៧. អ្នកធ្វើបន្ទាល់ថា ព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះនៅក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ដើម្បីសម្អាត និងសង្រ្គោះមនុស្សឲ្យបានទាំងស្រុង ប៉ុន្តែខ្ញុំបានអានព្រះបន្ទូលដែលត្រូវបានសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយព្រះបន្ទូលខ្លះហាក់ដូចជាមានលក្ខណៈធ្ងន់ៗ ពោលគឺព្រះបន្ទូលទាំងនោះថ្កោលទោស និងដាក់បណ្ដាសាមនុស្ស។ តើនេះមិនមែនជាការដាក់ទោសមនុស្សទេឬ? តើអាចត្រូវបានហៅថាជាការសម្អាត និងការសង្រ្គោះមនុស្សម្ដេចកើតទៅ?
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
នៅចុងបញ្ចប់នៃកិច្ចការបិទបញ្ចប់យុគសម័យរបស់ទ្រង់ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាការវាយផ្ចាល និងការជំនុំជម្រះ ដែលទ្រង់បើកសម្ដែងពីគ្រប់ការទាំងអស់ដែលមិនសុចរិត គឺដើម្បីធ្វើការជំនុំជម្រះមនុស្សទាំងអស់ជាសាធារណៈ និងដើម្បីប្រោសអ្នកដែលស្រឡាញ់ទ្រង់ដែលមានដួងចិត្តស្មោះឱ្យបានគ្រប់លក្ខណ៍។ មានតែនិស្ស័យបែបនេះទេទើបអាចនាំយុគសម័យនេះទៅរកទីបញ្ចប់បាន។ គ្រាចុងក្រោយបានចូលមកដល់ហើយ។ របស់សព្វសារពើដែលបានបង្កើតមក នឹងត្រូវញែកដាច់ពីគ្នាទៅតាមប្រភេទរបស់វា ហើយត្រូវបែងចែងទៅតាមប្រភេទខុសគ្នាផ្អែកតាមលក្ខណៈរបស់ពួកគេ។ នេះគឺជាពេលវេលាដែលព្រះជាម្ចាស់បើកសម្ដែងពីលទ្ធផលរបស់មនុស្ស និងទិសដៅរបស់ពួកគេ។ ប្រសិនបើមនុស្សមិនបានឆ្លងកាត់ការវាយផ្ចាល និងការជំនុំជម្រះទេ នោះនឹងគ្មានផ្លូវដែលអាចសម្ដែងឱ្យយល់ពីការមិនស្ដាប់បង្គាប់ និងសេចក្ដីទុច្ចរិតរបស់ពួកគេបានឡើយ។ មានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះប៉ុណ្ណោះទើបលទ្ធផលនៃរបស់សព្វសារពើដែលបានបង្កើតមក អាចត្រូវបើកសម្ដែងឱ្យឃើញបាន។ នៅពេលដែលត្រូវវាយផ្ចាល និងជំនុំជម្រះ មនុស្សគ្រាន់តែបង្ហាញពីពណ៌ពិតប្រាកដរបស់គេប៉ុណ្ណោះ។ មនុស្សអាក្រក់ ត្រូវដាក់ជាមួយមនុស្សអាក្រក់ មនុស្សល្អត្រូវដាក់ជាមួយមនុស្សល្អ ហើយមនុស្សទាំងអស់ត្រូវញែកដាច់ចេញពីគ្នាទៅតាមប្រភេទរបស់ពួកគេ។ តាមរយៈការវាយផ្ចាល និងការជំនុំជម្រះ លទ្ធផលនៃរបស់សព្វសារពើដែលបានបង្កើតមក នឹងត្រូវបើកសម្ដែងឱ្យឃើញ ដើម្បីឱ្យមនុស្សអាក្រក់អាចត្រូវដាក់ទោស ហើយមនុស្សល្អអាចទទួលបានរង្វាន់ ហើយគ្រប់មនុស្សទាំងអស់សុទ្ធតែស្ថិតក្រោមអំណាចត្រួតត្រារបស់ព្រះជាម្ចាស់។ គ្រប់កិច្ចការទាំងអស់នេះ ត្រូវតែសម្រេចឱ្យបានតាមរយៈការវាយផ្ចាល និងការជំនុំជម្រះដោយសុចរិត។ ដោយសារសេចក្ដីពុករលួយរបស់មនុស្សបានឈានដល់កម្រិតកំពូល ហើយការមិនស្ដាប់បង្គាប់របស់ពួកគេកាន់តែខ្លាំងឡើងៗ នោះមានតែនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលជានិស្ស័យមួយដែលបូកផ្សំជាគោលការណ៍នៃការវាយផ្ចាលនិងការជំនុំជម្រះ និងជានិស្ស័យដែលត្រូវបើកបង្ហាញក្នុងអំឡុងគ្រាចុងក្រោយប៉ុណ្ណោះ ទើបអាចបំផ្លាស់បំប្រែ និងធ្វើឱ្យមនុស្សបានពេញខ្នាតទាំងស្រុង។ មានតែនិស្ស័យបែបនេះទេដែលអាចសម្ដែងឱ្យយល់ពីអំពើអាក្រក់ និងដាក់ទោសយ៉ាងធ្ងន់ធ្ងរលើមនុស្សទុច្ចរិតទាំងអស់បាន។ ហេតុនេះ និស្ស័យបែបនេះជ្រួតជ្រាបទៅដោយខ្លឹមសារសំខាន់នៃយុគសម័យនេះ ហើយការបើកសម្ដែង និងការបង្ហាញពីនិស្ស័យរបស់ទ្រង់ គឺធ្វើឡើងដើម្បីតែជាប្រយោជន៍នៃកិច្ចការនៅក្នុងយុគសម័យថ្មីនីមួយៗប៉ុណ្ណោះ។ ព្រះជាម្ចាស់មិនបើកសម្ដែងនិស្ស័យរបស់ទ្រង់តាមតែអំពើចិត្ត និងដោយគ្មានខ្លឹមសារនោះទេ។ ឧបមាថា ក្នុងការបើកសម្ដែងពីលទ្ធផលរបស់មនុស្សក្នុងអំឡុងគ្រាចុងក្រោយ ព្រះជាម្ចាស់នៅតែត្រូវប្រទានដល់មនុស្សនូវព្រះហឫទ័យក្ដួលអាណិត និងសេចក្ដីស្រឡាញ់ឥតគណនា និងបន្តសេចក្ដីស្រឡាញ់ដល់មនុស្ស និងមិនឱ្យមនុស្សស្ថិតក្រោមការជំនុំជម្រះដោយសុចរិត ប៉ុន្តែបែរជាបង្ហាញដល់ពួកគេនូវការអត់ឱន ការអត់ទ្រាំ និងការអត់ទោស និងការលើកលែងទោសដល់មនុស្សទៅវិញ មិនថាពួកគេមានបាបខ្លាំងយ៉ាងណានោះទេ គឺគ្មានការជំនុំជម្រះសុចរិតណាមួយឡើយ៖ ដូច្នេះ តើពេលណាដែលការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់ នឹងអាចចូលដល់ទីបញ្ចប់បានទៅ? តើនៅពេលណាដែលនិស្ស័យបែបនេះ នឹងអាចដឹកនាំមនុស្សទៅរកទិសដៅសមស្របរបស់មនុស្សជាតិបាន? ឧទាហរណ៍ ចៅក្រមម្នាក់ដែលគួរឱ្យស្រឡាញ់ ជាចៅក្រមដែលមានទឹកមុខសប្បុរស និងមានសណ្ដានចិត្តល្អ។ គាត់ស្រឡាញ់មនុស្ស មិនខ្វល់ថាពួកគេបានប្រព្រឹត្តទោសកំហុសអ្វីឡើយ ហើយគាត់ស្រឡាញ់ និងអត់ឱនដល់ពួកគេមិនថាពួកគេជានរណានោះទេ។ នៅក្នុងករណីនោះ តើពេលណាដែលគាត់អាចកាត់ក្ដីដោយយុត្តិធម៌បានទៅ? ក្នុងអំឡុងគ្រាចុងក្រោយ មានតែការជំនុំជម្រះដោយសុចរិតប៉ុណ្ណោះដែលអាចញែកមនុស្សស្របទៅតាមប្រភេទរបស់ពួកគេបាន និងនាំមនុស្សទៅកាន់ពិភពថ្មីមួយ។ តាមរបៀបនេះ យុគសម័យទាំងមូល ត្រូវបាននាំទៅរកទីបញ្ចប់តាមរយៈនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាល។
(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ថ្វីបើព្រះបន្ទូលរបស់ខ្ញុំប្រហែលជាតឹងតែងក៏ពិតមែន ប៉ុន្តែព្រះបន្ទូលទាំងអស់នោះត្រូវបានថ្លែងដើម្បីសង្គ្រោះមនុស្សលោក ព្រោះខ្ញុំកំពុងថ្លែងត្រឹមព្រះបន្ទូលតែប៉ុណ្ណោះ មិនមែនកំពុងដាក់ទណ្ឌកម្មសាច់ឈាមរបស់មនុស្សលោកទេ ព្រះបន្ទូលទាំងនេះធ្វើឱ្យមនុស្សលោករស់នៅក្នុងពន្លឺ ដឹងថាមានពន្លឺ ដឹងថាពន្លឺនោះមានតម្លៃហើយរឹតតែអស្ចារ្យទៀតនោះ គឺការដឹងថា ព្រះបន្ទូលទាំងនេះផ្ដល់ប្រយោជន៍ខ្លាំងយ៉ាងណាដល់ពួកគេ ព្រមទាំងដឹងទៀតថា ព្រះជាម្ចាស់ជាសេចក្ដីសង្គ្រោះ។ ថ្វីបើខ្ញុំបានថ្លែងព្រះបន្ទូលជាច្រើនអំពីការវាយផ្ចាល និងការកាត់ទោសក៏ពិតមែន ប៉ុន្តែអ្វីដែលបានបង្ហាញមកនេះ នៅមិនទាន់កើតឡើងចំពោះអ្នករាល់គ្នាមែនទែនទេ។ ខ្ញុំមកបំពេញកិច្ចការរបស់ខ្ញុំ និងសម្ដែងព្រះបន្ទូលរបស់ខ្ញុំ ហើយថ្វីបើព្រះបន្ទូលរបស់ខ្ញុំប្រហែលជាតឹងរ៉ឹងក៏ពិតមែន ប៉ុន្តែព្រះបន្ទូលទាំងអស់នោះត្រូវបានថ្លែងចេញ ជាការជំនុំជម្រះទង្វើពុករលួយ និងការបះបោររបស់អ្នករាល់គ្នា។ គោលបំណងនៃទង្វើដែលខ្ញុំធ្វើបែបនេះ នៅតែដើម្បីសង្គ្រោះមនុស្សលោកពីដែនត្រួតត្រារបស់សាតាំង ខ្ញុំកំពុងប្រើព្រះបន្ទូលរបស់ខ្ញុំដើម្បីសង្គ្រោះមនុស្សលោក។ គោលបំណងរបស់ខ្ញុំ មិនមែនជាការធ្វើបាបមនុស្សលោក ដោយប្រើព្រះបន្ទូលរបស់ខ្ញុំទេ។ ព្រះបន្ទូលរបស់ខ្ញុំតឹងតែង គឺដើម្បីសម្រេចបានលទ្ធផលនៅក្នុងកិច្ចការរបស់ខ្ញុំ។ មានតែតាមរយៈកិច្ចការបែបនេះទេ ទើបមនុស្សលោកអាចស្គាល់ខ្លួនឯង និងផ្ដាច់ខ្លួនពីនិស្ស័យបះបោររបស់ពួកគេ។
(ដកស្រង់ពី «អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
តើព្រះជាម្ចាស់ប្រោសមនុស្សឱ្យគ្រប់លក្ខណ៍តាមមធ្យោបាយណាខ្លះទៅ? វាអាចសម្រេចបានតាមរយៈមធ្យោបាយនៃនិស្ស័យដ៏សុចរិតរបស់ទ្រង់។ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់មាននូវធាតុផ្សំជាចម្បង ដូចជាសេចក្តីសុចរិត សេចក្តីក្រោធ ឫទ្ធានុភាព ការជំនុំជម្រះ និងការដាក់បណ្ដាសា ហើយទ្រង់ប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ជាចម្បងតាមរយៈមធ្យោបាយនៃការជំនុំជម្រះរបស់ទ្រង់។ មនុស្សមួយចំនួនមិនយល់ បែរជាសួរអំពីហេតុផលដែលនាំឱ្យព្រះជាម្ចាស់អាចប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ តាមរយៈការជំនុំជម្រះ និងការដាក់បណ្ដាសា។ ពួកគេនិយាយថា «ប្រសិនបើព្រះជាម្ចាស់ត្រូវដាក់បណ្ដាសាមនុស្ស តើមនុស្សនឹងមិនស្លាប់ទេឬអី? ប្រសិនបើព្រះជាម្ចាស់ត្រូវជំនុំជម្រះមនុស្ស នោះតើមនុស្សនឹងមិនត្រូវមានទោសទេឬអី? បើដូច្នេះ តើគេអាចនៅតែត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍យ៉ាងដូចម្ដេចកើតទៅ?» ទាំងនេះគឺជាពាក្យរបស់មនុស្សដែលមិនស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ អ្វីដែលព្រះជាម្ចាស់ដាក់បណ្ដាសា គឺជាការមិនស្ដាប់បង្គាប់របស់មនុស្ស ហើយអ្វីដែលទ្រង់ជំនុំជម្រះ គឺជាបាបរបស់មនុស្ស។ ទោះបីជាព្រះអង្គមានបន្ទូលគំរោះគំរើយ និងគ្មានក្ដីមេត្តាក៏ដោយ ក៏ទ្រង់បើកសម្ដែងនូវអ្វីៗគ្រប់យ៉ាងដែលមាននៅក្នុងមនុស្ស ដោយបើកសម្ដែងតាមរយៈព្រះបន្ទូលដ៏ប្រិតប្រៀនទាំងនេះ ដែលមានសារៈសំខាន់នៅក្នុងមនុស្សដែរ ប៉ុន្តែតាមរយៈការជំនុំជម្រះបែបនេះ ទ្រង់ប្រទានដល់មនុស្សនូវចំណេះដឹងដ៏ជ្រាលជ្រៅអំពីលក្ខណៈនៃសាច់ឈាម ហើយជាលទ្ធផល មនុស្សក៏ចុះចូលចំពោះព្រះជាម្ចាស់។ សាច់ឈាមរបស់មនុស្សគឺចេញពីអំពើបាប និងពីសាតាំង វាជាការមិនស្ដាប់បង្គាប់ ហើយវាក៏ជាកម្មវត្ថុនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់ដែរ។ ហេតុដូចនេះ ដើម្បីជួយឱ្យមនុស្សស្គាល់ខ្លួនឯង ព្រះបន្ទូលនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ត្រូវតែថ្លែងទៅកាន់គេ ហើយទ្រង់ត្រូវតែប្រើវិធីសាស្រ្តគ្រប់យ៉ាងនៃការបន្សុទ្ធ ពោលគឺមានតែបែបនេះទេ ទើបកិច្ចការរបស់ព្រះជាម្ចាស់អាចមានប្រសិទ្ធភាព។
(ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះជាម្ចាស់ប្រើប្រាស់ការជំនុំជម្រះរបស់ទ្រង់ ដើម្បីប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ ទ្រង់បានស្រឡាញ់មនុស្ស ហើយបានសង្រ្គោះមនុស្ស ប៉ុន្តែ តើសេចក្តីស្រឡាញ់របស់ទ្រង់មានផ្ទុកនូវធាតុផ្សំអ្វីខ្លះទៅ? សេចក្តីស្រឡាញ់របស់ទ្រង់មាននូវការជំនុំជម្រះ ឫទ្ធានុភាព សេចក្តីក្រោធ និងការដាក់បណ្ដាសា។ ទោះបីជាព្រះជាម្ចាស់បានដាក់បណ្ដាសាមនុស្សកាលពីអតីតកាលក៏ដោយ ក៏ទ្រង់មិនបានបោះមនុស្សឱ្យធ្លាក់ជង្ហុកធំទាំងស្រុងឡើយ ផ្ទុយទៅវិញ ទ្រង់បានប្រើមធ្យោបាយនោះ ដើម្បីបន្សុទ្ធសេចក្តីជំនឿរបស់មនុស្សវិញទេ។ ព្រះអង្គមិនបានសម្លាប់មនុស្សឡើយ ប៉ុន្តែទ្រង់បានធ្វើបែបនេះ ដើម្បីប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍។ លក្ខណៈនៃសាច់ឈាម គឺជាសារជាតិមួយមកពីសាតាំង ហើយព្រះជាម្ចាស់ពិតជាមានបន្ទូលត្រឹមត្រូវមែន ប៉ុន្តែការពិតដែលត្រូវបានអនុវត្តដោយព្រះជាម្ចាស់ មិនត្រូវបានសម្រេចស្របតាមព្រះបន្ទូលរបស់ទ្រង់ឡើយ។ ព្រះអង្គដាក់បណ្ដាសាអ្នក ដើម្បីឱ្យអ្នកអាចស្រឡាញ់ទ្រង់ និងដើម្បីឱ្យអ្នកអាចស្គាល់ពីលក្ខណៈនៃសាច់ឈាម។ ព្រះអង្គវាយផ្ចាលអ្នក ដើម្បីឱ្យអ្នកអាចភ្ញាក់ខ្លួន ជួយឱ្យអ្នកដឹងអំពីសេចក្តីកម្សោយដែលមានខាងក្នុងអ្នក និងដឹងអំពីភាពគ្មានតម្លៃទាល់តែសោះរបស់មនុស្ស។ ហេតុដូចនេះ ការដាក់បណ្ដាសា ការជំនុំជម្រះ ឫទ្ធានុភាព និងសេចក្តីក្រោធរបស់ព្រះជាម្ចាស់សុទ្ធតែត្រូវបានប្រើ ដើម្បីធ្វើប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ទេ។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើនាពេលសព្វថ្ងៃ ហើយនិស្ស័យដ៏សុចរិតដែលទ្រង់បើកសម្ដែងឱ្យអ្នករាល់គ្នាយល់យ៉ាងច្បាស់នោះ គឺដើម្បីប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ទេ។ នេះហើយជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។
(ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ទោះបីជាមនុស្សត្រូវបានបន្សុទ្ធ និងស្ដែងចេញមកដោយគ្មានសេសសល់តាមរយៈការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ដែលជាគោលបំណងចង់ដាក់ទោសដល់ពួកគេចំពោះបាបរបស់ពួកគេ ដើម្បីដាក់ទោសផ្នែកសាច់ឈាមរបស់ពួកគេក៏ដោយ ក៏គ្មានការងារណាមួយក្នុងចំណោមការងារនេះមានចេតនាចង់ថ្កោលទោសផ្នែកសាច់ឈាមរបស់ពួកគេឱ្យខូចខាតឡើយ។ ការលាតត្រដាងយ៉ាងធ្ងន់ធ្ងរដោយព្រះបន្ទូល គឺសុទ្ធតែមានគោលបំណងដឹកនាំអ្នកទៅរកមាគ៌ាត្រឹមត្រូវ។ អ្នករាល់គ្នាបានមានបទពិសោធដោយផ្ទាល់ជាច្រើនពីកិច្ចការនេះ ហើយវាច្បាស់ណាស់ថាមិនបាននាំអ្នករាល់គ្នាទៅរកមាគ៌ាអាក្រក់ឡើយ! ទាំងអស់នេះសុទ្ធតែដើម្បីធ្វើឱ្យអ្នករស់នៅក្នុងភាពជាមនុស្សធម្មតា ហើយវាមិនអាចសម្រេចបានតាមរយៈភាពជាមនុស្សធម្មតារបស់អ្នកបានឡើយ។ ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺអាស្រ័យលើតម្រូវការរបស់អ្នក យោងទៅតាមភាពកំសោយ និងកម្ពស់ជាក់ស្ដែងរបស់អ្នក ហើយគ្មានបន្ទុកណាមួយដែលហួសពីការទទួលយកបាន ដែលត្រូវបានដាក់លើអ្នករាល់គ្នាឡើយ។ ការនេះមិនច្បាស់លាស់សម្រាប់អ្នកទេនៅថ្ងៃនេះ ហើយអ្នកមានអារម្មណ៍ហាក់ដូចជាខ្ញុំកំពុងតឹងតែងជាមួយអ្នកណាស់ ហើយតាមពិតទៅ អ្នកតែងតែជឿថា មូលហេតុដែលខ្ញុំវាយផ្ចាល ជំនុំជម្រះ និងស្ដីបន្ទោសអ្នកជារៀងរាល់ថ្ងៃគឺដោយសារតែខ្ញុំស្អប់អ្នក។ ប៉ុន្ដែ ទោះបីជាការវាយផ្ចាល និងការជំនុំជម្រះដែលអ្នកទទួលរងនោះជាអ្វីក៏ដោយ ក៏តាមពិតទៅនេះជាសេចក្ដីស្រលាញ់ចំពោះអ្នក ហើយវាជាការការពារដ៏អស្ចារ្យបំផុត។ ប្រសិនបើអ្នកមិនអាចចយល់នូវអត្ថន័យដ៏ជ្រាលជ្រៅនៃកិច្ចការនេះទេ វានឹងមិនអាចឱ្យអ្នកបន្ដមានបទពិសោធពីការនេះទៀតឡើយ។ សេចក្ដីសង្គ្រោះនេះគួរតែនាំឱ្យអ្នកមានការកម្សាន្តចិត្ដ។ មិនត្រូវបដិសេធក្នុងការយកទៅពិចារណាឡើយ។ មកដល់ត្រឹមនេះ សារៈសំខាន់នៃកិច្ចការយកឈ្នះគួរតែមានភាពច្បាស់លាស់ចំពោះអ្នក ហើយអ្នកគួរតែឈប់មានមន្ទិលអំពីការនេះក្នុងរបៀបណាមួយ ឬរបៀបផ្សេងទៀតហើយ!
(ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
សព្វថ្ងៃនេះ ព្រះជាម្ចាស់ជំនុំជម្រះអ្នករាល់គ្នា វាយផ្ចាលអ្នករាល់គ្នា និងផ្ដន្ទាទោសអ្នករាល់គ្នាយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែអ្នកត្រូវតែដឹងថា ប្រយោជន៍នៃការផ្ដន្ទាទោសអ្នកនេះ គឺដើម្បីឱ្យអ្នកស្គាល់ខ្លួនឯង។ ទ្រង់ផ្ដន្ទាទោស ដាក់បណ្តាសា កាត់ទោស និងវាយផ្ចាល ដើម្បីឱ្យអ្នកអាចស្គាល់ខ្លួនឯង ដើម្បីឱ្យនិស្ស័យរបស់អ្នកអាចផ្លាស់ប្តូរបាន ហើយលើសពីនេះទៅទៀត គឺដើម្បីឱ្យអ្នកអាចស្គាល់តម្លៃរបស់ខ្លួន និងមើលឃើញថា សកម្មភាពទាំងអស់របស់ព្រះជាម្ចាស់ គឺសុទ្ធតែសុចរិត ហើយស្របទៅនឹងនិស្ស័យរបស់ទ្រង់ និងតម្រូវការនៃកិច្ចការរបស់ទ្រង់ ឃើញថា ទ្រង់ធ្វើការស្របតាមផែនការរបស់ទ្រង់ ដើម្បីសង្គ្រោះមនុស្សលោក ហើយឃើញថាទ្រង់គឺជាព្រះដ៏សុចរិតដែលស្រឡាញ់ សង្គ្រោះ ជំនុំជម្រះ និងវាយផ្ចាលលើមនុស្សលោក។ ប្រសិនបើអ្នកគ្រាន់តែដឹងថា អ្នកមានឋានៈទាប អ្នកពុករលួយ និងមិនស្ដាប់បង្គាប់ តែមិនដឹងថា ព្រះជាម្ចាស់ចង់សម្ដែងឱ្យអ្នកឃើញច្បាស់នូវសេចក្ដីសង្គ្រោះរបស់ទ្រង់តាមរយៈការជំនុំជម្រះ និងការវាយផ្ចាល់ ដែលទ្រង់ធ្វើលើអ្នករាល់គ្នានាពេលសព្វថ្ងៃនេះទេ នោះអ្នកគ្មានផ្លូវទទួលបានបទពិសោធឡើយ ហើយរឹតតែមិនអាចបន្តទៅមុខទៀតបានឡើយ។ ព្រះជាម្ចាស់មិនបានយាងមកដើម្បីសម្លាប់ ឬបំផ្លាញនោះទេ តែដើម្បីជំនុំជម្រះ ដាក់បណ្ដាសា វាយផ្ចាល និងសង្គ្រោះ។ មុនពេលដែលព្រះជាម្ចាស់បើកសម្ដែងលទ្ធផល សម្រាប់ជំពូកមនុស្សនីមួយៗ កិច្ចការរបស់ទ្រង់នៅលើផែនដី គឺនៅតែធ្វើជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះដដែល ទាល់តែផែនការរយៈពេល ៦ ០០០ ឆ្នាំរបស់ទ្រង់ត្រូវដល់ទីបញ្ចប់ គោលបំណងនៃកិច្ចការនេះ គឺគ្មានអ្វីក្រៅតែពីដើម្បីធ្វើឱ្យអ្នកដែលស្រឡាញ់ទ្រង់បានពេញខ្នាត និងដើម្បីនាំពួកគេឱ្យចុះចូលក្រោមការត្រួតត្រារបស់ទ្រង់ទាំងស្រុងនោះទេ។ មិនថាព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សតាមវិធីណាក៏ដោយ កិច្ចការទាំងអស់នោះត្រូវបានធ្វើឡើងដោយបំបែកពួកគេចេញពីនិស្ស័យសាតាំងចាស់របស់ពួកគេ ពោលគឺ ទ្រង់សង្គ្រោះពួកគេដោយឱ្យពួកគេស្វះស្វែងរកជីវិត។ ប្រសិនបើពួកគេមិនធ្វើដូច្នោះទេ នោះពួកគេនឹងគ្មានផ្លូវទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ សេចក្ដីសង្គ្រោះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ រីឯការស្វះស្វែងរកជីវិត គឺជាកិច្ចការដែលមនុស្សលោកត្រូវតែធ្វើ ដើម្បីទទួលយកសេចក្ដីសង្គ្រោះ។ នៅក្នុងក្រសែភ្នែករបស់មនុស្សលោក សេចក្ដីសង្គ្រោះគឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ មិនអាចជាការវាយផ្ចាល ការជំនុំជម្រះ និងការដាក់បណ្ដាសានោះទេ។ សេចក្ដីសង្គ្រោះត្រូវតែមានសេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណា ហើយលើសពីនេះទៅទៀតគឺ ព្រះបន្ទូលលួងលោម ព្រមទាំងព្រះពរដែលគ្មានព្រំដែន ដែលព្រះជាម្ចាស់ត្រូវប្រទានឱ្យ។ មនុស្សលោកជឿថា នៅពេលព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សលោក ទ្រង់ធ្វើដូច្នោះតាមរយៈការបណ្ដាលចិត្តពួកគេដោយប្រើព្រះពរ និងព្រះគុណរបស់ទ្រង់ ដើម្បីឱ្យពួកគេអាចថ្វាយដួងចិត្តរបស់ពួកគេដល់ព្រះអង្គ។ និយាយឱ្យចំគឺថា ការដែលទ្រង់លូកព្រះហស្តទៅពាល់មនុស្សលោក នោះហើយគឺជាការសង្គ្រោះរបស់ទ្រង់ចំពោះពួកគេ។ សេចក្ដីសង្គ្រោះប្រភេទនេះ ត្រូវបានធ្វើឡើងដោយការដោះដូរគ្នា។ ទាល់តែពេលព្រះជាម្ចាស់ផ្ដល់ឱ្យពួកគេច្រើនរយដង ទើបមនុស្សលោកព្រមចុះចូលចំពោះព្រះនាមព្រះជាម្ចាស់ ហើយព្យាយាមធ្វើឱ្យបានល្អសម្រាប់ទ្រង់ និងថ្វាយសិរីល្អដល់ទ្រង់។ នេះមិនមែនជាអ្វីដែលព្រះជាម្ចាស់ចង់បាន សម្រាប់មនុស្សជាតិឡើយ។ ព្រះជាម្ចាស់យាងមកធ្វើការនៅលើផែនដី ដើម្បីជួយសង្គ្រោះមនុស្សលោកដែលពុករលួយ ឥតមានពាក្យមុសានៅក្នុងចេតនានេះទេ។ ប្រសិនបើមានមែន ម្ល៉េះទ្រង់ច្បាស់ជាមិនយាងមកដើម្បីធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់នោះឡើយ។ កាលពីមុន មធ្យោបាយនៃសេចក្ដីសង្គ្រោះរបស់ទ្រង់រួមមានទាំងការបង្ហាញនូវសេចក្ដីស្រឡាញ់ និងក្ដីមេត្តាករុណាបំផុត រហូតដល់ថ្នាក់ទ្រង់បានប្រគល់របស់ទ្រង់គ្រប់យ៉ាងទៅឱ្យសាតាំង ជាថ្នូរនឹងមនុស្សជាតិទាំងមូល។ បច្ចុប្បន្ននេះ មិនដូចអតីតកាលទេ៖ សេចក្ដីសង្គ្រោះដែលត្រូវផ្ដល់ឱ្យអ្នករាល់គ្នា សព្វថ្ងៃនេះ កើតឡើងនៅគ្រាចុងក្រោយ ក្នុងអំឡុងពេលបែងចែកមនុស្សម្នាក់ៗទៅតាមជំពូក។ មធ្យោបាយក្នុងការសង្គ្រោះអ្នករាល់គ្នា មិនមែនជាសេចក្ដីស្រឡាញ់ ឬក្ដីមេត្តាករុណាទៀតទេ តែជាការវាយផ្ចាល និងការជំនុំជម្រះ ដើម្បីឱ្យមនុស្សលោកអាចត្រូវបានសង្គ្រោះទាំងស្រុងថែមទៀត។ ដូច្នេះ គ្រប់យ៉ាងដែលអ្នករាល់គ្នាទទួលបាន គឺជាការវាយផ្ចាល ការជំនុំជម្រះ និងការវាយផ្ដួលដោយឥតមេត្តា ប៉ុន្តែចូរដឹងថា៖ នៅក្នុងការវាយផ្ដួលដ៏កាចសាហាវនេះ គឺឥតមានការដាក់ទណ្ឌកម្មសូម្បីតែបន្តិចឡើយ។ មិនខ្វល់ថា ព្រះបន្ទូលរបស់ខ្ញុំគ្រោតគ្រាតយ៉ាងណានោះទេ ប៉ុន្តែអ្វីដែលកើតមានដល់អ្នករាល់គ្នា គ្រាន់តែជាព្រះបន្ទូលបន្តិចបន្តួច ដែលហាក់ដូចជាសាហាវមែនទែនចំពោះអ្នករាល់គ្នា ហើយមិនថាខ្ញុំខឹងក្រោធយ៉ាងណានោះទេ អ្វីៗដែលធ្លាក់ស្រោចលើអ្នករាល់គ្នាក៏នៅតែជាពាក្យប្រៀនប្រដៅ ហើយខ្ញុំគ្មានបំណងធ្វើបាបអ្នករាល់គ្នា ឬសម្លាប់អ្នករាល់គ្នានោះទេ។ តើទាំងអស់នេះមិនមែនជាការពិតទេឬអី? ចូរដឹងថា សព្វថ្ងៃនេះ មិនថាការជំនុំជម្រះដ៏សុចរិត ឬជាការបន្សុទ្ធ និងការវាយផ្ចាលដ៏កាចសាហាវនោះទេ គ្រប់យ៉ាងគឺសុទ្ធតែដើម្បី សេចក្ដីសង្គ្រោះ។ មិនខ្វល់ថា សព្វថ្ងៃនេះ មនុស្សម្នាក់ៗដែលត្រូវបានចាត់ថ្នាក់ទៅតាមជំពូកឬលំដាប់ ត្រូវបានលាតត្រដាងអស់ ឬអត់ក៏ដោយ គោលបំណងនៃព្រះបន្ទូល និងកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ គឺជួយសង្គ្រោះមនុស្សដែលស្រឡាញ់ព្រះអង្គពិតប្រាកដ។ ការកាត់ទោសដ៏សុចរិតត្រូវបាននាំមក ដើម្បីញែកមនុស្សលោកជាបរិសុទ្ធ ឯការបន្សុទ្ធដ៏កាចសាហាវ ត្រូវបានធ្វើឡើងដើម្បីសម្អាតពួកគេ។ ព្រះបន្ទូលដ៏គ្រោតគ្រាត ឬការវាយផ្ចាល គឺសុទ្ធតែត្រូវបានធ្វើឡើងដើម្បីបន្សុទ្ធ និងសម្រាប់ជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះ។
(ដកស្រង់ពី «អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)