ចូរគេចចេញពីឥទ្ធិពលនៃភាពងងឹត ហើយព្រះជាម្ចាស់នឹងទទួលយកអ្នក

តើឥទ្ធិពលនៃភាពងងឹតគឺជាអ្វី? «ឥទ្ធិពលនៃភាពងងឹត» នេះ គឺជាឥទ្ធិពលនៃការបោកបញ្ឆោត សេចក្ដីពុករលួយ ការចាប់ចង និងការគ្រប់គ្រងមនុស្សរបស់សាតាំង ឥទ្ធិពលរបស់សាតាំងនេះហើយ គឺជាឥទ្ធិពលដែលមានលក្ខណៈនៃសេចក្ដីស្លាប់។ អស់អ្នកដែលរស់នៅក្រោមអំណាចរបស់សាតាំងត្រូវដាក់ទោសឱ្យវិនាសអន្តរាយ។ តើអ្នកអាចគេចចេញពីឥទ្ធិពលនៃភាពងងឹតក្រោយពីទទួលបានជំនឿលើព្រះជាម្ចាស់បានដោយរបៀបណា? នៅពេលដែលអ្នកបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ដោយស្មោះត្រង់ អ្នកបង្វែរដួងចិត្ដរបស់អ្នកទៅរកព្រះអង្គទាំងស្រុង ក្នុងដំណាក់កាលនេះ ដួងចិត្តរបស់អ្នកនឹងត្រូវព្រះវិញ្ញាណនៃព្រះពាល់។ អ្នករឹតតែព្រមថ្វាយខ្លួនឯងផ្ទាល់ចំពោះព្រះជាម្ចាស់ទាំងស្រុង ហើយនៅពេលនេះ អ្នកបានគេចផុតពីឥទ្ធិពលនៃភាពងងឹតហើយ។ ប្រសិនបើទង្វើគ្រប់យ៉ាងដែលមនុស្សធ្វើ គឺជាទង្វើដែលធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ និងស្របតាមសេចក្ដីតម្រូវរបស់ទ្រង់ នោះគេជាមនុស្សដែលរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងនៅស្ថិតក្រោមការថែរក្សា និងការការពាររបស់ទ្រង់។ ប្រសិនបើមនុស្សមិនអាចអនុវត្ដព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន ប្រសិនបើគេតែងតែព្យាយាមបញ្ឆោតព្រះអង្គ ដោយធ្វើល្អបង្គ្រប់កិច្ចចំពោះព្រះអង្គ ហើយមិនជឿលើព្រះវត្ដមានគង់នៅរបស់ព្រះអង្គ អ្នកទាំងនេះហើយគឺជាមនុស្សទាំងអស់ដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ មនុស្សដែលមិនទទួលបានសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ សុទ្ធតែកំពុងរស់នៅក្រោមអំណាចគ្រប់គ្រងរបស់សាតាំង ពោលគឺ ពួកគេទាំងអស់គ្នារស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ មនុស្សដែលមិនជឿលើព្រះជាម្ចាស់ សុទ្ធតែកំពុងរស់នៅ ក្រោមអំណាចគ្រប់គ្រងរបស់សាតាំង។ សូម្បីតែមនុស្សដែលជឿលើព្រះវត្ដមានគង់នៅរបស់ព្រះជាម្ចាស់ក៏ប្រហែលជាមិនចាំបាច់កំពុងតែរស់ក្នុងពន្លឺរបស់ទ្រង់ដែរ ដ្បិតតាមពិត អស់អ្នកដែលជឿលើទ្រង់ ក៏ប្រហែលជាមិនមែនកំពុងរស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ហើយក៏មិនអាចចុះចូលនឹងព្រះជាម្ចាស់បានដែរ។ មនុស្សមានដែនកំណត់ចំពោះការជឿលើព្រះជាម្ចាស់ ហើយដោយសារមនុស្សគ្មានការយល់ដឹងអំពីព្រះជាម្ចាស់ នោះគេនៅតែកំពុងរស់នៅជាមួយនឹងក្បួនច្បាប់ចាស់គំរឹល រស់នៅក្នុងន័យពាក្យដែលគ្មានបានការ នៅក្នុងជីវិតមួយដែលងងឹត មិនច្បាស់លាស់ មិនត្រូវបានបន្សុទ្ធដោយព្រះជាម្ចាស់ទាំងស្រុង ហើយមិនត្រូវបានទទួលយកទាំងស្រុងពីព្រះអង្គដែរ។ ដូចនេះ សូម្បីតែមនុស្សដែលជឿលើព្រះជាម្ចាស់ ក៏ប្រហែលជាកំពុងរស់នៅក្រោមឥទ្ធិពលនៃភាពងងឹតដែរ ដ្បិតពួកគេគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ទោះបីជាមិនបាច់និយាយក៏ដឹងដែរថា អ្នកដែលមិនជឿលើព្រះជាម្ចាស់ គេកំពុងតែរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ មនុស្សដែលមិនទាន់បានទទួលនូវព្រះគុណ និងក្ដីមេត្ដាករុណារបស់ព្រះជាម្ចាស់ និងមនុស្សដែលមិនអាចមើលឃើញកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺគេកំពុងតែស្ថិតនៅក្រោមឥទ្ធិពលនៃភាពងងឹត ហើយមនុស្សដែលអាស្រ័យផលនៃព្រះគុណរបស់ព្រះជាម្ចាស់ ប៉ុន្តែមិនទាន់ស្គាល់ទ្រង់នៅឡើយ គេក៏ស្ថិតនៅក្នុងអំណាចនៃភាពងងឹត សឹងតែគ្រប់ពេលដែរ។ ប្រសិនបើមនុស្សម្នាក់ជឿលើព្រះជាម្ចាស់ ប៉ុន្តែបែរជាចំណាយពេលភាគច្រើនក្នុងជីវិតរបស់គាត់ រស់នៅក្រោមឥទ្ធិពលនៃភាពងងឹត នោះវត្ដមានជីវិតមនុស្សម្នាក់នេះ បានបាត់បង់អត្ថន័យរបស់វារួចទៅហើយ ចំណែកឯមនុស្សដែលមិនជឿថាមានព្រះជាម្ចាស់វិញ តើមានអ្វីត្រូវយកមកនិយាយទៀត?

មនុស្សណាដែលមិនអាចទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ ឬមនុស្សដែលទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែមិនអាចធ្វើតាមសេចក្ដីតម្រូវរបស់ព្រះអង្គបាន គេគឺជាមនុស្សដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ គឺមានតែមនុស្សដែលព្យាយាមឱ្យបានសេចក្ដីពិត និងមនុស្សដែលមានសមត្ថភាពបំពេញតាមការទាមទាររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបទទួលព្រះពរពីព្រះអង្គ ហើយមានតែពួកគេទេ ទើបអាចគេចផុតពីឥទ្ធិពលនៃភាពងងឹតបាន។ មនុស្សដែលមិនត្រូវបានដោះលែង ជាមនុស្សដែលតែងតែត្រូវបានគ្រប់គ្រងដោយអ្វីមួយជាក់លាក់ និងមនុស្សដែលមិនអាចថ្វាយដួងចិត្ដរបស់គេដល់ព្រះជាម្ចាស់បាន សុទ្ធតែជាមនុស្សដែលស្ថិតក្រោមចំណងរបស់សាតាំង ជាមនុស្សដែលរស់នៅក្នុងលក្ខណៈនៃសេចក្ដីស្លាប់។ មនុស្សមិនស្មោះត្រង់ចំពោះកាតព្វកិច្ចខ្លួន មនុស្សមិនស្មោះត្រង់ចំពោះបញ្ជាបេសកកម្មព្រះជាម្ចាស់ និងមនុស្សដែលខកខានមិនបានបំពេញតួនាទីរបស់ខ្លួននៅក្នុងក្រុមជំនុំ គឺសុទ្ធតែជាមនុស្សដែលកំពុងរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ មនុស្សដែលមានចេតនារំខានដល់សកម្មភាពពួកជំនុំ មនុស្សដែលមានចេតនាសាបព្រោះជម្លោះបែកបាក់រវាងបងប្អូនប្រុសស្រី ឬមនុស្សដែលបង្កើតបក្សពួកនិយម គឺជាមនុស្សដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹតកាន់តែជ្រៅ ដោយស្ថិតក្នុងចំណងរបស់សាតាំង។ មនុស្សដែលមានសម្ពន្ធភាពខុសប្រក្រតីជាមួយព្រះជាម្ចាស់ មនុស្សដែលតែងតែមានការចង់បានពន់ប្រមាណ មនុស្សដែលតែងតែចង់បានអត្ថប្រយោជន៍ និងមនុស្សដែលមិនស្វែងរកការផ្លាស់ប្រែនិស្ស័យរបស់ខ្លួន គឺជាមនុស្សដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ មនុស្សដែលតែងតែធ្វេសប្រហែស និងមិនដែលយកចិត្តទុកដាក់អនុវត្ដនូវសេចក្ដីពិតរបស់ខ្លួន និងមនុស្សដែលមិនព្យាយាមបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្យាយាមបំពេញតាមតែសាច់ឈាមរបស់ខ្លួនវិញនោះ ក៏ជាមនុស្សដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត ដែលហ៊ុំព័ទ្ធដោយសេចក្ដីស្លាប់ដែរ។ មនុស្សដែលចូលរួមក្នុងភាពវៀចវេរ និងការបោកបញ្ឆោតពេលធ្វើការថ្វាយព្រះជាម្ចាស់ មនុស្សដែលប្រឈមមុខនឹងព្រះជាម្ចាស់ ដោយកិរិយាបង្គ្រប់កិច្ច មនុស្សដែលបោកបញ្ឆោតព្រះជាម្ចាស់ និងមនុស្សដែលតែងតែរៀបផែនការសម្រាប់ខ្លួនឯង គឺជាមនុស្សដែលកំពុងរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ មនុស្សដែលមិនអាចស្រលាញ់ព្រះជាម្ចាស់អស់ពីចិត្ដ មនុស្សដែលមិនស្វះស្វែងរកបានសេចក្ដីពិត និងមនុស្សដែលមិនផ្ដោតលើការផ្លាស់ប្រែនិស្ស័យរបស់ខ្លួន គឺជាមនុស្សដែលកំពុងរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។

ប្រសិនបើអ្នកចង់ឱ្យព្រះជាម្ចាស់សរសើរ ដំបូងឡើយ អ្នកត្រូវតែគេចចេញពីឥទ្ធិពលនៃភាពងងឹតរបស់សាតាំង ដោយបើកដួងចិត្ដរបស់អ្នកចំពោះព្រះជាម្ចាស់ រួចបង្វែរដួងចិត្តនេះទៅរកព្រះអង្គទាំងស្រុងវិញ។ តើព្រះជាម្ចាស់ស្ងើចសរសើរកិច្ចការដែលអ្នកកំពុងតែធ្វើពេលនេះដែរឬទេ? តើអ្នកបានបែរចិត្ដទៅរកព្រះជាម្ចាស់ហើយឬនៅ? តើកិច្ចការដែលអ្នកបានធ្វើ គឺជាកិច្ចការដែលព្រះជាម្ចាស់បានបង្គាប់ឱ្យអ្នកមែនទេ? តើកិច្ចការទាំងនោះ ស្របនឹងសេចក្ដីពិតដែរឬទេ? ចូរពិនិត្យពិច័យខ្លូនឯងគ្រប់ពេលវេលា និងផ្ដោតលើការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចូរបើកដួងចិត្ដអ្នកនៅចំពោះព្រះជាម្ចាស់ ស្រលាញ់ទ្រង់ដោយស្មោះត្រង់ និងលះបង់ខ្លួនឯងថ្វាយព្រះជាម្ចាស់ដោយភក្ដីភាព។ មនុស្សដែលធ្វើដូច្នេះនឹងទទួលបានការលើកសរសើរពីព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ មនុស្សដែលជឿលើព្រះជាម្ចាស់ តែមិនស្វះស្វែងរកសេចក្ដីពិត គ្មានផ្លូវអាចគេចផុតពីឥទ្ធិពលរបស់សាតាំងឡើយ។ មនុស្សដែលមិនរស់នៅក្នុងភាពស្មោះត្រង់ មនុស្សប្រព្រឹត្ដនៅចំពោះមុខអ្នកដទៃផ្សេង ហើយប្រព្រឹត្ដនៅក្រោយខ្នងអ្នកដទៃផ្សេង មនុស្សដែលបង្ហាញនូវការបន្ទាបខ្លួន ការអត់ធ្មត់ និងសេចក្ដីស្រលាញ់ ទាំងដែលសារជាតិបស់គេ គឺបោកប្រាស់ មានល្បិចកល និងគ្មានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់។ មនុស្សបែបនេះហើយ គឺជាអ្នកតំណាងទូទៅរបស់មនុស្ស ដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ ពួកគេគឺជាពួកមនុស្សប្រភេទតែមួយនឹងសត្វពស់។ មនុស្សដែលជឿលើព្រះជាម្ចាស់ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន មនុស្សដែលគិតថា ខ្លួនឯងសុចរិត និងមានឫកខ្ពស់ មនុស្សអួតអាង និងមនុស្សដែលការពារឋានៈខ្លួនឯង គឺជាមនុស្សដែលស្រលាញ់សាតាំង និងប្រឆាំងទាស់នឹងសេចក្ដីពិត។ មនុស្សទាំងនេះតតាំងនឹងព្រះជាម្ចាស់ ហើយជាកម្មសិទ្ធិទាំងស្រុងរបស់សាតាំងផង។ មនុស្សដែលមិនយកចិត្ដទុកដាក់ចំពោះបន្ទុករបស់ព្រះជាម្ចាស់ មនុស្សដែលមិនបម្រើព្រះជាម្ចាស់ដោយអស់ពីចិត្ដ មនុស្សដែលតែងតែខ្វល់ខ្វាយតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍ក្រុមគ្រួសាររបស់ពួកគេ មនុស្សដែលមិនអាចលះបង់គ្រប់យ៉ាងដើម្បីលះបង់ខ្លួនដើម្បីព្រះជាម្ចាស់បាន និងមនុស្សដែលមិនរស់នៅតាមព្រះបន្ទូលរបស់ទ្រង់ គឺជាមនុស្សដែលនៅក្រៅព្រះបន្ទូលរបស់ព្រះអង្គ។ មនុស្សបែបនេះមិនអាចទទួលបានការសរសើរពីព្រះជាម្ចាស់ឡើយ។

នៅពេលព្រះជាម្ចាស់បានបង្កើតមនុស្សមក គឺដើម្បីឱ្យពួកគេអាចរីករាយនឹងភាពសម្បូរណ៍សប្បាយរបស់ទ្រង់ ហើយស្រលាញ់ទ្រង់ មនុស្សមុខជារស់នៅក្នុងពន្លឺរបស់ព្រះអង្គ តាមវិធីនេះ។ សព្វថ្ងៃនេះ មនុស្សដែលមិនអាចស្រលាញ់ព្រះជាម្ចាស់ គេមិនយកចិត្ដទុកដាក់ចំពោះបន្ទុករបស់ព្រះអង្គ មិនអាចថ្វាយដួងចិត្ដរបស់ខ្លួនទាំងស្រុងដល់ព្រះអង្គ មិនអាចមានចិត្ដដូចព្រះហឫទ័យរបស់ទ្រង់ និងមិនអាចរែកពុនបន្ទុករបស់ព្រះអង្គ ដូចជាបន្ទុករបស់ខ្លួនបាន ពន្លឺរបស់ព្រះជាម្ចាស់ មិនចាំងចែងលើមនុស្សប្រភេទនេះទេ ដូច្នេះ ពួកគេទាំងអស់នោះកំពុងតែរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ ពួកគេស្ថិតលើផ្លូវផ្ទុយគ្នាស្រឡះពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយក្នុងកិច្ចការដែលគេធ្វើ សូម្បីសេចក្ដីពិតតែមួយសរសៃក៏គ្មានផង។ ពួកគេកំពុងតែត្រាំត្រែងក្នុងភក់ជ្រាំជាមួយសាតាំង ពួកគេគឺជាមនុស្សដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ ប្រសិនបើអ្នកអាចហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារឿយៗ ហើយយកចិត្ដទុកដាក់ចំពោះបំណងព្រះហឫទ័យទ្រង់ ព្រមទាំងយកព្រះបន្ទូលទ្រង់មកអនុវត្ដ នោះអ្នកគឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ហើយ ហើយអ្នកក៏ជាមនុស្សដែលរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ តើអ្នកព្រមគេចចេញពីអំណាចគ្រប់គ្រងរបស់សាតាំង ហើយរស់នៅក្រោមពន្លឺរបស់ព្រះជាម្ចាស់ដែរឬទេ? ប្រសិនបើអ្នករស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមានឱកាសអនុវត្តកិច្ចការរបស់ទ្រង់ ប្រសិនបើអ្នករស់នៅក្រោមឥទ្ធិពលរបស់សាតាំង នោះអ្នកនឹងមិនផ្ដល់ឱកាសបែបនេះដល់ព្រះវិញ្ញាណឡើយ។ កិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធបានអនុវត្តលើមនុស្ស ពន្លឺដែលព្រះអង្គចាំងលើពួកគេ ព្រមទាំងទំនុកចិត្ដដែលទ្រង់ប្រទានដល់ពួកគេ ស្ថិតស្ថេរតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ ប្រសិនបើមនុស្សមិនប្រុងប្រយ័ត្ន ហើយមិនបានយកចិត្ដទុកដាក់ទេនោះ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនឹងទៅហួសពីពួកគេ។ ប្រសិនបើមនុស្សរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងគង់នៅជាមួយពួកគេ ព្រមទាំងអនុវត្តកិច្ចការចំពោះពួកគេផង។ ប្រសិនបើមនុស្សមិនរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះពួកគេរស់នៅក្នុងចំណងរបស់សាតាំងហើយ។ ប្រសិនបើមនុស្សរស់នៅជាមួយនឹងនិស្ស័យពុករលួយ នោះពួកគេគ្មានវត្ដមាននៃកិច្ចការរបស់ព្រះវិញ្ញាញបរិសុទ្ធឡើយ។ ប្រសិនបើអ្នករស់នៅក្នុងដែនកំណត់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រសិនបើអ្នករស់នៅក្នុងសភាពដែលព្រះជាម្ចាស់តម្រូវ នោះអ្នកក៏ក្លាយជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សដែលជាកម្មសិទ្ធិរបស់ទ្រង់ ហើយកិច្ចការរបស់ទ្រង់នឹងត្រូវអនុវត្តមកលើអ្នក ប្រសិនបើអ្នកមិនមែនកំពុងរស់នៅក្នុងដែនកំណត់នៃសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ តែបែរជាកំពុងរស់នៅក្រោមអំណាចរបស់សាតាំង នោះច្បាស់ណាស់ថា អ្នកកំពុងតែរស់នៅក្នុងសេចក្ដីពុករលួយរបស់សាតាំងហើយ។ មានតែតាមរយៈការរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការថ្វាយដួងចិត្ដរបស់អ្នកទៅទ្រង់ទេ ទើបអ្នកអាចធ្វើតាមសេចក្ដីតម្រូវរបស់ទ្រង់បាន អ្នកត្រូវតែធ្វើតាមអ្វីដែលព្រះជាម្ចាស់មានបន្ទូល ដោយយកព្រះសូរសៀងរបស់ទ្រង់មកធ្វើជាគ្រឹះនៃវត្ដមានជីវិត និងជាតថភាពរបស់អ្នក ហើយធ្វើជាសេចក្ដីនៅក្នុងជីវិតរបស់អ្នក ដល់ពេលនោះទើបអ្នកក្លាយជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកពិតជាអនុវត្ដតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះទ្រង់នឹងអនុវត្តកិច្ចការមកលើអ្នក ហើយអ្នកនឹងបានរស់នៅក្រោមព្រះពររបស់ទ្រង់ រស់នៅក្នុងពន្លឺនៃព្រះភក្រ្ដរបស់ព្រះអង្គ អ្នកនឹងយល់ដឹងអំពីកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធអនុវត្ត ហើយអ្នកនឹងបានស្គាល់នូវអំណរក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់។

ដើម្បីគេចចេញពីឥទ្ធិពលនៃភាពងងឹត ជាដំបូង អ្នកត្រូវស្មោះត្រង់នឹងព្រះជាម្ចាស់ និងមានចិត្ដព្យាយាមឱ្យបានសេចក្ដីពិត នោះទើបអ្នកអាចមានភាវៈដ៏ត្រឹមត្រូវ។ ការរស់នៅក្នុងភាវៈដ៏ត្រឹមត្រូវ គឺជាលក្ខខណ្ឌតម្រូវជាមុន សម្រាប់ការគេចចេញពីឥទ្ធិពលនៃភាពងងឹត។ ការដែលគ្មានភាវៈដ៏ត្រឹមត្រូវ ជាការវៀចវេរចំពោះព្រះជាម្ចាស់ និងគ្មានចិត្ដចង់ស្វែងរកសេចក្ដីពិត ហើយការគេចចេញពីឥទ្ធិពលនៃភាពងងឹតនោះ គឺគ្មានអ្វីត្រូវឆ្ងល់ទេ។ បន្ទូលរបស់ខ្ញុំជាមូលដ្ឋានរបស់មនុស្ស សម្រាប់ការគេចចេញពីឥទ្ធិពលនៃភាពងងឹត ហើយមនុស្សណាដែលមិនអាចអនុវត្ដតាមបន្ទូលរបស់ខ្ញុំ នឹងមិនអាចគេចផុតពីចំណងឥទ្ធិពលនៃភាពងងឹតឡើយ។ ការរស់នៅក្នុងភាវៈដ៏ត្រឹមត្រូវ គឺជាការរស់នៅក្រោមការដឹកនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការរស់នៅក្នុងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ ការរស់នៅក្នុងភាវៈនៃការស្វែងរកសេចក្ដីពិត ការរស់នៅក្នុងតថភាពនៃការលះបង់ជីវិតរបស់មនុស្សម្នាក់ដោយភាពស្មោះត្រង់ សម្រាប់ប្រយោជន៍ព្រះជាម្ចាស់ និងជាការរស់នៅក្នុងភាវៈនៃការស្រលាញ់ព្រះជាម្ចាស់ដោយភាពពិតត្រង់។ មនុស្សដែលរស់នៅក្នុងភាវៈ និងរស់នៅក្នុងតថភាពនេះ នឹងផ្លាស់ប្រែបន្ដិចម្ដងៗ ពេលពួកគេចូលក្នុងជម្រៅនៃសេចក្ដីពិត ហើយពួកគេនឹងផ្លាស់ប្រែ នៅពេលដែលកិច្ចការនេះចូលកាន់តែជ្រៅ ហើយនៅចុងបញ្ចប់ ពួកគេប្រាកដជាក្លាយជាមនុស្សដែលព្រះជាម្ចាស់ទទួលយក ហើយជាមនុស្សដែលស្រលាញ់ព្រះជាម្ចាស់ពិតប្រាកដ។ មនុស្សដែលបានគេចផុតពីឥទ្ធិពលនៃភាពងងឹត អាចដឹងច្បាស់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយយល់ដឹងពីព្រះហឫទ័យរបស់ទ្រង់បន្ដិចម្ដងៗ គង់មានថ្ងៃមួយ គេក៏ក្លាយជាមិត្តសម្លាញ់ព្រះជាម្ចាស់។ ពួកគេមិនត្រឹមតែគ្មានគំនិតយល់ដឹងបែបរវើរវាយចំពោះព្រះជាម្ចាស់ និងមិនប្រឆាំងទាស់នឹងទ្រង់ឡើយ តែពួកគេថែមទាំងស្អប់គំនិតរវើរវាយ និងការបះបោរដែលពួកគេធ្លាប់មានពីមុនមកទៀតផង ហើយសេចក្ដីស្រលាញ់ដ៏ស្មោះត្រង់ចំពោះព្រះជាម្ចាស់ ក៏ផុសឡើងនៅក្នុងចិត្ដរបស់ពួកគេ។ មនុស្សដែលមិនអាចគេចផុតពីឥទ្ធិពលនៃភាពងងឹត គឺសុទ្ធតែជាមនុស្សដែលចាប់អារម្មណ៍តែនឹងសាច់ឈាមទាំងស្រុង ហើយពោរពេញដោយការបះបោរ ដួងចិត្ដរបស់ពួកគេពោរពេញដោយគំនិតរបស់មនុស្ស និងទស្សនៈជាច្រើនសម្រាប់ការរស់នៅ ក៏ដូចជាចេតនាផ្ទាល់ខ្លួន និងការសញ្ជឹងគិតរបស់ពួកគេ។ អ្វីដែលព្រះជាម្ចាស់តម្រូវគឺ សេចក្ដីស្រលាញ់តែមួយពីមនុស្ស។ អ្វីដែលព្រះអង្គតម្រូវ គឺឱ្យមនុស្សចាប់អារម្មណ៍តែនឹងព្រះបន្ទូលរបស់ទ្រង់ ហើយមានដួងចិត្ដមួយដែលពេញដោយក្ដីស្រលាញ់សម្រាប់ព្រះអង្គ។ ការរស់នៅក្នុងព្រះបន្ទូលនៃព្រះជាម្ចាស់ ការស្វែងរកសេចក្ដីដែលគេគួរស្វែងរក នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ការស្រលាញ់ព្រះជាម្ចាស់ដើម្បីបានព្រះបន្ទូលរបស់ទ្រង់ ការរត់ដើម្បីព្រះបន្ទូលទ្រង់ ការរស់នៅដើម្បីឱ្យបានព្រះបន្ទូលទ្រង់ ទាំងនេះសុទ្ធតែជាគោលដៅ ដែលមនុស្សគួរប្រឹងប្រែងសម្រេចឱ្យបាន។ គ្រប់យ៉ាងត្រូវតែស្អាងឡើងលើព្រះបន្ទូលរបស់ទ្រង់ មានតែបែបនេះទេទើបមនុស្សអាចបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សមិនប្រដាប់ខ្លួនដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះគេគ្រាន់តែជាដង្កូវមួយក្បាលរបស់សាតាំងប៉ុណ្ណោះ! ចូរថ្លឹងថ្លែងសេចក្ដីនេះមើល៖ តើមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានចាក់គ្រឹះក្នុងជីវិតអ្នកច្រើនប៉ុនណា? តើក្នុងកិច្ចការណាខ្លះ ដែលអ្នកកំពុងរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់? តើក្នុងកិច្ចការណាខ្លះ ដែលអ្នករស់នៅមិនស្របតាមព្រះបន្ទូលរបស់ទ្រង់? ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់ គ្មានឥទ្ធិពលទាំងស្រុងលើអ្នកទេ តើក្នុងចិត្ដរបស់អ្នកកំពុងមានអ្វីឱ្យប្រាកដ? នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក តើអ្នកកំពុងត្រូវសាតាំងគ្រប់គ្រង ឬអ្នកកំពុងតែមានពេញដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់? តើព្រះបន្ទូលរបស់ទ្រង់ ជាមូលដ្ឋាននៃសេចក្ដីអធិស្ឋានរបស់អ្នកដែរឬទេ? តើអ្នកបានចេញផុតពីភាវៈអគតិ តាមរយៈការបំភ្លឺពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយមែនទេ? ការយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកធ្វើជាមូលដ្ឋាននៃវត្ដមានជីវិតរបស់អ្នកនេះហើយ គឺជាអ្វីដែលគ្រប់គ្នាគួរយកមកអនុវត្តក្នុងជីវិត។ ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនស្ថិតក្នុងជីវិតរបស់អ្នកទេ នោះអ្នកកំពុងតែរស់នៅក្រោមឥទ្ធិពលនៃភាពងងឹតហើយ អ្នកកំពុងតែបះបោរទាស់នឹងព្រះជាម្ចាស់ អ្នកកំពុងតែតតាំងនឹងទ្រង់ ហើយអ្នកកំពុងបន្ទាបបន្ថោកព្រះនាមរបស់ទ្រង់ហើយ។ ជំនឿដែលមនុស្សបែបនេះមានចំពោះព្រះជាម្ចាស់ គឺជាការបំភាន់ និងជាការរំខានសុទ្ធសាធ។ តើជីវិតរបស់អ្នកបានរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនប៉ុនណាហើយ? តើជីវិតរបស់អ្នក មិនបានរស់នៅស្របតាមព្រះបន្ទូលរបស់ទ្រង់ ច្រើនប៉ុនណា? តើព្រះបន្ទូលដែលព្រះជាម្ចាស់តម្រូវពីអ្នក សម្រេចបានច្រើនប៉ុនណាហើយ? តើព្រះបន្ទូលដែលនៅក្នុងអ្នក បានបាត់បង់អស់ច្រើនប៉ុនណាហើយ? តើអ្នកបានពិចារណាអំពីសេចក្ដីទាំងនេះ ឱ្យបានដិតដល់ទេ?

ការគេចចេញពីឥទ្ធិពលនៃសេចក្ដីងងឹត ទាមទារឱ្យមានទាំងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ទាំងកិច្ចសហប្រតិបត្តិការប្ដូរផ្ដាច់របស់មនុស្ស។ ហេតុអ្វីបានជាខ្ញុំពោលថា មនុស្សមិនដើរលើផ្លូវត្រូវ? មនុស្សដែលកំពុងតែដើរលើផ្លូវត្រឹមត្រូវ ដំបូងគេអាចថ្វាយដួងចិត្ដរបស់ខ្លួនទៅព្រះជាម្ចាស់។ នេះជាគឺជាភារកិច្ចមួយដែលត្រូវចំណាយពេលវេលាយូរ ដើម្បីយកមកអនុវត្ត ដ្បិតមនុស្សលោកតែងតែរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត ហើយក៏បានឋិតនៅក្រោមចំណងរបស់អារក្សសាតាំងរាប់ពាន់ឆ្នាំដែរ។ ដូចនេះ ការចូលក្នុងផ្លូវនេះ មិនអាចសម្រេចបានត្រឹមតែមួយថ្ងៃ ឬពីរថ្ងៃនោះឡើយ។ ថ្ងៃនេះ ខ្ញុំលើកពីបញ្ហានេះឡើយ ដើម្បីឱ្យមនុស្សអាចទទួលបានការយល់ដឹងអំពីភាវៈរបស់ខ្លួន នៅពេលដែលមនុស្សលោកអាចដឹងថា អ្វីទៅជាឥទ្ធិពលនៃភាពងងឹត និងដឹងអំពីអត្ថន័យនៃការរស់នៅក្នុងពន្លឺហើយ នោះការចូលក្នុងផ្លូវនេះ ក៏កាន់តែងាយស្រួលដែរ។ នេះដោយសារតែអ្នកត្រូវដឹងថា អ្វីជាឥទ្ធិពលរបស់សាតាំង មុនពេលដែលអ្នកអាចគេចផុតពីវា មានតែក្រោយពេលដែលអ្នកបានដឹង ទើបអ្នកមានវិធីបណ្ដេញវាចេញ។ អ្វីដែលត្រូវធ្វើបន្ទាប់ទៀតនោះ គឺជាកិច្ចការដែលមនុស្សត្រូវធ្វើខ្លួនឯង។ ចូរយកកិច្ចការគ្រប់យ៉ាងមកអនុវត្ត ដោយចាប់ផ្ដើមពីគំនិតវិជ្ជមាន ហើយកុំរង់ចាំ ដោយមិនធ្វើអ្វីសោះឡើយ។ មានតែវិធីនេះទេ ទើបអាចឱ្យព្រះជាម្ចាស់ទទួលយកអ្នកបាន។

ខាង​ដើម៖ ភាពខុសគ្នាដ៏សំខាន់រវាងព្រះដែលយកកំណើតជាមនុស្ស និងមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់

បន្ទាប់៖ មនុស្សត្រូវតែផ្ដោតលើភាពជាក់ស្ដែងនៅក្នុងសេចក្ដីជំនឿ ពោលគឺការប្រណិប័តន៍តាមពិធីសាសនា មិនមែនជាជំនឿទេ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ