កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I

នៅថ្ងៃនេះយើងនឹងជជែកជាមួយគ្នា អំពីប្រធានបទសំខាន់មួយ។ នេះគឺជាប្រធានបទដែលត្រូវបានពិភាក្សាតាំងពីពេលចាប់ផ្តើមនៃកិច្ចការរបស់ព្រះជាម្ចាស់មកម្ល៉េះ ហើយវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប។ អាចនិយាយម្យ៉ាងទៀតបានថា នេះគឺជាបញ្ហាមួយដែលមនុស្សគ្រប់គ្នានឹងជួបប្រទះនៅក្នុងដំណើរនៃសេចក្តីជំនឿលើព្រះជាម្ចាស់ ព្រោះវាជាបញ្ហាដែលត្រូវតែជួបប្រទះខានមិនបាន។ វាជាបញ្ហាដ៏សំខាន់ និងចៀសមិនផុត ដែលមនុស្សជាតិមិនអាចដើរចេញពីវាបាន។ និយាយពីសារៈសំខាន់ តើអ្វីដែលជារឿងសំខាន់បំផុតសម្រាប់អស់អ្នកជឿលើព្រះជាម្ចាស់? មនុស្សមួយចំនួន គិតថាអ្វីដែលសំខាន់បំផុតនោះ គឺការស្គាល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអ្នកខ្លះទៀតជឿថាការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជារឿងសំខាន់បំផុត ចំណែកឯអ្នកខ្លះទៀត យល់ថាអ្វីដែលសំខាន់បំផុតនោះគឺ ត្រូវស្គាល់ខ្លួនឯងជាមុន។ អ្នកផ្សេងទៀតមានមតិថា អ្វីដែលសំខាន់បំផុត គឺត្រូវដឹងពីរបៀបស្វែងរកសេចក្ដីសង្គ្រោះតាមរយៈព្រះជាម្ចាស់ របៀបធ្វើតាមព្រះជាម្ចាស់ និងរបៀបធ្វើតាមបំណងព្រះហឫទ័យបស់ព្រះជាម្ចាស់។ នៅថ្ងៃនេះ យើងនឹងដាក់បញ្ហាទាំងអស់នេះទុកមួយឡែកសិន។ ដូច្នេះ តើយើងកំពុងពិភាក្សាអំពីអ្វី? គឺយើងនិយាយពីប្រធានបទស្តីអំពីព្រះជាម្ចាស់។ តើនេះជាប្រធានបទសំខាន់បំផុតសម្រាប់មនុស្សគ្រប់គ្នាដែរទេ? តើប្រធានបទនេះទាក់ទងនឹងអ្វីខ្លះ? ជាការពិតណាស់ ប្រធានបទនេះគឺមិនអាចញែកដាច់ពីនិស្ស័យរបស់ព្រះជាម្ចាស់ សារជាតិរបស់ព្រះជាម្ចាស់ ហើយនិងកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ ដូច្នេះ សូមយើងពិភាក្សា អំពីប្រធានបទ «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ» ជាមួយគ្នានៅថ្ងៃនេះ។

រាប់ពីពេលដែលមនុស្សចាប់ផ្តើមជឿលើព្រះជាម្ចាស់ នោះពួកគេបានជួបប្រទះប្រធានបទមួយដែលមានចំណងជើងថា «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ» នៅពេលនិយាយសំដៅដល់កិច្ចការរបស់ព្រះជាម្ចាស់ នោះមានមនុស្សមួយចំនួននឹងនិយាយថា៖ «កិច្ចការរបស់ព្រះជាម្ចាស់ បានធ្វើចប់សព្វគ្រប់ហើយ សម្រាប់យើង ហើយយើងបានឆ្លងកាត់វាជារៀងរាល់ថ្ងៃ ដូច្នេះគ្មានអ្វីដែលយើងមិនធ្លាប់ស្គាល់នោះទេ»។ នៅពេលដែលនិយាយអំពីនិស្ស័យរបស់ព្រះជាម្ចាស់ មនុស្សខ្លះទៀតនឹងនិយាយថា «និស្ស័យរបស់ព្រះជាម្ចាស់ គឺជាប្រធានបទមួយ ដែលយើងសិក្សាស្វែងយល់ និងផ្តោតលើពេញមួយជីវិតរបស់យើង ដូច្នេះយើងគួរតែស្គាល់វាហើយ»។ រីឯព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ មានអ្នកខ្លះនឹងនិយាយថា៖ «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះដែលយើងដើរតាម ជាព្រះដែលយើងមានសេចក្ដីជំនឿលើ និងជាព្រះដែលយើងស្វះស្វែងរក ហើយយើងក៏មិនមែនជាមនុស្សដែលមិនស្គាល់អំពីព្រះអង្គនោះដែរ»។ ព្រះជាម្ចាស់មិនដែលបញ្ឈប់កិច្ចការរបស់ព្រះអង្គឡើយ ចាប់តាំងពីការបង្កបង្កើតពិភពលោកមកម្ល៉េះ ហើយតាមរយៈកិច្ចការរបស់ព្រះអង្គ ព្រះអង្គបានបន្តបង្ហាញពីនិស្ស័យរបស់ព្រះអង្គ និងបានប្រើប្រាស់មធ្យោបាយផ្សេងៗជាច្រើនដើម្បីបង្ហាញពីព្រះបន្ទូលរបស់ទ្រង់។ ជាមួយគ្នា ទ្រង់មិនដែលឈប់បង្ហាញពីអង្គទ្រង់ និងសារជាតិរបស់ព្រះអង្គទៅដល់មនុស្សជាតិនោះឡើយ ក៏មិនឈប់បង្ហាញនូវបំណងព្រះហឫទ័យរបស់ព្រះអង្គចំពោះមនុស្ស ព្រមទាំងអ្វីដែលព្រះអង្គតម្រូវពីមនុស្សវិញនោះដែរ។ ដូច្នេះ បើនិយាយឲ្យត្រង់ទៅ គ្មាននរណាម្នាក់ចម្លែកពីប្រធានបទទាំងអស់នេះឡើយ។ យ៉ាងណាមិញ ចំពោះមនុស្សដែលដើរតាមព្រះជាម្ចាស់សព្វថ្ងៃនេះ «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ» គឺជារឿងចម្លែកខ្លាំង។ ហេតុដូចម្តេច បានជាបែបនេះទៅវិញ? នៅពេលដែលមនុស្សឆ្លងកាត់ជាមួយកិច្ចការរបស់ព្រះជាម្ចាស់ នោះពួកគេក៏ចាប់ផ្តើមមានទំនាក់ទំនងជាមួយព្រះអង្គដែរ ដែលធ្វើឲ្យពួកគេស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ ហើយក៏មានចំណេះដឹងខ្លះអំពីលក្ខណៈនោះដែរ។ ដោយហេតុនេះ មនុស្សមិនបានគិតថា កិច្ចការរបស់ព្រះជាម្ចាស់ ឬនិស្ស័យរបស់ព្រះអង្គ ជារឿងចម្លែកសម្រាប់ពួកគេឡើយ។ ផ្ទុយទៅវិញពួកគេគិតថា ពួកគេមានលក្ខណៈស្រដៀងខ្លាំងទៅនឹងព្រះជាម្ចាស់ ព្រមទាំងស្គាល់ពីព្រះអង្គច្បាស់ទៀតផង។ ក៏ប៉ុន្តែអ្វីដែលបានលើកឡើងនេះ ការយល់ដឹងអំពីព្រះជាម្ចាស់ គឺស្ថិតក្នុងចំណោមការកំណត់ព្រំដែនជាច្រើនទៅនឹងអ្វីដែលពួកគេធ្លាប់បានអាននៅក្នុងសៀវភៅ ដែលត្រូវបានកំណត់ដោយបទពិសោធន៍ផ្ទាល់ខ្លួន ត្រូវបានរារាំងដោយការស្រមើស្រមៃ ហើយសំខាន់បំផុតនោះ គឺផ្តោតតែលើអង្គហេតុដែលពួកគេអាចមើលឃើញដោយផ្ទាល់ភ្នែករបស់ពួកគេតែប៉ុណ្ណោះ ដែលទាំងអស់នោះ គឺត្រូវបានដកចេញឆ្ងាយពីព្រះពិតគឺព្រះជាម្ចាស់ផ្ទាល់នោះឯង។ ហើយតើវានៅឆ្ងាយប៉ុនណា? ប្រហែលជាមនុស្សខ្លួនឯងក៏មិនប្រាកដដែរ ឬប្រហែលជាមនុស្សនៅមានអារម្មណ៍ស្រពិចស្រពិលនៅឡើយ ក៏ប៉ុន្តែនៅពេលនិយាយដល់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នោះការយល់ដឹងរបស់មនុស្សចំពោះព្រះអង្គ គឺនៅឆ្ងាយខ្លាំងណាស់ពីសារជាតិនៃព្រះជាម្ចាស់ដ៏ពិតផ្ទាល់ព្រះអង្គ។ ហេតុនេះហើយ ចំពោះប្រធានបទ «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ» គឺជាប្រធានបទមួយដ៏ចាំបាច់សម្រាប់ពួកយើងក្នុងការចូលរួមក្នុងការពិភាក្សាជាមួយគ្នា តាមរបៀបមួយដែលមានលក្ខណៈជាប្រព័ន្ធ លំដាប់លំដោយ និងច្បាស់លាស់។

តាមពិតទៅ និស្ស័យរបស់ព្រះជាម្ចាស់ គឺបើកចំហសម្រាប់មនុស្សគ្រប់ៗគ្នា ហើយក៏មិនបានលាក់លៀមអ្វីនោះដែរ ត្បិតព្រះជាម្ចាស់ ទ្រង់មិនដែលគេចវេសពីមនុស្សណាម្នាក់ ហើយក៏មិនដែលព្យាយាមបិទបាំងអង្គទ្រង់ ដើម្បីរារាំងមនុស្សមិនឲ្យស្គាល់ព្រះអង្គ ឬក៏យល់ពីព្រះអង្គនោះឡើយ។ និស្ស័យរបស់ព្រះជាម្ចាស់ គឺតែងតែបើកចំហ និងបែរទៅរកមនុស្សម្នាក់ៗដោយស្មោះត្រង់។ នៅក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់បំពេញកិច្ចការរបស់ព្រះអង្គ ទតមើលទៅឯមនុស្សគ្រប់ៗគ្នា ហើយកិច្ចការរបស់ព្រះអង្គត្រូវបានធ្វើចប់សព្វគ្រប់នៅលើមនុស្សម្នាក់។ នៅពេលដែលព្រះអង្គធ្វើកិច្ចការនេះ គឺព្រះអង្គកំពុងបង្ហាញនិស្ស័យរបស់ព្រះអង្គ ហើយបន្តប្រើប្រាស់សារជាតិរបស់ព្រះអង្គ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះអង្គ ដើម្បីណែនាំ និងផ្គត់ផ្គង់ដល់មនុស្សគ្រប់ៗគ្នា។ នៅគ្រប់សម័យកាល និងគ្រប់ដំណាក់កាល មិនថាកាលៈទេសៈល្អ ឬអាក្រក់នោះទេ និស្ស័យរបស់ព្រះជាម្ចាស់ តែងតែបើកចំហដល់មនុស្សគ្រប់ៗគ្នា ហើយអ្វីដែលជាកម្មសិទ្ធិរបស់ព្រះអង្គ និងលក្ខណៈរបស់ព្រះអង្គ គឺតែងតែបើកចំហរដល់មនុស្សម្នាក់ៗ ដូចជាជីវិតរបស់ព្រះអង្គ គឺព្រះអង្គតែងប្រទាន និងគាំទ្រដល់មនុស្សជាតិដោយឥតឈប់ឈរ។ ទោះជាបែបនេះក៏ដោយ តែព្រះជាម្ចាស់ ក៏បានរក្សាការអាថ៌កំបាំងមួយចំនួនចំពោះមនុស្សដែរ។ តើមូលហេតុអ្វី? ពីព្រោះទោះបីមនុស្សទាំងនេះ រស់នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ហើយដើរតាមព្រះអង្គក៏ដោយ ក៏ពួកគេមិនដែលបានស្វែងយល់អំពីព្រះជាម្ចាស់ ហើយក៏មិនចង់ស្គាល់ព្រះអង្គ ក៏មិនខ្វល់នឹងចង់នៅក្បែរព្រះអង្គនោះដែរ។ ចំពោះមនុស្សទាំងអស់នេះ ការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ជាប្រផ្នូលថាទីបញ្ចប់របស់ពួកគេជិតមកដល់ហើយ វាមានន័យថាពួកគេ ហៀបនឹងត្រូវបានជំនុំជម្រះ និងថ្កោលទោសដោយនិស្ស័យរបស់ព្រះជាម្ចាស់ហើយ។ ហេតុដូច្នេះហើយ ទើបពួកគេមិនដែលមានបំណងចង់យល់អំពីព្រះជាម្ចាស់ ឬនិស្ស័យរបស់ព្រះអង្គឡើយ ហើយក៏មិនដែលចង់រៀនសូត្រឲ្យយល់ដឹងស៊ីជម្រៅ ឬមានចំណេះដឹងអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ពួកគេមិនស្វះស្វែង ដើម្បីឲ្យយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ តាមរយៈឆន្ទៈសហប្រតិបត្តិការនោះទេ ផ្ទុយទៅវិញ ពួកគេសប្បាយរីករាយរហូត ហើយមិនដែលនឿយហត់ក្នុងការធ្វើអ្វីដែលពួកគេចង់ធ្វនោះឡើយ។ ពួកគេជឿលើព្រះជាម្ចាស់តាមតែពួកគេចង់ជឿ ពួកគេជឿលើព្រះជាម្ចាស់ដែលមានអត្ថិភាពតែនៅក្នុងការស្រមើស្រម៉ៃរបស់ពួកគេ ជាព្រះដែលមានតែនៅក្នុងសញ្ញាណរបស់ពួកគេ ហើយជឿលើព្រះជាម្ចាស់ដែលមិនអាចញែកចេញពីពួកគេបាន នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេប៉ុណ្ណោះ។ នៅពេលដែលនិយាយអំពីព្រះជាម្ចាស់ដ៏ពិតផ្ទាល់ព្រះអង្គនោះ ពួកគេបោះបង់ចោលទាំងស្រុង ហើយគ្មានបំណងចង់យល់ពីព្រះអង្គ ឬយកចិត្តទុកដាក់នឹងព្រះអង្គឡើយ ហើយមិនតែប៉ុណ្ណោះ ពួកគេមិនសូវមានបំណងចង់ចូលទៅកៀកកិតនឹងព្រះអង្គឡើយ។ ពួកគេប្រើព្រះបន្ទូល ដែលព្រះជាម្ចាស់បង្ហាញ សម្រាប់តែដើម្បីតុបតែងខ្លួន និងវេចខ្ចប់ខ្លួនឯងតែប៉ុណ្ណោះ។ ចំពោះពួកគេ ការនេះធ្វើឲ្យពួកគេក្លាយទៅជាមនុស្សដែលមានជ័យជម្នះ និងជាមនុស្សដែលមានសេចក្ដីជំនឿលើព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេរួចទៅហើយ។ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេត្រូវបានដឹកនាំដោយការស្រមើលស្រមៃ សញ្ញាណ និងសូម្បីតែនិយមន័យផ្ទាល់ខ្លួនរបស់ពួកគេអំពីព្រះជាម្ចាស់។ ម្យ៉ាងវិញទៀត ព្រះជាម្ចាស់ដ៏ពិតផ្ទាល់ព្រះអង្គ គ្មានអ្វីទាក់ទងជាមួយពួកគេឡើយ។ ដោយសារតែ ពួកគេត្រូវយល់ពីព្រះជាម្ចាស់ដ៏ពិតផ្ទាល់ព្រះអង្គ យល់ពីនិស្ស័យពិតរបស់ព្រះជាម្ចាស់ និងយល់ពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ នោះមានន័យថា រាល់សកម្មភាព សេចក្ដីជំនឿ និងការខិតខំរបស់ពួកគេទាំងអស់ នឹងត្រូវបានថ្កោលទោសទៅវិញ។ នោះហើយជាមូលហេតុ ដែលពួកគេអត់ចូលចិត្តក្នុងការយល់ពីសារជាតិរបស់ព្រះជាម្ចាស់ ហើយស្អប់ និងគ្មានឆន្ទៈក្នុងការស្វែងរក ឬសកម្មក្នុងសេចក្តីអធិស្ឋាន ដើម្បីឲ្យកាន់តែយល់ពីព្រះជាម្ចាស់ កាន់តែស្គាល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយនិងកាន់តែយល់ច្បាស់អំពីនិស្ស័យរបស់ព្រះជាម្ចាស់នោះឡើយ។ ចំពោះពួកគេ ព្រះជាម្ចាស់ប្រៀបបីដូចជាអ្វីមួយ ដែលត្រូវបានបង្កើតឡើង មានលក្ខណៈប្រហោង និងមិនច្បាស់។ ម្យ៉ាងទៀត ពួកគេរាប់ព្រះជាម្ចាស់ថា ជាបុគ្គលមួយរូប ដែលដូចទៅនឹងការស្រមើស្រមៃរបស់ពួកគេ ជាបុគ្គលម្នាក់ដែលនៅក្បែរពួកគេ ហើយពួកគេអាចហៅរកបានគ្រប់ពេល មិនដែលនឿយហត់នៅក្នុងការផ្គត់ផ្គង់ ហើយព្រះអង្គនៅទំនេរជានិច្ចសម្រាប់ពួកគេ។ នៅពេលដែលពួកគេចង់រីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ នោះពួកគេទូលសុំឲ្យព្រះជាម្ចាស់ធ្វើជាព្រះគុណនោះសម្រាប់ពួកគេ។ នៅពេលដែលពួកគេត្រូវការព្រះពររបស់ព្រះជាម្ចាស់ នោះពួកគេទូលសុំព្រះជាម្ចាស់ ឲ្យធ្វើជាព្រះពរនោះសម្រាប់ពួកគេ។ នៅពេលដែលប្រឈមមុខនឹងភាពលំបាក ពួកគេបានទូលសុំព្រះជាម្ចាស់ ឲ្យធ្វើជាភាពកក់ក្តៅដល់ពួកគេ និងធ្វើជាខែលរឹងមាំការពារពួកគេដែរ។ ចំណេះដឹងរបស់មនុស្សទាំងនេះអំពីព្រះជាម្ចាស់ គឺស្ថិតនៅក្នុងមហិច្ឆតាចង់បានព្រះគុណ និងព្រះពរតែប៉ុណ្ណោះ។ ការយល់ដឹងរបស់ពួកគេអំពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ» ក៏ត្រូវបានដាក់កម្រិតលើការស្រមើលស្រមៃតាមន័យពាក្យ និងគោលលទ្ធិរបស់ពួកគេតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ មានមនុស្សមួយចំនួនដែលចង់ស្វែងយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ ចង់ឃើញព្រះជាម្ចាស់ពិត និងយល់ច្បាស់ពីនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ដែរ។ មនុស្សទាំងនេះកំពុងស្វះស្វែងរកភាពជាកស្ដែងនៃសេចក្តីពិត និងសេចក្តីសង្រ្គោះពីព្រះជាម្ចាស់ ហើយស្វែងរកដើម្បីទទួលបានជ័យជម្នះ សេចក្តីសង្រ្គោះ និងភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ដែរ។ ពួកគេប្រើដួងចិត្តរបស់ពួកគេ ដើម្បីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រើដួងចិត្តរបស់ពួកគេឲ្យពេញចិត្តចំពោះស្ថានភាព និងមនុស្សគ្រប់រូប ព្រឹត្តិការណ៍ និងអ្វីដែលព្រះជាម្ចាស់បានរៀបចំសម្រាប់ពួកគេ ហើយពួកគេអធិស្ឋាន និងស្វែងរកដោយស្មោះត្រង់។ អ្វីដែលពួកគេចង់ដឹងបំផុត គឺបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយដើម្បីយល់ឲ្យកាន់តែច្បាស់ពីនិស្ស័យ ហើយនិងសារជាតិពិតរបស់ព្រះជាម្ចាស់ ដើម្បីឲ្យពួកគេលែងប្រមាថព្រះជាម្ចាស់តទៅទៀត ហើយតាមរយៈបទពិសោធន៍របស់ពួកគេ នោះពួកគេអាចមើលឃើញកាន់តែច្រើនអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងផ្នែកពិតរបស់ព្រះអង្គដែរ។ ហើយព្រះជាម្ចាស់ដ៏ពិតប្រាកដ ទ្រង់ក៏នឹងមានព្រះវត្តមានគង់នៅខាងក្នុងដួងចិត្តរបស់ពួកគេដែរ ដូច្នេះព្រះជាម្ចាស់ ទ្រង់នឹងមានកន្លែងមួយនៅក្នុងដួងចិត្តរបស់ពួកគេ ហើយនឹងធ្វើឲ្យពួកគេលែងរស់នៅក្នុងការស្រមើលស្រមៃ សញ្ញាណ ឬភាពស្រពិចស្រពិលទៀតហើយ។ សម្រាប់មនុស្សទាំងនេះ មូលហេតុដែលពួកគេមានបំណងចង់ស្វែងយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ និងសារជាតិរបស់ព្រះអង្គ គឺដោយសារតែនិស្ស័យ និងសារជាតិរបស់ព្រះអង្គនេះ គឺជាតម្រូវការចាំបាច់សម្រាប់មនុស្សជាតិពីមួយពេលទៅមួយពេលនៅក្នុងដំណើរនៃបទពិសោធន៍របស់ពួកគេ ព្រោះនិស្ស័យ និងសារជាតិរបស់ព្រះអង្គនេះហើយ ដែលផ្គល់នូវជីវិតពេញមួយជីវិតរបស់មនុស្ស។ នៅពេលដែលពួកគេស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ នោះពួកគេនឹងកាន់តែគោរពដល់ព្រះជាម្ចាស់ កាន់តែចូលរួមសហការជាមួយកិច្ចការរបស់ព្រះជាម្ចាស់ និងកាន់តែយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រមទាំងបំពេញកាតព្វកិច្ចដោយអស់ពីសមត្ថភាពរបស់ពួកគេទៀតផង។ ឥរិយាបថបែបនេះចំពោះនិស្ស័យរបស់ព្រះជាម្ចាស់ធ្វើឡើងដោយមនុស្សពីរប្រភេទ។ មនុស្សប្រភេទទីមួយ គឺជាប្រភេទមនុស្សដែលមិនចង់ដឹង មិនចង់យល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ឡើយ។ ទោះបីជាពួកគេនិយាយថា ពួកគេចង់យល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ ចង់ស្គាល់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ចង់ឃើញកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះអង្គ ហើយពេញចិត្តនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់យ៉ាងជ្រាលជ្រៅក៏ដោយ តែពួកគេថាគ្មានព្រះជាម្ចាស់ទេ។ ពីព្រោះដោយសារមនុស្សប្រភេទនេះមិនស្ដាប់បង្គាប់ ព្រមទាំងប្រឆាំងនឹងព្រះជាម្ចាស់ ទើបពួកគេប្រយុទ្ធប្រឆាំងនឹងព្រះជាម្ចាស់ ដើម្បីដណ្តើមតំណែងនៅក្នុងដួងចិត្តរបស់ពួកគេ ហើយជាញឹកញាប់ពួកគេសង្ស័យ ឬបដិសេធអំពីអត្ថិភាពរបស់ព្រះជាម្ចាស់។ ពួកគេមិនចង់អនុញ្ញាតឲ្យនិស្ស័យរបស់ព្រះជាម្ចាស់ ឬព្រះជាម្ចាស់ដ៏ពិតផ្ទាល់ព្រះអង្គ កាន់កាប់ដួងចិត្តរបស់ពួកគេឡើយ។ ពួកគេគ្រាន់តែចង់បំពេញបំណងប្រាថ្នា ការស្រមើលស្រមៃ និងមហិច្ឆិតារបស់ពួកគេប៉ុណ្ណោះ។ ដូច្នេះ មនុស្សទាំងនេះអាចជឿលើព្រះជាម្ចាស់ អាចធ្វើតាមព្រះជាម្ចាស់ ហើយក៏អាចលះបង់គ្រួសារ និងការងាររបស់ពួកគេដើម្បីព្រះអង្គដែរ តែពួកគេមិនបោះបង់ចោលផ្លូវអាក្រក់របស់ពួកគេបានឡើយ។ មានអ្នកមួយចំនួន ថែមទាំងបានលួច ឬប្រើប្រាស់ប្រាក់ដង្វាយខ្ជះខ្ជាយ ឬជេរប្រមាថព្រះជាម្ចាស់ដោយស្ងាត់ៗ ខណៈពេលដែលអ្នកផ្សេងទៀតអាចប្រើមុខតំណែងរបស់ខ្លួន ដើម្បីធ្វើបន្ទាល់អំពីខ្លួនគេ លើកខ្លួនឯងឡើង និងប្រកួតប្រជែងជាមួយព្រះជាម្ចាស់ សម្រាប់មនុស្ស និងឋានៈថែមទៀតផង។ ពួកគេប្រើវិធី និងវិធានការណ៍ផ្សេងៗ ដើម្បីធ្វើឲ្យមនុស្សគោរពថ្វាយបង្គំពួកគេ ដោយព្យាយាមយកឈ្នះលើមនុស្ស និងគ្រប់គ្រងពួកគេជានិច្ច។ អ្នកខ្លះថែមទាំងបំភាន់មនុស្សដោយចេតនាថាពួកគេជាព្រះជាម្ចាស់ទៀតផង ដើម្បីឲ្យពួកគេអាចត្រូវបានគេចាត់ទុកដូចជាព្រះជាម្ចាស់។ ពួកគេមិនដែលបង្ហាញប្រាប់នរណាម្នាក់ថាពួកគេត្រូវបានធ្វើឲ្យពុករលួយ ឬថាពួកគេជាមនុស្សពុករលួយ និងក្រអឺតក្រទមដែរនោះទេ ដូច្នេះ មិនត្រូវថ្វាយបង្គំពួកគេឡើយ មិនខ្វល់ថាពួកគេធ្វើបានល្អប៉ុនណានោះទេ ដ្បិតការលើកតម្កើងអាស្រ័យលើព្រះជាម្ចាស់ ហើយពួកគេគួរតែធ្វើអ្វីដែលពួកគេគួរធ្វើ។ ហេតុអ្វីបានជាពួកគេមិននិយាយរឿងទាំងនេះ? ពីព្រោះពួកគេខ្លាចបាត់បង់កន្លែងរបស់ពួកគេនៅក្នុងចិត្តរបស់មនុស្ស។ នេះជាមូលហេតុ ដែលមនុស្សបែបនេះមិនដែលលើកដំកើងព្រះជាម្ចាស់ ហើយក៏មិនដែលធ្វើបន្ទាល់ពីព្រះជាម្ចាស់ដែរ គឺថាពួកគេមិនដែលព្យាយាមស្វែងយល់ពីព្រះជាម្ចាស់ឡើយ។ តើពួកគេអាចស្គាល់ព្រះជាម្ចាស់ដោយមិនយល់ពីព្រះអង្គបានដែរទេ? មិនអាចទៅរួចទេ! ដូច្នេះគ្រប់ទាំងពាក្យពេចន៍នៅក្នុងប្រធានបទ «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ» នេះ អាចមានលក្ខណៈសាមញ្ញ តែពួកវាមានអត្ថន័យខុសគ្នាៗចំពោះមនុស្សម្នាក់ៗ។ ចំពោះអ្នកដែលតែងតែមិនស្តាប់បង្គាប់ព្រះជាម្ចាស់ ប្រឆាំងនឹងព្រះជាម្ចាស់ ហើយតាំងខ្លួនជាសត្រូវចំពោះព្រះជាម្ចាស់ នោះពាក្យទាំងនេះបានក្លាយជាប្រផ្នូលនៃការថ្កោលទោសទៅវិញ។ ចំណែកឯអ្នកដែលដេញតាមភាពជាក់ស្ដែងនៃសេចក្តីពិត ហើយតែងតែចូលមករកព្រះជាម្ចាស់ ដើម្បីស្វែងរកព្រះហឫទ័យរបស់ព្រះជាម្ចាស់ គេនឹងទទួលយកពាក្យទាំងនេះ ប្រៀបដូចជាត្រីដែលត្រូវការទឹកយ៉ាងអ៊ីចឹងដែរ។ ក្នុងចំណោមអ្នករាល់គ្នា មានអ្នកខ្លះ នៅពេលដែលឮនិយាយអំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ ចាប់ផ្តើមឈឺក្បាល ដួងចិត្តរបស់ពួកគេ ចាប់ផ្តើមមានអារម្មណ៍ជំទាស់ ហើយពួកគេចាប់ផ្តើមានអារម្មណ៍មិនស្រួលនៅក្នុងខ្លួន។ ក៏ប៉ុន្តែមានអ្នកផ្សេងទៀតក្នុងចំណោមអ្នកដែលគិតថា៖ ប្រធានបទនេះ គឺពិតជាអ្វីដែលខ្ញុំត្រូវការ ពីព្រោះប្រធានបទនេះ មានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ខ្ញុំ។ វាគឺជាអ្វីដែលមិនអាចអត់បាននៅក្នុងបទពិសោធជីវិតរបស់ខ្ញុំ វាគឺជាចំណុចដែលសំខាន់បំផុត ជាគ្រឹះនៃសេចក្ដីជំនឿលើព្រះជាម្ចាស់ ហើយជាអ្វីដែលមនុស្សជាតិមិនអាចបោះបង់ចោលបានឡើយ។ សម្រាប់អ្នកទាំងអស់គ្នាប្រធានបទនេះអាចហាក់ដូចជានៅជិតបន្តិច ឆ្ងាយបន្តិច ដូចជានៅស្រពិចស្រពិល មិនទាន់ស្គាល់ច្បាស់នៅឡើយ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាប្រធានបទមួយ ដែលមនុស្សគ្រប់គ្នាត្រូវស្តាប់ ត្រូវតែដឹង និងត្រូវតែយល់។ មិនថាអ្នកដោះស្រាយវាយ៉ាងម៉េច មិនថាអ្នកសំលឹងមើលវាបែបណា ឬអ្នកយល់ពីវាយ៉ាងណានោះទេ តែសារៈសំខាន់នៃប្រធានបទនេះ មិនអាចមិនអើពើបានឡើយ។

ព្រះជាម្ចាស់បានបំពេញកិច្ចការរបស់ព្រះអង្គ ចាប់តាំងពីពេលដែលព្រះអង្គបង្កើតមនុស្សជាតិមកម្ល៉េះ។ នៅពេលចាប់ផ្តើម វាជាការងារដ៏សាមញ្ញបំផុត ថ្វីបើវាសាមញ្ញបែបណាក៏ដោយ តែវាបានបង្ហាញពីសារជាតិ និងនិស្ស័យរបស់ព្រះជាម្ចាស់។ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់រីកធំឡើងហើយកិច្ចការនេះត្រឡប់ជាធំសម្បើម និងរឹងមាំចំពោះអស់អ្នកដែលដើរតាមព្រះអង្គ ជាមួយការសម្តែងចេញដ៏អស្ចារ្យនៃព្រះបន្ទូលរបស់ព្រះអង្គ នោះអង្គរបស់ព្រះជាម្ចាស់ ក៏ត្រូវបានលាក់បាំងពីមនុស្សជាតិ។ ទោះបីជាព្រះអង្គបានយាងមកយកកំណើតជាមនុស្សពីរដង រាប់តាំងពីសម័យរឿងនៅក្នុងព្រះគម្ពីរ រហូតដល់សម័យទំនើបនេះក៏ដោយ តើធ្លាប់មាននរណាបានឃើញអង្គពិតប្រាកដរបស់ព្រះជាម្ចាស់ដែរឬទេ? បើផ្អែកលើការយល់ដឹងរបស់អ្នករាល់គ្នា តើមាននរណាម្នាក់ធ្លាប់បានឃើញអង្គពិតប្រាកដរបស់ព្រះជាម្ចាស់ដែរឬទេ? ទេ! គ្មានទេ។ ដ្បិតគ្មាននរណាម្នាក់ ធ្លាប់បានឃើញអង្គពិតប្រាកដរបស់ព្រះជាម្ចាស់ឡើយ មានន័យថា គ្មាននរណាម្នាក់ធ្លាប់បានឃើញរូបពិតប្រាកដរបស់ព្រះជាម្ចាស់ឡើយ។ នេះគឺជាអ្វីដែលមនុស្សគ្រប់គ្នាយល់ស្របតាម។ នោះគឺចង់និយាយថា អង្គពិតប្រាកដរបស់ព្រះជាម្ចាស់ ឬវិញ្ញាណរបស់ព្រះជាម្ចាស់ ត្រូវបានលាក់កំបាំងពីមនុស្សជាតិទាំងអស់ រួមទាំងអ័ដាម និងអេវ៉ាដែលព្រះអង្គបានបង្កើតមក ហើយសូម្បីតែលោកយ៉ូបដែលជាមនុស្សសុចរិត និងជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ ក៏ត្រូវបានលាក់បាំងដែរ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ ធា្លប់បានឃើញអង្គពិតប្រាកដរបស់ព្រះជាម្ចាស់ឡើយ។ ក៏ប៉ុន្ដែ តើហេតុអ្វីបានជាព្រះជាម្ចាស់មានចេតនាបិទបាំងអង្គពិតប្រាកដរបស់ព្រះអង្គទៅវិញ? មនុស្សខ្លះនិយាយថា៖ «មកពីព្រះជាម្ចាស់ខ្លាចក្រែងធ្វើឲ្យមនុស្សភ័យខ្លាចព្រះអង្គ»។ អ្នកខ្លះទៀតនិយាយថា៖ «ព្រះជាម្ចាស់លាក់អង្គពិតរបស់ព្រះអង្គ ដោយព្រោះថាមនុស្សតូចទាបពេក រីឯព្រះជាម្ចាស់ គឺព្រះអង្គធំអស្ចារ្យ។ មនុស្សមិនអាចមើលឃើញព្រះអង្គឡើយ បើមិនដូច្នេះទេ ពួកគេនឹងត្រូវស្លាប់ជាមិនខាន»។ ហើយក៏មានអ្នកខ្លះទៀតនិយាយថា «មកពីព្រះជាម្ចាស់ ព្រះអង្គរវល់ក្នុងការគ្រប់គ្រងកិច្ចការរបស់របស់ព្រះអង្គរាល់ថ្ងៃ អ៊ីចឹងហើយ បានជាព្រះអង្គមិនមានពេលដើម្បីបង្ហាញឲ្យមនុស្សឃើញព្រះអង្គឡើយ» មិនថាអ្នករាល់គ្នាជឿបែបណានោះទេ ក៏ប៉ុន្តែខ្ញុំមានសេចក្តីសន្និដ្ឋានមួយនៅទីនេះ។ តើការសន្និដ្ឋាននោះជាអ្វី? គឺថាព្រះជាម្ចាស់ មិនចង់ឲ្យមនុស្សមើលឃើញអង្គពិតប្រាកដរបស់ព្រះអង្គឡើយ។ ការលាក់បាំងពីមនុស្សជាតិ គឺជាអ្វីដែលព្រះជាម្ចាស់ធ្វើដោយចេតនា។ អាចនិយាយម៉្យាងទៀតបានថា នេះគឺជាចេតនារបស់ព្រះជាម្ចាស់ ដែលមិនចង់ឲ្យមនុស្សមើលឃើញអង្គពិតប្រាកដរបស់ព្រះអង្គ។ ដូច្នេះមកដល់ទីនេះ មនុស្សទាំងអស់គួរតែយល់ច្បាស់ហើយ។ ប្រសិនបើព្រះជាម្ចាស់មិនបង្ហាញអោយមនុស្សស្គាល់រូបអង្គរបស់ព្រះអង្គ តើអ្នករាល់គ្នាគិតថា អង្គរបស់ព្រះជាម្ចាស់មានវត្តមានដែរឬទេ? ពិតណាស់ (គឺព្រះអង្គពិតជាមានវត្តមានមែន។) អត្ថិភាពនៃអង្គរបស់ព្រះជាម្ចាស់ គឺលើសពីការសង្ស័យទាំងអស់។ ក៏ប៉ុន្តែ ចំពោះថាតើអង្គរបស់ព្រះជាម្ចាស់អស្ចារ្យប៉ុនណា ឬព្រះអង្គមានរូបរាងបែបណានោះ តើសំណួរទាំងនេះមនុស្សជាតិគួរស៊ើបអង្កេតដែរឬទេ? ទេ ចម្លើយគឺអវិជ្ជមាន។ ប្រសិនបើអង្គរបស់ព្រះជាម្ចាស់ មិនមែនជាប្រធានបទដែលយើងគួរតែស្វែងយល់ទេនោះ តើ (និស្ស័យរបស់ព្រះជាម្ចាស់។) (កិច្ចការរបស់ព្រះជាម្ចាស់។) ជាអ្វីទៅវិញ? មុនពេលដែលយើងចាប់ផ្តើមសិក្សាទាក់ទងនឹងប្រធានបទផ្លូវការរបស់យើង សូមយើងងាកទៅមើលអ្វីដែលយើងបានពិភាក្សាជាមួយគ្នានៅមុននេះបន្តិច៖ ហេតុអ្វីបានជាព្រះជាម្ចាស់ មិនដែលបើកសម្ដែងពីរូបអង្គរបស់ព្រះអង្គអោយមនុស្សជាតិស្គាល់? ហេតុអ្វីបានជាព្រះជាម្ចាស់ មានចេតនាលាក់បាំងអង្គរបស់ព្រះអង្គពីមនុស្ស? មានហេតុផលតែមួយគត់ ហើយហេតុផលនោះគឺថា៖ ទោះបីជាមនុស្សដែលព្រះជាម្ចាស់បានបង្កើតមក មានបទពិសោធន៍រាប់ពាន់ឆ្នាំអំពីកិច្ចការរបស់ព្រះអង្គក៏ដោយ ក៏គ្មានមនុស្សណាម្នាក់ស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងសារជាតិរបស់ព្រះអង្គដែរ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សបែបនេះគឺជាអ្នកប្រឆាំងនឹងព្រះអង្គ ហើយព្រះជាម្ចាស់នឹងមិនបើកសម្ដែងអង្គទ្រង់ដល់មនុស្សដែលស្អប់ខ្ពើមចំពោះទ្រង់ឡើយ។ នេះគឺជាហេតុផលតែមួយគត់ ដែលព្រះជាម្ចាស់មិនបានបើកសម្ដែងអង្គរបស់ព្រះអង្គ ដល់មនុស្សជាតិហើយនិងមូលហេតុដែលព្រះអង្គមានចេតនាបិទបាំងអង្គរបស់ព្រះអង្គពីមនុស្សជាតិ។ តើនៅពេលនេះ សារៈសំខាន់នៃការស្គាល់និស្ស័យរបស់ព្រះជាម្ចាស់ ច្បាស់ហើយឬនៅចំពោះអ្នករាល់គ្នា?

ចាប់តាំងពីអត្ថិភាពនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់មក ព្រះអង្គតែងតែលះបង់គ្រប់យ៉ាងនៅក្នុងការបំពេញកិច្ចការរបស់ព្រះអង្គ។ ទោះបីជាព្រះអង្គបានបិទបាំងអង្គរបស់ព្រះអង្គពីមនុស្សក៏ដោយ ក៏ព្រះអង្គតែងតែគង់នៅក្បែរមនុស្ស បំពេញកិច្ចការលើមនុស្ស បង្ហាញពីនិស្ស័យរបស់ព្រះអង្គ ដឹកនាំមនុស្សជាតិទាំងអស់ជាមួយនឹងសារជាតិរបស់ព្រះអង្គ ព្រមទាំងបំពេញកិច្ចការលើមនុស្សគ្រប់រូប តាមរយៈព្រះចេស្ដា ព្រះប្រាជ្ញាញាណ និងសិទ្ធិអំណាចរបស់ព្រះអង្គ ប្រយោជន៍នាំពួកគេចូលទៅក្នុងយុគសម័យកិ្រត្យនៃវិន័យ យុគសម័យនៃព្រះគុណ ហើយនិងយុគសម័យនៃនគរព្រះនាពេលបច្ចុប្បន្ននេះ។ ទោះបីជាព្រះជាម្ចាស់លាក់បាំងអង្គរបស់ព្រះអង្គពីមនុស្សក៏ដោយ ក៏និស្ស័យរបស់ព្រះអង្គ លក្ខណៈ និងកម្មសិទ្ធរបស់ព្រះអង្គ និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ ត្រូវបានបង្ហាញដោយឥតលាក់លៀមចំពោះមនុស្សដែរ ដើម្បីឲ្យពួកគេមើលឃើញ និងទទួលបានបទពិសោធន៍។ អាចនិយាយម៉្យាងវិញទៀតបានថា ទោះបីជាមនុស្សមិនអាចមើលឃើញ ឬប៉ះពាល់ព្រះជាម្ចាស់បានក្តី តែនិស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់ ដែលមនុស្សជាតិបានជួបប្រទះ គឺជាការសម្តែងឲ្យឃើញយ៉ាងជាក់ពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ តើនោះមិនមែនការពិតទេឬអី? មិនថាវិធី ឬមុំនៃវិធីសាស្រ្តដែលព្រះជាម្ចាស់ជ្រើសរើសសម្រាប់កិច្ចការរបស់ព្រះអង្គបែបណានោះទេ ព្រះអង្គតែងតែប្រព្រឹត្ដចំពោះមនុស្សតាមរយៈអត្ដសញ្ញាណពិតរបស់ព្រះអង្គ បំពេញកិច្ចការដែលជាភារៈកិច្ចរបស់ព្រះអង្គ ហើយមានបន្ទូលនូវអ្វីដែលព្រះអង្គចាំបាច់ត្រូវមានបន្ទូល។ មិនខ្វល់ថាព្រះជាម្ចាស់ ទ្រង់មានបន្ទូលចេញពីឋានៈជាអ្វីនោះទេ ទោះបើព្រះអង្គឈរមានបន្ទូលពីស្ថានសួគ៌ ឬក្នុងសាច់ឈាមកី្ត ឬក្នុងឋានៈជាមនុស្សសាមញ្ញធម្មតាក្តីក៏ដោយ ក៏ព្រះអង្គតែងតែមានបន្ទូលទៅកាន់មនុស្សដោយអស់ពីព្រះហឫទ័យ និងអស់ពីព្រះតម្រិះរបស់ព្រះអង្គ ដោយគ្មានការបោកប្រាស់ ឬការលាក់បាំងអ្វីឡើយ។ នៅពេលដែលព្រះអង្គបំពេញកិច្ចការរបស់ព្រះអង្គ គឺព្រះជាម្ចាស់បង្ហាញព្រះបន្ទូល និងនិស្ស័យរបស់ព្រះអង្គ ព្រមទាំងបង្ហាញពីលក្ខណៈ និងកម្មសិទ្ធិរបស់ព្រះអង្គដោយគ្មានសំចៃអ្វីទាំងអស់។ ព្រះអង្គដឹកនាំមនុស្សជាតិដោយជីវិតរបស់ទ្រង់ និងលក្ខណៈ និងកម្មសិទ្ធិរបស់ព្រះអង្គផងដែរ។ នេះគឺជារបៀបដែលមនុស្សបានរស់នៅតាមរយៈយុគសម័យនៃក្រិត្យវិន័យ ដែលជាយុគសម័យដើមរបស់មនុស្ស ក្រោមការដឹកនាំរបស់ព្រះជាម្ចាស់ដែល «មិនអាចមើលឃើញ និងមិនអាចប៉ះពាល់បាន»។

ព្រះជាម្ចាស់បានយាងមកយកកំណើតជាមនុស្សជាលើកដំបូងក្រោយពីយុគសម័យនៃក្រិត្យវិន័យ ពោលគឺជាការយកកំណើតជាមនុស្សមួយ ដែលបានត្រឹមតែអាយុសាមសិបបីឆ្នាំកន្លះប៉ុណ្ណោះ។ សម្រាប់មនុស្ស តើអាយុសាមសិបបីឆ្នាំកន្លះជារយៈពេលយូរដែរឬទេ? (វាមិនយូរទេ។) តាមធម្មតាអាយុកាល (តាំងពីពេលកើតរហូតដល់ស្លាប់) របស់មនុស្ស គឺយូរជាងសាមសិបឆ្នាំទៅទៀត ហើយនេះមិនមែនជាពេលវេលាយូរសម្រាប់មនុស្សឡើយ។ ក៏ប៉ុន្តែ សម្រាប់ព្រះជាម្ចាស់ ការយាងមកយកកំណើតជាមនុស្សអស់រយៈពេលសាមសិបបីឆ្នាំកន្លះនេះ គឺពិតជាយូរណាស់។ ព្រះអង្គបានត្រឡប់ជាមនុស្សសាមញ្ញធម្មតាម្នាក់ ដែលបានទទួលយកកិច្ចការ និងបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់។ នេះមានន័យថា ព្រះអង្គបានទទួលយកកិច្ចការមួយ ដែលមនុស្សសាមញ្ញធម្មតាមិនអាចធ្វើបាន ហើយនិងការស៊ូទ្រាំនឹងការរងទុក្ខដែលមនុស្សសាមញ្ញមិនអាចទ្រាំបាន។ បរិមាណនៃការរងទុក្ខ ដែលព្រះអម្ចាស់យេស៊ូវបានស៊ូទ្រាំនៅក្នុងយុគសម័យនៃព្រះគុណ ចាប់តាំងពីការចាប់ផ្តើមនៃកិច្ចការរបស់ព្រះអង្គរហូតដល់ពេលដែលព្រះអង្គត្រូវបានគេដុំដែកគោលលើឈើឆ្កាង ប្រហែលជាមិនមែនជាអ្វីមួយដែលមនុស្សនៅសព្វថ្ងៃនេះអាចបានឃើញដោយផ្ទាល់នោះទេ ក៏ប៉ុន្តែយ៉ាងហោចណាស់ អ្នករាល់គ្នាក៏អាចមានគំនិតអំពីរឿងនេះ តាមរយៈរឿងរ៉ាវនៅក្នុងព្រះគម្ពីរដែរ មែនទេ? មិនខ្វល់ថាចំនួនពត៌មានលំអិត ដែលមាននៅក្នុងកំណត់ហេតុដែលបានកត់ត្រាទាំងនេះច្រើនប៉ុនណានោះទេ និយាយជារួមកិច្ចការរបស់ព្រះជាម្ចាស់ក្នុងអំឡុងពេលនេះ គឺពោរពេញទៅដោយការលំបាក និងការរងទុក្ខ។ សម្រាប់មនុស្សពុករលួយ អាយុសាមសិបបីឆ្នាំកន្លះ គឺមិនយូរនោះទេ។ ការរងទុក្ខតិចតួច គឺគ្រាន់តែជារឿងកំប៉ិកកំប៉ុកប៉ុណ្ណោះ។ តែសម្រាប់ព្រះជាម្ចាស់ ជាព្រះដ៏បរិសុទ្ធ គ្មានបាប ដែលត្រូវផ្ទុកអំពើបាបគ្រប់យ៉ាងរបស់មនុស្សជាតិ ត្រូវមកបរិភោគ សម្រាក និងរស់នៅជាមួយមនុស្សមានបាប ការរងទុក្ខនេះគឺជាការឈឺចាប់ដ៏ខ្លាំងដែលមិនគួឲ្យជឿ។ ព្រះអង្គជាព្រះអទិករ ជាអធិបតេយ្យភាពនៃអ្វីៗទាំងអស់ និងជាអ្នកគ្រប់គ្រង់លើអ្វីៗទាំងអស់ តែនៅពេលដែលព្រះអង្គត្រូវយាងមកក្នុងពិភពលោកនេះ ព្រះអង្គត្រូវស៊ូទ្រាំជាមួយនឹងការជិះជាន់ និងអំពើព្រៃផ្សៃរបស់មនុស្សជាតិ ដែលពុករលួយទាំងអស់នេះ។ ដើម្បីបញ្ចប់កិច្ចការរបស់ព្រះអង្គ និងដើម្បីសង្គ្រោះមនុស្សជាតិពីសមុទ្រទុក្ខ ព្រះអង្គត្រូវមនុស្សធ្វើទុក្ខ ហើយត្រូវផ្ទុកអំពើបាបទាំងអស់របស់ពួកគេទៀតផង។ ទំហំនៃការរងទុក្ខដែលព្រះអង្គបានឆ្លងកាត់ មិនអាចវាស់ស្ទង់ ឬតបស្នងមកវិញពីមនុស្សសាមញ្ញបាននោះឡើយ។ តើការរងទុក្ខនេះតំណាងពីអ្វី? គឺវាតំណាងឲ្យភក្ដីភាពរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ។ វាតំណាងឲ្យភាពអាម៉ាស់ ដែលព្រះអង្គបានរងទុក្ខ និងថ្លៃដែលព្រះអង្គបានបង់សម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្ស ដើម្បីលោះអំពើបាបរបស់ពួកគេ និងដើម្បីបញ្ចប់ដំណាក់កាលនៃកិច្ចការរបស់ព្រះអង្គដែរ។ វាក៏មានន័យថា មនុស្សត្រូវបានលោះចេញពីឈើឆ្កាងតាមរយៈព្រះជាម្ចាស់ហើយ។ នេះគឺជាថ្លៃ ដែលបានទូទាត់ ដោយឈាម និងជីវិត វាជាថ្លៃមួយ ដែលគ្មាននរណា ឬអ្វីមួយដែលបានបង្កើតមក អាចមានលទ្ធភាពទូទាត់បានឡើយ។ គឺដោយសារតែព្រះអង្គ ទ្រង់មាន សារជាតិរបស់ព្រះជាម្ចាស់ ហើយមានអ្វីដែលជាកម្មសិទ្ធ និងលក្ខណៈរបស់ព្រះជាម្ចាស់ ជាហេតុធ្វើឲ្យព្រះអង្គអាចទ្រាំទ្រនូវការរងទុក្ខប្រភេទនេះបាន ក៏ដូចជាអាចបំពេញកិច្ចការបែបនេះបានដែរ។ នេះគឺជាកិច្ចការមួយដែលគ្មាននរណាអាចធ្វើជំនួសព្រះអង្គបានឡើយ សូម្បីតែអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបានបង្កើតមកក៏មិនអាចធ្វើបានដែរ។ នេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ ក្នុងយុគសម័យនៃព្រះគុណ និងការបើកសម្តែងពីនិស្ស័យរបស់ព្រះអង្គ។ តើនេះបានបើកសម្តែងអ្វីៗទាំងអស់ ដែលជាកម្មសិទ្ធ និងជាលក្ខណៈរបស់ព្រះជាម្ចាស់ដែរឬទេ? តើវាសាកសមនឹងឲ្យមនុស្សជាតិដឹងរឿងនេះដែរឬទេ? នៅក្នុងកាលសម័យនោះ ទោះបីជាមនុស្សមិនបានឃើញអង្គរបស់ព្រះជាម្ចាស់ផ្ទាល់ក៏ដោយ ក៏ពួកគេបានទទួលដង្វាយនៃការលោះបាបរបស់ព្រះជាម្ចាស់ ព្រមទាំងបានរំដោះពីឈើឆ្កាងតាមរយៈព្រះជាម្ចាស់ដែរ។ មនុស្សជាតិ ប្រហែលជាមិនទាន់ស៊ាំនឹងកិច្ចការដែលព្រះជាម្ចាស់បានធ្វើក្នុងយុគសម័យនៃព្រះគុណនៅឡើយទេ ក៏ប៉ុន្តែតើមាននរណាមួយ ធ្លាប់ស្គាល់ពីនិស្ស័យ និងបំណងព្រះហឫទ័យដែលបានសម្តែងចេញដោយព្រះជាម្ចាស់ នៅក្នុងសម័យនេះដែរឬទេ? មនុស្សគ្រាន់តែដឹងអំពីព័ត៌មានលំអិតនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសម័យផ្សេងៗ និងតាមរយៈបណ្តាញផ្សេងៗ ឬគ្រាន់តែដឹងពីរឿងរ៉ាវ ដែលទាក់ទងនឹងព្រះជាម្ចាស់ ដែលបានកើតឡើងទន្ទឹមគ្នា ក្នុងពេលដែលព្រះជាម្ចាស់កំពុងបំពេញកិច្ចការរបស់ព្រះអង្គតែប៉ុណ្ណោះ។ ពត៌មានលំអិត និងរឿងរ៉ាវទាំងនេះភាគច្រើនគ្រាន់តែជាព័ត៌មាន ឬរឿងព្រេងមួយចំនួនអំពីព្រះជាម្ចាស់ប៉ុណ្ណោះ តែវាមិនមានអ្វីដែលទាក់ទងនឹងនិស្ស័យ ហើយនិងសារជាតិរបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ មិនថាមានរឿងរ៉ាវប៉ុន្មាន ដែលមនុស្សដឹងអំពីព្រះជាម្ចាស់នោះទេ គឺវាមិនមានន័យថា ពួកគេមានការយល់ដឹង និងមានចំណេះដឹងជ្រៅជ្រះអំពីនិស្ស័យ ឬសារជាតិរបស់ព្រះជាម្ចាស់នោះឡើយ។ ដូចគ្នាទៅនឹងយុគសម័យនៃក្រិត្យវិន័យយ៉ាងដូច្នោះដែរ ទោះបីជាមនុស្សនៅសម័យព្រះគុណបានជួបជាមួយព្រះជាម្ចាស់ក្នុងរូបភាពជាសាច់ឈាមផ្ទាល់ៗក៏ដោយ តែចំណេះដឹងរបស់ពួកគេអំពីនិស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់ស្ទើរតែគ្មានសោះតែម្តង។

នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់បានយាងមកយកកំណើតជាមនុស្សម្តងទៀត តាមរបៀបដូចដែលទ្រង់បានយាងមកជាលើកដំបូងដែរ។ ក្នុងអំឡុងពេលនៃកិច្ចការនេះ គឺព្រះជាម្ចាស់នៅតែសម្តែងព្រះបន្ទូលរបស់ព្រះអង្គដោយឥតលាក់លៀម ធ្វើកិច្ចការដែលព្រះអង្គត្រូវធ្វើ និងបង្ហាញពីអ្វីដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះអង្គដដែល។ ក្នុងពេលជាមួយគ្នានេះ ព្រះអង្គនៅតែបន្តស៊ូទ្រាំ និងអត់ធ្មត់ចំពោះការមិនស្តាប់បង្គាប់ និងភាពល្ងង់ខ្លៅរបស់មនុស្ស។ តើព្រះជាម្ចាស់នៅតែបន្តមិនបើកសម្តែងពីនិស្ស័យរបស់ព្រះអង្គ ក៏ដូចជាសម្តែងចេញពីបំណងព្រះហឫទ័យរបស់ព្រះអង្គ ក្នុងអំឡុងពេលនៃកិច្ចការនេះដដែលឬ? ហេតុដូច្នេះហើយ ចាប់តាំងពីការបង្កើតមនុស្សរហូតមកដល់ឥឡូវនេះ និស្ស័យរបស់ព្រះជាម្ចាស់ លក្ខណៈ និងជាកម្មសិទ្ធរបស់ព្រះអង្គ ក៏ដូចជាបំណងព្រះហឫទ័យរបស់ព្រះអង្គ គឺតែងតែនៅបើកចំហសម្រាប់មនុស្សគ្រប់ៗគ្នាដដែល។ ព្រះជាម្ចាស់មិនដែលមានចេតនាលាក់បាំង សារជាតិរបស់ព្រះអង្គ និស្ស័យ ឬបំណងព្រះហឫទ័យរបស់ព្រះអង្គឡើយ។ វាគ្រាន់តែថាមនុស្សជាតិ មិនខ្វល់អំពីអ្វីដែលព្រះអង្គកំពុងធ្វើ និងពីបំណងព្រះហឫទ័យរបស់ព្រះអង្គតែប៉ុណ្ណោះ ដូច្នេះហើយ ទើបបានជាមនុស្សមានការយល់ដឹងស្តួចស្តើងបែបនេះចំពោះព្រះជាម្ចាស់។ អាចនិយាយម៉្យាងទៀតបានថា ថ្វីបើព្រះជាម្ចាស់លាក់បាំងអង្គរបស់ព្រះអង្គក៏ដោយ ក៏ព្រះអង្គនៅតែឈរក្បែរមនុស្សជាតិគ្រប់ពេលវេលា ដោយបើកបង្ហាញជាចំហនូវបំណងព្រះហឫទ័យ និស្ស័យ ហើយនិងសារជាតិរបស់ព្រះអង្គគ្រប់ពេលវេលា។ និយាយឲ្យងាយយល់ អង្គរបស់ព្រះជាម្ចាស់ គឺបើកចំហចំពោះមនុស្ស ក៏ប៉ុន្តែ ដោយសារតែភាពងងឹតងងង់ និងការមិនស្តាប់បង្គាប់របស់ពួកគេ ទើបធ្វើឲ្យពួកគេមិនអាចមើលឃើញការលេចមករបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះបើអ៊ីចឹងមែន តើការស្វែងយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ ហើយនិងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺមិនងាយស្រួលសម្រាប់មនុស្សគ្រប់ៗគ្នាទេមែនទេ? តើនេះគឺជាសំណួរ ដែលពិបាកឆ្លើយណាស់មែនទេ? អ្នកអាចឆ្លើយថា វាងាយស្រួល ក៏ប៉ុន្តែ មានមនុស្សមួយចំនូន ដែលចង់ស្គាល់ព្រះជាម្ចាស់យ៉ាងខ្លាំង តែពួកគេពិតជាមិនអាចស្គាល់ព្រះអង្គ ឬយល់ច្បាស់អំពីព្រះអង្គបានឡើយ គឺវាតែងតែនៅស្រអាប់ និងស្រពិចស្រពិល។ ក៏ប៉ុន្តែប្រសិនបើអ្នកឆ្លើយថា វាមិនងាយស្រួលទេ នោះក៏មិនត្រឹមត្រូវដែរ។ ដោយសារយើងបានក្លាយជាកម្មវត្ថុនៃកិច្ចការរបស់ព្រះជាម្ចាស់ជាយូរមកហើយ ហេតុនេះ តាមរយៈបទពិសោធន៍ដ៏ច្រើនរបស់ពួកគេ មនុស្សគ្រប់គ្នា គួរតែស្គាល់ច្បាស់ពីព្រះអង្គហើយ។ យ៉ាងហោចណាស់ ពួកគេគួរតែស្គាល់ព្រះជាម្ចាស់នៅក្នុងកម្រិតមួយនៅក្នុងដួងចិត្តរបស់ពួកគេ ឬត្រូវបាន ដុសខាត់ខាងវិញ្ញាណជាមួយព្រះជាម្ចាស់ ហើយយ៉ាងហោចណាស់ពួកគេគួរតែមានការយល់ដឹងខ្លះអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ឬទទួលបានការយល់ដឹងខ្លះអំពីព្រះជាម្ចាស់ដែរ។ ចាប់តាំងពីពេលដែលមនុស្សចាប់ផ្តើមដើរតាមព្រះជាម្ចាស់រហូតមកដល់បច្ចុប្បន្ននេះ មនុស្សជាតិទទួលបានច្រើនណាស់ ក៏ប៉ុន្តែដោយសារតែហេតុផលសព្វគ្រប់ តួយ៉ាងដូចជា៖ ខ្សត់ខ្សោយគុណសម្បតិ្ត ភាពក្រអឺតក្រទម ការប្រឆាំងបះបោរ និងចេតនាផ្សេងៗជាច្រើនទៀត ទើបធ្វើឲ្យមនុស្សជាតិបាត់បង់យ៉ាងច្រើនទៅវិញដូច្នេះ។ តើព្រះជាម្ចាស់មិនបានប្រទានឲ្យមនុស្សគ្រប់គ្រាន់ ហើយទេឬអី? ទោះបីជាព្រះជាម្ចាស់លាក់អង្គរបស់ព្រះអង្គពីមនុស្សក៏ដោយក្តី ក៏ព្រះអង្គផ្គត់ផ្គង់ឲ្យមនុស្សនូវអ្វីៗគ្រប់យ៉ាងដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះអង្គរួមទាំងជីវិតរបស់ទ្រង់ផង ហេតុដូចនេះ ចំណេះដឹងរបស់មនុស្សជាតិ អំពីព្រះជាម្ចាស់ គួរតែមិនមែននៅតែប៉ុណ្ណឹងដូចពេលនេះនោះឡើយ។ ដូច្នេះហើយបានជាខ្ញុំព្រះតម្រិះថា វាចាំបាច់ដែលត្រូវប្រកបគ្នាជាមួយអ្នករាល់គ្នាបន្ថែមទៀត អំពីប្រធានបទស្ដីពីកិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ គោលបំណងគឺដើម្បីឱ្យការយកចិត្តទុកដាក់ និងការពិចារណារាប់ពាន់ឆ្នាំដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សមិនបញ្ចប់ទៅដោយឥតប្រយោជន៍ ហើយដើម្បីឱ្យមនុស្សជាតិអាចយល់ និងដឹងគុណពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ចំពោះពួកគេដោយពិតប្រាកដ។ ដូច្នេះ មនុស្សអាចឈានទៅដល់ដំណាក់កាលថ្មីមួយនៅក្នុងចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់។ វាក៏នឹងធ្វើឱ្យព្រះជាម្ចាស់ត្រឡប់ទៅកាន់កន្លែងពិតប្រាកដរបស់ទ្រង់នៅក្នុងដួងចិត្តរបស់មនុស្សវិញដែរ។ នោះគឺជាការរកយុត្ដិធម៌ថ្វាយទ្រង់។

ដើម្បីយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ហើយនិងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ អ្នកត្រូវតែចាប់ផ្តើមពីតូចទៅមុន។ តើចាប់ផ្តើមពីតូចហ្នឹង គួរចាប់ផ្តើមពីត្រង់ណាទៅ? មុននឹងចាប់ផ្តើម ខ្ញុំបានជ្រើសរើសនូវជំពូកមួយចំនួនពីក្នុងព្រះគម្ពីរ។ ពត៌មានខាងក្រោមទាំងអស់នេះគឺជាខគម្ពីរ ដែលទាក់ទងទៅនឹងប្រធានបទ កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គរបស់យើងនេះ។ ខ្ញុំបានឃើញយ៉ាងជាក់ថា សេចក្តីដកស្រង់ទាំងអស់នេះ គឺជាសម្ភារៈយោង ដើម្បីជួយដល់អ្នករាល់គ្នាឲ្យស្គាល់ពី កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ តាមរយៈការចែកចាយទាំងនេះ យើងនឹងអាចមើលឃើញថា តើនិស្ស័យព្រះជាម្ចាស់ប្រភេទណា ដែលបើកសម្តែងឲ្យឃើញតាមរយៈកិច្ចការពីអតីតកាលរបស់ព្រះអង្គ ហើយនិងផ្នែកមួយណានៃសារជាតិរបស់ព្រះអង្គ ដែលមនុស្សមិនទាន់បានស្គាល់នៅឡើយ។ ជំពូកទាំងអស់នេះ អាចជាជំពូកចាស់ៗ ក៏ប៉ុន្តែ ប្រធានបទដែលយើងកំពុងតែពិភាក្សាជាមួយគ្នានេះ គឺជាអ្វីថ្មីដែលមនុស្សមិនដែលធ្លាប់មាន ឬធ្លាប់បានឮពីមុនមកឡើយ។ ប្រហែលជាមានអ្នកខ្លះយល់ថាវារៀងពិបាកយល់ណាស់ តើការលើកយករឿងម្តងពីអ័ដាម និងអេវ៉ា ហើយត្រឡប់ទៅនិយាយពីលោកណូអេវិញម្តងនោះ មិនមែនជារឿងច្រំដែលៗទេឬអី? មិនខ្វល់ថា អ្នករាល់គ្នាគិតបែបណានោះឡើយ ខគម្ពីរទាំងអស់នេះ គឺសំខាន់ខ្លាំងណាស់សម្រាប់ការពិភាក្សាស្តីពីប្រធានបទនៅថ្ងៃនេះ ហើយវាអាចដើរតួជាអត្ថបទបង្រៀន ឬក៏ជាធនធានសំខាន់ជាងគេមួយ សម្រាប់ការពិភាក្សានៅថ្ងៃនេះ។ នៅពេលដែល ខ្ញុំបញ្ចប់ការជជែកនៅថ្ងៃនេះ នោះអ្នករាល់គ្នានឹងយល់កាន់តែច្បាស់ពីចេតនារបស់ខ្ញុំ នៅពីក្រោយការជ្រើសរើសយកជំពូកទាំងអស់នេះ។ អស់អ្នកដែលធ្លាប់បានអានព្រះគម្ពីរពីមុនមក ប្រាកដជាធ្លាប់បានអានប៉ះនូវខគម្ពីរមួយចំនួននេះ ក៏ប៉ុន្តែប្រហែលជាមិនទាន់យល់ច្បាស់ពីខគម្ពីរទាំងនេះនៅឡើយ។ ដូច្នេះ ជាដំបូង សូមយើងទាំងអស់គ្នារំលឹកឡើងវិញត្រួសៗជាមួយគ្នាសិន បន្ទាប់មក យើងនឹងមើលលំអិតមួយៗជាមួយគ្នានៅក្នុងការពិភាក្សារបស់យើង។

អ័ដាម និងអេវ៉ាគឺបុព្វបុរសរបស់មនុស្សជាតិដំបូងគេបង្អស់។ ប្រសិនបើយើងចង់និយាយពីតួអង្គនៅក្នុងព្រះគម្ពីរ ជាដំបូង យើងត្រូវចាប់ផ្តើមពីពួកគាត់ទាំងពីរនាក់មុនគេសិន។ បុព្វបុរសរបស់មនុស្សជាតិទីពីរ គឺលោកណូអេ។ តើនរណា គឺជាតួអង្គទីបី? (គឺលោកអ័ប្រាហាំ។) តើអ្នករាល់គ្នាស្គាល់រឿងរបស់លោកអ័ប្រាហាំដែរឬទេ? ប្រហែលជាមានអ្នកខ្លះដឹង ហើយអ្នកខ្លះទៀតក៏មិនទាន់ច្បាស់នៅឡើយដែរ។ ចុះតួអង្គទីបួន តើជានរណាទៅ? តើនរណាដែលបានលើកឡើងនៅក្នុងសាច់រឿងនៃការបំផ្លាញទីក្រុងសូដុម? (គឺលោកឡុត។) ក៏ប៉ុន្តែលោកឡុតមិនត្រូវបានលើកយកមកធ្វើជាអំណះអំណាងនៅក្នុងព្រឹត្តិការណ៍នេះឡើយ។ តើនរណាជាបុគ្គលសំខាន់នៅក្នុងរឿងនេះ? (គឺលោកអ័ប្រាហាំ។) រឿងសំខាន់មួយដែលបានលើកឡើងនៅក្នុងរឿងរបស់លោកអ័ប្រាហាំ គឺជាអ្វីដែលព្រះយេហូវ៉ាដ៏ជាព្រះ ទ្រង់បានមានបន្ទូល។ តើអ្នកឃើញវាដែរឬទេ? តើនរណាជាតួអង្គទីប្រាំ? (គឺលោកយ៉ូប។) តើព្រះជាម្ចាស់ ទ្រង់មិនបានរៀបរាប់ច្រើនអំពីរឿងរបស់លោកយ៉ូបនៅក្នុងតំណាក់កាលបច្ចុប្បន្ននៃកិច្ចការរបស់ព្រះអង្គទេឬអី? ចុះអ្នករាល់គ្នាយកចិត្តទុកដាក់ខ្លាំងអំពីរឿងនេះដែរឬទេ? ប្រសិនបើអ្នកពិតជាយកចិត្តទុកដាក់ខ្លាំងមែន តើអ្នកបានអានរឿងរបស់លោកយ៉ូបនៅក្នុងព្រះគម្ពីរដោយប្រុងប្រយ័ត្នដែរឬទេ? តើអ្នកដឹងពីអ្វី ដែលលោកយ៉ូបបាននិយាយ និងអ្វីដែលគាត់បានធ្វើដែរឬទេ? សម្រាប់អស់អ្នកដែលបានអានរឿងនេះច្រើនជាងគេ តើអ្នកបានអានរឿងនេះប៉ុន្មានដងហើយ? តើអ្នកអានវាញឹកញាប់ដែរឬទេ? បងប្អូនស្រីៗមកពីហុងកុង សូមប្រាប់យើងមកមើល។ (ខ្ញុំបានអានវាពីរបីដងដែរកាលពីមុន នៅពេលដែលយើងនៅក្នុងយុគសម័យនៃព្រះគុណ។) ចុះតាំងពីពេលហ្នឹងមក អ្នកអត់ដែលបានអានទេមែនទេ? នេះពិតជារឿងគួរឲ្យសោកស្តាយបំផុត។ សូមអនុញ្ញាត្តឲ្យខ្ញុំបា្រប់ដល់អ្នករាល់គ្នា៖ នៅក្នុងអំឡុងដំណាក់កាលនៃកិច្ចការបស់ព្រះជាម្ចាស់នេះ គឺព្រះអង្គបានលើកអំពីរឿងលោកយ៉ូបមករៀបរាប់ជាច្រើនដង ដែលនេះគឺជាការឆ្លុះបញ្ចាំងអំពីចេតនារបស់ព្រះអង្គ។ ព្រះអង្គបានរៀបរាប់អំពីលោកយ៉ូបជាច្រើនដង ក៏ប៉ុន្តែ អ្នករាល់គ្នាមិនមានការភ្ញាក់រឭកទាល់តែសោះ ដែលនេះគឺជាសក្ខីភាពបញ្ជាក់ថាអ្នករាល់គ្នាមិនមានចំណាប់អារម្មណ៍ក្នុងការធ្វើជាមនុស្សល្អ និងជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ឡើយ។ នេះក៏ព្រោះតែអ្នករាល់គ្នាពេញចិត្តនឹងការមានគំនិតគ្រោតគ្រាត អំពីរឿងរបស់លោកយ៉ូប ដែលព្រះជាម្ចាស់បានលើកយកមកមានបន្ទូល។ អ្នកគ្រាន់តែស្កប់ចិត្តនឹងសាច់រឿងរបស់វាតែប៉ុណ្ណោះ ក៏ប៉ុន្តែអ្នកមិនយកចិត្តទុកដាក់ និងមិនព្យាយាមស្វែងយល់លំអិតថា តើលោកយ៉ូបជានរណា ហើយនិងគោលបំណងដែលនៅពីក្រោយសាច់រឿងនេះ ថាតើហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលអំពីលោកយ៉ូបជាច្រើនដងបែបនេះ។ ប្រសិនបើបុគ្គល ដែលព្រះជាម្ចាស់កោតសរសើរ មិនធ្វើឲ្យអ្នករាល់គ្នាចាប់អារម្មណ៍ផងនោះ តើអ្នកកំពុងតែយកចិត្តទុកដាក់ចំពោះអ្វីឲ្យប្រាកដទៅ? ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់ ឬព្យាយាមស្វែងយល់ពីមនុស្សសំខាន់ ដែលព្រះជាម្ចាស់បានលើកឡើងផងនោះ តើគួរត្រូវនិយាយបែបដូចម្តេចអំពីឥរិយាបថរបស់អ្នករាល់គ្នាចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះ? តើនោះមិនគួរឲ្យសោកស្តាយទេឬអី? តើវាមិនបានបញ្ជាក់ទេឬអីថាអ្នករាល់គ្នាភាគច្រើនមិនចូលរួមក្នុងសកម្មភាពជាក់ស្តែង ឬស្វែងរកសេចក្តីពិត? ប្រសិនបើអ្នក ពិតជាស្វែងរកសេចក្តីពិតមែន នោះអ្នកនឹងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមនុស្សដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ ហើយនិងសាច់រឿងរបស់តួអង្គដែលព្រះជាម្ចាស់បានមានបន្ទូល។ ទោះយ៉ាងណាក៏ដោយ មិនថាអ្នកអាចប្រព្រឹត្តតាមពួកគេ ឬរកឃើញរឿងរ៉ាវរបស់ពួកគេជាក់ស្តែងយ៉ាងណានោះទេ គឺភ្លាមៗនោះអ្នកនឹងរត់ទៅអានអំពីរឿងរបស់ពួក ហើយព្យាយាមយល់ពីពួកគេ ព្រមទាំងស្វែងរកវិធីដើម្បីធ្វើតាមគំរូរបស់ពួកគេ ក៏ដូចជាធ្វើអ្វីៗដែលអ្នកអាចធ្វើបានឲ្យអស់ពីសមត្ថភាពរបស់អ្នកដែរ។ នេះគឺជារបៀបដែលអ្នកចង់បានសេចក្ដីពិតត្រូវយកមកប្រតិបត្តិតាម។ តាមការពិតទៅ អ្នករាល់គ្នាភាគច្រើនដែលអង្គុយនៅទីនេះមិនដែលធ្លាប់បានអានរឿងរបស់យ៉ូបទេ ហើយភាគច្រើនគឺបែបហ្នឹងឯង។

ចូរយើងត្រលប់ទៅកាន់ប្រធានបទ ដែលខ្ញុំទើបពិភាក្សាអម្បាញ់មិញ។ នៅក្នុងបទគម្ពីរត្រង់ផ្នែកនេះ ដែលទាក់ទងនឹងយុគសម័យនៃក្រិត្យវិន័យនៅគម្ពីរសញ្ញាចាស់ ខ្ញុំបានសំរេចផ្តោតលើរឿងជាក់លាក់អំពីតួអង្គសំខាន់ៗមួយចំនួន ដែលមនុស្សភាគច្រើនធ្លាប់បានស្គាល់រួចមកហើយ តាមរយៈព្រះគម្ពីរ។ អស់អ្នកដែលអានរឿងរ៉ាវអំពីតួអង្គទាំងអស់នេះ នឹងអាចមានអារម្មណ៍ថា កិច្ចការដែលព្រះជាម្ចាស់ធ្វើតាមរយៈពួកគេ ហើយនិងព្រះបន្ទូលទាំងប៉ុន្មានដែលព្រះជាម្ចាស់បានមានបន្ទូលទៅកាន់ពួកគេ គឺមានភាពជាក់ស្តែង និងអាចចូលទៅជិតបានដូចគ្នា សម្រាប់មនុស្សនៅបច្ចុប្បន្ននេះ។ នៅពេលដែលអ្នកអានរឿងរ៉ាវទាំងនេះគ្រប់ទាំងសេចក្តីដែលបានកត់ត្រានៅក្នុងព្រះគម្ពីរ នោះអ្នកនឹងអាចយល់កាន់តែច្បាស់ អំពីរបៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ព្រះអង្គ និងប្រព្រឹត្ដចំពោះមនុស្សនៅក្នុងប្រវត្ដិសាស្ដ្រនាសម័យកាលទាំងនោះ។ ក៏ប៉ុន្តែហេតុផលដែល ខ្ញុំសម្រេចពិភាក្សាទៅលើជំពូកទាំងអស់នេះនៅថ្ងៃនេះ គឺមិនមែនចង់ឲ្យអ្នកព្យាយាមផ្តោតតែទៅលើរឿងរ៉ាវ ឬតួអង្គនៅក្នុងរឿងនោះតែប៉ុណ្ណោះទេ។ តែផ្ទុយទៅវិញ តាមរយៈរឿងរ៉ាវរបស់តួអង្គទាំងនេះអ្នកអាចអរព្រះគុណចំពោះទង្វើរបស់ព្រះជាម្ចាស់ និងនិស្ស័យរបស់ព្រះជាម្ចាស់។ ការនេះនឹងជួយអ្នកឲ្យស្គាល់ និងយល់ពីព្រះជាម្ចាស់កាន់តែច្បាស់ ព្រមទាំងមើលឃើញពីផ្នែកពិតរបស់ព្រះអង្គ ហើយវានឹងបំបាត់ចោលការប៉ាន់ស្មាន និងសញ្ញាណរបស់អ្នកអំពីព្រះអង្គ ហើយជួយបង្វែរអ្នកចេញពីសេចក្ដីជំនឿដែលច្របូកច្របល់ ដោយសារភាពស្រពិចស្រពិល។ លើកលែងតែអ្នកមានគ្រឹះរឹងមាំ ដ្បិតការព្យាយាមស្វែងយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ ហើយការស្គាល់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាញឹកញាប់អាចនាំឲ្យមានអារម្មណ៍អស់សង្ឃឹម គ្មានអំណាច និងភាពមិនច្បាស់លាស់អំពីកន្លែងដែលត្រូវចាប់ផ្តើម។ នេះជាហេតុផលដែលជំរុខ្ញុំឲ្យបង្កើតវិធីសាស្រ្ត និងវិធីមួយដែលអាចជួយអ្នកឲ្យយល់អំពីព្រះជាម្ចាស់កាន់តែច្បាស់ កាន់តែពេញចិត្តនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ កាន់តែស្គាល់ពីនិស្ស័យ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ព្រមទាំងឲ្យឯងទទួលអារម្មណ៍កាន់តែច្បាស់ អំពីអត្ថិភាពរបស់ព្រះជាម្ចាស់ ហើយនិងអរព្រះគុណចំពោះបំណងព្រះហឫទ័យរបស់ព្រះអង្គចំពោះមនុស្សជាតិ។ តើទាំងអស់នេះមិនមែនជាប្រយោជន៍ដល់អ្នករាល់គ្នាទេឬអី? ឥឡូវនេះ នៅពេលដែលអ្នក ពិនិត្យមើលរឿង និងបទគម្ពីរត្រង់ផ្នែកទាំងនេះឡើងវិញ តើអ្នកមានអារម្មណ៍យ៉ាងណានៅក្នុងដួងចិត្តរបស់អ្នក? តើអ្នកគិតថាបទគម្ពីរត្រង់ផ្នែកមួយចំនួន ដែលខ្ញុំបានជ្រើសរើសយកមកនេះ គឺល្អវិសេសដែរឬទេ? ខ្ញុំត្រូវតែសង្កត់ធ្ងន់ឡើងវិញទៅលើអ្វីដែលខ្ញុំទើបតែបានប្រាប់អ្នករាល់គ្នា៖ គោលបំណងនៃការដែលឲ្យអ្នករាល់គ្នាអានរឿងរ៉ាវរបស់តួអង្គទាំងនេះ គឺដើម្បីជួយអ្នកឲ្យមើលឃើញរបៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការលើមនុស្ស និងឲ្យកាន់តែយល់ពីឥរិយាបទរបស់ព្រះអង្គចំពោះមនុស្សជាតិ។ តើអ្វីនឹងជួយអ្នកឲ្យឈានដល់ការយល់ដឹងនេះ? ការយល់ដឹងអំពីកិច្ចការដែលព្រះជាម្ចាស់បានធ្វើកាលពីអតីតកាល ហើយផ្សារផ្ជាប់ទៅនឹងកិច្ចការដែលព្រះជាម្ចាស់កំពុងធ្វើឥឡូវនេះ ការនេះនឹងជួយអ្នកឲ្យយល់ពីទិដ្ឋភាពជាច្រើនរបស់ព្រះអង្គ។ ទិដ្ឋភាពរាប់មិនអស់ទាំងនេះ គឺពិតជាក់ ហើយត្រូវបានស្គាល់ និងកោតសរសើរដោយមនុស្សគ្រប់គ្នាៗ ដែលចង់ស្គាល់ព្រះជាម្ចាស់។

ចូរយើងចាប់ផ្តើមពីរឿងរបស់អ័ដាម និងអេវ៉ា ដោយចាប់ផ្តើមជាមួយការដកស្រង់ចេញពីព្រះគម្ពីរ។

ក. អ័ដាម និង អេវ៉ា

១. បទបញ្ជារបស់ព្រះជាម្ចាស់ចំពោះអ័ដាម

លោកុប្បត្តិ ២:១៥-១៧ ហើយព្រះ‌យេហូវ៉ាដ៏ជាព្រះបានយកមនុស្សទៅដាក់នៅក្នុងសួន‌អេដែន ដើម្បីឲ្យគាត់ធ្វើការរៀបចំ និងថែរក្សា។ ព្រះ‌យេហូវ៉ាដ៏ជាព្រះបានបង្គាប់ដល់មនុស្សថា នៅក្នុងចំណោមផ្លែឈើទាំងអស់នៅក្នុងសួន អ្នកអាចបរិ‌ភោគបានដោយសេរី។ ប៉ុន្តែ មិនត្រូវបរិ‌ភោគផ្លែចេញពីដើមដឹងខុសត្រូវឡើយ៖ ដ្បិតនៅថ្ងៃណាដែលអ្នកបរិ‌ភោគវា អ្នកប្រាកដជាស្លាប់មិនខាន។

តើអ្នករាល់គ្នាទទួលបានអ្វីពីខគម្ពីរទាំងនេះ? តើ បទគម្ពីរត្រង់ផ្នែកនេះ ធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងដូចម្តេច? ហេតុអ្វីបានជាខ្ញុំសំរេចចិត្តនិយាយអំពីបទបញ្ជារបស់ព្រះជាម្ចាស់ចំពោះអ័ដាមទៅវិញ? តើអ្នករាល់គ្នាម្នាក់ៗ មានរូបអង្គនៃព្រះ និងអ័ដាមនៅក្នុងគំនិតរបស់អ្នករាល់គ្នាដែរឬទេ? អ្នកអាចសាកស្រមៃមើល៖ ប្រសិនបើអ្នករាល់គ្នាជាមនុស្សម្នាក់នៅក្នុងឈុតនោះ តើអ្នកគិតថាព្រះជាម្ចាស់មានលក្ខណៈយ៉ាងដូចម្តេច? តើការគិតបែបនេះ ធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងដូចម្តេច? នេះគឺជារូបភាព ដែលមានចលនា និងកក់ក្តៅ។ ទោះបីមានតែព្រះជាម្ចាស់ និងមនុស្សនៅក្នុងនោះក៏ពិតមាន តែភាពស្និទ្ធស្នាលរវាងពួកគេ បានបំពេញ អ្នកដោយអារម្មណ៍នៃការកោតស្ញប់ស្ញែង៖ ដ្បិតសេចក្តីស្រឡាញ់ដែលលើសលប់របស់ព្រះជាម្ចាស់ ត្រូវបានប្រទានមកឲ្យមនុស្សដោយទទេ និងនៅព័ទ្ធជុំវិញគេផង មនុស្សស្អាតស្អំ និងបរិសុទ្ធ គ្មានសេចក្តីលំបាក និងគ្មានកង្វល់ រស់នៅពោរពេញទៅដោយសេចក្តីសុខ នៅក្រោមព្រះនេត្ររបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បង្ហាញការយកព្រះទ័យទុកដាក់ចំពោះមនុស្ស រីឯមនុស្សរស់នៅក្រោមការការពារ និងព្រះពររបស់ព្រះជាម្ចាស់។ អ្វីៗគ្រប់យ៉ាង ដែលមនុស្សធ្វើ និងនិយាយ គឺមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ដោយមិនអាចកាត់ផ្តាច់បានឡើយ។

នេះអាចត្រូវបានហៅថា ជាបទបញ្ជាដំបូងរបស់ព្រះជាម្ចាស់ចំពោះមនុស្ស បន្ទាប់ពីព្រះអង្គបង្កើតគេមក។ តើពាក្យបទបញ្ជានេះ បង្ហាញពីអ្វីខ្លះ? វាបង្ហាញពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងពីក្តីបារម្ភរបស់ព្រះអង្គចំពោះមនុស្សជាតិ។ នេះគឺជាបទបញ្ជាទីមួយរបស់ព្រះជាម្ចាស់ ហើយនេះក៏ជាលើកទីមួយ ដែលព្រះជាម្ចាស់បង្ហាញការព្រួយបារម្ភចំពោះមនុស្សដែរ។ នេះគឺចង់និយាយថា ព្រះជាម្ចាស់មានអារម្មណ៍ទទួលខុសត្រូវចំពោះមនុស្ស តាំងពីពេលដែលព្រះអង្គបានបង្កើតគេមកម្ល៉េះ។ តើអ្វីទៅជាការទទួលខុសត្រូវរបស់ព្រះអង្គ? ព្រះអង្គត្រូវការពារមនុស្ស និង មើលថែរក្សាមនុស្ស។ ព្រះអង្គសង្ឃឹមថាមនុស្សអាចទុកចិត្ត និងគោរពស្តាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះអង្គ។ នេះក៏ជាក្តីរំពឹងចង់បានលើកដំបូងរបស់ព្រះជាម្ចាស់ពីមនុស្សដែរ។ ដោយសារការរំពឹងទុកនេះហើយ ដែលព្រះជាម្ចាស់មានបន្ទូលដូចតទៅថា៖ «នៅក្នុងចំណោមផ្លែឈើទាំងអស់នៅក្នុងសួន អ្នកអាចបរិ‌ភោគបានដោយសេរី។ ប៉ុន្តែ មិនត្រូវបរិ‌ភោគផ្លែចេញពីដើមដឹងខុសត្រូវឡើយ៖ ដ្បិតនៅថ្ងៃណាដែលអ្នកបរិ‌ភោគវា អ្នកប្រាកដជាស្លាប់មិនខាន»។ ព្រះបន្ទូលសាមញ្ញទាំងនេះតំណាងឲ្យបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលទាំងនេះក៏បើកសម្ដែងថា ព្រះជាម្ចាស់បានចាប់ផ្តើមបង្ហាញការយកព្រះទ័យទុកដាក់ចំពោះមនុស្សនៅក្នុងព្រះហឫទ័យរបស់ទ្រង់ដែរ។ ក្នុងចំណោមអ្វីៗទាំងអស់ មានតែអ័ដាមមួយប៉ុណ្ណោះ ដែលត្រូវបានបង្កើតឡើងឲ្យមានលក្ខណៈដូចជារូបអង្គរបស់ព្រះជាម្ចាស់ អ័ដាមជាភាវៈមានជីវិតតែមួយគត់ ដែលមានដង្ហើមជីវិតរបស់ព្រះជាម្ចាស់ គាត់អាចដើរជាមួយព្រះជាម្ចាស់ ហើយក៏អាចនិយាយសន្ទនាជាមួយព្រះជាម្ចាស់បានដែរ។ នោះហើយជាមូលហេតុដែលព្រះជាម្ចាស់បានប្រទានបទបញ្ជានេះទៅឲ្យគាត់។ ព្រះជាម្ចាស់បានបង្កើតវាឡើងយ៉ាងច្បាស់ណាស់នៅក្នុងបទបញ្ជារបស់ព្រះអង្គ ថាអ្វីដែលមនុស្សអាច និងមិនអាចធ្វើបាន។

នៅក្នុងព្រះបន្ទូលសាមញ្ញពីរបីនេះ យើងមើលឃើញពីព្រះទ័យរបស់ព្រះជាម្ចាស់។ ក៏ប៉ុន្តែ តើព្រះទ័យប្រភេទណាដែលបង្ហាញឲ្យឃើញនោះ? តើមានសេចក្តីស្រឡាញ់នៅក្នុងព្រះទ័យរបស់ព្រះជាម្ចាស់ដែឬទេ? តើមានការព្រួយបារម្ភដែរឬទេ? នៅក្នុងខទាំងនេះ សេចក្តីស្រឡាញ់ និងការយកព្រះទ័យទុកដាក់របស់ព្រះជាម្ចាស់ គឺមិនត្រឹមតែត្រូវបានដឹងគុណប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងមានអារម្មណ៍ជិតស្និទ្ធទៀតផង។ តើអ្នកយល់ស្របបែបនេះដែរឬទេ? បន្ទាប់ពីឮខ្ញុំនិយាយបែបនេះហើយ តើអ្នកនៅតែគិតថា ទាំងនេះគ្រាន់តែជាព្រះបន្ទូលសាមញ្ញៗទៀតដែរឬទេ? តាមពិតទៅ ព្រះបន្ទូលទាំងនោះមិនមានលក្ខណៈសាមញ្ញនោះទេ តើមែនទេ? តើអ្នករាល់គ្នាធ្លាប់បានដឹងអំពីរឿងនេះពីមុនមកដែរទេ? ប្រសិនបើ ព្រះជាម្ចាស់មានបន្ទូលដោយផ្ទាល់នូវព្រះបន្ទូលពីរបីខនេះ តើអ្នកនឹងមានអារម្មណ៍យ៉ាងណានៅខាងក្នុងចិត្តរបស់អ្នក? ប្រសិនបើអ្នកមិនមែនជាមនុស្សទេ ប្រសិនបើចិត្តរបស់អ្នក កកដូចជាទឹកកក នោះអ្នកនឹងមិនមានអារម្មណ៍អ្វីទាំងអស់ អ្នកមិនអរព្រះគុណចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយអ្នកក៏នឹងមិនព្យាយាមយល់ពីព្រះទ័យរបស់ព្រះជាម្ចាស់ដែរ។ ក៏ប៉ុន្តែ ក្នុងនាមជាមនុស្សដែលមានមនសិការ និងវិចារណញ្ញាណនៃភាពជាមនុស្សជាតិ នោះឯងមានអារម្មណ៍ផ្សេង។ អ្នកនឹងមានអារម្មណ៍កក់ក្តៅ អ្នកនឹងទទួលបានការយកចិត្តទុកដាក់ និងស្រឡាញ់ ហើយអ្នកក៏នឹងមានអារម្មណ៍រីករាយដែរ។ តើអ៊ីចឹងមែនអត់? នៅពេលដែលអ្នកមានអារម្មណ៍អំពីរឿងទាំងនេះ តើអ្នកនឹងធ្វើយ៉ាងណាចំពោះព្រះជាម្ចាស់? តើអ្នកមានអារម្មណ៍ថា បានភ្ជាប់ទៅនឹងព្រះជាម្ចាស់ដែរទេ? តើអ្នកនឹងស្រឡាញ់ ហើយគោរពស្តាប់បង្គាប់ព្រះជាម្ចាស់អស់ពីបេះដូងរបស់អ្នកដែរទេ? តើដួងចិត្តរបស់អ្នកនឹងកាន់តែជិតស្និទ្ធនឹងព្រះជាម្ចាស់ដែរទេ? នៅត្រង់នេះ អ្នកអាចមើលឃើញពីសារៈសំខាន់នៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស។ ក៏ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការកោតសរសើរ និងការយល់ដឹងរបស់មនុស្សអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ តាមពិតទៅ តើព្រះជាម្ចាស់ ទ្រង់មិនបានមានបន្ទូលស្រដៀងគ្នាច្រើនក្នុងដំណាក់កាលនៃកិច្ចការរបស់ទ្រង់ទេឫអី? សព្វថ្ងៃនេះ តើមានមនុស្សដែលពេញចិត្តចំពោះព្រះទ័យរបស់ព្រះជាម្ចាស់ដែរឬទេ? តើអ្នកអាចយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលខ្ញុំទើបតែបាននិយាយនេះទេ? អ្នករាល់គ្នាពិតជាមិនអាចពេញចិត្តចំពោះព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ នៅពេលដែលវារឹងមាំ ពិត និងជាក់ស្តែងបែបនេះ។ នោះហើយជាមូលហេតុ ដែលខ្ញុំនិយាយថាអ្នករាល់គ្នា មិនមានចំណេះដឹង និងការយល់ដឹងអំពីព្រះជាម្ចាស់ពិតប្រាកដឡើយ តើពិតមែនអត់? ក៏ប៉ុន្តែ ចូរយើងបញ្ចប់វាត្រឹមនេះសិន។

២. ព្រះជាម្ចាស់បង្កើតអេវ៉ា

លោកុប្បត្តិ ២:១៨-២០ ព្រះ‌យេហូវ៉ាដ៏ជាព្រះ‌បានមានព្រះ‌បន្ទូលថា វាមិនល្អឡើយដែលបុរសនៅតែម្នាក់ឯងនោះ ខ្ញុំនឹងបង្កើតអ្នកជំនួយម្នាក់ឲ្យបានជាគ្នា។ ហើយ ព្រះ‌យេហូវ៉ាដ៏ជាព្រះបានយកមកសូនធ្វើគ្រប់ទាំងសត្វជើងបួន និងសត្វស្លាបហើរលើអាកាសទាំងប៉ុន្មានចេញពីដី រួចក៏យកមកឲ្យអ័ដាម ដើម្បីឲ្យដឹងថាគាត់នឹងហៅពួកវាយ៉ាងដូចម្តេច។ ហើយអ្វីដែលអ័ដាមបានហៅសត្វទាំងអស់នោះ ក៏ក្លាយជាឈ្មោះរបស់វា។ អ័ដាមបានដាក់ឈ្មោះឲ្យដល់គ្រប់ទាំងសត្វស្រុក សត្វស្លាបហើរលើអាកាស និងសត្វព្រៃទាំងអស់ ប៉ុន្តែសម្រាប់អ័ដាម មិនមានជំនួយណាដែលអាចជួយគាត់បានឡើយ។

លោកុប្បត្តិ ២:២២-២៣ ហើយឆ្អឹងដែលព្រះ‌យេហូវ៉ាដ៏ជាព្រះបានយកចេញពីបុរស ព្រះ‌អង្គបានបង្កើតចេញជាស្ត្រី ហើយក៏នាំនាងមកជួបបុរសនោះ។ អ័ដាមក៏ពោលឡើងថា នេះហើយជាឆ្អឹងដែលចេញពីឆ្អឹងរបស់ខ្ញុំ និងជាសាច់ដែលចេញពីសាច់របស់ខ្ញុំ ត្រូវហៅនាងថា ស្ត្រី ព្រោះនាងត្រូវបានយកចេញពីបុរស។

មានឃ្លាសំខាន់មួយនៅក្នុងបទគម្ពីរត្រង់ផ្នែកនេះដែលចែងថា៖ «អ្វីដែលអ័ដាមបានហៅសត្វទាំងអស់នោះ ក៏ក្លាយជាឈ្មោះរបស់វា»។ ដូច្នេះ តើនរណាជាអ្នកដាក់ឈ្មោះឲ្យសត្វមានជីវិតទាំងអស់? គឺជាអ័ដាម មិនមែនព្រះជាម្ចាស់ទេ។ ឃ្លានេះបានប្រាប់ការពិតដល់មនុស្សជាតិថា ព្រះជាម្ចាស់បានប្រទានឲ្យមនុស្សនូវបញ្ញា នៅពេលដែលព្រះអង្គបានបង្កើតគេមក។ នេះគឺចង់និយាយថា ភាពវៃឆ្លាតរបស់មនុស្ស គឺបានមកពីព្រះជាម្ចាស់។ នេះជាការពិត។ ក៏ប៉ុន្តែ តើហេតុអ្វី? ក្រោយពីព្រះជាម្ចាស់បានបង្កើតអ័ដាមរួចមក តើអ័ដាមបានទៅសាលារៀនដែរឬទេ? តើគាត់ចេះអានអក្សរដែរឬទេ? ក្រោយពីព្រះជាម្ចាស់បានបង្កើតភាវៈរស់ផ្សេងៗ តើអ័ដាមស្គាល់សត្វទាំងអស់នោះដែរឬទេ? តើព្រះជាម្ចាស់បានមានបន្ទូលប្រាប់គាត់ថា ពួកវាមានឈ្មោះអ្វីដែរឬទេ? ជាការពិត ព្រះជាម្ចាស់ក៏មិនបានបង្រៀនគាត់ពីរបៀបបង្កើតឈ្មោះរបស់សត្វទាំងនេះដែរ។ នោះគឺជាការពិត! បើដូច្នេះ តើអ័ដាមដឹងពីរបៀបដាក់ឈ្មោះឲ្យសត្វមានជីវិតទាំងនេះ ហើយឈ្មោះអ្វីគួរដាក់ឲ្យពួកវា ដោយរបៀបណាបាន? នេះទាក់ទងនឹងសំណួរថាតើព្រះជាម្ចាស់បានបន្ថែមអ្វីខ្លះទៅលើអ័ដាម នៅពេលដែលព្រះអង្គបង្កើតគាត់មក។ ការពិតបង្ហាញថា នៅពេលដែលព្រះជាម្ចាស់បង្កើតមនុស្សមក គឺព្រះអង្គបានបន្ថែមភាពវៃឆ្លាតរបស់ព្រះអង្គដល់គេ។ នេះជាចំណុចសំខាន់ ដូច្នេះសូមស្តាប់ដោយយកចិត្តទុកដាក់។ ក៏មានចំណុចសំខាន់មួយទៀត ដែលអ្នកគួរយល់ដែរគឺថា៖ បន្ទាប់ពីអ័ដាមបានដាក់ឈ្មោះសត្វមានជីវិតទាំងនេះចប់សព្វគ្រប់ នោះឈ្មោះទាំងនេះក៏បានត្រូវកំណត់ចូលទៅក្នុងវាក្យស័ព្ទរបស់ព្រះជាម្ចាស់ដែរ។ ហេតុអ្វីខ្ញុំលើកពីចំណុចនេះមក? ពីព្រោះនេះក៏ពាក់ព័ន្ធនឹងនិស្ស័យរបស់ព្រះជាម្ចាស់ដែរ ហើយនេះជាចំណុចដែលខ្ញុំត្រូវពន្យល់បន្ថែមទៀត។

ព្រះជាម្ចាស់បានបង្កើតមនុស្ស ព្រះអង្គបានផ្លុំខ្យល់ ដង្ហើមជីវិតចូលក្នុងគេ ហើយព្រះអង្គក៏បានប្រទាននូវភាពវាងវៃ សមត្ថភាព និងអ្វីដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះអង្គ ឲ្យដល់គេមួយចំនួនដែរ។ បន្ទាប់ពីព្រះជាម្ចាស់បានប្រទានរបស់ទាំងអស់នេះដល់មនុស្សរួចហើយ នោះគេក៏អាចធ្វើកិច្ចការខ្លះដោយឯករាជ្យ ហើយអាចគិតដោយខ្លួនឯងបាន។ ប្រសិនបើអ្វីដែលមនុស្សគិត និងធ្វើ មើលទៅជាការល្អនៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងព្រមទទួលយក ហើយព្រះអង្គមិនរារាំងគេឡើយ។ ប្រសិនបើមនុស្សធ្វើអ្វីដែលត្រឹមត្រូវ នោះព្រះជាម្ចាស់នឹងអនុញ្ញាតឲ្យវាកើតឡើងបែបយ៉ាងនោះ។ ដូច្នេះ តើឃ្លាដែលថា «អ្វីដែលអ័ដាមបានហៅសត្វទាំងអស់នោះ ក៏ក្លាយជាឈ្មោះរបស់វា»។ នេះមានន័យយ៉ាងដូចម្តេច? នេះចង់បញ្ជាក់ថា ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងការផ្លាស់ប្តូរឈ្មោះណាមួយដែលបានដាក់ឲ្យសត្វមានជីវិតទាំងនោះទេ។ ឈ្មោះអ្វីដែលអ័ដាមបានហៅសត្វទាំងនោះ នោះព្រះជាម្ចាស់នឹងមានបន្ទូលថា «ចូរឲ្យកើតឡើងដូច្នេះចុះ» ដែលបញ្ជាក់ពីឈ្មោះរបស់សត្វមានជីវិតទាំងនោះ។ តើព្រះជាម្ចាស់ជាអ្នកផ្តួចផ្តើមគំនិតក្នុងរឿងនេះឬ? ទេ! គឺព្រះជាម្ចាស់ ព្រះអង្គពិតជាមិនបានធ្វើបែបនោះទេ។ ដូច្នេះតើអ្នករាល់គ្នាទទួលបានអ្វីពីរឿងនេះ? ព្រះជាម្ចាស់បានប្រទានប្រាជ្ញាដល់មនុស្ស ហើយមនុស្សបានប្រើបញ្ញាដែលព្រះជាម្ចាស់ប្រទានមកឲ្យនោះ យកទៅធ្វើអ្វីៗទាំងអស់។ ប្រសិនបើអ្វីដែលមនុស្សធ្វើទៅ មានភាពវិជ្ជមាននៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងគាំទ្រ ទទួលស្គាល់ និងទទួលយកដោយគ្មានថ្កោលទោស ឬទិទៀនអ្វីឡើយ។ នេះគឺជាអ្វីមួយដែលគ្មានមនុស្សណាម្នាក់ ឬវិញ្ញាណអាក្រក់ ឬសាតាំងអាចធ្វើបានឡើយ។ តើអ្នករាល់គ្នាមានឃើញការបើកសម្តែងពីនិស្ស័យរបស់ព្រះជាម្ចាស់នៅទីនេះដែរឬទេ? តើមនុស្សជាតិដែលជាមនុស្សពុករលួយ ឬក៏សាតាំងអាចអនុញ្ញាតឲ្យនរណាម្នាក់ធ្វើអ្វីមួយនៅក្នុងនាមរបស់ពួកគេ ឬនៅក្រោមភ្នែក ក្រោមច្រមុះរបស់ពួកគេបានដែរឬទេ? ពិតណាស់ គឺមិនអាចទៅរួចទេ! តើពួកគេនឹងប្រយុទ្ធប្រឆាំងនឹងតំណែងនេះជាមួយមនុស្សផ្សេងទៀត ឬកម្លាំងផ្សេងទៀតដែលខុសពីពួកគេដែរឬទេ? ប្រាកដណាស់ ពួកគេនឹងធ្វើបែបនោះ! ប្រសិនបើពេលនោះមានមនុស្សពុករលួយ ឬក៏សាតាំងនៅជាមួយអ័ដាម នោះពួកគេប្រាកដជាបដិសេធនូវអ្វីដែលអ័ដាមកំពុងធ្វើជាមិនខាន។ ដើម្បីបង្ហាញថាពួកគេមានសមត្ថភាពគិតដោយឯករាជ្យ និងមានការយល់ដឹងពិសេសផ្ទាល់ខ្លួនរបស់គេ នោះពួកគេច្បាស់ជាបដិសេធនូវអ្វីគ្រប់យ៉ាងដែលអ័ដាមបានធ្វើ៖ «តើអ្នកចង់ហៅវាបែបនេះឬ? តែខ្ញុំនឹងមិនហៅវាបែបនេះឡើយ គឺខ្ញុំនឹងហៅវាបែបនោះវិញ អ្នកហៅវាថាថម (Tom) តែខ្ញុំនឹងហៅវាថាហេរី (Harry) វិញ។ ខ្ញុំត្រូវតែបង្ហាញថា ខ្ញុំឆ្លាតវៃប៉ុនណា»។ តើនិស្ស័យប្រភេទនេះ ជានិស្ស័យអ្វី? តើវាមិនក្រអឺតក្រទមពេកទេឬអី? ហើយចុះ ចំពោះព្រះជាម្ចាស់យ៉ាងណាដែរ? តើព្រះអង្គមាននិស្ស័យបែបនេះដែរឬទេ? តើព្រះជាម្ចាស់មានជំទាស់ចំពោះអ្វីដែលអ័ដាមកំពុងតែធ្វើដែរឬទេ? ចម្លើយគឺច្បាស់ជាអត់មានទេ! ចំពោះនិស្ស័យដែលព្រះជាម្ចាស់បានបើកសម្តែងនោះ មិនមានសញ្ញាណសូម្បីតែបន្តិចទៅលើការប្រកែកតវ៉ា ភាពក្រអឺតក្រទម ឬការរាប់ខ្លួនឯងជាសុចរិតនោះទេ។ រឿងនោះច្បាស់លាស់ណាស់នៅទីនេះ។ នេះអាចជាចំណុចតូចតាចមួយ ក៏ប៉ុន្តែប្រសិនបើអ្នកមិនយល់ពីសារជាតិរបស់ព្រះជាម្ចាស់ទេ ហើយប្រសិនបើចិត្តអ្នកមិនព្យាយាមរកមើល ថាតើព្រះជាម្ចាស់ប្រព្រឹត្តយ៉ាងដូចម្តេច ហើយតើអ្វីជាឥរិយាបថរបស់ព្រះជាម្ចាស់ទេ នោះឯងនឹងមិនដឹងពីនិស្ស័យរបស់ព្រះជាម្ខាស់ ឬមើលឃើញការបង្ហាញ និងការបើកសម្តែងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ឡើយ។ តើមែនអត់? តើអ្នករាល់គ្នាយល់ស្របនឹងអ្វីដែលខ្ញុំទើបតែបានពន្យល់អ្នកដែរឬទេ? នៅក្នុងការឆ្លើយតបទៅនឹងការប្រព្រឹត្ដរបស់អ័ដាម ព្រះជាម្ចាស់មិនបានប្រកាសដោយអំនួតថា «ឯងធ្វើបានល្អណាស់ ឯងធ្វើត្រឹមត្រូវណាស់ អញយល់ស្របតាមឯង! នោះឡើយ» តែយ៉ាងណាក៏ដោយ នៅក្នុងព្រះទ័យរបស់ព្រះអង្គ ព្រះជាម្ចាស់បានយល់ព្រម ឲ្យតម្លៃ និងអបអរសាទរចំពោះអ្វីដែលអ័ដាមបានធ្វើ។ នេះជារឿងដំបូងបង្អស់ ចាប់តាំងពីការបង្កបង្កើតមក ដែលមនុស្សបានធ្វើកិច្ចការសម្រាប់ព្រះជាម្ចាស់តាមការណែនាំរបស់ព្រះអង្គ។ វាគឺជាអ្វីដែលមនុស្សបានធ្វើជំនួសព្រះជាម្ចាស់ និងនៅក្នុងនាមព្រះជាម្ចាស់ដែរ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ការនេះបានកើតឡើងចេញពីភាពវៃឆ្លាតដែលព្រះអង្គបានប្រទានដល់មនុស្ស។ ព្រះជាម្ចាស់ ទ្រង់ទតឃើញថាវាជារឿងល្អ និងជារឿងវិជ្ជមាន។ អ្វីដែលអ័ដាមបានធ្វើនៅពេលនោះ គឺជាការបង្ហាញឲ្យឃើញដំបូងគេអំពីប្រាជ្ញាវាងវៃរបស់ព្រះជាម្ចាស់នៅក្នុងមនុស្ស។ នេះជាការបង្ហាញឲ្យឃើញយ៉ាងល្អតាមរយៈទស្សនៈរបស់ព្រះជាម្ចាស់។ អ្វីដែលខ្ញុំចង់ប្រាប់អ្នករាល់គ្នានៅទីនេះគឺថា គោលបំណងរបស់ព្រះជាម្ចាស់ក្នុងការប្រទានឲ្យមនុស្សនូវអ្វីដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ និងប្រាជ្ញាវាងវៃរបស់ព្រះអង្គ គឺដើម្បីឲ្យមនុស្សអាចក្លាយជាសត្វមានជីវិត ដែលរស់នៅតំណាងឲ្យព្រះអង្គ។ ដើម្បីឲ្យសត្វមានជីវិតទាំងនេះ ធ្វើសកម្មភាពជំនួសព្រះអង្គ ហើយនេះគឺពិតជាអ្វីដែលព្រះជាម្ចាស់ចង់ឃើញ។

៣. ព្រះជាម្ចាស់ធ្វើអាវពីស្បែកឲ្យអ័ដាម និងអេវ៉ា

លោកុប្បត្តិ ៣:២០-២១ ហើយអ័ដាមបានដាក់ឈ្មោះឲ្យប្រពន្ធរបស់គាត់ថា អេវ៉ា ព្រោះនាងជាម្តាយនៃជីវិតមនុស្សទាំងអស់។ ព្រះ‌យេហូវ៉ាដ៏ជាព្រះបានធ្វើអាវពីស្បែកសត្វឲ្យអ័ដាម និងប្រពន្ធគាត់ ដើម្បីស្លៀកពាក់បិទបាំងកាយ។

ចូរយើងក្រឡេកទៅមើលអត្ថបទគម្ពីរទីបីនេះ ដែលបញ្ជាក់ថា ពិតជាមានអត្ថន័យនៅពីក្រោយឈ្មោះអេវ៉ាដែលអ័ដាមបានដាក់ឲ្យមែន។ នេះបង្ហាញថា ក្រោយពីត្រូវបានបង្កើតរួចមក នោះអ័ដាមមានគំនិតផ្ទាល់ខ្លួន ហើយនិងយល់ដឹងពីអ្វីៗជាច្រើន។ តែសំរាប់ពេលនេះ យើងនឹងមិនទៅសិក្សា ឬស្វែងយល់ពីអ្វីដែលគាត់បានយល់ ឬក៏យល់ច្រើនប៉ុនណានោះទេ ដោយព្រោះតែនេះ វាមិនមែនជាគោលបំណងសំខាន់របស់ខ្ញុំក្នុងការពិភាក្សាក្នុងវគ្គទីបីនេះទេ។ ដូច្នេះ តើអ្វីទៅជាចំណុចសំខាន់ ដែលខ្ញុំចង់បញ្ជាក់? ចូរយើងក្រឡេកមើលឃ្លាខាងក្រោមនេះ៖ «ព្រះ‌យេហូវ៉ាដ៏ជាព្រះបានធ្វើអាវពីស្បែកសត្វឲ្យអ័ដាម និងប្រពន្ធគាត់ ដើម្បីស្លៀកពាក់បិទបាំងកាយ»។ ប្រសិនបើយើងមិនពិភាក្សាអំពីបទគម្ពីរនេះនៅក្នុងការសិក្សារបស់យើងនៅថ្ងៃនេះទេ នោះអ្នករាល់គ្នាប្រហែលជាមិនយល់ពីអត្ថន័យជ្រាលជ្រៅនៃព្រះបន្ទូលទាំងនេះឡើយ។ ជាដំបូង ខ្ញុំសូមប្រាប់ពីតម្រុយខ្លះៗ។ សូមស្រមៃមើលថា ប្រសិនបើអ្នករាល់គ្នារស់នៅក្នុងសួនច្បារអេដែនជាមួយអ័ដាម និងអេវ៉ា។ នៅពេលដែលព្រះជាម្ចាស់ទៅជួបពួកគេ ក៏ប៉ុន្តែពួកគេលាក់ខ្លួនដោយសារតែពួកគេនៅអាក្រាត។ ព្រះជាម្ចាស់អត់ឃើញពួកគេទេ ក្រោយពីព្រះអង្គបានហៅរកពួកគេ នោះពួកគេបានតបវិញថា «យើងខ្ញុំមិនហ៊ានមើលទៅឯព្រះអង្គឡើយ ពីព្រោះរូបកាយរបស់យើងនៅអាក្រាត»។ ពួកគេមិនហ៊ានមើលទៅឯព្រះជាម្ចាស់ទេ ពីព្រោះពួកគេនៅអាក្រាត។ ដូច្នេះ តើព្រះយេហូវ៉ាដ៏ជាព្រះ ទ្រង់បានធ្វើអ្វីសម្រាប់ពួកគេ? នៅក្នុងអត្ថបទដើមចែងថា៖ «ព្រះ‌យេហូវ៉ាដ៏ជាព្រះបានធ្វើអាវពីស្បែកសត្វឲ្យអ័ដាម និងប្រពន្ធគាត់ ដើម្បីស្លៀកពាក់បិទបាំងកាយ»។ នៅត្រង់នេះ តើអ្នករាល់គ្នាដឹងទេថា ព្រះជាម្ចាស់បានយកអ្វីមកធ្វើសម្លៀកបំពាក់ឲ្យពួកគេពាក់? ព្រះជាម្ចាស់ បានប្រើស្បែកសត្វដើម្បីធ្វើសម្លៀកបំពាក់ឲ្យពួកគេ។ គឺចង់និយាយថា ព្រះជាម្ចាស់ បានធ្វើអាវពីរោមសត្វ សម្រាប់ឲ្យមនុស្សស្លៀកពាក់ធ្វើជាសម្លៀកបំពាក់បិទបាំងកាយ។ ទាំងនេះគឺជាសម្លៀកបំពាក់ដំបូងគេ ដែលព្រះជាម្ចាស់បានធ្វើសម្រាប់មនុស្ស។ បើតាមស្តង់ដារនាពេលបច្ចុប្បន្ននេះ អាវរោមសត្វ គឺជារបស់ដ៏ទំនើបប្រណីត ហើយមិនមែនជាអ្វីដែលមនុស្សគ្រប់គ្នាអាចមានលទ្ធភាពស្លៀកបាននោះទេ។ ប្រសិនបើមាននរណាម្នាក់សួរអ្នកថា តើដូនតារបស់យើងស្លៀកសម្លៀកបំពាក់អ្វីដំបូងគេ? អ្នកអាចឆ្លើយបានថា៖ គឺអាវរោមសត្វ។ តើនរណាជាអ្នកច្នៃអាវរោមសត្វនេះ? អ្នកអាចឆ្លើយថា៖ គឺព្រះជាម្ចាស់ជាអ្នកធ្វើវាឡើង! តើនោះមិនមែនជាចំណុចសំខាន់ដែលត្រូវយកមកពិភាក្សាទេឬ? ក្រោយពីបានស្តាប់ការពិពណ៌នារបស់ខ្ញុំហើយ តើឃើញមានរូបភាពមួយលេចចេញមកក្នុងគំនិតរបស់អ្នករាល់គ្នាដែរឬទេ? យ៉ាងហោចណាស់ អ្នកគួរតែមានគ្រោងរដុបៗខ្លះដែរ។ ចំណុចដែលខ្ញុំត្រូវប្រាប់អ្នកនៅថ្ងៃនេះគឺមិនដូច្នេះទេ ដ្បិតអ្នករាល់គ្នាបានដឹងហើយថា សម្លៀកបំពាក់ដំបូងគេ ដែលមនុស្សស្លៀកពាក់នោះធ្វើមកពីអ្វី។ បើដូច្នេះ តើអ្វីជាចំណុចដែលត្រូវដឹង? ចំណុចនោះគឺថា មិនមែនជាអាវរោមសត្វនោះទេ ក៏ប៉ុន្តែជារបៀបដែលមនុស្សបានស្គាល់តាមរយៈការបើកសម្តែងដោយព្រះជាម្ចាស់នៅក្នុងអ្វីៗដែលព្រះអង្គបានធ្វើនៅទីនេះ រួមទាំងនិស្ស័យ របស់ព្រះអង្គ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះអង្គ។

«ព្រះ‌យេហូវ៉ាដ៏ជាព្រះបានធ្វើអាវពីស្បែកសត្វឲ្យអ័ដាម និងប្រពន្ធគាត់ ដើម្បីស្លៀកពាក់បិទបាំងកាយ»។ នៅក្នុងឈុតនេះ តើយើងឃើញព្រះជាម្ចាស់ដើរតួជាអ្វី នៅពេលដែលព្រះអង្គគង់នៅជាមួយអ័ដាម និងអេវ៉ា? តើព្រះជាម្ចាស់បានបង្ហាញអង្គទ្រង់នៅក្នុងពិភពលោកនេះយ៉ាងដូចម្តេ តាមរយៈមនុស្សតែពីរនាក់នេះ? តើព្រះអង្គបង្ហាញអង្គទ្រង់នៅក្នុងនាមជាព្រះជាម្ចាស់ឬ? សូមឲ្យបងប្អូនប្រុសស្រីមកពីហុងកុងឆ្លើយសំណួរនេះ។ (គឺក្នុងនាមជាឪពុកម្តាយ។) សូមឲ្យបងប្អូនប្រុសស្រីមកពីប្រទេសកូរ៉េខាងត្បូងឆ្លើយវិញម្តង តើអ្នករាល់គ្នាគិតថា ព្រះជាម្ចាស់លេចមកក្នុងនាមជាអ្វី? (ជាមេគ្រួសារ។) សូមឲ្យបងប្អូនប្រុសស្រីមកពីតៃវ៉ាន់ម្តង តើអ្នកគិតយ៉ាងណាដែរ? (គឺក្នុងនាមជាបុគ្គលម្នាក់នៅក្នុងគ្រួសាររបស់អ័ដាម និងអេវ៉ា ជាសមាជិកគ្រួសារម្នាក់។) មានអ្នកខ្លះគិតថាព្រះជាម្ចាស់លេចមក ក្នុងនាមជាសមាជិកគ្រួសាររបស់អ័ដាម និងអេវ៉ា រីឯអ្នកខ្លះទៀតនិយាយថា ព្រះជាម្ចាស់លេចមកក្នុងនាមជាមេគ្រួសារ ហើយក៏មានអ្នកខ្លះទៀតនិយាយថា ក្នុងនាមជាឪពុកម្តាយ ចម្លើយទាំងអស់នេះគឺសុទ្ធតែសមរម្យទាំងអស់។ ក៏ប៉ុន្តែ តើអ្នកដឹងទេថា ខ្ញុំកំពុងតែគិតយ៉ាងដូចម្តេច? គឺព្រះជាម្ចាស់បានបង្កើតមនុស្សទាំងពីរនាក់នេះ ហើយព្រះអង្គបានចាត់ទុកពួកគេជាដៃគូរបស់ព្រះអង្គ។ ក្នុងនាមជាក្រុមគ្រួសារតែមួយគត់របស់ពួកគេ គឺព្រះជាម្ចាស់បានមើលថែរក្សាជីវិតរបស់ពួកគេ និងទំនុកបំរុងអាហារ សម្លៀកបំពាក់ និងតម្រូវការទីជម្រកសម្រាប់ពួកគេដែរ។ នៅទីនេះ ព្រះជាម្ចាស់បាន លេចមកក្នុងនាមជាឪពុកម្តាយរបស់អ័ដាម និងអេវ៉ា។ ខណៈពេលដែលព្រះជាម្ចាស់ធ្វើរឿងនេះ មនុស្សមិនអាចមើលឃើញពីភាពថ្លៃថ្នូររបស់ព្រះជាម្ចាស់ឡើយ គេមិនបានឃើញភាពខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់ អាថ៌កំបាំងរបស់ព្រះអង្គ ហើយជាពិសេស មិនមើលឃើញសេចក្តីក្រោធ ឬឫទ្ធានុភាពរបស់ព្រះអង្គឡើយ។ អ្វីដែលគេបានឃើញ គឺការបន្ទាបខ្លួនរបស់ព្រះជាម្ចាស់ ការស្រឡាញ់ ការយកព្រះទ័យទុកដាក់ចំពោះមនុស្ស ការទទួលខុសត្រូវ និងការមើលថែទាំរបស់ព្រះអង្គចំពោះគេតែប៉ុណ្ណោះ។ ឥរិយាបថ និងរបៀបដែលព្រះជាម្ចាស់បានប្រព្រឹត្ដចំពោះអ័ដាម និងអេវ៉ា គឺស្រដៀងទៅនឹងរបៀបដែលឪពុកម្តាយបង្ហាញការយកចិត្តទុកដាក់ចំពោះកូនៗរបស់ពួកគេយ៉ាងដូច្នោះដែរ។ វាក៏ដូចជារបៀបដែលឪពុកម្តាយស្រឡាញ់ ថែរក្សា និងបីបាច់កូនប្រុសកូនស្រីរបស់ពួកគេដែរ ពោលគឺពិតប្រាកដ អាចមើលឃើញ និងជាក់ស្ដែង។ ជំនួសឲ្យការលើកតម្កើងខ្លួនឡើងទៅកាន់ឋានៈមួយដែលខ្ពង់ខ្ពស់ និងខ្លាំងពូកែនោះ ព្រះជាម្ចាស់បានយកស្បែកសត្វមកធ្វើអាវដោយផ្ទាល់ព្រះអង្គសម្រាប់បំពាក់ឲ្យមនុស្ស។ វាមិនសំខាន់ទេថា តើអាវរោមសត្វនេះត្រូវបានគេប្រើ ដើម្បីគ្របដណ្ដប់លើភាពថ្លៃថ្នូររបស់ពួកគេ ឬដើម្បីការពារពួកគេពីភាពត្រជាក់ក្តី ក៏ប៉ុន្តែអ្វីដែលសំខាន់នោះ គឺថាសម្លៀកបំពាក់ សម្រាប់គ្របដណ្ដាប់ខ្លួនមនុស្សនេះ គឺត្រូវបានធ្វើឡើងដោយព្រះហស្តផ្ទាល់របស់ព្រះជាម្ចាស់។ មនុស្សអាចនឹងគិតថាព្រះជាម្ចាស់ ប្រើមធ្យោបាយអស្ចារ្យនៅក្នុងការធ្វើអាវស្បែកនោះ តែព្រះជាម្ចាស់បានធ្វើអ្វីមួយដែលមនុស្សគិតថាព្រះជាម្ចាស់គួរធ្វើ ឬមិនគួរធ្វើវា។ រឿងនេះមើលទៅដូចជារឿងតូចតាច ប្រហែលជាមានមនុស្សមួយចំនួនគិតថាមិនគួរលើកមកនិយាយនោះទេ ក៏ប៉ុន្តែវាអនុញ្ញាតឲ្យអ្នកដើរតាមព្រះជាម្ចាស់ ណាម្នាក់ ដែលមានគំនិតស្រពិចស្រពិលអំពីព្រះអង្គ ទទួលបានការយល់ដឹងស៊ីជម្រៅអំពីភាពពិតប្រាកដ និងភាពគួរឲ្យស្រឡាញ់របស់ព្រះអង្គ ព្រមទាំងអាចមើលឃើញភាពស្មោះត្រង់ និងការបន្ទាបអង្គទ្រង់របស់ព្រះអង្គដែរ។ វាធ្វើឲ្យមនុស្សក្រអឺតក្រទម ដែលគិតថាមានតែខ្លួនឯងអស្ចារ្យជាងគេ ឱនក្បាលនៃភាពអំណួតរបស់ពួកគេដោយក្តីអាម៉ាស់នៅមុខភាពពិតប្រាកដ និងការបន្ទាបអង្គទ្រង់របស់ព្រះជាម្ចាស់។ ត្រង់ចំណុចនេះ សេចក្តីពិត និងការបន្ទាបអង្គទ្រង់របស់ព្រះជាម្ចាស់អាចជួយមនុស្ស ឲ្យមើលឃើញថា ព្រះអង្គគួរឲ្យស្រឡាញ់ណាស់។ ផ្ទុយពីនេះ ព្រះ «ដ៏ធំមហិមា» ព្រះ «ដែលគួរឲ្យស្រឡាញ់» និងជា ព្រះ «ដែលប្រកបដោយសព្វានុភាព» ដែលមនុស្សរក្សាទុកនៅក្នុងចិត្តរបស់ពួកគេ បានប្រែទៅជាទាបថោក ហើយអាក្រក់ និងបែកបាក់ទៅជាបំណែកតូចៗទៅវិញ។ នៅពេលដែលអ្នកឃើញខគម្ពីរនេះ ហើយនិងស្ដាប់ឮរឿងនេះ តើអ្នកនឹងមើលងាយចំពោះព្រះជាម្ចាស់ ដោយព្រោះព្រះអង្គបានធ្វើរឿងបែបនេះឬទេ? មនុស្សខ្លះប្រហែលជាបែបនោះ ក៏ប៉ុន្តែ មានអ្នកផ្សេងទៀតក៏នឹងមានប្រតិកម្មផ្ទុយពីនេះដែរ។ ពួកគេនឹងគិតថា ព្រះជាម្ចាស់ជាព្រះពិតប្រាកដ និងគួរឲ្យស្រឡាញ់ ហើយវាច្បាស់ណាស់ថា គឺភាពពិតប្រាកដ និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់នេះហើយ ដែលបានជំរុញពួកគេ។ កាលណាពួកគេមើលឃើញផ្នែកពិតរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះពួកគេកាន់តែយល់ពីអត្ថិភាពនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងសារៈសំខាន់របស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ និងរបៀបដែលព្រះអង្គឈរនៅក្បែរពួកគេគ្រប់ពេលវេលា។

ឥឡូវនេះ សូមឲ្យយើងបង្វែរការពិភាក្សារបស់យើងត្រឡប់មកបច្ចុប្បន្ននេះវិញ។ ប្រសិនបើព្រះជាម្ចាស់អាចធ្វើរឿងតូចតាចផ្សេងៗសម្រាប់មនុស្សដែលព្រះអង្គបានបង្កើតមកតាំងពីដើមដំបូង សូម្បីតែរឿងដែលមនុស្សមិនដែលគិត ឬរំពឹងទុកទាល់តែសោះ នោះតើព្រះជាម្ចាស់អាចធ្វើរឿងបែបនេះសម្រាប់មនុស្សនៅសព្វថ្ងៃនេះបានដែរឬទេ? អ្នកខ្លះឆ្លើយថា «អាច!» ហេតុអ្វីបានជាដូច្នេះ? ដោយសារតែសារជាតិរបស់ព្រះជាម្ចាស់ គឺមិនមែនក្លែងក្លាយ ហើយភាពគួរឲ្យស្រឡាញ់របស់ព្រះអង្គក៏មិនមែនក្លែងក្លាយដែរ។ សារជាតិរបស់ព្រះជាម្ចាស់ គឺមានពិតប្រាកដមែន ហើយវាមិនមែនជាអ្វីដែលបានបន្ថែមដោយអ្នកដទៃណាមួយឡើយ ហើយក៏ប្រាកដជាមិនមែនជាអ្វី ដែលផ្លាស់ប្តូរទៅតាមពេលវេលា ទីកន្លែង និងសម័យកាលខុសគ្នានោះដែរ។ ភាពពិតប្រាកដ និងភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់ ពិតជាអាចកើតចេញតាមរយៈការធ្វើអ្វីមួយ ដែលមនុស្សគិតថាមិនគួរឲ្យជឿ និងមិនសំខាន់ ជាអ្វីដែលតូចតាចបំផុត ដែលមនុស្សមិនដែលគិតថាគេនឹងចង់ធ្វើវាឡើយ។ ព្រះជាម្ចាស់ ទ្រង់មិនចេះវាយឫកខ្ពស់ទេ។ គ្មានការនិយាយបំផ្លើស ការក្លែងបន្លំ អំណួត ឬភាពក្រអឺតក្រទមណាមួយ នៅក្នុងនិស្ស័យ និងសារជាតិរបស់ព្រះអង្គឡើយ។ ព្រះអង្គ មិនដែលអួតខ្លួនឡើយ តែផ្ទុយទៅវិញព្រះអង្គស្រឡាញ់ បង្ហាញការយកព្រះទ័យកទុកដាក់ ថែរក្សា និងដឹកនាំ ដោយភាពស្មោះត្រង់ និងភាពទៀងត្រង់ចំពោះមនុស្សដែលព្រះអង្គបានបង្កើតមក។ មិនខ្វល់ថាមនុស្សនឹងដឹងគុណព្រះអង្គតិចប៉ុនណា មានអារម្មណ៍យ៉ាងណា ឬអត់ឃើញអ្វីដែលព្រះអង្គធ្វើក៏ដោយ ក៏ព្រះអង្គនៅតែធ្វើកិច្ចការរបស់ព្រះអង្គជានិច្ច។ តើការដែលដឹងថាព្រះជាម្ចាស់មានលក្ខណៈសំខាន់បែបនេះ អាចប៉ះពាល់ដល់សេចក្តីស្រឡាញ់របស់មនុស្សចំពោះព្រះអង្គដែរឬទេ? តើវានឹងជះឥទ្ធិពលដល់ការកោតខ្លាចរបស់ពួកគេដល់ព្រះជាម្ចាស់ដែរឬទេ? ខ្ញុំសង្ឃឹមថា នៅពេលដែលអ្នកស្គាល់ពីផ្នែកពិតរបស់ព្រះជាម្ចាស់ នោះអ្នកនឹងកាន់តែជិតស្និទ្ធនឹងព្រះអង្គ ហើយអាចឲ្យតម្លៃកាន់តែខ្លាំងចំពោះសេចក្តីស្រឡាញ់ និងការយកព្រះទ័យទុកដាក់របស់ព្រះអង្គចំពោះមនុស្សជាតិ ក៏ដូចជាអាចថ្វាយដួងចិត្តដល់ព្រះអង្គ ហើយក៏លែងមានការសង្ស័យ ឬស្រពិចស្រពិលអំពីព្រះអង្គទៀតដែរ។ ព្រះជាម្ចាស់កំពុងធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់មនុស្សដោយស្ងាត់ស្ងៀម ធ្វើអ្វីៗទាំងអស់ដោយស្ងៀមស្ងាត់តាមរយៈភាពទៀងត្រង់ ភាពស្មោះត្រង់ និងសេចក្តីស្រឡាញ់របស់ព្រះអង្គ។ ក៏ប៉ុន្តែ ព្រះអង្គមិនដែលមានការភ័យខ្លាច ឬការសោកស្តាយចំពោះអ្វីដែលព្រះអង្គធ្វើនោះទេ ហើយក៏មិនដែលត្រូវការនរណាម្នាក់សងគុណព្រះអង្គតាមមធ្យោបាយណាមួយ ឬមានចេតនាចង់ទទួលបានអ្វីពីមនុស្សណាម្នាក់ឡើយ។ គោលបំណងតែមួយគត់នៃអ្វីៗគ្រប់យ៉ាងដែលព្រះអង្គបានធ្វើគឺ ដើម្បីឲ្យព្រះអង្គអាចទទួលបានសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់ពិតរបស់មនុស្សជាតិ។ បើដូច្នេះ ខ្ញុំនឹងបញ្ចប់ប្រធានបទទីមួយរបស់យើងនៅត្រឹមនេះចុះ។

តើការពិភាក្សាទាំងនេះ បានជួយអ្នករាល់គ្នាដែរឬទេ? តើពួកវាមានប្រយោជន៍យ៉ាងដូចម្តេចខ្លះ? (គឺយើងកាន់តែយល់ដឹង និងកាន់តែមានចំណេះដឹងអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។) (វិធីសាស្ត្រនៃការរៀនសូត្របែបនេះអាចជួយយើងនាពេលអនាគត ឲ្យកាន់តែយល់ពីតម្លៃនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឲ្យយល់ពីអារម្មណ៍ដែលព្រះអង្គមាន និងអត្ថន័យនៅពីក្រោយអ្វីៗដែលព្រះអង្គមានបន្ទូលនៅពេលដែលព្រះអង្គមានបន្ទូលម្តងៗ ហើយក៏នឹងដឹងពីអារម្មណ៍របស់ព្រះអង្គ នៅពេលនោះដែរ។) នៅក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាស្គាល់ច្បាស់អំពីអត្ថិភាពរបស់ព្រះជាម្ចាស់ បន្ទាប់ពីអានព្រះបន្ទូលទាំងនេះដែរឬទេ? តើអ្នកមានអារម្មណ៍ថាអត្ថិភាពរបស់ព្រះជាម្ចាស់លែងប្រហោង ឬមិនច្បាស់ហើយមែនទេ? នៅពេលដែលអ្នកមានអារម្មណ៍នេះហើយ តើអ្នកអាចដឹងថា ព្រះជាម្ចាស់គង់នៅក្បែរអ្នកដែរទេ? ប្រហែលជាស្ថានភាពនេះមិនទាន់ជាក់ស្ដែងនៅឡើយទេឥលូវនេះ ឬអ្នកប្រហែលជាមិនទាន់ទទួលអារម្មណ៍នេះនៅឡើយទេ។ ក៏ប៉ុន្តែ នៅថ្ងៃណាមួយ នៅពេលដែលអ្នកមានការកោតសរសើរយ៉ាងជ្រាលជ្រៅ និងមានចំណេះដឹងពិតប្រាកដអំពីនិស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នក នោះអ្នកនឹងយល់ថា ព្រះជាម្ចាស់គឺជាព្រះដែលគង់នៅក្បែរអ្នក ហើយអ្នកគ្រាន់តែមិនធ្លាប់បានទទួលយកព្រះជាម្ចាស់ចូលទៅក្នុងដួងចិត្តរបស់អ្នកប៉ុណ្ណោះ។ ហើយនោះគឺជាការពិត!

តើអ្នកគិតយ៉ាងដូចម្តេច ចំពោះវិធីសាស្រ្តនៃការសិក្សានេះ? តើអ្នកអាចតាមទាន់ដែរឬទេ? តើអ្នករាល់គ្នា គិតថាការប្រកបគ្នាអំពីប្រធានបទស្ដីពីកិច្ចការរបស់ព្រះជាម្ចាស់ និងនិស្ស័យរបស់ព្រះជាម្ចាស់បែបនេះធ្ងន់ពេកដែរទេ? តើអ្នករាល់គ្នាមានអារម្មណ៍យ៉ាងដូចម្តេច? (ល្អ និងរំភើបណាស់។) តើអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ? ហេតុអ្វីបានជាអ្នករំភើប? (វាប្រៀបដូចជាការវិលត្រលប់ទៅកាន់សួនច្បារអេដែនម្តងទៀត ទៅនៅក្បែរព្រះជាម្ចាស់វិញអ៊ីចឹង។) «និស្ស័យរបស់ព្រះជាម្ចាស់» គឺជាប្រធានបទមួយដែលមនុស្សមិនធ្លាប់បានស្គាល់ ពីព្រោះជាធម្មតា អ្វីដែលអ្នកគិត និងអ្វីដែលអ្នកបានអាននៅក្នុងសៀវភៅ ឬស្ដាប់ឮនៅក្នុងការពិភាក្សាណាមួយ វាមានទំនោរធ្វើឲ្យអ្នកមានអារម្មណ៍ដូចជាមនុស្សខ្វាក់ម្នាក់ ដែលកំពុងយកដៃទៅស្ទាបសត្វដំរីអ៊ីចឹង ពោលគឺអ្នកអាចមានអារម្មណ៍នៅក្បែរដៃរបស់អ្នកតែប៉ុណ្ណោះ ក៏ប៉ុន្តែ អ្នកមិនអាចមើលឃើញអ្វីទាំងអស់។ ភាពងឿងឆ្ងល់នៅជុំវិញអ្នកមិនអាចផ្តល់ឲ្យអ្នក សូម្បីតែការយល់ដឹងត្រួសៗអំពីព្រះជាម្ចាស់ កុំថាឡើយដល់មានគំនិតច្បាស់លាស់អំពីព្រះអង្គនោះ វាគ្រាន់តែជម្រុញការស្រមើស្រមៃរបស់អ្នកបន្ថែមទៀត ក៏ដូចជារារាំងអ្នកពីការកំណត់យ៉ាងច្បាស់នូវនិស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់ ហើយភាពមិនច្បាស់លាស់ដែលកើតឡើងពីការស្រមើស្រមៃរបស់អ្នកនឹងបំពេញចិត្តអ្នកដោយការសង្ស័យ។ នៅពេលដែលអ្នកមិនអាចប្រាកដអំពីអ្វីមួយ ក៏ប៉ុន្តែនៅតែព្យាយាមស្វែងយល់ពីវា នោះតែងតែបង្កឲ្យមានភាពផ្ទុយគ្នា ហើយនិងជម្លោះកើតឡើងនៅក្នុងដួងចិត្តរបស់អ្នក និងសូម្បីតែអារម្មណ៍រំខាន ដែលធ្វើឲ្យអ្នកវង្វេងស្មារតី និងភាន់ច្រឡំ។ តើវាមិនមែនជារឿងគួរឲ្យឈឺចាប់ទេឬយ៉ាងណា នៅក្នុងការចង់ស្វែងរកព្រះជាម្ចាស់ ចង់ស្គាល់ព្រះជាម្ចាស់ ហើយចង់មើលឃើញព្រះអង្គយ៉ាងច្បាស់នោះ ក៏ប៉ុន្តែហាក់ដូចជាគ្មានលទ្ធភាពរកចម្លើយបាន? ជាការពិតណាស់ ពាក្យទាំងនេះគឺផ្តោតលើតែអ្នកដែលចង់ស្វែងរកការគោរពកោតខ្លាច និងគាប់ព្រះទ័យព្រះជាម្ចាស់ប៉ុណ្ណោះ។ សម្រាប់មនុស្សដែលមិនយកចិត្តទុកដាក់លើរឿងបែបនេះ ពិតជាមិនមានបញ្ហាអ្វីនោះទេ ព្រោះអ្វីដែលពួកគេសង្ឃឹមបំផុតគឺថា ភាពពិត និងអត្ថិភាពរបស់ព្រះជាម្ចាស់ គឺគ្រាន់តែជារឿងព្រេងនិទាន ឬជាគំនិតស្រមើស្រមៃតែប៉ុណ្ណោះដូច្នេះ ពួកគេអាចធ្វើអ្វីដែលពួកគេចង់ធ្វើ ពួកគេអាចធ្វើជាអ្នកធំជាងគេ និងសំខាន់បំផុត ពួកគេអាចប្រព្រឹត្ដអំពើអាក្រក់ដោយមិនគិតពីផលវិបាកឡើយ ពួកគេនឹងមិនត្រូវប្រឈមនឹងការដាក់ទណ្ឌកម្ម ឬទទួលខុសត្រូវណាមួយឡើយ ហើយសូម្បីតែរឿងដែលព្រះជាម្ចាស់មានបន្ទូលអំពីមនុស្សប្រព្រឹត្តអាក្រក់ ក៏មិនធ្វើឲ្យពួកគេឈឺក្បាលដែរ។ មនុស្សទាំងនេះមិនចង់យល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ទេ។ ពួកគេធុញទ្រាន់នឹងការព្យាយាមស្គាល់ព្រះជាម្ចាស់ ហើយនិងអ្វីៗទាំងអស់អំពីព្រះអង្គ។ ពួកគេបន់តែកុំឲ្យមានព្រះជាម្ចាស់គង់នៅទៀតផង។ មនុស្សទាំងនេះប្រឆាំងនឹងព្រះជាម្ចាស់ ហើយពួកគេស្ថិតនៅក្នុងចំណោមអស់អ្នកដែលនឹងត្រូវបណ្តេញចេញទៅក្រៅ។

ជាបន្តទៀត យើងនឹងពិភាក្សាអំពីរឿងរបស់លោកណូអេវិញ ចង់ដឹងថាតើរឿងនេះមានទំនាក់ទំនងយ៉ាងដូចម្តេចទៅនឹងប្រធានបទ កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។

តើអ្នករាល់គ្នាមើលឃើញអ្វីខ្លះ ដែលព្រះជាម្ចាស់បានធ្វើចំពោះលោកណូអេនៅក្នុងបទគម្ពីរត្រង់ផ្នែកនេះ? ប្រហែលជាអ្នករាល់គ្នា ដែលអង្គុយនៅទីនេះបានដឹងអំពីរឿងនេះតាមរយៈពីការអានព្រះគម្ពីរខ្លះៗទៅហើយថា៖ ព្រះជាម្ចាស់បានឲ្យលោកណូអេសង់ទូកធំមួយ ត្បិតព្រះជាម្ចាស់បានប្រើទឹកជំនន់ដើម្បីបំផ្លាញពិភពលោកទាំងមូលចោល។ ព្រះជាម្ចាស់បានឲ្យណូអេសង់ទូកធំមួយ ដើម្បីជួយសង្គ្រោះក្រុមគ្រួសាររបស់គាត់ ដែលមានសមាជិក ៨នាក់ ដែលអាចជួយពួកគេឲ្យរួចជីវិត និងក្លាយជាបុព្វបុរសសម្រាប់មនុស្សជាតិជំនាន់ក្រោយ។ ឥឡូវនេះ ចូរយើងបើកបទគម្ពីរមើល។

ខ. លោកណូអេ

១. ព្រះជាម្ចាស់មានបំណងបំផ្លាញពិភពលោក ដោយទឹកជំនន់ ហើយព្រះអង្គបានណែនាំលោកណូអេឲ្យសង់ទូកធំមួយ។

លោកុប្បត្តិ ៦:៩-១៤ នេះជាតំណពូជពង្សរបស់លោកណូអេ។ លោកណូអេជាមនុស្សសុចរិត និងគ្រប់លក្ខណ៍នៅជំនាន់របស់លោក ហើយលោកបានដើរជា‌មួយព្រះជាម្ចាស់។ លោកណូអេបង្កើតបានកូនប្រុសបីនាក់ គឺសិម ហាំ និងយ៉ាផែត។ ផែន‌ដីក៏បានពុករលួយនៅចំពោះព្រះជាម្ចាស់ ហើយផែនដីមានពេញដោយអំពើឃោរ‌ឃៅ។ ព្រះ‌ជាម្ចាស់បានមើលមកកាន់ផែនដី ហើយទតឃើញថា ផែន‌ដីបានពុករលួយ ព្រោះគ្រប់សាច់ឈាមទាំងអស់បានពុករលួយតាមផ្លូវរបស់ខ្លួននៅលើផែន‌ដី។ ព្រះ‌ជាម្ចាស់បានមានបន្ទូលមកកាន់លោកណូអេថា ខ្ញុំសម្រេចបំផ្លាញសាច់ឈាមទាំងអស់ឲ្យវិនាសផុតពីមុខខ្ញុំ ដ្បិតផែនដីបានពេញដោយអំពើឃោរឃៅ ដោយសារតែពួកគេ។ មើល៍ ខ្ញុំនឹងបំផ្លាញពួកគេឲ្យវិនាសទៅជាមួយនឹងផែនដី។ ចូរអ្នកយកឈើម៉ៃសាក់មកធ្វើជាទូកធំមួយ អ្នកត្រូវធ្វើបន្ទប់នៅក្នុងទូកនោះ ហើយយកជ័រមកលាប ទាំងក្នុងទាំងក្រៅផង។

លោកុប្បត្តិ ៦:១៨-២២ ប៉ុន្ដែ អញនឹងតាំងសញ្ញារបស់អញជា‌មួយឯង ហើយឯងនឹងចូលទៅក្នុងទូកធំនោះ ជា‌មួយកូនប្រុសៗ ប្រពន្ធ និងកូនប្រសាស្រីរបស់ឯង។ ចំណែកឯអស់ទាំងសត្វដែលមានជីវិតទាំងឡាយ ឯងត្រូវនាំយកសត្វមួយគូៗចេញពីគ្រប់ទាំងពូជ ចូលទៅក្នុងទូក ដើម្បីឲ្យបានរួចជីវិតជា‌មួយឯង។ វាត្រូវមានទាំងសត្វឈ្មោល និងសត្វញី។ គឺត្រូវមានសត្វស្លាបហើរតាមពូជ សត្វជើងបួនតាមពូជ និងសត្វលូនវារទាំងអស់នៅលើដីតាមពូជ គ្រប់ទាំងពូជសត្វមួយគូៗនឹងមកឯឯង ដើម្បីឲ្យបានរួចជីវិត។ ហើយត្រូវយកអាហារគ្រប់មុខដែលធ្លាប់បរិ‌ភោគ ឯងត្រូវប្រមូលទុកជាស្បៀងសម្រាប់ឯង និងសម្រាប់សត្វទាំងនោះដែរ។ លោកណូអេបានធ្វើតាម គឺធ្វើតាមគ្រប់ទាំងសេចក្តីដែលព្រះជាម្ចាស់បានបង្គាប់មក។

ក្រោយពីអានអត្ថបទនេះចប់ តើអ្នករាល់គ្នាស្គាល់លោកណូអេជានរណាដែរឬទេ? តើលោកណូអេជាមនុស្សប្រភេទណា? នៅក្នុងអត្ថបទដើមចែងថា៖ «លោកណូអេជាមនុស្សសុចរិត និងគ្រប់លក្ខណ៍នៅជំនាន់របស់លោក»។ បើយោងទៅតាមការយល់ដឹងរបស់មនុស្សនៅសម័យទំនើប តើមនុស្សប្រភេទណាដែលរាប់ជា «មនុស្សសុចរិត» នៅគ្រានោះ? មនុស្សសុចរិត គួរតែជាមនុស្សគ្រប់លក្ខណ៍។ តើអ្នករាល់គ្នា ដឹងថា មនុស្សគ្រប់លក្ខណ៍ម្នាក់នេះ ជាមនុស្សគ្រប់លក្ខណ៍នៅចំពោះភ្នែករបស់មនុស្ស ឬគ្រប់លក្ខណ៍នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ឬអត់? ដោយគ្មានការសង្ស័យ មនុស្សគ្រប់លក្ខណ៍ម្នាក់នេះ គឺជាមនុស្សគ្រប់លក្ខណ៍នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មិនមែននៅក្នុងភ្នែករបស់មនុស្សទេ។ នេះគឺជាការពិត! នេះគឺដោយសារតែមនុស្សខ្វាក់ ហើយមើលមិនឃើញ គឺមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមើលមកលើផែនដីទាំងមូល និងលើមនុស្សគ្រប់ៗគ្នា ហើយមានតែព្រះជាម្ចាស់ទេ ដែលជ្រាបដឹងថាលោកណូអេជាមនុស្សគ្រប់លក្ខណ៍។ ដូច្នេះ ផែនការរបស់ ព្រះជាម្ចាស់ក្នុងការបំផ្លាញពិភពលោកដោយទឹកជំនន់បានចាប់ផ្តើម ពីពេលដែលព្រះអង្គបានត្រាស់ហៅលោកណូអេមកម្ល៉េះ។

នៅយុគសម័យនោះ ព្រះជាម្ចាស់មានបំណងត្រាស់ហៅលោកណូអេឲ្យធ្វើកិច្ចការដ៏សំខាន់មួយ ហេតុអ្វី បានជាកិច្ចការនេះត្រូវតែធ្វើ? ដោយសារតែនៅពេលនោះ ព្រះជាម្ចាស់មានផែនការនៅក្នុងព្រះទ័យរបស់ព្រះអង្គរួចទៅហើយ។ ផែនការរបស់ព្រះអង្គ គឺបំផ្លាញពិភពលោកដោយទឹកជំនន់។ ហេតុអ្វីបានជា ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បំផ្លាញពិភពលោក? ដូចមានចែងនៅទីនេះថា៖ «ផែន‌ដីក៏បានពុករលួយនៅចំពោះព្រះជាម្ចាស់ ហើយផែនដីមានពេញដោយអំពើឃោរ‌ឃៅ»។ តើអ្នកទទួលបានអ្វីខ្លះពីឃ្លា «ផែនដីមានពេញដោយអំពើឃោរ‌ឃៅ»? វាជាបាតុភូតមួយនៅលើផែនដី ដែលពិភពលោក និងមនុស្សម្នាដែលរស់នៅលើផែនដីបានប្រែទៅជាពុករលួយយ៉ាងខ្លាំង ជាហេតុធ្វើឲ្យ «ផែនដីមានពេញដោយអំពើឃោរ‌ឃៅ»។ នៅក្នុងភាសានិយាយបច្ចុប្បន្ន ឃ្លា «ពេញដោយអំពើឃោរ‌ឃៅ» មានន័យថាអ្វីៗទាំងអស់ខុសប្រក្រតី។ ចំពោះមនុស្ស វាមានន័យថា រាល់ខ្នាតនៃសណ្តាប់ធ្នាប់ ត្រូវបានបាត់បង់នៅក្នុងគ្រប់ពាណិជ្ជកម្ម និងវិជ្ជាជីវៈទាំងអស់ ហើយអ្វីៗបានប្រែទៅជាវឹកវរ និងមិនអាចគ្រប់គ្រងបាន។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ នេះមានន័យថា មនុស្សនៅក្នុងពិភពលោកបានប្រែជាពុករលួយបំផុត។ តើពុករលួយដល់កម្រិតណា? គឺពុករលួយដល់កម្រិតមួយ ដែលព្រះជាម្ចាស់ទ្រាំទតមើល ឬអត់ធ្មត់នឹងគេតទៅទៀតលែងបាន។ ពុករលួយដល់កម្រិតមួយ ដែលព្រះជាម្ចាស់មានបំណងបំផ្លាញពួកគេចោល។ នៅពេលដែលព្រះជាម្ចាស់បានសម្រេចព្រះទ័យបំផ្លាញពិភពលោក ព្រះអង្គបានគ្រោង នឹងរកមនុស្សម្នាក់ ដើម្បីសង់ទូកធំមួយ។ ព្រះជាម្ចាស់ បានជ្រើសរើសលោកណូអេឲ្យបំពេញភារកិច្ចនេះ គឺព្រះអង្គបានឲ្យលោកណូអេសង់ទូកធំនេះ។ ហេតុអ្វីបានជាព្រះអង្គជ្រើសរើសលោកណូអេ? នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ លោកណូអេជាមនុស្សសុចរិតម្នាក់។ ទោះជាព្រះជាម្ចាស់បង្គាប់គាត់ឲ្យធ្វើអ្វីក៏ដោយ ក៏លោកណូអេធ្វើតាមទាំងអស់។ ចង់និយាយថា លោកណូអេសុខចិត្តធ្វើអ្វីៗ ដែលព្រះជាម្ចាស់បង្គាប់ឲ្យគាត់ធ្វើ។ ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់រកមនុស្សបែបនេះ ដើម្បីធ្វើកិច្ចការជាមួយព្រះអង្គ ដើម្បីបញ្ចប់នូវអ្វីដែលព្រះអង្គបានប្រគល់ឲ្យគាត់ និងដើម្បីបញ្ចប់កិច្ចការរបស់ព្រះអង្កនៅលើផែនដី។ នៅគ្រានោះ តើមាននរណាម្នាក់ក្រៅពីលោកណូអេ ដែលអាចបំពេញភារកិច្ចបែបនេះបានដែរទេ? ទេ មិនមានទេ! គឺលោកណូអេជាបេក្ខជនតែមួយគត់ ជាមនុស្សតែម្នាក់គត់ ដែលអាចបំពេញនូវអ្វីដែលព្រះជាម្ចាស់បានប្រគល់ឲ្យ ដូច្នេះហើយបានជាព្រះជាម្ចាស់ជ្រើសរើសរូបគាត់។ ក៏ប៉ុន្តែ តើដែនកំណត់ និងបទដ្ឋានរបស់ព្រះជាម្ចាស់ សម្រាប់ការសង្គ្រោះមនុស្ស ដូចគ្នានឹងពេលបច្ចុប្បន្ននេះដែរឬទេ? ចម្លើយ គឺពិតជាមានភាពខុសគ្នា! ហើយហេតុអ្វីបានជាខ្ញុំសួរបែបនេះ? លោកណូអេគឺជាមនុស្សតែម្នាក់គត់ ដែលសុចរិតនៅចំពោះព្រះជាម្ចាស់ នៅក្នុងអំឡុងពេលនោះ នេះសរបញ្ជាក់ឲ្យឃើញថា ទាំងប្រពន្ធ ទាំងកូនប្រុស និងកូនប្រសាស្រីរបស់គាត់ទាំងអស់ គ្មាននរណាមួយសុចរិតទេ ក៏ប៉ុន្តែព្រះជាម្ចាស់ នៅតែសង្គ្រោះពួកគេតាមរយៈលោកណូអេ។ ព្រះជាម្ចាស់មិនបានដាក់បញ្ជាលើពួកគេ ដូចដែលព្រះអង្គបានធ្វើនោះឡើយ ផ្ទុយទៅវិញ ព្រះអង្គបានរក្សាជីវិតសមាជិកទាំងប្រាំបីនាក់នៃគ្រួសាររបស់លោកណូអេ ឲ្យនៅរស់ទាំងអស់គ្នា។ ពួកគេបានទទួលព្រះពរពីព្រះជាម្ចាស់ដោយសារសេចក្ដីសុចរិតរបស់លោកណូអេ។ បើគ្មានលោកណូអេទេ នោះក៏គ្មាននរណាម្នាក់អាចបំពេញនូវអ្វីដែលព្រះជាម្ចាស់បានប្រគល់ឲ្យបានដែរ។ ដូច្នេះ លោកណូអេគឺជាមនុស្សតែម្នាក់គត់ ដែលនឹងត្រូវរួចជីវិតពីការបំផ្លាញពិភពលោកនេះ រីឯអ្នកផ្សេងទៀតគ្រាន់តែជាអ្នកទទួលផលបញ្ចាំតែប៉ុណ្ណោះ។ នេះបង្ហាញថានៅក្នុងយុគសម័យមុន នៅពេលដែលព្រះជាម្ចាស់ចាប់ផ្តើមកិច្ចការគ្រប់គ្រងរបស់ព្រះអង្គជាផ្លូវការ នោះគោលការណ៍ និងបទដ្ឋាននានាដែលព្រះអង្គបានដាក់ឲ្យមនុស្ស និងបង្គាប់ដល់ពួកគេគឺមានភាពធូរស្រាល។ ចំពោះមនុស្សនៅសព្វថ្ងៃនេះ របៀបដែលព្រះជាម្ចាស់បានធ្វើចំពោះគ្រួសាលោករណូអេទាំង៨នាក់ មើលទៅដូចជាខ្វះ «ភាពយុត្តិធម៌» ក៏ប៉ុន្តែ បើប្រៀបធៀបទៅនឹងបរិមាណកិច្ចការដ៏ធំធេង ដែលព្រះអង្គបានធ្វើទៅលើមនុស្ស និងបរិមាណដ៏ច្រើននៃព្រះបន្ទូលរបស់ព្រះអង្គដែលព្រះអង្គមានបន្ទូល នោះការប្រព្រឹត្តរបស់ព្រះជាម្ចាស់ចំពោះគ្រួសារលោកណូអេទាំងប្រាំបីនាក់នោះ គឺគ្រាន់តែជាគោលការណ៍នៃកិច្ចការដែល ព្រះអង្គបានប្រទាន ជាសាវតានៃកិច្ចការរបស់ព្រះអង្គនៅពេលនោះតែប៉ុណ្ណោះ។ បើតាមការប្រៀបធៀបរវាងក្រុមគ្រួសារលោកណូអេទាំងប្រាំបីនាក់ ជាមួយនឹងមនុស្សនៅសព្វថ្ងៃនេះ តើមួយណាទទួលបានច្រើនជាងគេពីព្រះជាម្ចាស់?

តាមពិត លោកណូអេត្រូវបានត្រាស់ហៅដ៏សាមញ្ញមួយក៏ប៉ុន្តែចំណុចសំខាន់នៃអ្វីដែលយើងកំពុងនិយាយ អំពីនិស្ស័យរបស់ព្រះជាម្ចាស់ បំណងព្រះហឫទ័យរបស់ព្រះអង្គ ហើយនិងសារជាតិរបស់ព្រះអង្គគឺមិនសាមញ្ញឡើយ។ ដើម្បីយល់ពីទិដ្ឋភាពទាំងនេះរបស់ព្រះជាម្ចាស់ ជាដំបូង យើងត្រូវតែស្គាល់ពីប្រភេទមនុស្សដែលព្រះជាម្ចាស់សព្វព្រះទ័យត្រាស់ហៅជាមុនសិន ហើយតាមរយៈការនេះ ធ្វើឲ្យយើង អាចយល់ដឹងពីនិស្ស័យរបស់ព្រះអង្គ បំណងព្រះហឫទ័យ និងសារជាតិរបស់ព្រះអង្គ។ នេះពិតជាសំខាន់ណាស់។ ដូច្នេះ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ តើមនុស្សដែលព្រះអង្គបានត្រាស់ហៅនោះជាមនុស្សបែបណា? គឺគេត្រូវតែជាមនុស្សដែលអាចស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គ ហើយអាចធ្វើតាមការណែនាំរបស់ព្រះអង្គ។ ក្នុងពេលជាមួយគ្នានេះដែរ ក៏ត្រូវតែជាមនុស្សដែលមានស្មារតីទទួលខុសត្រូវ ជាម្នាក់ដែលនឹងអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយចាត់ទុកវាជាការទទួលខុសត្រូវ និងកាតព្វកិច្ចដែលពួកគេត្រូវបំពេញ។ ហើយចុះ តើបុគ្គលនេះចាំបាច់ត្រូវស្គាល់ព្រះជាម្ចាស់ដែរឬទេ? មិនចាំបាច់ទេ! ដ្បិតនៅគ្រានោះ លោកណូអេមិនសូវបានឮច្រើនអំពីសេចក្តីបង្រៀនរបស់ព្រះជាម្ចាស់ ឬក៏មានបទពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់ទេ។ ហេតុដូច្នេះ លោកណូអេមានចំណេះដឹងស្តួចស្តើងណាស់អំពីព្រះជាម្ចាស់។ ថ្វីបើនៅទីនេះបានកត់ត្រានថា លោកណូអេបានដើរជាមួយព្រះជាម្ចាស់ក្តី សួរថាតើគាត់ដែលបានឃើញអង្គព្រះជាម្ចាស់ផ្ទាល់ដែរឬទេ? ចម្លើយពិតប្រាកដជាអត់ទេ! ដិ្បតនៅសម័យនោះ មានតែអ្នកនាំសាររបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ ដែលចុះមកនៅក្នុងចំណោមមនុស្ស។ ថ្វីបើពួកគេអាចតំណាងឲ្យព្រះជាម្ចាស់នៅក្នុងការមានបន្ទូល និងធ្វើអ្វីៗបានក៏ដោយ តែពួកគេគ្រាន់តែចង់បង្ហាញឲ្យឃើញពីបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់ និងគម្រោងផែនការរបស់ព្រះអង្គប៉ុណ្ណោះ។ អង្គរបស់ព្រះជាម្ចាស់ មិនត្រូវបានបង្ហាញឲ្យមនុស្សឃើញផ្ទាល់ភ្នែកនោះទេ។ នៅក្នុងបទគម្ពីរត្រង់ផ្នែកនេះ អ្វីដែលយើងមើលឃើញជាទូទៅ គឺកិច្ចការដែលលោកណូអេត្រូវធ្វើ និងការណែនាំរបស់ព្រះជាម្ចាស់ចំពោះគាត់។ ដូច្នេះ តើអ្វីជាសារជាតិរបស់ព្រះជាម្ចាស់ដែលបានបង្ហាញនៅទីនេះ? អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺត្រូវបានគ្រោងទុកដោយភាពជាក់លាក់។ នៅពេលដែលព្រះអង្គបានទតឃើញរឿង ឬស្ថានភាពអ្វីមួយកំពុងកើតឡើង នោះនៅក្នុងព្រះនេត្ររបស់ព្រះអង្គមានបទដ្ឋាន ដើម្បីវាស់វែងវារួចទៅហើយ បទដ្ឋាននេះកំណត់ថាតើព្រះអង្គចាប់ផ្តើមគម្រោងការដើម្បីដោះស្រាយវា ឬប្រើវិធីសាស្រ្តដោះស្រាយអ្វីក្នុងរឿង ឬស្ថានភាពនេះ។ ព្រះជាម្ចាស់មិនដែលព្រងើយកណ្តើយ ឬខ្វះការប្រុងប្រយ័ត្នចំពោះអ្វីៗទាំងអស់នោះឡើយ។ តាមពិតវាជាភាពផ្ទុយគ្នាទាំងស្រុង។ មានខគម្ពីរមួយដែលចែងពីអ្វីដែលព្រះជាម្ចាស់បានមានបន្ទូលទៅកាន់លោកណូអេថា៖ «ខ្ញុំសម្រេចបំផ្លាញសាច់ឈាមទាំងអស់ឲ្យវិនាសផុតពីមុខខ្ញុំ ដ្បិតផែនដីបានពេញដោយអំពើឃោរឃៅ ដោយសារតែពួកគេ។ មើល៍ ខ្ញុំនឹងបំផ្លាញពួកគេឲ្យវិនាសទៅជាមួយនឹងផែនដី»។ នៅពេលដែលព្រះជាម្ចាស់មានបន្ទូលបែបដូច្នេះ តើព្រះអង្គមានន័យថា ព្រះអង្គនឹងបំផ្លាញតែមនុស្សប៉ុណ្ណោះ ឬយ៉ាងណា? ទេ អត់ទេ! គឺព្រះជាម្ចាស់ចង់មានបន្ទូលថា ព្រះអង្គនឹងបំផ្លាញអ្វីៗដែលមានជីវិតចោលទាំងអស់។ ហេតុអ្វីបានជាព្រះជាម្ចាស់ចង់បំផ្លាញចោល? មានការបើកសម្តែងអំពីនិស្ស័យរបស់ព្រះជាម្ចាស់មួយផ្សេងទៀតនៅទីនេះ នៅក្នុងព្រះនេត្រព្រះជាម្ចាស់ ព្រះអង្គមានកម្រិតនៃការអត់ធ្មត់ចំពោះសេចក្ដីពុករលួយរបស់មនុស្ស ចំពោះភាពស្មោគគ្រោគ អំពើឃោរឃៅ និងការមិនស្តាប់បង្គាប់របស់មនុស្សទាំងអស់។ តើអ្វីទៅជាដែនកំណត់របស់ព្រះអង្គ? ដូចដែលព្រះជាម្ចាស់មានបន្ទូលថា៖ «ព្រះ‌ជាម្ចាស់បានមើលមកកាន់ផែនដី ហើយទតឃើញថា ផែន‌ដីបានពុករលួយ ព្រោះគ្រប់សាច់ឈាមទាំងអស់បានពុករលួយតាមផ្លូវរបស់ខ្លួននៅលើផែន‌ដី»។ តើឃ្លា «ព្រោះគ្រប់សាច់ឈាមទាំងអស់បានពុករលួយតាមផ្លូវរបស់ខ្លួននៅលើផែន‌ដី» នេះមានអត្ថន័យយ៉ាងដូចម្តេច? វាមានន័យថា គ្រប់ទាំងភាវៈរស់ទាំងអស់ រួមទាំងអស់អ្នកដែលដើរតាមព្រះជាម្ចាស់ អ្នកដែលអំពាវនាវដល់ព្រះនាមព្រះជាម្ចាស់ អ្នកដែលថ្វាយតង្វាយដុតដល់ព្រះជាម្ចាស់ អ្នកដែលទទួលស្គាល់ព្រះជាម្ចាស់ ហើយថែមទាំងសរសើរព្រះជាម្ចាស់ដែរ ដ្បិតនៅពេលដែលអាកប្បកិរិយារបស់ពួកគេពោរពេញទៅដោយសេចក្ដីពុករលួយ ឈានដល់ព្រះនេត្ររបស់ព្រះជាម្ចាស់ នោះព្រះអង្គត្រូវតែបំផ្លាញពួកគេចោល។ នោះគឺជាដែនកំណត់របស់ព្រះជាម្ចាស់។ ដូច្នេះ តើព្រះជាម្ចាស់រក្សាការអត់ធ្មត់របស់ព្រះអង្គចំពោះមនុស្ស និងសេចក្ដីពុករលួយនៃសត្វមានជីវិតទាំងអស់ដល់កម្រិតណា? គឺដល់កម្រិតមួយដែលមនុស្សទាំងអស់ មិនថាអ្នកដើរតាមព្រះជាម្ចាស់ ឬអ្នកមិនជឿ ដើរតាមផ្លូវមិនត្រឹមត្រូវ។ ដល់កម្រិតមួយ ពេលដែលមនុស្សលែងមានភាពទៀងត្រង់ មានសីលធម៌ពុករលួយ និងពោពេញទៅដោយអំពើអាក្រក់ ក៏ប៉ុន្តែនៅកន្លែងណាដែលគ្មានអ្នកណាបានជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ នោះសូមឲ្យអ្នកទាំងអស់គ្នាជឿថាព្រះជាម្ចាស់ជាអ្នកគ្រប់គ្រងពិភពលោកនេះ ហើយថាមានតែព្រះជាម្ចាស់មួយអង្គគត់ដែលអាចនាំមនុស្សចូលទៅក្នុងពន្លឺ និងផ្លូវត្រឹមត្រូវបាន។ ក្នុងកម្រិតដែលមនុស្សមើលងាយដល់អត្ថិភាពរបស់ព្រះជាម្ចាស់ ថែមទាំងពោលថាគ្មានព្រះជាម្ចាស់ទៀតផង។ នៅពេលដែលសេចក្ដីពុករលួយរបស់មនុស្សបានឈានដល់ចំណុចនេះហើយ នោះព្រះជាម្ចាស់ទ្រាំលែងបានតទៅទៀតហើយ។ តើអ្វីដែលនឹងមកជំនួស? គឺការមកដល់នៃសេចក្ដីក្រោធ និងការដាក់ទណ្ឌកម្មរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ តើនោះមិនមែនជាការបើកសំដែងមួយផ្នែកនៃនិស្ស័យរបស់ព្រះជាម្ចាស់ទេឬអី? នៅក្នុងសម័យបច្ចុប្បន្ននេះ តើគ្មានមនុស្សណាម្នា្កក់ ដែលសុចរិតនៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ទេឬ? តើគ្មានមនុស្សណាម្នាក់ ដែលល្អឥតខ្ចោះនៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ទេឬ? តើនេះគឺជាយុគសម័យមួយដែលអាកប្បកិរិយារបស់មនុស្សទាំងអស់នៅលើផែនដីសុទ្ធតែពុករលួយនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ឬ? នៅថ្ងៃនេះ និងយុគសម័យនេះ ក្រៅពីអ្នកដែលព្រះជាម្ចាស់ចង់ធ្វើឲ្យបានពេញខ្នាត និងអស់អ្នកដែលអាចដើរតាមព្រះជាម្ចាស់ ហើយទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះអង្គ តើមិនមែនសុទ្ធតែជាមនុស្សខាងសាច់ឈាមដែលកំពុងតែប្រឈមមុខនឹងដែនកំណត់នៃការអត់ធ្មត់របស់ព្រះជាម្ចាស់ទេឬអី? តើអ្វីៗដែលកើតឡើងនៅក្បែរអ្នករាល់គ្នា អ្វីដែលអ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែក និងស្ដាប់ឮដោយផ្ទាល់ត្រចៀក ហើយមានបទពិសោធន៍ដោយផ្ទាល់ជារៀងរាល់ថ្ងៃនៅក្នុងពិភពលោកនេះ មិនមែនពេញដោយហិង្សាទេឬអី? នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ តើពិភពលោកបែបនេះ យុគសម័យបែបនេះ មិនគួរឲ្យត្រូវបញ្ចប់ចោលទេឬអី? ទោះបីជាសាវតានៃយុគសម័យបច្ចុប្បន្ន គឺខុសគ្នាទាំងស្រុងពីសាវតារបស់សម័យលោកណូអេក៏ពិតមែន ក៏ប៉ុន្តែអារម្មណ៍ និងសេចក្តីក្រោធរបស់ព្រះជាម្ចាស់ចំពោះសេចក្ដីពុករលួយរបស់មនុស្សនៅតែដដែលដូចមុន។ ព្រះជាម្ចាស់អាចអត់ធ្មត់បាន ដោយសារកិច្ចការរបស់ព្រះអង្គ ក៏ប៉ុន្តែ បើមើលទៅលើកាលៈទេសៈ និងស្ថានការណ៍វិញ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពិភពលោកនេះគួរតែត្រូវបានបំផ្លាញជាយូរមកហើយ។ កាលៈទេសៈគឺលើសពីមុនឆ្ងាយណាស់ កាលដែលពិភពលោកត្រូវបានបំផ្លាញដោយទឹកជំនន់នោះ។ ក៏ប៉ុន្តែ តើអ្វីទៅដែលជាភាពខុសគ្នា? នេះក៏ជារឿងដែលធ្វើឲ្យព្រះទ័យរបស់ព្រះជាម្ចាស់ក្រៀមក្រំជាទីបំផុត ហើយប្រហែលជាគ្មានអ្វីដែលអ្នករាល់គ្នាណាម្នាក់អាចយល់ដឹងបានឡើយ។

នៅពេលដែលព្រះអង្គបំផ្លាញពិភពលោកដោយទឹកជំនន់ នោះព្រះអង្គបានត្រាស់ហៅលោកណូអេឲ្យ សង់ទូកធំមួយ ព្រមទាំងធ្វើកិច្ចការត្រៀមរៀបចំមួយចំនួន។ ព្រះជាម្ចាស់បានត្រាស់ហៅដល់បុរសម្នាក់គឺលោកណូអេ ឲ្យធ្វើរឿងទាំងនេះសំរាប់ព្រះអង្គ។ ក៏ប៉ុន្តែនៅក្នុងសម័យបច្ចុប្បន្ននេះ ព្រះជាម្ចាស់មិនមានអ្នកណាម្នាក់ ដែលព្រះអង្គអាចត្រាស់ហៅបានទេ។ ហេតុអ្វីបានជាបែបហ្នឹង? មនុស្សគ្រប់គ្នាដែលអង្គុយនៅទីនេះ ប្រហែលជាយល់ និងដឹងពីហេតុផលយ៉ាងច្បាស់។ តើអ្នកត្រូវការឲ្យខ្ញុំពន្យល់លម្អិតពីរឿងនេះដែរឬទេ? ការឆ្លើយខ្លាំងៗអាចធ្វើឲ្យអ្នកបាក់មុខ និងធ្វើឲ្យមនុស្សគ្រប់គ្នាមិនសប្បាយចិត្ត។ មនុស្សខ្លះអាចនិយាយថា៖ «ទោះបីយើងមិនមែនជាមនុស្សសុចរិត ហើយក៏មិនមែនជាមនុស្សល្អឥតខ្ចោះ នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ក៏ដោយ តែប្រសិនបើព្រះជាម្ចាស់ណែនាំយើងឲ្យធ្វើអ្វីមួយ នោះយើងនៅតែអាចធ្វើវាបានសម្រាប់ព្រះអង្គដដែល។ នៅមុនពេលដែល ព្រះអង្គមានបន្ទូលថា គ្រោះមហន្តរាយកំពុងតែមកដល់ហើយ នោះយើងនឹងចាប់ផ្តើមរៀបចំស្បៀងអាហារហើយនិងរបស់របរដែលត្រូវការចាំបាច់ទុកសម្រាប់គ្រោះមហន្តរាយនោះ។ តើអ្វីៗទាំងអស់នេះមិនបានធ្វើស្របតាមការទាមទាររបស់ព្រះជាម្ចាស់ទេឬអី?» តើយើងមិនសហការជាមួយកិច្ចការរបស់ព្រះជាម្ចាស់ទេឬអី? តើរឿងដែលយើងបានធ្វើទាំងអស់នេះមិនអាចប្រៀបធៀបទៅនឹងអ្វីដែលលោកណូអេបានធ្វើទេឬអី? តើមិនមែនអ្វីដែលយើងបានធ្វើ រាប់ជាការស្តាប់បង្គាប់ពិតប្រាកដទេឬអី? តើយើងមិនបានធ្វើតាមការណែនាំរបស់ព្រះជាម្ចាស់ទេឬអី? តើយើងមិនបានធ្វើអ្វីតាមដែលព្រះជាម្ចាស់មានបន្ទូល ដោយព្រោះយើងមានសេចក្ដីជំនឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេឬអី? ចុះហេតុដូចម្តេច បានជាព្រះជាម្ចាស់នៅតែមិនសប្បាយព្រះទ័យ? ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលថា គ្មាននរណាម្នាក់ដែលព្រះអង្គអាចត្រាស់ហៅបាន? តើសកម្មភាពរបស់អ្នក និងសកម្មភាពរបស់លោកណូអេមានភាពខុសគ្នាយ៉ាងដូចម្តេច? តើអ្វីទៅជាភាពខុសគ្នា? (ការរៀបស្បៀងអាហាទុកនៅថ្ងៃនេះ សម្រាប់គ្រោះមហន្តរាយខាងមុខ គឺជាចេតនាផ្ទាល់របស់យើង)។ (សកម្មភាពរបស់យើងមិនអាចមានតម្លៃស្មើនឹងសេចក្ដី «សុចរិត» ទេ ចំណែក ណូអេ វិញ គឺជាមនុស្សសុចរិតនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់)។ អ្វីដែលអ្នកបាននិយាយមិនខុសឆ្ងាយប៉ុន្មានទេ។ តែអ្វីដែលណូអេបានធ្វើ គឺខុសគ្នាពីអ្វីដែលមនុស្សកំពុងធ្វើនៅពេលនេះឆ្ងាយណាស់។ នៅពេលដែលលោកណូអេធ្វើកិច្ចការទៅតាមការណែនាំរបស់ព្រះជាម្ចាស់ នោះគាត់មិនបានដឹងពីចេតនារបស់ព្រះជាម្ចាស់ឡើយ។ គាត់មិនបានដឹងថា តើព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ធ្វើអ្វីនោះទេ។ ព្រះជាម្ចាស់គ្រាន់តែបង្គាប់បញ្ជា ហើយណែនាំគាត់ឲ្យធ្វើកិច្ចការមួយដោយគ្មានការពន្យល់ច្រើនប៉ុណ្ណោះ ឯលោកណូអេក៏បានស្តាប់តាម រួចធ្វើកិច្ចការនោះតែម្តង។ គាត់មិនបានព្យាយាមជីកឫសជីគល់ចង់ដឹងពីបំណងរបស់ព្រះជាម្ចាស់ដោយសម្ងាត់ទេ ហើយគាត់ក៏មិនប្រឆាំងតវ៉ានឹងព្រះជាម្ចាស់ ឬបង្ហាញភាពមិនស្មោះត្រង់នោះដែរ។ គាត់បានចេញទៅ ហើយធ្វើវាដោយដួងចិត្តមួយដែលបរិសុទ្ធ និងសាមញ្ញ។ អ្វីក៏ដោយ ដែលព្រះជាម្ចាស់បង្គាប់ឲ្យគាត់ធ្វើ គាត់ក៏បានធ្វើតាម ហើយការស្តាប់បង្គាប់ និងការស្ដាប់តាមព្រះបន្ទូលរបស់ព្រះអង្គ បានបញ្ជាក់ពីជំនឿរបស់គាត់ទៅលើអ្វីដែលគាត់បានធ្វើ។ នោះជារបៀបដែលគាត់បានប្រព្រឹត្ដដោយត្រង់ៗ ហើយសាមញ្ញចំពោះអ្វីដែលព្រះជាម្ចាស់បានប្រគល់ឲ្យធ្វើ។ សារជាតិរបស់គាត់ ពោលគឺសារជាតិនៃសកម្មភាពរបស់គាត់ គឺការស្ដាប់បង្គាប់ មិនមែនការទាយស្មានលើកទីពីរ មិនមែនជាការប្រឆាំងតវ៉ា ហើយលើសពីនេះទៅទៀត គឺមិនមែនជាការគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ឬផលចំណេញ និងការខាតបង់របស់ខ្លួនឯងឡើយ។ ជាងនេះទៀត នៅពេលដែលព្រះជាម្ចាស់មានបន្ទូលថា ព្រះអង្គនឹងបំផ្លាញពិភពលោកដោយទឹកជំនន់ នោះលោកណូអេ មិនបានសួរដេញដោលថា តើវាកើតឡើងពេលណា ឬសួរថាតើនឹងមានអ្វីកើតឡើងនោះឡើយ ហើយលោកក៏មិនបានសួរព្រះជាម្ចាស់អំពីរបៀបដែលព្រះអង្គនឹងបំផ្លាញពិភពលោកយ៉ាងម៉េចនោះដែរ។ គាត់គ្រាន់តែធ្វើតាមអ្វីដែលព្រះជាម្ចាស់បានណែនាំគាត់ប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឲ្យការនេះបានកើតឡើង គឺកើតឡើងតាមអ្វីដែលគាត់បានធ្វើ ដូចដែលព្រះជាម្ចាស់បានបង្គាប់ឲ្យធ្វើ ហើយត្រូវតែចាប់ផ្តើមធ្វើសកម្មភាពភ្លាមៗដែរ។ គាត់បានធ្វើតាមការណែនាំរបស់ព្រះជាម្ចាស់ដោយមានឥរិយាបថចង់គាប់ព្រះហឫទ័យព្រះជាម្ចាស់។ តើគាត់បានធ្វើកិច្ចការនេះ ដើម្បីជួយខ្លួនគាត់ឲ្យរួចផុតពីគ្រោះមហន្តរាយឬ? ទេ អត់ទេ! តើគាត់មានបានសួរព្រះជាម្ចាស់ទេថា តើនៅសល់ពេលយូរប៉ុនណាទៀត ទំរំាដល់ពេលដែលពិភពលោកត្រូវបំផ្លាញចោល? គាត់មិនបានសួរទេ។ តើគាត់មានបានសួរព្រះជាម្ចាស់ ឬតើគាត់មានបានដឹងទេថា តើត្រូវចំណាយពេលយូរប៉ុនណា ដើម្បីសាងសង់ទូកធំឲ្យរួច? គាត់ក៏មិនបានដឹងរឿងនោះដែរ។ គាត់គ្រាន់តែបានស្ដាប់បង្គាប់ ស្តាប់តាម និងប្រព្រឹត្ដតាមប៉ុណ្ណោះ។ មនុស្សឥឡូវ គឺមិនដូចគ្នានោះទេ៖ គ្រាន់តែលេចឮនូវពត៌មានអី្វបន្តិចតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ភ្លាម ឬគ្រាន់តែនៅពេលដែលគេឮខ្យល់បក់ស្លឹកឈើសោះ នោះពួកគេចាប់ផ្តើមស្លន់ស្លោ ធ្វើសកម្មភាពភ្លាមៗ មិនខ្វល់ថាមានបញ្ហា ឬមិនគិតពីតម្លៃអី្វទាំងអស់ គឺពួកគេចាប់ផ្តើម រៀបចំទុកដាក់នូវស្បៀងអាហារ និងរបស់របរប្រើប្រាស់បម្រុងផ្សេងៗទៀត មិនតែប៉ុណ្ណោះ ថែមទាំងបានរៀបចំផែនការរត់គេចខ្លួននៅពេលគ្រោះមហន្តរាយកើតឡើងទៀតផង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺថានៅពេលបច្ចុប្បន្ននេះ ខួរក្បាលរបស់មនុស្សគឺឈ្លាសវៃណាស់ នៅក្នុងការបំពេញការងារ។ ថ្វីបើនៅក្នុងកាលៈទេសៈមួយដែលព្រះជាម្ចាស់មិនបានប្រទានការណែនាំណាមួយក៏ដោយ ក៏មនុស្សអាចរៀបចំផែនការគ្រប់យ៉ាងបានយ៉ាងសមរម្យជាទីបំផុតដែរ។ អ្នកគួរតែប្រើពាក្យថា «ល្អឥតខ្ចោះ» វិញ ដើម្បីពិពណ៌នាពីផែនការបែបនោះ។ ចំពោះអ្វីដែលព្រះជាម្ចាស់មានបន្ទូល ឬអ្វីដែលជាចេតនារបស់ព្រះអង្គ ឬអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាននោះ គឺគ្មាននរណាម្នាក់យកចិត្តទុកដាក់ជាមួយ និងគ្មាននរណាម្នាក់ព្យាយាមយល់អំពីការនោះឡើយ។ តើនោះមិនមែនជាភាពខុសគ្នាធំបំផុតរវាងមនុស្សនៅសម័យនេះ និងនៅសម័យលោកណូអេទេឬអី?

នៅក្នុងកំណត់ត្រានៃរឿងរបស់លោកណូអេ តើអ្នក រាល់គ្នាឃើញផ្នែកមួយនៃនិស្ស័យរបស់ព្រះជាម្ចាស់ដែរឬទេ? ការអត់ធ្មត់របស់ព្រះជាម្ចាស់ គឺមានកម្រិតចំពោះសេចក្ដីពុករលួយ ភាពស្មោគគ្រោគ និងអំពើហិង្សារបស់មនុស្ស។ នៅពេលដែលព្រះអង្គឈានដល់កម្រិតនោះហើយ នោះព្រះអង្គនឹងលែងអត់ធ្មត់ ហើយនឹងចាប់ផ្តើមការគ្រប់គ្រងថ្មី និងផែនការថ្មីរបស់ព្រះអង្គ ចាប់ផ្តើមធ្វើអ្វីដែលព្រះអង្គត្រូវធ្វើ បើកសម្តែងពីការប្រព្រឹត្ដរបស់ព្រះអង្គ និងផ្នែកមួយទៀតនៃនិស្ស័យរបស់ព្រះអង្គ។ សកម្មភាពរបស់ព្រះអង្គនេះ គឺមិនមែនដើម្បីបង្ហាញថា ព្រះអង្គដាច់ខាតមិនឲ្យមនុស្សវាយប្រហារបាន ឬថាព្រះអង្គពេញដោយសិទ្ធិអំណាច និងសេចក្តីក្រោធឡើយ ហើយវាក៏មិនមែនបង្ហាញថា ព្រះអង្គអាចបំផ្លាញមនុស្សបានតាមតែព្រះទ័យរបស់ព្រះអង្គនោះដែរ។ វាគឺដោយសារតែនិស្ស័យ និងសារជាតិដ៏បរិសុទ្ធរបស់ព្រះអង្គ លែងអនុញ្ញាត ឬអត់ធ្មត់បានចំពោះមនុស្សជាតិប្រភេទនេះ ឲ្យរស់នៅចំពោះព្រះអង្គ ឬក៏រស់នៅក្រោមអំណាចគ្រប់គ្រងរបស់ព្រះអង្គទៀតហើយ។ នោះគឺមានន័យថា នៅពេលដែលមនុស្សទាំងអស់ប្រឆាំងនឹងព្រះអង្គ ហើយនៅពេលដែលគ្មាននរណាម្នាក់ អាចជួយសង្គ្រោះនៅលើផែនដីទាំងមូលបាន នោះទ្រង់នឹងមិនអត់ធ្មត់ចំពោះមនុស្សប្រភេទនេះទេ ហើយព្រះអង្គនឹងអនុវត្តផែនការរបស់ព្រះអង្ក ដើម្បីបំផ្លាញមនុស្សប្រភេទនេះដោយគ្មានការរារែក ឬសោកស្តាយឡើយ។ ការប្រព្រឹត្ដបែបនេះរបស់ព្រះជាម្ចាស់ ត្រូវបានកំណត់ដោយនិស្ស័យរបស់ព្រះអង្គ។ នេះគឺជាផលវិបាកដ៏ចាំបាច់មួយ ហើយជាផលវិបាកដែលមនុស្សទាំងអស់ ដែលបានបង្កើតមកនៅក្រោមអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវតែទទួល។ តើការនេះមិនបានបង្ហាញ ថាព្រះជាម្ចាស់មិនអាចរង់ចាំតទៅ ដើម្បីបញ្ចប់ផែនការរបស់ព្រះអង្គ ហើយជួយសង្គ្រោះមនុស្សដែលព្រះអង្គចង់សង្រ្គោះនៅក្នុងយុគសម័យបច្ចុប្បន្ននេះទេឬ? ក្នុងកាលៈទេសៈទាំងនេះ តើព្រះជាម្ចាស់យកព្រះទ័យទុកដាក់នឹងអ្វីជាងគេ? គឺមិនមែនជាអ្នកដែលមិនដើរតាមព្រះអង្គទាល់តែសោះ ឬអ្នកដែលប្រឆាំង ឬរឹងទទឹងនឹងព្រះអង្គ ឬមនុស្សដែលកំពុងប្រមាថមាក់ងាយដល់ព្រះអង្គឡើយ។ ព្រះអង្គយកព្រះទ័យទុកដាក់តែចំពោះអស់អ្នកដែលដើរតាមព្រះអង្គ យកចិត្តទុកដាក់លើគោលបំណងនៃសេចក្តីសង្គ្រោះរបស់ព្រះអង្គ នៅក្នុងផែនការគ្រប់គ្រងរបស់ព្រះអង្គ អស់អ្នកដែលបានពេញខ្នាតដោយសារព្រះអង្គ និងបានជាទីគាប់ព្រះហឫទ័យរបស់ព្រះអង្គតែប៉ុណ្ណោះ។ ចំណែកឯអស់អ្នកដែលមិនដើរតាមព្រះអង្គវិញ គឺព្រះអង្គនឹងផ្តល់នូវការដាក់ទោស ទុកជាការព្រមាន ដើម្បីបង្ហាញពីសេចក្តីក្រោធរបស់ព្រះអង្គ។ ឧទាហរណ៍ដូចជា រលកយក្សស៊ូណាមិ ការរញ្ជួយដី និងការផ្ទុះភ្នំភ្លើងជាដើម។ ក្នុងពេលជាមួយគ្នានេះ ព្រះអង្គក៏កំពុងការពារ និងមើលថែរក្សាអស់អ្នកដែលដើរតាមព្រះអង្គយ៉ាងខ្លាំង ហើយព្រះអង្គក៏កំពុងចាំសង្គ្រោះពួកគេដែរ។ និស្ស័យរបស់ព្រះជាម្ចាស់គឺយ៉ាងនេះ៖ នៅផ្នែកម្ខាង ព្រះអង្គអាចមានការអត់ធ្មត់យ៉ាងខ្លាំង និងមានអធ្យាស្រ័យខ្ពស់ចំពោះមនុស្ស ដែលព្រះអង្គមានបំណងធ្វើឲ្យបានពេញខ្នាត ហើយព្រះអង្គអាចរង់ចាំពួកគេ ដរាបណាព្រះអង្គអាចធ្វើបាន។ រីឯផ្នែកម្ខាងទៀតវិញ ព្រះជាម្ចាស់ស្អប់ និងខ្ពើមរអើមដល់មនុស្សប្រភេទសាតាំង ដែលមិនដើរតាមព្រះអង្គ និងប្រឆាំងនឹងព្រះអង្គ។ ទោះបីជាព្រះអង្គមិនខ្វល់ថា តើមនុស្សប្រភេទសាតាំងទាំងនេះដើរតាមព្រះអង្គ ឬថ្វាយបង្គំព្រះអង្គក៏ដោយក្តី តែព្រះអង្គនៅតែស្អប់ពួកគេនៅក្នុងព្រះទ័យរបស់ព្រះអង្គ ក្នុងពេលដែលព្រះអង្គអត់ធ្មត់ចំពោះពួកគេ ហើយនៅពេលដែលព្រះអង្គកំណត់ទីបញ្ចប់នៃប្រភេទមនុស្សសាតាំងទាំងនេះ នោះព្រះអង្គក៏កំពុងតែរង់ចាំការមកដល់នៃជំហានផែនការគ្រប់គ្រងរបស់ព្រះអង្គដែរ។

សូមយើងមើលទៅអត្ថបទគម្ពីរបន្ទាប់។

២. ព្រះពររបស់ព្រះជាម្ចាស់ ចំពោះលោកណូអេក្រោយពីទឹកជំនន់

លោកុប្បត្តិ ៩:១-៦ ហើយព្រះ‌ជាម្ចាស់បានប្រទានពរដល់លោកណូអេ និងកូនប្រុសរបស់លោក ព្រមទាំងមានបន្ទូលទៅពួក‌គេថា ចូរបង្កើតកូនចៅ ពហុគុណ ហើយបំពេញផែន‌ដីទៅ។ គ្រប់ទាំងសត្វនៅផែន‌ដី សត្វស្លាបដែលហើរលើអាកាស សត្វលូនវារនៅដី និងត្រីក្នុងសមុទ្រទាំងប៉ុន្មាន នឹងខ្លាច ហើយញញើតដល់អ្នករាល់គ្នា។ ខ្ញុំប្រគល់សត្វទាំងអស់នោះមកក្នុងដៃរបស់អ្នករាល់គ្នាហើយ។ សត្វទាំងប៉ុន្មានដែលមានចលនា ហើយនៅរស់ នឹងក្លាយជាអាហារដល់អ្នករាល់គ្នា។ ខ្ញុំប្រទានអ្វីៗទាំងអស់ដល់អ្នករាល់គ្នា ដូចដែលខ្ញុំបានឲ្យតិណ‌ជាតិទាំងឡាយដល់អ្នករាល់គ្នាដែរ។ ប៉ុន្ដែ អ្នករាល់គ្នាមិនត្រូវបរិ‌ភោគសាច់ដែលនៅមានជីវិត ជាសាច់ដែលមានជាប់ឈាមឡើយ។ ចំពោះជីវិតមនុស្សវិញ បើអ្នកណាយកជីវិតគេ ខ្ញុំនឹងទារឈាមពីជីវិតអ្នកនោះវិញ។ ចំពោះសត្វណាដែលសម្លាប់មនុស្ស ខ្ញុំនឹងទារយកជីវិតសត្វនោះវិញ។ គឺខ្ញុំទារយកជីវិតរបស់មនុស្សវិញ ដោយសារតែដៃរបស់បងប្អូនរបស់អ្នកដែលស្លាប់ទៅ។ អស់អ្នកណាដែលកម្ចាយឈាមរបស់មនុស្ស អ្នកនោះនឹងត្រូវគេកម្ចាយឈាមវិញ ដ្បិតព្រះ‌ជាម្ចាស់បានបង្កើតមនុស្សមកនៅក្នុងរូបអង្គទ្រង់។

តើអ្នករាល់គ្នា មើលឃើញអ្វីខ្លះពីអត្ថបទគម្ពីរនេះ? ហេតុអ្វីខ្ញុំជ្រើសរើសខគម្ពីរទាំងនេះ? ហេតុអ្វីបានជាខ្ញុំមិនជ្រើសរើសការដកស្រង់អំពីជីវិតរបស់លោកណូអេ និងគ្រួសាររបស់គាត់នៅលើទូកធំទៅវិញ? ដោយសារតែព័ត៌មាននោះមិនមានទំនាក់ទំនងច្រើនជាមួយប្រធានបទដែលយើងកំពុងជជែកជាមួយគ្នានៅថ្ងៃនេះទេ។ អ្វីដែលយើងកំពុងផ្តោតការយកចិត្តទៅលើនោះ គឺនិស្ស័យរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នករាល់គ្នាចង់ដឹងអំពីព័ត៌មានលម្អិតទាំងនោះ អ្នកអាចយកព្រះគម្ពីរមកអានដោយខ្លួនឯងបាន។ យើងនឹងមិននិយាយអំពីរឿងនេះនៅទីនេះទេ។ រឿងសំខាន់ដែលយើងកំពុងនិយាយនៅថ្ងៃនេះ គឺអំពីរបៀបស្គាល់សកម្មភាពរបស់ព្រះជាម្ចាស់។

ក្រោយពីលោកណូអេបានទទួលយកការណែនាំរបស់ព្រះជាម្ចាស់ ហើយបានសង់ទូកធំ និងរស់នៅជាច្រើនថ្ងៃក្នុងគ្រាដែលព្រះជាម្ចាស់បានប្រើទឹកជំនន់ដើម្បីបំផ្លាញពិភពលោកមក នោះមានតែលោកណូអេ និងគ្រួសារទាំងមូលរបស់គាត់ចំនួន៨នាក់ប៉ុណ្ណោះ ដែលបានរួចជីវិត។ មានតែក្រុមគ្រួសារទាំង៨នាក់របស់លោកណូអេប៉ុណ្ណោះដែលបានរួចជីវិត ក្រៅពីនោះទាំងមនុស្សជាតិ និងអ្វីៗទាំងអស់ដែលមានជីវិតនៅលើផែនដី គឺសុទ្ធតែត្រូវបានបំផ្លាញទាំងអស់។ ព្រះជាម្ចាស់បានប្រទានពរ ព្រមទាំងមានបន្ទូលរឿងមួយចំនួនប្រាប់ដល់លោកណូអេ និងកូនប្រុសៗរបស់គាត់។ ទាំងអស់នេះ ជាអ្វីៗដែលព្រះជាម្ចាស់បានប្រទានដល់គាត់ ហើយរួមទាំងព្រះពររបស់ព្រះជាម្ចាស់ដែរ។ នេះគឺជាព្រះពរ និងការសន្យាដែលព្រះជាម្ចាស់ប្រទានដល់អស់អ្នកដែលអាចស្តាប់តាមព្រះអង្គ ហើយទទួលយកការណែនាំរបស់ព្រះអង្គ ហើយនេះក៏ជារបៀបដែលព្រះអង្គប្រទានរង្វាន់ដល់មនុស្សដែរ។ ពោលគឺ មិនចំពោះថាលោកណូអេជាមនុស្សសុចរិត ឬទៀងត្រង់នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ ឬក៏ថាគាត់ស្គាល់ព្រះជាម្ចាស់បែបណានោះឡើយ និយាយយ៉ាងខ្លីទៅ គឺលោកណូអេ និងកូនប្រុសទាំងបីរបស់គាត់សុទ្ធតែបានស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសហការជាមួយកិច្ចការរបស់ព្រះជាម្ចាស់ ហើយធ្វើតាមអ្វីដែលពួកគេត្រូវធ្វើស្របតាមការណែនាំរបស់ព្រះជាម្ចាស់។ ជាលទ្ធផល ពួកគេបានរក្សាមនុស្ស រួមនិងសត្វមានជីវិតផ្សេងៗជាច្រើនសម្រាប់ព្រះជាម្ចាស់ ក្រោយពីការបំផ្លាញពិភពលោកដោយទឹកជំនន់ ព្រមទាំងបានចូលរួមចំណែកយ៉ាងធំធេងដល់ជំហានបន្ទាប់នៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទៀតផង។ ដោយសារតែអ្វីៗដែលគាត់បានធ្វើ ព្រះជាម្ចាស់ក៏បានប្រទានពរដល់គាត់។ ប្រហែលជាសម្រាប់មនុស្សនៅបច្ចុប្បន្ននេះ យល់ឃើញថាអ្វីៗដែលលោកណូអេបានធ្វើ គឺមិនសមនឹងលើកមកនិយាយទេ។ ប្រហែលជាមានអ្នកខ្លះគិតថា៖ លោកណូអេមិនបានធ្វើអ្វីទេ គឺដោយសារតែព្រះជាម្ចាស់បានសម្រេចព្រះហប្ញទ័យទុកជីវិតឲ្យគាត់ប៉ុណ្ណោះ ទើបបានជាគាត់អាចរួចផុតពីគ្រោះមហន្តរាយបែបនេះ។ ការរស់រានមានជីវិតរបស់គាត់ មិនមែនកើតឡើងដោយសារតែសមិទ្ធិផលផ្ទាល់ខ្លួនរបស់គាត់នោះឡើយ។ នេះជាអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឲ្យកើតឡើងតែប៉ុណ្ណោះ ពីព្រោះមនុស្សមិនអាចប្រកែកបាន។ ក៏ប៉ុន្តែ នោះមិនមែនជាអ្វីដែលព្រះជាម្ចាស់បានព្រះតម្រិះនោះទេ។ ចំពោះព្រះជាម្ចាស់ មិនថាមនុស្សនោះជាមនុស្សអស្ចារ្យ ឬសំខាន់យ៉ាងណានោះឡើយ ដរាបណាពួកគេអាចស្តាប់ព្រះអង្គ ស្ដាប់បង្គាប់តាមការណែនាំរបស់ព្រះអង្គ និងអ្វីដែលព្រះអង្គបានប្រគល់ឲ្យ ហើយគេអាចសហការជាមួយកិច្ចការ បំណងព្រះហឫទ័យ និងផែនការរបស់ព្រះអង្គ ដើម្បីឲ្យបំណងព្រះហឬទ័យ និងផែនការរបស់ព្រះអង្គអាចសម្រេចបានដោយរលូន នោះការប្រព្រឹត្ដរបស់គេសាកសមនឹងទទួលបានការចងចាំ ក៏ដូចជា ទទួលព្រះពររបស់ព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់ឲ្យតម្លៃដល់មនុស្សបែបនេះ ហើយព្រះអង្គគាប់ព្រះទ័យនឹងសកម្មភាពសេចក្តីស្រឡាញ់ និងការជាប់ចិត្តរបស់ពួកគេចំពោះព្រះអង្គដែរ។ នេះគឺជាឥរិយាបថរបស់ព្រះជាម្ចាស់។ ចុះហេតុអ្វី បានជាព្រះជាម្ចាស់ប្រទានពរដល់លោកណូអេ? ពីព្រោះនេះជារបៀបដែលព្រះជាម្ចាស់ប្រព្រឹត្ដចំពោះទង្វើ និងការស្ដាប់បង្គាប់របស់មនុស្សបែបនេះ។

ទាក់ទងនឹងព្រះពររបស់ព្រះជាម្ចាស់ចំពោះលោកណូអេ មានមនុស្សមួយចំនួននឹងនិយាយថា៖ «បើមនុស្ស ស្តាប់តាមព្រះជាម្ចាស់ ហើយគាប់ព្រះហឫទ័យចំពោះព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងប្រទានពរដល់ពួកគេ។ តើវាមិនទៅដោយមិននិយាយទេឬ?» តើយើងអាចនិយាយបែបនេះបានទេ? មានអ្នកខ្លះនិយាយថា «មិនអាចទេ» ហេតុអ្វីបានជាយើងមិនអាចនិយាយដូច្នេះបាន? មនុស្សខ្លះនិយាយថា៖ «មនុស្សមិនសមនឹងទទួលព្រះពរពីព្រះជាម្ចាស់ទេ»។ នោះមិនត្រឹមត្រូវទាល់តែសោះ។ ពីព្រោះនៅពេលដែលមនុស្សម្នាក់ ទទួលយកនូវអ្វីដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេ គឺព្រះជាម្ចាស់មានបទដ្ឋានរបស់ព្រះអង្គរួចទៅហើយ សម្រាប់វិនិច្ឆ័យថា តើសកម្មភាពរបស់គេល្អ ឬអាក្រក់ ឬថាតើបុគ្គលនោះបានស្តាប់បង្គាប់តាម ឬថាតើបុគ្គលនោះបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងថាតើពួកគេធ្វើអ្វីដែលត្រឹមត្រូវតាមបទដ្ឋាននោះដែរឬអត់។ អ្វីដែលព្រះជាម្ចាស់យកព្រះទ័យទុកដាក់ គឺដួងចិត្តរបស់មនុស្ស មិនមែនសកម្មភាពរបស់ពួកគេនៅខាងក្រៅនោះទេ។ មិនមែនឲ្យតែនរណាម្នាក់ធ្វើអ្វីមួយ នោះព្រះជាម្ចាស់នឹងប្រទានពរឲ្យ ដោយមិនគិតពីរបៀបដែលពួកគេធ្វើនោះជាយ៉ាងណាឡើយ។ នេះគឺជាការយល់ច្រឡំរបស់មនុស្សចំពោះព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនមែនគ្រាន់តែមើលលទ្ធផលចុងក្រោយប៉ុណ្ណោះទេ ប៉ុន្ដែព្រះអង្គក៏ផ្តោតការយកព្រះទ័យទុកដាក់ថែមទៀតទៅលើ ថាតើចិត្ត និងឥរិយាបថរបស់មនុស្សបែបណា នៅពេលអ្វីៗមានការរីកចំរើន ហើយព្រះអង្គក៏ទតមើល ថាតើមានការស្តាប់បង្គាប់ ការពិចារណា និងបំណងប្រាថ្នា ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេដែរឬទេ។ តើលោកណូអេស្គាល់ព្រះជាម្ចាស់ច្រើនប៉ុនណានៅពេលនោះ? តើវាច្រើនដូចគ្នានឹងគោលលទ្ធិដែលអ្នកដឹងនៅសព្វថ្ងៃនេះឬទេ? បើនិយាយពីទិដ្ឋភាពនៃសេចក្តីពិត ដូចជាគំនិត និងចំណេះដឹងអំពីព្រះជាម្ចាស់ តើគាត់បានទទួលស្រោចស្រប់ និងដឹកនាំច្រើនដូចអ្នករាល់គ្នាដែរឬទេ? ទេ គាត់មិនទទួលបានច្រើនទេ! ក៏ប៉ុន្តែ មានការពិតមួយដែលយើងមិនអាចប្រកែកបានឡើយ នោះគឺ៖ នៅក្នុងសតិសម្បជញ្ញៈ ចិត្តគំនិត និងសូម្បីតែជម្រៅនៃដួងចិត្តរបស់មនុស្សសព្វថ្ងៃនេះ យើងឃើញថា ចិត្តគំនិត និងឥរិយាបថរបស់ពួកគេចំពោះព្រះជាម្ចាស់ មានលក្ខណៈស្រពិចស្រពិល និងមានភាពមិនច្បាស់លាស់ឡើយ។ អ្នកក៏អាចនិយាយបានថា ផ្នែកមួយនៃអាកប្បកិរិយារបស់មនុស្សគឺនៅមានភាពអវិជ្ជមានចំពោះអត្ថិភាពរបស់ព្រះជាម្ចាស់។ ក៏ប៉ុន្តែនៅក្នុងចិត្តរបស់លោកណូអេ និងសតិសម្បជញ្ញៈរបស់គាត់វិញ អត្ថិភាពរបស់ព្រះជាម្ចាស់គឺមានលក្ខណៈពេញលេញ ហើយគ្មានអ្វីដែលត្រូវសង្ស័យឡើយ ជាហេតុដែលធ្វើឲ្យការស្តាប់បង្គាប់របស់គាត់ចំពោះព្រះជាម្ចាស់គឺអស់ពីចិត្ត ហើយក៏អាចស៊ូទ្រាំនឹងការសាកល្បងបានដែរ។ ដួងចិត្តរបស់គាត់ គឺបរិសុទ្ធ ហើយបើកចំហចំពោះព្រះជាម្ចាស់។ គាត់មិនត្រូវការចំណេះដឹងខាងគោលលទ្ធិជាច្រើន ដើម្បីបញ្ចុះបញ្ចូលខ្លួនឯងឲ្យធ្វើតាមគ្រប់ទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនត្រូវការហេតុផលជាច្រើន ដើម្បីបញ្ជាក់ពីអត្ថិភាពរបស់ព្រះជាម្ចាស់ ប្រយោជន៍អាចទទួលយកនូវអ្វីដែលព្រះជាម្ចាស់បានប្រគល់ឲ្យគាត់ និងមានសមត្ថភាពធ្វើអ្វីៗដែលព្រះជាម្ចាស់បានបង្គាប់ឲ្យគាត់ធ្វើនោះដែរ។ នេះគឺជាភាពខុសគ្នាដ៏សំខាន់រវាងលោកណូអេ និងមនុស្សនៅសព្វថ្ងៃនេះ។ ហើយវាក៏ជានិយមន័យពិតនៃអ្វីដែលហៅថា មនុស្សគ្រប់លក្ខណ៍នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ដែរ។ អ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ គឺមនុស្សដូចជាលោកណូអេ។ គាត់ជាប្រភេទមនុស្ស ដែលព្រះជាម្ចាស់សរសើរ ហើយគាត់ក៏ជាមនុស្សដែលព្រះជាម្ចាស់ប្រទានព្រះពរដែរ។ តើអ្នករាល់គ្នាបានទទួលការបំភ្លឺណាមួយពីការនេះដែរឬទេ? មនុស្សមើលទៅមនុស្សតែសំបកខាងក្រៅប៉ុណ្ណោះ រីឯព្រះជាម្ចាស់វិញ គឺព្រះអង្គទតមើលដួងចិត្តរបស់មនុស្ស និងសារជាតិរបស់ពួកគេ។ ព្រះជាម្ចាស់មិនអនុញ្ញាតឲ្យនរណាម្នាក់មានចិត្តពាក់កណ្តាល ឬការសង្ស័យចំពោះព្រះអង្គឡើយ ហើយក៏មិនអនុញ្ញាតឲ្យមនុស្សនៅមន្ទិល ឬល្បងលព្រះអង្គតាមរបៀបណាមួយឡើយ។ ហេតុដូច្នេះ ទោះបីជាមនុស្សសព្វថ្ងៃនេះជួបមុខទល់នឹងមុខជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬអ្នកអាចនិយាយបានថា ជួបមុខទល់នឹងមុខជាមួយព្រះជាម្ចាស់តាមរយៈអ្វីមួយនៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ អត្ថិភាពនៃសារធាតុពុករលួយ និងឥរិយាបថអរិភាពរបស់ពួកគេចំពោះព្រះអង្គក៏ដោយ ក៏មនុស្សត្រូវបានរារាំង ពីការមានជំនឿដ៏ពិតទៅលើព្រះជាម្ចាស់ ហើយត្រូវបានរារាំងមិនឲ្យស្តាប់បង្គាប់ព្រះអង្គដែរ។ ដោយសារបញ្ហានេះ វាពិតជាពិបាកណាស់សម្រាប់ពួកគេក្នុងការទទួលបានព្រះពរតែមួយដូចដែលព្រះជាម្ចាស់បានប្រទានដល់លោកណូអេ។

៣. ព្រះជាម្ចាស់ប្រើឥន្ទនូ ជានិមិត្តរូបនៃការតាំងសញ្ញារបស់ព្រះអង្គជាមួយមនុស្ស

លោកុប្បត្តិ ៩:១១-១៣ ហើយខ្ញុំនឹងតាំងសញ្ញារបស់ខ្ញុំជាមួយអ្នករាល់គ្នាថា គ្រប់សាច់ទាំងអស់នឹងមិនត្រូវបំផ្លាញដោយទឹកជំនន់ទៀតទេ។ ហើយក៏នឹងលែងមានទឹកជំនន់មកបំផ្លិចបំផ្លាញផែន‌ដីទៀតដែរ។ ព្រះ‌ជាម្ចាស់មានបន្ទូលថា៖ នេះជាទីសម្គាល់នៃសេចក្ដីសញ្ញាដែលខ្ញុំតាំងរវាងខ្ញុំនិងអ្នករាល់គ្នា និងភាវៈមានជីវិតទាំងអស់ ដែលនៅជា‌មួយឯងរាល់គ្នា នៅគ្រប់ជំនាន់ជានិច្ចនិរន្តរ៍ គឺខ្ញុំដាក់ឥន្ធ‌ធនូរបស់ខ្ញុំនៅក្នុងពពក ហើយឥន្ធ‌ធនូនេះនឹងបានជាទីសម្គាល់នៃសេចក្ដីសញ្ញា ដែលខ្ញុំបានតាំងរវាងខ្ញុំ និងផែន‌ដី។

ជាបន្ទាប់ សូមយើងមើលបទគម្ពីរត្រង់ផ្នែកនេះ ដែលនិយាយអំពីរបៀបដែលព្រះជាម្ចាស់ប្រើឥន្ធនូ ជានិមិត្តរូបនៃការតាំងសញ្ញារបស់ព្រះអង្គជាមួយមនុស្ស។

មនុស្សភាគច្រើនស្គាល់ថាឥន្ធនូគឺជាអ្វី ហើយក៏បានស្ដាប់ឮរឿងខ្លះទាក់ទងនឹងឥន្ធនូដែរ។ ចំពោះរឿងអំពីឥន្ធនូនៅក្នុងព្រះគម្ពីរ មានមនុស្សខ្លះក៏ជឿ ហើយមានខ្លះទៀតចាត់ទុកថា វាជារឿងព្រេង រីឯអ្នកខ្លះទៀតក៏មិនជឿទាល់តែសោះ។ ទោះយ៉ាងណា ព្រឹត្តិការណ៍ទាំងអស់ ដែលបានកើតឡើងទាក់ទងនឹងឥន្ធនូ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ ហើយបានកើតឡើងនៅក្នុងដំណើរការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់លើមនុស្ស។ ព្រឹត្តិការណ៍ទាំងនេះត្រូវបានកត់ត្រាទុកពិតប្រាកដណាស់នៅក្នុងព្រះគម្ពីរ។ កំណត់ត្រាទាំងនេះមិនបានប្រាប់យើងពីអារម្មណ៍ដែលព្រះជាម្ចាស់មាននៅក្នុងពេលនោះ ឬចេតនានៅពីក្រោយព្រះបន្ទូល ដែលព្រះជាម្ចាស់បានមានបន្ទូលទាំងនេះឡើយ។ លើសពីនេះទៅទៀត ក៏គ្មាននរណាម្នាក់អាចយល់ពីអារម្មណ៍របស់ព្រះជាម្ចាស់ នៅពេលដែលព្រះអង្គមានបន្ទូលទៅកាន់ពួកគេដែរ។ ទោះជាយ៉ាងណាក៏ដោយ ព្រះតម្រិះរបស់ព្រះជាម្ចាស់ទាក់ទងនឹងព្រឹត្តិការណ៍ទាំងមូលនេះ ត្រូវបានបើកសម្ដែងនៅក្នុងអត្ថបទគម្ពីរនេះ។ វាហាក់ដូចជាព្រះតម្រិះរបស់ព្រះអង្គនៅពេលនោះ បានលោតចេញពីទំព័រតាមរយៈពាក្យ និងឃ្លានីមួយៗនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់អ៊ីចឹង។

ព្រះតម្រិះរបស់ព្រះជាម្ចាស់ ជាអ្វីដែលមនុស្សគួរយកចិត្តទុកដាក់ និងអ្វីដែលពួកគេគួរតែព្យាយាមស្គាល់ បំផុត។ នេះគឺដោយសារតែព្រះតម្រិះរបស់ព្រះជាម្ចាស់មានជាប់ទាក់ទងនឹងការយល់ដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ ហើយការយល់ដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ គឺជាទំនាក់ទំនងដែលមិនអាចខ្វះបាន នៅក្នុងការចូលទៅរកជីវិតរបស់មនុស្ស។ ដូច្នេះ តើព្រះជាម្ចាស់ព្រះតម្រិះយ៉ាងដូចម្តេច នៅពេលដែលព្រឹត្តិការណ៍ទាំងនេះកើតឡើង?

កាលដើមឡើយ នៅពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្សមក នៅក្នុងព្រះនេត្ររបស់ព្រះអង្គ គឺពួកគេល្អណាស់ ហើយក៏ជិតស្និទ្ធនឹងព្រះអង្គដែរ ប៉ុន្តែពួកគេត្រូវបានបំផ្លាញចោលដោយទឹកជំនន់ ក្រោយពីមានការបះបោរប្រឆាំងនឹងព្រះអង្គ។ តើវាបានធ្វើឲ្យព្រះជាម្ចាស់ឈឺចាប់ដែរឬទេ នៅពេលដែលមនុស្សត្រូវបាត់បង់ភ្លាមៗបែបនេះ? ជាការពិត វាជារឿងដែលគួរឲ្យឈឺចាប់ណាស់! ដូច្នេះ តើអ្វីជាការបង្ហាញពីការឈឺចាប់របស់ព្រះអង្គ? តើវាត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរយ៉ាងដូចម្តេច? វាត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរជាពាក្យពេចន៍ដូចខាងក្រោម៖ «ហើយខ្ញុំនឹងតាំងសញ្ញារបស់ខ្ញុំជាមួយអ្នករាល់គ្នាថា គ្រប់សាច់ទាំងអស់នឹងមិនត្រូវបំផ្លាញដោយទឹកជំនន់ទៀតទេ។ ហើយក៏នឹងលែងមានទឹកជំនន់មកបំផ្លិចបំផ្លាញផែន‌ដីទៀតដែរ»។ ប្រយោគដ៏សាមញ្ញនេះ បង្ហាញពីព្រះតម្រិះរបស់ព្រះជាម្ចាស់។ ការបំផ្លាញលោកីយនេះបានធ្វើឲ្យព្រះអង្កឈឺចាប់ណាស់។ តាមសំដីរបស់មនុស្ស គឺព្រះអង្គពិតជាសោកសៅណាស់។ យើងអាចស្រមៃមើល៖ តើផែនដីដែលធ្លាប់ពេញទៅដោយជីវិត ប្រែទៅជាបែបណា ក្រោយពីត្រូវបំផ្លាញដោយទឹកជំនន់រួច? តើផែនដីដែលធ្លាប់មានមនុស្សរស់នៅពេញ មានលក្ខណៈបែបណានៅពេលនោះ? គ្មានទីលំនៅរបស់មនុស្ស គ្មានសត្វមានជីវិត ហើយទឹកនៅគ្រប់ទីកន្លែង និងឃើញមានតែការបំផ្លិចបំផ្លាញទាំងស្រុងនៅលើផ្ទៃទឹក។ តើឈុតឆាកបែបនេះ ជាចេតនាដើមរបស់ព្រះជាម្ចាស់នៅពេលដែលព្រះអង្គបានបង្កើតពិភពលោកនេះឬ? ជាការពិត គឺមិនមែនដូច្នោះទេ! គោលបំណងដើមរបស់ព្រះជាម្ចាស់គឺចង់ឃើញជីវិតនៅពាសពេញលើផែនដី ចង់ឃើញមនុស្សដែលព្រះអង្គបានបង្កើតមក គោរពថ្វាយបង្គំដល់ព្រះអង្គ គឺមិនមែនតែលោកណូអេ ម្នាក់ប៉ុណ្ណោះទេ ដែលគោរពថ្វាយបង្គំព្រះអង្គនោះ ឬក៏ជាមនុស្សតែម្នាក់គត់ដែលអាចឆ្លើយតបនឹងការត្រាស់ហៅរបស់ព្រះអង្គ ដើម្បីបំពេញនូវអ្វីដែលព្រះអង្គបានប្រគល់ឲ្យគាត់ធ្វើនោះឡើយ។ នៅពេលដែលមនុស្សបានបាត់បង់ទៅ នោះព្រះជាម្ចាស់មិនបានទតមើលឃើញពីអ្វី ដែលព្រះអង្គមានបំណងតាំងពីដើមដំបូងមកនោះទេ គឺផ្ទុយស្រឡះទាំងស្រុង។ តើមិនឲ្យព្រះទ័យព្រះអង្គឈឺចាប់ដូចម្តេចកើត? ដូច្នេះ នៅពេលដែលព្រះអង្គកំពុងបើកបង្ហាញពីនិស្ស័យរបស់ព្រះអង្គ និងបង្ហាញពីអារម្មណ៍របស់ព្រះអង្គនោះ ព្រះជាម្ចាស់បានធ្វើការសម្រេចព្រះទ័យមួយ។ តើអ្វីដែលព្រះអង្គបានធ្វើការសំរេចព្រះទ័យ? គឺព្រះអង្គបានបង្កើតឥន្ធនូនៅក្នុងពពក (នោះគឺជាឥន្ធនូ ដែលយើងបានឃើញសព្វថ្ងៃនេះ) ទុកជាការតាំងសញ្ញាមួយជាមួយមនុស្ស ដែលជាការសន្យាថា ព្រះជាម្ចាស់នឹងមិនបំផ្លាញមនុស្សជាតិដោយទឹកជំនន់ម្តងទៀតឡើយ។ ទន្ទឹមនឹងនេះដែរ វាក៏ជាការប្រាប់ដល់មនុស្សថា ព្រះជាម្ចាស់បានបំផ្លាញពិភពលោកដោយទឹកជំនន់ ដើម្បីឲ្យមនុស្សជាតិចងចាំជារៀងរហូតថា មូលហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើរឿងបែបនេះ។

តើការបំផ្លាញលោកីយ៍នៅពេលនោះ ជាអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានឬទេ? វាពិតជាមិនមែន ជាអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានឡើយ។ យើងប្រហែលជាអាចស្រមៃមើលផ្នែកតូចមួយដ៏គួរឲ្យអាណិតនៃផែនដី ក្រោយពីការបំផ្លិចបំផ្លាញពិភពលោករួច ក៏ប៉ុន្តែ យើងមិនអាចចូលទៅជិតការស្រមៃអំពីអ្វីដែលជាទិដ្ឋភាពនៅពេលនោះ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់បានឡើយ។ យើងអាចនិយាយបានថា ទោះបីជាមនុស្សនាពេលបច្ចុប្បន្ននេះ ឬនៅជំនាន់ណាក៏ដោយ ក៏គ្មាននរណាម្នាក់អាចស្រមៃ ឬដឹងអំពីអ្វីដែលព្រះជាម្ចាស់កំពុងមានអារម្មណ៍នៅពេលដែលព្រះអង្គបានទតឃើញទិដ្ឋភាព និងរូបភាពនៃពិភពលោកដែលកំពុងត្រូវបានបំផ្លាញដោយទឹកជំនន់ហើយនោះឡើយ។ ព្រះជាម្ចាស់បានបង្ខំព្រះទ័យធ្វើដូច្នេះ ដោយសារការមិនស្តាប់បង្គាប់របស់មនុស្ស ក៏ប៉ុន្តែ ព្រះទ័យឈឺចាប់របស់ព្រះជាម្ចាស់ ចេញពីការបំផ្លាញពិភពលោកដោយទឹកជំនន់នេះ គឺជាការពិត ដែលគ្មាននរណាម្នាក់អាចយល់បានឡើយ។ នោះហើយជាមូលហេតុ ដែលព្រះជាម្ចាស់បានបង្កើតការតាំងសញ្ញាមួយជាមួយមនុស្សជាតិ ហើយតាមរយៈការនេះ គឺព្រះអង្គមានគោលបំណងប្រាប់មនុស្សទាំងអស់ឲ្យចងចាំថា ព្រះជាម្ចាស់ធ្វើរឿងនេះតែម្តងនេះគត់ ហើយស្បថចំពោះពួកគេថា ព្រះជាម្ចាស់នឹងមិនបំផ្លាញពិភពលោកតាមរបៀបបែបនេះទៀតឡើយ។ នៅក្នុងការតាំងសញ្ញានេះ យើងឃើញព្រះទ័យរបស់ព្រះជាម្ចាស់មានការឈឺចាប់នៅពេលដែលព្រះអង្គបានបំផ្លាញមនុស្សនេះ។ នៅក្នុងភាសារបស់មនុស្ស នៅពេលដែលព្រះជាម្ចាស់ បំផ្លាញមនុស្សជាតិ ហើយបានទតឃើញមនុស្សជាតិកំពុងបាត់ទៅ នោះព្រះទ័យរបស់ព្រះអង្គក៏ព្រះកន្សៃង និងហូរព្រះលោហិតចេញមក។ តើនោះមិនមែនជារបៀបដែលល្អបំផុត ដើម្បីពិពណ៌នាអំពីវាទេឬអី? ពាក្យទាំងនេះត្រូវបានប្រើដោយមនុស្ស ដើម្បីបង្ហាញពីអារម្មណ៍របស់មនុស្ស ក៏ប៉ុន្តែដោយសារភាសារបស់មនុស្សនៅខ្វះចន្លោះ ហេតុនេះ ការប្រើពាក្យនេះ ដើម្បីពិពណ៌នាអំពីមនោសញ្ចេតនារបស់ព្រះជាម្ចាស់ និងអារម្មណ៍របស់ព្រះអង្គ ហាក់ដូចជាមិនអាក្រក់ណាស់ណាចំពោះខ្ញុំនោះទេ ហើយពួកវាក៏មិនហួសហេតុពេកដែរ។ យ៉ាងហោចណាស់ វាបានផ្តល់ឲ្យអ្នកនូវការយល់ដឹងយ៉ាងរស់រវើក និងដឹងអំពីអារម្មណ៍របស់ព្រះជាម្ចាស់នៅពេលនោះដែរ។ តើអ្នកនឹងគិតយ៉ាងម៉េច នៅពេលដែលរាល់គ្នាឃើញឥន្ធនូម្តងៗ? យ៉ាងហោចណាស់ អ្នកនឹងចងចាំពីរបៀបដែលព្រះជាម្ចាស់ មានទុក្ខព្រួយ ក្នុងការបំផ្លាញពិភពលោកដោយទឹកជំនន់ដែរ។ អ្នកនឹងចងចាំ ទោះបីជាព្រះជាម្ចាស់ស្អប់ពិភពលោក និងមើលងាយមនុស្សជាតិនេះនៅពេលដែលព្រះអង្គបានបំផ្លាញមនុស្ស ដែលព្រះអង្គបានបង្កើតដោយព្រះហស្តរបស់ព្រះអង្គផ្ទាល់ក៏ដោយ ក៏ព្រះទ័យរបស់ព្រះអង្គ មានការឈឺចុកចាប់ មិនចង់ឲ្យការនេះកើតឡើង និងមានអារម្មណ៍ស្ទាក់ស្ទើរ ព្រមទាំង ពិបាកទ្រាំខ្លាំងណាស់។ ព្រះអង្គទទួលការកំសាន្តព្រះទ័យតាមរយៈគ្រួសាររបស់លោកណូអេទាំងប្រាំបីនាក់តែប៉ុណ្ណោះ។ វាជាកិច្ចសហប្រតិបត្តិការរបស់លោកណូអេ ដែលបានខិតខំប្រឹងប្រែងបង្កើតអ្វីៗទាំងអស់ដោយមិនឥតប្រយោជន៍ឡើយ។ នៅពេលដែលព្រះជាម្ចាស់កំពុងរងទុក្ខ នេះគឺជារឿងតែមួយគត់ ដែលអាចរំសាយការឈឺចាប់របស់ព្រះអង្គបាន។ ចាប់តាំងពីពេលនោះមក ព្រះជាម្ចាស់ក៏បានដាក់ក្តីសង្ឃឹមទាំងអស់របស់មនុស្សទៅលើក្រុមគ្រួសាររបស់លោកណូអេ ដោយសង្ឃឹមថាពួកគេអាចរស់នៅក្រោមព្រះពររបស់ព្រះអង្គ មិនមែនជាបណ្តាសាឡើយ ម្យ៉ាងទៀត ព្រះអង្គសង្ឃឹមថាពួកគេនឹងលែងឃើញព្រះជាម្ចាស់បំផ្លាញពិភពលោកដោយទឹកជំនន់ម្តងទៀតហើយ ជាងនេះទៀត ព្រះជាម្ចាស់សង្ឃឹមថា ពួកគេនឹងមិនត្រូវបានបំផ្លាញឡើយ។

តើយើងគួររៀនពីផ្នែកណានៃនិស្ស័យរបស់ព្រះជាម្ចាស់? ព្រះជាម្ចាស់ស្អប់មនុស្ស ពីព្រោះមនុស្សបានតាំងខ្លួនជាសត្រូវទាស់នឹងព្រះអង្គ ក៏ប៉ុន្តែ នៅក្នុងព្រះទ័យរបស់ព្រះអង្គ គឺព្រះអង្គយកព្រះទ័យទុកដាក់ បារម្ភ និងមានសេចក្ដីមេត្ដាករុណាចំពោះមនុស្សជានិច្ច មិនផ្លាស់ប្តូរឡើយ។ សូម្បីតែនៅពេលដែលព្រះអង្គបានបំផ្លាញមនុស្សជាតិក៏ដោយ ក៏ព្រះទ័យរបស់ព្រះអង្គនៅតែមិនផ្លាស់ប្តូរដដែល។ នៅពេលមនុស្សពោរពេញទៅដោយសេចក្ដីពុករលួយ និងការមិនស្តាប់បង្គាប់ព្រះជាម្ចាស់យ៉ាងខ្លាំង នោះព្រះជាម្ចាស់ត្រូវតែបំផ្លាញមនុស្សនេះចោល ដោយព្រោះតែនិស្សន័យ និងសារជាតិរបស់ទ្រង់ និងស្របតាមគោលការណ៍របស់ទ្រង់។ ប៉ុន្ដែ ដោយសារតែសារជាតិរបស់ព្រះជាម្ចាស់ នោះព្រះអង្គនៅតែអាណិតអាសូរមនុស្សជាតិ ហើយថែមទាំងចង់ប្រើវិធីផ្សេងៗលោះមនុស្សជាតិ ដើម្បីឲ្យពួកគេអាចបន្តរស់នៅបានទៀតផង។ ទោះយ៉ាងណា មនុស្សនៅតែបន្តប្រឆាំងនឹងព្រះជាម្ចាស់ ហើយមិនស្តាប់បង្គាប់ព្រះអង្គ ថែមទាំងបដិសេធមិនទទួលយកសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ទៀតផង ដែលនោះគឺជាការបដិសេធ មិនព្រមទទួលយកបំណងល្អរបស់ព្រះអង្គ។ មិនខ្វល់ថាព្រះជាម្ចាស់បានត្រាស់ហៅពួកគេ រំឭកពួកគេ ផ្គត់ផ្គង់ពួកគេ ជួយពួកគេ ឬអត់ឱនដល់ពួកគេយ៉ាងណាក៏ដោយ ក៏មនុស្សមិនយល់ ថែមទាំងមិនដឹងគុណទៀតផង គឺពួកគេនៅតែមិនយកចិត្តទុកដាក់ដដែល។ នៅក្នុងការឈឺចាប់របស់ព្រះអង្គ ព្រះជាម្ចាស់នៅតែមិនភ្លេចប្រទានឲ្យមនុស្សនូវការអត់ឱនយ៉ាងច្រើនរបស់ព្រះអង្គ ដោយរង់ចាំពួកគេងាកត្រឡប់មកវិញ។ ក្រោយពីព្រះអង្គបានអត់ធ្មត់ដល់កម្រិតរបស់ព្រះអង្គហើយ នោះព្រះអង្គក៏បានធ្វើអ្វីដែលព្រះអង្គត្រូវធ្វើដោយមិនស្ទាក់ស្ទើរឡើយ។ អាចនិយាយម៉្យាងទៀតបានថា ព្រះជាម្ចាស់បានទុកគំលាតរយៈពេល និងដំណើរការដ៏ជាក់លាក់មួយ ចាប់តាំងពីពេលដែលព្រះជាម្ចាស់បានគ្រោងនឹងបំផ្លាញមនុស្សជាតិរហូតដល់ការចាប់ផ្តើមសម្រេចកិច្ចការរបស់ព្រះអង្គនៅក្នុងការបំផ្លាញមនុស្សជាតិនោះ។ ដំណើរការនេះកើតមានឡើង គឺសម្រាប់គោលបំណងនៃការធ្វើឲ្យមនុស្សអាចផ្លាស់ប្តូរទិសដៅ ហើយនេះគឺជាឱកាសចុងក្រោយដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស។ ដូច្នេះ តើព្រះជាម្ចាស់ បានធ្វើអ្វីនៅគ្រានេះ មុនពេលដែលព្រះអង្គបំផ្លាញមនុស្សជាតិ? ព្រះជាម្ចាស់បានធ្វើកិច្ចការសំខាន់ៗមួយចំនួន ដើម្បីរំឭក និងដាស់តឿនដល់ពួកគេ។ មិនថានៅក្នុងព្រះទ័យរបស់ព្រះអង្គទទួលការឈឺចាប់ និងទុក្ខព្រួយកម្រិតណាក៏ដោយ ក៏ព្រះអង្គនៅតែបន្តយកព្រះទ័យទុកដាក់ បារម្ភ និងប្រទានសេចក្តីមេត្តាករុណាយ៉ាងបរិបូរណ៌របស់ព្រះអង្គចំពោះមនុស្សជាតិដដែល។ តើយើងមើលឃើញអ្វីខ្លះពីត្រង់ចំណុចនេះ? ដោយគ្មានការសង្ស័យ យើងឃើញថាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិគឺពិតប្រាកដ ហើយមិនមែនជាអ្វីដែលព្រះអង្គគ្រាន់តែមានបន្ទូលតែបបូរមាត់ប៉ុណ្ណោះទេ។ វាជារឿងជាក់ស្តែង អាចមើលឃើញ និងគួរឲ្យសរសើរ មិនក្លែងក្លាយ មិនផិតក្បត់ មិនបំភាន់ ឬធ្វើពុតឡើយ។ ព្រះជាម្ចាស់មិនដែលប្រើការបោកប្រាស់ណាមួយ ឬបង្កើតរូបភាពមិនពិត ដើម្បីធ្វើឲ្យមនុស្សឃើញថាព្រះអង្គគួរឲ្យស្រឡាញ់នោះទេ។ ព្រះអង្គមិនដែលប្រើទីបន្ទាល់ក្លែងក្លាយ ដើម្បីឲ្យមនុស្សមើលឃើញពីសេចក្តីស្រឡាញ់របស់ព្រះអង្គ ឬដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងភាពបរិសុទ្ធរបស់ព្រះង្គឡើយ។ តើទិដ្ឋភាពនៃនិស្ស័យរបស់ព្រះជាម្ចាស់ទាំងនេះ មិនសក្ដិសមនឹងសេចក្ដីស្រឡាញ់របស់មនុស្សទេឬអី? តើទិដ្ឋភាពទាំងនេះមិនសមនឹងឲ្យថ្វាយបង្គំទេឬអី? តើទិដ្ឋភាពទាំងនេះមិនគួរឲ្យស្រឡាញ់ទេឬអី? នៅត្រង់ចំណុចនេះ ខ្ញុំចង់សួរអ្នករាល់គ្នាថា៖ ក្រោយពីបានស្ដាប់ឮព្រះបន្ទូលទាំងនេះហើយ តើអ្នករាល់គ្នាគិតថា ភាពអស្ចារ្យរបស់ព្រះជាម្ចាស់គ្រាន់តែជាពាក្យទទេឥតប្រយោជន៍ ដែលសរសេរនៅលើក្រដាសមួយសន្លឹកឬ? តើសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គ្រាន់តែជាពាក្យទទេឬ? ទេ! មិនមែនបែបនោះទេ! ភាពឧត្តុង្គឧត្ដម ភាពបរិសុទ្ធ ភាពអត់ធ្មត់ សេចក្តីស្រឡាញ់ និងអ្វីៗផ្សេងៗទៀត ពោលគឺគ្រប់ទាំងសេចក្ដីលំអិតអំពីទិដ្ឋភាពផ្សេងៗនៃនិស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់ តែងបង្ហាញចេញយ៉ាងជាក់ស្តែង នៅរាល់ពេលដែលព្រះអង្គបំពេញកិច្ចការរបស់ព្រះអង្គ និងត្រូវបានរួមបញ្ចូលក្នុងបំណងព្រះហឫទ័យរបស់ព្រះអង្គចំពោះមនុស្ស ហើយក៏ត្រូវបានបំពេញ និងឆ្លុះបញ្ចាំងនៅក្នុងមនុស្សគ្រប់គ្នាដែរ។ មិនថាអ្នកធ្លាប់មានអារម្មណ៍បែបនេះពីមុនមកនោះទេ តែព្រះជាម្ចាស់កំពុងយកព្រះទ័យទុកដាក់ចំពោះមនុស្សគ្រប់រូប តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដោយប្រើព្រះទ័យទៀងត្រង់ ព្រះប្រាជ្ញាញាណរបស់ព្រះអង្គ រួមនិងវិធីសាស្រ្តផ្សេងៗ ដើម្បីផ្តល់ភាពកក់ក្តៅដល់មនុស្សម្នាក់ៗ ព្រមទាំងដាស់ស្មារតីរបស់ពួកគេដែរ។ នេះគឺជាការពិតដែលមិនអាចប្រកែកបាន។ មិនថាមានមនុស្សប៉ុន្មាននាក់ដែលអង្គុយនៅទីនេះទេ មនុស្សម្នាក់ៗសុទ្ធតែមានបទពិសោធន៍ និងអារម្មណ៍ខុសគ្នាចំពោះការអត់ឱន ការអត់ធ្មត់ និងភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់។ បទពិសោធន៍ទាំងអស់អំពីព្រះជាម្ចាស់ អារម្មណ៍ទាំងអស់ ឬការយល់ឃើញអំពីទ្រង់ទាំងអស់នេះ និយាយឲ្យខ្លីទៅ គ្រប់រឿងវិជ្ជមានទាំងអស់នេះ គឺសុទ្ធតែមកពីព្រះជាម្ចាស់។ ដូច្នេះ តាមរយៈការធ្វើសមហរណកម្មបទពិសោធន៍ និងចំណេះដឹងរបស់មនុស្សគ្រប់គ្នាអំពីព្រះជាម្ចាស់ បូកផ្សំជាមួយនឹងការអានអត្ថបទព្រះគម្ពីរទាំងនេះនៅថ្ងៃនេះ តើអ្នករាល់គ្នាមានការយល់ដឹងកាន់តែច្បាស់ និងពិតប្រាកដអំពីព្រះជាម្ចាស់ហើយឬនៅ?

ក្រោយពីបានអានរឿងនេះ និងបានយល់ពីនិស្ស័យខ្លះៗរបស់ព្រះជាម្ចាស់ ដែលបានបង្ហាញតាមរយៈព្រឹត្តិការណ៍នេះហើយ តើអ្នកមានការកោតសរសើរថ្មីចំពោះព្រះជាម្ចាស់បែបណាដែរ? តើវាបានផ្តល់ឲ្យអ្នករាល់គ្នា នូវការយល់ដឹងកាន់តែជ្រាលជ្រៅមួយអំពីព្រះជាម្ចាស់ និងព្រះទ័យរបស់ព្រះអង្គដែរឬទេ? តើអ្នកមានអារម្មណ៍ខុសប្លែគ្នាទេឥឡូវនេះ នៅពេលដែលអ្នកពិនិត្យមើលរឿងរបស់លោកណូអេឡើងវិញ? នៅក្នុងគំនិតរបស់អ្នករាល់គ្នា តើវាចាំបាច់ឬទេនៅក្នុងការសិក្សាខគម្ពីរទាំងនេះ? ឥឡូវនេះ យើងបានសិក្សាខគម្ពីរទាំងនេះរួចហើយ តើអ្នករាល់គ្នាគិតថាវាចាំបាច់ឬអត់? វាពិតជាចាំបាច់ណាស់! ទោះបីជាអ្វីដែលយើងបានអាន គឺជារឿងរ៉ាវក៏ដោយ ក៏វាគឺជាកំណត់ត្រាពិតនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើដែរ។ គោលបំណងរបស់ខ្ញុំ គឺមិនចង់ឲ្យអ្នករាល់គ្នាយល់ពីពត៌មានលំអិតនៃរឿងរ៉ាវទាំងនេះ ឬក៏តួអង្គនៅក្នុងរឿងនេះឡើយ បើដូច្នេះដដែល អ្នករាល់គ្នាអាចវិលត្រលប់ទៅសិក្សាព្រះគម្ពីរឡើងវិញបានដោយខ្លួនឯងម្តងទៀត។ តើអ្នករាល់គ្នាយល់អត់? ដូច្នេះ តើរឿងរ៉ាវទាំងនេះជួយដល់ចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់ដែរឬទេ? តើរឿងនេះបានបន្ថែមអ្វីខ្លះ ទៅក្នុងការយល់ដឹងរបស់អ្នកអំពីព្រះជាម្ចាស់? សូមឲ្យបងប្អូនប្រុសស្រី ដែលមកពីហុងកុងផ្តល់ចម្លើយដល់យើង។ (យើងបានឃើញថា សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គឺជាអ្វីដែលមនុស្សមានបាបមិនអាចមាន។) សូមបងប្អូនយើងដែលមកពីប្រទេសកូរ៉េខាងត្បូងផ្តល់ចម្លើយម្តង។ (សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សគឺពិតបា្រកដ។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស មានបង្កប់នូវនិស្ស័យរបស់ព្រះអង្គ ភាពអស្ចារ្យ ភាពបរិសុទ្ធ ភាពឧត្តុង្គឧត្ដម និងការអត់ឱនរបស់ព្រះអង្គ។ វាសាកសមនឹងឲ្យយើងព្យាយាមស្វែងយល់ឲ្យបានស៊ីជម្រៅអំពីវា។) (តាមរយៈការសិក្សាជាមួយគ្នាអម្បាញ់មិញ ធ្វើឲ្យខ្ញុំអាចមើលឃើញសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ និងនិស្ស័យបរិសុទ្ធរបស់ព្រះអង្គ ហើយខ្ញុំក៏អាចមើលឃើញពីការយកព្រះទ័យទុកដាក់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ សេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ និងអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ និងគ្រប់ទាំងព្រះតម្រិះ និងយោបល់ដែលព្រះអង្គមាន គឺបានបង្ហាញពីសេចក្តីស្រឡាញ់ និងការយកព្រះទ័យទុកដាក់របស់ព្រះអង្គចំពោះមនុស្សជាតិជានិច្ច។) (ការយល់ដឹងរបស់ខ្ញុំកាលពីមុនគឺថា ព្រះជាម្ចាស់បានប្រើទឹកជំនន់ដើម្បីបំផ្លាញពិភពលោក ពីព្រោះមនុស្សជាតិបានប្រែជាអាក្រក់ដល់កម្រិតដែលគួរឲ្យស្អប់ខ្ពើម ជាហេតុដែលធ្វើឲ្យព្រះជាម្ចាស់បំផ្លាញមនុស្សនេះ ដ្បិតព្រះអង្គស្អប់ខ្ពើមពួកគេជាខ្លាំង។ តែក្រោយពីព្រះជាម្ចាស់មានបន្ទូលអំពីរឿងរបស់លោកណូអេនៅថ្ងៃនេះ ហើយបានមានបន្ទូលថា ព្រះទ័យរបស់ព្រះជាម្ចាស់បានហូរជាឈាម ដែលនេះធ្វើឲ្យខ្ញុំដឹងថា ព្រះជាម្ចាស់ពិតជាមានការស្ទាក់ស្ទើរក្នុងការបោះបង់ចោលមនុស្សនេះណាស់។ តែដោយសារតែ មនុស្សជាតិមិនស្តាប់បង្គាប់ព្រះអង្គទាល់តែសោះ បានជាធ្វើឲ្យព្រះជាម្ចាស់គ្មានជំរើស ក្រៅពីបំផ្លាញពួកគេចោលឡើយ។ តាមពិត ព្រះទ័យរបស់ព្រះជាម្ចាស់នៅពេលនោះ ពិតជាក្រៀមក្រំខ្លាំងណាស់។ តាមរយៈការនេះ ខ្ញុំអាចមើលឃើញថា នៅក្នុងនិស្ស័យរបស់ព្រះជាម្ចាស់ គឺព្រះអង្គយកព្រះទ័យទុកដាក់ និងខ្វល់ខ្វាយ ចំពោះមនុស្សជាតិជាខ្លាំង។ នេះជាអ្វីដែលខ្ញុំមិនធ្លាប់ដឹងពីមុនមកទេ។) ល្អណាស់។ ដូច្នេះ អ្នករាល់គ្នាអាចបន្តទៅមុខទៀតបាន។ (ខ្ញុំពិតជាទទួលអារម្មណ៍ប៉ះពាល់យ៉ាងខ្លាំងបន្ទាប់ពីស្តាប់រួច។ កាលពីមុន ខ្ញុំបានអានព្រះគម្ពីរដែរ ក៏ប៉ុន្តែខ្ញុំមិនដែលមានបទពិសោធន៍ដូចនៅថ្ងៃនេះទេ ដ្បិតព្រះជាម្ចាស់បានវែកញែករឿងទាំងនេះយ៉ាងល្អិតល្អន់ដោយត្រង់ៗ ដែលធ្វើឲ្យយើងអាចស្គាល់ព្រះអង្គកាន់តែច្បាស់ឡើង។ ដើម្បីឲ្យយើងស្គាល់ព្រះជាម្ចាស់បែបនេះបាន គឺតាមរយៈព្រះគម្ពីរ ត្បិតព្រះគម្ពីរជួយខ្ញុំឲ្យដឹងថា សារជាតិរបស់ព្រះជាម្ចាស់នៅចំពោះសេចក្ដីពុករលួយរបស់មនុស្ស គឺសេចក្ដីស្រឡាញ់ និងការយកព្រះទ័យទុកដាក់ចំពោះមនុស្សជាតិ។ តាំងពីពេល ដែលមនុស្សបានប្រែជាពុករលួយ មកទល់គ្រាចុងក្រោយសព្វថ្ងៃនេះ យើងឃើញថា និស្ស័យសុចរិតរបស់ព្រះជាម្ចាស់ សេចក្តីស្រឡាញ់ និងការយកព្រះទ័យទុកដាក់របស់ព្រះអង្គ នៅតែមិនផ្លាស់ប្តូរដដែល។ នេះបង្ហាញថា សារជាតិនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ តាំងពីគ្រាបង្កបង្កើត រហូតមកដល់ពេលនេះ ទោះបីជាមនុស្សពុករលួយបែបណាក៏ដោយ ក៏សេចក្តីស្រឡាញ់របស់ព្រះអង្គមិនដែលផ្លាស់ប្តូរឡើយ។) (ថ្ងៃនេះ ខ្ញុំបានឃើញថា សារជាតិរបស់ព្រះជាម្ចាស់ គឺមិនដែលផ្លាស់ប្តូរឡើយ ទោះបីជាមានការផ្លាស់ប្តូរនៃពេលវេលា ឬទីតាំងនៃការងាររបស់ខ្ញុំក៏ដោយ ខ្ញុំក៏ឃើញដែរថា ទោះបីជាព្រះជាម្ចាស់បង្កើតពិភពលោកក្តី ឬបំផ្លាញវាចោលក្តី ក្រោយពីមនុស្សប្រែជាពុករលួយក៏ដោយ តែអ្វីៗទាំងអស់ដែលព្រះអង្គធ្វើ សុទ្ធតែមានន័យ និងបង្កប់នូវនិស្ស័យរបស់ព្រះអង្គ។ ដូច្នេះ ខ្ញុំឃើញថា សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ គឺគ្មានព្រំដែន និងមិនអាចវាស់វែងបានឡើយ ហើយខ្ញុំក៏បានឃើញដូចជាបងប្អូនប្រុសស្រីឯទៀតបានរៀបរាប់ដែរថា ព្រះជាម្ចាស់យកព្រះទ័យទុកដាក់ និងមានសេចក្តីមេត្តាករុណាចំពោះមនុស្សជាតិ នៅពេលដែលព្រះអង្គបានបំផ្លាញពិភពលោកចោល។) (រឿងទាំងនេះ ខ្ញុំពិតជាមិនធ្លាប់ដឹងពីមុនមកទេ។ ក្រោយពីបានស្តាប់ថ្ងៃនេះហើយ ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់ពិតជាគួរឲ្យជឿជាក់ គួរឲ្យទុកចិត្ត និងសាកសមឲ្យជឿលើព្រះអង្គ ហើយព្រះជាម្ចាស់ពិតជាមានអត្ថិភាពមែន។ ខ្ញុំសូមកោតសរសើរយ៉ាងស្មោះនៅក្នុងចិត្តខ្ញុំថា និស្ស័យ និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ពិតជារឹងមាំខ្លាំងណាស់។ នេះគឺជាអារម្មណ៍ដែលខ្ញុំមាន ក្រោយពីបានស្តាប់នៅថ្ងៃនេះ។) ពិតជាប្រសើរណាស់! អ្នករាល់គ្នាបានយកអ្វីដែលអ្នកបានស្ដាប់ឮ ទៅដាក់នៅក្នុងដួងចិត្តអ្នកហើយ។

តើអ្នករាល់មានបានកត់សំគាល់អ្វីមួយពីខគម្ពីរទាំងអស់ រួមទាំងរឿងនៅក្នុងព្រះគម្ពីរទាំងអស់ ដែលយើងបានសិក្សាជាមួយគ្នានៅថ្ងៃនេះដែរឬទេ? តើព្រះជាម្ចាស់ ធ្លាប់ប្រើភាសាផ្ទាល់របស់ព្រះអង្គ ដើម្បីបង្ហាញពីព្រះតម្រិះផ្ទាល់របស់ព្រះអង្គ ឬពន្យល់ពីសេចក្តីស្រឡាញ់ និងការយកព្រះទ័យទុកដាក់របស់ព្រះអង្គចំពោះមនុស្សដែរឬទេ? តើមានកំណត់ត្រាអំពីព្រះអង្គ ប្រើភាសាត្រង់ៗណាមួយ ដើម្បីបញ្ជាក់ថា ព្រះអង្គយកព្រះទ័យទុកដាក់ ឬស្រឡាញ់មនុស្សជាតិខ្លាំងប៉ុនណាដែរឬទេ? ទេ គ្មានទេ! តើត្រឹមត្រូវអត់? ក្នុងចំណោមអ្នករាល់គ្នា មានមនុស្សជាច្រើន ដែលបានអានព្រះគម្ពីរ ឬសៀវភៅផ្សេងៗទៀតច្រើនជាងព្រះគម្ពីរទៅទៀត។ តើមាននរណាម្នាក់ធ្លាប់បានឃើញពាក្យបែបនេះដែរឬទេ? ចម្លើយគឺច្បាស់ជាគ្មានទេ! នោះគឺថា នៅក្នុងកំណត់ត្រាព្រះគម្ពីរ រួមទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬឯកសារផ្សេងៗអំពីកិច្ចការរបស់ព្រះអង្គ ទោះក្នុងសម័យកាល ឬពេលណាក៏ដោយ ក៏ព្រះជាម្ចាស់មិនដែលប្រើរបៀបផ្ទាល់ខ្លួនរបស់ព្រះអង្គ ដើម្បីពិពណ៌នាអំពីអារម្មណ៍របស់ព្រះអង្គ ឬបង្ហាញសេចក្តីស្រឡាញ់ និងការយកព្រះទ័យទុកដាក់របស់ព្រះអង្គចំពោះមនុស្សជាតិ ហើយព្រះជាម្ចាស់ក៏មិនដែលបានប្រើព្រះបន្ទូល ឬសកម្មភាពណាមួយដើម្បីបង្ហាញពីមនោសញ្ចេតនា និងអារម្មណ៍របស់ព្រះអង្គឡើយ តើនោះជាការពិត ឬអត់? ហេតុអ្វីបានជាខ្ញុំនិយាយដូច្នេះ? ហេតុអ្វីបានខ្ញុំត្រូវនិយាយអំពីបញ្ហានេះ? នេះក៏ព្រោះតែរឿងនេះបង្កប់នូវសេចក្តីស្រឡាញ់ និងនិស្ស័យរបស់ព្រះជាម្ចាស់ដែរ។

ព្រះជាម្ចាស់បានបង្កើតមនុស្សជាតិមក។ មិនថាពួកគេប្រែជាពុករលួយ ឬថាពួកគេដើរតាមព្រះអង្គក៏ដោយ ក៏ព្រះជាម្ចាស់ចាត់ទុកមនុស្សថាជាទីស្រឡាញ់របស់ព្រះអង្គដដែល ឬដូចដែលមនុស្សធ្លាប់និយាយថា មនុស្សជាទីស្រឡាញ់របស់ព្រះអង្គ មិនមែនជារបស់លេងរបស់ព្រះអង្គឡើយ។ ទោះបីជាព្រះជាម្ចាស់មានបន្ទូលថា ព្រះអង្គជាព្រះអាទិករ ហើយមនុស្សគឺជាស្នាព្រះហស្តនៃការបង្កើតរបស់ព្រះអង្គ ដែលស្តាប់មើលទៅដូចជាមានភាពខុសគ្នាបន្តិចនៅក្នុងឋានៈក៏ដោយ ក៏ប៉ុន្តែការពិតគឺថា អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានធ្វើសម្រាប់មនុស្សជាតិ គឺលើសពីទំនាក់ទំនងនៃធម្មជាតិនេះទៅទៀត។ ព្រះជាម្ចាស់ស្រឡាញ់មនុស្សជាតិ ថែរក្សាមនុស្សជាតិ និងបង្ហាញការយកព្រះទ័យទុកដាក់ចំពោះមនុស្សជាតិ ក៏ដូចជាផ្គត់ផ្គង់ដល់មនុស្សជាតិជានិច្ចកាល ដោយឥតឈប់ឈរ។ ព្រះអង្គមិនដែលមានអារម្មណ៍នៅក្នុងដួងព្រះទ័យរបស់ព្រះអង្គថា នេះជាការងារបន្ថែម ឬជាអ្វីមួយដែលសមនឹងទទួលបានកិត្តិយសច្រើននោះទេ។ ហើយព្រះអង្គក៏មិនដែលមានព្រះទ័យថា ការជួយសង្គ្រោះមនុស្សជាតិ ការផ្គត់ផ្គង់ និងការប្រទានអ្វីគ្រប់យ៉ាងដល់ពួកគេ គឺជាការបរិច្ចាកយ៉ាងធំធេងដល់មនុស្សជាតិនោះឡើយ។ ព្រះអង្គគ្រាន់តែផ្គត់ផ្គង់ឲ្យមនុស្សជាតិដោយស្ងៀមស្ងាត់ និងតាមរបៀបផ្ទាល់របស់ព្រះអង្គ និងតាមរយៈសារជាតិផ្ទាល់របស់ព្រះអង្គ ព្រមទាំងអ្វីៗដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះអង្គប៉ុណ្ណោះ។ មិនថាមនុស្សជាតិបានទទួលការផ្គត់ផ្គង់ និងជំនួយពីព្រះជាម្ចាស់ច្រើនប៉ុនណាក៏ដោយ ក៏ព្រះជាម្ចាស់មិនដែលព្រះតម្រិះ ឬព្យាយាមចង់បានព្រះកិត្តិនាមឡើយ។ កិច្ចការនេះត្រូវបានកំណត់ដោយសារជាតិរបស់ព្រះជាម្ចាស់ ហើយក៏ជាការបង្ហាញការពិតអំពីនិស្ស័យរបស់ព្រះជាម្ចាស់ដែរ។ នេះជាមូលហេតុដែលមិនថានៅក្នុងព្រះគម្ពីរ ឬសៀវភៅផ្សេងទៀតនោះឡើយ គឺយើងមិនដែលឃើញព្រះជាម្ចាស់បង្ហាញព្រះតម្រិះរបស់ព្រះអង្គ ហើយយើងក៏មិនដែលឃើញព្រះជាម្ចាស់ពិពណ៌នា ឬប្រកាសប្រាប់មនុស្ស ដោយមានគោលបំណងចង់ធ្វើឲ្យមនុស្សជាតិដឹងគុណចំពោះព្រះអង្គ ឬកោតសរសើរដល់ព្រះអង្គដោយលើកឡើងថា ហេតុអ្វីបានជាព្រះអង្គធ្វើរឿងទាំងនេះ ឬហេតុអ្វីបានជាព្រះអង្គយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះមនុស្សជាតិនោះឡើយ។ សូម្បីតែនៅពេលដែលព្រះអង្គឈឺចាប់ ឬនៅពេលដែលព្រះទ័យរបស់ព្រះអង្គរងទុក្ខខ្លាំងយ៉ាងណាក៏ដោយ ក៏ព្រះអង្គមិនដែលភ្លេចពីទំនួលខុសត្រូវរបស់ព្រះអង្គចំពោះមនុស្សជាតិ ឬការយកព្រះទ័យទុកដាក់របស់ព្រះអង្គចំពោះពួកគេឡើយ គ្រប់យ៉ាងគឺព្រះអង្គស៊ូទ្រាំនឹងការរងទុក្ខ និងការឈឺចាប់នេះតែមួយព្រះអង្គឯងដោយស្ងៀមស្ងាត់។ ផ្ទុយពីនេះ ព្រះជាម្ចាស់នៅតែបន្តផ្គត់ផ្គង់ដល់មនុស្សជាតិ ដូចដែលទ្រង់បានធ្វើកន្លងមកដដែល។ ទោះបីជាមនុស្សជាតិសរសើរព្រះជាម្ចាស់ ឬធ្វើបន្ទាល់ពីព្រះអង្គក៏ដោយ ក៏ទង្វើទាំងនេះមិនមែនជាការទាមទារចង់បានពីព្រះជាម្ចាស់ឡើយ។ នេះក៏ព្រោះតែព្រះជាម្ចាស់មិនដែលមានចេតនាចង់បានការតបស្នងសងគុណមកវិញឡើយ នៅពេលដែលព្រះអង្គធ្វើអំពើល្អណាមួយសម្រាប់មនុស្សជាតិ។ ម៉្យាងវិញទៀត អស់អ្នកដែលអាចកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ អស់អ្នកដែលអាចដើរតាមព្រះជាម្ចាស់ពិតប្រាកដ ស្តាប់តាមព្រះជាម្ចាស់ ហើយស្មោះត្រង់នឹងព្រះអង្គ ក៏ដូចជាអស់អ្នកដែលអាចស្តាប់បង្គាប់ព្រះអង្គ អ្នកទាំងអស់នេះហើយជាមនុស្សដែលនឹងទទួលបានព្រះពរពីព្រះជាម្ចាស់ជាញឹកញាប់ ហើយព្រះជាម្ចាស់នឹងប្រទានព្រះពរបែបនេះដោយគ្មានសំចៃឡើយ។ លើសពីនេះទៅទៀត ព្រះពរដែលមនុស្សទទួលបានពីព្រះជាម្ចាស់គឺច្រើនហួសពីការគិតរបស់ពួកគេទៅទៀត ហើយលើសពីអ្វីដែលមនុស្សអាចធ្វើបានដោយភាពត្រឹមត្រូវតាមរយៈអ្វីដែលពួកគេបានធ្វើ ឬតម្លៃដែលពួកគេបានចំណាយ។ នៅពេលដែលមនុស្សជាតិរីករាយនឹងព្រះពររបស់ព្រះជាម្ចាស់ តើមានអ្នកណាខ្វល់អំពីអ្វីដែលព្រះជាម្ចាស់កំពុងធ្វើដែរឬទេ? តើមាននរណាម្នាក់បង្ហាញការព្រួយបារម្ភចំពោះអារម្មណ៍របស់ព្រះជាម្ចាស់ដែរឬទេ? តើមានអ្នកណាព្យាយាមយល់ពីការឈឺចាប់របស់ព្រះជាម្ចាស់ដែរឬទេ? ចម្លើយគឺគ្មានទេ! តើមានមនុស្សណាម្នាក់ រួមទាំងណូអេ អាចដឹងគុណចំពោះការឈឺចាប់ដែលព្រះជាម្ចាស់កំពុងមាននៅពេលនេះដែរឬទេ? តើអ្នកណាអាចយល់បានថា ហេតុអ្វីបានជាព្រះជាម្ចាស់បង្កើតការតាំងសញ្ញាបែបនេះឡើងដែរឬទេ? ពួកគេមិនអាចយល់បានឡើយ! មនុស្សជាតិមិនដឹងគុណចំពោះការឈឺចាប់របស់ព្រះជាម្ចាស់ មិនមែនដោយសារតែពួកគេមិនអាចយល់ពីការឈឺចាប់របស់ព្រះជាម្ចាស់ និងមិនមែនដោយសារតែគម្លាតរវាងព្រះជាម្ចាស់ និងមនុស្ស ឬភាពខុសគ្នានៃឋានៈរបស់ពួកគេនោះឡើយ ផ្ទុយទៅវិញ គឺដោយសារតែមនុស្សជាតិមិនយកចិត្ដទុកដាក់ចំពោះអារម្មណ៍របស់ព្រះជាម្ចាស់ទាល់តែសោះ។ មនុស្សជាតិគិតថាព្រះជាម្ចាស់ជាព្រះឯករាជ្យ ថាព្រះជាម្ចាស់មិនត្រូវការឲ្យមនុស្សយកចិត្តទុកដាក់ចំពោះព្រះអង្គ យល់ពីព្រះអង្គ ឬបង្ហាញការគិតគូរចំពោះព្រះអង្គឡើយ។ ព្រះជាម្ចាស់គឺជាព្រះ ដូច្នេះ ព្រះអង្គគ្មានការឈឺចាប់ គ្មានអារម្មណ៍ ព្រះអង្គមិនចេះសោកសៅ ព្រះអង្គមិនចេះមានអារម្មណ៍ក្រៀមក្រំ ហើយព្រះអង្គក៏មិនចេះព្រះកន្សែងដែរ។ ព្រះជាម្ចាស់គឺជាព្រះ ដូច្នេះព្រះអង្គមិនត្រូវការការបង្ហាញអារម្មណ៍ទេ ហើយព្រះអង្គក៏មិនត្រូវការការលួងលោមផ្លូវចិត្តដែរ។ ប្រសិនបើនៅក្នុងកាលៈទេសៈខ្លះ ព្រះអង្គត្រូវការរបស់ទាំងនេះ នោះព្រះអង្គអាចទ្រាំទ្រតែព្រះអង្គឯងបាន ហើយនឹងមិនត្រូវការជំនួយពីមនុស្សជាតិឡើយ។ តែផ្ទុយទៅវិញ គឺជាមនុស្ស «ទន់ខ្សោយ និងមិនទាន់ពេញវ័យ» ទេតើ ដែលត្រូវការការលួងលោម ការផ្គត់ផ្គង់ ការលើកទឹកចិត្តពីព្រះជាម្ចាស់ ហើយក៏ត្រូវការទ្រង់កំសាន្ដផ្លូវចិត្តរបស់ពួកគេនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែរ។ រឿងបែបនេះ សំងំពួនយ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់មនុស្សជាតិ៖ មនុស្សគឺទន់ខ្សោយ ពួកគេត្រូវការព្រះជាម្ចាស់មើលថែរក្សាពួកគេតាមគ្រប់មធ្យោបាយ ពួកគេសមនឹងទទួលបានការថែរក្សាដែលពួកគេទទួលពីព្រះជាម្ចាស់ ហើយពួកគេគួរតែទាមទារពីព្រះជាម្ចាស់នូវអ្វីដែលពួកគេគិតថាគួរតែជារបស់ពួកគេ។ ព្រះជាម្ចាស់ជាព្រះដ៏ខ្លាំងពូកែ។ ព្រះអង្គមានអ្វីៗគ្រប់យ៉ាង ហើយព្រះអង្គគួរតែធ្វើជាអាណាព្យាបាលរបស់មនុស្សជាតិ និងជាអ្នកប្រទានពរដល់ពួកគេ។ ដោយសារទ្រង់គឺជាព្រះជាម្ចាស់រួចទៅហើយ ហើយព្រះអង្គជាព្រះដែលប្រកបដោយសព្វានុភាព ហេតុនេះ ព្រះអង្គមិនត្រូវការអ្វីពីមនុស្សជាតិឡើយ។

ដោយសារមនុស្សមិនយកចិត្ដទុកដាក់ចំពោះការបើកសម្ដែងរបស់ព្រះជាម្ចាស់ នោះគេមិនដែលមានអារម្មណ៍អំពីទុក្ខព្រួយ ការឈឺចាប់ ឬអំណររបស់ព្រះជាម្ចាស់ឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ព្រះជាម្ចាស់ជ្រាបពីអារម្មណ៍របស់មនុស្សទាំងអស់ដូចជាបាតព្រះហស្ដរបស់ព្រះអង្គអ៊ីចឹង។ ព្រះជាម្ចាស់ផ្គត់ផ្គង់សេចក្តីត្រូវការរបស់មនុស្សគ្រប់រូប គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយសង្កេតមើលការផ្លាស់ប្តូរគំនិតរបស់មនុស្សម្នាក់ៗ ដូច្នេះ វាអាចជួយកំសាន្ដចិត្ត និងដាស់តឿនពួកគេ ណែនាំ និងស្រាយបំភ្លឺដល់ពួកគេ។ ចំពោះអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានធ្វើទៅលើមនុស្សជាតិ និងតម្លៃទាំងអស់ដែលព្រះអង្គបានចំណាយដោយសារពួកគេ តើមនុស្សអាចរកឃើញអត្ថបទមួយនៅក្នុងព្រះគម្ពីរ ឬពីអ្វីដែលព្រះជាម្ចាស់បានមានបន្ទូលមកទល់ពេលនេះដែលបញ្ជាក់យ៉ាងច្បាស់ថា ព្រះជាម្ចាស់នឹងទាមទារអ្វីមួយពីមនុស្សវិញដែរទេ? ទេ អត់មានទេ! ផ្ទុយទៅវិញ មិនថាមនុស្សព្រងើយកន្ដើយនឹងព្រះតម្រិះរបស់ព្រះជាម្ចាស់យ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅតែដឹកនាំមនុស្សជាតិម្តងហើយម្តងទៀត ផ្គត់ផ្គង់ដល់មនុស្សជាតិ ហើយជួយពួកគេឲ្យដើរតាមផ្លូវរបស់ព្រះជាម្ចាស់ ដើម្បីឲ្យពួកគេអាចទទួលបានវាសនាដ៏ល្អដែលព្រះអង្គបានរៀបចំសម្រាប់ពួកគេ។ ចំពោះព្រះជាម្ចាស់ អ្វីៗដែលជាកម្មសិទ្ធ និងលក្ខណៈរបស់ព្រះអង្គ រួមទាំងព្រះគុណរបស់ព្រះអង្គ សេចក្តីមេត្តាករុណា និងរង្វាន់ទាំងអស់របស់ព្រះអង្គ នោះព្រះអង្គនឹងប្រទានឲ្យដោយគ្មានសំចៃទុកឡើយ ចំពោះអស់អ្នកដែលស្រឡាញ់ និងធ្វើតាមព្រះអង្គ។ ក៏ប៉ុន្តែ ព្រះអង្គមិនដែលបង្ហាញដល់មនុស្សណាម្នាក់នូវការឈឺចាប់ដែលព្រះអង្គបានរងទុក្ខ ឬស្ថានភាពផ្លូវចិត្តរបស់ព្រះអង្គឡើយ ហើយព្រះអង្គក៏មិនដែលត្អូញត្អែរដាក់នរណាម្នាក់ ថាពួកគេមិនចេះគិតគូរដល់ព្រះអង្គ ឬមិនស្គាល់ពីបំណងព្រះហឫទ័យរបស់ព្រះអង្គឡើយ។ ព្រះអង្គគ្រាន់តែមានបន្ទូលអំពីរឿងទាំងអស់នេះដោយស្ងៀមស្ងាត់ រង់ចាំថ្ងៃដែលមនុស្សជាតិនឹងអាចយល់បានប៉ុណ្ណោះ។

ហេតុអ្វីបានជាខ្ញុំនិយាយរឿងទាំងនេះនៅត្រង់នេះ? តើអ្នករាល់គ្នាមើលឃើញអ្វីខ្លះ អំពីរឿងដែលខ្ញុំបាននិយាយ? មានអ្វីមួយនៅក្នុងសារជាតិ និងនិស្ស័យរបស់ព្រះជាម្ចាស់ ដែលងាយនឹងមើលរំលងហួស វាគឺជាអ្វីដែលមានតែព្រះជាម្ចាស់ទេដែលកាន់កាប់បាន គឺគ្មាននរណាម្នាក់ផ្សេងឡើយ រួមទាំងអ្នកផ្សេងទៀតដែលគេគិតថាជាមនុស្សអស្ចារ្យ ជាមនុស្សល្អ ឬជាព្រះនៃការស្រមើស្រមៃរបស់ពួកគេផង។ តើវាជារឿងអ្វី? វាគឺជាភាពមិនអាត្មានិយមរបស់ព្រះជាម្ចាស់។ នៅពេលដែលនិយាយអំពីភាពមិនអាត្មានិយម នោះអ្នកអាចគិតថា អ្នកក៏មិនអាត្មានិយមខ្លាំងដែរ ព្រោះនៅពេលដែលនិយាយដល់កូនៗរបស់អ្នក នោះអ្នកមិនដែលចរចារ ឬតថ្លៃជាមួយពួកគេទេ ឬអ្នកគិតថា អ្នកក៏មិនអាត្មានិយមខ្លាំងដែរ នៅពេលដែលនិយាយដល់ឪពុកម្តាយរបស់អ្នក។ មិនថាអ្នកគិតយ៉ាងម៉េចនោះទេ យ៉ាងហោចណាស់អ្នកមានគំនិតអំពីពាក្យ «មិនអាត្មានិយម» និងគិតថាវាជាពាក្យវិជ្ជមាន ហើយថា ការធ្វើជាមនុស្សមិនអាត្មានិយម គឺជាមនុស្សថ្លៃថ្នូរណាស់។ នៅពេលដែលអ្នកមិនអាត្មានិយម អ្នកឲ្យតម្លៃខ្លួនឯងខ្ពស់។ ក៏ប៉ុន្តែគ្មាននរណាម្នាក់អាចមើលឃើញភាពមិនអាត្មានិយមរបស់ព្រះជាម្ចាស់ នៅគ្រប់រឿងទាំងអស់ក្នុងចំណោមមនុស្ស ព្រឹត្តិការណ៍ សម្ភារៈ និងនៅក្នុងកិច្ចការរបស់ព្រះអង្គឡើយ។ ហេតុអ្វីបានជាដូច្នេះ? ពីព្រោះមនុស្សគឺអាត្មានិយមណាស! ហេតុអ្វីខ្ញុំនិយាយដូច្នេះ? មនុស្សជាតិរស់នៅក្នុងពិភពសម្ភារៈនិយម។ អ្នកអាចធ្វើតាមព្រះជាម្ចាស់ ក៏ប៉ុន្តែអ្នកមិនដែលមើលឃើញ ឬដឹងគុណចំពោះរបៀបដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់អ្នក ស្រឡាញ់អ្នក និងបង្ហាញការយកព្រះទ័យទុកដាក់ចំពោះអ្នកឡើយ។ ដូច្នេះ តើអ្នកមើលឃើញអ្វីខ្លះ? អ្នកមើលឃើញសាច់ញាតិរបស់អ្នក ដែលស្រឡាញ់អ្នក ឬពេញចិត្តលើអ្នកយ៉ាងខ្លាំង។ អ្នកមើលឃើញតែរបស់ដែលមានប្រយោជន៍ចំពោះសាច់ឈាមអ្នក ហើយនិងយកចិត្តទុកដាក់ចំពោះមនុស្ស និងរបស់ដែលអ្នកស្រឡាញ់ប៉ុណ្ណោះ។ នេះគឺជាអ្វីដែលគេហៅថាភាពអាត្មានិយមរបស់មនុស្ស។ ទោះជាយ៉ាងណាក៏ដោយ មនុស្ស «អាត្មានិយម» បែបនេះ មិនដែលខ្វល់ខ្វាយអំពីព្រះជាម្ចាស់ ដែលប្រទានជីវិតដល់ពួកគេឡើយ។ ផ្ទុយពីព្រះជាម្ចាស់ ភាពមិនអាត្មានិយមរបស់មនុស្ស ប្រែក្លាយជាភាពអាត្មានិយម និងគួរឲ្យស្អប់ខ្ពើមទៅវិញ។ មនុស្សអាត្មានិយមជឿជាក់លើអ្វីដែលឥតបានការ មិនពិត ការផិតក្បត់ មិនស៊ីសង្វាក់គ្នា ជាមួយនឹងព្រះជាម្ចាស់ ហើយក៏មិនទាក់ទងនឹងព្រះជាម្ចាស់ដែរ។ ភាពអាត្មានិយមរបស់មនុស្ស គឺសម្រាប់ខ្លួនគេផ្ទាល់ រីឯភាពអាត្មានិយមរបស់ព្រះជាម្ចាស់វិញ គឺជាការបង្ហាញឲ្យឃើញពីលក្ខណៈពិសេសរបស់ព្រះអង្គ។ វាច្បាស់ណាស់ ដោយសារតែភាពអាត្មានិយមរបស់ព្រះជាម្ចាស់ នោះទើបមនុស្សបានទទួលការផ្គត់ផ្គង់ពីព្រះជាម្ចាស់ជានិច្ច។ អ្នករាល់គ្នាប្រហែលជាមិនបានទទួលការប៉ះពាល់ខ្លាំងទៅលើប្រធានបទដែលខ្ញុំកំពុងនិយាយនៅថ្ងៃនេះទេ ហើយក៏មិនចង់ងក់ក្បាលយល់ស្របដែរ ក៏ប៉ុន្តែ នៅពេលអ្នកព្យាយាមយល់ពីព្រះទ័យរបស់ព្រះជាម្ចាស់ នៅក្នុងដួងចិត្តរបស់អ្នក នោះអ្នកនឹងយល់ពីរឿងនេះដោយមិនដឹងខ្លួន៖ នៅក្នុងចំណោមមនុស្ស បញ្ហានានា និងអ្វីៗទាំងអស់ដែលអ្នកអាចយល់បាននៅក្នុងពិភពលោកនេះ គឺមានតែភាពអាត្មានិយមរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលពិតប្រាកដ និងរឹងមាំ ពីព្រោះមានតែសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះអ្នកប៉ុណ្ណោះ ដែលគ្មានល័ក្ខខណ្ឌ និងល្អឥតខ្ចោះ។ ក្រៅពីព្រះជាម្ចាស់ គ្មានអ្នកណាម្នាក់គ្មានភាពអាត្មានិយមឡើយ ពួកគេត្រូវបានរាប់ទុកជាមិនពិត មិនមានភាពត្រឹមត្រូវ និងមិនគួរឲ្យជឿឡើយ ពួកគេតែងមានគោលបំណង ឬចេតនាជាក់លាក់មួយដែលធ្វើឲ្យមានការប៉ះទង្គិច ហើយមិនអាចទ្រាំទ្រនឹងការសាកល្បងបានឡើយ។ អ្នកក៏អាចនិយាយបានថា វាកខ្វក់ និងគួរឲ្យស្អប់ខ្ពើម។ តើអ្នកយល់ស្របនឹងពាក្យទាំងនេះទេ?

ខ្ញុំដឹងថាអ្នក អ្នករាល់គ្នាមិនទាន់យល់ច្បាស់អំពីប្រធានបទទាំងនេះនៅឡើយទេ ហើយអ្នកត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឲ្យពួកវាជ្រាបចូល មុនពេលដែលអ្នករាល់គ្នាអាចយល់បានពិតប្រាកដ។ បើអ្នករាល់គ្នាកាន់តែមិនច្បាស់ជាមួយបញ្ហា និងប្រធានបទទាំងនេះ នោះវាកាន់តែបង្ហាញឲ្យឃើញថា ប្រធានបទទាំងនេះកំពុងបាត់បង់ពីក្នុងដួងចិត្តរបស់អ្នកហើយ។ ប្រសិនបើខ្ញុំមិននិយាយពីប្រធានបទទាំងនេះទេ តើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាដឹងអ្វីខ្លះអំពីពួកវាដែរឬទេ? ខ្ញុំជឿថាអ្នករាល់គ្នានឹងមិនដឹងពីពួកវាឡើយ។ នោះគឺជាការពិត។ មិនខ្វល់ថាអ្នករាល់គ្នាអាចយល់ ឬដឹងច្បាស់អំពីប្រធានបទទាំងអស់ដែលខ្ញុំលើកឡើងមកនេះច្រើនប៉ុនណានោះទេ និយាយឲ្យខ្លីទៅ ប្រធានបទទាំងអស់នេះគឺជាអ្វីដែលមនុស្សនៅខ្វះខាត ហើយជាអ្វីដែលពួកគេគួរតែដឹងបំផុត។ ប្រធានបទទាំងនេះមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ពួកវាមានតម្លៃ ហើយពួកវាគឺជាជីវិត និងជាអ្វីៗដែលអ្នករាល់គ្នាត្រូវមានសម្រាប់ផ្លូវទៅខាងមុខទៀត។ បើគ្មានព្រះបន្ទូលទាំងនេះ ជាមាគ៌ានាំផ្លូវទេ បើអ្នកគ្មានការយល់ដឹងអំពីនិស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់ទេ នោះអ្នកនឹងតែងតែមានសញ្ញាសួរនៅពេលដែលនិយាយដល់ព្រះជាម្ចាស់ម្តងៗ។ តើអ្នកអាចជឿលើព្រះជាម្ចាស់យ៉ាងដូចម្តេចកើត ប្រសិនបើអ្នកមិនទាំងយល់ពីព្រះអង្គផងនោះ? អ្នកមិនដឹងអំពីអារម្មណ៍របស់ព្រះជាម្ចាស់ បំណងព្រះហឫទ័យរបស់ព្រះអង្គ ស្ថានភាពផ្លូវចិត្តរបស់ព្រះអង្គ និងអ្វីដែលព្រះអង្គកំពុងត្រិះរិះ អ្វីដែលធ្វើឲ្យព្រះអង្គសោកសៅ និងអ្វីដែលធ្វើឲ្យព្រះអង្គរីករាយផង ដូច្នេះតើអ្នកអាចគិតពិចារណាអំពីព្រះទ័យរបស់ព្រះជាម្ចាស់យ៉ាងដូចម្តេចកើត?

នៅរាល់ពេលដែលព្រះជាម្ចាស់អាក់អន់ព្រះទ័យ នោះព្រះអង្គឃើញថាមនុស្សជាតិមិនដែលយកចិត្តទុក ដាក់ចំពោះព្រះអង្គទាល់តែសោះ មនុស្សជាតិដែលដើរតាមព្រះអង្គ ហើយអះអាងថាស្រឡាញ់ព្រះអង្គនោះ បែរជាធ្វេសប្រហែសចំពោះអារម្មណ៍របស់ព្រះអង្គទាំងស្រុងទៅវិញ។ តើឲ្យព្រះទ័យរបស់ព្រះអង្គមិនឈឺចាប់ដូចម្តេចកើត? នៅក្នុងកិច្ចការគ្រប់គ្រងរបស់ទ្រង់ ព្រះអង្គបំពេញកិច្ចការរបស់ព្រះអង្គ ហើយមានបន្ទូលទៅកាន់មនុស្សម្នាក់ៗដោយស្មោះត្រង់ ហើយព្រះអង្គរថែរក្សាពួកគេដោយគ្មានសំចៃ ឬលាក់បាំងអ្វីឡើយ។ ក៏ប៉ុន្តែផ្ទុយទៅវិញ មនុស្សគ្រប់គ្នាដែលដើរតាមព្រះអង្គ បានហាមឃាត់ព្រះអង្គ ហើយគ្មាននរណាម្នាក់សុខចិត្តចូលមកជិតព្រះអង្គយ៉ាងសកម្ម ដើម្បីស្វែងយល់ពីព្រះទ័យរបស់ព្រះអង្គ ឬយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់ព្រះអង្គឡើយ។ សូម្បីតែអ្នកដែលចង់មានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹងព្រះអង្គ ក៏មិនចង់ចូលទៅជិតព្រះអង្គ គិតដល់ព្រះទ័យរបស់ព្រះអង្គ ឬព្យាយាមយល់ពីព្រះអង្គដែរ។ នៅពេលដែលព្រះជាម្ចាស់ត្រេកអរ និងរីករាយ ក៏គ្មាននរណាម្នាក់ចែករំលែកសុភមង្គលជាមួយព្រះអង្គដែរ។ នៅពេលដែលមនុស្សមានការយល់ច្រឡំអំពីព្រះជាម្ចាស់ ក៏គ្មាននរណាម្នាក់មកលួងលោមព្រះទ័យឈឺចាប់របស់ព្រះអង្គដែរ។ នៅពេលដែលព្រះទ័យរបស់ព្រះអង្គឈឺចាប់ គ្មានមនុស្សណាម្នាក់ ដែលសុខចិត្តឲ្យព្រះអង្គទុកចិត្តលើពួកគេឡើយ។ ក្នុងរយៈពេលរាប់ពាន់ឆ្នាំនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ នោះគ្មាននរណាម្នាក់ដែលយល់ពីអារម្មណ៍របស់ព្រះជាម្ចាស់ គ្មានអ្នកណាម្នាក់អាចយល់ ឬដឹងគុណចំពោះកិច្ចការទាំងនោះឡើយ វៀរលែងតែអ្នកដែលអាចឈរនៅក្បែរព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចចែករំលែកអំណរ និងទុក្ខសោករបស់ព្រះអង្គបាន។ ព្រះជាម្ចាស់ ទ្រង់ឯកោ។ ព្រះអង្គឯកោ! ព្រះជាម្ចាស់ ឯកោមិនត្រឹមតែដោយសារតែមនុស្សអាក្រក់ ប្រឆាំងនឹងព្រះអង្គប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមពីលើនេះទៀត គឺដោយសារតែអស់អ្នកដែលស្វែងរកខាងវិញ្ញាណ អស់អ្នកដែលស្វែងរកដើម្បីស្គាល់ព្រះជាម្ចាស់ និងយល់ពីព្រះអង្គ ហើយសូម្បីតែអ្នកដែលសុខចិត្តលះបង់ជីវិតរបស់ពួកគេសម្រាប់ព្រះអង្គ ក៏មិនស្គាល់ព្រះតម្រិះ ឬយល់ពីនិស្ស័យ និងអារម្មណ៍របស់ព្រះអង្គដែរ។

នៅចុងបញ្ចប់នៃរឿងរបស់លោកណូអេ យើងឃើញថាព្រះជាម្ចាស់បានប្រើរបៀបមិនធម្មតាមួយ ដើម្បីបង្ហាញពីអារម្មណ៍របស់ព្រះអង្គនៅពេលនោះ។ វាជាវិធីសាស្រ្តពិសេសមួយ៖ ដើម្បីបង្កើតការតាំងសញ្ញាមួយជាមួយមនុស្ស ដែលជាការប្រកាសអំពីទីបញ្ចប់នៃការបំផ្លិចបំផ្លាញពិភពលោកដោយទឹកជំនន់របស់ព្រះជាម្ចាស់។ មើលពីខាងក្រៅ ការបង្កើតការតាំងសញ្ញា វាហាក់ដូចជារឿងធម្មតាមួយ។ វាមិនមានអ្វីក្រៅពីការប្រើពាក្យ ដើម្បីចងភ្ជាប់ភាគីទាំងពីរ និងរារាំងពួកគេពីការរំលោភលើកិច្ចព្រមព្រៀងរបស់ពួកគេ ក្នុងគោលបំណងដើម្បីការពារផលប្រយោជន៍របស់ពួកគេទាំងពីរឡើយ។ នៅក្នុងទម្រង់ វាជារឿងធម្មតា ក៏ប៉ុន្តែ ការជម្រុញពីខាងក្រោយ និងចេតនារបស់ព្រះជាម្ចាស់ក្នុងការធ្វើរឿងនេះ គឺជាការបង្ហាញឲ្យឃើញពិតប្រាកដនូវនិស្ស័យរបស់ព្រះជាម្ចាស់ និងសភាពនៃព្រះតម្រិះរបស់ទ្រង់។ ប្រសិនបើអ្នកគ្រាន់តែទុកពាក្យទាំងនេះចោលមួយឡែក ហើយធ្វើព្រងើយកន្តើយ ប្រសិនបើខ្ញុំមិនប្រាប់អ្នករាល់គ្នាពីសេចក្តីពិតនៃរឿងនេះទេ នោះមនុស្សជាតិពិតជាមិនដឹងពីព្រះតម្រិះរបស់ព្រះជាម្ចាស់ឡើយ។ ប្រហែលជានៅក្នុងការស្រមើស្រមៃរបស់អ្នក ព្រះជាម្ចាស់កំពុងតែញញឹម នៅពេលដែលព្រះអង្គបង្កើតការតាំងសញ្ញានេះឡើង ឬប្រហែលជាទឹកព្រះភ័ក្ដ្ររបស់ព្រះអង្គតឹងរ៉ឹង ក៏ប៉ុន្តែមិនថាមនុស្សធម្មតាស្រមើស្រមៃពីព្រះជាម្ចាស់យ៉ាងដូចម្តេចឡើយ គឺគ្មាននរណាម្នាក់ អាចមើលឃើញព្រះទ័យរបស់ព្រះជាម្ចាស់ ឬការឈឺចាប់របស់ព្រះអង្គបានឡើយ។ គ្មានអ្នកណាអាចធ្វើឲ្យព្រះជាម្ចាស់ទុកព្រះទ័យបាន ឬសក្ដិសមនឹងឲ្យព្រះអង្គទុកព្រះទ័យឡើយ ឬធ្វើជាបុគ្គលម្នាក់ដែលព្រះអង្គអាចបង្ហាញពីព្រះតម្រិះ ឬការឈឺចាប់របស់ព្រះអង្គលើគេបានដែរ។ នោះហើយជាមូលហេតុដែលព្រះជាម្ចាស់គ្មានជំរើស ក្រៅពីធ្វើរឿងបែបនេះឡើយ។ តាមលក្ខណៈខាងក្រៅ ព្រះជាម្ចាស់បានធ្វើរឿងងាយស្រួលមួយ នៅក្នុងការដេញថ្លៃលាគ្នាចំពោះមនុស្សជាតិ ទុកដូចជាការដោះស្រាយបញ្ហាពីអតីតកាល និងនាំមកនូវទីបញ្ចប់ដ៏ប្រសើរមួយនៃការបំផ្លិចបំផ្លាញពិភពលោកដោយទឹកជំនន់របស់ព្រះអង្គ។ ទោះយ៉ាងណា ព្រះជាម្ចាស់បានកប់ការឈឺចាប់ពេលនេះ ទៅក្នុងជម្រៅព្រះហឫទ័យរបស់ព្រះអង្គហើយ។ នៅពេលដែលព្រះជាម្ចាស់មិនមាននរណាម្នាក់ ដែលព្រះអង្គអាចទុកចិត្ដបាន នោះព្រះអង្គក៏បានបង្កើតការតាំងសញ្ញាជាមួយមនុស្សជាតិ ដោយប្រាប់ពួកគេថា ព្រះអង្គនឹងមិនបំផ្លាញពិភពលោកដោយទឹកជំនន់ម្តងទៀតឡើយ។ នៅពេលដែលឥន្ធនូលេចចេញមក វាគឺជាការរំលឹកដល់មនុស្សថា រឿងបែបនេះបានកើតឡើងហើយ ដើម្បីទុកជាការព្រមានដល់ពួកគេឲ្យគេចចេញពីសេចក្ដីអាក្រក់។ សូម្បីតែស្ថិតក្នុងស្ថានភាពឈឺចាប់បែបនេះក៏ដោយ ក៏ព្រះជាម្ចាស់មិនភ្លេចមនុស្សជាតិដែរ ហើយនៅតែបង្ហាញការយកព្រះទ័យទុកដាក់ខ្លាំងចំពោះពួកគេដដែល។ តើនេះមិនមែនជាសេចក្តីស្រឡាញ់ ហើយនិងភាពគ្មានអាត្មានិយមរបស់ព្រះជាម្ចាស់ទេឬ? ក៏ប៉ុន្តែ តើមនុស្សគិតយ៉ាងដូចម្តេចនៅពេលដែលពួកគេកំពុងរងទុក្ខលំបាក? តើនេះមិនមែនជាពេលវេលា ដែលពួកគេត្រូវការព្រះជាម្ចាស់ជាជាងគេទេមែនទេ? នៅក្នុងពេលបែបនេះ មនុស្សតែងតែទាញព្រះជាម្ចាស់មកក្បែរ ដើម្បីឲ្យព្រះអង្គលួងលោមពួកគេ។ មិនថានៅពេលណាទេ ព្រះជាម្ចាស់នឹងមិនដែលធ្វើឲ្យមនុស្សចុះអន់ថយឡើយ ហើយព្រះអង្គតែងតែជួយឲ្យមនុស្សចេញពីភាពលំបាករបស់គេ ហើយរស់នៅក្នុងពន្លឺជានិច្ច។ ទោះបីជាព្រះជាម្ចាស់ផ្គត់ផ្គង់ដល់មនុស្សជាតិច្រើនយ៉ាងណាក្ដី តែនៅក្នុងដួងចិត្តរបស់មនុស្ស ព្រះជាម្ចាស់ប្រៀបបានទៅនឹងថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំផ្តល់កម្លាំងតែប៉ុណ្ណោះ។ នៅពេលដែលព្រះជាម្ចាស់កំពុងតែរងទុក្ខ នៅពេលដែលព្រះទ័យរបស់ព្រះអង្គត្រូវបានរងរបួស តើមានមនុស្សណាម្នាក់នៅជាមួយព្រះអង្គ ឬលួងលោមដល់ព្រះអង្គឬទេ បើបានបែបនោះមែន នោះប្រាកដជាកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់ព្រះជាម្ចាស់ណាស់។ មនុស្សមិនដែលយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់ព្រះជាម្ចាស់ទេ ដូច្នេះព្រះជាម្ចាស់មិនដែលសួរ ហើយក៏មិនរំពឹងថានឹងមានអ្នកដែលអាចលួងលោមព្រះអង្គបានដែរ។ ព្រះអង្គមិនដែលប្រើវិធីផ្ទាល់របស់ព្រះអង្គ ដើម្បីបង្ហាញពីអារម្មណ៍របស់ព្រះអង្គឡើយ។ មនុស្សមិនគិតថា វាជាការលំបាកដ៏ធំធេងសម្រាប់ព្រះជាម្ចាស់ ដើម្បីឆ្លងកាត់ការរងទុក្ខទាំងអស់នេះទេ ក៏ប៉ុន្តែ នៅពេលដែលអ្នកពិតជាព្យាយាមយល់ពីព្រះជាម្ចាស់ និង ដឹងគុណចំពោះចេតនាដ៏ស្មោះត្រង់របស់ព្រះជាម្ចាស់ នៅក្នុងគ្រប់កិច្ចការដែលព្រះអង្គធ្វើ គឺនៅពេលនោះហើយ ដែលអ្នកអាចយល់ពីអារម្មណ៍ ភាពអស្ចារ្យរបស់ព្រះជាម្ចាស់ និងភាពគ្មានអាត្មានិយមរបស់ព្រះអង្គបាន ទោះបីជាព្រះជាម្ចាស់បានបង្កើតការតាំងសញ្ញាជាមួយមនុស្សជាតិដោយប្រើឥន្ធនូក៏ដោយ ក៏ព្រះអង្គមិនដែលមានបន្ទូលប្រាប់នរណាម្នាក់ថា ហេតុអ្វីបានជាព្រះអង្គធ្វើរឿងនេះ ហេតុអ្វីបានជាព្រះអង្គបង្កើតការតាំងសញ្ញានេះដែរ មានន័យថា ព្រះអង្គមិនដែលមានបន្ទូលប្រាប់នរណាម្នាក់នូវព្រះតម្រិះពិតប្រាកដរបស់ព្រះអង្គឡើយ។ នេះក៏ព្រោះតែគ្មាននរណាម្នាក់អាចយល់ពីជម្រៅនៃសេចក្តីស្រឡាញ់ ដែលព្រះជាម្ចាស់មានចំពោះមនុស្សជាតិ ដែលព្រះអង្គបានបង្កើតដោយព្រះហស្តរបស់ព្រះអង្គផ្ទាល់នោះទេ ហើយក៏មិនមាននរណាម្នាក់អាចដឹងថា តើព្រះទ័យរបស់ព្រះអង្គឈឺចាប់ប៉ុនណាដែរ នៅពេលដែលព្រះអង្គបានបំផ្លាញមនុស្សជាតិនោះ។ ហេតុដូច្នេះ ទោះបីជាព្រះអង្គចង់មានបន្ទូលប្រាប់មនុស្សពីអារម្មណ៍របស់ព្រះអង្គក៏ដោយ ក៏ពួកគេមិនអាចយល់បានដែរ។ ទោះបីជាឈឺចាប់យ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅតែបន្តជំហានបន្ទាប់នៃកិច្ចការរបស់ព្រះអង្គដដែល។ ព្រះជាម្ចាស់តែងតែប្រទាននូវអ្វីដែលល្អបំផុត និងរបស់ល្អបំផុតដល់មនុស្សជាតិ ខណៈដែលព្រះអង្គរងទុក្ខតែព្រះអង្គឯងដោយស្ងប់ស្ងៀម។ ព្រះជាម្ចាស់មិនដែលលាតត្រដាងនូវការរងទុក្ខទាំងនេះដោយបើកចំហឡើយ។ ផ្ទុយទៅវិញ ព្រះអង្គស៊ូទ្រាំនឹងពួកគេ ហើយរង់ចាំដោយស្ងៀមស្ងាត់។ ការស៊ូទ្រាំរបស់ព្រះជាម្ចាស់មិនត្រជាក់ ស្ពឹកស្រពន់ ឬអស់សង្ឃឹម ហើយក៏មិនមែនជាសញ្ញានៃភាពទន់ខ្សោយដែរ។ ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ និងសារជាតិរបស់ព្រះជាម្ចាស់តែងតែមិនខ្វល់ពីព្រះអង្គទ្រង់ឡើយ។ នេះគឺជាការបើកសម្ដែងពីធម្មជាតិ នូវសារជាតិ ហើយនិងនិស្ស័យរបស់ព្រះអង្គ ព្រមទាំងជាតំណាងពិតប្រាកដនៃអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ក្នុងនាមជាព្រះអាទិករដ៏ពិត។

ក្រោយពីនិយាយបែបនេះមក អ្នកខ្លះអាចបកស្រាយខុសនូវអ្វីដែលខ្ញុំចង់និយាយ។ «តើការពណ៌នាពីអារម្មណ៍ពិស្តាររបស់ព្រះជាម្ចាស់ ធ្វើឡើងនៅក្នុងគោលបំណងអ្វី តើធ្វើបែបនេះដើម្បីឲ្យមនុស្សមានអារម្មណ៍សោកស្តាយចំពោះព្រះជាម្ចាស់ឬ?» តើនោះជាចេតនានៅទីនេះឬ? (ទេ!) គោលបំណងតែមួយគត់របស់ខ្ញុំ ដែលនិយាយអំពីរឿងទាំងនេះ គឺដើម្បីធ្វើឲ្យអ្នករាល់គ្នា ស្គាល់ព្រះជាម្ចាស់ឲ្យកាន់តែច្បាស់ ស្វែងយល់ពីទិដ្ឋភាពដ៏ច្រើនរបស់ព្រះអង្គ យល់ពីអារម្មណ៍របស់ព្រះអង្គ និងដើម្បីដឹងថាសារជាតិ និងនិស្ស័យរបស់ព្រះជាម្ចាស់ គឺជាក់លាក់ នឹងត្រូវបានបង្ហាញឲ្យឃើញតាមរយៈកិច្ចការរបស់ព្រះអង្គ ដែលខុសគ្នាពីការបង្ហាញតាមរយៈពាក្យសម្តីឥតប្រយោជន៍របស់មនុស្ស ន័យពាក្យ និងគោលលទ្ធិ ឬគំនិតរបស់ពួកគេជាដើម។ នោះគឺមានន័យថា ព្រះជាម្ចាស់ និងសារជាតិរបស់ព្រះអង្គ ពិតជាមានប្រាកដមែន វាមិនមែនជាគំនូរ មិនមែនការស្រមើលស្រមៃ មិនមែនជាការសាងសង់ឡើងដោយមនុស្ស ហើយពិតណាស់ វាក៏មិនមែនប្រឌិតឡើងដោយមនុស្សណាមា្នក់នោះឡើយ។ តើអ្នករាល់គ្នាទទួលស្គាល់រឿងនេះដែរឬទេ? ប្រសិនបើអ្នករាល់គ្នាទទួលស្គាល់វា ដូច្នេះ ពាក្យរបស់ខ្ញុំដែលនិយាយនៅថ្ងៃនេះបានសម្រេចគោលដៅរបស់វាហើយ។

យើងបានពិភាក្សាលើប្រធានបទចំនួន ៣ នៅថ្ងៃនេះ។ ខ្ញុំជឿជាក់ថា មនុស្សគ្រប់គ្នាទទួលបានច្រើនពីការជជែកគ្នារបស់យើងលើប្រធានបទទាំងបីនេះ។ ខ្ញុំអាចនិយាយបានយ៉ាងច្បាស់ថា តាមរយៈប្រធានបទទាំងបីនេះ ព្រះតម្រិះរបស់ព្រះជាម្ចាស់ដែលខ្ញុំបានពិពណ៌នា ឬនិស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់ដែលខ្ញុំបានលើកឡើង បានបំផ្លាស់បំប្រែការស្រមើលស្រមៃ និងការយល់ដឹងរបស់មនុស្សទៅលើព្រះជាម្ចាស់ ថែមទាំងបានបំផ្លាស់បំប្រែជំនឿរបស់មនុស្សគ្រប់គ្នាលើព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត បានបំផ្លាស់បំប្រែរូបអង្គរបស់ព្រះជាម្ចាស់ ដែលមនុស្សគ្រប់គ្នាបានកោតសរសើរនៅក្នុងដួងចិត្តរបស់ពួកគេថែមទៀតផង។ មិនខ្វល់ថារឿងអ្វីនោះឡើយ ខ្ញុំសង្ឃឹមថា អ្វីដែលអ្នកបានរៀនសូត្រអំពីនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងផ្នែកទាំងបីនៃព្រះគម្ពីរនេះ នឹងមានប្រយោជន៍ដល់អ្នក ហើយខ្ញុំសង្ឃឹមថា បន្ទាប់ពីអ្នកត្រឡប់ទៅវិញ អ្នកនឹងពិចារណាវាថែមទៀត។ ដូច្នេះ ការប្រជុំរបស់យើងនៅថ្ងៃនេះចប់តែត្រឹមនេះ។ សូមជម្រាបលា!

ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣

ខាង​ដើម៖ របៀបដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ និងលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់

បន្ទាប់៖ កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ