៧. មនុស្សខ្លះគិតថា ការជឿលើព្រះជាម្ចាស់មានន័យថាជាការប្ដេជ្ញាចិត្តចូលរួមពួកជំនុំនៅថ្ងៃអាទិត្យ ដោយធ្វើការបរិច្ចាគ និងធ្វើការងារសប្បុរសធម៌ ហើយចូលរួមសកម្មភាពពួកជំនុំជាទៀងទាត់។ ពួកគេជឿថា ដោយធ្វើកិច្ចការទាំងនេះ ពួកគេអាចទទួលបានការសង្រ្គោះ។ តើទស្សនៈបែបនេះស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬទេ?
ខគម្ពីរយោង៖
«មិនមែនគ្រប់គ្នាដែលហៅខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់ សុទ្ធតែចូលទៅក្នុងនគរស្ថានសួគ៌ឡើយ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ។ មនុស្សជាច្រើននឹងនិយាយមកខ្ញុំនៅថ្ងៃនោះថា ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងមិនបានថ្លែងទំនាយនៅក្នុងព្រះនាមទ្រង់ ហើយដេញអារក្សនៅក្នុងព្រះនាមទ្រង់ ព្រមទាំងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ទេឬអី? បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២១-២៣)។
«នគរស្ថានសួគ៌រងនូវអំពើឃោរឃៅ ហើយមនុស្សឃោរឃៅក៏យកនគរស្ថានសួគ៌ដោយកម្លាំង» (ម៉ាថាយ ១១:១២)។
«ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា លើកលែងតែអ្នកត្រូវបានផ្លាស់ប្រែ និងក្លាយជាដូចកូនក្មេងសិន នោះទើបអ្នកនឹងបានចូលក្នុងនគរស្ថានសួគ៌» (ម៉ាថាយ ១៨:៣)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
ទោះបីមនុស្សជាច្រើនជឿលើព្រះជាម្ចាស់ក៏ដោយ ក៏មានមនុស្សតិចណាស់ដែលយល់អំពីអត្ថន័យនៃសេចក្តីជំនឿលើព្រះជាម្ចាស់ និងអ្វីដែលពួកគេត្រូវធ្វើដើម្បីឱ្យស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះគឺដោយសារតែពួកគេមិនស្គាល់ព្រះជាម្ចាស់ ហើយនៅតែមិនដឹងអំពីកិច្ចការរបស់ទ្រង់ បើទោះបីជាពួកគេធ្លាប់ដឹងធ្លាប់ឮអំពីពាក្យថា «ព្រះជាម្ចាស់» និង «កិច្ចការរបស់ព្រះជាម្ចាស់» ក៏ដោយ។ ដូច្នេះ គ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា អស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ ប្រាកដជាមានជំនឿបែបច្របូកច្របល់អំពីទ្រង់ជាមិនខាន។ មនុស្សមិនមានជំនឿហ្មត់ចត់លើព្រះជាម្ចាស់ឡើយ ហើយនេះដោយសារតែការមានជំនឿលើព្រះជាម្ចាស់ដូចជារឿងចម្លែកពេក ឬជារឿងដែលពួកគេមិនធ្លាប់បានដឹងពីមុនមក។ នេះជាហេតុផលដែលនាំឱ្យពួកគេមិនអាចបំពេញតាមការទាមទាររបស់ព្រះជាម្ចាស់បាន។ នៅក្នុងន័យម្យ៉ាងទៀត បើមនុស្សមិនស្គាល់ព្រះជាម្ចាស់ ហើយមិនដឹងអំពីកិច្ចការរបស់ទ្រង់ នោះពួកគេមិនសក្ដិសមនឹងឱ្យព្រះជាម្ចាស់ប្រើនោះឡើយ បើដូច្នេះ ពួកគេនៅតែមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ដដែល។ «ជំនឿជឿលើព្រះជាម្ចាស់» គឺជាការជឿថាមានព្រះជាម្ចាស់ ហើយនេះគឺជាគោលគំនិតដ៏សាមញ្ញបំផុតដែលទាក់ទងនឹងការជឿលើព្រះជាម្ចាស់។ លើសពីនេះទៅទៀត ការជឿថាមានព្រះជាម្ចាស់ មិនដូចជាការជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ ផ្ទុយទៅវិញ វាជាប្រភេទនៃសេចក្តីជំនឿដ៏សាមញ្ញមួយដែលពាក់ព័ន្ធនឹងជំនឿសាសនាដ៏ខ្លាំង។ សេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ មានន័យដូចខាងក្រោម៖ ឈរលើមូលដ្ឋាននៃការជឿថា ព្រះជាម្ចាស់ជាព្រះដែលគង់ជាអធិបតេយ្យភាពលើអ្វីៗទាំងអស់ មនុស្សម្នាក់ដកពិសោធន៍នូវព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ កម្ចាត់ចោលនិស្ស័យពុករលួយរបស់គេ បំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមកស្គាល់ព្រះជាម្ចាស់។ មានតែដំណើរផ្លូវបែបនេះទេ ទើបហៅថាជា «សេចក្ដីជំនឿលើព្រះជាម្ចាស់»។ ប៉ុន្តែ ជារឿយៗមនុស្សមើលឃើញការមានជំនឿលើព្រះជាម្ចាស់ ជារឿងដ៏សាមញ្ញ និងឥតបានការ។ មនុស្សដែលជឿលើព្រះជាម្ចាស់តាមរបៀបនេះ បានបាត់បង់នូវអត្ថន័យនៃការជឿលើព្រះជាម្ចាស់ហើយ ទោះបីពួកគេអាចបន្តជឿរហូតដល់ទីចុងបញ្ចប់ក៏ដោយ ក៏ពួកគេនឹងមិនដែលទទួលបានការយល់ព្រមពីព្រះជាម្ចាស់នោះឡើយ ដោយសារតែពួកគេដើរតាមផ្លូវខុស។ សព្វថ្ងៃនេះ នៅតែមានមនុស្សដែលជឿលើព្រះជាម្ចាស់ ស្របតាមន័យពាក្យ និងគោលលទ្ធិឥតខ្លឹមសារក្នុងទៀត។ ពួកគេមិនដឹងថា ពួកគេខ្វះនូវសារជាតិនៃសេចក្ដីជំនឿជឿលើព្រះជាម្ចាស់ ហើយពួកគេមិនអាចទទួលបាននូវការយល់ព្រមពីព្រះជាម្ចាស់ឡើយ។ ពួកគេនៅតែអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដើម្បីឱ្យទ្រង់ប្រទានព្រះពរនៃសុវត្ថិភាព និងព្រះគុណដ៏គ្រប់គ្រាន់ទៀត។ ឥឡូវនេះ ចូរយើងឈប់បន្តិចសិន ធ្វើចិត្តឱ្យស្ងប់ ហើយសួរខ្លួនឯងថា៖ តើវាអាចទេថា ការជឿលើព្រះជាម្ចាស់ តាមពិតទៅជាកិច្ចការដ៏ងាយស្រួលបំផុតនៅលើផែនដី? តើវាអាចទេថា ការជឿលើព្រះជាម្ចាស់គ្មានន័យអ្វីសោះ ក្រៅពីការទទួលយកព្រះគុណឱ្យបានច្រើនពីព្រះជាម្ចាស់? មនុស្សដែលជឿលើព្រះជាម្ចាស់ទាំងមិនស្គាល់ទ្រង់ ឬអ្នកដែលជឿព្រះជាម្ចាស់ហើយបែរជាប្រឆាំងទាស់នឹងទ្រង់ តើពួកគេពិតជាអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរឬទេ?
(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
សារសំខាន់នៃការជឿលើព្រះជាម្ចាស់ គឺដើម្បីត្រូវបានសង្គ្រោះ ដូច្នេះតើការដែលត្រូវបានសង្គ្រោះមានន័យដូចម្ដេច? មនុស្សនិយាយអំពី «ការត្រូវបានសង្គ្រោះ» «ការបំបែកចេញពីឥទ្ធិពលខ្មៅងងឹតរបស់សាតាំង» នេះជាញឹកញាប់ ប៉ុន្តែពួកគេពុំដឹងថាតើការត្រូវបានសង្គ្រោះមានន័យបែបណានោះទេ។ តើការត្រូវបានសង្គ្រោះមានន័យបែបណា? វាជាប់ទាក់ទិននឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ និយាយឱ្យងាយយល់ ដើម្បីត្រូវបានសង្គ្រោះ មានន័យថា អ្នកអាចបន្តរស់នៅបាន ហើយអ្នកត្រូវបានត្រឡប់មកជាមានជីវិតសាជាថ្មី។ ដូច្នេះ នៅមុនពេលនោះ តើអ្នកស្លាប់មែនទេ? អ្នកអាចនិយាយបាន ហើយអ្នកអាចដកដង្ហើមបាន ដូច្នេះ តើគេអាចនិយាយថាអ្នកស្លាប់បានយ៉ាងដូចម្ដេចទៅ? (វិញ្ញាណគឺស្លាប់)។ តើហេតុអ្វីបានជាគេនិយាយថា មនុស្សស្លាប់ ប្រសិនបើវិញ្ញាណរបស់ពួកគេស្លាប់? តើការនិយាយបែបនេះមានមូលដ្ឋានអ្វី? តើមនុស្សរស់នៅក្រោមដែនត្រួតត្រារបស់នរណា មុនពេលដែលពួកគេបានទទួលនូវការសង្គ្រោះ? (នៅក្រោមដែនត្រួតត្រារបស់សាតាំង)។ តើមនុស្សពឹងផ្អែកលើអ្វីខ្លះក្នុងការរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង? ពួកគេពឹងផ្អែកលើធម្មជាតិ និងនិស្ស័យពុករលួយរបស់សាតាំងក្នុងការរស់នៅ។ នៅពេលមនុស្សរស់នៅតាមសេចក្ដីទាំងនេះ តើជីវិតរបស់គេទាំងមូល សាច់ឈាមរបស់គេ និងគ្រប់ទិដ្ឋភាពដទៃផ្សេងទៀតទាំងអស់ ដូចជាព្រលឹងនិងការគិតរបស់ពួកគេ នៅរស់ ឬស្លាប់? តាមទស្សនៈរបស់ព្រះជាម្ចាស់ ពួកគេស្លាប់។ មើលពីសំបកក្រៅ អ្នកហាក់ដូចជាកំពុងដកដង្ហើមនិងកំពុងគិត ប៉ុន្តែអ្វីគ្រប់យ៉ាងដែលកំពុងគិតមិនឈប់នោះ គឺជារឿងអាក្រក់។ អ្នកគិតអំពីអ្វីៗដែលទាស់នឹងព្រះជាម្ចាស់ ហើយមានការបះបោរប្រឆាំងនឹងព្រះជាម្ចាស់ គិតអំពីរឿងដែលព្រះជាម្ចាស់ស្អប់ខ្ពើម មិនសព្វព្រះទ័យ និងដាក់ទោស។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ គ្រប់សព្វសារពើទាំងអស់នេះ មិនត្រឹមតែជារបស់ខាងសាច់ឈាមប៉ុណ្ណោះទេ ប៉ុន្តែវាសុទ្ធតែជាកម្មសិទ្ធិរបស់សាតាំង និងពួកអារក្ស។ ដូច្នេះ តើនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សជាអ្វីវិញ? តើពួកគេជាមនុស្សដែរឬទេ? អត់ទេ ពួកគេមិនមែនជាមនុស្សទេ។ ព្រះជាម្ចាស់ទតឃើញថា ពួកគេជាអារក្ស ជាសត្វ និងជាសាតាំង ជាខ្មោចសាតាំងដើរដី! មនុស្សរស់នៅតាមសម្ភារៈ និងតាមសារជាតិរបស់សាតាំង ហើយក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពួកគេខ្លួនឯងគឺជាខ្មោចសាតាំងដើរដី ដែលពាក់ស្បែកមនុស្ស។ ព្រះជាម្ចាស់ហៅមនុស្សបែបនេះថា ជាសាកសពចេះដើរ ជាមនុស្សស្លាប់។ ព្រះជាម្ចាស់បំពេញកិច្ចការនៃការសង្រ្គោះនាពេលបច្ចុប្បន្ននេះដើម្បីទទួលយកមនុស្សបែបនេះ ជាសាកសពចេះដើរ ដែលរស់នៅតាមនិស្ស័យពុករលួយបែបសាតាំង និងតាមសារជាតិពុករលួយបែបសាតាំង។ ទ្រង់ទទួលយកមនុស្សដែលហៅថាជាមនុស្សស្លាប់នេះ និងប្រោសឱ្យពួកគេមានជីវិតរស់ឡើងវិញ។ នេះហើយគឺជាអត្ថន័យនៃការត្រូវបានសង្គ្រោះ។
ចំណុចនៃការជឿលើព្រះជាម្ចាស់ គឺការទទួលបានសេចក្ដីសង្គ្រោះ។ ការត្រូវបានសង្គ្រោះ មានន័យថា អ្នកបានប្រែពីមនុស្សស្លាប់ទៅជាមនុស្សរស់វិញ។ អត្ថន័យនៃចំណុចនេះគឺថា ដង្ហើមរបស់អ្នកបានដកឡើងវិញ ហើយអ្នកមានជីវិតរស់។ អ្នកអាចស្គាល់ព្រះជាម្ចាស់ ហើយអ្នកអាចក្រាបចុះដើម្បីថ្វាយបង្គំព្រះជាម្ចាស់បាន។ នៅក្នុងដួងចិត្តរបស់អ្នក អ្នកគ្មានការរឹងទទឹងនឹងព្រះជាម្ចាស់ទេ។ អ្នកក៏លែងប្រឆាំងទាស់នឹងទ្រង់ វាយប្រហារទ្រង់ ឬបះបោរប្រឆាំងនឹងទ្រង់ទៀតដែរ។ មានតែមនុស្សបែបនេះទេដែលមានជីវិតពិតប្រាកដនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សម្នាក់គ្រាន់តែនិយាយថា ពួកគេទទួលស្គាល់ព្រះជាម្ចាស់ ដូច្នេះ តើពួកគេជាមនុស្សរស់ឬអត់? (អត់ទេ ពួកគេមិនមែនទេ)។ ដូច្នេះ តើមនុស្សប្រភេទណាជាមនុស្សរស់? តើភាពពិតបែបណាដែលមនុស្សរស់មាន? យ៉ាងហោចណាស់ មនុស្សរស់អាចនិយាយភាសាមនុស្សបាន។ តើនោះមានន័យដូចម្ដេច? វាមានន័យថា ពាក្យដែលពួកគេនិយាយមានគំនិត ការគិត និងការយល់ដឹង។ ជារឿយៗ តើមនុស្សរស់គិតនិងធ្វើអ្វីខ្លះ? ពួកគេអាចចូលរួមក្នុងសកម្មភាពមនុស្ស និងបំពេញភារកិច្ចរបស់ពួកគេបាន។ តើអ្វីដែលពួកគេធ្វើ និងនិយាយមានលក្ខណៈធម្មជាតិអ្វីខ្លះ? នោះគឺថាគ្រប់យ៉ាងដែលពួកគេបើកសម្ដែងឱ្យឃើញ គ្រប់យ៉ាងដែលពួកគេគិត និងគ្រប់យ៉ាងដែលពួកគេធ្វើ គឺធ្វើទៅតាមធម្មជាតិនៃការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ដើម្បីនិយាយឱ្យកាន់តែងាយយល់ ក្នុងនាមជាមនុស្សរស់ម្នាក់ រាល់ទង្វើរបស់អ្នក និងរាល់ការគិតរបស់អ្នក មិនត្រូវបានព្រះជាម្ចាស់ដាក់ទោស ឬត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធចោលនោះទេ តែផ្ទុយទៅវិញ ទង្វើនិងការគិតនោះ ត្រូវបានព្រះជាម្ចាស់ទទួលយក និងកោតសរសើរ។ នេះគឺអ្វីដែលមនុស្សរស់ធ្វើ ហើយវាក៏ជាអ្វីដែលមនុស្សរស់គប្បីត្រូវធ្វើផងដែរ។
(ដកស្រង់ពី «មានតែការស្ដាប់បង្គាប់ដ៏ពិតប៉ុណ្ណោះ ទើបមនុស្សអាចមានសេចក្តីជំនឿដ៏ពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
ជីវិតខាងវិញ្ញាណបែបធម្មតា មិនត្រូវបានកំណត់ចំពោះការអនុវត្តន៍ដូចជាការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការរួមចំណែកជីវិតក្នុងពួកជំនុំ និងការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ វាទាក់ទងនឹងការរស់នៅក្នុងជីវិតខាងវិញ្ញាណបែបថ្មី និងរស់រវើក។ អ្វីដែលសំខាន់នោះ គឺមិនមែនជារបៀបដែលអ្នកអនុវត្តនោះទេ ប៉ុន្តែជាផលផ្លែដែលចេញពីការអនុវត្តរបស់អ្នកវិញ។ មនុស្សភាគច្រើនជឿថាជីវិតខាងវិញ្ញាណបែបធម្មតាតម្រូវឱ្យមានការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការហូបនិងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬការជញ្ជឹងគិតពីព្រះបន្ទូលរបស់ទ្រង់ ដោយមិនបានគិតថាតើការអនុវត្តបែបនោះពិតជាមានឥទ្ធិពល ឬនាំទៅរកការយល់ដឹងពិតប្រាកដឬយ៉ាងណានោះទេ។ មនុស្សទាំងនេះផ្តោតលើការធ្វើតាមនីតិវិធីបែបសើៗដោយមិនគិតពីលទ្ធផលរបស់ពួកគេនោះឡើយ។ ពួកគេគឺជាមនុស្សដែលរស់នៅក្នុងពិធីតាមបែបសាសនា មិនមែនជាមនុស្សដែលរស់នៅក្នុងព្រះវិហារទេ ហើយក្នុងចំពោមពួកគេ មានតិចណាស់ដែលជារាស្ត្រនៃនគរព្រះ។ ការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺគ្រាន់តែជាការធ្វើតាមក្រឹត្យក្រម ជាការដែលត្រូវបានធ្វើឡើងដោយការបង្ខិតបង្ខំ និងដើម្បីធ្វើតាមនិន្នាការប៉ុណ្ណោះ មិនមែនដោយឆន្ទៈ និងចេញពីចិត្តទេ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលអធិស្ឋាន ឬច្រៀងសរសើរទាំងអស់នេះ ភាគច្រើនការខំប្រឹងប្រែងរបស់ពួកគេនឹងមិនទទួលបានផលផ្លែនោះទេ ដ្បិតអ្វីដែលពួកគេអនុវត្តគឺគ្រាន់តែជាវិន័យ និងពិធីតាមបែបសាសនាប៉ុណ្ណោះ។ ពួកគេពិតជាមិនបានអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ ពួកគេផ្តោតតែទៅលើការនិយាយបង្វែរទៅតាមរបៀបដែលពួកគេអនុវត្ត ហើយពួកគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាវិន័យដែលត្រូវដើរតាម។ មនុស្សបែបនេះមិនយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីអនុវត្តតាមទេ។ ពួកគេគ្រាន់តែបំពេញសាច់ឈាមរបស់ពួកគេ ហើយសម្តែងឱ្យមនុស្សផ្សេងទៀតបានឃើញប៉ុណ្ណោះ។ វិន័យ និងពិធីសាសនាទាំងនេះសុទ្ធតែមានដើមកំណើតពីមនុស្ស មិនមែនមកពីព្រះជាម្ចាស់នោះទេ។ ព្រះជាម្ចាស់មិនប្រកាន់តាមវិន័យនានាទេ ហើយក៏មិនត្រូវស្ថិតនៅក្រោមក្រឹត្យវិន័យណាមួយដែរ។ ផ្ទុយទៅវិញព្រះអង្គធ្វើការថ្មីៗជារៀងរាល់ថ្ងៃ ដោយសម្រេចនូវការងារជាក់ស្តែង។ ដូចជាមនុស្សនៅក្នុងព្រះវិហារ Three-self Church ដែលដាក់កម្រិតខ្លួនឯងក្នុងការអនុវត្ត ដោយការចូលរួមក្នុងកម្មវិធីថ្វាយបង្គំពេលព្រឹកជារៀងរាល់ថ្ងៃ ថ្វាយនូវការអធិស្ឋានពេលល្ងាច និងការអធិស្ឋានអរព្រះគុណនៅមុនពេលបរិភោគអាហារ និងថ្វាយការអរព្រះគុណក្នុងគ្រប់ការទាំងអស់។ មិនថាពួកគេធ្វើច្រើនប៉ុនណា និងធ្វើយូរប៉ុនណានោះទេ ពួកគេនឹងមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ នៅពេលដែលមនុស្សរស់នៅក្រោមវិន័យនានា ហើយឱ្យចិត្តរបស់ពួកគេផ្តោតលើវិធីសាស្រ្តនៃការអនុវត្តន៍ នោះព្រះវិញ្ញាណបរិសុទ្ធមិនអាចធ្វើការបានឡើយ ពីព្រោះចិត្តរបស់ពួកគេត្រូវបានត្រួតត្រាដោយវិន័យ និងសញ្ញាណនានារបស់មនុស្ស។ ដូច្នេះ ព្រះជាម្ចាស់មិនអាចធ្វើអន្តរាគមន៍ និងធ្វើការលើពួកគេបានទេ ហើយពួកគេអាចត្រឹមបន្តរស់នៅក្រោមការគ្រប់គ្រងនៃក្រឹត្យវិន័យប៉ុណ្ណោះ។ មនុស្សបែបនេះ គឺមិនអាចទទួលបាននូវការសរសើរពីព្រះជាម្ចាស់ជារៀងរហូត។
(ដកស្រង់ពី «ទាក់ទងទៅនឹងជីវិតខាងវិញ្ញាណបែបធម្មតា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ដោយសារតែអ្នកជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ នោះអ្នកត្រូវតែហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ ដកពិសោធន៍ពីព្រះបន្ទូលរបស់ទ្រង់ ហើយរស់នៅតាមព្រះបន្ទូលរបស់ទ្រង់។ មានតែធ្វើបែបនេះទេ ទើបអាចរាប់ថាជាការជឿលើព្រះជាម្ចាស់! ប្រសិនបើអ្នកនិយាយថា អ្នកជឿលើព្រះជាម្ចាស់ចេញពីមាត់របស់អ្នក ប៉ុន្តែមិនយកព្រះបន្ទូលរបស់ទ្រង់ណាមួយទៅអនុវត្ត ឬបង្កើតឱ្យចេញជាការពិតទេ នោះវាមិនអាចនិយាយថា ជាការជឿលើព្រះជាម្ចាស់នោះឡើយ។ ផ្ទុយទៅវិញ វាជា «ការស្វែងរកនំប៉័ង ដើម្បីចម្អែតអ្នកស្រេកឃ្លាន» ប៉ុណ្ណោះ។ ដោយនិយាយតែទីបន្ទាល់ធម្មតាៗ និយាយតែរឿងគ្មានប្រយោជន៍ និងកិច្ចការរាក់កំផែល ដោយគ្មានការពិតសូម្បីតែបន្ដិច៖ ទាំងនេះគ្មាននូវធាតុផ្សំអំពីជំនឿលើព្រះជាម្ចាស់ឡើយ ហើយអ្នកមិនបានយល់អំពីផ្លូវដ៏ត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់នោះទេ។ ហេតុអ្វីបានជាអ្នកត្រូវហូប និងផឹកព្រះបន្ទូល របស់ព្រះជាម្ចាស់ឱ្យបានកាន់តែច្រើនកាន់តែល្អ? ប្រសិនបើអ្នកមិនហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ ប៉ុន្តែស្វែងរកតែការឡើងស្ថានសួគ៌ តើនេះជាការជឿលើព្រះជាម្ចាស់ឬទេ? តើអ្វីទៅជាជំហានដំបូងដែលអ្នកជឿលើព្រះជាម្ចាស់គួរតែធ្វើ? តើព្រះជាម្ចាស់ប្រោសមនុស្សម្នាក់ឱ្យបានគ្រប់លក្ខណ៍តាមរបៀបណាទៅ? តើអ្នកអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ដោយគ្មានការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរឬទេ? តើអ្នកអាចត្រូវបានចាត់ទុកជាមនុស្សម្នាក់នៃនគរព្រះដោយគ្មានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីបម្រើជាការពិតរបស់អ្នកបានដែរឬអី? តើសេចក្តីជំនឿលើព្រះជាម្ចាស់មានន័យដូចម្ដេចទៅ? យ៉ាងហោចណាស់ អ្នកជឿលើព្រះជាម្ចាស់គួរតែមានឥរិយាបថល្អនៅខាងក្រៅ ហើយអ្វីដែលសំខាន់បំផុតគឺ គេត្រូវមានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនអាចគេចចេញពីព្រះបន្ទូលរបស់ទ្រង់បានឡើយ។ ការស្គាល់ព្រះជាម្ចាស់ និងការបំពេញតាមព្រះហឫទ័យរបស់ទ្រង់ អាចសម្រេចទៅបាន មានតែតាមរយៈព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ។ នៅក្នុងពេលអនាគត គ្រប់ប្រជាជាតិ គ្រប់និកាយ គ្រប់សាសនា និងគ្រប់វិស័យ នឹងត្រូវយកឈ្នះ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់នឹងមានបន្ទូលដោយផ្ទាល់ ហើយមនុស្សទាំងអស់នឹងកាន់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដៃរបស់គេ ហើយតាមមធ្យោបាយបែបនេះ មនុស្សជាតិនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ ទាំងខាងក្នុងនិងខាងក្រៅ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងជ្រួតជ្រាបចូលទាំងអស់៖ មនុស្សជាតិនឹងនិយាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ចេញពីមាត់របស់គេ អនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរក្សាទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅខាងក្នុងចិត្តគេ ហើយជ្រួតជ្រាបពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទាំងខាងក្នុងនិងខាងក្រៅ។ មានតែបែបនេះទេ ទើបមនុស្សជាតិនឹងត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍។ អស់អ្នកដែលបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអាចធ្វើបន្ទាល់ពីទ្រង់បាន អ្នកទាំងនោះគឺជាអ្នកដែលមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាការពិតរបស់គេ។
(ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
សព្វថ្ងៃនេះ តើអ្វីគឺជាជំនឿពិតលើព្រះជាម្ចាស់? នោះគឺជាទទួលយកព្រះបន្ទូលព្រះជាម្ចាស់ធ្វើជាតថភាពនៃជីវិតរបស់អ្នក និងការស្គាល់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលរបស់ទ្រង់ ដើម្បីសម្រេចឱ្យបាននូវសេចក្ដីស្រឡាញ់ពិតរបស់ទ្រង់។ ដើម្បីឱ្យកាន់តែច្បាស់៖ ជំនឿលើព្រះជាម្ចាស់ គឺដើម្បីឱ្យអ្នកស្ដាប់បង្គាប់ទ្រង់ ស្រឡាញ់ទ្រង់ និងបំពេញភារកិច្ចដែលគួរតែត្រូវបានបំពេញដោយសត្តនិកររបស់ព្រះជាម្ចាស់។ នេះហើយគឺជាគោលបំណងនៃការជឿលើព្រះជាម្ចាស់។ អ្នកត្រូវសម្រេចឱ្យបាននូវចំណេះដឹងអំពី ភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់ ទំហំនៃភាពស័ក្ដិសមនឹងទទួលនូវការគោរពកោតខ្លាចរបស់ព្រះជាម្ចាស់ ស្គាល់អំពីរបៀបដែលទ្រង់ធ្វើកិច្ចការនៃសេចក្ដីសង្គ្រោះ និងធ្វើឱ្យពួកគេបានគ្រប់លក្ខណ៍នៅក្នុងសត្ដនិករដែលទ្រង់បង្កើត។ ទាំងអស់នេះ គឺសុទ្ធតែជាសារៈសំខាន់នៃជំនឿរបស់អ្នកលើព្រះជាម្ចាស់។ ជំនឿលើព្រះជាម្ចាស់សំខាន់បំផុត គឺជាការផ្លាស់ប្ដូរពីជីវិតខាងសាច់ឈាម ទៅកាន់ជីវិតដែលស្រឡាញ់ព្រះជាម្ចាស់ ពីការរស់នៅក្នុងសេចក្ដីពុករលួយ ទៅកាន់ការរស់នៅក្នុងជីវិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ វាគឺជាការចាកចេញពីអំណាចគ្រប់គ្រងរបស់សាតាំង ហើយមករស់នៅក្រោមការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់វិញ។ វាជាលទ្ធភាពដែលអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ និងមិនមែនជាការស្ដាប់បង្គាប់សាច់ឈាមនោះទេ។ វាជាការទុកឱកាសឱ្យព្រះជាម្ចាស់ទទួលបានដួងចិត្តរបស់អ្នកទាំងមូល ទុកឱ្យព្រះជាម្ចាស់ធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍ និងរំដោះអ្នកឱ្យរួចពីនិស្ស័យពុករលួយបែបសាតាំង។ ជំនឿលើព្រះជាម្ចាស់ គឺច្រើនតែបែបនេះ ដើម្បីឱ្យព្រះចេស្ដា និងសិរីរុងរឿងរបស់ព្រះជាម្ចាស់ អាចនឹងត្រូវបានស្ដែងនៅក្នុងអ្នក ដើម្បីឱ្យអ្នកអាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយសម្រេចផែនការរបស់ព្រះជាម្ចាស់ និងអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់នៅចំពោះមុខសាតាំង។ ជំនឿលើព្រះជាម្ចាស់មិនគួរផ្ដោតសំខាន់លើចិត្តប្រាថ្នាចង់ឃើញទីសម្គាល់ និងការអស្ចារ្យឡើយ ក៏មិនគួរផ្ដោតលើប្រយោជន៍នៃសាច់ឈាមផ្ទាល់ខ្លួនរបស់អ្នកដែរ។ ជំនឿគួរតែជាការដេញតាមឱ្យបានស្គាល់ព្រះជាម្ចាស់ និងជាការដែលអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ គឺស្ដាប់បង្គាប់រហូតដល់អស់ជីវិត ដូចជាពេត្រុស។ ទាំងអស់នេះ គឺជាគោលបំណងសំខាន់ៗនៃការជឿលើព្រះជាម្ចាស់។ មនុស្សហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីស្គាល់ព្រះអង្គ និងផ្គាប់ព្រះហឫទ័យទ្រង់។ ការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ធ្វើឱ្យអ្នកស្គាល់ព្រះអង្គកាន់តែច្បាស់ ហើយទាល់តែអាចបានស្គាល់ទ្រង់ច្បាស់ ទើបអ្នកអាចស្ដាប់បង្គាប់ទ្រង់បាន។ ទាល់តែអ្នកស្គាល់ព្រះជាម្ចាស់ ទើបអ្នកអាចស្រឡាញ់ទ្រង់បាន ហើយនេះគឺជាគោលដៅដែលមនុស្សគួរមាននៅក្នុងជំនឿរបស់គេចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកនៅតែព្យាយាមរកមើលទីសម្គាល់ និងការអស្ចារ្យនៅក្នុងជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ ទស្សនៈនៃជំនឿចំពោះព្រះជាម្ចាស់បែបនេះ គឺពិតជាខុសហើយ។ ជំនឿលើព្រះជាម្ចាស់ផ្ដោតសំខាន់លើការទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាតថភាពនៃជិវិត។ គោលបំណងរបស់ព្រះជាម្ចាស់អាចនឹងត្រូវគេទទួលបានតាមរយៈការអនុវត្តព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយយកមកអនុវត្តនៅក្នុងជីវិតរបស់អ្នកផ្ទាល់។ នៅក្នុងជំនឿលើព្រះជាម្ចាស់ មនុស្សគួរព្យាយាមទុកឱ្យព្រះជាម្ចាស់កែច្នៃគេឱ្យបានគ្រប់លក្ខណ៍ ឱ្យគេអាចចុះចូលចំពោះព្រះជាម្ចាស់ និងដើម្បីស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង។ ប្រសិនបើអ្នកអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ដោយគ្មានការរអ៊ូរទាំ ចូរប្រយ័ត្នចំពោះបំណងប្រថ្នារបស់់ព្រះជាម្ចាស់ ចូរសម្រេចឱ្យបាននូវកេរ្តិ៍ឈ្មោះដូចពេត្រុស ហើយទទួលបានព្រះបន្ទូលសរសើរពីព្រះជាម្ចាស់ដូចពេត្រុសផង ដល់ពេលនោះទើបអ្នកសម្រេចបានជោគជ័យនៅក្នុងជំនឿ ដែលអ្នកមានចំពោះព្រះជាម្ចាស់ ហើយជំនឿនេះនឹងប្រាប់ឱ្យដឹងថា ព្រះជាម្ចាស់ទទួលបានអ្នកហើយ។
(ដកស្រង់ពី «គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
អ្នកត្រូវដឹងថា ខ្ញុំចង់បានមនុស្សប្រភេទណា។ អស់អ្នកដែលមិនបរិសុទ្ធ មិនត្រូវបានអនុញ្ញាតឱ្យចូលក្នុង នគរព្រះឡើយ អស់អ្នកដែលមិនបរិសុទ្ធ មិនត្រូវបានអនុញ្ញតឱ្យប្រឡូកប្រឡាក់ទីធ្លាដែលបរិសុទ្ធឡើយ។ បើទោះបីជាអ្នកអាចបានធ្វើកិច្ចការយ៉ាងច្រើនក្ដី និងបានធ្វើការជាច្រើនឆ្នាំមកហើយក្ដី ក៏នៅទីបញ្ចប់ ប្រសិនបើអ្នកនៅតែស្មោកគ្រោកគួរឱ្យស្អប់ខ្ពើម នោះច្បាប់របស់ស្ថានសួគ៌ នឹងមិនអាចទទួលយកបានឡើយ ដែលអ្នកចង់ចូលទៅក្នុងនគររបស់ខ្ញុំនោះ! ចាប់តាំងពីគ្រឹះនៃពិភពលោករហូតមកដល់សព្វថ្ងៃនេះ ខ្ញុំមិនដែលអនុញ្ញាតឱ្យអស់អ្នកណាដែលនិយាយបញ្ចើចបញ្ចើខ្ញុំ បានចូលទៅក្នុងនគររបស់ខ្ញុំដោយងាយឡើយ។ នេះគឺជាក្រឹត្យក្រមរបស់ស្ថានសួគ៌ ហើយគ្មាននរណាម្នាក់អាចបំពានបានឡើយ! អ្នកត្រូវតែស្វែងរកជីវិត។ សព្វថ្ងៃនេះ អស់អ្នកដែលនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ គឺជាមនុស្សដូចគ្នានឹងពេត្រុសដែរ៖ ពួកគេគឺជាអ្នកដែលស្វែងរកការផ្លាស់ប្ដូរនិស្ស័យផ្ទាល់ខ្លួនរបស់ពួកគេ និងជាអ្នកដែលសុខចិត្តធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ និងបំពេញមុខងាររបស់ពួកគេក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់។ មានតែមនុស្សបែបនេះទេដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍។ ប្រសិនបើអ្នកគ្រាន់តែព្យាយាមដើម្បីទទួលបានរង្វាន់ និងមិនបានស្វែងរកនូវការផ្លាស់ប្ដូរនិស្ស័យជីវិតផ្ទាល់ខ្លួនរបស់អ្នក នោះកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់អ្នក នឹងក្លាយជាអសារឥតការ។ នេះគឺជាសេចក្ដីពិតដែលមិនអាចកែប្រែបានឡើយ!
(ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)