ច្រកចូលទៅកាន់ជិវិត ៤
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៤៨៣
ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម និងព្រះដែលគង់នៅស្ថានសួគ៌ ហើយការនេះបង្ហាញថា ពួកគេជឿលើព្រះជាម្ចាស់ មិនមែនដើម្បីស្ដាប់បង្គាប់ទ្រង់ឡើយ ប៉ុន្តែដើម្បីទទួល បានផលប្រយោជន៍ណាមួយ ឬដើម្បីឲ្យបានរួចខ្លួនពីទុក្ខវេទនា ដែលកើតពីគ្រោះមហន្តរាយតែប៉ុណ្ណោះ។ ទាល់តែបែបនេះ ទើបពួកគេស្ដាប់បង្គាប់ខ្លះ។ ការស្ដាប់បង្គាប់របស់គេមានលក្ខខណ្ឌ ហើយគេធ្វើឡើងដោយបង្ខំចិត្ត ទាំងគិតដល់ប្រយោជន៍របស់គេ។ បើដូច្នេះ ហេតុអ្វីក៏អ្នកជឿលើព្រះជាម្ចាស់? ប្រសិនបើអ្នកជឿដើម្បីតែផលប្រយោជន៍ និងដើម្បីសម្រេចជោគវាសនារបស់ខ្លួន នោះកុំជឿព្រះអង្គល្អជាង។ សេចក្តីជំនឿបែបនេះ គឺជាការបញ្ឆោតខ្លួនឯង ជាការធានាដល់ខ្លួនឯង និងជាការកោតសរសើរដល់ខ្លួនឯង។ ប្រសិនបើសេចក្តីជំនឿរបស់អ្នក មិនត្រូវបានសង់ឡើងពីលើគ្រឹះនៃការស្ដាប់បង្គាប់ព្រះជាម្ចាស់ទេ នៅទីបំផុត អ្នកនឹងត្រូវទទួលទោសចំពោះការទាស់ទទឹងនឹងទ្រង់វិញមិនខាន។ អស់អ្នកណាដែលមិនព្យាយាមស្ដាប់បង្គាប់ព្រះជាម្ចាស់នៅក្នុងសេចក្តីជំនឿរបស់គេ គឺទាស់ទទឹងនឹងទ្រង់ហើយ។ ព្រះជាម្ចាស់បង្គាប់ឲ្យមនុស្សស្វែងរកសេចក្តីពិត ឲ្យគេស្រេកឃ្លានព្រះបន្ទូលរបស់ទ្រង់ ឲ្យគេបរិភោគ និងផឹកពីព្រះបន្ទូលទ្រង់ ហើយប្រតិបត្តិតាមព្រះបន្ទូលទាំងនោះ ដើម្បីឲ្យគេអាចសម្រេចបាននូវការស្ដាប់បង្គាប់តាមព្រះជាម្ចាស់។ ប្រសិនបើចំណុចទាំងនេះ គឺជាចេតនាដ៏ពិតរបស់អ្នក នោះព្រះជាម្ចាស់នឹងច្បាស់ជាលើកអ្នកឡើង ហើយទ្រង់នឹងសម្ដែងព្រះគុណរបស់ទ្រង់ដល់អ្នកជាប្រាកដ។ ការនេះគ្មានអ្វីដែលត្រូវសង្ស័យ និងប្រែប្រួលបានឡើយ។ ប្រសិនបើអ្នកគ្មានចេតនានឹងស្ដាប់បង្គាប់ព្រះ ហើយអ្នកមានគោលបំណងផ្សេង ដូច្នេះ គ្រប់យ៉ាងដែលអ្នកនិយាយ និងធ្វើ (គឺទាំងពាក្យអធិស្ឋានរបស់អ្នកនៅចំពោះព្រះ ព្រមទាំងគ្រប់ទង្វើរបស់អ្នក) នឹងក្លាយជាការទាស់ទទឹងនឹងទ្រង់មិនខាន។ អ្នកប្រហែលជាមនុស្សម្នាក់ដែលនិយាយស្ដីទន់ភ្លន់ និងមានចរិតស្លូតបូត គ្រប់ទង្វើ និងកាយវិការរបស់អ្នក អាចមើលទៅមានភាពរមទម ហើយអ្នកអាចធ្វើខ្លួនដូចជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់ ប៉ុន្តែ ពេលដែលនិយាយដល់ចេតនា និងទស្សនៈរបស់អ្នកចំពោះសេចក្តីជំនឿលើព្រះវិញ គ្រប់យ៉ាងដែលអ្នកធ្វើ សុទ្ធតែទាស់ទទឹងនឹងព្រះ គ្រប់យ៉ាងដែលអ្នកធ្វើ សុទ្ធតែអាក្រក់ទាំងអស់។ មនុស្សដែលមើលទៅស្ដាប់បង្គាប់ដូចជាសត្វចៀម ប៉ុន្តែ ដួងចិត្តពេញដោយចេតនាអាក្រក់ គឺប្រៀបដូចជាសត្វចចកដែលពាក់ស្បែកចៀមដូច្នោះដែរ។ ពួកគេប្រមាថព្រះជាម្ចាស់ដោយផ្ទាល់ ហើយព្រះអង្គនឹងមិនត្រាប្រណីដល់ពួកគេណាម្នាក់ឡើយ។ ព្រះវិញ្ញាណបរិសុទ្ធនឹងបើកសម្ដែងពីពួកគេម្ដងម្នាក់ៗ ហើយបង្ហាញដល់មនុស្សគ្រប់គ្នាឲ្យឃើញថា ពួកមនុស្សកំពុត ច្បាស់ ជាត្រូវព្រះវិញ្ញាណបរិសុទ្ធស្អប់ខ្ពើម និងបដិសេធជាមិនខាន។ កុំបារម្ភឡើយ៖ ព្រះជាម្ចាស់នឹងគិតបញ្ជី ហើយចាត់ការជាមួយពួកគេម្នាក់ៗវិញមិនខាន។
ដកស្រង់ពី «អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៤៨៤
បើអ្នកមិនអាចទទួលយកពន្លឺថ្មីពីព្រះជាម្ចាស់ និងមិនអាចយល់ ហើយ មិនព្យាយាមស្វែងយល់គ្រប់ទាំងសេចក្តីដែលទ្រង់ធ្វើសព្វថ្ងៃ អ្នកប្រាកដជាដាក់ការរិះគន់ ឬពិនិត្យពិច័យ ហើយវិភាគទៅលើសេចក្តីទាំងនោះជាមិនខាន ពុំនោះទេអ្នកច្បាស់ជាសង្ស័យ ដូច្នេះ អ្នកគ្មានគំនិតចង់ស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ។ នៅពេលដែលពន្លឺបច្ចុប្បន្នលេចចេញមក ប្រសិនបើអ្នកនៅតែឲ្យតម្លៃទៅលើពន្លឺអតីតកាល ហើយប្រឆាំងនឹងកិច្ចការថ្មីរបស់ព្រះ នោះអ្នកជាមនុស្សល្ងីល្ងើហើយ ដ្បិតអ្នកស្ថិតនៅក្នុងចំណោមមនុស្សដែលមានចេតនាទាស់ទទឹងនឹងព្រះ។ គន្លឹះក្នុងការស្ដាប់បង្គាប់ព្រះ គឺការឲ្យតម្លៃពន្លឺថ្មី ហើយអាចទទួលយក និងប្រតិបត្តិតាមពន្លឺថ្មីនោះផងដែរ។ នេះហើយជាការស្ដាប់បង្គាប់ដ៏ពិត។ មនុស្សដែលគ្មានចិត្តស្រេកឃ្លានចង់បានព្រះជាម្ចាស់ គឺគ្មានបំណងចង់ចុះចូលចំពោះទ្រង់ឡើយ ហើយដោយសារតែលទ្ធផលស្កប់ចិត្តជាមួយស្ថានភាពបច្ចុប្ប្នន្នរបស់ខ្លួននេះ បានបណ្ដាលឲ្យពួកគេទាស់ទទឹងនឹងព្រះ។ មនុស្សបែបនេះមិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់បានឡើយ ដោយសារតែគេបានងប់ងល់ជាមួយទិដ្ឋភាពពីអតីតកាល។ ទិដ្ឋភាពពីអតីតកាលទាំងនេះ បានផ្ដល់ឲ្យមនុស្សនូវការយល់ឃើញ និងការស្រមើស្រមៃគ្រប់យ៉ាងអំពីព្រះ ហើយវាបានក្លាយជារូបភាពនៃព្រះនៅក្នុងគំនិតរបស់គេ។ ដូច្នេះ អ្វីដែលពួកគេជឿ គឺជាការយល់ឃើញរបស់គេ ហើយក្លាយជាបទដ្ឋាននៃការស្រមើស្រមៃរបស់គេ។ បើអ្នកប្រៀបធៀបព្រះដែលធ្វើកិច្ចការជាក់ស្ដែង នាពេលបច្ចុប្បន្ន ជាមួយនឹងព្រះនៃការស្រមើស្រមៃរបស់អ្នក នោះសេចក្តីជំនឿរបស់អ្នក ចេញមកពីអារក្សសាតាំង ហើយវាត្រូវបង្ខូច ដោយសារសេចក្តីលម្អៀងរបស់អ្នក។ ព្រះជាម្ចាស់មិនចង់បានសេចក្តីជំនឿបែបនេះទេ។ មិនថា គុណសម្បត្តិ និងការតាំងចិត្តរបស់គេខ្ពស់ប៉ុនណា ហើយទោះជាពួកគេបានប្ដូរផ្ដាច់ប្រឹងប្រែងពេញមួយជីវិត ចំពោះកិច្ចការរបស់ទ្រង់ ហើយត្រូវបានស្លាប់ ដោយសារតែសេចក្តីជំនឿរបស់ខ្លួនក៏ដោយ ក៏ព្រះជាម្ចាស់មិនសរសើរមនុស្ស ដែលមានសេចក្តីជំនឿបែបនេះឡើយ។ ទ្រង់គ្រាន់តែប្រទានព្រះគុណបន្ដិច បន្ដួចដល់ពួកគេ ហើយអនុញ្ញាតឲ្យពួកគេរីករាយនឹងព្រះគុណនោះមួយរយៈពេលខ្លីប៉ុណ្ណោះ។ មនុស្សបែបនេះគ្មានសមត្ថភាពប្រតិបត្តិតាមសេចក្តីពិតឡើយ។ ព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការនៅក្នុងពួកគេ ហើយព្រះជាម្ចាស់នឹងលុបបំបាត់ពួកគេម្ដងម្នាក់ៗចោលមិនខាន។ អស់អ្នកដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់នៅក្នុងសេចក្តីជំនឿរបស់គេ និងមានចេតនាអាក្រក់ មិនថា អ្នកទាំងនោះក្មេង ឬចាស់ឡើយ ពួកគេសុទ្ធតែទាស់ទទឹង និងបង្អាក់ដល់កិច្ចការរបស់ព្រះ ហើយមនុស្សបែបនេះនឹងត្រូវព្រះជាម្ចាស់លុបបំបាត់ចោល ដោយគ្មានអ្វីសង្ស័យឡើយ។ មនុស្សដែលមិនស្ដាប់បង្គាប់ព្រះ សូម្បីបន្តិច មនុស្សដែលគ្រាន់តែទទួលស្គាល់ព្រះនាមទ្រង់ ហើយមានការយល់ដឹងខ្លះអំពីព្រះហឫទ័យដ៏សប្បុរស និងព្រះទ័យស្រឡាញ់របស់ព្រះ ប៉ុន្តែដើរមិនទាន់លំអានព្រះបាទារបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយមិនស្ដាប់បង្គាប់តាមកិច្ចការបច្ចុប្បន្ន និងមិនស្ដាប់តាមព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធ គឺជាមនុស្សដែលរស់នៅក្នុងចំណោមព្រះគុណនៃព្រះ ប៉ុន្តែពួកគេនឹងមិនត្រូវបានទ្រង់ទទួលយក ឬធ្វើឲ្យបានគ្រប់លក្ខណ៍នោះទេ។ ព្រះជាម្ចាស់ធ្វើឲ្យមនុស្សទៅជាគ្រប់លក្ខណ៍ តាមរយៈការស្ដាប់បង្គាប់របស់គេ តាមរយៈការទទួលទាន ការផឹក និងការរីករាយជាមួយព្រះបន្ទូលរបស់ព្រះ និងតាមរយៈការរងទុក្ខ និងការបន្សុទ្ធនៅក្នុងជីវិតរបស់គេ។ មានតែតាមរយៈសេចក្តីជំនឿបែបនេះទេ ទើបនិស្ស័យរបស់មនុស្សអាចត្រូវបានផ្លាស់ប្រែ ហើយពួកគេអាចមានចំណេះដឹងដ៏ពិតអំពីព្រះ។ ការមិនស្កប់ចិត្តជាមួយការរស់នៅក្នុងព្រះគុណនៃព្រះ ការខំស្វែងរក និងការស្រេកឃ្លានចង់បានសេចក្តីពិតយ៉ាងខ្នះខ្នែង និងការព្យាយាមឲ្យព្រះជាម្ចាស់ទទួលយក នេះហើយជាអត្ថន័យនៃការស្ដាប់បង្គាប់តាមព្រះជាម្ចាស់ដោយបញ្ញាចិត្ត និងជាប្រភេទនៃសេចក្តីជំនឿដែលព្រះអង្គចង់បាន។ មនុស្សដែលមិនធ្វើអ្វីសោះ ក្រៅពីរីករាយនឹងព្រះគុណនៃព្រះ មិនអាចត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ ឬត្រូវបំផ្លាស់បំប្រែបានឡើយ។ រីឯការស្ដាប់បង្គាប់ ការគោរពប្រតិបត្តិដល់ព្រះ សេចក្តីស្រឡាញ់ និងចិត្តអត់ធ្មត់របស់ពួកគេ សុទ្ធតែជាទង្វើលំៗទាំងអស់។ មនុស្សដែលគ្រាន់តែរីករាយនឹងព្រះគុណនៃព្រះមិនអាចស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ ហើយបើទោះបីជាពួកគេស្គាល់ព្រះជាម្ចាស់ក៏ដោយ ប៉ុន្តែចំណេះដឹងរបស់គេនៅមានកម្រិតលំៗ ហើយគេនិយាយសេចក្តីមួយចំនួន ដូចជា «ព្រះជាម្ចាស់ស្រឡាញ់មនុស្ស» ឬ«ព្រះជាម្ចាស់មានព្រះហឫទ័យអាណិតមេត្តាចំពោះមនុស្ស។» កត្តានេះមិនតំណាងឲ្យជីវិតរបស់មនុស្ស ហើយក៏មិនបង្ហាញថា មនុស្សពិតជាស្គាល់ព្រះជាម្ចាស់នោះឡើយ។ ប្រសិនបើមនុស្សមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ទេ នោះព្រះបន្ទូលរបស់ព្រះមិនអាចបន្សុទ្ធពួកគេ ហើយកាលណាសេចក្តីល្បងលរបស់ទ្រង់មកដល់ ពួកគេក៏មិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ បើពួកគេមានចិត្តសង្ស័យ និងជំពប់ដួល នោះពួកគេមិនមានការស្ដាប់បង្គាប់សោះឡើយ។ មានក្រឹត្យក្រម និងសេចក្ដីរឹតត្បិតជាច្រើន ទាក់ទងនឹងសេចក្តីជំនឿជឿលើព្រះនៅក្នុងពួកគេ ដូចជា បទពិសោធន៍ចាស់ៗដែលជាលទ្ធផលចេញពីសេចក្តីជំនឿរយៈពេលជាច្រើនឆ្នាំ ឬគោលលទ្ធិផ្សេងៗដែលផ្អែកលើពីព្រះគម្ពីរ។ តើមនុស្សបែបនេះអាចស្ដាប់បង្គាប់ព្រះជាម្ចាស់បានដែរឬទេ? មនុស្សទាំងនេះ គឺពោរពេញដោយនិស្ស័យជាមនុស្ស។ តើពួកគេអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ដោយរបៀបណា? «ការស្ដាប់បង្គាប់» របស់គេ គឺស្របតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។ តើព្រះជាម្ចាស់ចង់បានការស្ដាប់បង្គាប់បែបនេះឬទេ? នេះមិនមែនជាការស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ ប៉ុន្តែ វាជាការប្រកាន់ខ្ជាប់តាមគោលលទ្ធិ ជាការបំពេញចិត្តខ្លួនឯង និងជាការធ្វើឲ្យចិត្តរបស់ខ្លួនបានស្ងប់ប៉ុណ្ណោះ។ ប្រសិនបើអ្នកនិយាយថា នេះជាការស្ដាប់បង្គាប់ព្រះជាម្ចាស់ តើអ្នកមិនប្រមាថទ្រង់ទៅហើយទេឬអី? អ្នកជាព្រះចៅផារ៉ោន ស្ដេចស្រុកអេស៊ីព្ទ។ អ្នកប្រព្រឹត្តអំពើអាក្រក់ និងបានចូលរួមនៅក្នុងកិច្ចការទាស់ទទឹងនឹងព្រះ តើនេះជារបៀបដែលព្រះជាម្ចាស់ចង់ឲ្យអ្នកបម្រើទ្រង់មែនទេ? អ្នកគួរតែឆាប់ប្រែចិត្ត ហើយព្យាយាមស្គាល់ខ្លួនឯងឲ្យបានច្បាស់ជាងនេះវិញ។ បើមិនដូច្នោះទេ អ្នកគួរតែដកខ្លួនចេញទៅវាល្អជាង ដ្បិតការដកខ្លួននឹងផ្ដល់ប្រយោជន៍ល្អដល់អ្នក ជាងការបម្រើព្រះជាម្ចាស់ ត្រឹមតែបបូរមាត់។ អ្នកមុខជាមិនបង្អាក់ និងរំខានដល់កិច្ចការរបស់ទ្រង់ឡើយ។ អ្នកនឹងស្គាល់ឋានៈរបស់ខ្លួន ហើយរស់នៅយ៉ាងស្រួល ដូច្នេះ តើការធ្វើបែបនេះនឹងមិនប្រសើរជាងទេឬអី? ហើយអ្នកនឹងមិនត្រូវទទួលទោសចំពោះការទាស់ទទឹងនឹងព្រះឡើយ!
ដកស្រង់ពី «អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៤៨៥
កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ។ កិច្ចការនេះកាន់តែខ្ពស់ឡើងៗរាល់ជំហាន ការបើកសម្ដែងនៅថ្ងៃស្អែកខ្ពស់ជាងការបើកសម្ដែងនៅថ្ងៃនេះ ដោយឡើងខ្ពស់ទៅៗពីមួយជំហានទៅមួយជំហាន។ ការងារនោះគឺជា ការងារដែលព្រះជាម្ចាស់ធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍។ ប្រសិនបើមនុស្សមិនអាចដើរឲ្យទាន់ទេ ដូច្នេះ ពួកគេនឹងត្រូវបណ្ដេញចេញគ្រប់ពេលវេលា។ ប្រសិនបើពួកគេគ្មានចិត្តស្ដាប់បង្គាប់ទេ ពួកគេនឹងមិនអាចដើរតាមរហូតដល់ទីបញ្ចប់បានឡើយ។ យុគសម័យមុនបានកន្លងផុតទៅហើយ។ នេះគឺជាយុគសម័យថ្មី។ ហើយនៅក្នុងសម័យថ្មី កិច្ចការថ្មីក៏ត្រូវបានធ្វើឡើង។ ជាពិសេស នៅក្នុងយុគសម័យចុងក្រោយដែលមនុស្សត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍ ព្រះជាម្ចាស់នឹងបំពេញកិច្ចការកាន់តែថ្មី កាន់តែឆាប់ ដូច្នេះ បើក្នុងចិត្តពួកគេគ្មានការស្ដាប់បង្គាប់ទេ មនុស្សនឹងពិបាកដើរតាមលំអានរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ពុំគោរពតាមខ្នាតតម្រាណាមួយឡើយ ហើយទ្រង់ក៏មិនចាត់ទុកដំណាក់កាលណាមួយនៃកិច្ចការរបស់ទ្រង់ថាមិនមានការប្រែប្រួលដែរ។ ផ្ទុយទៅវិញ កិច្ចការដែលព្រះជាម្ចាស់ធ្វើ គឺកាន់តែថ្មីឡើង និងកាន់តែខ្ពស់ឡើងរហូត។ ក្នុងដំណាក់កាលនីមួយៗ កិច្ចការរបស់ទ្រង់កាន់តែជាក់ស្ដែង និងកាន់តែស្របគ្នាទៅនឹងតម្រូវការជាក់ស្ដែងរបស់មនុស្សលោក។ មានតែក្រោយពេលដែលមនុស្សជួបប្រទះកិច្ចការបែបនោះប៉ុណ្ណោះ ទើបពួកគេ អាចសម្រេចបាននូវការបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេជាចុងក្រោយបាន។ ចំណេះដឹងស្ដីពីជីវិតរបស់មនុស្សឈានដល់កម្រិតកាន់តែខ្ពស់ឡើងៗ ដូច្នេះហើយកិច្ចការរបស់ព្រះជាម្ចាស់ក៏ឈានដល់កម្រិតកាន់តែខ្ពស់ជាងមុនដូចគ្នា។ មានតែដូច្នេះទេ ទើបមនុស្សអាចធ្វើឲ្យគ្រប់លក្ខណ៍បាន និងស័ក្ដិសមឲ្យព្រះជាម្ចាស់ប្រើ។ ព្រះហស្ដម្ខាង ព្រះជាម្ចាស់ធ្វើកិច្ចការដោយបែបនេះដើម្បីតទល់និងផ្លាស់ប្រែសញ្ញាណរបស់មនុស្ស ហើយព្រះហស្ដម្ខាងទៀតទ្រង់ដឹកនាំមនុស្សទៅកាន់ស្ថានភាពរឹតតែជាក់ស្ដែង និងខ្ពស់ជាងមុន គឺចូលទៅក្នុងពិភពដ៏ខ្ពស់បំផុតនៃសេចក្តីជំនឿចំពោះព្រះ ដើម្បីឲ្យព្រះហឫទ័យនៃព្រះអាចសម្រេចបាននៅទីបំផុត។ អស់អ្នកណាដែលមានចរិតមិនស្ដាប់បង្គាប់ ដែលមានចេតនាប្រឆាំងទាស់នឹងទ្រង់ នឹងត្រូវបណ្ដេញចេញនៅដំណាក់កាលនៃកិច្ចការជឿនលឿនទៅមុខដ៏ឆាប់រហ័ស និងពេញទំហឹងរបស់ព្រះជាម្ចាស់។ មានតែអស់អ្នកណាដែលព្រមស្ដាប់បង្គាប់ និងអ្នកដែលបន្ទាបខ្លួនពួកគេដោយអរសប្បាយប៉ុណ្ណោះ ដែលអាចរីកចម្រើនទៅមុខរហូតដល់ចុងបញ្ចប់នៃផ្លូវបាន។ នៅក្នុងកិច្ចការប្រភេទនេះ អ្នករាល់គ្នាគប្បីរៀនពីវិធីចុះចូល និងវិធីទុកដាក់សញ្ញាណរបស់ខ្លួនមួយឡែក។ អ្នកគប្បីមានការប្រុងប្រយ័ត្ននៅគ្រប់ជំហានដែលអ្នកដើរ។ ប្រសិនបើអ្នកធ្វេសប្រហែស អ្នកប្រាកដជានឹងក្លាយជាមនុស្សម្នាក់ដែលត្រូវព្រះវិញ្ញាណបរិសុទ្ធបោះបង់ចោល ជាមនុស្សម្នាក់ដែលរំខានដល់កិច្ចការរបស់ព្រះ។ នៅមុនពេលអនុវត្តដំណាក់កាលនៃកិច្ចការនេះ ខ្នាតតម្រា និងក្រឹត្យវិន័យរបស់មនុស្សពីមុន មានច្រើនខ្លាំង រហូតដល់មនុស្សអរសប្បាយនឹងសេចក្ដីទាំងនោះជ្រុល ហើយជាលទ្ធផល មនុស្សត្រូវគេបោកបញ្ឆោត និងភ្លេចថា ខ្លួនជានរណា។ ទាំងនេះគឺជាឧបសគ្គដែលរារាំង មិនឲ្យមនុស្សទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់បាន។ ឧបសគ្គទាំងនេះគឺជាសត្រូវនៃចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់។ វាមានគ្រោះថ្នាក់សម្រាប់មនុស្សដែលមិនមានការស្ដាប់បង្គាប់នៅក្នុងចិត្តរបស់ពួកគេ និងមិនមានការស្រេកឃ្លានចង់បានសេចក្តីពិត។ ប្រសិនបើអ្នកចុះចូលតែចំពោះកិច្ចការ និងព្រះបន្ទូលងាយៗរបស់ព្រះជាម្ចាស់ ហើយមិនអាចយល់សេចក្ដីដែលស៊ីជម្រៅជាងនេះ ដូច្នេះ អ្នកគឺជាមនុស្សម្នាក់ដែលប្រកាន់ខ្ជាប់ទៅនឹងវិធីចាស់ៗ និងមិនអាចដើរឲ្យទាន់កិច្ចការនៃ ព្រះវិញ្ញាណបរិសុទ្ធបានឡើយ។
ដកស្រង់ពី «អស់អ្នកណាដែលស្ដាប់បង្គាប់ ព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៤៨៦
កិច្ចការដែលព្រះជាម្ចាស់ធ្វើ ខុសគ្នាពីពេលមួយទៅពេលមួយ។ ប្រសិនបើអ្នកស្ដាប់បង្គាប់តាមកិច្ចការរបស់ព្រះជាម្ចាស់បានល្អនៅដំណាក់កាលមួយ តែការស្ដាប់បង្គាប់របស់អ្នកចំពោះកិច្ចការរបស់ទ្រង់បែរជាមិនបានល្អនៅដំណាក់កាលមួយទៀត ឬក៏អ្នកមិនអាចស្ដាប់បង្គាប់បាន នោះព្រះជាម្ចាស់នឹងបោះបង់អ្នកចោល។ ប្រសិនបើអ្នកដើរទាន់ព្រះជាម្ចាស់ នៅពេលទ្រង់បោះជំហាននេះ នោះអ្នកត្រូវបន្តដើរឲ្យទាន់ នៅពេលទ្រង់បោះជំហានបន្ទាប់ទៀត។ មានតែពេលនោះទេ ទើបអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់ព្រះវិញ្ញាណបរិសុទ្ធ។ ដោយសារតែអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវរក្សាការស្ដាប់បង្គាប់របស់អ្នកឲ្យបានឋិតថេរ។ អ្នកមិនអាចគ្រាន់តែស្ដាប់បង្គាប់នៅពេលអ្នកសប្បាយចិត្ត ហើយមិនស្ដាប់បង្គាប់នៅពេលអ្នកមិនសប្បាយចិត្តនោះទេ។ ការស្ដាប់បង្គាប់បែបនេះ ព្រះជាម្ចាស់មិនសរសើរឡើយ។ ប្រសិនបើអ្នកមិនអាចដើរតាមជំហាននៃកិច្ចការថ្មីដែលខ្ញុំបានរៀបចំ និងបន្តប្រកាន់ខ្ជាប់តាមសុភាសិតចាស់ពីមុនមកទេនោះ តើអាចមានការរីកចម្រើននៅក្នុងជីវិតរបស់អ្នកដោយរបៀបណា? កិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីទំនុកបម្រុងដល់អ្នកតាមរយៈព្រះបន្ទូលរបស់ទ្រង់។ នៅពេលអ្នកស្ដាប់បង្គាប់ និងទទួលយកព្រះបន្ទូលរបស់ទ្រង់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងខ្លួនឯងជាប្រាកដ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការដូចគ្នាបេះបិទនឹងអ្វីដែលខ្ញុំមានបន្ទូល។ ចូរធ្វើដូចអ្វីដែលខ្ញុំបានមានបន្ទូលចុះ នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងខ្លួនឯងជាប្រាកដ។ ខ្ញុំបានបញ្ចេញពន្លឺថ្មីមួយសម្រាប់ឲ្យអ្នករាល់គ្នាបានឃើញ ដោយនាំយកអ្នករាល់គ្នាទៅក្នុងពន្លឺបច្ចុប្បន្ន ហើយនៅពេលដែលអ្នកដើរទៅក្នុងពន្លឺនេះ ព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងខ្លួនឯងភ្លាមៗ។ មានមនុស្សមួយចំនួនដែលចចេសរឹងរូស និយាយថា «ខ្ញុំនឹងមិនធ្វើតាមអ្វីដែលអ្នកនិយាយឡើយ។» នៅក្នុងករណីនេះ ខ្ញុំប្រាប់អ្នកចុះថា អ្នកបានមកដល់ចុងបញ្ចប់នៃផ្លូវហើយ។ អ្នកត្រូវក្រៀមស្វិត និងគ្មានជីវិតទៀតឡើយ។ ហេតុដូចនេះ នៅក្នុងបទពិសោធន៍នៃការបំផ្លាស់បំប្រែនិស្ស័យរបស់អ្នក គ្មានអ្វីសំខាន់ជាងការរក្សាជំហានឲ្យទាន់នឹងពន្លឺបច្ចុប្បន្ននេះឡើយ។ ព្រះវិញ្ញាណបរិសុទ្ធមិនត្រឹមតែធ្វើការក្នុងខ្លួនមនុស្សណាម្នាក់ដែលព្រះជាម្ចាស់ប្រើការនោះទេ ប៉ុន្តែ ក៏ធ្វើការនៅក្នុងពួកជំនុំផងដែរ។ ទ្រង់អាចធ្វើការនៅក្នុងមនុស្សគ្រប់គ្នាបាន។ ទ្រង់អាចនឹងកំពុងធ្វើការក្នុងខ្លួនឯងក្នុងអំឡុងពេលបច្ចុប្បន្ន ហើយអ្នកនឹងបានស្គាល់កិច្ចការនេះ។ នៅក្នុងអំឡុងពេលបន្ទាប់ទៀត ទ្រង់អាចនឹងធ្វើការក្នុងខ្លួនមនុស្សផ្សេងទៀត ដែលក្នុងករណីនេះ អ្នកត្រូវតែ ប្រញាប់ដើរតាម។ នៅពេលអ្នកដើរតាមពន្លឺបច្ចុប្បន្នកាន់តែកៀក នោះជីវិតរបស់អ្នកនឹងកាន់តែរីកចម្រើនឡើង។ មិនថាចរិតលក្ខណៈរបស់មនុស្សម្នាក់បែបណានោះទេ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធធ្វើការក្នុងខ្លួនគេ នោះអ្នកត្រូវតែដើរតាម។ ចូរថ្លឹងថ្លែងបទពិសោធន៍របស់ពួកគេតាមរយៈបទពិសោធន៍របស់អ្នកផ្ទាល់ នោះអ្នកនឹងទទួលបានអ្វីកាន់តែខ្ពស់។ ការធ្វើបែបនេះ នោះអ្នកនឹងរីកចម្រើនកាន់តែឆាប់។ នេះគឺជាផ្លូវនៃភាពគ្រប់លក្ខណ៍សម្រាប់មនុស្ស និងជាមធ្យោបាយ ដែលជីវិតបានរីកចម្រើនធំធាត់។ ផ្លូវដែលនាំឲ្យគ្រប់លក្ខណ៍គឺអាចសម្រេចបាន តាមរយៈការស្ដាប់បង្គាប់របស់អ្នកចំពោះកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អ្នកពុំដឹងថាព្រះជាម្ចាស់នឹងធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍តាមរយៈមនុស្សប្រភេទណានោះទេ ក៏មិនដឹងថា ទ្រង់អនុញ្ញាតឲ្យអ្នកទទួលបាន ឬមើលឃើញអស់ទាំងសេចក្ដីតាមរយៈមនុស្ស តាមព្រឹត្តិការណ៍ ឬតាមវត្ថុអ្វីឡើយ។ ប្រសិនបើអ្នកអាចដាក់ជើងនៅលើគន្លងផ្លូវដ៏ត្រឹមត្រូវ នោះអាចបង្ហាញថា អ្នកមានក្ដីសង្ឃឹមដ៏ធំធេងដើម្បីឲ្យព្រះជាម្ចាស់ធ្វើឲ្យគ្រប់លក្ខណ៍។ ប្រសិនបើអ្នកមិនអាចធ្វើបានទេ នោះបង្ហាញថាអនាគតរបស់អ្នកងងឹតសូន្យឈឹង គ្មានពន្លឺអ្វីឡើយ។ នៅពេលអ្នកចាប់ផ្ដើមដើរនៅលើផ្លូវត្រូវ អ្នកនឹងទទួលការបើកសម្ដែងក្នុងគ្រប់ការទាំងអស់។ មិនថាព្រះវិញ្ញាណបរិសុទ្ធ បើកសម្ដែងអ្វីខ្លះចំពោះអ្នកដទៃនោះទេ ប្រសិនបើអ្នកបន្តឋិតនៅលើមូលដ្ឋានចំណេះដឹងរបស់ពួកគេដើម្បីទទួលបានបទពិសោធន៍លើអ្វីៗដោយខ្លួនឯង នោះបទពិសោធន៍នេះ នឹងក្លាយជាចំណែកមួយនៃជីវិតរបស់អ្នក ហើយអ្នកនឹងអាចផ្គត់ផ្គង់ដល់អ្នកដទៃបាន តាមរយៈបទពិសោធន៍នេះ។ អស់អ្នកណាដែលផ្គត់ផ្គង់អ្នកដទៃ ដោយពាក្យសម្ដីដូចជាសត្វសេក ជាមនុស្សដែលមិនធ្លាប់មានបទពិសោធន៍អ្វីសោះឡើយ។ អ្នកត្រូវស្វែងយល់ដើម្បីរកវិធីអនុវត្តមួយ នៅមុនពេលដែលអ្នកអាចចាប់ផ្ដើមនិយាយអំពីបទពិសោធន៍ និងចំណេះដឹងជាក់ស្តែងរបស់អ្នក តាមរយៈការបំភ្លឺ និងការបង្ហាញរបស់អ្នកដទៃ។ ការនេះនឹងមានប្រយោជន៍យ៉ាងច្រើនសម្រាប់ជីវិតផ្ទាល់ខ្លួនរបស់អ្នក។ អ្នកគប្បីឆ្លងកាត់បទពិសោធន៍បែបនេះ ដោយស្ដាប់បង្គាប់តាមគ្រប់អ្វីដែលមកពីព្រះជាម្ចាស់។ អ្នកគប្បីព្យាយាមស្វែងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងគ្រប់ការទាំងអស់ និងរៀនសូត្រមេរៀននានាក្នុងគ្រប់ការទាំងអស់ ដើម្បីឲ្យជីវិតរបស់អ្នកចម្រើនឡើង។ ការអនុវត្តបែបនេះ ជួយឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
ព្រះវិញ្ញាណបរិសុទ្ធ បំភ្លឺដល់អ្នកតាមរយៈបទពិសោធន៍ជាក់ស្ដែង និងធ្វើឲ្យអ្នកគ្រប់លក្ខណ៍តាមរយៈសេចក្តីជំនឿរបស់អ្នក។ តើអ្នកពិតជាសុខចិត្តឲ្យខ្លួនបានគ្រប់លក្ខណ៍ដែរឬទេ? ប្រសិនបើអ្នកត្រូវបានព្រះជាម្ចាស់ធ្វើឲ្យគ្រប់លក្ខណ៍ នោះអ្នកនឹងមានសេចក្តីក្លាហានក្នុងការលះបង់ខាងសាច់ឈាមរបស់អ្នក អ្នកនឹងអាចប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកនឹងមិនអសកម្ម ឬទន់ខ្សោយឡើយ។ អ្នកនឹងអាច ស្ដាប់បង្គាប់តាមគ្រប់អ្វីៗដែលមកអំពីព្រះជាម្ចាស់ ហើយគ្រប់សកម្មភាពរបស់អ្នក មិនថាសកម្មភាពដែលត្រូវបានធ្វើជាសាធារណៈ ឬដោយឯកជននោះទេ គឺនឹងត្រូវព្រះជាម្ចាស់ទតឃើញ។ ប្រសិនបើអ្នកជាមនុស្សស្មោះត្រង់ និងអនុវត្តតាមសេចក្តីពិតក្នុងគ្រប់ការទាំងអស់ នោះអ្នកនឹងត្រូវធ្វើឲ្យគ្រប់លក្ខណ៍។ មនុស្សបោកបញ្ឆោតដែលធ្វើបែបនេះនៅមុខមនុស្សម្នា ហើយធ្វើបែបផ្សេងនៅក្រោយខ្នងពួកគេទាំងនោះ មិនអាចធ្វើឲ្យគ្រប់លក្ខណ៍បានឡើយ។ ពួកគេជាកូនអន្ដរធាន និងជាកូននៃសេចក្ដីវិនាស។ ពួកគេមិនមែនជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ឡើយ តែជាកម្មសិទ្ធិរបស់សាតាំង។ ពួកគេមិនមែនជាមនុស្សដែលព្រះជាម្ចាស់ជ្រើសរើសឡើយ! ប្រសិនបើទង្វើ និងអាកប្បកិរិយារបស់អ្នកមិនបានបង្ហាញនៅចំពោះព្រះជាម្ចាស់ ឬមិនបានទតមើលដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទេ នេះជាភស្ដុតាងបញ្ជាក់ថា អ្នកមានអ្វីមិនត្រឹមត្រូវហើយ។ ទាល់តែអ្នកទទួលយកការជំនុំជម្រះ និងការដាក់ទោសរបស់ព្រះជាម្ចាស់ ហើយយកចិត្តទុកដល់ការបំផ្លាស់បំប្រែនិស្ស័យរបស់អ្នកប៉ុណ្ណោះ ទើបអ្នកអាចបោះជំហាននៅលើផ្លូវដែលធ្វើឲ្យគ្រប់លក្ខណ៍។ ប្រសិនបើអ្នកពិតជាចង់ឲ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ និងចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់មែន នោះអ្នកគប្បីស្ដាប់បង្គាប់តាមកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ដោយពុំមានការរអ៊ូរទាំ សូម្បីតែមួយម៉ាត់ ដោយគ្មានការសន្និដ្ឋាន វាយតម្លៃ ឬក៏វិនិច្ឆ័យកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ទាំងអស់នេះជាលក្ខខណ្ឌបន្តិចបន្តួច សម្រាប់ឲ្យព្រះជាម្ចាស់ធ្វើឲ្យបានគ្រប់លក្ខណ៍។ លក្ខខណ្ឌចាំបាច់សម្រាប់អស់អ្នកណាដែលចង់បានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់គឺបែបនេះ៖ ធ្វើកិច្ចការដោយចិត្តស្រឡាញ់ព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់។ តើការធ្វើកិច្ចការដោយចិត្តស្រឡាញ់ព្រះជាម្ចាស់ មានន័យដូចម្តេច? មានន័យថា គ្រប់ទង្វើ និងអាកប្បកិរិយាទាំងអស់របស់អ្នក អាចបង្ហាញនៅចំពោះព្រះជាម្ចាស់បាន។ ហើយដោយសារអ្នកមានបំណងត្រឹមត្រូវ មិនថា ទង្វើរបស់អ្នកត្រឹមត្រូវ ឬក៏ខុសនោះទេ អ្នកមិនខ្លាចនឹងបង្ហាញទង្វើនោះនៅចំពោះព្រះជាម្ចាស់ ឬនៅចំពោះបងប្អូនប្រុសស្រីរបស់អ្នកឡើយ ហើយអ្នកក៏ហ៊ានស្បថនៅចំពោះព្រះជាម្ចាស់ដែរ។ អ្នកត្រូវបង្ហាញគ្រប់ចេតនា គំនិត និងទស្សនៈរបស់អ្នក នៅចំពោះព្រះជាម្ចាស់ ដើម្បីឲ្យទ្រង់ពិនិត្យពិច័យ។ ប្រសិនបើអ្នកប្រតិបត្តិ និងចូលទៅរកទ្រង់ដោយវិធីនេះ នោះការរីកចម្រើននៅក្នុងជីវិតរបស់អ្នកប្រាកដជាឆាប់រហ័សមិនខាន។
ដកស្រង់ពី «អស់អ្នកណាដែលស្ដាប់បង្គាប់ ព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៤៨៧
ដោយសារអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវដាក់សេចក្តីជំនឿរបស់អ្នក ក្នុងគ្រប់ព្រះបន្ទូលរបស់ព្រះ និងក្នុងគ្រប់កិច្ចការទាំងអស់របស់ទ្រង់។ មានន័យថា ដោយសារអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវតែស្ដាប់បង្គាប់ទ្រង់។ ប្រសិនបើអ្នកមិនអាចធ្វើបែបនេះបានទេ មិនថាអ្នកជឿ ឬក៏មិនជឿលើព្រះជាម្ចាស់នោះទេ គឺគ្មានបានការអ្វីឡើយ។ ប្រសិនបើអ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនដែលស្ដាប់បង្គាប់ទ្រង់ ហើយមិនទទួលយកលក្ខណៈពេញលេញនៃព្រះបន្ទូលរបស់ទ្រង់ ហើយផ្ទុយទៅវិញបែរជាសុំឲ្យព្រះជាម្ចាស់ចុះចូលនឹងអ្នក និងធ្វើតាមគំនិតរបស់អ្នក ដូច្នេះ អ្នកជាមនុស្សបះបោរប្រឆាំងនឹងទ្រង់ខ្លាំងជាងគេបំផុត អ្នកជាមនុស្សមិនជឿលើព្រះជាម្ចាស់ទេ។ តើមនុស្សបែបនេះអាចស្ដាប់បង្គាប់ព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ដែលមិនស្របទៅនឹងគំនិតរបស់មនុស្សដូចម្ដេចបាន? មនុស្សដែលមិនគោរព ហើយទាស់ទទឹងនឹងព្រះជាម្ចាស់ដោយចេតនា អ្នកទាំងនោះហើយជាមនុស្សដែលបះបោរខ្លាំងជាងគេបំផុត។ ពួកគេជាសត្រូវរបស់ព្រះជាម្ចាស់ ជាពួកទទឹងនឹងព្រះគ្រីស្ទ។ ដួងចិត្តរបស់ពួកគេតែងប្រទូសទាស់នឹងកិច្ចការថ្មីរបស់ព្រះជាម្ចាស់។ ពួកគេមិនដែលមានទំនោរចិត្តចង់ចុះចូលឡើយ ហើយពួកគេក៏មិនធ្លាប់បានចុះចូលដោយអរសប្បាយ ឬក៏បន្ទាបខ្លួនពួកគេដែរ។ ពួកគេលើកតម្កើងពីខ្លួនឯងនៅចំពោះមុខអ្នកដទៃ និងមិនដែលចុះចូលនឹងនរណាម្នាក់ឡើយ។ នៅមុខព្រះជាម្ចាស់ ពួកគេចាត់ទុកខ្លួនឯងជាមនុស្សពូកែអធិប្បាយព្រះបន្ទូល និងជាមនុស្សដែលមានជំនាញជាងគេក្នុងការបំពេញកិច្ចការកែប្រែអ្នកដទៃ។ ពួកគេមិនដែលលះបង់ចោល «រតនសម្បត្តិ» ដែលពួកគេមាននោះទេ ប៉ុន្តែចាត់ទុកវាជាមរតកគ្រួសារសម្រាប់ថ្វាយបង្គំ សម្រាប់អធិប្បាយប្រាប់អ្នកដទៃ ហើយពួកគេប្រើវាដើម្បីប្រៀនប្រដៅពួកល្ងង់ខ្លៅ ដែលគោរពស្រឡាញ់របស់ទ្រព្យទាំងនោះទុកជាព្រះ។ ជាការពិត នៅក្នុងពួកជំនុំមានមនុស្សបែបនេះច្រើនណាស់។ អាចនិយាយបានថា ពួកគេជា «វីរជនដែលគ្មាននរណាអាចយកឈ្នះលើបាន» ដែលស្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ពីមួយជំនាន់ទៅមួយជំនាន់។ ពួកគេយកការអធិប្បាយព្រះបន្ទូល (គោលលទ្ធិ) ទុកជាកាតព្វកិច្ចដ៏ឧត្ដុង្គឧត្ដមរបស់ពួកគេ។ ពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយជំនាន់ទៅមួយជំនាន់ ពួកគេចាប់ផ្ដើមអនុវត្តភារកិច្ច «ពិសិដ្ឋ និងមិនអាចបំពានបាន» យ៉ាងស្វាហាប់។ គ្មាននរណាម្នាក់ហ៊ានប៉ះពួកគេឡើយ។ គ្មានមនុស្សណាម្នាក់ហ៊ានស្ដីបន្ទោសពួកគេដោយបើកចំហឡើយ។ ពួកគេក្លាយជា «ស្ដេច» នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដោយធ្វើខ្លួនជា មនុស្សអាក្រក់ឃោរឃៅ នៅពេលពួកគេសង្កត់សង្កិនអ្នកដទៃពីមួយជំនាន់ទៅមួយជំនាន់។ ពួកវិញ្ញាណអាក្រក់ទាំងនេះចង់ពួតដៃគ្នា និងបំផ្លាញកិច្ចការរបស់ខ្ញុំ តើខ្ញុំអាចឲ្យពួកអារក្សមានជីវិតទាំងអស់នេះ កើតមាននៅចំពោះព្រះនេត្ររបស់ខ្ញុំដូចម្ដេចបាន? សូម្បីតែអស់អ្នកដែលស្ដាប់បង្គាប់តែពាក់កណ្ដាលក៏មិនអាចបន្តរហូតដល់ចុងបញ្ចប់បានដែរ ហើយស្ដេចផ្ដាច់ការដែលមិនមានការស្ដាប់បង្គាប់សូម្បីតែបន្តិចនៅក្នុងដួងចិត្តរបស់ពួកគេរឹតតែមិនអាចបន្តទៅដល់ចុងបញ្ចប់បាន! មនុស្សមិនងាយនឹងយល់ពីកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ សូម្បីតែមួយចំណែកតូចនៃកិច្ចការដែលចុងក្រោយធ្វើឲ្យពួកគេទៅជាគ្រប់លក្ខណ៍ ក៏មនុស្សមិនអាចទទួលយកបានដែរ ទោះបីជាគេប្រើអស់ទាំងកម្លាំងដែលពួកគេមានក៏ដោយ។ ដូច្នេះ តើកូនចៅនៃមហាទេវតាដែលព្យាយាមចង់បំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់នោះជាអ្វី? តើពួកគេមិនមានក្ដីសង្ឃឹមថាព្រះជាម្ចាស់នឹងទទួលយកសូម្បីតែបន្តិចឬ? គោលបំណងរបស់ខ្ញុំក្នុងការយកឈ្នះ គឺមិនមែនគ្រាន់តែយកឈ្នះដើម្បីឲ្យតែឈ្នះនោះឡើយ ប៉ុន្តែគឺឈ្នះដើម្បីបើកសម្ដែងពីសេចក្តីសុចរិត និងសេចក្តីទុច្ចរិត ដើម្បីទទួលបានភស្តុតាងសម្រាប់ការដាក់ទោសមនុស្ស ដើម្បីថ្កោលទោសមនុស្សអាក្រក់ ហើយលើសពីនេះ គឺឈ្នះ ដើម្បីជាប្រយោជន៍ដល់ការកែប្រែអស់អ្នកដែលព្រមស្ដាប់បង្គាប់ឲ្យបានគ្រប់លក្ខណ៍។ នៅចុងបំផុត មនុស្សនឹងត្រូវបែងចែកទៅតាមជំពូក ហើយមនុស្សដែលត្រូវធ្វើឲ្យគ្រប់លក្ខណ៍ គឺជាមនុស្សដែលមានចិត្តគំនិតពោរពេញទៅដោយការស្ដាប់បង្គាប់។ នេះគឺជាកិច្ចការដែលត្រូវសម្រេចឲ្យបាននៅទីបំផុត។ ហើយខណៈនោះ អស់អ្នកណាដែលគ្រប់ទង្វើរបស់គេមានលក្ខណៈបះបោរ នឹងត្រូវដាក់ទោស រួចបញ្ជូនទៅដុតនៅក្នុងភ្លើង ពួកគេជារបស់ដែលត្រូវបណ្តាសាអស់កល្បជានិច្ច។ នៅពេលនោះមកដល់ «វីរជនដ៏អស្ចារ្យដែលគ្មានរណាអាចយកឈ្នះបាន» នៅក្នុងសម័យអតីតកាល នឹងក្លាយជា «មនុស្សកំសាកទន់ខ្សោយ និងគ្មានអំណាច» ដែលទាបបំផុត និងត្រូវគេគេចចេញ។ មានតែ ចំណុចនេះទេដែលបង្ហាញពីគ្រប់ទិដ្ឋភាពនៃសេចក្តីសុចរិតរបស់ព្រះជាម្ចាស់បាន ហើយនិស្ស័យរបស់ទ្រង់មិនអាចឲ្យមនុស្សប្រមាថបានឡើយ ហើយមានតែចំណុចនេះទេ ដែលអាចធ្វើឲ្យសេចក្តីសម្អប់នៅក្នុងចិត្តខ្ញុំបានស្ងប់ទៅវិញ។ តើអ្នករាល់គ្នាមិនយល់ស្របទេឬអីថា កិច្ចការនេះសមហេតុផលទាំងស្រុង?
មិនមែនមនុស្សទាំងអស់គ្នាសុទ្ធតែស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយមនុស្ស ដែលកំពុងបម្រើព័ន្ធកិច្ច គឺសុទ្ធតែអាចទទួលបាន ជីវិតនោះដែរ។ ជីវិតគឺមិនមែនជារបស់ទ្រព្យរួមដែលមនុស្សជាតិចែករំលែកគ្នាឡើយ ហើយការបំផ្លាស់បំប្រែនិស្ស័យ មិនងាយឲ្យមនុស្សសម្រេចបានទេ។ ការចុះចូលនឹងកិច្ចការរបស់ព្រះជាម្ចាស់ ត្រូវតែពិត និងជាក់ស្ដែង ហើយត្រូវស្ដែងចេញ តាមការរស់នៅ។ ការចុះចូលបែបលំៗ តែមួយមុខ មិនអាចទទួលបានការសរសើរតម្កើងពីព្រះជាម្ចាស់ឡើយ ហើយការស្ដាប់បង្គាប់ កត្តាមិនសំខាន់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយគ្មានការព្យយាមផ្លាស់ប្តូរនិស្ស័យរបស់មនុស្សណាម្នាក់ នោះក៏មិនត្រូវនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ការស្ដាប់បង្គាប់ព្រះជាម្ចាស់ និងការចុះចូលចំពោះកិច្ចការរបស់ព្រះ គឺជារឿងតែមួយ និងដូចគ្នា។ អស់អ្នកណាដែលគ្រាន់តែចុះចូលនឹងព្រះ តែមិនចុះចូលនឹងកិច្ចការរបស់ទ្រង់ មិនអាចចាត់ទុកថា ស្ដាប់បង្គាប់បានឡើយ ហើយអ្នកដែលមិនចុះចូលដោយពិតប្រាកដ តែគ្រាន់តែបញ្ចើចបញ្ចើតែពីខាងក្រៅ កាន់តែមិនអាចចាត់ទុកថា ស្ដាប់បង្គាប់បានដែរ។ អស់អ្នកណាដែលចុះចូលចំពោះព្រះពិតប្រាកដ សុទ្ធតែអាចទទួលបានផលពីកិច្ចការរបស់ព្រះជាម្ចាស់ និងសម្រេចនូវការយល់ដឹងអំពីនិស្ស័យ និងកិច្ចការរបស់ព្រះជាម្ចាស់បាន។ មានតែមនុស្សប្រភេទនេះទេទើបអាចចុះចូលនឹងព្រះជាម្ចាស់បាន។ មនុស្សបែបនេះអាចទទួលបានចំណេះដឹងថ្មី និងធ្វើការបំផ្លាស់បំប្រែជាថ្មីពីកិច្ចការថ្មី។ មានតែមនុស្សបែបនេះទេ ដែលព្រះជាម្ចាស់លើកសរសើរ មានតែមនុស្សបែបនេះទេ ដែលត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍ ហើយមានតែមនុស្សទាំងអស់នេះទេដែលជាអ្នកដែលអាចឲ្យនិស្ស័យរបស់ពួកគេបំផ្លាស់បំប្រែបាន។ អស់អ្នកណាដែលព្រះជាម្ចាស់សរសើរតម្កើង គឺជាមនុស្សដែលចុះចូលនឹងព្រះជាម្ចាស់ដោយអរសប្បាយ និងចុះចូលចំពោះព្រះបន្ទូល និងកិច្ចការរបស់ទ្រង់។ មានតែមនុស្សបែបនេះទេ ដែលជាមនុស្សត្រឹមត្រូវ មានតែមនុស្សបែបនេះទេ ដែលចង់បានព្រះជាម្ចាស់ និងស្វែងរកព្រះជាម្ចាស់ដោយស្មោះត្រង់។ សម្រាប់អស់អ្នកណាដែលគ្រាន់តែនិយាយអំពីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់ត្រឹមតែបបូរមាត់របស់ពួកគេ ប៉ុន្តែតាមពិតទៅ គេបែជាជេរដាក់បណ្ដាសាទ្រង់ ពួកគេជាមនុស្សដែលពាក់ក្បាំងមុខ ជាមនុស្សដែលមានពិសដូចសត្វពស់ ពួកគេជាមនុស្សបោកប្រាស់ខ្លាំងជាងគេបំផុត។ មិនយូរមិនឆាប់ទេ ពួកមនុស្សអាក្រក់ទាំងនេះ នឹងត្រូវគេដោះក្បាំងមុខដ៏អប្រិយនេះចេញ។ តើនេះមិនមែនជាកិច្ចការដែលកំពុងធ្វើ ក្នុងពេលបច្ចុប្បន្នទេឬអី? មនុស្សទុច្ចរិតនឹងនៅតែទុច្ចរិតជានិច្ច ហើយនឹងមិនអាចគេចចេញពីការដាក់ទោសបានឡើយ។ មនុស្សល្អ នឹងនៅតែជាមនុស្សល្អជានិច្ច ហើយនឹងត្រូវបានបើកសម្ដែង នៅពេលកិច្ចការរបស់ព្រះ ចូលដល់ទី បញ្ចប់។ គ្មានមនុស្សទុច្ចរិតណាម្នាក់ត្រូវបានចាត់ទុកជាសុចរិតបានឡើយ ហើយគ្មានមនុស្សសុចរិតណាម្នាក់ដែលត្រូវចាត់ទុកថាទុច្ចរិត ឡើយ។ តើខ្ញុំអាចឲ្យមនុស្សណាម្នាក់ រងការចោទប្រកាន់មិនត្រឹមត្រូវដូចម្ដេចបាន?
ដកស្រង់ពី «អស់អ្នកណាដែលស្ដាប់បង្គាប់ ព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៤៨៨
នៅពេលជីវិតរបស់អ្នករីកចម្រើនទៅមុខ អ្នក ត្រូវតែមានច្រកចូលថ្មី និងគំនិតស៊ីជម្រៅថ្មី និងខ្ពស់ជាងមុន ដែលកាន់តែស៊ីជម្រៅនៅគ្រប់ជំហាន។ នេះគឺជាអ្វីដែលមនុស្សជាតិគប្បីត្រាប់តាម។ តាមរយៈការទំនាក់ទំនងការស្ដាប់បទអធិប្បាយ ការអានព្រះ បន្ទូលរបស់ព្រះ ឬការដោះស្រាយបញ្ហាមួយចំនួន អ្នកនឹងទទួលបានការយល់ដឹងស៊ីជម្រៅ និងការបំភ្លឺថ្មី ហើយនឹងមិនរស់នៅក្នុងតម្រាពីបុរាណ និងសម័យបុរណានោះទេ។ អ្នកតែងរស់នៅក្នុងពន្លឺថ្មីជានិច្ច ហើយនឹងមិនឃ្លាតឆ្ងាយពីព្រះបន្ទូលរបស់ព្រះឡើយ។ នេះគឺជាអត្ថន័យនៃការចាប់ផ្ដើមការដើរនៅលើផ្លូវត្រឹមត្រូវ។ ពីមួយថ្ងៃទៅមួយថ្ងៃ ការចំណាយតម្លៃមួយសម្រាប់កម្រិតសើៗនឹងមិនជោគជ័យឡើយ ព្រះបន្ទូលរបស់ព្រះឈានចូលក្នុងពិភពកាន់តែខ្ពស់ជាងមុន ហើយអ្វីថ្មីៗកើតមានជារៀងរាល់ថ្ងៃ ហើយមនុស្សក៏ត្រូវទទួលយកនូវអ្វីថ្មីជារៀងរាល់ថ្ងៃដូចគ្នាដែរ។ ដូច្នេះ ព្រះជាម្ចាស់នាំផលផ្លែដល់ព្រះបន្ទូលដែលទ្រង់ថ្លែង ដូចទ្រង់មានបន្ទូល ហើយប្រសិនបើអ្នក មិនអាចដើរទាន់ទេ នោះអ្នកនឹងត្រូវថយទៅនៅពីខាងក្រោយ។ អ្នកត្រូវអធិដ្ឋានឲ្យបានស៊ីជម្រៅជាងមុន។ ការបរិភោគ និងការផឹកព្រះបន្ទូលរបស់ព្រះ មិនអាចអាក់ខានបានឡើយ។ ចូរធ្វើឲ្យការបំភ្លឺ និងការបើកសម្ដែងដែលអ្នកទទួលបានកាន់តែស៊ីជម្រៅជាងមុន ហើយឲ្យគំនិត និងការស្រមើស្រមៃរបស់អ្នករសាយបាត់ទៅបន្តិចម្ដងៗ។ អ្នកក៏ត្រូវពង្រឹងការវិនិច្ឆ័យរបស់អ្នក ហើយអ្វីៗដែលអ្នកជួបប្រទះ អ្នកត្រូវមានគំនិតផ្ទាល់ខ្លួន ហើយត្រូវមានទស្សនៈផ្ទាល់ខ្លួនចំពោះរឿងរ៉ាវទាំងអស់នេះ។ តាមរយៈការយល់ដឹងរឿងរ៉ាវខ្លះៗខាងព្រលឹងវិញ្ញាណ អ្នកត្រូវមានការយល់ដឹងស៊ីជម្រៅអំពីអ្វីដែលមាននៅខាងក្រៅ ហើយស្វែងយល់ពីខ្លឹមសារស្នូលនៃបញ្ហានោះ។ ប្រសិនបើអ្នកមិនប្រដាប់កាយដោយចំណុចទាំងនេះទេ តើអ្នកអាចដឹកនាំពួកជំនុំបានដោយរបៀបណាទៅ? ប្រសិនបើអ្នកគ្រាន់តែនិយាយអំពីន័យពាក្យ និង គោលលទ្ធិដោយគ្មានការពិត និងដោយគ្មានវិធី អនុវត្ត អ្នកអាចត្រឹមដោះស្រាយបញ្ហាមួយពេលខ្លីប៉ុណ្ណោះ។ ពេលនិយាយចំពោះអ្នកជឿថ្មី ការនេះអាចទទួលយកបានខ្លះដែរ ប៉ុន្តែក្រោយមក នៅពេលអ្នកជឿថ្មីមានបទពិសោធន៍ជាក់ស្ដែងខ្លះ អ្នកនឹងលែងអាចទំនុកបម្រុងដល់ពួកគេបានទៀតហើយ។ ដូច្នេះ តើអ្នកស័ក្តិសមនឹងឲ្យព្រះជាម្ចាស់ប្រើបានដោយរបៀបណា? ដោយគ្មានការបំភ្លឺថ្មីៗ អ្នកមិនអាចធ្វើការបានឡើយ។ អស់អ្នកណាដែលគ្មានការបំភ្លឺថ្មី គឺជាអស់អ្នកណាដែលមិនដឹងថាត្រូវដកបទពិសោធន៍ដោយរបៀបណា ហើយមនុស្សបែបនេះមិនទទួលបានចំណេះដឹង ឬបទពិសោធន៍ថ្មីៗឡើយ។ ហើយក្នុងបញ្ហានៃការផ្ដល់ជីវិត ពួកគេមិនអាចបំពេញមុខងាររបស់ពួកគេបានឡើយ ហើយពួកគេក៏មិនស័ក្តិសមឲ្យព្រះជាម្ចាស់ប្រើដែរ។ មនុស្សប្រភេទនេះ គឺល្អតែខាងឥតប្រយោជន៍ គ្រាន់តែជាមនុស្សឥតបានការប៉ុណ្ណោះ។ ការពិត មនុស្សបែបនេះមិនអាចបំពេញមុខងាររបស់ខ្លួននៅក្នុងការងាររបស់ពួកគេ ពួកគេសុទ្ធតែគ្មានបានការអ្វីនោះទេ។ ពួកគេមិនត្រឹមតែមិនអាចបំពេញមុខងាររបស់ខ្លួនបានទេ ប៉ុន្តែតាមពិតទៅ ពួកគេបានដាក់សម្ពាធដែលមិនចាំបាច់យ៉ាងច្រើនទៅលើពួកជំនុំ។ ខ្ញុំសូមដាស់តឿន «មនុស្សចាស់គួរឲ្យគោរព» ទាំងអស់ នេះ ចូរប្រញាប់ចាកចេញពីពួកជំនុំ ដើម្បីកុំឲ្យមនុស្សឯទៀតយកពួកអ្នកជាគំរូ។ មនុស្សបែបនេះគ្មានការយល់ដឹងអំពីកិច្ចការថ្មីឡើយ និងសម្បូរទៅដោយសញ្ញាណមិនចេះចប់មិនចេះហើយ។ ពួកគេមិនបំពេញមុខងារអ្វីទាំងអស់ នៅក្នុងពួកជំនុំ។ តែផ្ទុយទៅវិញ ពួកគេនិយាយបំបាក់ទឹកចិត្តអ្នកដទៃ និងផ្សាយអំពើអាក្រក់នៅគ្រប់ទីកន្លែង ដល់ថ្នាក់ហ៊ានចូលរួមក្នុងការប្រព្រឹត្តខុស និងចូលរួម ក្នុងការរំខានគ្រប់បែបយ៉ាងដល់ពួកជំនុំដោយរុញច្រាន អ្នកដែលគ្មានការបែងចែកត្រឹមត្រូវទៅក្នុងការភ័ន្តច្រឡំ និងភាពច្របូកច្របល់។ ពួកអារក្សដែលមានជីវិតទាំងអស់នេះ ពួកវិញ្ញាណអាក្រក់ទាំងអស់នេះ ត្រូវចាកចេញពីពួកជំនុំឲ្យបានឆាប់ មិនត្រូវឲ្យពួកជំនុំវិនាសហិនហោចដោយសាររឿងរបស់អ្នកឡើយ។ អ្នកប្រហែលជាមិនខ្លាចកិច្ចការបច្ចុប្បន្ននេះទេ ប៉ុន្តែ តើអ្នកមិនខ្លាចការដាក់ទោសដ៏សុចរិតនៅថ្ងៃស្អែកទេឬអី? មានមនុស្សមួយចំនួនធំនៅក្នុងពួកជំនុំជាមនុស្សកេងប្រវ័ញ្ចហើយ មានឆ្កែចចកជាច្រើនដែលព្យាយាមរំខានដល់កិច្ចការជាប្រក្រតីរបស់ព្រះជាម្ចាស់។ ពួកគេទាំងអស់នេះគឺជាអារក្សដែលបញ្ជូនមកដោយស្ដេចអារក្ស ជាសត្វចចកកំណាចដែលព្យាយាមចង់ស៊ីកូនចៀមដែលមិនដឹងខ្លួន។ ប្រសិនបើមនុស្សបែបនេះមិនត្រូវគេបណ្ដេញចេញទេ ពួកគេនឹងក្លាយជាបញ្ញើក្អែកនៅក្នុងពួកជំនុំ ជាសត្វក្មូតដែលស៊ីតង្វាយ។ មិនយូរមិនឆាប់ទេ ថ្ងៃមួយនឹងមកដល់ នៅពេលសត្វដង្កូវគួរឲ្យខ្ពើម រអើម ល្ងង់ខ្លៅ ទាបថោក និងគួរឲ្យស្អប់នេះ ត្រូវដាក់ទោស។
ដកស្រង់ពី «អស់អ្នកណាដែលស្ដាប់បង្គាប់ ព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៤៩២
មនុស្សនឹងមិនអាចទទួលអារម្មណ៍ចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ទេ ប្រសិនបើពួកគេគ្រាន់តែស្តាប់អារម្មណ៍នៃមនសិការរបស់គេនោះ។ ប្រសិនបើពួកគេពឹងផ្អែកលើមនសិការរបស់ពួកគេតែម្យ៉ាង នោះសេចក្ដីស្រឡាញ់របស់ពួកគេ ចំពោះព្រះជាម្ចាស់នឹងចុះខ្សោយ។ ប្រសិនបើអ្នកគ្រាន់តែនិយាយពីការតបស្នងចំពោះព្រះគុណ និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ នោះអ្នកនឹងមិនមានការជំរុញនៅក្នុងសេចក្តីស្រឡាញ់ចំពោះទ្រង់ឡើយ។ ការស្រឡាញ់ព្រះអង្គ ដោយផ្អែកលើអារម្មណ៍នៃមនសិការរបស់អ្នក វាគឺជាវិធីសាស្រ្តអកម្ម។ ហេតុអ្វីខ្ញុំនិយាយថាវាគឺជាវិធីសាស្រ្តអកម្ម? នេះគឺជាបញ្ហាជាក់ស្តែង។ តើសេចក្ដីស្រឡាញ់បែបណាដែលអ្នកមានចំពោះព្រះជាម្ចាស់? តើនោះវាមិនមែនគ្រាន់តែជាការសម្តែង និង បញ្ឆោតដល់ព្រះទេឬអី? មនុស្សភាគច្រើនជឿថា ដោយសារការស្រឡាញ់ព្រះជាម្ចាស់គ្មានរង្វាន់ ហើយគ្រប់គ្នា នឹងទទួលទោសដូចៗគ្នាចំពោះការមិនស្រឡាញ់ទ្រង់ ដដែល នោះកុំតែប្រព្រឹត្តអំពើបាបទៅ គឺវាល្អគ្រប់គ្រាន់ហើយ។ ដូច្នេះការស្រឡាញ់ព្រះជាម្ចាស់ និងការតបស្នងចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ដោយផ្អែកលើអារម្មណ៍នៃមនសិការរបស់មនុស្សម្នាក់ គឺជាវិធីសាស្រ្តអកម្ម ហើយវាមិនមែនជាសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ដែលកើតឡើងដោយឆន្ទៈនោះទេ។ សេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់គួរតែជាអារម្មណ៍ពិតចេញពីដួងចិត្តរបស់មនុស្សម្នាក់។ មនុស្សខ្លះនិយាយថា៖ «ខ្ញុំសុខចិត្តស្វែងរកព្រះជាម្ចាស់ហើយដើរតាមទ្រង់។ ទោះបីឥឡូវនេះ ព្រះជាម្ចាស់ចង់បោះបង់ចោលខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែដើរតាមទ្រង់ដដែល។ មិនថាព្រះអង្គចង់បានខ្ញុំ ឬមិនចង់បានក៏ដោយ ក៏ខ្ញុំនៅតែស្រលាញ់ព្រះអង្គ ហើយនៅចុងក្រោយ ខ្ញុំនឹងទទួលបានព្រះអង្គជាមិនខាន។ ខ្ញុំថ្វាយដួងចិត្តខ្ញុំដល់ព្រះ ហើយមិនខ្វល់ថាព្រះអង្គធ្វើអ្វីក៏ដោយ ក៏ខ្ញុំនឹងនៅតែដើរតាមទ្រង់អស់មួយជីវិតរបស់ខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវស្រឡាញ់ព្រះជាម្ចាស់ ហើយខ្ញុំត្រូវទទួលបានទ្រង់។ ខ្ញុំនឹងមិនសម្រាកឡើយរហូតដល់ខ្ញុំបានទទួលទ្រង់»។ តើអ្នកមានការតាំងចិត្តបែបនេះឬទេ?
ផ្លូវនៃការជឿលើព្រះជាម្ចាស់គឺតែមួយ និងដូចគ្នាទៅនឹងផ្លូវនៃការស្រឡាញ់ទ្រង់ដែរ។ ប្រសិនបើអ្នកជឿលើទ្រង់ អ្នកត្រូវតែស្រឡាញ់ទ្រង់។ ទោះយ៉ាងណា ការស្រឡាញ់ទ្រង់មិនត្រឹមតែសំដៅទៅលើការតបស្នងសងគុណ ឬការស្រឡាញ់ទ្រង់ដោយផ្អែកលើអារម្មណ៍នៃមនសិការរបស់អ្នកប៉ុណ្ណោះទេ វាគឺជាសេចក្តីស្រឡាញ់ដ៏បរិសុទ្ធនៅចំពោះព្រះជាម្ចាស់។ ពេលខ្លះ មនុស្សមិនអាចទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដោយផ្អែកលើមនសិការរបស់គេតែម្យ៉ាងនោះទេ។ ហេតុអ្វីបានជាខ្ញុំតែងតែនិយាយថា «សូមឲ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ អង្រួនវិញ្ញាណរបស់យើង»? ហេតុអ្វីបានជាខ្ញុំមិននិយាយពីការផ្លាស់ប្តូរមនសិការរបស់មនុស្សអោយស្រឡាញ់ព្រះជាម្ចាស់វិញ? នេះគឺដោយសារតែមនសិការរបស់មនុស្ស មិនអាចទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បានឡើយ។ ប្រសិនបើអ្នកមិនជឿជាក់លើពាក្យទាំងនេះទេ ចូរព្យាយាមប្រើមនសិការរបស់អ្នក ដើម្បីទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ទ្រង់។ អ្នកប្រហែលជាទទួលការជំរុញមួយក្នុងពេលនេះ ប៉ុន្តែ វានឹងរលាយបាត់ភ្លាមៗទៅវិញ។ ប្រសិនបើអ្នកគ្រាន់តែមានអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដោយផ្អែកលើមនសិការរបស់អ្នកទេ នោះអ្នកនឹងមានការជំរុញនៅពេលអ្នកអធិស្ឋាន ប៉ុន្តែ បន្ទាប់ពីការជំរុញនោះ វានឹងសាបរលាប ហើយរលាយបាត់ទៅវិញភ្លាមៗ។ ហេតុអ្វីបានជាដូច្នេះ? ប្រសិនបើអ្នកប្រើមនសិការរបស់អ្នក អ្នកមិនអាចធ្វើឲ្យកើតមានសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់បានឡើយ។ នៅពេលដែលអ្នកទទួលអារម្មណ៍ថាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់នៅក្នុងចិត្តអ្នក នោះវិញ្ញាណរបស់អ្នកនឹងត្រូវបានជំរុញដោយសារទ្រង់ ហើយនោះគឺជាពេលដែលមនសិការរបស់អ្នកនឹងដើរតួនាទីចំបងរបស់វា។ នោះមានន័យថា នៅពេលដែលព្រះជាម្ចាស់អង្រួនវិញ្ញណរបស់មនុស្ស ហើយនៅពេលដែលមនុស្សមានចំណេះដឹង និងត្រូវបានកម្លាំងជំរុញនៅក្នុងចិត្តខ្លួន នោះគឺនៅពេលដែលគាត់ទទួលបានបទពិសោធន៍ មានតែបែបនេះទេ ដែលគាត់នឹងអាចស្រឡាញ់ព្រះជាម្ចាស់ប្រកបដោយប្រសិទ្ធភាពជាមួយនឹងមនសិការរបស់គាត់បាន។ ការស្រឡាញ់ព្រះជាម្ចាស់ ដោយមនសិការរបស់អ្នកមិនខុសនោះទេ តែនេះគឺជាកម្រិតទាបបំផុតនៃសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់។ ការស្រឡាញ់ដោយ «គ្រាន់តែប្រព្រឹត្ដដោយយុត្តិធម៌ចំពោះព្រះគុណរបស់ព្រះជាម្ចាស់» នោះនឹងមិនជម្រុញឲ្យមនុស្សមានភាពសកម្មនោះទេ។ នៅពេលមនុស្សទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ នោះគឺជាពេលដែលពួកគេមើលឃើញ និងទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់តាមបទពិសោធន៍ជាក់ស្តែង នៅពេលពួកគេមានចំណេះដឹងខ្លះអំពីព្រះជាម្ចាស់ ហើយឃើញថាព្រះជាម្ចាស់ពិតជាព្រះដែលគួរឲ្យស្រឡាញ់ និង ជាព្រះដែលសក្តិសមនឹងទទួលសេចក្តីស្រឡាញ់របស់មនុស្សជាតិមែន គឺនៅពេលនោះហើយ ដែលពួកគេអាចស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។
ដកស្រង់ពី «សេចក្ដីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់ គឺធ្វើឡើងប្រកបដោយឆន្ទៈ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៤៩៣
នៅពេលដែលមនុស្សទំនាក់ទំនងជាមួយព្រះជាម្ចាស់ដោយចេញពីចិត្តរបស់ពួកគេ នៅពេលដែលចិត្តរបស់ពួកគេ អាចវិលត្រឡប់មករកទ្រង់វិញបានទាំងស្រុង នេះគឺជាជំហានដំបូងនៃសេចក្តីស្រឡាញ់របស់មនុស្សចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកចង់ស្រឡាញ់ព្រះជាម្ចាស់ ដំបូងអ្នកត្រូវតែបង្វែរចិត្តរបស់អ្នកទៅរកព្រះអង្គជាមុនសិន។ តើអ្វីកំពុងបង្វែរចិត្តអ្នកទៅរកព្រះជាម្ចាស់? គឺនៅពេលដែលអ្វីៗគ្រប់យ៉ាងដែលអ្នកស្វែងរកនៅក្នុងចិត្តរបស់អ្នក គឺសម្រាប់ជាប្រយោជន៍នៃការស្រឡាញ់ និងការទទួលបានព្រះជាម្ចាស់។ នេះបង្ហាញថា អ្នកបានបង្វែរចិត្តរបស់អ្នកទាំងស្រុងទៅរកព្រះជាម្ចាស់ហើយ។ ក្រៅពីព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះអង្គ គឺស្ទើរតែគ្មានអ្វីផ្សេងទៀតឡើយនៅក្នុងចិត្តរបស់អ្នកដូចជា (គ្រួសារ ទ្រព្យសម្បត្តិ ប្តី ប្រពន្ធ និងកូនៗជាដើម)។ ទោះបីជាមានរឿងបែបនេះក៏ដោយក្តីក៏រឿងទាំងនោះមិនអាចក្តោបក្តាប់ចិត្តរបស់អ្នកបានឡើយ ហើយអ្នកនឹងលែងខ្វល់ពីអនាគតខាងមុខរបស់អ្នក គឺមានតែការស្វែងរក ការស្រឡាញ់ព្រះជាម្ចាស់ប៉ុណ្ណោះ។ នៅពេលនោះហើយ ដែលអ្នកនឹងបង្វែរចិត្តរបស់អ្នកទាំងស្រុងទៅរកព្រះជាម្ចាស់។ ឧបមាថា អ្នកនៅតែរៀបផែនការសម្រាប់ខ្លួនឯងនៅក្នុងចិត្តរបស់អ្នក ហើយអ្នកកំពុងស្វែងរកផលចំណេញសម្រាប់ខ្លួនឯង ដោយគិតថា៖ «តើនៅពេលណា ខ្ញុំអាចធ្វើការសំណូមពរដ៏តូចពីព្រះជាម្ចាស់បាន? តើនៅពេលណា ក្រុមគ្រួសារខ្ញុំនឹងក្លាយជាអ្នកមាន? តើធ្វើយ៉ាងដូចម្តេច ទើបខ្ញុំអាចមានសម្លៀកបំពាក់ល្អៗនឹងគេ?» ប្រសិនបើអ្នកកំពុងរស់នៅក្នុងសភាពបែបនោះ វាសបញ្ជាក់ថាចិត្តរបស់អ្នកមិនបានបែរទៅរកព្រះជាម្ចាស់ទាំងស្រុងនៅឡើយទេ។ ប្រសិនបើអ្នកមានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តអ្នក ហើយអ្នកអាចអធិស្ឋានដល់ព្រះជាម្ចាស់ ព្រមទាំងចូលទៅជិតព្រះអង្គគ្រប់ពេលវេលា ដូចជាព្រះអង្គគង់នៅជិតអ្នក ដូចជាព្រះជាម្ចាស់នៅក្នុងអ្នកដែរ ហើយអ្នកស្ថិតនៅក្នុងទ្រង់ ប្រសិនបើអ្នកស្ថិតក្នុងសភាពបែបនេះ វាមានន័យថាចិត្តរបស់អ្នកស្ថិតនៅក្នុងវត្តមានរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកអធិស្ឋានដល់ព្រះជាម្ចាស់ ហើយទទួលទានព្រះបន្ទូលរបស់ព្រះអង្គជារាល់ថ្ងៃ គឺអ្នកតែងតែគិតពីកិច្ចការនៃពួកជំនុំ ហើយបើអ្នកបង្ហាញការគិតពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ សូមប្រើដួងចិត្តរបស់អ្នកដើម្បីស្រឡាញ់ព្រះអង្គយ៉ាងពិតប្រាកដ ព្រមទាំងបំពេញព្រះហឫទ័យរបស់ព្រះអង្គ នោះចិត្តរបស់អ្នកនឹងបានជាកម្មសិទ្ធរបស់ព្រះជាម្ចាស់។ ប្រសិនបើចិត្តរបស់អ្នក ត្រូវបានក្តោបក្តាប់ដោយរបស់អ្វីផ្សេង នោះបានន័យថា ចិត្តរបស់អ្នកនៅតែក្តោបក្តាប់ដោយសាតាំងដដែល ហើយវាមិនបានងាកមករកព្រះជាម្ចាស់ពិតប្រាកដនោះឡើយ។ នៅពេលដួងចិត្តរបស់នរណាម្នាក់ បានបែរទៅរកព្រះជាម្ចាស់ដោយពិតប្រាកដ នោះពួកគេនឹងមានក្តីស្រឡាញ់ដោយពិតត្រង់ និងប្រកបដោយឆន្ទៈចំពោះព្រះជាម្ចាស់ ហើយនឹងអាចយល់ពីកិច្ចការរបស់ព្រះជាម្ចាស់ទៀតផង។ ទោះបីពួកគេ អាចនៅមានភាពល្ងីល្ងើ និងមិនសមហេតុផលក៏ដោយ ក៏ពួកគេនៅតែបង្ហាញការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ កិច្ចការរបស់ព្រះអង្គ និងការផ្លាស់ប្តូរនិស្ស័យផ្ទាល់ខ្លួន ព្រមទាំងមានចេតនាល្អ។ មនុស្សខ្លះតែងតែអះអាងថា អ្វីគ្រប់យ៉ាងដែលពួកគេធ្វើ គឺដើម្បីក្រុមជំនុំ តែតាមពិតទៅ ពួកគេកំពុងធ្វើដើម្បីផលប្រយោជន៍ខ្លួនឯងតែប៉ុណ្ណោះ។ មនុស្សប្រភេទនេះ គឺមានចេតនាមិនល្អ។ ពួកគេជាមនុស្សមិនស្មោះត្រង់ និងបោកបញ្ឆោត ហើយភាគច្រើននៃអ្វីដែលពួកគេធ្វើ គឺដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ មនុស្សប្រភេទនេះមិនបានស្រឡាញ់ព្រះជាម្ចាស់ឡើយ។ ចិត្តរបស់ពួកគេនៅតែជារបស់សាតាំង ហើយមិនអាចងាកទៅរកព្រះជាម្ចាស់បានឡើយ។ ដូច្នេះព្រះជាម្ចាស់ មិនទទួលយកមនុស្សប្រភេទនេះឡើយ។
ប្រសិនបើអ្នកចង់ស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយត្រូវបានទទួលពីព្រះអង្គ ជំហានដំបូងគឺត្រូវបង្វែរចិត្តរបស់អ្នកទៅរកព្រះជាម្ចាស់ទាំងស្រុងសិន។ នៅក្នុងគ្រប់កិច្ចការទាំងអស់ដែលអ្នកធ្វើ ចូរស្វែងរកខ្លួនឯង រួចសួរថា៖ «តើខ្ញុំកំពុងតែធ្វើរឿងនេះដោយផ្អែកលើចិត្តនៃសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ដែរឫទេ? តើមានចេតនាផ្ទាល់ខ្លួននៅពីក្រោយរឿងនេះឬទេ? តើអ្វីជាគោលដៅពិតប្រាកដរបស់ខ្ញុំក្នុងការធ្វើបែបនេះ?» ប្រសិនបើអ្នកចង់ប្រគល់ដួងចិត្តរបស់អ្នកទៅព្រះជាម្ចាស់ ជាដំបូងអ្នកត្រូវតែជម្នះដួងចិត្តរបស់ខ្លួនឯងជាមុន ហើយលះបង់នូវចេតនាទាំងអស់របស់ខ្លួនចោល ព្រមទាំងសំរេចឲ្យបាននូវការថ្វាយដួងចិត្តដល់ព្រះជាម្ចាស់ទាំងស្រុង។ នេះគឺជាផ្លូវនៃការអនុវត្តការថ្វាយដួងចិត្តរបស់អ្នកដល់ព្រះជាម្ចាស់។ តើការយកឈ្នះដួងចិត្តខ្លួនឯងសំដៅទៅលើអ្វី? វាសំដៅទៅលើការបោះបង់ចោលនូវបំណងប្រាថ្នាដ៏ខ្ពង់ខ្ពស់នៃសាច់ឈាមរបស់ខ្លួន ដោយមិនលោភលន់ចង់បានឋានៈបុណ្យសក្តិនោះឡើយ។ វាគឹជាការធ្វើអ្វីគ្រប់យ៉ាង ដើម្បីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ព្រមទាំងធ្វើឲ្យចិត្តរបស់ខ្លួនពេញលេញសម្រាប់ព្រះអង្គ មិនមែនសម្រាប់តែខ្លួនឯងនោះឡើយ។ នេះគឺគ្រប់គ្រាន់ហើយ។
ដកស្រង់ពី «សេចក្ដីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់ គឺធ្វើឡើងប្រកបដោយឆន្ទៈ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៤៩៤
សេចក្ដីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់ គឺកើតចេញពីជម្រៅចិត្ដខាងក្នុង។ វាគឺជាសេចក្តីស្រឡាញ់ដែលមានតែនៅលើមូលដ្ឋាននៃចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ប៉ុណ្ណោះ។ នៅពេលដួងចិត្តរបស់នរណាម្នាក់បែរទៅរកព្រះជាម្ចាស់វិញ នោះពួកគេនឹងមានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ ប៉ុន្តែសេចក្តីស្រឡាញ់នោះមិនចាំបាច់ទាល់តែបរិសុទ្ធ និងពេញលេញនោះឡើយ។ នេះគឺដោយសារតែវានៅមានគំលាតរវាងដួងចិត្តរបស់មនុស្សម្នាក់ ដែលបែរទៅរកព្រះជាម្ចាស់ទាំងស្រុង និងការដែលមនុស្សនោះមានការយល់ដឹងពិតប្រាកដអំពីព្រះជាម្ចាស់ ព្រមទាំងការគោរពស្រឡាញ់ចំពោះព្រះអង្គផងដែរ។ វិធីដែលមនុស្សទទួលបានសេចក្ដីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់ និងស្គាល់បំណងព្រះហឫទ័យព្រះជាម្ចាស់បាន គឺទាល់តែគេបង្វែរដួងចិត្តរបស់ខ្លួនទៅរកព្រះជាម្ចាស់។ នៅពេលមនុស្សថ្វាយដួងចិត្តពិតរបស់ខ្លួនទៅព្រះជមា្ចស់ នោះគេចាប់ផ្តើមចូលទៅក្នុងបទពិសោធន៍ជីវិត។ តាមរបៀបនេះ និស្ស័យរបស់គេចាប់ផ្តើមផ្លាស់ប្តូរ ហើយសេចក្តីស្រឡាញ់របស់គេចំពោះព្រះជាម្ចាស់កាន់តែរីកចម្រើនបន្តិចម្តងៗ ព្រមទាំងចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ក៏កាន់តែកើនឡើងជាលំដាប់ដែរ។ ដូច្នេះការបង្វែរចិត្តរបស់បុគ្គលម្នាក់ទៅរកព្រះជាម្ចាស់ គឺជាបុរេលក្ខខណ្ឌសម្រាប់ការដើរលើផ្លូវត្រូវនៃបទពិសោធន៍ជីវិត។ នៅពេលដែលមនុស្សដាក់ដួងចិត្តរបស់ពួកគេចំពោះព្រះជាម្ចាស់ នោះពួកគេមានតែដួងចិត្តចំពោះព្រះអង្គប៉ុណ្ណោះ ក៏ប៉ុន្តែមិនមានសេចក្តីស្រឡាញ់ចំពោះទ្រង់ឡើយ ពីព្រោះពួកគេមិនមានការយល់ដឹងអំពីព្រះអង្គ។ ទោះបីជានៅក្នុងកាលៈទេសៈនេះ ពួកគេពិតជាមានសេចក្តីស្រឡាញ់ចំពោះព្រះអង្គក៏ដោយ ក៏វាមិនមានលក្ខណៈឯកឯង ហើយវាក៏មិនពិតប្រាកដដែរ។ នេះក៏ព្រោះតែអ្វីដែលបានមកពីសាច់ឈាមរបស់មនុស្ស គឺជាផលនៃអារម្មណ៍មិនមែនមកពីការយល់ដឹងពិតប្រាកដនោះទេ។ វាគ្រាន់តែជាកម្លាំងរុញច្រានមួយភ្លែត ហើយវាមិនអាចនាំឲ្យមានការគោរពស្រឡាញ់យូរអង្វែងនោះទេ។ នៅពេលដែលមនុស្សមិនមានការយល់ដឹងអំពីព្រះជាម្ចាស់ទេ នោះពួកគេអាចស្រឡាញ់ព្រះអង្គដោយផ្អែកលើចំណង់ចំណូលចិត្ត និងទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ ហើយសេចក្តីស្រឡាញ់ប្រភេទនេះមិនអាចហៅបានថាជាសេចក្តីស្រឡាញ់ប្រកបដោយឆន្ទៈ ឬក៏សេចក្តីស្រឡាញ់ពិតប្រាកដនោះឡើយ។ ចិត្តរបស់មនុស្សអាចបែរទៅរកព្រះជាម្ចាស់យ៉ាងពិតប្រាកដ ព្រមទាំងគិតពីផលប្រយោជន៍របស់ព្រះជាម្ចាស់ក្នុងគ្រប់កិច្ចការទាំងអស់ក៏ពិតមែន ក៏ប៉ុន្តែប្រសិនបើគេមិនយល់ពីព្រះជាម្ចាស់ទេ នោះគេនឹងមិនអាចមានសេចក្តីស្រឡាញ់ប្រកបដោយឆន្ទៈពិតប្រាកដបានឡើយ។ អ្វីទាំងអស់ដែលគេនឹងអាចធ្វើបាន គឺបំពេញមុខងារមួយចំនួនសម្រាប់ក្រុមជំនុំ ឬបំពេញភារកិច្ចរបស់ខ្លួនបន្តិចបន្តួច ប៉ុន្តែគេនឹងធ្វើវាដោយគ្មានមូលដ្ឋាន។ ចរិតលក្ខណៈរបស់មនុស្សប្រភេទនេះ គឺពិបាកនឹងផ្លាស់ប្តូរណាស់ មនុស្សប្រភេទនេះមិនស្វែងរកសេចក្តីពិត ហើយក៏មិនចង់យល់ពីសេចក្ដីពិតដែរ។ ទោះបីជាមនុស្សម្នាក់បែរដួងចិត្តរបស់គេទាំងស្រុងទៅរកព្រះជាម្ចាស់ក៏ដោយ ក៏វាមិនមានន័យថាចិត្ដស្រឡាញ់ព្រះជាម្ចាស់របស់គេបរិសុទ្ធនោះដែរ ពីព្រោះអស់អ្នកដែលមានព្រះជាម្ចាស់នៅក្នុងដួងចិត្តពួកគេ មិនប្រាកដថាពួកគេមានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់នៅក្នុងចិត្តគេឡើយ។ នេះគឺវាទាក់ទងនឹងភាពខុសគ្នារវាងអ្នកដែលចង់ ឬមិនចង់ស្វែងរកការយល់ដឹងអំពីព្រះជាម្ចាស់។នៅពេលមនុស្សម្នាក់មានការយល់ដឹងអំពីព្រះអង្គ វាបង្ហាញថាចិត្តរបស់ពួកគេបានបែរទៅរកព្រះជាម្ចាស់យ៉ាងពេញលេញ ហើយវាក៏បង្ហាញថាសេចក្តីស្រឡាញ់ដ៏ស្មោះរបស់ពួកគេចំពោះព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេគឺប្រកបដោយឆន្ទៈ។ មានតែមនុស្សប្រភេទនេះទេ ដែលមានព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ។ ការបែរចិត្តរបស់បុគ្គលម្នាក់ចូលទៅរកព្រះជាម្ចាស់ គឺជាបុរេលក្ខខណ្ឌ សម្រាប់ឲ្យគេចូលទៅរកផ្លូវត្រឹមត្រូវ នៃការយល់ដឹងអំពីព្រះជាម្ចាស់ និងដើម្បីសម្របបានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ផងដែរ។ វាមិនមែនជាសញ្ញាសម្គាល់នៃការបញ្ចប់កាតព្វកិច្ចរបស់មនុស្សម្នាក់ ដើម្បីស្រឡាញ់ព្រះជាម្ចាស់នោះទេ ហើយក៏មិនមែនជាសញ្ញានៃការមានសេចក្តីស្រឡាញ់ពិតចំពោះព្រះអង្គដែរ។ ផ្លូវតែមួយគត់ដើម្បីឲ្យនរណាម្នាក់សម្រេចបានសេចក្តីស្រឡាញ់ដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់ គឺការបង្វែរចិត្តរបស់ពួកគេទៅរកព្រះអង្គ ដែលនេះជាកិច្ចការដំបូងគេដែលត្រូវធ្វើ ក្នុងនាមជាអ្នកដែលព្រះអង្គបានបង្កើតមក។ អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់ គឺជាមនុស្សដែលស្វែងរកជីវិត ជាអ្នកដែលស្វែងរកសេចក្ដីពិតហើយពិតជាចង់បានព្រះជាម្ចាស់មែន ពួកគេទាំងអស់មានការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធហើយត្រូវបានផ្លាស់ប្តូរដោយសារព្រះអង្គ។ ពួកគេទាំងអស់គ្នាអាចទទួលបានការដឹកនាំរបស់ព្រះជាម្ចាស់។
ដកស្រង់ពី «សេចក្ដីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់ គឺធ្វើឡើងប្រកបដោយឆន្ទៈ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៤៩៥
សព្វថ្ងៃនេះ ដោយសារអ្នករាល់គ្នាព្យាយាមស្រលាញ់ និងស្គាល់ព្រះជាម្ចាស់ អ្នករាល់គ្នាត្រូវតែស៊ូទ្រាំនឹងការលំបាក និងការបន្សុទ្ធតាមជ្រុងមួយ ហើយតាមជ្រុងមួយទៀត អ្នករាល់គ្នាត្រូវតែបង់ថ្លៃ។ គ្មានមេរៀនណាដែលជ្រាលជ្រៅជាងមេរៀនអំពីការស្រឡាញ់ព្រះជាម្ចាស់នោះទេ ហើយអាចនិយាយបានថា មេរៀនដែលមនុស្សរៀនអំពីជំនឿក្នុងមួយជីវិតគឺរៀនអំពីរបៀបស្រឡាញ់ព្រះជាម្ចាស់នេះអ្នក។ និយាយឲ្យចំគឺថា ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវតែស្រឡាញ់ព្រះជាម្ចាស់។ ប្រសិនបើអ្នកគ្រាន់តែជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនស្រឡាញ់ទ្រង់ និងមិនបានស្គាល់ព្រះអង្គ ហើយមិនដែលស្រឡាញ់ព្រះអង្គដោយសេចក្ដីស្រឡាញ់ពិតប្រាកដដែលចេញពីក្នុងចិត្តរបស់អ្នកទេ នោះជំនឿរបស់អ្នកលើព្រះជាម្ចាស់គឺឥតប្រយោជន៍ឡើយ។ ប្រសិនបើអ្នកគ្មានសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់នៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់ទេ នោះអ្នករស់នៅដោយឥតប្រយោជន៍ ហើយជីវិតទាំងមូលរបស់អ្នកគឺទាបបំផុតក្នុងចំណោមជីវិតទាំងអស់។ ប្រសិនបើពេញមួយជីវិតរបស់អ្នក អ្នកមិនដែលស្រឡាញ់ និងបំពេញព្រះហឫទ័សព្រះជាម្ចាស់សោះ នោះតើអ្វីទៅជាប្រយោជន៍នៃការរស់នៅរបស់អ្នក? ហើយតើអ្វីទៅជាប្រយោជន៍នៃជំនឿរបស់អ្នកលើព្រះជាម្ចាស់? តើនោះមិនមែនជាការខ្ជះខ្ជាយនូវការខិតខំទេឬអី? និយាយឲ្យចំគឺថា ប្រសិនបើមនុស្សជឿ និងស្រឡាញ់ព្រះជាម្ចាស់ នោះពួកគេត្រូវតែបង់ថ្លៃ។ ជាជាងការព្យាយាមធ្វើសកម្មភាពតាមរបៀបមួយចំនួននៅខាងក្រៅ ពួកគេគួរតែស្វះស្វែងរកពន្លឺពិតប្រាកដនៅខាងក្នុងជម្រៅនៃដួងចិត្តរបស់ពួកគេ។ ប្រសិនបើអ្នកសាទរចំពោះការច្រៀងរាំ ប៉ុន្តែគ្មានសមត្ថភាពអនុវត្តនូវសេចក្តីពិត តើអ្នកអាចនិយាយថា ស្រឡាញ់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេចទៅ? ការស្រឡាញ់ព្រះជាម្ចាស់តម្រូវឲ្យមានការស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ និងតម្រូវឲ្យអ្នកស្ទង់មើលជ្រៅទៅខាងក្នុង នៅពេលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក ការព្យាយាមយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការព្យាយាមដឹងនូវអ្វីៗដែលជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះហើយទើបជាកិច្ចការដែលទ្រង់ប្រាប់ឲ្យអ្នកសម្រេចឲ្យបាន និងជារបៀបដែលអ្នកគួរតែយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ទ្រង់។ ឧទាហរណ៍៖ មានរឿងអ្វីមួយកើតឡើងដែលតម្រូវឲ្យអ្នកស៊ូទ្រាំនឹងការលំបាក នៅពេលនោះអ្នកគួរតែយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងរបៀបដែលអ្នកគួរតែយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ទ្រង់។ អ្នកមិនត្រូវបំពេញចិត្តខ្លួនឯងទេ៖ ជាដំបូង ត្រូវទុកចោលខ្លួនឯងទៅម្ខាងសិន។ គ្មានអ្វីដែលអន់ជាងសាច់ឈាមទៅទៀតនោះទេ។ អ្នកត្រូវតែប្រឹងប្រែងបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអ្នកត្រូវតែបំពេញករណីយកិច្ចរបស់អ្នក។ ដោយមានគំនិតបែបនេះ ព្រះជាម្ចាស់នឹងនាំមកឲ្យអ្នកនូវការបំភ្លឺយ៉ាងពិសេសនៅក្នុងរឿងនេះ ហើយចិត្តរបស់អ្នកក៏នឹងបានសុខស្រួលផងដែរ។ មិនថារឿងធំ ឬតូចនោះទេ នៅពេលដែលវាកើតឡើងចំពោះអ្នក ជាដំបូង អ្នកត្រូវទុកចោលខ្លួនឯងទៅម្ខាងសិន ហើយចាត់ទុកសាច់ឈាមថាជារបស់ដែលអន់បំផុតក្នុងចំណោមរបស់ទាំងអស់។ កាលណាអ្នកកាន់តែបំពេញចិត្តខាងសាច់ឈាម នោះវាកាន់តែយកសេរីភាពទៅបាត់កាន់តែច្រើន។ ប្រសិនបើអ្នកបំពេញចិត្តវានៅពេលនេះ ពេលក្រោយវានឹងសុំច្រើនបន្ថែមទៀត។ នៅពេលរឿងនេះចេះតែបន្ត មនុស្សនឹងបែរមកស្រឡាញ់សាច់ឈាមកាន់តែខ្លាំងឡើងៗ។ សាច់ឈាមតែងតែមានសេចក្ដីប្រាថ្នាហួសហេតុ ហើយវាតែងតែសុំឲ្យអ្នកបំពេញចិត្តវា និងឲ្យអ្នកចម្អែតវា មិនថាវាស្ថិតនៅក្នុងរបស់ដែលអ្នកបរិភោគ អ្វីៗដែលអ្នកស្លៀកពាក់ ឬនៅក្នុងកំហឹងរបស់អ្នក ឬការផ្គាប់ផ្គុនចំពោះភាពទន់ខ្សោយ និងភាពខ្ជិលច្រអូសរបស់អ្នកនោះទេ…។ កាលណាអ្នកបំពេញចិត្តសាច់ឈាមកាន់តែច្រើន នោះសេចក្ដីប្រាថ្នារបស់វានឹងកាន់តែខ្លាំងឡើង ហើយសាច់ឈាមក៏កាន់តែខូចអាក្រក់ខ្លាំងឡើងៗ រហូតដល់ថ្នាក់សាច់ឈាមរបស់មនុស្សលាក់ពួនសូម្បីតែសញ្ញាណដែលកាន់តែជ្រៅទៅៗ ហើយមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ និងលើកតម្កើងខ្លួនឯង ព្រមទាំងសង្ស័យអំពីកិច្ចការរបស់ព្រះជាម្ចាស់។ កាលណាអ្នកបំពេញចិត្តសាច់ឈាមកាន់តែច្រើន នោះភាពទន់ខ្សោយរបស់សាច់ឈាមនឹងកាន់តែខ្លាំងឡើង។ អ្នកនឹងមានអារម្មណ៍ថា គ្មាននរណាម្នាក់អាណិតអាសូរចំពោះភាពទន់ខ្សោយរបស់អ្នកទេ អ្នកនឹងជឿជានិច្ចថា ព្រះជាម្ចាស់បានទៅឆ្ងាយសែនឆ្ងាយ ហើយអ្នកនឹងនិយាយថា៖ «ព្រះជាម្ចាស់អីក៏គ្រោតគ្រាតយ៉ាងនេះ? ហេតុអ្វីបានជាទ្រង់មិនឲ្យមនុស្សឈប់សម្រាកខ្លះផងដូច្នេះ?» នៅពេលមនុស្សបំពេញចិត្តសាច់ឈាម ហើយស្រលាញ់បីបាច់វាខ្លាំងពេក នោះពួកគេបំផ្លាញខ្លួនឯងហើយ។ ប្រសិនបើអ្នកពិតជាស្រឡាញ់ព្រះជាម្ចាស់ ហើយមិនបំពេញចិត្តសាច់ឈាមមែន នោះអ្នកនឹងឃើញថា គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺសុទ្ធតែត្រឹមត្រូវ និងល្អខ្លាំងណាស់ ហើយឃើញថា ការដាក់បណ្ដាសារបស់ទ្រង់ចំពោះការបះបោររបស់អ្នក និងការជំនុំជម្រះរបស់ទ្រង់ចំពោះភាពទុច្ចរិតរបស់អ្នកគឺជារឿងត្រឹមត្រូវ។ មានពេលខ្លះ ព្រះជាម្ចាស់នឹងវាយផ្ចាល ហើយដាក់ពិន័យអ្នក និងបង្កើនបរិយាកាសដើម្បីលត់ដំអ្នក ដោយបង្ខំអ្នកឲ្យមករកទ្រង់ ហើយអ្នកនឹងមានអារម្មណ៍ជានិច្ចថា អ្វីដែលព្រះជាម្ចាស់កំពុងធ្វើ គឺអស្ចារ្យមែន។ ដូច្នេះ អ្នកនឹងមានអារម្មណ៍ហាក់ដូចជាគ្មានការឈឺចាប់ខ្លាំងនោះទេ ហើយយល់ឃើញថា ព្រះជាម្ចាស់គួរឲ្យស្រឡាញ់ខ្លាំងណាស់។ ប្រសិនបើអ្នកផ្គាប់ផ្គុនដល់ភាពទន់ខ្សោយខាងសាច់ឈាម ហើយនិយាយថា ព្រះជាម្ចាស់ទៅឆ្ងាយសែនឆ្ងាយ នោះអ្នកនឹងមានអារម្មណ៍ឈឺចាប់ជានិច្ច ហើយអ្នកនឹងធ្លាក់ទឹកចិត្តជានិច្ច អ្នកនឹងមិនយល់ច្បាស់អំពីកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ឡើយ ហើយវានឹងហាក់ដូចជាព្រះជាម្ចាស់មិនចេះអាណិតអាសូរចំពោះភាពទន់ខ្សោយរបស់មនុស្សអ្វីបន្តិចសោះ ថែមទាំងមិនដឹងពីការលំបាករបស់មនុស្សទៀតផង។ ដូច្នេះហើយ អ្នកនឹងមានអារម្មណ៍កម្សត់ និងឯកោជានិច្ច ប្រៀបដូចជាអ្នកបានរងនូវភាពអយុត្តិធម៌យ៉ាងខ្លាំង ហើយនៅពេលនេះអ្នកនឹងចាប់ផ្ដើមត្អូញត្អែរ។ កាលណាអ្នកផ្គាប់ផ្គុនដល់ភាពទន់ខ្សោយខាងសាច់ឈាមកាន់តែច្រើនបែបនេះ នោះអ្នកនឹងមានអារម្មណ៍ថាព្រះជាម្ចាស់ទៅកាន់តែឆ្ងាយទៅៗ រហូតដល់ថ្នាក់អាក្រក់យ៉ាងខ្លាំងដោយអ្នកបដិសេធកិច្ចការរបស់ព្រះជាម្ចាស់ ហើយចាប់ផ្ដើមប្រឆាំងនឹងព្រះជាម្ចាស់ ថែមទាំងមិនស្ដាប់បង្គាប់អ្វីគ្រប់យ៉ាងផង។ ដូច្នេះ អ្នកត្រូវតែបះបោរទាស់នឹងសាច់ឈាម ហើយកុំផ្គាប់ផ្គុនដល់វាទៀត៖ "ប្តី (ប្រពន្ធ) កូនៗ ក្ដីសង្ឃឹម អាពាហ៍ពិពាហ៍ គ្រួសាររបស់ខ្ញុំ - គ្មាននរណាម្នាក់មានបញ្ហានោះទេ! ក្នុងចិត្តខ្ញុំមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ហើយខ្ញុំត្រូវតែព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមិនបំពេញចិត្តសាច់ឈាមឡើយ។" អ្នកត្រូវតែមានការតាំងចិត្តបែបនេះ។ ប្រសិនបើអ្នកមានការតាំងចិត្តបែបនេះជាប់ជានិច្ច នោះនៅពេលអ្នកអនុវត្តនូវសេចក្ដីពិត ហើយទុកចោលខ្លួនឯងទៅម្ខាង អ្នកនឹងអាចធ្វើបានដូច្នោះដោយការខិតខំដ៏តិចតួចប៉ុណ្ណោះ។ គេនិយាយថា កាលពីមុនមានកសិករម្នាក់បានឃើញពស់មួយកករឹងនៅលើផ្លូវ។ កសិករនោះបានយកវាឡើង ហើយឱបវាជាប់នឹងទ្រូងរបស់គាត់ ហើយបន្ទាប់ពីពស់នោះបានរស់ឡើងវិញ វាក៏បានចឹកកសិកររហូតដល់ស្លាប់។ សាច់ឈាមរបស់មនុស្សគឺដូចជាពស់ដែរ៖ សារជាតិរបស់វាគឺបង្កអន្តរាយដល់អាយុជីវិតរបស់ពួកគេ ហើយនៅពេលវាទទួលបានលក្ខណៈផ្ទាល់ខ្លួនរបស់វាពេញលេញ នោះជីវិតរបស់អ្នកក៏ត្រូវបាត់បង់។ សាច់ឈាមជារបស់សាតាំង។ នៅក្នុងវាគឺជាសេចក្ដីប្រាថ្នាដ៏ហួសហេតុ វាគិតតែអំពីខ្លួនវាប៉ុណ្ណោះ វាចង់បានភាពសុខស្រួល ហើយរីករាយនឹងការកម្សាន្ត ដោយលង់ក្នុងសេចក្ដីខ្ជិលច្រអូស និងភាពទំនេរ ហើយពេលបំពេញចិត្តវាដល់ចំនុចមួយ នោះនៅទីបំផុត អ្នកនឹងត្រូវវាស៊ីអស់រលីង។ និយាយឲ្យចំគឺថា ប្រសិនបើអ្នកបំពេញចិត្តវានៅពេលនេះ ពេលក្រោយវានឹងមកសុំច្រើនបន្ថែមទៀត។ វាមានសេចក្ដីប្រាថ្នាហួសហេតុ និងតម្រូវការថ្មីៗជានិច្ច ហើយកេងចំណេញពីការផ្គាប់ផ្គុនរបស់អ្នកចំពោះសាច់ឈាម ដើម្បីធ្វើឲ្យអ្នកស្រឡាញ់បីបាច់វាកាន់តែខ្លាំងឡើង និងរស់នៅក្នុងភាពសុខស្រួលរបស់វា ហើយប្រសិនបើអ្នកមិនយកឈ្នះវាទេ នោះនៅទីបំផុត អ្នកនឹងបំផ្លាញខ្លួនឯង។ មិនថាអ្នកអាចទទួលបានជីវិតនៅចំពោះព្រះជាម្ចាស់ឬអត់ ហើយទីបញ្ចប់របស់អ្នកនឹងទៅជាយ៉ាងណានោះទេ គឺអាស្រ័យលើរបៀបដែលអ្នកធ្វើការបះបោរទាស់នឹងសាច់ឈាមយ៉ាងដូចម្ដេចប៉ុណ្ណោះ។ ព្រះជាម្ចាស់បានសង្គ្រោះអ្នក និងជ្រើសរើសអ្នក ហើយបានកំណត់អ្នកទុកជាមុន ប៉ុន្តែប្រសិនបើអ្នកមិនសុខចិត្តបំពេញតាមព្រះហឫទ័យរបស់ទ្រង់ទេ អ្នកមិនសុខចិត្តអនុវត្តនូវសេចក្ដីពិតទេ ហើយអ្នកមិនសុខចិត្តបះបោរទាស់នឹងសាច់ឈាមផ្ទាល់របស់អ្នកដោយប្រើដួងចិត្តដែលពិតជាស្រឡាញ់ព្រះជាម្ចាស់ទេ នោះនៅទីបំផុតអ្នកនឹងបំផ្លាញខ្លួនឯង ហេតុដូច្នេះហើយ អ្នកនឹងត្រូវស៊ូទ្រាំចំពោះការឈឺចាប់យ៉ាងខ្លាំងមហិមា។ ប្រសិនបើអ្នកជានិច្ចកាលផ្គាប់ផ្គុនដល់សាច់ឈាម នោះសាតាំងនឹងលេបអ្នកបន្តិចម្តងៗរហូតដល់អស់ ហើយមិនទុកឲ្យអ្នកមានជីវិត ឬទាក់ទងនឹងព្រះវិញ្ញាណឡើយ រហូតដល់ថ្ងៃដែលអ្នកងងឹតទាំងស្រុងនៅខាងក្នុង។ នៅពេលអ្នករស់នៅក្នុងភាពងងឹត អ្នកនឹងត្រូវសាតាំងចាប់ឃុំខ្លួន អ្នកនឹងលែងមានព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នកទៀតហើយ នៅពេលនោះអ្នកនឹងបដិសេធថាគ្មានព្រះជាម្ចាស់ទេ រួចហើយអ្នកនឹងចាកចេញពីទ្រង់។ ដូច្នេះ ប្រសិនបើមនុស្សចង់ស្រឡាញ់ព្រះជាម្ចាស់ ពួកគេត្រូវតែបង់ថ្លៃនៃការឈឺចាប់ ហើយស៊ូទ្រាំនឹងការលំបាក។ មិនចាំបាច់មានជំនឿស៊ុប និងការលំបាកពីខាងក្រៅ ក៏ដូចជាការអានច្រើន និងការរវល់ខ្លាំងច្រើននោះទេ ផ្ទុយទៅវិញពួកគេគួរតែទុកចោលរបស់ដែលនៅជាមួយពួកគេទាំងនេះដូចជា៖ ការគិតហួសប្រមាណ ផលប្រយោជន៍ផ្ទាល់ខ្លួន និងការពិចារណាផ្ទាល់ខ្លួន សញ្ញាណ និងបំណងរបស់ពួកគេ។ នេះហើយជាព្រះហឫទ័យរបស់ព្រះជាម្ចាស់។
ដកស្រង់ពី «មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៤៩៦
ការដោះស្រាយរបស់ព្រះជាម្ចាស់ចំពោះនិស្ស័យខាងក្រៅរបស់មនុស្សក៏ជាផ្នែកមួយនៃកិច្ចការរបស់ព្រះអង្គផងដែរ ឧទាហរណ៍ដូចជា ការដោះស្រាយចំពោះភាពជាមនុស្សដែលមិនត្រឹមត្រូវពីខាងក្រៅរបស់មនុស្ស ឬក៏របៀបរស់នៅ និងទម្លាប់របស់ពួកគេ មធ្យោបាយ និងទំនៀមទម្លាប់របស់ពួកគេ ក៏ដូចជាការអនុវត្តខាងក្រៅរបស់ពួកគេ និងជំនឿមុតមាំរបស់ពួកគេ។ ប៉ុន្តែនៅពេលទ្រង់ប្រាប់ឲ្យមនុស្សអនុវត្តនូវសេចក្ដីពិត ហើយផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ នោះអ្វីដែលត្រូវដោះស្រាយជាចម្បងគឺ បំណង និងសញ្ញាណនៅក្នុងពួកគេ។ បើគ្រាន់តែដោះស្រាយចំពោះនិស្ស័យខាងក្រៅរបស់អ្នកនោះ គឺមិនពិបាកទេ វាប្រៀបដូចជាការប្រាប់អ្នកកុំឲ្យបរិភោគនូវអ្វីដែលអ្នកចូលចិត្តជាដើម គឺស្រួលទេ។ តែទោះជាយ៉ាងនេះក្ដី ចំពោះអ្វីៗដែលប៉ះជាប់នឹងសញ្ញាណខាងក្នុងខ្លួនឯង គឺមិនងាយកម្ចាត់ចេញនោះទេ។ វាតម្រូវឲ្យមនុស្សបះបោរទាស់នឹងសាច់ឈាម ហើយបង់ថ្លៃ និងរងទុក្ខនៅចំពោះព្រះភ័ក្រ្ដព្រះជាម្ចាស់។ ជាពិសេស វាគឺដូច្នេះអ្នកចំពោះបំណងរបស់មនុស្ស។ ចាប់តាំងពីពេលមនុស្សចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ពួកគេបានលាក់ពួនបំណងដែលមិនត្រឹមត្រូវជាច្រើន។ នៅពេលអ្នកមិនអនុវត្តនូវសេចក្ដីពិត អ្នកមានអារម្មណ៍ថា បំណងរបស់អ្នកទាំងអស់គឺសុទ្ធតែត្រឹមត្រូវ ប៉ុន្តែនៅពេលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក អ្នកនឹងឃើញថា នៅក្នុងខ្លួនឯងមានបំណងមិនត្រឹមត្រូវជាច្រើន។ ដូច្នេះ នៅពេលព្រះជាម្ចាស់ធ្វើឲ្យមនុស្សគ្រប់លក្ខណ៍ ទ្រង់ធ្វើឲ្យពួកគេដឹងថា មានសញ្ញាណជាច្រើននៅក្នុងខ្លួនពួកគេដែលរារាំងពួកគេមិនឲ្យស្គាល់ព្រះជាម្ចាស់។ នៅពេលអ្នកដឹងថា បំណងរបស់អ្នកសុទ្ធតែខុស ហើយប្រសិនបើអ្នកអាចឈប់អនុវត្តតាមសញ្ញាណ និងបំណងរបស់អ្នក ហើយអាចធ្វើទីបន្ទាល់ពីព្រះជាម្ចាស់ និងប្រកាន់ខ្ជាប់នូវជំហររបស់អ្នកទោះមានរឿងអ្វីកើតឡើងចំពោះអ្នកក៏ដោយ នេះទើបបញ្ជាក់ថា អ្នកបានបះបោរទាស់នឹងសាច់ឈាម។ នៅពេលអ្នកបះបោរទាស់នឹងសាច់ឈាម នោះនឹងមានចម្បាំងនៅក្នុងខ្លួនឯងដោយចៀសមិនរួចឡើយ។ សាតាំងនឹងព្យាយាមធ្វើឲ្យមនុស្សធ្វើតាមវា វានឹងព្យាយាមធ្វើឲ្យពួកគេធ្វើតាមសញ្ញាណខាងសាច់ឈាម ហើយប្រកាន់យកផលប្រយោជន៍ខាងសាច់ឈាម ប៉ុន្តែព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងបំភ្លឺ ហើយពន្យល់មនុស្សពីខាងក្នុង ហើយនៅពេលនេះ វាអាស្រ័យលើអ្នក ថាតើអ្នកធ្វើតាមព្រះជាម្ចាស់ ឬធ្វើតាមសាតាំង។ ព្រះជាម្ចាស់ប្រាប់ឲ្យមនុស្សអនុវត្តនូវសេចក្ដីពិតជាចម្បង ដើម្បីដោះស្រាយជាមួយរឿងរ៉ាវនានានៅក្នុងខ្លួនពួកគេ ដើម្បីដោះស្រាយជាមួយគំនិត និងសញ្ញាណរបស់ពួកគេដែលមិនស្របតាមព្រះហឫទ័យព្រះជាម្ចាស់។ ព្រះវិញ្ញាណបរិសុទ្ធទាក់ទងមនុស្សតាមរយៈចិត្តរបស់ពួកគេ រួចហើយបំភ្លឺ និងពន្យល់ពួកគេ។ ដូច្នេះចម្បាំងនៅពីក្រោយរឿងរ៉ាវគ្រប់យ៉ាងដែលកើតឡើង៖ នៅរាល់ពេលដែលមនុស្សអនុវត្តនូវសេចក្តីពិត ឬអនុវត្តនូវសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ វាមានចម្បាំងយ៉ាងខ្លាំងក្លាមួយ ហើយទោះបីជាគ្រប់យ៉ាងអាចមើលទៅហាក់ដូចជាល្អជាមួយសាច់ឈាមរបស់ពួកគេក៏ដោយ ក៏តាមពិតទៅនៅក្នុងជម្រៅចិត្តរបស់ពួកគេ នឹងមានចម្បាំងស្លាប់រស់មួយកើតមានជាដរាប ហើយមានតែក្រោយពេលចម្បាំងដ៏ខ្លាំងក្លានេះចប់ និងក្រោយពេលលទ្ធផលដ៏ច្រើនមហិមាចេញមកប៉ុណ្ណោះ ទើបអាចកំណត់ការឈ្នះចាញ់បាន។ គេមិនដឹងថាតើត្រូវសើច ឬយំនោះទេ។ ព្រោះបំណងជាច្រើននៅក្នុងខ្លួនមនុស្សគឺសុទ្ធតែខុសឆ្គង ឬដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់ភាគច្រើនគឺផ្ទុយពីសញ្ញាណរបស់ពួកគេ នៅពេលមនុស្សអនុវត្តនូវសេចក្តីពិត ចម្បាំងដ៏អស្ចារ្យមួយបានកើតឡើងនៅពីក្រោយឆាក។ ដោយបានអនុវត្តនូវសេចក្ដីពិតនេះ នៅពីក្រោយឆាក មនុស្សនឹងស្រក់ទឹកភ្នែកសោកសៅយ៉ាងច្រើនរាប់មិនអស់ មុនពេលដែលពួកគេរៀបចំចិត្តរបស់ខ្លួនដើម្បីបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅទីបំផុត។ ដោយសារតែចម្បាំងនេះ មនុស្សត្រូវស៊ូទ្រាំនឹងការរងទុក្ខ និងការបន្សុទ្ធ ហើយនេះគឺជាការរងទុក្ខពិតប្រាកដ។ នៅពេលចម្បាំងនេះកើតមានមកលើអ្នក ហើយប្រសិនបើអ្នកពិតជាអាចឈរនៅខាងព្រះជាម្ចាស់មែន នោះអ្នកនឹងអាចបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ ខណៈពេលអនុវត្តនូវសេចក្តីពិត វាចៀសមិនរួចទេថា គេនឹងរងទុក្ខនៅខាងក្នុង ហើយប្រសិនបើនៅពេលដែលពួកគេអនុវត្តនូវសេចក្ដីពិត អ្វីគ្រប់យ៉ាងនៅក្នុងខ្លួនមនុស្សសុទ្ធតែត្រឹមត្រូវមែន នោះពួកគេនឹងមិនត្រូវការព្រះជាម្ចាស់ធ្វើឲ្យពួកគេគ្រប់លក្ខណ៍នោះទេ ឯចម្បាំងនឹងមិនមានឡើយ ហើយពួកគេនឹងមិនរងទុក្ខដែរ។ ដោយសារតែមានរឿងរ៉ាវជាច្រើននៅក្នុងខ្លួនមនុស្សដែលមិនសមស្របនឹងឲ្យព្រះជាម្ចាស់ប្រើការ ហើយដោយសារតែមាននិស្ស័យបះបោរយ៉ាងច្រើនរបស់សាច់ឈាមបែបនេះ ទើបមនុស្សត្រូវរៀនមេរៀនអំពីការបះបោរទាស់នឹងសាច់ឈាមឲ្យបានកាន់តែជ្រៅជ្រះ។ នេះគឺជាអ្វីដែលព្រះជាម្ចាស់ហៅថា ការរងទុក្ខ ដែលទ្រង់បានមានបន្ទូលប្រាប់មនុស្សឲ្យទទួលរងជាមួយទ្រង់។ ពេលអ្នកជួបការលំបាក សូមប្រញាប់អធិស្ឋានដល់ព្រះជាម្ចាស់ថា៖ «ឱ ព្រះអង្គអើយ! កូនចង់បំពេញតាមព្រះហឫទ័យរបស់ទ្រង់ កូនចង់ស៊ូទ្រាំនឹងការលំបាកចុងក្រោយ ដើម្បីបំពេញតាមព្រះហឫទ័យរបស់ព្រះអង្គ ហើយមិនខ្វល់ថាកូនជួបប្រទះឧបសគ្គខ្លាំងយ៉ាងណានោះទេ កូននៅតែបំពេញតាមព្រះហឫទ័យរបស់ទ្រង់ជានិច្ច។ ទោះបីជាកូនត្រូវលះបង់ជីវិតរបស់កូនទាំងស្រុងក្ដី ក៏កូននៅតែត្រូវបំពេញតាមព្រះហឫទ័យរបស់ទ្រង់ជានិច្ច!» ដោយមានការតាំងចិត្តបែបនេះ នៅពេលអ្នកអធិស្ឋានដូច្នេះ អ្នកនឹងអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នក។ រាល់ពេលដែលពួកគេអនុវត្តនូវសេចក្ដីពិត រាល់ពេលដែលពួកគេទទួលរងនូវការបន្សុទ្ធ រាល់ពេលដែលពួកគេត្រូវបានល្បងល ហើយរាល់ពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មកដល់ពួកគេ មនុស្សត្រូវតែស៊ូទ្រាំនឹងការឈឺចាប់ដ៏សែនខ្លាំង។ ទាំងអស់នេះគឺជាការសាកល្បងសម្រាប់មនុស្ស ដូច្នេះហើយបានជាមានចម្បាំងនៅក្នុងខ្លួនពួកគេទាំងអស់គ្នា។ នេះគឺជាតម្លៃជាក់ស្តែងដែលពួកគេត្រូវបង់។ ការអានព្រះបន្ទូលឲ្យបានច្រើន និងការរវល់ខ្លាំងច្រើនគឺជាចំណែកមួយនៃតម្លៃនោះ។ វាជាអ្វីដែលមនុស្សគួរតែធ្វើ វាជាករណីយកិច្ចរបស់ពួកគេ និងជាការទទួលខុសត្រូវដែលពួកគេគួរតែបំពេញ ប៉ុន្តែមនុស្សត្រូវតែទុកចោលនូវអ្វីៗនៅក្នុងខ្លួនពួកគេដែលចាំបាច់ត្រូវទុកចោល។ ប្រសិនបើអ្នកមិនធ្វើដូច្នេះទេ នោះទោះជាអ្នករងទុក្ខវេទនាខាងក្រៅខ្លាំងយ៉ាងណាក៏ដោយ ទោះជាអ្នករវល់ខ្លាំងយ៉ាងណាក៏ដោយ ទាំងអស់នោះនឹងគ្មានប្រយោជន៍អ្វីឡើយ! និយាយឲ្យចំទៅគឺថា មានតែការផ្លាស់ប្ដូរនៅក្នុងខ្លួនឯងតែប៉ុណ្ណោះទើបអាចកំណត់ ថាតើការលំបាកខាងក្រៅរបស់អ្នកមានតម្លៃឬអត់។ នៅពេលនិស្ស័យខាងក្នុងរបស់អ្នកបានផ្លាស់ប្តូររួចហើយ ហើយអ្នកបានអនុវត្តនូវសេចក្តីពិត នោះការរងទុក្ខខាងក្រៅរបស់អ្នកទាំងអស់នឹងទទួលបានការអនុម័តពីព្រះជាម្ចាស់ តែប្រសិនបើនិស្ស័យខាងក្នុងរបស់អ្នកគ្មានការផ្លាស់ប្តូរទេ នោះទោះបីជាអ្នកស៊ូទ្រាំនឹងការរងទុក្ខយ៉ាងណា ឬទោះជាអ្នករវល់ខ្លាំងនៅខាងក្រៅយ៉ាងណាក៏ដោយ ក៏នឹងគ្មានការអនុម័តពីព្រះជាម្ចាស់ឡើយ ហើយការលំបាកដែលគ្មានការបញ្ជាក់ពីព្រះជាម្ចាស់គឺឥតប្រយោជន៍នោះទេ។ ដូច្នេះ មិនថាតម្លៃដែលអ្នកបានបង់ត្រូវបានព្រះជាម្ចាស់អនុម័ត ឬអត់ វាត្រូវបានកំណត់ដោយថាតើមានការផ្លាស់ប្ដូរនៅក្នុងខ្លួនឯង ឬអត់ និងដោយថាតើអ្នកអនុវត្តនូវសេចក្ដីពិត ហើយបះបោរទាស់នឹងបំណង និងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឬអត់ ដើម្បីបំពេញបានតាមព្រះហឫទ័យព្រះជាម្ចាស់ ស្គាល់ព្រះជាម្ចាស់ និងមានភក្ដីភាពចំពោះព្រះជាម្ចាស់។ មិនថាអ្នករវល់ខ្លាំងយ៉ាងណានោះទេ ប្រសិនបើអ្នកមិនដែលចេះធ្វើការបះបោរទាស់នឹងបំណងផ្ទាល់ខ្លួនរបស់អ្នកទេ ប៉ុន្តែចេះតែធ្វើការស្វះស្វែងរកសកម្មភាព និងជំនឿមុតមាំខាងក្រៅ ហើយមិនដែលយកចិត្តទុកដាក់ចំពោះជីវិតរបស់អ្នកទេ នោះការលំបាករបស់អ្នកនឹងគ្មានប្រយោជន៍អ្វីឡើយ។ នៅក្នុងស្ថានភាពមួយចំនួន ប្រសិនបើអ្នកមានអ្វីមួយចង់និយាយ ប៉ុន្តែអ្នកមានអារម្មណ៍ក្នុងខ្លួនថា ការនិយាយនេះមិនត្រឹមត្រូវ ការនិយាយនេះមិនផ្ដល់ប្រយោជន៍ដល់បងប្អូនប្រុសស្រីរបស់អ្នកទេ ហើយអាចធ្វើឲ្យពួកគេឈឺចាប់ទៅទៀត ពេលនោះអ្នកនឹងមិននិយាយចេញមកទេ ដោយសុខចិត្តឈឺចាប់នៅខាងក្នុងវិញ ត្បិតពាក្យសម្ដីទាំងនេះមិនអាចបំពេញតាមព្រះហឫទ័យព្រះជាម្ចាស់ឡើយ។ នៅពេលនេះ នឹងមានចម្បាំងមួយនៅក្នុងខ្លួនឯង តែអ្នកនឹងសុខចិត្តរងការឈឺចាប់ ហើយលះបង់នូវអ្វីដែលអ្នកស្រលាញ់។ អ្នកនឹងសុខចិត្តស៊ូទ្រាំរងការលំបាកនេះ ដើម្បីបំពេញព្រះហឫទ័យព្រះជាម្ចាស់ ហើយទោះបីជាអ្នកនឹងរងការឈឺចាប់នៅក្នុងខ្លួនក៏ដោយ ក៏អ្នកនឹងមិនផ្គាប់ផ្គុនដល់សាច់ឈាមដែរ ហើយនៅតែបំពេញតាមព្រះហឫទ័យព្រះជាម្ចាស់ដដែល ដូច្នេះហើយអ្នកក៏នឹងទទួលបានភាពសុខស្រួលនៅក្នុងខ្លួនវិញផងដែរ។ នេះទើបពិតជាការបង់ថ្លៃ ហើយជាតម្លៃដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាន។ ប្រសិនបើអ្នកអនុវត្តតាមរបៀបនេះ ព្រះជាម្ចាស់ប្រាកដជាប្រទានពរដល់អ្នក ប្រសិនបើអ្នកមិនអាចធ្វើបែបនេះបានទេ នោះមិនថាអ្នកយល់ដឹងច្រើនប៉ុនណា ឬអ្នកចេះនិយាយបានល្អប៉ុនណាទេ វានឹងគ្មានបានការអ្វីឡើយ! នៅលើផ្លូវឆ្ពោះទៅរកការស្រឡាញ់ព្រះជាម្ចាស់ ប្រសិនបើអ្នកអាចឈរនៅខាងព្រះជាម្ចាស់នៅពេលទ្រង់ច្បាំងជាមួយសាតាំង ហើយអ្នកមិនត្រឡប់ទៅរកសាតាំងវិញទេ នោះអ្នកនឹងសម្រេចបាននូវសេចក្ដីស្រឡាញ់ដល់ព្រះជាម្ចាស់ ហើយអ្នកនឹងបានប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន។
ដកស្រង់ពី «មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៤៩៧
នៅគ្រប់ជំហាននៃកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងខ្លួនមនុស្ស ពីខាងក្រៅទំនងជាអន្តរកម្មរវាងមនុស្ស ដែលហាក់ដូចជាកើតចេញពីការរៀបចំរបស់មនុស្ស ឬពីការជ្រៀតជ្រែករបស់មនុស្ស។ ប៉ុន្តែនៅពីក្រោយឆាក គ្រប់ជំហាននៃកិច្ចការ និងអ្វីគ្រប់យ៉ាងដែលកើតឡើង គឺសុទ្ធតែជាការភ្នាល់ដែលសាតាំងធ្វើឡើងនៅចំពោះព្រះជាម្ចាស់ ហើយទាមទារឲ្យមនុស្សប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនអំពីព្រះជាម្ចាស់។ ចូរយករឿងរបស់យ៉ូប នៅពេលដែលគាត់ត្រូវបានសាកល្បងមកធ្វើជាឧទាហរណ៍៖ នៅពីក្រោយឆាក សាតាំងកំពុងតែភ្នាល់ជាមួយព្រះជាម្ចាស់ ហើយអ្វីដែលបានកើតឡើងដល់យ៉ូបគឺជាអំពើរបស់មនុស្ស និងការជ្រៀតជ្រែករបស់មនុស្ស។ នៅពីក្រោយគ្រប់ជំហាននៃកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងខ្លួនឯងរាល់គ្នាគឺជាការភ្នាល់របស់សាតាំងជាមួយព្រះជាម្ចាស់ និយាយរួម នៅពីក្រោយអ្វីគ្រប់យ៉ាង គឺជាចម្បាំងមួយ។ ឧទាហរណ៍ថា ប្រសិនបើអ្នករើសអើងចំពោះបងប្អូនប្រុសស្រីរបស់អ្នក នោះអ្នកនឹងបញ្ចេញពាក្យសម្ដីដែលអ្នកចង់និយាយ ជាពាក្យសម្ដីដែលអ្នកមានអារម្មណ៍ថា អាចនឹងមិនគាប់ព្រះហឫទ័យព្រះជាម្ចាស់ ប៉ុន្តែប្រសិនបើអ្នកមិននិយាយចេញមកទេ នោះអ្នកនឹងមានអារម្មណ៍មិនសុខស្រួលនៅក្នុងខ្លួន ហើយនៅខណៈនោះ ចម្បាំងមួយនឹងចាប់ផ្ដើមនៅក្នុងខ្លួនឯង៖ "តើខ្ញុំនិយាយ ឬអត់?" នេះហើយជាចម្បាំង។ ដូច្នេះ វាមានចម្បាំងនៅក្នុងអ្វីគ្រប់យ៉ាងដែលអ្នកជួបប្រទះ ហើយនៅពេលមានចម្បាំងនៅក្នុងខ្លួនឯង ដោយសារតែអ្នកសហការពិតប្រាកដ និងរងទុក្ខពិតប្រាកដ នោះព្រះជាម្ចាស់ធ្វើការនៅក្នុងខ្លួនឯង។ នៅទីបំផុត អ្នកអាចទុកចោលបញ្ហានេះនៅក្នុងខ្លួនឯង ហើយកំហឹងក៏រលត់បាត់ជាធម្មតា។ នេះជាឥទ្ធិពលនៃការសហការរបស់អ្នកជាមួយព្រះជាម្ចាស់។ អ្វីគ្រប់យ៉ាងដែលមនុស្សធ្វើ តម្រូវឲ្យពួកគេបង់ថ្លៃជាក់លាក់មួយនៅក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេ។ បើគ្មានការលំបាកពិតប្រាកដទេ ពួកគេមិនអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បានឡើយ ពួកគេសូម្បីតែឈានជិតដល់កម្រិតនៃការបំពេញព្រះហឫទ័យព្រះជាម្ចាស់ក៏អត់ដែរ ហើយពួកគេគ្រាន់តែកំពុងព្រោកប្រាជ្ញពីពាក្យស្លោកឥតខ្លឹមសារតែប៉ុណ្ណោះ! តើពាក្យស្លោកឥតខ្លឹមសារទាំងនេះអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បានឬទេ? នៅពេលព្រះជាម្ចាស់ និងសាតាំង ច្បាំងគ្នានៅក្នុងពិភពខាងវិញ្ញាណ តើអ្នកគួរតែបំពេញព្រះហឫទ័យព្រះជាម្ចាស់យ៉ាងដូចម្តេច ហើយតើអ្នកគួរតែប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនអំពីទ្រង់យ៉ាងដូចម្តេច? អ្នកគួរតែដឹងថា អ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នក គឺជាការល្បងលដ៏ធំ និងជាពេលដែលព្រះជាម្ចាស់ត្រូវការឲ្យអ្នកធ្វើបន្ទាល់។ ថ្វីបើមើលពីខាងក្រៅវាហាក់ដូចជាមិនសំខាន់ក៏ដោយ ក៏នៅពេលរឿងទាំងនេះកើតឡើង វាបង្ហាញឲ្យដឹងថាតើអ្នកស្រលាញ់ព្រះជាម្ចាស់ ឬអត់។ ប្រសិនបើអ្នកធ្វើបាន នោះអ្នកនឹងអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនអំពីទ្រង់បាន ហើយប្រសិនបើអ្នកមិនបានអនុវត្តនូវសេចក្ដីស្រឡាញ់ដល់ទ្រង់ទេ នេះបង្ហាញឲ្យដឹងថា អ្នកមិនមែនជាមនុស្សដែលអនុវត្តនូវសេចក្តីពិតនោះទេ ហើយអ្នកគឺគ្មានការពិត និងគ្មានជីវិតដែរ អ្នកគឺជាអង្កាម! អ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះមនុស្សគឺកើតឡើងនៅពេលដែលព្រះជាម្ចាស់ត្រូវការឲ្យពួកគេប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ពួកគេអំពីទ្រង់។ ថ្វីបើគ្មានបញ្ហាធំដុំកើតឡើងចំពោះអ្នកនៅពេលនេះក្ដី ហើយអ្នកក៏មិនធ្វើបន្ទាល់ឲ្យបានអស្ចារ្យក្ដី ក៏រាល់សេចក្ដីលម្អិតនៃជីវិតប្រចាំថ្ងៃរបស់អ្នកនៅតែជាបញ្ហាក្នុងការធ្វើបន្ទាល់ពីព្រះជាម្ចាស់ដដែល។ ប្រសិនបើអ្នកអាចឈ្នះការកោតសរសើរពីបងប្អូនប្រុសស្រីរបស់អ្នក ពីសមាជិកគ្រួសាររបស់អ្នក និងពីមនុស្សគ្រប់គ្នាជុំវិញអ្នក ហើយប្រសិនបើថ្ងៃណាមួយ អ្នកមិនជឿមកកោតសរសើរនូវអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ និងឃើញថាអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើគឺអស្ចារ្យ នោះមានន័យថាអ្នកបានធ្វើបន្ទាល់ហើយ។ ទោះបីជាអ្នកគ្មានពន្លឺខាងក្នុង និងមានគុណសម្បត្តិអន់ក៏ដោយ តាមរយៈភាពគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់នៃអ្នក នោះអ្នកនៅតែអាចបំពេញព្រះហឫទ័យរបស់ទ្រង់ ហើយយកចិត្តទុកដាក់ចំពោះបំណងហឫទ័យរបស់ទ្រង់ដោយបង្ហាញអ្នកដទៃអំពីកិច្ចការដ៏អស្ចារ្យដែលទ្រង់បានធ្វើនៅក្នុងមនុស្សដែលមានគុណសម្បត្តិអន់បំផុត។ នៅពេលមនុស្សភ្ញាក់ខ្លួនស្គាល់ព្រះជាម្ចាស់វិញ ហើយក្លាយជាអ្នកមានជ័យជម្នះនៅចំពោះមុខសាតាំង និងមានភក្ដីភាពចំពោះព្រះជាម្ចាស់បំផុត នោះគ្មាននរណាម្នាក់ដែលមានបង្អែករឹងមាំជាងក្រុមមនុស្សនេះឡើយ ហើយនេះជាទីបន្ទាល់ដ៏អស្ចារ្យបំផុត។ ទោះបីជាអ្នកគ្មានសមត្ថភាពធ្វើកិច្ចការអស្ចារ្យបានក៏ដោយ ក៏អ្នកអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បានដែរ។ អ្នកដទៃមិនអាចទុកចោលសញ្ញាណរបស់ពួកគេបានទេ ប៉ុន្តែអ្នកអាចធ្វើបាន អ្នកដទៃមិនអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ក្នុងបទពិសោធន៍ជាក់ស្តែងរបស់ពួកគេបានទេ ប៉ុន្តែអ្នកអាចប្រើសកម្មភាព និងឋានៈជាក់ស្ដែងរបស់អ្នកដើម្បីតបស្នងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងធ្វើបន្ទាល់ពីទ្រង់យ៉ាងខ្ទរខ្ទារ។ នេះទើបរាប់ជាការស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដមែន។ ប្រសិនបើអ្នកគ្មានសម្ថភាពនេះទេ នោះអ្នកមិនធ្វើបន្ទាល់នៅក្នុងចំណោមសមាជិកគ្រួសាររបស់អ្នក នៅក្នុងចំណោមបងប្អូនប្រុសស្រីរបស់អ្នក ឬនៅចំពោះមុខមនុស្សឡើយ។ ប្រសិនបើអ្នកមិនអាចធ្វើបន្ទាប់នៅចំពោះមុខសាតាំងបានទេ សាតាំងនឹងសើចចំអកដាក់អ្នក វានឹងចាត់ទុកអ្នកជាមនុស្សឆ្កួត ជារបស់លេង ហើយជារឿយៗវានឹងធ្វើឲ្យអ្នកវង្វេងវង្វាន់ និងនាំឲ្យអ្នកវិកលចរិត។ នាពេលអនាគត ការល្បងលដ៏ធំអាចនឹងកើតមានដល់អ្នក ប៉ុន្តែថ្ងៃនេះ បើសិនជាអ្នកស្រឡាញ់ព្រះជាម្ចាស់ដោយដួងចិត្តពិតមែន ហើយដោយមិនខ្វល់ថាការល្បងលនៅខាងមុខធំប៉ុនណា និងដោយមិនគិតពីអ្វីដែលកើតឡើងចំពោះអ្នក ប្រសិនបើអ្នកប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន ហើយអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បាន នោះចិត្តអ្នកនឹងបានសុខស្រួល ហើយអ្នកនឹងមិនភ័យខ្លាចអ្វីឡើយ មិនថាការល្បងលដែលអ្នកជួបប្រទះនាពេលអនាគតធំប៉ុនណាក៏ដោយ។ អ្នករាល់គ្នាមិនអាចមើលឃើញនូវអ្វីដែលនឹងកើតឡើងនាពេលអនាគតឡើយ តែអ្នករាល់គ្នាអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់ក្នុងស្ថានភាពថ្ងៃនេះបាន។ អ្នករាល់គ្នាគ្មានសមត្ថភាពធ្វើកិច្ចការដ៏អស្ចារ្យណាមួយទេ ហើយគួរតែផ្ដោតលើការបំពេញព្រះហឫទ័យព្រះជាម្ចាស់តាមរយៈការពិសោធព្រះបន្ទូលរបស់ទ្រង់នៅក្នុងជីវិតពិត ហើយធ្វើបន្ទាល់ដ៏រឹងមាំ និងខ្ទរខ្ទារ ដែលធ្វើឲ្យសាតាំងអាម៉ាស់មុខ។ ទោះបីជាសាច់ឈាមរបស់អ្នកនឹងនៅតែមិនទាន់ពេញចិត្ត ហើយនឹងរងទុក្ខក៏ដោយ ក៏អ្នកនឹងបំពេញព្រះហឫទ័យព្រះជាម្ចាស់បាន ហើយធ្វើឲ្យសាតាំងអាម៉ាស់មុខដែរ។ ប្រសិនបើអ្នកអនុវត្តតាមរបៀបនេះជានិច្ច នោះព្រះជាម្ចាស់នឹងបើកផ្លូវមួយនៅចំពោះមុខអ្នក។ នៅថ្ងៃមួយ ពេលដែលការល្បងលដ៏ធំមកដល់ អ្នកដទៃនឹងធ្លាក់ចុះ ប៉ុន្តែអ្នកនឹងនៅតែអាចឈរយ៉ាងរឹងមាំ៖ ដោយសារតែតម្លៃដែលអ្នកបានបង់នោះ ព្រះជាម្ចាស់នឹងការពារអ្នក ដូច្នេះអ្នកអាចឈរយ៉ាងរឹងមាំ និងមិនធ្លាក់ចុះឡើយ។ បើជាធម្មតាអ្នកអាចអនុវត្តនូវសេចក្តីពិតបាន និងបំពេញព្រះហឫទ័យព្រះជាម្ចាស់ដោយដួងចិត្តដែលពិតជាស្រឡាញ់ទ្រង់មែន នោះព្រះជាម្ចាស់នឹងការពារអ្នកជាប្រាកដក្នុងអំឡុងពេលល្បងលនាពេលអនាគត។ ថ្វីបើអ្នកជាមនុស្សឆោតល្ងង់ មានឋានៈតូចទាប និងមានគុណសម្បត្តិអន់ក៏ដោយ ក៏ព្រះជាម្ចាស់នឹងមិនរើសអើងអ្នកដែរ។ វាអាស្រ័យលើថាតើបំណងរបស់អ្នកត្រឹមត្រូវ ឬអត់។ សព្វថ្ងៃនេះ អ្នកអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់ ដោយអ្នកយកចិត្តទុកដាក់តាំងពីចំណុចតូចល្អិតបំផុត អ្នកបំពេញព្រះហឫទ័យព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ អ្នកមានបេះដូងមួយដែលពិតជាស្រឡាញ់ព្រះជាម្ចស់មែន អ្នកថ្វាយបេះដូងពិតរបស់អ្នកដល់ព្រះជាម្ចាស់ ហើយទោះបីជាមានរឿងខ្លះដែលអ្នកមិនអាចយល់បានក៏ដោយ ក៏អ្នកអាចមកនៅមុខព្រះជាម្ចាស់ដើម្បីកែតម្រង់បំណងរបស់អ្នកបានដែរ ហើយស្វះស្វែងរកព្រះហឫទ័យព្រះជាម្ចាស់ ព្រមទាំងធ្វើអ្វីគ្រប់យ៉ាងដែលត្រូវការដើម្បីបំពេញព្រះហឫទ័យព្រះជាម្ចាស់។ ប្រហែលជាបងប្អូនប្រុសស្រីរបស់អ្នកនឹងបោះបង់ចោលអ្នក ប៉ុន្តែបេះដូងរបស់អ្នកនឹងនៅតែបំពេញព្រះហឫទ័យព្រះជាម្ចាស់ ហើយអ្នកនឹងមិនលោភលន់ចង់បានការសប្បាយខាងសាច់ឈាមនោះទេ។ ប្រសិនបើអ្នកអនុវត្តតាមរបៀបនេះជានិច្ច នោះអ្នកនឹងត្រូវបានការពារនៅពេលការល្បងលដ៏ធំមកដល់អ្នក។
ដកស្រង់ពី «មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៤៩៨
តើការល្បងលសំដៅទៅរកស្ថានភាពខាងក្នុងអ្វីខ្លះនៅក្នុងមនុស្ស? ពួកវាតម្រង់ទៅរកនិស្ស័យបះបោរនៅក្នុងមនុស្សដែលគ្មានសមត្ថភាពបំពេញព្រះហឫទ័យព្រះជាម្ចាស់បាន។ មានភាពមិនបរិសុទ្ធយ៉ាងច្រើននៅក្នុងខ្លួនមនុស្ស ព្រមទាំងមានការលាក់ពុតយ៉ាងច្រើនផងដែរ ដូច្នេះហើយព្រះជាម្ចាស់ដាក់មនុស្សឲ្យស្ថិតក្រោមការល្បងល ដើម្បីញែកខ្លួនពួកគេជាបរិសុទ្ធ។ ប៉ុន្តែ ប្រសិនបើសព្វថ្ងៃនេះអ្នកអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បាន នោះការល្បងលនាពេលអនាគតនឹងក្លាយជាភាពគ្រប់លក្ខណ៍សម្រាប់អ្នក។ ប្រសិនបើសព្វថ្ងៃនេះអ្នកមិនអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បានទេ នោះការល្បងលនាពេលអនាគតនឹងល្បួងអ្នក ហើយអ្នកនឹងធ្លាក់ចុះទាំងមិនដឹងខ្លួន ហើយនៅពេលនោះអ្នកនឹងមិនអាចជួយខ្លួនឯងបានទេ ត្បិតអ្នកមិនអាចតាមទាន់កិច្ចការរបស់ព្រះជាម្ចាស់បាន និងគ្មានឋានៈពិតនោះទេ។ ដូច្នេះហើយ ប្រសិនបើអ្នកចង់ឲ្យអាចឈរយ៉ាងរឹងមាំនាពេលអនាគត ចង់បំពេញព្រះហឫទ័យព្រះជាម្ចាស់ឲ្យបានប្រសើរឡើង និងចង់ធ្វើតាមទ្រង់រហូតដល់ចុងបំផុត អ្នកត្រូវតែកសាងគ្រឹះឲ្យរឹងមាំនៅថ្ងៃនេះ។ អ្នកត្រូវតែបំពេញព្រះហឫទ័យព្រះជាម្ចាស់តាមរយៈការអនុវត្តនូវសេចក្ដីពិតក្នុងគ្រប់ការទាំងអស់ និងយកចិត្តទុកដាក់ចំពោះបំណងហឫទ័យរបស់ទ្រង់។ ប្រសិនបើអ្នកអនុវត្តតាមរបៀបនេះជានិច្ច នោះនឹងមានគ្រឹះមួយនៅក្នុងអ្នក ហើយព្រះជាម្ចាស់នឹងជំរុញចិត្តដែលស្រឡាញ់ទ្រង់នៅក្នុងខ្លួនឯង ហើយទ្រង់នឹងផ្តល់ទំនុកចិត្តដល់អ្នក។ នៅថ្ងៃមួយ ពេលដែលការល្បងលកើតមានដល់អ្នកពិតមែន នោះអ្នកអាចនឹងរងការឈឺចាប់មួយចំនួនយ៉ាងខ្លាំង ហើយមានអារម្មណ៍សោកសៅដល់កម្រិតជាក់លាក់មួយ ព្រមទាំងរងនូវទុក្ខព្រួយយ៉ាងធ្ងន់ធ្ងរ ប្រៀបដូចជាអ្នកបានស្លាប់ដូច្នោះដែរ ប៉ុន្តែសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ នឹងមិនប្រែប្រួលឡើយ ហើយថែមទាំងកាន់តែជ្រាលជ្រៅខ្លាំងឡើង។ នេះហើយជាព្រះពររបស់ព្រះជាម្ចាស់។ បើសិនជាអ្នកអាចទទួលយកគ្រប់យ៉ាងដែលជាព្រះជាម្ចាស់មានបន្ទូល និងអំពើរបស់ព្រះជាម្ចាស់នៅថ្ងៃនេះដោយចិត្តព្រមស្ដាប់បង្គាប់ នោះអ្នកប្រាកដជានឹងទទួលបានព្រះពរពីព្រះជាម្ចាស់ ដូច្នេះហើយអ្នកនឹងក្លាយជាមនុស្សដែលព្រះជាម្ចាស់ប្រទានពរឲ្យ និងទទួលបានការសន្យារបស់ទ្រង់។ បើសិនជាថ្ងៃនេះអ្នកមិនអនុវត្តទេ នៅពេលការល្បងលកើតមានដល់អ្នកនៅថ្ងៃណាមួយ នោះអ្នកនឹងមិនមានសេចក្ដីជំនឿ ឬចិត្តដែលស្រឡាញ់នោះទេ ហើយនៅពេលនោះការល្បងលនឹងក្លាយជាសេចក្ដីល្បួង។ អ្នកនឹងធ្លាក់ចូលក្នុងសេចក្ដីល្បួងរបស់សាតាំង ហើយនឹងគ្មានផ្លូវគេចចេញបានឡើយ។ សព្វថ្ងៃនេះ អ្នកប្រហែលជាអាចឈរយ៉ាងរឹងមាំនៅពេលដែលការល្បងលតូចមួយកើតមានដល់អ្នក ប៉ុន្តែដោយចៀសមិនរួច អ្នកនឹងមិនអាចឈរយ៉ាងរឹងមាំបានទៀតទេនៅពេលដែលការល្បងលដ៏សម្បើមមួយកើតមានដល់អ្នកនៅថ្ងៃណាមួយ។ មនុស្សមួយចំនួនបញ្ឆោតខ្លួនឯង ហើយគិតថា ពួកគេជិតបានគ្រប់លក្ខណ៍រួចទៅហើយ។ បើសិនជាអ្នកមិនចូលឲ្យជ្រៅជាងនេះនៅពេលទាំងនោះទេ ហើយនៅតែឥតខ្វល់ខ្វាយ នោះអ្នកនឹងស្ថិតក្នុងគ្រោះថ្នាក់។ សព្វថ្ងៃនេះ ព្រះជាម្ចាស់មិនធ្វើកិច្ចការដែលល្បងលធំដុំជាងនេះទេ ហើយអ្វីគ្រប់យ៉ាងហាក់ដូចជាមិនអីនោះទេ ប៉ុន្តែនៅពេលព្រះជាម្ចាស់ល្បងលអ្នក នោះអ្នកនឹងឃើញថា អ្នកខ្វះខាតច្រើនណាស់ ឋានៈរបស់អ្នកតូចណាស់ ហើយអ្នកគ្មានសមត្ថភាពក្នុងការស៊ូទ្រាំនឹងការល្បងលដ៏ធំបានឡើយ។ បើសិនជាអ្នកនៅតែបែបនេះ និងនៅក្នុងសភាពនិចល នោះនៅពេលដែលការល្បងលមកដល់ អ្នកនឹងដួល។ អ្នករាល់គ្នាគួរតែឧស្សាហ៍មើលទៅឋានៈរបស់អ្នកថាតើវាតូចប៉ុនណា មានតែវិធីនេះទេទើបធ្វើឲ្យអ្នករីកចម្រើនបាន។ បើសិនជាទាល់តែស្ថិតក្នុងពេលល្បងលទើបអ្នកឃើញថា ឋានៈរបស់អ្នកតូចណាស់ អំណាចចិត្តរបស់អ្នកខ្សោយណាស់ ការពិតនៅក្នុងខ្លួនឯងតិចណាស់ ហើយឃើញថា អ្នកគ្មានលក្ខណៈគ្រប់គ្រាន់សម្រាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ បើសិនជាដល់ពេលនោះទើបអ្នកដឹងរឿងទាំងនេះ នោះវានឹងយឺតពេលហើយ។
បើសិនជាអ្នកមិនដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ទេ នោះអ្នកនឹងដួលដោយចៀសមិនរួចក្នុងពេលល្បងល ពីព្រោះអ្នកមិនដឹងពីវិធីដែលព្រះជាម្ចាស់ធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ និងមធ្យោបាយដែលទ្រង់ធ្វើឲ្យពួកគេបានគ្រប់លក្ខណ៍ ហើយនៅពេលការល្បងលរបស់ព្រះជាម្ចាស់មកដល់អ្នក ហើយពួកវាមិនត្រូវនឹងសញ្ញាណរបស់អ្នក នោះអ្នកនឹងមិនអាចឈរយ៉ាងរឹងមាំបានទេ។ សេចក្ដីស្រឡាញ់ពិតប្រាកដរបស់ព្រះជាម្ចាស់គឺជានិស្ស័យទាំងអស់របស់ទ្រង់ ហើយនៅពេលនិស្ស័យទាំងអស់របស់ទ្រង់ត្រូវបានបង្ហាញដល់មនុស្ស តើការនេះនាំយកអ្វីខ្លះដល់សាច់ឈាមរបស់អ្នក? នៅពេលនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ត្រូវបានបង្ហាញដល់មនុស្ស សាច់ឈាមរបស់ពួកគេនឹងរងការឈឺចាប់ខ្លាំងដោយចៀសមិនរួចឡើយ។ បើសិនជាអ្នកមិនរងការឈឺចាប់នេះទេ នោះអ្នកមិនអាចត្រូវបានព្រះជាម្ចាស់ធ្វើឲ្យគ្រប់លក្ខណ៍ឡើយ ហើយអ្នកក៏នឹងមិនអាចបូជាសេចក្ដីស្រឡាញ់ពិតប្រាកដថ្វាយដល់ព្រះជាម្ចាស់បានដែរ។ បើព្រះជាម្ចាស់ធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ ទ្រង់ប្រាកដជានឹងបង្ហាញនូវនិស្ស័យទាំងអស់របស់ទ្រង់ដល់អ្នកមិនខានឡើយ។ ចាប់តាំងពីពេលបង្កើតរហូតមកដល់សព្វថ្ងៃនេះ ព្រះជាម្ចាស់មិនដែលបង្ហាញពីនិស្ស័យទាំងអស់របស់ទ្រង់ដល់មនុស្សទេ ប៉ុន្តែក្នុងអំឡុងគ្រាចុងក្រោយនេះ ទ្រង់បើកសម្ដែងឲ្យដឹងអំពីនិស្ស័យទាំងនេះដល់ក្រុមមនុស្សដែលទ្រង់បានជ្រើសរើស និងកំណត់ទុកជាមុន ហើយតាមរយៈការធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ ទ្រង់លាតត្រដាងនិស្ស័យរបស់ទ្រង់ ដែលតាមរយៈនេះ ទ្រង់ធ្វើឲ្យមនុស្សមួយក្រុមបានពេញខ្នាត។ នេះហើយជាសេចក្ដីស្រឡាញ់ពិតប្រាកដរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ ការពិសោធសេចក្ដីស្រឡាញ់ពិតប្រាកដរបស់ព្រះជាម្ចាស់ ទាមទារឲ្យមនុស្សបង់ថ្លៃខ្ពស់ ហើយស៊ូទ្រាំនឹងការឈឺចាប់ដ៏សែនខ្លាំង។ មានតែបន្ទាប់ពីនេះទេ ទើបពួកគេត្រូវបានព្រះជាម្ចាស់ទទួលយក និងអាចថ្វាយសេចក្ដីស្រឡាញ់ពិតប្រាកដរបស់ពួកគេដល់ព្រះជាម្ចាស់វិញ ហើយមានតែពេលនោះទេទើបសព្វព្រះហឫទ័យរបស់ព្រះជាម្ចាស់។ បើសិនជាមនុស្សចង់ឲ្យព្រះជាម្ចាស់ធ្វើឲ្យគ្រប់លក្ខណ៍ ហើយបើសិនជាពួកគេចង់ធ្វើតាមព្រះហឫទ័យរបស់ទ្រង់ និងថ្វាយសេចក្ដីស្រឡាញ់ពិតប្រាកដយ៉ាងពេញលេញដល់ព្រះជាម្ចាស់ នោះពួកគេត្រូវតែពិសោធនូវការរងទុក្ខខ្លាំង និងទារុណកម្មយ៉ាងច្រើនពីស្ថានភាពរបស់ពួកគេ ដើម្បីរងការឈឺចាប់ដែលអាក្រក់ជាងការស្លាប់ទៅទៀត។ នៅទីបំផុត ពួកគេនឹងត្រូវបានបង្ខំឲ្យថ្វាយចិត្តពិតប្រាកដជូនដល់ព្រះជាម្ចាស់វិញ។ មិនថាអ្នកស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដ ឬអត់នោះទេ វានឹងត្រូវបានបើកសម្ដែងឲ្យដឹងក្នុងអំឡុងពេលនៃការលំបាក និងការបន្សុទ្ធ។ ព្រះជាម្ចាស់ញែកសេចក្ដីស្រឡាញ់របស់មនុស្សជាបរិសុទ្ធ ហើយការនេះក៏សម្រេចបានតែនៅក្នុងពេលដែលមានការលំបាក និងការបន្សុទ្ធប៉ុណ្ណោះ។
ដកស្រង់ពី «មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៤៩៩
ធាតុផ្សំនៃជំនឿរបស់មនុស្សភាគច្រើន ចំពោះព្រះជាម្ចាស់ គឺជាជំនឿបែបសាសនា៖ ពួកគេមិនអាចស្រឡាញ់ព្រះជាម្ចាស់ ហើយអាចត្រឹមតែដើរតាមព្រះជាម្ចាស់ ដូចជាមនុស្សយន្ត ពួកគេមិនអាចចង់បាន ឬស្រឡាញ់ព្រះជាម្ចាស់ឲ្យពិតប្រាកដនោះឡើយ។ ពួកគេគ្រាន់តែដើរតាមព្រះអង្គយ៉ាងស្ងៀមស្ងាត់ប៉ុណ្ណោះ។ មនុស្សច្រើនណាស់ ជឿលើព្រះជាម្ចាស់ ប៉ុន្តែមានមនុស្សតិចណាស់ដែលស្រឡាញ់ព្រះជាម្ចាស់ ពួកគេគ្រាន់តែ «គោរព» ព្រះជាម្ចាស់ ដ្បិតពួកគេខ្លាចវិនាស ឬពុំនោះទេ ពួកគេ «ស្ញប់ស្ញែង» ព្រះជាម្ចាស់ ដ្បិតទ្រង់ឧត្ដុង្គឧត្ដម និងមានឫទ្ធានុភាព ប៉ុន្តែនៅក្នុងការគោរព និងការស្ញប់ស្ញែងរបស់គេ ពុំមាននូវសេចក្ដីស្រឡាញ់ និងការចង់បានពិតប្រាកដនោះទេ។ នៅក្នុងបទពិសោធន៍របស់ពួកគេ ពួកគេស្វែងរកតែរឿងអសារឥតការនៃសេចក្ដីពិត ពុំនោះទេ គឺស្វែងរកតែសេចក្ដីអាថ៌កំបាំងមួយចំនួនដែលពុំមានសារៈសំខាន់។ មនុស្សភាគច្រើនគ្រាន់តែដើរតាមដោយស្ទូចយកព្រះពរនៅក្នុងទឹកដែលល្អក់កករ ពួកគេមិនស្វែងរកសេចក្ដីពិត ក៏មិនស្ដាប់បង្គាប់ព្រះជាម្ចាស់ដោយពិតប្រាកដ ដើម្បីទទួលព្រះពររបស់ទ្រង់ដែរ។ ជីវិតនៃជំនឿរបស់មនុស្សទាំងអស់ ចំពោះព្រះជាម្ចាស់ គឺគ្មានន័យអ្វីសោះ គ្មានទាំងតម្លៃ និងមានតែការគិតគូរ និងការចង់បានរបស់ពួកគេផ្ទាល់។ ពួកគេមិនមែនជឿព្រះជាម្ចាស់ ដើម្បីស្រឡាញ់ទ្រង់ទេ តែដើម្បីបានទទួលព្រះពរវិញ។ មនុស្សជាច្រើនធ្វើអ្វីៗតាមទំនើងចិត្ត ពួកគេធ្វើអ្វីដែលខ្លួនចង់ធ្វើ ហើយមិនដែលពិចារណាដល់ប្រយោជន៍របស់ព្រះជាម្ចាស់ ឬពិចារណាថា អ្វីដែលគេធ្វើនោះស្រប ឬពុំស្របនឹងព្រះហឫទ័យព្រះជាម្ចាស់ទេ។ មនុស្សបែបនេះ សូម្បីត្រឹមឲ្យមានជំនឿពិត គេមិនអាចធ្វើបានផង ទម្រាំឲ្យគេស្រឡាញ់ព្រះជាម្ចាស់ទៀត គឺកាន់តែមិនអាចទៅរួច។ ជាងនេះទៅទៀត លក្ខណៈពិតរបស់ព្រះ គឺមិនត្រឹមតែឲ្យមនុស្សជឿលើទ្រង់ប៉ុណ្ណោះទេ គឺឲ្យគេស្រឡាញ់ទ្រង់។ ប៉ុន្តែ មនុស្សជាច្រើនក្នុងចំណោមអ្នកដែលជឿលើព្រះជាម្ចាស់ គឺសុទ្ធតែអសមត្ថភាព រកមិនឃើញ «អាថ៌កំបាំង» នេះ។ មនុស្សមិនហ៊ានស្រឡាញ់ព្រះជាម្ចាស់ ហើយក៏មិនព្យាយាមស្រឡាញ់ទ្រង់ដែរ។ ពួកគេពុំដែលធ្លាប់រកឃើញសោះថា ព្រះជាម្ចាស់មានលក្ខណៈគួរឲ្យស្រឡាញ់ច្រើនណាស់។ ពួកគេពុំធ្លាប់រកឃើញសោះថា ព្រះជាម្ចាស់ គឺជាព្រះដែលស្រឡាញ់មនុស្ស និងជាព្រះដ៏គង់នៅ ដើម្បីឲ្យមនុស្សស្រឡាញ់។ សោភ័ណភាពរបស់ព្រះជាម្ចាស់ ត្រូវបានស្ដែងចេញមក តាមរយៈកិច្ចការរបស់ទ្រង់៖ លុះត្រាតែ មនុស្សមានបទពិសោធន៍ពីកិច្ចការរបស់ទ្រង់ ទើបពួកគេអាចរកឃើញសោភ័ណភាពរបស់ទ្រង់។ មានតែតាមរយៈបទពិសោធន៍ជាក់ស្ដែងរបស់គេទេ ទើបគេអាចស្ងើចសរសើរពី សោភ័ណភាពរបស់ព្រះជាម្ចាស់បាន ហើយប្រសិនបើមិនមានការកត់សម្គាល់ពីបទពិសោធន៍នេះនៅក្នុងជីវិតពិតទេ ក៏គ្មាននរណាម្នាក់អាចរកឃើញសោភណភាពរបស់ព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់មានលក្ខណៈគួរឲ្យស្រឡាញ់ច្រើនណាស់ ប៉ុន្តែ ប្រសិនបើគ្មានចំណងទំនាក់ទំនងពិតជាមួយនឹងទ្រង់ទេ មនុស្សក៏មិនអាចរកឃើញលក្ខណៈដ៏គួរឲ្យស្រឡាញ់ទាំងនេះដែរ។ មានន័យថា ប្រសិនបើព្រះជាម្ចាស់មិនបានក្លាយជាសាច់ឈាមទេ មនុស្សច្បាស់ជាមិនអាចមានចំណងទំនាក់ទំនងពិតជាមួយនឹងព្រះជាម្ចាស់ឡើយ ហើយប្រសិនបើពួកគេមិនអាចមានចំណងទំនាក់ទំនងពិតជាមួយទ្រង់ទេ នោះពួកគេច្បាស់ជាមិនអាចស្គាល់កិច្ចការរបស់ទ្រង់ឡើយ ហើយសេចក្ដីស្រឡាញ់របស់គេចំពោះ ព្រះអង្គ ក៏ច្បាស់ជាត្រូវសៅហ្មង ដោយភាពក្លែងក្លាយជា និងការស្រមើស្រមៃជាច្រើន។ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ នៅឯស្ថានសួគ៌ មិនជាក់ស្ដែងដូចជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់នៅផែនដីនេះទេ ដ្បិតការដែលមនុស្សស្គាល់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ គឺផ្អែកទៅលើការស្រមើស្រមៃរបស់គេ មិនមែនផ្អែកលើអ្វីដែលគេមើលឃើញផ្ទាល់នឹងភ្នែក និងផ្អែកលើអ្វីដែលគេបានពិសោធដោយខ្លួនឯង។ ពេលព្រះជាម្ចាស់យាងមកផែនដី មនុស្សអាចមើលឃើញសោភ័ណភាព និងទង្វើរបស់ទ្រង់ផ្ទាល់ ហើយពួកគេក៏អាចមើលឃើញ គ្រប់យ៉ាងទាក់ទងទៅនឹងនិស្ស័យជាក់ស្ដែង និងនិស្ស័យធម្មតារបស់ទ្រង់ ដែលសេចក្ដីទាំងអស់នេះមានលក្ខណៈជាក់ស្ដែង លើសពីការដែលគេស្គាល់ព្រះជាម្ចាស់ដែលគង់នៅឯស្ថានសួគ៌ រាប់ពាន់ដង។ បើទោះបីមនុស្សស្រឡាញ់ព្រះជាម្ចាស់ ដែលគង់នៅឯស្ថានសួគ៌ខ្លាំងប៉ុនណា ក៏សេចក្ដីស្រឡាញ់នេះគ្មានអ្វីជាក់ស្ដែងដែរ ហើយពោរពេញទៅដោយគំនិតរបស់មនុស្ស។ បើទោះបីជាសេចក្ដីស្រឡាញ់របស់មនុស្ស ចំពោះព្រះដែលគង់នៅលើផែនដីនេះ មានតិចតួចស្តួចស្ដើងម្ដេចក្ដី ក៏សេចក្ដីស្រឡាញ់នេះ ជាសេចក្ដីស្រឡាញ់ជាក់ស្ដែងដែរ បើទោះបីជាមានតិចតួចប៉ុនណាក្ដី ក៏សេចក្ដីស្រឡាញ់នេះ នៅ តែជាសេចក្ដីស្រឡាញ់ពិត។ ព្រះជាម្ចាស់ធ្វើឲ្យមនុស្សស្គាល់ទ្រង់ តាមរយៈកិច្ចការជាក់ស្ដែង ហើយទ្រង់ទទួលបាននូវសេចក្ដីស្រឡាញ់របស់គេ តាមរយៈចំណេះដឹងនេះហើយ។ គឺដូចជា ពេត្រុសដែរ៖ ប្រសិនបើគាត់មិនធ្លាប់រស់នៅ ជាមួយព្រះយេស៊ូវ នោះគាត់មុខជាមិនអាចស្រឡាញ់ព្រះយេស៊ូវឡើយ។ ដូច្នេះ ភក្ដីភាពដែលគាត់មាន ចំពោះព្រះយេស៊ូវ ក៏ផ្អែកលើចំណងទំនាក់ទំនងរបស់គាត់ជាមួយនឹងព្រះយេស៊ូវដែរ។ ដើម្បីឲ្យមនុស្សស្រឡាញ់ព្រះជាម្ចាស់ ទ្រង់បានយាងមកក្នុងចំណោមមនុស្សលោក ហើយរស់នៅជាមួយពួកគេ ហើយអស់ទាំងសេចក្ដីដែលព្រះអង្គបើកសម្ដែងឲ្យមនុស្សបានឃើញ និងបានស្គាល់ សុទ្ធតែជាតថភាពរបស់ព្រះជាម្ចាស់។
ដកស្រង់ពី «អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់ នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៥០០
ព្រះជាម្ចាស់ប្រើភាពជាក់ស្ដែង និងដំណើរមកដល់នៃហេតុការណ៍ ដើម្បីប្រោសមនុស្សឲ្យគ្រប់លក្ខណ៍។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ សម្រេចចំណែកកិច្ចការរបស់ទ្រង់ ក្នុងការប្រោសមនុស្សឲ្យគ្រប់លក្ខណ៍ ហើយនេះគឺជាកិច្ចការនៃការដឹកនាំ និងការបើកផ្លូវ។ មានន័យថា អ្នកត្រូវរកឃើញវីធីអនុវត្ត និងស្គាល់និមិត្តទាំងនេះ ក្នុងព្រះបន្ទូលទ្រង់។ មនុស្សនឹងមានផ្លូវ និងនិមិត្តនៅក្នុងការអនុវត្តជាក់ស្ដែងរបស់គេ តាមរយៈការយល់ដឹងសេចក្ដីទាំងនេះ ហើយគេនឹងអាចទទួលបាននូវការស្រាយបំភ្លឺ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គេនឹងអាចយល់ដឹងថា សេចក្ដីទាំងនេះ មកពីព្រះជាម្ចាស់ ហើយអាចយល់ឃើញយ៉ាងជាក់។ បន្ទាប់ពីមានការយល់ដឹងហើយ មនុស្សត្រូវចូលទៅក្នុងតថភាពនេះភ្លាម ហើយត្រូវប្រើព្រះបន្ទូលព្រះជាម្ចាស់ ដើម្បីផ្គាប់ព្រះទ័យរបស់ទ្រង់ នៅក្នុងជីវិតជាក់ស្ដែងរបស់គេ។ ព្រះជាម្ចាស់ នឹងដឹកនាំអ្នកក្នុងគ្រប់ការទាំងអស់ រួចទ្រង់នឹងប្រទានឲ្យអ្នកនូវវិធីអនុវត្ត ហើយធ្វើឲ្យអ្នកមានអារម្មណ៍ថា ទ្រង់គួរឲ្យស្រឡាញ់យ៉ាងពិសេស ព្រមទាំងអនុញ្ញាតិឲ្យអ្នកមើលឃើញថា គ្រប់ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអ្នក ធ្វើឡើងដើម្បីធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍។ ប្រសិនបើអ្នកចង់ឃើញសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ប្រសិនបើអ្នកចង់ស្គាល់សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ យ៉ាង ពិតប្រាកដ នោះអ្នកត្រូវតែចូលឲ្យជ្រៅក្នុងភាពជាក់ស្ដែង អ្នកត្រូវតែចូលជ្រៅទៅក្នុងជីវិតពិត និងមើលឃើញថា គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺជាសេចក្ដីស្រឡាញ់ និងការសង្គ្រោះមើលឃើញថា គ្រប់យ៉ាងដែលទ្រង់ធ្វើ គឺដើម្បីឲ្យមនុស្សអាចលះបង់រឿងសៅហ្មង ហើយបន្សុទ្ធលក្ខណៈដែលមានក្នុងមនុស្ស ជាសេចក្ដីដែលមិនអាចឲ្យគេផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ ព្រះជាម្ចាស់ប្រើព្រះបន្ទូល ដើម្បីផ្គត់ផ្គង់មនុស្សលោក ទ្រង់ចាត់ចែងស្ថានការណ៍នៃ ជីវិតពិតសម្រាប់ឲ្យមនុស្សមានបទពិសោធន៍ ហើយប្រសិនបើ មនុស្សហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់ច្រើន នោះពេលគេយកព្រះបន្ទូលនោះទៅអនុវត្ត នោះពួកគេក៏អាចដោះស្រាយការលំបាកទាំងអស់ក្នុងជីវិតរបស់គេ ដោយប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានន័យថា អ្នកតែមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីចូលឲ្យជ្រៅក្នុងភាពជាក់ស្ដែង។ ប្រសិនបើអ្នកមិនហូប និងផឺកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនមាននូវកិច្ចការរបស់ព្រះអង្គ នោះអ្នកនឹងមិនមានមាគ៌ាចូលទៅឯជីវិតឡើយ។ ប្រសិនបើអ្នកមិនដែលហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់ នោះអ្នកនឹងទាល់ប្រាជ្ញា នៅពេលមានរឿងកើតឡើងចំពោះអ្នក។ អ្នកគ្រាន់តែដឹងថា ខ្លួនគប្បីស្រឡាញ់ព្រះជាម្ចាស់ ប៉ុន្តែអ្នកមិនអាចបែងចែកភាពខុសគ្នា និងគ្មានវិធីអនុវត្តសោះ។ អ្នកច្របូកច្របល់ និងវង្វេងវង្វាន់ ហើយពេលខ្លះ អ្នកថែមទាំងជឿថា តាមរយៈការបំពេញតាមសាច់ឈាម អ្នកក៏ផ្គាប់ព្រះទ័យព្រះជាម្ចាស់ដែរ ទាំងអស់នេះ គឺជាលទ្ធផលនៃការមិនហូប និងមិនផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានន័យថា ប្រសិនបើអ្នកគ្មានជំនួយមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចេះតែរអ៊ូរទាំ នៅក្នុងភាពជាក់ស្ដែង នោអ្នកអសមត្ថភាពជាមូលដ្ឋានក្នុងការស្វែងរកវិធីអនុវត្តហើយ។ មនុស្សបែបនេះ មិនយល់ពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់តែម្ដង ហើយរឹតតែមិនយល់អំពីអត្ថន័យនៃការស្រឡាញ់ព្រះជាម្ចាស់ទៅទៀត។ ប្រសិនបើអ្នកឧស្សាហ៍អធិស្ឋាន ស្រាវជ្រាវ ហើយស្វែងរក ដោយប្រើការស្រាយបំភ្លឺ និងការដឹកនាំដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរយៈការនេះ អ្នកនឹងរកឃើញថា អ្នកគួរយកព្រះបន្ទូលមកអនុវត្ត គួររិះរកឱកាសសម្រាប់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ សហការជាមួយព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយអ្នកលែងច្របូកច្របល់ និងវង្វេងវង្វាន់ដែរ បន្ទាប់មក អ្នកនឹងមានផ្លូវមួយក្នុងជីវិតពិត ហើយអ្នកនឹងផ្គាប់ព្រះជាម្ចាស់បានយ៉ាងពិតប្រាកដ។ ពេលដែលអ្នកបានផ្គាប់ព្រះទ័យព្រះជាម្ចាស់ហើយ នោះនឹងមានការដឹកនាំរបស់ព្រះជាម្ចាស់ នៅក្នុងជីវិតរបស់អ្នក ហើយអ្នកនឹងមានការប្រទានព្រះពរជាពិសេសពីព្រះជាម្ចាស់ គឺជាព្រះពរដែលនឹងផ្ដល់ឲ្យអ្នកមានទឹកចិត្តរីករាយ៖ អ្នកនឹងមានអារម្មណ៍ថាមានកិត្តយសជាពិសេស ដ្បិតអ្នកបានផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្នកមានអាម្មណ៍ស្រស់ស្រាយពីខាងក្នុងជាពិសេស ហើយក្នុងដួងចិត្តរបស់អ្នក អ្នកនឹងបានជ្រះស្រឡះ ហើយស្ងប់សុខផង។ សម្បញ្ញៈរបស់អ្នកនឹងបានស្រាកស្រាន្ត ព្រមទាំងបានរួចពីចោទប្រកាន់ទាំងអម្បាលម៉ាន ហើយអ្នកនឹងមានអារម្មណ៍រីករាយក្នុងចិត្ត នៅពេលជួបបងប្អូន ប្រុសស្រីរបស់ខ្លួន។ នេះហើយជាអត្ថន័យនៃការត្រេកអរ នឹងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយមានតែវិធីនេះទេ ទើបជាការអរសប្បាយនឹងព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ភាពអរសប្បាយរបស់មនុស្សនឹងក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ អាចទទួលបានតាមរយៈបទពិសោធន៍មួយគឺ៖ តាមរយៈការឆ្លងកាត់នូវការលំបាក និងបទពិសោធន៍នៃការយកសេចក្ដីពិតទៅអនុវត្ត។ ប្រសិនបើអ្នកគ្រាន់តែពោលថា ព្រះជាម្ចាស់ពិតជាស្រឡាញ់អ្នក ដោយពោលថា ព្រះជាម្ចាស់បានបង់ថ្លៃលោះដ៏ធ្ងន់ធ្ងរដើម្បីមនុស្សលោក ដល់ថ្នាក់ទ្រង់ថ្លែងព្រះបន្ទូលជាច្រើនដោយអត់ធ្មត់ និងដោយសប្បុរស ហើយតែងសង្គ្រោះមនុស្សលោករហូត នោះការពោលពាក្យសម្ដីរបស់អ្នក វាបានត្រឹមតែជាការអរសប្បាយតែម្ខាងរបស់ព្រះជាម្ចាស់ទេ។ ប៉ុន្ដែ ការអរសប្បាយដ៏អស្ចារ្យជាងនេះ ដែលជាការអរសប្បាយពិត គឺពេលដែលមនុស្សយកសេចក្ដីពិតទៅអនុវត្តនៅក្នុងជីវិតពិតរបស់ពួកគេ បន្ទាប់ពីពួកគេបានជ្រះថ្លា និងបានសុខសាន្តនៅក្នុងចិត្តហើយ។ ពួកគេមានអារម្មណ៍ថាត្រូវ បានបណ្ដាលចិត្តជាខ្លាំងនៅក្នុងចិត្ត និងមានអារម្មណ៍ថា ព្រះជាម្ចាស់គួរឲ្យស្រឡាញ់បំផុត។ អ្នកនឹងមានអារម្មណ៍ថា តម្លៃដែលអ្នកបានបង់ គឺលើសពីសមរម្យទៅហើយ។ ដោយបានបង់តម្លៃដ៏លើសលប់ តាមរយៈការប្រឹងប្រែង របស់អ្នក នោះអ្នកនឹងបានភ្លឺថ្លាក្នុងចិត្តជាពិសេស៖ អ្នកនឹងមានអារម្មណ៍ថា អ្នកកំពុងតែរីករាយនឹងក្ដីស្រឡាញ់ យ៉ាងពិតប្រាកដ ហើយអ្នកនឹងយល់ថា ព្រះជាម្ចាស់បានធ្វើកិច្ចការនៃសេចក្ដីសង្គ្រោះ នៅក្នុងមនុស្សលោកយល់ ថា ការដែលទ្រង់រែងមនុស្សលោក គឺដើម្បីបន្សុទ្ធពួកគេ ហើយយល់ថា ព្រះជាម្ចាស់ល្បងលមនុស្ស ដើម្បីពិសោធមើលថា ពួកគេស្រឡាញ់ពិតប្រាកដដែរឬទេ។ ប្រសិនបើអ្នកយកសេចក្ដីពិតមកអនុវត្តបែបនេះរហូត នោះអ្នកនឹងបង្កើតបានការចេះដឹងដ៏ច្បាស់លាស់អំពីកិច្ចការជាច្រើន របស់ព្រះជាម្ចាស់ ហើយពេលនោះអ្នកនឹងមានអារម្មណ៍ ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅចំពោះមុខអ្នក ច្បាស់ដូចថ្ងៃ។ ប្រសិនបើអ្នកអាចយល់ច្បាស់អំពីសេចក្ដីពិតជាច្រើន អ្នកនឹងមានអារម្មណ៍ថា គ្រប់សេចក្ដីទាំងអស់សុទ្ធ តែងាយយកមកអនុវត្ត ដែលនឹងប្រោសឲ្យអ្នកមានសេរីដ៏ធំធេង និងប្រោសអ្នកឲ្យរួច រហូតអ្នកអាចយកឈ្នះបញ្ហា និងការល្បួងនានា ហើយអ្នកនឹងឃើញថា គ្មានអ្វីជាបញ្ហា ចំពោះអ្នកឡើយ។ នៅពេលនោះអ្នកកំពុងតែអរសប្បាយនឹងក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយសេចក្ដីស្រឡាញ់ ពិតរបស់ព្រះជាម្ចាស់នឹងមកសណ្ឋិតលើអ្នកជាមិនខាន។ ព្រះជាម្ចាស់ប្រទានពរដល់មនុស្សដែលមាននិមិត្ត មនុស្សដែលមានសេចក្ដីពិត មានចំណេះដឹង និងស្រឡាញ់ទ្រង់ពិតប្រាកដ។ ប្រសិនបើមនុស្សចង់មើលឃើញនូវសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពួកគេត្រូវតែយកសេចក្ដីពិត មកអនុវត្តក្នុងជីវិតជាក់ស្ដែង ពួកគេត្រូវតែព្រមស៊ូទ្រាំនឹងការឈឺចាប់ និងបោះបង់អ្វីៗដែលគេស្រឡាញ់ ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់។ ព្រះជាម្ចាស់ច្បាស់ជាប្រទានពរដល់អ្នកតាមវិធីនេះ ហើយប្រសិនបើអ្នកស៊ូទ្រាំនឹងការលំបាកបែបនេះបាន បន្ទាប់មក កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនឹងកើតមានដល់អ្នក។ មនុស្សអាចមើលឃើញលក្ខណៈគួរឲ្យស្រទ្បាញ់របស់ព្រះជាម្ចាស់ តាមរយៈជីវិតជាក់ស្តែង និងបទពិសោធន៍ព្រះបន្ទូលព្រះជាម្ចាស់ ហើយទាល់តែគេបានភ្លក់នូវសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ទើបគេអាចស្រឡាញ់ទ្រង់ យ៉ាងពិតប្រាកដបាន។
ដកស្រង់ពី «អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់ នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៥០១
កាលណាអ្នកកាន់តែយកសេចក្ដីពិតមកអនុវត្ត អ្នកក៏មានសេចក្ដីពិតកាន់តែច្រើនដែរ។ កាលណាអ្នកកាន់តែយកសេចក្ដីពិតមកអនុវត្ត អ្នកមានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់កាន់តែច្រើនដែរ ហើយកាលណាអ្នកកាន់តែយកសេចក្ដីពិតមកអនុវត្ត អ្នកទទួលបានព្រះពរកាន់តែច្រើនពីព្រះជាម្ចាស់ដែរ។ ប្រសិនបើអ្នកអនុវត្តបែបនេះបានរហូត នោះសេចក្ដីស្រឡាញ់ដែលព្រះជាម្ចាស់មានចំពោះអ្នក នឹងជួយឲ្យអ្នកមើលឃើញបន្តិចម្ដងៗ ដូចជា ពេត្រុសចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់៖ លោកបាននិយាយថា ព្រះជាម្ចាស់មិនត្រឹមតែមានប្រាជ្ញាញាណ បង្កើតនូវផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើនោះទេ តែលើសពីនេះទៀត ទ្រង់ក៏មានប្រាជ្ញាញាណ ក្នុងការអនុវត្តកិច្ចការជាក់ស្តែង ក្នុងមនុស្សផងដែរ។ ពេត្រុសបាននិយាយថា ទ្រង់មិនត្រឹមតែស័ក្ដិសមឲ្យមនុស្សស្រឡាញ់ ដោយព្រោះ ការដែលព្រះអង្គបង្កើតផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើរ នោះទេ តែលើសពីនេះ គឺដោយព្រោះភាពវាងវៃ ក្នុងការបង្កើតមនុស្សលោក សង្គ្រោះមនុស្សលោក និងប្រោសឲ្យ មនុស្សលោកបានគ្រប់លក្ខណ៍ និងដើម្បីបន្សល់ទុកសេចក្ដីស្រឡាញ់ឲ្យពួកគេ។ ពេត្រុសបាននិយាយទៀតថា នៅក្នុងព្រះអង្គមានលក្ខណៈជាច្រើនដែលស័ក្ដិសមឲ្យ មនុស្សស្រឡាញ់។ ពេត្រុសទូលទៅព្រះយេស៊ូវថា «តើការបង្កើតផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើ គឺជាហេតុផលតែមួយដែលធ្វើឲ្យទ្រង់ស័ក្ដិសមនឹងទទួលសេចក្ដីស្រឡាញ់ពីមនុស្សលោកមែនទេ? នៅក្នុងព្រះអង្គមានលក្ខណៈច្រើនទៀតដែលគួរឲ្យស្រឡាញ់។ ព្រះអង្គធ្វើការ និងមានចលនាក្នុងជីវិតជាក់ស្ដែង ព្រះវិញ្ញាណរបស់ទ្រង់ ពាល់ទូលបង្គំពីខាងក្នុង ទ្រង់លត់ដំទូលបង្គំ ទ្រង់ទិតៀនទូលបង្គំ សេចក្ដីទាំងអស់នេះ រឹតតែសមឲ្យទ្រង់ទទួលនូវ សេចក្ដីស្រឡាញ់ពីមនុស្សលោកថែមទៀតផង»។ ប្រសិនបើអ្នកចង់ឃើញ និងស្គាល់សេចក្ដីស្រឡាញ់ព្រះជាម្ចាស់ នោះអ្នកត្រូវតែស្រាវជ្រាវ និងស្វែងរកក្នុងជីវិតជាក់ស្ដែង ហើយត្រូវព្រមលះបង់សាច់ឈាមរបស់ខ្លួនដោយឡែក។ អ្នកត្រូវតែធ្វើការតាំងចិត្តបែបនេះ។ អ្នកត្រូវធ្វើជាមនុស្សម្នាក់ដែលមានការតាំងចិត្ត ជាមនុស្សដែលអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងគ្រប់ការទាំងអស់ដោយមិនខ្ជិលច្រអូស ឬលោភនឹងការអាស្រ័យផលនៃសាច់ឈាម ក៏មិនរស់ដើម្បីសាច់ឈាម តែរស់ដើម្បីព្រះជាម្ចាស់។ ក៏មានពេលខ្លះ អ្នកក៏មិនបានផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បានដែរ។ មូលហេតុមកពីអ្នកមិនយល់ព្រះហឫទ័យទ្រង់ ដូច្នេះពេលក្រោយ អ្នកត្រូវផ្គាប់ព្រះហឫទ័យទ្រង់ឲ្យបាន មិនត្រូវផ្គាប់សាច់ឈាម ឡើយ ទោះបីជាត្រូវខំប្រឹងប្រែងជាងមុនក៏ដោយ។ កាលណាអ្នកមានបទពិសោធន៍ដូច្នេះហើយ អ្នកនឹងបានស្គាល់ ព្រះជាម្ចាស់។ អ្នកត្រូវតែមើលឃើញថា ព្រះជាម្ចាស់អាចបង្កើតផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើ ឃើញថា ទ្រង់បានយកកំណើតជាសាច់ឈាម ដើម្បីឲ្យមនុស្សអាចមើលឃើញទ្រង់ ហើយមានចំណងទាក់ទងជាមួយទ្រង់យ៉ាងពិតប្រាកដ។ អ្នកនឹងមើលឃើញថា ទ្រង់អាចដើរក្នុងចំណោមមនុស្សលោក ហើយឃើញថា ព្រះវិញ្ញាណរបស់ទ្រង់អាចប្រោសមនុស្សឲ្យបានគ្រប់លក្ខណ៍ នៅក្នុងជីវិតជាក់ស្ដែង ដោយ អនុញាតិឲ្យពួកគេមើលឃើញនូវលក្ខណៈគួរឲ្យស្រឡាញ់ របស់ទ្រង់ និងស្គាល់ការលត់ដំ ការដាក់ទោស និងស្គាល់ ព្រះពររបស់ព្រះអអ្គ។ ប្រសិនបើអ្នកមានបទពិសោធន៍បែបនេះ រហូត នោះអ្នកនឹងមិនអាចដាច់ចេញពីព្រះជាម្ចាស់ក្នុងជីវិតជាក់ស្ដែងបានឡើយ ហើយប្រសិនបើថ្ងៃមួយសម្ពន្ធភាពរបស់អ្នកជាមួយនឹងព្រះជាម្ចាស់លែងប្រក្រតី នោះអ្នកនឹងអាចរងនូវការស្ដីបន្ទោស និងមានវិប្បដិសារី។ នៅពេលដែលអ្នកមានសម្ពន្ធភាពប្រក្រតីមួយ ជាមួយព្រះជាម្ចាស់ នោះអ្នកនឹងមិនចង់ទៅឆ្ងាយពីព្រះជាម្ចាស់ទេ ហើយប្រសិនបើថ្ងៃមួយព្រះជាម្ចាស់មានបន្ទូលថា ទ្រង់នឹងទៅឆ្ងាយពីអ្នក នោះអ្នកនឹងភ័យខ្លាច រួចនិយាយថា អ្នកស៊ូស្លាប់ ប្រសើរ ជាងឲ្យព្រះជាម្ចាស់ចេញឆ្ងាយពីអ្នក។ កាលណាអ្នកមាន អារម្មណ៍បែបនេះ នោះអ្នកគិតថា អ្នកមិនអាចចាកចេញ ឆ្ងាយពីព្រះជាម្ចាស់ឡើយ អ្នកនឹងមានមូលដ្ឋានគ្រឹះមួយ ហើយអ្នកនឹងត្រេកអរសប្បាយនឹងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ យ៉ាងពិតប្រាកដ តាមវិធីនេះ។
ដកស្រង់ពី «អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់ នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៥០២
មនុស្សនិយាយអំពីការដែលគេយកព្រះជាម្ចាស់់ ធ្វើជាជីវិតរបស់គេជារឿយៗ ប៉ុន្តែបទពិសោធន៍របស់គេ គឺមិនទាន់ដល់ចំណុចនោះនៅឡើយទេ។ អ្នកគ្រាន់តែនិយាយថា ព្រះជាម្ចាស់ជាជីវិតអ្នក អ្នកនិយាយថា ព្រះអង្គដឹកនាំអ្នករាល់ថ្ងៃ ដោយអ្នកហូប និងផឹកព្រះបន្ទូលរបស់ទ្រង់រាល់ថ្ងៃ ហេតុនេះ ទ្រង់បានក្លាយជាជីវិតរបស់អ្នកហើយ។ ការចេះដឹងរបស់មនុស្សដែលនិយាយដូច្នេះ រាក់កំភែលណាស់។ មនុស្សជាច្រើនគ្មានមូលដ្ឋានគ្រឹះនៅ ក្នុងខ្លួនទេ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រូវបានដាក់ដាំនៅ ក្នុងពួកគេ ប៉ុន្តែ ព្រះបន្ទូលនោះមិនទាន់ដុះពន្លកឡើងទេ ក៏រឹតតែមិនទាន់កើតមានជាផលផ្លែផង។ បច្ចុប្បន្ននេះ តើអ្នកមានបទពិសោធន៍ដល់កម្រិតណាហើយ? ទើបតែពេល នេះ គឺបន្ទាប់ពីព្រះជាម្ចាស់បានជំរុញអ្នកមកដល់កម្រិតនេះ ទើបអ្នកមានអារម្មណ៍ថា អ្នកមិនអាចចាកចេញពីព្រះជាម្ចាស់រួច។ លុះថ្ងៃមួយ នៅពេលដែលបទពិសោធន៍របស់អ្នកបានឈានដល់ចំណុចជាក់លាក់មួយ ប្រសិនបើ ព្រះជាម្ចាស់បង្ខំឲ្យអ្នកចេញទៅឆ្ងាយ អ្នកច្បាស់ជាមិនអាចធ្វើបានឡើយ។ អ្នកនឹងគិតជានិច្ចថា អ្នកមិនអាចរស់ដោយគ្មានព្រះជាម្ចាស់សណ្ឋិតក្នុងអ្នកឡើយ។ អ្នកអាចរស់នៅដោយគ្មានប្ដី គ្មានប្រពន្ធ ឬកូន គ្មានគ្រួសារ គ្មានឪពុក ឬម្ដាយ គ្មានការអាស្រ័យផលផ្នែកសាច់ឈាម ប៉ុន្តែ អ្នក មិនអាចរស់ដោយគ្មានព្រះជាម្ចាស់បានឡើយ។ ជីវិតរស់ នៅដោយគ្មានព្រះជាម្ចាស់ ប្រៀបបានទៅនឹងការបាត់បង់ ជីវិតរបស់អ្នកដូច្នោះដែរ អ្នកច្បាស់ជាមិនអាចរស់ ដោយគ្មានព្រះជាម្ចាស់ឡើយ។ កាលណាអ្នកមានបទពិសោធន៍ ដល់ចំណុចនេះហើយ អ្នកនឹងសម្រេចគោលដៅ នៅក្នុងជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ ហើយតាមរយៈវិធីនេះ ព្រះជាម្ចាស់នឹងក្លាយជាជីវិតរបស់អ្នក គឺទ្រង់ក្លាយជាគ្រឹះនៃវត្តមានជីវិតរបស់អ្នក។ អ្នកនឹងមិនអាចចេញទៅឆ្ងាយពីព្រះជាម្ចាស់ឡើយ។ នៅពេលដែលអ្នកមានបទពិសោធន៍ដល់កម្រិតនេះ អ្នកនឹងអរសប្បាយនឹងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយពេលដែលអ្នកមានសម្ពន្ធភាពជិតស្និទនឹងព្រះជាម្ចាស់គ្រប់គ្រាន់ហើយ ព្រះអង្គនឹងក្លាយជាជីវិតរបស់អ្នក ជាក្ដីស្រឡាញ់របស់អ្នក ហើយនៅពេលនោះ អ្នកនឹងអធិស្ឋានទៅព្រះអង្គ ហើយទូលថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំមិនអាចចេញឆ្ងាយពីព្រះអង្គឡើយ។ ទ្រង់ជាជីវិតទូលបង្គំ។ ទូលបង្គំអាចបន្តរស់ដោយគ្មានអ្វីៗទាំងអស់បាន ប៉ុន្តែទូលបង្គំមិនអាចបន្តរស់ដោយគ្មានព្រះអង្គបានឡើយ។» នេះជាស្ថានការណ៍ពិតរបស់មនុស្ស វាគឺជាជីវិតពិតរបស់គេ។ មនុស្សខ្លះធ្លាប់ត្រូវគេបង្ខំឲ្យឈានមកដល់ស្ថានការណ៍ជីវិតដែលគេមានសព្វថ្ងៃ៖ ពួកគេត្រូវបន្តទៅមុខ បើទោះជាពួកគេមិនចង់ក៏ដោយ ហើយពួកគេតែមានអារម្មណ៍ថា ពួកគេហាក់កំពុងនៅជាប់នឹងកន្លៀតថ្ម ឬកន្លែងដ៏លំបាកមួយ។ អ្នកត្រូវតែមានបទពិសោធន៍ដែលថា ព្រះជាម្ចាស់ គឺជាជីវិតរបស់អ្នក បទពិសោធដែលថា ប្រសិនបើព្រះជាម្ចាស់ត្រូវដកចេញពីដួងចិត្តរបស់អ្នក ការនេះវាប្រៀបបានទៅនឹងការបាត់បង់ជីវិតរបស់អ្នក។ ព្រះជាម្ចាស់ត្រូវតែជាជីវិតរបស់អ្នក ហើយ អ្នកច្បាស់ជាមិនអាចចេញឆ្ងាយពីទ្រង់ឡើយ។ តាមរយៈវិធីនេះ អ្នកនឹងមានបទពិសោធន៍ពិតពីព្រះជាម្ចាស់ ហើយនៅពេលនេះ ពេលដែលអ្នកស្រឡាញ់ព្រះជាម្ចាស់ គឺអ្នកនឹងស្រឡាញ់ទ្រង់ពិតប្រាកដ ហើយក្ដីស្រឡាញ់នោះ ក៏ក្លាយជាក្ដីស្រឡាញ់ដ៏បរិសុទ្ធអស្ចារ្យ។ ថ្ងៃមួយ នៅពេលដែលបទពិសោធន៍របស់អ្នកបង្ហាញថា ជីវិតរបស់អ្នកបានឈានដល់ចំណុចជាក់លាក់មួយ នៅពេលអ្នកអធិស្ឋានដល់ ព្រះជាម្ចាស់ រួចហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់ នោះអ្នក នឹងមិនអាចទុកព្រះជាម្ចាស់ចោលនៅខាងក្នុងបានឡើយ ហើយអ្នកក៏មិនអាចបំភ្លេចទ្រង់បានដែរ ទោះបីជាអ្នកចង់ធ្វើបែបនេះក៏ដោយ។ ព្រះជាម្ចាស់នឹងក្លាយជាជីវិតរបស់អ្នក អ្នកអាចបំភ្លេចលោកិយចោល អ្នកអាចបំភ្លេចភរិយា ស្វាមី ឬកូនៗរបស់អ្នកបាន ប៉ុន្តែអ្នកនឹងពិបាកបំភ្លេចព្រះជាម្ចាស់ណាស់ ការធ្វើបែបនេះ គឺច្បាស់ជាមិនអាចទៅរួច នេះជាជីវិតពិត និងជាក្ដីស្រឡាញ់ពិតដែលអ្នកមាន ចំពោះព្រះជាម្ចាស់។ កាលណាសេចក្ដីស្រឡាញ់ ដែលមនុស្សមាន ចំពោះព្រះជាម្ចាស់ បានឈានដល់ចំណុចមួយជាក់លាក់ នោះក្ដីស្រឡាញ់ដែលគេមានចំពោះអ្វីៗដទៃទៀត គឺមិនអាចប្រៀបស្មើនឹងក្ដីស្រឡាញ់របស់គេ ចំពោះព្រះជាម្ចាស់ឡើយ។ ក្ដីស្រឡាញ់ដែលគេមានចំពោះព្រះជាម្ចាស់ គឺជាអាទិភាពទីមួយ។ តាមរយៈវិធីនេះ អ្នកអាចលះបង់ចោលអ្វីៗផ្សេងគ្រប់យ៉ាង ហើយក៏ព្រមទទួលការដោះស្រាយ និង ការលះកាត់ ពីសំណាក់ព្រះជាម្ចាស់ផង។ កាលណា អ្នក សម្រេចបានក្ដីស្រឡាញ់ដែលល្អលើសអ្វីៗទាំងអស់របស់ព្រះជាម្ចាស់ នោះអ្នកនឹងរស់ក្នុងតថភាព និងក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់បាន។
ដកស្រង់ពី «អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់ នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៥០៣
ពេលដែលព្រះជាម្ចាស់ក្លាយជាជីវិតនៅក្នុងមនុស្សហើយ មនុស្សមិនអាចចេញឆ្ងាយពីព្រះជាម្ចាស់ឡើយ។ តើនេះមិនមែនជាទង្វើរបស់ព្រះជាម្ចាស់ទេឬអី? គ្មានទីបន្ទាល់ណាអស្ចារ្យជាងនេះទៀតទេ! ព្រះជាម្ចាស់បានធ្វើកិច្ចការ ដល់ចំណុចជាក់លាក់មួយហើយ ព្រះអង្គបានបង្គាប់ឲ្យមនុស្សធ្វើកិច្ចការបម្រើឲ្យគេត្រូវទទួលទោស ឬឲ្យគេស្លាប់ ហើយមនុស្សក៏មិនបានរាថយដែរ នេះបង្ហាញថា ពួកគេត្រូវព្រះជាម្ចាស់យកឈ្នះហើយ។ មនុស្សដែលមាន សេចក្ដីពិត ក្នុងបទពិសោធពិតរបស់គេ គឺជាមនុស្សដែលអាចឈរមាំនៅក្នុងទីបន្ទាល់របស់គេ អាចឈរមាំនៅក្នុងតួនាទីរបស់គេ អាចឈរនៅខាងព្រះជាម្ចាស់ ដោយមិនរាថយ ហើយគឺជាមនុស្សដែលអាចមានសម្ពន្ធភាពសាមញ្ញ មួយ ជាមួយនឹងមនុស្សដែលស្រឡាញ់ពញរះជាម្ចាស់ ជា មនុស្សដែលអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង ពេល ដែលមានរឿងរ៉ាវកើតឡើងចំពោះពួកគេ ហើយអាចស្ដាប់ បង្គាប់រហូតដល់ទីមរណាផង។ ការអនុវត្តរបស់អ្នក និង ការបើកសម្ដែងក្នុងជីវិតជាក់ស្ដែងរបស់អ្នក គឺជាទីបន្ទាល់របស់ព្រះជាម្ចាស់ សេចក្ដីទាំងនេះគឺជាការរស់ជាទីបន្ទាល់ និងជាបន្ទាល់របស់ព្រះជាម្ចាស់ ហើយនេះជាការអាស្រ័យ ផលពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ដែរ។ នៅពេល អ្នកបានដកពិសោធដល់ចំណុចនេះហើយ ផលដែលនឹងត្រូវកើតមាន នឹងសម្រេចបាន។ អ្នកមានជីវិតជាទីបន្ទាល់ពិត ហើយគ្រប់សកម្មភាពរបស់អ្នក នឹងត្រូវអ្នកដទៃមើលឃើញទាំងស្ងើចសរសើរ។ ការស្លៀកពាក់ និងកិរិយាខាងក្រៅរបស់អ្នក គ្មានអ្វីគួរឲ្យកត់សម្គាល់ទេ ប៉ុន្តែជីវិតរបស់ អ្នកគឺជាការរស់ជាទីបន្ទាល់ពីការគោរពកោតខ្លាចព្រះជាទីបំផុត ហើយពេលដែលអ្នកផ្សាយព្រះបន្ទូលព្រះជាម្ចាស់ នោះអ្នកក៏ត្រូវដឹកនាំ និងស្រាយបំភ្លឺដោយព្រះអង្គ។ អ្នក អាចថ្លែងពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ តាមរយៈពាក្យសម្ដីរបស់អ្នក អាចផ្សាយពីតថភាព ហើយអ្នកអាចយល់ ច្រើនពីការបម្រើខាងវិញ្ញាណ។ អ្នកអាចនិយាយស្ដីដោយ ស្មោះត្រង់ អ្នកជាមនុស្សត្រឹមត្រូវ និងទៀងត្រង់ ចេះទុកមុខ ហើយថ្លៃថ្នូរ អ្នកអាចស្ដាប់តាមការចាត់ចែងរបស់ព្រះជាម្ចាស់ និងឈរមាំក្នុងទីបន្ទាល់របស់ខ្លួន នៅពេលដែលមានរឿងរ៉ាវកើតឡើងចំពោះអ្នក ហើយអ្នកក៏មានភាពនឹងធឹង និងស្រគត់ស្រគំ ទោះបីអ្នកកំពុងដោះស្រាយបញ្ហាអ្វីក៏ដោយ។ បុគ្គលបែបនេះគឺពិតជាធ្លាប់បានឃើញសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មែន។ មនុស្សខ្លះនៅវ័យក្មេង ប៉ុន្តែពួកគេប្រព្រឹត្តខ្លួនដូចជាមនុស្សវ័យកណ្ដាល ពួកគេមានភាពចាស់ទុំគេមានសេចក្ដីពិត ហើយមានគេស្ងើចសរសើរផង ហើយអ្នកទាំងអស់នេះ ជាមនុស្សដែលមានទីបន្ទាល់ និងជាទីសម្គាល់ពីព្រះជាម្ចាស់។ មានន័យថា ពេលដែលពួក គេមានបទពិសោធន៍ដល់ចំណុចមួយជាក់លាក់ នោះពួកគេនឹងមានការយល់ដឹងដ៏ជ្រាលជ្រៅចំពោះព្រះជាម្ចាស់ នៅក្នុងពួកគេ ហើយកិរិយាខាងក្រៅរបស់ពួកគេ នឹងបាននឹងធឹងទៀតផង។ មនុស្សជាច្រើន គេមិនយកសេចក្ដីពិតទៅអនុវត្ត ហើយក៏មិនឈរមាំនៅក្នុងទីបន្ទាល់របស់គេដែរ។ នៅក្នុងមនុស្សបែបនេះ គ្មានទេសេចក្ដីស្រឡាញ់សម្រាប់ ព្រះជាម្ចាស់ ឬបន្ទាល់អំពីព្រះជាម្ចាស់ ហើយពួកគេទាំងអស់នេះ គឺជាមនុស្សដែលព្រះជាម្ចាស់ស្អប់ជាទីបំផុត។ ពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងទីជំនុំ ប៉ុន្តែសាតាំង ទើបជាទីបន្ទាល់ជីវិតរបស់គេវិញ ហើយនេះជាការបន្ទាបបន្ថោកព្រះជាម្ចាស់ ជាការបំពានព្រះជាម្ចាស់ និងជាការប្រមាថព្រះជាម្ចាស់។ នៅក្នុងមនុស្សជំពូកនេះ គ្មានទេទី សម្គាល់នៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពួកគេគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទាល់តែសោះ ដូច្នេះ សម្ដី និងសកម្មភាពរបស់មនុស្ស សុទ្ធតែតំណាងឲ្យសាតាំង។ ប្រសិនបើដួងចិត្តរបស់អ្នក បានមេត្រីជានិច្ចនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ហើយអ្នកក៏យកចិត្តទុកដាក់ចំពោះមនុស្ស និងរឿងរ៉ាវ ព្រមទាំងហេតុការណ៍ដែលកំពុងតែកើតឡើងជុំវិញ ខ្លួនឯងជាប់ជានិច្ច ហើយប្រសិនបើអ្នកចេះគិតដល់បន្ទុករបស់ព្រះជាម្ចាស់ និងមានចិត្តគោរពកោតខ្លាចដល់ទ្រង់ នោះព្រះអង្គនឹងស្រាយបំភ្លឺពីក្នុងចិត្តអ្នកជារឿយៗ។ នៅក្នុងពួកជំនុំ មានមនុស្សដែលជា «អ្នកត្រួតត្រា» ជាច្រើន៖ ពួកគេត្រៀមឃ្លាំមើលភាពកម្សោយរបស់អ្នកដទៃ បន្ទាប់មកក៏ចម្លង និងប្រព្រឹត្តតាមពួកគេ។ ពួកគេអសមត្ថភាពក្នុងការបែងចែកភាពខុសគ្នា ពួកគេមិនស្អប់អំពើបាប មិនខ្ពើមកិច្ចការរបស់សាតាំង ហើយនៅទីបំផុត ពួកគេនឹងត្រូវព្រះជាម្ចាស់បោះបង់ចោលទាំងស្រុង។ ដួងចិត្តរបស់អ្នកត្រូវតែជាដួងចិត្តដែលចេះគោរពកោតខ្លាច នៅចំពោះព្រះជាម្ចាស់ជានិច្ច ពាក្យសម្ដី និងសកម្មភាពរបស់អ្នក ក៏មិនត្រូវស្ទើរក្ដៅស្ទើរត្រជាក់ ហើយមិនត្រូវមានចិត្តចង់ប្រឆាំង ទាស់នឹងព្រះជាម្ចាស់ ឬធ្វើឲ្យទ្រង់ព្រួយព្រះទ័យឡើយ។ អ្នកមិនគប្បីព្រមឲ្យកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអ្នក ក្លាយជាអសារឥតការ ឬបណ្ដោយឲ្យការលំបាកដែលអ្នកបានស៊ូទ្រាំ និងគ្រប់យ៉ាងដែលអ្នកយកមកអនុវត្ត ទៅជាឥតប្រយោជន៍នោះឡើយ។ អ្នកត្រូវតែព្រមធ្វើការឲ្យខ្លាំងជាងមុន និងស្រឡាញ់ព្រះជាម្ចាស់ជាងមុននៅលើផ្លូវខាងមុខ។ មនុស្សទាំងនេះ គឺជាមនុស្សដែលមាននិមិត្តទុកជា មូលដ្ឋានគ្រឹះរបស់ពួកគេ។ ពួកគេគឺជាមនុស្សដែលស្វែងរកវឌ្ឍនភាព។
ដកស្រង់ពី «អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់ នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៥០៤
ប្រសិនបើមនុស្សជឿលើព្រះជាម្ចាស់ ហើយមានបទពិសោធន៍ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយដួងចិត្តគោរពដល់ព្រះជាម្ចាស់ នោះសេចក្ដីសង្គ្រោះ និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ អាចនឹងឃើញមាននៅក្នុងមនុស្សបែបនេះ។ មនុស្សទាំងនេះអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់បាន ពួកគេអាចរស់ជាទីបន្ទាល់ពីសេចក្ដីពិត ពីលក្ខណៈ និងនិស្ស័យរបស់ព្រះជាម្ចាស់បាន។ ប្រសិនបើមនុស្សចង់ស្រឡាញ់ព្រះជាម្ចាស់ ពួកគេត្រូវតែបានភ្លក់ និងមើលឃើញលក្ខណៈដ៏គួរឲ្យស្រឡាញ់របស់ព្រះ។ ទាល់តែដល់ពេលនោះ ទើបដួង ចិត្តដែលស្រឡាញ់ព្រះ ដួងចិត្តដែលជំរុញចិត្តអ្នកដទៃឲ្យ ថ្វាយខ្លួន ដោយភក្ដីភាពដល់ព្រះជាម្ចាស់ អាចត្រូវបណ្ដុះឡើងនៅក្នុងពួកគេ។ ព្រះជាម្ចាស់មិនបង្ខំមនុស្សលោក ឲ្យស្រឡាញ់ទ្រង់ដោយពាក្យសម្ដី និងការសម្ដែងទឹកមុខ ឬដោយការស្រមើស្រមៃរបស់ពួកគេឡើយ ហើយព្រះអង្គក៏មិនបង្ខំពួកគេឲ្យស្រឡាញ់ទ្រង់ដែរ។ ផ្ទុយទៅវិញ ទ្រង់ទុកឲ្យគេស្រឡាញ់ទ្រង់ដោយឆន្ទៈរបស់គេផ្ទាល់ ហើយទ្រង់ទុកឲ្យគេមើលឃើញពីលក្ខណៈគួរឲ្យស្រឡាញ់របស់ទ្រង់ នៅក្នុងកិច្ចការ និងព្រះសូរសៀងទ្រង់វិញ បន្ទាប់មក ក៏មានការនឹកចាំពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ នៅក្នុងពួកគេ។ មានតែតាមវិធីនេះទេ ទើបមនុស្សអាចធ្វើជាបន្ទាល់ពីព្រះជាម្ចាស់ យ៉ាងពិតប្រាកដបាន។ មនុស្សមិនស្រឡាញ់ព្រះជាម្ចាស់ដោយសារតែអ្នកដទៃជំរុញឲ្យពួក គេធ្វើដូច្នេះ ហើយវាក៏មិនមែនជាសន្ទុះអារម្មណ៍តែមួយពេលនោះដែរ។ ពួកគេស្រឡាញ់ព្រះជាម្ចាស់ ដោយសារពួកគេបានឃើញពីលក្ខណៈគួរឲ្យស្រឡាញ់របស់ព្រះអង្គ ពួកគេបានឃើញថា ព្រះអង្គមានលក្ខណៈច្រើន ស័ក្ដិសមនឹងឲ្យមនុស្សស្រឡាញ់ ដោយសារពួកគេបានឃើញការសង្គ្រោះ ព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ ជាម្ចាស់ ហើយជាលទ្ធផល ពួកគេក៏ស្ងើចសរសើរ និងចង់បានព្រះជាម្ចាស់ពិតប្រាកដ ហើយក៏កើតមានចំណង់ចិត្ត ដែលធ្វើឲ្យគេមិនអាចរស់នៅដោយគ្មានព្រះជាម្ចាស់បាន។ ហេតុផលដែលមនុស្សដែលធ្វើបន្ទាល់ពិតពីព្រះជាម្ចាស់ អាចធ្វើបន្ទាល់ខ្ទរខ្ទារពីទ្រង់បាន គឺមកពីទីបន្ទាល់របស់ពួកគេចាក់គ្រឹះនៅលើការដឹងឮ និងការចង់បានព្រះជាម្ចាស់ពិតប្រាកដ។ ទីបន្ទាល់បែបនេះ មិនមែនត្រូវបានប្រទានមកស្របទៅនឹងសន្ទុះចិត្តឡើយ តែស្របទៅនឹងការស្គាល់ព្រះជាម្ចាស់ និងនិស្ស័យរបស់ទ្រង់វិញ។ ដោយសារតែពួកគេចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់ ពួកគេគិតថា ពួកគេប្រាកដជាត្រូវធ្វើបន្ទាល់ពីព្រះអង្គ និងត្រូវធ្វើឲ្យពួកមនុស្សដែលចង់បានព្រះជាម្ចាស់ បានស្គាល់ទ្រង់ ហើយត្រូវដឹងពីលក្ខណៈគួរឲ្យស្រឡាញ់ និងភាពជាក់លាក់របស់ទ្រង់។ ទីបន្ទាល់របស់គេ កើតពីឆន្ទៈស្ម័គ្រចិត្តដូចគ្នានឹងសេចក្ដីស្រឡាញ់ដែលគេមានចំពោះព្រះជាម្ចាស់ដែរ។ ទីបន្ទាល់ នេះ គឺជាទីបន្ទាល់ពិត ហើយមានសារៈសំខាន់ និងតម្លៃពិត។ ទីបន្ទាល់នេះ មិនមែនជាទីបន្ទាល់អសកម្ម ឬល្អតែខាងក្រៅ និងគ្មានន័យនោះទេ។ ហេតុផលមានតម្លៃ និងមានន័យបំផុត ដែលមានតែមនុស្សដែលពិតជាស្រឡាញ់ព្រះជាម្ចាស់ អាចមាននៅក្នុងជីវិតគេ ក៏ជាហេតុផលដែល ធ្វើឲ្យពួកគេជឿលើព្រះជាម្ចាស់ពិតប្រាកដ នោះគឺមនុស្សទាំងនេះ អាចរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់ ហើយអាចរស់នៅដើម្បីកិច្ចការ និងការគ្រប់គ្រងរបស់ព្រះអង្គបាន។ ដោយសារតែពួកគេរស់នៅក្នុងពន្លឺ មិនរស់នៅក្នុងសេចក្ដីងងឹត ទើបពួកគេមិនរស់ក្នុងជីវិតឥតន័យ តែរស់ក្នុងជីវិតដែលប្រកបដោយព្រះពរដែលមកពីព្រះជាម្ចាស់វិញ។ មានតែមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ទេ ទើបអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ មានតែពួកគេទេ ទើបជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ មានតែពួកគេទេ ទើបអាចទទួលបានព្រះពរពីព្រះជាម្ចាស់ ហើយមានតែពួកគេទេ ទើបអាចទទួលនូវសេចក្ដីសន្យារបស់ព្រះជាម្ចាស់។ មនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ គឺជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ ពួកគេជាមនុស្សដែលព្រះជាម្ចាស់សព្វព្រះទ័យ ហើយពួកគេអាចអាស្រ័យផលនៃព្រះពរជាមួយគ្នានឹងព្រះជាម្ចាស់។ មានតែមនុស្សបែបនេះទេ ទើបរស់នៅអស់កល្បជានិច្ច ហើយមានតែពួកគេទេ ទើបអាចរស់នៅក្រោមការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់បាន។ ព្រះជាម្ចាស់ គឺជាព្រះសម្រាប់ឲ្យមនុស្សស្រឡាញ់ ហើយទ្រង់ក៏ស័ក្ដិសមនឹងឲ្យមនុស្សគ្រប់គ្នាស្រឡាញ់ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចស្រឡាញ់ទ្រង់បាននោះទេ ហើយមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ ហើយទទួលព្រះចេស្ដាជាមួយនឹងព្រះជាម្ចាស់ដែរ។ ពួកមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដ គេអាចដើរគ្រប់ទីកន្លែង នៅក្រោមមេឃ ដោយគ្មាននរណាហ៊ានប្រឆាំងទាស់នឹងពួកគេឡើយ ហើយពួកគេពួកគេអាចប្រើអនុភាពនៅលើផែនដី ហើយគ្រប់គ្រងរាស្ត្រទាំងអស់របស់ព្រះជាម្ចាស់ ដោយសារពួកគេអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ និងអាចថ្វាយការប្រឹងប្រែងទាំងអស់របស់គេ សម្រាប់កិច្ចការរបស់ព្រះអង្គបាន។ មនុស្សទាំងនេះ មកជុំគ្នាពីគ្រប់ទីកន្លែង ក្នុងពិភពលោក។ ពួកគេនិយាយភាសាខុសៗគ្នា ហើយមានសម្បុរស្បែកខុសៗគ្នា តែវត្តមានជីវិតរបស់ពួកគេមានអត្ថន័យដូចៗគ្នា។ ពួកគេសុទ្ធតែមានដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់ ពួកគេមានទីបន្ទាល់ដូចគ្នា និងមានការតាំងចិត្តដូចគ្នា ហើយមានសេចក្ដីប្រាថ្នាដូចគ្នាផង។ មនុស្សដែល ស្រឡាញ់ព្រះជាម្ចាស់ គេអាចដើរពេញពិភពលោកដោយ សេរី ចំណែកឯមនុស្សដែលធ្វើបន្ទាល់ពីព្រះជាម្ចាស់ អាចធ្វើដំណើរទៅទូទាំងសកលលោកទៀតផង។ មនុស្សទាំងនេះ ជាមនុស្សដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ ពួកគេទទួលបានព្រះពរពីព្រះជាម្ចាស់ ហើយពួកគេនឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច។
ដកស្រង់ពី «អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់ នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៥០៥
តើសព្វថ្ងៃនេះ អ្នកស្រឡាញ់ព្រះជាម្ចាស់ខ្លាំងកម្រិតណាទៅ? តើអ្នកដឹងច្រើនកម្រិតណាអំពីគ្រប់កិច្ចការដែលព្រះជាម្ចាស់បានធ្វើនៅក្នុងអ្នក? ទាំងនេះគឺជារឿងដែលអ្នកគួរតែរៀនសូត្រ។ នៅពេលដែលព្រះជាម្ចាស់យាងមកដល់ផែនដី គ្រប់យ៉ាងដែលទ្រង់បានធ្វើនៅក្នុងមនុស្ស និងបានអនុញ្ញាតឲ្យមនុស្សមើលឃើញ គឺដើម្បីឲ្យមនុស្សនឹងស្រឡាញ់ទ្រង់ ព្រមទាំងស្គាល់ទ្រង់យ៉ាងពិតប្រាកដ។ ការដែលមនុស្សអាចរងទុក្ខសម្រាប់ព្រះជាម្ចាស់ និងអាចមកដល់ឆ្ងាយកម្រិតនេះ នៅក្នុងទិដ្ឋភាពមួយគឺដោយសារតែសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយនៅក្នុងទិដ្ឋភាពមួយទៀតគឺដោយសារតែសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់។ ជាងនេះទៅទៀត វាក៏ដោយសារតែការជំនុំជម្រះ និងកិច្ចការនៃការវាយផ្ចាលដែលព្រះជាម្ចាស់បានអនុវត្តនៅក្នុងមនុស្សដែរ។ ប្រសិនបើមនុស្សគ្មានការជំនុំជម្រះ ការវាយផ្ចាល និងការល្បងលរបស់ព្រះជាម្ចាស់ទេ ហើយប្រសិនបើព្រះជាម្ចាស់មិនបានធ្វើឲ្យអ្នករាល់គ្នារងទុក្ខទេ នោះនិយាយឲ្យចំទៅ អ្នករាល់គ្នាមិនស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ បើកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងមនុស្សមានកាន់តែធំ ហើយបើទុក្ខលំបាករបស់មនុស្សមានកាន់តែខ្លាំង នោះវាស្ដែងចេញឲ្យឃើញកាន់តែច្បាស់ថា កិច្ចការរបស់ព្រះជាម្ចាស់កាន់តែមានអត្ថន័យ ហើយដួងចិត្តរបស់មនុស្សកាន់តែអាចស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ តើអ្នករៀនពីរបៀបស្រឡាញ់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? បើគ្មានការដាក់ទោស និងការបន្សុទ្ធ បើគ្មានការល្បងលដ៏ឈឺចាប់ទេ ហើយលើសពីនេះទៅទៀត បើគ្រប់កិច្ចការដែលព្រះជាម្ចាស់បានប្រទានមកដល់មនុស្សមានត្រឹមតែជាព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណ តើអ្នកនឹងអាចឡើងទៅដល់កម្រិតមួយនៃការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដដោយរបៀបណាទៅ? នៅក្នុងន័យម្យ៉ាង ក្នុងអំឡុងពេលនៃការល្បងលរបស់ព្រះជាម្ចាស់ មនុស្សចាប់ផ្ដើមដឹងអំពីសេចក្តីកម្សោយរបស់ខ្លួន មើលឃើញថា គេជាមនុស្សមិនសំខាន់ គួរឲ្យស្អប់ខ្ពើម និងទន់ទាប និងមើលឃើញទៀតថា គេមិនមានអ្វី គឺគ្មានអ្វីសោះតែម្ដង។ នៅក្នុងន័យម្យ៉ាងទៀត ក្នុងអំឡុងពេលនៃការល្បងលរបស់ទ្រង់ ព្រះជាម្ចាស់បង្កើតនូវបរិយាកាសខុសៗគ្នាសម្រាប់មនុស្ស ដើម្បីឲ្យគេកាន់តែអាចមានបទពិសោធន៍អំពីភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់។ ទោះបីជាការឈឺចាប់មានកម្រិតខ្លាំង ហើយពេលខ្លះ ពុំអាចជម្នះបាន ឬអាចដល់កម្រិតនៃភាពតានតឹងចិត្តខ្លាំងចេញពីការល្បងលនោះក៏ដោយ ក៏មនុស្សមើលឃើញពីភាពគួរឲ្យស្រឡាញ់នៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងមនុស្សដែរ ហើយមានតែតាមរយៈការឈរលើគ្រឹះនេះទេ ទើបមនុស្សកើតមានចិត្តស្រឡាញ់ដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់។ សព្វថ្ងៃនេះ មនុស្សមើលឃើញថា ដោយមានព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់តែម្យ៉ាង គេគ្មានសមត្ថភាពស្គាល់ខ្លួនអ្នកយ៉ាងពិតប្រាកដ ហើយក៏មិនអាចស្គាល់ពីនិស្ស័យរបស់មនុស្សដែរ។ មានតែតាមរយៈការបន្សុទ្ធ និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រមទាំងស្ថិតក្នុងអំឡុងពេលនៃដំណើរការបន្ទុទ្សដោយផ្ទាល់ទេ ទើបមនុស្សអាចដឹងអំពីសេចក្តីកម្សោយរបស់ខ្លួន ហើយដឹងទៀតថា គេគ្មានអ្វីសោះឡើយ។ ហេតុដូចនេះ សេចក្តីស្រឡាញ់របស់មនុស្សចំពោះព្រះជាម្ចាស់ត្រូវបានសង់ពីលើគ្រឹះនៃការបន្សុទ្ធ និងការជំនុំជម្រះរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកគ្រាន់តែរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ គ្រាន់តែមានជីវិតគ្រួសារដ៏សុខសប្បាយ ឬគ្រាន់តែមានព្រះពរខាងសម្ភារៈ នោះអ្នកមិនទទួលបានព្រះជាម្ចាស់ឡើយ ហើយជំនឿរបស់អ្នកលើព្រះជាម្ចាស់ក៏មិនអាចត្រូវបានចាត់ទុកថាមានជោគជ័យនោះដែរ។ ព្រះជាម្ចាស់បានអនុវត្តរួចហើយនូវដំណាក់កាលមួយនៃកិច្ចការអំពីព្រះគុណនៅក្នុងសាច់ឈាម ហើយព្រះអង្គក៏បានប្រទានព្រះពរខាងសម្ភារៈដល់មនុស្សរួចហើយដែរ ប៉ុន្តែមនុស្សមិនអាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ជាមួយព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាតែម្យ៉ាងនោះឡើយ។ នៅក្នុងបទពិសោធន៍របស់មនុស្ស គេមានបទពិសោធន៍ខ្លះអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយក៏មើលឃើញសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ដែរ ប៉ុន្តែ ដោយបានមានបទពិសោធន៍ក្នុងរយៈពេលមួយ ដូច្នេះ គេមើលឃើញថា ព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់មិនអាចធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ មិនអាចបើកសម្ដែងអំពីសេចក្តីពុករលួយដែលមាននៅខាងក្នុងមនុស្ស និងមិនអាចជួយឲ្យមនុស្សយកឈ្នះលើនិស្ស័យដ៏ពុករលួយរបស់គេ ព្រមទាំងធ្វើឲ្យសេចក្តីស្រឡាញ់ និងសេចក្តីជំនឿរបស់គេបានគ្រប់លក្ខណ៍នោះឡើយ។ កិច្ចការនៃព្រះគុណរបស់ព្រះជាម្ចាស់ គឺជាកិច្ចការនៃអំឡុងពេលមួយ ហើយមនុស្សមិនអាចពឹងអាងលើការរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ ដើម្បីស្គាល់ព្រះជាម្ចាស់បានឡើយ។
ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៥០៦
សព្វថ្ងៃនេះ មនុស្សភាគច្រើនមិនមានចំណេះដឹងនេះឡើយ។ ពួកគេជឿថា ទុក្ខវេទនាគ្មានតម្លៃ ពួកគេត្រូវបានលោកីយ៍បោះបង់ចោល ជីវិតគ្រួសាររបស់ពួកគេជួបនូវបញ្ហា ពួកគេមិនត្រូវបានព្រះជាម្ចាស់ស្រឡាញ់ ហើយអនាគតរបស់ពួកគេមានភាពស្រពេចស្រពិល។ ទុក្ខវេទនារបស់មនុស្សមួយចំនួនឡើងដល់កម្រិតកំពូល ហើយគំនិតរបស់ពួកគេបែរទៅរកសេចក្តីស្លាប់។ នេះមិនមែនជាសេចក្តីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់ឡើយ។ មនុស្សបែបនេះគឺជាមនុស្សកំសាកវិញទេ ព្រោះពួកគេគ្មានការតស៊ូពុះពារ ទន់ជ្រាយ និងគ្មានកម្លាំងសោះ! ព្រះជាម្ចាស់មានព្រះទ័យចង់ឲ្យមនុស្សស្រឡាញ់ទ្រង់ ប៉ុន្តែ បើមនុស្សស្រឡាញ់ទ្រង់កាន់តែខ្លាំង នោះមនុស្សនឹងជួបទុក្ខវេទនាកាន់តែខ្លាំង ហើយបើមនុស្សស្រឡាញ់ទ្រង់កាន់តែខ្លាំង នោះមនុស្សនឹងជួបការល្បងលកាន់តែខ្លាំងដែរ។ ប្រសិនបើអ្នកស្រឡាញ់ទ្រង់ នោះទុក្ខវេទនាសព្វបែបយ៉ាងនឹងធ្លាក់មកលើអ្នក ហើយប្រសិនបើអ្នកមិនស្រឡាញ់ទេ នោះអ្វីៗគ្រប់យ៉ាងនឹងប្រហែលជាដំណើរការយ៉ាងរលូនសម្រាប់អ្នក ហើយគ្រប់យ៉ាងដែលនៅជុំវិញអ្នកនឹងមានសុខសន្ដិភាព។ នៅពេលដែលអ្នកស្រឡាញ់ព្រះជាម្ចាស់ អ្នកនឹងមានអារម្មណ៍ថា មានរឿងជាច្រើននៅជុំវិញអ្នកដែលអ្នកមិនអាចយកឈ្នះបានឡើយ ហើយដោយសារតែកម្ពស់របស់អ្នកនៅទាបពេក ដូច្នេះ អ្នកនឹងត្រូវតែទទួលការបន្សុទ្ធ។ ជាងនេះទៅទៀត អ្នកនឹងគ្មានសមត្ថភាពបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយអ្នកនឹងតែងតែមានអារម្មណ៍ថា ព្រះហឫទ័យរបស់ព្រះជាម្ចាស់មានភាពខ្ពង់ខ្ពស់ពេក ដែលហួសពីការឈោងចាប់របស់មនុស្ស។ ដោយព្រោះតែការទាំងអស់នេះ អ្នកនឹងត្រូវបានបន្សុទ្ធ ដ្បិតមានសេចក្តីកម្សោយយ៉ាងច្រើននៅខាងក្នុងអ្នក ជាសេចក្តីកម្សោយដែលគ្មានសមត្ថភាពបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ដូច្នេះ អ្នកនឹងត្រូវបានបន្សុទ្ធនៅផ្នែកខាងក្នុង។ ប៉ុន្តែ អ្នករាល់គ្នាត្រូវតែមើលឃើញឲ្យច្បាស់ថា ការញែកជាបរិសុទ្ធនេះអាចសម្រេចបានតាមរយៈការបន្សុទ្ធតែប៉ុណ្ណោះ។ ដូច្នេះ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយទាំងនេះ អ្នករាល់គ្នាត្រូវតែធ្វើបន្ទាល់អំពីព្រះជាម្ចាស់។ មិនថាទុក្ខវេទនារបស់អ្នកធំធេងប៉ុនណាឡើយ អ្នកគួរតែដើររហូតដល់ទីបំផុត ហើយទោះបីជាដល់ដង្ហើមចុងក្រោយរបស់អ្នកក៏ដោយ ក៏អ្នកត្រូវតែបន្តស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយចុះចូលចំពោះការចាត់ចែងរបស់ព្រះជាម្ចាស់ដដែល ពោលគឺមានតែបែបនេះទេ ទើបជាការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមានតែបែបនេះទេ ទើបជាការធ្វើបន្ទាល់ដ៏រឹងមាំ និងលាន់កងរំពង។ នៅពេលដែលអ្នកត្រូវបានសាតាំងល្បួង អ្នកគួរតែនិយាយថា៖ «ដួងចិត្តរបស់ខ្ញុំជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់បានទទួលយកខ្ញុំរួចហើយ។ ខ្ញុំមិនអាចបំពេញតាមចិត្តរបស់អ្នកឡើយ ព្រោះថាខ្ញុំត្រូវតែថ្វាយអ្វីៗទាំងអស់របស់ខ្ញុំដើម្បីបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។» ប្រសិនបើអ្នកបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះព្រះជាម្ចាស់ប្រទានព្រះពរដល់អ្នកកាន់តែច្រើន ហើយកម្លាំងនៃសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ក៏កាន់តែខ្លាំងដែរ។ ជាមួយគ្នានេះដែរ អ្នកនឹងមានសេចក្តីជំនឿ និងការតាំងចិត្ត ហើយអ្នកនឹងមានអារម្មណ៍ថា គ្មានអ្វីមួយមានតម្លៃ ឬសំខាន់ជាងការលះបង់ជីវិតស្រឡាញ់ព្រះជាម្ចាស់ឡើយ។ គេអាចនិយាយបានថា ប្រសិនបើមនុស្សស្រឡាញ់ព្រះជាម្ចាស់ នោះគេនឹងគ្មានភាពសោកសៅឡើយ។ ទោះបីជាពេលខ្លះសាច់ឈាមរបស់អ្នកមានភាពទន់ខ្សោយ ហើយអ្នកជួបនូវបញ្ហាជាក់ស្ដែងជាច្រើនក៏ដោយ ក៏ក្នុងអំឡុងពេលទាំងនេះ អ្នកនឹងពឹងអាងលើព្រះជាម្ចាស់យ៉ាងពិតប្រាកដដែរ ហើយនៅក្នុងវិញ្ញាណរបស់អ្នក អ្នកនឹងទទួលបានការលួងលោម ព្រមទាំងមានអារម្មណ៍ជឿជាក់ថា អ្នកមានអ្វីមួយជាទីពំនាក់។ តាមរបៀបនេះ អ្នកនឹងអាចយកឈ្នះលើបរិយាកាសជាច្រើន ហើយអ្នកក៏នឹងមិនរអ៊ូរទាំអំពីព្រះជាម្ចាស់ ដោយសារតែការថប់បារម្ភដែលអ្នកមាននោះដែរ។ ផ្ទុយទៅវិញ អ្នកនឹងចង់ស្រែកច្រៀង រាំ និងអធិស្ឋាន ចង់ជួបជុំ និងទាក់ទង ចង់ទូលគំនិតរបស់អ្នកប្រាប់ដល់ព្រះជាម្ចាស់ ហើយអ្នកនឹងមានអារម្មណ៍ថា មនុស្ស រឿងរ៉ាវ និងអ្វីៗគ្រប់យ៉ាងដែលបានកើតឡើងជុំវិញអ្នក ដែលព្រះជាម្ចាស់បានរៀបចំទុកទាំងអំបាលម៉ាននេះ ពិតជាសក្ដិសមមែន។ ប្រសិនបើអ្នកមិនស្រឡាញ់ព្រះជាម្ចាស់ទេ នោះអ្វីៗគ្រប់យ៉ាងដែលអ្នកសម្លឹងមើលនឹងក្លាយជារឿងគួរឲ្យធុញទ្រាន់ចំពោះអ្នក ហើយគ្មានអ្វីមួយនឹងក្លាយជាទីគាប់ភ្នែករបស់អ្នកឡើយ។ នៅក្នុងដួងចិត្តរបស់អ្នក អ្នកនឹងគ្មានសេរីភាពឡើយ គឺមានតែការសង្កត់សង្កិនប៉ុណ្ណោះ ដួងចិត្តរបស់អ្នកនឹងតែងតែរអ៊ូរទាំអំពីព្រះជាម្ចាស់ ហើយអ្នកនឹងតែងតែមានអារម្មណ៍ថា អ្នករងទារុណកម្មច្រើនពេកហើយ ព្រមទាំងមានអារម្មណ៍ទៀតថា នេះជារឿងអយុត្តិធម៌ណាស់។ ប្រសិនបើអ្នកមិនដេញតាមសេចក្តីសុខ ហើយបែរជាស្វះស្វែងបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមិនឲ្យសាតាំងចោទប្រកាន់ នោះការស្វះស្វែងបែបនេះនឹងផ្ដល់ឲ្យអ្នកមានកម្លាំងដ៏ខ្លាំងក្លាក្នុងការស្រឡាញ់ព្រះជាម្ចាស់មិនខាន។ មនុស្សអាចអនុវត្តតាមគ្រប់សេចក្តីដែលព្រះជាម្ចាស់បានថ្លែង ហើយគ្រប់យ៉ាងដែលគេធ្វើ គឺដើម្បីអាចបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដូច្នេះ នេះហើយជាអត្ថន័យនៃការមានភាពពិតជាក់ស្ដែងនោះ។ ការស្វះស្វែងបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺជាការប្រើសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ ដោយអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ ហើយមិនថាក្នុងពេលណាឡើយ ទោះបីជាពេលដែលអ្នកដទៃគ្មានកម្លាំងចង់ធ្វើក៏ដោយ ក៏នៅខាងក្នុងអ្នកនៅតែមានដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់ ជាដួងចិត្តមួយដែលស្រេកឃ្លានយ៉ាងជ្រាលជ្រៅចង់បានព្រះជាម្ចាស់ ព្រមទាំងនឹករឭកទ្រង់យ៉ាងខ្លាំង។ នេះហើយជាកម្ពស់ដ៏ពិតប្រាកដនោះ។ កម្ពស់របស់អ្នកឡើងខ្ពស់បាន គឺអាស្រ័យលើទំហំនៃសេចក្តីស្រឡាញ់របស់អ្នកដែលមានចំពោះព្រះជាម្ចាស់ អាស្រ័យលើថាតើអ្នកអាចបន្តឈររឹងមាំឬអត់ នៅពេលដែលជួបការល្បងល អាស្រ័យលើថាតើអ្នកទន់ខ្សោយឬអត់ នៅពេលដែលជួបបរិយាកាសជាក់លាក់មួយ និងអាស្រ័យលើថាតើអ្នកអាចប្រកាន់ជំហររឹងប៉ឹងឬអត់ នៅពេលដែលបងប្អូនប្រុសស្រីរបស់អ្នកបដិសេធអ្នក។ ការពិតនឹងស្ដែងចេញឲ្យឃើញច្បាស់អំពីលក្ខណៈនៃសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់។ តាមរយៈកិច្ចការភាគច្រើនរបស់ព្រះជាម្ចាស់ គេអាចមើលឃើញបានថា ព្រះជាម្ចាស់ពិតជាស្រឡាញ់មនុស្ស ទោះបីជាភ្នែកខាងវិញ្ញាណរបស់មនុស្សមិនទាន់បានបើកចំហទាំងស្រុង ហើយគេមិនអាចមើលឃើញយ៉ាងច្បាស់អំពីកិច្ចការភាគច្រើនរបស់ព្រះជាម្ចាស់ និងព្រះហឫទ័យរបស់ទ្រង់ ព្រមទាំងភាពគួរឲ្យស្រឡាញ់ជាច្រើនទៀតអំពីព្រះជាម្ចាស់ក៏ដោយ បើបែបនេះ មនុស្សមានសេចក្តីស្រឡាញ់ដ៏ពិតតិចតួចពេកហើយចំពោះព្រះជាម្ចាស់។ អ្នកបានជឿលើព្រះជាម្ចាស់ពេញមួយជីវិត ហើយសព្វថ្ងៃនេះ ព្រះជាម្ចាស់បានកាត់ផ្ដាច់ផ្លូវទាំងអស់នៃការរត់គេច។ បើនិយាយឲ្យចំ អ្នកគ្មានជម្រើសអ្វីផ្សេងក្រៅពីដើរតាមមាគ៌ាត្រឹមត្រូវ ជាមាគ៌ាត្រឹមត្រូវដែលអ្នកត្រូវបានដឹកនាំឲ្យដើរ តាមរយៈការជំនុំជម្រះដ៏ឃោរឃៅ និងសេចក្តីសង្រ្គោះដ៏ខ្ពស់បំផុតរបស់ព្រះជាម្ចាស់នោះឡើយ។ មានតែក្រោយពេលដែលជួបទុក្ខលំបាក និងការបន្សុទ្ធទេ ទើបមនុស្សដឹងថា ព្រះជាម្ចាស់គួរឲ្យស្រឡាញ់។ តាមរយៈការមានបទពិសោធន៍រហូតដល់ពេលសព្វថ្ងៃ គេអាចនិយាយបានថា មនុស្សបានចាប់ផ្ដើមស្គាល់អំពីផ្នែកដ៏គួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់ហើយ ប៉ុន្តែ ការនេះនៅមិនទាន់គ្រប់គ្រាន់ឡើយ ដោយសារតែមនុស្សនៅខ្វះចំណុចជាច្រើនទៀត។ មនុស្សត្រូវតែមានបទពិសោធន៍អំពីកិច្ចការដ៏អស្ចារ្យជាច្រើនទៀតរបស់ព្រះជាម្ចាស់ ព្រមទាំងមានបទពិសោធន៍ជាច្រើនទៀតអំពីគ្រប់ទាំងការបន្សុទ្ធចេញពីទុក្ខវេទនា ដែលត្រូវបានព្រះជាម្ចាស់រៀបចំទុក។ មានតែបែបនេះទេ ទើបនិស្ស័យជីវិតរបស់មនុស្សត្រូវបានផ្លាស់ប្ដូរ។
ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៥០៧
អ្នករាល់គ្នាកំពុងស្ថិតក្នុងការល្បងល និងការបន្សុទ្ធ។ តើអ្នកគួរស្រឡាញ់ព្រះជាម្ចាស់យ៉ាងដូចម្តេចក្នុងដំណាក់កាលនៃការបន្សុទ្ធនេះ? តាមរយៈការឆ្លងកាត់ការបន្សុទ្ធ មនុស្សអាចថ្វាយការសរសើរដ៏ពិតដល់ព្រះជាម្ចាស់ ហើយនៅក្នុងពេលនៃការបន្សុទ្ធ ពួកគេអាចមើលឃើញថា ពួកគេមានភាពខ្វះចន្លោះច្រើន។ កាលណាអ្នកមានការបន្សុទ្ធកាន់តែច្រើន នោះអ្នកក៏អាចបោះបង់សាច់ឈាមកាន់តែច្រើនដែរ កាលណាមនុស្សមានការបន្សុទ្ធកាន់តែច្រើន នោះពួកគេក៏មានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់កាន់តែច្រើនដែរ។ នេះជាអ្វីដែលអ្នករាល់គ្នាគួរយល់។ ហេតុអ្វីមនុស្សចាំបាច់ត្រូវបន្សុទ្ធ? តើការបន្សុទ្ធគឺដើម្បីទទួលបានផលអ្វី? តើអ្វីជាសារៈសំខាន់នៃកិច្ចការបន្សុទ្ធរបស់ព្រះជាម្ចាស់ នៅក្នុងមនុស្ស? ប្រសិនបើអ្នកស្វះស្វែងរកព្រះជាម្ចាស់ដ៏ពិតប្រាកដ ក្រោយមកបានឆ្លងកាត់ការបន្សុទ្ធរបស់ទ្រង់នៅចំណុចជាក់លាក់ណាមួយ នោះអ្នកនឹងមានអារម្មណ៍ថា វាជារឿងល្អណាស់ ហើយក៏មានភាពចាំបាច់បំផុតដែរ។ តើមនុស្សគួរតែស្រឡាញ់ព្រះជាម្ចាស់បែបណានៅក្នុងដំណាក់កាលនៃការបន្សុទ្ធ? តាមរយៈការប្រើប្រាស់ការតាំងចិត្តក្នុងការស្រឡាញ់ព្រះជាម្ចាស់ ដើម្បីទទួលយកការបន្សុទ្ធរបស់ទ្រង់៖ ក្នុងអំឡុងពេលនៃការបន្សុទ្ធ អ្នកត្រូវបានធ្វើទារុណកម្មផ្នែកខាងក្នុង ដូចគេយកកាំបិតចាក់បេះដូងរបស់អ្នក ប៉ុន្តែអ្នកចង់បំពេញព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយប្រើប្រាស់បេះដូងរបស់អ្នកដែលស្រឡាញ់ទ្រង់ ហើយអ្នកមិនចង់យកចិត្តទុកដាក់ចំពោះសាច់ឈាមទេ។ នេះគឺជាអត្ថន័យនៃការអនុវត្តសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់។ អ្នកមានការឈឺចាប់ផ្នែកខាងក្នុង ហើយការឈឺចាប់របស់អ្នកបានឈានដល់ចំណុចជាក់លាក់មួយ ប៉ុន្តែអ្នកនៅតែចង់មកចំពោះព្រះភ័ក្រព្រះជាម្ចាស់ ហើយអធិស្ឋាន ដោយនិយាយថា «ឱ ព្រះជាម្ចាស់! អើយ ទូលបង្គំមិនអាចចាកចេញពីទ្រង់បានទេ។ ទោះបីជាមានភាពខ្មៅងងឹតនៅក្នុងខ្លួនទូលបង្គំក៏ដោយ ក៏ទូលបង្គំចង់បំពេញព្រះហឫទ័យទ្រង់ដែរ ទ្រង់ដឹងពីចិត្តរបស់ទូលបង្គំ ហើយទូលបង្គំចង់ឲ្យទ្រង់ផ្តល់ក្តីស្រឡាញ់មកក្នុងខ្លួនទូលបង្គំថែមទៀត»។ នេះជាការអនុវត្តនៅក្នុងពេលនៃការបន្សុទ្ធ។ ប្រសិនបើអ្នកប្រើសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ធ្វើជាមូលដ្ឋាន នោះការបន្សុទ្ធអាចនាំអ្នកទៅកាន់តែជិតព្រះជាម្ចាស់ និងធ្វើឲ្យអ្នកកាន់តែជិតស្និទ្ធជាមួយព្រះជាម្ចាស់។ ដោយសារអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវតែថ្វាយចិត្តទៅព្រះជាម្ចាស់។ ប្រសិនបើអ្នកថ្វាយ និងដាក់ចិត្តរបស់អ្នកនៅចំពោះព្រះជាម្ចាស់ នោះក្នុងពេលនៃការបន្សុទ្ធ អ្នកនឹងមិនអាចបដិសេធព្រះជាម្ចាស់ ឬចាកចេញពីព្រះជាម្ចាស់បានទេ។ តាមរយៈវិធីនេះ ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់នឹងកាន់តែជិតស្និទ្ធ និងកាន់តែសាមញ្ញ ហើយទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់នឹងកាន់តែញឹកញាប់ជាងមុន។ ប្រសិនបើអ្នកអនុវត្តវិធីនេះជានិច្ច នោះអ្នកនឹងចំណាយពេលកាន់តែច្រើននៅក្នុងពន្លឺ និងក្រោមការដឹកនាំរបស់ព្រះបន្ទូលទ្រង់។ នឹងមានការផ្លាស់ប្តូរកាន់តែច្រើនឡើងៗ នៅក្នុងឥរិយាបថរបស់អ្នក ហើយចំណេះដឹងរបស់អ្នកនឹងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅថ្ងៃដែលការល្បងលរបស់ព្រះជាម្ចាស់ធ្លាក់មកដល់អ្នកមួយរំពេច នោះអ្នកមិនត្រឹមតែអាចឈរនៅខាងព្រះជាម្ចាស់បាននោះទេ អ្នកថែមទាំងអាចនាំទីបន្ទាល់ដល់ព្រះជាម្ចាស់ថែមទៀតផង។ នៅពេលនោះ អ្នកនឹងដូចជាយ៉ូប និងពេត្រុស។ ដោយការនាំយកទីបន្ទាល់ទៅថ្វាយព្រះជាម្ចាស់ នោះអ្នកនឹងស្រឡាញ់ព្រះជាម្ចាស់ដ៏ពិតប្រាកដ ហើយនឹងថ្វាយជីវិតរបស់អ្នកដល់ទ្រង់យ៉ាងរីករាយ។ អ្នកនឹងក្លាយជាទីបន្ទាល់របស់ព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលព្រះជាម្ចាស់ស្រឡាញ់។ សេចក្តីស្រឡាញ់ដែលឆ្លងកាត់ការបន្សុទ្ធ គឺជាសេចក្តីស្រឡាញ់ដែលរឹងមាំ មិនទន់ខ្សោយនោះទេ។ មិនថាព្រះជាម្ចាស់ ដាក់អ្នកក្នុងការល្បងលរបស់ទ្រង់នៅពេលណា ឬដោយវិធីណានោះទេ អ្នកអាចថ្វាយក្តីបារម្ភអំពីការរស់នៅ និងការស្លាប់ បោះបង់គ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ដោយរីករាយ ហើយស៊ូទ្រាំគ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ដោយរីករាយ នោះសេចក្តីស្រឡាញ់របស់អ្នកនឹងបរិសុទ្ធ ហើយសេចក្តីជំនឿរបស់អ្នកនឹងពិត។ មានតែធ្វើបែបនោះទេ ទើបអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលព្រះជាម្ចាស់ស្រឡាញ់ពិតប្រាកដ ហើយព្រះជាម្ចាស់ធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ពិតប្រាកដ។
ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៥០៨
ប្រសិនបើមនុស្សធ្លាក់ក្នុងឥទ្ធិពលរបស់សាតាំង នោះពួកគេគ្មានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ នៅក្នុងខ្លួនពួកគេនោះទេ ហើយនិមិត្ត សេចក្តីស្រឡាញ់ និងការតាំងចិត្តរបស់ពួកគេពីមុនមកត្រូវបាត់បង់។ មនុស្សធ្លាប់មានអារម្មណ៍ថា ពួកគេត្រូវរងទុក្ខដើម្បីព្រះជាម្ចាស់ ប៉ុន្តែបច្ចុប្បន្ននេះ ពួកគេគិតថាការធ្វើបែបនោះគឺជារឿងដែលគួរឲ្យខ្មាស់អៀន ហើយពួកគេរអ៊ូរទាំមិនចេះចប់។ នេះជាកិច្ចការរបស់សាតាំង គឺជាទីសម្គាល់មួយដែលបញ្ជាក់ថាមនុស្សធ្លាក់ទៅក្នុងកម្មសិទ្ធិរបស់សាតាំង។ ប្រសិនបើអ្នកជួបប្រទះស្ថានភាពបែបនេះ អ្នកត្រូវតែអធិស្ឋាន ហើយត្រូវវិលទៅរកសភាពដើមវិញឲ្យបានឆាប់តាមដែលអាចធ្វើបាន ព្រោះការធ្វើបែបនេះនឹងការពារអ្នកពីការវាយប្រហាររបស់សាតាំង។ គឺនៅក្នុងដំណាក់កាលដ៏ជូរចត់នៃការបន្សុទ្ធនេះហើយ ដែលមនុស្សអាចធ្លាក់ទៅក្នុងឥទ្ធិពលរបស់សាតាំងដោយងាយបំផុត ដូច្នេះ តើអ្នកគួរស្រឡាញ់ព្រះជាម្ចាស់ បែបណាក្នុងដំណាក់កាលនៃការបន្សុទ្ធបែបនេះ? អ្នកត្រូវបោះបង់បំណងរបស់អ្នក ថ្វាយចិត្តនៅចំពោះព្រះជាម្ចាស់ ហើយថ្វាយពេលវេលាចុងក្រោយរបស់អ្នកទៅទ្រង់។ មិនថាព្រះជាម្ចាស់បន្សុទ្ធអ្នកយ៉ាងដូចម្តេចនោះទេ អ្នកគួរតែអាចអនុវត្តសេចក្តីពិត ដើម្បីបំពេញព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអ្នកគួរតែយកសេចក្តីពិតនោះដាក់ខ្លួន ដើម្បីស្វះស្វែងរកព្រះជាម្ចាស់ និងស្វះស្វែងប្រកបគ្នា។ ក្នុងដំណាក់កាលបែបនេះ អ្នកអកម្មកាន់តែច្រើន នោះអ្នកនឹងអវិជ្ជមានកាន់តែច្រើន ហើយអ្នកនឹងដើរថយក្រោយកាន់តែងាយ។ ទោះបីអ្នកមិនបំពេញតួនាទីរបស់អ្នកបានល្អប្រសើរក៏ដោយ តែនៅពេលដែលអ្នកចាំបាច់បំពេញតួនាទីរបស់អ្នក នោះចូរអ្នកបំពេញវាឲ្យអស់តាមដែលអ្នកអាចធ្វើបាន ហើយបំពេញវាដោយមិនប្រើអ្វីក្រៅពីសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់នោះទេ មិនថាអ្នកដទៃនិយាយអ្វី មិនថាពួកគេនិយាយថាអ្នកធ្វើបានល្អ ឬធ្វើមិនបានល្អនោះទេ គោលបំណងរបស់អ្នកគឺត្រឹមត្រូវ ហើយអ្នកមិនមែនត្រឹមត្រូវដោយខ្លួនឯងនោះទេ ដោយសារអ្នកកំពុងតែប្រព្រឹត្តក្នុងនាមព្រះជាម្ចាស់។ នៅពេលអ្នកដទៃនិយាយអ្វីមិនពិតពីអ្នក អ្នកអាចអធិស្ឋានទៅព្រះជាម្ចាស់ ហើយនិយាយថា «ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំមិនបានសូមឲ្យអ្នកដទៃធ្វើបាបទូលបង្គំ ឬធ្វើល្អចំពោះទូលបង្គំ ឬឲ្យពួកគេយល់ ឬយល់ស្របជាមួយទូលបង្គំឡើយ។ ទូលបង្គំគ្រាន់តែសូមឲ្យទូលបង្គំអាចស្រឡាញ់ទ្រង់នៅក្នុងចិត្ត អាចមានចិត្តធូរស្បើយ និងឲ្យសតិសម្បជញ្ញៈរបស់ទូលបង្គំបានជ្រះស្រឡះប៉ុណ្ណោះ។ ទូលបង្គំមិនបានសូមឲ្យអ្នកដទៃសរសើរទូលបង្គំ ឬចាត់ទុកទូលបង្គំជាមនុស្សខ្ពង់ខ្ពស់នោះទេ ទូលបង្គំគ្រាន់តែស្វះស្វែងដើម្បីឲ្យទ្រង់សព្វព្រះហឫទ័យដោយចេញចិត្តទូលបង្គំប៉ុណ្ណោះ ទូលបង្គំបំពេញតួនាទីរបស់ទូលបង្គំ ដោយធ្វើគ្រប់យ៉ាងតាមដែលទូលបង្គំអាចធ្វើបាន ហើយទោះបីជាទូលបង្គំឆ្កួត ល្ងីល្ងើ ងងឹតមិនដឹងអីក៏ដោយ ក៏ទូលបង្គំដឹងថា ទ្រង់គួរឲ្យស្រឡាញ់ ហើយទូលបង្គំស្ម័គ្រចិត្តលះបង់គ្រប់យ៉ាងដែលទូលបង្គំមានទៅទ្រង់ប៉ុណ្ណោះ»។ ពេលដែលអ្នកអធិស្ឋានតាមវិធីនេះ នោះសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់កើតឡើង ហើយអ្នកមានអារម្មណ៍ស្រាកស្រាន្តក្នុងចិត្ត។ នេះជាអត្ថន័យនៃការអនុវត្តសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់។ ដូចដែលអ្នកមានបទពិសោធន៍ស្រាប់ អ្នកបរាជ័យពីរដង ហើយជោគជ័យបានម្តង បើមិនដូច្នោះទេ អ្នកបរាជ័យប្រាំដង ហើយជោគជ័យបានពីរដង ហើយដូចដែលអ្នកមានបទពិសោធន៍បែបនេះហើយថា មានតែនៅពេលបរាជ័យប៉ុណ្ណោះ ទើបអ្នកអាចមើលឃើញភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់ និងរកឃើញពីកង្វះខាតនៅក្នុងខ្លួនឯង។ នៅពេលដែលអ្នកជួបប្រទះស្ថានភាពបែបនេះនៅពេលខាងមុខ អ្នកគួរតែប្រយ័ត្នប្រយែងខ្លួន គិតពីជំហានរបស់អ្នក ហើយអធិស្ឋានឲ្យកាន់តែញឹកញាប់ជាងមុន។ អ្នកនឹងអភិវឌ្ឍសមត្ថភាពបន្តិចម្តងៗ ដើម្បីយកឈ្នះស្ថានភាពបែបនោះ។ នៅពេលដែលរឿងនោះកើតឡើង នោះការអធិស្ឋានរបស់អ្នកមានប្រសិទ្ធភាពហើយ។ នៅពេលដែលអ្នកឃើញជោគជ័យរបស់ខ្លួននៅពេលនេះ នោះអ្នកនឹងមានអារម្មណ៍ដឹងគុណនៅក្នុងខ្លួន ហើយនៅពេលដែលអ្នកអធិស្ឋាន អ្នកនឹងអាចធ្វើឲ្យព្រះជាម្ចាស់មានមនោសញ្ចេតនា ហើយព្រះវិញ្ញាណបរិសុទ្ធមិនបានចាកចេញពីអ្នកនោះទេ មានតែពេលនោះទេ ទើបអ្នកអាចដឹងថា ព្រះជាម្ចាស់ធ្វើការក្នុងខ្លួនឯងបែបណា។ ការអនុវត្តតាមវិធីនេះ នឹងផ្តល់ផ្លូវមួយដល់អ្នកសម្រាប់មានបទពិសោធន៍។ ប្រសិនបើអ្នកមិនយកសេចក្តីពិតមកអនុវត្តទេ នោះអ្នកនឹងគ្មានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងខ្លួនឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកយកសេចក្តីពិតមកអនុវត្តពេលដែលអ្នកជួបប្រទះរឿងរ៉ាវនានា ទោះបីអ្នកឈឺចាប់ខាងក្នុងក៏ដោយ ក៏បន្ទាប់ពីនោះទៅ ព្រះវិញ្ញាណបរិសុទ្ធនឹងគង់នៅជាមួយអ្នកដែរ ហើយអ្នកនឹងអាចមានអារម្មណ៍ដឹងថាមានវត្តមានរបស់ព្រះជាម្ចាស់នៅពេលដែលអ្នកអធិស្ឋាន អ្នកនឹងមានកម្លាំងដើម្បីអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅពេលមានការប្រកបគ្នាជាមួយបងប្អូនប្រុសស្រីរបស់អ្នក នោះនឹងគ្មានអ្វីដែលមកដាក់បន្ទុកលើសតិសម្បជញ្ញៈរបស់អ្នកបានទេ ហើយអ្នកនឹងមានអារម្មណ៍ស្ងប់ ហើយតាមរយៈវិធីនេះ អ្នកនឹងអាចនាំយកអ្វីដែលអ្នកបានធ្វើមកកាន់ពន្លឺបាន។ មិនថាអ្នកដទៃនិយាយអ្វី អ្នកនឹងអាចមានទំនាក់ទំនងប្រក្រតីជាមួយព្រះជាម្ចាស់ អ្នកនឹងមិនត្រូវបានរំខានដោយអ្នកដទៃ អ្នកនឹងងើបផុតពីអ្វីៗគ្រប់យ៉ាង ហើយនៅពេលនោះ អ្នកនឹងអាចអះអាងថា ការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់មានប្រសិទ្ធភាព។
ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៥០៩
កាលណាការបន្សុទ្ធរបស់ព្រះជាម្ចាស់កាន់តែប្រសើរ នោះចិត្តរបស់មនុស្សនឹងអាចស្រឡាញ់ព្រះជាម្ចាស់កាន់តែច្រើន។ ភាពខ្ទេចខ្ទាំនៅក្នុងចិត្តរបស់ពួកគេ គឺជាប្រយោជន៍សម្រាប់ជីវិតរបស់ពួកគេទេ ពួកគេអាចមានសេចក្តីស្ងប់ចំពោះព្រះកាន់តែច្រើន ទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់កាន់តែជិតស្និទ្ធ ហើយពួកគេមើលឃើញសេចក្តីស្រឡាញ់ និងការសង្គ្រោះដ៏ឧត្តមរបស់ទ្រង់កាន់តែប្រសើរ។ ពេត្រុសបានឆ្លងកាត់ការបន្សុទ្ធរាប់រយដង ហើយយ៉ូបក៏ធ្លាប់ឆ្លងកាត់ការល្បងលមួយចំនួនដែរ។ ប្រសិនបើ អ្នកចង់ឲ្យព្រះជាម្ចាស់ធ្វើឲ្យគ្រប់លក្ខណ៍ អ្នកក៏ត្រូវឆ្លងកាត់ការបន្សុទ្ធរាប់រយដងផងដែរ។ មានតែឆ្លងកាត់ដំណើរការនេះ ហើយពឹងផ្អែកលើជំហាននេះប៉ុណ្ណោះ ទើបអ្នកអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ អាចធ្វើឲ្យអ្នកគ្រប់លក្ខណ៍បាន។ ការបន្សុទ្ធគឺជាវិធីដែលល្អបំផុត ដែលព្រះជាម្ចាស់ ធ្វើឲ្យមនុស្សគ្រប់លក្ខណ៍។ មានតែការបន្សុទ្ធ និងការល្បងលដ៏ជូរចត់ទេ ទើបអាចនាំយកសេចក្តីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់ទៅក្នុងចិត្តរបស់មនុស្សបាន។ បើគ្មានការលំបាកទេ នោះមនុស្សនឹងខ្វះសេចក្តីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់។ ប្រសិនបើពួកគេមិនត្រូវបានល្បងល ប្រសិនបើពួកគេមិនត្រូវបានដាក់ឲ្យឆ្លងកាត់ការបន្សុទ្ធទេ នោះចិត្តរបស់ពួកគេនឹងអណ្តែតអណ្តូងនៅខាងក្រៅជានិច្ច។ តាមរយៈការទទួលបានការបន្សុទ្ធនៅចំណុចជាក់លាក់ណាមួយ អ្នកនឹងមើលឃើញភាពកំសោយ និងការលំបាកផ្ទាល់ខ្លួនរបស់អ្នក អ្នកនឹងឃើញថាអ្នកមានកង្វះខាតប៉ុណ្ណា ទើបគ្មានសមត្ថភាពយកឈ្នះបញ្ហាជាច្រើនដែលអ្នកជួបប្រទះ ហើយអ្នកនឹងឃើញថា ការមិនស្តាប់បង្គាប់របស់អ្នកធំប៉ុណ្ណា។ មានតែក្នុងអំឡុងពេលនៃការល្បងលប៉ុណ្ណោះ ទើបមនុស្សអាចដឹងពីស្ថានភាពពិតប្រាកដរបស់ពួកគេបាន។ ការល្បងលធ្វើឲ្យមនុស្សអាចគ្រប់លក្ខណ៍កាន់តែប្រសើរ។
នៅក្នុងជីវិតរបស់គាត់ ពេត្រុសបានឆ្លងកាត់ការបន្សុទ្ធរាប់រយដង ហើយបានឆ្លងកាត់ការល្បងលដ៏ឈឺចាប់ជាច្រើន។ ការបន្សុទ្ធនេះ បានក្លាយជាមូលដ្ឋានគ្រឹះនៃសេចក្តីស្រឡាញ់ដ៏ឧត្តមរបស់គាត់ចំពោះព្រះជាម្ចាស់ និងជាបទពិសោធន៍ដ៏មានសារៈសំខាន់បំផុតនៅក្នុងជីវិតគាត់ទាំងមូល។ យើងអាចនិយាយបានម៉្យាងថា គាត់អាចមានសេចក្តីស្រឡាញ់ដ៏ឧត្តមចំពោះព្រះជាម្ចាស់ ដោយសារការតាំងចិត្តរបស់គាត់ក្នុងការស្រឡាញ់ព្រះជាម្ចាស់។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺដោយសារការបន្សុទ្ធ និងការឈឺចាប់ដែលគាត់បានឆ្លងកាត់។ ការឈឺចាប់នេះបានក្លាយជាមគ្គុទ្ទេសក៍បង្ហាញផ្លូវរបស់គាត់ក្នុងការស្រឡាញ់ព្រះជាម្ចាស់ ហើយជារឿងដែលគួរឲ្យចងចាំបំផុតសម្រាប់គាត់។ ប្រសិនបើមនុស្សមិនឆ្លងកាត់ការឈឺចាប់នៃការបន្សុទ្ធនៅពេលស្រឡាញ់ព្រះជាម្ចាស់ទេ នោះសេចក្តីស្រឡាញ់របស់ពួកគេពេញដោយភាពមិនបរិសុទ្ធ និងការពេញចិត្តផ្ទាល់ខ្លួន។ សេចក្តីស្រឡាញ់បែបនេះ គឺពេញដោយគំនិតរបស់សាតាំង ហើយមិនអាចជាមូលដ្ឋានក្នុងការបំពេញព្រះហឫទ័យព្រះជាម្ចាស់បានទេ។ ការមានការតាំងចិត្តស្រឡាញ់ព្រះជាម្ចាស់ មិនដូចជាការស្រឡាញ់ព្រះដ៏ពិតប្រាកដនោះទេ។ ទោះបីអ្វីគ្រប់យ៉ាងដែលពួកគេគិតក្នុងចិត្ត គឺដើម្បីប្រយោជន៍នៃការស្រឡាញ់ព្រះជាម្ចាស់ និងធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ ហើយទោះបី ជាគំនិតរបស់ពួកគេហាក់ដូចជាបូជាទាំងស្រុងចំពោះព្រះជាម្ចាស់ និង បោះបង់ចោលគំនិតរបស់មនុស្សក៏ដោយ ប៉ុន្តែនៅពេលដែលគំនិតពួកគេត្រូវបានយកទៅដាក់នៅចំពោះព្រះជាម្ចាស់ គំនិតបែបនោះ មិនទទួលបានការសរសើរ ឬក៏ព្រះពរពីព្រះជាម្ចាស់ឡើយ។ ទោះបីនៅពេលដែលមនុស្សបានយល់ច្បាស់រាល់សេចក្តីពិត នៅពេលដែលពួកគេដឹងសេចក្តីពិតទាំងអស់នោះក៏ដោយ ក៏យើងមិនអាចនិយាយថា នេះជាសញ្ញានៃការស្រឡាញ់ព្រះជាម្ចាស់បានដែរ។ ក្រៅពីយល់សេចក្តីពិតជាច្រើនដោយពុំឆ្លងកាត់ការបន្សុទ្ធ មនុស្សមិនអាចយកសេចក្តីពិតទាំងនេះទៅអនុវត្តបានទេ។ មានតែក្នុងអំឡុងពេលនៃការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចយល់អត្ថន័យពិតនៃសេចក្តីពិតទាំងនេះបាន ពេលនោះហើយទើបមនុស្សអាចស្ងើចសរសើរអត្ថន័យខាងក្នុងនៃសេចក្តីពិតយ៉ាងពិតប្រាកដ។ នៅពេលនោះ នៅពេលដែលពួកគេព្យាយាមម្តងទៀត ពួកគេអាចយកសេចក្តីពិតទៅអនុវត្តយ៉ាងសមរម្យ ហើយស្របនឹងព្រះហឫទ័យព្រះជាម្ចាស់។ ពេលនោះ គំនិត និងអំពើពុករលួយបែបមនុស្សរបស់ពួកគេត្រូវបានកាត់បន្ថយ ហើយមនោសញ្ចេតនាបែបមនុស្សរបស់ពួកគេត្រូវបានលុបបំបាត់។ មានតែពេលនោះទេ ទើបពួកគេអាចអនុវត្តការបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះដ៏ពិតមួយ។ លទ្ធផលនៃសេចក្តីពិតក្នុងការស្រឡាញ់ព្រះជាម្ចាស់ មិនអាចទទួលបានតាមរយៈចំណេះដឹងខាងនិយាយ ឬបំណងផ្លូវចិត្ត ហើយក៏មិនអាចទទួលបានត្រឹមតែការយល់សេចក្តីពិតនោះដែរ។ វាទាមទារឲ្យមនុស្សហ៊ានបង់ថ្លៃ មានន័យថាពួកគេឆ្លងកាត់ភាពល្វីងជូរចត់ជាច្រើនក្នុងអំឡុងពេលនៃការបន្សុទ្ធ ធ្វើបែបនោះទើបសេចក្តីស្រឡាញ់របស់ពួកគេក្លាយជាបរិសុទ្ធ និងសព្វព្រះហឫទ័យព្រះជាម្ចាស់។
ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៥១០
ប្រឈមមុខនឹងឥរិយាបថ និងសភាវៈរបស់មនុស្សចំពោះទ្រង់ ព្រះជាម្ចាស់បានបំពេញកិច្ចការថ្មី ដែលអនុញ្ញាតឲ្យមនុស្សមានចំណេះដឹង និងការស្តាប់បង្គាប់ចំពោះទ្រង់ រួមទាំងក្តីស្រឡាញ់ និងទីបន្ទាល់ផង។ ដូច្នេះ មនុស្សត្រូវតែឆ្លងកាត់ការបន្សុទ្ធ ក៏ដូចជាការជំនុំជម្រះ ការដោះស្រាយ និងការកាត់តម្រឹមរបស់ទ្រង់ បើមិនដូច្នោះទេ គ្មានផ្លូវដែលមនុស្សអាចស្គាល់ព្រះជាម្ចាស់ ហើយស្រឡាញ់ទ្រង់ និងធ្វើជាទីបន្ទាល់ដល់ទ្រង់បានឡើយ។ ការបន្សុទ្ធរបស់ព្រះជាម្ចាស់ចំពោះមនុស្ស មិនគ្រាន់តែដើម្បីប្រយោជន៍តែម៉្យាងនោះទេ ប៉ុន្តែដើម្បីប្រយោជន៍ច្រើនយ៉ាង។ មានតែតាមវិធីនេះទេ ដែលព្រះជាម្ចាស់ធ្វើកិច្ចការបន្សុទ្ធចំពោះមនុស្សដែលចង់ស្វះស្វែងរកសេចក្តីពិត ដើម្បីឲ្យព្រះជាម្ចាស់ធ្វើឲ្យសេចក្តីស្រឡាញ់ និងការតាំងចិត្តរបស់ពួកគេបានគ្រប់លក្ខណ៍។ ចំពោះអស់អ្នកដែលចង់ស្វះស្វែងរកសេចក្តីពិត និងទទូចចង់រកព្រះជាម្ចាស់ គ្មានអ្វីមានន័យជាង ឬប្រសើរជាងការបន្សុទ្ធបែបនេះទេ។ មនុស្សមិនអាចយល់ ឬដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ងាយៗនោះទេ ដ្បិតនៅទីបញ្ចប់ ព្រះជាម្ចាស់គឺជាព្រះ។ ទីបំផុត ព្រះជាម្ចាស់មិនអាចមាននិស្ស័យ ដូចមនុស្សបានទេ ដូច្នេះហើយ មនុស្សក៏មិនអាចដឹងពីនិស្ស័យរបស់ទ្រង់ដោយងាយៗបានដែរ។ មនុស្សមិនអាចទទួលបានសេចក្តីពិតពីដូនតានោះទេ ហើយមនុស្សដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយ ក៏មិនងាយនឹងយល់ពីសេចក្តីពិតដែរ។ មនុស្សខ្វះសេចក្តីពិត និងខ្វះការតាំងចិត្តដើម្បីអនុវត្តសេចក្តីពិត ហើយប្រសិនបើពួកគេមិនរងការឈឺចាប់ និងមិនត្រូវបានបន្សុទ្ធ ឬជំនុំជម្រះទេ នោះកុំសង្ឃឹមថាការតាំងចិត្តរបស់ពួកគេបានគ្រប់លក្ខណ៍ឲ្យសោះ។ សម្រាប់មនុស្សទាំងអស់ ការបន្សុទ្ធគឺមានលក្ខណៈធ្ងន់ធ្ងរ ហើយពិបាកនឹងទទួលយកខ្លាំងណាស់ ប៉ុន្តែគឺជាពេលនៃការបន្សុទ្ធនោះហើយ ដែលព្រះជាម្ចាស់បង្ហាញនិស្ស័យសប្បុរសរបស់ទ្រង់យ៉ាងច្បាស់ដល់មនុស្ស ហើយឲ្យមនុស្សដឹងពីតម្រូវការរបស់ទ្រង់ ផ្តល់ការបំភ្លឺកាន់តែច្រើន ហើយដោះស្រាយ និងកាត់តម្រឹមជាក់ស្តែងកាន់តែច្រើន។ តាមរយៈការប្រៀបធៀបរវាងហេតុការណ៍ពិត និងសេចក្តីពិត ទ្រង់ប្រទានដល់មនុស្សនូវចំណេះដឹងអំពីខ្លួនអ្នក និងសេចក្តីពិតកាន់តែប្រសើរ ហើយប្រទានការយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែប្រសើរ ដូច្នេះហើយទើបធ្វើឲ្យមនុស្សមានសេចក្តីស្រឡាញ់កាន់តែបរិសុទ្ធ និងកាន់តែពិតចំពោះព្រះជាម្ចាស់។ នេះជាគោលបំណងរបស់ព្រះជាម្ចាស់ ក្នុងការធ្វើកិច្ចការបន្សុទ្ធ។ គ្រប់កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងមនុស្ស គឺមានសារៈសំខាន់នឹងគោលបំណងទៅតាមកិច្ចការនីមួយៗនោះ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការដែលគ្មានន័យ ឬធ្វើកិច្ចការដែលគ្មានប្រយោជន៍ដល់មនុស្សនោះទេ។ ការបន្សុទ្ធ មិនសំដៅទៅលើការយកមនុស្សចេញពីព្រះភ័ក្រ្តព្រះជាម្ចាស់ ឬការបំផ្លាញពួកគេនៅក្នុងស្ថាននរកនោះទេ។ ប៉ុន្តែ វាសំដៅទៅលើការផ្លាស់ប្តូរនិស្ស័យរបស់នុស្សក្នុងពេលនៃការបន្សុទ្ធ ផ្លាស់ប្តូរគោលបំណង ទស្សនៈចាស់គំរិលរបស់ពួកគេ ផ្លាស់ប្តូរសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់ ហើយផ្លាស់ប្តូរជីវិតរបស់ពួកគេទាំងមូល។ ការបន្សុទ្ធគឺជាការធ្វើតេស្តសាកល្បងដ៏ពិតមួយរបស់មនុស្ស ហើយវាជាទម្រង់នៃការបណ្តុះបណ្តាលដ៏ពិតមួយ ហើយមានតែអំឡុងពេលនៃការបន្សុទ្ធនោះទេ ទើបសេចក្តីស្រឡាញ់របស់ពួកគេអាចបំពេញតាមតួនាទីរបស់វាបាន។
ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៥១១
ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ នោះអ្នកត្រូវតែស្ដាប់បង្គាប់ព្រះជាម្ចាស់ ដាក់សេចក្តីពិតទៅក្នុងការអនុវត្តន៍ ហើយបំពេញគ្រប់ទាំងកាតព្វកិច្ចរបស់អ្នក។ លើសពីនេះទៀត អ្នកត្រូវតែយល់ពីរឿងរ៉ាវដែលអ្នកគួរមានបទពិសោធន៍។ ប្រសិនបើអ្នកគ្រាន់តែមានបទពិសោធន៍ក្នុងការដែលអ្នកកំពុងត្រូវបានដោះស្រាយ កំពុងត្រូវបានប្រៀនប្រដៅ និងកំពុងត្រូវបានជំនុំជម្រះ ប្រសិនបើអ្នកគ្រាន់តែអាចរីករាយនឹងព្រះជាម្ចាស់ ប៉ុន្តែនៅតែមិនអាចទទួលបាននូវអារម្មណ៍នៅពេលព្រះជាម្ចាស់ប្រៀនប្រដៅអ្នក ឬដោះស្រាយជាមួយនឹងអ្នក ការនេះគឺមិនអាចទទួលយកបានទេ។ ប្រហែលជានៅក្នុងឧទាហរណ៍នៃការបន្សុទ្ធនេះ អ្នកអាចឈរជើងនៅកន្លែងរបស់អ្នក ប៉ុន្តែការនេះនៅតែមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ អ្នកនៅតែត្រូវដើរទៅមុខជានិច្ច។ មេរៀននៃការស្រឡាញ់ព្រះជាម្ចាស់មិនដែលចប់ ហើយគ្មានទីបញ្ចប់ឡើយ។ មនុស្សយល់ឃើញថា ការជឿលើព្រះជាម្ចាស់ ជាអ្វីដែលសាមញ្ញបំផុត ប៉ុន្តែនៅពេលដែលពួកគេទទួលបានបទពិសោធន៍ជាក់ស្តែង នោះពួកគេនឹងដឹងថាជំនឿលើព្រះជាម្ចាស់ មិនសាមញ្ញដូចអ្វីដែលមនុស្សស្រមៃគិតនោះទេ។ នៅពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការដើម្បីបន្សុទ្ធមនុស្ស នោះគឺមនុស្សរងទុក្ខ។ នៅពេលមនុស្សទទួលការបន្សុទ្ធកាន់តែច្រើន នោះពួកគេនឹងស្រឡាញ់ព្រះជាម្ចាស់កាន់តែខ្លាំងឡើង ហើយព្រះចេស្ដារបស់ព្រះជាម្ចាស់ដែលនឹងត្រូវបើកសម្ដែងដល់ពួកគេ កាន់តែច្រើនដែរ។ ផ្ទុយទៅវិញ បើមនុស្សទទួលការបន្សុទ្ធតិចតួច នោះសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់នឹងមានការលូតលាស់កាន់តែតិចទៅៗ ហើយព្រះចេស្ដារបស់ព្រះជាម្ចាស់ដែលនឹងត្រូវបើកសម្ដែងដល់ពួកគេ ក៏កាន់តែតិចដែរ។ នៅពេលការបន្សុទ្ធ និងការរងទុក្ខរបស់មនុស្សបែបនេះកាន់តែច្រើនឡើងៗ ហើយការរងទារុណកម្មដែលពួកគេជួបប្រទះកាន់តែច្រើន នោះពួកគេនឹងកាន់តែស្រឡាញ់ព្រះជាម្ចាស់កាន់តែខ្លាំងឡើង ជំនឿដ៏ពិតប្រាកដរបស់ពួកគេចំពោះព្រះជាម្ចាស់កាន់តែខ្លាំងឡើង ហើយចំណេះដឹងដ៏ជ្រាលជ្រៅរបស់ពួកគេអំពីព្រះជាម្ចាស់ក៏កាន់តែច្រើនឡើងដែរ។ នៅក្នុងបទពិសោធន៍របស់អ្នក អ្នកនឹងឃើញមនុស្សដែលរងទុក្ខយ៉ាងខ្លាំង នៅពេលពួកគេទទួលនូវការបន្សុទ្ធ ជាអ្នកដែលត្រូវបានដោះស្រាយ និងត្រូវបានប្រៀនប្រដៅច្រើន ហើយអ្នកនឹងឃើញថា ទាំងនោះគឺជាអស់អ្នកដែលមានសេចក្តីស្រឡាញ់យ៉ាងខ្លាំងចំពោះព្រះជាម្ចាស់ និងមានចំណេះដឹងអំពីព្រះជាម្ចាស់បានជ្រៅជ្រះ និងជ្រាលជ្រៅជាងមុន។ អ្នកដែលមិនមានបទពិសោធន៍ក្នុងការទទួលបានការដោះស្រាយ នឹងមានចំណេះដឹង ប៉ុន្ដែមានសើៗ ហើយពួកគេអាចនិយាយថា៖ «ព្រះជាម្ចាស់ល្អណាស់ ទ្រង់ផ្ដល់នូវព្រះគុណដល់មនុស្ស ដើម្បីឲ្យពួកគេអាចរីករាយនឹងទ្រង់»។ ប្រសិនបើមនុស្សបានឆ្លងកាត់បទពិសោធន៍ក្នុងការទទួលបានការដោះស្រាយ និងត្រូវបានប្រៀនប្រដៅ នោះពួកគេអាចនិយាយអំពីចំណេះដឹងដ៏ពិតអំពីព្រះជាម្ចាស់បាន។ ដូច្នេះបើកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់កាន់តែច្រើននៅចំពោះមនុស្ស នោះតម្លៃ និងភាពសំខាន់ក៏កាន់តែមានច្រើន។ បើមានការពិបាកក្នុងការចូលទៅកាន់អ្នកកាន់តែច្រើន ហើយភាពមិនស៊ីគ្នាទៅនឹងសញ្ញាណរបស់អ្នកកាន់តែច្រើន នោះកិច្ចការរបស់ព្រះជាម្ចាស់គឺអាចយកឈ្នះលើអ្នក ទទួលបានអ្នក និងប្រោសឲ្យអ្នកបានគ្រប់លក្ខណ៍។ ភាពសំខាន់នៃកិច្ចការរបស់ព្រះជាម្ចាស់មានការអស្ចារ្យខ្លាំងណាស់! ប្រសិនបើព្រះជាម្ចាស់មិនបានបន្សុទ្ធមនុស្សតាមរបៀបនេះទេ ប្រសិនបើទ្រង់មិនបានធ្វើកិច្ចការទៅតាមវិធីសាស្រ្តនេះទេ នោះកិច្ចការរបស់ទ្រង់នឹងគ្មានប្រសិទ្ធភាព ហើយគ្មានភាពសំខាន់អ្វីឡើយ។នៅក្នុងពេលកន្លងមក ធ្លាប់មានការនិយាយថា ព្រះជាម្ចាស់នឹងជ្រើសរើស ហើយទទួលបានក្រុមនេះ ហើយទ្រង់ប្រោសឲ្យពួកគេបានគ្រប់លក្ខណ៍នៅគ្រាចុងក្រោយ។ ត្រង់ចំណុចនេះ គឺមានភាពសំខាន់ដ៏អស្ចារ្យ។ បើកិច្ចការដែលទ្រង់អនុវត្តនៅក្នុងអ្នករាល់គ្នាកាន់តែច្រើន នោះសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ គឺកាន់តែជ្រាលជ្រៅ និងបរិសុទ្ធឡើង។ បើកិច្ចការរបស់ព្រះជាម្ចាស់កាន់តែច្រើន មនុស្សកាន់តែអាចយល់ពីព្រះប្រាជ្ញាញាណរបស់ទ្រង់កាន់តែច្រើន ហើយចំណេះដឹងរបស់មនុស្សអំពីទ្រង់ក៏កាន់តែជ្រាលជ្រៅទៅទៀត។ នៅថ្ងៃចុងក្រោយ ផែនការប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់សម្រាប់ការគ្រប់គ្រង នឹងត្រូវបញ្ចប់។ តើវាពិតជាអាចបញ្ចប់ដោយងាយទេ? នៅពេលដែលទ្រង់យកឈ្នះមនុស្ស តើកិច្ចការរបស់ទ្រង់នឹងត្រូវបញ្ចប់ឬ? តើវាសាមញ្ញអ៊ីចឹងពេកទេ? មនុស្សពិតជាស្រមៃគិតថា វាសាមញ្ញដូចនេះមែន ប៉ុន្តែអ្វីដែលព្រះជាម្ចាស់ធ្វើ គឺមិនសាមញ្ញអ៊ីចឹងទេ។ មិនថាកិច្ចការរបស់ព្រះជាម្ចាស់ណាមួយនោះទេ គឺមនុស្សមិនអាចយល់បានឡើយ។ ប្រសិនបើអ្នកអាចយល់ពីវាបាន នោះកិច្ចការរបស់ព្រះជាម្ចាស់នឹងគ្មានភាពសំខាន់ ឬគ្មានតម្លៃអ្វីទេ។ កិច្ចការដែលព្រះជាម្ចាស់បានធ្វើ គឺមនុស្សមិនអាចយល់បានឡើយ។ វាផ្ទុយពីសញ្ញាណរបស់អ្នកទាំងស្រុង ហើយបើការដែលមិនអាចត្រូវគ្នាជាមួយនឹងសញ្ញាណរបស់អ្នកមានកាន់តែច្រើន នោះបង្ហាញថា កិច្ចការរបស់ព្រះជាម្ចាស់ពិតជាមានន័យមែន។ ប្រសិនបើវាត្រូវគ្នានឹងសញ្ញាណរបស់អ្នក នោះវានឹងគ្មានន័យទេ។ សព្វថ្ងៃនេះ អ្នកមានអារម្មណ៍ថាកិច្ចការរបស់ព្រះជាម្ចាស់ពិតជាអស្ចារ្យណាស់ ហើយបើអ្នកកាន់តែមានអារម្មណ៍ថាវាកាន់តែអស្ចារ្យ នោះអ្នកកាន់តែមានអារម្មណ៍ថាព្រះជាម្ចាស់ជាព្រះដែលយើងមិនអាចយល់បាន ហើយអ្នកនឹងឃើញថាការប្រព្រឹត្ដិរបស់ព្រះជាម្ចាស់អស្ចារ្យយ៉ាងណា។ ប្រសិនបើទ្រង់គ្រាន់តែធ្វើការសើៗ អោយតែរួចដើម្បីយកឈ្នះលើមនុស្ស ហើយក្រោយមកទៀតមិនធ្វើអ្វីសោះ មនុស្សនឹងមិនអាចមើលឃើញពីភាពសំខាន់នៃកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ ថ្វីបើឥឡូវនេះ អ្នកកំពុងទទួលនូវការបន្សុទ្ធបន្តិចបន្តួចក្ដី តែវាមានអត្ថប្រយោជន៍ដ៏ច្រើនចំពោះការរីកលូតលាស់នៅក្នុងជីវិតរបស់អ្នក។ ដូច្នេះវាគឺជាតម្រូវការចាំបាច់បំផុតសម្រាប់អ្នករាល់គ្នា ដែលត្រូវឆ្លងកាត់ការលំបាកបែបនេះ។ ថ្ងៃនេះ អ្នកទទួលបានការបន្សុទ្ធបន្តិចបន្តួច ប៉ុន្តែនៅពេលក្រោយ អ្នកនឹងអាចមើលឃើញយ៉ាងពិតប្រាកដអំពីការប្រព្រឹត្តិរបស់ព្រះជាម្ចាស់ ហើយទីបំផុតអ្នកនឹងនិយាយថា៖ «ការប្រព្រឹត្ដិរបស់ព្រះជាម្ចាស់គឺអស្ចារ្យណាស់!» ទាំងនេះគឺជាព្រះបន្ទូលនៅក្នុងចិត្តរបស់អ្នក។ ដោយមានបទពិសោធន៍នៃការបន្សុទ្ធពីព្រះជាម្ចាស់មួយរយៈ (ទុក្ខលំបាករបស់អ្នកដែលបម្រើ និងពេលវេលានៃការវាយផ្ចាល) ទីបំផុត មនុស្សមួយចំនួនបាននិយាយថា «ការជឿលើព្រះជាម្ចាស់ គឹពិតជាពិបាកខ្លាំងណាស់!» ការដែលពួកគេបានប្រើពាក្យ «ពិតជាពិបាកខ្លាំងណាស់» បង្ហាញឲ្យឃើញថា ការប្រព្រឹត្តិរបស់ព្រះជាម្ចាស់ គឺមិនអាចយល់បានឡើយ ដោយកិច្ចការរបស់ព្រះជាម្ចាស់មានភាពសំខាន់ និងមានគុណតម្លៃយ៉ាងខ្លាំង ហើយកិច្ចការរបស់ទ្រង់ គឺសក្តិសមនឹងទទួលបានការឲ្យតម្លៃយ៉ាងខ្ពស់ពីមនុស្ស។ បន្ទាប់ពីខ្ញុំបានធ្វើកិច្ចការយ៉ាងច្រើន ប្រសិនបើអ្នកមិនមានចំណេះដឹងបន្ដិចសោះ ពេលនោះតើកិច្ចការរបស់ខ្ញុំនឹងនៅតែមានតម្លៃដែរឬទេ? វានឹងធ្វើឲ្យអ្នកនិយាយថា៖«ការបម្រើព្រះជាម្ចាស់ គឺពិតជាពិបាកខ្លាំងណាស់ ការប្រព្រឹត្ដរបស់ព្រះជាម្ចាស់គឺអស្ចារ្យណាស់ ហើយព្រះជាម្ចាស់ពិតជាមានព្រះប្រាជ្ញាញាណមែន! ព្រះជាម្ចាស់គួរឲ្យស្រឡាញ់ណាស់!» បន្ទាប់ពីឆ្លងកាត់បទពិសោធន៍មួយរយៈមក ប្រសិនបើអ្នកអាចនិយាយពាក្យបែបនេះ អ៊ីចឹង ការនេះសរបញ្ជាក់ថាអ្នកទទួលបានកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអ្នកហើយ។ ថ្ងៃមួយ នៅពេលដែលអ្នកកំពុងផ្សាយដំណឹងល្អនៅបរទេស ហើយមានគេសួរអ្នកថា៖ តើសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ទៅជាយ៉ាងណាហើយ? អ្នកនឹងអាចនិយាយថា «សកម្មភាពរបស់ព្រះជាម្ចាស់គឺគួរឲ្យស្ញប់ស្ញែង!» ពួកគេនឹងមានអារម្មណ៍ថា ពាក្យរបស់អ្នក និយាយពីបទពិសោធន៍ជាក់ស្តែង។ នេះគឺជាការធ្វើបន្ទាល់ដ៏ពិត។ អ្នកនឹងនិយាយថា កិច្ចការរបស់ព្រះជាម្ចាស់គឺពោរពេញទៅដោយប្រាជ្ញា ហើយកិច្ចការរបស់ទ្រង់ដែលមាននៅក្នុងអ្នក ពិតជាបានធ្វើឲ្យអ្នកជឿជាក់ ហើយយកឈ្នះលើដួងចិត្តរបស់អ្នកបាន។ អ្នកនឹងស្រឡាញ់ទ្រង់ជានិច្ច ពីព្រោះទ្រង់វិសេសជាងសេចក្ដីស្រឡាញ់របស់មនុស្សទៅទៀត! ប្រសិនបើអ្នកអាចនិយាយរឿងទាំងនេះបាន នោះអ្នកអាចផ្លាស់ប្រែចិត្តមនុស្សបានហើយ។ ទាំងអស់នេះ គឺជាការធ្វើបន្ទាល់។ ប្រសិនបើអ្នកអាចធ្វើបន្ទាល់ដោយសូររំពង ដើម្បីឲ្យមនុស្សស្រក់ទឹកភ្នែក នោះបង្ហាញថាអ្នកជាមនុស្សម្នាក់ដែលពិតជាស្រឡាញ់ព្រះជាម្ចាស់ ដ្បិតអ្នកអាចថ្លែងទីបន្ទាល់ថាស្រឡាញ់ព្រះជាម្ចាស់ ហើយតាមរយៈអ្នក សកម្មភាពរបស់ព្រះជាម្ចាស់ អាចយកជាធ្វើទីបន្ទាល់បាន។ តាមរយៈទីបន្ទាល់របស់អ្នក អ្នកដទៃត្រូវបានបង្កើតឡើងដើម្បីស្វែងរកកិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីទទួលបានបទពិសោធន៍ពីកិច្ចការរបស់ព្រះជាម្ចាស់ និងទោះនៅក្នុងបរិស្ថានណាក៏ដោយដែលពួកគេភប់ប្រសព្វ ពួកគេនឹងអាចឈរយ៉ាងរឹងមាំបាន។ នេះគឺជាមធ្យោបាយដ៏ពិតតែមួយគត់នៃការធ្វើបន្ទាល់ ហើយនេះប្រាកដណាស់ថាជាអ្វីដែលជាសេចក្ដីតម្រូវចំពោះអ្នកឥឡូវនេះ។ អ្នកគប្បីឃើញថា កិច្ចការរបស់ព្រះជាម្ចាស់មានតម្លៃខ្លាំងណាស់ ហើយសក្តិសមនឹងទទួលបានការឲ្យតម្លៃយ៉ាងខ្ពស់ពីមនុស្សថា ព្រះជាម្ចាស់មានតម្លៃខ្លាំងណាស់ ហើយមានបរិបូរក្រៃលែង។ ទ្រង់មិនត្រឹមតែអាចមានព្រះបន្ទូលនោះទេ ប៉ុន្តែថែមទាំងជំនុំជម្រះមនុស្ស បន្សុទ្ធចិត្តពួកគេ នាំឲ្យពួកគេរីករាយ ទទួលបានពួកគេ ឈ្នះពួកគេ និងប្រោសឲ្យពួកគេបានគ្រប់លក្ខណ៍។ តាមបទពិសោធន៍របស់អ្នក អ្នកនឹងឃើញថាព្រះជាម្ចាស់គួរឲ្យស្រឡាញ់ខ្លាំងណាស់។ ដូច្នេះតើអ្នកស្រឡាញ់ព្រះជាម្ចាស់ខ្លាំងប៉ុនណាឥឡូវនេះ? តើអ្នកពិតជាអាចនិយាយរឿងទាំងនេះចេញពីបេះដូងអ្នកបានទេ? នៅពេលដែលអ្នកអាចបង្ហាញនូវពាក្យទាំងនេះ ចេញពីជម្រៅចិត្តអ្នក ពេលនោះអ្នកនឹងអាចធ្វើបន្ទាល់បាន។ នៅពេលដែលបទពិសោធន៍របស់អ្នកឈានដល់កម្រិតនេះ អ្នកនឹងអាចមានសមត្ថភាពធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់ ហើយអ្នកនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ប្រសិនបើបទពិសោធន៍របស់អ្នក មិនឈានដល់កម្រិតនេះទេ នោះអ្នកនឹងនៅកាន់តែឆ្ងាយ។ វាជារឿងធម្មតាទេដែលមនុស្សបើកបង្ហាញពីភាពទន់ខ្សោយក្នុងកំឡុងពេលដំណើរការបន្សុទ្ធ ប៉ុន្តែបន្ទាប់ពីការបន្សុទ្ធរួចរាល់ហើយ អ្នកគប្បីអាចនិយាយបានថា៖ «ព្រះជាម្ចាស់ពិតជាឈ្លាសវៃណាស់ក្នុងកិច្ចការរបស់ទ្រង់!» ប្រសិនបើអ្នកពិតជាអាចទទួលបាននូវការយល់ដឹងជាក់ស្តែងនៃពាក្យទាំងនេះ នោះវានឹងត្រឡប់ជាអ្វីដែលអ្នកស្រឡាញ់ខ្លាំងបំផុត ហើយបទពិសោធន៍របស់អ្នកនឹងមានតម្លៃ។
ដកស្រង់ពី «អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៥១២
តើអ្នកគួរស្វែងរកអ្វីឥឡូវនេះ? ទោះបីជាអ្នកអាចមានសមត្ថភាពក្នុងការធ្វើបន្ទាល់ចំពោះកិច្ចការរបស់ព្រះជាម្ចាស់បានឬអត់ ទោះបីជាអ្នកអាចធ្វើអោយមានជាទីបន្ទាល់ និងការជាក់ស្ដែងរបស់ព្រះជាម្ចាស់ឬអត់ ហើយបើទោះជាអ្នកសមនឹងប្រើប្រាស់ដោយទ្រង់ឬអត់ក៏ដោយ ទាំងនេះគឺជាអ្វីដែលអ្នកគប្បីស្វែងរក។ តើព្រះជាម្ចាស់ពិតជាបានធ្វើកិច្ចការច្រើនប៉ុនណានៅក្នុងអ្នក? តើអ្នកបានឃើញប៉ុន្មាន? តើអ្នកបានប៉ះប៉ុន្មាន? តើអ្នកមានបទពិសោធន៍ និងភ្លក្សរសជាតិបានប៉ុន្មានហើយ? មិនថាព្រះជាម្ចាស់បានល្បងលអ្នក ដោះស្រាយជាមួយអ្នក ឬប្រៀនប្រដៅអ្នកនោះទេ សកម្មភាព និងកិច្ចការរបស់ទ្រង់ត្រូវបានធ្វើឡើងសម្រាប់អ្នក។ ប៉ុន្តែក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលមានឆន្ទៈចង់ស្វែងរកឲ្យបានគ្រប់លក្ខណ៍ដោយសារទ្រង់ តើអ្នកអាចធ្វើបន្ទាល់ចំពោះកិច្ចការរបស់ព្រះជាម្ចាស់ ដោយផ្អែកលើបទពិសោធន៍ជាក់ស្តែងរបស់អ្នកឬទេ? តើអ្នកអាចរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរយៈបទពិសោធន៍ជាក់ស្តែងរបស់អ្នកឬទេ? តើអ្នកអាចផ្តល់ឲ្យអ្នកដទៃតាមរយៈបទពិសោធន៍ជាក់ស្តែងផ្ទាល់ខ្លួនរបស់អ្នក ហើយលះបង់ពេលពេញមួយជីវិតរបស់អ្នក ដើម្បីធ្វើបន្ទាល់ចំពោះកិច្ចការរបស់ព្រះជាម្ចាស់ដែរឬទេ? ដើម្បីធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ អ្នកត្រូវតែពឹងផ្អែកលើបទពិសោធន៍ ចំណេះដឹង និងតម្លៃដែលអ្នកបានបង់។ មានតែធ្វើដូច្នេះទេ ទើបអ្នកអាចផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ តើអ្នកជាមនុស្សម្នាក់ដែលធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ឬទេ? តើអ្នកមានសេចក្តីប្រាថ្នានេះទេ? ប្រសិនបើអ្នកអាចធ្វើបន្ទាល់អំពីព្រះនាមទ្រង់ ហើយលើសពីនេះទៅទៀត ធ្វើបន្ទាល់អំពីកិច្ចការរបស់ទ្រង់ ហើយប្រសិនបើអ្នកអាចរស់នៅតាមរូបភាពដែលទ្រង់តម្រូវពីរាស្ត្ររបស់ទ្រង់ នោះអ្នកគឺជាស្មរបន្ទាល់សម្រាប់ព្រះជាម្ចាស់។ តើអ្នកពិតជាធ្វើបន្ទាល់អំពីព្រះជាម្ចាស់យ៉ាងដូចម្តេច? អ្នកធ្វើវាដោយស្វែងរក និងចង់រស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដោយធើ្វ បន្ទាល់ជាមួយនឹងពាក្យរបស់អ្នក នោះគឺអនុញ្ញាតឲ្យមនុស្សដឹងពីកិច្ចការរបស់ទ្រង់ និងមើលឃើញសកម្មភាពរបស់ទ្រង់។ ប្រសិនបើអ្នកពិតជាស្វែងរករបស់ទាំងនេះមែន នោះព្រះជាម្ចាស់នឹងប្រោសឲ្យអ្នកបានគ្រប់លក្ខណ៍។ ប្រសិនបើអ្វីទាំងអស់ដែលអ្នកស្វែងរក គឹដើម្បីឲ្យបានការប្រោសឲ្យគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ ហើយទទួលបានព្រះពរនៅចុងបញ្ចប់ នោះទស្សនៈនៃសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ គឺមិនសុទ្ធទេ។ អ្នកគប្បីស្វែងរកវិធីដើម្បីមើលឃើញការប្រព្រឹត្តិរបស់ព្រះជាម្ចាស់នៅក្នុងជីវិតពិត របៀបក្នុងការផ្គាប់ព្រះហឫទ័យទ្រង់នៅពេលដែលទ្រង់បើកសម្ដែងពីបំណងព្រះហឫទ័យរបស់ទ្រង់មកកាន់អ្នក និងស្វែងរកវិធីដែលអ្នកគួរធ្វើបន្ទាល់អំពីភាពអស្ចារ្យ និងអំពីព្រះប្រាជ្ញាញាណរបស់ទ្រង់ ហើយនិងរបៀបធ្វើបន្ទាល់អំពីការដែលទ្រង់ប្រៀនប្រដៅ និងដោះស្រាយជាមួយអ្នក។ ទាំងអស់នេះគឺជារឿងដែលអ្នកគប្បីពិចារណា។ ប្រសិនបើសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ គឺសម្រាប់តែការដែលអ្នកអាចចែកចាយនូវសិរីរុងរឿងរបស់ព្រះជាម្ចាស់ បន្ទាប់ពីទ្រង់ប្រោសឲ្យអ្នកបានគ្រប់លក្ខណ៍ នោះវានៅតែមិនទាន់គ្រប់គ្រាន់ ហើយមិនអាចបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់នៅឡើយទេ។ អ្នកត្រូវតែអាចធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ បំពេញតាមការទាមទាររបស់ទ្រង់ និងទទួលយកបទពិសោធន៍អំពីកិច្ចការដែលទ្រង់បានធ្វើចំពោះមនុស្ស តាមរបៀបជាក់ស្តែង។ មិនថាការឈឺចាប់ ការស្រក់ទឹកភ្នែក ឬការសោកសៅទេ អ្នកត្រូវតែទទួលនូវបទពិសោធន៍នៃរឿងរ៉ាវទាំងអស់នេះ នៅក្នុងការអនុវត្តរបស់អ្នក។ រឿងរ៉ាវទាំងអស់នេះ នឹងនាំឲ្យអ្នកបានគ្រប់លក្ខណ៍ ជាមនុស្សម្នាក់ដែលធ្វើបន្ទាល់អំពីព្រះជាម្ចាស់។ តើឥឡូវនេះ ជាអ្វីទៅអោយប្រាកដ ដែលបង្ខំអ្នកឲ្យរងទុក្ខ ហើយស្វែងរកភាពគ្រប់លក្ខណ៍នោះ? តើការរងទុក្ខបច្ចុប្បន្នរបស់អ្នក ពិតជាដើម្បីប្រយោជន៍ក្នុងការស្រឡាញ់ព្រះជាម្ចាស់ និងធ្វើបន្ទាល់សម្រាប់ទ្រង់មែនទេ? ឬក៏សម្រាប់ជាប្រយោជន៍នៃព្រះពរខាងសាច់ឈាម សម្រាប់សេចក្ដីសង្ឃឹម និងវាសនាអនាគតរបស់អ្នក? គ្រប់ទាំងចេតនា ការលើកទឹកចិត្ត និងគោលដៅទាំងអស់របស់អ្នក ដែលអ្នកខំស្វែងរក ត្រូវតែទទួលបានការកែតម្រូវ ហើយមិនអាចដឹកនាំដោយឆន្ទៈផ្ទាល់ខ្លួនរបស់អ្នកបានឡើយ។ ប្រសិនបើមនុស្សម្នាក់ស្វែងរកភាពគ្រប់លក្ខណ៍ដើម្បីទទួលបានព្រះពរ និងគ្រប់គ្រងអំណាច ខណៈមនុស្សម្នាក់ទៀតស្វែងរកភាពគ្រប់លក្ខណ៍ ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ដើម្បីធ្វើបន្ទាល់ជាក់ស្តែងចំពោះកិច្ចការរបស់ព្រះជាម្ចាស់ តើមធ្យោបាយនៃការស្វះស្វែងរកមួយណា ក្នុងចំណោមមធ្យោបាយទាំងពីរ ដែលអ្នកនឹងជ្រើសយក? ប្រសិនបើអ្នកជ្រើសយកទីមួយ នោះអ្នកនឹងនៅឆ្ងាយខ្លាំងណាស់ពីបទដ្ឋានរបស់ព្រះជាម្ចាស់។ ខ្ញុំធ្លាប់មានព្រះបន្ទូលថា សកម្មភាពរបស់ខ្ញុំនឹងត្រូវបានគេដឹងជាចំហនៅទូទាំងសកលលោកហើយខ្ញុំនឹងសោយរាជ្យជាស្តេចក្នុងសកលលោក។ ម៉្យាងវិញទៀត អ្វីដែលអ្នករាល់គ្នាត្រូវបានប្រគល់សេចក្ដីទុកចិត្តឲ្យធ្វើ គឺត្រូវចេញទៅធ្វើបន្ទាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ មិនមែនដើម្បីក្លាយជាស្តេច ហើយលេចមុខនៅលើសកលលោកទាំងមូលនោះទេ។ ចូរឲ្យការប្រព្រឹត្តិរបស់ព្រះជាម្ចាស់បានបំពេញលោកធាតុ និងលំហអាកាស។ ចូរឲ្យមនុស្សគ្រប់គ្នាបានឃើញការប្រព្រឹត្តិទាំងនោះ ហើយទទួលស្គាល់ការប្រព្រឹត្តិទាំងនោះ។ ព្រះបន្ទូលទាំងនេះ គឺទាក់ទងនឹងព្រះជាម្ចាស់អង្គទ្រង់ផ្ទាល់ ហើយអ្វីដែលមនុស្សគប្បីធ្វើ គឺធ្វើបន្ទាល់អំពីព្រះជាម្ចាស់។ តើឥឡូវនេះ អ្នកស្គាល់ព្រះជាម្ចាស់បានប៉ុនណាហើយ? តើអ្នកអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់បានប៉ុនណា? តើអ្វីទៅជាគោលបំណងរបស់ព្រះជាម្ចាស់ ក្នុងការប្រោសឲ្យមនុស្សមានភាពគ្រប់លក្ខណ៍? នៅពេលដែលអ្នកយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ តើអ្នកគប្បីបង្ហាញពីការពិចារណា ចំពោះបំណងព្រះហឫទ័យរបស់ទ្រង់យ៉ាងដូចម្តេច? ប្រសិនបើអ្នកមានឆន្ទៈទទួលបានការប្រោសឲ្យបានគ្រប់លក្ខណ៍ និងធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះជាម្ចាស់តាមរយៈអ្វីដែលអ្នករស់នៅ ប្រសិនបើអ្នកមានកំលាំងជម្រុញនេះ នោះគ្មានអ្វីដែលពិបាកខ្លាំងនោះទេ។ អ្វីដែលមនុស្សត្រូវការនៅពេលនេះ គឺសេចក្ដីជំនឿ។ ប្រសិនបើអ្នកមានកំលាំងជម្រុញនេះ ពេលនោះ វានឹងមានភាពងាយស្រួលក្នុងការបោះបង់ចោលនូវភាពអវិជ្ជមាន ភាពអកម្ម ភាពខ្ជិលច្រអូស និងសញ្ញាណនៃសាច់ឈាម ទស្សនវិជ្ជានៃការរស់នៅ និស្ស័យបះបោរ អារម្មណ៍ និងអ្វីៗផ្សេងទៀត។
ដកស្រង់ពី «អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៥១៣
នៅពេលឆ្លងកាត់ការល្បងល វាជារឿងធម្មតាទេដែលមនុស្សនឹងទន់ខ្សោយ ឬមានភាពអវិជ្ជមាននៅក្នុងខ្លួនពួកគេ ឬខ្វះភាពច្បាស់លាស់ទាក់ទងនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬខ្វះផ្លូវសម្រាប់ការអនុវត្តរបស់ពួកគេ។ ប៉ុន្តែក្នុងករណីណាក៏ដោយ អ្នកត្រូវតែមានសេចក្ដីជំនឿលើកិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនត្រូវបដិសេធព្រះជាម្ចាស់ឡើយ គឺដូចជាយ៉ូបដែរ។ ទោះបីជាយ៉ូបខ្សោយ ហើយពោលពាក្យប្រទេចផ្តាសាដល់ថ្ងៃកំណើតរបស់ខ្លួនក៏ដោយ ក៏គាត់មិនបានប្រកែកទេថា គ្រប់អ្វីទាំងអស់នៅក្នុងជីវិតមនុស្ស គឹត្រូវបានប្រទានអោយដោយព្រះយេហូវ៉ា ហើយថាព្រះយេហូវ៉ាក៏ជាអ្នកដែលយករបស់ទាំងនោះចេញទៅវិញដែរ។ មិនថាគាត់ត្រូវបានល្បងលយ៉ាងដូចម្ដេចក៏ដោយ ក៏គាត់នៅតែរក្សាជំនឿនេះដដែល។ នៅក្នុងបទពិសោធន៍របស់អ្នក មិនថាការបន្សុទ្ធអ្វីក៏ដោយដែលអ្នកឆ្លងកាត់ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្សទាក់ទងនឹងជំនឿនោះគឺជាសេចក្តីជំនឿរបស់ពួកគេ និងសេចក្ដីស្រឡាញ់របស់ពួកគេចំពោះទ្រង់។ អ្វីដែលទ្រង់ប្រោសឲ្យមានភាពគ្រប់លក្ខណ៍ដោយធ្វើកិច្ចការតាមរបៀបនេះ គឺជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីប្រាថ្នារបស់មនុស្ស។ ព្រះជាម្ចាស់ធ្វើកិច្ចការនៃភាពគ្រប់លក្ខណ៍ដល់មនុស្ស ហើយពួកគេមិនអាចមើលឃើញអំពីកិច្ចការនេះ និងមិនអាចមានអារម្មណ៍អំពីកិច្ចការនេះទេ។ ក្នុងកាលៈទេសៈបែបនេះ អ្នកត្រូវតម្រូវឲ្យមានសេចក្ដីជំនឿ។ សេចក្ដីជំនឿរបស់មនុស្សត្រូវបានតម្រូវទុក នៅពេលដែលអ្វីមួយមិនអាចមើលឃើញដោយភ្នែកទទេបាន ហើយអ្នកត្រូវតម្រូវឲ្យមានសេចក្ដីជំនឿ នៅពេលដែលអ្នកមិនអាចបំបាត់ចោលនូវសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកបាន។ នៅពេលដែលអ្នកមិនមានភាពច្បាស់លាស់អំពីកិច្ចការរបស់ព្រះជាម្ចាស់ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវមានសេចក្ដីជំនឿ និងប្រកាន់ជំហររឹងមាំ និងធ្វើបន្ទាល់។ នៅពេលដែលយ៉ូបឈានដល់ចំណុចនេះ ព្រះជាម្ចាស់បានលេចមកចំពោះគាត់ ហើយបានមានព្រះបន្ទូលទៅកាន់គាត់។ នោះគឺមានតែចេញពីសេចក្ដីជំនឿរបស់អ្នកប៉ុណ្ណោះ ដែលអ្នកនឹងអាចឃើញព្រះជាម្ចាស់ ហើយនៅពេលអ្នកមានសេចក្ដីជំនឿ នោះព្រះជាម្ចាស់នឹងប្រោសឲ្យអ្នកបានគ្រប់លក្ខណ៍។ បើគ្មានសេចក្ដីជំនឿទេ ទ្រង់មិនអាចធ្វើការនេះបានទេ។ ព្រះជាម្ចាស់នឹងប្រទានដល់អ្នក នូវអ្វីដែលអ្នកសង្ឃឹមថានឹងទទួលបាន។ ប្រសិនបើអ្នកមិនមានសេចក្ដីជំនឿទេ នោះអ្នកមិនអាចទទួលបានភាពគ្រប់លក្ខណ៍ទេ ហើយអ្នកនឹងមិនអាចមើលឃើញពីសកម្មភាពរបស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងមិនអាចឃើញនូវព្រះចេស្ដារបស់ព្រះជាម្ចាស់ទៀតផង។ នៅពេលដែលអ្នកមានសេចក្ដីជំនឿថាអ្នកនឹងឃើញសកម្មភាពរបស់ទ្រង់នៅក្នុងបទពិសោធន៍ជាក់ស្តែងរបស់អ្នក ពេលនោះព្រះជាម្ចាស់នឹងលេចមកចំពោះអ្នក ហើយទ្រង់នឹងបំភ្លឺ និងដឹកនាំអ្នកពីក្នុងជម្រៅចិត្ត។ បើគ្មានសេចក្ដីជំនឿនោះទេ ព្រះជាម្ចាស់នឹងមិនអាចធ្វើការនោះបានឡើយ។ ប្រសិនបើអ្នកបាត់បង់សេចក្ដីសង្ឃឹមលើព្រះជាម្ចាស់ តើអ្នកនឹងមានបទពិសោធន៍ក្នុងកិច្ចការរបស់ទ្រង់យ៉ាងដូចម្តេចបាន? ដូច្នេះ មានតែនៅពេលដែលអ្នកមានសេចក្ដីជំនឿ ហើយអ្នកមិនមានការមន្ទិលសង្ស័យចំពោះព្រះជាម្ចាស់ មានតែនៅពេលអ្នកមានសេចក្ដីជំនឿពិតលើទ្រង់ មិនថាទ្រង់ធ្វើអ្វីក៏ដោយ នោះទ្រង់នឹងបំភ្លឺ និងធ្វើឲ្យអ្នកយល់ជាក់ តាមរយៈបទពិសោធន៍របស់អ្នក ហើយមានតែពេលនោះទេ ដែលអ្នកអាចមើលឃើញសកម្មភាពរបស់ទ្រង់។ រឿងទាំងនេះ ត្រូវបានសម្រេចគ្រប់ទាំងអស់ តាមរយៈសេចក្ដីជំនឿ។ សេចក្ដីជំនឿកើតឡើងតែតាមរយៈការបន្សុទ្ធប៉ុណ្ណោះ ហើយក្នុងករណីដែលគ្មានការបន្សុទ្ធ នោះសេចក្ដីជំនឿមិនអាចរីកលូតលាស់បានទេ។ តើពាក្យថា «សេចក្ដីជំនឿ» សំដៅទៅលើអ្វី? សេចក្ដីជំនឿ គឺជាការជឿដ៏ពិតប្រាកដ និងចិត្តស្មោះត្រង់ ដែលមនុស្សគប្បីមាន នៅពេលដែលពួកគេមិនអាចមើលឃើញ ឬប៉ះអ្វីមួយ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មិនស្របនឹងសញ្ញាណរបស់មនុស្ស នៅពេលដែលវាហួសពីសមត្ថភាពរបស់មនុស្ស។ នេះហើយគឺជាសេចក្ដីជំនឿដែលខ្ញុំបានមានព្រះបន្ទូលនោះ។ មនុស្សត្រូវការសេចក្តីជំនឿ ក្នុងអំឡុងពេលមានការលំបាក និងការបន្សុទ្ធ ហើយសេចក្ដីជំនឿ គឺជាអ្វីមួយដែលត្រូវនៅជាប់តាមដោយការបន្សុទ្ធ។ ការបន្សុទ្ធ និងសេចក្ដីជំនឿ មិនអាចដាច់ចេញពីគ្នាបានឡើយ។ មិនថាព្រះជាម្ចាស់ធ្វើកិច្ចការយ៉ាងដូចម្ដេច និងមិនថាបរិយាកាសរបស់អ្នកយ៉ាងណានោះទេ អ្នកអាចស្វែងរកជីវិត និងស្វែងរកសេចក្តីពិត ហើយស្វែងរកចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងមានការយល់ដឹងអំពីសកម្មភាពរបស់ទ្រង់ ហើយអ្នកអាចធ្វើទៅតាមសេចក្តីពិត។ ការធ្វើដូច្នេះ គឺជាអ្វីដែលត្រូវមានសេចក្ដីជំនឿដ៏ពិត ហើយការធ្វើដូច្នេះបង្ហាញថា អ្នកមិនបានបាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់ទេ។ អ្នកអាចមានសេចក្ដីជំនឿដ៏ពិតលើព្រះជាម្ចាស់ ប្រសិនបើអ្នកអាចតស៊ូក្នុងការស្វែងរកសេចក្ដីពិតតាមរយៈការបន្សុទ្ធ ប្រសិនបើអ្នកអាចស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមិនមានការសង្ស័យអំពីទ្រង់ទេ នោះទោះបីជាទ្រង់ធ្វើអ្វីក៏ដោយ ក៏អ្នកនៅតែអនុវត្តនូវសេចក្តីពិតដើម្បីផ្គាប់ព្រះហឫទ័យទ្រង់ ហើយអ្នកអាចស្វែងរកនូវជម្រៅនៃបំណងព្រះហឫទ័យរបស់ទ្រង់ និងគិតពិចារណាំអំពីបំណងព្រះហឫទ័យរបស់ទ្រង់។ កាលពីមុន នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលថា អ្នកនឹងសោយរាជ្យជាស្តេច អ្នកបានស្រឡាញ់ទ្រង់ ហើយនៅពេលដែលទ្រង់បង្ហាញអង្គទ្រង់ផ្ទាល់ចំពោះអ្នកដោយចំហ អ្នកបានស្វែងរកទ្រង់។ ប៉ុន្ដែឥឡូវនេះ ព្រះជាម្ចាស់បានលាក់បាំងអ្នកមិនឲ្យមើលឃើញទ្រង់បាន ហើយបញ្ហាបានកើតមានដល់អ្នក—តើពេលនោះអ្នកនឹងបាត់បង់នូវសេចក្តីសង្ឃឹមលើព្រះជាម្ចាស់ឬទេ? ដូច្នេះអ្នកត្រូវតែស្វែងរកជីវិត ហើយព្យាយាមផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់គ្រប់ពេលវេលា។ នេះហៅថាសេចក្ដីជំនឿដ៏ពិតប្រាកដ ហើយនេះជាប្រភេទនៃសេចក្ដីស្រឡាញ់ដ៏ពិត និងស្រស់ស្អាតបំផុត។
កាលពីអតីតកាល មនុស្សទាំងអស់មករកព្រះជាម្ចាស់ដើម្បីធ្វើការប្ដេជ្ញាចិត្ដរបស់ពួកគេ ហើយពួកគេនិយាយថា៖ «ទោះបីគ្មានអ្នកណាផ្សេងស្រឡាញ់ព្រះជាម្ចាស់ក៏ដោយ ក៏ទូលបង្គំត្រូវតែស្រឡាញ់ទ្រង់ដែរ»។ តែឥឡូវនេះ ការបន្សុទ្ធកើតឡើងលើអ្នក ហើយដោយសារការនេះមិនត្រូវនឹងសញ្ញាណរបស់អ្នក នោះអ្នកក៏បាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់។ តើសេចក្ដីស្រឡាញ់នេះពិតឬអត់? អ្នកបានអានជាច្រើនដងហើយអំពីការប្រព្រឹត្តិរបស់យ៉ូប—តើអ្នកបានភ្លេចអំពីការប្រព្រឹត្តិទាំងនោះទេឬ? សេចក្ដីស្រឡាញ់ពិតអាចលេចចេញជារូបរាងបានពីសេចក្ដីជំនឿ។ អ្នកបណ្ដុះសេចក្ដីស្រឡាញ់ដ៏ពិតសម្រាប់ព្រះជាម្ចាស់ តាមរយៈការបន្សុទ្ធដែលអ្នកបានឆ្លងកាត់ ហើយតាមរយៈជំនឿរបស់អ្នក អ្នកអាចគិតពិចារណាដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នៅក្នុងបទពិសោធន៍ជាក់ស្តែងរបស់អ្នក ហើយវាក៏តាមរយៈសេចក្ដីជំនឿ ដែលអ្នកបោះបង់ចោលសាច់ឈាមរបស់អ្នកផ្ទាល់ ហើយស្វែងរកជីវិត។នេះគឺជាអ្វីដែលមនុស្សគប្បីធ្វើ។ ប្រសិនបើអ្នកធ្វើការនេះ ពេលនោះអ្នកនឹងអាចឃើញសកម្មភាពរបស់ព្រះជាម្ចាស់ ប៉ុន្តែប្រសិនបើអ្នកខ្វះសេចក្ដីជំនឿ នោះអ្នកនឹងមិនអាចមើលឃើញពីសកម្មភាពរបស់ព្រះជាម្ចាស់ ឬទទួលបទពិសោធន៍ពីកិច្ចការរបស់ទ្រង់ឡើយ។ ប្រសិនបើអ្នកចង់ត្រូវបានប្រើ និងត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ នោះអ្នកត្រូវតែមានអ្វីៗទាំងអស់ដូចជា៖ ឆន្ទៈក្នុងការរងទុក្ខ សេចក្ដីជំនឿ ការស៊ូទ្រាំ ការស្ដាប់បង្គាប់ និងសមត្ថភាពក្នុងការទទួលពិសោធកិច្ចការរបស់ព្រះជាម្ចាស់ យល់ពីព្រះហឫទ័យរបស់ទ្រង់ ពិចារណាពីទុក្ខព្រួយរបស់ទ្រង់ ជាដើម។ ការធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ គឺមិនងាយស្រួលនោះទេ ហើយរាល់ការបន្សុទ្ធនីមួយៗដែលអ្នកជួបប្រទះ តម្រូវឲ្យមានជំនឿ និងសេចក្តីស្រឡាញ់។ ប្រសិនបើអ្នកចង់ទទួលបានភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ វាមិនគ្រប់គ្រាន់ទេក្នុងការដែលគ្រាន់តែឆ្ពោះទៅមុខនៅលើផ្លូវ ហើយវាមិនគ្រប់គ្រាន់ដែរ ក្នុងការដែលគ្រាន់តែលះបង់ខ្លួនឯងសម្រាប់ព្រះជាម្ចាស់នោះ។ អ្នកត្រូវតែមានរបស់ជាច្រើនដើម្បីអាចក្លាយជាមនុស្សម្នាក់ ដែលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់។ នៅពេលដែលអ្នកប្រឈមមុខនឹងការរងទុក្ខ អ្នកត្រូវតែអាចទុកនូវកង្វល់ខាងសាច់ឈាមមួយឡែក ហើយកុំត្អូញត្អែរប្រឆាំងនឹងព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់លាក់អង្គទ្រង់ពីអ្នក អ្នកត្រូវតែអាចមានជំនឿ ដើម្បីដើរតាមទ្រង់ ដើម្បីរក្សាសេចក្តីស្រឡាញ់ពីមុនរបស់អ្នក ដោយមិនឲ្យវារសាត់ចេញ ឬរលាយបាត់ឡើយ។ មិនថាព្រះជាម្ចាស់ធ្វើយ៉ាងដូចម្ដេចទេ អ្នកត្រូវតែចុះចូលនឹងការរចនារបស់ទ្រង់ ហើយត្រៀមដាក់បណ្តាសាសាច់ឈាមរបស់អ្នកផ្ទាល់ ជាជាងការត្អូញត្អែរទាស់ប្រឆាំងនឹងទ្រង់។ នៅពេលដែលអ្នកប្រឈមនឹងការល្បងល អ្នកត្រូវតែផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ទោះបីអ្នកអាចនឹងយំយ៉ាងជូរចត់ ឬមានអារម្មណ៍ស្ទាក់ស្ទើរ ក្នុងការផ្ដាច់ខ្លួនចេញពីវត្ថុដែលជាទីស្រឡាញ់ខ្លះក៏ដោយ។ មានតែការនេះទេ ដែលជាសេចក្តីស្រឡាញ់ និងសេចក្ដីជំនឿដ៏ពិត។ មិនថាកម្ពស់ជាក់ស្ដែងរបស់អ្នកប៉ុនណានោះទេ ជាដំបូងអ្នកត្រូវតែមានទាំងឆន្ទៈដើម្បីរងទុក្ខលំបាក និងសេចក្ដីជំនឿដ៏ពិត ហើយអ្នកក៏ត្រូវមានឆន្ទៈក្នុងការលះបង់នូវសាច់ឈាមផងដែរ។ អ្នកគប្បីមានឆន្ទៈស៊ូទ្រាំការលំបាកផ្ទាល់ខ្លួន ហើយទទួលរងនូវការខាតបង់ចំពោះផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក ដើម្បីផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ អ្នកក៏ត្រូវតែមានសមត្ថភាពក្នុងការមានអារម្មណ៍សោកស្តាយចំពោះខ្លួនឯងនៅក្នុងចិត្តផងដែរ៖ កាលពីអតីតកាល អ្នកមិនអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយឥឡូវនេះអ្នកអាចសោកស្តាយខ្លួនឯងបាន។ អ្នកមិនត្រូវខ្វះខាតក្នុងការទាំងនោះណាមួយទេ—វាគឺតាមរយៈការទាំងនេះដែលព្រះជាម្ចាស់នឹងធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍។ ប្រសិនបើអ្នកមិនអាចបំពេញតាមលក្ខខណ្ឌទាំងនេះទេ នោះអ្នកមិនអាចទទួលបានភាពគ្រប់លក្ខណ៍នោះឡើយ។
ដកស្រង់ពី «អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៥១៤
នរណាដែលបម្រើព្រះជាម្ចាស់ មិនត្រឹមតែដឹងពីរបៀបនៃការរងទុក្ខសម្រាប់ទ្រង់ប៉ុណ្ណោះទេ។ លើសពីនេះទៅទៀត ពួកគេគប្បីយល់ថា គោលបំណងនៃការជឿលើព្រះជាម្ចាស់ គឺដើម្បីស្វែងរកសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ប្រើអ្នក មិនត្រឹមតែដើម្បីបន្សុទ្ធអ្នក ឬដើម្បីជាប្រយោជន៍ដើម្បីឲ្យអ្នករងទុក្ខនោះទេ ប៉ុន្ដែព្រះជាម្ចាស់ប្រើអ្នកដើម្បីឲ្យអ្នកដឹងពីសកម្មភាពរបស់ទ្រង់ ដឹងពីភាពសំខាន់ដ៏ពិតអំពីជីវិតមនុស្ស ហើយជាពិសេស ដើម្បីឲ្យអ្នកអាចដឹងថាការបម្រើព្រះជាម្ចាស់មិនមែនជាកិច្ចការងាយស្រួលទេ។ ការទទួលពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់ មិនមែនដើម្បីរីករាយនឹងព្រះគុណទេ តែជាការរងទុក្ខចំពោះសេចក្តីស្រឡាញ់របស់អ្នកចំពោះទ្រង់។ ដោយព្រោះអ្នករីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ អ្នកក៏ត្រូវរីករាយនឹងការវាយផ្ចាលរបស់ទ្រង់ផងដែរ។ អ្នកត្រូវតែមានបទពិសោធន៍អំពីការទាំងអស់នេះ។ អ្នកអាចទទួលបានបទពិសោធន៍អំពីការបំភ្លឺរបស់ព្រះជាម្ចាស់នៅក្នុងអ្នក ហើយអ្នកក៏អាចមានបទពិសោធន៍ពីរបៀបដែលទ្រង់ដោះស្រាយជាមួយអ្នក និងជំនុំជម្រះអ្នកផងដែរ។ តាមវិធីនេះ បទពិសោធន៍របស់អ្នកនឹងមានលក្ខណៈទូលំទូលាយ។ ព្រះជាម្ចាស់បានអនុវត្តនូវកិច្ចការរបស់ទ្រង់អំពីការជំនុំជម្រះ និងការវាយផ្ចាល់មកលើអ្នក។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានដោះស្រាយជាមួយអ្នក ប៉ុន្តែមិនត្រឹមតែប៉ុណ្ណោះទេ ព្រះបន្ទូលក៏បានបំភ្លឺ និងធ្វើឲ្យអ្នកយល់ច្បាស់ផងដែរ។ នៅពេលដែលអ្នកមានភាពអវិជ្ជមាន និងខ្សោយ ព្រះជាម្ចាស់បារម្ភពីអ្នក។ គ្រប់កិច្ចការទាំងអស់នេះ គឺដើម្បីឲ្យអ្នកដឹងថាអ្វីៗទាំងអស់អំពីមនុស្ស គឺស្ថិតនៅក្នុងផែនការដែលព្រះជាម្ចាស់បានរៀបចំ។ អ្នកប្រហែលជាគិតថា ការជឿលើព្រះជាម្ចាស់ គឺជាការរងទុក្ខ ឬការធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ទ្រង់។ អ្នកអាចគិតថា គោលបំណងនៃការជឿលើព្រះជាម្ចាស់ គឺដើម្បីឲ្យសាច់ឈាមរបស់អ្នកមានសេចក្ដីសុខសាន្ដ ឬដើម្បីឲ្យអ្វីៗនៅក្នុងជីវិតរបស់អ្នកដំណើរការទៅដោយរលូន ឬដើម្បីឲ្យអ្នកមានផាសុកភាព និងមានភាពងាយស្រួលក្នុងគ្រប់រឿងទាំងអស់។ ទោះយ៉ាងណាក៏ដោយ គោលបំណងទាំងនេះ គ្មានគោលបំណងណាដែលមនុស្សគប្បីភ្ជាប់ទៅនឹងជំនឿរបស់ពួកគេលើព្រះជាម្ចាស់នោះឡើយ។ ប្រសិនបើអ្នកជឿលើគោលបំណងទាំងនេះ នោះទស្សនៈរបស់អ្នកមិនត្រឹមត្រូវទេ ហើយវាមិនអាចទៅរួចទេដែលអ្នកអាចទទួលបាននូវភាពគ្រប់លក្ខណ៍នោះ។ សកម្មភាពរបស់ព្រះជាម្ចាស់ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ប្រាជ្ញារបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និងភាពអស្ចារ្យរបស់ទ្រង់ និងភាពដែលមិនអាចវាស់ស្ទង់បានរបស់ទ្រង់ គឺជាអ្វីទាំងអស់ដែលមនុស្សគួរតែយល់។ ដោយយល់ពីការនេះហើយ អ្នកគប្បីប្រើវាដើម្បីឲ្យចិត្តអ្នកផ្ដាច់ចេញពីការទាមទារ ពីក្តីសង្ឃឹម និងពីសញ្ញាណផ្ទាល់ខ្លួនទាំងអស់។ មានតែការលុបបំបាត់នូវការទាំងអស់នេះទេ ទើបអ្នកអាចបំពេញទៅតាមលក្ខខណ្ឌដែលតម្រូវដោយព្រះជាម្ចាស់ ហើយមានតែការធ្វើបែបនេះទេ ដែលអ្នកអាចមានជីវិត និងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន។ គោលបំណងនៃការជឿលើព្រះជាម្ចាស់ គឺដើម្បីផ្គាប់ព្រះហឫទ័យដល់ទ្រង់ និងដើម្បីរស់នៅស្របទៅតាមនិស្ស័យដែលទ្រង់តម្រូវ ដើម្បីឲ្យសកម្មភាព និងសិរីល្អរបស់ទ្រង់ ត្រូវបានសម្តែងចេញតាមរយៈក្រុមមនុស្សមិនសក្តិសមនឹងទទួលនេះ។ នេះគឺជាទស្សនវិស័យដ៏ត្រឹមត្រូវចំពោះការជឿលើព្រះជាម្ចាស់ ហើយនេះក៏ជាគោលដៅដែលអ្នកគប្បីស្វែងរកផងដែរ។ អ្នកគប្បីមានទស្សនៈត្រឹមត្រូវអំពីការជឿលើព្រះជាម្ចាស់ ហើយអ្នកគប្បីស្វែងរកដើម្បីទទួលបានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកត្រូវតែហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកត្រូវតែអាចរស់នៅតាមសេចក្តីពិត ហើយជាពិសេស អ្នកត្រូវតែអាចមើលឃើញការជាក់ស្តែងរបស់ទ្រង់ ការដ៏អស្ចារ្យរបស់ទ្រង់នៅពាសពេញសកលលោក ក៏ដូចជាកិច្ចការជាក់ស្តែងដែលទ្រង់ធ្វើនៅក្នុងភាពជាសាច់ឈាម។ តាមរយៈបទពិសោធន៍ជាក់ស្តែងរបស់ពួកគេ មនុស្សអាចកោតសរសើរចំពោះរបៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ចំពោះពួកគេ និងអ្វីដែលជាបំណងព្រះហឫទ័យរបស់ទ្រង់ចំពោះពួកគេ។ គោលបំណងនៃការទាំងអស់នេះ គឺដើម្បីលុបបំបាត់ចោលនូវនិស្ស័យរបស់សាតាំងដែលពុករលួយរបស់មនុស្ស។ ដោយបានបោះចោលនូវភាពស្មោកគ្រោក និងអំពើទុច្ចរិតទាំងប៉ុន្មាននៅខាងក្នុងអ្នក ហើយបោះចោលចេតនាដែលមិនត្រឹមត្រូវរបស់អ្នក និងបានលូតលាស់នូវសេចក្ដីជំនឿដ៏ពិតលើព្រះជាម្ចាស់ មានតែសេចក្ដីជំនឿដ៏ពិតប៉ុណ្ណោះ ទើបអ្នកអាចស្រឡាញ់ព្រះជាម្ចាស់ដ៏ពិតប្រាកដបាន។ អ្នកអាចស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដលើគ្រឹះនៃជំនឿរបស់អ្នកនៅក្នុងទ្រង់។ តើអ្នកអាចសម្រេចបានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ ដោយមិនជឿលើទ្រង់ដែរទេ? ដោយសារអ្នកជឿលើព្រះជាម្ចាស់ អ្នកមិនអាចភ័ន្ដច្រលំអំពីរឿងនេះបានទេ។ មនុស្សខ្លះមានកម្លាំងពេញលេញ នៅពេលពួកគេឃើញថាសេចក្ដីជំនឿលើព្រះជាម្ចាស់នឹងនាំមកនូវព្រះពរដល់ពួកគេ ប៉ុន្តែបន្ទាប់មកពួកគេបាត់បង់ថាមពលទាំងអស់ នៅពេលពួកគេឃើញថាពួកគេត្រូវរងទុក្ខនូវការបន្សុទ្ធ។ តើនោះជាការជឿលើព្រះជាម្ចាស់ទេ? នៅទីបំផុត អ្នកត្រូវតែទទួលបានការស្ដាប់បង្គាប់ពេញលេញ និងទាំងស្រុង នៅចំពោះព្រះជាម្ចាស់ដោយជំនឿរបស់អ្នក។ អ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែអ្នកនៅតែមានការទាមទារពីទ្រង់ មានសញ្ញាណខាងសាសនាជាច្រើនដែលអ្នកមិនអាចផ្ដាច់ខ្លួនចេញ ផលប្រយោជន៍ផ្ទាល់ខ្លួនដែលអ្នកមិនអាចបោះបង់ចោល ហើយអ្នកនៅតែស្វែងរកព្រះពរខាងសាច់ឈាម ហើយចង់ឲ្យព្រះជាម្ចាស់ជួយសង្គ្រោះសាច់ឈាមអ្នក ដើម្បីសង្គ្រោះព្រលឹងអ្នក ទាំងនេះគឺជាអាកប្បកិរិយារបស់មនុស្សដែលមានទស្សនៈខុសឆ្គង។ ទោះបីជាមនុស្សដែលមានជំនឿលើសាសនា មានជំនឿលើព្រះជាម្ចាស់ក៏ដោយ ពួកគេមិនស្វែងរកការផ្លាស់ប្តូរនូវនិស្ស័យរបស់ពួកគេ ហើយមិនស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ទេ ផ្ទុយទៅវិញ ពួកគេស្វែងរកតែផលប្រយោជន៍ខាងសាច់ឈាមរបស់ពួកគេប៉ុណ្ណោះ។ មនុស្សជាច្រើនក្នុងចំណោមអ្នករាល់គ្នា មានសេចក្ដីជំនឿដែលជាផ្នែកនៃជំនឿសាសនា។ នេះមិនមែនជាសេចក្ដីជំនឿដ៏ពិតចំពោះព្រះជាម្ចាស់នោះទេ។ ដើម្បីជឿលើព្រះជាម្ចាស់ មនុស្សត្រូវតែមានដួងចិត្តដែលត្រៀមរងទុក្ខលំបាកសម្រាប់ទ្រង់ និងឆន្ទៈលះបង់ខ្លួនឯង។ ដរាបណាមនុស្សបំពេញនូវលក្ខខណ្ឌទាំងពីរនេះ នោះជំនឿរបស់ពួកគេលើព្រះជាម្ចាស់ មិនមានសុពលភាពទេ ហើយពួកគេនឹងមិនអាចសម្រេចបានការផ្លាស់ប្តូរនិស្ស័យរបស់ពួកគេឡើយ។ មានតែមនុស្សដែលស្វែងរកសេចក្តីពិតដ៏ពិតប្រាកដ ស្វែងរកចំណេះដឹងពីព្រះជាម្ចាស់ ហើយស្វែងរកជីវិតនោះទេ ទើបជាអ្នកដែលជឿលើព្រះជាម្ចាស់ដ៏ពិត។
ដកស្រង់ពី «អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៥១៥
គោលបំណងចម្បងចំពោះកិច្ចការនៃការបន្សុទ្ធ គឺដើម្បីប្រោសឲ្យសេចក្ដីជំនឿរបស់មនុស្សបានគ្រប់លក្ខណ៍។ នៅចុងបញ្ចប់ អ្វីដែលសម្រេចបាន គឺថាអ្នកចង់ចាកចេញ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ អ្នកមិនអាចទេ។ មនុស្សខ្លះនៅតែអាចមានសេចក្ដីជំនឿ ទោះបីនៅពេលដែលពួកគេឥតមានសេចក្តីសង្ឃឹមសូម្បីតែបន្ដិច។ ហើយមនុស្សលែងមានសង្ឃឹមទាល់តែសោះ ទាក់ទងនឹងលទ្ធភាពដែលអាចធ្វើបាននៃអនាគតរបស់ពួកគេផ្ទាល់។ មានតែពេលនេះទេដែលការបន្សុទ្ធរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់។ មនុស្សនៅតែមិនទាន់ឈានដល់ដំណាក់កាលនៃការវិលវល់ រវាងជីវិត និងសេចក្តីស្លាប់ ហើយពួកគេមិនបានភ្លក់សេចក្តីស្លាប់ទេ ដូច្នេះដំណើរការនៃការបន្សុទ្ធ មិនទាន់ត្រូវបានបញ្ចប់នៅឡើយ។ ទោះបីអ្នកទាំងនោះស្ថិតនៅក្នុងជំហាននៃអ្នកស៊ីឈ្នួលក៏ដោយ ក៏មិនត្រូវបានបន្សុទ្ធឲ្យប្រសើរបំផុតដែរ។ យ៉ូបបានឆ្លងកាត់ការបន្សុទ្ធដ៏ធំធេង ហើយគាត់មិនមានអ្វីដែលត្រូវពឹងផ្អែកនោះទេ។ មនុស្សត្រូវឆ្លងកាត់ការបន្សុទ្ធរហូតដល់ចំណុចមួយដែលពួកគេមិនមានសេចក្តីសង្ឃឹម និងគ្មានអ្វីត្រូវពឹងផ្អែកលើ—មានតែការធើ្វដូចនេះទេ ទើបជាការបន្សុទ្ធដ៏ពិតប្រាកដ។ ក្នុងអំឡុងពេលនៃអ្នកស៊ីឈ្នួល ប្រសិនបើចិត្តរបស់អ្នកតែងតែស្ងប់នៅចំពោះព្រះជាម្ចាស់ជានិច្ច ហើយបើទោះបីជាទ្រង់បានធ្វើអ្វី និងមិនថាបំណងព្រះហឫទ័យរបស់ទ្រង់ចំពោះអ្នកយ៉ាងណាក៏ដោយ អ្នកតែងតែគោរពតាមការរៀបចំរបស់ទ្រង់ជានិច្ច ពេលនោះ នៅចុងបញ្ចប់នៃផ្លូវ អ្នកនឹងយល់អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានធ្វើ។ អ្នកបានឆ្លងកាត់ការល្បងលរបស់យ៉ូប ហើយនៅពេលដំណាលគ្នា អ្នកត្រូវឆ្លងកាត់ការល្បងលរបស់ពេត្រុស។ ពេលយ៉ូបត្រូវល្បងល គាត់បានធ្វើបន្ទាល់ ហើយនៅទីបំផុត ព្រះជាយេហូវ៉ាបានបើកសម្ដែងដល់គាត់។ មានតែបន្ទាប់ពីគាត់បានធ្វើបន្ទាល់ប៉ុណ្ណោះ នោះទើបគាត់សមនឹងឃើញព្រះភក្រ្តរបស់ព្រះជាម្ចាស់។ ហេតុអ្វីបានមានព្រះបន្ទូលថា៖ «ខ្ញុំលាក់ខ្លួនពីទឹកដីដ៏ស្មោកគ្រោក តែបង្ហាញអង្គខ្ញុំដល់នគរដ៏បរិសុទ្ធ?» នោះមានន័យថា មានតែពេលដែលអ្នកបរិសុទ្ធ ហើយឈរធ្វើបន្ទាល់នោះទេ ទើបអ្នកអាចមានកិត្តិយសក្នុងការមើលឃើញព្រះភក្រ្ករបស់ព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកមិនអាចឈរធ្វើបន្ទាល់អំពីទ្រង់បានទេ អ្នកមិនមានកិត្តិយសក្នុងការមើលឃើញព្រះភក្រ្កទ្រង់បានទេ។ ប្រសិនបើអ្នកដកថយ ឬតវ៉ាប្រឆាំងនឹងព្រះជាម្ចាស់នៅពេលធ្វើការបន្សុទ្ធ បរាជ័យក្នុងការឈរធ្វើបន្ទាល់អំពីទ្រង់ ហើយក្លាយជាមនុស្សល្ងីល្ងើរបស់សាតាំង នោះអ្នកនឹងមិនអាចទទួលបាននូវការលេចមករបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើអ្នកដូចជាយ៉ូបដែលស្ថិតក្នុងការល្បងល ដោយបានដាក់បណ្តាសាចំពោះសាច់ឈាមរបស់ខ្លួនគាត់ផ្ទាល់ ហើយមិនបានត្អូញត្អែរទាស់ប្រឆាំងនឹងព្រះជាម្ចាស់ ហើយអាចស្អប់សាច់ឈាមរបស់គាត់ផ្ទាល់ ដោយមិនត្អូញត្អែរ ឬប្រព្រឹត្តបាបតាមរយៈពាក្យសម្ដីរបស់គាត់ នោះអ្នកនឹងអាចឈរធ្វើបន្ទាល់បាន។ នៅពេលដែលអ្នកឆ្លងកាត់ការបន្សុទ្ធក្នុងកម្រិតមួយ ហើយនៅតែអាចដូចយ៉ូប ដោយស្ដាប់បង្គាប់ទាំងស្រុងនៅចំពោះព្រះជាម្ចាស់ និងដោយគ្មានសេចក្ដីតម្រូវផ្សេងទៀតពីទ្រង់ ឬពីសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកទេ នោះព្រះជាម្ចាស់នឹងលេចមកឯអ្នក។ ឥឡូវព្រះជាម្ចាស់មិនលេចមករកអ្នកទេ ពីព្រោះអ្នកមានទស្សនៈផ្ទាល់ខ្លួនច្រើនមែនទែន មានការរើសអើងផ្ទាល់ខ្លួន មានគំនិតអាត្មានិយម មានសេចក្ដីតម្រូវផ្ទាល់ខ្លួន និងមានផលប្រយោជន៍ខាងសាច់ឈាម ហើយអ្នកមិនសមនឹងឃើញព្រះភ័ក្រ្តរបស់ទ្រង់ទេ។ បើអ្នកនឹងបានឃើញព្រះជាម្ចាស់ អ្នកនឹងវាស់ស្ទង់ទ្រង់តាមសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ហើយដោយការធ្វើដូច្នេះ ទ្រង់នឹងត្រូវឆ្កាងនៅលើឈើឆ្កាងដោយអ្នក។ ប្រសិនបើមានរឿងជាច្រើនកើតឡើងមកលើអ្នក ដែលមិនត្រូវនឹងសញ្ញាណរបស់អ្នក ប៉ុន្តែអ្នកអាចដាក់ទុកវាមួយឡែក និងទទួលបានចំណេះដឹងអំពីសកម្មភាពរបស់ព្រះជាម្ចាស់ពីការទាំងនេះ ហើយប្រសិនបើនៅកណ្តាលការបន្សុទ្ធ អ្នកបង្ហាញដួងចិត្តនៃសេចក្តីស្រឡាញ់របស់អ្នក ចំពោះព្រះជាម្ចាស់ នោះការនេះគឺជាការធ្វើបន្ទាល់។ ប្រសិនបើផ្ទះរបស់អ្នកមានសេចក្ដីសុខសាន្ដ អ្នករីករាយនឹងភាពសុខដុមខាងសាច់ឈាម គ្មាននរណាម្នាក់បៀតបៀនអ្នក ហើយបងប្អូនប្រុសស្រីរបស់អ្នកនៅក្នុងពួកជំនុំស្តាប់បង្គាប់អ្នក តើអ្នកអាចបង្ហាញនូវចិត្តនៃក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់បានទេ? តើស្ថានភាពនេះអាចបន្សុទ្ធអ្នកបានទេ? វាគ្រាន់តែតាមរយៈការបន្សុទ្ធ ដែលសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ អាចត្រូវបានបង្ហាញចេញ ហើយមានតែតាមរយៈអ្វីៗដែលកើតឡើង ដែលមិនត្រូវនឹងសញ្ញាណរបស់អ្នកទេ ដែលអ្នកអាចទទួលបានភាពគ្រប់លក្ខណ៍។ ជាមួយនឹងការបម្រើនូវអ្វីដែលផ្ទុយ និងអវិជ្ជមានជាច្រើន ហើយដោយប្រើគ្រប់ទាំងប្រភេទនៃការបើកបង្ហាញទាំងអស់របស់សាតាំង ដែលជាសកម្មភាពរបស់វា ការចោទប្រកាន់របស់វា ការរំខាន និងការបំភាន់របស់វា ព្រះជាម្ចាស់បង្ហាញចេញដល់អ្នកនូវមុខមាត់ដ៏អាក្រក់របស់សាតាំងយ៉ាងច្បាស់ ហើយដោយហេតុនេះ ធ្វើឲ្យសមត្ថភាពរបស់អ្នកបានគ្រប់លក្ខណ៍ ដោយមើលឃើញសាតាំងច្បាស់ ដែលអ្នកអាចស្អប់សាតាំង ហើយបោះបង់វាចោល។
ដកស្រង់ពី «អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៥១៦
បទពិសោធន៍ជាច្រើននៃការបរាជ័យ ភាពខ្សោយ ពេលវេលាអវិជ្ជមានរបស់អ្នក ការទាំងអស់នោះអាចនិយាយបានថាជាការល្បងលរបស់ព្រះជាម្ចាស់។ នេះគឺដោយសារតែអ្វីគ្រប់យ៉ាងមកពីព្រះជាម្ចាស់ ហើយអ្វីៗ និងព្រឹត្តិការណ៍ទាំងអស់ ស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់។ មិនថាអ្នកបរាជ័យ ឬអ្នកខ្សោយ ហើយអ្នកជំពប់ដួល ការទាំងអស់អាស្រ័យលើព្រះជាម្ចាស់ ហើយស្ថិតនៅក្នុងការយល់បានរបស់ទ្រង់។ តាមទស្សនៈរបស់ព្រះជាម្ចាស់ នេះគឺជាការល្បងលចំពោះអ្នក ហើយប្រសិនបើអ្នកមិនអាចស្គាល់វាបាន វានឹងក្លាយទៅជាការល្បួង។ មានសណ្ឋានពីរប្រភេទដែលមនុស្សគប្បីស្គាល់៖ មួយមកពីព្រះវិញ្ញាណបរិសុទ្ធ ហើយប្រភពនៃសណ្ឋានមួយទៀតទំនងជាមកពីសាតាំង។ សណ្ឋានមួយ គឺជាសណ្ឋានដែលព្រះវិញ្ញាណបរិសុទ្ធបំភ្លឺអ្នក ហើយអនុញ្ញាតឲ្យអ្នកស្គាល់ខ្លួនឯង ស្អប់ខ្ពើម និងមានអារម្មណ៍សោកស្តាយចំពោះខ្លួនឯង និងអាចមានសេចក្តីស្រឡាញ់ដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់ ដើម្បីកំណត់ចិត្តរបស់អ្នកចំពោះការផ្គាប់ព្រះហឫទ័យទ្រង់។ សណ្ឋានមួយទៀត គឺជាសណ្ឋានដែលអ្នកស្គាល់ខ្លួនឯង ប៉ុន្តែអ្នកមានភាពអវិជ្ជមាន និងខ្សោយ។ គេអាចនិយាយបានថា សណ្ឋាននេះ គឺជាការការបន្សុទ្ធរបស់ព្រះជាម្ចាស់ ហើយវាក៏ជាការល្បួងរបស់សាតាំងផងដែរ។ ប្រសិនបើអ្នកទទួលស្គាល់ការនោះ នេះហើយគឺជាសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ចំពោះអ្នក ហើយប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកជាប់បំណុលរបស់ទ្រង់យ៉ាងច្រើនឥឡូវនេះ ហើយប្រសិនបើចាប់ពីពេលនេះតទៅ អ្នកព្យាយាមសងទៅកាន់ទ្រង់វិញ ហើយលែងធ្លាក់ចូលក្នុងភាពគ្មានគុណធម៌បែបនេះ ប្រសិនបើអ្នកដាក់ការខិតខំរបស់អ្នកទៅក្នុងការហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ ហើយប្រសិនបើអ្នកតែងតែគិតថាខ្លួនឯងខ្វះ ហើយមានចិត្តចង់បាន ការនេះហើយគឺជាការល្បងលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីការរងទុក្ខវេទនាបានបញ្ចប់ ហើយអ្នកកំពុងឈានទៅមុខម្តងទៀត ព្រះជាម្ចាស់នៅតែដឹកនាំ ធ្វើឲ្យយល់ច្បាស់ បំភ្លឺ និងចិញ្ចឹមអ្នក។ ប៉ុន្តែប្រសិនបើអ្នកមិនទទួលស្គាល់វា ហើយអ្នកមានភាពអវិជ្ជមាន ចូរអ្នកគ្រាន់តែបោះបង់ចោលនូវភាពអស់សង្ឃឹម ប្រសិនបើអ្នកគិតតាមរបៀបនេះ នោះការល្បួងរបស់សាតាំងនឹងកើតមានដល់អ្នក។ ពេលយ៉ូបបានឆ្លងកាត់ការល្បងល ព្រះជាម្ចាស់ និងសាតាំងបានភ្នាល់គ្នា ហើយព្រះជាម្ចាស់បានអនុញ្ញាតឲ្យសាតាំងធ្វើទុក្ខដល់យ៉ូប។ ទោះបីជាព្រះជាម្ចាស់កំពុងល្បងលយ៉ូបក៏ដោយ តាមពិតវាជាសាតាំងទេ ដែលបានធ្វើមកលើគាត់។ ចំពោះសាតាំង វាបានល្បួងយ៉ូប ប៉ុន្តែយ៉ូបនៅខាងព្រះជាម្ចាស់។ ប្រសិនបើមិនអញ្ចឹងទេ នោះយ៉ូបនឹងធ្លាក់ក្នុងការល្បួង។ ដរាបណាមនុស្សធ្លាក់ក្នុងការល្បួង ពួកគេនឹងជួបគ្រោះថ្នាក់។ ការឆ្លងកាត់នូវការបន្សុទ្ធ អាចនិយាយបានថាជាការល្បងលពីព្រះជាម្ចាស់ ប៉ុន្តែប្រសិនបើអ្នកមិនស្ថិតក្នុងសណ្ឋានល្អ វាអាចនិយាយបានថាជាការល្បួងពីសាតាំង។ ប្រសិនបើអ្នកមិនច្បាស់អំពីនិមិត្ត សាតាំងនឹងចោទប្រកាន់អ្នក ហើយធ្វើឲ្យអ្នកមើលឃើញមិនច្បាស់ពីទិដ្ឋភាពនៃនិមិត្ត។ ទម្រាំតែអ្នកដឹងអំពីវា អ្នកនឹងធ្លាក់ក្នុងការល្បួងបាត់ទៅហើយ។
ប្រសិនបើអ្នកមិនមានបទពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់ទេនោះ អ្នកនឹងមិនអាចទទួលបាននូវភាពគ្រប់លក្ខណ៍ឡើយ។ នៅក្នុងបទពិសោធន៍របស់អ្នក អ្នកក៏ត្រូវតែចូលឲ្យបានស៊ីជម្រៅផងដែរ។ ឧទាហរណ៍ តើមានរឿងអ្វីខ្លះដែលនាំអ្នកឲ្យបង្កើតសញ្ញាណ និងចំណង់ដ៏លើសលប់ ហើយតើការអនុវត្តបែបណាដែលសមរម្យ ដែលអ្នកត្រូវដោះស្រាយបញ្ហាទាំងនេះ? ប្រសិនបើអ្នកអាចមានបទពិសោធន៍នូវកិច្ចការរបស់ព្រះជាម្ចាស់ នេះមានន័យថាអ្នកមានកម្ពស់ហើយ។ ប្រសិនបើអ្នកគ្រាន់តែបង្ហាញថាមានភាពរឹងមាំ នេះមិនមែនជាកម្ពស់ដ៏ពិតទេ ហើយអ្នកប្រាកដជាមិនអាចឈររឹងមាំបានឡើយ។ នៅពេលដែលអ្នកមានបទពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ហើយអ្នកអាចមានបទពិសោធន៍ និងពិចារណាវានៅពេលណាមួយ និងកន្លែងណាមួយ ដែលអ្នករាល់គ្នាអាចចាកចេញពីពួកគង្វាល ហើយរស់នៅឯករាជ្យ ដោយពឹងផ្អែកលើព្រះជាម្ចាស់ ហើយអ្នកអាច មើលឃើញសកម្មភាពជាក់ស្តែងរបស់ព្រះជាម្ចាស់បាន មានតែបែបនេះនោះទេ ដែលបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងបានសម្រេច។ ឥឡូវនេះមនុស្សភាគច្រើនមិនដឹងពីរបៀបក្នុងការទទួលបានបទពិសោធន៍ ហើយនៅពេលពួកគេជួបប្រទះនូវបញ្ហា ពួកគេមិនដឹងពីរបៀបថែរក្សាវាទេ។ ពួកគេមិនមានសមត្ថភាពទទួលបានបទពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ទេ ហើយពួកគេមិនអាចដឹកនាំជីវិតខាងឯវិញ្ញាណបានដែរ។ អ្នកត្រូវតែយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងធ្វើកិច្ចការនៅក្នុងជីវិតជាក់ស្តែងរបស់អ្នក។
ពេលខ្លះព្រះជាម្ចាស់ប្រទានឲ្យអ្នកនូវប្រភេទអារម្មណ៍មួយ ដែលជាអារម្មណ៍ធ្វើឲ្យអ្នកបាត់បង់ការរីករាយខាងក្នុង និងបាត់បង់វត្តមានរបស់ព្រះជាម្ចាស់ដូចជាអ្នកកំពុងធ្លាក់ក្នុងភាពងងឹត។ នេះគឺជាប្រភេទនៃការបន្សុទ្ធ។ រាល់ពេលដែលអ្នកធ្វើអ្វីៗ វាតែងតែមានភាពរអាក់រអួល ឬអ្នកនឹងទាល់ច្រក។ នេះជាការប្រៀនប្រដៅរបស់ព្រះជាម្ចាស់។ ជួនកាល នៅពេលដែលអ្នកធ្វើអ្វីមួយដែលមិនស្តាប់បង្គាប់ និងបះបោរប្រឆាំងនឹងព្រះជាម្ចាស់ គ្មាននរណាទៀតអាចដឹងអំពីរឿងនេះបានទេ មានតែព្រះជាម្ចាស់ទេដែលជ្រាបដឹង។ ទ្រង់នឹងដាក់ទោសអ្នក ហើយទ្រង់នឹងប្រៀនប្រដៅអ្នក។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺលម្អិតខ្លាំងណាស់។ ទ្រង់សង្កេតដោយយកព្រះទ័យទុកដាក់បំផុតចំពោះរាល់ព្រះបន្ទូល និងសកម្មភាព រាល់អំពើ និងចលនារបស់ពួកគេ ហើយរាល់ការគិត និងគំនិតរបស់ពួកគេ ដើម្បីឲ្យមនុស្សអាចទទួលបានការយល់ដឹងខាងក្នុងចិត្តអំពីរឿងទាំងអស់នេះ។ អ្នកធ្វើរឿងមួយម្តង វាចាប់ផ្ដើមខុស អ្នកធ្វើរឿងមួយម្តងទៀត ហើយវានៅតែខុសដដែល ហើយអ្នកនឹងចាប់ផ្ដើមយល់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបន្ដិចម្ដងៗ។ ឆ្លងកាត់ការប្រៀនប្រដៅជាច្រើនដង អ្នកនឹងដឹងពីអ្វីដែលត្រូវធ្វើ ដើម្បីស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងអ្វីដែលមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះទ្រង់។ នៅចុងបញ្ចប់ អ្នកនឹងមានការឆ្លើយតបដ៏ត្រឹមត្រូវ ចំពោះការណែនាំពីព្រះវិញ្ញាណបរិសុទ្ធពីក្នុងចិត្តអ្នក។ ពេលខ្លះអ្នកនឹងបះបោរ ហើយព្រះជាម្ចាស់នឹងស្តីបន្ទោសអ្នកពីខាងក្នុងចិត្ត។ ការទាំងអស់នេះ មកពីការប្រៀនប្រដៅរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនមិនឲ្យតម្លៃចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ប្រសិនបើអ្នកធ្វើកិច្ចការរបស់ទ្រង់បន្តិចបន្ដួច នោះទ្រង់នឹងមិនអើពើនឹងអ្នកឡើយ។ បើអ្នកយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យប្រាកដប្រជា នោះទ្រង់នឹងបំភ្លឺអ្នកកាន់តែច្រើន។ ឥឡូវនេះ មានមនុស្សខ្លះនៅក្នុងពួកជំនុំដែលមានជំនឿច្របូកច្របល់ ហើយភាន់ច្រលំ ហើយពួកគេធ្វើរឿងមិនសមរម្យជាច្រើន ហើយប្រព្រឹត្ដដោយគ្មានការប្រៀនប្រដៅ ដូច្នេះហើយ ពួកគេមិនអាចមើលឃើញបានច្បាស់អំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ។ មនុស្សខ្លះទុកកាតព្វកិច្ចរបស់ពួកគេចោល ដើម្បីជាប្រយោជន៍ក្នុងការរកប្រាក់ ចេញទៅធ្វើជំនួញដោយមិនមានការប្រៀនប្រដៅ។ មនុស្សប្រភេទនោះ ស្ថិតក្នុងភាពគ្រោះថ្នាក់កាន់តែខ្លាំង។ មិនត្រឹមតែបច្ចុប្បន្ននេះ ពួកគេមិនមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែនៅពេលអនាគត ពួកគេនឹងពិបាកក្នុងការទទួលបានភាពគ្រប់លក្ខណ៍ណាស់។ មានមនុស្សជាច្រើនដែលគេមិនអាចមើលឃើញកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយគេមិនអាចមើលឃើញការប្រៀនប្រដៅរបស់ព្រះជាម្ចាស់បានឡើយ។ ពួកគេគឺជាអ្នកដែលមិនយល់ច្បាស់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយជាអ្នកដែលមិនដឹងពីកិច្ចការរបស់ទ្រង់។ អ្នកដែលអាចឈរនៅមាំបាននៅចំណោមការបន្សុទ្ធ អ្នកដែលដើរតាមព្រះជាម្ចាស់មិនថាទ្រង់ធ្វើអ្វីក៏ដោយ ហើយយ៉ាងហោចណាស់ក៏មិនអាចចាកចេញបានដែរ ឬក៏សម្រេចបាន០.១% នៃអ្វីដែលពេត្រុសបានសម្រេច នោះគឺល្អទេ ប៉ុន្តែពួកគេគ្មានតម្លៃចំពោះព្រះជាម្ចាស់ក្នុងការប្រើប្រាស់ពួកគេឡើយ។ មនុស្សជាច្រើនយល់អ្វីៗបានយ៉ាងឆាប់រហ័ស មានសេចក្តីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់ ហើយអាចលើសពីកម្រិតរបស់ពេត្រុស ហើយព្រះជាម្ចាស់ធ្វើកិច្ចការនៃភាពគ្រប់លក្ខណ៍ចំពោះពួកគេ។ ការប្រៀនប្រដៅ និងការបំភ្លឺ បានទៅដល់មនុស្សបែបនេះ ហើយប្រសិនបើមានអ្វីមួយនៅក្នុងពួកគេដែលមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះពួកគេអាចបណ្តេញវាចេញភ្លាមៗ។ មនុស្សបែបនេះ គឺជាមាស ប្រាក់ និងត្បូងមានតម្លៃ គុណតម្លៃរបស់ពួកគេ គឺខ្ពង់ខ្ពស់ខ្លាំងណាស់។ ប្រសិនបើព្រះជាម្ចាស់បានធ្វើកិច្ចការជាច្រើនប្រភេទ ប៉ុន្តែអ្នកនៅតែដូចជាខ្សាច់ ឬថ្ម នោះអ្នកគ្មានតម្លៃទេ!
ដកស្រង់ពី «អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៥១៧
កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសនៃនាគដ៏ធំសម្បុរក្រហម គឺអស្ចារ្យ និងហួសពីការអាចយល់បាន។ ទ្រង់នឹងប្រោសមនុស្សមួយក្រុមឲ្យបានគ្រប់លក្ខណ៍ ហើយលុបបំបាត់ក្រុមខ្លះទៀត ព្រោះមានមនុស្សគ្រប់ប្រភេទនៅក្នុងពួកជំនុំ មានអ្នកដែលស្រឡាញ់សេចក្តីពិត និងអ្នកដែលមិនស្រលាញ់សេចក្ដីពិត។ មានអស់អ្នកដែលមានបទពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយអ្នកដែលមិនមានបទពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់ មានអ្នកដែលបំពេញកាតព្វកិច្ចរបស់ខ្លួន ហើយអ្នកដែលមិនធ្វើតាមកាតព្វកិច្ចរបស់ខ្លួន។ មានអ្នកដែលធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ហើយអ្នកដែលមិនធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ហើយមួយផ្នែកនៃពួកគេ គឺជាអ្នកមិនជឿ និងជាមនុស្សអាក្រក់ ហើយពួកគេនឹងត្រូវគេលុបបំបាត់ចោល។ ប្រសិនបើអ្នកមិនបានដឹងច្បាស់ពីកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះអ្នកនឹងមានភាពអវិជ្ជមាន។ នេះគឺដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់អាចត្រូវបានគេមើលឃើញតែនៅក្នុងមនុស្សមួយចំនួនតូចប៉ុណ្ណោះ។ នៅពេលនេះវានឹងកាន់តែច្បាស់ថា អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដ ហើយអ្នកណាមិនស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដ។ អ្នកដែលស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដ មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ រីឯអ្នកដែលមិនស្រឡាញ់ទ្រង់ពិតប្រាកដ នឹងត្រូវបានបើកសម្ដែងតាមរយៈជំហាននីមួយៗនៃកិច្ចការរបស់ទ្រង់។ ពួកគេនឹងក្លាយជាវត្ថុនៃការលុបបំបាត់ចោល។ មនុស្សទាំងនេះនឹងត្រូវបានបើកសម្ដែងឲ្យដឹងក្នុងរយៈពេលនៃកិច្ចការនៃការយកឈ្នះ ហើយពួកគេគឺជាមនុស្សដែលមិនមានតម្លៃក្នុងការទទួលបាននូវភាពគ្រប់លក្ខណ៍នោះឡើយ។ អស់អ្នកដែលទទួលបានភាពគ្រប់លក្ខណ៍ ត្រូវបានទទួលដោយព្រះជាម្ចាស់ក្នុងភាពទាំងស្រុងរបស់ពួកគេ ហើយអាចមានសមត្ថភាពស្រឡាញ់ព្រះជាម្ចាស់ ដូចជាពេត្រុសបានធ្វើអ៊ីចឹង។ អ្នកដែលត្រូវបានយកឈ្នះ គេមិនមានសេចក្ដីស្រឡាញ់ដោយឯកអ្នកទេ មានតែសេចក្តីស្រឡាញ់ដែលអកម្ម ហើយពួកគេត្រូវបង្ខំចិត្តស្រឡាញ់ព្រះជាម្ចាស់។ សេចក្ដីស្រឡាញ់ដោយឯកអ្នក ត្រូវបានលូតលាស់ឡើងតាមរយៈការយល់ដឹង ដែលទទួលបានតាមរយៈបទពិសោធន៍ជាក់ស្តែង។ សេចក្តីស្រឡាញ់នេះ មាននៅក្នុងចិត្តរបស់មនុស្ស ហើយធ្វើឲ្យពួកគេលះបង់ដោយស្ម័គ្រចិត្តចំពោះព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាគ្រឹះរបស់ពួកគេ ហើយពួកគេអាចរងទុក្ខសម្រាប់ព្រះជាម្ចាស់។ ជាការពិត ទាំងនេះគឺជារឿងរ៉ាវដែលនរណាម្នាក់មាន ដែលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់។ ប្រសិនបើអ្នកគ្រាន់តែព្យាយាមដើម្បីយកឈ្នះនោះ អ្នកមិនអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់បានទេ។ ប្រសិនបើព្រះជាម្ចាស់គ្រាន់តែសម្រេចបាននូវគោលដៅនៃសេចក្ដីសង្គ្រោះ តាមរយៈការយកឈ្នះមនុស្ស នោះជំហាននៃអ្នកស៊ីឈ្នួល នឹងបញ្ចប់កិច្ចការ។ ទោះយ៉ាងណាក៏ដោយ ការយកឈ្នះមនុស្ស មិនមែនជាគោលដៅចុងក្រោយរបស់ព្រះជាម្ចាស់ក្នុងការប្រោសឲ្យមនុស្សបានគ្រប់លក្ខណ៍នោះទេ។ ដូច្នេះជាជាងការនិយាយថា ដំណាក់កាលនេះគឺជាកិច្ចការនៃការយកឈ្នះ ជាជាងថាវាគឺជាកិច្ចការនៃការប្រោសឲ្យបានគ្រប់លក្ខណ៍ និងលុបបំបាត់ចោល មនុស្សមួយចំនួនមិនទាន់ត្រូវយកឈ្នះបានពេញលេញនៅឡើយទេ ហើយនៅក្នុងដំណើរការនៃការយកឈ្នះពួកគេ ក្រុមមនុស្សមួយក្រុមនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍។ កិច្ចការទាំងពីរផ្នែកនេះ ត្រូវបានអនុវត្តដោយឯកច្ឆន្ច។ មនុស្សមិនបានចាកចេញ សូម្បីតែក្នុងរយៈពេលដ៏យូរនៃកិច្ចការបែបនេះ ហើយការនេះបង្ហាញថា គោលដៅនៃការយកឈ្នះត្រូវបានសម្រេច នេះគឺជាសេចក្ដីពិតនៃការយកឈ្នះបាន។ ការបន្សុទ្ធមិនមែនសម្រាប់ជាប្រយោជន៍នៃការយកឈ្នះបានទេ ប៉ុន្តែសម្រាប់ជាប្រយោជន៍នៃការធ្វើឲ្យគ្រប់លក្ខណ៍។ បើគ្មានការការបន្សុទ្ធទេ មនុស្សមិនអាចទទួលបានការគ្រប់លក្ខណ៍ឡើយ។ ដូច្នេះការការបន្សុទ្ធពិតជាមានតម្លៃណាស់! សព្វថ្ងៃនេះ មនុស្សមួយក្រុមកំពុងត្រូវបានធ្វើឲ្យបានគ្រប់លក្ខណ៍ និងទទួលបាន។ ព្រះពរទាំង១០ ដែលបានរៀបរាប់ពីមុនគឺសំដៅទៅលើអ្នកដែលត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍។ អ្វីគ្រប់យ៉ាងអំពីការផ្លាស់ប្តូររូបភាពរបស់ពួកគេនៅលើផែនដី គឺសំដៅទៅលើអ្នកដែលបានប្រោសឲ្យបានគ្រប់លក្ខណ៍។ អ្នកដែលមិនទាន់ទទួលបានភាពគ្រប់លក្ខណ៍ មិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបានសេចក្ដីសន្យារបស់ព្រះជាម្ចាស់ឡើយ។
ដកស្រង់ពី «អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៥១៨
វាជាច្បាប់របស់ស្ថានសួគ៌ និងជាគោលការណ៍របស់ផែនដីក្នុងការជឿលើព្រះជាម្ចាស់ និងស្គាល់ព្រះជាម្ចាស់ ហើយសព្វថ្ងៃនេះ (ក្នុងអំឡុងសម័យដែលព្រះជាម្ចាស់យកកំណើតជាមនុស្សកំពុងបំពេញកិច្ចការរបស់ទ្រង់ដោយផ្ទាល់) គឺពេលវេលាដ៏ល្អជាពិសេសក្នុងការស្គាល់ព្រះជាម្ចាស់។ ការគាប់ព្រះហឫទ័យព្រះជាម្ចាស់ គឺជាអ្វីដែលអាចសម្រេចទៅបានដោយការកសាងមូលដ្ឋានគ្រឹះនៃការស្វែងយល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយដើម្បីស្វែងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន ចាំបាច់ត្រូវមានចំណេះដឹងខ្លះៗអំពីព្រះជាម្ចាស់។ ចំណេះដឹងអំពីព្រះជាម្ចាស់នេះ គឺជានិមិត្តដែលមនុស្សម្នាក់ជឿលើព្រះជាម្ចាស់ត្រូវតែមាន។ វាគឺជាមូលដ្ឋានគ្រឹះនៃសេចក្តីជំនឿរបស់មនុស្សចំពោះព្រះជាម្ចាស់។ បើគ្មានចំណេះដឹងនេះទេ សេចក្តីជំនឿរបស់មនុស្សចំពោះព្រះជាម្ចាស់ នឹងមានដោយស្រពិចស្រពិល នៅក្នុងចំណោមទ្រឹស្ដីទទេស្អាត។ បើទោះបីវាជាសេចក្ដីសម្រេចរបស់មនុស្សបែបនេះដើម្បីដើរតាមព្រះជាម្ចាស់ក៏ពិតមែន ក៏ពួកគេនឹងមិនទទួលបានអ្វីសោះឡើយ។ អស់អ្នកដែលមិនទទួលបានអ្វីសោះនៅក្នុងអូរនេះ គឺជាអ្នកដែលនឹងត្រូវកម្ចាត់ចេញ — ពួកគេគឺជាមនុស្សកេងប្រវ័ញ្ច។ មិនថាឯងមានបទពិសោធន៍នៅក្នុងដំណាក់កាលណាមួយនៃកិច្ចការរបស់ព្រះជាម្ចាស់នោះទេ ឯងគប្បីត្រូវមាននិមិត្តដ៏អស្ចារ្យមួយអមមកជាមួយ។ បើពុំដូចនេះទេ ឯងមុខជានឹងជួបការលំបាកក្នុងការទទួលយកជំហាននីមួយៗនៃកិច្ចការថ្មីនេះ ដ្បិតកិច្ចការថ្មីរបស់ព្រះជាម្ចាស់ លើសពីសមត្ថភាពរបស់មនុស្សដែលអាចនឹងស្រមៃដល់ ហើយនៅក្រៅព្រំដែននៃការយល់ដឹងរបស់គេ។ ដូច្នេះ បើគ្មានអ្នកគង្វាលដើម្បីមើលថែមនុស្ស បើគ្មានអ្នកគង្វាលចូលរួមក្នុងការប្រកបអំពីនិមិត្តទេ មនុស្សមិនអាចទទួលបានកិច្ចការថ្មីនេះឡើយ។ ប្រសិនបើមនុស្សពុំអាចទទួលបាននិមិត្តទេ នោះពួកគេមិនអាចទទួលបានកិច្ចការថ្មីរបស់ព្រះជាម្ចាស់ឡើយ ហើយប្រសិនបើមនុស្សមិនអាចស្ដាប់បង្គាប់តាមកិច្ចការថ្មីរបស់ព្រះជាម្ចាស់ទេ នោះមនុស្សនឹងមិនអាចយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ ហើយដូចនេះ ចំណេះដឹងអំពីព្រះជាម្ចាស់នឹងក្លាយជាគ្មានបានការអ្វីទាំងអស់។ នៅមុនពេលមនុស្សអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន គេត្រូវស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់សិន ពោលគឺគេត្រូវយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់។ មានតែបែបនេះទេទើបអាចអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសុក្រិតល្អ និងស្របទៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះគឺជាអ្វីដែលអ្នកស្វែងរកសេចក្តីពិតគ្រប់គ្នាត្រូវមាន ហើយវាក៏ជាដំណើរការដែលមនុស្សគ្រប់គ្នាព្យាយាមចង់ស្គាល់ព្រះជាម្ចាស់ត្រូវឆ្លងកាត់ផងដែរ។ ដំណើរការនៃការស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាដំណើរការនៃការស្គាល់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់។ ដូចនេះការស្គាល់និមិត្ត មិនគ្រាន់តែសំដៅលើការស្គាល់សភាពជាមនុស្សរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនោះទេ ប៉ុន្តែក៏រាប់បញ្ចូលទាំងការស្គាល់ព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ផងដែរ។ មនុស្សស្វែងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ និងស្គាល់ថាព្រះជាម្ចាស់ជានរណាតាមរយៈកិច្ចការរបស់ព្រះជាម្ចាស់។ ជំនឿលើព្រះជាម្ចាស់ គឺជាជំហានដំបូងក្នុងការស្គាល់ព្រះជាម្ចាស់។ ដំណើរការនៃការជឿនលឿនទៅមុខ ដោយចាប់ពីជំនឿដំបូងលើព្រះជាម្ចាស់ រហូតដល់ជំនឿដ៏ជ្រាលជ្រៅលើទ្រង់ គឺជាដំណើរការនៃការស្គាល់ព្រះជាម្ចាស់ ជាដំណើរការនៃការឆ្លងកាត់បទពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ ប្រសិនបើឯងគ្រាន់តែជឿលើព្រះជាម្ចាស់ដើម្បីគ្រាន់តែជឿលើព្រះជាម្ចាស់ប៉ុណ្ណោះ និងមិនមែនដើម្បីស្គាល់ទ្រង់ទេនោះពុំមានសេចក្តីពិតនៅក្នុងសេចក្តីជំនឿរបស់ឯងឡើយ ហើយសេចក្តីជំនឿរបស់ឯង មិនអាចក្លាយជាបរិសុទ្ធបានឡើយ និងគ្មានអ្វីដែលត្រូវឆ្ងល់អំពីរឿងនេះនោះទេ។ ក្នុងអំឡុងពេលដែលមនុស្សឆ្លងកាត់បទពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ប្រសិនបើគេស្គាល់ព្រះជាម្ចាស់បន្តិចម្ដងៗ នោះនិស្ស័យរបស់គេនឹងត្រូវផ្លាស់ប្រែបន្តិចម្ដងៗ ហើយជំនឿរបស់ពួកគេនឹងកាន់តែពិតឡើងៗ។ តាមរបៀបនេះ នៅពេលដែលមនុស្សសម្រេចបាននូវជំនឿរបស់គេលើព្រះជាម្ចាស់ គេនឹងត្រូវព្រះជាម្ចាស់ទទួលយកដោយពេញលេញ។ មូលហេតុដែលព្រះជាម្ចាស់បានចំណាយពេលយ៉ាងយូរដើម្បីត្រលប់ជាសាច់ឈាមជាលើកទីពីរដើម្បីបំពេញកិច្ចការរបស់ទ្រង់ដោយផ្ទាល់ គឺដើម្បីឲ្យមនុស្សអាចស្គាល់ទ្រង់ និងអាចឃើញទ្រង់បាន។ ការស្គាល់ព្រះជាម្ចាស់[ក] គឺជាលទ្ធផលចុងក្រោយដែលត្រូវសម្រេចឲ្យបាននៅទីបញ្ចប់នៃកិច្ចការរបស់ព្រះជាម្ចាស់។ វាគឺជាលក្ខខណ្ឌចុងក្រោយដែលព្រះជាម្ចាស់បានបង្កើតមនុស្សលោក។ មូលហេតុដែលទ្រង់ធ្វើបែបនេះ គឺដើម្បីធ្វើទីបន្ទាល់ចុងក្រោយរបស់ទ្រង់។ ទ្រង់បំពេញកិច្ចការនេះដើម្បីឲ្យទីបំផុត មនុស្សអាចត្រឡប់មករកទ្រង់វិញដោយពេញលេញ។ មនុស្សអាចមកស្រឡាញ់ព្រះជាម្ចាស់វិញបានដោយសារការស្គាល់ព្រះជាម្ចាស់ ហើយដើម្បីស្រឡាញ់ព្រះជាម្ចាស់បាន គេត្រូវស្គាល់ព្រះជាម្ចាស់។ មិនថាគេស្វែងរកដោយបែបណា ឬគេស្វែងរកចង់បានអ្វីនោះទេ គេត្រូវតែសម្រេចបាននូវចំណេះដឹងអំពីព្រះជាម្ចាស់។ មានតែដោយបែបនេះទេទើបមនុស្សអាចគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ មានតែការស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចឲ្យមនុស្សមានសេចក្តីជំនឿពិតលើព្រះជាម្ចាស់ ហើយមានតែការស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចឲ្យគេគោរពកោតខ្លាច និងស្ដាប់បង្គាប់ព្រះជាម្ចាស់ដោយពិតប្រាកដ។ អស់អ្នកដែលពុំស្គាល់ព្រះជាម្ចាស់ នឹងមិនអាចស្ដាប់បង្គាប់ និងគោរពកោតខ្លាចព្រះជាម្ចាស់ដោយពិតប្រាកដបានឡើយ។ ការស្គាល់ព្រះជាម្ចាស់ រួមបញ្ចូលនូវការស្គាល់និស្ស័យរបស់ទ្រង់ ការយល់ដឹងអំពីព្រះហឫទ័យរបស់ទ្រង់ និងការស្គាល់ពីលក្ខណៈរបស់ទ្រង់។ ប៉ុន្តែ មិនថានរណាម្នាក់ស្គាល់ពីទិដ្ឋភាពណាមួយនោះទេ ចំណុចនីមួយៗតម្រូវឲ្យមនុស្សឲ្យតម្លៃខ្ពស់ និងត្រូវមានឆន្ទៈស្ដាប់បង្គាប់ បើគ្មានចំណុចណាមួយទេ គ្មាននរណាម្នាក់អាចបន្តស្ដាប់បង្គាប់បានរហូតដល់ទីបញ្ចប់ឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ មិនស្របគ្នាជាមួយនឹងសញ្ញាណរបស់មនុស្សឡើយ។ និស្ស័យរបស់ព្រះជាម្ចាស់ និងថាទ្រង់ជានរណានោះ គឺពិបាកឲ្យមនុស្សលោកដឹងបានខ្លាំងណាស់ ហើយអ្វីគ្រប់យ៉ាងដែលព្រះមានបន្ទូលនិងធ្វើ គឺមិនអាចឲ្យមនុស្សលោកយល់បានឡើយ។ ប្រសិនបើមនុស្សចង់ស្ដាប់បង្គាប់ព្រះជាម្ចាស់ ក៏ប៉ុន្តែមិនអាចស្ដាប់បង្គាប់ទ្រង់បាន ដូច្នេះ មនុស្សលោកមិនទទួលបានអ្វីសោះឡើយ។ គិតចាប់ពីការបង្កើតពិភពលោក រហូតដល់បច្ចុប្បន្ននេះ ព្រះជាម្ចាស់បានបំពេញកិច្ចការយ៉ាងច្រើន ដែលមនុស្សមិនអាចយល់បាន ហើយមនុស្សពិបាកនឹងទទួលយកបាន ហើយព្រះជាម្ចាស់បានមានបន្ទូលជាច្រើនដែលធ្វើឲ្យសញ្ញាណរបស់មនុស្សពិបាកនឹងផ្សះផ្សារបាន។ ប៉ុន្តែ ទ្រង់មិនដែលបញ្ឈប់កិច្ចការរបស់ទ្រង់ដោយសារមនុស្សមានការលំបាកខ្លាំងនោះទេ។ ផ្ទុយទៅវិញ ទ្រង់បន្តបំពេញកិច្ចការ និងបន្តមានព្រះបន្ទូល ហើយបើទោះបីជា «អ្នកចម្បាំង» ជាច្រើន មិនអាចសម្រេចកិច្ចការបាន ក៏ទ្រង់នៅតែបន្តបំពេញកិច្ចការរបស់ទ្រង់ដដែល និងបន្តជ្រើសរើសមនុស្សមួយក្រុមហើយមួយក្រុមទៀត ដែលសុខចិត្តចុះចូលចំពោះកិច្ចការថ្មីរបស់ទ្រង់ដោយគ្មានពេលសម្រាក។ ទ្រង់គ្មានសេចក្តីអាណិតអាសូរចំពោះ «វីរៈជន» ដែលបាត់បង់អំណាចនោះទេ ហើយផ្ទុយទៅវិញ ទ្រង់យកព្រះហឫទ័យទុកដាក់ចំពោះអស់អ្នកដែលទទួលយកកិច្ចការ និងព្រះបន្ទូលថ្មីរបស់ព្រះជាម្ចាស់។ ប៉ុន្តែ តើទ្រង់បំពេញកិច្ចការដោយបែបនេះ ពីមួយជំហានទៅមួយជំហានទៀតរហូតដល់ទីបញ្ចប់ដោយបែបណា? តើហេតុអ្វីបានជាទ្រង់តែងតែជម្រុះចោលមនុស្សខ្លះ និងជ្រើសរើសមនុស្សផ្សេងទៀត? តើហេតុអ្វីបានជាទ្រង់តែងតែជ្រើសរើសវិធីបែបនេះ? គោលបំណងនៃកិច្ចការរបស់ទ្រង់ គឺដើម្បីឲ្យមនុស្សស្គាល់ទ្រង់ និងដើម្បីឲ្យទ្រង់អាចទទួលយកគេបាន។ គោលការណ៍នៃកិច្ចការរបស់ទ្រង់ គឺដើម្បីគិតគូរដល់អស់អ្នកដែលអាចចុះចូលនឹងកិច្ចការដែលទ្រង់កំពុងធ្វើក្នុងពេលបច្ចុប្បន្ននេះ និងមិនគិតគូរដល់អស់អ្នកដែលចុះចូលនឹងកិច្ចការដែលបានធ្វើរួចរាល់កាលពីអតីតកាល ដោយប្រឆាំងទាស់នឹងកិច្ចការដែលទ្រង់បំពេញក្នុងពេលសព្វថ្ងៃនេះឡើយ។ ខាងក្រោមនេះ គឺជាមូលហេតុដែលទ្រង់បានជម្រុះចោលមនុស្សជាច្រើននាក់។
ឥទ្ធិពលនៃមេរៀនក្នុងការស្គាល់ព្រះជាម្ចាស់ មិនអាចសម្រេចទៅបានក្នុងពេលមួយថ្ងៃឬពីរថ្ងៃនោះទេ៖ មនុស្សត្រូវប្រមូលយកបទពិសោធន៍ ឆ្លងកាត់ទុក្ខវេទនា និងសម្រេចនូវការចុះចូលដោយពិតប្រាកដ។ ដំបូងបង្អស់ ត្រូវចាប់ផ្ដើមពីកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ វាជាការចាំបាច់ដែលអ្នកត្រូវយល់ដឹងថាចំណេះដឹងអំពីព្រះជាម្ចាស់ត្រូវរួមបញ្ចូលអ្វីខ្លះ ថាតើត្រូវទទួលបានចំណេះដឹងនេះដោយរបៀបណា និងថាតើត្រូវមើលឃើញព្រះជាម្ចាស់នៅក្នុងបទពិសោធន៍របស់អ្នកដោយបែបណា។ នេះគឺអ្វីដែលមនុស្សគ្រប់គ្នាត្រូវធ្វើ នៅពេលដែលពួកគេមិនទាន់ស្គាល់ទ្រង់នៅឡើយ។ គ្មាននរណាម្នាក់អាចយល់ពីកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងពេលតែមួយជាមួយគ្នានោះទេ ហើយគ្មាននរណាម្នាក់អាចសម្រេចការយល់ដឹងអំពីលក្ខណៈទាំងស្រុងរបស់ព្រះជាម្ចាស់បានក្នុងពេលដ៏ខ្លីឡើយ។ ក្នុងការទទួលបានបទពិសោធន៍នេះ មានដំណើរការចាំបាច់មួយ បើគ្មានដំណើរការនេះទេ គ្មាននរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់ ឬស្ដាប់បង្គាប់ទ្រង់ដោយស្មោះត្រង់បានឡើយ។ កាលណាព្រះជាម្ចាស់បំពេញកិច្ចការកាន់តែច្រើន ពេលនោះមនុស្សក៏ស្គាល់ទ្រង់កាន់តែច្រើនដែរ។ កាលណាកិច្ចការរបស់ព្រះជាម្ចាស់កាន់តែខុសគ្នាពីសញ្ញាណរបស់មនុស្ស ពេលនោះចំណេះដឹងរបស់មនុស្សអំពីទ្រង់ក៏កាន់តែផ្លាស់ជាថ្មី និងជ្រាលជ្រៅជាងមុនដែរ។ ប្រសិនបើកិច្ចការរបស់ព្រះជាម្ចាស់ នៅតែដដែលជារៀងរហូត និងគ្មានការប្រែប្រួល នោះចំណេះដឹងរបស់មនុស្សចំពោះទ្រង់ ក៏នឹងមិនមានច្រើនដែរ។ ឯងរាល់គ្នាគប្បីត្រូវដឹងឲ្យបានច្បាស់អំពីនិមិត្តទាំងនេះនៅចន្លោះពេលនៃការបង្កើត និងពេលបច្ចុប្បន្ន អ្វីដែលព្រះជាម្ចាស់បានធ្វើក្នុងសម័យក្រឹត្យវិន័យ អ្វីដែលទ្រង់បានធ្វើក្នុងសម័យព្រះគុណ និងអ្វីដែលទ្រង់ធ្វើក្នុងសម័យនៃនគរព្រះ។ ឯងរាល់គ្នាត្រូវតែស្គាល់កិច្ចការរបស់ព្រះជាម្ចាស់។
ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើទីបន្ទាល់ំអំពីព្រះជាម្ចាស់បាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
កំណត់ចំណាំ៖
ក. អត្ថបទដើមសរសេរថា «កិច្ចការនៃការស្គាល់ព្រះជាម្ចាស់»។
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៥១៩
មនុស្សជួបប្រទះបទពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ បានស្គាល់ខ្លួនឯង និងកម្ចាត់ចោលនូវនិស្ស័យខូចអាក្រក់ និងស្វែងរកការរីកចម្រើនធំធាត់នៅក្នុងជីវិត ដែលការទាំងអស់នេះ គឺដើម្បីស្គាល់ព្រះជាម្ចាស់។ ប្រសិនបើឯងគ្រាន់តែស្វែងរកចង់ស្គាល់ខ្លួនឯង និងដើម្បីកម្ចាត់និស្ស័យខូចអាក្រក់ផ្ទាល់ខ្លួនរបស់ឯង ប៉ុន្តែគ្មានចំណេះដឹងអំពីកិច្ចការដែលព្រះជាម្ចាស់ធ្វើមកលើមនុស្ស គ្មានចំណេះដឹងអំពីភាពអស្ចារ្យនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ ឬថាតើអ្នកត្រូវដកពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ និងធ្វើជាទីបន្ទាល់អំពីទង្វើរបស់ទ្រង់ទេ ដូច្នេះ បទពិសោធន៍របស់ឯង គឺភ្លីភ្លើចោលម្សៀត។ ប្រសិនបើឯងគិតថា ជីវិតរបស់មនុស្សម្នាក់បានទទួលភាពចាស់ទុំដោយគ្រាន់តែមនុស្សម្នាក់អាចដាក់បញ្ចូលសេចក្តីពិតទៅក្នុងការអនុវត្តរបស់ខ្លួន និងធ្វើការតស៊ូ នេះមានន័យថា អ្នកនៅតែមិនទាន់ចាប់បាននូវខ្លឹមសារពិតរបស់ជីវិត ឬគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ឡើយ។ នៅថ្ងៃមួយ ពេលដែលឯងស្ថិតក្នុងចំណោមពួកជំនុំសាសនា ក្នុងចំណោមសមាជិកនៃពួកជំនុំនៃការកែប្រែចិត្ត ឬសមាជិកនៃពួកជំនុំជីវិត ឯងនឹងជួបមនុស្សដែលប្ដូរផ្ដាច់ ដែលការអធិស្ឋានរបស់ពួកគេមាន «និមិត្ត» នៅក្នុងនោះ ហើយនៅក្នុងការស្វែងរកជីវិតរបស់ពួកគេ ពួកគេមានអារម្មណ៍ប៉ះពាល់ចិត្ត និងទទួលបានការណែនាំដោយព្រះបន្ទូល។ បន្ថែមលើនេះ ពួកគេអាចតស៊ូជម្នះបញ្ហាជាច្រើន និងលះបង់ខ្លួនឯងបាន និងមិនត្រូវដឹកនាំដោយសាច់ឈាមឡើយ។ នៅពេលនោះ ឯងនឹងមិនអាចនិយាយពីភាពខុសគ្នាបានឡើយ៖ ឯងនឹងជឿថា អ្វីគ្រប់យ៉ាងដែលពួកគេធ្វើគឺសុទ្ធតែត្រឹមត្រូវ គឺជាការបើកសម្ដែងពីធម្មជាតិនៃជីវិត ហើយនោះគឺជាសេចក្តីអាណិតអាសូរជាពន់ពេក ដែលពួកគេជឿលើនាមដែលមិនត្រឹមត្រូវ។ តើទស្សនៈបែបនេះ មិនឆ្គួតលីលាពេកទេឬអី? តើហេតុអ្វីបានជាគេនិយាយថា មនុស្សជាច្រើនពុំមានជីវិត? ដោយសារពួកគេពុំស្គាល់ព្រះជាម្ចាស់ ហេតុនេះហើយ គេនិយាយថាពួកគេពុំមានព្រះជាម្ចាស់នៅក្នុងចិត្ត និងគ្មានជីវិតសោះឡើយ។ ប្រសិនបើសេចក្តីជំនឿរបស់ឯងលើព្រះជាម្ចាស់បានឈានដល់កម្រិតមួយដែលឯងអាចយល់បានយ៉ាងជ្រាលជ្រៅអំពីទង្វើរបស់ព្រះជាម្ចាស់ សេចក្តីពិតអំពីព្រះជាម្ចាស់ និងគ្រប់ដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់ នោះមានន័យថាឯងកំពុងមានសេចក្តីពិតនៅក្នុងខ្លួន។ ប្រសិនបើឯងមិនស្គាល់កិច្ចការ និងនិស្ស័យរបស់ព្រះជាម្ចាស់ទេ នោះមានន័យថាឯងនៅតែមានចំណុចខ្វះខាតនៅក្នុងបទពិសោធន៍របស់ឯងនៅឡើយ។ របៀបដែលព្រះយេស៊ូវបានអនុវត្តដំណាក់កាលនៃកិច្ចការរបស់ទ្រង់ របៀបដែលត្រូវអនុវត្តកិច្ចការនៅដំណាក់កាលនេះ និងរបៀបដែលព្រះជាម្ចាស់បានបំពេញកិច្ចការរបស់ទ្រង់នៅក្នុងសម័យព្រះគុណ កិច្ចការដែលកំពុងធ្វើនៅដំណាក់កាលនេះ - ប្រសិនបើឯងគ្មានចំណេះដឹងហ្មត់ចត់អំពីចំណុចទាំងអស់នេះទេ នោះឯងនឹងមិនមានអារម្មណ៍ច្បាស់ក្នុងចិត្តនោះទេ ហើយឯងនឹងមិនស្ងប់ក្នុងចិត្តឡើយ។ បន្ទាប់ពីដកពិសោធន៍មួយរយៈមក ប្រសិនបើឯងមិនអាចស្គាល់ការដែលព្រះជាម្ចាស់បានបំពេញ និងគ្រប់ជំហាននៃកិច្ចការរបស់ទ្រង់ទេ ហើយប្រសិនបើឯងបានទទួលចំណេះដឹងជ្រាលជ្រៅអំពីគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការថ្លែងព្រះបន្ទូលរបស់ទ្រង់ និងមូលហេតុដែលព្រះបន្ទូលយ៉ាងច្រើនដែលទ្រង់បានថ្លែងនោះមិនទាន់សម្រេចបាន នោះឯងអាចក្លាហាន និងគ្មានការរុញរាក្នុងការបន្តដើរលើផ្លូវខាងមុខ ដោយគ្មានការព្រួយបារម្ភ និងការបន្សុទ្ធ។ ឯងរាល់គ្នាគប្បីមើលថាតើព្រះជាម្ចាស់សម្រេចបានកិច្ចការរបស់ទ្រង់យ៉ាងច្រើនដោយមធ្យោបាយបែបណា។ ទ្រង់ប្រើព្រះបន្ទូលដែលទ្រង់បានមានបន្ទូល ដោយបន្សុទ្ធមនុស្ស និងបំផ្លាស់បំប្រែសញ្ញាណរបស់គេដោយមធ្យោបាយនៃព្រះបន្ទូលជាច្រើនបែបខុសៗគ្នា។ រាល់ទុក្ខវេទនាដែលឯងរាល់គ្នាបានជួបប្រទះ រាល់ការបន្សុទ្ធដែលឯងបានឆ្លងកាត់ ការដោះស្រាយដែលឯងបានទទួលយកនៅក្នុងខ្លួនឯង និងការបំភ្លឺដែលឯងបានឆ្លងកាត់ ទាំងអស់នេះអាចសម្រេចទៅបានតាមរយៈព្រះបន្ទូលដែលព្រះជាម្ចាស់បានមានបន្ទូល។ តើមនុស្សដើរតាមព្រះជាម្ចាស់ដោយសារមូលហេតុអ្វី? មនុស្សដើរតាមដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់! ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺមានអាថ៌កំបាំងយ៉ាងជ្រៅ ហើយថែមទាំងអាច់បណ្ដាលចិត្តមនុស្ស បើកសម្ដែងពីរឿងរ៉ាវដែលកប់ជ្រៅនៅក្នុងនោះ ធ្វើឲ្យគេដឹងពីរឿងរ៉ាវដែលបានកើតឡើងពីអតីតកាល និងអាចឲ្យគេយល់ធ្លុះទៅក្នុងអនាគតបាន។ មនុស្សមួយចំនួនបានឆ្លងកាត់ទុក្ខវេទនា ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយក៏ត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ៖ មានតែពេលនេះទេដែលមនុស្សដើរតាមព្រះជាម្ចាស់។ អ្វីដែលមនុស្សគប្បីធ្វើនៅក្នុងដំណាក់កាលនេះ គឺទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនថាគេត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ ឬស្ថិតក្រោមការបន្សុទ្ធនោះទេ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាកូនសោ។ នេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ ហើយនេះគឺជានិមិត្តដែលមនុស្សគប្បីត្រូវដឹងក្នុងពេលសព្វថ្ងៃនេះ។
ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើទីបន្ទាល់ំអំពីព្រះជាម្ចាស់បាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម