អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ គឺជាអ្នកដែលអាចចុះចូលទាំងស្រុងចំពោះភាពជាក់ស្ដែងរបស់ទ្រង់

ការទទួលបានចំណេះដឹងអំពីភាពជាក់ស្ដែង និងការយល់ដឹងយ៉ាងហ្មត់ចត់អំពីកិច្ចការរបស់ព្រះជាម្ចាស់ ដែលការទាំងពីរនេះអាចត្រូវបានមើលឃើញនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ហើយមានតែតាមរយៈព្រះសូរសៀងទាំងនេះប៉ុណ្ណោះ ទើបអ្នកអាចទទួលបានការបំភ្លឺ។ ដូច្នេះ អ្នកគួរតែខិតខំបំពាក់បំប៉នខ្លួនថែមទៀតជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចូរប្រាស្រ័យទាក់ទងការយល់ដឹងរបស់អ្នកអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងការប្រកបគ្នា ហើយតាមរយៈការធ្វើបែបនេះ អ្នកអាចជួយបំភ្លឺអ្នកដទៃ និងជួយផ្ដល់ផ្លូវចេញដល់ពួកគេ។ នេះហើយជាមាគ៌ាដ៏ជាក់ស្ដែងនោះ។ មុនពេលព្រះជាម្ចាស់រៀបចំបរិយាកាសមួយសម្រាប់អ្នក ជាដំបូង អ្នករាល់គ្នាម្នាក់ៗត្រូវតែបំពាក់បំប៉នខ្លួនជាមួយនឹងព្រះបន្ទូលរបស់ទ្រង់ជាមុនសិន។ នេះគឺជាអ្វីមួយដែលមនុស្សគ្រប់គ្នាគួរតែធ្វើ ហើយវាក៏ជាអាទិភាពបន្ទាន់មួយផងដែរ។ ជាដំបូង អ្នកត្រូវចូលដល់កម្រិតមួយដែលអ្នកចេះបរិភោគ និងផឹកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចំពោះកិច្ចការដែលអ្នកមិនអាចធ្វើបាន ចូរស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្រាប់មាគ៌ានៃការអនុវត្ត ហើយរកមើលព្រះសូរសៀងសម្រាប់បញ្ហាណាមួយដែលអ្នកមិនយល់ ឬការលំបាកណាមួយដែលអ្នកមាន។ ចូរដាក់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាការផ្គត់ផ្គង់របស់អ្នក ហើយអនុញ្ញាតឲ្យព្រះបន្ទូលទាំងនោះជួយអ្នកក្នុងការដោះស្រាយទុក្ខលំបាក និងបញ្ហាជាក់ស្ដែងរបស់អ្នក ហើយក៏អនុញ្ញាតឲ្យព្រះបន្ទូលរបស់ទ្រង់ក្លាយជាជំនួយរបស់អ្នកនៅក្នុងជីវិតផងដែរ។ កិច្ចការទាំងនេះគឺជាផ្នែកដែលអ្នកត្រូវធ្វើដោយខ្លួនឯង។ នៅក្នុងការបរិភោគ និងការផឹកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកត្រូវតែសម្រេចឲ្យបានលទ្ធផល ពោលគឺអ្នកត្រូវតែរៀនធ្វើឲ្យដួងចិត្តរបស់អ្នកស្ងប់ស្ងាត់នៅចំពោះទ្រង់ ហើយអ្នកក៏ត្រូវអនុវត្តតាមព្រះសូរសៀងរបស់ទ្រង់នៅគ្រប់ពេលដែលអ្នកជួបបញ្ហាណាមួយផងដែរ។ ពេលដែលអ្នកមិនទាន់ជួបបញ្ហា អ្នកគួរតែផ្តោតទៅលើការបរិភោគ និងការផឹកពីព្រះបន្ទូលរបស់ទ្រង់ទៅបានហើយ។ ពេលខ្លះ អ្នកអាចអធិស្ឋាន និងសញ្ជឹងគិតលើសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ នៅក្នុងការប្រកបគ្នា អ្នកចែករំលែកការយល់ដឹងរបស់អ្នកអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រាស្រ័យទាក់ទងអំពីការបំភ្លឺ និងការស្រាយបំភ្លឺដែលអ្នកដកពិសោធន៍នៅខាងក្នុងអ្នក និងប្រតិកម្មដែលអ្នកមាន ក្នុងពេលអានព្រះសូរសៀងទាំងនេះ។ ជាងនេះទៅទៀត អ្នកអាចជួយផ្ដល់ជាផ្លូវចេញដល់មនុស្សបាន។ មានតែបែបនេះទេ ទើបជាភាពជាក់ស្ដែង។ គោលដៅនៃការធ្វើបែបនេះ គឺដើម្បីអនុញ្ញាតឲ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការផ្គត់ផ្គង់ជាក់ស្ដែងរបស់អ្នក។

ក្នុងពេលមួយថ្ងៃ តើមានពេលប៉ុន្មានម៉ោងដែលអ្នកចំណាយពេលយ៉ាងពិតប្រាកដនៅចំពោះព្រះជាម្ចាស់? តើក្នុងពេលមួយថ្ងៃ មានចំនួនប៉ុន្មានដែលអ្នកថ្វាយដល់ព្រះជាម្ចាស់? តើមានចំនួនប៉ុន្មានដែលអ្នកផ្ដល់ទៅឲ្យសាច់ឈាម? ការមានដួងចិត្តដែលតែងតែផ្ចង់ទៅរកព្រះជាម្ចាស់ គឺជាជំហានដំបូងបំផុតដែលស្ថិតនៅលើផ្លូវដែលត្រឹមត្រូវ ដើម្បីឲ្យព្រះអង្គប្រោសឲ្យគ្រប់លក្ខណ៍។ បើអ្នកអាចថ្វាយដួងចិត្ត រូបកាយ និងសេចក្ដីស្រឡាញ់ដ៏ពិតទាំងស្រុងរបស់អ្នកដល់ព្រះជាម្ចាស់ ដោយដាក់វានៅចំពោះព្រះអង្គ ស្ដាប់បង្គាប់ទ្រង់ទាំងស្រុង ហើយពិចារណាជានិច្ចអំពីព្រះហឫទ័យរបស់ទ្រង់ មិនមែនសម្រាប់សាច់ឈាម មិនមែនសម្រាប់គ្រួសារ និងមិនមែនសម្រាប់សេចក្តីប៉ងប្រាថ្នាផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែសម្រាប់ផលប្រយោជន៍នៃក្រុមគ្រួសាររបស់ព្រះជាម្ចាស់ ដោយយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាគោលការណ៍ និងមូលដ្ឋានគ្រឹះនៅក្នុងអ្វីៗគ្រប់យ៉ាង នោះតាមរយៈការធ្វើបែបនេះ ចេតនា និងទស្សនៈរបស់អ្នកនឹងស្ថិតនៅកន្លែងដែលត្រឹមត្រូវ ហើយបន្ទាប់មក អ្នកនឹងក្លាយជាមនុស្សម្នាក់នៅចំពោះព្រះជាម្ចាស់ ដែលទទួលបានការសរសើររបស់ទ្រង់មិនខាន។ មនុស្សដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ គឺជាអស់អ្នកដែលថ្វាយទាំងអស់ដល់ទ្រង់ ហើយពួកគេគឺជាមនុស្សដែលអាចមានស្វាមីភក្តិចំពោះទ្រង់តែមួយប៉ុណ្ណោះ។ អស់អ្នកដែលព្រះជាម្ចាស់ស្អប់ខ្ពើម គឺជាអ្នកដែលថ្វាយចិត្តពាក់កណ្ដាលដល់ទ្រង់ និងជាអ្នកដែលបះបោរប្រឆាំងនឹងទ្រង់។ ព្រះអង្គស្អប់អស់អ្នកដែលជឿលើទ្រង់ ហើយតែងតែចង់រីករាយនឹងទ្រង់ តែមិនអាចលះបង់ខ្លួនទាំងស្រុងសម្រាប់ជាប្រយោជន៍របស់ទ្រង់។ ព្រះអង្គស្អប់អស់អ្នកដែលនិយាយថា ពួកគេស្រឡាញ់ទ្រង់ តែបែរជាបះបោរប្រឆាំងនឹងទ្រង់នៅក្នុងដួងចិត្តរបស់ពួកគេ។ ព្រះអង្គស្អប់អស់អ្នកដែលប្រើពាក្យពេចន៍វោហារសាស្ត្រពីរោះ ដើម្បីបោកបញ្ឆោតគេ។ អស់អ្នកដែលមិនមានស្វាមីភក្ដិយ៉ាងពិតប្រាកដចំពោះព្រះជាម្ចាស់ ឬដែលមិនបានចុះចូលយ៉ាងពិតប្រាកដចំពោះទ្រង់ គឺជាមនុស្សទុយ៌ស ហើយមានធម្មជាតិក្អេងក្អាងហួសហេតុ។ អស់អ្នកដែលមិនអាចចុះចូលយ៉ាងពិតប្រាកដនៅចំពោះព្រះជាម្ចាស់ដ៏ជាក់ស្ដែងធម្មតា គឺកាន់តែជាមនុស្សក្អេងក្អាង ហើយជាពិសេស ពួកគេជាកូនចៅរបស់មហាទេវតា។ មនុស្សដែលលះបង់ខ្លួនយ៉ាងពិតប្រាកដសម្រាប់ព្រះជាម្ចាស់ ប្រគល់ខ្លួនរបស់ពួកគេទាំងស្រុងនៅចំពោះទ្រង់។ ពួកគេចុះចូលយ៉ាងពិតប្រាកដចំពោះគ្រប់ទាំងព្រះសូរសៀងរបស់ទ្រង់ ហើយអាចអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់។ ពួកគេដាក់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមូលដ្ឋានគ្រឹះនៃអត្ថិភាពរបស់ពួកគេ ហើយពួកគេអាចស្វែងរកនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងអស់ពីចិត្ត ដើម្បីរកមើលថាតើមានផ្នែកណាខ្លះដែលពួកគេត្រូវអនុវត្តតាម។ មនុស្សបែបនេះហើយគឺជាអ្នកដែលរស់នៅយ៉ាងពិតប្រាកដចំពោះព្រះជាម្ចាស់នោះ។ បើអ្វីដែលអ្នកធ្វើផ្ដល់ជាប្រយោជន៍សម្រាប់ជីវិតរបស់អ្នក ហើយតាមរយៈការបរិភោគ និងការផឹកពីព្រះបន្ទូលរបស់ទ្រង់ អ្នកអាចបំពេញតម្រូវការខាងក្នុង និងសេចក្ដីខ្វះចន្លោះរបស់អ្នក ដើម្បីបំផ្លាស់បំប្រែនិស្ស័យជីវិតរបស់អ្នកបាន នោះការនេះនឹងធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យមិនខាន។ បើអ្នកប្រព្រឹត្តតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយបើអ្នកមិនចម្អែតតាមសាច់ឈាម តែបែរមកបំពេញតាមព្រះហឫទ័យរបស់ទ្រង់វិញ នោះដោយធ្វើបែបនេះ អ្នកនឹងបានចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ទ្រង់មិនខាន។ ពេលនិយាយដល់ការចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែជាក់ស្ដែង វាមានន័យថា អ្នកអាចបំពេញភារកិច្ចរបស់អ្នក និងបំពេញសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់បាន។ មានតែប្រភេទនៃសកម្មភាពជាក់ស្ដែងទាំងនេះទេ ទើបអាចត្រូវបានហៅថាជាការចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ទ្រង់។ បើអ្នកអាចចូលទៅក្នុងការពិតនេះបាន នោះអ្នកនឹងមានសេចក្តីពិតហើយ។ នេះហើយជាទីចាប់ផ្ដើមនៃការចូលទៅក្នុងការពិត។ ដំបូង អ្នកត្រូវតែទទួលការបណ្ដុះបណ្ដាលនេះ ហើយមានតែបែបនេះទេ ទើបអ្នកនឹងអាចចូលទៅកាន់ការពិតបានកាន់តែស៊ីជម្រៅ។ សូមពិចារណាទៅលើរបៀបកាន់តាមបទបញ្ញត្តិ និងរបៀបមានស្វាមីភក្តិចំពោះព្រះជាម្ចាស់ ហើយកុំគិតអំពីពេលដែលអ្នកនឹងអាចចូលទៅក្នុងនគរព្រះនោះឡើយ។ បើនិស្ស័យរបស់អ្នកមិនផ្លាស់ប្ដូរទេ នោះអ្វីៗគ្រប់យ៉ាងដែលអ្នកគិតនោះនឹងគ្មានប្រយោជន៍ឡើយ! ដើម្បីចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាដំបូង អ្នកត្រូវតែពិនិត្យមើលជាមុនសិនថាតើគ្រប់ទាំងយោបល់ និងគំនិតរបស់អ្នកគឺសម្រាប់ព្រះជាម្ចាស់ឬអត់។ នេះហើយជាភាពចាំបាច់បំផុតនោះ។

សព្វថ្ងៃនេះ មានមនុស្សជាច្រើនកំពុងស្ថិតនៅក្នុងការល្បងល ហើយពួកគេមិនយល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែខ្ញុំសូមប្រាប់អ្នកថា បើអ្នកមិនយល់អំពីកិច្ចការរបស់ទ្រង់ទេ យកល្អ អ្នកមិនគួរធ្វើការជំនុំជម្រះអំពីវាឡើយ។ ប្រហែលថ្ងៃណាមួយនឹងមកដល់ ជាពេលដែលសេចក្តីពិតនឹងលេចចេញមកទាំងស្រុង ហើយអ្នកនឹងយល់មិនខាន។ ការមិនធ្វើការជំនុំជម្រះនឹងមានប្រយោជន៍សម្រាប់អ្នក តែអ្នកមិនអាចគ្រាន់តែអង្គុយរង់ចាំនោះទេ។ អ្នកត្រូវតែស្វះស្វែងឲ្យបានចូល ព្រោះថាមានតែបែបនេះទេ ទើបអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលចូលយ៉ាងពិតប្រាកដ។ ដោយសារតែការបះបោររបស់ពួកគេ មនុស្សកំពុងតែអភិវឌ្ឍសញ្ញាណអំពីព្រះដ៏ជាក់ស្ដែង។ វាជាការចាំបាច់សម្រាប់មនុស្សទាំងអស់ដែលត្រូវរៀនអំពីរបៀបចុះចូល ដ្បិតព្រះដ៏ជាក់ស្ដែងគឺជាការល្បងលដ៏ធំបំផុតសម្រាប់មនុស្សជាតិ។ បើអ្នកមិនអាចឈររឹងមាំផង នោះអ្វីៗគ្រប់យ៉ាងនឹងត្រូវបញ្ចប់។ បើអ្នកមិនមានការយល់ដឹងអំពីភាពជាក់ស្ដែងរបស់ព្រះដ៏ជាក់ស្ដែងទេ នោះអ្នកនឹងមិនអាចឲ្យព្រះជាម្ចាស់ប្រោសឲ្យគ្រប់លក្ខណ៍បានឡើយ។ ជំហានដ៏សំខាន់នៅក្នុងការដែលថាតើមនុស្សអាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ឬក៏អត់ គឺជាការយល់ដឹងរបស់ពួកគេអំពីភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់។ ភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដែលយាងមកកាន់ផែនដី គឺជាការល្បងលបុគ្គលម្នាក់ៗ។ បើអ្នកអាចឈររឹងមាំ នោះអ្នកនឹងក្លាយជាបុគ្គលម្នាក់ដែលស្គាល់ព្រះជាម្ចាស់ ហើយអ្នកនឹងក្លាយជាបុគ្គលម្នាក់ដែលស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដ។ បើអ្នកមិនអាចឈររឹងមាំនៅក្នុងការនេះទេ ហើយអ្នកគ្រាន់តែជឿលើព្រះវិញ្ញាណ ហើយគ្មានសមត្ថភាពជឿលើភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់ នោះមិនថាអ្នកមានសេចក្ដីជំនឿលើព្រះជាម្ចាស់ខ្លាំងកម្រិតណាទេ វានឹងគ្មានប្រយោជន៍ឡើយ។ បើអ្នកមិនអាចជឿលើព្រះជាម្ចាស់ដែលមើលឃើញដោយភ្នែកផង តើអ្នកអាចជឿលើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានដែរឬ? តើអ្នកមិនព្យាយាមបោកបញ្ឆោតព្រះជាម្ចាស់ទេឬអី? អ្នកមិនចុះចូលចំពោះព្រះរូបិយដែលភ្នែកមើលឃើញផង តើអ្នកអាចមានសមត្ថភាពចុះចូលចំពោះព្រះវិញ្ញាណបានដែរឬ? ព្រះវិញ្ញាណជាព្រះអរូបិយដែលភ្នែកមើលមិនឃើញ ដូច្នេះ នៅពេលដែលអ្នកនិយាយថា អ្នកចុះចូលនឹងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ តើអ្នកមិនមែនកំពុងនិយាយអំពីរឿងមួយដែលគ្មានន័យទេឬ? គន្លឹះដើម្បីកាន់តាមបទបញ្ញត្តិគឺជាការមានការយល់ដឹងអំពីព្រះដ៏ជាក់ស្ដែង។ ពេលដែលអ្នកមានការយល់ដឹងអំពីព្រះដ៏ជាក់ស្ដែង នោះអ្នកនឹងអាចកាន់តាមបទបញ្ញត្តិមិនខាន។ ដើម្បីកាន់តាមបទបញ្ញត្តិ មានរឿងពីរយ៉ាង៖ ទីមួយគឺត្រូវប្រកាន់ខ្ជាប់នឹងសារជាតិនៃព្រះវិញ្ញាណរបស់ទ្រង់ និងការដែលអាចទទួលយកការត្រួតពិនិត្យរបស់ព្រះវិញ្ញាណនៅចំពោះព្រះវិញ្ញាណ។ រឿងមួយទៀតគឺជាការអាចមានការយល់ដឹងដ៏ពិតប្រាកដអំពីសាច់ឈាមដែលយកកំណើតជាមនុស្ស ហើយសម្រេចបានការចុះចូលដ៏ពិតប្រាកដ។ មិនថានៅចំពោះសាច់ឈាម ឬនៅចំពោះព្រះវិញ្ញាណទេ គេត្រូវតែមានការចុះចូល និងការគោរពចំពោះព្រះជាម្ចាស់។ មានតែធ្វើបែបនេះទេ ទើបគេមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានការប្រោសឲ្យគ្រប់លក្ខណ៍។ បើអ្នកមានការយល់ដឹងអំពីភាពជាក់ស្ដែងរបស់ព្រះដ៏ជាក់ស្ដែង ពោលគឺបើអ្នកបានឈររឹងមាំនៅក្នុងការល្បងលនេះ នោះគ្មានអ្វីមួយនឹងពិបាកខ្លាំងពេកសម្រាប់អ្នកឡើយ។

មនុស្សខ្លះនិយាយថា «បទបញ្ញត្តិគឺងាយស្រួលកាន់តាមណាស់។ ពេលចូលចំពោះព្រះជាម្ចាស់ អ្នកគ្រាន់តែនិយាយតាមត្រង់ ហើយកុំឆ្ការដៃឆ្ការជើងឡើយ។ នេះហើយជាការកាន់តាមបទបញ្ញត្តិនោះ»។ តើវាត្រឹមត្រូវដែរឬទេ? ដូច្នេះ បើអ្នកធ្វើកិច្ចការពីរបីយ៉ាងនៅពីក្រោយខ្នងរបស់ព្រះជាម្ចាស់ ដែលជាការប្រឆាំងនឹងទ្រង់ តើការនេះរាប់ជាការកាន់តាមបទបញ្ញត្តិដែរឬ? អ្នកត្រូវតែមានការយល់ដឹងយ៉ាងហ្មត់ចត់អំពីកិច្ចការអ្វីខ្លះដែលពាក់ព័ន្ធនឹងការកាន់តាមបទបញ្ញត្តិ។ វាទាក់ទងថាតើអ្នកមានការយល់ដឹងដ៏ពិតអំពីភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់ឬអត់។ បើអ្នកមានការយល់ដឹងអំពីភាពជាក់ស្ដែង ហើយមិនជំពប់ដួល ក្នុងអំឡុងពេលនៃការល្បងលនេះ នោះអ្នកអាចត្រូវបានរាប់ថាមានទីបន្ទាល់ដ៏រឹងមាំហើយ។ ការធ្វើទីបន្ទាល់យ៉ាងលាន់រំពងសម្រាប់ព្រះជាម្ចាស់ ទាក់ទងជាចម្បងថាតើអ្នកមានការយល់ដឹងអំពីព្រះដ៏ជាក់ស្ដែង និងថាតើអ្នកអាចចុះចូលចំពោះបុគ្គលម្នាក់នេះ ដែលមិនគ្រាន់តែសាមញ្ញ តែធម្មតា ហើយចុះចូលរហូតដល់ក្ស័យជីវិតដែរឬអត់។ តាមរយៈរបៀបនៃការចុះចូលនេះ បើអ្នកពិតជាធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់មែន នោះមានន័យថា អ្នកត្រូវបានទទួលយកដោយព្រះជាម្ចាស់ហើយ។ បើអ្នកអាចចុះចូលរហូតដល់ក្ស័យជីវិត ហើយនៅចំពោះទ្រង់ អ្នកគ្មានការរអ៊ូរទាំ មិនធ្វើការជំនុំជម្រះ មិនមួលបង្កាច់ មិនមានសញ្ញាណ និងមិនមានបំណងលាក់បាំង នោះព្រះជាម្ចាស់នឹងទទួលបានសិរីល្អមិនខាន។ ការចុះចូលនៅចំពោះមនុស្សធម្មតាម្នាក់ដែលត្រូវបានមើលឃើញដោយមនុស្ស និងអាចចុះចូលរហូតដល់ក្ស័យជីវិត ដោយគ្មានសញ្ញាណណាមួយ នេះហើយជាទីបន្ទាល់ដ៏ពិតប្រាកដនោះ។ ការពិតដែលព្រះជាម្ចាស់តម្រូវឲ្យមនុស្សចូលទៅនោះគឺដើម្បីឱ្យអ្នកអាចស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ទ្រង់ យកព្រះបន្ទូលទាំងនោះទៅអនុវត្ត ក្រាបចុះនៅចំពោះព្រះដ៏ជាក់ស្ដែង ហើយស្គាល់ពីសេចក្តីពុករលួយរបស់អ្នក បើកចំហដួងចិត្តរបស់អ្នកនៅចំពោះទ្រង់ ហើយនៅទីបំផុត ត្រូវបានទ្រង់ទទួលយក តាមរយៈព្រះបន្ទូលរបស់ទ្រង់ទាំងនេះ។ ព្រះជាម្ចាស់ទទួលបានសិរីល្អ នៅពេលដែលព្រះសូរសៀងទាំងនេះយកឈ្នះអ្នក និងធ្វើឲ្យអ្នកស្ដាប់បង្គាប់ទាំងស្រុងចំពោះទ្រង់ ហើយតាមរយៈការនេះ ព្រះអង្គបំបាក់មុខសាតាំង និងបញ្ចប់កិច្ចការរបស់ទ្រង់។ នៅពេលដែលអ្នកមិនមានសញ្ញាណណាមួយអំពីភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ពោលគឺនៅពេលដែលអ្នកបានឈររឹងមាំនៅក្នុងការល្បងលនេះ នោះអ្នកបានធ្វើបន្ទាល់នេះយ៉ាងល្អ។ បើថ្ងៃមួយមកដល់ ជាពេលដែលអ្នកមានការយល់ដឹងពេញលេញអំពីព្រះដ៏ជាក់ស្ដែង ហើយអ្នកអាចចុះចូលរហូតដល់ក្ស័យជីវិត ដូចជាពេត្រុស នោះអ្នកនឹងត្រូវបានព្រះជាម្ចាស់ទទួលយក និងប្រោសឲ្យបានគ្រប់លក្ខណ៍មិនខាន។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើដែលមិនស្របតាមសញ្ញាណរបស់អ្នក គឺជាការល្បងលមួយសម្រាប់អ្នក។ បើកិច្ចការរបស់ព្រះជាម្ចាស់ស្របតាមសញ្ញាណរបស់អ្នក នោះវានឹងមិនតម្រូវឲ្យអ្នករងទុក្ខ ឬត្រូវបន្សុទ្ធទេ។ នោះគឺដោយសារតែកិច្ចការរបស់ទ្រង់មានភាពជាក់ស្ដែងពេក ហើយមិនស្របតាមសញ្ញាណរបស់អ្នកនេះឡើយ ទើបវាតម្រូវឲ្យអ្នកបោះបង់សញ្ញាណបែបនេះចោល។ នេះហើយជាហេតុផលដែលវាជាការល្បងលមួយសម្រាប់អ្នកនោះ។ គឺដោយសារតែភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់នេះហើយ ទើបមនុស្សទាំងអស់ស្ថិតនៅកណ្ដាលចំណោមនៃការល្បងលនោះ ដ្បិតកិច្ចការរបស់ទ្រង់គឺជាក់ស្ដែង មិនមែនអធិធម្មជាតិទេ។ តាមរយៈការយល់ដឹងពេញលេញអំពីព្រះបន្ទូលជាក់ស្ដែងរបស់ទ្រង់ និងព្រះសូរសៀងជាក់ស្ដែងរបស់ទ្រង់ ដោយគ្មានសញ្ញាណណាមួយ ហើយអាចស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដ ពេលដែលកិច្ចការរបស់ទ្រង់ចម្រើនឡើងកាន់តែជាក់ស្ដែង ទើបអ្នកនឹងត្រូវបានព្រះអង្គទទួលយក។ ក្រុមមនុស្សដែលព្រះជាម្ចាស់នឹងទទួលយក គឺជាអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ ពោលគឺអស់អ្នកដែលស្គាល់ភាពជាក់ស្ដែងរបស់ទ្រង់។ លើសពីនេះ ពួកគេជាមនុស្សដែលអាចចុះចូលចំពោះកិច្ចការជាក់ស្ដែងរបស់ព្រះជាម្ចាស់។

ក្នុងអំឡុងពេលដែលព្រះជាម្ចាស់គង់នៅក្នុងសាច់ឈាម ការចុះចូលដែលព្រះអង្គតម្រូវពីមនុស្ស មិនពាក់ព័ន្ធនឹងការឈប់ធ្វើការជំនុំជម្រះ ឬការប្រឆាំង ដូចជាពួកគេស្រមើស្រមៃនោះឡើយ។ ផ្ទុយទៅវិញ ព្រះអង្គតម្រូវឲ្យមនុស្សប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ធ្វើជាគោលការណ៍របស់ពួកគេក្នុងការរស់នៅតាម និងទុកជាមូលដ្ឋានគ្រឹះនៃការរស់រានរបស់ពួកគេ តម្រូវឲ្យពួកគេយកសារជាតិនៃព្រះបន្ទូលរបស់ទ្រង់ទៅអនុវត្តទាំងស្រុង ព្រមទាំងតម្រូវឲ្យពួកគេបំពេញតាមព្រះហឫទ័យរបស់ទ្រង់ទាំងស្រុង។ ទិដ្ឋភាពមួយនៃការតម្រូវឲ្យមនុស្សចុះចូលចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស សំដៅទៅលើការអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ ចំណែកឯទិដ្ឋភាពមួយទៀតសំដៅលើការអាចចុះចូលចំពោះភាពសាមញ្ញ និងភាពជាក់ស្ដែងរបស់ទ្រង់។ ទិដ្ឋភាពទាំងពីរនេះត្រូវតែដាច់ខាតតែម្ដង។ អស់អ្នកដែលអាចសម្រេចបានទិដ្ឋភាពទាំងពីរនេះ គឺជាអ្នកដែលមានសេចក្តីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ។ ពួកគេជាមនុស្សដែលត្រូវបានព្រះជាម្ចាស់ទទួលយក ហើយពួកគេស្រឡាញ់ព្រះជាម្ចាស់ ដូចជាពួកគេស្រឡាញ់ជីវិតខ្លួនផងដែរ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមានភាពជាមនុស្សសាមញ្ញ និងជាក់ស្ដែងនៅក្នុងកិច្ចការរបស់ទ្រង់។ តាមរបៀបនេះ សំបកក្រៅនៃភាពជាមនុស្សសាមញ្ញ និងជាក់ស្ដែងរបស់ទ្រង់ក្លាយជាការល្បងលដ៏ធំមួយសម្រាប់មនុស្ស ហើយវាក្លាយជាការលំបាកដ៏ធំបំផុតរបស់ពួកគេ។ យ៉ាងណាមិញ ភាពសាមញ្ញ និងភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់មិនអាចត្រូវបានចៀសផុតឡើយ។ ព្រះអង្គបានសាកល្បងអ្វីៗគ្រប់យ៉ាង ដើម្បីស្វែងរកដំណោះស្រាយ ប៉ុន្តែនៅទីបំផុត ទ្រង់មិនអាចកម្ចាត់ចោលសំបកក្រៅនៃភាពជាមនុស្សសាមញ្ញរបស់ទ្រង់បានឡើយ។ ជារួមមក នោះដោយសារតែព្រះអង្គជាព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាម មិនមែនជាព្រះវិញ្ញាណដែលគង់នៅស្ថានសួគ៌ទេ។ ព្រះអង្គមិនមែនជាព្រះជាម្ចាស់ដែលមនុស្សមើលមិនឃើញទេ ប៉ុន្តែជាព្រះជាម្ចាស់ដែលពាក់សំបកកាយជាសមាជិកម្នាក់នៃពិភពលោកដែលទ្រង់បានបង្កើតមក។ ដូច្នេះ ការដកអង្គទ្រង់ចេញពីសំបកកាយនៃភាពជាមនុស្សសាមញ្ញរបស់ទ្រង់ នឹងមិនមែនជារឿងងាយស្រួលទេ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅតែធ្វើកិច្ចការដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើចេញពីទស្សនៈនៃសាច់ឈាមដដែល។ កិច្ចការនេះគឺជាការសម្ដែងចេញអំពីព្រះជាម្ចាស់ដ៏សាមញ្ញ និងជាក់ស្ដែង ដូច្នេះ តើវាអាចមិនអីសម្រាប់មនុស្សក្នុងការមិនចុះចូលយ៉ាងម៉េចទៅ? តើមនុស្សអាចធ្វើសកម្មភាពរបស់ព្រះជាម្ចាស់បានយ៉ាងម៉េចកើតទៅ? ព្រះអង្គធ្វើអ្វីគ្រប់យ៉ាងដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ ហើយគ្រប់កិច្ចការដែលព្រះអង្គរីករាយនឹងធ្វើ គឺទ្រង់ធ្វើហើយ។ បើមនុស្សមិនចុះចូលទេ តើពួកគេអាចមានផែនការល្អផ្សេងយ៉ាងដូចម្ដេចទៅ? កន្លងមកនេះ មានតែការចុះចូលប៉ុណ្ណោះ ទើបបានសង្រ្គោះមនុស្ស ហើយគ្មាននរណាម្នាក់មានគំនិតដ៏ត្រចះត្រចង់ផ្សេងឡើយ។ បើព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ល្បងលមនុស្ស តើពួកគេអាចធ្វើអ្វីបានទៅ? យ៉ាងណាមិញ ការទាំងអស់នេះមិនត្រូវបានព្រះតម្រិះដោយព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ទេ តែវាត្រូវបានព្រះតម្រិះដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សវិញទេ។ ព្រះអង្គសព្វព្រះហឫទ័យចង់ធ្វើកិច្ចការនេះ ដូច្នេះ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរបានឡើយ។ ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌មិនជ្រៀតជ្រែកកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សទេ ដូច្នេះ តើការនេះមិនមែនជាហេតុផលកាន់តែច្រើនដែលនាំឲ្យមនុស្សគួរតែចុះចូលចំពោះទ្រង់ទេឬ? ទោះបីជាព្រះអង្គជាក់ស្ដែងផង និងសាមញ្ញផងក្ដី ក៏ព្រះអង្គជាព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាមទាំងស្រុងដែរ។ ដោយផ្អែកលើព្រះតម្រិះរបស់ទ្រង់ ព្រះអង្គធ្វើអ្វីៗតាមដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ។ ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌បានប្រគល់គ្រប់កិច្ចការទាំងអស់ដល់ទ្រង់ ដូច្នេះ អ្នកត្រូវតែចុះចូលចំពោះគ្រប់កិច្ចការដែលទ្រង់ធ្វើ។ ទោះបីជាព្រះអង្គមានភាពជាមនុស្ស ហើយមានភាពសាមញ្ញបំផុតក៏ដោយ ក៏ព្រះអង្គបានរៀបចំគ្រប់ការទាំងនេះដែរ ដូច្នេះ តើមនុស្សអាចសម្លក់សម្លឹងទៅកាន់ទ្រង់ជាមួយកែវភ្នែកធំៗបែបមិនយល់ស្របយ៉ាងដូចម្ដេចទៅ? ព្រះអង្គសព្វព្រះហឫទ័យចង់ក្លាយជាមនុស្សសាមញ្ញ ដូច្នេះ ទ្រង់ក៏ជាមនុស្សសាមញ្ញ។ ព្រះអង្គសព្វព្រះហឫទ័យចង់រស់នៅក្នុងភាពជាមនុស្ស ដូច្នេះ ទ្រង់ក៏រស់នៅក្នុងភាពជាមនុស្ស។ ព្រះអង្គសព្វព្រះហឫទ័យចង់រស់នៅក្នុងភាពជាព្រះ ដូច្នេះ ទ្រង់ក៏រស់នៅក្នុងភាពជាព្រះ។ មនុស្សអាចមើលឃើញការនេះតាមរបៀបដែលពួកគេចង់មើល ប៉ុន្តែព្រះជាម្ចាស់នឹងតែងតែជាព្រះជាម្ចាស់ ហើយមនុស្សនឹងតែងតែជាមនុស្ស។ សារជាតិរបស់ទ្រង់មិនអាចត្រូវបានបដិសេធ ដោយសារតែសេចក្ដីលម្អិតដ៏កំប៉ិកកំប៉ុក ឬក៏ព្រះអង្គអាចត្រូវបានគេរុញច្រានទៅខាងក្រៅចេញពី «អង្គ» ជាព្រះ ដោយសារតែរឿងដ៏តូចតាចមួយបានឡើយ។ មនុស្សមានសេរីភាពរបស់មនុស្ស ហើយព្រះជាម្ចាស់មានសេចក្តីថ្លៃថ្នូររបស់ព្រះជាម្ចាស់ ដូច្នេះ ការទាំងនេះមិនអាចជ្រៀតជ្រែកគ្នាបានទេ។ តើមនុស្សមិនអាចផ្ដល់សេរីភាពតិចតួចដល់ព្រះជាម្ចាស់ទេឬ? តើពួកគេមិនអាចលើកលែងចំពោះលក្ខណៈរបស់ព្រះជាម្ចាស់លើសពីធម្មតាបន្ដិចបានទេឬ? សូមកុំតឹងតែងជាមួយព្រះជាម្ចាស់ពេកអី! ម្នាក់ៗគួរតែមានការយោគយល់ចំពោះគ្នា បើដូច្នេះ តើគ្រប់យ៉ាងនឹងមិនត្រូវបានដោះស្រាយទេឬអី? តើវានឹងនៅមានការបែកបាក់គ្នាទៀតឬ? បើម្នាក់មិនអាចអត់ទ្រាំនឹងរឿងកំប៉ិកកំប៉ុកបែបនេះបានផង តើពួកគេអាចនិយាយថា «ដួងចិត្តរបស់នាយករដ្ឋមន្ត្រីគឺធំល្មមគ្រប់គ្រាន់ ដើម្បីចែវទូកចូល» បានដោយរបៀបណាទៅ? តើពួកគេអាចក្លាយជាមនុស្សដ៏ពិតប្រាកដម្នាក់យ៉ាងដូចម្ដេច? ព្រះជាម្ចាស់មិនបានបង្កការលំបាកដល់មនុស្សជាតិទេ ប៉ុន្តែ គឺមនុស្សជាតិវិញទេដែលបង្កការលំបាកដល់ព្រះជាម្ចាស់នោះ។ ពួកគេកំពុងតែដោះស្រាយបញ្ហា ដោយធ្វើឲ្យរឿងតូចក្លាយជារឿងធំ។ ដោយគ្មានបញ្ហាសោះ ពួកគេបង្កឲ្យមានបញ្ហាកើតឡើង ហើយវាពិតជាមិនចាំបាច់សោះ! នៅពេលដែលព្រះជាម្ចាស់ធ្វើការនៅក្នុងភាពជាមនុស្សសាមញ្ញ និងជាក់ស្ដែង អ្វីដែលព្រះអង្គធ្វើ មិនមែនជាកិច្ចការរបស់មនុស្សជាតិទេ ប៉ុន្តែជាកិច្ចការរបស់ព្រះជាម្ចាស់។ យ៉ាងណាមិញ មនុស្សមើលមិនឃើញសារជាតិនៃកិច្ចការរបស់ទ្រង់ឡើយ ដ្បិតពួកគេមើលឃើញតែសំបកក្រៅនៃភាពជាមនុស្សរបស់ទ្រង់ប៉ុណ្ណោះ។ ពួកគេមើលមិនឃើញកិច្ចការដ៏អស្ចារ្យបែបនេះទេ តែបែរជាទទូចចង់ឃើញភាពជាមនុស្សសាមញ្ញ និងធម្មតារបស់ទ្រង់ ហើយពួកគេនឹងមិនបោះបង់ចោលឡើយ។ តើការនេះអាចត្រូវបានហៅថាជាការចុះចូលចំពោះព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ ឥឡូវបាន «ត្រលប់» ជាព្រះជាម្ចាស់ដែលគង់នៅលើផែនដី ហើយព្រះជាម្ចាស់ដែលគង់នៅលើផែនដី ឥឡូវនេះ គឺជាព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌។ វាលែងសំខាន់ហើយថាតើរូបរាងខាងក្រៅរបស់ព្រះអង្គទាំងពីរមានលក្ខខណៈដូចគ្នាឬអត់នោះ ហើយក៏លែងសំខាន់ផងដែរចំពោះរបៀបដែលពួកទ្រង់ធ្វើការដូចគ្នាដោយរបៀបណានោះ។ នៅទីបំផុត ព្រះអង្គដែលធ្វើកិច្ចការផ្ទាល់របស់ព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ចង់ឬមិនចង់ អ្នកត្រូវតែចុះចូល ព្រោះអ្នកគ្មានជម្រើសឡើយ! ព្រះជាម្ចាស់ត្រូវតែទទួលការស្ដាប់បង្គាប់ពីមនុស្ស ហើយមនុស្សត្រូវតែចុះចូលទាំងស្រុងចំពោះព្រះជាម្ចាស់ ដោយគ្មានពុតត្បុត សូម្បីតែបន្ដិច។

ក្រុមមនុស្សដែលព្រះជាម្ចាស់យកកំណើតជាមនុស្សសព្វព្រះហឫទ័យចង់ទទួលយកនៅថ្ងៃនេះ គឺជាអស់អ្នកដែលប្រតិបត្តិតាមព្រះហឫទ័យរបស់ទ្រង់។ ពួកគេត្រូវតែចុះចូលចំពោះកិច្ចការរបស់ទ្រង់តែមួយប៉ុណ្ណោះ ហើយឈប់ខ្វល់ខ្វាយចិត្តជាមួយនឹងព្រះតម្រិះរបស់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ ឈប់រស់នៅក្នុងភាពស្រពេចស្រពិល ហើយឈប់បង្កការលំបាកដល់ព្រះជាម្ចាស់ដែលគង់នៅក្នុងសាច់ឈាម។ អស់អ្នកដែលអាចស្ដាប់បង្គាប់ទ្រង់បាន គឺជាអស់អ្នកដែលស្ដាប់តាមព្រះបន្ទូលរបស់ទ្រង់ទាំងស្រុង ហើយចុះចូលតាមការរៀបចំរបស់ទ្រង់។ មនុស្សបែបនេះមិនខ្វល់ទាល់តែសោះចំពោះអ្វីដែលព្រះជាម្ចាស់គង់នៅស្ថានសួគ៌អាចសព្វព្រះហឫទ័យ ឬប្រភេទនៃកិច្ចការអ្វីដែលព្រះជាម្ចាស់គង់នៅស្ថានសួគ៌អាចកំពុងតែធ្វើនៅក្នុងចំណោមមនុស្សជាតិនោះឡើយ ប៉ុន្តែពួកគេថ្វាយដួងចិត្តរបស់ពួកគេទាំងស្រុងដល់ព្រះជាម្ចាស់ដែលគង់នៅលើផែនដី ហើយពួកគេដាក់ចិត្តដាក់កាយរបស់ពួកគេទាំងអស់នៅចំពោះទ្រង់។ ពួកគេមិនដែលពិចារណាចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ហើយក៏មិនរអ៊ូរទាំងចំពោះភាពសាមញ្ញ និងភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់ដែលគង់នៅក្នុងសាច់ឈាមនោះដែរ។ អស់អ្នកដែលចុះចូលចំពោះព្រះជាម្ចាស់ដែលគង់នៅក្នុងសាច់ឈាម អាចត្រូវបានព្រះអង្គប្រោសឲ្យគ្រប់លក្ខណ៍។ អស់អ្នកដែលជឿលើព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌នឹងមិនទទួលបានអ្វីឡើយ។ នោះគឺដោយសារតែនេះមិនមែនជាព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ទេ ប៉ុន្តែគឺព្រះជាម្ចាស់ដែលគង់នៅលើផែនដីទេ ដែលប្រទានសេចក្តីសន្យា និងព្រះពរដល់មនុស្ស។ មនុស្សមិនគួរលើកតម្កើងព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ ក្នុងពេលដែលខ្លួនឃើញព្រះជាម្ចាស់ដែលគង់នៅលើផែនដីគ្រាន់តែជាមនុស្សសាមញ្ញបំផុតម្នាក់នោះឡើយ ព្រោះទង្វើបែបនេះមិនយុត្តិធម៌ទេ។ ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌គឺជាព្រះដ៏ធំអស្ចារ្យ និងប្រកបដោយព្រះប្រាជ្ញាញាណគួរឲ្យស្ញប់ស្ញែង ប៉ុន្តែការនេះមិនមានទាល់តែសោះ។ ព្រះជាម្ចាស់ដែលគង់នៅលើផែនដីគឺជាព្រះដ៏សាមញ្ញ និងតូចទាបបំផុត ហើយក៏ធម្មតាបំផុតផងដែរ។ ព្រះអង្គមិនមានព្រះតម្រិះដ៏អស្ចារ្យ ឬធ្វើសកម្មភាពដ៏គួរឲ្យភ្ញាក់ផ្អើលអ្វីឡើយ។ ព្រះអង្គគ្រាន់តែធ្វើការ និងមានបន្ទូលនៅក្នុងរបៀបដ៏សាមញ្ញ និងធម្មតាបំផុតប៉ុណ្ណោះ។ ទោះបីជាព្រះអង្គមិនមានបន្ទូលតាមរយៈផ្គរលាន់ ឬបង្កជាព្យុះភ្លៀងក៏ដោយ ក៏ព្រះអង្គជាការយកកំណើតជាមនុស្សដ៏ពិតនៃព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ដែរ ហើយព្រះអង្គក៏ជាព្រះជាម្ចាស់ដែលកំពុងតែមានព្រះជន្មរស់នៅកណ្ដាលចំណោមមនុស្សដែរ។ មនុស្សមិនត្រូវលើកតម្កើងព្រះមួយអង្គដែលពួកគេអាចយល់ និងស្របតាមការស្រមើស្រមៃរបស់ពួកគេថាជាព្រះជាម្ចាស់ ខណៈពេលដែលពួកគេមើលឃើញព្រះជាម្ចាស់មួយអង្គដែលពួកគេមិនអាចទទួលយក ព្រមទាំងមិនអាចស្រមើស្រមៃថាជាមនុស្សទន់ទាបនោះឡើយ។ ការទាំងអស់នេះចេញមកពីការបះបោររបស់មនុស្ស។ នេះហើយជាគ្រប់ទាំងប្រភពនៃការប្រឆាំងរបស់មនុស្សជាតិចំពោះព្រះជាម្ចាស់នោះ។

ខាង​ដើម៖ គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់

បន្ទាប់៖ អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ