៥. វាជាការល្អក្នុងការជឿលើព្រះជាម្ចាស់ ប៉ុន្តែខ្ញុំគិតថា គ្រប់សាសនាសុទ្ធតែបង្រៀនមនុស្សឲ្យក្លាយជាមនុស្សល្អ។ ដូច្នេះ មិនថាមនុស្សជឿលើសាសនាណាឡើយ ដរាបណាពួកគេទៀងត្រង់ និងមិនធ្វើអាក្រក់ នោះពួកគេនឹងប្រាកដជាត្រូវបានព្រះជាម្ចាស់សង្រ្គោះមិនខាន។

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

ឥឡូវនេះ តើអ្នករាល់គ្នាយល់ពិតប្រាកដទេថា អ្វីជាសេចក្ដីជំនឿលើសាសនា និងអ្វីជាសេចក្ដីជំនឿលើព្រះជាម្ចាស់? តើមានភាពខុសគ្នារវាងសេចក្ដីជំនឿលើសាសនា និងសេចក្ដីជំនឿលើព្រះជាម្ចាស់ដែរឬទេ? តើភាពខុសគ្នាស្ថិតនៅត្រង់ណា? តើអ្នកបានយល់ពីសំណួរទាំងនេះទេ? តើអ្នកជឿលើសាសនា ជាធម្មតាមានលក្ខណៈបែបណា? តើពួកគេផ្ដោតលើអ្វី? តើសេចក្ដីជំនឿលើសាសនា ត្រូវបានកំណត់ន័យយ៉ាងដូចម្តេច? នៅពេលដែលមនុស្សជឿលើសាសនា ពួកគេទទួលស្គាល់ថា មានព្រះជាម្ចាស់ ហើយពួកគេធ្វើការផ្លាស់ប្តូរមួយចំនួនទៅលើឥរិយាបថរបស់ពួកគេ៖ ពួកគេមិនវាយ ឬស្បថដាក់មនុស្សទេ ពួកគេមិនធ្វើការអាក្រក់ដែលបង្កគ្រោះថ្នាក់ដល់មនុស្ស ហើយពួកគេមិនប្រព្រឹត្តិបទល្មើសផ្សេងៗ ឬបំពានច្បាប់ឡើយ។ នៅថ្ងៃអាទិត្យ គេទៅចូលរួមការថ្វាយបង្គំ។ នេះគឺជាមនុស្សដែលជឿលើសាសនា។ ដូច្នេះ ការមានឥរិយាបថល្អ និងការចូលរួមការថ្វាយបង្គំជាញឹកញាប់ គឺជាភស្តុតាងដែលបង្ហាញថា មនុស្សម្នាក់នោះជឿលើសាសនា។ នៅពេលដែលនរណាម្នាក់ជឿលើសាសនា ពួកគេទទួលស្គាល់ថា មានព្រះជាម្ចាស់ ហើយពួកគេគិតថា ការជឿលើព្រះជាម្ចាស់គឺដើម្បីក្លាយជាមនុស្សល្អ នោះគេនឹងបានទៅស្ថានសួគ៌ក្រោយពេលពួកគេស្លាប់ ពួកគេនឹងមានទីបញ្ចប់ដ៏ល្អ ដរាបណាគេមិនធ្វើបាប ឬធ្វើអំពើអាក្រក់ទេ។ សេចក្ដីជំនឿរបស់ពួកគេផ្តល់ឱ្យពួកគេនូវអាហារខាងឯវិញ្ញាណ។ ដូចនេះ សេចក្ដីជំនឿលើសាសនា ក៏អាចត្រូវបានកំណត់បានដូចតទៅ៖ ការជឿលើសាសនាគឺត្រូវទទួលស្គាល់ក្នុងចិត្តថាមានព្រះជាម្ចាស់ ទុកចិត្តថាក្រោយពេលអ្នកស្លាប់ អ្នកនឹងបានទៅស្ថានសួគ៌ មានន័យថា អ្នកមានជន្ទល់ខាងអារម្មណ៍នៅក្នុងចិត្តរបស់អ្នក ក៏ដូចជាការផ្លាស់ប្តូរឥរិយាបថមួយចំនួនរបស់អ្នកផងដែរ គឺត្រូវធ្វើការល្អ និងគ្មានអ្វីផ្សេងទៀតទេ។ ចំពោះព្រះជាម្ចាស់ដែលពួកគេជឿ ថាតើមានឬអត់ ថាតើព្រះជាម្ចាស់នេះកំពុងធ្វើអ្វីឥឡូវនេះ ថាតើអ្វីដែលព្រះជាម្ចាស់នេះសុំពីពួកគេ គឺពួកគេគ្មានគំនិតទេ ពួកគេយល់ឃើញ និងស្រមៃមើលការណ៍ទាំងអស់នេះដោយផ្អែកលើគោលលទ្ធិនៃព្រះគម្ពីរប៉ុណ្ណោះ។ នេះគឺជា ជំនឿលើសាសនា។ សេចក្ដីជំនឿលើសាសនា គឺការដេញតាមជាចម្បងលើការផ្លាស់ប្តូរឥរិយាបថ និងអាហារខាងឯវិញ្ញាណ។ ប៉ុន្តែផ្លូវដែលមនុស្សទាំងនេះដើរ ដែលជាផ្លូវនៃការដេញតាមព្រះពរ គឺមិនបានផ្លាស់ប្តូរឡើយ។ មិនមានការផ្លាស់ប្តូរនៅក្នុងការយល់ឃើញ សញ្ញាណ និងការស្រមើលស្រមៃខុសឆ្គងរបស់ពួកគេអំពីសេចក្ដីជំនឿលើព្រះជាម្ចាស់នោះឡើយ។ មូលដ្ឋានគ្រឹះនៃអត្ថិភាពរបស់ពួកគេ និងគោលដៅ ព្រមទាំងទិសដៅជីវិតដែលពួកគេដេញតាម គឺផ្អែកលើគំនិត និងយោបល់នៃវប្បធម៌ប្រពៃណី ហើយមិនបានផ្លាស់ប្តូរអ្វីទាំងអស់។ បែបនេះគឺជាសភាពរបស់មនុស្សគ្រប់រូបដែលជឿលើសាសនា។ ដូច្នេះ តើអ្វីទៅជាសេចក្ដីជំនឿលើព្រះជាម្ចាស់? តើអ្វីទៅជានិយមន័យនៃសេចក្ដីជំនឿលើព្រះជាម្ចាស់? (ជាការទុកចិត្តលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។) វាគឺជាការទុកចិត្តលើអត្ថិភាពនៃព្រះជាម្ចាស់ និងការទុកចិត្តលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ដែលការណ៍ទាំងនេះគឺជាមូលដ្ឋានគ្រឹះសំខាន់បំផុត។ ការជឿលើព្រះជាម្ចាស់ គឺការស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការឋិតថេរនៅ ការរស់នៅ ការអនុវត្តភារកិច្ចរបស់ខ្លួន និងការចូលរួមក្នុងគ្រប់សកម្មភាពទាំងអស់របស់មនុស្សជាតិជាធម្មតា ទៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសុំ។ សរុបសេចក្ដីមក ការជឿលើព្រះជាម្ចាស់ គឺដើរតាមព្រះជាម្ចាស់ ធ្វើអ្វីដែលព្រះជាម្ចាស់សុំឱ្យធ្វើ រស់នៅដូចដែលព្រះជាម្ចាស់សុំ។ ដើម្បីជឿលើព្រះជាម្ចាស់ គឺត្រូវដើរតាមមាគ៌ារបស់ព្រះជាម្ចាស់។ តើគោលដៅ និងទិសដៅជីវិតរបស់មនុស្សដែលជឿលើព្រះជាម្ចាស់ មិនខុសគ្នាទាំងស្រុងពីមនុស្សដែលជឿលើសាសនាទេឬ? តើការជឿលើព្រះជាម្ចាស់ពាក់ព័ន្ធនឹងអ្វីខ្លះ? មនុស្សគប្បីរស់នៅក្នុងភាពជាមនុស្សធម្មតា។ ពួកគេគប្បីស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនថាព្រះជាម្ចាស់ស្នើឱ្យពួកគេធ្វើអ្វីនោះទេ ហើយពួកគេគប្បីអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្វីទាំងអស់នេះសុទ្ធតែពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់មានអ្វីខ្លះ? (សេចក្ដីពិត)។ ការជឿលើព្រះជាម្ចាស់ពាក់ព័ន្ធនឹងសេចក្ដីពិត។ វាគឺជាប្រភព និងជាមាគ៌ាជីវិតដ៏ត្រឹមត្រូវ។ វាពាក់ព័ន្ធនឹងមាគ៌ាដែលមនុស្សដើរនៅក្នុងជីវិត។ ដូច្នេះហើយ សេចក្តីជំនឿលើព្រះជាម្ចាស់ ត្រូវតែស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអ្វីដែលព្រះជាម្ចាស់សុំ មនុស្សត្រូវតែអនុវត្តតាមអ្វីដែលព្រះជាម្ចាស់បានសុំ។ មានតែធ្វើដូច្នេះទេ ទើបជាសេចក្ដីជំនឿដ៏ពិតលើព្រះជាម្ចាស់ ដែលការណ៍នេះឈានដល់ឫសគល់នៃបញ្ហា។ ការអនុវត្តន៍សេចក្តីពិត ការដើរតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ នេះជាផ្លូវត្រឹមត្រូវនៃជីវិតមនុស្ស ជាសេចក្ដីជំនឿលើព្រះជាម្ចាស់ទាក់ទងនឹងផ្លូវនៃជីវិតមនុស្ស។ សេចក្ដីជំនឿលើព្រះជាម្ចាស់ទាក់ទងនឹងសេចក្តីពិតជាច្រើន ហើយអ្នកដើរតាមព្រះជាម្ចាស់ត្រូវតែយល់សេចក្តីពិតទាំងនេះ។ តើពួកគេអាចដើរតាមព្រះជាម្ចាស់យ៉ាងដូចម្ដេច ប្រសិនបើពួកគេមិនយល់ និងព្រមទទួលយកការទាំងនេះផង? មនុស្សដែលជឿលើសាសនាគ្រាន់តែទទួលស្គាល់ថា មានព្រះជាម្ចាស់ ហើយពួកគេទុកចិត្តថា មានព្រះជាម្ចាស់ ប៉ុន្តែពួកគេមិនយល់ពីសេចក្ដីពិតទាំងនេះទេ ហើយក៏មិនទទួលយកសេចក្ដីពិតទាំងនេះដែរ ដូច្នេះហើយអ្នកដែលជឿលើសាសនាមិនមែនជាអ្នកដើរតាមព្រះជាម្ចាស់នោះទេ។ តើការជឿលើសាសនាមានពាក់ព័ន្ធនឹងចំណុចទាំងអស់នេះដែរឬទេ? គឺពុំមានពាក់ព័ន្ធនោះទេ។ ដើម្បីជឿលើសាសនា គ្មានបញ្ហាអ្វីនោះទេដោយគ្រាន់តែត្រូវមានឥរិយាបថល្អពីសំបកក្រៅ ចេះហាមចិត្តខ្លួនឯង គោរពច្បាប់ និងមានបង្អែកខាងផ្លូវចិត្តមួយ។ ប្រសិនបើមនុស្សម្នាក់មានឥរិយាបថល្អ និងមានបង្អែក និងជំនួយផ្លូវចិត្ត តើមាគ៌ាជីវិតរបស់ពួកគេផ្លាស់ប្ដូរដែរឬទេ? (អត់ទេ)។ មនុស្សខ្លះនិយាយថា៖ «ការជឿលើសាសនា និងការជឿលើព្រះជាម្ចាស់គឺដូចតែគ្នាទេ»។ ដូច្នេះ តើពួកគេដើរតាមព្រះជាម្ចាស់ដែរឬទេ? ការជឿលើសាសនាគឺគ្រាន់តែជាការស្វែងរកការផ្លាស់ប្ដូរឥរិយាបថប៉ុណ្ណោះ គ្មានអ្វីក្រៅពីការស្វែងរកបង្អែកផ្លូវចិត្ត ហើយវាគ្មានពាក់ព័ន្ធនឹងសេចក្ដីពិតឡើយ។ ជាលទ្ធផល មិនអាចមានការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សទាំងនេះបានឡើយ។ ពួកគេពុំអាចអនុវត្តសេចក្ដីពិតបាន ឬពុំអាចផ្លាស់ប្ដូរអ្វីជាដុំកំភួនបានឡើយ ហើយពួកគេក៏ពុំមានចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់ដែរ។ នៅពេលនរណាម្នាក់ជឿលើសាសនា មិនថាពួកគេមានឥរិយាបថល្អបែបណា មិនថាបង្អែកផ្លូវចិត្តពួកគេរឹងមាំបែបណានោះទេ តើពួកគេដើរតាមព្រះជាម្ចាស់ដែរឬទេ? (អត់ទេ)។ ដូច្នេះ តើពួកគេដើរតាមនរណា? ពួកគេដើរតាមសាតាំង។ ហើយតើអ្វីទៅជាមូលដ្ឋានដែលពួកគេរស់នៅ ស្វែងរក ចង់បាន អនុវត្ត និងពឹងផ្អែកនៅក្នុងជីវិតរបស់ពួកគេ? មូលដ្ឋាននេះ គឺជានិស្ស័យពុករលួយទាំងស្រុងរបស់សាតាំង និងជាសារជាតិរបស់វា។ វិធីដែលពួកគេប្រព្រឹត្តខ្លួន និងធ្វើដាក់អ្នកដទៃ គឺធ្វើតាមហេតុផល និងទស្សនវិជ្ជាសម្រាប់ការរស់នៅរបស់សាតាំង។ អ្វីគ្រប់យ៉ាងដែលពួកគេនិយាយ គឺជាការកុហក គ្មានសេចក្ដីពិតបន្ដិចឡើយ។ ពួកគេមិនបានសម្រេចការផ្លាស់ប្ដូរសូម្បីបន្តិចសោះឡើយចំពោះនិស្ស័យសាតាំងរបស់ពួកគេ ហើយអ្វីដែលពួកគេដើរតាម គឺនៅតែជាសាតាំងដដែល។ ទស្សនៈវិជ្ជាអំពីជីវិត តម្លៃ វិធីដោះស្រាយបញ្ហា និងគោលការណ៍នៃសកម្មភាពរបស់ពួកគេ គឺសុទ្ធតែជាការសម្ដែងចេញអំពីធម្មជាតិជាសាតាំងរបស់ពួកគេ។ មានការផ្លាស់ប្ដូរតិចតួចប៉ុណ្ណោះចំពោះឥរិយាបថខាងក្រៅរបស់ពួកគេ។ ពុំមានការផ្លាស់ប្រែនៅក្នុងមាគ៌ាជីវិត របៀបដែលពួកគេរស់នៅ ឬទស្សនៈរបស់ពួកគេសូម្បីបន្តិចសោះឡើយ។ ប្រសិនបើអ្នកពិតជាជឿលើព្រះជាម្ចាស់មែន តើមានការផ្លាស់ប្តូរជាក់ស្ដែងអ្វីខ្លះបានកើតឡើងចំពោះខ្លួនអ្នក បន្ទាប់ពីបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ? មូលដ្ឋានគ្រឹះនៃជីវិតរបស់អ្នកជួបនូវការផ្លាស់ប្ដូរ។ តើអ្នករស់នៅដោយពឹងផ្អែកលើមូលដ្ឋានអ្វី? តើមានអ្វីដែលគ្រប់គ្រងលើការបំពេញកិច្ចការ និងការនិយាយស្ដីជារៀងរាល់ថ្ងៃរបស់អ្នក? តើអ្វីគ្រប់យ៉ាងនេះពឹងផ្អែកលើអ្វីខ្លះ? (អ្វីទាំងអស់នេះសុទ្ធតែពឹងផ្អែកលើព្រះបន្ទូល និងសេចក្ដីពិតរបស់ព្រះជាម្ចាស់)។ ឧទាហរណ៍ ប្រហែលជាអ្នកឈប់និយាយកុហកទៀត តើអ្វីទៅជាមូលដ្ឋាននៃការធ្វើបែបនេះ? តើហេតុអ្វីបានជាលែងនិយាយបែបនេះទៀត? (ពីព្រោះព្រះជាម្ចាស់ពុំសព្វព្រះហឫទ័យនឹងការនេះ)។ មានមូលដ្ឋានមួយដែលធ្វើឱ្យអ្នកឈប់និយាយ និងប្រព្រឹត្តបែបនេះទៀត ហើយមូលដ្ឋាននោះគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែលព្រះជាម្ចាស់សព្វព្រះទ័យចង់បាន និងសេចក្ដីពិត។ ដូច្នេះ តើមនុស្សបែបនេះមានមាគ៌ាជីវិតដូចគ្នាដែរឬទេ? នេះគឺជាខ្លឹមសារសង្ខេប៖ តើអ្វីទៅជាការជឿលើសាសនា? ហើយអ្វីទៅជាការជឿលើព្រះជាម្ចាស់? នៅពេលមនុស្សជឿលើសាសនា ពួកគេដើរតាមសាតាំង។ នៅពេលពួកគេជឿលើព្រះជាម្ចាស់ ពួកគេដើរតាមព្រះជាម្ចាស់។ នោះហើយគឺជាភាពខុសគ្នា។

(ដកស្រង់ពី «មនុស្សមិនអាចទទួលបានសេចក្តីសង្គ្រោះ ដោយមានសេចក្តីជំនឿលើសាសនា ឬការចូលរួមក្នុងពិធីសាសនាឡើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ទោះបីមនុស្សជាច្រើនជឿលើព្រះជាម្ចាស់ក៏ដោយ ក៏មានមនុស្សតិចណាស់ដែលយល់អំពីអត្ថន័យនៃសេចក្តីជំនឿលើព្រះជាម្ចាស់ និងអ្វីដែលពួកគេត្រូវធ្វើដើម្បីឱ្យស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះគឺដោយសារតែពួកគេមិនស្គាល់ព្រះជាម្ចាស់ ហើយនៅតែមិនដឹងអំពីកិច្ចការរបស់ទ្រង់ បើទោះបីជាពួកគេធ្លាប់ដឹងធ្លាប់ឮអំពីពាក្យថា «ព្រះជាម្ចាស់» និង «កិច្ចការរបស់ព្រះជាម្ចាស់» ក៏ដោយ។ ដូច្នេះ គ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា អស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ ប្រាកដជាមានជំនឿបែបច្របូកច្របល់អំពីទ្រង់ជាមិនខាន។ មនុស្សមិនមានជំនឿហ្មត់ចត់លើព្រះជាម្ចាស់ឡើយ ហើយនេះដោយសារតែការមានជំនឿលើព្រះជាម្ចាស់ដូចជារឿងចម្លែកពេក ឬជារឿងដែលពួកគេមិនធ្លាប់បានដឹងពីមុនមក។ នេះជាហេតុផលដែលនាំឱ្យពួកគេមិនអាចបំពេញតាមការទាមទាររបស់ព្រះជាម្ចាស់បាន។ នៅក្នុងន័យម្យ៉ាងទៀត បើមនុស្សមិនស្គាល់ព្រះជាម្ចាស់ ហើយមិនដឹងអំពីកិច្ចការរបស់ទ្រង់ នោះពួកគេមិនសក្ដិសមនឹងឱ្យព្រះជាម្ចាស់ប្រើនោះឡើយ បើដូច្នេះ ពួកគេនៅតែមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ដដែល។ «ជំនឿជឿលើព្រះជាម្ចាស់» គឺជាការជឿថាមានព្រះជាម្ចាស់ ហើយនេះគឺជាគោលគំនិតដ៏សាមញ្ញបំផុតដែលទាក់ទងនឹងការជឿលើព្រះជាម្ចាស់។ លើសពីនេះទៅទៀត ការជឿថាមានព្រះជាម្ចាស់ មិនដូចជាការជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ ផ្ទុយទៅវិញ វាជាប្រភេទនៃសេចក្តីជំនឿដ៏សាមញ្ញមួយដែលពាក់ព័ន្ធនឹងជំនឿសាសនាដ៏ខ្លាំង។ សេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ មានន័យដូចខាងក្រោម៖ ឈរលើមូលដ្ឋាននៃការជឿថា ព្រះជាម្ចាស់ជាព្រះដែលគង់ជាអធិបតេយ្យភាពលើអ្វីៗទាំងអស់ មនុស្សម្នាក់ដកពិសោធន៍នូវព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ កម្ចាត់ចោលនិស្ស័យពុករលួយរបស់គេ បំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមកស្គាល់ព្រះជាម្ចាស់។ មានតែដំណើរផ្លូវបែបនេះទេ ទើបហៅថាជា «សេចក្ដីជំនឿលើព្រះជាម្ចាស់»។ ប៉ុន្តែ ជារឿយៗមនុស្សមើលឃើញការមានជំនឿលើព្រះជាម្ចាស់ ជារឿងដ៏សាមញ្ញ និងឥតបានការ។ មនុស្សដែលជឿលើព្រះជាម្ចាស់តាមរបៀបនេះ បានបាត់បង់នូវអត្ថន័យនៃការជឿលើព្រះជាម្ចាស់ហើយ ទោះបីពួកគេអាចបន្តជឿរហូតដល់ទីចុងបញ្ចប់ក៏ដោយ ក៏ពួកគេនឹងមិនដែលទទួលបានការយល់ព្រមពីព្រះជាម្ចាស់នោះឡើយ ដោយសារតែពួកគេដើរតាមផ្លូវខុស។ សព្វថ្ងៃនេះ នៅតែមានមនុស្សដែលជឿលើព្រះជាម្ចាស់ ស្របតាមន័យពាក្យ និងគោលលទ្ធិឥតខ្លឹមសារក្នុងទៀត។ ពួកគេមិនដឹងថា ពួកគេខ្វះនូវសារជាតិនៃសេចក្ដីជំនឿជឿលើព្រះជាម្ចាស់ ហើយពួកគេមិនអាចទទួលបាននូវការយល់ព្រមពីព្រះជាម្ចាស់ឡើយ។ ពួកគេនៅតែអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដើម្បីឱ្យទ្រង់ប្រទានព្រះពរនៃសុវត្ថិភាព និងព្រះគុណដ៏គ្រប់គ្រាន់ទៀត។ ឥឡូវនេះ ចូរយើងឈប់បន្តិចសិន ធ្វើចិត្តឱ្យស្ងប់ ហើយសួរខ្លួនឯងថា៖ តើវាអាចទេថា ការជឿលើព្រះជាម្ចាស់ តាមពិតទៅជាកិច្ចការដ៏ងាយស្រួលបំផុតនៅលើផែនដី? តើវាអាចទេថា ការជឿលើព្រះជាម្ចាស់គ្មានន័យអ្វីសោះ ក្រៅពីការទទួលយកព្រះគុណឱ្យបានច្រើនពីព្រះជាម្ចាស់? មនុស្សដែលជឿលើព្រះជាម្ចាស់ទាំងមិនស្គាល់ទ្រង់ ឬអ្នកដែលជឿព្រះជាម្ចាស់ហើយបែរជាប្រឆាំងទាស់នឹងទ្រង់ តើពួកគេពិតជាអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរឬទេ?

(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ការផ្លាស់ប្ដូរតែឥរិយាបថគឺមិនមាននិរន្តរភាពទេ ប្រសិនបើមិនមានការប្រែប្រួលក្នុងនិស្ស័យនៃជីវិតរបស់មនុស្សទេ នោះមិនយូរមិនឆាប់ ពួកគេនឹងបង្ហាញពណ៌សម្បុរពិតរបស់ខ្លួនមិនខាន។ នេះដោយសារតែប្រភពនៃការផ្លាស់ប្ដូរឥរិយាបថរបស់ពួកគេ គឺជាសេចក្ដីក្លៀវក្លា ហើយគួបផ្សំនឹងកិច្ចការមួយចំនួនដោយព្រះវិញ្ញាណបរិសុទ្ធនៅពេលនោះ វាងាយស្រួលនឹងឱ្យពួកគេក្លាយជាក្លៀវក្លា ឬបង្ហាញសេចក្ដីសប្បុរសបណ្តោះអាសន្នណាស់។ ដូចដែលអ្នកមិនជឿនិយាយថា «ការធ្វើអំពើល្អមួយពេលគឺងាយស្រួលទេ អ្វីដែលពិបាកគឺការធ្វើអំពីល្អពេញមួយជីវិត»។ ហេតុអ្វីបានជាមនុស្សគ្មានសមត្ថភាពធ្វើអំពើល្អពេញមួយជីវិតរបស់ខ្លួន? ពីព្រោះដោយធម្មជាតិ មនុស្សមានភាពអាក្រក់ អាត្មានិយម និងពុករលួយ។ ឥរិយាបថរបស់មនុស្សត្រូវបានដឹកនាំដោយធម្មជាតិរបស់ពួកគេ ធម្មជាតិបែបណា ឥរិយាបថបែបនោះ ហើយមានតែអ្វីៗដែលត្រូវបានបើកសម្ដែងដោយឯកឯងទេទើបតំណាងឱ្យនិស្ស័យរបស់មនុស្ស។ អ្វីដែលក្លែងក្លាយមិនអាចស្ថិតស្ថេរបាននោះទេ។ នៅពេលព្រះជាម្ចាស់ធ្វើកិច្ចការសង្គ្រោះមនុស្ស វាមិនមែនដើម្បីលម្អមនុស្សដែលមានឥរិយាបថល្អនោះទេ ព្រោះគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់គឺដើម្បីបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស ដើម្បីធ្វើឱ្យពួកគេកើតឡើងវិញទៅជាមនុស្សថ្មី។ ព្រះជាម្ចាស់ធ្វើការជំនុំជម្រះ ការវាយផ្ចាល ការល្បងល និងការបន្សុទ្ធមនុស្ស សុទ្ធតែដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ ដើម្បីឱ្យពួកគេអាចសម្រេចបាននូវការចុះចូល និងភក្ដីភាពទាំងស្រុងចំពោះព្រះជាម្ចាស់ និងបែរមកថ្វាយបង្គំទ្រង់ជាធម្មតា។ នេះគឺជាគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់។ ការប្រព្រឹត្តល្អមិនដូចការចុះចូលចំពោះព្រះជាម្ចាស់ទេ កុំថាឡើយដល់ទៅស្មើនឹងការចុះសម្រុងជាមួយព្រះគ្រីស្ទនោះ។ ការផ្លាស់ប្ដូរឥរិយាបថគឺផ្អែកលើគោលលទ្ធិ និងកើតចេញពីភាពក្លៀវក្លា វាមិនផ្អែកលើការស្គាល់ព្រះជាម្ចាស់ច្បាស់ ឬលើសេចក្ដីពិតទេ កុំថាឡើយដល់ទៅផ្អែកលើការណែនាំពីព្រះវិញ្ញាណបរិសុទ្ធនោះ។ ទោះបីពេលខ្លះ ទង្វើមួយចំនួនដែលមនុស្សធ្វើ ត្រូវបានបំភ្លឺ ឬដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏នោះមិនមែនជាការបង្ហាញចេញពីជីវិតរបស់ពួកគេដែរ។ ពួកគេមិនទាន់បានចូលក្នុងតថភាពនៃសេចក្តីពិតនៅឡើយទេ ហើយនិស្ស័យនៃជីវិតរបស់ពួកគេទៀតសោត ក៏មិនបានផ្លាស់ប្ដូរនោះដែរ។ មិនថាឥរិយាបថរបស់មនុស្សល្អយ៉ាងណានោះទេ វាមិនបញ្ជាក់ថា ពួកគេបានស្ដាប់បង្គាប់ព្រះជាម្ចាស់ ឬថាពួកគេអនុវត្តសេចក្ដីពិតនោះទេ។ ការផ្លាស់ប្ដូរឥរិយាបថ មិនតំណាងឱ្យការផ្លាស់ប្ដូរនៅក្នុងនិស្ស័យជីវិតទេ ហើយការផ្លាស់ប្ដូរទាំងនេះ ក៏មិនអាចរាប់ថាជាការបង្ហាញចេញពីជីវិតរបស់មនុស្សនោះដែរ។

(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

មានសាសនាធំៗជាច្រើននៅក្នុងពិភពលោកនេះ ហើយសាសនានីមួយៗ គឺសុទ្ធតែមានប្រមុខឬអ្នកដឹកនាំរបស់ខ្លួន ហើយអ្នកជឿក៏រីកសាយទៅតាមបណ្ដាប្រទេស និងតំបន់ជាច្រើនខុសៗគ្នានៅទូទាំងពិភពលោក។ ស្ទើរតែគ្រប់ប្រទេស មិនថាជាប្រទេសតូច ឬប្រទេសធំទេ សុទ្ធតែមានសាសនាក្នុងប្រទេសនោះ។ ក៏ប៉ុន្តែ ទោះបីជាក្នុងពិភពលោកនេះមានសាសនាច្រើនប៉ុនណាក៏ដោយ ក៏នៅទីបំផុត មនុស្សទាំងអស់ក្នុងសកលលោកនេះ នឹងត្រូវមានវត្តមាននៅក្រោមការដឹកនាំរបស់ព្រះជាម្ចាស់តែមួយព្រះអង្គដែរ ហើយវត្តមានរបស់ពួកគេក៏មិនត្រូវបានដឹកនាំដោយប្រមុខឬអ្នកដឹកនាំសាសនាណាដែរ។ នេះមានន័យថា មនុស្សជាតិពុំត្រូវបានដឹកនាំដោយប្រមុខឬអ្នកដឹកនាំសាសនាណាម្នាក់ឡើយ។ ផ្ទុយទៅវិញ មនុស្សជាតិទាំងមូល ត្រូវបានព្រះអាទិករដឹកនាំ ជាព្រះដែលបានបង្កើតផ្ទៃមេឃនិងផែនដី និងរបស់សព្វសារពើ ហើយក៏ជាព្រះដែលបានបង្កើតមនុស្សជាតិដែរ។ នេះគឺជាការពិត។ ទោះជាពិភពលោកនេះ មានសាសនាធំៗច្រើនក៏ពិតមែន ប៉ុន្តែមិនថាសាសនាទាំងនោះធំប៉ុនណានោះទេ ក៏សាសនាទាំងនោះសុទ្ធតែស្ថិតនៅក្រោមការត្រួតត្រារបស់ព្រះអាទិករដែរ ហើយគ្មានសាសនាណាអាចគេចផុតពីវិសាលភាពនៃការគ្រប់គ្រងនេះបានឡើយ។ ការវិវដ្ដរបស់មនុស្សជាតិ ការជំនួសសង្គមចាស់ដែលអន់ថយ ការរីកចម្រើននៃវិទ្យាសាស្ត្រពិត សុទ្ធតែមិនអាចកាត់ផ្ដាច់ចេញពីការរៀបចំរបស់ព្រះអាទិករបានឡើយ ហើយកិច្ចការនេះ ពុំមែនជាកិច្ចការដែលប្រមុខសាសនាណាម្នាក់អាចធ្វើបានឡើយ។ ប្រមុខសាសនា គឺត្រឹមតែជាអ្នកដឹកនាំសាសនាជាក់លាក់ណាមួយប៉ុណ្ណោះ មិនអាចតំណាងឱ្យព្រះជាម្ចាស់បានឡើយ ហើយក៏មិនអាចតំណាងព្រះ ដែលបានបង្កើតផ្ទៃមេឃនិងផែនដី និងរបស់សព្វសារពើបានដែរ។ ប្រមុខសាសនាម្នាក់ អាចដឹកនាំមនុស្សនៅក្នុងសាសនានោះប៉ុណ្ណោះ ប៉ុន្តែគេមិនអាចបញ្ជាសត្តនិករទាំងអស់ដែលនៅក្រោមមេឃនេះបានទេ។ នេះគឺជាការពិតមួយដែលត្រូវបានគេទទួលស្គាល់ជាសកល។ ប្រមុខសាសនាម្នាក់ គឺត្រឹមតែជាអ្នកដឹកនាំម្នាក់ប៉ុណ្ណោះ មិនអាចឈរស្មើព្រះជាម្ចាស់ (ជាព្រះអាទិករ) បានឡើយ។ របស់សព្វសារពើសុទ្ធតែស្ថិតក្នុងព្រះហស្តរបស់ព្រះអាទិករទាំងអស់ ហើយនៅទីបញ្ចប់ ពួកគេនឹងត្រូវត្រឡប់ទៅក្នុងព្រះហស្តរបស់ព្រះអាទិករវិញ។ ព្រះជាម្ចាស់បានបង្កើតមនុស្សឡើងមក ហើយមនុស្សគ្រប់គ្នានឹងត្រូវត្រលប់ទៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់វិញ ទោះបីជាគេកាន់សាសនាអ្វីក៏ដោយ។ ចំណុចនេះមិនអាចចៀសផុតទេ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលជាព្រះដ៏ខ្ពង់ខ្ពស់បំផុតក្នុងចំណោមរបស់សព្វសារពើ ហើយសូម្បីអ្នកដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតក្នុងចំណោមសត្តនិករទាំងអស់ ក៏ត្រូវតែត្រឡប់មកនៅក្រោមការត្រួត្រារបស់ព្រះអង្គវិញដែរ។ មិនថាមនុស្សមានឋានៈខ្ពង់ខ្ពស់យ៉ាងណា ក៏គេមិនអាចនាំមនុស្សទៅរកគោលដៅសមស្របណាមួយបានដែរ ហើយក៏គ្មាននរណាម្នាក់អាចបែងចែករបស់សព្វសារពើទៅតាមប្រភេទរបស់វាបានដែរ។ ព្រះយេហូវ៉ាផ្ទាល់ព្រះអង្គបានបង្កើតមនុស្សជាតិមក និងបានបែងចែកមនុស្សម្នាក់ៗទៅតាមជំពូករៀងៗខ្លួន ហើយនៅពេលដែលគ្រាចុងក្រោយមកដល់ ព្រះអង្គនឹងនៅតែធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់ព្រះអង្គដដែល ដោយបែងចែករបស់សព្វសារពើទៅតាមប្រភេទរបស់វា។ គ្មានអ្នកផ្សេងណាម្នាក់អាចធ្វើកិច្ចការនេះបានឡើយ គឺមានតែព្រះជាម្ចាស់ប៉ុណ្ណោះ។ កិច្ចការទាំងបីដំណាក់កាលនេះដែលបានបំពេញតាំងពីគ្រាដំបូងរហូដមកដល់សព្វថ្ងៃនេះ គឺសុទ្ធតែបំពេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងជាព្រះជាម្ចាស់តែមួយព្រះអង្គគត់។ ការពិតអំពីកិច្ចការទាំងបីដំណាក់កាលនេះ គឺជាការពិតអំពីការដឹកនាំរបស់ព្រះជាម្ចាស់លើមនុស្សជាតិគ្រប់គ្នា ជាការពិតមួយដែលគ្មាននរណាម្នាក់អាចបដិសេធបាន។ នៅចុងបញ្ចប់នៃកិច្ចការទាំងបីដំណាក់កាលនេះ របស់សព្វសារពើនឹងត្រូវបែងចែកទៅតាមប្រភេទរបស់វា ហើយត្រូវត្រឡប់ទៅនៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់តែមួយព្រះអង្គវិញ ព្រោះនៅក្នុងសកលលោកទាំងមូល មានព្រះជាម្ចាស់តែមួយព្រះអង្គគត់ ហើយគ្មានសាសនាដទៃផ្សេងទៀតឡើយ។ ព្រះណាដែលគ្មានសមត្ថភាពបង្កើតលោកីយ៍នេះ ក៏គ្មានសមត្ថភាពបញ្ចប់លោកីយ៍នេះដែរ ចំណែកឯព្រះណាដែលបានបង្កើតលោកីយ៍នេះ មុខជាអាចនាំលោកីយ៍នេះទៅរកទីបញ្ចប់ទៅបានជាប្រាកដ។ ដូច្នេះ ប្រសិនបើមនុស្សណាម្នាក់មិនអាចធ្វើឱ្យយុគសម័យមួយបញ្ចប់ទៅបានទេ ហើយបានត្រឹមជួយឱ្យមនុស្សបណ្ដុះគំនិតរបស់គេ អ្នកនោះប្រាកដជាមិនមែនជាព្រះទេ ហើយច្បាស់ជាមិនមែនជាព្រះអម្ចាស់របស់មនុស្សជាតិឡើយ។ គេនឹងពុំអាចធ្វើកិច្ចការអស្ចារ្យបែបនេះបានទេ។ មានតែព្រះមួយអង្គគត់ដែលអាចបំពេញកិច្ចការបែបនេះបាន ហើយមនុស្សទាំងអស់ដែលពុំអាចធ្វើកិច្ចការនេះបាន គឺសុទ្ធតែជាសត្រូវ មិនមែនជាព្រះជាម្ចាស់ទេ។ សាសនាអាក្រក់ទាំងអស់ គឺសុទ្ធតែមិនចុះសម្រុងជាមួយព្រះជាម្ចាស់ ហើយដោយសារពួកគេមិនចុះសម្រុងជាមួយព្រះជាម្ចាស់បែបនេះហើយ ទើបពួកគេសុទ្ធតែជាសត្រូវរបស់ព្រះជាម្ចាស់។ កិច្ចការទាំងអស់ត្រូវព្រះដ៏ពិតតែមួយអង្គនេះបំពេញទាំងអស់ ហើយសកលលោកទាំងមូល ក៏ត្រូវបានព្រះមួយព្រះអង្គនេះបញ្ជាដែរ។ ទោះបីកិច្ចការរបស់ទ្រង់ ជាកិច្ចការនៅស្រុកអ៊ីស្រាអែល ឬនៅក្នុងប្រទេសចិនក៏ដោយ ទោះបីកិច្ចការនោះ ត្រូវបានបំពេញដោយព្រះវិញ្ញាណ ឬដោយសាច់ឈាមក៏ដោយ ក៏កិច្ចការទាំងអស់ សុទ្ធតែត្រូវបានបំពេញដោយព្រះជាម្ចាស់ផ្ទាល់អង្គ ហើយគ្មាននរណាម្នាក់អាចធ្វើកិច្ចការនេះបានឡើយ។ ច្បាស់ណាស់ ដោយសារទ្រង់គឺជាព្រះជាម្ចាស់របស់មនុស្សជាតិគ្រប់គ្នា ដូច្នេះហើយទើបទ្រង់អាចបំពេញកិច្ចការដោយសេរី គ្មានការបង្ខិតបង្ខំពីលក្ខខណ្ឌណាមួយនោះទេ។ នេះគឺជានិមិត្តដ៏អស្ចារ្យក្នុងបណ្ដានិមិត្តទាំងអស់។

(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ៤. ប្រសិនបើយើងមិនជឿលើព្រះជាម្ចាស់ ហើយគ្រាន់តែមានគុណធម៌ ធ្វើតែអំពើល្អ និងមិនធ្វើអាក្រក់ តើយើងនឹងត្រូវបានព្រះជាម្ចាស់សង្រ្គោះដែរឬទេ?

បន្ទាប់៖ ៦. ខ្ញុំជឿថាមានព្រះជាម្ចាស់ ប៉ុន្តែខ្ញុំនៅក្មេងនៅឡើយ ខ្ញុំត្រូវតែខំធ្វើការសម្រាប់ក្រុមគ្រួសារ និងអាជីពរបស់ខ្ញុំ ហើយវានៅមានកិច្ចការជាច្រើនទៀតដែលខ្ញុំចង់ធ្វើ។ តើខ្ញុំនឹងនៅតែបានសង្រ្គោះឬទេ បើខ្ញុំរង់ចាំរហូតដល់ខ្ញុំមានវ័យចាស់ និងមានពេលជឿលើព្រះជាម្ចាស់?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ