របៀបសម្រេចបានប្រសិទ្ធភាពចំពោះជំហានទីពីរនៃកិច្ចការយកឈ្នះ
កិច្ចការរបស់អ្នកស៊ីឈ្នួលគឺជាជំហានដំបូងនៅក្នុងកិច្ចការនៃការយកឈ្នះ។ សព្វថ្ងៃនេះគឺជាជំហានទីពីរនៅក្នុងកិច្ចការនៃការយកឈ្នះ។ ហេតុអ្វីបានជាមានការលើកឡើងអំពីការត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍នៅក្នុងកិច្ចការយកឈ្នះដែរ? នោះគឺដើម្បីបង្កើតនូវមូលដ្ឋានគ្រឹះមួយសម្រាប់ពេលអនាគត។ សព្វថ្ងៃនេះគឺជាជំហានចុងក្រោយនៃកិច្ចការយកឈ្នះ ហើយពេលដកពិសោធន៍នូវទុក្ខវេទនាដ៏ធំដែលនឹងគូសចំណាំនូវការចាប់ផ្ដើមជាផ្លូវការអំពីការប្រោសមនុស្សជាតិឲ្យបានគ្រប់លក្ខណ៍នឹងចូលមកដល់នៅពេលបន្ទាប់។ បញ្ហាដ៏ចម្បងឥឡូវនេះគឺជាការយកឈ្នះ ប៉ុន្តែឥឡូវនេះក៏ជាពេលវេលានៃជំហានដំបូងនៅក្នុងដំណើរការប្រោសឲ្យគ្រប់លក្ខណ៍ផងដែរ។ អ្វីដែលជំហានទីមួយនេះតម្រូវគឺជាការធ្វើឲ្យពេញខ្នាតនូវចំណេះដឹង និងការស្ដាប់បង្គាប់របស់មនុស្ស ដែលតាមធម្មតា វាបង្កើតឲ្យមានមូលដ្ឋានគ្រឹះមួយសម្រាប់កិច្ចការនៃការយកឈ្នះ។ បើអ្នកត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ នោះអ្នកប្រាកដជាអាចឈររឹងមាំនៅក្នុងចំណោមទុក្ខវេទនានាពេលអនាគត ព្រមទាំងផ្ដល់ឲ្យអ្នកនូវអ្វីគ្រប់យ៉ាង ដើម្បីផ្សព្វផ្សាយជំហានទីពីរនៃកិច្ចការ។ នេះហើយជាអត្ថន័យនៃការត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ ហើយក៏ជាពេលមួយដែលមនុស្សត្រូវបានព្រះជាម្ចាស់ទទួលយកទាំងស្រុងផងដែរ។ សព្វថ្ងៃនេះ យើងកំពុងតែនិយាយអំពីការត្រូវបានយកឈ្នះ ដែលដូចគ្នាទៅនឹងការនិយាយអំពីការត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ផងដែរ។ ប៉ុន្តែ កិច្ចការដែលត្រូវបានធ្វើនាពេលសព្វថ្ងៃនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការប្រោសឲ្យគ្រប់លក្ខណ៍នៅពេលអនាគត ហើយដើម្បីប្រោសឲ្យគ្រប់លក្ខណ៍ មនុស្សត្រូវតែជួបទុក្ខលំបាក ហើយបទពិសោធនៃទុក្ខលំបាកនេះត្រូវតែមានមូលដ្ឋានរបស់វានៅក្នុងការដែលត្រូវបានយកឈ្នះ។ បើមនុស្សគ្មានមូលដ្ឋានគ្រឹះនាពេលសព្វថ្ងៃនេះ ពោលគឺបើពួកគេមិនត្រូវបានយកឈ្នះទាំងស្រុងទេ នោះវានឹងពិបាកសម្រាប់ពួកគេ ដើម្បីឈររឹងមាំនៅក្នុងអំឡុងពេលនៃជំហានបន្ទាប់នៃកិច្ចការមិនខាន។ ការត្រូវបានយកឈ្នះមិនមែនជាគោលបំណងចុងក្រោយទេ។ វាគ្រាន់តែជាជំហានទីមួយនៃការធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់នៅមុខសាតាំងប៉ុណ្ណោះ។ ការប្រោសឲ្យគ្រប់លក្ខណ៍គឺជាគោលបំណងចុងក្រោយ ហើយបើអ្នកមិនត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ទេ នោះអ្នកក៏អាចត្រូវបានបណ្ដេញចេញផងដែរ។ មានតែពេលដែលជួបទុក្ខលំបាកនៅក្នុងពេលអនាគតទេ ទើបកម្ពស់ដ៏ពិតរបស់អ្នកនឹងត្រូវបានគេមើលឃើញ គឺអាចនិយាយបានថា មានតែបែបនេះទេ ទើបកម្រិតនៃភាពបរិសុទ្ធនៃសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់នឹងត្រូវបានស្ដែងឲ្យឃើញយ៉ាងច្បាស់។ អ្វីដែលមនុស្សនិយាយនាពេលសព្វថ្ងៃនេះគឺថា៖ «យើងត្រូវតែស្ដាប់បង្គាប់ព្រះជាម្ចាស់ មិនថាព្រះអង្គធ្វើអ្វីនោះឡើយ។ ដូច្នេះ យើងស្ម័គ្រចិត្តក្លាយជាមនុស្សបន្ទាប់បន្សំម្នាក់ ដែលអាចបង្ហាញពីព្រះចេស្ដាដ៏ធំធេង និងនិស្ស័យរបស់ព្រះជាម្ចាស់។ មិនថាព្រះជាម្ចាស់ធ្វើល្អចំពោះយើង ឬក៏ដាក់បណ្ដាសាយើង ឬមិនថាព្រះអង្គជំនុំជម្រះយើងនោះឡើយ យើងនៅតែអរព្រះគុណទ្រង់ដដែល»។ ការពិតដែលអ្នកនិយាយបែបនេះ បង្ហាញឲ្យឃើញថា អ្នកមានចំណេះដឹងតិចតួចប៉ុណ្ណោះ ប៉ុន្តែថាតើចំណេះដឹងបែបនេះអាចត្រូវបានអនុវត្តនៅក្នុងតថភាពជាក់ស្ដែងបានឬអត់ នោះអាស្រ័យលើថាតើចំណេះដឹងនេះពិតឬក៏មិនពិត។ ការដែលមនុស្សមានការយល់ដឹងជ្រៅជ្រះ និងចំណេះដឹងបែបនេះនាពេលសព្វថ្ងៃ គឺជាប្រសិទ្ធភាពនៃកិច្ចការយកឈ្នះ។ មិនថាអ្នកអាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ឬអត់ គឺអាចត្រូវបានមើលឃើញតែនៅពេលដែលជួបទុក្ខលំបាកតែប៉ុណ្ណោះ ហើយនៅពេលនោះ វានឹងត្រូវបានមើលឃើញថាតើអ្នកពិតជាស្រឡាញ់ព្រះជាម្ចាស់ដោយចេញពីចិត្តរបស់អ្នកឬអត់។ បើសេចក្តីស្រឡាញ់របស់អ្នកបរិសុទ្ធពិតមែន នោះអ្នកនឹងនិយាយថា «យើងជាមនុស្សបន្ទាប់បន្សំ យើងជាសត្តនិករនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់»។ នៅពេលដែលអ្នកផ្សាយដំណឹងល្អទៅកាន់ប្រជាជាតិនៃសាសន៍ដទៃ អ្នកនឹងនិយាយថា «ខ្ញុំកំពុងតែបម្រើព្រះប៉ុណ្ណោះ។ ដោយប្រើនិស្ស័យដ៏ពុករលួយនៅខាងក្នុងយើង ព្រះជាម្ចាស់បានមានបន្ទូលអំពីសេចក្តីទាំងអស់នេះ ដើម្បីបង្ហាញយើងអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយបើទ្រង់មិនបានមានបន្ទូលអំពីសេចក្តីទាំងនេះទេ នោះយើងនឹងមិនអាចមើលឃើញព្រះជាម្ចាស់ មិនយល់អំពីព្រះប្រាជ្ញាញាណរបស់ទ្រង់ ហើយក៏មិនអាចទទួលបានសេចក្តីសង្រ្គោះដ៏ធំ និងព្រះពរដ៏ធំបែបនេះដែរ។» បើអ្នកមានចំណេះដឹងចេញពីបទពិសោធនេះពិតប្រាកដមែន នោះវាគ្រប់គ្រាន់ហើយ។ យ៉ាងណាមិញ ភាគច្រើននៃអ្វីដែលអ្នកនិយាយនាពេលសព្វថ្ងៃនេះ គ្មានផ្ទុកនូវចំណេះដឹងសោះឡើយ ហើយគ្រាន់តែជាពាក្យស្លោកដែលគ្មានន័យប៉ុណ្ណោះ៖ «យើងជាមនុស្សបន្ទាប់បន្សំ និងជាអ្នកស៊ីឈ្នួល។ យើងប៉ងប្រាថ្នាឲ្យព្រះអង្គយកឈ្នះយើង និងធ្វើបន្ទាល់ដ៏លាន់រំពងសម្រាប់ព្រះជាម្ចាស់...។» ការគ្រាន់តែស្រែកក្ដែងៗមិនមានន័យថា អ្នកមានភាពជាក់ស្ដែង ឬបញ្ជាក់បានថា អ្នកមានកម្ពស់នោះទេ។ អ្នកត្រូវតែមានចំណេះដឹងពិតប្រាកដ ហើយចំណេះដឹងរបស់អ្នកនោះទៀតសោតត្រូវតែជួបនូវការល្បងល។
អ្នកគួរតែអានឲ្យបានកាន់តែច្រើនអំពីព្រះសូរសៀងទាំងនេះ ដែលព្រះជាម្ចាស់បានបង្ហាញនៅក្នុងអំឡុងពេលនេះ ហើយធ្វើការប្រៀបធៀប ដោយមើលទៅកាន់សកម្មភាពរបស់អ្នក។ វាជាការពិតទាំងស្រុងថា អ្នកគ្រាន់តែជាមនុស្សបន្ទាប់បន្សំប៉ុណ្ណោះ! តើអ្នកមានចំណេះដឹងកម្រិតណាដែរសព្វថ្ងៃនេះ? យោបល់ គំនិត អាកប្បកិរិយា ពាក្យសម្ដី និងទង្វើរបស់អ្នក តើការទាំងអស់នេះមិនមានតម្លៃស្មើនឹងមនុស្សបន្ទាប់បន្សំទេឬអី បើធៀបទៅនឹងសេចក្តីសុចរិត និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់នោះ? តើទង្វើរបស់អ្នករាល់គ្នាមិនមែនជាការបង្ហាញអំពីនិស្ស័យដ៏ពុករលួយដែលត្រូវបានបើកសម្ដែងដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេឬ? គំនិត និងយោបល់របស់អ្នក ការជំរុញចិត្តរបស់អ្នក និងសេចក្តីពុករលួយដែលត្រូវបានបើកសម្ដែងនៅក្នុងអ្នក បង្ហាញអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ក៏ដូចជាភាពបរិសុទ្ធរបស់ទ្រង់។ ព្រះជាម្ចាស់ក៏បានប្រសូតមកនៅក្នុងទឹកដីដ៏ស្មោកគ្រោកដែរ ប៉ុន្តែព្រះអង្គបន្តរក្សាខ្លួនបរិសុទ្ធពីសេចក្តីស្មោកគ្រោក។ ព្រះអង្គរស់នៅក្នុងពិភពដ៏ស្មោកគ្រោកដូចជាអ្នកដែរ ប៉ុន្តែព្រះអង្គមានហេតុផល និងទស្សនៈយល់ដឹង ហើយព្រះអង្គស្អប់ខ្ពើមសេចក្តីស្មោកគ្រោក។ អ្នកប្រហែលជារកមិនឃើញអ្វីមួយស្មោកគ្រោកនៅក្នុងពាក្យសម្ដី និងទង្វើរបស់អ្នកឡើយ ប៉ុន្តែទ្រង់អាចលើកឡើងពីសេចក្តីស្មោកគ្រោកទាំងនោះ ដើម្បីឲ្យអ្នកបានដឹង។ សេចក្តីចាស់ៗទាំងនោះរបស់អ្នក ដូចជា កង្វះនៃការអភិវឌ្ឍ ការយល់ដឹងជ្រៅជ្រះ និងញាណរបស់អ្នក ព្រមទាំងរបៀបរស់នៅចាស់គំរឹលរបស់អ្នក ឥឡូវនេះត្រូវបានលេចឡើងឲ្យឃើញតាមរយៈការបើកសម្ដែងនាពេលសព្វថ្ងៃនេះ ហើយមានតែតាមរយៈព្រះជាម្ចាស់ដែលយាងមកកាន់ផែនដីដើម្បីធ្វើកិច្ចការនេះប៉ុណ្ណោះ ទើបមនុស្សអាចមើលឃើញពីភាពបរិសុទ្ធ និងនិស្ស័យដ៏សុចរិតរបស់ទ្រង់។ ព្រះអង្គជំនុំជម្រះ និងវាយផ្ចាលអ្នក ដើម្បីឲ្យអ្នកទទួលបានការយល់ដឹង។ ពេលខ្លះ ធម្មជាតិបែបអារក្សរបស់អ្នកត្រូវបានបង្ហាញចេញមក ហើយព្រះអង្គចង្អុលបង្ហាញឲ្យអ្នកដឹង។ ព្រះអង្គជ្រាបអំពីសារជាតិរបស់មនុស្សយ៉ាងច្បាស់ក្រឡែត។ ទ្រង់គង់នៅក្នុងចំណោមអ្នករាល់គ្នា ព្រះអង្គសោយអាហារដូចអ្នក ហើយទ្រង់គង់នៅក្នុងមជ្ឈដ្ឋានដូចគ្នាដែរ ប៉ុន្តែទោះបីបែបនេះក៏ដោយ ក៏ទ្រង់ជ្រាបច្រើនជាងអ្នកដែរ។ ព្រះអង្គអាចលាតត្រដាងដល់អ្នកឲ្យមើលឃើញពីសារជាតិពុករលួយរបស់មនុស្ស។ គ្មានអ្វីមួយដែលព្រះអង្គស្អប់ខ្ពើមខ្លាំងជាងទស្សនវិជ្ជារបស់មនុស្សសម្រាប់ការរស់នៅ ព្រមទាំងភាពវៀចវេរ និងភាពបោកបញ្ឆោតរបស់គេឡើយ។ ព្រះអង្គស្អប់អន្តរកម្មខាងសាច់ឈាមរបស់មនុស្សខ្លាំងណាស់។ ព្រះអង្គប្រហែលជាមិនស្គាល់ទស្សនវិជ្ជារបស់មនុស្សសម្រាប់ការរស់នៅទេ ប៉ុន្តែព្រះអង្គអាចទតឃើញយ៉ាងច្បាស់ និងលាតត្រដាងពីនិស្ស័យដ៏ពុករលួយដែលមនុស្សបើកសម្ដែងនោះ។ ព្រះអង្គធ្វើការ ដើម្បីមានបន្ទូល និងបង្រៀនដល់មនុស្សតាមរយៈសេចក្តីទាំងនេះ ព្រះអង្គប្រើសេចក្តីទាំងនេះ ដើម្បីជំនុំជម្រះមនុស្ស និងដើម្បីសម្ដែងចេញពីនិស្ស័យដ៏សុចរិត និងបរិសុទ្ធរបស់ទ្រង់ផ្ទាល់។ មានតែបែបនេះទេ ទើបមនុស្សក្លាយជាមនុស្សបន្ទាប់បន្សំចំពោះកិច្ចការរបស់ទ្រង់។ មានតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សទេ ទើបអាចបង្ហាញចេញពីនិស្ស័យដ៏ពុករលួយរបស់មនុស្ស និងមុខមាត់ដ៏អាក្រក់របស់សាតាំង។ ទោះបីជាទ្រង់មិនដាក់ទោសអ្នក ហើយប្រើអ្នកធ្វើជាមនុស្សបន្ទាប់បន្សំម្នាក់ចំពោះសេចក្តីសុចរិត និងភាពបរិសុទ្ធរបស់ទ្រង់ក៏ដោយ ក៏អ្នកមានអារម្មណ៍អាម៉ាស់ ហើយគ្មានកន្លែងលាក់ខ្លួនបានទេ ដ្បិតអ្នកស្មោកគ្រោកខ្លាំងពេក។ ព្រះអង្គមានបន្ទូល ដោយប្រើប្រាស់សេចក្តីទាំងនោះដែលត្រូវបានលាតត្រដាងនៅក្នុងមនុស្ស ហើយមានតែពេលដែលសេចក្តីទាំងនេះត្រូវបានលេចឡើងក្នុងពន្លឺប៉ុណ្ណោះ ទើបមនុស្សដឹងថា ព្រះជាម្ចាស់បរិសុទ្ធកម្រិតណា។ ព្រះអង្គមិនទតរំលង សូម្បីតែភាពមិនបរិសុទ្ធដ៏តូចបំផុតនៅក្នុងមនុស្ស មិនទតរំលងសូម្បីតែគំនិតដ៏ស្មោកគ្រោកនៅក្នុងដួងចិត្តរបស់ពួកគេ។ បើពាក្យសម្ដី និងទង្វើរបស់មនុស្សផ្ទុយពីព្រះហឫទ័យរបស់ទ្រង់ នោះព្រះអង្គមិនត្រាប្រណីពួកគេឡើយ។ នៅក្នុងព្រះបន្ទូលរបស់ទ្រង់ គ្មានកន្លែងសម្រាប់សេចក្តីស្មោកគ្រោករបស់មនុស្ស ឬអ្វីផ្សេងឡើយ ដ្បិតការទាំងអស់នោះត្រូវតែលាតត្រដាងចេញ។ មានតែបែបនេះទេ ទើបអ្នកមើលឃើញថា ព្រះអង្គខុសពីមនុស្ស។ បើមានសេចក្តីស្មោកគ្រោកតែបន្ដិចនៅក្នុងមនុស្ស នោះព្រះអង្គស្អប់ខ្ពើមពួកគេទាំងស្រុងតែម្ដង។ មានពេលខ្លះ មនុស្សមិនអាចយល់ ហើយនិយាយថា «ព្រះជាម្ចាស់អើយ ហេតុអ្វីបានជាទ្រង់ក្រោធខ្លាំងម្ល៉េះ? ហេតុអ្វីបានជាទ្រង់មិនព្រះតម្រិះអំពីសេចក្តីកម្សោយរបស់មនុស្សដូច្នេះ? ហេតុអ្វីបានជាទ្រង់មិនអាចយោគយល់បន្ដិចដល់មនុស្សផងទៅ? ហេតុអ្វីបានជាទ្រង់មិនគិតគូរដល់មនុស្សអ៊ីចឹង? ច្បាស់ណាស់ ព្រះអង្គជ្រាបច្បាស់ហើយ មនុស្សត្រូវបានធ្វើឱ្យពុករលួយ ដូច្នេះ ហេតុអ្វីបានជាទ្រង់នៅតែចាត់ទុកពួកគេបែបនេះទៀត?» ព្រះអង្គស្អប់ខ្ពើមអំពើបាប ទ្រង់ខ្ពើមវាយ៉ាងខ្លាំង ហើយទ្រង់ក៏ខ្ពើមផងដែរ បើមានដាននៃការមិនស្ដាប់បង្គាប់ណាមួយនៅក្នុងអ្នក។ នៅពេលដែលអ្នកបើកសម្ដែងនិស្ស័យបះបោររបស់អ្នក ទ្រង់ទតឃើញវា ហើយស្អប់ខ្ពើមយ៉ាងជ្រាលជ្រៅ ពោលគឺខ្ពើមយ៉ាងខ្លាំងបំផុតតែម្ដង។ គឺតាមរយៈសេចក្តីទាំងនេះហើយ ទើបនិស្ស័យរបស់ទ្រង់ ព្រមទាំងលក្ខណៈរបស់ព្រះជាម្ចាស់ត្រូវបានបង្ហាញចេញ។ នៅពេលដែលអ្នកធ្វើការប្រៀបធៀបខ្លួនឯង នោះអ្នកនឹងមើលឃើញថា ទោះបីព្រះអង្គបរិភោគអាហារដូចមនុស្ស ស្លៀកសម្លៀកបំពាក់ដូចគ្នា រីករាយនឹងរឿងដូចគ្នា ហើយគង់នៅ និងគង់សណ្ឋិតជាមួយពួកគេក៏ដោយ ក៏ទ្រង់មានលក្ខណៈខុសពីមនុស្សដែរ។ តើនេះមិនមែនជាភាពសំខាន់នៃមនុស្សបន្ទាប់បន្សំទេឬ? គឺតាមរយៈរឿងរ៉ាវរបស់មនុស្សទាំងនេះហើយ ទើបព្រះចេស្ដារបស់ព្រះជាម្ចាស់ត្រូវបានបង្ហាញចេញ ពោលគឺដូចជាភាពងងឹតដែលធ្វើឲ្យពន្លឺមានតម្លៃអ៊ីចឹងដែរ។
ពិតមែនហើយ ព្រះជាម្ចាស់មិនបានធ្វើឲ្យអ្នករាល់គ្នាក្លាយជាមនុស្សបន្ទាប់បន្សំសម្រាប់ជាប្រយោជន៍ដល់វានោះឡើយ។ ផ្ទុយទៅវិញ មានតែនៅពេលដែលកិច្ចការនេះបង្កើតផលផ្លែវិញទេ ទើបវាស្ដែងឲ្យឃើញថា ការបះបោររបស់មនុស្សគឺជារឿងបន្ទាប់បន្សំមួយចំពោះនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ហើយព្រោះតែអ្នករាល់គ្នាជាមនុស្សបន្ទាប់បន្សំ ទើបអ្នកមានឱកាស ដើម្បីស្គាល់ពីការបង្ហាញចេញនូវនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ អ្នករាល់គ្នាត្រូវបានជំនុំជម្រះ និងវាយផ្ចាល ដោយសារតែការបះបោររបស់អ្នករាល់គ្នា ប៉ុន្តែជាការបះបោររបស់អ្នករាល់គ្នាវិញទេ ដែលធ្វើឲ្យអ្នកក្លាយជាមនុស្សបន្ទាប់បន្សំ ពោលគឺដោយសារតែការបះបោររបស់អ្នករាល់គ្នានេះហើយ ទើបអ្នកទទួលបាននូវព្រះគុណដ៏ធំធេងដែលព្រះជាម្ចាស់ប្រទានដល់អ្នកនេះ។ ការបះបោររបស់អ្នករាល់គ្នាគឺជារឿងបន្ទាប់បន្សំចំពោះសព្វានុភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ហើយដោយសារតែការបះបោររបស់អ្នករាល់គ្នានេះ ទើបអ្នកទទួលបានសេចក្តីសង្រ្គោះ និងព្រះពរដ៏ធំបែបនេះ។ ទោះបីអ្នករាល់គ្នាត្រូវបានខ្ញុំធ្វើការជំនុំជម្រះដដែលៗក៏ដោយ ក៏អ្នករាល់គ្នាបានទទួលសេចក្តីសង្រ្គោះយ៉ាងធំសម្បើម ដែលមនុស្សពីអតីតកាលមិនធ្លាប់បានទទួលនោះឡើយ។ កិច្ចការនេះគឺជាកិច្ចការដ៏សំខាន់បំផុតសម្រាប់អ្នករាល់គ្នា។ ការក្លាយជា «មនុស្សបន្ទាប់បន្សំ» ក៏មានតម្លៃខ្លាំងដែរសម្រាប់អ្នករាល់គ្នា៖ អ្នកត្រូវបានសង្រ្គោះ និងបានទទួលព្រះគុណនៃសេចក្តីសង្រ្គោះ ដោយសារតែអ្នកជាមនុស្សបន្ទាប់បន្សំ ដូច្នេះ តើមនុស្សបន្ទាប់បន្សំបែបនេះមិនមានតម្លៃបំផុតទេឬ? តើវាមិនសំខាន់បំផុតទេឬ? នោះគឺដោយសារតែអ្នករាល់គ្នារស់នៅក្នុងពិភពមួយដូចគ្នា ជាទឹកដីដ៏ស្មោកគ្រោកដូចនឹងព្រះជាម្ចាស់ដែរនេះហើយ ទើបអ្នកជាមនុស្សបន្ទាប់បន្សំ និងទទួលបានសេចក្តីសង្រ្គោះដ៏ធំបំផុតនោះ។ បើព្រះជាម្ចាស់មិនបានត្រលប់ជាសាច់ឈាមទេ តើនរណានឹងមានសេចក្ដីមេត្តាចំពោះអ្នករាល់គ្នា ហើយតើនរណានឹងបានមើលថែអ្នករាល់គ្នា ដែលជាមនុស្សទន់ទាបបែបនេះទៅ? តើនរណានឹងបានមើលថែអ្នករាល់គ្នាទៅ? បើព្រះជាម្ចាស់មិនបានត្រលប់ជាសាច់ឈាម ដើម្បីធ្វើការនៅក្នុងចំណោមអ្នករាល់គ្នាទេ តើនៅពេលណាទើបអ្នកនឹងទទួលបានសេចក្តីសង្រ្គោះនេះ ដែលមនុស្សមុនអ្នកមិនធ្លាប់បានទទួលផងនោះ? បើខ្ញុំមិនបានត្រលប់ជាសាច់ឈាម ដើម្បីមើលថែអ្នករាល់គ្នា ដើម្បីជំនុំជម្រះបាបរបស់អ្នករាល់គ្នាទេ តើអ្នករាល់គ្នានឹងមិនបានធ្លាក់ទៅស្ថានឃុំព្រលឹងតាំងពីយូរណាស់មកហើយទេឬ? បើខ្ញុំមិនបានត្រលប់ជាសាច់ឈាម និងបន្ទាបអង្គខ្ញុំមកនៅក្នុងចំណោមអ្នករាល់គ្នាទេ តើអ្នករាល់គ្នាអាចមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីក្លាយជាមនុស្សបន្ទាប់បន្សំចំពោះនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ដែរឬ? តើអ្នករាល់គ្នាមិនមែនជាមនុស្សបន្ទាប់បន្សំ ដោយសារតែខ្ញុំបានយកទម្រង់ជាមនុស្ស ហើយបានចូលមកនៅកណ្ដាលចំណោមអ្នករាល់គ្នា ដើម្បីជួយឲ្យអ្នករាល់គ្នាទទួលបានសេចក្តីសង្រ្គោះដ៏ធំបំផុតទេឬ? តើអ្នករាល់គ្នាមិនទទួលបានសេចក្តីសង្រ្គោះនេះ ដោយសារតែខ្ញុំបានត្រលប់ជាសាច់ឈាមទេឬ? បើព្រះជាម្ចាស់មិនបានត្រលប់ជាសាច់ឈាមមករស់នៅជាមួយអ្នករាល់គ្នាទេ តើអ្នករាល់គ្នានឹងនៅតែស្វែងយល់ឃើញថា អ្នករាល់គ្នាកំពុងតែរស់នៅជីវិតទាបជាងសត្វឆ្កែ និងសត្វជ្រូកនៅក្នុងស្ថាននរករបស់មនុស្សទេឬ? តើអ្នករាល់គ្នាមិនត្រូវបានវាយផ្ចាល និងជំនុំជម្រះ ដោយសារតែអ្នកជាមនុស្សបន្ទាប់បន្សំចំពោះកិច្ចការរបស់ខ្ញុំនៅក្នុងសាច់ឈាមទេឬ? គ្មានកិច្ចការណាដែលស័ក្ដិសមសម្រាប់អ្នករាល់គ្នាជាងកិច្ចការជាតួតំណាងនោះឡើយ ព្រោះដោយសារតែអ្នករាល់គ្នាជាមនុស្សបន្ទាប់បន្សំ ទើបអ្នកបានទទួលការសង្រ្គោះនៅកណ្ដាលចំណោមការជំនុំជម្រះបែបនេះ។ តើអ្នករាល់គ្នាមិនមានអារម្មណ៍ថា ការមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីធ្វើជាមនុស្សបន្ទាប់បន្សំ គឺជាព្រះពរដល់ជីវិតរបស់អ្នករាល់គ្នាទេឬអី? អ្នករាល់គ្នាគ្រាន់តែធ្វើកិច្ចការជាមនុស្សបន្ទាប់បន្សំប៉ុណ្ណោះ ប៉ុន្តែអ្នករាល់គ្នាបានទទួលសេចក្តីសង្រ្គោះបែបនេះ ដែលអ្នករាល់គ្នាមិនធ្លាប់មាន និងមិនធ្លាប់ស្រមៃឃើញនោះឡើយ។ នៅថ្ងៃនេះ ភារកិច្ចរបស់អ្នករាល់គ្នាគឺត្រូវក្លាយជាមនុស្សបន្ទាប់បន្សំ ហើយរង្វាន់ដែលបានគ្រោងទុកសម្រាប់អ្នករាល់គ្នា គឺត្រូវរីករាយនឹងព្រះពរដ៏អស់កល្បនាពេលអនាគត។ សេចក្តីសង្រ្គោះដែលអ្នករាល់គ្នាទទួលបាននេះ មិនមែនជាការយល់ដឹងជ្រៅជ្រះដ៏ខ្លី ឬជាបំណែកនៃចំណេះដឹងខ្លះដែលផ្ទេរបន្តគ្នាសម្រាប់ពេលបច្ចុប្បន្នទេ ប៉ុន្តែវាជាព្រះពរមួយដែលធំធេងជាង ពោលគឺជាការបន្តមានជីវិតដ៏អស់កល្ប។ ទោះបីជាខ្ញុំបានប្រើ «មនុស្សបន្ទាប់បន្សំ» ដើម្បីយកឈ្នះអ្នករាល់គ្នាក៏ដោយ ក៏អ្នករាល់គ្នាគួរតែដឹងថា សេចក្តីសង្រ្គោះ និងព្រះពរនេះត្រូវបានប្រទានមក ដើម្បីទទួលបានអ្នករាល់គ្នា។ វាត្រូវបានធ្វើបែបនេះ គឺដើម្បីជាប្រយោជន៍នៃការយកឈ្នះ ប៉ុន្តែវាក៏ដើម្បីឲ្យខ្ញុំអាចសង្រ្គោះអ្នកបានកាន់តែប្រសើរផងដែរ។ «មនុស្សបន្ទាប់បន្សំ» គឺជាការពិត ប៉ុន្តែហេតុផលដែលអ្នករាល់គ្នាជាមនុស្សបន្ទាប់បន្សំ គឺដោយសារតែការបះបោររបស់អ្នករាល់គ្នា ហើយដោយសារតែបែបនេះហើយ ទើបអ្នកទទួលបានព្រះពរ ដែលគ្មាននរណាម្នាក់ធ្លាប់បានទទួលនោះឡើយ។ នៅថ្ងៃនេះ អ្នករាល់គ្នាត្រូវបានបង្កើតមក ដើម្បីមើលឃើញ និងស្ដាប់ឮ។ នៅថ្ងៃស្អែក អ្នករាល់គ្នានឹងទទួលបាន ហើយជាងនេះទៅទៀត អ្នករាល់គ្នានឹងទទួលបានព្រះពរយ៉ាងធំមិនខាន។ ដូច្នេះ តើមនុស្សបន្ទាប់បន្សំមិនមានតម្លៃដ៏ធំបំផុតទេឬ? ឥទ្ធិពលនៃកិច្ចការយកឈ្នះនាថ្ងៃនេះ ត្រូវបានសម្រេច តាមរយៈនិស្ស័យបះបោររបស់អ្នករាល់គ្នា ដែលដើរតួជាមនុស្សបន្ទាប់បន្សំ។ នោះគឺជាកម្រិតដ៏ខ្ពស់បំផុតនៃហេតុការណ៍លើកទីពីរអំពីការវាយផ្ចាល និងការជំនុំជម្រះ គឺដើម្បីប្រើប្រាស់សេចក្តីស្មោកគ្រោក និងការបះបោររបស់អ្នកទុកជារបស់បន្ទាប់បន្សំ ដោយអនុញ្ញាតឲ្យអ្នករាល់គ្នាមើលឃើញពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ នៅពេលដែលអ្នករាល់គ្នាដាក់ខ្លួនស្ដាប់បង្គាប់ម្ដងទៀតក្នុងអំឡុងហេតុការណ៍លើកទីពីរនៃការជំនុំជម្រះ និងការវាយផ្ចាលនេះ នោះភាពទាំងស្រុងនៃនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ ត្រូវបានបង្ហាញជាចំហទៅកាន់អ្នករាល់គ្នា។ គឺអាចនិយាយបានថា នៅពេលដែលអ្នកទទួលយកកិច្ចការយកឈ្នះមកដល់ទីបញ្ចប់ នោះក៏ជាពេលដែលអ្នករាល់គ្នាត្រូវបញ្ចប់ក្នុងការបំពេញភារកិច្ចជាមនុស្សបន្ទាប់បន្សំដែរ។ ខ្ញុំគ្មានបំណងចង់បិទស្លាកលើអ្នករាល់គ្នាទេ។ ផ្ទុយទៅវិញ ខ្ញុំកំពុងតែប្រើប្រាស់តួនាទីរបស់អ្នករាល់គ្នាជាអ្នកស៊ីឈ្នួល ដើម្បីអនុវត្តហេតុការណ៍ទីមួយនៃកិច្ចការយកឈ្នះ ដោយបង្ហាញពីនិស្ស័យសុចរិត និងមិនអាចបំពានបានរបស់ព្រះជាម្ចាស់។ តាមរយៈចំណុចប្រៀបធៀបរបស់អ្នករាល់គ្នា តាមរយៈការបះបោររបស់អ្នករាល់គ្នា ដែលដើរជាមនុស្សបន្ទាប់បន្សំ ប្រសិទ្ធភាពនៃហេតុការណ៍លើកទីពីរនៃកិច្ចការយកឈ្នះត្រូវបានសម្រេច ដោយបើកសម្ដែងទាំងស្រុងឲ្យអ្នករាល់គ្នាមើលឃើញអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ដែលមិនត្រូវបានបើកសម្ដែងទាំងស្រុងនៅក្នុងហេតុការណ៍លើកទីមួយឡើយ និងដោយបង្ហាញដល់អ្នករាល់គ្នាអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់នៅក្នុងភាពទាំងស្រុងរបស់វា ពោលគឺជាលក្ខណៈរបស់ទ្រង់ ដែលមានទាំងព្រះប្រាជ្ញាញាណ ការអស្ចារ្យ និងភាពបរិសុទ្ធនៃកិច្ចការរបស់ទ្រង់។ ប្រសិទ្ធភាពនៃកិច្ចការបែបនេះត្រូវបានសម្រេចតាមរយៈការយកឈ្នះក្នុងអំឡុងពេលខុសៗគ្នា និងតាមរយៈកម្រិតខុសៗគ្នានៃការជំនុំជម្រះ។ បើការជំនុំជម្រះកាន់តែជិតដល់ទីកំពូលរបស់វា នោះវាកាន់តែបើកសម្ដែងពីនិស្ស័យបះបោររបស់មនុស្ស ហើយការយកឈ្នះក៏កាន់តែមានប្រសិទ្ធភាពដែរ។ ភាពទាំងស្រុងនៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ត្រូវបានស្ដែងឲ្យឃើញនៅក្នុងអំឡុងពេលនៃកិច្ចការយកឈ្នះនេះ។ កិច្ចការយកឈ្នះត្រូវបានបែងចែកជាពីរជំហាន ហើយវាមានដំណាក់កាល និងកម្រិតខុសៗគ្នា ដូច្នេះ ប្រសិទ្ធភាពដែលត្រូវសម្រេចបាន ក៏មានកម្រិតខុសគ្នាដែរ។ គឺអាចនិយាយថាបាន កម្រិតនៃការចុះចូលរបស់មនុស្សគឺកាន់តែជ្រាលជ្រៅខ្លាំងជាងមុន។ មានតែក្រោយការនេះទេ ទើបមនុស្សអាចត្រូវបាននាំចូលយ៉ាងពេញលេញនៅលើផ្លូវដ៏ត្រឹមត្រូវនៃការប្រោសឲ្យគ្រប់លក្ខណ៍ ហើយមានតែក្រោយពេលគ្រប់កិច្ចការយកឈ្នះត្រូវបានសម្រេច (ពេលដែលហេតុការណ៍ទីពីរនៃការជំនុំជម្រះបានសម្រេចដល់ប្រសិទ្ធភាពចុងក្រោយរបស់វា) ប៉ុណ្ណោះ ទើបមនុស្សលែងត្រូវបានជំនុំជម្រះ តែត្រូវបានអនុញ្ញាតឲ្យចូលនៅលើផ្លូវដ៏ត្រឹមត្រូវនៃការដកពិសោធន៍ជីវិតវិញ។ ដ្បិតការជំនុំជម្រះតំណាងឲ្យការយកឈ្នះ ហើយការយកឈ្នះត្រូវយកទម្រង់ជាការជំនុំជម្រះ និងការវាយផ្ចាល។
ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមនៅក្នុងទីកន្លែងដ៏ស្មោកគ្រោក និងមិនសូវអភិវឌ្ឍបំផុត ហើយមានតែធ្វើបែបនេះទេ ទើបព្រះជាម្ចាស់អាចបង្ហាញយ៉ាងច្បាស់អំពីភាពទាំងស្រុងនៃនិស្ស័យដ៏បរិសុទ្ធ និងសុចរិតរបស់ទ្រង់។ តើនិស្ស័យដ៏សុចរិតរបស់ទ្រង់ត្រូវបានបង្ហាញចេញតាមរយៈអ្វីទៅ? គឺត្រូវបានបង្ហាញចេញ នៅពេលដែលទ្រង់ជំនុំជម្រះបាបរបស់មនុស្ស នៅពេលដែលទ្រង់ជំនុំជម្រះសាតាំង នៅពេលដែលទ្រង់ស្អប់ខ្ពើមបាប និងនៅពេលដែលទ្រង់ស្អប់ខ្ពើមខ្មាំងសត្រូវដែលប្រឆាំង និងបះបោរទាស់នឹងទ្រង់។ ព្រះបន្ទូលដែលខ្ញុំថ្លែងនាពេលសព្វថ្ងៃនេះ គឺដើម្បីជំនុំជម្រះបាបរបស់មនុស្ស ដើម្បីជំនុំជម្រះសេចក្តីទុច្ចរិតរបស់មនុស្ស ដើម្បីដាក់បណ្ដាសាចំពោះការមិនស្ដាប់បង្គាប់របស់មនុស្ស។ សេចក្តីវៀចវេរ និងការបោកបញ្ឆោតរបស់មនុស្ស ពាក្យសម្ដី និងទង្វើរបស់មនុស្ស ដែលមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ត្រូវតែទទួលការជំនុំជម្រះ ហើយគ្រប់ការមិនស្ដាប់បង្គាប់របស់មនុស្សត្រូវបានប្រកាសថាជាអំពើបាប។ ព្រះអង្គមានបន្ទូលដដែលៗជុំវិញគោលការណ៍នៃការជំនុំជម្រះ ហើយព្រះអង្គប្រើការជំនុំជម្រះចំពោះសេចក្តីទុច្ចរិតរបស់មនុស្ស បណ្ដាសាចំពោះការបះបោររបស់មនុស្ស និងការលាតត្រដាងមុខមាត់ដ៏អាក្រក់របស់មនុស្ស ដើម្បីបង្ហាញចេញអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់។ ភាពបរិសុទ្ធតំណាងឲ្យនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយតាមពិតទៅ ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺជានិស្ស័យដ៏សុចរិតរបស់ទ្រង់តែម្ដង។ និស្ស័យពុករលួយរបស់អ្នករាល់គ្នាគឺជាបរិបទនៃព្រះបន្ទូលនាពេលសព្វថ្ងៃនេះ ដ្បិតខ្ញុំប្រើព្រះបន្ទូលទាំងនោះ ដើម្បីថ្លែង និងជំនុំជម្រះ ព្រមទាំងដើម្បីអនុវត្តកិច្ចការយកឈ្នះ។ មានតែកិច្ចការនេះប៉ុណ្ណោះ ទើបជាកិច្ចការដ៏ពិត និងធ្វើឲ្យភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ជះពន្លឺយ៉ាងពេញលេញ។ បើគ្មានដាននៃនិស្ស័យដ៏ពុករលួយមួយនៅក្នុងអ្នកទេ នោះព្រះជាម្ចាស់នឹងមិនជំនុំជម្រះអ្នកទេ ហើយព្រះអង្គក៏នឹងមិនបង្ហាញដល់អ្នកអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់នោះដែរ។ ដោយសារតែអ្នកមាននិស្ស័យដ៏ពុករលួយមួយ ទើបព្រះជាម្ចាស់នឹងមិនអត់ឱនដល់អ្នក ហើយមានតែតាមរយៈការនេះទេ ទើបភាពបរិសុទ្ធរបស់ទ្រង់ត្រូវបានបង្ហាញចេញ។ បើព្រះជាម្ចាស់ទតឃើញថា សេចក្តីស្មោកគ្រោក និងការបះបោររបស់មនុស្សមានភាពធំធេងខ្លាំងបែបនេះ តែព្រះអង្គនៅស្ងៀមមិនមានបន្ទូល មិនបានជំនុំជម្រះ ឬមិនបានវាយផ្ចាលអ្នកចំពោះសេចក្តីទុច្ចរិតរបស់អ្នកទេ នោះការនេះនឹងបញ្ជាក់បានថា ព្រះអង្គមិនមែនជាព្រះជាម្ចាស់ឡើយ ដ្បិតព្រះអង្គគ្មានការស្អប់ចំពោះអំពើបាប ហើយទ្រង់នឹងមានសេចក្តីស្មោកគ្រោកដូចជាមនុស្សដែរ។ នៅថ្ងៃនេះ ដោយសារតែសេចក្តីស្មោកគ្រោករបស់អ្នកហើយ ទើបខ្ញុំជំនុំជម្រះអ្នក និងដោយសារតែសេចក្តីពុករលួយ និងការបះបោររបស់អ្នកហើយ ទើបខ្ញុំវាយផ្ចាលអ្នក។ ខ្ញុំមិនមែនកំពុងសម្ញែងព្រះចេស្ដារបស់ខ្ញុំដល់អ្នករាល់គ្នា ឬសង្កត់សង្កិនអ្នករាល់គ្នាទេ ផ្ទុយទៅវិញ ខ្ញុំធ្វើកិច្ចការទាំងនេះ ដោយសារតែអ្នករាល់គ្នាដែលបានកើតមកនៅក្នុងទឹកដីដ៏ស្មោកគ្រោកនេះ បានប្រឡាក់ប្រឡូកយ៉ាងធ្ងន់ធ្ងរដោយសេចក្តីស្មោកគ្រោក។ អ្នករាល់គ្នាបានបាត់បង់សុចរិតភាព និងភាពជាមនុស្សរបស់អ្នក ហើយអ្នកបានក្លាយដូចជាសត្វជ្រូក ដែលបានកើតមកនៅកាច់ជ្រុងដ៏កខ្វក់បំផុតនៃពិភពលោក ដូច្នេះ ព្រោះតែបែបនេះហើយ ទើបអ្នករាល់គ្នាទទួលការជំនុំជម្រះ ហើយខ្ញុំបញ្ចេញសេចក្តីក្រោធរបស់ខ្ញុំចំពោះអ្នករាល់គ្នានោះ។ ដោយសារតែការជំនុំជម្រះនេះ ទើបអ្នករាល់គ្នាអាចមើលឃើញយ៉ាងច្បាស់ថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត និងថាព្រះជាម្ចាស់ជាព្រះដ៏បរិសុទ្ធ ហើយដោយព្រោះតែភាពបរិសុទ្ធ និងសេចក្តីសុចរិតរបស់ទ្រង់នេះហើយ ទើបព្រះអង្គជំនុំជម្រះអ្នករាល់គ្នា និងបញ្ចេញសេចក្តីក្រោធរបស់ទ្រង់ចំពោះអ្នករាល់គ្នានោះ។ ដោយសារតែព្រះអង្គអាចបើកសម្ដែងនិស្ស័យដ៏សុចរិតរបស់ទ្រង់ នៅពេលដែលទ្រង់ទតឃើញការបះបោររបស់មនុស្ស និងដោយសារតែទ្រង់អាចបើកសម្ដែងភាពបរិសុទ្ធរបស់ទ្រង់ នៅពេលដែលទ្រង់ទតឃើញសេចក្តីស្មោកគ្រោករបស់មនុស្ស ទើបវាគ្រប់គ្រាន់នឹងបង្ហាញថា ព្រអង្គជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលបរិសុទ្ធ និងឥតខ្ចោះ តែគង់នៅក្នុងទឹកដីនៃសេចក្តីស្មោកគ្រោក។ បើមនុស្សម្នាក់ត្រាំននៀលនៅក្នុងភក់ជាមួយអ្នកដទៃ ហើយវាគ្មានអ្វីមួយបរិសុទ្ធអំពីគាត់ ហើយគាត់គ្មាននិស្ស័យដ៏សុចរិតទេ នោះគាត់គ្មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីជំនុំជម្រះភាពទុច្ចរិតរបស់មនុស្ស ហើយក៏មិនស័ក្ដិសមក្នុងការអនុវត្តការជំនុំជម្រះចំពោះមនុស្សដែរ។ បើមនុស្សម្នាក់ត្រូវជំនុំជម្រះបុគ្គលម្នាក់ទៀត តើវាមិនដូចជាពួកគេកំពុងតែទះកំផ្លៀងខ្លួនឯងទេឬអី? តើមនុស្សដែលស្មោកគ្រោកដូចជាបុគ្គលម្នាក់ទៀតអាចមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីជំនុំជម្រះអ្នកដទៃដែលដូចជាពួកគេបានយ៉ាងដូចម្ដេច? មានតែព្រះជាម្ចាស់ដ៏បរិសុទ្ធផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបអាចជំនុំជម្រះមនុស្សជាតិដ៏ស្មោកគ្រោកទាំងមូលនេះបាន។ តើមនុស្សអាចជំនុំជម្រះបាបរបស់មនុស្សបានដោយរបៀបណា? តើមនុស្សអាចមើលឃើញអំពើបាបរបស់មនុស្សបានយ៉ាងដូចម្ដេច? ហើយមនុស្សមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីថ្កោលទោសបាបទាំងនេះដោយរបៀបណា? បើព្រះជាម្ចាស់គ្មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីជំនុំជម្រះបាបរបស់មនុស្សទេ តើព្រះអង្គអាចក្លាយជាព្រះជាម្ចាស់ដ៏សុចរិតដោយផ្ទាល់ព្រះអង្គបានយ៉ាងដូចម្ដេច? នៅពេលដែលនិស្ស័យដ៏ពុករលួយរបស់មនុស្សត្រូវបានបើកសម្ដែង ព្រះជាម្ចាស់មានបន្ទូលដើម្បីជំនុំជម្រះមនុស្ស ហើយមានតែបែបនេះទេ ទើបមនុស្សមើលឃើញថា ព្រះអង្គបរិសុទ្ធ។ នៅពេលដែលទ្រង់ជំនុំជម្រះ និងវាយផ្ចាលមនុស្សសម្រាប់បាបរបស់គេ ទាំងលាតត្រដាងគ្រប់អំពើបាបរបស់មនុស្ស នោះគ្មាននរណាម្នាក់ ឬអ្វីមួយអាចរួចខ្លួនពីការជំនុំជម្រះនេះបានទេ ព្រោះថារាល់អ្វីដែលស្មោកគ្រោកត្រូវបានទ្រង់ជំនុំជម្រះ ហើយមានតែបែបនេះទេ ទើបនិស្ស័យរបស់ទ្រង់អាចត្រូវបានថ្លែងឡើងថាមានភាពសុចរិត។ បើវាមិនបែបនេះទេ តើគេអាចនិយាយបានថា អ្នករាល់គ្នាជាមនុស្សបន្ទាប់បន្សំ ទាំងឈ្មោះ និងការពិតបានយ៉ាងដូចម្ដេច?
មានភាពខុសគ្នាដ៏ធំមួយរវាងកិច្ចការដែលត្រូវបានធ្វើនៅក្នុងប្រទេសអ៊ីស្រាអែល និងកិច្ចការនាពេលសព្វថ្ងៃនេះ។ ព្រះយេហូវ៉ាបានដឹកនាំជីវិតរបស់សាសន៍អ៊ីស្រាអែល ហើយវាមិនសូវមានការវាយផ្ចាល និងការជំនុំជម្រះឡើយ ដោយសារតែនាពេលនោះ មនុស្សមានការយល់ដឹងតិចតួចណាស់អំពីពិភពលោក ហើយនិស្ស័យដ៏ពុករលួយវិញក៏មានតិចតួចដែរ។ កាលជំនាន់នោះ សាសន៍អ៊ីស្រាអែលបានស្ដាប់បង្គាប់តាមព្រះយេហូវ៉ាទាំងស្រុង។ នៅពេលដែលព្រះអង្គបានមានបន្ទូលប្រាប់ពួកគេឲ្យសង់អាសនា ពួកគេបានសង់អាសនាភ្លាមៗ។ នៅពេលដែលទ្រង់បានមានបន្ទូលប្រាប់ពួកគេឲ្យស្លៀករ៉ូបរបស់ពួកសង្ឃ ពួកគេបានស្ដាប់បង្គាប់តាម។ នៅគ្រានោះ ព្រះយេហូវ៉ាប្រៀបដូចជាគង្វាលម្នាក់ដែលថែរក្សាហ្វូងចៀម ដោយមានចៀមដើរតាមការដឹកនាំរបស់គង្វាល និងស៊ីស្មៅនៅតាមទីវាល។ ព្រះយេហូវ៉ាបានដឹកនាំជីវិតរបស់ពួកគេ ដោយដឹកនាំពួកគេនៅក្នុងរបៀបដែលពួកគេបរិភោគ ស្លៀកពាក់ រស់នៅ និងធ្វើដំណើរ។ នោះមិនមែនជាពេលនៃការបង្ហាញនិស្ស័យរបស់ព្រះជាម្ចាស់ឲ្យឃើញច្បាស់ទេ ដ្បិតមនុស្សជាតិនៅគ្រានោះប្រៀបដូចជាកូនង៉ែតដែលទើបតែកើត ហើយមានមនុស្សតិចតួចណាស់ដែលបះបោរប្រឆាំង ហើយក៏មិនសូវមានសេចក្តីស្មោកគ្រោកនៅក្នុងចំណោមមនុស្សដែរ ដូច្នេះ មនុស្សមិនអាចដើរជាមនុស្សបន្ទាប់បន្សំចំពោះនិស្ស័យរបស់ព្រះជាម្ចាស់បានឡើយ។ មានតែតាមរយៈមនុស្សដែលចេញមកពីទឹកដីដ៏ស្មោកគ្រោកប៉ុណ្ណោះ ទើបភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ត្រូវបានបង្ហាញចេញ ហើយសព្វថ្ងៃនេះ ព្រះអង្គប្រើប្រាស់សេចក្តីស្មោកគ្រោកដែលត្រូវបានបង្ហាញចេញនៅក្នុងមនុស្សនៃទឹកដីស្មោកគ្រោកទាំងនេះ ហើយព្រះអង្គក៏ជំនុំជម្រះដែរ ព្រោះមានតែបែបនេះទេ ទើបទ្រង់ត្រូវបានបើកសម្ដែងនៅកណ្ដាលចំណោមនៃការជំនុំជម្រះ។ ហេតុអ្វីបានជាព្រះអង្គជំនុំជម្រះ? ព្រះអង្គអាចមានបន្ទូលអំពីការជំនុំជម្រះបាន ដោយសារតែទ្រង់ស្អប់ខ្ពើមអំពើបាប។ តើទ្រង់អាចមានសេចក្តីក្រោធយ៉ាងដូចម្ដេចទៅ បើព្រះអង្គមិនស្អប់ខ្ពើមចំពោះការបះបោររបស់មនុស្សជាតិ? បើគ្មានការស្អប់ខ្ពើមយ៉ាងខ្លាំងនៅក្នុងទ្រង់ទេ នោះវានឹងបញ្ជាក់បានថា ព្រះអង្គក៏ស្មោកគ្រោកដូចជាមនុស្សដែរ។ ការដែលព្រះអង្គអាចជំនុំជម្រះ និងវាយផ្ចាលមនុស្សបាន នោះគឺដោយសារតែទ្រង់ស្អប់ខ្ពើមសេចក្តីស្មោកគ្រោក ហើយអ្វីដែលព្រះអង្គស្អប់ខ្ពើមនោះ គឺគ្មាននៅក្នុងទ្រង់ឡើយ។ បើមានការប្រឆាំង និងការបះបោរនៅក្នុងទ្រង់ដែរ នោះព្រះអង្គនឹងមិនស្អប់ខ្ពើមអស់អ្នកដែលប្រឆាំង និងបះបោរនោះឡើយ។ បើកិច្ចការនៃគ្រាចុងក្រោយកំពុងតែត្រូវបានអនុវត្តនៅក្នុងប្រទេសអ៊ីស្រាអែល នោះវានឹងគ្មានន័យអ្វីទេ។ ហេតុអ្វីបានជាកិច្ចការនៃគ្រាចុងក្រោយកំពុងតែត្រូវបានធ្វើនៅក្នុងប្រទេសចិន ដែលជាទីកន្លែងដ៏ខ្មៅងងឹត និងមិនសូវអភិវឌ្ឍបំផុត? នោះគឺដើម្បីបង្ហាញពីភាពបរិសុទ្ធ និងសេចក្តីសុចរិតរបស់ទ្រង់។ ជារួមមក បើកន្លែងមួយកាន់តែខ្មៅងងឹត នោះវាអាចបង្ហាញពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់កាន់តែច្បាស់។ ពិតមែនហើយ ការទាំងអស់នេះគឺសម្រាប់ជាប្រយោជន៍នៃកិច្ចការរបស់ព្រះជាម្ចាស់។ មានតែថ្ងៃនេះទេ ទើបអ្នករាល់គ្នាទទួលស្គាល់ថា ព្រះជាម្ចាស់បានយាងចុះពីស្ថានសួគ៌ មកគង់នៅកណ្ដាលចំណោមអ្នករាល់គ្នា បានបង្ហាញចេញដោយសេចក្តីស្មោកគ្រោក និងការបះបោររបស់អ្នករាល់គ្នា ហើយមានតែឥឡូវនេះទេ ទើបអ្នករាល់គ្នាស្គាល់ព្រះជាម្ចាស់។ តើនេះមិនមែនជាការសរសើរតម្កើងដ៏អស្ចារ្យបំផុតទេឬ? តាមពិតទៅ អ្នករាល់គ្នាគឺជាមនុស្សមួយក្រុមនៅក្នុងប្រទេសចិនដែលត្រូវបានជ្រើសរើស។ ហើយដោយសារតែអ្នកត្រូវបានជ្រើសរើស និងបានរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ ហើយដោយសារតែអ្នកមិនស័ក្ដិសមនឹងរីករាយចំពោះព្រះគុណដ៏ធំបែបនេះ ទើបការនេះបញ្ជាក់បានថា ការទាំងអស់នេះគឺជាការលើកតម្កើងដ៏ខ្ពស់បំផុតចំពោះអ្នករាល់គ្នា។ ព្រះជាម្ចាស់បានលេចមកឲ្យអ្នករាល់គ្នាឃើញ និងបានបង្ហាញដល់អ្នករាល់គ្នាអំពីនិស្ស័យដ៏បរិសុទ្ធរបស់ទ្រង់នៅក្នុងភាពទាំងស្រុងរបស់វា ហើយព្រះអង្គបានប្រទានការទាំងអស់នេះដល់អ្នករាល់គ្នា ព្រមទាំងធ្វើឲ្យអ្នករាល់គ្នារីករាយនឹងគ្រប់ទាំងព្រះពរដែលអ្នកអាចរីករាយបាន។ អ្នកមិនគ្រាន់តែបានភ្លក់និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ជាងនេះទៅទៀត អ្នកក៏បានភ្លក់សេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ ការប្រោសលោះរបស់ព្រះជាម្ចាស់ និងសេចក្តីស្រឡាញ់ដ៏គ្មានដែនកំណត់ជាអនេកអនន្តរបស់ព្រះជាម្ចាស់ដែរ។ អ្នករាល់គ្នាដែលជាមនុស្សស្មោកគ្រោកបំផុត បានរីករាយនឹងព្រះគុណដ៏ធំបែបនេះ តើអ្នករាល់គ្នាមិនមានព្រះពរទេឬ? តើនេះមិនមែនជាព្រះជាម្ចាស់ដែលលើកអ្នកឡើងទេឬ? ឱអ្នករាល់គ្នាដែលជាមនុស្សមានឋានៈទន់ទាបបំផុតអើយ អ្នកគ្មានតម្លៃអ្វីនឹងរីករាយចំពោះព្រះពរដ៏ធំបែបនេះទេ តែព្រះជាម្ចាស់បានលើកលែងដោយលើកអ្នកឡើង។ តើអ្នកមិនមានអារម្មណ៍អាម៉ាស់ទេឬ? បើអ្នកគ្មានសមត្ថភាពបំពេញភារកិច្ចរបស់អ្នកទេ នោះនៅទីបំផុត អ្នកនឹងត្រូវអាម៉ាស់ចំពោះខ្លួនឯង ហើយអ្នកនឹងត្រូវដាក់ទោសខ្លួនឯងមិនខាន។ នៅថ្ងៃនេះ អ្នកមិនទាន់ត្រូវបានលត់ដំ ឬទទួលទោសឡើយ ហើយសាច់ឈាមរបស់អ្នកក៏មានសុវត្ថិភាពល្អដែរ ប៉ុន្តែនៅទីបំផុត ព្រះបន្ទូលទាំងនេះនឹងនាំអ្នកទៅរកភាពអាម៉ាស់។ មកដល់សព្វថ្ងៃនេះ ខ្ញុំមិនទាន់បានវាយផ្ចាលនរណាម្នាក់ដោយចំហឡើយ។ ព្រះបន្ទូលរបស់ខ្ញុំអាចមានភាពធ្ងន់ធ្ងរ ប៉ុន្តែតើខ្ញុំត្រូវប្រព្រឹត្តចំពោះមនុស្សយ៉ាងដូចម្ដេច? ខ្ញុំកម្សាន្តចិត្តពួកគេ ដាស់តឿនពួកគេ និងរំឭកពួកគេ។ ខ្ញុំធ្វើបែបនេះ ដោយគ្មានហេតុផលអ្វី ក្រៅពីសង្រ្គោះអ្នករាល់គ្នាឡើយ។ តើអ្នករាល់គ្នាពិតជាមិនយល់អំពីព្រះហឫទ័យរបស់ខ្ញុំឬ? អ្នករាល់គ្នាគួរតែយល់អំពីអ្វីដែលខ្ញុំមានបន្ទូល ហើយទទួលបានការបណ្ដាលចិត្ត តាមរយៈព្រះបន្ទូលទាំងនោះ។ មានតែពេលឥឡូវនេះទេ ទើបមានមនុស្សជាច្រើនអាចយល់បាន។ តើនេះមិនមែនជាព្រះពរនៃការក្លាយជាមនុស្សបន្ទាប់បន្សំទេឬ? តើការក្លាយជាមនុស្សបន្ទាប់បន្សំមិនមែនជារឿងដ៏មានពរបំផុតទេឬ? នៅទីបំផុត នៅពេលដែលអ្នកចេញទៅផ្សាយដំណឹងល្អ អ្នករាល់គ្នានឹងនិយាយថា៖ «យើងជាមនុស្សបន្ទាប់បន្សំប៉ុណ្ណោះ»។ ពួកគេនឹងសួរអ្នកថា «តើការដែលអ្នកជាមនុស្សបន្ទាប់បន្សំនេះមានន័យដូចម្ដេច?» ហើយអ្នកនឹងនិយាយថា «យើងជាមនុស្សបន្ទាប់បន្សំឲ្យកិច្ចការរបស់ព្រះជាម្ចាស់ និងឲ្យព្រះចេស្ដាដ៏ធំធេងរបស់ទ្រង់។ ភាពទាំងស្រុងនៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ត្រូវបានលេចចេញមកឲ្យឃើញ តាមរយៈការបះបោររបស់យើង។ យើងគឺជាវត្ថុបម្រើដល់កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ យើងជាតួបន្ទាប់បន្សំនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយក៏ជាឧបករណ៍នៃកិច្ចការរបស់ទ្រង់ដែរ។» នៅពេលដែលពួកគេឮបែបនេះ ពួកគេនឹងមានការចាប់អារម្មណ៍។ បន្ទាប់មក អ្នកនឹងនិយាយថា «យើងជាគំរូសម្រាប់ការបង្ហើយរបស់ព្រះជាម្ចាស់ចំពោះកិច្ចការនៃចក្រវាឡ និងសម្រាប់ការយកឈ្នះរបស់ទ្រង់លើមនុស្សជាតិទាំងអស់។ មិនថាអ្នកបរិសុទ្ធ ឬស្មោកគ្រោកឡើយ ជារួមមក យើងនៅតែមានព្រះពរជាងអ្នករាល់គ្នាដដែល ដ្បិតយើងបានមើលឃើញព្រះជាម្ចាស់ ហើយតាមរយៈឱកាសនៃការយកឈ្នះរបស់ទ្រង់ចំពោះយើង ព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ត្រូវបានបង្ហាញចេញ។ ដោយសារតែយើងស្មោកគ្រោក និងពុករលួយបែបនេះហើយ ទើបនិស្ស័យដ៏សុចរិតរបស់ទ្រង់ត្រូវបានចាប់ផ្ដើមនោះ។ តើអ្នករាល់គ្នាមានសមត្ថភាពធ្វើបន្ទាល់បែបនេះចំពោះកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ដែរឬទេ? អ្នករាល់គ្នាគ្មានគុណសម្បត្តិនោះឡើយ! ការនេះគ្មានអ្វី ក្រៅពីការលើកតម្កើងរបស់ព្រះជាម្ចាស់ចំពោះយើងនោះទេ! ទោះបីជាយើងមិនអាចក្អេងក្អាងបានក៏ដោយ ក៏យើងអាចសរសើរតម្កើងព្រះជាម្ចាស់យ៉ាងមានមោទនភាពបានដែរ ដ្បិតគ្មាននរណាម្នាក់អាចទទួលសេចក្តីសន្យាដ៏អស្ចារ្យបែបនេះទុកជាមរតកនោះទេ ហើយក៏គ្មាននរណាម្នាក់អាចរីករាយនឹងព្រះពរដ៏ធំធេងបែបនេះនោះដែរ។ យើងមានអារម្មណ៍ដឹងគុណយ៉ាងខ្លាំងថា យើងដែលជាមនុស្សស្មោកគ្រោកបំផុតនេះ អាចដើរជាមនុស្សបន្ទាប់បន្សំ ក្នុងអំឡុងនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់»។ ហើយនៅពេលដែលពួកគេសួរថា «តើគំរូនោះគឺជាអ្វីទៅ?» អ្នកនិយាយថា «យើងគឺជាមនុស្សបះបោរ និងស្មោកគ្រោកបំផុតនៃមនុស្សជាតិ។ យើងត្រូវបានសាតាំងធ្វើឲ្យពុករលួយយ៉ាងជ្រាលជ្រៅបំផុត ហើយយើងគឺជាមនុស្សទន់ទាប និងអន់ថយបំផុតនៃសាច់ឈាម។ យើងជាឧទាហរណ៍ពីបុរាណអំពីអស់អ្នកដែលត្រូវបានសាតាំងប្រើប្រាស់។ នៅថ្ងៃនេះ យើងត្រូវបានព្រះជាម្ចាស់ជ្រើសរើស ជាបុគ្គលទីមួយនៅក្នុងចំណោមមនុស្សជាតិដែលត្រូវបានយកឈ្នះ ហើយយើងបានមើលឃើញនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងបានទទួលសេចក្តីសន្យារបស់ទ្រង់ទុកជាមរតក ហើយព្រះអង្គកំពុងតែប្រើប្រាស់យើង ដើម្បីយកឈ្នះមនុស្សកាន់តែច្រើន ដ្បិតយើងជាគំរូរបស់អស់អ្នកដែលត្រូវបានយកឈ្នះនៅក្នុងចំណោមមនុស្សជាតិ។» គ្មានទីបន្ទាល់ណាមួយដែលប្រសើរជាងព្រះបន្ទូលទាំងនេះទេ ហើយនេះក៏ជាបទពិសោធដ៏ល្អបំផុតរបស់អ្នកដែរ។