ទាក់ទងទៅនឹងជីវិតខាងវិញ្ញាណបែបធម្មតា
សេចក្ដីជំនឿលើព្រះជាម្ចាស់ត្រូវការជីវិតខាងវិញ្ញាណបែបធម្មតា ដែលជាគ្រឹះសម្រាប់មានបទពិសោធពីនូវព្រះបន្ទូលរបស់ព្រះម្ចាស់ ហើយឈានទៅរកការពិត។ តើសព្វថ្ងៃនេះ ការអនុវត្តនូវការអធិស្ឋាន ការចូលទៅជិតព្រះជាម្ចាស់ ការច្រៀងបទទំនុកតម្កើង ការផ្ចង់ចិត្ត និងការជញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់របស់អ្នករាល់គ្នា មានតម្លៃស្មើនឹង «ជីវិតខាងវិញ្ញាណបែបធម្មតា» ដែរឬទេ? គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាដឹងប្រាកដនោះទេ។ ជីវិតខាងវិញ្ញាណបែបធម្មតា មិនត្រូវបានកំណត់ចំពោះការអនុវត្តន៍ដូចជាការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការរួមចំណែកជីវិតក្នុងពួកជំនុំ និងការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ វាទាក់ទងនឹងការរស់នៅក្នុងជីវិតខាងវិញ្ញាណបែបថ្មី និងរស់រវើក។ អ្វីដែលសំខាន់នោះ គឺមិនមែនជារបៀបដែលអ្នកអនុវត្តនោះទេ ប៉ុន្តែជាផលផ្លែដែលចេញពីការអនុវត្តរបស់អ្នកវិញ។ មនុស្សភាគច្រើនជឿថាជីវិតខាងវិញ្ញាណបែបធម្មតាតម្រូវឱ្យមានការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការហូបនិងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬការជញ្ជឹងគិតពីព្រះបន្ទូលរបស់ទ្រង់ ដោយមិនបានគិតថាតើការអនុវត្តបែបនោះពិតជាមានឥទ្ធិពល ឬនាំទៅរកការយល់ដឹងពិតប្រាកដឬយ៉ាងណានោះទេ។ មនុស្សទាំងនេះផ្តោតលើការធ្វើតាមនីតិវិធីបែបសើៗដោយមិនគិតពីលទ្ធផលរបស់ពួកគេនោះឡើយ។ ពួកគេគឺជាមនុស្សដែលរស់នៅក្នុងពិធីតាមបែបសាសនា មិនមែនជាមនុស្សដែលរស់នៅក្នុងព្រះវិហារទេ ហើយក្នុងចំពោមពួកគេ មានតិចណាស់ដែលជារាស្ត្រនៃនគរព្រះ។ ការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺគ្រាន់តែជាការធ្វើតាមក្បួនច្បាប់ ជាការដែលត្រូវបានធ្វើឡើងដោយការបង្ខិតបង្ខំ និងដើម្បីធ្វើតាមនិន្នាការប៉ុណ្ណោះ មិនមែនដោយឆន្ទៈ និងចេញពីចិត្តទេ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលអធិស្ឋាន ឬច្រៀងសរសើរទាំងអស់នេះ ភាគច្រើនការខំប្រឹងប្រែងរបស់ពួកគេនឹងមិនទទួលបានផលផ្លែនោះទេ ដ្បិតអ្វីដែលពួកគេអនុវត្ត គឺគ្រាន់តែជាក្បួនច្បាប់ និងពិធីតាមបែបសាសនាប៉ុណ្ណោះ។ ពួកគេពិតជាមិនបានអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ ពួកគេផ្តោតតែទៅលើការនិយាយបង្វែរទៅតាមរបៀបដែលពួកគេអនុវត្ត ហើយពួកគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាវិន័យដែលត្រូវដើរតាម។ មនុស្សបែបនេះមិនយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីអនុវត្តតាមទេ។ ពួកគេគ្រាន់តែបំពេញសាច់ឈាមរបស់ពួកគេ ហើយសម្តែងឱ្យមនុស្សផ្សេងទៀតបានឃើញប៉ុណ្ណោះ។ វិន័យ និងពិធីសាសនាទាំងនេះសុទ្ធតែមានដើមកំណើតពីមនុស្ស មិនមែនមកពីព្រះជាម្ចាស់នោះទេ។ ព្រះជាម្ចាស់មិនប្រកាន់តាមវិន័យនានាទេ ហើយក៏មិនត្រូវស្ថិតនៅក្រោមក្រឹត្យវិន័យណាមួយដែរ។ ផ្ទុយទៅវិញព្រះអង្គធ្វើការថ្មីៗជារៀងរាល់ថ្ងៃ ដោយសម្រេចនូវការងារជាក់ស្តែង។ ដូចជាមនុស្សនៅក្នុងព្រះវិហារ Three-self Church ដែលដាក់កម្រិតខ្លួនឯងក្នុងការអនុវត្ត ដោយការចូលរួមក្នុងកម្មវិធីថ្វាយបង្គំពេលព្រឹកជារៀងរាល់ថ្ងៃ ថ្វាយនូវការអធិស្ឋានពេលល្ងាច និងការអធិស្ឋានអរព្រះគុណនៅមុនពេលបរិភោគអាហារ និងថ្វាយការអរព្រះគុណក្នុងគ្រប់ការទាំងអស់។ មិនថាពួកគេធ្វើច្រើនប៉ុនណា និងធ្វើយូរប៉ុនណានោះទេ ពួកគេនឹងមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ នៅពេលដែលមនុស្សរស់នៅក្រោមវិន័យនានា ហើយឱ្យចិត្តរបស់ពួកគេផ្តោតលើវិធីសាស្រ្តនៃការអនុវត្តន៍ នោះព្រះវិញ្ញាណបរិសុទ្ធមិនអាចធ្វើការបានឡើយ ពីព្រោះចិត្តរបស់ពួកគេត្រូវបានត្រួតត្រាដោយវិន័យ និងសញ្ញាណនានារបស់មនុស្ស។ ដូច្នេះ ព្រះជាម្ចាស់មិនអាចធ្វើអន្តរាគមន៍ និងធ្វើការលើពួកគេបានទេ ហើយពួកគេអាចត្រឹមបន្តរស់នៅក្រោមការគ្រប់គ្រងនៃក្រឹត្យវិន័យប៉ុណ្ណោះ។ មនុស្សបែបនេះ គឺមិនអាចទទួលបាននូវការសរសើរពីព្រះជាម្ចាស់ជារៀងរហូត។
ជីវិតខាងវិញ្ញាណបែបធម្មតា គឺជាជីវិតដែលរស់នៅចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់។ នៅពេលអធិស្ឋាន មនុស្សម្នាក់អាចធ្វើឱ្យចិត្តរបស់ខ្លួនស្ងប់នៅចំពោះព្រះជាម្ចាស់ ហើយតាមរយៈការអធិស្ឋាន ពួកគេអាចស្វែងរកបាននូវការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងយល់ពីបំណងព្រះហឫទ័យរបស់ព្រះអង្គ។ តាមរយៈការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សអាចទទួលបាននូវការយល់ដឹងកាន់តែច្បាស់ និងកាន់តែស៊ីជម្រៅអំពីកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ ពួកគេក៏អាចទទួលបាននូវការអនុវត្តតាមរបៀបថ្មី ហើយនឹងមិនប្រកាន់ខ្ជាប់នូវរបៀបចាស់នោះឡើយ។ អ្វីដែលពួកគេអនុវត្តគឺសុទ្ធតែដើម្បីទទួលបាននូវការរីកចម្រើនក្នុងជីវិត។ ដូចជាការអធិស្ឋានដែរ វាមិនមែនជារឿងដែលទាក់ទងនឹងការនិយាយនូវពាក្យសំដីពីរោះៗប៉ុន្មានម៉ាត់នោះទេ ឬការសម្រក់ទឹកភ្នែកនៅចំពោះព្រះជាម្ចាស់ ដើម្បីបង្ហាញពីការជំពាក់គុណរបស់អ្នកនោះដែរ។ ផ្ទុយទៅវិញ គោលបំណងនៃការអធិស្ឋាន គឺដើម្បីហ្វឹកហ្វឺនខ្លួនឯងពីរបៀបប្រើវិញ្ញាណ ដែលអនុញ្ញាតឱ្យចិត្តរបស់មនុស្សម្នាក់បានស្ងប់នៅចំពោះព្រះជាម្ចាស់ បង្វឹកបង្វឺនខ្លួនឯងឱ្យស្វែងរកនូវការណែនាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងគ្រប់បញ្ហាទាំងអស់ យ៉ាងនោះនឹងធ្វើឱ្យចិត្តរបស់គេអាចទទួលបានពន្លឺថ្មីដ៏ស្រស់ស្រាយជារៀងរាល់ថ្ងៃ ហើយដើម្បីកុំឱ្យទៅជាមនុស្សអសកម្ម និងខ្ជិលច្រអូស ហើយអាចដើរលើផ្លូវដ៏ត្រឹមត្រូវក្នុងការអនុវត្ដតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ សព្វថ្ងៃមនុស្សភាគច្រើនផ្តោតទៅលើវិធីសាស្រ្តនៃការអនុវត្ត ប៉ុន្តែពួកគេមិនបានធ្វើបែបនោះដើម្បីស្វែងរកសេចក្តីពិត និងទទួលបាននូវការរីកចម្រើនក្នុងជីវិតនោះទេ។ នេះហើយជាចំណុចដែលពួកគេបានវង្វេងផ្លូវ។ ក៏មានពួកគេមួយចំនួនដែលមានសមត្ថភាពអាចទទួលបាននូវពន្លឺថ្មីដែរ ប៉ុន្តែវិធីសាស្ត្រនៃការអនុវត្តរបស់ពួកគេមិនបានផ្លាស់ប្តូរនោះទេ។ ពួកគេយកសញ្ញាណសាសនាចាស់ៗរបស់ខ្លួនមកជាមួយ ខណៈដែលពួកគេកំពុងទន្ទឹងរង់ចាំទទួលនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅថ្ងៃនេះ ដូច្នេះ អ្វីដែលពួកគេទទួលបាន គឺនៅតែជាគោលលទ្ធិដែលត្រូវបានលាបពណ៌ដោយសញ្ញាណរបស់សាសនា។ ពួកគេមិនទទួលបាននូវពន្លឺនៃពេលបច្ចុប្បន្ននេះទេ។ ជាលទ្ធផល ការអនុវត្តរបស់ពួកគេគឺមានស្នាមប្រឡាក់។ ពួកគេយកការអនុវត្តចាស់ដដែលៗមកដាក់នៅក្នុងការវេចខ្ចប់ថ្មី។ ទោះជាពួកគេអាចអនុវត្តបានល្អយ៉ាងណាក៏ដោយ ក៏ពួកគេជាមនុស្សមានពុតដែរ។ ព្រះជាម្ចាស់ដឹកនាំមនុស្សក្នុងការធ្វើនូវកិច្ចការថ្មីៗជារៀងរាល់ថ្ងៃ ដោយទាមទារឱ្យពួកគេទទួលបាននូវការចេះដឹងថ្មី និងការយល់ដឹងថ្មី ហើយតម្រូវឱ្យពួកគេមិនធ្វើតាមរបៀបចាស់ និងដដែលៗទៀត។ ប្រសិនបើអ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែរបៀបនៃការអនុវត្តរបស់អ្នកមិនមានការផ្លាស់ប្តូរទាល់តែសោះ ហើយប្រសិនបើអ្នកនៅតែខ្វល់ខ្វាយ និងរវល់តែរឿងខាងក្រៅ មិនមានចិត្តស្ងប់នាំទៅចំពោះព្រះជាម្ចាស់ ដើម្បីរីករាយនឹងព្រះបន្ទូលរបស់ព្រះអង្គទេ នោះអ្នកនឹងមិនទទួលបានអ្វីទាំងអស់។ ពេលនិយាយដល់ការទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកមិនធ្វើផែនការផ្សេងៗគ្នា មិនចាប់ផ្ដើមការអនុវត្តតាមវិធីថ្មី ហើយមិនដេញតាមការយល់ដឹងថ្មីណាមួយទេ តែផ្ទុយទៅវិញបែរជានៅតែប្រកាន់តាមរបៀបចាស់ ហើយទទួលបានតែពន្លឺថ្មីតិចតួច ដោយគ្មានការផ្លាស់ប្តូររបៀបនៃការអនុវត្តរបស់អ្នក ដូច្នេះ មនុស្សដូចជាអ្នកនេះ ស្ថិតនៅក្នុងអូរនេះតែឈ្មោះប៉ុណ្ណោះ។ តាមពិតពួកគេជាពួកផារិស៊ីខាងឯសាសនាដែលនៅខាងក្រៅរង្វង់នៃព្រះវិញ្ញាណបរិសុទ្ធ។
ដើម្បីរស់នៅក្នុងជីវិតខាងវិញ្ញាណបែបធម្មតា មនុស្សម្នាក់ត្រូវតែអាចទទួលបាននូវពន្លឺថ្មីជារៀងរាល់ថ្ងៃ និងស្វែងរកការយល់ដឹងដ៏ពិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សម្នាក់ត្រូវតែមើលឃើញសេចក្តីពិតឱ្យបានច្បាស់ រកវិធីដើម្បីអនុវត្តក្នុងគ្រប់បញ្ហាទាំងអស់ ស្វែងរកនូវសំនួរថ្មីៗតាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ និងដឹងពីភាពមិនគ្រប់គ្រាន់របស់ខ្លួន ដើម្បីឱ្យគេមានដួងចិត្តមួយដែលប្រាថ្នាចង់បាន និងចង់ស្វែងរក ដែលជំរុញផ្នែកទាំងអស់របស់ខ្លួនឱ្យឆ្ពោះទៅមុខ ហើយយ៉ាងនោះ គេអាចនៅដោយស្ងាត់ស្ងៀមនៅចំពោះព្រះជាម្ចាស់បានគ្រប់ពេលវេលា ដោយខ្លាចតាមមិនទាន់។ មនុស្សម្នាក់ដែលមានដួងចិត្តប្រាថ្នាចង់បាន និងចង់ស្វែងរកបែបនេះ ជាអ្នកដែលនៅតែបន្តមានចិត្តចង់ទទួលបាននូវច្រកចូល គឺស្ថិតនៅក្នុងផ្លូវដ៏ត្រឹមត្រូវនៃជីវិតខាងវិញ្ញាណហើយ។ អស់អ្នកណាដែលត្រូវព្រះវិញ្ញាណបរិសុទ្ធពាល់ចិត្ត ដែលមានបំណងចិត្តចង់ធ្វើការបានកាន់តែប្រសើរ ដែលសុខចិត្តដេញតាមការប្រោសឱ្យបានគ្រប់លក្ខណ៍ពីសារព្រះជាម្ចាស់ ដែលទន្ទឹងចង់បានការយល់ដឹងកាន់តែស៊ីជម្រៅអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ កដែលមិនដេញតាមអ្វីដែលហួសពីវិស័យធម្មជាតិ តែជាអ្នកហានលះបង់ពិតប្រាកដ ជាអ្នកដែលពិតជាយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាអ្នកដែលពិតជាបានទទួលនូវច្រកចូល ដែលនឹងធ្វើឱ្យបទពិសោធរបស់ពួកគេកាន់តែមានលក្ខណៈពិតប្រាកដ និងជាក់លាក់ ជាអ្នកដែលមិនដេញតាមពាក្យសំដីឥតប្រយោជន៍ និងគោលលទ្ធិ ឬមិនដេញតាមអារម្មណ៍នៃការអស្ចារ្យ ជាអ្នកដែលមិនគោរពថ្វាយបង្គំបុគ្គលិកលក្ខណៈអស្ចារ្យណាមួយនោះឡើយហើយមនុស្សទាំងនេះ គឺជាមនុស្សដែលបានចូលទៅក្នុងជីវិតខាងវិញ្ញាណបែបធម្មតា។ អ្វីគ្រប់យ៉ាងដែលពួកគេធ្វើ គឺដើម្បីទទួលបានការរីកចម្រើនបន្ថែមទៀតនៅក្នុងជីវិត ធ្វើឱ្យពួកគេស្រស់ថ្លា និងរស់រវើកក្នុងវិញ្ញាណ ហើយពួកគេតែងតែអាចទទួលបាននូវច្រកចូលយ៉ាងពិតប្រាកដ។ ពួកគេចាប់ផ្តើមយល់ពីសេចក្តីពិត ហើយចូលទៅក្នុងជីវិតដ៏ពិតបន្ដិចម្ដងៗ។ អ្នកដែលមានជីវិតខាងវិញ្ញាណបែបធម្មតា រកឃើញនូវការរំដោះ និងសេរីភាពខាងវិញ្ញាណជារៀងរាល់ថ្ងៃ ហើយពួកគេអាចអនុវត្តនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយសេរី ដើម្បីគាប់ព្រះហឫទ័យរបស់ទ្រង់។ សម្រាប់មនុស្សទាំងអស់នេះ ការអធិស្ឋានគឺមិនធ្វើឡើងជាផ្លូវការ ឬមាននីតិវិធីអ្វីទេ។ ជារៀងរាល់ថ្ងៃ ពួកគេអាចរក្សាជំហានរបស់ពួកគេជាមួយនឹងពន្លឺថ្មី។ ឧទាហរណ៍ មនុស្សហ្វឹកហ្វឺនខ្លួនឯងដើម្បីឱ្យចិត្តរបស់ពួកគេស្ងប់នៅចំពោះព្រះជាម្ចាស់ ហើយចិត្តរបស់ពួកគេពិតជាអាចស្ងប់នៅចំពោះព្រះជាម្ចាស់មែន ដោយមិនមាននរណាម្នាក់រំខានពួកគេបានឡើយ។ គ្មានមនុស្សណាម្នាក់ ព្រឹត្តិការណ៍ណាមួយ ឬវត្ថុណាមួយអាចរារាំងដល់ជីវិតខាងវិញ្ញាណបែបធម្មតារបស់ពួកគេបានឡើយ។ ការហ្វឹកហ្វឺនបែបនេះ គឺបានរំពឹងទុកថាបានទទួលនូវលទ្ធផល មិនមែនរំពឹងទុកថានឹងធ្វើឱ្យមនុស្សប្រព្រឹត្តតាមច្បាប់នោះទេ។ ការអនុវត្តន៍នេះគឺមិនមែននិយាយអំពីការអនុវត្តតាមច្បាប់នោះទេ ប៉ុន្តែផ្ទុយទៅវិញគឺជាលើកកម្ពស់ការរីកចម្រើននៅក្នុងជីវិតរបស់មនុស្ស។ ប្រសិនបើអ្នកមើលឃើញថាការអនុវត្តនេះគ្រាន់តែជាវិធានដែលត្រូវធ្វើតាមច្បាប់ នោះជីវិតរបស់អ្នកនឹងមិនដែលផ្លាស់ប្តូរឡើយ។ អ្នកប្រហែលជាបានចូលរួមនៅក្នុងការអនុវត្តដូចគ្នានឹងអ្នកដទៃដែរ ប៉ុន្តែខណៈដែលនៅទីបំផុតពួកគេអាចបោះជំហានទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ អ្នកបែរជាត្រូវបានផាត់ចោលពីរង្វង់នៃព្រះវិញ្ញាណបរិសុទ្ធ។ តើអ្នកមិនមែនកំពុងបញ្ឆោតខ្លួនឯងទេឬ? គោលបំណងនៃពាក្យទាំងនេះ គឺដើម្បីអនុញ្ញាតឱ្យមនុស្សមានចិត្តស្ងប់នៅចំពោះព្រះជាម្ចាស់ ដើម្បីបង្វែរចិត្តរបស់ពួកគេទៅឯព្រះជាម្ចាស់ ដើម្បីឱ្យកិច្ចការរបស់ព្រះជាម្ចាស់ដែលនៅក្នុងពួកគេអាចនឹងគ្មានឧបសគ្គ ហើយអាចនឹងបង្កើតផលបាន។ មានតែរបៀបនោះទេ ទើបមនុស្សអាចធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។