អំពីទម្លាប់នៃការអធិស្ឋាន

អ្នករាល់គ្នាមិនឱ្យតម្លៃសំខាន់ទៅលើការអធិស្ឋាននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នករាល់គ្នាឡើយ។ មនុស្សមិនអើពើនឹងរឿងអធិស្ឋាន។ ការអធិស្ឋានធ្លាប់ជាកិច្ចការបង្រ្គប់កិច្ច ដោយមនុស្សគ្រាន់តែចូលទៅចំពោះព្រះជាម្ចាស់ អធិស្ឋានឱ្យតែបានៗប៉ុណ្ណោះ។ គ្មាននរណាម្នាក់ធ្លាប់បានថ្វាយដួងចិត្តរបស់គេទាំងស្រុងចំពោះព្រះជាម្ចាស់ និងបានចូលនៅក្នុងការអធិស្ឋានដ៏ពិតជាមួយព្រះជាម្ចាស់ឡើយ។ មនុស្សបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ តែនៅពេលណាដែលគេមានបញ្ហាប៉ុណ្ណោះ។ ក្នុងអំឡុងពេលនេះ តើអ្នកធ្លាប់បានអធិស្ឋានទៅកាន់ព្រះជាម្ចាស់យ៉ាងពិតប្រាកដហើយឬនៅ? តើធ្លាប់មានពេលណាមួយដែលអ្នកបានយំសោកសៅឈឺចាប់ នៅចំពោះព្រះជាម្ចាស់ដែរឬទេ? តើធ្លាប់មានពេលណាមួយ ដែលអ្នកបានស្គាល់ខ្លួនឯងនៅចំពោះទ្រង់ដែរឬទេ? តើអ្នកធ្លាប់មានការអធិស្ឋានឥតលាក់លៀមជាមួយព្រះជាម្ចាស់ដែរឬទេ? ការអធិស្ឋានកើតចេញពីទម្លាប់។ បើអ្នកមិនអធិស្ឋានតាមធម្មតានៅឯផ្ទះផង នោះអ្នកនឹងគ្មានផ្លូវអធិស្ឋាននៅឯពួកជំនុំឡើយ ហើយបើអ្នកមិនអធិស្ឋានតាមធម្មតានៅក្នុងក្រុមតូចផង នោះអ្នកក៏នឹងគ្មានសមត្ថភាពណាទៅអធិស្ឋាននៅក្នុងក្រុមជំនុំធំបានដែរ។ ប្រសិនបើអ្នកមិនចូលទៅជិតព្រះជាម្ចាស់ជាទៀងទាត់ ឬសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ផង លុះដល់ពេលអធិស្ឋាន នោះអ្នកនឹងគ្មានអ្វីដែលត្រូវនិយាយឡើយ ហើយបើទោះជាអ្នកអធិស្ឋានមែន ក៏អ្នកនឹងគ្រាន់តែអធិស្ឋានឱ្យតែរួចពីមាត់ប៉ុណ្ណោះ ប៉ុន្តែវានឹងមិនមែនជាការអធិស្ឋានដ៏ពិតឡើយ។

តើអ្វីទៅជាការអធិស្ឋានដ៏ពិត? ការអធិស្ឋានដ៏ពិត គឺជាការទូលប្រាប់ព្រះជាម្ចាស់នូវអ្វីដែលមាននៅខាងក្នុងដួងចិត្តរបស់អ្នក ជាការសន្ទនា និងជាការទំនាក់ទំនងដោយអារម្មណ៍ជាមួយព្រះជាម្ចាស់ នៅពេលដែលអ្នកយល់អំពីព្រះហឫទ័យរបស់ទ្រង់ ជាការប្រាស្រ័យទាក់ទងជាមួយព្រះតាមរយៈព្រះបន្ទូលរបស់ទ្រង់ ជាអារម្មណ៍ស្និទ្ធស្នាលជាមួយនឹងព្រះជាពិសេស ជាអារម្មណ៍ដឹងថា ទ្រង់គង់នៅពីមុខអ្នក ហើយជាការជឿថា អ្នកមានអ្វីមួយចង់ទូលទៅកាន់ទ្រង់។ ដួងចិត្តរបស់អ្នកមានអារម្មណ៍ពេញដោយពន្លឺ ហើយអ្នកមានអារម្មណ៍ថា ទ្រង់ជាព្រះដ៏ពេញដោយព្រះទ័យស្រឡាញ់។ អ្នកមានអារម្មណ៍ជំរុញចិត្តយ៉ាងពិសេស ហើយតាមរយៈការស្ដាប់អ្នក បងប្អូនប្រុសស្រីរបស់អ្នកនឹងមានអារម្មណ៍ស្កប់ចិត្ត។ ពួកគេនឹងមានអារម្មណ៍ថា ពាក្យដែលអ្នកនិយាយ គឺជាពាក្យដែលស្ថិតនៅក្នុងដួងចិត្តរបស់គេ ជាពាក្យដែលគេចង់និយាយ គឺដូចជាសម្ដីដែលអ្នកនិយាយជំនួសពួកគេដូច្នោះដែរ។ នេះហើយជាអត្ថន័យនៃការអធិស្ឋានដ៏ពិតប្រាកដ។ ក្រោយពេលអ្នកបានចូលនៅក្នុងការអធិស្ឋានដ៏ពិត នោះដួងចិត្តរបស់អ្នកនឹងមានសេចក្តីសុខសាន្ត និងស្គាល់សេចក្តីស្កប់ចិត្ត។ កម្លាំងក្នុងការស្រឡាញ់ព្រះជាម្ចាស់ អាចមានកាន់តែខ្លាំងឡើង ហើយអ្នកនឹងមានអារម្មណ៍ថា នៅក្នុងជីវិតនេះ គ្មានអ្វីមួយដែលមានតម្លៃ ឬសំខាន់ជាងការស្រឡាញ់ព្រះជាម្ចាស់ឡើយ។ រាល់សេចក្តីទាំងនេះសុទ្ធតែបញ្ជាក់ថា ការអធិស្ឋានរបស់អ្នកមានប្រសិទ្ធភាព។ តើអ្នកធ្លាប់បានអធិស្ឋានបែបនេះដែរឬទេ?

ចុះចំណែកខ្លឹមសារនៃការអធិស្ឋានវិញ? ការអធិស្ឋានរបស់អ្នក គួរតែដំណើរការមួយជំហានម្ដងៗ ស្របជាមួយសភាពពិតនៃដួងចិត្តរបស់អ្នក និងកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ អ្នកចាប់ផ្ដើមមានទំនាក់ទំនងស្និទ្ធស្នាលជាមួយព្រះជាម្ចាស់ ស្របតាមព្រះហឫទ័យរបស់ទ្រង់ និងយល់អំពីអ្វីដែលទ្រង់តម្រូវពីមនុស្ស។ នៅពេលដែលអ្នកចាប់ផ្ដើមទម្លាប់នៃការអធិស្ឋាន ជាដំបូង ចូរថ្វាយដួងចិត្តរបស់អ្នកទៅកាន់ព្រះជាម្ចាស់ជាមុនសិន។ ចូរកុំប៉ុនប៉ងចង់យល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ពោលគឺសូមព្យាយាមនិយាយតែពាក្យដែលមាននៅក្នុងចិត្តរបស់អ្នកទូលដល់ព្រះជាម្ចាស់ប៉ុណ្ណោះ គឺបានហើយ។ នៅពេលដែលអ្នកចូលមកចំពោះព្រះជាម្ចាស់ ចូរនិយាយបែបនេះវិញ៖ «ឱព្រះជាម្ចាស់អើយ! ថ្ងៃនេះ ទូលបង្គំសូមទទួលស្គាល់ថា ទូលបង្គំធ្លាប់មិនស្ដាប់បង្គាប់ទ្រង់។ ទូលពិតជាមនុស្សពុករលួយ និងគួរឱ្យស្អប់។ ទូលបង្គំចំណាយជីវិតរបស់ទូលបង្គំចោលរហូតមក។ ចាប់ពីថ្ងៃនេះតទៅ ទូលបង្គំនឹងរស់នៅសម្រាប់ទ្រង់។ ទូលបង្គំនឹងរស់នៅជាជីវិតដ៏មានអត្ថន័យ ហើយទូលបង្គំនឹងបំពេញតាមព្រះហឫទ័យរបស់ទ្រង់។ សូមឱ្យព្រះវិញ្ញាណរបស់ទ្រង់ធ្វើការនៅក្នុងទូលបង្គំជានិច្ច ដោយបន្ដស្រាយបំភ្លឺ និងពន្យល់ដល់ទូលបង្គំ។ សូមឱ្យទូលបង្គំធ្វើបន្ទាល់ដ៏រឹងមាំ និងលាន់កងរំពងនៅចំពោះទ្រង់។ សូមឱ្យសាតាំងមើលឃើញសិរីល្អរបស់ទ្រង់ ទីបន្ទាល់របស់ទ្រង់ និងភស្តុតាងពីជ័យជម្នះរបស់ទ្រង់ ដែលស្ដែងចេញនៅក្នុងជីវិតរបស់ពួកយើង។» នៅពេលដែលអ្នកអធិស្ឋានបែបនេះ នោះដួងចិត្តរបស់អ្នកនឹងត្រូវបានរំដោះឱ្យមានសេរីភាពទាំងស្រុងមិនខាន។ ដោយបានអធិស្ឋានបែបនេះ នោះដួងចិត្តរបស់អ្នកនឹងកាន់តែមានភាពជិតស្និទ្ធជាមួយព្រះជាម្ចាស់ ហើយបើអ្នកអាចអធិស្ឋានបែបនេះឱ្យបានញឹកញាប់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងអ្នកជាក់ជាមិនខាន។ បើអ្នកតែងតែអំពាវនាវទៅរកព្រះជាម្ចាស់តាមរបៀបនេះ ហើយធ្វើការតាំងចិត្តដ៏មោះមុតចំពោះទ្រង់ គង់មានថ្ងៃមួយ ការតាំងចិត្តរបស់អ្នក ក្លាយជារឿងដ៏សមគួរទទួលនៅចំពោះព្រះ ជាពេលដែលដួងចិត្ត និងជីវិតរបស់អ្នកទាំងស្រុងត្រូវបានព្រះជាម្ចាស់ទទួលយក ហើយទីបំផុត អ្នកក៏ត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍។ សម្រាប់អ្នករាល់គ្នា ការអធិស្ឋាន គឺជាកិច្ចការដ៏សំខាន់បំផុត។ នៅពេលដែលអ្នកអធិស្ឋាន ហើយអ្នកទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ នោះព្រះជាម្ចាស់នឹងពាល់ចិត្តរបស់អ្នក ហើយកម្លាំងក្នុងការស្រឡាញ់ព្រះជាម្ចាស់ នឹងដុះឡើងមិនខាន។ ប្រសិនបើអ្នកមិនអធិស្ឋានដោយចេញពីចិត្តទេ ប្រសិនបើអ្នកមិនបើកចិត្ត ដើម្បីទំនាក់ទំនងស្និទ្ធស្នាលជាមួយព្រះជាម្ចាស់ទេ នោះព្រះជាម្ចាស់នឹងគ្មានផ្លូវធ្វើការនៅក្នុងដួងចិត្តរបស់អ្នកឡើយ។ ក្រោយពេលបានអធិស្ឋាន និងបាននិយាយពាក្យពីដួងចិត្តរបស់អ្នក ហើយបើព្រះវិញ្ញាណនៃព្រះ មិនបានចាប់ផ្ដើមកិច្ចការរបស់ទ្រង់ ហើយអ្នកមិនបានទទួលការបណ្ដាលចិត្តទេ នោះការនេះបង្ហាញថា ដួងចិត្តរបស់អ្នកខ្វះនូវភាពស្មោះត្រង់ សម្ដីរបស់អ្នកគ្មានការពិត និងនៅតែមិនបរិសុទ្ធ។ ក្រោយពេលអធិស្ឋានហើយ បើអ្នកមានអារម្មណ៍ថា ស្កប់ចិត្ត នោះការអធិស្ឋានរបស់អ្នកត្រូវបានព្រះទទួលយក ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ កំពុងតែធ្វើការនៅក្នុងអ្នកហើយ។ ក្នុងនាមជាបុគ្គលម្នាក់ដែលបម្រើនៅចំពោះព្រះជាម្ចាស់ អ្នកមិនអាចរស់នៅដោយគ្មានការអធិស្ឋានបានឡើយ។ បើអ្នកមើលឃើញថា ទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយព្រះជាម្ចាស់ ជាអ្វីមួយដែលមានអត្ថន័យ និងមានតម្លៃ តើអ្នកអាចបោះបង់ចោលការអធិស្ឋានបានដែរឬទេ? គ្មាននរណាម្នាក់អាចរស់នៅដោយគ្មានទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយព្រះឡើយ។ បើគ្មានការអធិស្ឋាន អ្នករស់នៅក្នុងសាច់ឈាម ជាប់ចំណងនឹងសាតាំង។ បើគ្មានការអធិស្ឋានដ៏ពិតទេ នោះអ្នករស់នៅក្រោមឥទ្ធិពលនៃសេចក្តីងងឹតហើយ។ ខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រីអាចចូលក្នុងការអធិស្ឋានដ៏ពិតជារៀងរាល់ថ្ងៃចុះ។ ការនេះមិនមែនជាការកាន់តាមក្រឹត្យវិន័យឡើយ ប៉ុន្តែវាជាការសម្រេចនូវលទ្ធផលដ៏ជាក់លាក់មួយវិញ។ តើអ្នកព្រមលះបង់ដំណេក និងការសប្បាយបន្ដិចបន្ដួច ហើយភ្ញាក់ពីព្រឹកព្រលឹម ដើម្បីអធិស្ឋាន និងរីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរឬទេ? បើអ្នកអធិស្ឋានដោយចេញពីដួងចិត្តដ៏បរិសុទ្ធ ហើយហូបនិងផឹកពីព្រះបន្ទូលនៃព្រះបែបនេះ នោះអ្នកនឹងកាន់តែធ្វើឱ្យទ្រង់ទទួលយកអ្នកមិនខាន។ ប្រសិនបើអ្នកធ្វើកិច្ចការនេះជារៀងរាល់ព្រឹក ហើយប្រសិនបើអ្នកថ្វាយដួងចិត្តរបស់អ្នកដល់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ នោះចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់នឹងពិតជាកើនឡើងតាមរយៈការប្រាស្រ័យទាក់ទង និងការផ្សារភ្ជាប់ជាមួយទ្រង់ ហើយអ្នកនឹងកាន់តែយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាមិនខាន។ អ្នកអធិស្ឋានថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំព្រមបំពេញភារកិច្ចរបស់ទូលបង្គំហើយ។ ទូលបង្គំអាចត្រឹមតែថ្វាយភាពទាំងមូលរបស់ទូលបង្គំដល់ទ្រង់ ដើម្បីឱ្យទ្រង់អាចត្រូវទទួលបានសិរីល្អពីពួកយើង ដើម្បីឱ្យទ្រង់អាចរីករាយនឹងទីបន្ទាល់ ដែលត្រូវបានធ្វើឡើងដោយក្រុមរបស់យើងខ្ញុំនេះ។ ទូលបង្គំទូលអង្វរសូមឱ្យទ្រង់ធ្វើការនៅក្នុងពួកយើង ដើម្បីឱ្យទូលបង្គំអាចស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដ និងអាចផ្គាប់ព្រះទ័យទ្រង់ និងដេញតាមទ្រង់ជាគោលដៅរបស់ទូលបង្គំ។» ពេលដែលអ្នកលីបន្ទុកនេះ នោះព្រះជាម្ចាស់នឹងប្រាកដជាប្រោសឱ្យអ្នកបានគ្រប់លក្ខណ៍មិនខាន។ អ្នកមិនគួរអធិស្ឋានសម្រាប់តែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកឡើយ ប៉ុន្តែអ្នកគួរតែអធិស្ឋាន សម្រាប់ការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសម្រាប់ការស្រឡាញ់ទ្រង់ផងដែរ។ នេះហើយជាការអធិស្ឋានដ៏ពិតប្រាកដជាងគេបំផុត។ តើអ្នកជាមនុស្សម្នាក់ដែលអធិស្ឋាន សម្រាប់ការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬទេ?

កាលពីអតីតកាល អ្នករាល់គ្នាមិនបានដឹងអំពីរបៀបអធិស្ឋានឡើយ ហើយអ្នកក៏មិនអើពើចំពោះកិច្ចការអធិស្ឋានផងដែរ។ ឥឡូវនេះ អ្នកត្រូវតែខំប្រឹងឱ្យអស់លទ្ធភាព ដើម្បីហ្វឹកហាត់ខ្លួនឯងនៅក្នុងការអធិស្ឋាន។ ប្រសិនបើអ្នកមិនអាចប្រមូលកម្លាំងដែលអ្នកមានដើម្បីស្រឡាញ់ព្រះជាម្ចាស់ផង តើអ្នកអធិស្ឋានបានយ៉ាងដូចម្ដេចទៅ? អ្នកអធិស្ឋានថា៖ «ឱព្រះជាម្ចាស់អើយ! ដួងចិត្តរបស់ទូលបង្គំមិនអាចស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដឡើយ។ ទូលបង្គំចង់ស្រឡាញ់ទ្រង់ ប៉ុន្តែទូលបង្គំខ្វះកម្លាំង។ តើទូលបង្គំគួរតែធ្វើអ្វីទៅ? សូមទ្រង់បើកភ្នែកខាងវិញ្ញាណរបស់ទូលបង្គំ ហើយសូមឱ្យព្រះវិញ្ញាណរបស់ទ្រង់ប៉ះពាល់ដួងចិត្តរបស់ទូលបង្គំផង។ ពេលដែលទូលបង្គំចូលចំពោះទ្រង់ សូមបណ្ដាលចិត្តទូលបង្គំ ដើម្បីឱ្យទូលបង្គំបោះបង់គ្រប់យ៉ាងដែលអវិជ្ជមាន ដោយលែងឱ្យបុគ្គលណាម្នាក់ លែងឱ្យរឿងរ៉ាវ ឬកិច្ចការអ្វីមួយមកគ្រប់គ្រងទូលបង្គំ ហើយសូមលាតត្រដាងអ្វីៗគ្រប់យ៉ាង ដែលមានក្នុងដួងចិត្តរបស់ទូលបង្គំនៅចំពោះទ្រង់ ហើយបណ្ដាលចិត្តទូលបង្គំ ដើម្បីឱ្យទូលបង្គំអាចថ្វាយជីវិតរបស់ទូលបង្គំទាំងមូល នៅចំពោះទ្រង់តែម្ដង។ យ៉ាងណាមិញ ទ្រង់អាចល្បងលទូលបង្គំបាន ទូលបង្គំត្រៀមខ្លួនរួចហើយ។ ឥឡូវនេះ ទូលបង្គំលែងគិតអំពីរឿងអនាគតរបស់ទូលបង្គំ ហើយក៏លែងស្ថិតនៅក្រោមនឹមនៃសេចក្តីស្លាប់ទៀតដែរ។ ទូលបង្គំចង់ស្វែងរកផ្លូវនៃជីវិត ដោយដួងចិត្តដែលស្រឡាញ់ទ្រង់។ គ្រប់រឿងរ៉ាវទាំងអស់ អ្វីៗគ្រប់យ៉ាង សុទ្ធតែនៅក្នុងព្រះហស្តរបស់ទ្រង់។ វាសនារបស់ទូលបង្គំ ស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់ ហើយជីវិតរបស់ទូលបង្គំ ក៏នៅក្នុងកណ្ដាប់ព្រះហស្តរបស់ទ្រង់ដែរ។ ឥឡូវនេះ ទូលបង្គំព្យាយាមស្រឡាញ់ទ្រង់ ហើយទោះបីជាទ្រង់អនុញ្ញាត ឬមិនអនុញ្ញាតឱ្យទូលបង្គំស្រឡាញ់ទ្រង់ មិនថាសាតាំងតាមបង្អាក់យ៉ាងណាក៏ដោយ ក៏ទូលបង្គំប្ដេជ្ញាស្រឡាញ់ទ្រង់ដដែល។» នៅពេលដែលអ្នកជួបបញ្ហានេះ ចូរអធិស្ឋានបែបនេះចុះ។ បើអ្នកអធិស្ឋានបែបនេះជារៀងរាល់ថ្ងៃ នោះកម្លាំងក្នុងការស្រឡាញ់ព្រះជាម្ចាស់ នឹងកើនឡើងបន្ដិចម្ដងៗមិនខាន។

តើមនុស្សម្នាក់ចូលនៅក្នុងការអធិស្ឋានដ៏ពិតដោយរបៀបណា?

នៅពេលអធិស្ឋាន អ្នកត្រូវតែមានដួងចិត្តដែលស្ងប់ស្ងាត់នៅចំពោះព្រះជាម្ចាស់ ហើយអ្នកត្រូវមានដួងចិត្តដ៏ស្មោះសរ។ អ្នកកំពុងតែមានទំនាក់ទំនង និងកំពុងអធិស្ឋានជាមួយព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដូច្នេះ អ្នកមិនត្រូវព្យាយាមបញ្ជោរព្រះជាម្ចាស់ ដោយពាក្យពីរោះស្ដាប់នោះឡើយ។ ការអធិស្ឋានគួរតែផ្ដោតសំខាន់លើអ្វីដែលព្រះជាម្ចាស់ចង់សម្រេចឥឡូវនេះ។ ចូរទូលសុំព្រះជាម្ចាស់ឱ្យប្រទានដល់អ្នកនូវការស្រាយបំភ្លឺ និងការស្រាយពន្យល់កាន់តែធំ សុំឱ្យទ្រង់នាំយកសភាពពិត និងបញ្ហារបស់អ្នក ចូលទៅក្នុងព្រះវត្តមានរបស់ទ្រង់ នៅពេលដែលអ្នកអធិស្ឋាន រួមទាំងការតាំងចិត្តដែលអ្នកបានធ្វើចំពោះព្រះផងដែរ។ ការអធិស្ឋានមិនមែនអំពីការធ្វើតាមនីតិវិធីឡើយ ប៉ុន្តែវាជាការស្វែងរកព្រះជាម្ចាស់ដោយចេញពីចិត្តស្មោះសរ។ ចូរទូលសូមឱ្យព្រះជាម្ចាស់ការពារដួងចិត្តរបស់អ្នក ដើម្បីឱ្យដួងចិត្តរបស់អ្នកអាចនៅស្ងប់ស្ងាត់ចំពោះទ្រង់ជាញឹកញាប់។ ចូរទូលសូមឱ្យទ្រង់ដាក់អ្នកនៅក្នុងបរិយាកាសមួយ ដើម្បីឱ្យអ្នកស្គាល់ខ្លួនឯង ស្អប់ខ្លួនឯង និងបោះបង់ចោលខ្លួនឯង ការធ្វើបែបនេះ អនុញ្ញាតឱ្យអ្នកមានទំនាក់ទំនងតាមធម្មតាជាមួយព្រះជាម្ចាស់ និងក្លាយជាបុគ្គលម្នាក់ដែលពិតជាស្រឡាញ់ព្រះ។

តើអ្វីទៅជាសារៈសំខាន់នៃការអធិស្ឋាន?

ការអធិស្ឋាន គឺជាវិធីមួយក្នុងចំណោមវិធីជាច្រើនដែលមនុស្សប្រើ ដើម្បីទាក់ទងជាមួយព្រះជាម្ចាស់។ វាជាមធ្យោបាយមួយ ដែលមនុស្សអាចស្រែកអំពាវនាវទៅរកព្រះជាម្ចាស់់ និងជាដំណើរការមួយដែលមនុស្សត្រូវបានព្រះវិញ្ញាណរបស់ព្រះពាល់ចិត្ត។ អាចនិយាយបានថា មនុស្សដែលគ្មានការអធិស្ឋាន គឺជាមនុស្សស្លាប់ដែលគ្មានវិញ្ញាណ ហើយនេះបញ្ជាក់បានថា ពួកគេខ្វះនូវសតិញាណដើម្បីឱ្យព្រះជាម្ចាស់ពាល់ចិត្ត។ បើគ្មានការអធិស្ឋាន ការដឹកនាំជីវិតខាងវិញ្ញាណតាមធម្មតា គឺមិនអាចទៅរួចឡើយ ហើយក៏រឹតតែគ្មានសមត្ថភាព ធ្វើតាមកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធទៅទៀត។ ការរស់នៅដោយគ្មានការអធិស្ឋាន គឺដូចជាការកាត់ផ្ដាច់ទំនាក់ទំនងរបស់គេជាមួយព្រះជាម្ចាស់ ហើយការទទួលបានការសរសើរពីព្រះជាម្ចាស់ គឺមិនអាចទៅរួចឡើយ។ ក្នុងនាមជាមនុស្សម្នាក់ដែលជឿលើព្រះជាម្ចាស់ បើមនុស្សម្នាក់អធិស្ឋានកាន់តែច្រើន ហើយបើមនុស្សម្នាក់ត្រូវបានព្រះជាម្ចាស់ពាល់ចិត្តកាន់តែច្រើន នោះគេនឹងរឹតតែពេញដោយការតាំងចិត្តដ៏មោះមុត ហើយគេនឹងទទួលបានការស្រាយបំភ្លឺថ្មីពីព្រះជាម្ចាស់កាន់តែប្រសើរ។ ជាលទ្ធផល មនុស្សប្រភេទនេះ អាចត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ ដោយព្រះវិញ្ញាណបរិសុទ្ធបានយ៉ាងឆាប់រហ័ស។

តើការអធិស្ឋាននឹងសម្រេចបានផលអ្វីខ្លះ?

មនុស្សអាចអនុវត្តការអធិស្ឋាន និងយល់អំពីសារៈសំខាន់នៃការអធិស្ឋានបាន ប៉ុន្តែដើម្បីឱ្យការអធិស្ឋានមានប្រសិទ្ធភាព វាមិនមែនជារឿងងាយស្រួលឡើយ។ ការអធិស្ឋានមិនមែនជាការធ្វើបង្រ្គប់កិច្ច ធ្វើតាមនីតិវិធី ឬសូត្រតាមព្រះបន្ទូលនៃព្រះឡើយ។ ពោលគឺ ការអធិស្ឋានមិនមែនជាការនិយាយត្រាប់ដូចជាសត្វសេក ហើយក៏មិនមែនជាការយកតម្រាប់តាមនរណាម្នាក់ដែរ។ នៅក្នុងការអធិស្ឋាន គេត្រូវតែចូលទៅដល់ចំណុចមួយដែលដួងចិត្តរបស់គេអាចថ្វាយដល់ព្រះជាម្ចាស់ ដោយលាតត្រដាងដួងចិត្តរបស់គេ ដើម្បីឱ្យព្រះជាម្ចាស់ធ្វើការពាល់ចិត្ត។ ដើម្បីឱ្យការអធិស្ឋានមានប្រសិទ្ធភាព ដូច្នេះ ការអធិស្ឋាននោះ ត្រូវតែមានមូលដ្ឋានលើការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានតែការអធិស្ឋានចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ទើបអាចនាំឱ្យមនុស្សម្នាក់ អាចទទួលបានការស្រាយបំភ្លឺ និងការស្រាយពន្យល់បានកាន់តែខ្លាំង។ សញ្ញាស្ដែងចេញអំពីការអធិស្ឋានដ៏ពិតមានដូចជា៖ ការមានដួងចិត្តស្រេកឃ្លានចង់បានគ្រប់ទាំងសេចក្តីដែលព្រះជាម្ចាស់ចង់បាន ហើយលើសពីនេះទៅទៀត គេមានចិត្តចង់សម្រេចតាមអ្វីដែលព្រះជាម្ចាស់ទាមទារ។ ការស្អប់ខ្ពើមនូវអ្វីដែលព្រះទ្រង់ស្អប់ខ្ពើម ការទទួលបាននូវការយល់ដឹងខ្លះៗអំពីការអធិស្ឋាន ដោយសង់ពីលើគ្រឹះមូលដ្ឋាននេះ និងការមានចំណេះដឹង និងភាពច្បាស់លាស់ខ្លះៗ ទាក់ទងនឹងសេចក្តីពិត ដែលព្រះជាម្ចាស់បរិយាយ។ កន្លែងណាដែលមានការតាំងចិត្តដ៏មោះមុត សេចក្តីជំនឿ ចំណេះដឹង និងផ្លូវនៃការអនុវត្តតាមការអធិស្ឋាន ទើបអាចត្រូវបានហៅថាជាការអធិស្ឋានពិត ហើយមានតែការអធិស្ឋានបែបនេះប៉ុណ្ណោះ ដែលអាចមានប្រសិទ្ធភាព។ ប៉ុន្តែ ការអធិស្ឋានត្រូវតែសង់ពីលើសេចក្តីរីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ វាត្រូវតែតាំងឡើងនៅលើគ្រឹះមូលដ្ឋាននៃទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយព្រះជាម្ចាស់ នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ហើយដួងចិត្តត្រូវតែអាចស្វែងរកព្រះជាម្ចាស់ និងមានភាពស្ងប់ស្ងាត់នៅចំពោះទ្រង់។ ការអធិស្ឋានបែបនេះ បានចូលដល់ដំណាក់កាលនៃការរួមប្រកបដ៏ពិតជាមួយព្រះជាម្ចាស់រួចទៅហើយ។

ចំណេះដឹងមូលដ្ឋានបំផុតអំពីការអធិស្ឋាន៖

១. កុំនិយាយអ្វីគ្រប់យ៉ាងដែលចូលក្នុងគំនិតរបស់អ្នក ទាំងងងឹតងងល់។ ត្រូវតែមានបន្ទុកមួយនៅក្នុងចិត្តរបស់អ្នក មានន័យថា អ្នកត្រូវតែមានគោលដៅ នៅពេលដែលអ្នកអធិស្ឋាន។

២. ការអធិស្ឋានត្រូវតែមានផ្ទុកនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយវាត្រូវតែចាក់គ្រឹះលើព្រះបន្ទូលរបស់ព្រះ។

៣. នៅពេលកំពុងអធិស្ឋាន អ្នកមិនត្រូវនិយាយអំពីរឿងដែលកន្លងផុតទៅដដែលៗនោះឡើយ។ ការអធិស្ឋានរបស់អ្នកគួរតែទាក់ទងនឹងព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ហើយនៅពេលដែលអ្នកអធិស្ឋាន ចូរប្រាប់ព្រះជាម្ចាស់អំពីគំនិតដ៏ជ្រាលជ្រៅបំផុតរបស់អ្នក។

៤. ការអធិស្ឋានជាក្រុម ចាំបាច់ត្រូវតែផ្ដោតទៅលើចំណុចកណ្ដាល ដែលជាកិច្ចការបច្ចុប្បន្ននៃព្រះវិញ្ញាណបរិសុទ្ធ។

៥. មនុស្សទាំងអស់ត្រូវតែរៀនអំពីការអធិស្ឋានទូលអង្វរ។ នេះក៏ជារបៀបមួយនៃការបង្ហាញនូវការពិចារណាទៅលើបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ផងដែរ។

ជីវិតនៃការអធិស្ឋានរបស់បុគ្គលម្នាក់ ត្រូវមានមូលដ្ឋានលើការយល់ដឹងអំពីសារៈសំខាន់នៃការអធិស្ឋាន និងអំពីចំណេះដឹងមូលដ្ឋាននៃការអធិស្ឋាន។ ចូរអធិស្ឋានសម្រាប់សេចក្តីខ្វះចន្លោះរបស់អ្នកឱ្យបានញឹកញាប់ នៅក្នុងជីវិតប្រចាំថ្ងៃ អធិស្ឋានដើម្បីបង្កើតឱ្យមានការផ្លាស់ប្ដូរនិស្ស័យនៅក្នុងជីវិតរបស់អ្នក និងអធិស្ឋានលើមូលដ្ឋាននៃចំណេះដឹងរបស់អ្នកអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បុគ្គលម្នាក់ៗគួរតែបង្កើតទម្លាប់នៃការអធិស្ឋានរបស់ខ្លួនអ្នកផ្ទាល់ ពួកគេគួរតែអធិស្ឋានឱ្យបានស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេគួរតែអធិស្ឋាន ដើម្បីស្វែងរកចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់។ ចូរលាតត្រដាងកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នកនៅចំពោះព្រះជាម្ចាស់ ហើយបើកចិត្តនិយាយត្រង់ៗប្រាប់ទ្រង់ ដោយគ្មានការរអ៊ូរទាំអំពីរបៀបដែលអ្នកអធិស្ឋាន ហើយចំណុចគន្លឹះ គឺដើម្បីទទួលបានការយល់ដឹងដ៏ពិត និងដើម្បីទទួលបានបទពិសោធដ៏ពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បុគ្គលម្នាក់ដែលស្វែងរកច្រកចូលទៅក្នុងជីវិតខាងវិញ្ញាណ ត្រូវតែចេះអធិស្ឋានតាមរបៀបខុសៗគ្នាជាច្រើន។ ការអធិស្ឋានដោយស្ងប់ស្ងាត់ ការសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការព្យាយាមស្គាល់ពីកិច្ចការរបស់ព្រះ ទាំងអស់នេះគឺជាឧទាហរណ៍អំពីកិច្ចការនៃការប្រកបគ្នាខាងវិញ្ញាណ ដើម្បីសម្រេចឱ្យបានផ្លូវចូលទៅក្នុងជីវិតខាងព្រលឹងវិញ្ញាណតាមធម្មតា ដែលជាជីវិតដែលធ្វើឱ្យប្រសើរឡើងនូវសភាពរបស់មនុស្សម្នាក់នៅចំពោះព្រះជាម្ចាស់ និងជំរុញគេឱ្យមានវឌ្ឍនភាពកាន់តែខ្លាំងនៅក្នុងជីវិត។ ជារួមមក គ្រប់កិច្ចការដែលអ្នកធ្វើ មិនថាជាការទទួលទាន និងការផឹកពីព្រះបន្ទូលនៃព្រះ ឬជាការអធិស្ឋានស្ងាត់ៗ ឬជាការប្រកាសខ្លាំងៗឡើយ គឺដើម្បីជួយឱ្យអ្នកមើលឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ កិច្ចការរបស់ទ្រង់ និងសេចក្ដីដែលទ្រង់ចង់សម្រេចនៅក្នុងជីវិតអ្នកឱ្យកាន់តែច្បាស់។ សំខាន់ជាងនេះទៅទៀត រាល់កិច្ចការដែលអ្នកធ្វើ ត្រូវតែធ្វើឡើងដើម្បីសម្រេចតាមបទដ្ឋានដែលព្រះជាម្ចាស់តម្រូវ និងដើម្បីលើកស្ទួយជីវិតរបស់អ្នកទៅកាន់កម្រិតថ្មី។ លក្ខខណ្ឌអប្បបរមាដែលព្រះជាម្ចាស់តម្រូវចង់បានពីមនុស្ស គឺឱ្យមនុស្សអាចបើកចិត្តរបស់គេចំពោះទ្រង់។ ប្រសិនបើមនុស្សថ្វាយដួងចិត្តដ៏ពិតរបស់គេដល់ព្រះជាម្ចាស់ ហើយនិយាយអំពីអ្វីដែលមាននៅខាងក្នុងចិត្តរបស់គេ នោះព្រះជាម្ចាស់នឹងព្រមធ្វើការនៅខាងក្នុងគេមិនខាន។ អ្វីដែលព្រះជាម្ចាស់ចង់បាន មិនមែនជាដួងចិត្តដែលវៀចវេររបស់មនុស្សឡើយ ប៉ុន្តែជាដួងចិត្តដ៏បរិសុទ្ធ និងទៀងត្រង់។ ប្រសិនបើមនុស្សមិននិយាយទៅកាន់ព្រះជាម្ចាស់ដោយចេញពីចិត្តរបស់គេទេ នោះព្រះជាម្ចាស់នឹងមិនពាល់ចិត្តរបស់គេ ឬក៏ធ្វើការនៅក្នុងគេឡើយ។ ដូច្នេះ ចំណុចសំខាន់នៃការអធិស្ឋាន គឺជាការទូលថ្វាយទៅកាន់ព្រះជាម្ចាស់ ដោយចេញពីចិត្តរបស់អ្នក ប្រាប់ទ្រង់អំពីសេចក្តីខ្វះចន្លោះ ឬនិស្ស័យបះបោររបស់អ្នក លាតត្រដាងដួងចិត្តរបស់អ្នកទាំងស្រុងនៅចំពោះទ្រង់។ មានតែបែបនេះទេ ទើបព្រះជាម្ចាស់ចាប់អារម្មណ៍លើការអធិស្ឋានរបស់អ្នក បើមិនដូច្នោះទេ ទ្រង់នឹងលាក់ព្រះភក្ត្ររបស់ទ្រង់ពីអ្នកមិនខាន។ លក្ខខណ្ឌអប្បបរមាសម្រាប់ការអធិស្ឋាន គឺអ្នកត្រូវតែចេះរក្សាចិត្តរបស់អ្នកឱ្យស្ងប់នៅចំពោះព្រះជាម្ចាស់ ហើយដួងចិត្តនេះមិនត្រូវនៅឆ្ងាយពីព្រះជាម្ចាស់ឡើយ។ ក្នុងដំណាក់កាលនេះ អ្នកប្រហែលជាមិនទទួលបានការយល់ដឹងថ្មីៗ ឬខ្ពស់ជាងមុនឡើយ ប៉ុន្តែអ្នកត្រូវតែប្រើការអធិស្ឋានដើម្បីថែរក្សាស្ថានភាពបច្ចុប្បន្នរបស់អ្នក ពោលគឺអ្នកមិនត្រូវរាថយឡើយ។ នេះជាកិច្ចការដ៏តិចតួចបំផុតដែលអ្នកត្រូវសម្រេច។ ប្រសិនបើសូម្បីតែកិច្ចការនេះ ក៏អ្នកមិនអាចសម្រេចផង បញ្ជាក់ឱ្យឃើញថា ជីវិតខាងវិញ្ញាណរបស់អ្នក មិនបានដើរនៅលើផ្លូវត្រូវឡើយ។ ជាលទ្ធផល អ្នកនឹងមិនអាចប្រកាន់ខ្ជាប់នឹងនិមិត្តដែលអ្នកមានកាលពីដំបូង អ្នកនឹងបាត់បង់សេចក្តីជំនឿលើព្រះជាម្ចាស់ ហើយការតាំងចិត្តដ៏មោះមុតរបស់អ្នក នឹងបាត់បង់ទៅបន្ដិចម្ដងៗ។ សញ្ញាមួយដែលបង្ហាញថា អ្នកបានចូល ឬមិនបានចូលទៅក្នុងជីវិតខាងវិញ្ញាណ គឺជាការមើលឃើញថា ការអធិស្ឋានរបស់អ្នក ស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវ។ មនុស្សទាំងអស់ត្រូវតែចូលទៅក្នុងការពិតនេះ។ ពួកគេទាំងអស់ត្រូវតែមានស្មារតីធ្វើកិច្ចការហ្វឹកហាត់ខ្លួនឯងនៅក្នុងការអធិស្ឋាន មិនមែនអង្គុយរង់ចាំ ដោយមិនធ្វើអ្វីសោះនោះឡើយ ប៉ុន្តែត្រូវមានស្មារតីស្វះស្វែង ដើម្បីឱ្យព្រះវិញ្ញាណបរិសុទ្ធពាល់ចិត្ត។ មានតែបែបនេះទេ ទើបពួកគេនឹងក្លាយជាមនុស្សដែលស្វែងរកព្រះជាម្ចាស់ពិតប្រាកដ។

នៅពេលដែលអ្នកចាប់ផ្ដើមអធិស្ឋាន ចូរកុំឈោងហួសមិនប្រមាណខ្លួន ហើយសង្ឃឹមចង់សម្រេចអ្វីៗគ្រប់យ៉ាងនៅក្នុងពេលតែម្ដងឡើយ។ អ្នកមិនអាចទាមទារហួសហេតុ ដោយរំពឹងថា ពេលដែលអ្នកបើកមាត់ភ្លាម នោះអ្នកនឹងទទួលបានការពាល់ចិត្តពីព្រះវិញ្ញាណបរិសុទ្ធ ឬរំពឹងថា អ្នកនឹងទទួលបានការស្រាយបំភ្លឺ និងការស្រាយពន្យល់ ឬរំពឹងថា ព្រះជាម្ចាស់នឹងស្រោចស្រពព្រះគុណដល់អ្នកនោះឡើយ។ រឿងនឹងមិនកើតឡើងបែបនេះទេ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការដែលហួសនិស្ស័យធម្មជាតិឡើយ។ ព្រះជាម្ចាស់ឆ្លើយតបពាក្យអធិស្ឋានរបស់មនុស្ស នៅក្នុងពេលកំណត់របស់ទ្រង់ ហើយពេលខ្លះ ទ្រង់ល្បងលសេចក្តីជំនឿរបស់គ ដើម្បីមើលថា តើអ្នកមានចិត្តភក្ដីភាពចំពោះទ្រង់ដែរឬអត់។ នៅពេលដែលអ្នកអធិស្ឋាន អ្នកត្រូវតែមានសេចក្តីជំនឿ ការស៊ូទ្រាំ និងការតាំងចិត្តដ៏មោះមុត។ ពេលទើបតែចាប់ផ្ដើមការហ្វឹកហាត់ មនុស្សភាគច្រើននឹងមានអារម្មណ៍នឿយណាយចិត្ត ដោយសារតែពួកគេមិនអាចទទួលបានការពាល់ចិត្តពីព្រះវិញ្ញាណបរិសុទ្ធ។ ការនេះនឹងប្រើការមិនបានឡើយ! អ្នកត្រូវតែស៊ូទ្រាំ។ អ្នកត្រូវតែផ្ដោតអារម្មណ៍ទៅលើការពាល់ចិត្តនៃព្រះវិញ្ញាណបរិសុទ្ធ ហើយបន្តស្វែងរក និងសិក្សាតទៅទៀត។ ពេលខ្លះ ផ្លូវនៃការអនុវត្តរបស់អ្នកមិនត្រឹមត្រូវឡើយ ហើយពេលខ្លះបំណងចិត្ត និងសញ្ញាណរបស់អ្នក មិនអាចបន្តប្រកាន់ខ្ជាប់យ៉ាងមាំនៅចំពោះព្រះជាម្ចាស់ ដូច្នេះ ព្រះវិញ្ញាណរបស់ព្រះ មិនអាចពាល់ចិត្តអ្នកបានឡើយ។ មានពេលខ្លះទៀត ព្រះជាម្ចាស់ទតមើលថា តើអ្នកមានចិត្តភក្តីភាពចំពោះទ្រង់ ឬក៏អត់។ ជារួមមក ក្នុងអំឡុងពេលនៃការហ្វឹកហាត់ អ្នកគួរតែមានការលះបង់កាន់តែខ្ពស់។ បើអ្នករកឃើញថា អ្នកកំពុងតែងាករេចេញពីផ្លូវនៃការអនុវត្តរបស់អ្នក អ្នកអាចផ្លាស់ប្ដូររបៀបដែលអ្នកអធិស្ឋានបាន។ ដរាបណាអ្នកស្វែងរក ដោយចេញពីចិត្តស្មោះ និងដួងចិត្តដែលចង់បាន នោះព្រះវិញ្ញាណបរិសុទ្ធ នឹងប្រាកដជានាំអ្នកចូលក្នុងតថភាពនេះជាមិនខាន។ ពេលខ្លះ អ្នកអធិស្ឋានដោយចេញពីចិត្តស្មោះ ប៉ុន្តែមិនមានអារម្មណ៍ថា អ្នកទទួលបានការពាល់ចិត្តជាពិសេសនោះទេ។ ក្នុងពេលបែបនេះ អ្នកត្រូវតែពឹងអាងលើសេចក្តីជំនឿ ដោយទុកចិត្តថា ព្រះជាម្ចាស់ទតឃើញពាក្យអធិស្ឋានរបស់អ្នក ហើយអ្នកត្រូវតែមានចិត្តស៊ូទ្រាំនៅក្នុងការអធិស្ឋានរបស់អ្នក។

ចូរធ្វើជាមនុស្សទៀងត្រង់។ ចូរអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដើម្បីឱ្យទ្រង់កម្ចាត់ចោលសេចក្តីបោកបញ្ឆោតដែលមាននៅក្នុងដួងចិត្តរបស់អ្នក។ ចូរបន្សុទ្ធខ្លួនអ្នកតាមរយៈការអធិស្ឋានគ្រប់ពេលវេលា ត្រូវទទួលកាពាល់ចិត្តពីព្រះវិញ្ញាណ តាមរយៈការអធិស្ឋាន នោះនិស្ស័យរបស់អ្នកនឹងផ្លាស់ប្រែបន្ដិចម្ដងៗ។ ជីវិតខាងវិញ្ញាណដ៏ពិត គឺជាជីវិតនៃការអធិស្ឋាន ជាជីវិតមួយដែលទទួលការពាល់ចិត្តពីព្រះវិញ្ញាណបរិសុទ្ធ។ ដំណើរការនៃការទទួលបានការពាល់ចិត្តពីព្រះវិញ្ញាណបរិសុទ្ធ គឺជាដំណើរការមួយនៃការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្សម្នាក់។ ជីវិតមួយដែលមិនទទួលការពាល់ចិត្តពីព្រះវិញ្ញាណបរិសុទ្ធ មិនមែនជាជីវិតខាងវិញ្ញាណឡើយ ប៉ុន្តែជាជីវិតខាងពិធីសាសនាតែប៉ុណ្ណោះ។ មានតែមនុស្សដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធពាល់ចិត្ត និងត្រូវបានស្រាយបំភ្លឺ និងស្រាយពន្យល់ពីព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ ទើបបានចូលទៅក្នុងជីវិតខាងវិញ្ញាណ។ និស្ស័យរបស់មនុស្សបន្តផ្លាស់ប្រែ នៅពេលដែលគេអធិស្ឋាន។ បើព្រះវិញ្ញាណនៃព្រះប៉ះពាល់គេកាន់តែខ្លាំង នោះគេនឹងក្លាយជាមនុស្សឧស្សាហ៍ព្យាយាម និងស្ដាប់បង្គាប់ទ្រង់កាន់តែច្រើន។ ដូច្នេះ ចិត្តរបស់គេនឹងត្រូវបានបន្សុទ្ធ ហើយនិស្ស័យរបស់គេនឹងផ្លាស់ប្រែបន្ដិចម្ដងៗ។ នេះហើយជាឥទ្ធិពលនៃការអធិស្ឋានដ៏ពិតប្រាកដ។

ខាង​ដើម៖ សេចក្ដីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់ គឺធ្វើឡើងប្រកបដោយឆន្ទៈ

បន្ទាប់៖ ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ