ព្រះអម្ចាស់យេស៊ូវបានប្រោសលោះមនុស្សជាតិ ចុះហេតុអ្វីក៏ទ្រង់ធ្វើកិច្ចការជំនុំជម្រះ ពេលដែលទ្រង់យាងត្រឡប់មកវិញនៅគ្រាចុងក្រោយ?

01-11-2021

២ ០០០ ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវដែលយកកំណើតជាមនុស្ស ត្រូវគេឆ្កាង ដើម្បីប្រោសលោះអំពើបាបមនុស្សជាតិ ដោយធ្វើជាដង្វាយលោះបាប និងបំពេញកិច្ចការប្រោសលោះរបស់ទ្រង់។ ទ្រង់សន្យាថា ទ្រង់នឹងយាងត្រឡប់មកវិញនៅគ្រាចុងក្រោយ ដូច្នេះ អ្នកជឿទាំងអស់រង់ចាំយ៉ាងអន្ទះសារ នូវការយាងមករបស់ព្រះអម្ចាស់ ហើយគិតថា ក្នុងនាមជាអ្នកជឿលើព្រះអម្ចាស់ ពួកគេទាំងអស់ត្រូវបានអត់ទោស ហើយទ្រង់លែងចាត់ទុកពួកគេថាមនុស្សបាបទៀតហើយ។ ពួកគេគិតថា គេត្រៀមរួចរាល់ហើយ ដូច្នេះ គេគ្រាន់តែត្រូវរង់ចាំការយាងមកវិញរបស់ព្រះអម្ចាស់ប៉ុណ្ណោះ ដូច្នេះពួកគេអាចត្រូវលើកឡើងទៅនគរទ្រង់។ អ៊ីចឹងបានជាមនុស្សតែងសម្លឹងមើលមេឃ រង់ចាំថ្ងែទ្រង់លេចមកភ្លាមៗលើពពក ហើយយកពួកគេទៅស្ថានសួគ៌ជួបទ្រង់។ តែពួកគេភ្ញាក់ផ្អើល ដែលពួកគេកំពុងមើលគ្រោះមហន្តរាយធំៗកើតមានឡើង តែនៅតែមិនបានស្វាគមន៍ព្រះអម្ចាស់ដដែល។ គ្មាននរណាម្នាក់ដឹងថាអ្វីកើតឡើងពិតប្រាកដឡើយ។ សូម្បីតែពួកគេមិនទាន់បានឃើញព្រះអម្ចាស់យាងមកលើពពកក៏ដោយ ក៏ពួកគេឃើញផ្លេកបន្ទោរនៅទិសខាងកើតផ្ដល់ទីបន្ទាល់ជានិច្ចថា ទ្រង់បានយាងមកវិញ ជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលយកកំណើតជាមនុស្ស។ ទ្រង់សម្ដែងចេញសេចក្ដីពិត និងធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមនៅដំណាក់ព្រះជាម្ចាស់ ការលេចមក និងកិច្ចការព្រះដ៏មានគ្រប់ព្រះចេស្ដា រង្គើពិភពសាសនាទាំងមូល និងជំរុញឱ្យមានប្រតិកម្មតប។ កិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនស្របសញ្ញាណ និងការគិតស្រមៃមនុស្សទាល់តែសោះ។ មនុស្សជាច្រើនសួរថា៖ ព្រះអម្ចាស់យេស៊ូវបញ្ចប់កិច្ចការអស្ចារ្យនៃការប្រោសលោះរបស់ទ្រង់រួចហើយ ហើយព្រះជាម្ចាស់ហៅយើងថាសុចរិត ចុះម៉េចក៏ទ្រង់ត្រូវធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយទៅវិញ? ពួកគេមានអារម្មណ៍ថា រឿងនោះមិនអាចទៅរួចឡើយ។ សហគមន៍សាសនា កាន់តែតតាំង និងថ្កោលទោសព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយបដិសេធមិនពិនិត្យកិច្ចការទ្រង់ គ្រប់គ្នារង់ចាំព្រះអម្ចាស់ដែលគង់លើពពកយ៉ាងអន្ទះសារ ដើម្បីលើកពួកគេឡើងទៅនគរព្រះ ដោយសង្ឃឹមគេចផុតពីគ្រោះមហន្តរាយធំៗ។ យ៉ាងណា កិច្ចការព្រះជាម្ចាស់ ធំធេង និងមានគ្រប់ព្រះចេស្ដា ហើយគ្មាននរណាអាចបញ្ឈប់វាបានទេ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានបង្កើតអ្នកមានជ័យជម្នះមួយក្រុម ហើយគ្រោះមហន្តរាយចាប់ផ្ដើមហើយ ខណៈពិភពសាសនាលេចក្នុងគ្រោះមហន្តរាយ ទាំងយំនិងសង្កៀតធ្មេញ។ តាំងពីពួកគេមិនត្រូវបានលើកឡើងនៅមុនគ្រោះមហន្តរាយ ពួកគេសង្ឃឹមឱ្យវាកើតឡើងអំឡុង និងបន្ទាប់ពីនោះ។ ម៉េចក៏ពួកគេមិនស្វាគមន៍ព្រះអម្ចាស់មុនគ្រោះមហន្តរាយ? តើពួកគេខុសអី? តើព្រះអម្ចាស់យេស៊ូវក្បត់សន្យាទ្រង់ ដោយមិនយកអ្នកជឿទៅនគរព្រះមុនគ្រោះមហន្តរាយ ដោយធ្វើឱ្យពួកគេខកចិត្តទាំងស្រុងឬទេ? ឬតើមនុស្សយល់ច្រឡំពីសេចក្ដីទំនាយក្នុងព្រះគម្ពីរ ដោយទុកចិត្តសញ្ញាណពួកគេថា ព្រះអម្ចាស់នឹងយាងមកលើពពក ដោយបដិសេធមិនស្ដាប់ព្រះសូរសៀងព្រះជាម្ចាស់ ដូច្នេះមិនអាចស្វាគមន៍ព្រះអម្ចាស់ និងចុះចាញ់គ្រោះមហន្តរាយឬទេ? ពេលនេះ គ្រប់គ្នាច្របូកច្របល់ខ្លាំង ពីមូលហេតុដែលព្រះអម្ចាស់មិនយាងមកលើពពក និងលើកអ្នកជឿឡើង មុនគ្រោះមហន្តរាយ។ ថ្ងៃនេះ ខ្ញុំនឹងចែកចាយការយល់ដឹងផ្ទាល់ខ្លួន ពីកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស នៅគ្រាចុងក្រោយ ជាកូនមនុស្ស។

គ្រប់គ្នាដែលថ្នឹកនឹងព្រះគម្ពីរយល់ថា សេចក្ដីទំនាយក្នុងព្រះគម្ពីរភាគច្រើនទាយពីរឿងពីរយ៉ាង៖ ព្រះអម្ចាស់នឹងយាងមកវិញ ហើយទ្រង់នឹងធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ។ ទោះជាយ៉ាងណា រឿងពីរយ៉ាងនេះ ជារឿងតែមួយ គឺព្រះជាម្ចាស់នឹងយាងមកជាសាច់ឈាមនៅគ្រាចុងក្រោយ ដើម្បីធ្វើកិច្ចការជំនុំជម្រះរបស់ទ្រង់។ អ្នកខ្លះប្រាកដជាសួរថា មានមូលដ្ឋានព្រះគម្ពីរសម្រាប់និយាយដូច្នេះឬអត់។ ពិតជាមាន។ មានសេចក្ដីទំនាយជាច្រើនក្នុងព្រះគម្ពីរ អំពីរឿងទាំងនេះ គឺចំនួន ២០០ ឬច្រើនជាងនេះ។ តោះមើលឧទាហរណ៍ ដូចជាក្នុងព្រះគម្ពីរសញ្ញាចាស់៖ «ព្រះ‌អង្គនឹងជំនុំជម្រះក្នុងចំណោមប្រជាជាតិនានា ហើយនឹងស្ដីបន្ទោសមនុស្សជាច្រើន» (អេសាយ ២:៤)។ «ដ្បិតទ្រង់យាងមក ដ្បិតទ្រង់យាងមកដើម្បីជំនុំជម្រះផែនដី។ ទ្រង់នឹងជំនុំជម្រះលោកីយ៍ដោយសេចក្តីសុចរិត និងមនុស្សដោយសេចក្តីពិតរបស់ទ្រង់» (ទំនុកដំកើង ៩៦:១៣)។ ក៏មាននិយាយក្នុងព្រះគម្ពីរសញ្ញាថ្មីដែរថា៖ «ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ ពេត្រុស ៤:១៧)។ ព្រះអម្ចាស់យេស៊ូវក៏ថ្លែងទំនាយដោយផ្ទាល់ដែរ ថាទ្រង់នឹងយាងមកវិញ ហើយបំពេញកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ហើយបើអ្នកណាស្ដាប់ឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេឡើយ ដ្បិតខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ ប៉ុន្តែដើម្បីសង្រ្គោះពិភពលោកវិញ។ អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៧-៤៨)។ «ដ្បិតព្រះវរបិតាមិនជំនុំជម្រះនរណាម្នាក់ឡើយ តែទ្រង់បានប្រគល់ការជំនុំជម្រះទាំងអស់ដល់ព្រះរាជបុត្រាវិញ» (យ៉ូហាន ៥:២២)។ «ហើយក៏បានប្រទានឲ្យទ្រង់ មានសិទ្ធិអំណាចជំនុំ‌ជម្រះផងដែរ ដោយសារតែព្រះ‌អង្គជាកូនមនុស្ស» (យ៉ូហាន ៥:២៧)។ ព្រះគម្ពីរវិវរណៈថ្លែងទំនាយថា៖ «ដោយបន្លឺសំឡេងយ៉ាងខ្លាំងថា៖ 'ចូរកោតខ្លាចព្រះជាម្ចាស់ ហើយថ្វាយសិរី‌ល្អដល់ទ្រង់ចុះ ដ្បិតវេលានៃការជំនុំជម្រះរបស់ទ្រង់ជិតមកដល់ហើយ'» (វិវរណៈ ១៤:៧)។ សេចក្ដីទំនាយនិយាយយ៉ាងច្បាស់ថា ព្រះអម្ចាស់នឹងយាងមកវិញជាកូនមនុស្ស និងធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ។ រឿងនេះគ្មានសង្ស័យឡើយ។ យើងអាចឃើញថា ព្រះអម្ចាស់យេស៊ូវថ្លែងទំនាយយ៉ាងច្បាស់ក្នុងយុគសម័យនៃព្រះគុណថា ទ្រង់នឹងយាងមកវិញនៅគ្រាចុងក្រោយ ជាកូនមនុស្ស សម្រាប់កិច្ចការជំនុំជម្រះរបស់ទ្រង់។ ព្រះគម្ពីរវិវរណៈថ្លែងទំនាយយ៉ាងច្បាស់ថា «ដ្បិតវេលានៃការជំនុំជម្រះរបស់ទ្រង់ជិតមកដល់ហើយ»។ សេចក្ដីទំនាយទាំងនេះបង្ហាញថា ព្រះអម្ចាស់ជាការយកកំណើតជាកូនមនុស្សនៅគ្រាចុងក្រោយ ដោយយាងមកដោយផ្ទាល់ក្នុងចំណោមពួកយើង ដើម្បីធ្វើកិច្ចការជំនុំជម្រះ។ រឿងនេះត្រូវបានព្រះជាម្ចាស់ដាក់ផែនការយ៉ាងច្បាស់ជាយូរមកហើយ ហើយគ្មាននរណាអាចបដិសេធឡើយ។ ព្រះអម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា បានសម្ដែងចេញសេចក្ដីពិតសម្រាប់កិច្ចការជំនុំជម្រះ ទ្រង់ថ្លែងព្រះបន្ទូលជាច្រើន ហើយបងើ្កតអ្នកមានជ័យជម្នះមួយក្រុម។ នេះបង្ហាញថា សេចក្ដីទំនាយទាំងនេះ សម្រេចយ៉ាងពេញលេញ។ អ៊ីចឹង សូមពួកយើងក្រឡេកមើល ជំនឿខាងសាសនាជាទូទៅដែលថា ព្រះអម្ចាស់បញ្ចប់កិច្ចការប្រោសលោះរបស់ទ្រង់ ដូច្នេះ វាមិនអាចទៅរួចទេ ដែលទ្រង់នឹងធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ។ តើមានមូលដ្ឋានព្រះគម្ពីរសម្រាប់រឿងនេះទេ? តើព្រះអម្ចាស់យេស៊ូវមានបន្ទូលរឿងនេះទេ? អត់ទាល់តែសោះ។ ទស្សនៈបែបនេះ គ្មានអ្វីក្រៅពីសញ្ញាណ និងការគិតស្រមៃរបស់មនុស្សឡើយ ពួកវាជាការគិតមានបំណង។ ពួកវាផ្ទុយទាំងស្រុងនឹងសេចក្ដីទំនាយក្នុងព្រះគម្ពីរ ហើយគ្មានបន្ទូលណាមួយរបស់ព្រះជាម្ចាស់ គាំទ្រពួកវាឡើយ។ ការគិតនេះ ពិតជាភ្លីភ្លើមែន! ម៉េចក៏មនុស្សមិនអាចស្វែងរកព្រះបន្ទូលព្រះអម្ចាស់ និងសេចក្ដីទំនាយក្នុងព្រះគម្ពីរយ៉ាងអស់ពីចិត្ត តែបែរជាទទូចលើការវិនិច្ឆ័យ និងការថ្កោលទោសកិច្ចការព្រះជាម្ចាស់នៅគ្រាចុងក្រោយ ដោយសារសញ្ញាណផ្ទាល់ខ្លួនទៅវិញ? តើនោះមិនមែនជាចេតនា និងក្រអឺតក្រទមទេឬ? ព្រះគម្ពីរមានសេចក្ដីទំនាយជាច្រើន ពីការយាងមករបស់កូនមនុស្ស និងការជំនុំជម្រះនៅគ្រាចុងក្រោយ ចុះម៉េចក៏មនុស្សមិនមើលខគម្ពីរឱ្យត្រឹមត្រូវនៅមុខភ្នែកពួកគេ? ដូចព្រះគម្ពីរចែងថា «ដោយត្រចៀក អ្នកនឹងស្ដាប់ឮ តែមិនយល់។ ដោយភ្នែក អ្នកនឹងមើល តែមិនឃើញឡើយ។ ដ្បិតដួងចិត្តរបស់ប្រជាជននេះក្លាយជាស្ពឹក ត្រចៀកគេធ្ងន់ស្ដាប់មិនឮ ហើយភ្នែកគេបានបិទ ក្រែងលោគេឃើញនឹងភ្នែក ហើយឮនឹងត្រចៀក ព្រមទាំងយល់នៅក្នុងចិត្ត ហើយបានប្រែចិត្ត នោះខ្ញុំប្រោសគេឱ្យបានជា» (ម៉ាថាយ ១៣:១៤-១៥)។ អ្នកឆ្លាតវៃគួរតែស្វែងរក និងស្រាវជ្រាវពីមូលហេតុដែលព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ មូលហេតុដែលកូនមនុស្សធ្វើកិច្ចការ។ ពួកយើងត្រូវតែឆ្លើយសំណួរទាំងនេះ មុនពេលពួកយើងអាចយល់សេចក្ដីទំនាយក្នុងព្រះគម្ពីរយ៉ាងពិតប្រាកដ។

ពេលនេះ សូមពិនិត្យ ពីមូលហេតុដែលព្រះអម្ចាស់យកកំណើតជាមនុស្សម្ដងទៀត សម្រាប់កិច្ចការជំនុំជម្រះ បន្ទាប់ពីប្រោសលោះមនុសជាតិ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានបង្ហាញរួចហើយពីអាថ៌កំបាំងនេះ។ សូមពួកយើងមើលថា ព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាថ្លែងដូចម្ដេចអំពីរឿងនេះ។ «ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់នូវកិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឲ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឲ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យពុករលួយបែបសាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «សម្រាប់អ្វីៗគ្រប់យ៉ាងដែលមនុស្សអាចត្រូវបានប្រោសលោះ និងត្រូវបានអត់ទោសឲ្យចំពោះបាបរបស់ខ្លួន វាអាចត្រូវបានគេចាត់ទុកថា ព្រះជាម្ចាស់មិននឹកនាពីសេចក្តីរំលងរបស់មនុស្ស ហើយមិនប្រព្រឹត្តចំពោះមនុស្សស្របតាមសេចក្តីរំលងរបស់គេ។ យ៉ាងណាមិញ នៅពេលដែលមនុស្សរស់នៅក្នុងរូបរាងកាយនៃសាច់ឈាម មិនត្រូវបានប្រោសឲ្យមានសេរីភាពពីបាប នោះគេនៅតែបន្តប្រព្រឹត្តអំពើបាប ហើយបើកសម្ដែងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ គ្មានថ្ងៃបញ្ចប់ឡើយ។ នេះគឺជាជីវិតរបស់មនុស្សដែលដើរនៅក្នុងវដ្ដនៃការប្រព្រឹត្តអំពើបាប និងការទទួលបានការអត់ទោស ដោយគ្មានទីបញ្ចប់។ មនុស្សភាគច្រើនប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយលន់តួបាបនៅពេលយប់។ ទោះបីតង្វាយលោះបាបមានប្រសិទ្ធភាពជារៀងរហូតសម្រាប់មនុស្សក៏ដោយ ក៏ការធ្វើបែបនេះ នឹងមិនអាចសង្រ្គោះមនុស្សពីបាបបានឡើយ។ មានតែពាក់កណ្ដាលនៃកិច្ចការសង្រ្គោះប៉ុណ្ណោះដែលត្រូវបានសម្រេច ព្រោះថាមនុស្សនៅតែមាននិស្ស័យដ៏ពុករលួយ។ ... មនុស្សមិនងាយដឹងពីបាបរបស់គេឡើយ។ គេគ្មានផ្លូវនឹងទទួលស្គាល់និស្ស័យដែលចាក់ឫសយ៉ាងជ្រៅរបស់ខ្លួនឡើយ ហើយគេត្រូវតែពឹងអាងលើការជំនុំជម្រះដោយព្រះបន្ទូល ដើម្បីសម្រេចលទ្ធផលនេះ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានផ្លាស់ប្ដូរបន្ដិចម្ដងៗចាប់ពីចំណុចនេះតទៅ» («អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាច្បាស់ណាស់ មែនទេ? ព្រះអម្ចាស់យេស៊ូវប្រោសលោះមនុស្សជាតិនៅយុគសម័យនៃព្រះគុណ ចុះម៉េចក៏ទ្រង់យាងមកវិញដើម្បីជំនុំជម្រះនៅគ្រាចុងក្រោយ? គឺដោយសារព្រះអម្ចាស់យេស៊ូវគ្រាន់តែបញ្ចប់កិច្ចការប្រោសលោះប៉ុណ្ណោះ ដោយគ្រាន់តែបញ្ចប់កិច្ចការនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ពាក់កណ្ដាលប៉ុណ្ណោះ។ ការនេះសម្រេចបានការប្រោះលោះបាបមនុស្ស ដូច្នេះពួកយើងមានសិទ្ធិអធិស្ឋាន និងប្រកបគ្នាជាមួយព្រះអម្ចាស់ និងរីករាយនូវព្រះគុណ និងព្រះពរទ្រង់។ បាបរបស់ពួកយើងត្រូវបានអត់ទោស ហើយពួកយើងរីករាយនឹងសន្តិភាព និងអំណរដែលព្រះវិញ្ញាណបរិសុទ្ធប្រទានឱ្យ តែពួកយើងនៅតែប្រព្រឹត្តបាបគ្រប់ពេល ជាប់ក្នុងវដ្ដនៃការប្រព្រឹត្តបាប សារភាព និងប្រព្រឹត្តបាបម្ដងទៀត។ គ្មាននរណាម្នាក់អាចគេចផុតពីចំណង និងឧបសគ្គនៃបាបឡើយ តែពួកយើងរស់នៅដោយពុះពារជាមួយវា។ វាជារឿងឈឺចាប់ ហើយគ្មានផ្លូវរួចឡើយ។ នេះបង្ហាញថា ទោះបីព្រះអម្ចាស់អភ័យទោសបាបពួកយើងក៏ដោយ ក៏ធម្មជាតិបាបពួកយើងនៅតែមាន។ និស្ស័យបាបពួកយើងនៅតែមាន។ ពួកយើងអាចបះបោរ តតាំង និងវិនិច្ឆ័យព្រះជាម្ចាស់គ្រប់ពេល។ នេះជាតថភាពមិនអាចប្រកែកបាន។ មិនថាមនុស្សម្នាក់ជាអ្នកជឿយូរប៉ុនណាឡើយ ពួកគេមិនអាចគេចផុតពីបាប និងសម្រេចបានភាពបរិសុទ្ធ ឬមានតម្លៃក្នុងការប្រឈមមុខនឹងព្រះជាម្ចាស់ឡើយ។ រឿងនេះសម្រេចទាំងស្រុងនូវសេចក្ដីទំនាយព្រះអម្ចាស់៖ «មិនមែនគ្រប់គ្នាដែលហៅខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់ សុទ្ធតែចូលទៅក្នុងនគរស្ថានសួគ៌ឡើយ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ។ មនុស្សជាច្រើននឹងនិយាយមកខ្ញុំនៅថ្ងៃនោះថា ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងមិនបានថ្លែងទំនាយនៅក្នុងព្រះនាមទ្រង់ ហើយដេញអារក្សនៅក្នុងព្រះនាមទ្រង់ ព្រមទាំងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ទេឬអី? បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២១-២៣)។ ហើយក័ណ្ឌគម្ពីរហេព្រើរ ១២:១៤ ចែងថា៖ «ដ្បិតបើគ្មានភាពបរិសុទ្ធទេ នោះគ្មាននរណានឹងឃើញព្រះអម្ចាស់ឡើយ»។ ពួកយើងអាចឃើញចំណុចនេះថា អស់អ្នកដែលបំពេញបំណងព្រះហឫទ័យព្រះជាម្ចាស់ អាចចូលទៅក្នុងនគរស្ថានសួគ៌បាន។ តែ ហេតុអ្វីបានជាព្រះអម្ចាស់មានបន្ទូលថា អ្នកដែលផ្សព្វផ្សាយដំណឹងល្អ និងបណ្ដេញអារក្សដោយព្រះនាមទ្រង់ ជាមនុស្សប្រព្រឹត្តអាក្រក់? នេះអាចជាការយល់ច្រឡំសម្រាប់មនុស្សជាច្រើន។ នេះមានន័យថា ពួកគេអះអាងសេចក្ដីជំនឿរបស់ខ្លួន តែពួកគេនៅតែប្រព្រឹត្តបាប និងមិនប្រែចិត្តពិតប្រាកដ។ មិនថាពួកគេផ្សាយដំណឹងល្អ ឬបណ្ដេញអារក្សក្នុងព្រះនាមព្រះអម្ចាស់ច្រើនប៉ុនណា ពួកគេធ្វើការអស្ចារ្យប៉ុន្មានឡើយ ពួកគេគ្មានការទទួលស្គាល់របស់ព្រះអម្ចាស់ឡើយ។ ក្នុងព្រះនេត្រព្រះអម្ចាស់ មនុស្សដូចនោះជាមនុស្សប្រព្រឹត្តអាក្រក់។ ពួកគេអាចធ្វើអ្វីៗក្នុងព្រះនាមព្រះអម្ចាស់ តែនេះជាការប្រមាថព្រះអម្ចាស់ដែលទ្រង់ស្អប់។ តើមនុស្សទាំងនេះ ដែលបាបពួកគេត្រូវបានអត់ទោស មានតម្លៃក្នុងការចូលក្នុងនគរព្រះឬទេ? ពិតជាគ្មានទេ។ ពួកគេនៅតែយល់សប្ដិទាំងថ្ងៃថា ព្រះអម្ចាស់នឹងយាងមកយកពួកគេឡើងទៅលើមេឃ។ នេះជាគំនិតរវើរវាយរបស់មនុស្ស។ ច្បាស់ណាស់ ព្រះអម្ចាស់យេស៊ូវថ្លែងទំនាយពីការយាងមកវិញរបស់ទ្រង់ មិនមានន័យថា ទ្រង់យកមនុស្សត្រង់ទៅលើមេឃជួបទ្រង់ឡើយ តែថា ទ្រង់អនុវត្តការជំនុំជម្រះ និងបន្សុទ្ធមនុស្ស ពីធម្មជាតិ និងនិស្ស័យបាបរបស់ពួកគេ ថាទ្រង់នឹងសង្គ្រោះពួកយើងយ៉ាងពេញលេញពីបាប និងពីកម្លាំងសាតាំង ហើយយកពួកយើងទៅកាន់គោលដៅដ៏ល្អ។ នេះជាអត្ថន័យនៃកិច្ចការការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ ពេលនេះ ខ្ញុំប្រាកដថាពួកយើងទាំងអស់អាចឃើញថា កិច្ចការប្រោសលោះក្នុងយុគសម័យនៃព្រះគុណ គ្រាន់តែដើម្បីប្រោសលោះពួកយើងពីបាបប៉ុណ្ណោះ ដូច្នេះ បាបពួកយើងត្រូវបានអត់ទោស។ នេះគ្រាន់តែសម្រេចពាក់កណ្ដាលនៃកិច្ចការសង្គ្រោះប៉ុណ្ណោះ ហើយព្រះជាម្ចាស់កំពុងធ្វើកិច្ចការជំហានកាន់តែធំនៅគ្រាចុងក្រោយ។ ឈរលើមូលដ្ឋាននៃកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវ ព្រះដ៏មានគ្រប់ព្រះចេស្ដា សម្ដែងចេញសេចក្ដីពិត សម្រាប់កិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ ដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិយ៉ាងពេញលេញពីបាប ដើម្បីរំដោះពួកយើងពីកម្លាំងសាតាំង។ ត្រង់ចំណុចនេះ ពួកយើងអាចឃើញថា ការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវ បើកផ្លូវទាំងស្រុងសម្រាប់ការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ វាជាកិច្ចការសំខាន់។ ហើយកិច្ចការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាជំហានសំខាន់បំផុតនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ដើម្បីសង្គ្រោះមនុស្ស ហើយនឹងបញ្ចប់យុគសម័យ។ ការទទួលយកតែកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវ ដោយមិនទទួលយកកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា នោះមានន័យថា ជាការបញ្ឈប់សេចក្ដីជំនឿនៅពាក់កណ្ដាលផ្លូវ ហើយជំហានចុងក្រោយ ជាជំហានសំខាន់បំផុត ដែលកំណត់វាសនា និងលទ្ធផលរបស់ពួកយើង។ ការមិនទទួលយកជំហាននេះ ពិតជាការបោះបង់ចោលពាក់កណ្ដាលផ្លូវ ហើយជាការខ្ជះខ្ជាយការប្រឹងប្រែងទាំងអស់កន្លងមក។ ខ្ញុំគិតថា គ្រប់គ្នាយល់ថា ផ្នែកចុងក្រោយនៃការធ្វើដំណើរ តែងតែលំបាកបំផុត។ នៅក្នុងមាគ៌ាសេចក្ដីជំនឿអ្នក ដំណាក់កាលចុងក្រោយនេះ ជាដំណាក់កាលដ៏សំខាន់បំផុត ដែលនឹងកំណត់វាសនាអ្នក។ ចំពោះអ្នកជឿ អ្វីដែលកំណត់លទ្ធផល និងវាសនាពួកយើង គឺកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ បើមនុស្សមិនទទួលយកកិច្ចការនេះទេ នោះពួកគេនឹងត្រូវព្រះជាម្ចាស់លុបបំបាត់។ នោះពិតជាសោកនាដកម្ម។ ដូច្នេះ ពួកយើងអាចច្បាស់ថា មិនថាមនុស្សម្នាក់ជាអ្នកជឿយូរប៉ុនណាឡើយ បើពួកគេមិនទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា នោះព្រះជាម្ចាស់នឹងលុបបំបាត់ពួកគេ ហើយពួកគេនឹងក្លាយជាស្ត្រីឆោតល្ងង់ ដែលធ្លាក់ក្នុងគ្រោះមហន្តរាយ ទាំងយំ និងសង្កៀតធ្មេញ។ អ្នកមិនជឿពីមុនជាច្រើន បានទទួលដោយផ្ទាល់នូវកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយទទួលបានសេចក្ដីសង្គ្រោះរបស់ទ្រង់នៅគ្រាចុងក្រោយ។ ទាំងនេះជាមនុស្សមានសំណាង ហើយពួកគេបំពេញចន្លោះអ្នកជឿដែលបដិសេធមិនទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា និងត្រូវបានលុបបំបាត់។ តើនោះមិនមែនជាការសោកស្ដាយបំផុតសម្រាប់អ្នកជឿទេឬ? បន្ទាប់ពីរង់ចាំព្រះជាម្ចាស់អស់ជាច្រើនឆ្នាំនោះ ពួកគេឃើញព្រះដ៏មានគ្រប់ព្រះចេស្ដាធ្វើកិច្ចការជំនុំជម្រះ និងសម្ដែងសេចក្ដីពិតជាច្រើន តែបដិសេធមិនទទួលយក ផ្ទុយទៅវិញ រង់ចាំយ៉ាងខ្ជិលច្រអូស ឱ្យព្រះអម្ចាស់យាងមកលើពពក ដោយភ្នាល់រឿងនេះជាមួយព្រះជាម្ចាស់។ ទីបំផុត ពួកគេនឹងបាត់បង់ឱកាសសេចក្ដីសង្គ្រោះ។ តើនោះមិនមែនជារឿងព្រួយចិត្តយ៉ាងខ្លាំងសម្រាប់អ្នកជឿទេឬ?

មនុស្សមួយចំនួនអាចសួរ ពីរបៀបដែលព្រះដ៏មានគ្រប់ព្រះចេស្ដាធ្វើកិច្ចការជំនុំជម្រះ និងការបន្សុទ្ធ ដើម្បីសង្គ្រោះមនុស្សជាតិយ៉ាងពេញលេញ។ មានរឿងជាច្រើនត្រូវប្រកបគ្នាអំពីសេចក្ដីពិតទាក់ទងនឹងរឿងនេះ ដូច្នេះ ថ្ងៃនេះ ពួកយើងអាចគ្រាន់តែនិយាយសើៗបានហើយ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីលក្ខណៈរបស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីធម្មជាតិរបស់មនុស្សនោះទេ តែទ្រង់នឹងលាតត្រដាង ដោះស្រាយជាមួយ និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង ការដោះស្រាយ និងការលួសកាត់ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលមនុស្សខ្វះខាតទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងត្រូវបញ្ចុះបញ្ចូលយ៉ាងច្បាស់អំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង» («ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាចែងច្បាស់ណាស់ថា ការជំនុំជម្រះរបស់ទ្រង់នៅគ្រាចុងក្រោយ គឺដើម្បីជំនុំជម្រះសារជាតិពុករលួយរបស់មនុស្សជាតិជាចម្បង តាមរយៈការសម្ដែងចេញសេចក្ដីពិត ដើម្បីលាតត្រដាងសេចក្ដីពុករលួយពួកយើង ដូច្នេះពួកយើងឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង ហើយឃើញសេចក្ដីពុករលួយខ្លួនឯង។ ដូច្នេះ ពួកយើងមានអារម្មណ៍សោកស្ដាយ ស្អប់ខ្លួនឯង និងស្អប់សាច់ឈាមខ្លួន ដោយនាំទៅរកការប្រែចិត្តពិត។ កិច្ចការជំនុំជម្រះនេះ មិនមែនធ្វើឡើង ត្រឹមតែការសម្ដែងចេញសេចក្ដីពិតពីរបី ឱ្យមនុស្សយល់ឡើយ តែព្រះជាម្ចាស់សម្ដែងចេញទិដ្ឋភាពជាច្រើននៃសេចក្ដីពិត។ សេចក្ដីពិតទាំងអស់នេះ គឺដើម្បីជំនុំជម្រះ លាតត្រដាង លួសកាត់ និងដោះស្រាយជាមួយមនុស្សជាតិ ក៏ដើម្បីសាកល្បង និងបន្សុទ្ធពួកយើងដែរ។ ជាពិសេស ព្រះបន្ទូលព្រះជាម្ចាស់ដែលជំនុំជម្រះ និងលាតត្រដាងសារជាតិពុករលួយរបស់មនុស្ស បើកសម្ដែងយ៉ាងចាក់ដោត នូវនិស្ស័យសាតាំងរបស់មនុស្ស ព្រមទាំងធម្មជាតិ និងសារជាតិពួកយើង។ ការអានព្រះបន្ទូលទាំងនេះ ចាក់ដោតចិត្ត ហើយព្រះបន្ទូលទាំងនេះចាក់ចំចិត្តពួកយើង។ ពួកយើងឃើញថា យើងពុករលួយបែបណា ថាយើងគ្មានតម្លៃក្នុងការហៅថាជាមនុស្សឡើយ។ ពួកយើងគ្មានកន្លែងលាក់ពួនឡើយ ហើយចង់ជីកទៅក្នុងក្រហែងដីដើម្បីគេចចេញពីសេចក្ដីក្រោធរបស់ព្រះ។ ការឆ្លងកាត់ការជំនុំជម្រះនេះ ជាវិធីតែមួយក្នុងការឃើញសេចក្ដីពិតក្នុងសេចក្ដីពុករលួយខ្លួនឯង ដូច្នេះ យើងពេញដោយការសោកស្ដាយ ហើយដឹងថា ពួកយើងមិនមានតម្លៃសម្រាប់ព្រះពរព្រះជាម្ចាស់ សម្រាប់ឱ្យយកទៅក្នុងនគរទ្រង់ឡើយ។ ដោយពុករលួយខ្លាំង ពួកយើងគ្មានតម្លៃក្នុងការឃើញព្រះជាម្ចាស់ឡើយ។ បើគ្មានការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ទេ នោះពួកយើងមិនស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដឡើយ តែពួកយើងគ្រាន់តែនិយាយតែមាត់ ដើម្បីសារភាពបាប ដោយមិនដឹងថាពួកយើងរស់នៅទាំងស្រុងក្នុងនិស្ស័យសាតាំងឡើយ។ ពួកយើងចេះតែបះបោរ តតាំងនឹងព្រះជាម្ចាស់ ហើយនៅតែគិតថា ពួកយើងអាចចូលក្នុងស្ថានសួគ៌បាន។ វាជារឿងឥតអាម៉ាស់ និងមិនសមហេតុផលឡើយ ដោយខ្វះការស្គាល់ខ្លួនឯងទាំងស្រុង។ អ្នកក្នុងចំណោមពួកយើង ដែលមានបទពិសោធអំពីការជំនុំជម្រះ និងការបន្សុទ្ធរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា មានចំណេះដឹងផ្ទាល់ដ៏ពិតថា ព្រះបន្ទូលទ្រង់ជាសេចក្ដីពិត និងមិនអាចកាត់ថ្លៃបាន! មានតែសេចក្ដីពិតដែលព្រះជាម្ចាស់សម្ដែងចេញប៉ុណ្ណោះ អាចបន្សុទ្ធសេចក្ដីពុករលួយរបស់យើង និងសង្គ្រោះយើងពីបាប។ មានតែការមានបទពិសោធការជំនុំជម្រះនៃព្រះបន្ទូលទ្រង់ប៉ុណ្ណោះ ទើបអាចបន្សុទ្ធ និងផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់យើង ដូច្នេះពួកយើងក្លាយជាអ្នកដែលបំពេញបំណងព្រះហឫទ័យព្រះជាម្ចាស់ និងមានតម្លៃក្នុងការចូលនគរព្រះ។ កិច្ចការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ ជាអ្វីដែលនាំយកផ្លូវ សេចក្ដីពិត និងជីវិតឱ្យពួកយើង។ គឺតាមរយៈកិច្ចការព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលពួកយើងអាចទទួលសេចក្ដីពិត និងជីវិត និងរស់នៅចំពោះព្រះជាម្ចាស់ ដែលជាព្រះពរដ៏ធំធេងពីព្រះជាម្ចាស់!

ត្រង់ចំណុចនេះ ខ្ញុំគិតថា ពួកយើងភាគច្រើនយល់ថា កិច្ចការព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្សជាតិ មិននៅជិតដូចពួកយើងគិតឡើយ។ វាមិនមែនគ្រាន់តែប្រោសលោះ និងអត់ទោសបាបពួកយើង ហើយចប់នោះទេ តែកិច្ចការសង្គ្រោះរបស់ទ្រង់ គឺសង្គ្រោះយើងយ៉ាងពេញលេញ ពីអំពើអាក្រក់និងបាប ដើម្បីសង្គ្រោះយើងពីកណ្ដាប់ដៃសាតាំង ដើម្បីឱ្យពួកយើងអាចចុះចូលចំពោះព្រះជាម្ចាស់ និងថ្វាយបង្គំទ្រង់។ កិច្ចការជំនុំជម្រះ ជាវិធីតែមួយក្នុងការសម្រេចបានការនេះ។ ពេលនេះ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញសេចក្ដីពិតជាច្រើន និងកំពុងធ្វើកិច្ចការជំនុំជម្រះ។ កិច្ចការនេះរបស់ទ្រង់ ពិតជាធំធេង និងមិនអាចប្រៀបផ្ទឹមបានឡើយ! ព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា បានអង្រួនពិភពលោកទាំងមូល និងរង្គើសកលលោក។ កិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ត្រូវបានគេឃើញគ្រប់គ្នា ហើយវាធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល។ អស់អ្នកដែលស្រឡាញ់សេចក្ដីពិត កំពុងស្រាវជ្រាវកិច្ចការព្រះជាម្ចាស់នៅគ្រាចុងក្រោយ ហើយមានតែអ្នកមិនស្រឡាញ់សេចក្ដីពិតប៉ុណ្ណោះ ដែលមិនឃើញ និងមិនទទួលស្គាល់កិច្ចការព្រះជាម្ចាស់។ តែកិច្ចការព្រះជាម្ចាស់ មិនដែលរងឥទ្ធិពលពីពិភពសាសនា ឬអ្នកមិនជឿឡើយ។ វាឆ្ពោះទៅមុខ និងមិនអាចបញ្ឈប់បានឡើយ។ មួយប៉ព្រិចភ្នែក គ្រោះមហន្តរាយធំៗចាប់ផ្ដើម ហើយកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ដល់ចំណុចកំពូលវា។ ចំពោះអ្នកដើរតាមទ្រង់ ការជំនុំជម្រះចាប់ផ្ដើមនៅដំណាក់ព្រះជាម្ចាស់ ដោយធ្វើឱ្យគ្រប់លក្ខណ៍មនុស្សមួយចំនួន និងលុបបំបាត់មនុស្សជាច្រើន។ សម្រាប់អ្នកដទៃ ការជំនុំជម្រះប្រើគ្រោះមហន្តរាយនានា ដើម្បីដោះស្រាយបន្តិចម្ដងៗជាមួយមនុស្សប្រព្រឹត្តអាក្រក់ ដែលតតាំងព្រះជាម្ចាស់ ដោយបញ្ចប់ទាំងស្រុង នូវយុគសម័យអាក្រក់ដែលមានសាតាំងនេះ។ ដូច្នេះ ពួកយើងនឹងស្វាគមន៍ និងចូលក្នុងយុគសម័យថ្មី ដែលនគរព្រះគ្រីស្ទត្រូវបានសម្រេចលើផែនដី។ អ្នកដែលនៅតែចង់ឱ្យព្រះអម្ចាស់យាងមកលើពពក នឹងធ្លាក់ក្នុងគ្រោះមហន្តរាយ ទាំងយំនិងសង្កៀតធ្មេញ សម្រេចនូវសេចក្ដីទំនាយរបស់កណ្ឌគម្ពីរវិវរណៈ «មើល៎ ព្រះអង្គយាងមកដោយគង់នៅលើពពក ហើយគ្រាប់ទាំងភ្នែកមនុស្សទាំងអស់ នឹងមើលឃើញទ្រង់ ហើយអ្នកដែលបានចាក់ទម្លុះទ្រង់ក៏មើលឃើញដែរ ហើយអស់ទាំងពូជមនុស្សនៅលើផែនដីនឹងទ្រហោយំដោយសារទ្រង់» (វិវរណៈ ១:៧)។ ព្រះដ៏មានគ្រប់ព្រះចេស្ដាក៏មានបន្ទូលថា «មនុស្សជាច្រើនអាចនឹងមិនខ្វាយខ្វល់ពីសម្ដីរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំនៅតែចង់ប្រាប់អ្នកដើរតាមព្រះយេស៊ូវ ជាអ្នកដែលហៅខ្លួនឯងជាពួកបរិសុទ្ធថា កាលណាអ្នកឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ផ្ទាល់នឹងភ្នែកលើដុំពពកស នេះហើយជាការលេចមកជាសាធារណៈរបស់ព្រះអាទិត្យនៃសេចក្ដីសុចរិត។ គ្រានោះអាចជាគ្រាអរសប្បាយយ៉ាងក្រៃលែងសម្រាប់អ្នក ប៉ុន្តែអ្នកតោងដឹងថា គ្រាដែលអ្នកមើលឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ ក៏ជាគ្រាដែលអ្នកត្រូវចុះទៅស្ថាននរកដើម្បីទទួលទុក្ខទោសដែរ។ គ្រានោះនឹងក្លាយជាគ្រាចុងក្រោយនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏ជាគ្រាដែលព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ ហើយដាក់ទោសមនុស្សអាក្រក់ដែរ។ ដ្បិតការជំនុំជម្រះរបស់ព្រះជាម្ចាស់ នឹងត្រូវបញ្ចប់មុនពេលមនុស្សមើលឃើញទីសម្គាល់ គឺជាគ្រាដែលមានតែការបើកសម្ដែងអំពីសេចក្ដីពិតតែប៉ុណ្ណោះ។ អស់អ្នកណាដែលទទួលយកសេចក្ដីពិត មិនស្វែងរកទីសម្គាល់ ហើយត្រូវបានបន្សុទ្ធ នឹងត្រូវត្រឡប់មកចំពោះបល្ល័ង្កនៃព្រះជាម្ចាស់ រួចត្រូវចូលទៅក្នុងការឱបក្រសោបពីសំណាក់ព្រះអាទិករ។ មានតែមនុស្សដែលមានះជឿថា 'ព្រះយេស៊ូវដែលមិនយាងចុះមកដោយជិះលើពពកស ជាព្រះគ្រីស្ទក្លែងក្លាយ' ប៉ុណ្ណោះ ដែលនឹងត្រូវទទួលទោសអស់កល្បជានិច្ច ដ្បិតពួកគេជឿតែលើព្រះយេស៊ូវដែលបង្ហាញទីសម្គាល់ តែមិនទទួលស្គាល់ព្រះយេស៊ូវដែលប្រកាសពីការជំនុំជម្រះដ៏ធ្ងន់ធ្ងរ និងបង្ហើបប្រាប់ពីផ្លូវពិត និងជីវិត។ ដូច្នេះ គឺមានតែព្រះយេស៊ូវទេ ទើបអាចដោះស្រាយជាមួយពួកគេបាន នៅពេលទ្រង់យាងត្រឡប់មកវិញដោយបើកចំហ នៅលើពពកស» («ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ហេតុអ្វីយើងអាចទទួលស្វាគមន៍ព្រះអម្ចាស់បានតែតាមការស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ?

ឥឡូវនេះ អ្នកជឿគ្រប់គ្នាកំពុងចង់ឱ្យព្រះអម្ចាស់យេស៊ូវយាងមកលើពពក ដោយសារគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរ ហើយគ្រោះកាចគ្រប់ប្រភេទកំពុងកើតមានច្រើនឡើងៗ...

តើសេចក្ដីជំនឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ជាការក្បត់ព្រះអម្ចាស់យេស៊ូវឬទេ?

រយៈពេល ៣០ ឆ្នាំពេញ តាំងពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក ហើយចាប់ផ្ដើមធ្វើកិច្ចការ...