រឿងពិតពីក្រោយកិច្ចការនាយុគសម័យនៃការប្រោសលោះ

ផែនការគ្រប់គ្រងរបស់ខ្ញុំទាំងមូល (ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ) មាន ៣ ដំណាក់កាល ឬ ៣ យុគសម័យ៖ យុគសម័យនៃក្រឹត្យវិន័យនៃគ្រាដំបូង យុគសម័យនៃព្រះគុណ (ឬហៅម្យ៉ាងទៀតថា យុគសម័យនៃការប្រោសលោះ) និងយុគសម័យនៃនគរព្រះនៃគ្រាចុងក្រោយ។ កិច្ចការរបស់ខ្ញុំនៅក្នុងយុគសម័យទាំងបីនេះ មានខ្លឹមសារខុសៗគ្នា អាស្រ័យទៅតាមធម្មជាតិនៃយុគសម័យនីមួយៗ។ ប៉ុន្តែនៅក្នុងដំណាក់កាលនីមួយៗ កិច្ចការនេះតែងបានជាប្រយោជន៍ដល់តម្រូវការរបស់មនុស្ស ឬបើនិយាយឱ្យចំ កិច្ចការនេះត្រូវធ្វើឡើងស្របទៅតាមកលល្បិចដែលសាតាំងប្រើនៅក្នុងសង្គ្រាមដែលខ្ញុំប្រយុទ្ធតតាំងជាមួយវា។ កិច្ចការរបស់ខ្ញុំ គឺមានគោលបំណងដើម្បីយកឈ្នះសាតាំង ដើម្បីបង្ហាញពីព្រះប្រាជ្ញាញាណ និងសព្វានុភាពរបស់ខ្ញុំ ដើម្បីលាតត្រដាងពីកលល្បិចទាំងអស់របស់សាតាំង និងដើម្បីសង្គ្រោះពូជមនុស្សទាំងមូល ដែលរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង។ កិច្ចការនេះធ្វើឡើងដើម្បីបង្ហាញពីព្រះប្រាជ្ញាញាណនិងសព្វានុភាពរបស់ខ្ញុំ និងដើម្បីបើកសម្ដែងពីសេចក្ដីអាក្រក់ដ៏ច្រើនលើសលុបរបស់សាតាំង ហើយជាងនេះទៅទៀត គឺដើម្បីឱ្យភាវៈដែលព្រះបានបង្កើតមក មើលឃើញពីភាពខុសគ្នារវាងសេចក្ដីល្អនិងសេចក្ដីអាក្រក់ ដើម្បីឱ្យគេដឹងថា ខ្ញុំជាអ្នកគ្រប់គ្រងលើរបស់សព្វសារពើ ដើម្បីឱ្យគេមើលឃើញយ៉ាងច្បាស់ថា សាតាំងគឺជាសត្រូវរបស់មនុស្សជាតិ ជាវិញ្ញាណអសីលធម៌ ជាមេកំណាច និងដើម្បីឱ្យមនុស្សអាចប្រាប់ពីភាពខុសគ្នារវាងសេចក្ដីល្អនិងសេចក្ដីអាក្រក់ សេចក្ដីពិតនិងសេចក្ដីក្លែងក្លាយ ភាពបរិសុទ្ធនិងភាពស្មោកគ្រោក និងអ្វីជាភាពអស្ចារ្យ និងអ្វីជាភាពថោកទាប បានយ៉ាងប្រាកដច្បាស់លាស់បំផុត។ របៀបនេះ មនុស្សល្ងង់ខ្លៅ នឹងអាចធ្វើបន្ទាល់ពីខ្ញុំថា ខ្ញុំមិនមែនជាអ្នកដែលធ្វើឱ្យមនុស្សជាតិទៅជាពុករលួយឡើយ ហើយមានតែខ្ញុំដែលជាព្រះអាទិករនេះទេ ទើបអាចសង្គ្រោះមនុស្សជាតិបាន អាចប្រទានអ្វីៗដល់មនុស្សបាន ដែលគេអាចសោយសុខជាមួយបាន ហើយគេនឹងដឹងថា ខ្ញុំគឺជាអ្នកគ្រប់គ្រងលើរបស់សព្វសារពើទាំងអស់។ ចំណែកសាតាំងវិញ គ្រាន់តែជាភាវៈមួយក្នុងចំណោមភាវៈឯទៀតដែលខ្ញុំបានបង្កើតមក ដែលវាបានបកមកប្រឆាំងនឹងខ្ញុំវិញនៅពេលក្រោយប៉ុណ្ណោះ។ ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ខ្ញុំ ត្រូវបានបែងចែកជា ៣ ដំណាក់កាល ហើយខ្ញុំធ្វើបែបនេះ គឺដើម្បីសម្រេចផលក្នុងការដែលអាចអនុញ្ញាតឱ្យភាវៈដែលខ្ញុំបានបង្កើតមកធ្វើបន្ទាល់ពីខ្ញុំ យល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ ព្រមទាំងដឹងថា ខ្ញុំគឺជាសេចក្ដីពិត។ ដូច្នេះ ក្នុងអំឡុងពេលដំបូងនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ខ្ញុំនេះ គឺខ្ញុំបានបំពេញកិច្ចការខាងក្រឹត្យវិន័យ ដែលជាកិច្ចការដែលព្រះយេហូវ៉ាបានដឹកនាំរាស្ត្រទ្រង់។ ដំណាក់កាលទីពីរ បានចាប់ផ្ដើមកិច្ចការក្នុងយុគសម័យនៃព្រះគុណ នៅតាមបណ្ដាភូមិនានាក្នុងស្រុកយូដា។ ព្រះយេស៊ូវតំណាងឱ្យកិច្ចការទាំងអស់ក្នុងយុគសម័យនៃព្រះគុណនេះ។ ទ្រង់បានយកកំណើតជាមនុស្សនៅខាងសាច់ឈាម រួចត្រូវគេឆ្កាង ហើយទ្រង់ក៏បានចាប់ផ្ដើមយុគសម័យនៃព្រះគុណផងដែរ។ ទ្រង់ត្រូវបានគេឆ្កាងដើម្បីសម្រេចកិច្ចការនៃការប្រោសលោះ ដើម្បីបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ ហើយចាប់ផ្ដើមយុគសម័យនៃព្រះគុណ ហេតុនេះទើបគេហៅទ្រង់ថា «មេទ័ពកំពូល» «តង្វាយលោះបាប» និង «ព្រះដ៏ប្រោសលោះ»។ ដូច្នេះ កិច្ចការរបស់ព្រះយេស៊ូវមានខ្លឹមសារខុសពីកិច្ចការរបស់ព្រះយេហូវ៉ា ទោះបីជាកិច្ចការទាំងពីរនេះ មានគោលការណ៍ដូចគ្នាក៏ដោយ។ ព្រះយេហូវ៉ាបានចាប់ផ្ដើមយុគសម័យនៃក្រឹត្យវិន័យ ដោយបង្កើតឱ្យមានមូលដ្ឋានដែលជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដី និងបានចែងពីក្រឹត្យវិន័យ និងបញ្ញត្តិជាច្រើន។ ទ្រង់បានបំពេញកិច្ចការពីរចំណែកនេះ ហើយកិច្ចការទាំងពីរនេះតំណាងឱ្យយុគសម័យនៃក្រឹត្យវិន័យ។ កិច្ចការដែលព្រះយេស៊ូវបានធ្វើនៅក្នុងយុគសម័យនៃព្រះគុណ មិនមែនដើម្បីចែងពីក្រឹត្យវិន័យទេ តែដើម្បីសម្រេចតាមក្រឹត្យវិន័យទាំងនោះ ហើយក៏ជាការចាប់ផ្ដើមយុគសម័យនៃព្រះគុណ និងជាការបញ្ចប់យុគសម័យនៃក្រឹត្យវិន័យដែលមានរយៈពេលពីរពាន់ឆ្នាំដែរ។ ទ្រង់គឺជាអ្នកត្រួសត្រាយ ដែលបានយាងមកដើម្បីចាប់ផ្ដើមយុគសម័យនៃព្រះគុណ តែចំណែកដ៏សំខាន់បំផុតនៃកិច្ចការរបស់ទ្រង់ ស្ថិតនៅលើការប្រោសលោះឯណេះទេ។ ដូច្នេះហើយ កិច្ចការរបស់ទ្រង់ គឺជាកិច្ចការដែលមានមុខពីរ៖ គឺបើកយុគសម័យថ្មីមួយ និងបិទបញ្ចប់កិច្ចការនៃការប្រោសលោះ តាមរយៈការសុគតលើឈើឆ្កាង បន្ទាប់មក ទ្រង់ក៏យាងចាកចេញទៅ។ ដូច្នេះ នៅពេលដែលយុគសម័យនៃក្រឹត្យវិន័យបានបញ្ចប់ យុគសម័យនៃព្រះគុណក៏ចាប់ផ្ដើម។

កិច្ចការដែលព្រះយេស៊ូវបានធ្វើ គឺស្របទៅនឹងតម្រូវការរបស់មនុស្សនៅក្នុងយុគសម័យនោះ។ ការងាររបស់ព្រះអង្គ គឺប្រោសលោះមនុស្ស និងអត់ទោសបាបឱ្យពួកគេ ដូច្នេះហើយ ទើបនិស្ស័យរបស់ទ្រង់ពេញដោយការបន្ទាបខ្លួន ការអត់ធ្មត់ សេចក្ដីស្រឡាញ់ ការគោរពកោតខ្លាច ការអត់ទ្រាំ និងសេចក្ដីសប្បុរស។ ព្រះអង្គបាននាំព្រះគុណនិងព្រះពរបរិបូរមកដល់មនុស្ស និងគ្រប់យ៉ាងដែលមនុស្សអាចសោយសុខបាន ទ្រង់បានប្រទានសេចក្ដីសុខសាន្តនិងសុភមង្គល សេចក្ដីត្រាប្រណីនិងសេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណានិងសេចក្ដីសប្បុរសរបស់ទ្រង់ដល់ពួកគេ ដើម្បីឱ្យពួកគេបានសោយសុខ។ គ្រានោះ មនុស្សបានសោយសុខនឹងភាពពេញបរិបូរនៃរបស់សព្វសារពើដូចជា អារម្មណ៍សុខសាន្តនិងសុវត្ថិភាពនៅក្នុងដួងចិត្តរបស់គេ អារម្មណ៍កក់ក្ដៅនៅក្នុងវិញ្ញាណរបស់គេ និងការពឹងអាងរបស់គេលើព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដែលទាំងអស់នេះសុទ្ធតែមាននៅក្នុងយុគសម័យដែលគេរស់នៅ។ នៅក្នុងយុគសម័យនៃព្រះគុណ មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយអស់ហើយ ដូច្នេះ ដើម្បីសម្រេចកិច្ចការនៃការប្រោសលោះមនុស្សជាតិទាំងមូល តម្រូវឱ្យមានព្រះគុណច្រើនបរិបូរ មានការអត់ឱននិងការអត់ធ្មត់ឥតដែនកំណត់ ហើយលើសពីនេះទៀត គឺតម្រូវឱ្យមានតង្វាយលោះបាបដែលស័ក្ដិសមដើម្បីលោះបាបមនុស្សជាតិ ដើម្បីឱ្យកិច្ចការនេះមានប្រសិទ្ធភាព។ អ្វីដែលមនុស្សមើលឃើញនៅក្នុងយុគសម័យនៃព្រះគុណ គឺគ្រាន់តែជាតង្វាយលោះបាបរបស់ខ្ញុំដើម្បីអំពើបាបរបស់មនុស្សប៉ុណ្ណោះ នោះគឺព្រះយេស៊ូវនេះឯង។ គ្រប់យ៉ាងដែលគេដឹងគឺថា ព្រះជាម្ចាស់ពេញដោយសេចក្ដីមេត្តាករុណា និងការអត់ធ្មត់ ហើយគ្រប់យ៉ាងដែលគេបានឃើញ គឺជាសេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរសរបស់ព្រះយេស៊ូវ។ ទាំងអស់នេះ គឺដោយសារតែពួកគេកើតមកក្នុងយុគសម័យនៃព្រះគុណ។ ដូច្នេះហើយ មុនពេលពួកគេត្រូវប្រោសលោះ ពួកគេបានសោយសុខនឹងព្រះគុណដ៏ច្រើន ដែលព្រះយេស៊ូវបានប្រទានឱ្យពួកគេ ដើម្បីឱ្យបានជាប្រយោជន៍ដល់ពួកគេផង។ តាមវិធីនេះ ពួកគេត្រូវបានអត់ទោសបាបតាមរយៈព្រះគុណដែលពួកគេទទួលបាន ហើយក៏អាចមានឱកាសត្រូវបានប្រោសលោះតាមរយៈការអត់ឱន និងសេចក្ដីត្រាប្រណីរបស់ព្រះយេស៊ូវដែលពួកគេទទួលបានផងដែរ។ មានតែតាមរយៈការអត់ឱន និងសេចក្ដីត្រាប្រណីរបស់ព្រះយេស៊ូវទេ ទើបពួកគេអាចមានសិទ្ធិទទួលបាននូវការអត់ទោស និងសោយសុខក្នុងភាពបរិបូរនៃព្រះគុណដែលព្រះយេស៊ូវបានប្រទានឱ្យ។ ដូចដែលព្រះយេស៊ូវបានមានបន្ទូលថា៖ ខ្ញុំមិនមែនមកប្រោសលោះមនុស្សសុចរិតទេ គឺមកប្រោសលោះមនុស្សបាបវិញ ដើម្បីឱ្យមនុស្សបាបអាចត្រូវបានអត់ទោសបាបរបស់ខ្លួន។ ពេលដែលព្រះយេស៊ូវត្រឡប់ជាសាច់ឈាម ប្រសិនបើទ្រង់បាននាំមកជាមួយនូវនិស្ស័យនៃការជំនុំជម្រះ ការដាក់បណ្ដាសា និងការមិនអត់ឱនចំពោះការប្រមាថរបស់មនុស្ស នោះមនុស្សមុខជាមិនដែលមានឱកាសត្រូវបានប្រោសលោះឡើយ ហើយគេប្រាកដជានៅមានបាបអស់កល្បជានិច្ចមិនខាន។ បើដូច្នេះមែន ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ ច្បាស់ជាត្រូវផ្អាកត្រឹមយុគសម័យនៃក្រឹត្យវិន័យ ហើយយុគសម័យនៃក្រឹត្យវិន័យនេះ ច្បាស់ជាត្រូវអូសបន្លាយពេលរហូតដល់ទៅប្រាំមួយពាន់ឆ្នាំមិនខាន។ អំពើបាបរបស់មនុស្សនឹងកាន់តែច្រើនឡើង ហើយកាន់តែអាក្រក់ទៅៗ ហើយការបង្កើតមនុស្សជាតិមក ក៏នឹងប្រែជាគ្មានន័យអ្វីដែរ។ មនុស្សនឹងអាចត្រឹមបម្រើព្រះយេហូវ៉ាតាមក្រឹត្យវិន័យប៉ុណ្ណោះ តែអំពើបាបរបស់គេវិញ មុខជាកើនលើសលុបជាងមនុស្សដែលបានបង្កើតមកនៅគ្រាដំបូងទៅទៀត។ កាលណាព្រះយេស៊ូវកាន់តែស្រឡាញ់មនុស្ស កាន់តែអត់ទោសបាបឱ្យគេ ហើយកាន់តែប្រទានសេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរសពេញបរិបូរដល់គេ នោះមនុស្សជាតិនឹងកាន់តែមានសិទ្ធិឱ្យព្រះយេស៊ូវសង្គ្រោះគេ មានសិទ្ធិហៅថាជាចៀមដែលវង្វេងបាត់ ដែលព្រះយេស៊ូវបានលោះមកវិញក្នុងតម្លៃដ៏លើសលុប។ សាតាំងមិនអាចជ្រៀតជ្រែកក្នុងកិច្ចការនេះបានទេ ដ្បិតព្រះយេស៊ូវប្រព្រឹត្តដាក់អ្នកដែលដើរតាមទ្រង់ ដូចជាម្ដាយដែលពេញដោយក្ដីស្រឡាញ់ កំពុងបីកូនតូចជាប់នឹងទ្រូងដែរ។ ទ្រង់មិនបានក្រោធ ឬមើលងាយពួកគេទេ តែទ្រង់ពេញដោយការកម្សាន្តចិត្ត។ ទ្រង់មិនដែលបញ្ចេញសេចក្ដីក្រោធដាក់ពួកគេទេ ទ្រង់មានតែអត់ឱនចំពោះអំពើបាបរបស់គេ ហើយបិទព្រះនេត្រធ្វើទតមិនឃើញពីភាពលេលា និងភាពល្ងង់ខ្លៅរបស់គេ ដល់ថ្នាក់ទ្រង់មានព្រះបន្ទូលថា៖ «ចូរអត់ទោសដល់អ្នកដទៃ ដល់ទៅ ៧ ចិតសិបដង»។ ដូច្នេះហើយទើបដួងចិត្តរបស់គេ ត្រូវដួងព្រះហឫទ័យរបស់ទ្រង់ផ្លាស់ប្រែ ហើយមានតែបែបនេះទេ ទើបមនុស្សអាចទទួលបានការអត់ទោសបាបតាមរយៈការអត់ឱនរបស់ទ្រង់។

ទោះបីក្នុងការយកកំណើតជាមនុស្សរបស់ទ្រង់ ព្រះយេស៊ូវគ្មានមនោសញ្ចេតនាសោះក៏ដោយ ក៏ទ្រង់តែងតែកម្សាន្តចិត្តសិស្សទ្រង់ ទំនុកបម្រុងពួកគេ ជួយពួកគេ និងគាំទ្រពួកគេជានិច្ចដែរ។ តែមិនថាទ្រង់ធ្វើកិច្ចការច្រើនប៉ុនណា ឬមិនថាទ្រង់រងទុក្ខច្រើនប៉ុនណាទេ ក៏ទ្រង់មិនដែលទាមទារអ្វីឱ្យច្រើនលើសលុបពីមនុស្សដែរ។ ទ្រង់តែងតែមានការអត់ឱន និងការត្រាប្រណីចំពោះអំពើបាបរបស់មនុស្សជានិច្ច។ ហេតុនេះហើយទើបមនុស្សក្នុងយុគសម័យនៃព្រះគុណ ហៅទ្រង់ទាំងស្រឡាញ់ពេញចិត្តថា «ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះជាទីស្រឡាញ់»។ ចំពោះមនុស្សនាសម័យនោះ ក៏ដូចជាមនុស្សទាំងអស់ដែរ កម្មសិទ្ធិនិងលក្ខណៈរបស់ព្រះយេស៊ូវ គឺសេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរស។ ព្រះអង្គមិនដែលនឹកចាំពីអំពើរំលងរបស់មនុស្សឡើយ ហើយការប្រព្រឹត្តដែលទ្រង់មានចំពោះគេ ក៏មិនមែនផ្អែកលើអំពើរំលងរបស់គេដែរ។ ទ្រង់តែងប្រទានអាហារជាច្រើនដល់មនុស្សដើម្បីឱ្យគេបានបរិភោគឆ្អែត ដ្បិតយុគសម័យនោះ គឺជាយុគសម័យមួយដោយឡែក។ ទ្រង់ប្រព្រឹត្តដាក់អ្នកដែលដើរតាមទ្រង់ប្រកបដោយព្រះគុណ ដោយព្យាបាលជំងឺ បណ្ដេញវិញ្ញាណអាក្រក់ ប្រោសមនុស្សស្លាប់ឱ្យរស់ឡើងវិញជាដើម។ ដើម្បីឱ្យមនុស្សជឿទ្រង់ និងមើលឃើញថា កិច្ចការដែលទ្រង់បានធ្វើ គឺសុទ្ធតែធ្វើចេញពីព្រះទ័យស្មោះត្រង់ឥតលាក់លៀម។ ទ្រង់ថែមទាំងបានប្រោសសាកសពស្អុយរលួយឱ្យរស់ឡើងវិញផង ដោយបង្ហាញឱ្យគេឃើញថា នៅក្នុងព្រះហស្តទ្រង់ សូម្បីតែមនុស្សស្លាប់ក៏អាចរស់ឡើងវិញបានដែរ។ ព្រះអង្គបានរងទុក្ខ និងបានបំពេញកិច្ចការនៃការប្រោសលោះយ៉ាងស្ងៀមស្ងាត់នៅក្នុងចំណោមពួកគេ តាមវិធីនេះឯង។ ព្រះយេស៊ូវបានយកអំពើបាបរបស់មនុស្សមកដាក់លើព្រះកាយទ្រង់ និងបានក្លាយជាតង្វាយលោះបាបដើម្បីមនុស្ស ទាំងមុនពេលដែលទ្រង់ត្រូវគេឆ្កាងទៅនឹងឈើឆ្កាងទៅទៀត។ ទ្រង់បានបើកផ្លូវទៅរកឈើឆ្កាង ដើម្បីប្រោសលោះមនុស្សជាតិ តាំងពីមុនពេលដែលទ្រង់ត្រូវគេឆ្កាងម្ល៉េះ។ ទីបំផុត ទ្រង់ក៏ត្រូវគេឆ្កាង ដោយលះបង់រូបអង្គទ្រង់ផ្ទាល់ដើម្បីតែឈើឆ្កាង ហើយទ្រង់បានប្រទានគ្រប់ទាំងសេចក្ដីមេត្តាករុណា សេចក្ដីសប្បុរស និងភាពបរិសុទ្ធរបស់ទ្រង់ទៅដល់មនុស្សជាតិ។ ព្រះអង្គតែងតែត្រាប្រណី មិនចងគំនុំ អត់ទោសបាបឱ្យគេ ទូន្មានគេឱ្យប្រែចិត្ត ព្រមទាំងបង្រៀនគេឱ្យចេះអត់ធ្មត់ ចេះស៊ូទ្រាំ និងចេះស្រឡាញ់ ដើម្បីឱ្យគេដើរតាមស្នាមព្រះបាទារបស់ទ្រង់ ហើយថ្វាយខ្លួនគេដើម្បីឈើឆ្កាង។ សេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះបងប្អូនប្រុសស្រី ច្រើនលើសលុបជាងសេចក្ដីស្រឡាញ់ដែលទ្រង់មានចំពោះនាងម៉ារីទៅទៀត។ កិច្ចការដែលទ្រង់បានយកធ្វើជាគោលការណ៍ដ៏សំខាន់ដូចជាការព្យាបាលជំងឺ និងការបណ្ដេញវិញ្ញាណអាក្រក់ជាដើមនោះ គឺសុទ្ធតែដើម្បីការប្រោសលោះរបស់ទ្រង់។ មិនថាទ្រង់យាងទៅកន្លែងណាទេ ទ្រង់តែងប្រព្រឹត្តដាក់មនុស្សដែលដើរតាមទ្រង់ទាំងអស់ដោយព្រះគុណ។ ទ្រង់ប្រោសឱ្យអ្នកក្រក្លាយជាមាន ប្រោសមនុស្សខ្វិនឱ្យដើរបាន ប្រោសមនុស្សខ្វាក់ឱ្យមើលឃើញ និងប្រោសមនុស្សថ្លង់ឱ្យស្ដាប់ឮ។ ទ្រង់ថែមទាំងបានហៅមនុស្សតូចទាបបំផុត មនុស្សទុរគត មនុស្សមានបាបឱ្យមកអង្គុយនៅរួមតុជាមួយនឹងទ្រង់ផង។ ព្រះអង្គមិនដែលគេចពីពួកគេឡើយ តែទ្រង់តែងអត់ឱនជានិច្ច ថែមទាំងមានបន្ទូលថា៖ កាលណាអ្នកគង្វាលបាត់ចៀម ១ ក្បាលក្នុងចំណោមចៀមមួយរយក្បាល គាត់នឹងទុកចៀម ៩៩ ក្បាលទៀតចោល ដើម្បីតាមរកចៀម ១ ក្បាលដែលបាត់ ហើយនៅពេលដែលគាត់រកវាឃើញ គាត់នឹងអរសប្បាយយ៉ាងក្រៃលែង។ ព្រះអង្គស្រឡាញ់អ្នកដើរតាមទ្រង់ ដូចជាចៀមញីស្រឡាញ់កូនវាដែរ។ ថ្វីបើក្នុងព្រះនេត្រទ្រង់ ពួកគេជាមនុស្សលេលា ល្ងង់ខ្លៅ ជាមនុស្សមានបាប និងជាសមាជិកដ៏តូចទាបបំផុតនៅក្នុងសង្គមក៏ដោយ ក៏ទ្រង់នៅចាត់ទុកមនុស្សមានបាបដែលអ្នកដទៃស្អប់ខ្ពើម ជាកែវព្រះនេត្ររបស់ទ្រង់ដដែល។ ដោយសារទ្រង់សព្វព្រះទ័យនឹងពួកគេ ទើបទ្រង់លះបង់ព្រះជន្មទ្រង់ដើម្បីពួកគេ ដោយធ្វើជាកូនចៀមដែលត្រូវថ្វាយជាយញ្ញបូជានៅលើអាសនា។ ទ្រង់ធ្វើកិច្ចការនៅកណ្ដាលចំណោមពួកគេ ប្រៀបដូចទ្រង់ជាអ្នកបម្រើគេ ទាំងបណ្ដោយឱ្យគេប្រើទ្រង់ និងធ្វើគុតទ្រង់ផង ដោយចុះចូលនឹងពួកគេដោយឥតលក្ខខណ្ឌ។ ចំពោះអ្នកដើរតាមទ្រង់ ព្រះអង្គគឺជាព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះជាទីស្រឡាញ់ ប៉ុន្តែ ព្រះអង្គមិនបានបង្ហាញសេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរសដល់ពួកផារិស៊ីដែលបង្រៀនមនុស្សពីលើវេទិកាឡើយ ទ្រង់មានតែបង្ហាញការស្អប់ខ្ពើម និងការមិនពេញព្រះទ័យប៉ុណ្ណោះ។ ទ្រង់មិនបានធ្វើកិច្ចការអ្វីច្រើនក្នុងចំណោមពួកផារិស៊ីទេ គ្រាន់តែបង្រៀន និងស្ដីបន្ទោសពួកគេម្ដងម្កាលប៉ុណ្ណោះ។ ទ្រង់មិនបានបំពេញកិច្ចការនៃការប្រោសលោះនៅកណ្ដាលចំណោមពួកគេឡើយ ហើយទ្រង់ក៏មិនបានធ្វើទីសម្គាល់និងការអស្ចារ្យអ្វីដែរ។ ព្រះអង្គបានប្រទានសេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរសរបស់ទ្រង់ដល់អ្នកដែលដើរតាមទ្រង់ ដោយទ្រាំរងទុក្ខលំបាកដើម្បីមនុស្សបាបទាំងអស់នេះរហូតដល់ទីបំផុត ជាពេលដែលទ្រង់ត្រូវគេឆ្កាងទៅនឹងឈើឆ្កាង ព្រមទាំងត្រូវរងការប្រមាថគ្រប់បែបយ៉ាង រហូតដល់ទ្រង់បានប្រោសលោះមនុស្សជាតិទាំងអស់ជាបរិបូរ។ នេះគឺជាសេចក្ដីសរុបរួមនៃកិច្ចការរបស់ព្រះអង្គ។

បើគ្មានការប្រោសលោះរបស់ព្រះយេស៊ូវទេ មនុស្សជាតិច្បាស់ជារស់នៅក្នុងអំពើបាបអស់កល្បជានិច្ច ហើយក្លាយជាពូជពង្សនៃអំពើបាប ជាតំណវង្សរបស់វិញ្ញាណអាក្រក់មិនខាន។ បើនៅតែបន្តបែបនេះទៀត ពិភពលោកទាំងមូលនឹងក្លាយជាទឹកដីដែលសាតាំងរស់នៅ ជាកន្លែងតាំងទីលំនៅរបស់វាមិនខាន។ យ៉ាងណាមិញ កិច្ចការនៃការប្រោសលោះនេះ តម្រូវឱ្យមានការបង្ហាញសេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរសដល់មនុស្ស។ មានតែតាមរយៈមធ្យោបាយនេះទេ ទើបមនុស្សអាចទទួលបានការអត់ទោស ហើយចុងក្រោយមានសិទ្ធិឱ្យព្រះជាម្ចាស់ប្រោសឱ្យបានពេញខ្នាត ហើយត្រូវទ្រង់ទទួលយកទាំងស្រុង។ ប្រសិនគ្មានកិច្ចការក្នុងដំណាក់កាលនេះទេ ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ មុខជាមិនអាចរីកចម្រើនទៅមុខបានឡើយ។ ប្រសិនបើព្រះយេស៊ូវពុំត្រូវបានគេឆ្កាងទេ ប្រសិនបើទ្រង់គ្រាន់តែព្យាបាលជំងឺ និងបណ្ដេញវិញ្ញាណអាក្រក់ចេញ ម្ល៉េះសមមនុស្សមិនអាចទទួលបានការអត់ទោសបាបរបស់គេទាំងស្រុងឡើយ។ ក្នុងរយៈពេលបីឆ្នាំកន្លះដែលព្រះយេស៊ូវបានចំណាយក្នុងការបំពេញកិច្ចការរបស់ទ្រង់នៅលើផែនដី ទ្រង់បានសម្រេចកិច្ចការនៃការប្រោសលោះរបស់ទ្រង់ត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ។ បន្ទាប់មក តាមរយៈការឱ្យគេឆ្កាងទ្រង់ និងត្រលប់ជាសាច់ឈាមដូចមនុស្សមានបាប និងតាមរយៈការប្រគល់អង្គទ្រង់ទៅឱ្យមេកំណាច ទើបទ្រង់សម្រេចកិច្ចការនៃការសុគតលើឈើឆ្កាង និងបានធ្វើជាម្ចាស់លើវាសនាមនុស្ស។ ទាល់តែពេលដែលទ្រង់ត្រូវបានគេប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់សាតាំងហើយ ទើបទ្រង់បានប្រោសលោះមនុស្សជាតិ។ អស់រយៈពេលសាមសិបបីឆ្នាំកន្លះដែលទ្រង់បានរងទុក្ខនៅលើផែនដី ដោយត្រូវគេចំអក ត្រូវគេមួលបង្កាច់ ហើយត្រូវគេបោះបង់ចោល រហូតដល់ថ្នាក់រកកន្លែងដាក់ព្រះសិរផ្ទំគ្មាន រកកន្លែងសម្រាកគ្មានផង។ ក្រោយមក ទ្រង់ក៏ត្រូវគេឆ្កាងរូបអង្គទ្រង់ទាំងមូល ជារូបអង្គបរិសុទ្ធគ្មានទោស។ ទ្រង់បានរងទុក្ខវេទនាគ្រប់បែបយ៉ាង។ ពួកអ្នកមានអំណាចចំអកដាក់ទ្រង់ ព្រមទាំងវាយទ្រង់នឹងរំពាត់ផង ចំណែកឯពួកទាហានវិញ ថែមទាំងស្ដោះទឹកមាត់ដាក់ទ្រង់ទៀតផង។ ប៉ុន្តែទ្រង់នៅតែមិនស្ដីអ្វី ហើយស៊ូទ្រាំរហូតដល់ទីបញ្ចប់ ចុះចូលឥតលក្ខខណ្ឌរហូតដល់សោយព្រះទិវង្គត ជាពេលដែលទ្រង់បានប្រោសលោះមនុស្សជាតិទាំងមូល។ មកដល់ពេលនោះឯង ទើបទ្រង់ត្រូវបានអនុញ្ញាតឱ្យសម្រាក។ កិច្ចការដែលព្រះយេស៊ូវបានធ្វើ តំណាងត្រឹមតែយុគសម័យនៃព្រះគុណប៉ុណ្ណោះ។ កិច្ចការនេះមិនតំណាងឱ្យយុគសម័យនៃក្រឹត្យវិន័យឡើយ ក៏មិនមែនជាកិច្ចការសម្រាប់ជំនួសឱ្យកិច្ចការនៃគ្រាចុងក្រោយដែរ។ នេះហើយជាសារជាតិនៃកិច្ចការរបស់ព្រះយេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ (យុគសម័យនៃការប្រោសលោះ) ជាយុគសម័យទីពីរដែលមនុស្សបានឆ្លងកាត់។

ខាង​ដើម៖ កិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ

បន្ទាប់៖ អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានវិវឌ្ឍមកដល់ពេលបច្ចុប្បន្ន

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ