៣. ខ្ញុំមើលឃើញថា ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា គ្មានធ្វើអ្វីឡើយក្រៅពីផ្សាយដំណឹងល្អ និងធ្វើបន្ទាល់អំពីកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ដោយសុំឲ្យមនុស្សមានភាពទៀងត្រង់ និងដើរនៅលើផ្លូវនៃជីវិតជាមនុស្សដែលត្រឹមត្រូវឡើយ។ ប៉ុន្តែ បក្សកុម្មុយនីស្តចិនកំពុងតែផ្សព្វផ្សាយព័ត៌មាន ដោយនិយាយថា គោលបំណងចុងក្រោយរបស់ពួកជំនុំនៅក្នុងការផ្សាយដំណឹងល្អ គឺដើម្បីផ្ដួលរំលំការគ្រប់គ្រងរបស់បក្សកុម្មុយនីស្តចិន។ តើខ្ញុំអាចដឹងយ៉ាងដូចម្ដេចទៅថាពាក្យរបស់បក្សកុម្មុយនីស្តចិនពិត ឬមិនពិតទៅ?
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
ព្រះជាម្ចាស់ពុំចូលរួមក្នុងរឿងនយោបាយរបស់មនុស្សលោកឡើយ តែវាសនារបស់ប្រទេស ឬជាតិសាសន៍មួយ គឺព្រះជាម្ចាស់ជាអ្នកគ្រប់គ្រង។ ព្រះជាម្ចាស់គ្រប់គ្រងពិភពលោកនេះ និងសាកលលោកទាំងមូល។ វាសនារបស់មនុស្សលោក និងផែនការរបស់ព្រះជាម្ចាស់ មានការជាប់ពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ ហើយគ្មានមនុស្ស គ្មានប្រទេស ឬជាតិសាសន៍ណាមួយត្រូវបានលើកលែងចេញពីអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សចង់ដឹងពីវាសនារបស់ខ្លួន នោះគេត្រូវមកចំពោះព្រះជាម្ចាស់។ ព្រះជាម្ចាស់ ត្រូវធ្វើឱ្យអស់អ្នកណាដែលដើរតាម និងថ្វាយបង្គំទ្រង់ និងថ្វាយបង្គំ ទ្រង់បានរីកចម្រើន និងធ្វើឱ្យអស់អ្នកណាដែលប្រឆាំងទាស់ និងបដិសេធទ្រង់ ជួបការអន់ថយ និងវិនាសហិនហោច។
(ដកស្រង់ពី «ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
មនុស្សគ្រប់គ្នាត្រូវតែយល់ពីគោលបំណងនៃកិច្ចការរបស់ខ្ញុំនៅលើផែនដីនេះ ពោលគឺអ្វីដែលខ្ញុំសព្វព្រះហឫទ័យចង់ទទួលបាននៅពេលចុងក្រោយបំផុត និងកម្រិតដែលខ្ញុំត្រូវសម្រេចបាននៅក្នុងកិច្ចការនេះ មុនពេលវាត្រូវបញ្ចប់។ បន្ទាប់ពីបានដើរជាមួយខ្ញុំរហូតមកដល់ថ្ងៃនេះហើយ ប្រសិនបើមនុស្សនៅតែមិនយល់ពីអ្វីដែលជាកិច្ចការរបស់ខ្ញុំទៀត នោះតើពួកគេមិនមែនដើរជាមួយខ្ញុំដោយឥតប្រយោជន៍ទេឬអី? ប្រសិនបើមនុស្សដើរតាមខ្ញុំ នោះពួកគេគួរតែដឹងពីបំណងព្រះហឫទ័យរបស់ខ្ញុំ។ ខ្ញុំបានធ្វើការនៅលើផែនដី អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ហើយរហូតមកដល់សព្វថ្ងៃនេះ ក៏ខ្ញុំនៅតែបន្ដបំពេញកិច្ចការរបស់ខ្ញុំតទៅទៀតដែរ។ ទោះបីជាមានគម្រោងជាច្រើននៅក្នុងកិច្ចការរបស់ខ្ញុំក៏ដោយ ក៏គោលបំណងនៃកិច្ចការនោះមិនផ្លាស់ប្ដូរដែរ ហើយទោះបីជាខ្ញុំពេញដោយការជំនុំជម្រះ និងការដាក់ទោសចំពោះមនុស្សក៏ដោយ ក៏អ្វីដែលខ្ញុំធ្វើ នៅតែដើម្បីជួយសង្គ្រោះមនុស្ស និងដើម្បីធ្វើឱ្យដំណឹងល្អរបស់ខ្ញុំ កាន់តែរីកសុសសាយ ព្រមទាំងដើម្បីពង្រីកកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមសាសន៍ដទៃទាំងអស់ដែរ នៅពេលដែលមនុស្សបានជាបរិបូរ។ ដូច្នេះ ទោះបីជានៅពេលដែលមនុស្សជាច្រើនបានលិចលង់ជ្រៅទៅក្នុងសេចក្ដីអស់សង្ឃឹមជាយូរមកហើយក៏ដោយ ក៏ថ្ងៃនេះខ្ញុំនៅតែបន្ដធ្វើកិច្ចការរបស់ខ្ញុំតទៅទៀតដែរ គឺខ្ញុំបន្ដកិច្ចការដែលខ្ញុំត្រូវធ្វើដើម្បីជំនុំជម្រះ និងដាក់ទោសដល់មនុស្សលោក។ ទោះបីជាមនុស្សធុញទ្រាន់នឹងអ្វីដែលខ្ញុំមានបន្ទូល ហើយមិនខ្វល់ខ្វាយចំពោះកិច្ចការរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែបំពេញភារកិច្ចរបស់ខ្ញុំដែរ ព្រោះគោលបំណងនៃកិច្ចការរបស់ខ្ញុំ មិនផ្លាស់ប្ដូរឡើយ ហើយផែនការដើមរបស់ខ្ញុំក៏មិនបានបរាជ័យដែរ។ មុខងារនៃការជំនុំជម្រះរបស់ខ្ញុំ គឺដើម្បីជួយឱ្យមនុស្សកាន់តែស្ដាប់បង្គាប់ខ្ញុំ ហើយមុខងារនៃការវាយផ្ចាលរបស់ខ្ញុំ គឺដើម្បីឱ្យមនុស្សផ្លាស់ប្ដូរកាន់តែមានប្រសិទ្ធភាព។ ទោះបីជាអ្វីដែលខ្ញុំធ្វើ គឺដើម្បីជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំមិនធ្លាប់ធ្វើអ្វីដែលគ្មានប្រយោជន៍ដល់មនុស្សលោកដែរ ព្រោះខ្ញុំសព្វព្រះហឫទ័យចង់ឱ្យជាតិសាសន៍ទាំងអស់ក្រៅពីអ៊ីស្រាអែលស្ដាប់បង្គាប់ខ្ញុំ ដូចជាជនជាតិអ៊ីស្រាអែលដែរ ដើម្បីធ្វើឱ្យពួកគេក្លាយទៅជាមនុស្សពិតប្រាកដ ប្រយោជន៍ឱ្យខ្ញុំអាចមានមូលដ្ឋាននៅលើទឹកដីផ្សេងទៀតក្រៅពីអ៊ីស្រាអែល។ នេះហើយជាការគ្រប់គ្រងរបស់ខ្ញុំ។ វាជាកិច្ចការដែលខ្ញុំកំពុងសម្រេចក្នុងចំណោមសាសន៍ដទៃ។ សូម្បីតែឥឡូវនេះ ក៏នៅតែមានមនុស្សជាច្រើនមិនយល់ពីការគ្រប់គ្រងរបស់ខ្ញុំដែរ ព្រោះពួកគេមិនចាប់អារម្មណ៍ចំពោះរឿងបែបនេះ ហើយពួកគេយកចិត្តទុកដាក់តែចំពោះអនាគត ហើយនិងទិសដៅរបស់ខ្លួនប៉ុណ្ណោះ។ មិនថាខ្ញុំមានបន្ទូលអ្វីក៏ដោយ ក៏ពួកគេនៅតែមិនអើពើចំពោះកិច្ចការដែលខ្ញុំធ្វើដែរ ផ្ទុយទៅវិញ ពួកគេផ្ដោតទាំងស្រុងទៅលើទិសដៅរបស់ពួកគេនៅថ្ងៃស្អែក។ ប្រសិនបើអ្វីៗនៅតែបន្ដរបៀបនេះ តើឱ្យកិច្ចការរបស់ខ្ញុំរីកចម្រើនយ៉ាងដូចម្ដេចបាន? តើឱ្យដំណឹងល្អរបស់ខ្ញុំអាចផ្សព្វផ្សាយទៅពាសពេញពិភពលោកយ៉ាងដូចម្ដេចបាន? ចូរដឹងថានៅពេលដែលកិច្ចការរបស់ខ្ញុំរីកចម្រើន នោះខ្ញុំនឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ហើយវាយបំបាក់អ្នករាល់គ្នា ដូចជាព្រះយេហូវ៉ាបានវាយបំបាក់ពូជអំបូរអ៊ីស្រាអែលនីមួយៗដែរ។ ការទាំងអស់នេះនឹងកើតឡើង ដើម្បីឱ្យដំណឹងល្អរបស់ខ្ញុំ បានផ្សព្វផ្សាយទៅពាសពេញលើផែនដី ដើម្បីឱ្យកិច្ចការរបស់ខ្ញុំបានរីកសុះសាយទៅដល់សាសន៍ដទៃ ដើម្បីឱ្យទាំងមនុស្សពេញវ័យ និងកុមារបានលើកតម្កើងព្រះនាមខ្ញុំ ហើយដើម្បីឱ្យបបូរមាត់របស់មនុស្សពីគ្រប់ពូជអំបូរ និងគ្រប់ជាតិសាសន៍ទាំងអស់ បានសរសើរដល់ព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំ។ ដូច្នេះ គឺនៅក្នុងយុគសម័យចុងក្រោយនេះហើយ ដែលគេនឹងលើកតម្កើងព្រះនាមរបស់ខ្ញុំនៅក្នុងចំណោមសាសន៍ដទៃ ហើយពួកគេនឹងមើលឃើញការប្រព្រឹត្តរបស់ខ្ញុំ ព្រមទាំងហៅខ្ញុំថាជាព្រះដ៏មានគ្រប់ចេស្ដា ទៅតាមដំណើររឿងនៃការប្រព្រឹត្តរបស់ខ្ញុំ ហើយព្រះបន្ទូលរបស់ខ្ញុំនឹងសម្រេចក្នុងពេលឆាប់ៗនេះ។ ខ្ញុំនឹងធ្វើឱ្យមនុស្សទាំងអស់ដឹងថា ខ្ញុំមិនត្រឹមតែជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាព្រះជាម្ចាស់របស់ជាតិសាសន៍ដទៃទៀតដែរ រួមទាំងអស់អ្នកដែលខ្ញុំបានដាក់បណ្ដាសាផង។ ខ្ញុំនឹងឱ្យមនុស្សទាំងអស់ឃើញថា ខ្ញុំគឺជាព្រះជាម្ចាស់នៃអ្វីៗទាំងអស់។ នេះហើយជាកិច្ចការដ៏ធំបំផុតរបស់ខ្ញុំ ជាគោលបំណងនៃផែនការកិច្ចការរបស់ខ្ញុំនៅគ្រាចុងក្រោយ និងជាកិច្ចការតែមួយគត់ដែលត្រូវសម្រេចនៅគ្រាចុងក្រោយ។
(ដកស្រង់ពី «កិច្ចការប្រកាសដំណឹងល្អ ក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
សម្រង់សេចក្តីអធិប្បាយនិងការប្រកបគ្នា សម្រាប់ជាឯកសារយោង៖
នៅក្នុងសេចក្តីជំនឿរបស់យើងលើព្រះជាម្ចាស់ យើងប្រព្រឹត្តស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមសេចក្តីពិត និងតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់។ យើងមិនពាក់ព័ន្ធនឹងកិច្ចការនយោបាយ ហើយក៏មិនចូលរួមនៅក្នុងសកម្មភាពនយោបាយណាមួយដែរ។ យ៉ាងហោចណាស់ ព្រះជាម្ចាស់សុំពីអស់អ្នកដែលជឿលើទ្រង់ ទីមួយគឺថាឲ្យយើងដេញតាម និងអនុវត្តតាមសេចក្តិពិត ហើយមិនត្រូវដើរតាមនិន្នាការអាក្រក់នៃពិភពខាងក្រៅ ព្រមទាំងប្រព្រឹត្តអំពើអាក្រក់ដែលត្រូវបានធ្វើ ដោយមនុស្សជាតិដែលពុករលួយនោះឡើយ។ សកម្មភាពរបស់យើងត្រូវតែក្លាយជាប្រយោជន៍ដល់អ្នកដទៃ ពោលគឺយើងត្រូវតែក្លាយជាពន្លឺ និងអំបិល។ ជាងនេះទៅទៀត ក្នុងនាមជាភាវៈដែលត្រូវបានបង្កើតមក យើងត្រូវតែធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយលះបង់ខ្លួនឯងសម្រាប់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់យើង។ ដោយសារតែព្រះជាម្ចាស់បានប្រទានសេចក្តីសង្រ្គោះដល់យើងដោយព្រះគុណ នោះវាជាទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់យើងដែលត្រូវផ្សាយដំណឹងល្អ និងធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ដើម្បីឲ្យអស់អ្នកដែលមិនជឿលើព្រះជាម្ចាស់ អ្នកដែលមិនទាន់ស្គាល់ព្រះជាម្ចាស់ និងអ្នកដែលនៅតែរស់ក្រោមការត្រួតត្រារបស់សាតាំង អាចចូលមកចំពោះព្រះជាម្ចាស់ ដើម្បីសិក្សាស្វែងយល់ពីផ្លូវដ៏ពិត ទទួលយកសេចក្តីពិត ទទួលបានសេចក្តីពិត បោះបង់សេចក្តីពុករលួយរបស់ខ្លួន និងត្រូវបានសង្រ្គោះដោយព្រះជាម្ចាស់។ នេះជាបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ហើយក៏ជាសារៈសំខាន់ដ៏ពិតនៃកិច្ចការផ្សាយដំណឹងល្អដែលយើងត្រូវធ្វើផងដែរ។ ការផ្សាយដំណឹងល្អ និងការធ្វើបន្ទាល់របស់យើងអំពីព្រះជាម្ចាស់គ្មានពាក់ព័ន្ធអ្វីជាមួយនឹងកិច្ចការនយោបាយទេ។ វាគ្មាននូវចេតនា ឬគោលបំណងខាងនយោបាយដែលពាក់ព័ន្ធនៅក្នុងការផ្សាយដំណឹងល្អឡើយ ហើយកិច្ចការនេះក៏មិនត្រូវបានធ្វើសម្រាប់ជាប្រយោជន៍នៃការផ្ដួលរំលំរដ្ឋាភិបាល ឬគណបក្សនយោបាយណាមួយនោះដែរ។ ការផ្សាយដំណឹងល្អត្រូវបានធ្វើឡើងសម្រាប់ជាប្រយោជន៍នៃការនាំមនុស្សជាតិដែលពុករលួយចូលមកចំពោះព្រះជាម្ចាស់ ដើម្បីឲ្យមនុស្សអាចទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ហើយត្រូវបានប្រោសឲ្យបរិសុទ្ធ និងបានសង្គ្រោះ ដូច្នេះ ពួកគេអាចគេចផុតទាំងស្រុងពីឥទ្ធិពលខ្មៅងងឹត និងអាក្រក់ ហើយរស់នៅក្នុងពន្លឺ ទទួលការមើលថែ ការការពារ និងព្រះពរពីព្រះជាម្ចាស់។ នៅពេលដែលយើងនាំមនុស្សចូលទៅចំពោះព្រះជាម្ចាស់ ដើម្បីឲ្យពួកគេអាចទទួលយកកិច្ចការ និងសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ យើងមិនមែនកំពុងតែធ្វើសំណើខាងនយោបាយនោះទេ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានសុំឲ្យរាស្ត្ររើសតាំងរបស់ទ្រង់ក្រោកឡើង ហើយផ្ដួលរំលំបក្សកុម្មុយនីស្តចិននោះឡើយ។ គ្រប់យ៉ាងដែលព្រះជាម្ចាស់សម្ដែងចេញគឺជាសេចក្តីពិត សុទ្ធតែជាព្រះបន្ទូលដែលលាតត្រដាងនូវនិស្ស័យដ៏ពុករលួយរបស់មនុស្សជាតិ ជាព្រះបន្ទូលដែលសង្រ្គោះមនុស្ស ផ្លាស់ប្ដូរមនុស្ស ប្រោសមនុស្សឲ្យគ្រប់លក្ខណ៍ និងជួយមនុស្សឲ្យស្គាល់ព្រះជាម្ចាស់ និងស្ដាប់បង្គាប់ទ្រង់។ គ្រប់យ៉ាងដែលយើងធ្វើត្រូវតែមានមូលដ្ឋានលើព្រះបន្ទូល និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ ពួកជំនុំរបស់យើងមិនដែលចូលរួមពាក់ព័ន្ធនៅក្នុងសកម្មភាពនយោបាយណាមួយទេ ហើយក៏មិនមានពាក្យស្លោកខាងនយោបាយអ្វីនោះដែរ។ ការរស់នៅជីវិតជាពួកជំនុំគ្មានពាក់ព័ន្ធអ្វីក្រៅពីការប្រកបគ្នាអំពីសេចក្តីពិត និងការស្គាល់ខ្លួនឯង ដែលធ្វើឡើងសម្រាប់ជាប្រយោជន៍នៃការទទួលបានសេចក្តីពិត ការស្ដាប់បង្គាប់ព្រះជាម្ចាស់ ការសម្ដែងចេញនូវលក្ខណៈជាមនុស្សដ៏ពិតប្រាកដ និងការត្រូវបានសង្រ្គោះដោយព្រះជាម្ចាស់នោះឡើយ។ ជាងនេះទៅទៀត យើងមិនមានចំណាប់អារម្មណ៍បន្ដិចសោះឡើយនៅក្នុងកិច្ចការនយោបាយ។ នយោបាយមិនមែនជារឿងវិជ្ជមានទេ ហើយវាក៏គ្មាននូវសេចក្តីពិតដែរ។ នយោបាយមិនអាចផ្ដល់ឲ្យមនុស្សនូវសេចក្តីពិត ឬព្រះពររបស់ព្រះជាម្ចាស់បានទេ ហើយនយោបាយក៏មិនអាចជួយឲ្យមនុស្សទទួលបានសេចក្តីសង្រ្គោះនោះដែរ។ មនុស្សគ្រប់គ្នាអាចមើលឃើញយ៉ាងច្បាស់ថា ការិយាធិបតេយ្យមានតែធ្វើឲ្យមនុស្សកាន់តែអាក្រក់ និងកាន់តែពុករលួយប៉ុណ្ណោះ។ ហេតុដូចនេះ នៅក្នុងសេចក្តីជំនឿរបស់យើងលើព្រះជាម្ចាស់ យើងមិនដែលពាក់ព័ន្ធនៅក្នុងកិច្ចការនយោបាយឡើយ ដ្បិតវាស្ដែងឲ្យយើងឃើញយ៉ាងច្បាស់ថា មានតែសេចក្តីជំនឿលើព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចធ្វើឲ្យមនុស្សផ្លាស់ប្ដូរកាន់តែប្រសើរ និងផ្ដល់ឲ្យពួកគេមានភាពជាមនុស្ស មនសិការ និងវិចារណញាណកាន់តែច្រើន។ ប្រសិនបើមនុស្សជឿលើព្រះជាម្ចាស់ និងដេញតាមសេចក្តីពិតយ៉ាងពិតប្រាកដ នោះវាគ្មានមន្ទិលឡើយថា ពួកគេនឹងអាចបោះបង់ចោលសេចក្តីពុករលួយរបស់ខ្លួន ហើយរស់នៅមានលក្ខណៈជាមនុស្សដ៏ពិតប្រាកដ ដែលនេះហើយជាបទដ្ឋានជាក់លាក់សម្រាប់ការទទួលបានសេចក្តីសង្រ្គោះនៅក្នុងសេចក្តីជំនឿរបស់ខ្លួនលើព្រះជាម្ចាស់នោះ។
ព្រះជាម្ចាស់ជាព្រះអាទិករ ហើយមានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះ ទើបអាចសង្រ្គោះមនុស្សជាតិដែលពុករលួយបាន។ យើងផ្សាយដំណឹងល្អ និងធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ដើម្បីឲ្យមនុស្សជាតិទាំងអស់អាចស្គាល់ព្រះអាទិករ ហើយចូលមកចំពោះព្រះអាទិករ និងថ្វាយបង្គំព្រះដ៏ពិតតែមួយអង្គ។ នេះគឺជាមាគ៌ានៃព្រះពររបស់មនុស្ស ហើយជាងនេះទៅទៀត ក៏ជាមាគ៌ានៃសេចក្តីសង្រ្គោះរបស់មនុស្សផងដែរ។ ពិភពលោកនា ពេលសព្វថ្ងៃកាន់តែខ្មៅងងឹត និងអាក្រក់ទៅៗ ហើយមនុស្សជាតិក៏កាន់តែពុករលួយផងដែរ។ ពិភពលោកកំពុងតែថមថយចុះ ហើយសីលធម៌ក៏ធ្លាក់ចុះផងដែរ។ ប្រសិនបើមនុស្សជាតិចង់ដោះស្រាយជាមួយបញ្ហាទាំងនេះ មនុស្សត្រូវតែជឿលើព្រះជាម្ចាស់ ពួកគេត្រូវតែទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ហើយទទួលបានសេចក្តីពិតចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានតែបែបនេះទេ ទើបបញ្ហានៃសេចក្តីខ្មៅងងឹតរបស់ពិភពលោក ព្រមទាំងការអាក្រក់ និងសេចក្តីពុករលួយរបស់មនុស្សជាតិនឹងត្រូវបានដោះស្រាយដល់ប្រភពរបស់វា។ ហេតុនេះ ការផ្សាយដំណឹងល្អពិតជាសំខាន់ណាស់សម្រាប់ស្ថិរភាពនៃសង្គម និងសេចក្តីសុខរបស់មនុស្សជាតិ។ មានផ្លូវតែមួយគត់ ដើម្បីឲ្យមនុស្សជាតិសម្រេចបាននូវសេចក្តីសុខដ៏ពិតប្រាកដ និងដើម្បីឲ្យសង្គមសម្រេចបាននូវសន្ដិភាពដ៏គង់វង្សស្ថិតស្ថេរ ហើយផ្លូវមួយនោះគឺត្រូវទទួលយកកិច្ចការ និងសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់។ វាគ្មានផ្លូវណាផ្សេងក្រៅពីផ្លូវនេះឡើយ។ អ្នកមិនត្រូវរំពឹងឲ្យប្រទេស ឬបក្សនយោបាយណាមួយមកសង្រ្គោះមនុស្សជាតិឡើយ ហើយអ្នកក៏មិនគួរដាក់សេចក្តីសង្រ្គោះរបស់មនុស្សជាតិទៅលើអ្នកនយោបាយ អ្នកនិពន្ធ ឬអ្នកពូកែខាងការគិតណាម្នាក់ដែរ។ ការនេះហួសពីដែនសមត្ថភាពរបស់មនុស្សជាតិដែលពុករលួយហើយ។ មានតែព្រះអាទិករ ជាព្រះដ៏ពិតតែមួយអង្គប៉ុណ្ណោះ ទើបមានសមត្ថភាពពេញលេញក្នុងការសង្រ្គោះមនុស្សជាតិ។ ហេតុដូចនេះ ការផ្សាយដំណឹងល្អ និងការធ្វើបន្ទាល់របស់យើងអំពីព្រះជាម្ចាស់ពិតជាផ្ដល់នូវអត្ថប្រយោជន៍សំខាន់បំផុតដល់មនុស្សជាតិ វាជាអ្វីដែលមនុស្សជាតិ និងសង្គមត្រូវការ ហើយវាសុចរិតត្រឹមត្រូវទាំងស្រុងតែម្ដង។ គ្មានអ្វីមួយមានអត្ថន័យជាងនេះទៀតឡើយ។ យើងទុកចិត្តថា អស់អ្នកណាដែលមានមនសិការ ការត្រិះរិះពិចារណា និងញាណនៃសេចក្តីយុត្តិធម៌នឹងគាំទ្រដល់ការផ្សាយដំណឹងល្អរបស់យើង ហើយយល់ស្របជាមួយទស្សនៈរបស់យើងមិនខាន។
គឺដោយសារតែយើងទទួលយកព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា យល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីសង្រ្គោះមនុស្សជាតិ និងដឹងយ៉ាងច្បាស់ថា ព្រះគ្រីស្ទគឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិតនេះហើយ ទើបយើងចាប់ផ្ដើមផ្សាយដំណឹងល្អ និងធ្វើបន្ទាល់អំពីកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ នៅក្នុងការផ្សាយដំណឹងល្អ យើងកំពុងតែចែកចាយជាមួយមនុស្សអំពីផ្លូវដ៏ពិតទៅរកសេចក្តីសង្រ្គោះ ដើម្បីឲ្យពួកគេអាចទទួលយកផ្លូវដ៏ពិត និងត្រូវបានសង្រ្គោះដោយព្រះជាម្ចាស់នៅក្នុងអំឡុងនៃគ្រាចុងក្រោយ។ នេះជាភារកិច្ចរបស់យើង ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ហើយវាក៏ជាសេចក្តីស្រឡាញ់ដ៏ពិតប្រាកដបំផុតរបស់យើងផងដែរ។ ដំណឹងល្អអំពីនគរព្រះនៃគ្រាចុងក្រោយដែលយើងប្រកាស ពិតជាមានប្រយោជន៍ខ្លាំងណាស់ចំពោះមនុស្ស។ នាពេលនេះ ក្នុងនាមជាបក្សកាន់អំណាច បក្សកុម្មុយនីស្តចិនមិនគ្រាន់តែគ្មានសមត្ថភាពធ្វើអ្វីមួយដែលមានតម្លៃពិតប្រាកដ ឬដោះស្រាយបញ្ហាពិតប្រាកដសម្រាប់ប្រជាជន ហើយផ្ដល់ជូនដល់ពួកគេនូវសន្ដិភាព និងសេចក្តីសុខប៉ុណ្ណោះទេ ប៉ុន្តែក៏ខ្ជីខ្ជានៅក្នុងកាតព្វកិច្ចរបស់ខ្លួន ដោយធ្វើការប្រៀតបៀន ចាប់ខ្លួន និងរំលោភបំពានយើង ដោយគ្មានមនសិការសោះឡើយ។ តើទង្វើបែបនេះមិនប្រឆាំងនឹងស្ថានសួគ៌ ជាទង្វើដ៏គួរឲ្យស្អប់ខ្ពើមបំផុតទេឬ? ជាជាងធ្វើតាមបំណងព្រះហឫទ័យនៃស្ថានសួគ៌ និងតាមបេះដូងរបស់ប្រជាជន ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនគោរពបូជាចំពោះការអាក្រក់ ហើយប្រឆាំងនឹងសេចក្តីសុចរិត? ចំពោះការនេះ តើវាមិនគ្មានភាពជាមនុស្សទេឬអី? នៅក្នុងដំណើរនៃការផ្សាយដំណឹងល្អ និងការបំពេញភារកិច្ចរបស់ខ្លួន រាស្ត្ររើសតាំងជាច្រើននាក់របស់ព្រះជាម្ចាស់អាចលះបង់ចោលភាពសុខស្រួល និងភាពរីករាយខាងសាច់ឈាម។ ដោយឆ្លងកាត់ព្យុះភ្លៀង ទាំងក្ដៅទាំងត្រជាក់ ពួកគេបន្តផ្សាយដំណឹងល្អអំពីនគររបស់ព្រះជាម្ចាស់។ ទោះបីជារងការប្រមាថដ៏ឈឺចាប់ ទោះបីមនុស្សបដិសេធ វាយដំ និងដាក់បណ្ដាសាពួកគេ ហើយទោះបីពួកគេត្រូវបានចាប់ខ្លួន និងបៀតបៀនពីសំណាក់បក្សកុម្មុយនីស្តចិនក៏ដោយ ក៏ពួកគេស៊ូទ្រាំក្រាញននៀលនៅក្នុងការផ្សាយដំណឹងល្អ និងការបំពេញភារកិច្ចរបស់ខ្លួនដែរ។ ពួកគេធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេត្រូវបានត្រាស់ហៅឲ្យធ្វើ ហើយមិនថាមនុស្សទទួលយកវាឬក៏អត់នោះឡើយ ក៏ពួកគេប្រព្រឹត្តចំពោះកិច្ចការទាំងនោះដោយការទទួលខុសត្រូវ និងដោយចិត្តអាណិតអាសូរដែរ។ មនសិការរបស់យើងមិនអាចសម្រាកបានឡើយ បើយើងបានដឹងអំពីផ្លូវដ៏ពិត តែយើងបែរជាមិនប្រកាស ឬធ្វើបន្ទាល់អំពីវានោះ។ ហើយការនេះក៏មិនយុត្តិធម៌ចំពោះមនុស្សផងដែរ។ ហេតុនេះ គ្រប់យ៉ាងដែលយើងធ្វើ គឺត្រូវផ្សាយដំណឹងល្អ និងធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ដោយធ្វើឲ្យមនុស្សដឹងអំពីផ្លូវដ៏ពិត និងមាគ៌ាអំពីសេចក្តីសង្រ្គោះនៃគ្រាចុងក្រោយ។ ការផ្សាយដំណឹងល្អរបស់យើងមិនមានការពាក់ព័ន្ធសោះឡើយជាមួយឹងកិច្ចការនយោបាយ ហើយវាក៏មិនបង្កជាការរំខានដល់សណ្ដាប់សាធារណៈនោះដែរ។ ផ្ទុយទៅវិញ វាជាការរៀបចំនៃទង្វើល្អក្នុងគោលបំណងទាំងស្រុង ដើម្បីឲ្យមនុស្សជាតិអាចចូលមកចំពោះព្រះជាម្ចាស់ ហើយទទួលយកការសម្អាត និងសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ រួចផុតពីគ្រោះមហន្តរាយធំៗ ហើយចូលទៅក្នុងវាសនាដ៏ស្រស់ស្អាតដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់មនុស្ស។ នេះជាការពិត។
(ដកស្រង់ពី សេចក្តីប្រកបគ្នាពីស្ថានលើ)