កិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ

កិច្ចការដែលព្រះយេហូវ៉ាបានធ្វើមកលើជនជាតិអ៊ីស្រាអែល បានបង្កើតឱ្យមានកន្លែងកំណើតរបស់ព្រះជាម្ចាស់នៅលើផែនដី នៅក្នុងចំណោមមនុស្ស ជាកន្លែងពិសិដ្ឋ ដែលព្រះអង្គគង់នៅ។ ទ្រង់កំណត់កិច្ចការរបស់ទ្រង់ សម្រាប់តែជនជាតិអ៊ីស្រាអែលប៉ុណ្ណោះ។ ដំបូង ព្រះអង្គមិនបានធ្វើកិច្ចការនៅខាងក្រៅស្រុកអ៊ីស្រាអែលទេតែផ្ទុយទៅវិញ ព្រះអង្គបានជ្រើសរើសមនុស្ស ដែលព្រះអង្គទតឃើញថាសមរម្យ ដើម្បីកំណត់វិសាលភាពនៃកិច្ចការរបស់ទ្រង់។ អ៊ីស្រាអែលជាកន្លែងដែលព្រះជាម្ចាស់បានបង្កើតអ័ដាម និងអេវ៉ា។ ព្រះយេហូវ៉ាបានសូនមនុស្សចេញពីធូលីដី នៅកន្លែងនោះ។ កន្លែងនោះបានក្លាយជាមូលដ្ឋាននៃកិច្ចការរបស់ទ្រង់នៅលើផែនដី។ ជនជាតិអ៊ីស្រាអែល ដែលជាពូជពង្សរបស់ណូអេ និងជាពូជពង្សរបស់អ័ដាមដែរនោះ ជាគ្រឹះរបស់មនុស្សនៃកិច្ចការរបស់ព្រះយេហូវ៉ានៅលើផែនដី។

ពេលនោះ សារៈសំខាន់ គោលបំណង និងជំហាននៃកិច្ចការរបស់ព្រះយេហូវ៉ាក្នុងស្រុកអ៊ីស្រាអែល គឺដើម្បីចាប់ផ្ដើមកិច្ចការរបស់ទ្រង់នៅលើផែនដីទាំងមូល ដោយយកអ៊ីស្រាអែលធ្វើជាចំណុចកណ្ដាល បន្ទាប់មក រីកសាយបន្តិចម្ដងៗទៅដល់ជាតិសាសន៍ដទៃ។ នេះគឺជាគោលការណ៍អនុលោមទៅតាម កិច្ចការដែលទ្រង់ធ្វើនៅក្នុងចក្រវាឡទាំងមូល ដើម្បីកសាងគំរូមួយ ហើយបន្ទាប់មក ក៏ពង្រីកវារហូតទាល់តែមនុស្សទាំងអស់នៅក្នុងចក្រវាឡបានទទួលដំណឹងល្អរបស់ព្រះអង្គ។ ជនជាតិអ៊ីស្រាអែលដំបូងគេបង្អស់ គឺជាពូជពង្សរបស់ណូអេ។ ដង្ហើមរបស់ព្រះយេហូវ៉ាបានប្រទាននូវជីវិត និងការយល់ដឹងល្មមគ្រប់គ្រាន់ ដល់មនុស្សទាំងនេះ ដើម្បីថែរក្សាមូលដ្ឋានចាំបាច់នៃជីវិត ប៉ុន្តែពួកគេមិនស្គាល់លក្ខណៈរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ឬបំណងព្រះហឫទ័យរបស់ទ្រង់សម្រាប់មនុស្សទេ ពួកគេរឹតតែមិនដឹង អំពីរបៀបគោរពកោតខ្លាចដល់ព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើ។ ដូចនេះ ទោះបីជាមានច្បាប់ និងក្រឹត្យវិន័យដែលត្រូវស្ដាប់តាម[ក] ហើយទោះបីជាមានកិច្ចការដែលមនុស្សត្រូវធ្វើសម្រាប់ព្រះអាទិករក៏ដោយ ក៏ពូជពង្សរបស់អ័ដាមមិនបានដឹងអ្វីសោះដែរ។ អ្វីទាំងអស់ដែលពួកគេបានដឹង គឺ ប្ដីត្រូវតែនឿយហត់ និងធ្វើការដើម្បីផ្គត់ផ្គង់គ្រួសាររបស់គាត់ ហើយភរិយាត្រូវចុះចូលចំពោះប្ដី ព្រមទាំងរក្សាពូជមនុស្សដែលព្រះយេហូវ៉ាបានបង្កើតមកឱ្យគង់វង្ស។ ពោលគឺ មនុស្សដែលមានដង្ហើមរបស់ព្រះយេហូវ៉ា និងជីវិតរបស់ទ្រង់នេះ មិនបានដឹងអំពីរបៀបធ្វើតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ឬដឹងអំពីរបៀបផ្គាប់ព្រះហឫទ័យព្រះអម្ចាស់ ដែលបង្កើតរបស់សព្វសារពើទាល់តែសោះ។ ពួកគេដឹងតិចតួចណាស់។ ដូច្នេះ ទោះបីជាមិនមានអ្វីទុច្ចរិត ឬការបញ្ឆោតនៅក្នុងចិត្តរបស់ពួកគេ មិនមានចិត្តច្រណែន និងកម្រមានការឈ្លោះប្រកែកនៅក្នុងចំណោមពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេគ្មានចំណេះដឹងឬការយល់ដឹងអំពីព្រះយេហូវ៉ាជាព្រះអម្ចាស់ ដែលបង្កើតរបស់សព្វសារពើដែរ។ ឰយុកោរបស់មនុស្សទាំងនេះ បានដឹងត្រឹមតែបរិភោគ និងអរសប្បាយ នឹងរបស់ដែលព្រះយេហូវ៉ាប្រទានប៉ុណ្ណោះទេ ប៉ុន្តែពួកគេមិនបានដឹងអំពីការគោរពកោតខ្លាចដល់ព្រះយេហូវ៉ាទៀតផង។ ពួកគេមិនបានដឹងថា ព្រះយេហូវ៉ាជាអ្នកដែលពួកគេត្រូវថ្វាយបង្គំដោយលុតជង្គង់ឡើយ។ ដូច្នេះ តើឱ្យទ្រង់ហៅពួកគេថាជាមនុស្សដែលទ្រង់បង្កើតដូចម្ដេចបាន? បើដូច្នេះមែន តើពាក្យថា៖ «ព្រះយេហូវ៉ាជាព្រះអម្ចាស់ ដែលបង្កើតរបស់សព្វសារពើ» និង «ទ្រង់បង្កើតមនុស្សមក ដើម្បីឱ្យមនុស្សបង្ហាញពីទ្រង់ថ្វាយសិរីល្អដល់ទ្រង់ និងតំណាងទ្រង់» មិនទៅជាសម្ដី ឥតប្រយោជន៍ទេឬ? តើមនុស្សដែលគ្មានការគោរពកោតខ្លាចដល់ព្រះយេហូវ៉ា ក្លាយជាស្មរបន្ទាល់អំពីសិរីល្អរបស់ទ្រង់ដោយរបៀបណា? តើពួកគេក្លាយជាការសម្ដែងពីសិរីល្អរបស់ទ្រង់ដោយរបៀបណា? តើព្រះបន្ទូលរបស់ព្រះយេហូវ៉ាដែលថា៖ «ខ្ញុំបង្កើតមនុស្ស ឲ្យដូចរូបអង្គរបស់ខ្ញុំ» មិនក្លាយជាអាវុធនៅក្នុងដៃរបស់អារក្សសាតាំង ដែលជាមេកំណាចទេឬអី? តើពាក្យទាំងនេះមិនក្លាយជាសញ្ញាសម្គាល់នៃការប្រមាថដល់ការដែលព្រះយេហូវ៉ាបង្កើតមនុស្សមកទេឬអី? ដើម្បីបញ្ចប់ដំណាក់កាលនៃកិច្ចការនោះ គឺបន្ទាប់ពីបានបង្កើតមនុស្សរួចមក ព្រះយេហូវ៉ាមិនបានណែនាំ ឬទូន្មានពួកគេ ចាប់តាំងតែពីជំនាន់អ័ដាមរហូតដល់ជំនាន់លោក ណូអេ។ ផ្ទុយទៅវិញ លុះដល់ក្រោយសម័យទឹកជំនន់បានបំផ្លាញពិភពលោករួចមក ទើបព្រះអង្គចាប់ផ្ដើមទូន្មាន ជនជាតិអ៊ីស្រាអែលជាពូជពង្សរបស់ណូអេ និងអ័ដាមជាផ្លូវការ។ កិច្ចការ និងព្រះបន្ទូលរបស់ទ្រង់នៅក្នុងស្រុកអ៊ីស្រាអែល ផ្ដល់នូវការទូន្មានដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ ពេលពួកគេរស់នៅក្នុងជីវិតរបស់ពួកគេនៅលើដែនដីអ៊ីស្រាអែលទាំងមូល។ ការនេះបង្ហាញដល់មនុស្សថា ព្រះយេហូវ៉ាមិនត្រឹមតែអាចផ្លុំខ្យល់ដង្ហើមចូលទៅក្នុងមនុស្ស ដើម្បីឱ្យគេមានជីវិតពីទ្រង់ និងរស់ឡើងចេញពីធូលីដី ទៅជាមនុស្សដែលទ្រង់បង្កើតមកប៉ុណ្ណោះទេ តែទ្រង់ក៏អាចបំផ្លាញមនុស្ស និងដាក់បណ្ដាសាមនុស្ស ព្រមទាំងប្រើព្រនង់របស់ទ្រង់ ដើម្បីគ្រប់គ្រងមនុស្សបាន។ ធ្វើដូច្នេះទើបពួកគេយល់ឃើញថា ព្រះយេហូវ៉ាអាចដឹកនាំជីវិតរបស់មនុស្សនៅលើផែនដី និងមានព្រះបន្ទូល ព្រមទាំងធ្វើការនៅក្នុងចំណោមមនុស្ស ស្របទៅតាមម៉ោងពេលនៃវេលាថ្ងៃ និងយប់ផង។ កិច្ចការដែលព្រះអង្គបានធ្វើ គឺដើម្បីឱ្យមនុស្សដែលទ្រង់បានបង្កើតមកដឹងថាមនុស្សបានកើតមកពីធូលីដី ដែលទ្រង់បានរើស ហើយលើសពីនេះទៀត គឺមនុស្សត្រូវបានបង្កើតឡើងដោយសារទ្រង់។ មិនត្រឹមតែប៉ុណ្ណេះទេ ដំបូងទ្រង់បានធ្វើកិច្ចការរបស់ទ្រង់នៅក្នុងស្រុកអ៊ីស្រាអែល ដើម្បីឱ្យមនុស្ស និងប្រជាជាតិដទៃទៀត (ដែលតាមពិតមិនមែនដាច់ដោយឡែកពីអ៊ីស្រាអែលទេ តែផ្ទុយទៅវិញមានអម្បូរចេញពីជនជាតិអ៊ីស្រាអែល ដែលនៅតែជាតំណវង្សពីអ័ដាម និងអេវ៉ា) អាចទទួលដំណឹងល្អរបស់ព្រះយេហូវ៉ាពីអ៊ីស្រាអែល ដើម្បីឱ្យមនុស្សដែលត្រូវបានបង្កើតមកទាំងអស់នៅក្នុងចក្រវាឡ អាចគោរពកោតខ្លាចដល់ព្រះយេហូវ៉ា និងលើកតម្កើងទ្រង់ជាព្រះដ៏ឧត្ដម។ ព្រះយេហូវ៉ាមិនបានចាប់ផ្ដើមកិច្ចការរបស់ទ្រង់នៅអ៊ីស្រាអែលទេ ប៉ុន្តែផ្ទុយទៅវិញ បន្ទាប់ពីបានបង្កើតមនុស្សរួច ទ្រង់អនុញ្ញាតឱ្យពួកគេរស់នៅក្នុងជីវិតដែលឥតព្រួយខ្វល់អ្វីសោះនៅលើផែនដី ហើយក្នុងករណីនេះ គឺទ្រង់ជាម្ចាស់សណ្ឋានរូបសាច់របស់មនុស្ស (សណ្ឋាននេះមានន័យថា មនុស្សមិនអាចដឹងអំពីអ្វីៗដែលគេមិនអាចមើលឃើញឡើយ មានន័យថា គេមិនដឹងទេថា ព្រះយេហូវ៉ាជាអ្នកបង្កើតមនុស្សមក ហើយរឹតតែមិនអាចដឹងថា ហេតុអ្វីបានជាទ្រង់ធ្វើដូច្នេះទេ) គេមិនអាចដឹងថា ព្រះយេហូវ៉ាជាអ្នកបង្កើតមនុស្ស ឬដឹងថា ទ្រង់ជាព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើទេ។ ប្រសិនបើព្រះយេហូវ៉ាបាន បង្កើតមនុស្ស និងដាក់គាត់នៅលើផែនដី រួចរលាស់ធូលីដីចេញពីព្រះហស្ត ហើយចាកចេញទៅដោយមិនបន្តគង់នៅក្នុងចំណោមមនុស្ស ដើម្បីផ្ដល់ការទូន្មានមួយរយៈឱ្យពួកគេ នោះមនុស្សជាតិទាំងអស់មុខជាត្រឡប់ជាសាបសូន្យមិនខាន។ សូម្បីផ្ទៃមេឃ និងផែនដីព្រមទាំងរបស់ជាច្រើនដែលទ្រង់បានបង្កើតមក និងមនុស្សទាំងអស់ នឹងត្រឡប់ទៅជាឥតប្រយោជន៍ ហើយលើសពីនេះទៀត អារក្សសាតាំងមុខជាជាន់ឈ្លីមិនខាន។ ដូច្នេះ ទើបព្រះយេហូវ៉ាសព្វព្រះទ័យឱ្យមាន «កន្លែងមួយដែលទ្រង់តាំងព្រះវត្តមាន ជាកន្លែងដ៏បរិសុទ្ធនៅលើផែនដី នៅកណ្ដាលចំណោមមនុស្សជាតិ ដែលទ្រង់បង្កើត» ត្រូវខ្ទេចខ្ទីទៅ។ យ៉ាងនេះទើបព្រះអង្គអាចបន្តគង់នៅកណ្ដាលចំណោមមនុស្ស ដើម្បីដឹកនាំជីវិតរបស់ពួកគេ និងមានព្រះបន្ទូលទៅពួកគេពីកណ្ដាលចំណោមពួកគេ។ ការទាំងអស់នេះ គឺដើម្បីឱ្យដឹងអំពីបំណងព្រះហឫទ័យ និងដើម្បីសម្រេចផែនការរបស់ព្រះអង្គ។ កិច្ចការដែលទ្រង់បានធ្វើនៅអ៊ីស្រាអែល គឺដើម្បីអនុវត្តផែនការដែលទ្រង់បានគ្រោងទុក មុនពេលទ្រង់បង្កើតរបស់សព្វសារពើប៉ុណ្ណោះ ដូច្នេះ កិច្ចការដំបូងដែលទ្រង់បានធ្វើនៅក្នុងចំណោមជនជាតិអ៊ីស្រាអែល និងរបស់សព្វសារពើដែលទ្រង់បង្កើត មិនខុសពីគ្នាទេ ប៉ុន្តែកិច្ចការទាំងពីរនេះត្រូវបានធ្វើឡើងសម្រាប់ជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់ទ្រង់ ដល់កិច្ចការរបស់ទ្រង់ និងដើម្បីជាសិរីល្អដល់ទ្រង់ ព្រមទាំងត្រូវបានធ្វើឡើងដើម្បីផ្ដល់អត្ថន័យ ឱ្យកាន់តែស៊ីជម្រៅដល់ការដែលទ្រង់បង្កើតមនុស្សមក។ ទ្រង់បានដឹកនាំជីវិតរបស់មនុស្សនៅលើផែនដីអស់រយៈពេលពីរពាន់ឆ្នាំ ក្រោយសម័យណូអេ ក្នុងអំឡុងពេលនេះ ទ្រង់បានបង្រៀនមនុស្សឱ្យយល់ពីរបៀបគោរពកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើ បង្រៀនគេឱ្យយល់ពីវិធីប្រព្រឹត្តក្នុងជីវិតរបស់ពួកគេ និងរបៀបរស់នៅបន្ត ហើយអ្វីដែលសំខាន់បំផុតនោះ គឺវិធីធ្វើខ្លួនជាស្មរបន្ទាល់សម្រាប់ព្រះយេហូវ៉ា ទាំងស្ដាប់បង្គាប់ទ្រង់ និងថ្វាយការគោរពកោតខ្លាចដល់ទ្រង់ ហើយសរសើរតម្កើងទ្រង់ដោយតន្ត្រី ដូចដាវីឌ និងពួកសង្ឃរបស់ទ្រង់ដែរ។

ពីរពាន់ឆ្នាំមុន គឺនៅគ្រាដែលព្រះយេហូវ៉ាបំពេញកិច្ចការរបស់ទ្រង់ មនុស្សមិនបានដឹងអ្វីសោះ ហើយមនុស្សស្ទើរតែទាំងអស់បានធ្លាក់ទៅក្នុងអំពើអាក្រក់ជួជាតិរហូតដល់មុនពេលពិភពលោកត្រូវបំផ្លាញដោយទឹកជំនន់ ពួកគេបានឈានទៅដល់ជម្រៅមួយនៃភាពស្មោកគ្រោក និងសេចក្ដីពុករលួយ ដែលធ្វើឲ្យចិត្តរបស់ពួកគេ គ្មានព្រះយេហូវ៉ាទាល់តែសោះ ហើយក៏មិនចង់ដើរតាមផ្លូវរបស់ព្រះអង្គដែរ។ ពួកគេពុំធ្លាប់បានយល់អំពីកិច្ចការដែលព្រះយេហូវ៉ាបម្រុងនឹងធ្វើនោះឡើយ។ ពួកគេខ្វះហេតុផល និងមានចំណេះដឹងកាន់តែតិច ហើយប្រៀបបីដូចជាគ្រឿងម៉ាស៊ីនដែលដកដង្ហើម គឺពួកគេល្ងង់ខ្លៅបំផុតមិនយល់អ្វីទាំងអស់អំពីមនុស្ស អំពីព្រះជាម្ចាស់ អំពីលោកិយអំពីជីវិត និងអំពីអ្វីៗផ្សេងទៀត។ នៅលើផែនដី ពួកគេចូលរួមក្នុងការល្បួងលួងលោមជាច្រើន ដូចជាសត្វពស់ ហើយនិយាយពាក្យជាច្រើនដែលប្រមាថដល់ព្រះយេហូវ៉ា ប៉ុន្តែដោយព្រោះពួកគេល្ងង់ខ្លៅ ព្រះយេហូវ៉ាពុំបានស្ដីបន្ទោស ឬដាក់វិន័យពួកគេនោះឡើយ។ ទាល់តែទឹកជំនន់ចប់ គឺនៅគ្រាដែលណូអេមានអាយុ ៦០១ឆ្នាំ ទើបព្រះយេហូវ៉ាលេចមកឲ្យណូអេឃើញជាផ្លូវការ ហើយដឹកនាំគាត់គ្រួសាររបស់គាត់ និងដឹកនាំបក្សាបក្សី ព្រមទាំងសត្វនានាដែលបានរួចជីវិតពីទឹកជំនន់ជាមួយណូអេ និងកូនចៅរបស់គាត់ រហូតដល់ចុងបញ្ចប់របស់យុគសម័យនៃក្រឹត្យវិន័យ ដែលមានរយៈពេលសរុប ២៥០០ឆ្នាំ។ ទ្រង់បានធ្វើការនៅក្នុងស្រុកអ៊ីស្រាអែលជាផ្លូវការដោយប្រើរយៈពេលសរុប ២០០០ឆ្នាំ ហើយក៏ធ្វើការព្រមគ្នា ទាំងក្នុង និងក្រៅស្រុកអ៊ីស្រាអែលរយៈពេល៥០០ឆ្នាំទៀត សរុបទាំងអស់ មានរយៈពេល២៥០០ឆ្នាំ។ នៅក្នុងគ្រានោះ ទ្រង់បានណែនាំដល់ជនជាតិអ៊ីស្រាអែលថា ដើម្បីបម្រើដល់ព្រះយេហូវ៉ា ពួកគេត្រូវសង់ព្រះវិហារ គ្រងសម្លៀកបំពាក់សង្ឃ និងដើរជើងទទេចូលទៅក្នុងព្រះវិហារ នៅពេលព្រលឹមស្រាងៗ ក្រែងស្បែកជើងរបស់ពួកគេធ្វើឲ្យព្រះវិហារកខ្វក់ ហើយក៏មានភ្លើងទម្លាក់មកលើពួកគេពីកំពូលនៃព្រះវិហារ ដុតពួកគេរហូតដល់ស្លាប់។ ពួកគេបំពេញភារកិច្ចរបស់ខ្លួន ហើយចុះចូលចំពោះផែនការរបស់ព្រះយេហូវ៉ា។ ពួកគេអធិស្ឋានទៅកាន់ព្រះយេហូវ៉ានៅក្នុងព្រះវិហារ បន្ទាប់ពីទទួលបានការបើកសម្ដែងពីព្រះយេហូវ៉ារួច គឺក្រោយពេលដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលរួច ពួកគេក៏ដឹកនាំបណ្តាជន ហើយបង្រៀនពួកគេថា ពួកគេត្រូវបង្ហាញការកោតខ្លាចដល់ព្រះយេហូវ៉ាដ៏ជាព្រះរបស់ពួកគេ។ ព្រះយេហូវ៉ាមានព្រះបន្ទូលប្រាប់ពួកគេថា ពួកគេត្រូវសង់ព្រះវិហារ និងអាសនា ហើយដល់ពេលដែលព្រះយេហូវ៉ាបានកំណត់ នោះគឺក្នុងអំឡុងពេលបុណ្យរំលង ពួកគេត្រូវរៀបចំកូនគោ និងកូនចៀមដែលទើបនឹងកើត រួចយកមកដាក់នៅលើអាសនា ទុកជាយញ្ញបូជាបម្រើដល់ព្រះយេហូវ៉ា ក៏ដូចជាដើម្បីហាមឃាត់ពួកគេ និងដាក់ការកោតខ្លាចដល់ព្រះយេហូវ៉ានៅក្នុងចិត្តរបស់ពួកគេដែរ។ ទោះបីជាពួកគេស្ដាប់បង្គាប់តាមក្រឹត្យវិន័យហើយក៏ដោយ ក៏ការនេះនឹងក្លាយជារង្វាស់នៃភាពស្មោះត្រង់របស់ពួកគេចំពោះព្រះយេហូវ៉ាដែរ។ ព្រះយេហូវ៉ាក៏បានតាំងឱ្យមានថ្ងៃឈប់សម្រាកសម្រាប់ពួកគេ ដែលជាថ្ងៃទី៧នៃការបង្កើតរបស់ព្រះអង្គ។ ១ថ្ងៃបន្ទាប់ពីថ្ងៃឈប់សម្រាក ព្រះអង្គបង្កើតថ្ងៃទី១ ជាថ្ងៃសម្រាប់ពួកគេសរសើរតម្កើងដល់ព្រះយេហូវ៉ា ថ្វាយយញ្ញបូជា និងលេងតន្ត្រីថ្វាយទ្រង់។ នៅថ្ងៃនេះ ព្រះយេហូវ៉ាបានហៅពួកសង្ឃទាំងអស់ មកបែងចែកយញ្ញបូជានៅលើអាសនា សម្រាប់បណ្តា ជនបរិភោគ ដើម្បីឱ្យពួកគេអាចអរសប្បាយនឹងយញ្ញបូជា នៅលើអាសនារបស់ព្រះយេហូវ៉ា។ បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលថា ពួកគេមានព្រះពរហើយ ដែលពួកគេបានរួមចំណែកជាមួយព្រះអង្គ ហើយពួកគេជាប្រជារាស្រ្តដែលព្រះអង្គបានជ្រើសរើស (នេះគឺជាសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាចំពោះជនជាតិអ៊ីស្រាអែល)។ ហេតុនេះហើយបានជារហូតមកដល់សព្វថ្ងៃនេះ ប្រជាជនអ៊ីស្រាអែលនៅតែពោលថា ព្រះយេហូវ៉ាជាព្រះរបស់ពួកគេតែមួយគត់ មិនមែនជាព្រះរបស់សាសន៍ដទៃឡើយ។

ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាបានប្រទានបញ្ញត្តិជាច្រើនដល់ម៉ូសេ ដើម្បីឱ្យលោកផ្ទេរបញ្ញត្តិទាំងអស់នេះឱ្យទៅជនជាតិអ៊ីស្រាអែល ដែលបានដើរតាមលោកចេញពីស្រុកអេស៊ីព្ទ។ បញ្ញត្តិទាំងនេះ ត្រូវបានប្រទានមកដោយព្រះយេហូវ៉ា សម្រាប់ជនជាតិអ៊ីស្រាអែល និងគ្មានទាក់ទងអ្វីជាមួយជនជាតិអេស៊ីព្ទឡើយ គឺដើម្បីដាក់កំហិតដល់ជនជាតិអ៊ីស្រាអែល ហើយទ្រង់ប្រើបញ្ញត្តិទាំងនេះ ដើម្បីឱ្យពួកគេស្ដាប់បង្គាប់។ ទោះបីជាពួកគេប្រតិបត្តិតាមថ្ងៃឈប់សម្រាក ឬអត់ទោះបីជាពួកគេគោរពឪពុកម្ដាយរបស់ពួកគេ ឬអត់ ទោះបីជាពួកគេថ្វាយបង្គំរូបព្រះ និងធ្វើអ្វីៗផ្សេងទៀតឬអត់ ក៏ចំណុចទាំងនេះគឺជាគោលការណ៍សម្រាប់វិនិច្ឆ័យឱ្យពួកគេមានបាប ឬក៏បានរាប់ជាសុចរិតដែរ។ នៅក្នុងចំណោមពួកគេ មានអ្នកខ្លះត្រូវព្រះយេហូវ៉ាប្រហារដោយភ្លើង អ្នកខ្លះត្រូវគប់សម្លាប់នឹងដុំថ្ម និងអ្នកខ្លះទៀត ទទួលបានព្រះពរពីព្រះយេហូវ៉ា ដោយអាស្រ័យថា ពួកគេស្ដាប់ ឬមិនស្ដាប់តាមបញ្ញត្តិទាំងនេះ។ អស់អ្នកដែលមិនប្រតិបត្តិតាមថ្ងៃឈប់សម្រាក ត្រូវគប់សម្លាប់នឹងដុំថ្ម។ រីឯពួកសង្ឃដែលមិនប្រតិបត្តិតាមថ្ងៃឈប់សម្រាក ត្រូវប្រហារដោយភ្លើងរបស់ព្រះយេហូវ៉ា។ ចំណែកឯអស់អ្នកដែលមិនគោរពដល់ឪពុកម្ដាយរបស់ខ្លួន ក៏ត្រូវគប់សម្លាប់នឹងដុំថ្មដែរ។ នេះគឺជាបញ្ញត្តិទាំងប៉ុន្មានដែលបានមកពីព្រះយេហូវ៉ា។ ព្រះយេហូវ៉ាបង្កើតបញ្ញត្តិ និងក្រឹត្យវិន័យទាំងប៉ុន្មាន ដើម្បីឱ្យបណ្តាជនស្ដាប់ និងធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ ហើយមិនបះបោរប្រឆាំងនឹងទ្រង់ នៅពេលដែលព្រះអង្គដឹកនាំជីវិតរបស់ពួកគេ។ ទ្រង់ប្រើក្រឹត្យវិន័យទាំងនេះ ដើម្បីរក្សាពូជសាសន៍មនុស្សដែលកើតថ្មីឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ទ្រង់ ហើយចាក់គ្រឹះដែលល្អជាងមុនសម្រាប់កិច្ចការរបស់ព្រះអង្គនាពេលអនាគត។ ដូច្នេះ យោងតាមកិច្ចការដែលព្រះយេហូវ៉ាទ្រង់បានធ្វើគ្រាដំបូងបំផុតនេះ ត្រូវបានហៅថា «យុគសម័យនៃក្រឹត្យវិន័យ»។ ទោះបីជាព្រះយេហូវ៉ាបានមានព្រះបន្ទូល និងបានធ្វើកិច្ចការជាច្រើនក៏ដោយ ក៏ទ្រង់គ្រាន់តែទូន្មានមនុស្សតាមបែបវិជ្ជមាន ដោយបង្រៀនមនុស្សល្ងង់ខ្លៅទាំងអស់នេះឲ្យដឹងពីរបៀបធ្វើជាមនុស្សដឹងពីរបៀបរស់នៅ និងដឹងពីរបៀបស្វែងយល់ផ្លូវរបស់ព្រះយេហូវ៉ាតែប៉ុណ្ណោះ។ កិច្ចការភាគច្រើនដែលព្រះអង្គបានធ្វើ គឺដើម្បីនាំមនុស្សឲ្យមើលឃើញនូវផ្លូវរបស់ព្រះអង្គ និងធ្វើតាមក្រឹត្យវិន័យរបស់ព្រះអង្គ។ កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានធ្វើទៅលើមនុស្សពុករលួយ តែកិច្ចការនេះមិនបានឈានទៅដល់ការផ្លាស់ប្រែនិស្ស័យ ឬវឌ្ឍនភាពនៃជីវិតរបស់ពួកគេឡើយ។ ទ្រង់គ្រាន់តែខ្វល់ខ្វាយ អំពីការប្រើប្រាស់ក្រឹត្យវិន័យ ដើម្បីរឹតត្បិត និងគ្រប់គ្រងមនុស្សប៉ុណ្ណោះ។ ចំពោះជនជាតិអ៊ីស្រាអែលនាសម័យនោះ ព្រះយេហូវ៉ាគឺជាព្រះជាម្ចាស់ ដែលគង់នៅក្នុងព្រះវិហារ និងជាព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌។ ទ្រង់ជាបង្គោលពពក និងជាបង្គោលភ្លើង។ អ្វីៗទាំងអស់ដែលព្រះយេហូវ៉ាតម្រូវឱ្យពួកគេធ្វើ គឺស្ដាប់បង្គាប់តាមអ្វីដែលមនុស្សសព្វថ្ងៃនេះស្គាល់ថាជាក្រឹត្យវិន័យ និងបញ្ញត្តិ អ្នកខ្លះហៅថាច្បាប់ ព្រោះអ្វីដែលព្រះយេហូវ៉ាបានធ្វើ គឺមិនមែនដើម្បីផ្លាស់ប្រែពួកគេទេ តែដើម្បីប្រទានដល់ពួកគេថែមទៀតនូវអ្វីដែលមនុស្សគួរតែមាន និងដើម្បីណែនាំពួកគេចេញពីព្រះឱស្ឋរបស់ទ្រង់ផ្ទាល់ ដ្បិតក្រោយពីព្រះអង្គបានបង្កើតមនុស្សមក នោះមនុស្សគ្មានអ្វីដែលពួកគេគួរមានជាកម្មសិទ្ធិទេ។ ដូច្នេះ ព្រះយេហូវ៉ាបានប្រទានដល់មនុស្ស នូវអ្វីដែលពួកគេគួរមានជាកម្មសិទ្ធិសម្រាប់ជីវិតពួកគេនៅលើផែនដី ធ្វើឱ្យមនុស្ស ដែលព្រះអង្គបានដឹកនាំមានលើសពីឰយុកោរបស់ពួកគេ គឺអ័ដាម និងនាងអេវ៉ា ព្រោះអ្វីដែលព្រះយេហូវ៉ាបានប្រទានដល់ពួកគេ វាលើសពីអ្វីដែលព្រះអង្គ បានប្រទានដល់អ័ដាម និងនាងអេវ៉ា កាលពីដើមដំបូង។ យ៉ាងណាក្ដី កិច្ចការដែលព្រះយេហូវ៉ាបានធ្វើនៅក្នុងស្រុកអ៊ីស្រាអែល គឺគ្រាន់តែដើម្បីទូន្មានមនុស្ស និងឱ្យពួកគេស្គាល់ព្រះអាទិកររបស់ពួកគេប៉ុណ្ណោះ។ ព្រះអង្គមិនបានយកឈ្នះលើពួកគេ ឬផ្លាស់ប្រែពួកគេទេ គឺព្រះអង្គគ្រាន់តែតម្រង់ផ្លូវពួកគេប៉ុណ្ណោះ។ នេះគឺជាសេចក្ដីសង្ខេបនៃកិច្ចការរបស់ព្រះយេហូវ៉ានៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ សេចក្ដីនេះជាប្រវត្តិ ជារឿងពិត និងជាលក្ខណៈពិសេសនៃកិច្ចការរបស់ព្រះអង្គ នៅក្នុងទឹកដីទាំងមូលរបស់អ៊ីស្រាអែល ព្រមទាំងជាការចាប់ផ្ដើមកិច្ចការរបស់ទ្រង់រយៈពេលប្រាំមួយពាន់ឆ្នាំ ដើម្បីរក្សាមនុស្សឱ្យស្ថិតក្រោមការគ្រប់គ្រងនៃព្រះហស្តរបស់ព្រះយេហូវ៉ា។ មានកិច្ចការដទៃទៀតបានកើតចេញពីគម្រោងគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះដែរ។

លេខយោង៖

ក. អត្ថបទដើមមិនមានឃ្លា «ស្ដាប់តាម»។

ខាង​ដើម៖ កិច្ចការប្រកាសដំណឹងល្អ ក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ

បន្ទាប់៖ រឿងពិតពីក្រោយកិច្ចការនាយុគសម័យនៃការប្រោសលោះ

គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំងកាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏ជាក់ស្ដែង...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ