ្នាទៀតចុះថា៖ អ្នករាល់គ្នាគ្មានការយល់ដឹងអំពីព្រះយេស៊ូវសូម្បីតែបន្តិច តើការប្រព្រឹត្តកំហុសដូចនឹងពួកផារិស៊ីសម័យដើមនោះ មិនរឹតតែងាយស្រួលសម្រាប់អ្នករាល់គ្នាទេឬអី? តើអ្នកអាចស្គាល់ផ្លូវនៃសេចក្ដីពិតបានដែរឬទេ? តើអ្នកពិតជាអាចធានាបានថា អ្នកនឹងមិនប្រឆាំងទាស់នឹងព្រះគ្រីស្ទបានដែរឬទេ? តើអ្នកអាចធ្វើតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ បានដែរឬទេ? ប្រសិនបើអ្នកមិនដឹងថា អ្នកនឹងប្រឆាំងទាស់នឹងព្រះគ្រីស្ទ ឬក៏អត់នោះ ខ្ញុំសូមប្រាប់ថា អ្នកកំពុងរស់ក្បែរមាត់ច្រកនៃសេចក្ដីស្លាប់ហើយ។ អស់អ្នកណាដែលមិនស្គាល់ព្រះមែស្ស៊ី គឺសុទ្ធតែអាចប្រឆាំងទាស់នឹងព្រះយេស៊ូវ អាចបដិសេធព្រះយេស៊ូវ ហើយក៏អាចនិយាយបង្កាច់បង្ខូចទ្រង់បានដែរ។ មនុស្សដែលមិនស្គាល់ព្រះយេស៊ូវ សុទ្ធតែអាចបដិសេធទ្រង់ និងអាចជេរប្រមាថទ្រង់បាន។ ជាងនេះទៀត ពួកគេអាចយល់ឃើញថា ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាការបំភាន់របស់សាតាំងទៅវិញ ហើយមនុស្សកាន់តែច្រើននឹងផ្ដន្ទាទោសព្រះយេស៊ូវដែលបានត្រឡប់មកជាសាច់ឈាមវិញ។ តើកត្តាអស់ទាំងនេះ មិនធ្វើឱ្យអ្នករាល់គ្នាខ្លាចរអារទេឬអី? អ្វីដែលអ្នករាល់គ្នាជួបប្រទះ គឺជាការប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ គឺជាការបំផ្លាញព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធថ្លែងទៅកាន់ពួកជំនុំនិងជាការច្រានចោលសេចក្ដីដែលសម្ដែងឱ្យឃើញតាមរយៈព្រះយេស៊ូវទាំងអស់។ ប្រសិនបើអ្នករាល់គ្នាវង្វេងវង្វាន់យ៉ាងនេះ តើអ្នកអាចទទួលបានអ្វីខ្លះពីព្រះយេស៊ូវ? ប្រសិនបើអ្នករាល់គ្នា មានះបដិសេធមិនព្រមទទួលស្គាល់កំហុសខ្លួន ពេលទ្រង់យាងត្រឡប់ជាសាច់ឈាមវិញ នៅលើពពកស តើអ្នករាល់គ្នាអាចយល់ពីកិច្ចការរបស់ព្រះយេស៊ូវបានដោយវិធីណា? ខ្ញុំសូមប្រាប់អ្នករាល់គ្នាដូច្នេះថា៖ មនុស្សដែលមិនទទួលសេចក្ដីពិត ហើយនៅទន្ទឹងចាំការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ នៅលើពពកស ទាំងងងឹតងងល់ គេច្បាស់ជាប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធជាក់ជាមិនខាន ហើយពួកគេគឺជាក្រុមមនុស្សដែលនឹងត្រូវវិនាស។ អ្នករាល់គ្នាគ្រាន់តែជាចង់បានព្រះគុណរបស់ព្រះយេស៊ូវ និងគ្រាន់តែចង់ត្រេកអរ សប្បាយនឹងនគរស្ថានសួគ៌ដ៏មានសិរីរុងរឿងប៉ុណ្ណោះ ប៉ុន្តែអ្នកមិនបានស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះយេស៊ូវ និងមិនដែលទទួលសេចក្ដីពិត ដែលព្រះយេស៊ូវបើកសម្ដែង ពេលទ្រង់យាងត្រឡប់ជាសាច់ឈាមវិញឡើយ។ តើអ្នកនឹងប្រកាន់ខ្ជាប់អ្វីខ្លះ ដើម្បីប្ដូរជាមួយសេចក្តីពិតនៃការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវនៅលើពពកស? តើការដែលអ្នករមែងប្រព្រឹត្តអំពើបាបដដែលៗ រួចលន់តួបាបម្ដងហើយម្ដងទៀតនោះ វាជាភាពស្មោះត្រង់ដែរឬទេ? តើអ្នករាល់គ្នានឹងថ្វាយអ្វីខ្លះជាតង្វាយដល់ព្រះយេស៊ូវដែលយាងត្រឡប់មកវិញនៅលើពពកស? តើវាជាកិច្ចការរាប់សិបឆ្នាំដែលអ្នកសម្រេចបាន ដែលអ្នកចង់អួតសរសើរដល់ខ្លួនឯងនោះមែនទេ? តើអ្នកនឹងប្រកាន់ខ្ជាប់អ្វីខ្លះ ដើម្បីធ្វើឱ្យព្រះយេស៊ូវដែលយាងត្រឡប់មកវិញនោះ មានព្រះហឫទ័យទុកចិត្តចំពោះអ្នក? តើជាសារជាតិក្រអឺតក្រទមរបស់អ្នករាល់គ្នា ដែលមិនព្រមចុះចូលនឹងសេចក្ដីពិតនោះមែនទេ?

ភក្ដីភាពរបស់អ្នករាល់គ្នា គឺមានតែលើបបូរមាត់ប៉ុណ្ណោះ រីឯចំណេះដឹងរបស់អ្នករាល់គ្នាវិញ ក៏គ្រាន់តែជាការគិត និងជាសញ្ញាណតែប៉ុណ្ណោះ ការពុះពាររបស់អ្នករាល់គ្នា គឺដើម្បីឱ្យបានទទួលព្រះពរពីស្ថានសួគ៌ប៉ុណ្ណោះ បើដូច្នេះ តើអ្នករាល់គ្នាត្រូវមានជំនឿបែបណា? សូម្បីសព្វថ្ងៃ អ្នករាល់គ្នាក៏នៅតែខ្ទប់ត្រចៀកមិនព្រមស្ដាប់ព្រះបន្ទូលនៃសេចក្ដីពិតមួយម៉ាត់ណាឡើយ។ អ្នករាល់គ្នាមិនដឹងថាព្រះជាម្ចាស់ជាអ្វី មិនដឹងថាព្រះគ្រីស្ទជាអ្វី ក៏មិនដឹងពីរបៀបកោតខ្លាចព្រះយេហូវ៉ា មិនដឹងថាត្រូវចូលទៅក្នុងកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ហើយក៏មិនដឹងពីវិធីបែងចែកភាពខុសគ្នា រវាងកិច្ចការផ្ទាល់របស់ព្រះជាម្ចាស់ និងការបំភាន់របស់មនុស្សផង។ អ្នកដឹងត្រឹមតែថ្កោលទោសព្រះបន្ទូលនៃសេចក្ដីពិត ដែលព្រះជាម្ចាស់សម្ដែងចេញមក ជាសេចក្ដីពិតដែលមិនត្រូវនឹងគំនិតផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ។ តើឯណាទៅការបន្ទាបខ្លួនរបស់អ្នក? តើឯណាទៅការចុះចូលរបស់អ្នក? តើឯណាទៅភក្ដីភាពរបស់អ្នក? តើឯណាទៅអាកប្បកិរិយានៃការស្វែងរកសេចក្ដីពិតរបស់អ្នក? តើចិត្តដែលកោតខ្លាចព្រះជាម្ចាស់របស់អ្នក នៅឯណា? ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា អស់អ្នកណាដែលជឿលើព្រះជាម្ចាស់ ព្រោះតែទីសម្គាល់ គឺច្បាស់ណាស់ ជាពពួកដែលនឹងត្រូវបំផ្លាញជាក់ជាពុំខាន។ អស់អ្នកដែលមិនអាចទទួលយកព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានត្រឡប់ជាសាច់ឈាមវិញ គឺច្បាស់ណាស់ជាពូជពង្សនរក ជាកូនចៅមហាទេវតា ជាពពួកដែលត្រូវបំផ្លាញចោលអស់កល្បជានិច្ច។ មនុស្សជាច្រើនអាចនឹងមិនខ្វាយខ្វល់ពីសម្ដីរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំនៅតែចង់ប្រាប់អ្នកដើរតាមព្រះយេស៊ូវ ជាអ្នកដែលហៅខ្លួនឯងជាពួកបរិសុទ្ធថា កាលណាអ្នកឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ផ្ទាល់នឹងភ្នែកលើដុំពពកស នេះហើយជាគ្រាលេចមកជាសាធារណៈរបស់ព្រះអាទិត្យនៃសេចក្ដីសុចរិត។ គ្រានោះអាចជាគ្រាអរសប្បាយយ៉ាងក្រៃលែងសម្រាប់អ្នក ប៉ុន្តែអ្នកតោងដឹងថា គ្រាដែលអ្នកមើលឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ ក៏ជាគ្រាដែលអ្នកត្រូវចុះទៅស្ថាននរកដើម្បីទទួលទុក្ខទោសដែរ។ គ្រានោះនឹងក្លាយជាគ្រានៃការប្រកាសអំពីការបិទបញ្ចប់នៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏ជាគ្រាដែលព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ ហើយដាក់ទោសមនុស្សអាក្រក់ដែរ។ ដ្បិតការជំនុំជម្រះរបស់ព្រះជាម្ចាស់ នឹងត្រូវបញ្ចប់មុនពេលមនុស្សមើលឃើញទីសម្គាល់ គឺជាគ្រាដែលមានតែការសម្ដែងចេញសេចក្ដីពិតប៉ុណ្ណោះ។ អស់អ្នកណាដែលទទួលយកសេចក្ដីពិត មិនស្វែងរកទីសម្គាល់ ហើយត្រូវបានបន្សុទ្ធ នឹងត្រូវនាំមកចំពោះបល្ល័ង្កនៃព្រះជាម្ចាស់ រួចត្រូវចូលទៅក្នុងការឱបក្រសោបពីសំណាក់ព្រះអាទិករ។ មានតែមនុស្សដែលមានះជឿថា «ព្រះយេស៊ូវដែលមិនយាងចុះមកដោយជិះលើពពកស ជាព្រះគ្រីស្ទក្លែងក្លាយ» ប៉ុណ្ណោះ ដែលនឹងត្រូវទទួលទោសអស់កល្បជានិច្ច ដ្បិតពួកគេជឿតែលើព្រះយេស៊ូវដែលបង្ហាញទីសម្គាល់ តែមិនទទួលស្គាល់ព្រះយេស៊ូវដែលសម្ដែងពីការជំនុំជម្រះដ៏ធ្ងន់ធ្ងរ និងបង្ហើបប្រាប់ពីជីវិត និងផ្លូវពិត។ ដូច្នេះ គឺមានតែព្រះយេស៊ូវទេ ទើបអាចដោះស្រាយជាមួយពួកគេបាន នៅពេលទ្រង់យាងត្រឡប់មកវិញដោយបើកចំហ នៅលើពពកស។ ពួកគេចចេសរឹងរូស មានភាពជឿជាក់លើខ្លួនឯងខ្លាំងពេក និងក្រអឺតក្រទមណាស់។ តើមនុស្សថោកទាបបែបនេះ អាចនឹងទទួលបានរង្វាន់ពីព្រះយេស៊ូវដូចម្ដេចបានទៅ? ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាសេចក្ដីសង្គ្រោះដ៏មហិមា ដល់អស់អ្នកណាដែលអាចទទួលយកសេចក្ដីពិតបាន ប៉ុន្តែការយាងត្រឡប់មកវិញរបស់ទ្រង់ គឺជាទីសម្គាល់នៃការដាក់ទោសដល់អស់អ្នកណាដែលមិនអាចទទួលយកសេចក្ដីពិតបាន។ អ្នករាល់គ្នាតោងជ្រើសរើសផ្លូវរបស់ខ្លួន និងមិនគប្បីប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ និងបដិសេធសេចក្ដីពិតឡើយ។ អ្នកមិនគួរធ្វើជាមនុស្សល្ងង់ខ្លៅ និងក្រអឺតក្រទមឡើយ ប៉ុន្តែត្រូវធ្វើជាមនុស្សម្នាក់ដែលចុះចូលនឹងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយប្រឹងសង្វាត និងខ្នះខ្នែងរកសេចក្ដីពិត។ គឺទាល់តែបែបនេះ ទើបអ្នកនឹងទទួលបានប្រយោជន៍។ ខ្ញុំសូមទូន្មានអ្នករាល់គ្នាឱ្យដើរតាមផ្លូវនៃសេចក្តីជំនឿលើព្រះជាម្ចាស់ដោយយកចិត្តទុកដាក់។ ចូរកុំប្រញាប់សន្មតតាមអំពើចិត្តពេក ហើយលើសពីនេះទៀត សូមកុំឱ្យជំនឿដែលអ្នកមានលើព្រះជាម្ចាស់ ក្លាយជាជំនឿធម្មតា ហើយខ្វះការពិចារណានោះឡើយ។ អ្នករាល់គ្នាតោងដឹងថា យ៉ាងហោចណាស់អស់អ្នកណាដែលជឿលើព្រះជាម្ចាស់ គួរតែមានការបន្ទាបខ្លួន និងមានដួងចិត្តដែលកោតខ្លាចដល់ព្រះជាម្ចាស់។ អស់អ្នកណាដែលបានស្ដាប់ឮសេចក្ដីពិត តែបដិសេធមិនទទួលយកសេចក្ដីពិតនេះ គឺល្ងីល្ងើ និងល្ងង់ខ្លៅណាស់។ អស់អ្នកណាដែលបានស្ដាប់ឮសេចក្ដីពិត ប៉ុន្តែបែរជាប្រញាប់សន្មតដោយធ្វេសប្រហែស ឬថ្កោលទោសសេចក្ដីពិត អ្នកនោះគឺជាមនុស្សដែលក្រអឺតក្រទម។ គ្មាននរណាម្នាក់ដែលជឿព្រះយេស៊ូវ មានសិទ្ធិជេរប្រមាថ ឬមួយក៏ថ្កោលទោសអ្នកដទៃឡើយ។ អ្នករាល់គ្នាគប្បីធ្វើជាមនុស្សដែលមានហេតុផល ហើយទទួលយកនូវសេចក្ដីពិត។ ប្រហែល ដោយបានស្ដាប់ឮផ្លូវនៃសេចក្ដីពិត និងដោយបានអានព្រះបន្ទូលនៃជីវិត អ្នកជឿថា ក្នុងចំណោម​មួយម៉ឺនពាក្យ គឺមានតែពាក្យមួយប៉ុណ្ណោះដែលស្របតាមទស្សនៈរបស់អ្នក និងស្របតាមព្រះគម្ពីរ ដូច្នេះ អ្នកគួរបន្តស្វែងរកនៅក្នុងពាក្យមួយនោះក្នុងចំណោមពាក្យទាំងមួយម៉ឺន។ ខ្ញុំក៏នៅតែទូន្មានឱ្យអ្នកចេះបន្ទាបខ្លួន កុំឱ្យជឿជាក់ខ្លួនឯងជ្រុលពេក និងមិនត្រូវតម្កើងខ្លួនឯងឱ្យខ្ពស់ពេកដែរ។ អ្នកនឹងទទួលបានពន្លឺកាន់តែត្រចះត្រចង់ថែមទៀត តាមរយៈចំណែកដ៏តូចនៃដួងចិត្តដែលអ្នកមានចំពោះការកោតខ្លាចព្រះជាម្ចាស់។ ប្រសិនបើអ្នកពិនិត្យពិច័យនូវពាក្យសម្ដីទាំងនេះដោយយកចិត្តទុកដាក់ រួចថ្លឹងថ្លែងពិចារណាពាក្យសម្ដីទាំងនេះម្ដងហើយម្ដងទៀត នោះអ្នកនឹងដឹងថា តើពាក្យសម្ដីទាំងនោះ គឺជាសេចក្ដីពិត ឬក៏មិនមែន និងដឹងថា ពាក្យសម្ដីទាំងនោះ គឺជាជីវិត ឬក៏មិនមែន។ ប្រហែលជាអ្នកខ្លះគ្រាន់តែបានអានពីរបីប្រយោគ រួចក៏ថ្កោលទោសព្រះបន្ទូលទាំងនេះទាំងងងឹតងងល់ដោយនិយាយថា «នេះគ្មានអ្វីផ្សេងក្រៅពីការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធទេ» ឬនិយាយថា «នេះគឺជាព្រះគ្រីស្ទក្លែងក្លាយ ដែលមកបំភាន់មនុស្សតែប៉ុណ្ណោះ»។ អស់អ្នកដែលនិយាយដូច្នេះ ជាមនុស្សដែលខ្វាក់ភ្នែក ដោយសារតែភាពល្ងង់ខ្លៅ! អ្នកយល់ដឹងពីកិច្ចការ និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់តិចតួចណាស់ ហើយខ្ញុំសុំទូន្មានឱ្យអ្នករាល់គ្នាថា ត្រូវចាប់ផ្ដើមសាជាថ្មីពីចំណុចសូន្យវិញ! អ្នករាល់គ្នាមិនត្រូវថ្កោលទោសទាំងងងឹតងងល់នូវព្រះបន្ទូលដែលព្រះជាម្ចាស់សម្ដែងចេញ ព្រោះតែការលេចមកនៃព្រះគ្រីស្ទក្លែងក្លាយនៅគ្រាចុងក្រោយនោះទេ ហើយអ្នកក៏មិនត្រូវធ្វើជាមនុស្សដែលប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ ព្រោះតែខ្លាចគេបោកបញ្ឆោតនោះដែរ។ តើនេះមិនគួរឱ្យអាណិតពេកទេឬអី? បន្ទាប់ពីពិនិត្យពិច័យល្អិតល្អន់ហើយ ប្រសិនបើអ្នកនៅតែជឿថា ព្រះបន្ទូលទាំងនេះ វាមិនមែនជាសេចក្ដីពិត មិនមែនជាផ្លូវ និងមិនមែនជាការបើកសម្ដែងពីព្រះជាម្ចាស់ទេ នៅទីបំផុត អ្នកនឹងត្រូវទទួលទោស ហើយអ្នកនឹងមិនទទួលបានព្រះពរនោះឡើយ។ ប្រសិនបើអ្នកមិនអាចទទួលសេចក្ដីពិតដែលថ្លែងដោយត្រង់ៗ និងច្បាស់លាស់បែបនេះបានទេ តើអ្នកស័ក្តិសមនឹងទទួលសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ដែរឬអី? តើអ្នកមិនមែនជាមនុស្សដែលមិនទទួលបានព្រះពរគ្រប់គ្រាន់ នឹងអាចចូលទៅចំពោះបល្ល័ង្កនៃព្រះទេឬអី? សូមពិចារណាមើលចុះ! ចូរកុំប្រញាប់ប្រញាល់ និងច្រឡោតពេក ហើយសូមកុំចាត់ទុកសេចក្ដីជំនឿលើព្រះជាម្ចាស់ជាល្បែងលេងសើចឱ្យសោះ។ ត្រូវពិចារណាដោយគិតដល់ទិសដៅរបស់អ្នក គិតដល់អនាគតរបស់អ្នក គិតដល់ជីវិតរបស់អ្នក ហើយកុំលេងសើចនឹងខ្លួនឯងឱ្យសោះ។ តើអ្នកអាចទទួលយកព្រះបន្ទូលទាំងអស់នេះបានដែរឬទេ?

ខាង​ដើម៖ ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា

បន្ទាប់៖ មនុស្សដែលមិនចុះសម្រុងជាមួយព្រះគ្រីស្ទ គឺជាសត្រូវនឹងព្រះជាម្ចាស់ប្រាកដណាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ