៦. ខ្ញុំជឿថាមានព្រះជាម្ចាស់ ប៉ុន្តែខ្ញុំនៅក្មេងនៅឡើយ ខ្ញុំត្រូវតែខំធ្វើការសម្រាប់ក្រុមគ្រួសារ និងអាជីពរបស់ខ្ញុំ ហើយវានៅមានកិច្ចការជាច្រើនទៀតដែលខ្ញុំចង់ធ្វើ។ តើខ្ញុំនឹងនៅតែបានសង្រ្គោះឬទេ បើខ្ញុំរង់ចាំរហូតដល់ខ្ញុំមានវ័យចាស់ និងមានពេលជឿលើព្រះជាម្ចាស់?
ខគម្ពីរយោង៖
«នោះតើគាត់នឹងបានផលចំណេញអ្វី ប្រសិនបើមនុស្សម្នាក់ទទួលបានពិភពលោកទាំងមូល ហើយបាត់បង់ព្រលឹងរបស់ខ្លួននោះ? ឬថាតើមនុស្សត្រូវផ្ដល់អ្វីដើម្បីដោះដូរព្រលឹងវិញ្ញាណរបស់ខ្លួន?» (ម៉ាថាយ ១៦:២៦)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
ឥឡូវនេះ ដល់ពេលដែលព្រះវិញ្ញាណរបស់ខ្ញុំធ្វើកិច្ចការដ៏អស្ចារ្យហើយ ក៏ដល់ពេលដែលខ្ញុំបំពេញកិច្ចការរបស់ខ្ញុំ នៅក្នុងចំណោមសាសន៍ដទៃដែរ។ លើសពីនោះទៅទៀត ដល់ពេលដែលខ្ញុំត្រូវញែកមនុស្សទាំងអស់ទៅតាមប្រភេទនីមួយៗរបស់ពួកគេរៀងៗខ្លួនហើយ ប្រយោជន៍ឱ្យកិច្ចការរបស់ខ្ញុំ ដំណើរការទៅមុខបានលឿន និងមានប្រសិទ្ធភាព។ ដូច្នេះហើយ អ្វីដែលខ្ញុំស្នើសុំពីអ្នក គឺឱ្យអ្នកលះបង់លក្ខណៈទាំងស្រុងរបស់អ្នកដើម្បីកិច្ចការទាំងអស់របស់ខ្ញុំ ហើយលើសពីនេះទៅទៀត គឺឱ្យអ្នកឈ្វេងយល់ឱ្យបានច្បាស់និងមានការប្រាកដចិត្តអំពីកិច្ចការទាំងអស់ដែលខ្ញុំបានធ្វើនៅក្នុងខ្លួនអ្នក ព្រមទាំងប្រឹងឱ្យអស់ពីកម្លាំងកាយក្នុងការបំពេញកិច្ចការរបស់ខ្ញុំ ដើម្បីឱ្យកិច្ចការនោះកាន់តែមានប្រសិទ្ធភាព។ នេះហើយជាអ្វីដែលអ្នកត្រូវយល់។ ចូរបោះបង់ការតយុទ្ធគ្នា ទៅវិញទៅមកក្នុងចំណោមអ្នករាល់គ្នា ដើម្បីស្វែងរកផ្លូវត្រឡប់ក្រោយ ឬស្វែងរកការកម្សាន្តចិត្តខាងសាច់ឈាម ដែលនឹងពន្យារពេលកិច្ចការរបស់ខ្ញុំ និងអូសបន្លាយអនាគតដ៏អស្ចារ្យរបស់អ្នក។ ក្រៅពីមិនអាចការពារអ្នកបាន ការធ្វើដូច្នេះនឹងនាំមកនូវការបំផ្លាញដល់ខ្លួនអ្នក។ តើនេះមិនមែនជាភាពល្ងង់ខ្លៅរបស់អ្នកទេឬអី? អ្វីៗដែលអ្នករីករាយដោយការលោភលន់នៅថ្ងៃនេះ គឺជាកត្តាដែលកំពុងបំផ្លាញដល់អនាគតរបស់អ្នក តែការឈឺចាប់ដែលអ្នកទទួលរងនៅថ្ងៃនេះ គឺជារនាំងដែលកំពុងការពារអ្នក។ អ្នកត្រូវតែដឹងឱ្យច្បាស់ពីរឿងទាំងអស់នេះ ដើម្បីចៀសវាងពីការធ្លាក់ទៅក្នុងសេចក្ដីល្បួង ដែលអ្នកពិបាកនឹងដកខ្លួនចេញ ហើយគេចពីការវង្វេងចូលទៅក្នុងអ័ព្ទដ៏ក្រាស់ និងមិនអាចរកពន្លឺព្រះអាទិត្យឃើញ។ នៅពេលដែលអ័ព្ទដ៏ក្រាស់នោះរសាត់អស់ទៅ អ្នកនឹងឃើញខ្លួនឯងស្ថិតនៅក្នុងការជំនុំជម្រះនៃថ្ងៃដ៏អស្ចារ្យ។
(ដកស្រង់ពី «កិច្ចការប្រកាសដំណឹងល្អ ក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
អស់អ្នកណាដែលរស់នៅក្រៅព្រះបន្ទូលរបស់ខ្ញុំ ដោយគេចចេញពីការរងទុក្ខនៃការល្បងល តើពួកគេមិនមែនកំពុងរសាត់អណ្ដែតនៅក្នុងពិភពលោកនេះទេឬអី? ពួកគេស្រដៀងគ្នានឹងស្លឹកឈើនាសរទរដូវដែរ ដែលបក់រវិចម្តងទៅនេះ ម្តងទៅនោះ គ្មានពេលឈប់ ហើយបន្ទូលរបស់ខ្ញុំក៏មិនអាចឱ្យគេបានធូរស្បើយក្នុងចិត្តដែរ។ បើទោះបីជាការកាត់ទោស និងការបន្សុទ្ធរបស់ខ្ញុំ ពុំធ្វើតាមពួកគេក៏ពិតមែន ប៉ុន្តែតើពួកគេមិនដូចជាអ្នកសុំទាន ដែលរសាត់អណ្ដែតពីកន្លែងមួយទៅកន្លែងមួយ ដោយដើរតាមផ្លូវនានានៅខាងក្រៅនគរស្ថានសួគ៌ទេឬអី? តើពិភពលោកនេះ គឺជាកន្លែងសម្រាប់អ្នកឈប់សម្រាកមែនទេ? តាមរយៈការគេចវេសពីការកាត់ទោសរបស់ខ្ញុំ តើអ្នកពិតជាអាចទទួលបាននូវស្នាមញញឹមនៃការពេញចិត្តចំពោះពិភពលោកនេះដែរឬទេ? តើអ្នកពិតជាអាចប្រើសេចក្តីរីករាយដ៏ខ្លីរបស់អ្នកដើម្បីលាក់បាំងនូវភាពទទេស្អាតនៅក្នុងដួងចិត្តរបស់អ្នក ជាភាពទទេស្អាតដែលមិនអាចលាក់បាំងបាននេះ បានដែរឬទេ? អ្នកអាចបោកបញ្ឆោតមនុស្សគ្រប់គ្នានៅក្នុងគ្រួសាររបស់អ្នកបាន ប៉ុន្តែអ្នកមិនអាចបោកប្រាស់ខ្ញុំបានឡើយ។ ដោយសារសេចក្តីជំនឿរបស់អ្នកស្ដួចស្ដើងខ្លាំងពេក មកទល់សព្វថ្ងៃនេះ អ្នកនៅតែគ្មានអំណាច ដើម្បីស្វែងរកជីវិតស្រស់បំព្រងដែលគួរទទួលបានដដែល។ ខ្ញុំទទូចដល់អ្នកចុះ៖ យកល្អគួរចំណាយពេលពាក់កណ្ដាលជីវិតរបស់អ្នកដោយការស្មោះត្រង់ ដើម្បីជាប្រយោជន៍ដល់ខ្ញុំ ជាជាងចំណាយពេលពេញមួយជីវិតនៅក្នុងភាពថ្លៃថ្នូរ និងការងាររវល់ដើម្បីតែខាងសាច់ឈាម ដោយតស៊ូឆ្លងកាត់ទុក្ខសោកទាំងអស់ដែលមនុស្សកម្រនឹងអាចតស៊ូអត់ទ្រាំបាន។ តើមានគោលបំណងអ្វីដែលត្រូវទុកទ្រព្យសម្បត្តិឱ្យខ្លួនអ្នកច្រើនដល់ម្ល៉េះ ហើយគេចចេញពីការវាយផ្ចាលរបស់ខ្ញុំនោះ? តើមានគោលបំណងអ្វីដែលត្រូវលាក់បាំងខ្លួនអ្នកពីការវាយផ្ចាលត្រឹមមួយពេលរបស់ខ្ញុំ ដោយគ្រាន់តែចង់បានការអាម៉ាស់ និងការវាយផ្ចាលដ៏អស់កល្បជានិច្ចនោះវិញ? តាមពិត ខ្ញុំមិនបានពត់នរណាម្នាក់ទៅតាមបំណងព្រះហឫទ័យរបស់ខ្ញុំទេ។ ប្រសិនបើមាននរណាម្នាក់ពិតជាសុខចិត្តចុះចូលនឹង ផែនការទាំងអស់របស់ខ្ញុំមែន នោះខ្ញុំនឹងមិនធ្វើដាក់ពួកគេ អាក្រក់ពេកទេ។ ប៉ុន្តែ ខ្ញុំត្រូវការឱ្យមនុស្សទាំងអស់ជឿលើខ្ញុំ ដូចជាយ៉ូបជឿលើខ្ញុំដ៏ជាព្រះយេហូវ៉ាដែរ។ ប្រសិនបើសេចក្តីជំនឿរបស់អ្នកលើសពីសេចក្តីជំនឿរបស់ថូម៉ាស់ នោះសេចក្តីជំនឿរបស់អ្នករាល់គ្នានឹងទទួលបានការកោតសរសើរអំពីខ្ញុំចំពោះភាពស្មោះត្រង់របស់អ្នករាល់គ្នា អ្នកនឹងរកឃើញ សិរីល្អរបស់ខ្ញុំ ហើយអ្នកនឹងប្រាកដជាឃើញសិរីល្អរបស់ខ្ញុំនៅក្នុងសម័យរបស់អ្នករាល់គ្នាមិនខាន។
(ដកស្រង់ពី «តើក្លាយជាមនុស្សពិតប្រាកដម្នាក់មានន័យដូចម្តេច» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
បងប្អូនប្រុសៗអើយ ចូរភ្ញាក់ខ្លួនឡើង! បងប្អូនស្រីៗអើយ ចូរភ្ញាក់ខ្លួនឡើង! ពេលវេលារបស់ខ្ញុំនឹងមិនត្រូវពន្យារឡើយ។ ពេលវេលាជាជីវិត ហើយការឆក់យកពេលវេលាមកវិញ គឺជាការសង្រ្គោះជីវិត! ពេលវេលានៅមិនឆ្ងាយទេ! បើអ្នករាល់គ្នាបរាជ័យក្នុងការប្រលងចូលរៀននៅមហាវិទ្យាល័យ អ្នកអាចរៀនសូត្រ ហើយប្រលងម្ដងទៀតជាច្រើនដងតាមតែអ្នកចង់ធ្វើ។ យ៉ាងណាមិញ ពេលវេលារបស់ខ្ញុំនឹងលែងពន្យារពេលទៀតឡើយ។ ចូរចាំ! ចូរចាំទុកចុះ! ខ្ញុំសូមដាស់តឿនអ្នកដោយពាក្យពីរោះៗ។ ទីបញ្ចប់នៃពិភពលោកលាតត្រដាងនៅនឹងភ្នែកអ្នករាល់គ្នាហើយ ហើយគ្រោះមហន្តរាយដ៏សម្បើមក៏ចូលមកជិតយ៉ាងឆាប់រហ័សដែរ។ តើមួយណាសំខាន់ជាង៖ ជីវិតរបស់អ្នករាល់គ្នា ឬក៏ដំណេករបស់អ្នករាល់គ្នា ម្ហូបអាហារ ភេសជ្ជៈ និងការស្លៀកពាក់របស់អ្នករាល់គ្នា? ពេលវេលាបានមកដល់សម្រាប់អ្នករាល់គ្នាដែលត្រូវថ្លឹងថ្លែងអំពីការទាំងនេះហើយ។ មិនត្រូវសង្ស័យទៀតឡើយ ហើយក៏មិនត្រូវព្យាយាមគេចវេះពីភាពច្បាស់លាស់នោះដែរ!
គួរឱ្យអាណិតម្ល៉េះ! អន់អ្វីម្ល៉េះ! ម្ដេចក៏ខ្វាក់ភ្នែកមើលមិនឃើញដូច្នេះ! មនុស្សជាតិអីក៏ឃោរឃៅយ៉ាងនេះ! ពិតណាស់ អ្នកបិទត្រចៀកមិនស្ដាប់ព្រះបន្ទូលរបស់ខ្ញុំឡើយ តើខ្ញុំកំពុងតែមានបន្ទូលទៅកាន់អ្នករាល់គ្នាដោយអសារឥតការឬ? អ្នករាល់គ្នានៅតែខ្ជីខ្ជាទៀត តើហេតុអ្វីទៅ? ហេតុអ្វីបានជាដូច្នេះ? តើអ្នករាល់គ្នាពិតជាមិនធ្លាប់គិតបែបនេះមែនឬ? តើខ្ញុំនិយាយសេចក្តីទាំងនេះទៅកាន់អ្នកណាទៅ? ចូរជឿខ្ញុំចុះ! ខ្ញុំជាព្រះសង្រ្គោះរបស់អ្នករាល់គ្នា! ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដារបស់អ្នករាល់គ្នា! ចូរប្រុងស្មារតី! ចូរប្រុងស្មារតីឡើង! ចូរចាំថា ពេលវេលាដែលបាត់បង់ទៅ នឹងមិនអាចត្រលប់មកវិញឡើយ! នៅក្នុងលោកនេះ គ្មានថ្នាំណាអាចព្យាបាលវិប្បដិសារីបានឡើយ! ដូច្នេះ តើខ្ញុំគួរតែមានបន្ទូលដូចម្ដេចកាន់អ្នករាល់គ្នាទៅ? តើព្រះបន្ទូលរបស់ខ្ញុំមិនមានតម្លៃនឹងឱ្យអ្នករាល់គ្នាយកទៅពិចារណាយ៉ាងយកចិត្តទុកដាក់ម្ដងហើយម្ដងទៀតទេឬ? អ្នករាល់គ្នាមិនខ្វល់នឹងព្រះបន្ទូលរបស់ខ្ញុំទាល់តែសោះ ហើយក៏មិនទទួលខុសត្រូវជាមួយជីវិតរបស់ខ្លួនដែរ។ តើខ្ញុំអាចអត់ទ្រាំចំពោះទង្វើបែបនេះយ៉ាងដូចម្ដេច? តើខ្ញុំអាចធ្វើម្ដេចកើតទៅ?
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៣០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ក្នុងអំឡុងពេលនៃដំណើរការរៀនសូត្រពីចំណេះដឹងរបស់មនុស្ស សាតាំងប្រើវិធីសាស្រ្តគ្រប់បែបយ៉ាង មិនថាតាមរយៈការនិទានរឿងជាច្រើននោះទេ គឺសុទ្ធតែដើម្បីផ្ដល់ឱ្យគេនូវចំណេះដឹងខ្លះៗ ឬអនុញ្ញាតឱ្យពួកគេបំពេញបំណងប្រាថ្នា ឬមហិច្ឆតារបស់ពួកគេ។ តើផ្លូវអ្វីដែលសាតាំងចង់ដឹកនាំអ្នកចុះទៅ? មនុស្សគិតថាវាមិនមានអ្វីខុសឆ្គងទេចំពោះការរៀនសូត្រពីចំណេះដឹងនោះ ដ្បិតវាជារឿងធម្មតាទៅហើយ។ និយាយឱ្យស្រួលស្ដាប់ទៅ ដើម្បីឱ្យមានការជំរុញឧត្តមគតិខ្ពង់ខ្ពស់ ឬឱ្យមានមហិច្ឆតា គឺត្រូវតែមានការជំរុញ ហើយនេះគឺជាផ្លូវត្រឹមត្រូវក្នុងជីវិត។ តើវាមិនមែនជាវិធីដ៏ប្រសើររុងរឿងមួយទេឬអី សម្រាប់មនុស្សក្នុងការរស់នៅ ប្រសិនបើពួកគេអាចដឹងពីឧត្តមគតិផ្ទាល់ខ្លួនរបស់ពួកគេ ឬសម្រេចបាននូវអាជីពដោយជោគជ័យ? តាមរយៈការធ្វើអ្វីៗទាំងនេះ មនុស្សមិនត្រឹមតែអាចគោរពដល់បុព្វបុរសរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសបន្សល់ទុកនូវប្រវតិ្តសាស្រ្តផងដែរ តើនេះមិនមែនជារឿងល្អទេឬអី? នេះជារឿងល្អនៅក្នុងក្រសែភ្នែករបស់មនុស្សលោកីយ៍ ហើយចំពោះពួកគេ វាគួរតែជារឿងត្រឹមត្រូវ និងវិជ្ជមាន។ ដូច្នេះ ចំពោះបំណងអាក្រក់របស់សាតាំង ដែលនាំមនុស្សដើរលើផ្លូវប្រភេទនេះ តើវាមិនល្អដែរទេឬអី? វាមិនមែនជារឿងល្អនោះទេ។ តាមពិតទៅ មិនថាឧត្តមគតិរបស់មនុស្សខ្ពស់យ៉ាងណា ទោះបីជាបំណងប្រាថ្នារបស់មនុស្សមានភាពប្រាកដនិយម ឬវាមើលទៅសមហេតុផលយ៉ាងណាក៏ដោយ ក៏អី្វៗដែលមនុស្សទាំងអស់ចង់សម្រេចបាន ឬស្វែងរក មានជាប់ទាក់ទងទៅនឹងពាក្យពីរម៉ាត់នេះដែរ។ ពាក្យទាំងពីរនេះ គឺសំខាន់ណាស់សម្រាប់ជីវិតរបស់មនុស្សគ្រប់គ្នា ហើយវាជាអ្វីដែលសាតាំងមានបំណងចង់បណ្តុះនៅក្នុងមនុស្ស។ តើពាក្យទាំងពីរម៉ាត់នេះជាអ្វី? ពាក្យទាំងពីរម៉ាត់នោះរួមមាន៖ «កិត្តិយស» និង «បុណ្យសក្តិ»។ សាតាំងប្រើវិធីសាស្រ្ដដែលឈ្លាសវៃបំផុត ជាវិធីសាស្រ្តមួយដែលមានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំងទៅនឹងការយល់ដឹងរបស់មនុស្ស និងមិនមានលក្ខណៈតឹងតែងទាល់តែសោះ ដោយសារតែបែបនេះហើយ ទើបវាធ្វើឱ្យមនុស្សទទួលយករបៀបរបប ច្បាប់ទម្លាប់រស់នៅរបស់វាដោយមិនដឹងខ្លួន ដើម្បីសម្រេចបានគោលដៅ ហើយនិងទិសដៅជីវិតនៅក្នុងជីវិតរបស់ពួកគេ មិនតែប៉ុណ្ណោះ ការធ្វើដូច្នេះក៏ធ្វើឱ្យពួកគេមានមហិច្ឆតាក្នុងជីវិតដោយមិនដឹងខ្លួនផងដែរ។ មិនថាមហិច្ឆតាជីវិតទាំងនេះមើលទៅអស្ចារ្យប៉ុនណានោះទេ តែវាត្រូវបានផ្សារភ្ជាប់ទៅនឹងពាក្យពីរម៉ាត់គឺ «កិត្តិយស» និង «បុណ្យសក្តិ»។ តាមពិតទៅ គ្រប់មនុស្សទាំងអស់ មិនថាមនុស្សអស្ចារ្យ ឬល្បីល្បាញ ឬមនុស្សធម្មតានោះទេ គឺសុទ្ធតែរស់នៅមានទំនាក់ទំនងទៅនឹងពាក្យទាំងពីរម៉ាត់នេះគឺ «កិត្តិយស» និង «បុណ្យសក្តិ»។ មនុស្សគិតថា នៅពេលដែលគេមានកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ហើយ នោះគេអាចទាញយកប្រយោជន៍ពីវាបាន ដូចជាទទួលបានឋានៈខ្ពស់ និងមានទ្រព្យសម្បត្ដិស្តុកស្តម្ភ ព្រមទាំងរស់នៅរីករាយនៅក្នុងជីវិត។ ពួកគេគិតថាកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ គឺជាដើមទុនមួយដែលពួកគេអាចប្រើ ដើម្បីទទួលបានជីវិតដែលស្វែងរកសេចក្ដីសុខ និងភាពរីករាយនៃសាច់ឈាម។ ដោយសារប្រយោជន៍នៃកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ដែលមនុស្សលោភលន់ចង់បាន ទោះបីមិនដឹងពីអ្វីៗសោះ មនុស្សហ៊ានស្ម័គ្រចិត្ត ប្រគល់រាងកាយ ចិត្តគំនិត និងអ្វីទាំងអស់ដែលពួកគេមាន រួមទាំងអនាគត និងជោគវាសនារបស់ពួកគេឱ្យទៅសាតាំងដោយមិនស្តាយស្រណោះ។ ពួកគេធ្វើដូច្នេះ ដោយគ្មានការស្ទាក់ស្ទើរសូម្បីតែបន្តិច ថែមទាំងមិនខ្វល់ខ្វាយ ដើម្បីស្តារអ្វីៗទាំងអស់ដែលពួកគេបានប្រគល់ឱ្យមកវិញឡើយ។ តើមនុស្សអាចគ្រប់គ្រងលើខ្លួនឯងបានទេ នៅពេលដែលពួកគេស្ថិតក្រោមជម្រករបស់សាតាំង និងស្មោះត្រង់ចំពោះវានោះ? ពិតជាមិនអាចទេ។ ពួកគេត្រូវបានគ្រប់គ្រងដោយសាតាំងទាំងស្រុង។ ពួកគេបានលិចចូលយ៉ាងជ្រៅទៅក្នុងទីភក់មួយកន្លែង ហើយមិនអាចរំដោះខ្លួនឯងបានឡើយ។ នៅពេលដែលមនុស្សម្នាក់មានកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ពួកគេលែងស្វែងរកអ្វីដែលភ្លឺ អ្វីដែលសុចរិត ឬអ្វីដែលស្រស់ស្អាត និងល្អទៀតហើយ។ នេះគឺដោយសារតែអំណាចងប់ងល់នៃកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ នៅលើមនុស្សវាធំខ្លាំងពេក ហើយពួកវាបានក្លាយជាអ្វីដែលមនុស្សដេញតាមស្វែងរកនៅក្នុងជីវិតរបស់ពួកគេ និងអស់កល្បជានិច្ចគ្មានទីបញ្ចប់។ តើនេះមិនពិតទេឬអី?
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
សាតាំងប្រើកេរ្ដិ៍ឈ្មោះនិងផលប្រយោជន៍ ដើម្បីគ្រប់គ្រងគំនិតរបស់មនុស្ស រហូតទាល់តែមនុស្សគិតតែពីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ប៉ុណ្ណោះ។ ពួកគេតស៊ូប្រឹងប្រែងដើម្បីកេរ្តិ៍ឈ្មោះនិងផលប្រយោជន៍ ទទួលរងទុក្ខលំបាកដើម្បីកេរ្តិ៍ឈ្មោះនិងបុណ្យសក្តិ ស៊ូទ្រាំភាពអាម៉ាស់ដើម្បីកេរ្តិ៍ឈ្មោះនិងផលប្រយោជន៍ លះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមានដើម្បីកេរ្តិ៍ឈ្មោះនិងផលប្រយោជន៍ ហើយពួកគេនឹងធ្វើការវិនិច្ឆ័យ ឬការសម្រេចចិត្តណាមួយដើម្បីកេរ្តិ៍ឈ្មោះនិងផលប្រយោជន៍។ តាមវិធីនេះ សាតាំងបានចងមនុស្សនឹងច្រវាក់ដែលមើលមិនឃើញ ហើយពួកគេមិនមានកម្លាំង ក៏គ្មានសេចក្ដីក្លាហានក្នុងការដោះច្រវាក់នោះចេញដែរ។ ពួកគេមិនបានដឹងសោះថាខ្លួនគេ កំពុងជាប់ច្រវាក់ និងដើរទៅមុខដោយក្ដីលំបាកជាខ្លាំង។ ដោយសារកេរ្តិ៍ឈ្មោះនិងផលប្រយោជន៍ នេះ មនុស្សជាតិបានគេចចេញពីព្រះ និងក្បត់ព្រះអង្គ ហើយក្លាយជាមនុស្សអាក្រក់កាន់តែខ្លាំងឡើងៗ។ ហេតុដូច្នេះ ពីជំនាន់មួយទៅជំនាន់មួយ មនុស្សត្រូវបានបំផ្លាញក្រោមឥទ្ធិពលកេរ្តិ៍ឈ្មោះនិងផលប្រយោជន៍របស់សាតាំង។
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
ព្រះជាម្ចាស់ស្វែងរកអស់អ្នកណាដែលទន្ទឹងរង់ចាំទ្រង់លេចមក។ ទ្រង់ស្វែងរកអស់អ្នកណាដែលអាចស្ដាប់ឮបន្ទូលរបស់ទ្រង់ ស្វែងរកអស់អ្នកណាដែលមិនដែលបំភ្លេចបញ្ជាបេសកកម្មរបស់ទ្រង់ ហើយលះបង់ដួងចិត្ត និងរូបកាយរបស់ពួកគេថ្វាយដល់ទ្រង់។ ទ្រង់ស្វែងរកអស់អ្នកណាដែលស្ដាប់បង្គាប់ទ្រង់ ដូចជាកូនតូច និងមិនប្រឆាំងទាស់នឹងទ្រង់។ ប្រសិនបើអ្នកលះបង់ខ្លួនឯងថ្វាយដល់ព្រះជាម្ចាស់ ដោយមិនមានការរារាំងពីអំណាច ឬពីអនុភាពណាមួយ នោះព្រះជាម្ចាស់នឹងទតមើលអ្នកដោយក្ដីអនុគ្រោះ ហើយប្រទានព្រះពររបស់ទ្រង់ដល់អ្នក។ ប្រសិនបើអ្នកមានឋានៈខ្ពស់ មានកេរ្តិ៍ឈ្មោះកិត្តិយស មានចំណេះដឹងខ្ពង់ខ្ពស់ ជាម្ចាស់ទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ និងមានមនុស្សជាច្រើនគាំទ្រអ្នក ប៉ុន្តែកត្តាទាំងអស់នេះ ពុំបានរារាំងអ្នកមិនឱ្យមករកព្រះជាម្ចាស់ ដើម្បីទទួលយកការត្រាស់ហៅរបស់ទ្រង់ និងទទួលយកបញ្ជាបេសកកម្មរបស់ទ្រង់ និងដើម្បីធ្វើអ្វីដែលព្រះបង្គាប់ឱ្យអ្នកធ្វើ នោះអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ នឹងក្លាយជាបុព្វហេតុដ៏មានន័យជាងគេបំផុតនៅលើផែនដីនេះ និងជាកិច្ចការសុចរិតជាងគេសម្រាប់មនុស្សលោក។ ប្រសិនបើអ្នកបដិសេធការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដោយសារឋានៈ និងគោលដៅផ្ទាល់ខ្លួនរបស់អ្នក នោះអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ នឹងត្រូវព្រះជាម្ចាស់ដាក់បណ្ដាសា និងស្អប់ខ្ពើម។ អ្នកអាចជាប្រធានាធិបតី ជាអ្នកវិទ្យាសាស្រ្ត ជាគ្រូគង្វាល ឬជាចាស់ទុំម្នាក់ ប៉ុន្តែមិនថាតួនាទីរបស់អ្នកខ្ពង់ខ្ពស់ប៉ុនណានោះទេ ប្រសិនបើអ្នកពឹងផ្អែកលើចំណេះដឹង និងសមត្ថភាពរបស់អ្នកនៅក្នុងកិច្ចការរបស់ខ្លួន នោះអ្នកនឹងក្លាយជាមនុស្សបរាជ័យជាដរាប ហើយអ្នកនឹងមិនទទួលបានព្រះពរពីព្រះជាម្ចាស់ឡើយ ដ្បិតព្រះជាម្ចាស់មិនទទួលយកអ្វីដែលអ្នកធ្វើឡើយ ហើយទ្រង់ពុំចាត់ទុកកិច្ចការរបស់អ្នក ជាកិច្ចការសុចរិត ឬទទួលស្គាល់ថា អ្នកកំពុងធ្វើការដើម្បីជាប្រយោជន៍ដល់មនុស្សលោកឡើយ។ ទ្រង់នឹងមានបន្ទូលថា អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ គឺធ្វើដើម្បីប្រើចំណេះដឹង និងកម្លាំងរបស់មនុស្ស ដើម្បីរុញច្រានការការពាររបស់ព្រះជាម្ចាស់ចេញពីមនុស្ស ហើយវាត្រូវបានធ្វើឡើងដើម្បីបដិសេធព្រះពររបស់ព្រះជាម្ចាស់។ ទ្រង់នឹងមានបន្ទូលថា អ្នកកំពុងដឹកនាំមនុស្សទៅរកភាពងងឹត ទៅរកសេចក្តីស្លាប់ និងទៅរកការចាប់ផ្ដើមជីវិតដែលគ្មានដែនកំណត់ ដែលមនុស្សបានបាត់បង់ព្រះជាម្ចាស់ និងព្រះពររបស់ទ្រង់។
(ដកស្រង់ពី «ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះជាម្ចាស់សោយសោកចំពោះអនាគតរបស់មនុស្ស ទ្រង់ព្រួយព្រះហឫទ័យនៅពេលដែលមនុស្សធ្លាក់ចុះ ហើយទ្រង់ឈឺព្រះហឫទ័យដែលមនុស្សដើរមួយជំហានម្ដងៗទៅរកភាពពុករលួយ និងផ្លូវដែលមិនអាចត្រលប់ក្រោយវិញបាន។ គ្មាននរណាម្នាក់ធ្លាប់បានគិតថា តើគោលដៅមួយណាដែលមនុស្សបានធ្វើឱ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ខ្ទេចខ្ទាំ និងបានបោះបង់ចោលទ្រង់ទៅស្វែងរកមេកំណាចដែលអាចត្រូវបាននាំទៅ។ ប្រាកដណាស់ថា គឺដោយសារមូលហេតុនេះហើយបានជាគ្មាននរណាម្នាក់មានអារម្មណ៍ដឹងពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់ស្វែងរកវិធីដើម្បីផ្គាប់ដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬក៏ព្យាយាមចូលទៅជិតព្រះជាម្ចាស់ទេ ហើយលើសពីនោះទៅទៀត ដោយសារមូលហេតុនេះហើយ បានជាគ្មាននរណាម្នាក់យល់ច្បាស់ពីការព្រួយព្រះហឫទ័យ និងការឈឺចាប់របស់ព្រះជាម្ចាស់។ ទោះបីជាក្រោយពេលដែលស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ហើយក៏ដោយ ក៏មនុស្សនៅតែបន្ដដើរលើផ្លូវរបស់ខ្លួន នៅតែបន្ដវង្វេងចេញពីព្រះជាម្ចាស់ ដោយការគេចចេញពីព្រះគុណ និងការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ ព្រមទាំងគេចចេញពីសេចក្ដីពិតរបស់ទ្រង់ ដោយព្រមលក់ខ្លួនទៅឱ្យអារក្សសាតាំង ដែលជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់។ បើមនុស្សនៅក្បាលរឹងបែបនេះ តើព្រះជាម្ចាស់នឹងប្រព្រឹត្ដយ៉ាងណាចំពោះមនុស្សដែលបានបោះបង់ទ្រង់ចោល ដោយគ្មានងាកក្រោយសូម្បីតែបន្ដិច? គ្មាននរណាម្នាក់ដឹងឡើយថា មូលហេតុដែលនាំឱ្យទ្រង់រំឭក និងដាស់តឿនម្ដងហើយម្ដងទៀត នោះគឺដោយសារទ្រង់បានរៀបចំគ្រោះមហន្ដរាយមួយដែលមិនធ្លាប់មានពីមុនមក នៅក្នុងព្រះហស្ដទ្រង់ ជាគ្រោះមហន្ដរាយមួយដែលសាច់ឈាម និងព្រលឹងរបស់មនុស្សមិនអាចទ្រាំទ្របាននោះទេ។ គ្រោះមហន្ដរាយនេះមិនមែនគ្រាន់តែជាទណ្ឌកម្មនៃសាច់ឈាមប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាទណ្ឌកម្មនៃព្រលឹងដែរ។ អ្នកត្រូវដឹងពីចំណុចនេះ៖ នៅពេលដែលផែនការរបស់ព្រះជាម្ចាស់បរាជ័យ ហើយនៅពេលដែលការរំឭក និងការដាស់តឿនរបស់ទ្រង់មិនត្រូវបានតបស្នង តើទ្រង់នឹងសម្ដែងសេចក្ដីក្រោធប្រភេទណាទៅ? គឺសេចក្ដីក្រោធដែលមិនធ្លាប់មានអ្នកជួបប្រទះ ឬក៏ធ្លាប់ឮពីមុនមកទេ។ ដូច្នេះហើយបានជាខ្ញុំនិយាយថា គ្រោះមហន្ដរាយនេះមិនធ្លាប់មានពីមុនមកទេ ហើយក៏នឹងមិនកើតឡើងម្ដងទៀតដែរ។ ដ្បិតផែនការរបស់ព្រះជាម្ចាស់ គឺបង្កើតមនុស្សជាតិតែមួយដង និងសង្គ្រោះមនុស្សជាតិតែមួយដងនេះប៉ុណ្ណោះ។ នេះគឺជាលើកដំបូង ហើយក៏ជាលើកចុងក្រោយដែរ។ ដូច្នេះហើយ គ្មាននរណាម្នាក់អាចយល់ពីបំណងព្រះហឫទ័យក្នុងការទទួលយកការឈឺចាប់ និងការគិតទុកជាមុនដ៏ក្លៀវក្លា ដែលព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សនៅគ្រានេះទេ។
(ដកស្រង់ពី «ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)