២. យើងបានជឿរួចហើយថា ការទទួលបានការអត់ទោសពីអំពើបាបរបស់យើងតាមរយៈជំនឿរបស់យើងលើព្រះអម្ចាស់យេស៊ូវ គឺជាការទទួលបានព្រះគុណនៃសេចក្តីសង្រ្គោះ តែអ្នកបែរជានិយាយថា «ការត្រូវបានសង្រ្គោះ» មិនមានន័យជាសេចក្តីសង្រ្គោះដ៏ពិតទៅវិញ។ ដូច្នេះ តើការបានសង្រ្គោះមានន័យដូចម្ដេចទៅ? ហើយតើការបានសង្រ្គោះពេញលេញមានន័យដូចម្ដេចដែរទៅ? តើអ្វីទៅជាភាពខុសគ្នាដ៏សំខាន់រវាងការត្រូវបានសង្រ្គោះ និងការត្រូវបានសង្គ្រោះយ៉ាងពេញលេញ?
ខគម្ពីរយោង៖
«អ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជទឹក នឹងបានសង្រ្គោះ។ ប៉ុន្តែ អ្នកណាដែលជឿ នឹងមិនត្រូវវិនាសឡើយ» (ម៉ាកុស ១៦:១៦)។
«ដ្បិតនេះជាឈាមរបស់ខ្ញុំនៃសេចក្ដីសញ្ញាថ្មី ដែលត្រូវបានបង្ហូរ ដើម្បីអត់ទោសបាបដល់មនុស្សជាច្រើន» (ម៉ាថាយ ២៦:២៨)។
«មិនមែនគ្រប់គ្នាដែលហៅខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់ សុទ្ធតែចូលទៅក្នុងនគរស្ថានសួគ៌ឡើយ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ» (ម៉ាថាយ ៧:២១)។
«ទាំងនេះជាមនុស្សដែលមិនសៅហ្មងជាមួយនឹងស្ដ្រីទេ ដ្បិតពួកគេជាមនុស្សបរិសុទ្ធ។ ពួកគេទាំងនេះជាអ្នកដើរតាមកូនចៀមទៅគ្រប់ទីកន្លែងដែលទ្រង់យាងទៅ។ ពួកគេជាមនុស្សដែលព្រះបានប្រោសលោះចេញពីចំណោមមនុស្ស ទុកជាផលដំបូងថ្វាយព្រះជាម្ចាស់ និងថ្វាយកូនចៀម។ ហើយនៅក្នុងមាត់របស់ពួកគេ គ្មានឃើញមានពាក្យភូតកុហកទេ៖ ដ្បិតពួកគេគ្មានកំហុសនៅចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់ឡើយ» (វិវរណៈ ១៤:៤-៥)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
នៅពេលនោះ កិច្ចការរបស់ព្រះយេស៊ូវ គឺជាកិច្ចការប្រោសលោះគ្រប់មនុស្សជាតិទាំងអស់។ បាបរបស់អស់អ្នកដែលបានជឿលើទ្រង់ ត្រូវបានអត់ទោសឱ្យ។ ឱ្យតែអ្នកបានជឿលើទ្រង់ នោះទ្រង់នឹងប្រោសលោះអ្នក។ ប្រសិនបើអ្នកបានជឿលើទ្រង់ នោះអ្នកលែងមានបាបទៀតហើយ អ្នកត្រូវរួចផុតពីបាបរបស់អ្នក។ នេះគឺជាអត្ថន័យនៃការដែលទទួលបានសេចក្ដីសង្គ្រោះ និងការដែលត្រូវទទួលបានយុត្តិធម៌តាមរយៈសេចក្ដីជំនឿ។ ក៏ប៉ុន្តែនៅក្នុងអស់អ្នកដែលបានជឿ នៅតែមានការបះបោរ និងបានទទឹងទាស់នឹងព្រះជាម្ចាស់ដដែល ហើយសារជាតិទាំងនេះត្រូវដកចេញបន្ដិចម្ដងៗ។ សេចក្ដីសង្គ្រោះពុំមានន័យថា មនុស្សត្រូវបានព្រះយេស៊ូវទទួលបានទាំងស្រុងនោះទេ ប៉ុន្តែមនុស្សលែងមានបាបទៀតហើយ ពោលគឺមានន័យថាអំពើបាបរបស់គេត្រូវបានអត់ទោសឱ្យ។ ប្រសិនបើអ្នកបានជឿ នោះអ្នកនឹងលែងមានបាបទៀតហើយ។
(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅពេលដែលកិច្ចការដំណាក់កាលទីពីររបស់ព្រះជាម្ចាស់បានសម្រេចភ្លាម គឺបន្ទាប់ពីការឆ្កាងទ្រង់ នោះកិច្ចការសង្គ្រោះមនុស្សពីអំពើបាបរបស់ព្រះជាម្ចាស់ (ពោលគឺ ការសង្គ្រោះមនុស្សចេញពីកណ្ដាប់ដៃរបស់សាតាំង) ក៏សម្រេចដែរ។ ហេតុនេះហើយ ចាប់ពីពេលនោះមក មនុស្សជាតិមានតែទទួលយកព្រះអម្ចាស់យេស៊ូវធ្វើជាព្រះអង្គសង្គ្រោះប៉ុណ្ណោះ ទើបបាបរបស់គេត្រូវបានលើកលែង។ និយាយឱ្យចំទៅ បាបរបស់មនុស្សលែងជាឧបសគ្គដល់ការទទួលបានសេចក្ដីសង្គ្រោះរបស់គេ និងការចូលមករកព្រះជាម្ចាស់ ហើយក៏លែងជាឥទ្ធិពលដែលសាតាំងប្រើ សម្រាប់ចោទប្រកាន់មនុស្សដូចមុនហើយ។ នេះដោយសារព្រះជាម្ចាស់ផ្ទាល់ ទ្រង់បានធ្វើនូវកិច្ចការដ៏ពិតប្រាកដ បានក្លាយជារូបសាច់ និងជាគំរូពីសាច់ឈាមដែលពេញដោយបាប ហើយព្រះជាម្ចាស់ផ្ទាល់ជាតង្វាយលោះបាប។ តាមរយៈវិធីនេះ មនុស្សបានចុះពីលើឈើឆ្កាង ហើយត្រូវបានប្រោសលោះ និងត្រូវបានសង្គ្រោះតាមរយៈសាច់ឈាមរបស់ព្រះជាម្ចាស់ ពោលគឺលក្ខណៈដូចនឹងសាច់ឈាមដែលពេញដោយបាបនេះ។
(ដកស្រង់ពី «ឧបសម្ព័ន្ធ ៣៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចត្រូវបានសង្គ្រោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
កិច្ចការនៃគ្រាចុងក្រោយ គឺជាការមានបន្ទូល។ ការផ្លាស់ប្ដូរធំៗអាចត្រូវបានកើតឡើងនៅក្នុងមនុស្ស តាមរយៈមធ្យោបាយនានានៃព្រះបន្ទូល។ ឥឡូវនេះ ការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្សទាំងនេះ ក្រោយពេលដែលទទួលយកព្រះបន្ទូលទាំងនេះ មានកម្រិតខ្លាំងជាងការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្ស ក្រោយពេលដែលពួកគេទទួលបាននូវទីសម្គាល់ព្រមទាំងការអស្ចារ្យនៅយុគសម័យនៃព្រះគុណទៅទៀត។ ព្រោះថានៅក្នុងយុគសម័យនៃព្រះគុណ អារក្សត្រូវបានបណ្ដេញចេញពីមនុស្ស ដោយការអធិស្ឋានដាក់ដៃពីលើមែន ប៉ុន្តែនិស្ស័យដ៏ពុករលួយដែលមាននៅក្នុងមនុស្សនៅតែមានដដែល។ មនុស្សត្រូវបានប្រោសឱ្យជាពីជំងឺរបស់គេ និងត្រូវបានអត់ទោសពីបាបរបស់គេមែន ប៉ុន្តែចំពោះរបៀបដែលមនុស្សត្រូវបានលាងជម្រះពីនិស្ស័យដ៏ពុករលួយរបស់សាតាំងដែលមាននៅក្នុងគេ កិច្ចការនេះមិនទាន់ត្រូវបានធ្វើនៅឡើយទេ។ មនុស្សគ្រាន់តែទទួលបានសេចក្ដីសង្រ្គោះ និងការអត់ទោសពីបាបរបស់ពួកគេសម្រាប់សេចក្តីជំនឿរបស់គេប៉ុណ្ណោះ ប៉ុន្តែនិស្ស័យបាបរបស់មនុស្ស មិនត្រូវបានរំលើងចោលឡើយ ហើយនិស្ស័យទាំងនោះមាននៅក្នុងពួកគេដដែល។ បាបរបស់មនុស្សត្រូវបានអត់ទោស តាមរយៈព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ប៉ុន្តែការនេះមិនមែនមានន័យថា មនុស្សលែងមានបាបនៅក្នុងគេនោះឡើយ។ បាបរបស់មនុស្សអាចត្រូវបានអត់ទោសឱ្យតាមរយៈតង្វាយលោះបាបមែន ប៉ុន្តែចំពោះរបៀបដែលមនុស្សអាចត្រូវបានប្រោសកុំឱ្យប្រព្រឹត្តបាបតទៅទៀត និងរបៀបដែលនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង និងបំផ្លាស់បំប្រែនោះ គេគ្មានផ្លូវដោះស្រាយបញ្ហានេះឡើយ។ បាបរបស់មនុស្សត្រូវបានអត់ទោសឱ្យ ហើយនោះគឺដោយសារតែកិច្ចការនៃការជាប់ឆ្កាងរបស់ព្រះជាម្ចាស់ ប៉ុន្តែមនុស្សបានបន្តរស់នៅក្នុងនិស្ស័យសាតាំងដ៏ពុករលួយបែបចាស់របស់គេតទៅទៀត។ ដូច្នេះ មនុស្សត្រូវតែទទួលបានសេចក្ដីសង្រ្គោះទាំងស្រុងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ ដើម្បីឱ្យនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង មិនឱ្យវិវឌ្ឍម្ដងទៀត និងឱ្យនិស្ស័យរបស់មនុស្សត្រូវបានបំផ្លាស់បំប្រែ។ ការនេះនឹងតម្រូវឱ្យមនុស្សយល់អំពីផ្លូវនៃការលូតលាស់នៅក្នុងជីវិត យល់អំពីមាគ៌ាជីវិត និងយល់អំពីផ្លូវក្នុងការផ្លាស់ប្ដូរនិស្ស័យរបស់គេ។ លើសពីនេះទៅទៀត វានឹងតម្រូវឱ្យមនុស្សប្រព្រឹត្តស្របតាមផ្លូវនេះ ដើម្បីឱ្យនិស្ស័យរបស់គេអាចទទួលបានការផ្លាស់ប្ដូរបន្ដិចម្ដងៗ ហើយគេអាចរស់នៅក្រោមការជះពន្លឺ ដើម្បីឱ្យអ្វីៗទាំងអស់ដែលគេធ្វើ អាចស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីឱ្យគេអាចកម្ចាត់ចោលនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ និងដើម្បីឱ្យគេអាចផ្ដាច់ខ្លួនមានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹតរបស់សាតាំង ហើយជាលទ្ធផល ពួកគេអាចងើបខ្លួនផុតពីបាបបានទាំងស្រុង។ មានតែបែបនេះទេ ទើបមនុស្សនឹងទទួលបានសេចក្តីសង្រ្គោះទាំងស្រុង។ នៅពេលដែលព្រះយេស៊ូវ កំពុងតែធ្វើកិច្ចការរបស់ទ្រង់ ចំណេះដឹងរបស់មនុស្សអំពីទ្រង់នៅតែមិនច្បាស់លាស់ និងនៅស្រពេចស្រពិល។ មនុស្សតែងតែជឿថា ទ្រង់ជាបុត្ររបស់ព្រះបាទដាវីឌ និងប្រកាសថា ទ្រង់ជាហោរាដ៏ធំ ជាព្រះអម្ចាស់ដ៏មានព្រះហឫទ័យមេត្តាដែលបានប្រោសលោះបាបរបស់មនុស្ស។ ដោយសារតែភាពរឹងមាំនៃសេចក្ដីជំនឿរបស់ពួកគេ អ្នកខ្លះត្រូវបានប្រោសឱ្យជាតាមរយៈការពាល់ជាយព្រះពស្ត្ររបស់ទ្រង់ ហើយមនុស្សខ្វាក់អាចមើលឃើញ និងសូម្បីតែមនុស្សស្លាប់ក៏អាចរស់ឡើងវិញដែរ។ យ៉ាងណាមិញ មនុស្សមិនអាចឈ្វេងយល់ពីនិស្ស័យសាតាំងដ៏ពុករលួយដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងគេឡើយ ហើយគេក៏មិនដឹងអំពីរបៀបកម្ចាត់វាចោលនោះដែរ។ មនុស្សបានទទួលព្រះគុណយ៉ាងច្រើនដូចជា សន្តិភាព និងសុភមង្គលខាងសាច់ឈាម សេចក្ដីជំនឿរបស់សមាជិកម្នាក់នាំមកនូវព្រះពរដល់សមាជិកគ្រួសារទាំងមូល និងការប្រោសជំងឺឱ្យជាជាដើម។ ផ្នែកផ្សេងទៀតគឺជាអំពើល្អរបស់មនុស្ស និងជាការបង្ហាញកិរិយាគោរពកោតខ្លាចព្រះរបស់គេ ហើយបើមនុស្សម្នាក់អាចរស់នៅលើមូលដ្ឋានទាំងនេះ នោះពួកគេត្រូវបានចាត់ទុកជាអ្នកជឿដែលសមគួរហើយ។ មានតែអ្នកជឿបែបនេះប៉ុណ្ណោះ ទើបអាចទៅស្ថានសួគ៌ ក្រោយពេលស្លាប់ទៅ ហើយនេះមានន័យថា ពួកគេត្រូវបានសង្រ្គោះ។ ប៉ុន្តែ នៅក្នុងជីវិតរបស់ពួកគេ មនុស្សទាំងនេះមិនបានយល់ទាល់តែសោះអំពីមាគ៌ាជីវិត។ គ្រប់យ៉ាងដែលពួកគេបានធ្វើ គឺជាការប្រព្រឹត្តអំពើបាប ហើយបន្ទាប់មក សារភាពពីបាបរបស់ពួកគេនៅក្នុងវដ្ដដដែលៗ ដោយគ្មានមាគ៌ាណាមួយដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេឡើយ។ នេះគឺជាលក្ខខណ្ឌរបស់មនុស្សនៅក្នុងយុគសម័យនៃព្រះគុណ។ តើមនុស្សបានទទួលសេចក្តីសង្រ្គោះទាំងស្រុងហើយឬនៅ? អត់ទេ! ដូច្នេះ ក្រោយដំណាក់កាលនៃកិច្ចការនោះបានបញ្ចប់ទៅ នៅមានកិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាលទៀត។ ដំណាក់កាលនេះ គឺដើម្បីធ្វើឱ្យមនុស្សក្លាយជាបរិសុទ្ធ ដោយមធ្យោបាយនៃព្រះបន្ទូល ហើយក៏ផ្ដល់ឱ្យគេមានមាគ៌ា ដើម្បីដើរតាមដែរ។ ដំណាក់កាលនេះនឹងមិនមានផលផ្លែ ឬមានន័យឡើយ ប្រសិនបើវាបន្តជាមួយការបណ្ដេញអារក្សនោះ ព្រោះវានឹងមិនអាចរំលើងនិស្ស័យបាបរបស់មនុស្ស ហើយមនុស្សនឹងនៅជាប់គាំងត្រឹមការអត់ទោសអំពើបាបរបស់គេ។ តាមរយៈតង្វាយលោះបាប មនុស្សត្រូវបានអត់ទោសពីបាបរបស់គេ ដ្បិតកិច្ចការនៃការជាប់ឆ្កាងបានមកដល់ទីបញ្ចប់ ហើយព្រះជាម្ចាស់បានយកឈ្នះលើសាតាំងរួចហើយ។ ប៉ុន្តែ និស្ស័យដ៏ពុករលួយរបស់មនុស្សនៅតែបន្តមាននៅខាងក្នុងគេ មនុស្សនៅតែអាចប្រព្រឹត្តបាប និងប្រឆាំងជាមួយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់មិនទទួលបានមនុស្សជាតិឡើយ។ នេះជាហេតុផលដែលនៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីលាតត្រដាងនិស្ស័យដ៏ពុករលួយរបស់មនុស្ស ធ្វើឱ្យគេអនុវត្តស្របតាមមាគ៌ាត្រឹមត្រូវ។ ដំណាក់កាលនេះមានអត្ថន័យខ្លាំងជាងដំណាក់កាលមុន ហើយក៏មានផលផ្លែជាងដែរ ព្រោះថាឥឡូវនេះ គឺជាព្រះបន្ទូលដែលផ្គត់ផ្គង់ដោយផ្ទាល់ដល់ជីវិតរបស់មនុស្ស និងជួយបំផ្លាស់និស្ស័យរបស់មនុស្សជាថ្មីទាំងស្រុង ហើយវាជាដំណាក់កាលនៃកិច្ចការមួយដែលមានលក្ខណៈហ្មត់ចត់ជាង។ ដូច្នេះ ការយកកំណើតជាមនុស្សនៅក្នុងគ្រាចុងក្រោយបានបំពេញនូវភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងបានសម្រេចទាំងស្រុងនូវផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្ស។
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
សាច់ឈាមរបស់មនុស្សគឺចេញមកពីសាតាំង វាពេញដោយនិស្ស័យបះបោរ គួរឱ្យស្មោកគ្រោក និងមិនស្អាតបរិសុទ្ធឡើយ។ មនុស្សល្មោភចង់បានសេចក្តីរីករាយខាងសាច់ឈាមខ្លាំងពេក ព្រមទាំងបង្ហាញចេញខាងសាច់ឈាមច្រើនពេក ទើបនាំឱ្យព្រះជាម្ចាស់ស្អប់ខ្ពើមសាច់ឈាមរបស់មនុស្សដល់កម្រិតជាក់លាក់មួយដូច្នេះ។ នៅពេលដែលមនុស្សបោះបង់ចោលសេចក្តីពុករលួយដ៏ស្មោកគ្រោករបស់សាតាំង នោះពួកគេទទួលបានសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់។ ប៉ុន្តែ បើពួកគេនៅតែមិនកម្ចាត់ចោលសេចក្តីស្មោកគ្រោក និងសេចក្តីពុករលួយចេញពីពួកគេទេ នោះពួកគេនៅតែកំពុងរស់នៅក្រោមដែនត្រួតត្រារបស់សាតាំងដដែល។ ការមិនអើពើ ការបោកបញ្ឆោត និងភាពវៀចវេររបស់មនុស្សសុទ្ធតែចេញមកពីសាតាំងទាំងអស់។ សេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់សម្រាប់អ្នក គឺជាការកម្ចាត់ចោលសេចក្តីទាំងនេះរបស់សាតាំងចេញពីអ្នក។ កិច្ចការរបស់ព្រះជាម្ចាស់មិនអាចខុសនោះឡើយ ព្រោះថាគ្រប់កិច្ចការដែលទ្រង់ធ្វើ គឺដើម្បីសង្រ្គោះមនុស្សចេញពីសេចក្តីងងឹត។ នៅពេលដែលអ្នកជឿដល់កម្រិតជាក់លាក់មួយ ហើយអ្នកអាចដកខ្លួនចេញពីសេចក្តីពុករលួយនៃសាច់ឈាម ព្រមទាំងលែងជាប់ខ្នោះនៃសេចក្តីពុករលួយនោះតទៅទៀត តើអ្នកនឹងមិនត្រូវបានសង្រ្គោះទេឬអី? នៅពេលដែលអ្នករស់នៅក្រោមដែនត្រួតត្រារបស់សាតាំង អ្នកគ្មានសមត្ថភាពក្នុងការបង្ហាញអំពីព្រះជាម្ចាស់ទេ អ្នកគឺជាអ្វីមួយដែលស្មោកគ្រោក ហើយមិនអាចទទួលបានកេរមរតករបស់ព្រះជាម្ចាស់ឡើយ។ នៅពេលដែលអ្នកត្រូវបានបន្សុទ្ធ និងប្រោសឱ្យគ្រប់លក្ខណ៍រួចមក នោះអ្នកនឹងក្លាយជាបរិសុទ្ធ ក្លាយជាមនុស្សធម្មតាម្នាក់ ព្រមទាំងទទួលព្រះពរពីព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏រីករាយចំពោះអ្នកផងដែរ។
(ដកស្រង់ពី «ការអនុវត្ត (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
សារសំខាន់នៃការជឿលើព្រះជាម្ចាស់ គឺដើម្បីត្រូវបានសង្គ្រោះ ដូច្នេះតើការដែលត្រូវបានសង្គ្រោះមានន័យដូចម្ដេច? មនុស្សនិយាយអំពី «ការត្រូវបានសង្គ្រោះ» «ការបំបែកចេញពីឥទ្ធិពលខ្មៅងងឹតរបស់សាតាំង» នេះជាញឹកញាប់ ប៉ុន្តែពួកគេពុំដឹងថាតើការត្រូវបានសង្គ្រោះមានន័យបែបណានោះទេ។ តើការត្រូវបានសង្គ្រោះមានន័យបែបណា? វាជាប់ទាក់ទិននឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ និយាយឱ្យងាយយល់ ដើម្បីត្រូវបានសង្គ្រោះ មានន័យថា អ្នកអាចបន្តរស់នៅបាន ហើយអ្នកត្រូវបានត្រឡប់មកជាមានជីវិតសាជាថ្មី។ ដូច្នេះ នៅមុនពេលនោះ តើអ្នកស្លាប់មែនទេ? អ្នកអាចនិយាយបាន ហើយអ្នកអាចដកដង្ហើមបាន ដូច្នេះ តើគេអាចនិយាយថាអ្នកស្លាប់បានយ៉ាងដូចម្ដេចទៅ? (វិញ្ញាណគឺស្លាប់)។ តើហេតុអ្វីបានជាគេនិយាយថា មនុស្សស្លាប់ ប្រសិនបើវិញ្ញាណរបស់ពួកគេស្លាប់? តើការនិយាយបែបនេះមានមូលដ្ឋានអ្វី? តើមនុស្សរស់នៅក្រោមដែនត្រួតត្រារបស់នរណា មុនពេលដែលពួកគេបានទទួលនូវការសង្គ្រោះ? (នៅក្រោមដែនត្រួតត្រារបស់សាតាំង)។ តើមនុស្សពឹងផ្អែកលើអ្វីខ្លះក្នុងការរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង? ពួកគេពឹងផ្អែកលើធម្មជាតិ និងនិស្ស័យពុករលួយរបស់សាតាំងក្នុងការរស់នៅ។ នៅពេលមនុស្សរស់នៅតាមសេចក្ដីទាំងនេះ តើជីវិតរបស់គេទាំងមូល សាច់ឈាមរបស់គេ និងគ្រប់ទិដ្ឋភាពដទៃផ្សេងទៀតទាំងអស់ ដូចជាព្រលឹងនិងការគិតរបស់ពួកគេ នៅរស់ ឬស្លាប់? តាមទស្សនៈរបស់ព្រះជាម្ចាស់ ពួកគេស្លាប់។ មើលពីសំបកក្រៅ អ្នកហាក់ដូចជាកំពុងដកដង្ហើមនិងកំពុងគិត ប៉ុន្តែអ្វីគ្រប់យ៉ាងដែលកំពុងគិតមិនឈប់នោះ គឺជារឿងអាក្រក់។ អ្នកគិតអំពីអ្វីៗដែលទាស់នឹងព្រះជាម្ចាស់ ហើយមានការបះបោរប្រឆាំងនឹងព្រះជាម្ចាស់ គិតអំពីរឿងដែលព្រះជាម្ចាស់ស្អប់ខ្ពើម មិនសព្វព្រះទ័យ និងដាក់ទោស។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ គ្រប់សព្វសារពើទាំងអស់នេះ មិនត្រឹមតែជារបស់ខាងសាច់ឈាមប៉ុណ្ណោះទេ ប៉ុន្តែវាសុទ្ធតែជាកម្មសិទ្ធិរបស់សាតាំង និងពួកអារក្ស។ ដូច្នេះ តើនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សជាអ្វីវិញ? តើពួកគេជាមនុស្សដែរឬទេ? អត់ទេ ពួកគេមិនមែនជាមនុស្សទេ។ ព្រះជាម្ចាស់ទតឃើញថា ពួកគេជាអារក្ស ជាសត្វ និងជាសាតាំង ជាខ្មោចសាតាំងដើរដី! មនុស្សរស់នៅតាមសម្ភារៈ និងតាមសារជាតិរបស់សាតាំង ហើយក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពួកគេខ្លួនឯងគឺជាខ្មោចសាតាំងដើរដី ដែលពាក់ស្បែកមនុស្ស។ ព្រះជាម្ចាស់ហៅមនុស្សបែបនេះថា ជាសាកសពចេះដើរ ជាមនុស្សស្លាប់។ ព្រះជាម្ចាស់បំពេញកិច្ចការនៃការសង្រ្គោះនាពេលបច្ចុប្បន្ននេះដើម្បីទទួលយកមនុស្សបែបនេះ ជាសាកសពចេះដើរ ដែលរស់នៅតាមនិស្ស័យពុករលួយបែបសាតាំង និងតាមសារជាតិពុករលួយបែបសាតាំង។ ទ្រង់ទទួលយកមនុស្សដែលហៅថាជាមនុស្សស្លាប់នេះ និងប្រោសឱ្យពួកគេមានជីវិតរស់ឡើងវិញ។ នេះហើយគឺជាអត្ថន័យនៃការត្រូវបានសង្គ្រោះ។
ចំណុចនៃការជឿលើព្រះជាម្ចាស់ គឺការទទួលបានសេចក្ដីសង្គ្រោះ។ ការត្រូវបានសង្គ្រោះ មានន័យថា អ្នកបានប្រែពីមនុស្សស្លាប់ទៅជាមនុស្សរស់វិញ។ អត្ថន័យនៃចំណុចនេះគឺថា ដង្ហើមរបស់អ្នកបានដកឡើងវិញ ហើយអ្នកមានជីវិតរស់។ អ្នកអាចស្គាល់ព្រះជាម្ចាស់ ហើយអ្នកអាចក្រាបចុះដើម្បីថ្វាយបង្គំព្រះជាម្ចាស់បាន។ នៅក្នុងដួងចិត្តរបស់អ្នក អ្នកគ្មានការរឹងទទឹងនឹងព្រះជាម្ចាស់ទេ។ អ្នកក៏លែងប្រឆាំងទាស់នឹងទ្រង់ វាយប្រហារទ្រង់ ឬបះបោរប្រឆាំងនឹងទ្រង់ទៀតដែរ។ មានតែមនុស្សបែបនេះទេដែលមានជីវិតពិតប្រាកដនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សម្នាក់គ្រាន់តែនិយាយថា ពួកគេទទួលស្គាល់ព្រះជាម្ចាស់ ដូច្នេះ តើពួកគេជាមនុស្សរស់ឬអត់? (អត់ទេ ពួកគេមិនមែនទេ)។ ដូច្នេះ តើមនុស្សប្រភេទណាជាមនុស្សរស់? តើភាពពិតបែបណាដែលមនុស្សរស់មាន? យ៉ាងហោចណាស់ មនុស្សរស់អាចនិយាយភាសាមនុស្សបាន។ តើនោះមានន័យដូចម្ដេច? វាមានន័យថា ពាក្យដែលពួកគេនិយាយមានគំនិត ការគិត និងការយល់ដឹង។ ជារឿយៗ តើមនុស្សរស់គិតនិងធ្វើអ្វីខ្លះ? ពួកគេអាចចូលរួមក្នុងសកម្មភាពមនុស្ស និងបំពេញភារកិច្ចរបស់ពួកគេបាន។ តើអ្វីដែលពួកគេធ្វើ និងនិយាយមានលក្ខណៈធម្មជាតិអ្វីខ្លះ? នោះគឺថាគ្រប់យ៉ាងដែលពួកគេបើកសម្ដែងឱ្យឃើញ គ្រប់យ៉ាងដែលពួកគេគិត និងគ្រប់យ៉ាងដែលពួកគេធ្វើ គឺធ្វើទៅតាមធម្មជាតិនៃការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ដើម្បីនិយាយឱ្យកាន់តែងាយយល់ ក្នុងនាមជាមនុស្សរស់ម្នាក់ រាល់ទង្វើរបស់អ្នក និងរាល់ការគិតរបស់អ្នក មិនត្រូវបានព្រះជាម្ចាស់ដាក់ទោស ឬត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធចោលនោះទេ តែផ្ទុយទៅវិញ ទង្វើនិងការគិតនោះ ត្រូវបានព្រះជាម្ចាស់ទទួលយក និងកោតសរសើរ។ នេះគឺអ្វីដែលមនុស្សរស់ធ្វើ ហើយវាក៏ជាអ្វីដែលមនុស្សរស់គប្បីត្រូវធ្វើផងដែរ។
(ដកស្រង់ពី «មានតែការស្ដាប់បង្គាប់ដ៏ពិតប៉ុណ្ណោះ ទើបមនុស្សអាចមានសេចក្តីជំនឿដ៏ពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
ប្រសិនបើមនុស្សចង់ក្លាយជាភាវៈមានជីវិត និងចង់ធ្វើទីបន្ទាល់ថ្វាយព្រះជាម្ចាស់ ហើយត្រូវបានអនុញ្ញាតពីព្រះជាម្ចាស់ នោះពួកគេត្រូវតែទទួលយកការសង្គ្រោះរបស់ព្រះជាម្ចាស់។ ពួកគេត្រូវតែចុះចូលចំពោះការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់យ៉ាងរីករាយ ហើយត្រូវតែទទួលយកនូវការលួសកាត់ និងការដោះស្រាយពីព្រះជាម្ចាស់ដោយរីករាយដែរ។ ទាល់តែពេលនោះ ទើបពួកគេនឹងអាចយកសេចក្តីពិតទាំងអស់ដែលព្រះជាម្ចាស់បានតម្រូវទៅអនុវត្តបាន ហើយទាល់តែពេលនោះ ទើបពួកគេនឹងទទួលបានការសង្គ្រោះរបស់ព្រះជាម្ចាស់ ហើយក្លាយជាភាវៈមានជីវិតយ៉ាងពិតប្រាកដ។ មនុស្សមានជីវិតត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់។ ពួកគេត្រូវបានជំនុំជម្រះ និងវាយផ្ចាលដោយព្រះជាម្ចាស់ ពួកគេចង់ថ្វាយខ្លួន និងរីករាយក្នុងការថ្វាយជីវិតរបស់ពួកសម្រាប់ព្រះជាម្ចាស់ ហើយពួកគេនឹងបូជាជីវិតរបស់ពួកគេទាំងមូលថ្វាយព្រះជាម្ចាស់យ៉ាងរីករាយ។ ទាល់តែពេលដែលមនុស្សមានជីវិតធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ទើបសាតាំងត្រូវអាម៉ាស់មុខ។ ទាល់តែមនុស្សមានជីវិត ទើបអាចផ្សព្វផ្សាយកិច្ចការដំណឹងល្អរបស់ព្រះជាម្ចាស់បាន ទាល់តែមនុស្សមានជីវិត ទើបត្រូវនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយទាល់តែមនុស្សមានជីវិត ទើបជាមនុស្សពិត។ ដំបូងឡើយ មនុស្សដែលព្រះជាម្ចាស់បានបង្កើត គឺនៅមានជីវិត ប៉ុន្តែដោយសារតែសេចក្តីពុករលួយរបស់សាតាំង នោះមនុស្សរស់នៅក្នុងសេចក្តីស្លាប់ ហើយរស់នៅក្រោមឥទ្ធិពលរបស់សាតាំង ហើយដោយសារតែបែបនេះ ទើបមនុស្សបានក្លាយជាមនុស្សស្លាប់គ្មានវិញ្ញាណ ពួកគេបានក្លាយជាសត្រូវដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ពួកគេបានក្លាយជាឧបករណ៍របស់សាតាំង ហើយពួកគេបានក្លាយជាចំណាប់ខ្មាំងរបស់សាតាំងទៀតផង។ មនុស្សមានជីវិតទាំងអស់ដែលព្រះជាម្ចាស់បានបង្កើត បានក្លាយជាមនុស្សស្លាប់ ដូច្នេះ ព្រះជាម្ចាស់បានបាត់បង់ទីបន្ទាល់របស់ទ្រង់ ហើយទ្រង់បានបាត់បង់មនុស្សជាតិដែលទ្រង់បានបង្កើត និងដែលជាវត្ថុតែមួយគត់ដែលមានខ្យល់ដង្ហើមរបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់នឹងត្រូវយកទីបន្ទាល់របស់ទ្រង់ត្រឡប់មកវិញ ហើយយកអស់អ្នកដែលទ្រង់បានបង្កើតដោយព្រះហស្ដរបស់ទ្រង់ផ្ទាល់ ប៉ុន្តែដែលត្រូវបានសាតាំងចាប់ជាចំណាប់ខ្មាំងត្រឡប់មកវិញ នោះទ្រង់ត្រូវតែប្រោសឱ្យពួកគេរស់ឡើងវិញ ដើម្បីឱ្យពួកគេក្លាយជាភាវៈមានជីវិត ហើយទ្រង់ត្រូវតែទទួលយកពួកគេមកវិញ ដើម្បីឱ្យពួកគេរស់នៅក្នុងពន្លឺរបស់ទ្រង់។ មនុស្សស្លាប់ គឺជាមនុស្សដែលគ្មានវិញ្ញាណ មនុស្សស្ពឹកស្រពន់បំផុត និងជាមនុស្សដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ ពួកគេនៅខាងមុខបង្អស់ក្នុងចំណោមអ្នកដែលមិនស្គាល់ព្រះជាម្ចាស់។ មនុស្សទាំងនេះគ្មានបំណងស្តាប់បង្គាប់ព្រះជាម្ចាស់សូម្បីតែបន្តិចឡើយ។ ពួកគេមានតែបះបោរប្រឆាំងនឹងទ្រង់ ហើយទាស់ទទឹងនឹងទ្រង់ ព្រមទាំងគ្មានភាពស្មោះត្រង់សូម្បីតែបន្តិច។ មនុស្សមានជីវិតជាមនុស្សដែលមានវិញ្ញាណកើតជាថ្មី ជាមនុស្សដែលចេះស្តាប់បង្គាប់ព្រះជាម្ចាស់ និងជាមនុស្សស្មោះត្រង់ចំពោះព្រះជាម្ចាស់។ ពួកគេមានសេចក្តីពិត និងទីបន្ទាល់ ហើយមានតែមនុស្សទាំងនេះទេ ទើបគាប់ព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងដំណាក់របស់ទ្រង់។
(ដកស្រង់ពី «តើអ្នកគឺជាមនុស្សម្នាក់ដែលចូលមកឯជីវិតឬ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)