ទាក់ទងនឹងព្រះគម្ពីរ (៣)
មិនមែនគ្រប់យ៉ាងនៅក្នុងព្រះគម្ពីរ សុទ្ធតែជាការកត់ត្រានៃព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូលដោយផ្ទាល់ព្រះអង្គនោះទេ។ ព្រះគម្ពីរគ្រាន់តែកត់ត្រាដំណាក់កាលទាំងពីរដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលផ្នែកមួយគឺជាការកត់ត្រាអំពីបទទំនាយរបស់ពួកហោរា ហើយផ្នែកមួយទៀត គឺជាបទពិសោធ និងចំណេះដឹងដែលត្រូវបានសរសេរដោយមនុស្សដែលព្រះជាម្ចាស់បានប្រើជាច្រើនយុគសម័យ។ បទពិសោធរបស់មនុស្សបានបង្ខូចដោយសារទស្សនៈ និងចំណេះដឹង ហើយនេះគឺជារឿងដែលមិនអាចជៀសវាងបានទេ។ នៅក្នុងកណ្ឌគម្ពីរនានារបស់ព្រះគម្ពីរ គឺជាសញ្ញាណរបស់មនុស្ស ភាពលម្អៀងរបស់មនុស្ស និងការយល់ដែលមិនសមហេតុផលរបស់មនុស្ស។ ពិតណាស់ ពាក្យពេចន៍ភាគច្រើន គឺជាលទ្ធផលនៃការបំភ្លឺ និងការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយពាក្យពេចន៍ទាំងនោះជាការយល់ដឹងដ៏ត្រឹមត្រូវ ប៉ុន្តែនៅតែមិនអាចនិយាយបានថា ពាក្យពេចន៍ទាំងនេះ គឺជាការស្ដែងចេញនូវសេចក្ដីពិតដ៏ត្រឹមត្រូវទាំងស្រុងនោះទេ។ ទស្សនៈរបស់ពួកគេចំពោះរឿងរ៉ាវជាក់លាក់មួយចំនួន គ្មានអ្វីក្រៅពីចំណេះដឹងដែលបានមកពីបទពិសោធផ្ទាល់ខ្លួន ឬការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ។ ទំនាយរបស់ពួកហោរាត្រូវបានណែនាំដោយផ្ទាល់ពីព្រះជាម្ចាស់៖ ដូចជា ទំនាយរបស់ហោរាអេសាយ ដានីយ៉ែល អែសរ៉ា យេរេមា និងអេសេគាល បានមកពីការណែនាំដោយផ្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សទាំងនេះ គឺជាមនុស្សដែលបានមើលឃើញ ពួកគេបានទទួលវិញ្ញាណនៃបទទំនាយ ហើយពួកគេទាំងអស់ គឺជាហោរាក្នុងគម្ពីរសញ្ញាចាស់។ ក្នុងយុគសម័យនៃក្រឹត្យវិន័យ មនុស្សទាំងអស់នេះដែលបានទទួលការជំរុញទឹកចិត្តពីព្រះយេហូវ៉ា បានបានថ្លែងនូវបទទំនាយជាច្រើន ដែលព្រះយេហូវ៉ាបានណែនាំដោយផ្ទាល់។ ហេតុអ្វីបានជាព្រះយេហូវ៉ាធ្វើការនៅក្នុងពួកគេ? ពីព្រោះប្រជាជនអ៊ីស្រាអែល គឺជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយកិច្ចការរបស់ពួកហោរា ត្រូវតែបានធ្វើឡើងនៅក្នុងចំណោមពួកគេ។ ហេតុដូច្នេះហើយ ទើបពួកហោរាអាចទទួលនូវការបើកសម្ដែងបែបនេះបាន។ តាមពិត ពួកគេផ្ទាល់មិនយល់អំពីការបើកសម្ដែងរបស់ព្រះជាម្ចាស់ចំពោះពួកគេទេ។ ព្រះវិញ្ញាណបរិសុទ្ធបានថ្លែងព្រះបន្ទូលទាំងនោះតាមរយៈមាត់របស់ពួកគេ ដើម្បីឱ្យមនុស្សនៅពេលអនាគតអាចយល់សេចក្ដីទាំងនោះបាន ហើយឃើញថា សេចក្ដីទាំងនោះពិតជាកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយមិនមែនមកពីមនុស្សនោះទេ និងដើម្បីផ្តល់ឱ្យពួកគេនូវការបញ្ជាក់អំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អំឡុងពេលយុគសម័យនៃព្រះគុណ ព្រះយេស៊ូវផ្ទាល់ព្រះអង្គបានធ្វើកិច្ចការទាំងអស់នេះជំនួសពួកគេ ដូច្នេះ មនុស្សលែងថ្លែងបទទំនាយតទៅទៀតហើយ។ ដូច្នេះ តើព្រះយេស៊ូវជាហោរាមែនទេ? ពិតណាស់ ព្រះយេស៊ូវគឺជាហោរាមួយរូប ប៉ុន្តែទ្រង់ក៏អាចធ្វើកិច្ចការរបស់ពួកសាវ័កបានដែរ។ ទ្រង់អាចថ្លែងបទទំនាយផង និងអាចអធិប្បាយព្រះបន្ទូលផង ហើយអាចបង្រៀនមនុស្សទូទាំងដែនដីផងដែរ។ ប៉ុន្តែកិច្ចការដែលទ្រង់បានធ្វើ និងអត្តសញ្ញាណដែលទ្រង់តំណាង គឺមិនដូចគ្នាទេ។ ទ្រង់បានយាងមកដើម្បីលោះមនុស្សជាតិទាំងអស់ ដើម្បីលោះមនុស្សពីបាប។ ទ្រង់គឺជាហោរាមួយរូប និងជាសាវ័កមួយរូប ប៉ុន្តែជាងនេះទៅទៀត ទ្រង់គឺជាព្រះគ្រីស្ទ។ ហោរាអាចថ្លែងទំនាយបាន ប៉ុន្តែមិនអាចនិយាយបានថា ហោរាម្នាក់នោះជាព្រះគ្រីស្ទបានទេ។ នៅពេលនោះ ព្រះយេស៊ូវបានថ្លែងនូវទំនាយជាច្រើន ដូច្នេះហើយ អាចនិយាយបានថា ទ្រង់គឺជាហោរាមួយរូប ប៉ុន្តែមិនអាចនិយាយបានថា ទ្រង់ត្រឹមតែជាហោរាមួយរូប តែទ្រង់មិនមែនជាព្រះគ្រីស្ទនោះទេ។ នោះក៏ព្រោះតែទ្រង់បានតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គក្នុងការអនុវត្តដំណាក់កាលមួយនៃកិច្ចការ ហើយអត្តសញ្ញាណរបស់ទ្រង់ខុសពីអត្តសញ្ញាណរបស់អេសាយ៖ ទ្រង់បានយាងមកដើម្បីបង្ហើយកិច្ចការនៃសេចក្តីប្រោសលោះ ទ្រង់ក៏បានផ្គត់ផ្គង់ជីវិតមនុស្សផងដែរ ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានយាងមកសណ្ឋិតលើទ្រង់ដោយផ្ទាល់។ នៅក្នុងកិច្ចការដែលទ្រង់បានធ្វើ ពុំមានការជំរុញទឹកចិត្តពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ឬការណែនាំពីព្រះយេហូវ៉ានោះទេ។ ផ្ទុយទៅវិញ ព្រះវិញ្ញាណបានធ្វើការដោយផ្ទាល់ ដែលល្មមនឹងអះអាងបានថា ព្រះយេស៊ូវគឺមិនដូចគ្នាទៅនឹងហោរានោះទេ។ កិច្ចការដែលទ្រង់បានធ្វើ គឺជាកិច្ចការនៃការប្រោសលោះ ការថ្លែងបទទំនាយ គឺជាកិច្ចការទីពីរ។ ទ្រង់គឺជាហោរាមួយរូប ជាសាវ័កមួយរូប ប៉ុន្តែជាងនេះទៅទៀត ទ្រង់គឺជាព្រះដែលប្រោសលោះ។ ម្យ៉ាងទៀត ហោរាបានត្រឹមតែថ្លែងបទទំនាយប៉ុណ្ណោះ គេមិនអាចតំណាងឱ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នៅក្នុងការធ្វើកិច្ចការណាមួយនោះទេ។ ដោយសារតែព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើនដែលមនុស្សមិនធ្លាប់ធ្វើពីមុនមក ហើយទ្រង់បានធ្វើកិច្ចការនៃការប្រោសលោះមនុស្សជាតិ ដូច្នេះ ទើបទ្រង់ខុសពីអេសាយ។ មនុស្សមួយចំនួនមិនទទួលយកមាគ៌ាបច្ចុប្បន្ននោះទេ ដោយសារតែវាបានបង្កើតនូវឧបសគ្គមួយសម្រាប់ពួកគេ។ ពួកគេនិយាយថា៖ «នៅក្នុងសញ្ញាចាស់ ហោរាជាច្រើនក៏បានថ្លែងនូវព្រះបន្ទូលជាច្រើនដែរ ដូច្នេះ ហេតុអ្វីបានជាពួកគេមិនមែនជាព្រះដែលបានក្លាយជាសាច់ឈាម? ព្រះជាម្ចាស់បច្ចុប្បន្នថ្លែងព្រះបន្ទូល តើនោះល្មមនឹងអះអាងបានថា ទ្រង់គឺជាព្រះជាម្ចាស់ដែលបានយកកំណើតជាមនុស្សទេ? អ្នកមិនលើកតម្កើងព្រះគម្ពីរ ហើយក៏មិនសិក្សាព្រះគម្ពីរដែរ ដូច្នេះ តើអ្នកសំអាងលើមូលដ្ឋានអ្វីដែលនិយាយថា ទ្រង់គឺជាការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នោះ? អ្នកនិយាយថា ពួកគេត្រូវបានណែនាំដោយព្រះវិញ្ញាណបរិសុទ្ធ ហើយអ្នកជឿថា កិច្ចការដំណាក់កាលនេះ គឺជាកិច្ចការដែលបានធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់ ប៉ុន្តែតើអ្នកសំអាងលើមូលដ្ឋានអ្វី ចំពោះរឿងនេះ? អ្នកផ្តោតការយកចិត្តទុកដាក់របស់អ្នក ទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់បច្ចុប្បន្ន ហើយវាហាក់បីដូចជាអ្នកបានបដិសេធព្រះគម្ពីរ ហើយទុកវាមួយឡែកអ៊ីចឹង»។ ដូច្នេះហើយ ពួកគេនិយាយថា អ្នកជឿលើជំនឿខុសឆ្គង និងគោលលទ្ធិក្រៅសាសនា។
ប្រសិនបើអ្នកចង់ធ្វើទីបន្ទាល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ក្នុងគ្រាចុងក្រោយ នោះអ្នកត្រូវតែយល់រឿងរ៉ាវពិស្ដារផ្នែកក្នុងរបស់ព្រះគម្ពីរ រចនាសម្ព័ន្ធរបស់ព្រះគម្ពីរ និងខ្លឹមសាររបស់ព្រះគម្ពីរ។ បច្ចុប្បន្ននេះ មនុស្សជឿថា ព្រះគម្ពីរគឺជាព្រះជាម្ចាស់ ហើយជឿថា ព្រះជាម្ចាស់គឺជាព្រះគម្ពីរ។ ពួកគេក៏ជឿផងដែរថា ពាក្យពេចន៍ទាំងអស់របស់ព្រះគម្ពីរគឺសុទ្ធតែជាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងមកប៉ុណ្ណោះ ហើយជឿថា ពាក្យពេចន៍ទាំងអស់នោះសុទ្ធតែត្រូវព្រះជាម្ចាស់ថ្លែងមក។ សូម្បីអស់អ្នកដែលជឿព្រះជាម្ចាស់ក៏គិតថា ទោះបីជាកណ្ឌគម្ពីរទាំង ៦៦កណ្ឌ ក្នុងគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ត្រូវបានសរសេរដោយមនុស្សក៏ដោយ ក៏ពួកគេទាំងអស់ត្រូវបានប្រទាននូវការបណ្ដាលចិត្តដោយព្រះជាម្ចាស់ដែរ និងជាកំណត់ត្រាអំពីព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នេះគឺជាការយល់ខុសរបស់មនុស្ស ហើយវាមិនស្របទៅនឹងការពិតទាំងស្រុងនោះឡើយ។ តាមពិត ក្រៅពីកណ្ឌគម្ពីរទំនាយ គម្ពីរសញ្ញាចាស់ភាគច្រើន គឺជាកំណត់ត្រាប្រវត្តិសាស្ត្រ។ សំបុត្រមួយចំនួនរបស់គម្ពីរសញ្ញាថ្មី បានមកពីបទពិសោធរបស់មនុស្ស ហើយមួយចំនួនទៀត បានមកពីការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ឧទាហរណ៍ សំបុត្ររបស់ប៉ុល បានកើតចេញពីកិច្ចការរបស់មនុស្សម្នាក់ សំបុត្រទាំងអស់នេះ គឺជាលទ្ធផលនៃការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសំបុត្រទាំងនោះត្រូវបានសរសេរសម្រាប់ពួកជំនុំ ហើយជាពាក្យពេចន៍រម្លឹកដាស់តឿន និងលើកទឹកចិត្ត សម្រាប់បងប្អូនប្រុសស្រីក្នុងពួកជំនុំ។ ពាក្យពេចន៍ទាំងនេះមិនមែនជាព្រះបន្ទូលដែលព្រះវិញ្ញាណបរិសុទ្ធថ្លែងនោះទេ។ ប៉ុលមិនអាចនិយាយជំនួសព្រះវិញ្ញាណបរិសុទ្ធបានទេ ហើយគាត់ក៏មិនមែនជាហោរាដែរ ហើយលើសពីនេះទៅទៀត គាត់មិនបានឃើញនិមិត្តដែលយ៉ូហានបានមើលឃើញនោះឡើយ។ សំបុត្ររបស់គាត់ត្រូវបានសរសេរសម្រាប់ពួកជំនុំអេភេសូរ ភីឡាដិលភា កាឡាទី និងពួកជំនុំដទៃទៀត។ ដូច្នេះ កណ្ឌគម្ពីរសំបុត្ររបស់ប៉ុលក្នុងសញ្ញាថ្មី គឺជាកណ្ឌគម្ពីរដែលប៉ុលបានសរសេរសម្រាប់ពួកជំនុំនានា និងមិនមែនជាការជំរុញទឹកចិត្តពីព្រះវិញ្ញាណបរិសុទ្ធ ក៏មិនមែនជាព្រះសូរសៀងផ្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ សំបុត្រទាំងនេះគ្រាន់តែជាពាក្យពេចន៍រម្លឹកដាស់តឿន កម្សាន្តចិត្ត និងលើកទឹកចិត្ត ដែលគាត់បានសរសេរសម្រាប់ពួកជំនុំនានា អំឡុងពេលធ្វើកិច្ចការរបស់គាត់ប៉ុណ្ណោះ។ វាក៏ជាការកត់ត្រាអំពីកិច្ចការជាច្រើនរបស់ប៉ុល នៅពេលនោះដែរ។ ពួកវាត្រូវបានសរសេរសម្រាប់មនុស្សទាំងអស់គ្នាដែលជាបងប្អូនប្រុសស្រីនៅក្នុងព្រះអម្ចាស់ ដើម្បីឱ្យបងប្អូនប្រុសស្រីនៅក្នុងពួកជំនុំនៅពេលនោះ ដើរតាមដំបូន្មាន និងគោរពតាមផ្លូវនៃការប្រែចិត្តរបស់ព្រះអម្ចាស់យេស៊ូវ។ មិនថាពួកជំនុំនៅពេលនោះ ឬពួកជំនុំនៅថ្ងៃអនាគតឡើយ គ្មានមធ្យោបាយណាដែលប៉ុលបាននិយាយថា គ្រប់គ្នាត្រូវតែបរិភោគ និងផឹកអ្វីៗដែលគាត់បានសរសេរ ហើយក៏មិនបាននិយាយថា ពាក្យសម្ដីរបស់គាត់ទាំងអស់ សុទ្ធតែបានមកពីព្រះជាម្ចាស់នោះឡើយ។ ផ្អែកលើកាលៈទេសៈនៃពួកជំនុំពេលនោះគាត់គ្រាន់តែទំនាក់ទំនងជាមួយបងប្អូនប្រុសស្រី និងរម្លឹកដាស់តឿនពួកគេ ព្រមទាំងជំរុញជំនឿនៅក្នុងពួកគេ ហើយគាត់គ្រាន់តែអធិប្បាយ ឬក្រើនរម្លឹកមនុស្ស និងដាស់តឿនពួកគេប៉ុណ្ណោះ។ ពាក្យរបស់គាត់គឺផ្អែកលើអម្រែកផ្ទាល់ខ្លួនរបស់គាត់ ហើយគាត់បានជ្រោមជ្រែងមនុស្សទាំងនោះ តាមរយៈពាក្យពេចន៍ទាំងនេះ។ គាត់បានធ្វើកិច្ចការរបស់ពួកសាវ័កម្នាក់នៃពួកជំនុំនានានៅពេលនោះ គាត់គឺជាអ្នកធ្វើការម្នាក់ ដែលព្រះអម្ចាស់យេស៊ូវបានប្រើ ដូច្នេះហើយ គាត់ត្រូវតែទទួលខុសត្រូវចំពោះពួកជំនុំនានា ហើយត្រូវតែធ្វើកិច្ចការរបស់ពួកជំនុំនានា គាត់ត្រូវតែស្វែងយល់អំពីសភាពរបស់បងប្អូនប្រុសស្រី ហើយដោយសារតែមូលហេតុនេះ គាត់បានសរសេរសំបុត្រសម្រាប់បងប្អូនប្រុសស្រីទាំងអស់នៅក្នុងព្រះអម្ចាស់។ គ្រប់យ៉ាងដែលគាត់បាននិយាយ ជាការស្អាងចិត្ត និងវិជ្ជមានចំពោះមនុស្ស គឺសុទ្ធតែត្រឹមត្រូវ ប៉ុន្តែវាមិនបានបង្ហាញឱ្យឃើញពីព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយវាមិនអាចតំណាងព្រះជាម្ចាស់បានទេ។ វាគឺជាការយល់ខុសប្រក្រតី និងជាការប្រមាថដ៏ខ្លាំងមួយ ដែលមនុស្សចាត់ទុកការកត់ត្រានៃបទពិសោធរបស់មនុស្សម្នាក់ និងសំបុត្ររបស់មនុស្សម្នាក់ ជាព្រះបន្ទូលដែលព្រះវិញ្ញាណបរិសុទ្ធបានមានព្រះបន្ទូលទៅកាន់ពួកជំនុំនានានោះ! វាជារឿងពិតប្រាកដណាស់ នៅពេលនិយាយអំពីសំបុត្រដែលប៉ុលបានសរសេរសម្រាប់ពួកជំនុំ ដោយសារតែសំបុត្រទាំងនេះ ត្រូវបានសរសេរសម្រាប់បងប្អូនប្រុសស្រី ដោយផ្អែកលើកាលៈទេសៈ និងស្ថានភាពនៃពួកជំនុំនីមួយៗនៅពេលនោះ ហើយត្រូវបានសរសេរដើម្បីដាស់តឿនបងប្អូនប្រុសស្រីនៅក្នុងព្រះអម្ចាស់ ដើម្បីឱ្យពួកគេអាចទទួលព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវ។ សំបុត្រដែលគាត់សរសេរ គឺដើម្បីដាស់តឿនបងប្អូនប្រុសស្រីនៅពេលនោះ។ អាចនិយាយបានថា នេះគឺជាអម្រែកផ្ទាល់ខ្លួនរបស់គាត់ ហើយក៏ជាអម្រែកដែលព្រះវិញ្ញាណបរិសុទ្ធប្រទានឱ្យគាត់ផងដែរ។ សរុបមក គាត់គឺជាសាវ័កម្នាក់ ដែលបានដឹកនាំពួកជំនុំនានានៅពេលនោះ ជាអ្នកដែលបានសរសេរសំបុត្រសម្រាប់ពួកជំនុំ និងបានដាស់តឿនពួកគេ នោះហើយគឺជាទំនួលខុសត្រូវរបស់គាត់។ អត្តសញ្ញាណរបស់គាត់ គឺគ្រាន់តែជាអត្តសញ្ញាណរបស់សាវ័កធ្វើការម្នាក់ ហើយគាត់គ្រាន់តែជាសាវ័កម្នាក់ដែលព្រះជាម្ចាស់បានចាត់ឱ្យមកប៉ុណ្ណោះ។ គាត់មិនមែនជាហោរា ឬជាអ្នកថ្លែងទំនាយនោះទេ។ សម្រាប់គាត់ កិច្ចការផ្ទាល់ខ្លួនរបស់គាត់ និងជីវិតរបស់បងប្អូនប្រុសស្រី គឺជារឿងដែលសំខាន់បំផុត។ ដូច្នេះ គាត់មិនអាចនិយាយជំនួសព្រះវិញ្ញាណបរិសុទ្ធបានទេ។ ពាក្យរបស់គាត់មិនមែនជាព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ ហើយកាន់តែមិនអាចនិយាយបានថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅទៀត ដោយសារតែប៉ុលគ្មានអ្វីក្រៅតែពីសត្តនិករមួយរបស់ព្រះជាម្ចាស់នោះទេ ហើយគាត់ពិតជាមិនមែនមនុស្សដែលព្រះជាម្ចាស់យកកំណើតនោះទេ។ អត្តសញ្ញាណរបស់គាត់មិនដូចអត្តសញ្ញាណរបស់ព្រះយេស៊ូវទេ។ ព្រះបន្ទូលរបស់ព្រះយេស៊ូវ គឺជាព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រះបន្ទូលទាំងនោះ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារអត្តសញ្ញាណរបស់ទ្រង់ គឺជាអត្តសញ្ញាណរបស់ព្រះគ្រីស្ទ ដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។ ធ្វើដូចម្តេចទើបប៉ុលអាចស្មើទ្រង់បាន? ប្រសិនបើមនុស្សឃើញសំបុត្រ ឬពាក្យដូចជាពាក្យរបស់ប៉ុលថាជាព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយថ្វាយបង្គំពាក្យពេចន៍ទាំងនេះដូចជាព្រះជាម្ចាស់ នោះអាចនិយាយបានតែម៉្យាងថា ពួកគេមិនរើសមុខពេកហើយ។ និយាយឱ្យឃោរឃៅជាងនេះ តើនេះមិនមែនជាការប្រមាថទេឬអី? ធ្វើដូចម្តេចទើបមនុស្សម្នាក់អាចនិយាយជំនួសព្រះជាម្ចាស់បាន? ហើយម្តេចបានជាមនុស្សអាចឱនក្រាបនៅចំពោះការកត់ត្រានៃសំបុត្រ និងពាក្យដែលគាត់បាននិយាយ ទុកដូចជាគម្ពីរដ៏បរិសុទ្ធមួយ ឬគម្ពីរមួយក្បាលដែលមកពីស្ថានសួគ៌ដូច្នេះ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចត្រូវបានថ្លែងម្តងម្កាលដោយមនុស្សម្នាក់ឬទេ? តើមនុស្សម្នាក់អាចនិយាយជំនួសព្រះជាម្ចាស់ដូចម្ដេចបាន? ដូច្នេះ តើអ្នកនិយាយដូចម្ដេចវិញ តើសំបុត្រដែលគាត់បានសរសេរសម្រាប់ពួកជំនុំ មិនអាចត្រូវជាប់ប្រឡាក់ដោយទស្សនៈផ្ទាល់ខ្លួនរបស់គាត់ទេឬអី? ធ្វើដូចម្តេចទើបសំបុត្រទាំងនោះមិនត្រូវបានជាប់ប្រឡាក់ដោយសារទស្សនៈរបស់មនុស្សនោះ? គាត់បានសរសេរសំបុត្រសម្រាប់ពួកជំនុំ ដោយផ្អែកលើបទពិសោធផ្ទាល់ខ្លួនរបស់គាត់ និងចំណេះដឹងផ្ទាល់ខ្លួនរបស់គាត់។ ឧទាហរណ៍ ប៉ុលបានសរសេរសំបុត្រមួយទៅកាន់ពួកជំនុំកាឡាទី ដោយមាននូវទស្សនៈជាក់លាក់មួយ ហើយពេត្រុសបានសរសេរសំបុត្រមួយផ្សេងទៀត ដែលមានទស្សនៈផ្សេងមួយទៀត។ តើក្នុងចំណោមសំបុត្រទាំងពីរ មួយណាមកពីព្រះវិញ្ញាណបរិសុទ្ធ? គ្មាននរណាម្នាក់អាចនិយាយឱ្យប្រាកដបានទេ។ ដូច្នេះ វាគ្រាន់តែអាចនិយាយថា លិខិតទាំងពីរនេះមានអម្រែកសម្រាប់ពួកជំនុំ ប៉ុន្តែន័យពាក្យរបស់ពួកគេតំណាងឱ្យកម្ពស់របស់ពួកគេ ពួកវាតំណាងឱ្យការផ្គត់ផ្គង់ និងការជ្រោមជ្រែងសម្រាប់បងប្អូនប្រុសស្រី និងតំណាងឱ្យអម្រែករបស់ពួកគេចំពោះពួកជំនុំ ហើយពួកវាគ្រាន់តែតំណាងឱ្យកិច្ចការរបស់មនុស្សប៉ុណ្ណោះ។ ន័យពាក្យទាំងនេះមិនមែនតំណាងឱ្យព្រះវិញ្ញាណបរិសុទ្ធទាល់តែសោះ។ ប្រសិនបើអ្នកនិយាយថា សំបុត្ររបស់គាត់គឺជាព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកល្ងីល្ងើណាស់ ហើយអ្នកកំពុងតែប្រព្រឹត្តការប្រមាថទៀតផង! សំបុត្ររបស់ប៉ុល និងសំបុត្រដទៃទៀតរបស់សញ្ញាថ្មី គឺស្មើនឹងការចងចាំរបស់បុគ្គលខាងវិញ្ញាណបច្ចុប្បន្ន៖ សំបុត្រទាំងនេះស្មើនឹងសៀវភៅរបស់ វ៉ចមែន នី ឬស្មើនឹងបទពិសោធរបស់ ឡរិនស៍ ។ល។ វាគ្រាន់តែថា សៀវភៅរបស់បុគ្គលខាងវិញ្ញាណបច្ចុប្បន្ន មិនត្រូវបានចងក្រងទៅក្នុងសញ្ញាថ្មីប៉ុណ្ណោះ ប៉ុន្តែសារជាតិរបស់មនុស្សទាំងនេះគឺដូចគ្នា៖ ពួកគេគឺជាមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធបានប្រើក្នុងរយៈពេលជាក់លាក់មួយ ហើយពួកគេមិនអាចតំណាងដោយផ្ទាល់ឱ្យព្រះជាម្ចាស់នោះឡើយ។
ដំណឹងល្អម៉ាថាយនៅក្នុងគម្ពីរសញ្ញាថ្មី កត់ត្រាអំពីពង្សាវតារបស់ព្រះយេស៊ូវ។ ជាដំបូង ព្រះគម្ពីរនិយាយថា ព្រះយេស៊ូវគឺជាពូជពង្សរបស់អ័ប្រាហាំ និងដាវីដ ហើយជាកូនរបស់យ៉ូសែប។ បន្ទាប់មកព្រះគម្ពីរនិយាយថា ព្រះយេស៊ូវបានចាប់បដិសន្ធិដោយព្រះវិញ្ញាណបរិសុទ្ធ និងបានប្រសូតពីស្ត្រីព្រហ្មចារី ដែលអាចមានន័យថា ទ្រង់មិនមែនជាកូនរបស់យ៉ូសែប ឬជាពូជពង្សរបស់អ័ប្រាហាំ និងក៏មិនមែនជាពូជពង្សរបស់ព្រះបាទដាវីដនោះដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ពង្សាវតាអះអាងពីទំនាក់ទំនងរវាងព្រះយេស៊ូវ និងយ៉ូសែប។ បន្ទាប់មក ពង្សាវតាចាប់ផ្តើមកត់ត្រាអំពីដំណើររឿងដែលព្រះយេស៊ូវបានប្រសូត។ ព្រះគម្ពីរនិយាយថា ព្រះយេស៊ូវបានចាប់បដិសន្ធិដោយព្រះវិញ្ញាណបរិសុទ្ធ ទ្រង់បានប្រសូតពីស្ត្រីព្រហ្មចារី និងមិនមែនជាកូនរបស់យ៉ូសែបទេ។ ប៉ុន្តែនៅក្នុងពង្សាវតាបានសរសេរយ៉ាងច្បាស់ថា ព្រះយេស៊ូវគឺជាកូនរបស់យ៉ូសែប ហើយដោយសារពង្សាវតាត្រូវបានសរសេរសម្រាប់ព្រះយេស៊ូវ នោះវាបានកត់ត្រាមនុស្សសែសិបពីរជំនាន់។ នៅពេលដែលដល់ជំនាន់យ៉ូសែប ព្រះគម្ពីរក៏រៀបរាប់យ៉ាងប្រញាប់ប្រញាល់ថា យ៉ូសែបគឺជាប្តីនាងម៉ារា ជាពាក្យដែលត្រូវបានផ្តល់មកដើម្បីអះអាងថា ព្រះយេស៊ូវ គឺជាពូជពង្សរបស់អ័ប្រាហាំ។ តើនេះមិនមែនជាភាពផ្ទុយគ្នាទេឬអី? ពង្សាវតាកត់ត្រាយ៉ាងច្បាស់អំពីពូជពង្សរបស់យ៉ូសែប គឺពិតជាពង្សាវតារបស់យ៉ូសែបមែន ប៉ុន្តែម៉ាថាយបញ្ជាក់ថា វាគឺជាពង្សាវតារបស់ព្រះយេស៊ូវ។ តើនេះមិនមែនបដិសេធនឹងការពិតអំពីការចាប់បដិសន្ធិរបស់ព្រះយេស៊ូវ ដោយព្រះវិញ្ញាណបរិសុទ្ធទេឬអី? ដូច្នេះ តើពង្សាវតាដែលម៉ាថាយសរសេរនេះ មិនមែនជាគំនិតរបស់មនុស្សទេឬអី? វាគួរឱ្យអស់សំណើចណាស់! នេះគឺជាវិធីដែលអ្នកអាចដឹងថា កណ្ឌគម្ពីរនេះមិនមែនមកពីព្រះវិញ្ញាណបរិសុទ្ធទាំងស្រុងនោះទេ។ ប្រហែលជាមានមនុស្សមួយចំនួនគិតថា ព្រះជាម្ចាស់ត្រូវតែមានពង្សាវតាមួយនៅលើផែនដី ដោយសារពួកគេចាត់ទុកព្រះយេស៊ូវជាកូនចៅជំនាន់ទីសែសិបពីររបស់អ័ប្រាហាំ។ នោះពិតជារឿងគួរឱ្យអស់សំណើចមែន! បន្ទាប់ពីការយាងមកកាន់ផែនដី ម្តេចក៏ព្រះជាម្ចាស់អាចមានពង្សាវតាទៅកើត? ប្រសិនបើអ្នកនិយាយថា ព្រះជាម្ចាស់មានពង្សាវតា តើអ្នកមិនចាត់ថ្នាក់ទ្រង់ ទៅក្នុងចំណោមសត្តនិកររបស់ព្រះជាម្ចាស់ទេឬអី? ដោយសារព្រះជាម្ចាស់មិនមែនជារបស់ផែនដី ទ្រង់គឺជាព្រះអម្ចាស់នៃការបង្កើត ហើយទោះបីជាទ្រង់នៅក្នុងសាច់ឈាមក៏ដោយ ក៏ទ្រង់មិនមានលក្ខណៈដូចមនុស្សដែរ។ ម្តេចក៏អ្នកអាចចាត់ថ្នាក់ព្រះជាម្ចាស់ជាប្រភេទដូចគ្នាទៅនឹងសត្តនិកររបស់ព្រះជាម្ចាស់បាន? អ័ប្រាហាំមិនអាចតំណាងព្រះជាម្ចាស់បានទេ។ គាត់គឺជាកម្មវត្ថុនៃកិច្ចការរបស់ព្រះយេហូវ៉ានៅពេលនោះ គាត់គ្រាន់តែជាអ្នកបម្រើដ៏ស្មោះត្រង់ម្នាក់ ដែលព្រះយេហូវ៉ាសព្វព្រះទ័យ ហើយគាត់គឺជាមនុស្សម្នាក់ក្នុងចំណោមប្រជាជនអ៊ីស្រាអែលប៉ុណ្ណោះ។ តើគាត់អាចធ្វើជាបុព្វបុរសរបស់ព្រះយេស៊ូវបានយ៉ាងដូចម្ដេចកើតទៅ?
តើនរណាជាអ្នកសរសេរអំពីពង្សាវតារបស់ព្រះយេស៊ូវ? តើព្រះយេស៊ូវផ្ទាល់ព្រះអង្គបានសរសេរវាមែនទេ? តើព្រះយេស៊ូវបានមានបន្ទូលដោយផ្ទាល់ទៅកាន់ពួកគេថា «ចូរសរសេរពង្សាវតាររបស់ខ្ញុំ» ដែរទេ? ពង្សាវតានេះត្រូវបានកត់ត្រាដោយម៉ាថាយ បន្ទាប់ពីព្រះយេស៊ូវត្រូវបានគេឆ្កាងនឹងដែកគោលនៅលើឈើឆ្កាង។ នៅពេលនោះ ព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើនដែលពួកសាវ័ករបស់ទ្រង់មិនអាចយល់បាន ហើយទ្រង់មិនបានផ្តល់ការពន្យល់ណាមួយនោះទេ។ បន្ទាប់ពីទ្រង់ចាកចេញទៅ ពួកសាវ័កចាប់ផ្តើមអធិប្បាយព្រះបន្ទូល និងធ្វើកិច្ចការគ្រប់ទីកន្លែង ហើយដើម្បីផលប្រយោជន៍នៃដំណាក់កាលរបស់កិច្ចការនោះ ពួកគេចាប់ផ្តើមសរសេរសំបុត្រ និងកណ្ឌគម្ពីរដំណឹងល្អ។ កណ្ឌគម្ពីរនៃដំណឹងល្អរបស់សញ្ញាថ្មីត្រូវបានកត់ត្រា ២០ ទៅ ៣០ឆ្នាំ ក្រោយពេលដែលព្រះយេស៊ូវត្រូវបានឆ្កាង។ កាលពីមុន ប្រជាជនអ៊ីស្រាអែលអានតែគម្ពីរសញ្ញាចាស់ប៉ុណ្ណោះ។ ពោលគឺ នៅដើមយុគសម័យនៃព្រះគុណ មនុស្សបានអានសញ្ញាចាស់។ ព្រះគម្ពីរសញ្ញាថ្មីទើបតែបានលេចឡើងអំឡុងពេលយុគសម័យនៃព្រះគុណប៉ុណ្ណោះ។ នៅពេលដែលព្រះយេស៊ូវបានធ្វើកិច្ចការ គម្ពីរសញ្ញាថ្មីមិនមាននោះទេ។ ក្រោយពីទ្រង់មានព្រះជន្មរស់ឡើងវិញ និងបានយាងទៅកាន់ស្ថានសួគ៌វិញ ទើបមនុស្សបានកត់ត្រាកិច្ចការរបស់ទ្រង់។ ពេលនោះ គឺទើបមានកណ្ឌគម្ពីរដំណឹងល្អចំនួនបួនកណ្ឌប៉ុណ្ណោះ បន្ថែមទៅលើសំបុត្ររបស់ប៉ុល និងពេត្រុស ក៏ដូចជាកណ្ឌគម្ពីរវិវរណៈ។ ជាងបីរយឆ្នាំ បន្ទាប់ពីព្រះយេស៊ូវបានយាងទៅស្ថានសួគ៌វិញ មនុស្សជំនាន់ក្រោយៗបានប្រមូលចងក្រងឯកសារទាំងនេះយ៉ាងសម្រិតសម្រាំង ហើយទើបមានជាព្រះគម្ពីរសញ្ញាថ្មី។ ទាល់តែកិច្ចការនេះបានចប់រួចរាល់ប៉ុណ្ណោះ ទើបមានព្រះគម្ពីរសញ្ញាថ្មី ដែលពីមុនគឺគ្មានព្រះគម្ពីរនេះទេ។ ព្រះជាម្ចាស់បានធ្វើកិច្ចការទាំងអស់នោះ ហើយប៉ុល និងសាវ័កដទៃទៀត បានសរសេរសំបុត្រជាច្រើនទៅកាន់ពួកជំនុំនៅតាមទីកន្លែងនានា។ បន្ទាប់ពីនោះមក មនុស្សជំនាន់ក្រោយៗក៏បានប្រមូលផ្តុំសំបុត្ររបស់ពួកគេ ហើយបានបញ្ចូលនិមិត្តដ៏អស្ចារ្យដែលបានកត់ត្រាដោយយ៉ូហាននៅលើកោះប៉ាត់ម៉ុស ដែលទាយទុកពីកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ មនុស្សបានបង្កើតលំដាប់លេខរៀងនេះ ដែលខុសពីសូរសៀងសព្វថ្ងៃ។ អ្វីដែលត្រូវបានកត់ត្រាសព្វថ្ងៃនេះ គឺផ្អែកលើជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់។ អ្វីដែលមនុស្សចូលរួមនៅសព្វថ្ងៃនេះ គឺជាកិច្ចការដែលព្រះជាម្ចាស់បានធ្វើដោយផ្ទាល់ ហើយព្រះបន្ទូលត្រូវបានថ្លែងដោយទ្រង់ផ្ទាល់។ អ្នកដែលជាមនុស្សជាតិ មិនត្រូវការជ្រៀតជ្រែកនោះទេ។ ព្រះបន្ទូលដែលមកដោយផ្ទាល់ពីព្រះវិញ្ញាណបរិសុទ្ធ ត្រូវបានរៀបចំជាជំហានៗ ហើយខុសពីការរៀបចំនៃការកត់ត្រារបស់មនុស្ស។ អ្វីដែលពួកគេបានកត់ត្រា អាចនិយាយបានថា ផ្អែកលើកម្រិតនៃការអប់រំរបស់ពួកគេ និងគុណសម្បត្តិរបស់មនុស្ស។ អ្វីដែលពួកគេបានកត់ត្រា គឺជាបទពិសោធរបស់មនុស្ស ហើយម្នាក់ៗមានមធ្យោបាយនៃការកត់ត្រា និងការយល់ដឹងផ្ទាល់ខ្លួនរបស់ពួកគេ ហើយការកត់ត្រានីមួយៗគឺខុសៗគ្នា។ ដូច្នេះ ប្រសិនបើអ្នកថ្វាយបង្គំព្រះគម្ពីរជាព្រះជាម្ចាស់ នោះអ្នកល្ងង់ខ្លៅ និងល្ងីល្ងើបំផុត! ហេតុអ្វីបានជាអ្នកមិនស្វះស្វែងរកកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ? មានតែកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចសង្គ្រោះមនុស្សបាន។ ព្រះគម្ពីរមិនអាចសង្គ្រោះមនុស្សបានទេ មនុស្សអាចអានអស់រយៈពេលរាប់ពាន់ឆ្នាំ ហើយនៅតែអាចមិនមានការផ្លាស់ប្តូរសូម្បីបន្តិចនៅក្នុងពួកគេ ហើយប្រសិនបើអ្នកថ្វាយបង្គំព្រះគម្ពីរ នោះអ្នកនឹងមិនដែលទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ កិច្ចការចំនួនពីរដំណាក់កាលរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានកត់ត្រាទុកទាំងពីរនៅក្នុងព្រះគម្ពីរ ដូច្នេះហើយ ក្នុងចំណោមការកត់ត្រាទាំងនេះ ឈ្មោះទាំងអស់ជាឈ្មោះរបស់អ៊ីស្រាអែល ហើយហេតុការណ៍ទាំងអស់ ក៏ជារបស់ប្រទេសអ៊ីស្រាអែលដែរ។ សូម្បីតែឈ្មោះ «ព្រះយេស៊ូវ» ក៏ជាឈ្មោះអ៊ីស្រាអែលដែរ។ ប្រសិនបើអ្នកនៅតែបន្តអានព្រះគម្ពីរសព្វថ្ងៃនេះ តើអ្នកមិនគោរពតាមទំនៀមទម្លាប់ហើយមែនទេ? អ្វីដែលបានកត់ត្រានៅក្នុងគម្ពីរសញ្ញាថ្មី គឺជារឿងរបស់ពួកយូដា។ អត្ថបទដើមជាភាសាក្រិចផង ភាសាហេព្រើផង ហើយព្រះនាមដែលគេហៅទ្រង់ និងព្រះបន្ទូលទាំងអស់របស់ព្រះយេស៊ូវនៅពេលនោះ គឺសុទ្ធតែជាកម្មសិទ្ធិនៃភាសារបស់មនុស្ស។ នៅពេលដែលទ្រង់ត្រូវបានគេឆ្កាងដោយដែកគោលនៅលើឈើឆ្កាង ព្រះយេស៊ូវទ្រង់មានបន្ទូលថា «អេលី អេលី ឡាម៉ា សាបាច់ថានី?» តើនេះមិនមែនជាភាសាហេព្រើរទេឬអី? នេះដោយសារតែព្រះយេស៊ូវបានយកកំណើតនៅស្រុកយូដា ប៉ុន្តែវាមិនបញ្ជាក់ថា ព្រះជាម្ចាស់ គឺជាជនជាតិយូដានោះទេ។ សព្វថ្ងៃនេះ ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមនៅក្នុងប្រទេសចិន ដូច្នេះហើយ គ្រប់យ៉ាងដែលទ្រង់មានព្រះបន្ទូល គឺជាភាសាចិនដោយគ្មានសង្ស័យនោះទេ។ ប៉ុន្តែ វាមិនអាចប្រៀបធៀបជាមួយភាសាចិនដែលបានបកប្រែចេញពីព្រះគម្ពីរនោះទេ ដោយសារប្រភពនៃពាក្យទាំងនេះគឺខុសគ្នា៖ មួយមកពីភាសាហេព្រើរដែលមនុស្សបានកត់ត្រា ហើយមួយទៀតមកពីព្រះសូរសៀងដោយផ្ទាល់របស់ព្រះវិញ្ញាណ។ ធ្វើដូចម្តេចទើបមិនមានភាពខុសគ្នាទាំងស្រុងបាន?