រាជ្យមួយពាន់ឆ្នាំបានមកដល់ហើយ

តើអ្នករាល់គ្នាធ្លាប់បានឃើញកិច្ចការអ្វីខ្លះដែលព្រះជាម្ចាស់នឹងសម្រេចនៅក្នុងក្រុមមនុស្សនេះទេ? ព្រះជាម្ចាស់បានមានបន្ទូលថា ទោះនៅក្នុងរាជ្យមួយពាន់ឆ្នាំក៏ដោយ ក៏មនុស្សត្រូវបន្តដើរតាមព្រះសូរសៀងរបស់ទ្រង់ជាដរាបតទៅដែរ ហើយនៅពេលអនាគត ព្រះសូរសៀងរបស់ព្រះជាម្ចាស់នឹងនៅតែដឹកនាំជីវិតមនុស្សដោយផ្ទាល់នៅក្នុងទឹកដីដ៏មានជីជាតិនៃស្រុកកាណានដដែល។ នៅពេលម៉ូសេស្ថិតនៅទីរហោស្ថាន ព្រះជាម្ចាស់បានណែនាំ និងមានព្រះបន្ទូលទៅកាន់គាត់ដោយផ្ទាល់។ ព្រះជាម្ចាស់បានប្រទានអាហារ ទឹក និងនំម៉ាណាមកពីស្ថានសួគ៌ឱ្យមនុស្សបានបរិភោគ ហើយសព្វថ្ងៃនេះ ក៏នៅតែបែបនេះដដែល៖ ព្រះជាម្ចាស់បានប្រទានគ្រឿងបរិភោគ និងភេសជ្ជៈដល់មនុស្សឱ្យបានទទួលទាន ហើយទ្រង់បានដាក់បណ្ដាសាដោយផ្ទាល់ ដើម្បីវាយផ្ចាលមនុស្ស។ ហេតុនេះ គ្រប់ជំហាននៃកិច្ចការរបស់ទ្រង់ គឺព្រះជាម្ចាស់ជាអ្នកបំពេញដោយផ្ទាល់។ សព្វថ្ងៃនេះ មនុស្សស្វែងរកហេតុការណ៍ដែលកើតឡើង ពួកគេស្វែងរកទីសម្គាល់និងការអស្ចារ្យ ហើយមនុស្សបែបនេះទំនងជាត្រូវបោះបង់ចោលមិនខាន ដ្បិតកិច្ចការរបស់ព្រះជាម្ចាស់កាន់តែជាក់ស្ដែងឡើងៗ។ គ្មាននរណាម្នាក់បានដឹងថា ព្រះជាម្ចាស់បានយាងចុះពីស្ថានសួគ៌ឡើយ ហើយពួកគេក៏ពុំបានដឹងថា ព្រះជាម្ចាស់បានប្រទានអាហារ និងថ្នាំប៉ូវពីស្ថានសួគ៌ដែរ។ តែព្រះជាម្ចាស់មានពិតប្រាកដ ហើយទិដ្ឋភាពដ៏សែនរំភើបនៃរាជ្យមួយពាន់ឆ្នាំដែលមនុស្សស្រមើស្រមៃនោះ ក៏ជាព្រះសូរសៀងផ្ទាល់របស់ព្រះជាម្ចាស់ដែរ។ នេះគឺជាការពិត ហើយមានតែការពិតនេះទេ ដែលត្រូវបានហៅថាជាការសោយរាជ្យជាមួយនឹងព្រះជាម្ចាស់នៅលើផែនដី។ ការសោយរាជ្យជាមួយព្រះជាម្ចាស់នៅលើផែនដី សំដៅទៅលើសាច់ឈាម។ សាច់ឈាមនោះ គឺមិនមែនជាសាច់ឈាមដែលគ្មានវត្តមាននៅលើផែនដីទេ ហេតុនេះហើយ អស់អ្នកណាដែលគិតតែចង់ទៅឋានសួគ៌ជាន់ទីបីនោះ ក៏ធ្វើបែបនេះទាំងអសារឥតការ។ ថ្ងៃមួយ នៅពេលដែលសកលលោកទាំងមូលត្រឡប់ទៅរកព្រះជាម្ចាស់វិញ កិច្ចការស្នូលរបស់ទ្រង់នៅក្នុងចក្រវាឡនេះ នឹងដើរតាមព្រះសូរសៀងរបស់ទ្រង់។ នៅទីកន្លែងផ្សេងទៀត អ្នកខ្លះនឹងប្រើទូរសព្ទ អ្នកខ្លះនឹងជិះយន្តហោះ អ្នកខ្លះនឹងជិះទូកឆ្លងសមុទ្រ ហើយអ្នកខ្លះទៀតនឹងប្រើកាំរស្មីឡាស៊ែរ ដើម្បីទទួលបានព្រះសូរសៀងរបស់ព្រះជាម្ចាស់។ មនុស្សគ្រប់គ្នានឹងគោរពសរសើរ និងស្រេកឃ្លានចង់បានទ្រង់ ពួកគេគ្រប់គ្នានឹងមកជិតព្រះជាម្ចាស់ រួចប្រមូលផ្ដុំគ្នាទៅរកព្រះជាម្ចាស់ ហើយគ្រប់គ្នានឹងថ្វាយបង្គំព្រះជាម្ចាស់។ ទាំងអស់នេះនឹងក្លាយជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់។ ចូរចងចាំរឿងនេះ! ព្រះជាម្ចាស់ច្បាស់ជាមិនចាប់ផ្ដើមជាថ្មីនៅទីកន្លែងផ្សេងទៀតឡើយ។ ព្រះជាម្ចាស់នឹងសម្រេចការពិតនេះ៖ ទ្រង់នឹងធ្វើឱ្យមនុស្សទាំងអស់នៅទូទាំងសកលលោកនេះមកនៅចំពោះទ្រង់ និងថ្វាយបង្គំព្រះជាម្ចាស់នៅលើផែនដី ហើយកិច្ចការរបស់ទ្រង់នៅទីកន្លែងផ្សេងទៀតនឹងត្រូវបញ្ឈប់ ហើយមនុស្សនឹងត្រូវបង្ខំឱ្យស្វែងរកផ្លូវពិត។ រឿងនេះនឹងដូចយ៉ូសែបដែរ៖ មនុស្សគ្រប់គ្នាបានមករកគាត់ដើម្បីទទួលបានអាហារ ហើយឱនក្បាលគោរពគាត់ ដ្បិតគាត់មានគ្រឿងបរិភោគ។ ដើម្បីគេចពីការអត់ឃ្លាន មនុស្សនឹងត្រូវបង្ខំចិត្តមកស្វែងរកផ្លូវពិត។ សហគមន៍សាសនាទាំងមូល នឹងរងទុក្ខដោយសារគ្រោះអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ហើយមានតែព្រះជាម្ចាស់ក្នុងពេលសព្វថ្ងៃនេះប៉ុណ្ណោះ ជាប្រភពទឹករស់ ដែលមានប្រភពទឹកមិនចេះរីងស្ងួត ដែលផ្តល់ឱ្យមនុស្សបានប្រើប្រាស់ ទទួលទាន ហើយមនុស្សនឹងមករកទ្រង់ និងពឹងផ្អែកលើទ្រង់។ ពេលនោះនឹងក្លាយជាពេលវេលាដែលស្នាព្រះហស្ដរបស់ព្រះជាម្ចាស់ ត្រូវបានបង្ហាញឱ្យឃើញ ហើយព្រះជាម្ចាស់នឹងទទួលបានសិរីល្អ។ មនុស្សគ្រប់គ្នានៅទូទាំងសកលលោកទាំងមូល នឹងថ្វាយបង្គំ «មនុស្ស» សាមញ្ញនេះ។ តើនេះនឹងមិនមែនជាថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់ទេឬ? ថ្ងៃមួយ គ្រូគង្វាលចាស់ៗ នឹងផ្ញើទូរសារមកសុំទឹកពីប្រភពទឹករស់។ ពួកគេនឹងក្លាយជាមនុស្សចាស់ តែបែរជាមកថ្វាយបង្គំបុគ្គលរូបនេះ ជាមនុស្សដែលពួកគេមើលងាយ។ ពួកគេនឹងទទួលស្គាល់ទ្រង់ដោយមាត់របស់ពួកគេ ហើយពួកគេនឹងជឿទ្រង់អស់ពីដួងចិត្តរបស់ពួកគេ។ តើនេះមិនមែនជាទីសម្គាល់ និងការអស្ចារ្យទេឬអី? នៅពេលដែលនគរទាំងមូលត្រេកអរសប្បាយ ថ្ងៃនោះគឺជាថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់ហើយ រីឯអស់អ្នកដែលមករកអ្នករាល់គ្នា ហើយទទួលបានដំណឹងល្អនៃព្រះជាម្ចាស់ នឹងទទួលបានព្រះពរពីព្រះជាម្ចាស់ ហើយប្រទេសនិងប្រជាជនដែលធ្វើបែបនេះ នឹងទទួលបានព្រះពរ និងព្រះទ័យទុកដាក់ពីព្រះជាម្ចាស់។ ទិសដៅទៅអនាគតនឹងមានលក្ខណៈដូចនេះ៖ អស់អ្នកដែលទទួលបានព្រះសូរសៀងពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ នឹងមានផ្លូវដើរនៅលើផែនដី ហើយមិនថាពួកគេជាអ្នកជំនួញ ឬអ្នកវិទ្យាសាស្រ្ត ឬអ្នកអប់រំ ឬឧស្សាហករទេ អ្នកដែលមិនទទួលបានព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងជួបការលំបាកក្នុងដំណើរនេះ សូម្បីតែមួយជំហានក៏ដោយ ហើយនឹងត្រូវបង្ខំឱ្យស្វែងរកផ្លូវពិតដែរ។ នេះគឺជាអត្ថន័យនៃពាក្យថា «បើមានសេចក្ដីពិត អ្នកនឹងដើរបានពេញពិភពលោក បើគ្មានសេចក្ដីពិតទេ អ្នកនឹងទៅណាមិនបានឡើយ»។ សេចក្តីពិតគឺបែបនេះឯង៖ ព្រះជាម្ចាស់នឹងប្រើផ្លូវ (សំដៅលើព្រះបន្ទូលទាំងអស់របស់ទ្រង់) ដើម្បីបង្គាប់សកលលោកទាំងមូល ព្រមទាំងគ្រប់គ្រង និងយកឈ្នះមនុស្ស។ មនុស្សតែងតែសង្ឃឹមទទួលបាននូវប្រយោជន៍យ៉ាងច្រើន តាមរយៈកិច្ចការដែលព្រះជាម្ចាស់បំពេញ។ និយាយឱ្យងាយយល់ គឺតាមរយៈព្រះបន្ទូលនេះហើយ ដែលព្រះជាម្ចាស់គ្រប់គ្រងលើមនុស្ស ហើយអ្នកត្រូវធ្វើតាមព្រះបន្ទូលរបស់ទ្រង់ ទោះបីជាអ្នកមិនចង់ក៏ដោយ។ នេះគឺជាការពិតឥតលម្អៀង ហើយមនុស្សគ្រប់គ្នាត្រូវតែគោរពតាម ហើយក៏ជាការពិតឥតប្រែប្រួល ហើយមនុស្សគ្រប់គ្នាក៏ត្រូវតែដឹងផងដែរ។

ព្រះវិញ្ញាណបរិសុទ្ធប្រទានអារម្មណ៍ដល់មនុស្ស។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច នៅក្នុងចិត្តរបស់មនុស្ស ពួកគេមានអារម្មណ៍ខ្ជាប់ខ្ជួន និងស្ងប់សុខ ហើយអស់អ្នកណាដែលមិនទទួលបានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏មានអារម្មណ៍ទទេស្អាត។ នេះគឺជាឫទ្ធានុភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សត្រូវតែអានព្រះបន្ទូល ហើយបន្ទាប់ពីអានរួច ពួកគេនឹងបានធំធាត់ ហើយពួកគេមិនអាចអត់ព្រះបន្ទូលបានទេ។ នេះគឺដូចជាពេលដែលមនុស្សជក់អាភៀនដែរ៖ វាជួយឱ្យពួកគេមានកម្លាំង ហើយពេលគ្មានអាភៀន ទើបពួកគេដឹងថា កម្លាំងត្រូវស្រូបទៅវិញអស់ ហើយពួកគេគ្មានកម្លាំងកំហែងសោះ។ នេះគឺជាទំនោររបស់ហ្វូងមនុស្សបច្ចុប្បន្ននេះ។ ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ធ្វើឱ្យមនុស្សមានកម្លាំង។ ប្រសិនបើពួកគេពុំអានព្រះបន្ទូលទេ ពួកគេមានអារម្មណ៍ថា គ្មានកម្លាំងកំហែង ប៉ុន្តែបន្ទាប់ពីបានអានព្រះបន្ទូលរួច ពួកគេក៏ក្រោកចេញពី «គ្រែសម្រាប់អ្នកជំងឺ» ភ្លាមៗ។ នេះគឺជាការព្រះបន្ទូលរបស់ព្រះជាម្ចាស់មានអំណាចលើផែនដី និងជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់នៅលើផែនដី។ មនុស្សខ្លះចង់ចាកចេញ ឬមានការមិនពេញចិត្តនឹងកិច្ចការរបស់ព្រះជាម្ចាស់។ ទោះបីជាបែបនេះក្តី ពួកគេមិនអាចផ្ដាច់ខ្លួនចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។ មិនថាពួកគេខ្សោយកម្រិតណានោះទេ ពួកគេនៅតែត្រូវពឹងផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីអាចរស់បាន ហើយមិនថាពួកគេរឹងទទឹងប៉ុនណានោះទេ ពួកគេនៅតែមិនហ៊ានបោះបង់ចោលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដដែល។ នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញឥទ្ធិឫទ្ធិដ៏ពិតប្រាកដហើយ នោះគឺជាពេលដែលព្រះជាម្ចាស់គ្រប់គ្រង និងប្រើប្រាស់ឫទ្ធានុភាពហើយ។ ទ្រង់បំពេញកិច្ចការដោយរបៀបនេះឯង។ ចុងក្រោយ ព្រះជាម្ចាស់បំពេញកិច្ចការដោយមធ្យោបាយបែបនេះ ហើយគ្មានអ្នកណាអាចចាកចេញបានទេ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នឹងផ្សាយទៅក្នុងចំណោមផ្ទះជាច្រើនរាប់មិនអស់ ព្រះបន្ទូលនឹងត្រូវអ្នករាល់គ្នាដឹង ដល់ពេលនោះ ទើបកិច្ចការរបស់ទ្រង់ត្រូវផ្សាយទៅទូទាំងសកលលោក។ អាចនិយាយបានថា ប្រសិនបើកិច្ចការរបស់ព្រះជាម្ចាស់បានផ្សាយទៅទូទាំងសកលលោកហើយ នោះព្រះបន្ទូលរបស់ទ្រង់ក៏ត្រូវផ្សាយទៅជាមួយគ្នាដែរ។ នៅថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់ ព្រះបន្ទូលរបស់ទ្រង់ នឹងបង្ហាញឬទ្ធានុភាព និងសិទ្ធិអំណាច។ គ្រប់ព្រះបន្ទូលរបស់ទ្រង់តាំងពីដើមរហូតរៀងមក នឹងត្រូវសម្រេច ហើយនឹងកើតមានជាពិតប្រាកដ។ ក្នុងលក្ខណៈនេះ សិរីល្អនឹងមកដល់ព្រះជាម្ចាស់នៅលើផែនដី ដែលអាចនិយាយថា ព្រះបន្ទូលរបស់ទ្រង់នឹងគ្រងគ្រងលើផែនដីនេះ។ ពួកមនុស្សអាក្រក់ នឹងត្រូវវាយផ្ចាលដោយព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ អស់អ្នកដែលសុចរិត នឹងទទួលបានព្រះពរពីព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ ហើយអ្នករាល់គ្នានឹងត្រូវស្អាងចិត្តឡើងជាថ្មី និងបានប្រោសឱ្យបានពេញខ្នាត ដោយព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់។ ទ្រង់នឹងមិនបញ្ចេញទីសម្គាល់ ឬការអស្ចារ្យអ្វីឡើយ។ គ្រប់ការទាំងអស់នឹងត្រូវសម្រេច ដោយព្រះបន្ទូលរបស់ទ្រង់ ហើយព្រះបន្ទូលរបស់ទ្រង់នឹងបង្កើតជាការពិត។ មនុស្សគ្រប់គ្នានៅលើផែនដី នឹងអបអរចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនថាពួកគេជាមនុស្សពេញវ័យ ឬនៅក្មេង ជាប្រុសឬស្រី ជាចាស់ឬក្មេងឡើយ មនុស្សគ្រប់គ្នានឹងត្រឡប់មកចុះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងលេចមកនៅខាងសាច់ឈាម ដែលអាចឱ្យមនុស្សមើលឃើញព្រះបន្ទូលទាំងនោះនៅលើផែនដី យ៉ាងរស់រវើក និងដូចជាមានជីវិតពិតៗ។ នេះហើយគឺជាអត្ថន័យដែលថា ព្រះបន្ទូលក្លាយជាសាច់ឈាម។ ព្រះជាម្ចាស់បានយាងចុះមកផែនដី ក្នុងគោលបំណងចម្បង គឺដើម្បីសម្រេចការពិតនៃពាក្យថា «ព្រះបន្ទូលក្លាយជាសាច់ឈាម» ដែលចង់បានន័យថា ទ្រង់បានយាងចុះមក ដើម្បីឱ្យព្រះបន្ទូលរបស់ទ្រង់អាចថ្លែងចេញពីខាងសាច់ឈាមមកបាន (មិនដូចជំនាន់ម៉ូសេនៅក្នុងព្រះគម្ពីរសញ្ញាចាស់ឡើយ ដែលព្រះសូរសៀងរបស់ព្រះជាម្ចាស់បានថ្លែងចេញមកពីលើមេឃ)។ បន្ទាប់ពីគ្រានោះមក ព្រះបន្ទូលទាំងស្រុងរបស់ទ្រង់នឹងត្រូវសម្រេចក្នុងយុគសម័យនៃរាជ្យមួយពាន់ឆ្នាំ ព្រះបន្ទូលនឹងក្លាយជាការពិតដែលអាចមើលឃើញផ្ទាល់ភ្នែករបស់មនុស្សបាន ហើយមនុស្សនឹងមើលឃើញព្រះបន្ទូលដោយភ្នែកផ្ទាល់របស់ពួកគេ ដោយពុំមានភាពខុសគ្នាសូម្បីបន្តិចសោះឡើយ។ នេះគឺជាអត្ថន័យដ៏ឧត្តមនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ នេះមានន័យថា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺសម្រេចទៅបានតាមរយៈសាច់ឈាម និងតាមរយៈព្រះបន្ទូល។ នេះគឺអត្ថន័យពិតនៃពាក្យថា «ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម» និង «ការលេចមកជាសាច់ឈាមរបស់ព្រះបន្ទូល»។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចមានបន្ទូលអំពីបំណងព្រះហឫទ័យរបស់ព្រះវិញ្ញាណបរិសុទ្ធបាន ហើយមានតែព្រះជាម្ចាស់នៅខាងសាច់ឈាមប៉ុណ្ណោះ ដែលអាចមានព្រះបន្ទូលជំនួសឱ្យព្រះវិញ្ញាណបរិសុទ្ធបាន។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺងាយយល់ទេ ហើយអ្នកផ្សេងទៀត ក៏ទទួលបានការណែនាំពីព្រះបន្ទូលទាំងនោះដែរ។ គ្មាននរណាម្នាក់គេចផុតនោះទេ ពួកគេនឹងរស់នៅក្នុងវិសាលភាពនៃកិច្ចការនេះ។ មានតែតាមព្រះសូរសៀងទាំងនេះប៉ុណ្ណោះ ដែលមនុស្សអាចដឹងបាន។ ប្រសិនបើអស់អ្នកដែលគិតថាមិនអាចទទួលបានព្រះសូរសៀងដោយបែបនេះ ហើយគិតថាពួកគេអាចទទួលបានព្រះសូរសៀងពីស្ថានសួគ៌វិញ នោះពួកគេកំពុងស្រមើស្រមៃហើយ។ នេះគឺជាសិទ្ធិអំណាចដែលបង្ហាញនៅក្នុងការយកកំណើតជាសាច់ឈាមរបស់ព្រះជាម្ចាស់ ដែលនាំឱ្យអ្នករាល់គ្នាជឿស៊ប់។ សូម្បីតែអ្នកជំនាញ និងអ្នកដឹកនាំសាសនាដ៏គួរឱ្យគោរព ក៏មិនអាចនិយាយពីព្រះបន្ទូលទាំងនេះបានដែរ។ ពួកគេត្រូវត្រឡប់មកចុះចូលនឹងព្រះបន្ទូល ហើយគ្មាននរណាម្នាក់អាចចាប់ផ្ដើមជាថ្មីបានឡើយ។ ព្រះជាម្ចាស់នឹងប្រើព្រះបន្ទូល ដើម្បីបង្ក្រាបសាកលលោកនេះ។ ទ្រង់ធ្វើបែបនេះ មិនមែនតាមរយៈការយកកំណើតនៅខាងសាច់ឈាមរបស់ទ្រង់នោះទេ ប៉ុន្តែតាមរយៈការប្រើព្រះសូរសៀងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម ដើម្បីយកឈ្នះមនុស្សទាំងអស់នៅក្នុងសកលលោកទាំងមូលនេះ។ នេះទើបជាការដែលព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយការដែលព្រះបន្ទូលលេចមកជាសាច់ឈាម ក៏មានតែមួយនេះដែរ។ ចំពោះមនុស្ស រឿងនេះមើលទៅប្រហែលជាព្រះជាម្ចាស់មិនបានធ្វើកិច្ចការអ្វីច្រើននោះទេ ប៉ុន្តែព្រះជាម្ចាស់ទ្រង់បានបន្លឺព្រះបន្ទូលរបស់ទ្រង់ ហើយព្រះបន្ទូលនេះនឹងត្រូវគេជឿ និងកោតស្ញប់ស្ញែង។ បើគ្មានការពិតទាំងនេះទេ មនុស្សនឹងស្រែកទ្រហោយំ។ បើមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ពួកគេនឹងនៅស្ងៀមស្ងាត់។ ព្រះជាម្ចាស់ប្រាកដជានឹងសម្រេចបាននូវសេចក្តីពិតនេះ ដ្បិតនេះ គឺជាផែនការដែលព្រះបានបង្កើតជាយូរមកហើយ ពោលគឺសម្រេចបាននូវសេចក្តីពិតនៃការមកដល់នៃព្រះបន្ទូលនៅលើផែនដី។ តាមពិត ពុំមានការចាំបាច់ឱ្យខ្ញុំពន្យល់នោះទេ ការមកដល់នៃរាជ្យមួយពាន់ឆ្នាំនៅលើផែនដី គឺជាការមកដល់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅលើផែនដីនេះ។ ការចុះមកនៃទីក្រុងយេរូសាឡឹមថ្មីពីស្ថានសួគ៌ គឺជាការមកដល់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីមកគង់នៅក្នុងចំណោមមនុស្ស ដើម្បីមករួមប្រកបជាមួយមនុស្ស ដើម្បីធ្វើរាល់កិច្ចការសព្វគ្រប់បែបយ៉ាង និងរួមប្រកបក្នុងគំនិតដ៏ជ្រាលជ្រៅរបស់គេផង។ នេះក៏ជាការពិតដែលព្រះជាម្ចាស់នឹងសម្រេចផងដែរ។ នេះគឺជាសម្រស់ដ៏ស្រស់បំព្រងនៃរាជ្យមួយពាន់ឆ្នាំ។ នេះគឺជាផែនការដែលព្រះជាម្ចាស់បានកំណត់ទុក៖ ព្រះបន្ទូលរបស់ទ្រង់នឹងលេចមកលើផែនដីមួយពាន់ឆ្នាំ ហើយបន្ទូលទាំងនេះនឹងបើកសម្ដែងឱ្យឃើញនូវស្នាព្រះហស្ដរបស់ទ្រង់ និងបញ្ចប់រាល់កិច្ចការរបស់ទ្រង់នៅលើផែនដី ហើយបន្ទាប់ពីនោះទៅ ដំណាក់កាលរបស់មនុស្សជាតិនឹងចូលដល់ទីបញ្ចប់។

ខាង​ដើម៖ បញ្ញត្តិនៅក្នុងយុគសម័យថ្មី

បន្ទាប់៖ តើទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់មានលក្ខណៈយ៉ាងណាដែរ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ