គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់

ព្រះជាម្ចាស់ថ្លែងព្រះបន្ទូលរបស់ទ្រង់ ហើយធ្វើកិច្ចការរបស់ទ្រង់ ស្របទៅតាមយុគសម័យខុសៗគ្នា ហើយទ្រង់ថ្លែងព្រះបន្ទូលខុសៗគ្នា នៅក្នុងយុគសម័យផ្សេងៗគ្នា។ ព្រះជាម្ចាស់មិនប្រកាន់ខ្ជាប់តាមក្បួនច្បាប់ណាមួយ ក៏មិនធ្វើកិច្ចការដដែលៗ ឬមានព្រះហឫទ័យអាឡោះអាល័យចំពោះរឿងរ៉ាវពីអតីតកាលនោះឡើយ។ ទ្រង់ជាព្រះដែលតែងតែថ្មីជានិច្ច និងមិនដែលចាស់គំរិលឡើយ ហើយទ្រង់ថ្លែងព្រះបន្ទូលថ្មីៗរៀងរាល់ថ្ងៃ។ អ្នកគួរតែប្រកាន់ខ្ជាប់តាមអ្វីដែលគួរប្រកាន់ឱ្យខ្ជាប់នៅពេលបច្ចុប្បន្ន។ នេះហើយគឺជាទំនួលខុសត្រូវ និងជាភារកិច្ចរបស់មនុស្ស។ ការអនុវត្តដែលផ្ដោតសំខាន់ទៅលើពន្លឺ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន គឺពិតជាសំខាន់ខ្លាំងណាស់។ ព្រះជាម្ចាស់មិនប្រកាន់តាមក្បួនច្បាប់អ្វីទាំងអស់ ហើយទ្រង់អាចថ្លែងព្រះបន្ទូលតាមទស្សនៈផ្សេៗគ្នា ដើម្បីស្ដែងពីប្រាជ្ញាញាណ និងសព្វានុភាពរបស់ទ្រង់ឱ្យបានច្បាស់។ ទោះយ៉ាងណា ព្រះជាម្ចាស់នៅតែជាព្រះជាម្ចាស់ដដែល បើទោះបីជាទ្រង់ថ្លែងព្រះបន្ទូលតាមទស្សនៈព្រះវិញ្ញាណ ឬទស្សនៈរបស់មនុស្ស ឬបុគ្គលទីបីក្ដី ក៏មិនជាបញ្ហាដែរ ហើយអ្នកមិនអាចនិយាយថា ទ្រង់ជាព្រះដោយសារទ្រង់ថ្លែងព្រះបន្ទូលតាមទស្សនៈរបស់មនុស្សនោះឡើយ។ ដោយសារតែព្រះជាម្ចាស់ថ្លែងព្រះបន្ទូលតាមទស្សនៈផ្សេងៗគ្នា ទើបបានជាមានការយល់ឃើញជាច្រើនបានផុសឡើងក្នុងចំណោមមនុស្សមួយចំនួន។ មនុស្សបែបនេះមិនស្គាល់ព្រះជាម្ចាស់ទេ ហើយក៏មិនស្គាល់កិច្ចការរបស់ទ្រង់ដែរ។ ប្រសិនបើព្រះជាម្ចាស់ថ្លែងព្រះបន្ទូលពីទស្សនៈតែមួយ តើមនុស្សព្រមបោះបង់ចោលក្បួនច្បាប់ដែលទាក់ទងនឹងព្រះជាម្ចាស់ទេ? តើព្រះជាម្ចាស់អាចបណ្ដោយឱ្យមនុស្សប្រព្រឹត្តទង្វើបែបនេះទេ? បើទោះបីព្រះជាម្ចាស់ថ្លែងព្រះបន្ទូលតាមទស្សនៈណាក៏ដោយ ក៏ព្រះអង្គមានគោលបំណងចំពោះការធ្វើបែបនេះដែរ។ ប្រសិនបើព្រះជាម្ចាស់ត្រូវថ្លែងព្រះបន្ទូលតាមទស្សនៈព្រះវិញ្ញាណរហូត តើអ្នកអាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយទ្រង់បានដែរទេ? ហេតុនេះ បានជាពេលខ្លះទ្រង់ថ្លែងព្រះបន្ទូលតាមរយៈបុគ្គលទីបី ដើម្បីប្រទានព្រះបន្ទូលរបស់ទ្រង់ដល់អ្នក ហើយដឹកនាំអ្នកចូលក្នុងតថភាពជាក់ស្ដែង។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើសុទ្ធតែត្រឹមត្រូវ។ និយាយឱ្យខ្លី កិច្ចការគ្រប់យ៉ាង គឺព្រះជាម្ចាស់ជាអ្នកធ្វើទាំងអស់ ហើយអ្នកមិនគួរសង្ស័យចំពោះរឿងនេះឡើយ។ ព្រះអង្គគឺជាព្រះជាម្ចាស់ ដូច្នេះ ទោះបីជាទ្រង់ថ្លែងព្រះបន្ទូលតាមទស្សនៈបែបណា ក៏ព្រះអង្គនៅតែជាព្រះជាម្ចាស់ដដែល។ នេះជាសេចក្ដីពិតមួយ ដែលមិនអាចផ្លាស់ប្ដូរបានឡើយ។ ទោះបីជាទ្រង់ធ្វើកិច្ចការតាមវិធីណា ក៏ទ្រង់នៅតែជាព្រះជាម្ចាស់ ហើយលក្ខណៈពិតរបស់ទ្រង់នឹងមិនប្រែប្រួលឡើយ! ពេត្រុសស្រឡាញ់ព្រះជាម្ចាស់ណាស់ ហើយគាត់ក៏ធ្លាប់ជាមនុស្សម្នាក់ ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យដែរ ប៉ុន្តែព្រះជាម្ចាស់មិនបានធ្វើបន្ទាល់បញ្ជាក់ថា គាត់គឺជាព្រះអម្ចាស់ ឬជាព្រះគ្រីស្ទឡើយ ដ្បិតសភាវៈបែបណា គឺមានលក្ខណៈពិតយ៉ាងនោះអ្នក និងមិនអាចផ្លាស់ប្ដូរបានឡើយ។ ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ទ្រង់មិនប្រកាន់តាមក្បួនច្បាប់អ្វីទាំងអស់ ប៉ុន្តែទ្រង់ប្រើវិធីសាស្ត្រផ្សេងៗពីគ្នា ដើម្បីធ្វើឱ្យកិច្ចការរបស់ទ្រង់មានប្រសិទ្ធភាព និងធ្វើឱ្យមនុស្សស្គាល់ទ្រង់កាន់តែជ្រាលជ្រៅ។ គ្រប់វិធីសាស្ត្រនៃការអនុវត្តកិច្ចការរបស់ទ្រង់ សុទ្ធតែជួយឱ្យមនុស្សស្គាល់ព្រះអង្គ ហើយក៏ដើម្បីកែប្រែមនុស្សឱ្យបានគ្រប់លក្ខណ៍ដែរ។ ទោះបីជាព្រះអង្គប្រើប្រាស់វិធីសាស្ត្រមួយណាដើម្បីអនុវត្តកិច្ចការក៏ដោយ ក៏វិធីសាស្ត្រនីមួយៗសុទ្ធតែត្រូវបានធ្វើឡើងដើម្បីស្អាងមនុស្ស និងធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ដែរ។ ថ្វីបើវិធីសាស្ត្រណាមួយរបស់ទ្រង់អាចនឹងអូសបន្លាយរយៈពេលយូរក៏ដោយ ក៏វិធីសាស្ត្រនេះត្រវបានធ្វើឡើងដើម្បីសម្រួលដល់សេចក្ដីជំនឿដែលមនុស្សមានចំពោះព្រះអង្គដែរ។ ហេតុនេះ គប្បីកុំឱ្យមានក្ដីមន្ទិលសង្ស័យនៅក្នុងចិត្តអ្នករាល់គ្នាឡើយ។ ទាំងអស់នេះសុទ្ធតែជាជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយអ្នករាល់គ្នាត្រូវតែស្ដាប់តាមជំហានទាំងអស់នេះ។

អ្វីដែលត្រូវបានលើកឡើងនៅថ្ងៃនេះ ជាច្រកចូលទៅកាន់តថភាព មិនមែនការឡើងស្ថានសួគ៌ ឬការគ្រងរាជ្យជាស្ដេចនោះទេ អ្វីៗទាំងអស់ដែលត្រូវបានលើកឡើង គឺជាការស្វែងរកច្រកចូលទៅកាន់តថភាព។ ពុំមានការស្វែងរកណាដែលជាក់ស្ដែងជាងនេះឡើយ ហើយការជជែកអំពីការគ្រងរាជ្យជាស្ដេចក៏មិនជាក់ស្ដែងដែរ។ មនុស្សមានចម្ងល់ច្រើនណាស់ ហើយសព្វថ្ងៃនេះ គេក៏នៅតែវាស់ស្ទង់កិច្ចការរបស់ព្រះជាម្ចាស់ ដោយការយល់ដឹងខាងសាសនារបស់ពួកគេដដែលដែរ។ ទោះបីជាមនុស្សបានស្គាល់វិធីសាស្ត្រអនុវត្តកិច្ចការរបស់ព្រះជាម្ចាស់ច្រើនហើយក៏ដោយ តែមនុស្សនៅតែមិនស្គាល់កិច្ចការរបស់ទ្រង់ នៅតែស្វែងរកទីសម្គាល់ និងការអស្ចារ្យ ហើយក៏នៅតែរកមើលថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេចហើយឬនៅដែរ។ តើនោះមិនមែនជាភាពល្ងង់ខ្លៅដ៏សម្បើមទេឬអី? ប្រសិនបើគ្មានផលសម្រេចនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ តើនឹងជឿថាទ្រង់ជាព្រះជាម្ចាស់ទេ? សព្វថ្ងៃនេះ នៅក្នុងក្រុមជំនុំមានមនុស្សបែបនេះជាច្រើន កំពុងតែរង់ចាំមើលទីសម្គាល់ និងការអស្ចារ្យ។ ពួកគេពោលថា ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេច នោះព្រះអង្គគឺជាព្រះជាម្ចាស់ហើយ។ ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនទាន់បានសម្រេច នោះព្រះអង្គមិនមែនជាព្រះជាម្ចាស់ទេ។ ដូច្នេះ តើអ្នកជឿលើព្រះជាម្ចាស់ ដោយព្រោះតែផលសម្រេចនៃព្រះបន្ទូលរបស់ទ្រង់ ឬដោយសារព្រះអង្គផ្ទាល់គឺជាព្រះជាម្ចាស់? ទស្សនៈនៃជំនឿរបស់មនុស្សចំពោះព្រះជាម្ចាស់ គឺត្រូវតែមានលក្ខណៈត្រឹមត្រូវ! កាលណាអ្នកយល់ឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនទាន់បានសម្រេច ហើយអ្នកក៏ប្រញ៉ាប់រត់គេច តើនេះជាជំនឿលើព្រះជាម្ចាស់ដែរឬទេ? កាលណាអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវតែលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីឱ្យបានសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ ហើយស្ដាប់បង្គាប់តាមកិច្ចការទាំងអស់របស់ទ្រង់។ ព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលច្រើនណាស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ តើមានព្រះបន្ទូលណាមួយ ដែលអ្នកបានឃើញផ្ទាល់នឹងភ្នែករបស់អ្នកថាបានសម្រេចហើយ? តើអ្នកអាចនិយាយថា ព្រះយេហូវ៉ាមិនមែនជាព្រះពិត ដោយសារតែអ្នកមិនបានឃើញការនោះឬ? ទោះបីជាមានព្រះបន្ទូលជាច្រើនប្រហែលជាបានសម្រេចហើយក៏ដោយ ក៏មនុស្សមិនអាចមើលឃើញការនោះបានច្បាស់ដែរ ព្រោះមនុស្សមិនមានសេចក្ដីពិត និងមិនយល់អ្វីសោះ។ មនុស្សខ្លះចង់រត់គេច នៅពេលដែលពួកគេមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនទាន់បានសម្រេច។ អ្នកណាដែលចង់ទៅ គួរទៅឱ្យហើយ គ្មាននរណាឃាត់គេឡើយ! សាកមើលទៅ ក្រែងលោអ្នកអាចគេចរួច។ ទោះបីជាគេចរួច ក៏អ្នកគង់តែនឹងវិលមកវិញដែរ។ ព្រះជាម្ចាស់គ្រប់គ្រងអ្នក ដោយព្រះបន្ទូលរបស់ទ្រង់ ហើយប្រសិនបើអ្នកចាកចេញពីក្រុមជំនុំ និងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏អ្នកគង់តែគ្មានផ្លូវរស់បន្តទៅទៀតដែរ។ ប្រសិនបើអ្នកមិនជឿរឿងនេះទេ សាកមើលខ្លួនឯងក៏បាន តើអ្នកគិតថា អ្នកអាចចាកចេញទៅស្រួលៗមែនទេ? ព្រះវិញ្ញាណនៃព្រះជាម្ចាស់ គ្រប់គ្រងអ្នក។ អ្នកមិនអាចចាកចេញបានទេ។ នេះជាបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់! ប្រសិនបើមនុស្សណាចង់សាកមើល ពួកគេអាចសាកបាន! អ្នកពោលថា បុគ្គលម្នាក់នេះមិនមែនជាព្រះជាម្ចាស់ទេ ដូច្នេះ ចូរប្រព្រឹត្តបាបទាស់នឹងទ្រង់ចុះ ហើយចាំមើលទ្រង់ធ្វើអ្វីខ្លះ។ រូបកាយសាច់ឈាមរបស់អ្នកអាចនឹងមិនស្លាប់ទេ ហើយអ្នកក៏នៅតែអាចចិញ្ចឹមជីវិត និងស្លៀកពាក់ឱ្យខ្លួនឯងបានដដែល ប៉ុន្តែក្នុងចិត្តវិញ អ្នកមិនអាចទ្រាំបានទេ។ អ្នកនឹងមានអារម្មណ៍តានតឹង និងអារម្មណ៍រងទារុណ ព្រោះគ្មានអ្វីឈឺចាប់ជាងនេះទៀតទេ។ មនុស្សមិនអាចស៊ូទ្រាំរងទារុណ និងភាពអន្តរាយខាងផ្លូវចិត្តបានឡើយ អ្នកប្រហែលជាអាចធន់ទ្រាំនឹងទុក្ខលំបាកនៃសាច់ឈាមបាន ប៉ុន្តែអ្នកច្បាស់ជាមិនអាចស៊ូទ្រាំជាមួយនឹងភាពតានតឹង និងទុក្ខទារុណខាងផ្លូវចិត្តដ៏យូរអង្វែងបានឡើយ។ សព្វថ្ងៃនេះ អ្នកមិនអាចមើលឃើញទីសម្គាល់ និងការអស្ចារ្យទេ តែក៏គ្មាននរណាម្នាក់ហ៊ានរត់គេចឡើយ មិនថាពួកគេមានភាពអវិជ្ជមានយ៉ាងណាក៏ដោយ ដ្បិតព្រះជាម្ចាស់គ្រប់គ្រងមនុស្សដោយព្រះបន្ទូលរបស់ទ្រង់។ ទោះបីជាគ្មានការមកដល់នៃការពិតក៏ដោយ ក៏គ្មាននរណាម្នាក់អាចគេចរួចបានដែរ។ តើទាំងអស់នេះមិនមែនជាសកម្មភាពរបស់ព្រះជាម្ចាស់ទេឬអី? សព្វថ្ងៃនេះ ព្រះជាម្ចាស់បានយាងមកផែនដីហើយ ដើម្បីប្រទានជីវិតដល់មនុស្ស។ ទ្រង់មិនមែនប្រលោមលួងលោមអ្នកដោយបង្ហាញទីសម្គាល់ និងការអស្ចារ្យជាច្រើន ដើម្បីធានាឱ្យបាននូវសម្ពន្ធភាពដ៏សុខសាន្តរវាងព្រះជាម្ចាស់និងមនុស្ស ដូចដែលមនុស្សស្រមើស្រមៃនោះឡើយ។ មនុស្សណាដែលមិនផ្ដោតការយកចិត្តទុកដាក់លើជីវិត ប៉ុន្តែបែរជាផ្ដោតការយកចិត្តទុកដាក់លើការធ្វើឱ្យព្រះជាម្ចាស់បង្ហាញនូវទីសម្គាល់ និងការអស្ចារ្យ អ្នកទាំងនោះគឺជាពួកផារិស៊ី! គឺពួកផារិស៊ីនេះហើយដែលបោះព្រះយេស៊ូវភ្ជាប់លើឈើឆ្កាង។ ប្រសិនបើអ្នកវាស់ស្ទង់ព្រះជាម្ចាស់ ដោយយោងតាមទស្សនៈនៃជំនឿខ្លួនឯងផ្ទាល់ចំពោះព្រះជាម្ចាស់ ទាំងជឿដល់ទ្រង់ ប្រសិនបើព្រះបន្ទូលទ្រង់បានសម្រេច ហើយថែមទាំងមានមន្ទិល និងប្រមាថដល់ទ្រង់ ប្រសិនបើព្រះបន្ទូលរបស់ទ្រង់មិនបានសម្រេច ដូច្នេះ តើអ្នកមិនបោះព្រះយេស៊ូវភ្ជាប់លើឈើឆ្កាងទេឬអី? មនុស្សបែបនេះគឺជាមនុស្សប្រហែសនឹងកាតព្វកិច្ចរបស់ខ្លួន ហើយរីករាយនឹងភាពស្រណុកសុខស្រួលទាំងចិត្តលោភលន់!

ម្យ៉ាងវិញទៀត បញ្ហាដ៏ធំបំផុតរបស់មនុស្សគឺ គេមិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់។ ទោះបីជាឥរិយាបថរបស់មនុស្ស មិនមែនជាឥរិយាបថមានះរឹងរូសក៏ដោយ តែវាជាឥរិយាបថមន្ទិលសង្ស័យ។ គេមិនបដិសេធមែន តែគេក៏មិនទទួលស្គាល់ទាំងស្រុងដែរ។ ប្រសិនបើមនុស្សស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ច្បាស់ ពួកគេនឹងមិនរត់គេចទេ។ បញ្ហាមួយទៀតរបស់មនុស្ស គឺគេមិនស្គាល់តថភាព។ សព្វថ្ងៃនេះ បុគ្គលម្នាក់ៗសុទ្ធតែបានផ្សារភ្ជាប់ជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រាកដណាស់ នៅថ្ងៃអនាគត អ្នកមិនគួរគិតពីការមើលឃើញទីសម្គាល់ និងការអស្ចារ្យទេ។ ខ្ញុំប្រាប់អ្នកតាមត្រង់ចុះ៖ នៅក្នុងដំណាក់កាលបច្ចុប្បន្ន គ្រប់យ៉ាងដែលអ្នកអាចមើលឃើញ គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបើទោះបីជាគ្មានការពិតក៏ដោយ ក៏ជីវិតរបស់ព្រះជាម្ចាស់នៅតែអាចចាក់ជាប់នៅក្នុងមនុស្សដែរ។ កិច្ចការនេះហើយគឺជាកិច្ចការដ៏សំខាន់នៅក្នុងរាជ្យមួយពាន់ឆ្នាំ ហើយប្រសិនបើអ្នកមិនអាចគិតយល់ពីកិច្ចការនេះទេ នោះអ្នកនឹងទៅជាខ្សោយ ហើយរលំដួលជាមិនខាន។ អ្នកនឹងធ្លាក់ទៅក្នុងសេចក្ដីវេទនា ហើយជាប់ចំណងរបស់សាតាំងធ្ងន់ធ្ងរជាងមុនមិនខាន។ ព្រះជាម្ចាស់បានយាងមកផែនដីនេះ គឺដើម្បីមកថ្លែងព្រះបន្ទូលទ្រង់ជាពិសេស។ អ្វីដែលអ្នកផ្សារភ្ជាប់ជាមួយគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែលអ្នកមើលឃើញគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែលអ្នកស្ដាប់ឮគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែលអ្នកប្រកាន់តាមគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែលអ្នកដកពិសោធន៍គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នេះ ប្រើប្រាស់ព្រះបន្ទូលជាពិសេស ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍។ ព្រះអង្គមិនបង្ហាញនូវទីសម្គាល់ និងការអស្ចារ្យទេ ហើយជាពិសេស ព្រះអង្គក៏មិនធ្វើកិច្ចការដែលព្រះយេស៊ូវបានធ្វើពីអតីតកាលដែរ។ ថ្វីបើទាំងពីរអង្គនេះគឺជាព្រះ ហើយក៏ជាសាច់ឈាមក៏ពិតមែន ប៉ុន្តែព័ន្ធកិច្ចរបស់ទ្រង់មិនដូចគ្នាទេ។ នៅគ្រាដែលព្រះយេស៊ូវបានយាងមកផែនដី ទ្រង់ក៏បានធ្វើកិច្ចការរបស់ព្រះជាម្ចាស់មួយចំណែក ហើយថ្លែងព្រះបន្ទូលខ្លះដែរ ប៉ុន្តែតើអ្វីជាកិច្ចការចម្បងដែលទ្រង់សម្រេចបាន? កិច្ចការដែលទ្រង់សម្រេចបានជាចម្បង គឺកិច្ចការជាប់ឆ្កាង។ ព្រះអង្គបានត្រលប់ជាមានលក្ខណៈដូចជាសាច់ឈាមដែលមានបាប ដើម្បីសម្រេចកិច្ចការជាប់ឆ្កាង ហើយប្រោសលោះមនុស្សជាតិទាំងអស់ ហើយដោយព្រោះតែអំពើបាបរបស់មនុស្សជាតិទាំងអស់ ទើបទ្រង់បំពេញតួនាទីជាតង្វាយធួននឹងបាប។ នេះជាកិច្ចការចម្បង ដែលទ្រង់សម្រេចបាន។ ជាចុងក្រោយ ទ្រង់ក៏បានប្រទានផ្លូវនៃឈើឆ្កាង ដើម្បីដឹកនាំមនុស្សណាដែលមកតាមពីក្រោយ។ កាលព្រះយេស៊ូវយាងមក គោលដៅចម្បងគឺដើម្បីសម្រេចកិច្ចការប្រោសលោះ។ ទ្រង់បានប្រោសលោះមនុស្សជាតិទាំងអស់ ព្រមទាំងបាននាំយកដំណឹងល្អអំពីនគរស្ថានសួគ៌ មកឱ្យមនុស្សលោក ហើយលើសពីនេះទៀត ទ្រង់បាននាំយកផ្លូវទៅឯនគរស្ថានសួគ៌ទៅកាន់មនុស្សផងដែរ។ ជាលទ្ធផល អស់អ្នកណាមកតាមក្រោយក៏ពោលថា «យើងគួរដើរតាមផ្លូវនៃឈើឆ្កាង ហើយលះបង់ខ្លួនឯងដើម្បីឈើឆ្កាង»។ ពិតណាស់ កាលដើមដំបូងឡើយ ព្រះយេស៊ូវក៏បានធ្វើកិច្ចការផ្សេងខ្លះទៀត និងបានថ្លែងព្រះបន្ទូលខ្លះ ដើម្បីធ្វើឱ្យមនុស្សប្រែចិត្ត និងលន់តួបាបរបស់ខ្លួនដែរ។ ប៉ុន្តែ ព័ន្ធកិច្ចរបស់ទ្រង់ គឺនៅតែជាការជាប់ឆ្កាងដដែល ហើយរយៈពេលបីឆ្នាំកន្លះ ដែលទ្រង់បានចំណាយក្នុងការប្រកាសអំពីផ្លូវនេះ គឺជាការរៀបចំសម្រាប់ការជាប់ឆ្កាងដែលមកដល់តាមក្រោយ។ ច្រើនលើកដែលព្រះយេស៊ូវបានអធិស្ឋាន ក៏ដើម្បីតែការជាប់ឆ្កាងនេះដែរ។ ជីវិតរបស់មនុស្សធម្មតាម្នាក់ ដែលទ្រង់បានដឹកនាំ និងរយៈពេល៣៣ឆ្នាំកន្លះដែលព្រះអង្គបានគង់នៅលើផែនដី គឺដើម្បីសម្រេចកិច្ចការនៃការជាប់ឆ្កាងជាចម្បង។ ចុះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សសព្វថ្ងៃ នឹងសម្រេចកិច្ចការអ្វីវិញ? សព្វថ្ងៃនេះ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដើម្បីសម្រេចកិច្ចការជាពិសេសមួយគឺ «ព្រះបន្ទូលលេចមកជាសាច់ឈាម» ដើម្បីប្រើប្រាស់ព្រះបន្ទូលធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ និងធ្វើឱ្យមនុស្សទទួលយកនូវការប្រឈមនឹងព្រះបន្ទូល និងការបន្សុទ្ធដោយព្រះបន្ទូល។ ទ្រង់ធ្វើឱ្យអ្នកទទួលបានការផ្គត់ផ្គង់ និងទទួលបានជីវិតនៅក្នុងព្រះបន្ទូលទ្រង់។ អ្នកមើលឃើញកិច្ចការ និងស្នាព្រះហស្តទ្រង់នៅក្នុងព្រះបន្ទូលទ្រង់។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីវាយផ្ចាល និងបន្សុទ្ធអ្នក ហេតុនេះហើយ ប្រសិនបើអ្នករងទុក្ខលំបាក នោះក៏ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ សព្វថ្ងៃនេះ ព្រះជាម្ចាស់មិនធ្វើកិច្ចការរបស់ទ្រង់ ដោយប្រើការពិតឡើង គឺដោយប្រើព្រះបន្ទូលវិញ។ ទាល់តែព្រះបន្ទូលទ្រង់បានយាងមកសណ្ឋិតលើអ្នក ទើបព្រះវិញ្ញាណបរិសុទ្ធអាចធ្វើការនៅក្នុងអ្នក ហើយធ្វើឱ្យអ្នករងនូវការឈឺចាប់ ឬស្គាល់ភាពផ្អែមល្ហែមបាន។ មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ទើបអាចនាំអ្នកមកក្នុងតថភាព ហើយក៏មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ ទើបអាចធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍។ ដូច្នេះ យ៉ាងហោចណាស់ អ្នកត្រូវតែយល់ដូច្នេះថា កិច្ចការដ៏ពិសេសដែលព្រះជាម្ចាស់ធ្វើនៅគ្រាចុងក្រោយ គឺការប្រើប្រាស់ព្រះបន្ទូលទ្រង់ ដើម្បីធ្វើឱ្យបុគ្គលគ្រប់គ្នាបានគ្រប់លក្ខណ៍ និងដើម្បីដឹកនាំមនុស្ស។ គ្រប់កិច្ចការទាំងអស់ដែលទ្រង់ធ្វើ គឺសុទ្ធតែតាមរយៈព្រះបន្ទូល។ ព្រះអង្គមិនប្រើការពិតមកវាយផ្ចាលអ្នកទេ។ ជាច្រើនលើកច្រើនសារ ដែលមនុស្សខ្លះទាស់ទទឹងនឹងព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនធ្វើឱ្យអ្នកកើតទុក្ខខ្លាំងពេកទេ សាច់ឈាមរបស់អ្នកមិនត្រូវបានដាក់ទោសទេ ហើយអ្នកក៏មិនត្រូវរងទុក្ខលំបាកដែរ ប៉ុន្តែកាលណាព្រះបន្ទូលទ្រង់មកសណ្ឋិតលើអ្នក ហើយបន្សុទ្ធអ្នក នោះអ្នកមិនអាចទ្រាំបានឡើយ។ តើវាមិនមែនដូច្នេះទេឬអី? នៅក្នុងអំឡុងសម័យពួកអ្នកបម្រើ ព្រះជាម្ចាស់បានមានបន្ទូលថា ទ្រង់នឹងបោះមនុស្សទៅក្នុងជង្ហុកធំ។ តើមនុស្សពិតជាទៅដល់បាតជង្ហុកធំនេះដែរឬទេ? គ្រាន់តែតាមរយៈការប្រើព្រះបន្ទូល ដើម្បីបន្សុទ្ធមនុស្ស នោះមនុស្សបានចូលទៅក្នុងជង្ហុកធំបាត់ទៅហើយ។ ហេតុនេះ នៅគ្រាចុងក្រោយ កាលណាព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ទ្រង់ប្រើព្រះបន្ទូលជាចម្បង ដើម្បីសម្រេចកិច្ចការទាំងអស់ ហើយធ្វើឱ្យកិច្ចការទាំងអស់ស្ដែងចេញយ៉ាងច្បាស់។ មានតែនៅក្នុងព្រះបន្ទូលរបស់ទ្រង់ទេ ទើបអ្នកអាចមើលឃើញលក្ខណៈរបស់ទ្រង់ មានតែនៅក្នុងព្រះបន្ទូលរបស់ទ្រង់ទេ ទើបអ្នកអាចមើលឃើញថា ទ្រង់គឺជាអង្គព្រះជាម្ចាស់ផ្ទាល់ពិតមែន។ កាលណាព្រះជាម្ចាស់យាងមកយកកំណើតជាមនុស្សនៅលើផែនដី គឺទ្រង់មិនធ្វើកិច្ចការផ្សេងទៀតឡើយ ក្រៅតែពីថ្លែងព្រះបន្ទូល ដូច្នេះ មិនចាំបាច់ត្រូវការការពិតអ្វីទេ ត្រឹមព្រះបន្ទូលគឺគ្រប់គ្រាន់ហើយ។ នោះគឺដោយសារទ្រង់បានយាងមកជាពិសេសដើម្បីធ្វើកិច្ចការនេះ ដើម្បីឱ្យមនុស្សមើលឃើញព្រះចេស្ដា និងឧត្តមភាពនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ដើម្បីឱ្យមនុស្សមើលឃើញថា ទ្រង់លាក់ព្រះកាយដោយបន្ទាបព្រះអង្គទ្រង់យ៉ាងណានៅក្នុងព្រះបន្ទូលរបស់ទ្រង់ និងដើម្បីឱ្យមនុស្សស្គាល់ភាពបរិបូររបស់ទ្រង់នៅក្នុងព្រះបន្ទូលរបស់ទ្រង់។ កម្មសិទ្ធិ និងលក្ខណៈទាំងអស់របស់ព្រះអង្គ សុទ្ធតែមាននៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ប្រាជ្ញាញាណ និងភាពមហស្ចារ្យរបស់ទ្រង់ សុទ្ធតែមាននៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ដោយសារព្រះបន្ទូលនេះ អ្នកត្រូវបានបង្កើតមកឱ្យមើលឃើញវិធីសាស្ត្រនានាដែលព្រះជាម្ចាស់ប្រើប្រាស់ សម្រាប់ថ្លែងព្រះបន្ទូលទ្រង់។ កិច្ចការភាគច្រើនរបស់ព្រះជាម្ចាស់នៅក្នុងអំឡុងពេលនេះ គឺជាការផ្គត់ផ្គង់ ការបើកសម្ដែង និងការដោះស្រាយជាមួយមនុស្ស។ ទ្រង់មិនដាក់បណ្ដាសារលេងៗនោះឡើយ ហើយសូម្បីតែពេលទ្រង់ដាក់បណ្ដាសា ក៏ទ្រង់ដាក់បណ្ដាសាដោយព្រះបន្ទូលដែរ។ ដូច្នេះហើយ ក្នុងយុគសម័យដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមនេះ ចូរកុំព្យាយាមមើលព្រះជាម្ចាស់ប្រោសជំងឺ និងបណ្ដេញវិញ្ញាណអាក្រក់ទៀត ហើយឈប់តាមរកទីសម្គាល់ទៀតទៅ គ្មានប្រយោជន៍ទេ! ទីសម្គាល់ទាំងនោះមិនអាចធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ទេ! និយាយឱ្យត្រង់ទៅ៖ សព្វថ្ងៃនេះ ព្រះដ៏ពិតផ្ទាល់ព្រះអង្គដែលមានរូបកាយសាច់ឈាម ទ្រង់មិនធ្វើសកម្មភាពទេ ទ្រង់ថ្លែងតែព្រះបន្ទូលប៉ុណ្ណោះ។ នេះជាសេក្ដីពិត! ទ្រង់ប្រើព្រះបន្ទូលដើម្បីធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍ ហើយប្រើព្រះបន្ទូលដើម្បីប្រទាននូវអាហារ និងផ្ដល់ទឹកដល់អ្នក។ ទ្រង់ក៏ប្រើព្រះបន្ទូលដើម្បីធ្វើកិ្ចចការ ហើយទ្រង់ក៏ប្រើព្រះបន្ទូលនៅក្នុងការពិត ដើម្បីឱ្យអ្នកស្គាល់ពីភាពជាក់ស្ដែងរបស់ទ្រង់ដែរ។ ប្រសិនបើអ្នកអាចគិតយល់ពីលក្ខណៈនៃកិច្ចការរបស់ព្រះជាម្ចាស់មួយនេះបាន នោះពិបាកនឹងមានគំនិតអវិជ្ជមានណាស់ អ្នកគួរផ្ដោតតែលើអ្វីដែលវិជ្ជមាន ពោលគឺទោះបីជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានសម្រេចក៏ដោយ ឬទោះបីជាគ្មានការមកដល់នៃការពិតក៏ដោយ ក៏ព្រះជាម្ចាស់ធ្វើឱ្យមនុស្សទទួលបាននូវជីវិតពីព្រះបន្ទូលទ្រង់ដែរ ហើយនេះគឺជាទីសម្គាល់ដ៏ធំបំផុត ហើយជាងនេះទៅទៀត នេះគឺជាសេចក្ដីពិតដែលមិនអាចប្រកែកបាន។ នេះគឺជាភ័ស្តុតាងដ៏ល្អបំផុតដែលនាំឱ្យបានស្គាល់ព្រះជាម្ចាស់ ហើយជាទីសម្គាល់ដ៏ធំជាងទីសម្គាល់ណាទាំងអស់។ មានតែព្រះបន្ទូលនេះទេ ទើបអាចធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍។

កាលណាយុគសម័យនៃនគរព្រះបានចាប់ផ្ដើមហើយ នោះព្រះជាម្ចាស់ក៏ចាប់ផ្ដើមបញ្ចេញព្រះបន្ទូលរបស់ទ្រង់ដែរ។ នាថ្ងៃអនាគត ព្រះបន្ទូលទាំងអស់នេះនឹងបានសម្រេចបន្តិចម្ដងៗ លុះដល់ពេលនោះ ជីវិតមនុស្សនឹងបានចាស់ទុំ។ ការប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីសម្ដែងពីនិស្ស័យពុករលួយរបស់មនុស្សគឺរឹតតែជាក់ស្ដែង និងរឹតតែចាំបាច់ ហើយទ្រង់មិនប្រើអ្វីផ្សេងឡើយក្រៅតែពីព្រះបន្ទូលមកធ្វើកិច្ចការរបស់ព្រះអង្គ ដើម្បីធ្វើឱ្យសេចក្ដីជំនឿរបស់មនុស្សបានគ្រប់លក្ខណ៍ ដ្បិតសព្វថ្ងៃនេះជាយុគសម័យនៃព្រះបន្ទូល ហើយយុគសម័យនេះទាមទារនូវសេចក្ដីជំនឿ ការតាំងចិត្ត និងការសហការរបស់មនុស្ស។ កិច្ចការរបស់ព្រះជាម្ចាស់ដែលបានត្រលប់ជាសាច់ឈាមនៅគ្រាចុងក្រោយ គឺប្រើប្រាស់ព្រះបន្ទូលទ្រង់ ដើម្បីបម្រើនិងផ្គត់ផ្គង់មនុស្ស។ ទាល់តែព្រះជាម្ចាស់ដែលបានត្រលប់ជាសាច់ឈាមបញ្ចប់នូវការថ្លែងព្រះបន្ទូលទ្រង់ ទើបព្រះបន្ទូលនោះនឹងចាប់ផ្ដើមសម្រេច។ កាលព្រះអង្គកំពុងថ្លែងព្រះបន្ទូល ព្រះបន្ទូលទ្រង់មិនបានសម្រេចឡើយ ដ្បិតព្រះបន្ទូលរបស់ទ្រង់មិនអាចសម្រេច ពេលដែលទ្រង់ស្ថិតក្នុងដំណាក់កាលសាច់ឈាមនៅឡើយនោះទេ។ នេះគឺដើម្បីឱ្យមនុស្សអាចមើលឃើញថា ព្រះជាម្ចាស់គឺជាសាច់ឈាម មិនមែនជាវិញ្ញាណទេ ដូច្នេះ មនុស្សអាចមើលឃើញនូវភាពជាក់ស្តែងរបស់ព្រះជាម្ចាស់បានដោយភ្នែករបស់គេផ្ទាល់។ នៅថ្ងៃដែលកិច្ចការរបស់ទ្រង់ចប់សព្វគ្រប់ នៅពេលដែលព្រះបន្ទូលទាំងអស់ដែលទ្រង់ត្រូវថ្លែងបានថ្លែងរួចហើយ នោះព្រះបន្ទូលរបស់ទ្រង់នឹងចាប់ផ្ដើមសម្រេច។ ពេលនេះ មិនមែនយុគសម័យនៃការសម្រេចព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ដ្បិតទ្រង់មិនទាន់បញ្ចប់ការថ្លែងព្រះបន្ទូលរបស់ទ្រង់ទេ។ ដូច្នេះ កាលណាអ្នកឃើញថា ព្រះជាម្ចាស់នៅកំពុងថ្លែងព្រះបន្ទូលរបស់ទ្រង់នៅលើផែនដីនៅឡើយ ចូរកុំទន្ទឹងផលសម្រេចនៃព្រះបន្ទូលទ្រង់អី។ កាលណាព្រះជាម្ចាស់ឈប់ថ្លែងព្រះបន្ទូលទ្រង់ ហើយកាលណាកិច្ចការរបស់ព្រះអង្គនៅលើផែនដីបានសម្រេច នោះទើបជាពេលដែលព្រះបន្ទូលទ្រង់ចាប់ផ្ដើមសម្រេច។ ក្នុងព្រះបន្ទូលទ្រង់ នៅក្នុងកាលៈទេសៈខ្លះក៏មានការប្រទានជីវិត ហើយនៅក្នុងកាលៈទេសៈខ្លះទៀតក៏មានជាសេចក្ដីទំនាយដែរ ជាសេចក្ដីទំនាយអំពីរឿងរ៉ាវដែលនឹងមកដល់ កិច្ចការដែលនឹងត្រូវសម្រេច និងកិច្ចការដែលពុំទាន់បានសម្រេច។ នៅក្នុងព្រះបន្ទូលរបស់ព្រះយេស៊ូវ ក៏ធ្លាប់មានសេចក្ដីទំនាយដែរ។ ក្នុងន័យមួយ គឺទ្រង់បានប្រទាននូវជីវិត និងក្នុងន័យមួយទៀត គឺទ្រង់មានបន្ទូលជាសេចក្ដីទំនាយ។ សព្វថ្ងៃនេះ ពុំមានការជជែកអំពីការអនុវត្តព្រះបន្ទូល និងការពិតក្នុងពេលជាមួយគ្នាទៀតទេ ពីព្រោះភាពខុសគ្នារវាងកត្តាដែលអាចមើលឃើញដោយភ្នែកមនុស្សផ្ទាល់ និងកិច្ចការដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ គឺធំធេងខ្លាំងណាស់។ អាចនិយាយបានតែម្យ៉ាងគត់ថា កាលណាកិច្ចការរបស់ព្រះជាម្ចាស់បានសម្រេចហើយ នោះព្រះបន្ទូលរបស់ទ្រង់ក៏បានសម្រេចដែរ ចំណែកការពិតនឹងកើតតាមក្រោយព្រះបន្ទូលវិញ។ នៅក្នុងគ្រាចុងក្រោយ ព្រះដែលយកកំណើតជាមនុស្សក៏ធ្វើព័ន្ធកិច្ចនៃព្រះបន្ទូលនៅលើផែនដីដែរ ហើយនៅក្នុងការធ្វើព័ន្ធកិច្ចនៃព្រះបន្ទូល ទ្រង់ថ្លែងតែព្រះបន្ទូលប៉ុណ្ណោះ ទ្រង់មិនខ្វល់អំពីបញ្ហាដទៃទៀតទេ។ កាលណាកិច្ចការរបស់ព្រះជាម្ចាស់ប្រែប្រួល នោះព្រះបន្ទូលទ្រង់នឹងចាប់ផ្ដើមចេញជាផលសម្រេច។ សព្វថ្ងៃនេះ ព្រះបន្ទូលត្រូវបានប្រើប្រាស់មុនគេដើម្បីធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍។ កាលណាព្រះអង្គទទួលបានសិរីរុងរឿងនៅទូទាំងសកលលោកទាំងមូល នោះកិច្ចការរបស់ទ្រង់ក៏នឹងចប់សព្វគ្រប់ ព្រះបន្ទូលដែលគួរថ្លែងនឹងត្រូវបានថ្លែង រួចព្រះបន្ទូលទាំងអស់នឹងក្លាយជាការពិត។ ព្រះជាម្ចាស់បានយាងមកផែនដីនៅគ្រាចុងក្រោយ ដើម្បីធ្វើព័ន្ធកិច្ចនៃព្រះបន្ទូល ដើម្បីឱ្យមនុស្សជាតិស្គាល់ព្រះអង្គ និងដើម្បីឱ្យមនុស្សជាតិអាចមើលឃើញព្រះប្រាជ្ញាញាណរបស់ទ្រង់ និងសកម្មភាពដ៏មហស្ចារ្យទាំងអស់ដែលកើតពីព្រះបន្ទូលរបស់ទ្រង់។ ក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ប្រើព្រះបន្ទូលជាចម្បង ដើម្បីយកឈ្នះមនុស្សជាតិទាំងអស់។ នាថ្ងៃអនាគត ព្រះបន្ទូលរបស់ទ្រង់នឹងយាងមកសណ្ឋិតលើគ្រប់សាសនា គ្រប់វិស័យ គ្រប់ប្រជាជាតិ និងគ្រប់និកាយ។ ព្រះជាម្ចាស់ប្រើព្រះបន្ទូលទ្រង់ ដើម្បីយកឈ្នះ ដើម្បីធ្វើឱ្យមនុស្សទាំងអស់មើលឃើញថា ព្រះបន្ទូលទ្រង់មានទាំងសិទ្ធិអំណាច និងឫទ្ធានុភាព ដូច្នេះបានជាសព្វថ្ងៃនេះ អ្នករាល់គ្នាមើលឃើញតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។

ព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងនៅក្នុងយុគសម័យនេះ ខុសគ្នាពីព្រះបន្ទូលដែលត្រូវបានថ្លែងនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ហើយព្រះបន្ទូលទាំងនេះ ក៏ខុសគ្នាពីព្រះបន្ទូលដែលបានថ្លែងនៅក្នុងយុគសម័យនៃព្រះគុណដែរ។ ក្នុងយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់មិនធ្វើកិច្ចការនៃព្រះបន្ទូលទេ ប៉ុន្តែទ្រង់គ្រាន់តែថ្លែងអំពីការជាប់ឆ្កាង ដើម្បីប្រោសលោះមនុស្សជាតិទាំងអស់។ ព្រះគម្ពីរគ្រាន់តែរៀបរាប់ពីមូលហេតុ ដែលព្រះយេស៊ូវត្រូវបានគេឆ្កាង ហើយភាពវេទនាដែលទ្រង់បានទទួលនៅលើឈើឆ្កាង ព្រមទាំងរៀបរាប់ពីរបៀបដែលមនុស្សគួរត្រូវជាប់ឆ្កាងសម្រាប់ព្រះជាម្ចាស់។ នៅក្នុងយុគសម័យនោះ កិច្ចការគ្រប់យ៉ាងដែលត្រូវបានធ្វើដោយព្រះជាម្ចាស់ គឺផ្ដោតជាសំខាន់លើការជាប់ឆ្កាង។ នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ដែលបានយកកំណើតជាមនុស្ស ថ្លែងព្រះបន្ទូលដើម្បីយកឈ្នះមនុស្សទាំងអស់ដែលជឿដល់ទ្រង់។ នេះហើយជា «ព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម»។ ព្រះជាម្ចាស់បានយាងមកនៅក្នុងគ្រាចុងក្រោយ ដើម្បីធ្វើកិច្ចការនេះ ពោលគឺទ្រង់បានយាងមកដើម្បីសម្រេចនូវសារៈសំខាន់ពិត នៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម។ ព្រះអង្គគ្រាន់តែថ្លែងព្រះបន្ទូលប៉ុណ្ណោះ ហើយការមកដល់នៃការពិតក៏កម្រមានដែរ។ នេះគឺជាលក្ខណៈពិតបំផុតនៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម រួចកាលណាព្រះជាម្ចាស់ដែលយកកំណើត ថ្លែងព្រះបន្ទូលរបស់ទ្រង់ នេះគឺជាការលេចមកនៃព្រះបន្ទូលនៅក្នុងសាច់ឈាម និងជាព្រះបន្ទូលដែលយាងមកសណ្ឋិតនៅក្នុងសាច់ឈាម។ «ដើមឡើយ មានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយព្រះជាម្ចាស់ ព្រះបន្ទូលជាព្រះជាម្ចាស់ ហើយព្រះបន្ទូលក៏បានក្លាយជាសាច់ឈាម»។ ការនេះ (កិច្ចការនៃការលេចមកជាសាច់ឈាម) ជាកិច្ចការដែលព្រះជាម្ចាស់នឹងសម្រេចឱ្យបាននៅគ្រាចុងក្រោយ ហើយក៏ជាជំពូកចុងក្រោយនៃផែនការគ្រប់គ្រងរបស់ទ្រង់ទាំងមូលដែរ ដូច្នេះហើយ ព្រះជាម្ចាស់ត្រូវតែយាងមកផែនដី ហើយសម្ដែងព្រះបន្ទូលរបស់ទ្រង់ក្នុងសាច់ឈាម។ កិច្ចការដែលត្រូវធ្វើឱ្យរួចនៅថ្ងៃនេះ កិច្ចការដែលនឹងត្រូវធ្វើឱ្យរួចនៅថ្ងៃអនាគត កិច្ចការដែលព្រះជាម្ចាស់នឹងត្រូវសម្រេចឱ្យបាន ទិសដៅចុងក្រោយរបស់មនុស្ស មនុស្សដែលនឹងត្រូវបានសង្គ្រោះ មនុស្សដែលនឹងត្រូវបំផ្លាញ ។ល។ កិច្ចការទាំងអស់ដែលគួរតែត្រូវសម្រេចឱ្យបាននៅទីបញ្ចប់ គឺត្រូវបានថ្លែងបញ្ជាក់យ៉ាងច្បាស់អស់ហើយ ហើយគ្រប់យ៉ាងក៏ដើម្បីសម្រេចឱ្យបាននូវសារៈសំខាន់ពិតនៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាមដែរ។ បញ្ញត្តិរដ្ឋបាល និងក្រឹត្យវិន័យដែលត្រូវបានបញ្ចេញកាលពីគ្រាមុន មនុស្សដែលនឹងត្រូវបំផ្លាញ មនុស្សដែលនឹងត្រូវចូលទៅសម្រាក គឺព្រះបន្ទូលទាំងអស់នេះត្រូវតែសម្រេច។ នេះជាកិច្ចការដែលត្រូវសម្រេចឱ្យបានជាពិសេស ដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ។ ព្រះអង្គធ្វើឱ្យមនុស្សដឹងថា អស់អ្នកដែលព្រះជាម្ចាស់បានកំណត់ទុកជាមុននៅកន្លែងណា ហើយមនុស្សដែលព្រះជាម្ចាស់មិនបានកំណត់ទុកជាមុននៅកន្លែងណា ដឹងពីវិធីបែងចែករាស្ត្ររបស់ទ្រង់ និងពួកកូនប្រុសទាំងឡាយរបស់ទ្រង់តាមប្រភេទ ដឹងអំពីអ្វីដែលនឹងត្រូវកើតឡើងចំពោះប្រទេសអ៊ីស្រាអែល និងដឹងអំពីអ្វីដែលនឹងត្រូវកើតឡើងចំពោះស្រុកអេស៊ីព្ទ ពោលគឺព្រះបន្ទូលគ្រប់ម៉ាត់នឹងត្រូវបានសម្រេចនាថ្ងៃអនាគត។ ល្បឿននៃកិច្ចការរបស់ព្រះជាម្ចាស់កំពុងតែស្ទុះឡើង។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលជាមធ្យោបាយសម្រាប់បើកសម្ដែងប្រាប់មនុស្សអំពីកិច្ចការដែលត្រូវធ្វើឱ្យរួចនៅក្នុងយុគសម័យនីមួយៗ កិច្ចការដែលត្រូវធ្វើដោយព្រះជាម្ចាស់ដែលយកកំណើតជាសាច់ឈាម និងព័ន្ធកិច្ចដែលទ្រង់ត្រូវធ្វើ ហើយព្រះបន្ទូលទាំងអស់នេះ គឺសុទ្ធតែដើម្បីសម្រេចឱ្យបាននូវសារៈសំខាន់ពិតនៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម។

ខ្ញុំបានមានបន្ទូលពីខាងដើមរួចហើយថា «អស់អ្នកណាដែលផ្ដោតលើការមើលឃើញទីសម្គាល់ និងការអស្ចារ្យនឹងត្រូវបោះបង់ចោល។ ពួកគេមិនមែនជាមនុស្សដែលត្រូវធ្វើឱ្យបានគ្រប់លក្ខណ៍ឡើយ»។ ខ្ញុំបានថ្លែងព្រះបន្ទូលច្រើនណាស់ ប៉ុន្តែមនុស្សមិនស្គាល់កិច្ចការនេះសូម្បីបន្តិចសោះ ហើយមកដល់ពេលនេះហើយ មនុស្សទាំងនោះនៅតែទូលសុំទីសម្គាល់ និងការអស្ចារ្យដដែល។ តើសេចក្ដីជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ គ្មានអ្វីផ្សេងក្រៅពីចង់បានទីសម្គាល់ និងការអស្ចារ្យ ឬមួយដើម្បីទទួលបានជីវិត? ព្រះយេស៊ូវក៏បានមានបន្ទូលជាច្រើនដែរ ហើយព្រះបន្ទូលខ្លះ គឺនៅមិនទាន់សម្រេចនៅឡើយទេ។ តើអ្នកអាចនិយាយថា ព្រះយេស៊ូវមិនមែនជាព្រះជាម្ចាស់បានដែរឬទេ? ព្រះជាម្ចាស់បានធ្វើបន្ទាល់បញ្ជាក់ថា ទ្រង់គឺជាព្រះគ្រីស្ទ ហើយជាព្រះរាជបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះជាម្ចាស់។ តើអ្នកអាចបដិសេធរឿងនេះទេ? សព្វថ្ងៃនេះ ព្រះជាម្ចាស់ថ្លែងតែព្រះបន្ទូល ហើយប្រសិនបើអ្នកមិនដឹងរឿងនេះឱ្យពិស្ដារទេ គឺអ្នកមិនអាចឈរជាប់បានឡើយ។ តើអ្នកជឿលើទ្រង់ ដោយសារទ្រង់ជាព្រះជាម្ចាស់ ឬក៏អ្នកជឿលើទ្រង់ ដោយផ្អែកលើការសម្រេច ឬមិនសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ? តើអ្នកជឿលើទីសម្គាល់ និងការអស្ចារ្យ ឬមួយអ្នកជឿលើព្រះជាម្ចាស់? សព្វថ្ងៃនេះ ទ្រង់មិនធ្វើទីសម្គាល់ និងការអស្ចារ្យទេ តើព្រះអង្គពិតជាព្រះជាម្ចាស់ដែរឬទេ? ប្រសិនបើព្រះបន្ទូលដែលទ្រង់ថ្លែង មិនត្រូវបានសម្រេច តើព្រះអង្គពិតជាព្រះជាម្ចាស់ដែរឬទេ? តើលក្ខណៈពិតរបស់ព្រះជាម្ចាស់ ត្រូវបានកំណត់ដោយការសម្រេច ឬមិនសម្រេចតាមព្រះបន្ទូលដែលទ្រង់ថ្លែងមែនទេ? ហេតុអ្វីក៏មនុស្សមួយចំនួនតែងតែរង់ចាំនូវផលសម្រេចនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ មុនពេលដែលគេជឿដល់ទ្រង់ដូច្នេះ? តើនេះមិនមែនមានន័យថា ពួកគេមិនស្គាល់ទ្រង់ទេឬអី? មនុស្សទាំងអស់ដែលមានការយល់ដឹងបែបនេះ គឺជាមនុស្សដែលបដិសេធព្រះជាម្ចាស់។ គេប្រើការយល់ដឹងមកវាស់ស្ទង់ព្រះជាម្ចាស់ ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេច គេក៏ជឿដល់ទ្រង់ ហើយប្រសិនមិនបានសម្រេចវិញ គេក៏មិនជឿដល់ទ្រង់ ហើយពួកគេរមែងដេញតាមទីសម្គាល់ និងការអស្ចារ្យ។ តើអ្នកទាំងនេះ មិនមែនជាពួកផារិស៊ីសម័យទំនើបទេឬអី? អ្នកអាចឈរមាំឬមិនមាំ គឺអាស្រ័យត្រង់ថា អ្នកស្គាល់ឬមិនស្គាល់ព្រះពិត ពោលគឺ កត្តានេះពិតជាសំខាន់ណាស់! តថភាពនៃព្រះបន្ទូលរឹតតែវិសេសវិសាលនៅក្នុងអ្នក នោះការដែលអ្នកស្គាល់ពីតថភាពរបស់ព្រះជាម្ចាស់ ក៏រឹតតែអស្ចារ្យ ហើយអ្នកក៏រឹតតែអាចឈរមាំពេលត្រូវល្បងល។ កាលណាអ្នករឹតតែផ្ដោតលើទីសម្គាល់ និងការអស្ចារ្យ នោះអ្នករឹតតែមិនអាចឈរមាំបាន ហើយអ្នកនឹងដួលចុះពេលត្រូវល្បងល។ ទីសម្គាល់ និងការអស្ចារ្យមិនមែនជាគ្រឹះទេ មានតែតថភាពនៃព្រះជាម្ចាស់ទេទើបជាជីវិត។ មនុស្សមួយចំនួនមិនដឹងពីលទ្ធផលដែលត្រូវបានសម្រេចដោយកិច្ចការរបស់ព្រះជាម្ចាស់ផង។ ពួកគេចំណាយជីវិតរបស់គេក្នុងភាពវង្វេងវង្វាន់ មិនមែនព្យាយាមស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ។ គោលបំណងនៃការដេញតាមរបស់គេ នោះគឺគ្រាន់តែធ្វើឱ្យព្រះជាម្ចាស់បំពេញនូវសេចក្ដីប៉ងប្រាថ្នារបស់គេប៉ុណ្ណោះ។ ពួកគេនិយាយថា ពួកគេនឹងតាមរកជីវិត ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានសម្រេច ប៉ុន្តែប្រសិនបើព្រះបន្ទូលទ្រង់មិនបានសម្រេចទេ នោះលទ្ធភាពនៃការតាមរកជីវិតក៏គ្មានដែរ។ មនុស្សគិតថា ជំនឿលើព្រះជាម្ចាស់ គឺជាការតាមរក ការមើលឃើញទីសម្គាល់និងការអស្ចារ្យ និងការដេញតាមការឡើងទៅស្ថានសួគ៌និងស្ថានសួគ៌ជាន់ទីបី។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់ពោលថា ជំនឿគឺជាការតាមរកច្រកចូលទៅក្នុងតថភាពជាក់ស្ដែង ការតាមរកជីវិត និងការតាមរកការដែលត្រូវបានព្រះជាម្ចាស់ទទួលយកទេ។ តើអ្វីទៅជាតម្លៃនៃការតាមរកបែបនេះ? អស់អ្នកណាដែលមិនដេញតាមដើម្បីបានស្គាល់ព្រះជាម្ចាស់ និងដើម្បីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ អ្នកនោះគឺជាមនុស្សដែលមិនជឿលើព្រះជាម្ចាស់ ហើយពួកគេគឺជាអ្នកដែលប្រមាថព្រះជាម្ចាស់!

ពេលនេះ តើអ្នករាល់គ្នាយល់ហើយឬនៅថា ជំនឿលើព្រះជាម្ចាស់គឺជាអ្វី? តើជំនឿលើព្រះជាម្ចាស់គឺជាការមើលឃើញទីសម្គាល់ និងការអស្ចារ្យមែនទេ? តើជំនឿនេះគឺជាការឡើងទៅស្ថានសួគ៌មែនទេ? ការជឿលើព្រះជាម្ចាស់ មិនមែនងាយស្រួលបន្តិចណាឡើយ។ ទម្លាប់សាសនាទាំងអស់នោះគួរតែបោះចោលទៅ ការដេញតាមការប្រោសជំងឺ និងការបណ្ដេញវិញ្ញាណអាក្រក់ ការផ្ដោតសំខាន់លើទីសម្គាល់ និងការអស្ចារ្យ ការលោភចង់បានព្រះគុណរបស់ព្រះជាម្ចាស់ ភាពសុខសាន្ត និងក្ដីអំណរថែមទៀត ការដេញតាមក្ដីរំពឹងសម្រាប់អនាគត និងសេចក្ដីសុខខាងសាច់ឈាម ទាំងអស់នេះ គឺសុទ្ធតែជាទម្លាប់សាសនា ហើយទម្លាប់សាសនាទាំងអស់នេះ គឺជាជំនឿស្រពេចស្រពិល។ សព្វថ្ងៃនេះ តើអ្វីគឺជាជំនឿពិតលើព្រះជាម្ចាស់? នោះគឺជាទទួលយកព្រះបន្ទូលព្រះជាម្ចាស់ធ្វើជាតថភាពនៃជីវិតរបស់អ្នក និងការស្គាល់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលរបស់ទ្រង់ ដើម្បីសម្រេចឱ្យបាននូវសេចក្ដីស្រឡាញ់ពិតរបស់ទ្រង់។ ដើម្បីឱ្យកាន់តែច្បាស់៖ ជំនឿលើព្រះជាម្ចាស់ គឺដើម្បីឱ្យអ្នកស្ដាប់បង្គាប់ទ្រង់ ស្រឡាញ់ទ្រង់ និងបំពេញភារកិច្ចដែលគួរតែត្រូវបានបំពេញដោយសត្តនិកររបស់ព្រះជាម្ចាស់។ នេះហើយគឺជាគោលបំណងនៃការជឿលើព្រះជាម្ចាស់។ អ្នកត្រូវសម្រេចឱ្យបាននូវចំណេះដឹងអំពី ភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់ ទំហំនៃភាពស័ក្ដិសមនឹងទទួលនូវការគោរពកោតខ្លាចរបស់ព្រះជាម្ចាស់ ស្គាល់អំពីរបៀបដែលទ្រង់ធ្វើកិច្ចការនៃសេចក្ដីសង្គ្រោះ និងធ្វើឱ្យពួកគេបានគ្រប់លក្ខណ៍នៅក្នុងសត្ដនិករដែលទ្រង់បង្កើត។ ទាំងអស់នេះ គឺសុទ្ធតែជាសារៈសំខាន់នៃជំនឿរបស់អ្នកលើព្រះជាម្ចាស់។ ជំនឿលើព្រះជាម្ចាស់សំខាន់បំផុត គឺជាការផ្លាស់ប្ដូរពីជីវិតខាងសាច់ឈាម ទៅកាន់ជីវិតដែលស្រឡាញ់ព្រះជាម្ចាស់ ពីការរស់នៅក្នុងសេចក្ដីពុករលួយ ទៅកាន់ការរស់នៅក្នុងជីវិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ វាគឺជាការចាកចេញពីអំណាចគ្រប់គ្រងរបស់សាតាំង ហើយមករស់នៅក្រោមការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់វិញ។ វាជាលទ្ធភាពដែលអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ និងមិនមែនជាការស្ដាប់បង្គាប់សាច់ឈាមនោះទេ។ វាជាការទុកឱកាសឱ្យព្រះជាម្ចាស់ទទួលបានដួងចិត្តរបស់អ្នកទាំងមូល ទុកឱ្យព្រះជាម្ចាស់ធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍ និងរំដោះអ្នកឱ្យរួចពីនិស្ស័យពុករលួយបែបសាតាំង។ ជំនឿលើព្រះជាម្ចាស់ គឺច្រើនតែបែបនេះ ដើម្បីឱ្យព្រះចេស្ដា និងសិរីរុងរឿងរបស់ព្រះជាម្ចាស់ អាចនឹងត្រូវបានស្ដែងនៅក្នុងអ្នក ដើម្បីឱ្យអ្នកអាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយសម្រេចផែនការរបស់ព្រះជាម្ចាស់ និងអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់នៅចំពោះមុខសាតាំង។ ជំនឿលើព្រះជាម្ចាស់មិនគួរផ្ដោតសំខាន់លើចិត្តប្រាថ្នាចង់ឃើញទីសម្គាល់ និងការអស្ចារ្យឡើយ ក៏មិនគួរផ្ដោតលើប្រយោជន៍នៃសាច់ឈាមផ្ទាល់ខ្លួនរបស់អ្នកដែរ។ ជំនឿគួរតែជាការដេញតាមឱ្យបានស្គាល់ព្រះជាម្ចាស់ និងជាការដែលអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ គឺស្ដាប់បង្គាប់រហូតដល់អស់ជីវិត ដូចជាពេត្រុស។ ទាំងអស់នេះ គឺជាគោលបំណងសំខាន់ៗនៃការជឿលើព្រះជាម្ចាស់។ មនុស្សហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីស្គាល់ព្រះអង្គ និងផ្គាប់ព្រះហឫទ័យទ្រង់។ ការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ធ្វើឱ្យអ្នកស្គាល់ព្រះអង្គកាន់តែច្បាស់ ហើយទាល់តែអាចបានស្គាល់ទ្រង់ច្បាស់ ទើបអ្នកអាចស្ដាប់បង្គាប់ទ្រង់បាន។ ទាល់តែអ្នកស្គាល់ព្រះជាម្ចាស់ ទើបអ្នកអាចស្រឡាញ់ទ្រង់បាន ហើយនេះគឺជាគោលដៅដែលមនុស្សគួរមាននៅក្នុងជំនឿរបស់គេចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកនៅតែព្យាយាមរកមើលទីសម្គាល់ និងការអស្ចារ្យនៅក្នុងជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ ទស្សនៈនៃជំនឿចំពោះព្រះជាម្ចាស់បែបនេះ គឺពិតជាខុសហើយ។ ជំនឿលើព្រះជាម្ចាស់ផ្ដោតសំខាន់លើការទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាតថភាពនៃជិវិត។ គោលបំណងរបស់ព្រះជាម្ចាស់អាចនឹងត្រូវគេទទួលបានតាមរយៈការអនុវត្តព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយយកមកអនុវត្តនៅក្នុងជីវិតរបស់អ្នកផ្ទាល់។ នៅក្នុងជំនឿលើព្រះជាម្ចាស់ មនុស្សគួរព្យាយាមទុកឱ្យព្រះជាម្ចាស់កែច្នៃគេឱ្យបានគ្រប់លក្ខណ៍ ឱ្យគេអាចចុះចូលចំពោះព្រះជាម្ចាស់ និងដើម្បីស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង។ ប្រសិនបើអ្នកអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ដោយគ្មានការរអ៊ូរទាំ ចូរប្រយ័ត្នចំពោះបំណងប្រថ្នារបស់់ព្រះជាម្ចាស់ ចូរសម្រេចឱ្យបាននូវកេរ្តិ៍ឈ្មោះដូចពេត្រុស ហើយទទួលបានព្រះបន្ទូលសរសើរពីព្រះជាម្ចាស់ដូចពេត្រុសផង ដល់ពេលនោះទើបអ្នកសម្រេចបានជោគជ័យនៅក្នុងជំនឿ ដែលអ្នកមានចំពោះព្រះជាម្ចាស់ ហើយជំនឿនេះនឹងប្រាប់ឱ្យដឹងថា ព្រះជាម្ចាស់ទទួលបានអ្នកហើយ។

ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់នៅទូទាំងសកលលោកទាំងមូល។ មនុស្សណាដែលជឿដល់ទ្រង់ គឺត្រូវតែទទួលព្រះបន្ទូលទ្រង់ ហើយហូប និងផឹកព្រះបន្ទូលរបស់ទ្រង់។ គ្មាននរណាម្នាក់ដែលព្រះជាម្ចាស់ទទួលយកតាមរយៈការមើលឃើញទីសម្គាល់ និងការអស្ចារ្យ ដែលព្រះជាម្ចាស់បានបង្ហាញនោះឡើយ។ ក្នុងគ្រប់យុគសម័យទាំងអស់ ព្រះជាម្ចាស់តែងតែប្រើព្រះបន្ទូល ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍។ ហេតុនេះ អ្នករាល់គ្នាមិនគប្បីដាក់ការយកចិត្តទុកដាក់ទាំងស្រុងទៅលើទីសម្គាល់ និងការអស្ចារ្យនោះឡើយ ប៉ុន្តែគួរព្យាយាមឱ្យបានគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់វិញ។ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យរបស់ព្រះគម្ពីរសញ្ញាចាស់ ព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលខ្លះ ហើយក្នុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវក៏បានថ្លែងព្រះបន្ទូលជាច្រើនដែរ។ បន្ទាប់ពីព្រះយេស៊ូវបានថ្លែងនូវព្រះបន្ទូលជាច្រើនរួចហើយ នោះពួកសិស្ស និងពួកសាវ័កក៏បាននាំមនុស្សអនុវត្តតាមបញ្ញត្តិដែលព្រះយេស៊ូវបានប្រទានឱ្យ ហើយមានបទពិសោធស្របតាមព្រះបន្ទូល និងគោលការណ៍នានាដែលព្រះយេស៊ូវបានថ្លែងប្រាប់។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ប្រើព្រះបន្ទូលរបស់ទ្រង់ជាចម្បង ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍។ ព្រះអង្គមិនប្រើទីសម្គាល់ និងការអស្ចារ្យដើម្បីសង្កត់សង្កិន ឬមួយបញ្ចុះបញ្ចូលឱ្យមនុស្សជឿនោះទេ ទង្វើនេះមិនអាចធ្វើឱ្យគេស្គាល់ព្រះចេស្ដារបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើព្រះជាម្ចាស់បង្ហាញទីសម្គាល់ និងការអស្ចារ្យ នោះក៏មិនអាចស្ដែងឱ្យគេស្គាល់ពីតថភាពរបស់ព្រះជាម្ចាស់ដែរ ព្រមទាំងមិនអាចធ្វើឱ្យមនុស្សគ្រប់លក្ខណ៍បានដែរ។ ព្រះជាម្ចាស់មិនធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ដោយសារទីសម្គាល់ និងការអស្ចារ្យឡើយ តែទ្រង់ប្រើព្រះបន្ទូល ដើម្បីស្រោចស្រព និងឃ្វាលមនុស្ស បន្ទាប់មកទ្រង់ក៏ទទួលបាននូវការស្ដាប់បង្គាប់របស់មនុស្ស និងឱ្យគេបានស្គាល់ព្រះអង្គ។ នេះគឺជាគោលដៅនៃកិច្ចការដែលទ្រង់ធ្វើ និងជាគោលដៅនៃព្រះបន្ទូលដែលទ្រង់ថ្លែង។ ព្រះជាម្ចាស់មិនប្រើវិធីសាស្ត្រនៃការបង្ហាញទីសម្គាល់ និងការអស្ចារ្យ ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ឡើយ តែទ្រង់ប្រើព្រះបន្ទូល និងប្រើវិធីសាស្ត្រអនុវត្តខុសៗគ្នា ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍។ ព្រះជាម្ចាស់ថ្លែងព្រះបន្ទូលតាមទស្សនៈផ្សេងៗគ្នាជាច្រើន ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ និងដើម្បីប្រទានឱ្យមនុស្សស្គាល់ពីកិច្ចការ ព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏មហស្ចារ្យរបស់ទ្រង់កាន់តែច្បាស់ មិនថាតាមរយៈការបន្សុទ្ធ ការដោះស្រាយ ការលួសកាត់ ឬការប្រទាននូវព្រះបន្ទូលនោះឡើយ។ នៅពេលមនុស្សបានពេញខ្នាតនៅចំពេលដែលព្រះជាម្ចាស់បញ្ចប់យុគសម័យនៅគ្រាចុងក្រោយ នោះគេនឹងមានគ្រប់លក្ខណៈសម្បត្តិដើម្បីគិតដល់ទីសម្គាល់ និងការអស្ចារ្យ។ កាលណាអ្នកស្គាល់ព្រះជាម្ចាស់ ហើយអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ បើទោះបីជាទ្រង់ធ្វើកិច្ចការអ្វីក៏ដោយ នោះអ្នកនឹងលែងមានសញ្ញាណអំពីទ្រង់ នៅពេលដែលអ្នកមើលឃើញទីសម្គាល់ និងការអស្ចារ្យ។ ក្នុងខណៈពេលនេះ អ្នកពុករលួយ និងមិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ពេញលេញឡើយ តើអ្នកគិតថា អ្នកមានគ្រប់លក្ខណៈសម្បតិនឹងមើលឃើញទីសម្គាល់ និងការអស្ចារ្យហើយឬនៅ ក្នុងសភាពបែបនេះ? កាលណាព្រះជាម្ចាស់បង្ហាញទីសម្គាល់ និងការអស្ចារ្យ ពេលនោះ គឺជាពេលដែលព្រះជាម្ចាស់ដាក់ទោសមនុស្ស ហើយក៏ជាពេលផ្លាស់ប្ដូរយុគសម័យដែរ ហើយលើសពីនេះទៀត គឺជាពេលវេលាដែលត្រូវបញ្ចប់យុគសម័យនេះ។ កាលណាកិច្ចការរបស់ព្រះជាម្ចាស់កំពុងត្រូវបានអនុវត្តជាធម្មតា ទ្រង់មិនបង្ហាញទីសម្គាល់ និងការអស្ចារ្យទេ។ ការបង្ហាញទីសម្គាល់ និងការអស្ចារ្យគឺជារឿងងាយបំផុតហើយសម្រាប់ទ្រង់ ប៉ុន្តែនោះមិនមែនជាគោលការណ៍នៃការអនុវត្តកិច្ចការរបស់ទ្រង់ឡើយ ហើយក៏មិនមែនជាគោលបំណងនៃកិច្ចការគ្រប់គ្រងមនុស្សរបស់ទ្រង់ដែរ។ ប្រសិនបើមនុស្សបានឃើញទីសម្គាល់ និងការអស្ចារ្យ ហើយប្រសិនបើព្រះកាយខាងព្រលឹងវិញ្ញាណរបស់ព្រះជាម្ចាស់បានលេចមកឱ្យមនុស្សឃើញហើយ នោះពួកគេគ្រប់គ្នាមុខជាលែងជឿលើព្រះជាម្ចាស់ហើយមែនទេ? ខ្ញុំបាននិយាយពីខាងដើមរួចហើយថា អ្នកមានជ័យជម្នះមួយក្រុមត្រូវបានទទួលពីទិសខាងកើតមក គេគឺជាអ្នកមានជ័យជម្នះដែលកើតចេញមកពីគ្រាមហាវេទនា។ តើពាក្យទាំងអស់នេះមានន័យដូចម្ដេច? ពាក្យទាំងអស់នេះមានន័យថា មនុស្សដែលទើបតែទទួលបាន ទាល់តែគេបានឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល ការប្រឈមដោះស្រាយ និងការកាត់ចេញ ហើយនិងការបន្សុទ្ធគ្រប់យ៉ាង ទើបគេស្ដាប់បង្គាប់ពិតប្រាកដ។ ជំនឿរបស់មនុស្សទាំងអស់នេះមិនមែនស្រពេចស្រពិល និងអរូបីទេ តែជាជំនឿពិត។ ពួកគេមិនធ្លាប់ឃើញទីសម្គាល់ និងការអស្ចារ្យ ឬការឫទ្ធិបារមីអ្វីទាំងអស់ ពួកគេក៏មិននិយាយអំពីន័យពាក្យ និងសេចក្ដីបង្រៀនដែលពិបាកយល់ ឬគំនិតជ្រាលជ្រៅអ្វីដែរ ផ្ទុយទៅវិញ ពួកគេមានតថភាព និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពិតជាស្គាល់តថភាពរបស់ព្រះជាម្ចាស់ពិតប្រាកដមែន។ តើក្រុមមនុស្សបែបនេះ គ្មានសមត្ថភាពពន្យល់ពីព្រះចេស្ដារបស់ព្រះជាម្ចាស់ឱ្យងាយជាងនេះទេមែនទេ? កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ជាកិច្ចការពិត។ នៅក្នុងយុគសម័យព្រះយេស៊ូវ ព្រះអង្គមិនបានយាងមក ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍នោះទេ ប៉ុន្តែទ្រង់យាងមកប្រោសលោះមនុស្ស ហេតុនេះហើយទើបទ្រង់បង្ហាញនូវការអស្ចារ្យមួយចំនួន ដើម្បីធ្វើឱ្យមនុស្សដើរតាមទ្រង់។ ដ្បិតព្រះអង្គយាងមកជាពិសេស ដើម្បីបំពេញកិច្ចការនៃការជាប់ឆ្កាង ចំណែកឯការបង្ហាញទីសម្គាល់ មិនមែនជាចំណែកព័ន្ធកិច្ចរបស់ទ្រង់ឡើយ។ ទីសម្គាល់ និងការអស្ចារ្យគឺជាកិច្ចការដែលត្រូវធ្វើ ដើម្បីធ្វើឱ្យកិច្ចការរបស់ទ្រង់មានប្រសិទ្ធភាព ហើយទាំងនេះគឺជាកិច្ចការបន្ថែម ហើយមិនមែនតំណាងឱ្យកិច្ចការនៃយុគសម័យទាំងមូលនោះឡើយ។ នៅក្នុងយុគសម័យក្រឹត្យវិន័យនៃព្រះគម្ពីរសញ្ញាចាស់ ព្រះជាម្ចាស់ក៏បង្ហាញនូវទីសម្គាល់ និងការអស្ចារ្យដែរ ប៉ុន្តែកិច្ចការដែលព្រះជាម្ចាស់ធ្វើនាពេលសព្វថ្ងៃ គឺជាកិច្ចការពិត ហើយទ្រង់ច្បាស់ជាមិនបង្ហាញទីសម្គាល់ និងការអស្ចារ្យនាពេលនេះទេ។ ប្រសិនបើទ្រង់បង្ហាញទីសម្គាល់ និងការអស្ចារ្យ នោះកិច្ចការរបស់ទ្រង់នឹងត្រូវបោះបង់ចោល លែងមានលំដាប់លំដោយ ហើយទ្រង់មុខជាមិនអាចធ្វើនូវកិច្ចការដទៃទៀតនោះឡើយ។ ប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូល ដើម្បីប្រើព្រះបន្ទូលដើម្បីធ្វើឱ្យមនុស្សគ្រប់លក្ខណ៍ ប៉ុន្តែព្រះអង្គក៏បង្ហាញទីសម្គាល់ និងការអស្ចារ្យ នោះតើអាចពន្យល់បានទេថា មនុស្សជឿដល់ព្រះអង្គប្រាកដមែន ឬមិនមែន? ហេតុនេះហើយទើបព្រះជាម្ចាស់មិនធ្វើកិច្ចការបែបនេះទេ។ នៅក្នុងមនុស្សមានគំនិតសាសនាច្រើនណាស់ ហើយព្រះជាម្ចាស់យាងមកនៅគ្រាចុងក្រោយ គឺដើម្បីបណ្ដេញគំនិតសាសនា និងជំនឿហួសវិស័យធម្មជាតិក្នុងជីវិតមនុស្សចេញ រួចធ្វើឱ្យគេស្គាល់នូវតថភាពរបស់ព្រះជាម្ចាស់។ ទ្រង់បានយាងមកដើម្បីលុបរូបអង្គរបស់ព្រះជាម្ចាស់ដែលមើលមិនឃើញ ហើយពោរពេញដោយភាពរវើរវាយ ម្យ៉ាងទៀតនោះគឺជារូបអង្គនៃព្រះជាម្ចាស់ដែលពុំមានវត្តមានគង់នៅនេះចោល។ ហេតុនេះ នៅពេលនេះ សេចក្ដីដែលមានតម្លៃបំផុតចំពោះអ្នកនោះ គឺជាការស្គាល់តថភាព! សេចក្ដីពិត គ្របបាំងអ្វីៗគ្រប់យ៉ាង។ សព្វថ្ងៃនេះ តើអ្នកមានសេចក្ដីពិតច្រើនប៉ុនណា? តើមនុស្សទាំងអស់ដែលបង្ហាញទីសម្គាល់និងការអស្ចារ្យសុទ្ធតែជាព្រះជាម្ចាស់ឬ? វិញ្ញាណអាក្រក់ក៏អាចបង្ហាញឱ្យឃើញទីសម្គាល់ និងការអស្ចារ្យដែរ តើវិញ្ញាណទាំងអស់នោះគឺជាព្រះដែរឬទេ? នៅក្នុងជំនឿដែលមនុស្សមានចំពោះព្រះជាម្ចាស់ អ្វីដែលមនុស្សស្វែងរកនៅក្នុងសេចក្ដីពិត និងអ្វីៗដែលគេចង់បានគឺជីវិត មិនមែនទីសម្គាល់ និងការអស្ចារ្យទេ។ នេះគួរតែជាគោលដៅរបស់មនុស្សដែលជឿដល់ព្រះជាម្ចាស់។

ខាង​ដើម៖ យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល

បន្ទាប់៖ អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ គឺជាអ្នកដែលអាចចុះចូលទាំងស្រុងចំពោះភាពជាក់ស្ដែងរបស់ទ្រង់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ