សេចក្ដីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់ គឺធ្វើឡើងប្រកបដោយឆន្ទៈ

មនុស្សទាំងអស់បានទទួលការបន្សុទ្ធដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់មិនបានយកកំណើតជាមនុស្សទេនោះ មនុស្សជាតិប្រាកដជានឹងមិនទទួលព្រះពរ ពីការរងទុក្ខតាមរយៈការបន្សុទ្ធនេះឡើយ។ និយាយបែបម្យ៉ាងទៀតគឺថា អ្នកដែលអាចទទួលយកការល្បងលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន គឺជាអ្នកដែលមានពរ។ ផ្អែកលើគុណសម្បត្តិពីកំណើតរបស់មនុស្ស ឥរិយាបថ និងអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ ពួកគេមិនសមនឹងទទួលការបន្សុទ្ធប្រភេទនេះទេ។ គឺដោយសារតែព្រះជាម្ចាស់បានលើកស្ទួយពួកគេឡើង ទើបពួកគេបានរីករាយនឹងព្រះពរមួយនេះ។ មនុស្សធ្លាប់និយាយថា ពួកគេមិនសមនឹងឃើញព្រះភក្រ្តរបស់ព្រះជាម្ចាស់ ឬស្ដាប់ឮព្រះបន្ទូលរបស់ព្រះអង្គឡើយ។ នៅសព្វថ្ងៃនេះ ដោយសារតែការលើកតម្កើងរបស់ព្រះជាម្ចាស់ និងសេចក្តីមេត្តាករុណារបស់ទ្រង់ ទើបមនុស្សបានទទួលការបន្សុទ្ធតាមរយៈព្រះបន្ទូលរបស់ទ្រង់។ នេះគឺជាព្រះពររបស់មនុស្សគ្រប់រូប ដែលបានកើតនៅគ្រាចុងក្រោយ តើអ្នករាល់គ្នាធ្លាប់ឆ្លងកាត់រឿងបែបនេះផ្ទាល់ដែរឬទេ? នៅក្នុងទិដ្ឋភាពដែលមនុស្សគួរតែជួបប្រទះនឹងការរងទុក្ខ និងការបរាជ័យដែលព្រះជាម្ចាស់បានកំណត់ទុកជាមុន គឺវាមិនផ្អែកលើតម្រូវការផ្ទាល់ខ្លួនរបស់មនុស្សនោះឡើយ។ នេះគឺជាសេចក្តីច្បាស់លាស់។ អ្នកជឿគ្រប់រូបគួរតែមានសមត្ថភាពក្នុងការទទួលយកការល្បងលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនិងរងទុក្ខនៅក្នុងព្រះបន្ទូលរបស់ទ្រង់ដែរ។ តើអ្នករាល់គ្នាយល់ច្បាស់ហើយឬនៅ? ដូច្នេះដើម្បីជាថ្នូរនឹងការរងទុក្ខដែលអ្នកបានឆ្លងកាត់ អ្នកបានទទួលព្រះពរនៅថ្ងៃនេះ ហើយប្រសិនបើអ្នកមិនរងទុក្ខដើម្បីព្រះជាម្ចាស់ទេ អ្នកមិនអាចទទួលបានការសរសើរពីព្រះអង្គឡើយ។ ប្រហែលជាអ្នកបានត្អូញត្អែរពីអតីតកាល ប៉ុន្តែទោះបីជាអ្នកបានតវ៉ាយ៉ាងដូចម្ដេចក៏ដោយ ក៏ព្រះជាម្ចាស់មិនចងចាំអំពីការនោះឡើយ។ ថ្ងៃនេះបានមកដល់ហើយ មិនចាំបាច់ពិនិត្យមើលកិច្ចការកាលពីម្សិលមិញនោះទេ។

មនុស្សខ្លះនិយាយថា ពួកគេព្យាយាមស្រឡាញ់ព្រះជាម្ចាស់ តែមិនអាចធ្វើបាន។ បន្ទាប់មក នៅពេលពួកគេឮថាព្រះជាម្ចាស់ហៀបនឹងចាកចេញពីពួកគេ ស្រាប់តែភ្លាមនោះ ពួកគេរកឃើញសេចក្តីស្រឡាញ់របស់ពួកគេចំពោះទ្រង់ទៅវិញ។ ជាទូទៅ មនុស្សមិនបានយកសេចក្តីពិតមកអនុវត្តនោះឡើយ ហើយនៅពេលពួកគេឮថាព្រះជាម្ចាស់នឹងចាកចេញទៅដោយសេចក្តីក្រោធ នោះពួកគេក៏បានចូលមករកទ្រង់ ទាំងអធិស្ឋានថា៖ «ឱព្រះអង្គអើយ! សូមកុំចាកចោលទូលបង្គំឡើយ។ សូមផ្តល់ឱកាសដល់ទូលបង្គំម្តងផង! ព្រះជាម្ចាស់អើយ! ទូលបង្គំមិនបានធ្វើឱ្យព្រះអង្គសព្វព្រះឫទ័យកន្លងមក។ ទូលបង្គំបានជំពាក់ព្រះអង្គ ព្រមទាំងបានតតាំងនឹងព្រះអង្គផងដែរ។ ថ្ងៃនេះ ទូលបង្គំសុខចិត្តថ្វាយរូបកាយ និងដួងចិត្តរបស់ទូលបង្គំដល់ព្រះអង្គទាំងស្រុង ដើម្បីឱ្យទូលបង្គំអាចផ្គាប់ព្រះហឫទ័យ ហើយនិងស្រឡាញ់ព្រះអង្គអស់ពីចិត្ត។ ទូលបង្គំនឹងមិនមានឱកាសបែបនេះម្តងទៀតឡើយ។» តើអ្នកបានអធិស្ឋានបែបនោះហើយឬនៅ? នៅពេលនរណាម្នាក់អធិស្ឋានតាមរបៀបនេះ គឺដោយសារតែមនសិការរបស់ពួកគេត្រូវបានដាស់ឡើងដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សសុទ្ធតែស្ពឹកស្រពន់ និងមិនសូវឆ្លាតវាងវៃទេ។ ពួកគេត្រូវទទួលការវាយផ្ចាល និងការបន្សុទ្ធ ប៉ុន្តែពួកគេមិនដឹងថាតើព្រះជាម្ចាស់កំពុងតែព្យាយាមសម្រេចអ្វីតាមរយៈរឿងទាំងនេះទេ។ ប្រសិនបើព្រះជាម្ចាស់មិនបានធ្វើការតាមរបៀបនេះទេ មនុស្សនៅតែមានការយល់ច្រលំ ដ្បិតគ្មាននរណាម្នាក់អាចជំរុញអារម្មណ៍ខាងវិញ្ញាណនៅក្នុងចិត្តរបស់មនុស្សបានឡើយ។ គឺមានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលជាព្រះបន្ទូលដែលជំនុំជម្រះ និងបង្ហាញឱ្យមនុស្សឃើញប៉ុណ្ណោះ ដែលអាចបង្កើតផលនោះបាន។ ដូច្នេះ អ្វីៗទាំងអស់ត្រូវបានបំពេញ និងសម្រេចដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមានតែព្រះបន្ទូលរបស់ព្រះអង្គប៉ុណ្ណោះ ដែលធ្វើឱ្យសេចក្តីស្រឡាញ់របស់មនុស្សចំពោះព្រះជាម្ចាស់កើតឡើង។ ការស្រឡាញ់ព្រះជាម្ចាស់ ដែលផ្អែកលើមនសិការរបស់មនុស្សតែម្យ៉ាង នឹងមិនទទួលបានលទ្ធផលដែលចង់បានឡើយ។ តើមនុស្សមិនមែនមានសេចក្ដីស្រាឡាញ់ចំពោះព្រះជាម្ចាស់ ដោយផ្អែកលើមនសិការរបស់ពួកគេពីអតីតកាលទេឬអី? តើធ្លាប់មានមនុស្សណាម្នាក់ដែលស្រឡាញ់ព្រះជាម្ចាស់ដោយផ្តើមចេញពីគំនិតខ្លួនឯងដែរឬទេ? គឺមានតែតាមរយៈការលើកទឹកចិត្តនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលធ្វើឱ្យមនុស្សស្រឡាញ់ព្រះជាម្ចាស់។ មនុស្សខ្លះនិយាយថា «ខ្ញុំបានដើរតាមព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ហើយបានរីករាយនឹងព្រះគុណ ព្រមទាំងទទួលបានព្រះពររបស់ទ្រង់ជាច្រើនផង។ ខ្ញុំបានទទួលការបន្សុទ្ធ និងការជំនុំជម្រះដោយព្រះបន្ទូលរបស់ទ្រង់។ ដូច្នេះខ្ញុំបានយល់កាន់តែច្រើន ព្រមទាំងបានឃើញសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ ខ្ញុំត្រូវតែអរព្រះគុណទ្រង់ ខ្ញុំត្រូវតែតបស្នងចំពោះព្រះគុណរបស់ព្រះអង្គវិញផងដែរ។ ខ្ញុំនឹងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់អស់មួយជីវិតខ្ញុំ ហើយខ្ញុំនឹងស្រឡាញ់ព្រះអង្គ ដោយចេញពីមនសិការរបស់ខ្ញុំ។» មនុស្សនឹងមិនអាចទទួលអារម្មណ៍ចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ទេ ប្រសិនបើពួកគេគ្រាន់តែស្តាប់អារម្មណ៍នៃមនសិការរបស់គេនោះ។ ប្រសិនបើពួកគេពឹងផ្អែកលើមនសិការរបស់ពួកគេតែម្យ៉ាង នោះសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់នឹងចុះខ្សោយ។ ប្រសិនបើអ្នកគ្រាន់តែនិយាយពីការតបស្នងចំពោះព្រះគុណ និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ នោះអ្នកនឹងមិនមានការជំរុញនៅក្នុងសេចក្តីស្រឡាញ់ចំពោះទ្រង់ឡើយ។ ការស្រឡាញ់ព្រះអង្គ ដោយផ្អែកលើអារម្មណ៍នៃមនសិការរបស់អ្នក វាគឺជាវិធីសាស្រ្តអកម្ម។ ហេតុអ្វីខ្ញុំនិយាយថាវាគឺជាវិធីសាស្រ្តអកម្ម? នេះគឺជាបញ្ហាជាក់ស្តែង។ តើសេចក្ដីស្រឡាញ់បែបណាដែលអ្នកមានចំពោះព្រះជាម្ចាស់? តើនោះវាមិនមែនគ្រាន់តែជាការសម្តែង និងបញ្ឆោតដល់ព្រះទេឬអី? មនុស្សភាគច្រើនជឿថា ដោយសារការស្រឡាញ់ព្រះជាម្ចាស់គ្មានរង្វាន់ ហើយគ្រប់គ្នានឹងទទួលទោសដូចៗគ្នាចំពោះការមិនស្រឡាញ់ទ្រង់ ជារួម នោះកុំតែប្រព្រឹត្តអំពើបាបទៅ គឺវាល្អគ្រប់គ្រាន់ហើយ។ ដូច្នេះការស្រឡាញ់ព្រះជាម្ចាស់ និងការតបស្នងចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ដោយផ្អែកលើអារម្មណ៍នៃមនសិការរបស់មនុស្សម្នាក់ គឺជាវិធីសាស្រ្តអកម្ម ហើយវាមិនមែនជាសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ដែលកើតឡើងដោយឆន្ទៈនោះទេ។ សេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់គួរតែជាអារម្មណ៍ពិតចេញពីដួងចិត្តរបស់មនុស្សម្នាក់។ មនុស្សខ្លះនិយាយថា៖ «ខ្ញុំសុខចិត្តស្វែងរកព្រះជាម្ចាស់ហើយដើរតាមទ្រង់។ ទោះបីឥឡូវនេះ ព្រះជាម្ចាស់ចង់បោះបង់ចោលខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែដើរតាមទ្រង់ដដែល។ មិនថាព្រះអង្គចង់បានខ្ញុំ ឬមិនចង់បានក៏ដោយ ក៏ខ្ញុំនៅតែស្រលាញ់ព្រះអង្គ ហើយនៅចុងក្រោយ ខ្ញុំនឹងទទួលបានព្រះអង្គជាមិនខាន។ ខ្ញុំថ្វាយដួងចិត្តខ្ញុំដល់ព្រះជាម្ចាស់ ហើយមិនខ្វល់ថាព្រះអង្គធ្វើអ្វីក៏ដោយ ក៏ខ្ញុំនឹងដើរតាមទ្រង់អស់មួយជីវិតរបស់ខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវស្រឡាញ់ព្រះជាម្ចាស់ ហើយខ្ញុំត្រូវទទួលបានទ្រង់។ ខ្ញុំនឹងមិនសម្រាកឡើយរហូតដល់ខ្ញុំបានទទួលទ្រង់។» តើអ្នកមានការតាំងចិត្តបែបនេះឬទេ?

ផ្លូវនៃការជឿលើព្រះជាម្ចាស់គឺតែមួយ និងដូចគ្នាទៅនឹងផ្លូវនៃការស្រឡាញ់ទ្រង់ដែរ។ ប្រសិនបើអ្នកជឿលើទ្រង់ អ្នកត្រូវតែស្រឡាញ់ទ្រង់។ ទោះយ៉ាងណា ការស្រឡាញ់ទ្រង់មិនត្រឹមតែសំដៅទៅលើការតបស្នងសងគុណ ឬការស្រឡាញ់ទ្រង់ដោយផ្អែកលើអារម្មណ៍នៃមនសិការរបស់អ្នកប៉ុណ្ណោះទេ វាគឺជាសេចក្តីស្រឡាញ់ដ៏បរិសុទ្ធនៅចំពោះព្រះជាម្ចាស់។ ពេលខ្លះ មនុស្សមិនអាចទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដោយផ្អែកលើមនសិការរបស់គេតែម្យ៉ាងនោះទេ។ ហេតុអ្វីបានជាខ្ញុំតែងតែនិយាយថា «សូមឱ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ពាល់វិញ្ញាណរបស់យើង»? ហេតុអ្វីបានជាខ្ញុំមិននិយាយអ្វីប៉ះពាល់ដល់មនសិការរបស់មនុស្សអោយស្រឡាញ់ព្រះជាម្ចាស់វិញ? នេះគឺដោយសារតែមនសិការរបស់មនុស្ស មិនអាចទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បានឡើយ។ ប្រសិនបើអ្នកមិនជឿជាក់លើពាក្យទាំងនេះទេ ចូរព្យាយាមប្រើមនសិការរបស់អ្នក ដើម្បីទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ទ្រង់។ អ្នកប្រហែលជាទទួលការជំរុញមួយក្នុងពេលនេះ ប៉ុន្តែវានឹងរលាយបាត់ភ្លាមៗទៅវិញ។ ប្រសិនបើអ្នកគ្រាន់តែមានអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដោយផ្អែកលើមនសិការរបស់អ្នកទេ នោះអ្នកនឹងមានការជំរុញនៅពេលអ្នកអធិស្ឋាន ប៉ុន្តែ បន្ទាប់ពីការជំរុញនោះ វានឹងសាបរលាប ហើយរលាយបាត់ទៅវិញភ្លាមៗ។ ហេតុអ្វីបានជាដូច្នេះ? ប្រសិនបើអ្នកប្រើមនសិការរបស់អ្នក អ្នកមិនអាចធ្វើឱ្យកើតមានសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់បានឡើយ។ នៅពេលដែលអ្នកទទួលអារម្មណ៍ថាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់នៅក្នុងចិត្តអ្នក នោះវិញ្ញាណរបស់អ្នកនឹងត្រូវទ្រង់ពាល់ ហើយនោះគឺជាពេលដែលមនសិការរបស់អ្នកនឹងដើរតួនាទីចំបងរបស់វា។ នោះមានន័យថា នៅពេលដែលព្រះជាម្ចាស់អង្រួនវិញ្ញណរបស់មនុស្ស ហើយនៅពេលដែលមនុស្សមានចំណេះដឹង និងត្រូវបានកម្លាំងជំរុញនៅក្នុងចិត្តខ្លួន នោះគឺនៅពេលដែលគាត់ទទួលបានបទពិសោធ មានតែបែបនេះទេ ដែលគាត់នឹងអាចស្រឡាញ់ព្រះជាម្ចាស់ប្រកបដោយប្រសិទ្ធភាពជាមួយនឹងមនសិការរបស់គាត់បាន។ ការស្រឡាញ់ព្រះជាម្ចាស់ ដោយមនសិការរបស់អ្នកមិនខុសនោះទេ តែនេះគឺជាកម្រិតទាបបំផុតនៃសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់។ ការស្រឡាញ់ដោយ «គ្រាន់តែប្រព្រឹត្ដដោយយុត្តិធម៌ចំពោះព្រះគុណរបស់ព្រះជាម្ចាស់» នោះនឹងមិនជំរុញឱ្យមនុស្សមានភាពសកម្មនោះទេ។ នៅពេលមនុស្សទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ នោះគឺជាពេលដែលពួកគេមើលឃើញ និងទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់តាមបទពិសោធជាក់ស្តែង នៅពេលពួកគេមានចំណេះដឹងខ្លះអំពីព្រះជាម្ចាស់ ហើយឃើញថាព្រះជាម្ចាស់ពិតជាព្រះដែលគួរឱ្យស្រឡាញ់ និងជាព្រះដែលសក្តិសមនឹងទទួលសេចក្តីស្រឡាញ់របស់មនុស្សជាតិមែន គឺនៅពេលនោះហើយ ដែលពួកគេអាចស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។

នៅពេលដែលមនុស្សទំនាក់ទំនងជាមួយព្រះជាម្ចាស់ដោយចេញពីចិត្តរបស់ពួកគេ នៅពេលដែលចិត្តរបស់ពួកគេ អាចវិលត្រឡប់មករកទ្រង់វិញបានទាំងស្រុង នេះគឺជាជំហានដំបូងនៃសេចក្តីស្រឡាញ់របស់មនុស្សចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកចង់ស្រឡាញ់ព្រះជាម្ចាស់ ដំបូងអ្នកត្រូវតែបង្វែរចិត្តរបស់អ្នកទៅរកព្រះអង្គជាមុនសិន។ តើអ្វីកំពុងបង្វែរចិត្តអ្នកទៅរកព្រះជាម្ចាស់? គឺនៅពេលដែលអ្វីៗគ្រប់យ៉ាងដែលអ្នកស្វែងរកនៅក្នុងចិត្តរបស់អ្នក គឺសម្រាប់ជាប្រយោជន៍នៃការស្រឡាញ់ និងការទទួលបានព្រះជាម្ចាស់។ នេះបង្ហាញថា អ្នកបានបង្វែរចិត្តរបស់អ្នកទាំងស្រុងទៅរកព្រះជាម្ចាស់ហើយ។ ក្រៅពីព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះអង្គ គឺស្ទើរតែគ្មានអ្វីផ្សេងទៀតឡើយនៅក្នុងចិត្តរបស់អ្នកដូចជា (គ្រួសារ ទ្រព្យសម្បត្តិ ប្តី ប្រពន្ធ និងកូនៗជាដើម)។ ទោះបីជាមានរឿងបែបនេះក៏ដោយក្តី ក៏រឿងទាំងនោះមិនអាចក្តោបក្តាប់ចិត្តរបស់អ្នកបានឡើយ ហើយអ្នកនឹងលែងខ្វល់ពីអនាគតខាងមុខរបស់អ្នក គឺមានតែការស្វែងរក ការស្រឡាញ់ព្រះជាម្ចាស់ប៉ុណ្ណោះ។ នៅពេលនោះហើយដែលអ្នកនឹងបង្វែរចិត្តរបស់អ្នកទាំងស្រុងទៅរកព្រះជាម្ចាស់។ ឧបមាថា អ្នកនៅតែរៀបផែនការសម្រាប់ខ្លួនឯងនៅក្នុងចិត្តរបស់អ្នក ហើយអ្នកកំពុងស្វែងរកផលចំណេញសម្រាប់ខ្លួនឯង ដោយគិតថា៖ «តើនៅពេលណាខ្ញុំអាចធ្វើការសំណូមពរដ៏តូចពីព្រះជាម្ចាស់បាន? តើនៅពេលណា ក្រុមគ្រួសារខ្ញុំនឹងក្លាយជាអ្នកមាន? តើធ្វើយ៉ាងដូចម្តេច ទើបខ្ញុំអាចមានសម្លៀកបំពាក់ល្អៗនឹងគេ? ...» ប្រសិនបើអ្នកកំពុងរស់នៅក្នុងសភាពបែបនោះ វាសបញ្ជាក់ថាចិត្តរបស់អ្នកមិនបានបែរទៅរកព្រះជាម្ចាស់ទាំងស្រុងនៅឡើយទេ។ ប្រសិនបើអ្នកមានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តអ្នក ហើយអ្នកអាចអធិស្ឋានដល់ព្រះជាម្ចាស់ ព្រមទាំងចូលទៅជិតព្រះអង្គគ្រប់ពេលវេលា ដូចជាព្រះអង្គគង់នៅជិតអ្នក ដូចជាព្រះជាម្ចាស់នៅក្នុងអ្នកដែរ ហើយអ្នកស្ថិតនៅក្នុងទ្រង់ ប្រសិនបើអ្នកស្ថិតក្នុងសភាពបែបនេះ វាមានន័យថាចិត្តរបស់អ្នកស្ថិតនៅក្នុងវត្តមានរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកអធិស្ឋានដល់ព្រះជាម្ចាស់ ហើយទទួលទានព្រះបន្ទូលរបស់ព្រះអង្គជារាល់ថ្ងៃ គឺអ្នកតែងតែគិតពីកិច្ចការនៃពួកជំនុំ ហើយបើអ្នកបង្ហាញការគិតពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ សូមប្រើដួងចិត្តរបស់អ្នកដើម្បីស្រឡាញ់ព្រះអង្គយ៉ាងពិតប្រាកដ ព្រមទាំងបំពេញព្រះហឫទ័យរបស់ព្រះអង្គ នោះចិត្តរបស់អ្នកនឹងបានជាកម្មសិទ្ធរបស់ព្រះជាម្ចាស់។ ប្រសិនបើចិត្តរបស់អ្នក ត្រូវបានក្តោបក្តាប់ដោយរបស់អ្វីផ្សេង នោះមានន័យថា ចិត្តរបស់អ្នកនៅតែក្តោបក្តាប់ដោយសាតាំងដដែល ហើយវាមិនបានងាកមករកព្រះជាម្ចាស់ពិតប្រាកដនោះឡើយ។ នៅពេលដួងចិត្តរបស់នរណាម្នាក់ បានបែរទៅរកព្រះជាម្ចាស់ដោយពិតប្រាកដ នោះពួកគេនឹងមានក្តីស្រឡាញ់ដោយពិតត្រង់ និងប្រកបដោយឆន្ទៈចំពោះព្រះជាម្ចាស់ ហើយនឹងអាចយល់ពីកិច្ចការរបស់ព្រះជាម្ចាស់ទៀតផង។ ទោះបីពួកគេអាចនៅមានភាពល្ងីល្ងើ និងមិនសមហេតុផលក៏ដោយ ក៏ពួកគេនៅតែបង្ហាញការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ កិច្ចការរបស់ព្រះអង្គ និងការផ្លាស់ប្តូរនិស្ស័យផ្ទាល់ខ្លួន ព្រមទាំងមានចេតនាល្អ។ មនុស្សខ្លះតែងតែអះអាងថា អ្វីគ្រប់យ៉ាងដែលពួកគេធ្វើ គឺដើម្បីក្រុមជំនុំ តែតាមពិតទៅ ពួកគេកំពុងធ្វើដើម្បីផលប្រយោជន៍ខ្លួនឯងតែប៉ុណ្ណោះ។ មនុស្សប្រភេទនេះ គឺមានចេតនាមិនល្អ។ ពួកគេជាមនុស្សមិនស្មោះត្រង់ និងបោកបញ្ឆោត ហើយភាគច្រើននៃអ្វីដែលពួកគេធ្វើ គឺដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ មនុស្សប្រភេទនេះមិនបានស្រឡាញ់ព្រះជាម្ចាស់ឡើយ។ ចិត្តរបស់ពួកគេនៅតែជារបស់សាតាំង ហើយមិនអាចងាកទៅរកព្រះជាម្ចាស់បានឡើយ។ ដូច្នេះព្រះជាម្ចាស់ មិនទទួលយកមនុស្សប្រភេទនេះឡើយ។

ប្រសិនបើអ្នកចង់ស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយត្រូវបានទទួលពីព្រះអង្គ ជំហានដំបូងគឺត្រូវបង្វែរចិត្តរបស់អ្នកទៅរកព្រះជាម្ចាស់ទាំងស្រុងសិន។ នៅក្នុងគ្រប់កិច្ចការទាំងអស់ដែលអ្នកធ្វើ ចូរស្វែងរកខ្លួនឯង រួចសួរថា៖ «តើខ្ញុំកំពុងតែធ្វើរឿងនេះដោយផ្អែកលើចិត្តនៃសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ដែរឫទេ? តើមានចេតនាផ្ទាល់ខ្លួននៅពីក្រោយរឿងនេះឬទេ? តើអ្វីជាគោលដៅពិតប្រាកដរបស់ខ្ញុំក្នុងការធ្វើបែបនេះ?» ប្រសិនបើអ្នកចង់ប្រគល់ដួងចិត្តរបស់អ្នកទៅព្រះជាម្ចាស់ ជាដំបូងអ្នកត្រូវតែជម្នះដួងចិត្តរបស់ខ្លួនឯងជាមុន ហើយលះបង់នូវចេតនាទាំងអស់របស់ខ្លួនចោល ព្រមទាំងសំរេចឱ្យបាននូវការថ្វាយដួងចិត្តដល់ព្រះជាម្ចាស់ទាំងស្រុង។ នេះគឺជាផ្លូវនៃការអនុវត្តការថ្វាយដួងចិត្តរបស់អ្នកដល់ព្រះជាម្ចាស់។ តើការយកឈ្នះដួងចិត្តខ្លួនឯងសំដៅទៅលើអ្វី? វាសំដៅទៅលើការបោះបង់ចោលនូវបំណងប្រាថ្នាដ៏ខ្ពង់ខ្ពស់នៃសាច់ឈាមរបស់ខ្លួន ដោយមិនលោភលន់ចង់បានភាពសុខស្រួល ឬអត្ថប្រយោជន៍នៃឋានៈបុណ្យសក្តិនោះឡើយ។ វាគឹជាការធ្វើអ្វីគ្រប់យ៉ាង ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ព្រមទាំងធ្វើឱ្យចិត្តរបស់ខ្លួនពេញលេញសម្រាប់ព្រះអង្គ មិនមែនសម្រាប់តែខ្លួនឯងនោះឡើយ។ នេះគឺគ្រប់គ្រាន់ហើយ។

សេចក្ដីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់ គឺកើតចេញពីជម្រៅចិត្ដខាងក្នុង។ វាគឺជាសេចក្តីស្រឡាញ់ដែលមានតែនៅលើមូលដ្ឋាននៃចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ប៉ុណ្ណោះ។ នៅពេលដួងចិត្តរបស់នរណាម្នាក់បែរទៅរកព្រះជាម្ចាស់វិញ នោះពួកគេនឹងមានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ ប៉ុន្តែសេចក្តីស្រឡាញ់នោះមិនចាំបាច់ទាល់តែបរិសុទ្ធ និងពេញលេញនោះឡើយ។ នេះគឺដោយសារតែវានៅមានគម្លាតរវាងដួងចិត្តរបស់មនុស្សម្នាក់ ដែលបែរទៅរកព្រះជាម្ចាស់ទាំងស្រុង និងការដែលមនុស្សនោះមានការយល់ដឹងពិតប្រាកដអំពីព្រះជាម្ចាស់ ព្រមទាំងការគោរពស្រឡាញ់ចំពោះព្រះអង្គផងដែរ។ វិធីដែលមនុស្សទទួលបានសេចក្ដីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់ និងស្គាល់បំណងព្រះហឫទ័យព្រះជាម្ចាស់បាន គឺទាល់តែគេបង្វែរដួងចិត្តរបស់ខ្លួនទៅរកព្រះជាម្ចាស់។ នៅពេលមនុស្សថ្វាយដួងចិត្តពិតរបស់ខ្លួនទៅព្រះជមា្ចស់ នោះគេចាប់ផ្តើមចូលទៅក្នុងបទពិសោធជីវិត។ តាមរបៀបនេះ និស្ស័យរបស់គេចាប់ផ្តើមផ្លាស់ប្តូរ ហើយសេចក្តីស្រឡាញ់របស់គេចំពោះព្រះជាម្ចាស់កាន់តែរីកចម្រើនបន្តិចម្តងៗ ព្រមទាំងចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ក៏កាន់តែកើនឡើងជាលំដាប់ដែរ។ ដូច្នេះការបង្វែរចិត្តរបស់បុគ្គលម្នាក់ទៅរកព្រះជាម្ចាស់ គឺជាបុរេលក្ខខណ្ឌសម្រាប់ការដើរលើផ្លូវត្រូវនៃបទពិសោធជីវិត។ នៅពេលដែលមនុស្សដាក់ដួងចិត្តរបស់ពួកគេចំពោះព្រះជាម្ចាស់ នោះពួកគេមានតែដួងចិត្តចំពោះព្រះអង្គប៉ុណ្ណោះ ក៏ប៉ុន្តែមិនមានសេចក្តីស្រឡាញ់ចំពោះទ្រង់ឡើយ ពីព្រោះពួកគេមិនមានការយល់ដឹងអំពីព្រះអង្គ។ ទោះបីជានៅក្នុងកាលៈទេសៈនេះ ពួកគេពិតជាមានសេចក្តីស្រឡាញ់ចំពោះព្រះអង្គក៏ដោយ ក៏វាមិនមានលក្ខណៈឯកឯង ហើយវាក៏មិនពិតប្រាកដដែរ។ នេះក៏ព្រោះតែអ្វីដែលបានមកពីសាច់ឈាមរបស់មនុស្ស គឺជាផលនៃអារម្មណ៍មិនមែនមកពីការយល់ដឹងពិតប្រាកដនោះទេ។ វាគ្រាន់តែជាកម្លាំងរុញច្រានមួយភ្លែត ហើយវាមិនអាចនាំឱ្យមានការគោរពស្រឡាញ់យូរអង្វែងនោះទេ។ នៅពេលដែលមនុស្សមិនមានការយល់ដឹងអំពីព្រះជាម្ចាស់ទេ នោះពួកគេអាចស្រឡាញ់ព្រះអង្គដោយផ្អែកលើចំណង់ចំណូលចិត្ត និងទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ ហើយសេចក្តីស្រឡាញ់ប្រភេទនេះមិនអាចហៅបានថាជាសេចក្តីស្រឡាញ់ប្រកបដោយឆន្ទៈ ឬក៏សេចក្តីស្រឡាញ់ពិតប្រាកដនោះឡើយ។ ចិត្តរបស់មនុស្សអាចបែរទៅរកព្រះជាម្ចាស់យ៉ាងពិតប្រាកដ ព្រមទាំងគិតពីផលប្រយោជន៍របស់ព្រះជាម្ចាស់ក្នុងគ្រប់កិច្ចការទាំងអស់ក៏ពិតមែន ក៏ប៉ុន្តែប្រសិនបើគេមិនយល់ពីព្រះជាម្ចាស់ទេ នោះគេនឹងមិនអាចមានសេចក្តីស្រឡាញ់ប្រកបដោយឆន្ទៈពិតប្រាកដបានឡើយ។ អ្វីទាំងអស់ដែលគេនឹងអាចធ្វើបាន គឺបំពេញមុខងារមួយចំនួនសម្រាប់ក្រុមជំនុំ ឬបំពេញភារកិច្ចរបស់ខ្លួនបន្តិចបន្តួច ប៉ុន្តែគេនឹងធ្វើវាដោយគ្មានមូលដ្ឋាន។ ចរិតលក្ខណៈរបស់មនុស្សប្រភេទនេះ គឺពិបាកនឹងផ្លាស់ប្តូរណាស់ មនុស្សប្រភេទនេះមិនស្វែងរកសេចក្តីពិត ហើយក៏មិនចង់យល់ពីសេចក្ដីពិតដែរ។ ទោះបីជាមនុស្សម្នាក់បែរដួងចិត្តរបស់គេទាំងស្រុងទៅរកព្រះជាម្ចាស់ក៏ដោយ ក៏វាមិនមានន័យថាចិត្ដស្រឡាញ់ព្រះជាម្ចាស់របស់គេបរិសុទ្ធនោះដែរ ពីព្រោះអស់អ្នកដែលមានព្រះជាម្ចាស់នៅក្នុងដួងចិត្តពួកគេ មិនប្រាកដថាពួកគេមានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់នៅក្នុងចិត្តគេឡើយ។ នេះគឺវាទាក់ទងនឹងភាពខុសគ្នារវាងអ្នកដែលចង់ ឬមិនចង់ស្វែងរកការយល់ដឹងអំពីព្រះជាម្ចាស់។ នៅពេលមនុស្សម្នាក់មានការយល់ដឹងអំពីព្រះអង្គ វាបង្ហាញថាចិត្តរបស់ពួកគេបានបែរទៅរកព្រះជាម្ចាស់យ៉ាងពេញលេញ ហើយវាក៏បង្ហាញថាសេចក្តីស្រឡាញ់ដ៏ស្មោះរបស់ពួកគេចំពោះព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេគឺប្រកបដោយឆន្ទៈ។ មានតែមនុស្សប្រភេទនេះទេ ដែលមានព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ។ ការបែរចិត្តរបស់បុគ្គលម្នាក់ចូលទៅរកព្រះជាម្ចាស់ គឺជាបុរេលក្ខខណ្ឌ សម្រាប់ឱ្យគេចូលទៅរកផ្លូវត្រឹមត្រូវនៃការយល់ដឹងអំពីព្រះជាម្ចាស់ និងដើម្បីសម្របបានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ផងដែរ។ វាមិនមែនជាសញ្ញាសម្គាល់នៃការបញ្ចប់ភារកិច្ចរបស់មនុស្សម្នាក់ ដើម្បីស្រឡាញ់ព្រះជាម្ចាស់នោះទេ ហើយក៏មិនមែនជាសញ្ញានៃការមានសេចក្តីស្រឡាញ់ពិតចំពោះព្រះអង្គដែរ។ ផ្លូវតែមួយគត់ដើម្បីឱ្យនរណាម្នាក់សម្រេចបានសេចក្តីស្រឡាញ់ដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់ គឺការបង្វែរចិត្តរបស់ពួកគេទៅរកព្រះអង្គ ដែលនេះជាកិច្ចការដំបូងគេដែលត្រូវធ្វើ ក្នុងនាមជាអ្នកដែលព្រះអង្គបានបង្កើតមក។ អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់ គឺជាមនុស្សដែលស្វែងរកជីវិត ជាអ្នកដែលស្វែងរកសេចក្ដីពិត ហើយពិតជាចង់បានព្រះជាម្ចាស់មែន ពួកគេទាំងអស់មានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ហើយត្រូវព្រះអង្គពាល់ចិត្ត។ ពួកគេទាំងអស់គ្នាអាចទទួលបានការដឹកនាំរបស់ព្រះជាម្ចាស់។

នៅពេលនរណាម្នាក់មានអារម្មណ៍ថា ពួកគេបានជំពាក់ព្រះជាម្ចាស់ នោះគឺដោយសារតែពួកគេត្រូវបានព្រះវិញ្ញាណពាល់ចិត្ត ហើយអស់អ្នកដែលមានអារម្មណ៍បែបនេះ មានទំនោរទៅរកការចង់បានខ្លាំង និងមានលទ្ធភាពអាចចូលទៅក្នុងជីវិត។ ប៉ុន្តែប្រសិនបើអ្នកឈប់នៅជំហានណាមួយ នោះអ្នកនឹងមិនអាចចូលជ្រៅបាននោះឡើយ ព្រោះវានៅតែមានគ្រោះថ្នាក់ក្នុងការជាប់នៅក្នុងសំណាញ់របស់សាតាំងដដែល ហើយនៅពេលមួយសាតាំងនឹងចាប់អ្នកទៅជាឈ្លើយ។ ការបំភ្លឺរបស់ព្រះជាម្ចាស់ អនុញ្ញាតឱ្យមនុស្សស្គាល់ខ្លួនឯង និងធ្វើឱ្យពួកគេមានអារម្មណ៍ថាពួកគេនៅជំពាក់ព្រះជាម្ចាស់ជាបន្ដបន្ទាប់ ហើយពួកគេសុខចិត្តសហការជាមួយព្រះអង្គ ព្រមទាំងបោះនូវអ្វីៗដែលមិនគាប់ព្រះហឫទ័យទ្រង់ចោល។ នេះគឺជាគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់។ អ្នករាល់គ្នាមានឆន្ទៈក្នុងការដេញតាមការរីកលូតលាស់នៅក្នុងជីវិតរបស់អ្នក និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដូច្នេះតើអ្នកបានលុបចោលផ្លូវរាក់កំផែលរបស់អ្នកហើយឬនៅ? ប្រសិនបើអ្នកគ្រាន់តែបោះបង់ចោលផ្លូវរាក់កំផែលរបស់អ្នក តែនៅប្រកាន់យកឥរិយាបថរឹងចចេស និងមានអំនួតដដែល នោះតើអ្នកពិតជាកំពុងដេញតាមការរីកធំធាត់នៅក្នុងជីវិតរបស់អ្នកឬទេ? ប្រសិនបើអ្នកបោះបង់ចោលឥរិយាបថរាក់កំផែលរបស់អ្នក តែមិនចូលក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នេះបង្ហាញថាអ្នកមិនមានការរីកចម្រើនជឿនលឿនទេ។ តើអ្វីជាដើមហេតុនៃអាកប្បកិរិយារាក់កំផែល? តើសកម្មភាពរបស់អ្នកសម្រាប់ជាប្រយោជន៍នៃការរីកលូតលាស់នៅក្នុងជីវិតរបស់អ្នកឬទេ? តើអ្នកកំពុងតែព្យាយាមធ្វើឱ្យព្រះជាម្ចាស់ទទួលយកជាមនុស្សម្នាក់របស់ព្រះអង្គឬ? កាលណាអ្នកផ្តោតខ្លាំងទៅលើរឿងអ្វីមួយ នោះអ្នកនឹងរស់ទៅតាមរឿងនោះអ្នក។ ប្រសិនបើអ្នកផ្តោតលើអាកប្បកិរិយារាក់កំផែល នោះជារឿយៗ ចិត្តរបស់អ្នកនឹងត្រូវបានបោះចោលទៅខាងក្រៅ ហើយអ្នកនឹងមិនមានវិធីដើម្បីរីកលូតលាស់នៅក្នុងជីវិតរបស់អ្នកឡើយ។ ព្រះជាម្ចាស់តម្រូវឱ្យមានការផ្លាស់ប្តូរនិស្ស័យ ប៉ុន្តែអ្នកតែងតែដេញតាមអ្វីៗនៅខាងក្រៅវិញ មនុស្សប្រភេទនេះមិនអាចប្តូរនិស្ស័យរបស់ពួកគេបានឡើយ! នៅក្នុងដំណើរការឈានដល់ភាពចាស់ទុំនៅក្នុងជីវិត មនុស្សគ្រប់គ្នា ត្រូវតែដើរតាមទិសដៅ៖ ពួកគេត្រូវតែទទួលយកការជំនុំជម្រះ ការវាយផ្ចាល និងភាពគ្រប់លក្ខណ៍នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ប៉ុន្តែអ្នកពឹងផ្អែកលើទំនុកចិត្ត និងឆន្ទៈផ្ទាល់ខ្លួនរបស់អ្នក នោះអ្វីគ្រប់យ៉ាងដែលអ្នកធ្វើគឺពឹងផ្អែកតែលើការខ្នះខ្នែងប៉ុណ្ណោះ។ នោះមានន័យថា ប្រសិនបើអ្នកចង់បានការរីកលូតលាស់ក្នុងជីវិត អ្នកត្រូវតែទទួលទាន និងយល់កាន់តែច្បាស់ពីព្រះបន្ទូលព្រះជាម្ចាស់។ អស់អ្នកណាដែលបានគ្រប់លក្ខណ៍ដោយព្រះបន្ទូលរបស់ព្រះអង្គ នោះពួកគេអាចប្រព្រឹត្តតាមព្រះបន្ទូល តែនរណាដែលមិនឆ្លងកាត់ការបន្សុទ្ធនៃព្រះបន្ទូលរបស់ព្រះអង្គ នរណាដែលមិនឆ្លងកាត់ការជំនុំជម្រះដោយព្រះបន្ទូលរបស់ព្រះអង្គទេ នោះពួកគេមិនអាចសមនឹងព្រះអង្គប្រើឡើយ។ ដូច្នេះតើអ្នករាល់គ្នារស់នៅតាមព្រះបន្ទូលរបស់ព្រះអង្គកម្រិតណា? ប្រសិនបើអ្នកទទួលទានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអាចប្រៀបធៀបវាទៅនឹងស្ថានភាពជីវិតផ្ទាល់ខ្លួនរបស់អ្នក និងរកឃើញផ្លូវនៃការអនុវត្តនៅក្នុងពន្លឺនៃបញ្ហាដែលខ្ញុំបានលើកឡើង នោះការអនុវត្តរបស់អ្នកនឹងត្រឹមត្រូវ ហើយស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ផងដែរ។ មានតែមនុស្សដែលមានការអនុវត្តបែបនេះទេ ទើបមានឆន្ទៈស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដ។

ខាង​ដើម៖ មានតែអ្នកដែលស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះទេ ដែលអាចបម្រើព្រះជាម្ចាស់បាន

បន្ទាប់៖ អំពីទម្លាប់នៃការអធិស្ឋាន

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ