សេចក្ដីដែលអ្នកគង្វាលដ៏មានសមត្ថភាពគួរប្រដាប់ខ្លួន
អ្នកត្រូវតែមានការយល់ដឹងពីសណ្ឋាន ជាច្រើនដែលមនុស្សជាច្រើននឹងស្ថិតនៅពេលដែលព្រះវិញ្ញាណបរិសុទ្ធ អនុវត្តកិច្ចការក្នុងពួកគេ។ ជាពិសេស គឺអស់អ្នកដែលសម្របសម្រួល ក្នុងការបម្រើព័ន្ធកិច្ចដល់ព្រះជាម្ចាស់ ត្រូវតែមានការយល់ដឹងកាន់តែច្រើនអំពីសណ្ឋានជាច្រើន ដែលកើតពីកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធសម្ដែងមកលើមនុស្ស។ បើអ្នកគ្រាន់តែរៀបរាប់ពីបទពិសោធន៍ ឬរបៀបផ្សេងៗនៃការទទួលបាននូវសិទ្ធិចូលទៅក្នុងស្ថានសួគ៌ នោះបង្ហាញថា បទពិសោធន៍របស់អ្នកលម្អៀងជ្រុល។ ការដែលមិនបានដឹងថា ខ្លួនឯងស្ថិតនៅក្នុងសណ្ឋានណាមួយនោះ ព្រមទាំងព្យាយាមចាប់យកគោលការណ៍នៃសេចក្តីពិត នោះការសម្រេចឲ្យបាននូវការផ្លាស់ប្ដូរនិស្ស័យនឹងមិនអាចកើតឡើងបានឡើយ។ ការដែលមិនបានដឹងពីគោលការណ៍នៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬការយល់ដឹងពីផលផ្លែ នៃកិច្ចការនេះទេ នោះអ្នកក៏ ពិបាកនឹងស្គាល់កិច្ចការរបស់វិញ្ញាណអាក្រក់ដែរ។ អ្នកត្រូវតែលាតត្រដាងកិច្ចការនៃវិញ្ញាណអារក្ស ព្រមទាំងសញ្ញាណនៃមនុស្ស ថែមទាំងចាក់ឲ្យចំចំនុចសំខាន់នៃបញ្ហា អ្នកក៏ត្រូវតែចង្អុលបង្ហាញពីគម្លាតនានា ក្នុងការអនុវត្តន៍របស់មនុស្ស និងបញ្ហាផ្សេងៗ ដែលពួកគេមានក្នុងសេចក្តីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ដើម្បីឲ្យពួកគេអាចទទួលស្គាល់ចំនុចទាំងនោះ បាន។ យ៉ាងហោចណាស់ អ្នកមិនត្រូវធ្វើឲ្យពួកគេមានអារម្មណ៍អវិជ្ជមាន ឬអសកម្មទទួលរងសម្ពាធនោះទេ។ យ៉ាងណាមិញ អ្នកត្រូវតែយល់នូវការលំបាកផ្សេងៗដែលបានកើតឡើង ក្នុងគោលដៅសម្រាប់មនុស្សជាច្រើន អ្នកមិនត្រូវធ្វើជាមនុស្សគ្មានហេតុផល ឬក៏ «ព្យាយាមបង្រៀនសត្វជ្រូកឲ្យចេះនិយាយនោះទេ» នោះជាកាយវិការដ៏ឆ្កួតលីលា។ ដើម្បីដោះស្រាយនូវការលំបាកជាច្រើនដែលមនុស្សឆ្លងកាត់ ជាដំបូងអ្នកត្រូវតែយល់ពីថាមវន្តនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ អ្នកត្រូវតែយល់ពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធសម្ដែងកិច្ចការលើមនុស្សផ្សេងៗគ្នា អ្នកត្រូវតែមានការយល់ដឹងអំពីការលំបាកដែលមនុស្សប្រឈម និងដឹងអំពីចំណុចខ្សោយរបស់គេ ហើយអ្នកត្រូវតែមើលឲ្យឃើញចំណុចសំខាន់ៗនៃបញ្ហា និងទៅឲ្យដល់ប្រភពរបស់វា ដោយមិនឲ្យមានគម្លាត ឬបង្កើតឲ្យមានកំហុសឆ្គងឡើយ។ មានតែបុគ្គលប្រភេទនេះប៉ុណ្ណោះ ដែលអាចមានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការសម្របសម្រួលការ បម្រើព័ន្ធកិច្ចដល់ព្រះជាម្ចាស់។
បើទោះបីជាអ្នកអាច ឬមិនអាចយល់ពីចំណុចសំខាន់ៗ និងអាច ឬមិនអាចមើលឃើញការជាច្រើនបានយ៉ាងច្បាស់ក្តី គឺវាអាស្រ័យលើបទពិសោធន៍ជាលក្ខណៈបុគ្គលរបស់អ្នក។ លក្ខណៈនៃបទពិសោធន៍របស់អ្នក ក៏គឺជា លក្ខណៈនៃការដែលអ្នកដឹកនាំអ្នកដទៃផងដែរ។ ប្រសិនអ្នកយល់ពីន័យពាក្យ និងគោលលទ្ធិទាំងនោះ នោះអ្នកនឹងដឹកនាំអ្នកដទៃឲ្យយល់ពីន័យពាក្យ និងគោលលទ្ធិទាំងនោះដែរ។ លក្ខណៈនៃការដែលអ្នកបានស្គាល់តថភាពនៃព្រះបន្ទូលរបស់ព្រះគឺជា លក្ខណៈនៃការដែលអ្នកនឹងដឹកនាំអ្នកដទៃឲ្យបានចូលទៅក្នុងតថភាពនៃព្រះសូរសៀងរបស់ព្រះដូចគ្នាដែរ។ ប្រសិនបើអ្នកអាចយល់សេចក្ដីពិតច្រើន ហើយទទួលបានចំណេះដឹងច្រើនយ៉ាងច្បាស់ប្រាកដពីព្រះបន្ទូលរបស់ព្រះ នោះអ្នកនឹងអាចដឹកនាំអ្នកដទៃឲ្យយល់សេចក្ដីពិតច្រើនដូចគ្នា ហើយអស់អ្នកដែលអ្នកដឹកនាំនឹងទទួលបាននូវការយល់ដឹងយ៉ាងច្បាស់លាស់ពីនិមិត្តទាំងឡាយផងដែរ។ ប្រសិនជាអ្នកផ្តោតលើការឈ្វេងយល់អារម្មណ៍អស្ចារ្យ នោះអស់អ្នកដែលអ្នកដឹកនាំនឹងធ្វើបានដូចគ្នា។ ប្រសិនជាអ្នកមានការធ្វេសប្រហែស ក្នុងការប្រតិបត្តិតាម ដោយការផ្តោតលើការពិភាក្សាជាង នោះអស់អ្នកដែលអ្នកដឹកនាំក៏នឹងផ្តោតលើការពិភាក្សាដូចគ្នាដែរ ប្រសិនបើគ្មានការប្រតិបត្តិតាម ឬការទទួលបាន ការបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេ ពួកគេគ្រាន់តែងប់បែបលំៗ ដោយមិនបានយកសេចក្តីពិតមកប្រតិបត្តិនោះឡើយ។ មនុស្សទាំងអស់ផ្គត់ផ្គង់អ្នកដទៃជាមួយនឹងអ្វីដែលពួកគេមាន។ លក្ខណៈនៃមនុស្សម្នាក់ជាកត្តាកំណត់មាគ៌ាដែលពួកគេដឹកនាំអ្នកដទៃ ក៏ដូចជាជំពូកមនុស្សដែលពួកគេដឹកនាំផងដែរ។ ដើម្បីឲ្យស័ក្ដិសមពិតប្រាកដសម្រាប់ព្រះជាម្ចាស់ប្រើប្រាស់ អ្នកមិនត្រឹមតែមានបំណងប្រាថ្នាប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ត្រូវតែមានការបំភ្លឺយ៉ាងច្រើនពីព្រះជាម្ចាស់ មានការដឹកនាំមកពីព្រះបន្ទូលរបស់ព្រះ មានបទពិសោធន៍នៃការដែលត្រូវវាយផ្ចាលដោយព្រះជាម្ចាស់ និងមានការបន្សុទ្ធដោយព្រះបន្ទូលរបស់ទ្រង់។ ដោយយកការនេះជាមូលដ្ឋានគ្រឹះ ក្នុងគ្រាធម្មតា អ្នករាល់គ្នាគួរយកចិត្តទុកដាក់ចំពោះការអង្កេតមើល ការត្រិះរិះ ការសញ្ជឹងគិត និងសេចក្តីសន្និដ្ឋានរបស់អ្នករាល់គ្នា ព្រមទាំងចូលរួមក្នុងការស្រូបយក ឬក៏ការលុបបំបាត់ទៅតាមនោះដែរ។ ទាំងនេះគឺជាផ្លូវទាំងឡាយសម្រាប់ឲ្យអ្នករាល់គ្នាចូលមកក្នុងការសេចក្តីពិត ហើយផ្លូវនិមួយៗ គឺមិនអាចជៀសរួចនោះឡើយ។ នេះជាការដែលព្រះជាម្ចាស់អនុវត្តកិច្ចការ។ ប្រសិនជាអ្នកចូលមកក្នុងវិធីសាស្រ្តដែលព្រះអនុវត្តកិច្ចការ នោះអ្នកនឹងអាចមានឱកាសទទួលបាននូវការកែប្រែឲ្យបានគ្រប់លក្ខណ៍ដោយសារព្រះអង្គ។ ហើយនៅគ្រប់ពេលទាំងអស់ បើទោះជាអ្នកស្ថិតនៅក្នុងស្ថានការណ៍អាក្រក់ ឬល្អ បើទោះជាអ្នកកំពុងត្រូវល្បងល ឬត្រូវល្បួង បើទោះជាអ្នកកំពុងធ្វើការ ឬមិនធ្វើក៏ដោយ ហើយបើទោះជាអ្នកកំពុងរស់នៅតែអ្នក ឬរស់ជាសហគមន៍ក្តី អ្នកនឹងតែងតែរកបាននូវឱកាសជាច្រើនដើម្បីទទួលបាននូវការកែប្រែឲ្យបានគ្រប់លក្ខណ៍ដោយសារទ្រង់ ទាំងមិនបានបាត់បង់ឱកាសណាមួយនោះឡើយ។ អ្នកនឹងអាចរកឃើញឱកាសទាំងអស់ ហើយតាមរយៈវិធីនេះ នោះអ្នកក៏នឹងបានរកឃើញអាថ៌កំបាំងក្នុងការស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។