តើទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់មានលក្ខណៈយ៉ាងណាដែរ?
ក្នុងការទទួលជឿលើព្រះជាម្ចាស់ យ៉ាងហោចណាស់អ្នកត្រូវតែដោះស្រាយនូវបញ្ហានៃការមានទំនាក់ទំនងជាលក្ខណៈធម្មតាជាមួយព្រះជាម្ចាស់។ បើសិនជាអ្នកមិនមានទំនាក់ទំនងធម្មតាជាមួយនឹងព្រះជាម្ចាស់ទេ នោះអត្ថន័យនៃជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ត្រូវបានបាត់បង់។ ការបង្កើតទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់អាចបង្កើតបានទាំងស្រុងជាមួយនឹងចិត្តដែលស្ងប់ស្ងាត់ក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់។ ការមានទំនាក់ទំនងជាធម្មតាជាមួយព្រះជាម្ចាស់ មានន័យថា មិនមានការសង្ស័យ និងមិនបដិសេធកិច្ចការណាមួយរបស់ព្រះជាម្ចាស់ ព្រមទាំងអាចចុះចូលចំពោះកិច្ចការរបស់ទ្រង់ផងដែរ។ វាមានន័យថា មានគោលបំណងត្រឹមត្រូវនៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ ដោយមិនរៀបចំគម្រោងផែនការផ្សេងៗសម្រាប់ខ្លួនឯង និងគិតគូរជាចម្បងពីអត្ថប្រយោជន៍នានារបស់គ្រួសារនៃព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់។ វាមានន័យថា ជាការទទួលយកការពិនិត្យពិច័យ និងស្ដាប់បង្គាប់តាមការរៀបចំរបស់ព្រះជាម្ចាស់។ អ្នកត្រូវតែអាចរម្ងាប់ចិត្តខ្លួនឯងក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ក្នុងគ្រប់ការដែលអ្នកធ្វើ។ បើទោះបីជាអ្នកមិនបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏ដោយ ក៏អ្នកត្រូវតែបំពេញភារកិច្ច និងទំនួលខុសត្រូវផ្សេងៗរបស់អ្នកឱ្យបានល្អបំផុតទៅតាមសមត្ថភាពរបស់ខ្លួន។ នៅពេលដែលបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ត្រូវបានបើកសម្តែងដល់អ្នក ចូរប្រតិបត្តិតាម នោះវានឹងមិនយឺតពេកនោះទេ។ នៅពេលដែលទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់បានត្រលប់ជាធម្មតា អ្នកក៏នឹងមានទំនាក់ទំនងជាធម្មតាជាមួយមនុស្សទាំងឡាយដែរ។ ដើម្បីកសាងទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ អ្វីគ្រប់យ៉ាងត្រូវតែសង់ឡើងពីលើគ្រឹះនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកត្រូវតែអាចបំពេញភារកិច្ចរបស់ខ្លួនស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអ្វីដែលព្រះជាម្ចាស់ត្រាស់បង្គាប់ អ្នកត្រូវតែមានទស្សនៈត្រឹមត្រូវ ហើយត្រូវតែស្វែងរកសេចក្តីពិតក្នុងគ្រប់ការទាំងអស់។ អ្នកត្រូវតែអនុវត្តសេចក្តីពិត ពេលដែលអ្នកយល់ ហើយមិនថាមានរឿងអ្វីកើតឡើងចំពោះអ្នកឡើយ អ្នកត្រូវតែអធិស្ឋានទៅព្រះជាម្ចាស់ និងស្វែងរក ដោយមានដួងចិត្តដែលស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់។ ដោយអនុវត្តបែបនេះ អ្នកនឹងអាចថែរក្សាទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់។ ទន្ទឹមនឹងគ្នានោះ ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ អ្នកក៏ត្រូវប្រាកដដែរថា អ្នកមិនធ្វើអ្វីដែលមិនផ្ដល់ប្រយោជន៍ដល់ច្រកចូលទៅក្នុងជីវិតនៃរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ និងមិននិយាយអ្វីដែលគ្មានប្រយោជន៍ទៅបងប្អូនប្រុសស្រីនោះឡើយ។ យ៉ាងហោចណាស់ អ្នកមិនត្រូវធ្វើអ្វីដែលប្រឆាំងនឹងមនសិការរបស់ខ្លួន និងមិនត្រូវធ្វើអ្វីដែលគួរឱ្យអៀនខ្មាសឡើយ។ ជាពិសេស ចំពោះការណាដែលបះបោរ ឬប្រឆាំងព្រះជាម្ចាស់ អ្នកមិនត្រូវធ្វើឡើយ ហើយអ្នកក៏មិនត្រូវធ្វើអ្វីដែលរំខានដល់កិច្ចការ ឬជីវិតនៃពួកជំនុំនោះដែរ។ ចូរប្រកាន់ខ្ជាប់នូវសេចក្តីយុត្តិធម៌ និងសេចក្ដីគួរឱ្យគោរពក្នុងគ្រប់ការដែលអ្នកធ្វើ និងប្រាកដថា គ្រប់សកម្មភាពរបស់អ្នកបានជាទីគាប់ព្រះទ័យនៅចំពោះព្រះជាម្ចាស់។ បើទោះបីជាពេលខ្លះសាច់ឈាមខ្សោយ អ្នកត្រូវតែផ្តល់អាទិភាពដល់អត្ថប្រយោជន៍នៃគ្រួសាររបស់ព្រះជាម្ចាស់ជាមុន ដោយមិនមានសេចក្តីលោភលន់ចំពោះផលចំណេញផ្ទាល់ខ្លួន ដោយមិនធ្វើអ្វីមួយអាត្មានិយម ឬគួរឱ្យស្អប់ ដោយឆ្លុះបញ្ចាំងពីខ្លួនឯងឱ្យបានញឹកញាប់។ ធ្វើបែបនេះ អ្នកនឹងអាចរស់នៅចំពោះព្រះជាម្ចាស់ជាញឹកញាប់ ហើយទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ក៏នឹងក្លាយជាធម្មតាទាំងស្រុងដែរ។
ក្នុងគ្រប់ការដែលអ្នករាល់គ្នាធ្វើ អ្នកត្រូវតែពិនិត្យមើលថាតើអ្នកមានចេតនាត្រឹមត្រូវដែរឬទេ? បើសិនជាអ្នកអាចប្រតិបត្តិតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ នោះទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់គឺបានជាធម្មតា។ នេះគឺជាបទដ្ឋានជាអប្បបរមា។ ចូរក្រឡេកមើលពីចេតនារបស់អ្នករាល់គ្នា ហើយបើសិនជាអ្នករកឃើញថា ចេតនាមិនត្រឹមត្រូវបានកកើតឡើងនោះ ចូរអ្នកបដិសេធវា ព្រមទាំងប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ធ្វើដូច្នេះ អ្នករាល់គ្នានឹងបានប្រែជាមនុស្សម្នាក់ដែលត្រឹមត្រូវនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ដែលបង្ហាញថាទំនាក់ទំនងរបស់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់បានត្រលប់ជាធម្មតា ហើយថាគ្រប់ការដែលអ្នកធ្វើគឺសម្រាប់ជាប្រយោជន៍របស់ព្រះជាម្ចាស់ មិនមែនសម្រាប់ខ្លួនអ្នកនោះទេ។ ក្នុងគ្រប់ការដែលអ្នកធ្វើ និងគ្រប់ការដែលអ្នកនិយាយ ចូររៀបចំចិត្តអ្នកឱ្យបានត្រឹមត្រូវ និងបានសុចរិតក្នុងគ្រប់សកម្មភាពរបស់អ្នក ព្រមទាំងមិនត្រូវបណ្ដោយតាមអារម្មណ៍របស់អ្នក ឬប្រព្រឹត្តតាមទំនើងចិត្តរបស់ខ្លួននោះដែរ។ ទាំងនេះគឺជាគោលការណ៍ដែលអ្នកជឿគ្រប់រូបក្នុងព្រះជាម្ចាស់ត្រូវតែប្រតិបត្តិខ្លួន។ ចំណុចតូចៗ អាចបង្ហាញពីចេតនា និងកិត្តិយសរបស់បុគ្គលម្នាក់ ដូច្នេះហើយ ដើម្បីឱ្យបុគ្គលម្នាក់នោះ អាចចូលក្នុងផ្លូវនៃការដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍ ដំបូងឡើយពួកគេត្រូវតែកែតម្រង់ចេតនា និងទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់ជាមុនសិន។ ទាល់តែដែលទំនាក់ទំនងរបស់់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់ធម្មតានោះ ទើបអ្នកអាចត្រូវបានព្រះអង្គប្រោសឱ្យបានគ្រប់លក្ខណ៍ ទាល់តែដល់ពេលនោះទើបការដោះស្រាយ ការលួសកាត់ ការប្រៀនប្រដៅ និងការបន្សុទ្ធរបស់ព្រះជាម្ចាស់សម្រេចបាននូវប្រសិទ្ធភាពរបស់ពួកវាតាមបំណងក្នុងខ្លួនអ្នករាល់គ្នា។ ការនេះអាចនិយាយបានថា បើសិនជាមនុស្សលោកអាចរក្សាព្រះជាម្ចាស់ក្នុងចិត្តរបស់ពួកគេបាន និងមិនចង់បាននូវផលចំណេញផ្ទាល់ខ្លួន ឬគិតគូរតែពីអនាគតរបស់ខ្លួន (ក្នុងផ្នត់គំនិតខាងសាច់ឈាម) តែផ្ទុយទៅវិញ ចូរទ្រាំទ្រនូវបន្ទុកនៃការចូលមកក្នុងជីវិត ខិតខំឱ្យអស់ពីលទ្ធភាពដើម្បីដេញតាមសេចក្តីពិត និងចុះចូលចំពោះកិច្ចការរបស់ព្រះជាម្ចាស់ ប្រសិនជាអ្នកអាចប្រតិបត្តិការនេះបាន នោះគោលដៅនានា ដែលអ្នកឆ្ពោះទៅរកនោះនឹងបានជាការត្រឹមត្រូវ ហើយទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់នឹងប្រែក្លាយជាធម្មតា។ ការធ្វើឱ្យទំនាក់ទំនងរបស់មនុស្សម្នាក់បានត្រឹមត្រូវជាមួយព្រះជាម្ចាស់ អាចត្រូវបានហៅថា ជាជំហានដំបូងនៃការចូលទៅក្នុងការធ្វើដំណើរខាងព្រលឹងវិញ្ញាណរបស់មនុស្សម្នាក់នោះ។ បើទោះបីជាវាសនារបស់មនុស្សស្ថិតក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ក៏ដោយ និងត្រូវបានកំណត់ទុកជាមុនដោយព្រះជាម្ចាស់ក្តី ព្រមទាំងមិនអាចត្រូវបានផ្លាស់ប្តូរដោយមនុស្សបាន ការដែលអ្នកអាចត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍ ឬទ្រង់អាចទទួលអ្នកបានឬក៏អត់ អាស្រ័យលើថាតើទំនាក់ទំនងរបស់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់ មានលក្ខណៈធម្មតាឫទេ។ ប្រហែលជាមានផ្នែកខ្លះនៃអ្នករាល់គ្នាដែលខ្សោយ ឬមិនស្តាប់បង្គាប់ ប៉ុន្តែនៅល្គឹកណាផ្នត់គំនិត និងចេតនារបស់អ្នកត្រឹមត្រូវ និងនៅល្គឹកណាទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ត្រឹមត្រូវ និងធម្មតា នោះអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីអាចត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍។ បើសិនជាអ្នករាល់គ្នាមិនមានទំនាក់ទំនងត្រឹមត្រូវជាមួយព្រះជាម្ចាស់ទេនោះ ហើយព្រមទាំងប្រតិបត្តិសម្រាប់តែផលប្រយោជន៍ខាងសាច់ឈាម ឬសម្រាប់គ្រួសាររបស់អ្នក បើទោះបីអ្នកខំប្រឹងប្រែងយ៉ាងណាក៏ដោយ នោះវានឹងមិនកើតផលផ្លែនោះទេ។ បើទំនាក់ទំនងរបស់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់មានជាធម្មតា នោះគ្រប់ការដទៃទៀតនឹងបានសម្រេចជាមិនខាន។ ព្រះជាម្ចាស់មិនទតមើលលើអ្វីផ្សេងទៀតនោះទេ ក្រៅតែពីថាតើផ្នត់គំនិតរបស់អ្នកស្ថិតក្នុងសេចក្តីជំនឿលើព្រះជាម្ចាស់របស់អ្នករាល់គ្នាត្រឹមត្រូវ ឬមិនត្រឹមត្រូវៈ អ្នករាល់គ្នាជឿលើអ្នកណា អ្នករាល់គ្នាជឿសម្រាប់ជាប្រយោជន៍របស់អ្នកណា និងហេតុអ្វីបានជាអ្នករាល់គ្នាជឿ។ បើសិនជាអ្នករាល់គ្នាអាចមើលឃើញការទាំងនេះបានច្បាស់លាស់ និងប្រតិបត្តិជាមួយនឹងផ្នត់គំនិតដែលបង្ហាញបានយ៉ាងត្រឹមត្រូវ នោះអ្នកនឹងអាចធ្វើឱ្យមានការរីកចម្រើនក្នុងជីវិតរបស់អ្នករាល់គ្នា ព្រមទាំងបានធានាផងដែរថានឹងបានចូលក្នុងផ្លូវដែលត្រឹមត្រូវ។ បើសិនជាទំនាក់ទំនងរបស់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់មិនមានជាលក្ខណៈធម្មតាទេនោះ ហើយផ្នត់គំនិតនៃជំនឿរបស់អ្នកលើព្រះជាម្ចាស់វៀចវេ នោះការដទៃទៀតក៏ឥតប្រយោជន៍ដែរ ហើយបើទោះជាអ្នកប្រឹងជឿប៉ុនណាក៏ដោយ អ្នកនឹងមិនទទួលបានអ្វីនោះទេ។ ទាល់តែពេលដែលទំនាក់ទំនងរបស់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់ប្រែជាធម្មតាប៉ុណ្ណោះ ទើបអ្នកនឹងទទួលបានការកោតសរសើរពីទ្រង់ គឺនៅពេលអ្នកបោះបង់ចោលសាច់ឈាម បែរមកអធិស្ឋាន រងទុក្ខ ទ្រាំទ្រ ចុះចូល ជួយបងប្អូនប្រុសស្រី ចំណាយរបស់ផងនៃខ្លួនអ្នកបន្ថែមទៀតសម្រាប់ព្រះជាម្ចាស់ ។ល។ អ្វីដែលអ្នកធ្វើមានតម្លៃ និងមានសារៈសំខាន់ឬអត់ វាអាស្រ័យលើថាតើចេតនានិងផ្នត់គំនិតរបស់អ្នករាល់គ្នាត្រឹមត្រូវឬអត់? នាពេលសព្វថ្ងៃនេះ មានមនុស្សជាច្រើនជឿលើព្រះជាម្ចាស់ ប្រៀបដូចជាពួកគេផ្អៀងក្បាលពួកគេមកមើលនាឡិកាអ៊ីចឹង ផ្នត់គំនិតរបស់ពួកគេត្រូវបានបង្ខូច ហើយពួកគេត្រូវតែតម្រង់ឱ្យបានត្រឹមត្រូវវិញដោយការផ្លាស់ប្តូរដ៏ធំណាមួយ។ បើសិនជាបញ្ហានេះត្រូវបានដោះស្រាយ គ្រប់យ៉ាងនឹងបានប្រសើរឡើង បើមិនដូច្នោះទេ គ្រប់យ៉ាងនឹងប្រែជាអសារឥតការ។ មនុស្សខ្លះមានអាកប្បកិរិយាត្រឹមត្រូវពេលមាន វត្តមានរបស់ខ្ញុំ ប៉ុន្តែនៅពីក្រោយខ្នងខ្ញុំ អ្វីទាំងអស់ដែលពួកគេធ្វើគឺទាស់នឹងខ្ញុំ។ នេះជាការបង្ហាញអំពីសេចក្តីទុច្ចរិត និងសេចក្តីបោកបញ្ឆោត ហើយមនុស្សប្រភេទនេះគឺជាបាវបម្រើរបស់សាតាំង ពួកគេគឺជាតំណាងមួយប្រភេទរបស់សាតាំងដែលមកដើម្បីសាកល្បងព្រះជាម្ចាស់។ អ្នកជាមនុស្សត្រឹមត្រូវម្នាក់ បើសិនជាអ្នករាល់គ្នាអាចចុះចូលនឹងកិច្ចការ និងព្រះបន្ទូលរបស់ខ្ញុំ។ នៅល្គឹកណាដែលអ្នករាល់គ្នាអាចហូបនិងផឹកព្រះបន្ទូលរបស់ព្រះ នៅល្គឹកណាគ្រប់អ្វីដែលអ្នកធ្វើគឺគាប់ព្រះហឫទ័យនៅចំពោះព្រះជាម្ចាស់ ហើយអ្នកប្រព្រឹត្តខ្លួនដោយទៀងត្រង់ និងគួរឱ្យកោតសរសើរក្នុងគ្រប់ការដែលអ្នកធ្វើ នៅល្គឹកណាដែលអ្នកមិនប្រព្រឹត្តសេចក្តីដែលគួរអៀនខ្មាស ឬការដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតអ្នកដទៃ និងនៅល្គឹកណាអ្នករស់នៅក្នុងពន្លឺ និងមិនអនុញ្ញាតឱ្យខ្លួនរបស់អ្នកត្រូវបានសាតាំងប្រើប្រាស់ទេនោះ នោះទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់គឺបានរៀបរយ។
ការជឿលើព្រះជាម្ចាស់តម្រូវឱ្យអ្នកដាក់ចេតនា និងផ្នត់គំនិតរបស់អ្នកឱ្យបានរៀបរយ អ្នកត្រូវតែមានការយល់ដឹងដែលត្រឹមត្រូវ និងវិធីត្រឹមត្រូវក្នុងការប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ គ្រប់បរិយាកាសដែលព្រះជាម្ចាស់រៀបចំ មនុស្សដែលព្រះជាម្ចាស់ធ្វើទីបន្ទាល់អំពីនោះ និងព្រះជាម្ចាស់ដ៏ជាក់ស្ដែង។ អ្នកមិនត្រូវប្រព្រឹត្តតាមគំនិតរបស់ខ្លួន ឬបង្កើតគម្រោងការណាមួយដោយខ្លួនឯងនោះទេ។ ទោះអ្នកធ្វើអ្វីក៏ដោយ អ្នកត្រូវតែស្វែងរកសេចក្តីពិត ហើយក្នុងឋានៈជាមនុស្សដែលត្រូវបានបង្កើតមក ចូរចុះចូលចំពោះកិច្ចការទាំងអស់របស់ព្រះជាម្ចាស់។ បើសិនជាអ្នកប្រាថ្នាចង់បានការត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍ ព្រមទាំងបានចូលក្នុងផ្លូវជីវិតត្រឹមត្រូវ នោះចិត្តរបស់អ្នករាល់គ្នាត្រូវតែរស់នៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់។ ចូរកុំឱ្យប្រព្រឹត្តខុសគន្លងត្រឹមត្រូវ កុំតាមសាតាំង កុំអនុញ្ញាតឱ្យសាតាំងមានឱកាសក្នុងការធ្វើការរបស់វា និងកុំអនុញ្ញាតឱ្យសាតាំងប្រើប្រាស់អ្នករាល់គ្នាឱ្យសោះ។ អ្នកត្រូវតែថ្វាយខ្លួនរបស់អ្នកដល់ព្រះជាម្ចាស់ទាំងស្រុង និងអនុញ្ញាតឱ្យព្រះជាម្ចាស់គ្រប់គ្រង់លើអ្នករាល់គ្នា។
តើអ្នកសុខចិត្តធ្វើជាអ្នកបម្រើរបស់សាតាំងឬទេ? តើអ្នកសុខចិត្តឱ្យសាតាំងកេងប្រវ័ញ្ចអ្នកឬទេ? តើអ្នកជឿលើព្រះជាម្ចាស់ ហើយស្វែងរកទ្រង់ដើម្បីឱ្យអ្នកអាចត្រូវបានទ្រង់ប្រោសឱ្យគ្រប់លក្ខណ៍ ឬដើម្បីឱ្យអ្នកក្លាយជាវត្ថុឆ្លុះបញ្ចាំងសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់ឬទេ? តើអ្នកចង់បានជីវិតដ៏មានន័យ ដែលព្រះជាម្ចាស់ទទួលយកអ្នក ឬចង់រស់នៅក្នុងជីវិតដែលទទេសូន្យ និងគ្មានតម្លៃ? តើអ្នកចង់ឱ្យព្រះជាម្ចាស់ប្រើប្រាស់ ឬចង់ឱ្យសាតាំងកេងប្រវ័ញ្ច? តើអ្នកចង់ឱ្យព្រះបន្ទូលនិងសេចក្ដីពិតរបស់ព្រះជាម្ចាស់បំពេញអ្នក ឬចង់ឱ្យអំពើបាបនិងសាតាំងបំពេញអ្នក? ចូរពិចារណាអំពីរឿងទាំងនេះប្រកបដោយភាពប្រុងប្រយ័ត្នចុះ។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក អ្នកត្រូវតែយល់អំពីពាក្យសម្តីដែលអ្នកនិយាយ និងអ្វីដែលអ្នកធ្វើ ដែលអាចបង្កឱ្យមានភាពមិនប្រក្រតីនៅក្នុងទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ នោះទើបអ្នកកែតម្រូវខ្លួនដើម្បីចូលទៅក្នុងឥរិយាបថដ៏ត្រឹមត្រូវ។ រាល់ពេលទាំងអស់ ចូរត្រួតពិនិត្យពាក្យសម្ដីរបស់អ្នក សកម្មភាពរបស់អ្នក ចលនានីមួយៗរបស់អ្នក ព្រមទាំងគំនិត និងយោបល់ទាំងអស់របស់អ្នក។ ចូរទទួលយកការយល់ឃើញដ៏សមស្របមួយ នៃសភាពពិតរបស់អ្នក ហើយចូលទៅក្នុងវិធីនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នេះគឺជាវិធីតែមួយគត់ ដើម្បីឱ្យមានទំនាក់ទំនងជាប្រក្រតីជាមួយព្រះជាម្ចាស់។ តាមរយៈការវាយតម្លៃ ថាតើទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់មានសភាពប្រក្រតីឬអត់ នោះអ្នកនឹងអាចកែតម្រូវគោលបំណងរបស់អ្នក យល់ពីសារជាតិពីធម្មជាតិ និងសារជាតិរបស់មនុស្ស និងយល់ពីខ្លួនឯងយ៉ាងពិតប្រាកដ ហើយការធ្វើដូច្នោះ នោះអ្នកនឹងអាចចូលទៅក្នុងបទពិសោធដ៏ពិត បោះបង់ខ្លួនឯងនៅក្នុងរបៀបពិត ហើយចុះចូលដោយចេតនា។ ស្របពេលដែលអ្នកមានបទពិសោធពាក់ព័ន្ធទៅនឹងថាតើទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់មានសភាពប្រក្រតីឬអត់ នោះអ្នកនឹងរកឃើញឱកាសដើម្បីឱ្យព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍ និងអាចយល់ពីសភាពជាច្រើននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អ្នកក៏នឹងអាចមើលធ្លុះល្បិចកលជាច្រើនរបស់សាតាំង និងអាចដឹងពីអំពើទុច្ចរិតរបស់វាផងដែរ។ មានតែផ្លូវនេះទេ ដែលដឹកនាំទៅកាន់ការត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍។ អ្នកកែតម្រូវទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ នោះអ្នកអាចចុះចូលចំពោះការរៀបចំរបស់ទ្រង់ទាំងស្រុង ហើយអ្នកក៏អាចចូលកាន់តែជ្រៅផងដែរទៅក្នុងបទពិសោធជាក់ស្ដែង ព្រមទាំងទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធកាន់តែច្រើនផងដែរ។ នៅពេលដែលអ្នកអនុវត្តការមានទំនាក់ទំនងជាប្រក្រតីជាមួយព្រះជាម្ចាស់ ភាគច្រើន ភាពជោគជ័យនឹងត្រូវបានសម្រេចដោយការបោះបង់ចោលសាច់ឈាម និងតាមរយៈការសហការដ៏ពិតជាមួយព្រះជាម្ចាស់។ អ្នកគួរតែយល់ថា «បើគ្មានចិត្តប្រកបដោយការសហការទេ វាពិបាកក្នុងការទទួលបានកិច្ចការរបស់ព្រះជាម្ចាស់ណាស់។ ប្រសិនបើសាច់ឈាមមិនទទួលការរងទុក្ខទេ នោះនឹងគ្មានព្រះពរពីព្រះជាម្ចាស់ឡើយ។ ប្រសិនបើវិញ្ញាណមិនតស៊ូទេ នោះសាតាំងនឹងមិនត្រូវបានធ្វើឱ្យអាម៉ាស់ឡើយ»។ ប្រសិនបើអ្នកអនុវត្តគោលការណ៍ទាំងនេះ ហើយយល់អំពីពួកវាយ៉ាងលម្អិត នោះការយល់ឃើញនៃជំនឿរបស់អ្នកលើព្រះជាម្ចាស់ នឹងត្រូវបានកែតម្រូវ។ នៅក្នុងការអនុវត្តរបស់អ្នករាល់គ្នានាពេលបច្ចុប្បន្ន អ្នកត្រូវតែបដិសេធគំនិតនៃ «ការស្វែងរកនំប៉័ងដើម្បីបំពេញការអត់ឃ្លាន»។ អ្នកត្រូវតែបដិសេធគំនិតនៃ «គ្រប់យ៉ាងត្រូវបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយមនុស្សមិនអាចអន្តរាគមន៍ឡើយ។» គ្រប់គ្នាដែលនិយាយដូច្នោះ គិតថា «មនុស្សអាចធ្វើអ្វីគ្រប់យ៉ាងដែលពួកគេចង់ធ្វើ ហើយនៅពេលដែលពេលវេលាមកដល់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើកិច្ចការរបស់ទ្រង់។ មនុស្សមិនចាំបាច់ឃាត់ឃាំងសាច់ឈាម ឬសហការអ្វីឡើយ។ អ្វីដែលសំខាន់បំផុតនោះគឺថា ពួកគេត្រូវបានព្រះវិញ្ញាណបរិសុទ្ធបណ្ដាលចិត្ត។» ការយល់ឃើញទាំងនេះ គឺមិនសមហេតុផលទាំងអស់។ ស្ថិតក្រោមស្ថានភាពបែបនេះ ព្រះវិញ្ញាណបរិសុទ្ធមិនអាចធ្វើកិច្ចការបានឡើយ។ គឺការយល់ឃើញប្រភេទនេះ ដែលរាំងស្ទះយ៉ាងខ្លាំងចំពោះកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ ជារឿយៗ កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ត្រូវទទួលបានតាមរយៈកិច្ចសហការរបស់មនុស្ស។ អ្នកដែលមិនសហការ ហើយមិនតាំងចិត្ត ប៉ុន្តែចង់សម្រេចបានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់ពួកគេ ហើយទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការបំភ្លឺ ព្រមទាំងការស្រាយបំភ្លឺពីព្រះជាម្ចាស់ ពិតណាស់គឺមានគំនិតរវើរវាយ។ នេះគេហៅថា «ការបណ្ដែតបណ្ដោយខ្លួន និងការលើកលែងទោសសាតាំង។» មនុស្សបែបនេះមិនមានទំនាក់ទំនងប្រក្រតីជាមួយព្រះជាម្ចាស់ឡើយ។ អ្នកគួរតែស្វែងរកការបើកសម្ដែង និងការបើកបង្ហាញជាច្រើននៃនិស្ស័យបែបសាតាំងនៅក្នុងខ្លួនអ្នក ហើយស្វែងរកការអនុវត្តនានាដែលអ្នកមាន ដែលផ្ទុយនឹងអ្វីដែលព្រះជាម្ចាស់តម្រូវនៅពេលនេះ។ ពេលនេះ តើអ្នកនឹងបោះបង់ចោលសាតាំងដែរឬទេ? អ្នកគួរតែទទួលយកទំនាក់ទំនងប្រក្រតីជាមួយព្រះជាម្ចាស់ ធ្វើសកម្មភាពដោយផ្អែកលើបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយក្លាយជាមនុស្សថ្មីម្នាក់ជាមួយនឹងជីវិតថ្មីមួយ។ ចូរកុំរស់នៅក្នុងការប្រព្រឹត្តខុសឆ្គងកាលពីអតីតកាលឡើយ។ ចូរកុំស្ដាយក្រោយជ្រុលហួសហេតុពេក។ ត្រូវតែអាចក្រោកឈរឡើង ហើយសហការជាមួយព្រះជាម្ចាស់ ព្រមទាំងបំពេញភារកិច្ចណាដែលអ្នកត្រូវបំពេញ។ ធ្វើតាមរបៀបនេះ ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់នឹងក្លាយជាប្រក្រតី។
ប្រសិនបើបន្ទាប់ពីអានព្រះបន្ទូលនេះ អ្នកគ្រាន់តែអះអាងថាអ្នកទទួលព្រះបន្ទូលទាំងនេះប៉ុណ្ណោះ ប៉ុន្តែចិត្តរបស់អ្នកនៅមិនទាន់បានពាល់ចិត្តនៅឡើយ ហើយអ្នកមិនស្វះស្វែងធ្វើឱ្យទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់មានសភាពប្រក្រតីទេ នោះបញ្ជាក់ថា អ្នកមិនផ្ដល់សារៈសំខាន់លើទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ឡើយ។ វាបញ្ជាក់ថា ការយល់ឃើញរបស់អ្នកនៅមិនទាន់ត្រូវបានកែតម្រូវឡើយ ដោយបំណងរបស់អ្នកនៅមិនទាន់ត្រូវបានកំណត់ដើម្បីឱ្យព្រះជាម្ចាស់ទទួលយក និងនាំយកសិរីល្អថ្វាយទ្រង់នៅឡើយ ផ្ទុយទៅវិញ បំណងរបស់អ្នកត្រូវបានកំណត់ដើម្បីអនុញ្ញាតឱ្យអំពើទុច្ចរិតរបស់សាតាំងយកឈ្នះ និងដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួនរបស់អ្នក។ មនុស្សបែបនេះមានចេតនាខុសឆ្គង និងមានទស្សនៈមិនត្រឹមត្រូវឡើយ។ មិនថាអ្វីដែលព្រះជាម្ចាស់មានបន្ទូល ឬវិធីដែលទ្រង់មានបន្ទូលឡើយ មនុស្សបែបនេះនៅតែមិនអើពើទាល់តែសោះ ហើយមិនត្រូវបានផ្លាស់ប្ដូរសូម្បីតែបន្តិចឡើយ។ ចិត្តរបស់ពួកគេមិនកោតខ្លាច និងមិនអាម៉ាស់ឡើយ។ បុគ្គលបែបនេះ គឺជាមនុស្សភ្លើគ្មានវិញ្ញាណ។ ចូរអានព្រះសូរសៀងនីមួយៗ ហើយយកព្រះបន្ទូលនោះទៅអនុវត្ត ដរាបណាអ្នកយល់អំពីព្រះបន្ទូលទាំងនោះ។ ប្រហែលជាមានពេលដែលសាច់ឈាមរបស់អ្នកទន់ខ្សោយ ឬអ្នកមានសភាពបះបោរ ឬអ្នកទាស់ទទឹង។ មិនថាអ្នកបានប្រព្រឹត្តបែបណាកាលពីអតីតកាលឡើយ គឺវាមានលទ្ធផលតិចតួច ហើយវាមិនអាចរាំងស្ទះជីវិតរបស់អ្នកពីការមានភាពចាស់ទុំនៅពេលបច្ចុប្បន្ននេះឡើយ។ ដរាបណាអ្នកអាចមានទំនាក់ទំនងជាប្រក្រតីជាមួយព្រះជាម្ចាស់នៅពេលបច្ចុប្បន្ននេះ នោះនឹងមានសេចក្ដីសង្ឃឹម។ ប្រសិនបើមានការផ្លាស់ប្ដូរនៅក្នុងអ្នករាល់ពេលដែលអ្នកអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកដទៃអាចប្រាប់ថា ជីវិតរបស់អ្នកបានផ្លាស់ប្ដូរកាន់តែប្រសើរជាងមុន នោះវាបង្ហាញថា ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់នៅពេលនេះ គឺមានសភាពប្រក្រតី និងបញ្ជាក់ថា ទំនាក់ទំនងនោះត្រូវបានកែតម្រូវ។ ព្រះជាម្ចាស់មិនប្រព្រឹត្តចំពោះមនុស្សដោយផ្អែកលើការប្រព្រឹត្តខុសឆ្គងរបស់ពួកគេឡើយ។ នៅពេលដែលអ្នកបានយល់ និងបានដឹង ដរាបណាអ្នកអាចឈប់បះបោរ ឬឈប់ទាស់ទទឹង នោះព្រះជាម្ចាស់នឹងនៅតែមានសេចក្ដីមេត្តាករុណាចំពោះអ្នក។ នៅពេលដែលអ្នកមានការយល់ដឹង និងតាំងចិត្តដើម្បីស្វះស្វែងឱ្យព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍ នោះសភាពរបស់អ្នកនៅក្នុងវត្តមានរបស់ព្រះជាម្ចាស់ នឹងក្លាយជាប្រក្រតី។ មិនថាអ្វីដែលអ្នកកំពុងធ្វើឡើយ ចូរពិចារណាដូចខាងក្រោម នៅពេលដែលអ្នកកំពុងធ្វើវា៖ តើព្រះជាម្ចាស់នឹងមានព្រះតម្រិះដូចម្ដេចនៅពេលដែលខ្ញុំធ្វើរឿងនេះ? តើវានឹងផ្ដល់ប្រយោជន៍ដល់បងប្អូនប្រុសស្រីរបស់ខ្ញុំឬទេ? តើវានឹងមានប្រយោជន៍ដល់កិច្ចការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឬទេ? មិនថានៅក្នុងការអធិស្ឋាន ការប្រកបគ្នា ការនិយាយស្ដី នៅក្នុងកិច្ចការ ឬនៅក្នុងទំនាក់ទំនងជាមួយអ្នកដទៃឡើយ ចូរពិនិត្យមើលចេតនារបស់អ្នក ហើយត្រួតពិនិត្យថា តើទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់មានសភាពប្រក្រតីឬអត់។ ប្រសិនបើអ្នកមិនអាចយល់ពីចេតនា និងគំនិតផ្ទាល់ខ្លួនរបស់អ្នកទេ នោះនេះមានន័យថា អ្នកខ្វះការស្គាល់ខុសស្គាល់ត្រូវ ដែលបញ្ជាក់ថា អ្នកយល់បានតិចតួចអំពីសេចក្ដីពិត។ ប្រសិនបើអ្នកអាចយល់យ៉ាងច្បាស់ អំពីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ និងអាចយល់អ្វីៗតាមរយៈកែវឆ្លុះនៃព្រះបន្ទូលរបស់ទ្រង់ ដោយការឈរនៅខាងទ្រង់ នោះការយល់ឃើញរបស់អ្នកនឹងត្រឹមត្រូវ។ ដូច្នេះហើយ ការបង្កើតទំនាក់ទំនងដ៏ល្អជាមួយព្រះជាម្ចាស់ គឺមានសារៈសំខាន់បំផុតចំពោះអ្នកដែលជឿលើព្រះជាម្ចាស់។ គ្រប់គ្នាគួរតែចាត់ទុកការបង្កើតទំនាក់ទំនងជាមួយព្រះជាម្ចាស់ ជាកិច្ចការដ៏មានសារៈសំខាន់បំផុត និងជាព្រិត្តិការណ៍ដ៏ធំបំផុតនៅក្នុងជីវិតរបស់ពួកគេ។ គ្រប់យ៉ាងដែលអ្នកធ្វើ គឺត្រូវបានវាស់ស្ទង់តាមរយៈថាតើអ្នកមានទំនាក់ទំនងជាប្រក្រតីជាមួយព្រះជាម្ចាស់ឬអត់។ ប្រសិនបើទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់មានសភាពប្រក្រតី ហើយចេតនារបស់អ្នកមានសភាពត្រឹមត្រូវ នោះចូរធ្វើសកម្មភាពចុះ។ ដើម្បីរក្សាទំនាក់ទំនងជាប្រក្រតីជាមួយព្រះជាម្ចាស់ អ្នកមិនត្រូវខ្លាចការទទួលរងទុក្ខដោយការបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកឡើយ។ អ្នកមិនអាចអនុញ្ញាតឱ្យសាតាំងមានជ័យជម្នះ អ្នកមិនអាចអនុញ្ញាតឱ្យសាតាំងកាន់កាប់អ្នក ហើយអ្នកមិនអាចឱ្យសាតាំងធ្វើឱ្យអ្នកក្លាយជាមនុស្សឡប់ឡើយ។ ការមានចេតនាបែបនេះ គឺជាសញ្ញាបញ្ជាក់ថា ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់មានសភាពប្រក្រតី ដោយមិនមែនដើម្បីប្រយោជន៍សាច់ឈាមឡើយ ផ្ទុយទៅវិញ គឺដើម្បីសន្ដិភាពនៃវិញ្ញាណ ដើម្បីទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ និងដើម្បីបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដើម្បីចូលទៅក្នុងសភាពដ៏ត្រឹមត្រូវ អ្នកត្រូវតែបង្កើតទំនាក់ទំនងដ៏ល្អជាមួយព្រះជាម្ចាស់ ហើយកែតម្រូវការយល់ឃើញនៃជំនឿរបស់អ្នកលើព្រះជាម្ចាស់។ ការនេះគឺដើម្បីឱ្យព្រះជាម្ចាស់អាចទទួលយកអ្នក និងដើម្បីឱ្យទ្រង់អាចបើកបង្ហាញផលផ្លែនៃព្រះបន្ទូលរបស់ទ្រង់នៅក្នុងអ្នក ព្រមទាំងបំភ្លឺនិងស្រាយបំភ្លឺអ្នកកាន់តែច្រើនជាងមុន។ នៅក្នុងវិធីនេះ អ្នកនឹងបានចូលទៅក្នុងវិធីដ៏ត្រឹមត្រូវ។ ចូរបន្តហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ ចូរចូលទៅក្នុងវិធីនៃការធ្វើកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ ចូរធ្វើសកម្មភាពដោយផ្អែកលើការទាមទារនាពេលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ចូរកុំសង្កេតមើលអំពីវិធីសាស្រ្ដនៃការអនុវត្តដែលហួសសម័យ ចូរកុំតោងជាប់នឹងវិធីធ្វើអ្វីៗដែលចាស់គំរិល និងចូលទៅក្នុងវិធីធ្វើកិច្ចការនៃពេលបច្ចុប្បន្នឱ្យបានឆាប់តាមតែអាចធ្វើទៅបាន។ ដូច្នេះ ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ នឹងក្លាយជាប្រក្រតីទាំងស្រុង ហើយអ្នកនឹងបានចាប់ផ្ដើមនៅលើផ្លូវដ៏ត្រឹមត្រូវនៃជំនឿលើព្រះជាម្ចាស់។