វិធីស្គាល់ការពិត

ព្រះជាម្ចាស់ គឺជាព្រះដ៏ជាក់ស្ដែង មានន័យថា៖ គ្រប់កិច្ចការរបស់ទ្រង់ គឺជាក់ស្ដែង គ្រប់ទាំងព្រះបន្ទូលដែលទ្រង់ថ្លែងមក សុទ្ធតែក់ស្ដែង ហើយគ្រប់ទាំងសេចក្តីពិតដែលទ្រង់សម្តែងចេញ គឺជាក់ស្ដែង។ គ្រប់យ៉ាងដែលមិនមែនជាព្រះបន្ទូលរបស់ទ្រង់ គឺគ្មានខ្លឹមសារ គ្មានវត្តមានពិត និងមានកំហុសឆ្គង។ សព្វថ្ងៃនេះ ព្រះវិញ្ញាណបរិសុទ្ធនឹងនាំផ្លូវមនុស្សចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សត្រូវព្យាយាមទទួលបានសិទ្ធិចូលទៅក្នុងការពិត នោះពួកគេត្រូវស្វែងរកការពិត និងស្គាល់ការពិតជាមុនសិន បន្ទាប់ពីនោះ ពួកគេត្រូវឆ្លងកាត់ការពិត និងរស់នៅតាមការពិត។ នៅពេលមនុស្សស្គាល់ការពិតកាន់តែច្រើនហើយ នោះពួកគេអាចដឹងថា តើពាក្យសម្តីរបស់អ្នកដទៃពិត ឬអត់ បានកាន់តែច្រើន ហើយនៅពេលមនុស្សស្គាល់ការពិតកាន់តែច្រើន នោះពួកគេនឹងមានសញ្ញាណកាន់តែតិច។ នៅពេលមនុស្សឆ្លងកាត់ការពិតកាន់តែច្រើន នោះពួកគេនឹងស្គាល់ពីទង្វើរបស់ព្រះនៃការពិតកាន់តែច្រើន ហើយវាកាន់តែងាយស្រួលដើម្បីឱ្យពួកគេផ្តាច់ខ្លួនចេញពីនិស្ស័យពុករលួយរបស់ខ្លួន ដែលជានិស្ស័យបែបសាតាំង។ កាលណាមនុស្សមានការពិតកាន់តែច្រើន នោះពួកគេនឹងស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ ហើយពួកគេកាន់តែស្អប់ខ្ពើមសាច់ឈាម និងស្រឡាញ់សេចក្តីពិតកាន់តែខ្លាំង។ នៅពេលពួកគេមានការពិតកាន់តែច្រើន នោះពួកគេនឹងកាន់តែខិតជិតខ្នាតគំរូនៃការទាមទាររបស់ព្រះជាម្ចាស់។ មនុស្សដែលព្រះជាម្ចាស់ទទួលយកគឺជាមនុស្សដែលមានការពិត ស្គាល់ការពិត និងជាមនុស្សដែលបានស្គាល់ពីទង្វើពិតរបស់ព្រះជាម្ចាស់ តាមរយៈបទពិសោធឆ្លងកាត់ការពិត។ នៅពេលអ្នកសហការជាមួយព្រះជាម្ចាស់តាមការអនុវត្តជាក់ស្ដែង និងលត់ដំខ្លួនឯងកាន់តែច្រើន នោះអ្នកនឹងទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធកាន់តែច្រើន អ្នកនឹងទទួលបានការពិតកាន់តែច្រើន ហើយអ្នកនឹងត្រូវព្រះជាម្ចាស់បំភ្លឺគំនិតកាន់តែច្រើន ដែលហេតុនេះហើយ ការយល់ដឹងរបស់អ្នកអំពីទង្វើពិតប្រាកដរបស់ព្រះជាម្ចាស់នឹងកាន់តែទូលំទូលាយ។ ប្រសិនបើអ្នកអាចរស់នៅក្នុងពន្លឺបច្ចុប្បន្ននៃព្រះវិញ្ញាណបរិសុទ្ធបាន នោះមាគ៌ាបច្ចុប្បន្នទៅកាន់ការអនុវត្តភាពជាក់ស្ដែងនឹងកាន់តែច្បាស់ចំពោះអ្នក ហើយអ្នកនឹងកាន់តែអាចផ្តាច់ខ្លួនឯង ចេញពីសញ្ញាណសាសនា និងទម្លាប់ពីអតីតកាល។ ថ្ងៃនេះ ការពិតគឺជាផ្តោតអារម្មណ៍៖ បានន័យថា នៅពេលមនុស្សមានការពិតកាន់តែច្រើន នោះការយល់ដឹងពីសេចក្តីពិតរបស់ពួកគេនឹងកាន់តែច្បាស់ ហើយការយល់ដឹងរបស់ពួកគេពីបំណងរបស់ព្រះជាម្ចាស់នឹងកាន់តែទូលំទូលាយ។ ការពិតអាចយកឈ្នះលើគ្រប់ន័យពាក្យ និងគោលលទ្ធិនានា វាអាចយកឈ្នះលើគ្រប់ទ្រឹស្តី និងជំនាញ ហើយនៅពេលមនុស្សផ្តោតអារម្មណ៍លើការពិតកាន់តែច្រើន នោះពួកគេនឹងស្រឡាញ់ព្រះជាម្ចាស់កាន់តែខ្លាំង ហើយនិងស្រេកឃ្លានព្រះបន្ទូលរបស់ទ្រង់កាន់តែខ្លាំងដែរ។ ប្រសិនបើអ្នកតែងតែផ្តោតអារម្មណ៍លើការពិតជានិច្ច នោះទស្សនៈវិជ្ជាសម្រាប់ការរស់នៅ សញ្ញាណសាសនា និងចរិតពីកំណើតរបស់អ្នកនឹងត្រូវបានជម្រុះចោលដោយឯកឯង ដោយសារការធ្វើតាមកិច្ចការរបស់ព្រះជាម្ចាស់។ មនុស្សដែលមិនព្យាយាមទទួលយកការពិត ហើយគ្មានការយល់ដឹងពីការពិត ទំនងជាព្យាយាមទទួលយកអ្វីដែលហួសវិស័យធម្មជាតិ ហើយងាយនឹងចាញ់បញ្ជោតគេ។ ព្រះវិញ្ញាណបរិសុទ្ធគ្មានមធ្យោបាយនឹងធ្វើការក្នុងមនុស្សជំពូកនេះនោះទេ ដែលហេតុនេះហើយ ពួកគេមានអារម្មណ៍ទទេសូន្យ ហើយជីវិតរបស់ពួកគេគ្មានន័យនោះទេ។

ទាល់តែអ្នកហ្វឹកហាត់ដោយពិតប្រាកដ ស្វែករកដោយពិតប្រាកដ ធ្វើការអធិដ្ឋានដោយពិតប្រាកដ និងសុខចិត្តរងទុក្ខដើម្បីជាប្រយោជន៍នៃការស្វែងរកសេចក្តីពិត ទើបព្រះវិញ្ញាណបរិសុទ្ធអាចធ្វើការនៅក្នុងខ្លួនអ្នកបាន។ មនុស្សដែលមិនស្វែងរកសេចក្តីពិត មិនមានអ្វីក្រៅពីន័យពាក្យ និងគោលលទ្ធិ ព្រមទាំងទ្រឹស្តីដែលទទេសូន្យនោះទេ ហើយមនុស្សដែលគ្មានសេចក្តីពិត ជាធម្មតាគេមានសញ្ញាណជាច្រើនអំពីព្រះជាម្ចាស់។ មនុស្សជំពូកនេះគ្រាន់តែចង់ឱ្យព្រះជាម្ចាស់ប្រែក្លាយរូបកាយជាសាច់ឈាមរបស់ពួកគេ ឱ្យទៅជារូបកាយខាងវិញ្ញាណ ដើម្បីឱ្យពួកគេអាចឡើងទៅកាន់ស្ថានសួគ៌ជាន់ទីបីបានប៉ុណ្ណោះ។ មនុស្សជំពូកនេះល្ងីល្ងើខ្លាំងណាស់! មនុស្សដែលនិយាយបែបនោះមិនមានការយល់ដឹងពីព្រះជាម្ចាស់ ឬយល់ដឹងពីការពិតទេ ដ្បិតមនុស្សជំពូកនេះមិនមានលទ្ធភាពអាចសហការជាមួយព្រះជាម្ចាស់បាន ហើយគ្រាន់តែអាចរង់ចាំដោយមិនធ្វើអ្វីសោះ។ ប្រសិនបើមនុស្សចង់យល់ដឹងពីសេចក្តីពិត និងចង់មើលឃើញសេចក្តីពិតបានច្បាស់ ពួកគេត្រូវចូលទៅក្នុងសេចក្ដីពិត រួចយកសេចក្ដីពិតទៅអនុវត្ត ហើយជាងនេះទៀត ពួកគេត្រូវហ្វឹកហាត់ដោយពិតប្រាកដ ស្វែងរកដោយពិតប្រាកដ និងស្រេកឃ្លានដោយពិតប្រាកដ។ នៅពេលអ្នកស្រេកឃ្លាន និងនៅពេលអ្នកសហការជាមួយព្រះជាម្ចាស់ដោយពិតប្រាកដ នោះព្រះវិញ្ញាណបរិសុទ្ធនឹងពាល់ចិត្តអ្នក និងធ្វើការនៅក្នុងខ្លួនអ្នកយ៉ាងពិតប្រាកដ គឺទ្រង់នឹងបំភ្លឺគំនិតអ្នកកាន់តែច្រើន និងកាន់តែឱ្យអ្នកនូវការយល់ដឹងពីការពិត និងរឹតតែមានប្រយោជន៍ខ្លាំងចំពោះជីវិតអ្នក។

បើមនុស្សចង់ស្គាល់ព្រះជាម្ចាស់ ជាដំបូងពួកគេត្រូវដឹងថា ព្រះជាម្ចាស់គឺជាព្រះដ៏ជាក់ស្ដែង ហើយពួកគេត្រូវតែស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្គាល់រូបកាយពិតប្រាកដរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម និងស្គាល់ការងារពិតប្រាកដរបស់ព្រះជាម្ចាស់។ ទាល់តែបានដឹងថា គ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់គឺជាកិច្ចការពិតប្រាកដ ទើបអ្នកនឹងអាចសហការជាមួយព្រះជាម្ចាស់បានពិតប្រាកដ និងមានតែតាមរយៈផ្លូវនេះទេ ទើបអ្នកនឹងអាចសម្រេចបានការរីកចម្រើននៅក្នុងជីវិតរបស់អ្នក។ គ្រប់មនុស្សដែលមិនមានចំណេះដឹងពីការពិត គ្មានវិធីស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ពួកគេជាប់អន្ទាក់នៅក្នុងគំនិតរវើរវាយរបស់ពួកគេ រស់នៅក្នុងការស្រមើស្រមៃរបស់ពួកគេ ដែលហេតុនេះហើយ ទើបពួកគេមិនមានការយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលអ្នកយល់ដឹងពីការពិតកាន់តែច្រើន នោះអ្នកកាន់ខិតជិតព្រះជាម្ចាស់ ហើយអ្នកក៏កាន់តែជិតស្និទ្ធនឹងទ្រង់ដែរ។ នៅពេលអ្នកកាន់តែស្វែងរកភាពស្រពេចស្រពិល ភាពអរូបិយ និងគោលលទ្ធិ នោះអ្នកនឹងកាន់តែឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ហើយអ្នកនឹងកាន់តែមានអារម្មណ៍ថា ការឆ្លងកាត់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវការការប្រឹងប្រែងខ្លាំង និងមានភាពលំបាក ហើយអ្នកមានអារម្មណ៍ថា អ្នកមិនអាចចូលក្នុងបានទេ។ បើអ្នកចង់ចូលក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដើរនៅលើផ្លូវដ៏ត្រឹមត្រូវនៃជីវិតជាវិញ្ញាណរបស់អ្នក ជាដំបូងអ្នកត្រូវស្គាល់ការពិត និងផ្តាច់ខ្លួនអ្នកពីរឿងស្រពេចស្រពិល និងហួសវិស័យធម្មជាតិជាមុនសិន មានន័យថា ជាដំបូងអ្នកត្រូវយល់ថា ព្រះវិញ្ញាណបរិសុទ្ធបំភ្លឺគំនិត និងនាំផ្លូវអ្នកពីខាងក្នុងយ៉ាងពិតប្រាកដយ៉ាងដូចម្តេចសិន។ ប្រសិនបើអ្នកពិតជាយល់ពីកិច្ចការពិតរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងមនុស្ស នោះអ្នកនឹងបានដើរចូលទៅលើផ្លូវដ៏ត្រឹមត្រូវ ដែលព្រះជាម្ចាស់ធ្វើឱ្យគ្រប់លក្ខណ៍។

ថ្ងៃនេះ គ្រប់យ៉ាងគឺចាប់ផ្តើមពីការពិត។ ការងាររបស់ព្រះជាម្ចាស់គឺជាការពិតបំផុតដែលមនុស្សអាចប៉ះពាល់បាន ដ្បិតវាគឺជាអ្វីដែលមនុស្សអាចឆ្លងកាត់ និងសម្រេចបាន។ នៅក្នុងខ្លួនមនុស្ស មានរឿងច្រើនដែលស្រពេចស្រពិល និងហួសវិស័យធម្មជាតិ ដែលរារាំងពួកគេពីការស្គាល់ការងារបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ ហេតុនេះហើយ នៅក្នុងបទពិសោធរបស់ពួកគេ ពួកគេតែងតែធ្វើរឿងដែលខុសប្លែកពីការរំពឹងទុកជានិច្ច និងតែងតែមានអារម្មណ៍ជានិច្ចថា គ្រប់រឿងមានភាពលំបាក ដែលទាំងអស់នេះបណ្តាលឡើងដោយគំនិតរវើរវាយរបស់ពួកគេ។ មនុស្សមិនអាចយល់ពីគោលការណ៍នៃការងាររបស់ព្រះវិញ្ញាណបរិសុទ្ធបានទេ ព្រោះពួកគេមិនស្គាល់ការពិត ដូច្នេះហើយ ពួកគេតែងតែមានគំនិតអវិជ្ជមាននៅក្នុងផ្លូវដែលពួកគេត្រូវដើរចូល។ ពួកគេសម្លឹងមើលការទាមទាររបស់ព្រះជាម្ចាស់ពីចម្ងាយ ដ្បិតគេមិនអាចសម្រេចការទាមទារទាំងនោះបាន ពួកគេគ្រាន់តែមើលឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាល្អមែន ប៉ុន្តែមិនអាចស្វែងរកផ្លូវដើម្បីចូលទៅក្នុងបាន។ ព្រះវិញ្ញណបរិសុទ្ធធ្វើការតាមគោលការណ៍នេះ៖ តាមរយៈការសហការរបស់មនុស្ស តាមរយៈការអធិដ្ឋាន ការស្វែងរក និងការខិតចូលយ៉ាងសកម្ម ដើម្បីកាន់តែជិតព្រះជាម្ចាស់ ទើបលទ្ធផលអាចសម្រេចបាន ហើយពួកគេនឹងត្រូវព្រះវិញ្ញាបរិសុទ្ធបំភ្លឺគំនិត និងបំភ្លឺផ្លូវ។ វាមិនមែនជាការពិតនោះទេដែលថា ព្រះវិញ្ញាណបរិសុទ្ធធ្វើការតែម្ខាងនោះ ឬថា មនុស្សធ្វើការតែម្ខាងនោះ។ ទាំងសងខាងមិនអាចខ្វះគ្នាបានទេ ហើយនៅពេលមនុស្សកាន់តែសហការ ហើយពួកគេកាន់តែប្រឹងប្រែងដើម្បីសម្រេចឱ្យបានខ្នាតគំរូនៃការទាមទាររបស់ព្រះជាម្ចាស់ នោះការងាររបស់ព្រះវិញ្ញាណបរិសុទ្ធកាន់តែមានភាពអស្ចារ្យ។ ទាល់តែមានការសហការពិតប្រាកដពីមនុស្ស បន្ថែមទៅនឹងការងាររបស់ព្រះវិញ្ញាណបរិសុទ្ធ ទើបអាចបង្កើតបទពិសោធពិតប្រាកដ និងការយល់ដឹងដ៏សំខាន់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទីបំផុត មនុស្សគ្រប់លក្ខណ៍ត្រូវបានបង្កើតមកបន្តិចម្ដងៗ តាមរយៈបទពិសោធរបៀបនេះ។ ព្រះជាម្ចាស់មិនធ្វើរឿងដែលហួសពីវិស័យធម្មជាតិទេ។ តាមសញ្ញាណរបស់មនុស្ស ព្រះជាម្ចាស់មានព្រះចេស្ដា ហើយព្រះជាម្ចាស់បំពេញកិច្ចការគ្រប់យ៉ាង ដោយសារហេតុនេះហើយទើបមនុស្សរង់ចាំដោយមិនធ្វើអ្វីសោះ មិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនអធិដ្ឋាន ហើយចេះតែរង់ចាំឱ្យព្រះវិញ្ញាណបរិសុទ្ធពាល់ចិត្តពួកគេ។ ចំណែកមនុស្សដែលមានការយល់ដឹងត្រឹមត្រូវវិញ ជឿលើរឿងនេះ៖ ទង្វើរបស់ព្រះជាម្ចាស់អាចទៅឆ្ងាយបានទាល់តែការសហការរបស់ខ្ញុំទៅឆ្ងាយដែរ និងឥទ្ធិពលដែលការងារររបស់ព្រះជាម្ចាស់អាចមានក្នុងខ្លួនខ្ញុំបាន អាស្រ័យត្រង់ខ្ញុំសហការបានកម្រិតណា។ នៅពេលព្រះជាម្ចាស់មានព្រះបន្ទូល ខ្ញុំគួរតែធ្វើគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីស្វែងរក និងប្រឹងប្រែងឆ្ពោះទៅកាន់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដ្បិតនេះហើយជាអ្វីដែលខ្ញុំគួរសម្រេចបាន។

នៅក្នុងឧទាហរណ៍របស់ពេត្រុសនិងប៉ុល អ្នករាល់គ្នាអាចមើលឃើញច្បាស់ថា គឺពេត្រុសដែលបានយកចិត្តទុកដាក់បំផុតចំពោះការពិត។ តាមអ្វីដែលពេត្រុសបានឆ្លងកាត់ គេអាចមើលឃើញថា បទពិសោធរបស់គាត់គឺជាការសង្ខេបនៃមេរៀនរបស់មនុស្សដែលបានបរាជ័យពីអតីតកាល ហើយថា គាត់បានស្រូបយកកម្លាំងនៃពួកបរិសុទ្ធពីអតីតកាល។ តាមឧទាហរណ៍នេះ គេអាចឃើញថាបទពិសោធរបស់ពេត្រុសពិតប្រាកដកម្រិតណា បានជាមនុស្សអាចឈានដល់ និងប៉ះពាល់ និងសម្រេចនូវបទពិសោធទាំងនេះបាន។ ចំណែកប៉ុលវិញ គឺខុសគ្នា៖ គ្រប់យ៉ាងដែលគាត់បាននិយាយគឺមានភាពស្រពេចស្រពិល មិនអាចមើលឃើញ ដូចជាការឡើងទៅកាន់ឋានសួគ៌ជាន់ទីបី ការឡើងគ្រងរាជ្យ និងមកុដនៃសេចក្តីសុចរិតជាដើម។ គាត់បានផ្ដោតលើអ្វីដែលនៅខាងក្រៅខ្លួន ដូចជា ឋានៈ និងការប្រៀនប្រដៅមនុស្ស ផ្ដោតលើការបង្អួតអំពីឋានៈខ្ពង់ខ្ពស់របស់គាត់ ពីការដែលត្រូវព្រះវិញ្ញាណបរិសុទ្ធពាល់ចិត្ត ។ល។ សេចក្ដីដែលគាត់ដេញតាមនោះ គ្មានអ្វីពិតប្រាកដនោះទេ ហើយភាគច្រើនគឺជាការស្រមើស្រមៃ ហេតុនេះហើយបានជាគេអាចមើលឃើញថា អ្វីទាំងអស់ដែលហួសពីវិស័យធម្មជាតិ ដូចជា ព្រះវិញ្ញាណបរិសុទ្ធពាល់ចិត្តមនុស្សច្រើនប៉ុនណា សេចក្ដីអំណរដ៏ខ្លាំងក្លាដែលមនុស្សទទួលបាន ការឡើងទៅកាន់ស្ថានសួគ៌ជាន់ទីបី ឬកម្រិតដែលពួកគេទទួលបានការហ្វឹកហាត់ជាប្រចាំ កម្រិតដែលពួកគេរីករាយនឹងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលទាំងអស់នេះគ្មានមួយណាជាការពិតឡើយ។ គ្រប់ការងាររបស់ព្រះវិញ្ញាណបរិសុទ្ធគឺធម្មតា និងពិតប្រាកដ។ នៅពេលអ្នកអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងធ្វើការអធិដ្ឋាន នៅក្នុងខ្លួនអ្នកនឹងភ្លឺច្បាស់ និងនឹងនរ រហូតដល់ពិភពលោកខាងក្រៅមិនអាចបង្អាក់អ្នកបាន ដ្បិតនៅក្នុងខ្លួនអ្នក អ្នកបានដាក់ចិត្តស្រឡាញ់ព្រះជាម្ចាស់ បានដាក់ចិត្តធ្វើរឿងដែលវិជ្ជមាន ហើយអ្នកស្អប់ខ្ពើមលោកិយដ៏អាក្រក់នេះ។ នេះជាការរស់នៅក្នុងព្រះជាម្ចាស់។ វាមិនមែនជាការទទួលបានការរីករាយដ៏អស្ចារ្យដូចមនុស្សនិយាយនោះទេ ដ្បិតការនិយាយបែបនេះមិនពិតនោះទេ។ ថ្ងៃនេះ គ្រប់យ៉ាងគួរចាប់ផ្តើមពីការពិត។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើគឺជាការពិត ហើយនៅក្នុងបទពិសោធរបស់អ្នក អ្នកគួរតែយកចិត្តទុកដាក់ចំពោះការស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ និងការស្វែងរកស្នាមព្រះបាទានៃកិច្ចការរបស់ព្រះជាម្ចាស់ និងមធ្យោបាយដែលព្រះវិញ្ញាណបរិសុទ្ធពាល់ចិត្ត និងបំភ្លឺមនុស្ស។ ប្រសិនបើអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអធិដ្ឋាន និងសហការតាមការពិតកាន់តែខ្លាំង ដោយបញ្ជ្រាបនូវអ្វីដែលល្អពីអតីតកាលដែលបានកន្លងផុត និងច្រានចោលអ្វីដែលអាក្រក់ដូចជាពេត្រុស បើអ្នកស្តាប់ដោយប្រើត្រចៀកអ្នក អង្កេតដោយប្រើភ្នែកអ្នក និងធ្វើការអធិដ្ឋាន និងសញ្ជឹងគិតនៅក្នុងដួងចិត្តរបស់អ្នកឱ្យបានញឹកញាប់ និងធ្វើគ្រប់យ៉ាងដែលអ្នកអាចដើម្បីសហការជាមួយការងាររបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងនាំផ្លូវអ្នកយ៉ាងពិតប្រាកដជាមិនខាន។

ខាង​ដើម៖ របៀបបម្រើ ស្របគ្នាទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់

បន្ទាប់៖ ទាក់ទងទៅនឹងជីវិតខាងវិញ្ញាណបែបធម្មតា

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ