៨. អ្នកធ្វើបន្ទាល់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ជាការលេចមករបស់ព្រះសង្រ្គោះ និងថាទ្រង់កំពុងតែសម្ដែងចេញនូវសេចក្តីពិត និងកំពុងធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ដើម្បីសម្អាត និងសង្រ្គោះមនុស្សឲ្យបានទាំងស្រុង ព្រមទាំងដើម្បីរំដោះមនុស្សពីឥទ្ធិពលដ៏ខ្មៅងងឹតរបស់សាតាំង។ តើព្រះដ៏មានគ្រប់ព្រះចេស្ដាសម្អាត និងសង្រ្គោះមនុស្សបានទាំងស្រុងដោយរបៀបណាទៅ?
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្ន គឺដើម្បីបង្ហាញអំពីនិស្ស័យរបស់ទ្រង់ តាមរយៈការកាត់ទោស និងការជំនុំជម្រះជាចម្បង។ ដោយសង់ពីលើមូលដ្ឋានគ្រឹះនេះ ទ្រង់នាំមនុស្សឱ្យស្គាល់សេចក្តីពិតថែមទៀត ហើយបង្ហាញឱ្យគេដឹងអំពីផ្លូវនៃការអនុវត្តជាច្រើនទៀត ក្នុងគោលបំណងដើម្បីសម្រេចកម្មវត្ថុរបស់ទ្រង់នៃការយកឈ្នះមនុស្ស និងការសង្រ្គោះគេពីនិស្ស័យពុករលួយរបស់គេ។ នេះជាអ្វីដែលស្ថិតនៅពីក្រោយកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ។
(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីលក្ខណៈរបស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីធម្មជាតិរបស់មនុស្សនោះទេ តែទ្រង់នឹងលាតត្រដាង ដោះស្រាយជាមួយ និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង ការដោះស្រាយ និងការលួសកាត់ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលមនុស្សខ្វះខាតទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងត្រូវបញ្ចុះបញ្ចូលយ៉ាងច្បាស់អំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឱ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ ធ្វើឱ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះជាម្ចាស់ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឱ្យមនុស្សទទួលស្គាល់ និងដឹងអំពីសារជាតិពុករលួយ និងឫសគល់នៃសេចក្ដីពុករលួយរបស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់។
(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
តើព្រះជាម្ចាស់ប្រោសមនុស្សឱ្យគ្រប់លក្ខណ៍តាមមធ្យោបាយណាខ្លះទៅ? វាអាចសម្រេចបានតាមរយៈមធ្យោបាយនៃនិស្ស័យដ៏សុចរិតរបស់ទ្រង់។ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់មាននូវធាតុផ្សំជាចម្បង ដូចជាសេចក្តីសុចរិត សេចក្តីក្រោធ ឫទ្ធានុភាព ការជំនុំជម្រះ និងការដាក់បណ្ដាសា ហើយទ្រង់ប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ជាចម្បងតាមរយៈមធ្យោបាយនៃការជំនុំជម្រះរបស់ទ្រង់។ មនុស្សមួយចំនួនមិនយល់ បែរជាសួរអំពីហេតុផលដែលនាំឱ្យព្រះជាម្ចាស់អាចប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ តាមរយៈការជំនុំជម្រះ និងការដាក់បណ្ដាសា។ ពួកគេនិយាយថា «ប្រសិនបើព្រះជាម្ចាស់ត្រូវដាក់បណ្ដាសាមនុស្ស តើមនុស្សនឹងមិនស្លាប់ទេឬអី? ប្រសិនបើព្រះជាម្ចាស់ត្រូវជំនុំជម្រះមនុស្ស នោះតើមនុស្សនឹងមិនត្រូវមានទោសទេឬអី? បើដូច្នេះ តើគេអាចនៅតែត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍យ៉ាងដូចម្ដេចកើតទៅ?» ទាំងនេះគឺជាពាក្យរបស់មនុស្សដែលមិនស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ អ្វីដែលព្រះជាម្ចាស់ដាក់បណ្ដាសា គឺជាការមិនស្ដាប់បង្គាប់របស់មនុស្ស ហើយអ្វីដែលទ្រង់ជំនុំជម្រះ គឺជាបាបរបស់មនុស្ស។ ទោះបីជាព្រះអង្គមានបន្ទូលគំរោះគំរើយ និងគ្មានក្ដីមេត្តាក៏ដោយ ក៏ទ្រង់បើកសម្ដែងនូវអ្វីៗគ្រប់យ៉ាងដែលមាននៅក្នុងមនុស្ស ដោយបើកសម្ដែងតាមរយៈព្រះបន្ទូលដ៏ប្រិតប្រៀនទាំងនេះ ដែលមានសារៈសំខាន់នៅក្នុងមនុស្សដែរ ប៉ុន្តែតាមរយៈការជំនុំជម្រះបែបនេះ ទ្រង់ប្រទានដល់មនុស្សនូវចំណេះដឹងដ៏ជ្រាលជ្រៅអំពីលក្ខណៈនៃសាច់ឈាម ហើយជាលទ្ធផល មនុស្សក៏ចុះចូលចំពោះព្រះជាម្ចាស់។ សាច់ឈាមរបស់មនុស្សគឺចេញពីអំពើបាប និងពីសាតាំង វាជាការមិនស្ដាប់បង្គាប់ ហើយវាក៏ជាកម្មវត្ថុនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់ដែរ។ ហេតុដូចនេះ ដើម្បីជួយឱ្យមនុស្សស្គាល់ខ្លួនឯង ព្រះបន្ទូលនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ត្រូវតែថ្លែងទៅកាន់គេ ហើយទ្រង់ត្រូវតែប្រើវិធីសាស្រ្តគ្រប់យ៉ាងនៃការបន្សុទ្ធ ពោលគឺមានតែបែបនេះទេ ទើបកិច្ចការរបស់ព្រះជាម្ចាស់អាចមានប្រសិទ្ធភាព។
(ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
មិនថាព្រះជាម្ចាស់ជំនុំជម្រះមនុស្ស ឬក៏ដាក់បណ្ដាសាមនុស្សឡើយ កិច្ចការទាំងពីរនេះត្រូវបានធ្វើឡើង ដើម្បីប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ប៉ុណ្ណោះ៖ កិច្ចការទាំងពីរនេះត្រូវបានធ្វើ ដើម្បីប្រោសឱ្យគ្រប់លក្ខណ៍នូវផ្នែកមិនបរិសុទ្ធដែលមាននៅខាងក្នុងមនុស្ស។ តាមរយៈមធ្យោបាយនេះ មនុស្សត្រូវបានបន្សុទ្ធ ហើយអ្វីដែលកំពុងតែខ្វះខាតនៅក្នុងមនុស្ស ត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ តាមរយៈព្រះបន្ទូល និងកិច្ចការរបស់ទ្រង់។ គ្រប់ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ មិនថាជាការថ្លែងព្រះបន្ទូលដ៏គំរោះគំរើយ មិនថាជាការជំនុំជម្រះ ឬការវាយផ្ចាលនោះឡើយ សុទ្ធតែត្រូវបានធ្វើឡើងក្នុងគោលបំណងប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ប៉ុណ្ណោះ ហើយនេះជាកិច្ចការដ៏ត្រឹមត្រូវបំផុត។ នៅគ្រប់យុគសម័យ ព្រះជាម្ចាស់មិនដែលធ្វើកិច្ចការបែបនេះពីមុនមកឡើយ គឺមានតែពេលសព្វថ្ងៃនេះប៉ុណ្ណោះ ដែលព្រះអង្គបានធ្វើការនៅក្នុងអ្នករាល់គ្នា ដើម្បីឱ្យអ្នកយល់អំពីព្រះប្រាជ្ញាញាណរបស់ទ្រង់។ ទោះបីជាអ្នកបានរងការឈឺចាប់មួយចំនួននៅក្នុងអ្នករាល់គ្នាក៏ដោយ ក៏ដួងចិត្តរបស់អ្នកមានភាពខ្ជាប់ខ្ជួន និងមានសន្ដិភាពដែរ។ គឺព្រះពររបស់អ្នកនេះហើយដែលអាចរីករាយបាននៅក្នុងដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់មួយនេះ។ មិនថាអ្នកអាចទទួលបានបែបណានៅពេលអនាគតឡើយ គ្រប់យ៉ាងដែលអ្នកមើលឃើញអំពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអ្នករាល់គ្នានាពេលសព្វថ្ងៃនេះ គឺជាសេចក្តីស្រឡាញ់។ ប្រសិនបើមនុស្សមិនមានបទពិសោធអំពីការជំនុំជម្រះ និងការបន្សុទ្ធរបស់ព្រះជាម្ចាស់ទេ នោះសកម្មភាព និងសេចក្តីក្លៀវក្លារបស់គេនឹងបន្តនៅកម្រិតសើៗជានិច្ច ហើយនិស្ស័យរបស់គេក៏នឹងបន្តមិនផ្លាស់ប្ដូរដដែល។ តើការនេះរាប់ថាត្រូវបានព្រះជាម្ចាស់ទទួលយកដែរឬ? សព្វថ្ងៃនេះ ទោះបីជាមានភាពក្រអឺតក្រទម និងភាពក្អេងក្អាងជាច្រើនទៀតនៅក្នុងដួងចិត្តរបស់មនុស្សក៏ដោយ ក៏និស្ស័យរបស់មនុស្ស នៅមានស្ថិរភាពខ្លាំងជាងពេលមុនៗដែរ។ ការដោះស្រាយរបស់ព្រះជាម្ចាស់ជាមួយអ្នកត្រូវបានធ្វើឡើង ដើម្បីសង្រ្គោះដល់អ្នក ហើយទោះបីជាពេលខ្លះ អ្នកអាចមានអារម្មណ៍ឈឺចាប់ខ្លះក៏ដោយ ក៏ថ្ងៃមួយនឹងមកដល់ដែរ ជាថ្ងៃដែលមានការផ្លាស់ប្ដូរមួយនៅក្នុងនិស្ស័យរបស់អ្នក។ នៅពេលនោះ អ្នកនឹងក្រឡេកក្រោយ ហើយមើលឃើញពីភាពប្រកបដោយព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយនៅពេលនោះ អ្នកនឹងអាចយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។
(ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
បើសិនជាអ្នកមិនដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ទេ នោះអ្នកនឹងដួលដោយចៀសមិនរួចក្នុងពេលល្បងល ពីព្រោះអ្នកមិនដឹងពីវិធីដែលព្រះជាម្ចាស់ប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ និងមធ្យោបាយដែលទ្រង់ធ្វើឱ្យពួកគេបានគ្រប់លក្ខណ៍ ហើយនៅពេលការល្បងលរបស់ព្រះជាម្ចាស់មកដល់អ្នក ហើយពួកវាមិនត្រូវនឹងសញ្ញាណរបស់អ្នក នោះអ្នកនឹងមិនអាចឈរយ៉ាងរឹងមាំបានទេ។ សេចក្ដីស្រឡាញ់ពិតប្រាកដរបស់ព្រះជាម្ចាស់គឺជានិស្ស័យទាំងអស់របស់ទ្រង់ ហើយនៅពេលនិស្ស័យទាំងអស់របស់ទ្រង់ត្រូវបានបង្ហាញដល់មនុស្ស តើការនេះនាំយកអ្វីខ្លះដល់សាច់ឈាមរបស់អ្នក? នៅពេលដែលនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ត្រូវបានបង្ហាញដល់មនុស្ស សាច់ឈាមរបស់ពួកគេនឹងរងការឈឺចាប់ខ្លាំង ដោយចៀសមិនរួចឡើយ។ បើសិនជាអ្នកមិនរងការឈឺចាប់នេះទេ នោះអ្នកមិនអាចត្រូវបានព្រះជាម្ចាស់ធ្វើឱ្យគ្រប់លក្ខណ៍ឡើយ ហើយអ្នកក៏នឹងមិនអាចបូជាសេចក្ដីស្រឡាញ់ពិតប្រាកដថ្វាយដល់ព្រះជាម្ចាស់បានដែរ។ បើព្រះជាម្ចាស់ធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍ ទ្រង់ប្រាកដជានឹងបង្ហាញនូវនិស្ស័យទាំងអស់របស់ទ្រង់ដល់អ្នកមិនខានឡើយ។ ចាប់តាំងពីពេលបង្កើតរហូតមកដល់សព្វថ្ងៃនេះ ព្រះជាម្ចាស់មិនដែលបង្ហាញពីនិស្ស័យទាំងអស់របស់ទ្រង់ដល់មនុស្សទេ ប៉ុន្តែក្នុងអំឡុងគ្រាចុងក្រោយនេះ ទ្រង់បើកសម្ដែងឱ្យដឹងអំពីនិស្ស័យទាំងនេះដល់ក្រុមមនុស្សដែលទ្រង់បានជ្រើសរើស និងកំណត់ទុកជាមុន ហើយតាមរយៈការប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ ទ្រង់លាតត្រដាងនិស្ស័យរបស់ទ្រង់ ដែលតាមរយៈនេះ ទ្រង់ធ្វើឱ្យមនុស្សមួយក្រុមបានពេញខ្នាត។ នេះហើយជាសេចក្ដីស្រឡាញ់ពិតប្រាកដរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ ការពិសោធសេចក្ដីស្រឡាញ់ពិតប្រាកដរបស់ព្រះជាម្ចាស់ ទាមទារឱ្យមនុស្សបង់ថ្លៃខ្ពស់ ហើយស៊ូទ្រាំនឹងការឈឺចាប់ដ៏សែនខ្លាំង។ មានតែបន្ទាប់ពីនេះទេ ទើបពួកគេត្រូវបានព្រះជាម្ចាស់ទទួលយក និងអាចថ្វាយសេចក្ដីស្រឡាញ់ពិតប្រាកដរបស់ពួកគេដល់ព្រះជាម្ចាស់វិញ ហើយមានតែពេលនោះទេទើបសព្វព្រះហឫទ័យរបស់ព្រះជាម្ចាស់។ បើសិនជាមនុស្សចង់ឱ្យព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ ហើយបើសិនជាពួកគេចង់ធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ និងថ្វាយសេចក្ដីស្រឡាញ់ពិតប្រាកដយ៉ាងពេញលេញដល់ព្រះជាម្ចាស់ នោះពួកគេត្រូវតែពិសោធនូវការរងទុក្ខខ្លាំង និងទារុណកម្មយ៉ាងច្រើនពីស្ថានភាពរបស់ពួកគេ ដើម្បីរងការឈឺចាប់ដែលអាក្រក់ជាងការស្លាប់ទៅទៀត។ នៅទីបំផុត ពួកគេនឹងត្រូវបានបង្ខំឱ្យថ្វាយចិត្តពិតប្រាកដជូនដល់ព្រះជាម្ចាស់វិញ។ មិនថាអ្នកស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដ ឬអត់នោះទេ វានឹងត្រូវបានបើកឱ្យដឹងក្នុងអំឡុងពេលនៃការលំបាក និងការបន្សុទ្ធ។ ព្រះជាម្ចាស់ញែកសេចក្ដីស្រឡាញ់របស់មនុស្សជាបរិសុទ្ធ ហើយការនេះក៏សម្រេចបានតែនៅក្នុងពេលដែលមានការលំបាក និងការបន្សុទ្ធប៉ុណ្ណោះ។
(ដកស្រង់ពី «មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះជាម្ចាស់មានមធ្យោបាយជាច្រើនក្នុងការប្រោសមនុស្សឱ្យគ្រប់លក្ខណ៍។ ទ្រង់ប្រើវិធីគ្រប់បែបយ៉ាងដើម្បីដោះស្រាយនូវនិស្ស័យពុករលួយរបស់មនុស្ស ហើយប្រើវិធីផ្សេងៗដើម្បីឱ្យមនុស្សឃើញជាក់។ ក្នុងន័យម្យ៉ាង ទ្រង់ដោះស្រាយជាមួយមនុស្ស ន័យមួយទៀតទ្រង់ឱ្យមនុស្សឃើញជាក់ ហើយក្នុងន័យមួយទៀត ទ្រង់បើកសម្ដែងឱ្យមនុស្សជីកកកាយរក និងឃើញនូវ «អាថ៌កំបាំង» នៅក្នុងជម្រៅចិត្តមនុស្ស និងបង្ហាញដល់មនុស្សនូវលក្ខណៈធម្មជាតិរបស់ខ្លួន ដោយបើកសម្ដែងភាពជាច្រើនរបស់មនុស្ស។ ព្រះជាម្ចាស់ប្រទានឱ្យមនុស្សគ្រប់លក្ខណ៍តាមរយៈវិធីជាច្រើន តាមរយៈការបើកសម្ដែងឱ្យឃើញ តាមរយៈការដោះស្រាយជាមួយមនុស្ស តាមរយៈការបន្សុទ្ធរបស់មនុស្ស និងការវាយផ្ចាល ដើម្បីឱ្យមនុស្សអាចដឹងថាព្រះជាម្ចាស់មានភាពជាក់ស្ដែង។
(ដកស្រង់ពី «មានតែអ្នកដែលផ្តោតលើការអនុវត្តប៉ុណ្ណោះ ទើបអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
កិច្ចការដែលកំពុងធ្វើក្នុងពេលបច្ចុប្បន្ននេះ គឺដើម្បីធ្វើឱ្យមនុស្សបោះបង់សាតាំងចោល ដែលជាដូនតាជំនាន់ដើមរបស់ពួកគេ។ រាល់ការជំនុំជម្រះទាំងអស់ដោយព្រះបន្ទូល មានគោលបំណងបើកឱ្យឃើញនូវនិស្ស័យពុករលួយរបស់មនុស្សលោក និងដើម្បីឱ្យមនុស្សអាចយល់ពីអត្ថន័យនៃជីវិត។ ការជំនុំជម្រះដដែលៗទាំងអស់នេះ ធ្វើការចោះទម្លុះដួងចិត្ដរបស់មនុស្ស។ ការជំនុំជម្រះនីមួយៗ ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងវាសនារបស់ពួកគេ និងមានន័យថាជាការបង្ករបួសដល់ដួងចិត្តរបស់ពួកគេ ដើម្បីឱ្យពួកគេអាចលះបង់របស់អស់ទាំងនោះបាន ហើយអាចមកស្គាល់ជីវិត ស្គាល់ពីពិភពលោកដ៏ស្មោកគ្រោកនេះ ស្គាល់ពីព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងគ្រប់ព្រះចេស្ដារបស់ព្រះជាម្ចាស់ ហើយក៏ស្គាល់ពីមនុស្សជាតិលោក ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ កាលណាមនុស្សទទួលនូវការវាយផ្ចាល និងការជំនុំជម្រះប្រភេទនេះកាន់តែច្រើន នោះដួងចិត្តរបស់មនុស្សនឹងមានស្នាមរបួសកាន់តែច្រើន ហើយវិញ្ញាណរបស់គេនឹងកាន់តែដាស់ឱ្យភ្ញាក់ស្មារតីឡើង។ ការដាស់វិញ្ញាណមនុស្សដ៏ពុករលួយ និងងាយចាញ់បញ្ឆោតគេបំផុតឱ្យភ្ញាក់ឡើង គឺជាគោលដៅនៃការជំនុំជម្រះនេះ។ មនុស្សលោកគ្មានវិញ្ញាណ ពោលគឺវិញ្ញាណរបស់គេបានស្លាប់ជាយូរមកហើយ ហើយគេមិនដឹងថា មានស្ថានសួគ៌ មិនដឹងថាមានព្រះជាម្ចាស់ និងមិនដឹងច្បាស់ថា ខ្លួនគេកំពុងរងទុក្ខក្នុងជង្ហុកធំនៃសេចក្ដីស្លាប់ឡើយ។ តើគេអាចដឹងថាខ្លួនកំពុងរស់នៅក្នុងស្ថាននរកដ៏អាក្រក់នៅលើផែនដីនេះបានដោយរបៀបណា? តាមរយៈសេចក្ដីពុករលួយរបស់សាតាំង តើគេអាចដឹងថាសាកសពដ៏ស្អុយគគ្រុករបស់គេ បានធ្លាក់ទៅក្នុងស្ថានឃុំព្រលឹងនៃសេចក្ដីស្លាប់ដោយរបៀបណា? តើគេអាចដឹងដោយរបៀបណាថា អ្វីគ្រប់យ៉ាងនៅលើផែនដីនេះត្រូវបានមនុស្សលោកបំផ្លាញខ្ទេចខ្ទីតាំងពីយូរ និងមិនអាចកែខៃបាន? ហើយតើគេអាចដឹងបានដោយរបៀបណាថា ព្រះអាទិករបានយាងមកកាន់ផែនដីនៅថ្ងៃនេះ និងកំពុងស្វែងរកក្រុមមនុស្សពុករលួយដែលទ្រង់អាចសង្គ្រោះពួកគេបាននោះ? ទោះបីក្រោយពេលមនុស្សឆ្លងកាត់បទពិសោធនៃការបន្សុទ្ធ និងការជំនុំជម្រះនីមួយៗក្ដី ក៏សតិសម្បជញ្ញៈដ៏ល្ងង់ខ្លៅរបស់គេនៅតែមិនទាន់កម្រើក និងមិនទាន់ឆ្លើយតបបានទាំងស្រុងឡើយ។ មនុស្សលោកអីក៏ប្រែជាអាក្រក់ដល់ម្ល៉េះ! ហើយថ្វីបើការជំនុំជម្រះបែបនេះ គឺដូចជាព្យុះព្រិលកំណាចដែលធ្លាក់មកពីលើមេឃក្ដី ក៏វាជាប្រយោជន៍ខ្លាំងបំផុតសម្រាប់មនុស្សលោកដែរ។ ប្រសិនបើមិនមែនដើម្បីជំនុំជម្រះមនុស្សបែបនេះទេ នោះវាក៏នឹងគ្មានបានផលអ្វី ហើយវាមិនអាចទៅរួចដើម្បីសង្គ្រោះមនុស្សពីជង្ហុកនៃទុក្ខវេទនាឡើយ។ ប្រសិនបើមិនមែនដើម្បីកិច្ចការនេះទេ នោះមនុស្សលោកមុខជាលំបាកខ្លាំងក្នុងការងើបចេញពីស្ថានឃុំព្រលឹង ដ្បិតដួងចិត្តរបស់ពួកគេបានស្លាប់តាំងពីយូរ ហើយវិញ្ញាណរបស់ពួកគេទៀតសោត ក៏ត្រូវបានសាតាំងជាន់ឈ្លីតាំងពីយូរមកដែរ។ ដើម្បីសង្រ្គោះអ្នករាល់គ្នាដែលបានលិចលង់ដល់បាតនៃភាពថោកទាប គឺត្រូវតម្រូវឱ្យស្រែកហៅអ្នកខ្លាំងៗ និងជំនុំជម្រះអ្នកខ្លាំងៗ។ មានតែបែបនេះទេ ទើបអាចធ្វើឱ្យបេះដូងដែលបានកករឹងរបស់អ្នករាល់គ្នាភ្ញាក់ដឹងខ្លួនវិញបាន។
(ដកស្រង់ពី «មានតែអ្នកដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ប៉ុណ្ណោះ ដែលអាចរស់នៅក្នុងជីវិតមួយដែលមានន័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
អ្នកគួរដឹងថាភាពគ្រប់លក្ខណ៍ ភាពពេញលេញ និងការទទួលបានមនុស្សរបស់ព្រះជាម្ចាស់ មិនបាននាំយកអ្វីមកឡើយ ក្រៅពីដាវ និងការវាយប្រហារលើសាច់ឈាមរបស់ពួកគេ ក៏ដូចជាការឈឺចាប់គ្មានទីបញ្ចប់ ការរងទុក្ខក្នុងភ្លើងដ៏សន្ធោសន្ធៅ ការជំនុំជម្រះដោយគ្មានមេត្តា ការវាយផ្ចាល ការដាក់បណ្តាសារ និងការល្បងលគ្មានព្រំដែន។ អ្វីៗទាំងនេះគឺជារឿងរ៉ាវនៅខាងក្នុង និងជាសេចក្ដីពិតនៃកិច្ចការគ្រប់គ្រងមនុស្ស។ ប៉ុន្តែ អ្វីទាំងអស់នេះគឺតម្រង់ទៅរកសាច់ឈាមរបស់មនុស្ស ហើយព្រួញចម្បាំងទាំងអស់បានតម្រង់ឆ្ពោះទៅសាច់ឈាមរបស់មនុស្ស (ចំពោះមនុស្សដែលគ្មានកំហុស)។ អ្វីទាំងអស់នេះគឺដើម្បីជាប្រយោជន៍ដល់សិរីរុងល្អ និងទីបន្ទាល់របស់ទ្រង់ ព្រមទាំងការគ្រប់គ្រងរបស់ទ្រង់។ នេះគឺដោយសារតែកិច្ចការរបស់ទ្រង់មិនមែនសម្រាប់តែប្រយោជន៍របស់មនុស្សជាតិតែមួយមុខនោះទេ ប៉ុន្តែក៏សម្រាប់ផែនការទាំងមូលផង ក៏ដូចជាដើម្បីបំពេញបំណងព្រះហឫទ័យដើមដំបូងរបស់ទ្រង់ នៅពេលដែលទ្រង់បានបង្កើតមនុស្សជាតិ។ ដូច្នេះ មនុស្សប្រហែលកៅសិបភាគរយសុទ្ធតែឆ្លងកាត់ការរងទុក្ខ និងការល្បងលក្នុងភ្លើង ហើយមានចំនួនតិចតួចណាស់ ឬមិនមានតែម្ដងដែលសាច់ឈាមមនុស្សទទួលបានថ្ងៃដែលជាទីគាប់ចិត្ត និងរីករាយ។ មានមនុស្សតិចណាស់ដែលអាចសប្បាយរីករាយក្នុងពេលវេលាជាសាច់ឈាម ដែលជាការចំណាយពេលវេលាដ៏ស្រស់បំព្រងជាមួយព្រះជាម្ចាស់។ សាច់ឈាមគឺមានភាពស្មោកគ្រោក ដូច្នេះអ្វីដែលសាច់ឈាមរបស់មនុស្សមើលឃើញ ឬពេញចិត្ត គឺគ្មានអ្វីក្រៅពីការវាយផ្ចាលរបស់ព្រះជាម្ចាស់ ដែលមនុស្សយល់ថាមិនពេញចិត្ត ហាក់ដូចជាមានបញ្ញាញាណមិនគ្រប់គ្រាន់។ នេះគឺដោយសារតែព្រះជាម្ចាស់នឹងបង្ហាញឱ្យឃើញនូវនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដែលមនុស្សមិនពេញចិត្ត មិនលើកលែងចំពោះការប្រមាថរបស់មនុស្ស និងស្អប់ខ្ពើមចំពោះសត្រូវ។ ព្រះជាម្ចាស់បង្ហាញនិស្ស័យរបស់ទ្រង់ដោយបើកចំហតាមមធ្យោបាយណាដែលចាំបាច់ ដោយការបញ្ចប់កិច្ចការនៃការធ្វើចម្បាំងអស់រយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ជាមួយសាតាំង ជាកិច្ចការនៃសេចក្តីសង្គ្រោះរបស់មនុស្សជាតិទាំងអស់ និងការបំផ្លាញរបស់សាតាំងពីបុរាណមក!
(ដកស្រង់ពី «គោលបំណងនៃការគ្រប់គ្រងមនុស្សជាតិ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលនីមួយៗរបស់ព្រះជាម្ចាស់សុទ្ធតែវាយចំចំណុចស្លាប់របស់យើង ដោយធ្វើឱ្យយើងរងរបួស និងពេញដោយភាពភ័យខ្លាច។ ទ្រង់លាតត្រដាងសញ្ញាណរបស់យើង ការស្រមើស្រមៃរបស់យើង និងនិស្ស័យពុករលួយរបស់យើង។ ចាប់ពីអ្វីៗគ្រប់យ៉ាងដែលយើងនិយាយ និងអ្វីៗគ្រប់យ៉ាងដែលយើងធ្វើ រហូតទៅដល់គំនិតនិងយោបល់គ្រប់យ៉ាងរបស់យើង ធម្មជាតិនិងសារជាតិរបស់យើង គឺសុទ្ធតែត្រូវបានបើកសម្ដែងឱ្យឃើញតាមរយៈព្រះបន្ទូលទ្រង់ ដែលធ្វើឱ្យយើងស្ថិតក្នុងសភាពភ័យខ្លាចនិងញាប់ញ័រដោយគ្មានកន្លែងដើម្បីលាក់បាំងភាពអាម៉ាស់របស់ខ្លួន។ ទ្រង់មានបន្ទូលប្រាប់យើងអំពីសកម្មភាព គោលបំណង និងចេតនារបស់យើងម្ដងមួៗ សូម្បីតែនិស្ស័យពុករលួយរបស់យើង ដែលយើងខ្លួនឯងមិនធ្លាប់ដឹងក៏ដោយ ដែលធ្វើឱ្យយើងមានអារម្មណ៍ថាភាពមិនគ្រប់លក្ខណ៍ដ៏អាក្រក់របស់យើងត្រូវបានលាតត្រដាងឱ្យគេឃើញ និងត្រូវបានយកឈ្នះទាំងស្រុង។ ទ្រង់ជំនុំជម្រះយើងដោយព្រោះការប្រឆាំងនឹងទ្រង់ ហើយវាយផ្ចាលយើងដោយព្រោះការប្រមាថ និងការថ្កោលទោសទ្រង់ ព្រមទាំងធ្វើឱ្យយើងមានអារម្មណ៍ថា នៅក្នុងព្រះនេត្រទ្រង់ យើងគ្មានលក្ខណៈដែលសមនឹងការប្រោសលោះសូម្បីតែមួយ ដ្បិតយើងគឺជាសាតាំងដែលមានជីវិត។ សេចក្ដីសង្ឃឹមរបស់យើងត្រូវរលាយសាបសូន្យអស់ យើងលែងហ៊ានធ្វើការទាមទារដោយមិនសមហេតុផលពីទ្រង់ ឬក៏រក្សាការរៀបចំណាមួយចំពោះទ្រង់ទៀត ហើយសូម្បីតែក្ដីសុបិនរបស់យើងក៏រលាយបាត់ទៅក្នុងពេលមួយយប់ដែរ។ នេះហើយជាការពិតដែលគ្មាននរណាម្នាក់ក្នុងចំណោមយើងអាចស្រមៃគិតដល់ ហើយគ្មាននរណាម្នាក់ក្នុងចំណោមយើងអាចទទួលយកបានឡើយ។ នៅក្នុងខណៈពេលនេះយើងបាត់បង់លំនឹងខាងក្នុងរបស់យើង ហើយមិនដឹងថាត្រូវបន្ដដំណើរនៅលើផ្លូវដែលនៅខាងមុខ ឬបន្ដជំនឿរបស់យើងដោយរបៀបណាឡើយ។ វាហាក់ដូចជាសេចក្ដីជំនឿរបស់យើងបានត្រលប់ទៅជាជ្រុងការ៉េមួយ ហើយហាក់ដូចជាយើងមិនដែលជួបជាមួយព្រះអម្ចាស់យេស៊ូវ ឬក៏មិនធ្លាប់ស្គាល់ទ្រង់សោះ។ អ្វីៗគ្រប់យ៉ាងដែលនៅមុខភ្នែកយើង ធ្វើឱ្យយើងមានភាពអល់អែក និងរារែកមិនដាច់ស្រេច។ យើងមានការស្រងាកចិត្ត យើងខកចិត្ត ហើយនៅក្នុងជម្រៅចិត្តយើងមានកំហឹងនិងសេចក្ដីស្អប់ខ្ពើមដែលមិនអាចកែប្រែបាន។ យើងព្យាយាមបន្ធូរអារម្មណ៍ និងរកផ្លូវចេញ ហើយលើសពីនោះទៀត គឺបន្ដរង់ចាំព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះនៃយើង ដែលយើងអាចចាក់បង្ហូរដួងចិត្តរបស់យើងទៅកាន់ទ្រង់បាន។ ទោះបីជាមានពេលខ្លះ នៅពេលដែលយើងបង្ហាញខ្លួននៅខាងក្រៅថាយើងគឺជាមនុស្សពូកែ មិនក្រអឺតក្រទម និងបន្ទាបខ្លួនក៏ដោយ ក៏ក្នុងដួងចិត្តរបស់យើងបានទទួលរងនូវអារម្មណ៍បាត់បង់ម្យ៉ាងដែលយើងមិនធ្លាប់មានពីមុនមកដែរ។ ទោះបីជាពេលខ្លះ យើងហាក់ដូចស្ងប់ស្ងាត់ខុសពីធម្មតានៅផ្នែកខាងក្រៅក៏ដោយ ក៏ចិត្តគំនិតរបស់យើងកំពុងគ្រហឹមដោយទារុណកម្មដូចជាសមុទ្រដែលមានព្យុះ។ ការជំនុំជម្រះ និងការវាលផ្ចាលរបស់ទ្រង់ បានធ្វើឱ្យយើងបាត់បង់ក្ដីសង្ឃឹម និងក្ដីសុបិនទាំងអស់របស់យើង ដោយបញ្ចប់ក្ដីប៉ងប្រាថ្នាដ៏ខ្ពង់ខ្ពស់របស់យើង ហើយធ្វើឱ្យយើងមិនព្រមជឿថាទ្រង់គឺជាព្រះអង្គសង្គ្រោះរបស់យើង និងមានសមត្ថភាពអាចជួយសង្គ្រោះយើងបាន។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ ធ្វើឱ្យមានជ្រលងដ៏ជ្រៅមួយនៅចន្លោះយើង និងទ្រង់ ដែលគ្មាននរណាម្នាក់ហ៊ានឆ្លងកាត់ឡើយ។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ គឺជាលើកដំបូងដែលយើងបានជួបនូវឧបសគ្គ និងភាពអាម៉ាស់ដ៏ធំធេងបែបនេះនៅក្នុងជីវិតរបស់យើង។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ ពិតជាធ្វើឱ្យយើងកោតសរសើរពីព្រះកិត្តិនាមរបស់ព្រះជាម្ចាស់ និងការមិនអត់ឱនរបស់ទ្រង់ចំពោះកំហុសរបស់មនុស្ស ធៀបទៅនឹងអ្វីដែលយើងផ្អែកធ្វើជាមូលដ្ឋាន គឺមិនបរិសុទ្ធនោះឡើយ។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ធ្វើឱ្យយើងដឹងជាលើកដំបូងថាយើងក្រអឺតក្រទម និងឆ្មើងឆ្មៃប៉ុនណា និងដឹងថាមនុស្សមិនស្មើនឹងព្រះជាម្ចាស់ ឬក៏មិនអាចប្រៀបនឹងព្រះជាម្ចាស់បានឡើយ។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ ធ្វើឱ្យយើងលែងចង់រស់នៅក្នុងនិស្ស័យពុករលួយបែបនេះតទៅទៀត និងចង់ឱ្យខ្លួនយើងរួចផុតពីលក្ខណៈធម្មជាតិ និងសារជាតិបែបនេះក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ព្រមទាំងបញ្ឈប់ភាពកខ្វក់ និងភាពគួរឱ្យស្អប់ខ្ពើមចំពោះទ្រង់។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ ធ្វើឱ្យយើងរីករាយក្នុងការស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ទ្រង់ លែងបះបោរទាស់នឹងការរៀបចំ និងការចាត់ចែងរបស់ទ្រង់តទៅទៀត។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ ប្រទានឱ្យយើងនូវបំណងប្រាថ្នាដែលចង់រស់រានមានជីវិតនិងធ្វើឱ្យយើងរីករាយក្នុងការទទួលទ្រង់ជាព្រះអង្គសង្គ្រោះរបស់យើង...។ យើងបានបោះជំហានចេញពីកិច្ចការនៃការយកឈ្នះពីស្ថាននរក និងពីជ្រលងស្រមោលនៃសេចក្ដីស្លាប់...។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានទទួលយើងដែលជាមនុស្សមួយក្រុមនេះ! ទ្រង់បានយកឈ្នះលើសាតាំង និងបានយកឈ្នះលើខ្មាំងសត្រូវរបស់ទ្រង់ជាច្រើន!
(ដកស្រង់ពី «ឧបសម្ព័ន្ធ ៤៖ ការមើលឃើញការលេចមករបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)