ភាពខុសគ្នាដ៏សំខាន់រវាងព្រះដែលយកកំណើតជាមនុស្ស និងមនុស្សដែលត្រូវបានព្រះជាម្ចាស់ប្រើ

ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានកំពុងតែស្វែងរកអស់រយៈពេលជាច្រើនឆ្នាំ កាលទ្រង់ធ្វើការនៅលើផែនដី ហើយព្រះជាម្ចាស់ក៏បានប្រើមនុស្សជាច្រើនផងដែរ ដើម្បីធ្វើកិច្ចការរបស់ទ្រង់នៅគ្រប់យុគសម័យកាល។ ប៉ុន្តែ សម្រាប់ពេលទាំងអស់នេះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនបានរកឃើញកន្លែងសម្រាកដ៏សមគួរមួយនោះឡើយ ជាហេតុនាំឲ្យព្រះជាម្ចាស់ផ្លាស់ប្ដូរមនុស្សផ្សេងៗនៅក្នុងចំណោមពួកគេ ដើម្បីធ្វើកិច្ចការរបស់ទ្រង់​។ សរុបមក កិច្ចការរបស់ទ្រង់ត្រូវបានសម្រេច តាមរយៈមនុស្ស។ អាចនិយាយបានថា សម្រាប់ប៉ុន្មានឆ្នាំមកនោះ កិច្ចការរបស់ព្រះជាម្ចាស់មិនដែលឈប់សោះឡើយ ប៉ុន្តែ កិច្ចការរបស់ទ្រង់ត្រូវបានអនុវត្តបន្តនៅក្នុងមនុស្ស រហូតមកដល់ពេលសព្វថ្ងៃ។ ទោះបីព្រះជាម្ចាស់បានមានបន្ទូលជាច្រើន និងបានធ្វើកិច្ចការជាច្រើនក៏ដោយ ក៏មនុស្សនៅតែមិនស្គាល់ទ្រង់ដដែល ហើយទាំងអស់នេះគឺដោយសារតែព្រះជាម្ចាស់មិនដែលបង្ហាញអង្គទ្រង់ឲ្យមនុស្សបានឃើញ និងក៏ដោយសារតែទ្រង់គ្មានទម្រង់មួយពិតជាក់ស្ដែងផងដែរ។ ដូច្នេះហើយបានជាព្រះជាម្ចាស់ត្រូវតែសម្រេចកិច្ចការនេះ ដែលជាកិច្ចការនៃការនាំមនុស្សទាំងអស់ឲ្យស្គាល់ពីភាពសំខាន់ជាក់ស្ដែងអំពីព្រះជាម្ចាស់ដ៏ពិត។ ដើម្បីសម្រេចកិច្ចការនេះបាន ព្រះជាម្ចាស់ត្រូវតែបើកសម្ដែងព្រះវិញ្ញាណរបស់ទ្រង់នៅក្នុងភាពជាមនុស្សពិតៗ និងធ្វើកិច្ចការរបស់ទ្រង់នៅកណ្ដាលចំណោមពួកគេ។ មានតែពេលដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យកទម្រង់ជាមនុស្ស ដោយពាក់សាច់ និងឆ្អឹង ហើយដើរនៅក្នុងចំណោមមនុស្ស រួមដំណើរជាមួយពួកគេនៅក្នុងជីវិតរបស់គេ ពេលខ្លះ បង្ហាញខ្លួន ហើយពេលខ្លះទៀត លាក់អង្គទ្រង់ទេ ទើបមនុស្សអាចមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីទ្រង់។ ប្រសិនបើព្រះជាម្ចាស់បន្តនៅក្នុងសាច់ឈាម នោះទ្រង់នឹងមិនអាចសម្រេចកិច្ចការរបស់ទ្រង់បានទាំងស្រុងឡើយ។ ក្រោយពេលធ្វើការនៅក្នុងសាច់ឈាមអស់ពេលមួយរយៈ ដើម្បីធ្វើព័ន្ធកិច្ចដែលត្រូវសម្រេចនៅក្នុងសាច់ឈាមរួច ព្រះជាម្ចាស់នឹងត្រូវចាកចេញពីសាច់ឈាម ហើយធ្វើការនៅក្នុងពិភពខាងវិញ្ញាណក្នុងរូបភាពនៃសាច់ឈាម ដូចដែលព្រះយេស៊ូវបានធ្វើ ក្រោយពេលទ្រង់បានធ្វើការមួយរយៈនៅក្នុងភាពជាមនុស្សសាមញ្ញ ហើយបានបញ្ចប់គ្រប់កិច្ចការដែលទ្រង់ត្រូវសម្រេច។ ឯងរាល់គ្នាប្រហែលចងចាំអំពីបទគម្ពីរនេះដែលដកស្រង់ចេញពី “ផ្លូវ... (៥)”៖ “ទូលបង្គំនឹកចាំអំពីព្រះវរបិតានៃទូលបង្គំដែលមានបន្ទូលមកទូលបង្គំថា ‘នៅលើផែនដី ចូរព្យាយាមធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតារបស់ឯង ហើយសម្រេចមហាបេសកកម្មរបស់ទ្រង់ចុះ។ អ្វីផ្សេងទៀតមិនសំខាន់ចំពោះឯងឡើយ។’” តើឯងមើលឃើញអ្វីខ្លះនៅក្នុងបទគម្ពីរនេះ? នៅពេលដែលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់ធ្វើតែកិច្ចការណាដែលស្ថិតនៅក្នុងភាពជាព្រះប៉ុណ្ណោះ ហើយនោះជាអ្វីដែលព្រះវិញ្ញាណនៃស្ថានសួគ៌បានផ្ទុកផ្ដាក់ដល់ព្រះដែលយកកំណើតជាមនុស្ស។ នៅពេលដែលទ្រង់យាងមក ទ្រង់គ្រាន់តែប្រកាសព្រះបន្ទូលនៅទូទាំងទឹកដី ថ្លែងព្រះសូរសៀងរបស់ទ្រង់ តាមរយៈមធ្យោបាយផ្សេងៗ និងចេញពីទិដ្ឋភាពផ្សេងៗប៉ុណ្ណោះ។ ទ្រង់យកការផ្គត់ផ្គត់តម្រូវការរបស់មនុស្ស និងការបង្រៀនមនុស្ស ជាគោលដៅ និងជាគោលការណ៍ការងាររបស់ទ្រង់ ហើយទ្រង់មិនខ្វល់ជាមួយកិច្ចការផ្សេងទៀត ដូចជា ទំនាក់ទំនងអន្តរបុគ្គល ឬសេចក្តីលម្អិតនៃជីវិតរបស់មនុស្សឡើយ។ ព័ន្ធកិច្ចចម្បងរបស់ទ្រង់ គឺជាការប្រកាសព្រះបន្ទូល ជំនួសឲ្យព្រះវិញ្ញាណ។ នៅពេលដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បង្ហាញអង្គទ្រង់នៅក្នុងសាច់ឈាម ទ្រង់គ្រាន់តែបំពេញដល់តម្រូវការនៃជីវិតរបស់មនុស្ស និងប្រកាសនូវសេចក្តីពិតប៉ុណ្ណោះ។ ទ្រង់មិនបានពាក់ព័ន្ធនៅក្នុងកិច្ចការរបស់មនុស្សឡើយ គឺអាចនិយាយបានថា ទ្រង់មិនចូលរួមនៅក្នុងកិច្ចការរបស់មនុស្សជាតិទេ។ មនុស្សមិនអាចធ្វើកិច្ចការរបស់ព្រះ ហើយព្រះជាម្ចាស់មិនពាក់ព័ន្ធនៅក្នុងកិច្ចការរបស់មនុស្ស។ ប៉ុន្មានឆ្នាំ តាំងពីព្រះជាម្ចាស់បានយាងមកផែនដី ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ព្រះអង្គតែងតែធ្វើវា តាមរយៈមនុស្ស។ យ៉ាងណាមិញ មនុស្សទាំងនេះមិនអាចត្រូវបានចាត់ទុកដូចជាព្រះដែលយកកំណើតជាមនុស្សឡើយ គឺគ្រាន់តែជាមនុស្សដែលត្រូវបានព្រះជាម្ចាស់ប្រើប្រាស់ប៉ុណ្ណោះ។ នៅគ្រាដដែលនោះ ព្រះជាម្ចាស់នៃថ្ងៃនេះអាចមានបន្ទូលដោយផ្ទាល់ចេញពីទិដ្ឋភាពនៃភាពជាព្រះ ប្រកាសអំពីព្រះសូរសៀង និងការធ្វើការរបស់ព្រះវិញ្ញាណ ជំនួសឲ្យព្រះវិញ្ញាណ។ អស់អ្នកដែលព្រះជាម្ចាស់បានប្រើនៅទូទាំងយុគសម័យកាល គឺដូចជាឧទាហរណ៍នៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលកំពុងតែធ្វើការនៅក្នុងរូបកាយខាងសាច់ឈាមដូច្នេះដែរ។ ហេតុអ្វីបានជាពួកគេមិនអាចត្រូវបានហៅថាជាព្រះជាម្ចាស់ទៅ? ប៉ុន្តែ ព្រះជាម្ចាស់នៃថ្ងៃនេះក៏ជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលកំពុងធ្វើការដោយផ្ទាល់នៅក្នុងសាច់ឈាមផងដែរ ហើយព្រះយេស៊ូវក៏ជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលកំពុងធ្វើការនៅក្នុងសាច់ឈាមផងដែរ  ដូច្នេះ ព្រះអង្គទាំងពីរក៏ត្រូវបានហៅថាជាព្រះជាម្ចាស់ផងដែរ។ តើវាមានលក្ខណៈខុសគ្នាយ៉ាងដូចម្ដេចទៅ? មនុស្សដែលព្រះជាម្ចាស់បានប្រើប្រាស់នៅទូទាំងយុគសម័យកាល សុទ្ធតែមានសមត្ថភាពចេះគិត និងត្រិះរិះពិចារណាតាមធម្មតា។ ពួកគេទាំងអស់គ្នាបានយល់អំពីគោលការណ៍នៃការប្រព្រឹត្តរបស់មនុស្ស។ ពួកគេមានគំនិតជាមនុស្សសាមញ្ញ ហើយក៏មានអ្វីៗគ្រប់យ៉ាងដែលមនុស្សសាមញ្ញគួរតែមានផងដែរ។ ពួកគេភាគច្រើនមាននូវទេពកោសល្យ និងបញ្ញាវាងវៃអស្ចារ្យ។ ដើម្បីធ្វើឲ្យមនុស្សទាំងនេះគ្រប់លក្ខណ៍ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ប្រើប្រាស់ទេពកោសល្យរបស់គេ ដែលជាព្រះអំណោយទានដែលព្រះជាម្ចាស់ប្រទានឲ្យ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ប្រើប្រាស់ទេពកោសល្យរបស់គេ ប្រើប្រាស់ចំណុចខ្លាំងរបស់គេ ដើម្បីបម្រើព្រះជាម្ចាស់។ ប៉ុន្តែ សារជាតិរបស់ព្រះជាម្ចាស់ដែលគ្មានគំនិត ឬយោបល់នោះ បែរជាត្រូវធ្វើឲ្យខូច ដោយសារតែចេតនារបស់មនុស្ស ហើយថែមទាំងខ្វះនូវអ្វីដែលមនុស្សសាមញ្ញមានទៅវិញ។ គឺអាចនិយាយបានថា ទ្រង់មិនធ្លាប់ស្គាល់គោលការណ៍នៃការប្រព្រឹត្តរបស់មនុស្សឡើយ។ នេះជាលក្ខណៈរបស់ទ្រង់ នៅពេលដែលព្រះជាម្ចាស់នៃថ្ងៃនេះយាងមកកាន់ផែនដី។ កិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ ត្រូវបានធ្វើឲ្យខូចដោយសារតែចេតនា ឬគំនិតរបស់មនុស្ស ប៉ុន្តែ វាជាការស្ដែងចេញដោយផ្ទាល់អំពីចេតនារបស់ព្រះវិញ្ញាណ ហើយទ្រង់ធ្វើការដោយផ្ទាល់ ជំនួសឲ្យព្រះជាម្ចាស់។ នេះមានន័យថា ព្រះវិញ្ញាណមានបន្ទូលដោយផ្ទាល់ និងមានន័យថា ភាពជាព្រះធ្វើកិច្ចការដោយផ្ទាល់ ដោយគ្មានលាយឡំជាមួយចេតនារបស់មនុស្ស សូម្បីតែបន្តិចនោះឡើយ។ នៅក្នុងន័យម្យ៉ាងទៀត ព្រះដែលយកកំណើតជាមនុស្សតំណាងដោយផ្ទាល់នូវភាពជាព្រះ ដោយគ្មានគំនិត ឬយោបល់របស់មនុស្សឡើយ ហើយក៏គ្មានការយល់ដឹងអំពីគោលការណ៍នៃការប្រព្រឹត្តរបស់មនុស្សផងដែរ។ បើភាពជាព្រះមិនធ្វើការទេ (មានន័យថា បើព្រះជាម្ចាស់ផ្ទាល់មិនធ្វើការទេ) នោះវានឹងគ្មានផ្លូវឲ្យកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានអនុវត្តនៅលើផែនដីនោះឡើយ។ ដូច្នេះ នៅពេលដែលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់ត្រូវតែមានមនុស្សមួយក្រុមតូចដែលទ្រង់អាចប្រើប្រាស់ ដើម្បីធ្វើការនៅក្នុងភាពជាមនុស្ស ទន្ទឹមជាមួយកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងភាពជាព្រះ។ នៅក្នុងន័យម្យ៉ាងទៀត ទ្រង់ប្រើប្រាស់កិច្ចការរបស់មនុស្ស ដើម្បីគាំទ្រដល់កិច្ចការជាព្រះរបស់ទ្រង់។ បើមិនដូច្នេះទេ វានឹងគ្មានផ្លូវដែលមនុស្សអាចធ្វើកិច្ចការរបស់ព្រះដោយផ្ទាល់បានឡើយ។ នេះជាលក្ខណៈធ្វើការរបស់ព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់។ ក្នុងពេលដែលទ្រង់គង់នៅក្នុងពិភពលោក ព្រះយេស៊ូវបានលុបបំបាត់ចោលក្រឹត្យវិន័យចាស់ៗ ហើយបង្កើតនូវបទបញ្ញត្តិថ្មីៗ។ ទ្រង់ក៏មានបន្ទូលជាច្រើនផងដែរ។ គ្រប់កិច្ចការទាំងអស់នេះត្រូវបានសម្រេចនៅក្នុងភាពជាព្រះ។ អ្នកផ្សេងទៀត ដូចជា ពេត្រុស ប៉ុល និងយ៉ូហាន សុទ្ធតែសង់កិច្ចការជាបន្តបន្ទាប់របស់ពួកគេពីលើគ្រឹះមូលដ្ឋាននៃព្រះបន្ទូលរបស់ព្រះយេស៊ូវប៉ុណ្ណោះ។ គឺអាចនិយាយបានថា ព្រះជាម្ចាស់បានផ្ដើមនូវកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនោះ ដោយនាំមកនូវទីចាប់ផ្ដើមនៃយុគសម័យនៃព្រះគុណ។ ទ្រង់បាននាំមកនូវយុគសម័យមួយថ្មី លុបបំបាត់អ្វីដែលចាស់ ហើយក៏សម្រេចតាមព្រះបន្ទូលដែលចែងថា “ព្រះជាម្ចាស់ជាដើមដំបូង និងជាទីបញ្ចប់។” នៅក្នុងន័យម្យ៉ាងទៀត មនុស្សត្រូវតែធ្វើកិច្ចការរបស់មនុស្សនៅពីលើគ្រឹះមូលដ្ឋាននៃកិច្ចការរបស់ព្រះ។ នៅពេលដែលព្រះយេស៊ូវបានមានបន្ទូលគ្រប់យ៉ាងដែលទ្រង់ត្រូវមានបន្ទូល និងបានបង្ហើយកិច្ចការរបស់ទ្រង់នៅលើផែនដីរួចហើយ ទ្រង់ក៏ចាកចេញពីមនុស្ស​។ ក្រោយមក មនុស្សទាំងអស់ធ្វើការស្របតាមគោលការណ៍ដែលបានបង្ហាញនៅក្នុងព្រះបន្ទូលរបស់ទ្រង់ និងបានអនុវត្តស្របតាមសេចក្តីពិតដែលទ្រង់បានមានបន្ទូល។ មនុស្សទាំងអស់នេះបានធ្វើការសម្រាប់ព្រះយេស៊ូវ។ ប្រសិនបើព្រះយេស៊ូវធ្វើការនេះតែអង្គទ្រង់ នោះទោះបីទ្រង់មានបន្ទូលច្រើនប៉ុនណា ក៏មនុស្សគ្មានផ្លូវនឹងយល់អំពីព្រះបន្ទូលទ្រង់នោះដែរ ដោយសារតែទ្រង់កំពុងតែធ្វើការនៅក្នុងភាពជាព្រះ ហើយអាចមានបន្ទូលនៃភាពជាព្រះប៉ុណ្ណោះ ហើយទ្រង់មិនអាចពន្យល់ដល់ចំណុចមួយដែលមនុស្សសាមញ្ញអាចយល់ព្រះបន្ទូលរបស់ទ្រង់បានឡើយ។ ដូច្នេះហើយបានជាទ្រង់ត្រូវមានពួកសាវ័ក និងពួកហោរា ដែលបានមកតាមក្រោយទ្រង់ ដើម្បីជួយបំពេញបន្ថែមដល់កិច្ចការរបស់ទ្រង់។ នេះជាគោលការណ៍អំពីរបៀបដែលព្រះយកកំណើតជាមនុស្សធ្វើកិច្ចការរបស់ទ្រង់ គឺប្រើប្រាស់សាច់ឈាមជាមនុស្ស ដើម្បីមានបន្ទូល និងធ្វើការទៅសម្រេចកិច្ចការនៃភាពជាព្រះ ហើយបន្ទាប់មក ប្រើប្រាស់មនុស្សពីរបី ឬប្រហែលច្រើននាក់ ដែលជាសំណព្វរបស់ព្រះជាម្ចាស់ ដើម្បីបំពេញបន្ថែមដល់កិច្ចការរបស់ទ្រង់។ ព្រះជាម្ចាស់ប្រើប្រាស់មនុស្សដែលជាសំណព្វព្រះទ័យទ្រង់ ដើម្បីធ្វើកិច្ចការនៃការមើលថែ និងការផ្ដល់ទឹកនៅក្នុងភាពជាមនុស្ស ដើម្បីឲ្យពួកជ្រើសតាំងរបស់ព្រះជាម្ចាស់អាចយល់អំពីតថភាពនៃសេចក្តីពិត​។

នៅពេលដែលទ្រង់បានយាងមកក្លាយជាសាច់ឈាម បើព្រះជាម្ចាស់ធ្វើតែកិច្ចការនៃភាពជាព្រះ ហើយគ្មានមនុស្សសំណព្វរបស់ទ្រង់ធ្វើការរួមជាមួយទ្រង់ទេ នោះមនុស្សនឹងគ្មានសមត្ថភាពយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬយល់ពីព្រះជាម្ចាស់នោះឡើយ។ ព្រះជាម្ចាស់ត្រូវតែប្រើប្រាស់មនុស្សសាមញ្ញ ដែលជាសំណព្វរបស់ទ្រង់ក្នុងការសម្រេចកិច្ចការនេះ ដែលជាមើលថែ និងឃ្វាលដល់ពួកជំនុំ ដើម្បីឲ្យកម្រិតនៃការយល់ដឹងរបស់មនុស្សអាចស្រមើស្រមៃឃើញ ហើយខួរក្បាលរបស់គេអាចយល់បាន។ នៅក្នុងន័យម្យ៉ាងទៀត ព្រះជាម្ចាស់ប្រើប្រាស់មនុស្សមួយក្រុមតុច ដែលជាសំណព្វរបស់ទ្រង់ ដើម្បី “បកស្រាយ” កិច្ចការដែលទ្រង់ធ្វើនៅក្នុងភាពជាព្រះរបស់ទ្រង់ ដូច្នេះ មនុស្សអាចយល់អំពីកិច្ចការរបស់ទ្រង់ ឬបំផ្លាស់បំប្រែភាសារបស់ព្រះឲ្យក្លាយជាភាសារបស់មនុស្ស ដើម្បីឲ្យមនុស្សអាចយល់បាន។ បើព្រះជាម្ចាស់មិនធ្វើបែបនេះទេ នោះនឹងគ្មាននរណាម្នាក់យល់ភាសារបស់ព្រះជាម្ចាស់ឡើយ ដោយសារតែមនុស្សសំណព្វរបស់ព្រះ គឺជាចំនួនមួយក្រុមតូច ហើយសមត្ថភាពរបស់មនុស្សក្នុងការយល់ភាសារបស់ព្រះ ក៏នៅខ្សោយទៀត។ នោះជាហេតុផលដែលព្រះជាម្ចាស់ជ្រើសរើសវិធីសាស្ត្រនេះ នៅពេលដែលទ្រង់ធ្វើការនៅក្នុងសាច់ឈាមជាមនុស្សតែប៉ុណ្ណោះ។ បើមានតែកិច្ចការនៃព្រះ នោះវានឹងគ្មានផ្លូវដែលមនុស្សអាចដឹង ឬយល់អំពីព្រះជាម្ចាស់បានឡើយ ដោយសារតែមនុស្សមិនយល់ភាសារបស់ព្រះជាម្ចាស់ឡើយ។ មនុស្សអាចយល់ភាសានេះបាន លុះត្រាតែតាមរយៈភ្នាក់ងារនៃមនុស្សសំណព្វរបស់ព្រះជាម្ចាស់ ដែលធ្វើការបកស្រាយបញ្ជាក់ពីព្រះបន្ទូលរបស់ទ្រង់។ យ៉ាងណាមិញ បើមានតែមនុស្សបែបនេះធ្វើការនៅក្នុងភាពជាមនុស្ស វាអាចបន្តនៅក្នុងជីវិតសាមញ្ញរបស់មនុស្សតែប៉ុណ្ណោះ ប៉ុន្តែ វាមិនអាចបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្សបានឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់មិនអាចមានទីចាប់ផ្ដើមថ្មីទេ ហើយវានឹងមានតែបទចម្រៀងចាស់ៗដដែលៗ គួរឲ្យធុញទ្រាន់ប៉ុណ្ណោះ។ មានតែតាមរយៈភ្នាក់ងារនៃព្រះដែលយកកំណើតជាមនុស្ស ដែលមានបន្ទូលនូវអ្វីៗគ្រប់យ៉ាងដែលត្រូវថ្លែង និងធ្វើអ្វីៗគ្រប់យ៉ាងដែលត្រូវធ្វើ ក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សរបស់ទ្រង់ ហើយក្រោយមក មនុស្សធ្វើការ និងដកពិសោធន៍ ស្របតាមព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ ទើបនិស្ស័យរបស់ពួកគេនឹងអាចផ្លាស់ប្រែ និងអាចហូរទៅតាមពេលវេលា។ ទ្រង់ដែលធ្វើការនៅក្នុងភាពជាព្រះ តំណាងឲ្យព្រះជាម្ចាស់ ឯងអ្នកដែលធ្វើការនៅក្នុងភាពជាមនុស្ស គឺជាមនុស្សដែលព្រះជាម្ចាស់ប្រើប្រាស់។ គឺអាចនិយាយបានថា ព្រះដែលយកកំណើតជាមនុស្សមានលក្ខណៈខុសគ្នាដ៏ធំពីមនុស្សដែលព្រះជាម្ចាស់បានប្រើប្រាស់។ ព្រះដែលយកកំណើតជាមនុស្សអាចធ្វើកិច្ចការនៃភាពជាព្រះ ខណៈឯមនុស្សដែលត្រូវបានព្រះជាម្ចាស់ប្រើប្រាស់ មិនអាចធ្វើកិច្ចការនេះបានឡើយ។ នៅដើមដំបូងនៃយុគសម័យនីមួយៗ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មានបន្ទូលដោយផ្ទាល់ ហើយផ្ដើមឡើងនូវយុគសម័យថ្មី ដើម្បីនាំមនុស្សចូលទៅក្នុងទីចាប់ផ្ដើមមួយថ្មី។ នៅពេលដែលទ្រង់បានមានបន្ទូលចប់ហើយ ការនេះជាសញ្ញាបញ្ជាក់ថា កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងភាពជាភាពក៏ត្រូវបានបញ្ចប់ផងដែរ។ ក្រោយមក មនុស្សទាំងអស់ដែលដើរតាមបុគ្គលដែលព្រះជាម្ចាស់បានប្រើប្រាស់ ក៏ទទួលបានបទពិសោធន៍ជីវិតរបស់គេផងដែរ។ ដូចគ្នាផងដែរ ការនេះក៏ជាដំណាក់កាលមួយដែលព្រះជាម្ចាស់នាំមនុស្សចូលទៅក្នុងយុគសម័យថ្មី និងប្រទានឲ្យមនុស្សនូវទីចាប់ផ្ដើមថ្មីផងដែរ ដ្បិតនេះជាពេលមួយដែលកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមត្រូវបានបិទបញ្ចប់។

ព្រះជាម្ចាស់មិនយាងមកផែនដី ដើម្បីធ្វើឲ្យភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ទៅជាគ្រប់លក្ខណ៍ឡើយ ហើយទ្រង់ក៏មិនធ្វើកិច្ចការនៃភាពជាមនុស្សសាមញ្ញនោះដែរ។ ទ្រង់យាងមក ដើម្បីធ្វើកិច្ចការនៃភាពជាព្រះនៅក្នុងភាពជាមនុស្សសាមញ្ញប៉ុណ្ណោះ។ អ្វីដែលព្រះជាម្ចាស់មានបន្ទូលចេញពីភាពជាមនុស្សសាមញ្ញ មិនដូចអ្វីដែលមនុស្សស្រមៃនោះឡើយ។ មនុស្សដាក់និយមន័យពាក្យ “ភាពជាមនុស្សសាមញ្ញ” ថាជាការមានប្រពន្ធ ឬប្ដី និងមានកូនប្រុសកូនស្រី។ នេះជាភស្តុតាងដែលបង្ហាញថា មនុស្សម្នាក់ជាមនុស្សសាមញ្ញ។ យ៉ាងណាមិញ ព្រះជាម្ចាស់មិនទតឃើញបែបនេះឡើយ។ ទ្រង់ទតឃើញភាពជាមនុស្សសាមញ្ញ ជាការមានគំនិតជាមនុស្សសាមញ្ញ ជាការមានជីវិតជាមនុស្សសាមញ្ញ និងជាការកើតចេញពីមនុស្សសាមញ្ញ​។ ប៉ុន្តែ ភាពសាមញ្ញរបស់ទ្រង់មិនរួមបញ្ចូលការមានប្រពន្ធ ឬប្ដី និងការមានកូន ដោយស្របទៅតាមរបៀបដែលមនុស្សនិយាយអំពីភាពសាមញ្ញនោះឡើយ។ ចំពោះមនុស្ស អ្វីដែលព្រះជាម្ចាស់មានបន្ទូលអំពីភាពជាមនុស្សសាមញ្ញនេះ គឺជាអ្វីដែលមនុស្សចាត់ទុកថានៅខ្វះភាពជាមនុស្សនៅឡើយ សឹងតែខ្វះនូវអារម្មណ៍ និងហាក់ដូចជាគ្មានតម្រូវការខាងសាច់ឈាម ដូចជាព្រះយេស៊ូវ ដែលមានសំបកក្រៅជាមនុស្សសាមញ្ញ និងយករូបរាងជាមនុស្សសាមញ្ញ ប៉ុន្តែ នៅក្នុងសារជាតិទ្រង់វិញ គ្មានសោះឡើយនូវអ្វីដែលមនុស្សសាមញ្ញគួរតែមាន។ ចេញពីទស្សនៈនេះ មនុស្សមើលឃើញថា សារជាតិរបស់ព្រះដែលយកកំណើតជាមនុស្សមិនមានភាពទាំងស្រុងនៃភាពជាមនុស្សសាមញ្ញឡើយ ប៉ុន្តែ គ្រាន់តែមាននូវផ្នែកមួយនៃអ្វីៗដែលមនុស្សគួរតែមានប៉ុណ្ណោះ ដើម្បីគាំទ្រដល់ជីវិតប្រចាំថ្ងៃរបស់មនុស្សសាមញ្ញ និងទ្រទ្រង់ដល់អំណាចនៃការត្រិះរិះពិចារណារបស់មនុស្សសាមញ្ញ។ ប៉ុន្តែ ចំណុចទាំងនេះគ្មានពាក់ព័ន្ធជាមួយអ្វីដែលមនុស្សចាត់ទុកជាភាពជាមនុស្សសាមញ្ញនោះឡើយ។ វាជាអ្វីដែលព្រះយកកំណើតជាមនុស្សគួរតែមាន។ យ៉ាងណាមិញ មនុស្សនៅតែបន្តនិយាយថា ព្រះដែលយកកំណើតជាមនុស្សអាចមានភាពជាមនុស្សសាមញ្ញបាន លុះត្រាតែទ្រង់មានប្រពន្ធ មានកូនប្រុសស្រី និងមានក្រុមគ្រួសារ ហើយបើទ្រង់គ្មានអ្វីៗទាំងនេះទេ ពួកគេនិយាយថា ទ្រង់មិនមែនជាមនុស្សសាមញ្ញឡើយ។ អញចង់សួរឯងថា “តើព្រះជាម្ចាស់មានប្រពន្ធទេ? តើព្រះជាម្ចាស់អាចមានប្ដីទេ? តើព្រះជាម្ចាស់អាចមានកូនដែរឬទេ?” តើទាំងនេះមិនមែនជាជំនឿខុសឆ្គងទេឬអី? ប៉ុន្តែ ព្រះដែលយកកំណើតជាមនុស្សមិនអាចយាងចេញពីប្រហោងថ្មប្រេះ ឬធ្លាក់ចុះពីលើមេឃទេ។ ទ្រង់អាចប្រសូតមកចូលក្នុងគ្រួសារមនុស្សសាមញ្ញប៉ុណ្ណោះ។ នោះជាហេតុផលដែលទ្រង់មានឪពុកម្ដាយ និងប្អូនស្រីៗ។ នេះជាចំណុចដែលភាពជាមនុស្សសាមញ្ញរបស់ព្រះដែលយកកំណើតជាមនុស្សគួរតែមាន។ ហើយនេះជាករណីរបស់ព្រះយេស៊ូវ ដ្បិតទ្រង់មានឪពុកម្ដាយ ប្អូនស្រី និងប្អូនប្រុស ហើយអ្វីៗទាំងអស់នេះ គឺជាភាពសាមញ្ញ។ ប៉ុន្តែ បើទ្រង់មានប្រពន្ធ និងកូនប្រុសស្រី នោះទ្រង់នឹងមិនមានភាពជាមនុស្សសាមញ្ញដែលព្រះជាម្ចាស់មានគោលបំណងសម្រាប់ព្រះដែលយកកំណើតជាមនុស្ស ឲ្យមាននោះឡើយ។ បើបែបនេះមែន នោះទ្រង់នឹងមិនអាចធ្វើការជំនួសឲ្យភាពជាព្រះបានឡើយ។ ប៉ុន្តែ ជាក់ស្ដែង ដោយសារតែទ្រង់គ្មានប្រពន្ធ ឬកូន ហើយកើតចេញពីមនុស្សសាមញ្ញ ចូលក្នុងគ្រួសារសាមញ្ញ ដូច្នេះ ទ្រង់អាចធ្វើកិច្ចការនៃភាពជាព្រះបាន។ ដើម្បីបញ្ជាក់ការនេះឲ្យកាន់តែច្បាស់ អ្វីដែលព្រះជាម្ចាស់ចាត់ទុកជាមនុស្សសាមញ្ញ គឺជាមនុស្សដែលកើតចូលក្នុងគ្រួសារសាមញ្ញមួយ។ មានតែមនុស្សបែបនេះទេ ទើបមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីធ្វើកិច្ចការរបស់ព្រះ។ នៅក្នុងន័យម្យ៉ាងទៀត បើមនុស្សមានប្រពន្ធ កូន ឬប្ដី មនុស្សនោះនឹងមិនអាចធ្វើកិច្ចការនៃព្រះបានឡើយ ព្រោះថាពួកគេនឹងមានតែភាពជាមនុស្សសាមញ្ញដែលមនុស្សទាមទារ ប៉ុន្តែ មែនមែនជាភាពជាមនុស្សសាមញ្ញដែលព្រះជាម្ចាស់ទាមទារនោះឡើយ។ ការនោះត្រូវបានតម្រូវទុកដោយព្រះជាម្ចាស់ ហើយអ្វីដែលមនុស្សយល់ ជារឿយៗ មានលក្ខណៈខុសគ្នាស្រឡះ។ នៅក្នុងដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នេះ មាននូវរឿងជាច្រើនដែលផ្ទុយ និងខុសគ្នាយ៉ាងខ្លាំងពីសញ្ញាណរបស់មនុស្ស។ គេអាចនិយាយបានថា ដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នេះផ្សំឡើងទាំងស្រុងចេញពីភាពជាព្រះកំពុងតែធ្វើការដោយផ្ទាល់ ដោយមានភាពជាមនុស្សដើរតួជំនួយ។ ដោយសារតែព្រះជាម្ចាស់យាងមកផែនដី ដើម្បីធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់ ជាជាងអនុញ្ញាតឲ្យមនុស្សលូកដៃធ្វើវា ដូច្នេះ ទ្រង់យកកំណើតជាមនុស្សនៅក្នុងសាច់ឈាមដោយផ្ទាល់ (នៅក្នុងមនុស្សសាមញ្ញមិនពេញលេញ) ដើម្បីធ្វើកិច្ចការរបស់ទ្រង់​។ ទ្រង់ប្រើប្រាស់ការយកកំណើតជាមនុស្សនេះ ដើម្បីបង្ហាញទៅកាន់មនុស្សជាតិនូវយុគសម័យមួយថ្មី ដើម្បីប្រាប់ដល់មនុស្សជាតិអំពីជំហានបន្ទាប់នៅក្នុងកិច្ចការរបស់ទ្រង់ និងដើម្បីសុំឲ្យមនុស្សអនុវត្តតាមផ្លូវដែលបានពណ៌នានៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ជារួមមក នេះជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម។ ទ្រង់រៀបនឹងចាកចេញពីមនុស្សជាតិ លែងគង់នៅក្នុងសាច់ឈាមនៃភាពជាមនុស្សសាមញ្ញទៀតហើយ ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់ចាកចេញពីមនុស្ស ដើម្បីចាប់ផ្ដើមផ្នែកមួយទៀតនៃកិច្ចការរបស់ទ្រង់។ បន្ទាប់មក ទ្រង់ប្រើប្រាស់មនុស្សសំណព្វរបស់ទ្រង់ក្នុងចំណោមមនុស្សមួយក្រុមនេះ ដើម្បីបន្តកិច្ចការរបស់ទ្រង់នៅលើផែនដី ប៉ុន្តែ នៅក្នុងភាពជាមនុស្សរបស់គេ។

ព្រះដែលយកកំណើតជាមនុស្សមិនអាចបន្តនៅជាមួយមនុស្សជារៀងរហូតឡើយ ដោយសារតែព្រះជាម្ចាស់មានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។ ទ្រង់មិនអាចជាប់ជំពាក់ជាមួយសាច់ឈាមឡើយ។ ទ្រង់ត្រូវតែលះបង់សាច់ឈាមចោល ដើម្បីធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ ទោះបីជាទ្រង់ត្រូវធ្វើកិច្ចការនោះនៅក្នុងរូបភាពជាសាច់ឈាមក៏ដោយ។ នៅពេលដែលព្រះជាម្ចាស់យាងមកផែនដី ទ្រង់មិនរង់ចាំ រហូតដល់ទ្រង់បានដល់ទម្រង់មួយដែលមនុស្សសាមញ្ញគួរតែមាន មុនពេលការសុគត និងការចាកចេញពីមនុស្សជាតិនោះឡើយ។ មិនថាសាច់ឈាមរបស់ទ្រង់មានវ័យប៉ុនណានោះទេ នៅពេលដែលកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ នោះទ្រង់ត្រូវតែយាងចាកចេញពីមនុស្ស។ សម្រាប់ទ្រង់ វាគ្មានឡើយការមានវ័យចាស់នោះ ទ្រង់មិនបានរាប់ចំនួនថ្ងៃរបស់ទ្រង់ ស្របតាមអាយុកាលរបស់មនុស្សឡើយ ផ្ទុយទៅវិញ ទ្រង់បញ្ចប់ព្រះជន្មរបស់ទ្រង់នៅក្នុងសាច់ឈាម ស្របតាមជំហាននៃកិច្ចការរបស់ទ្រង់។ ប្រហែលមានមនុស្សខ្លះមានអារម្មណ៍ថា ការដែលយាងចូលក្នុងសាច់ឈាមបែបនេះ ព្រះជាម្ចាស់ត្រូវតែមានព្រះជន្មដល់កម្រិតមួយ ត្រូវតែធំធាត់ឡើងដល់ពេញវ័យ ចូលដល់វ័យចំណាស់ ហើយចាកចេញទៅ នៅពេលដែលរាងកាយនោះលែងដំណើរការ។ នេះជាការស្រមើស្រមៃរបស់មនុស្ស ប៉ុន្តែ ព្រះជាម្ចាស់មិនធ្វើការបែបនេះឡើយ។ ទ្រង់យាងចូលក្នុងសាច់ឈាម ដើម្បីធ្វើកិច្ចការដែលទ្រង់គួរតែធ្វើប៉ុណ្ណោះ ហើយទ្រង់មិនរស់នៅតាមបែបជាមនុស្សសាមញ្ញ ដែលកើតមកមានឪពុកម្ដាយ ធំធាត់ឡើង បង្កើតជាគ្រួសារ និងចាប់ផ្ដើមធ្វើការ មានកូន និងចិញ្ចឹមកូន ឬដកពិសោធន៍នូវការឡើងចុះនៃជីវិតនោះឡើយ។ ទាំងអស់នេះគឺជាសកម្មភាពរបស់មនុស្សសាមញ្ញ។ នៅពេលដែលព្រះជាម្ចាស់យាងមកផែនដី នេះជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលពាក់រូបកាយជាសាច់ឈាម យាងចូលក្នុងសាច់ឈាម ប៉ុន្តែ ព្រះជាម្ចាស់មិនរស់នៅជីវិតតាមបែបមនុស្សសាមញ្ញឡើយ។ ទ្រង់គ្រាន់តែយាងមក ដើម្បីសម្រេចផ្នែកមួយនៅក្នុងផែនការគ្រប់គ្រងរបស់ទ្រង់ប៉ុណ្ណោះ។ ក្រោយមក ទ្រង់នឹងត្រូវចាកចេញពីមនុស្សជាតិ។ នៅពេលដែលទ្រង់យាងចូលទៅក្នុងសាច់ឈាម ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនបានធ្វើឲ្យភាពជាមនុស្សសាមញ្ញខាងសាច់ឈាមនោះ បានគ្រប់លក្ខណ៍ឡើយ។ ផ្ទុយទៅវិញ នៅពេលកំណត់មួយដែលព្រះជាម្ចាស់បានតម្រូវទុកជាមុន ភាពជាព្រះត្រូវបន្តធ្វើការដោយផ្ទាល់វិញ។ ក្រោយពេលធ្វើគ្រប់កិច្ចការដែលទ្រង់ត្រូវធ្វើ និងបញ្ចប់ព័ន្ធកិច្ចរបស់ទ្រង់បានទាំងស្រុងហើយ ទើបកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅក្នុងដំណាក់កាលនេះត្រូវបានបញ្ចប់ ហើយវាក៏ជាចំណុចដែលព្រះជន្មរបស់ព្រះដែលយកកំណើតជាមនុស្ស ត្រូវបានបញ្ចប់ផងដែរ មិនថារូបកាយខាងសាច់ឈាមរបស់ទ្រង់បានរស់នៅដល់អាយុកាលយូរប៉ុនណានោះឡើយ។ គឺអាចនិយាយបានថា មិនថារូបកាយខាងសាច់ឈាមចូលដល់ដំណាក់កាលអ្វីនៃជីវិត មិនថាវារស់នៅលើផែនដីបានយូរប៉ុនណានោះឡើយ ប៉ុន្តែ អ្វីៗគ្រប់យ៉ាងត្រូវបានសម្រេចព្រះទ័យ ដោយកិច្ចការនៃព្រះវិញ្ញាណ។ វាគ្មានទាក់ទងជាមួយនឹងអ្វីដែលមនុស្សចាត់ទុកថាជាភាពជាមនុស្សសាមញ្ញនោះឡើយ។ សូមយកព្រះយេស៊ូវជាឧទាហរណ៍ទៅចុះ។ ទ្រង់បានរស់នៅក្នុងសាច់ឈាមរយៈពេលសាមសិបបីឆ្នាំកន្លះ។ ទាក់ទងនឹងអាយុកាលនៃរូបកាយជាមនុស្ស ទ្រង់មិនគួរសុគតនៅវ័យនេះឡើយ ហើយទ្រង់ក៏មិនគួរលាចាកលោកទៅបែបនេះនោះដែរ។ ប៉ុន្តែ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនខ្វល់អំពីរឿងនេះឡើយ។ កិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ នៅចំណុចដែលរូបកាយត្រូវបានដកបាត់ទៅ គឺបាត់រួមជាមួយព្រះវិញ្ញាណតែម្ដង។ នេះគឺជាគោលការណ៍ដែលព្រះជាម្ចាស់ធ្វើការនៅក្នុងសាច់ឈាម។ បើនិយាយឲ្យចំ ភាពជាមនុស្សរបស់ព្រះដែលយកកំណើតជាមនុស្ស មិនមានភាពសំខាន់ជាចម្បងឡើយ។ សូមបញ្ជាក់ម្ដងទៀតថា ទ្រង់យាងមកផែនដី មិនមែនដើម្បីរស់នៅជីវិតជាមនុស្សសាមញ្ញម្នាក់ឡើយ។ ជាដំបូង ទ្រង់មិនបានចាប់ផ្ដើមជីវិតជាមនុស្សសាមញ្ញ ហើយបន្ទាប់មក ចាប់ផ្ដើមធ្វើការនោះឡើយ។ ផ្ទុយទៅវិញ ពេលដែលទ្រង់ប្រសូតចូលក្នុងគ្រួសារមនុស្សសាមញ្ញភ្លាម ទ្រង់អាចធ្វើកិច្ចការនៃព្រះបានភ្លាម ហើយកិច្ចការនៃព្រះនេះ ជាកិច្ចការមួយដែលមិនប្រឡាក់ប្រឡូកជាមួយចេតនារបស់មនុស្ស មិនមែនជាកិច្ចការខាងសាច់ឈាម មិនស្របតាមផ្លូវនៃសង្គម ឬមិនពាក់ព័ន្ធនឹងគំនិត ឬសញ្ញាណរបស់មនុស្សឡើយ ហើយលើសពីនេះទៅទៀត វាមិនពាក់ព័ន្ធនឹងទស្សនវិជ្ជានៃការរស់នៅរបស់មនុស្សនោះឡើយ។ នេះគឺជាកិច្ចការដែលព្រះយកកំណើតជាមនុស្សមានគោលបំណងចង់ធ្វើ ហើយវាក៏ជាភាពសំខាន់ជាក់ស្ដែងនៃការយកកំណើតជាមនុស្សរបស់ទ្រង់ផងដែរ។ ព្រះជាម្ចាស់យាងចូលក្នុងសាច់ឈាម ជាចម្បង ដើម្បីធ្វើដំណាក់កាលមួយនៃកិច្ចការដែលត្រូវសម្រេចនៅក្នុងសាច់ឈាម ដោយមិនចាំបាច់ឆ្លងកាត់ដំណើរការមិនសំខាន់ផ្សេងទៀត ហើយសម្រាប់បទពិសោធន៍របស់មនុស្សសាមញ្ញ ទ្រង់មិនមាននោះឡើយ។ កិច្ចការដែលព្រះយកកំណើតជាមនុស្សត្រូវធ្វើ មិនរួមបញ្ចូលបទពិសោធន៍របស់មនុស្សសាមញ្ញនោះទេ។ ដូច្នេះ ព្រះជាម្ចាស់យាងចូលក្នុងសាច់ឈាមសម្រាប់ជាប្រយោជន៍នៃការសម្រេចកិច្ចការដែលទ្រង់ត្រូវសម្រេចនៅក្នុងសាច់ឈាមប៉ុណ្ណោះ។ អ្វីៗផ្សេងទៀតគ្មានពាក់ព័ន្ធជាមួយទ្រង់ឡើយ។ ទ្រង់មិនចាំបាច់ឆ្លងកាត់ដំណើរការដែលមិនសំខាន់ជាច្រើននោះទេ។ ពេលដែលកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ នោះភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ទ្រង់ ក៏ត្រូវបានបញ្ចប់ផងដែរ។ ការបញ្ចប់ដំណាក់កាលនេះ មានន័យថា កិច្ចការដែលទ្រង់ត្រូវធ្វើនៅក្នុងសាច់ឈាមបានបិទបញ្ចប់ ហើយព័ន្ធកិច្ចនៃសាច់ឈាមរបស់ទ្រង់ក៏បានបញ្ចប់ផងដែរ។ ប៉ុន្តែ ទ្រង់មិនអាចបន្តធ្វើការនៅក្នុងសាច់ឈាមជារៀងរហូតនោះឡើយ។ ទ្រង់ត្រូវតែបន្តទៅកាន់កន្លែងមួយទៀត ដើម្បីធ្វើការ ជាកន្លែងមួយនៅខាងក្រៅសាច់ឈាម។ មានតែបែបនេះទេ ទើបកិច្ចការរបស់ទ្រង់អាចត្រូវបានសម្រេចយ៉ាងពេញលេញ និងរីកចម្រើនបានលទ្ធផលកាន់តែខ្លាំង។ ព្រះជាម្ចាស់ធ្វើការស្របតាមផែនការដើមរបស់ទ្រង់។ កិច្ចការអ្វីដែលទ្រង់ត្រូវធ្វើ និងកិច្ចការអ្វីដែលទ្រង់បានបញ្ចប់ ទ្រង់ជ្រាបដឹងយ៉ាងច្បាស់តែម្ដង។ ព្រះជាម្ចាស់ដឹកនាំមនុស្សម្នាក់ៗឲ្យដើរតាមផ្លូវមួយដែលទ្រង់បានតម្រូវទុករួចជាស្រេច។ គ្មាននរណាម្នាក់អាចរួចផុតនោះឡើយ។ មានតែមនុស្សដែលដើរតាមការដឹកនាំនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបគេអាចចូលសម្រាកបាន។ នៅក្នុងកិច្ចការបន្ទាប់ វាអាចនឹងគ្មានព្រះជាម្ចាស់ដែលមានបន្ទូលនៅក្នុងសាច់ឈាម ដើម្បីដឹកនាំមនុស្សទៀតឡើយ ប៉ុន្តែ អាចជាព្រះវិញ្ញាណនៅក្នុងទម្រង់ជាក់ស្ដែង ធ្វើការដឹកនាំជីវិតរបស់មនុស្សវិញម្ដង។ មានតែបែបនេះទេ ទើបមនុស្សអាចប៉ះពាល់ព្រះជាម្ចាស់យ៉ាងច្បាស់ សម្លឹងទៅកាន់ព្រះជាម្ចាស់ និងយល់កាន់តែច្បាស់អំពីតថភាពដែលព្រះជាម្ចាស់តម្រូវទុក ហើយត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ ដោយព្រះជាម្ចាស់ដ៏ពិត។ នេះគឺជាកិច្ចការដែលព្រះជាម្ចាស់មានគោលបំណងចង់សម្រេច និងជាអ្វីដែលទ្រង់បានគ្រោងទុកជាយូរឆ្នាំមកហើយ។ ចាប់ពីពេលនេះតទៅ ឯងរាល់គ្នាគួរតែមើលឃើញផ្លូវដែលឯងរាល់គ្នាគួរតែដើរហើយ!

ខាង​ដើម៖ សំឡេងផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញទាំងសាកលលោក

បន្ទាប់៖ មនុស្សត្រូវតែផ្ដោតលើភាពជាក់ស្ដែងនៅក្នុងសេចក្ដីជំនឿ ការប្រណិប័តន៍តាមពិធីសាសនា មិនមែនជាជំនឿទេ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សលោកបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿដំបូងលើព្រះជាម្ចាស់? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ