សេចក្តីផ្ដើម

បំណែកនៃព្រះបន្ទូលរបស់ព្រះនេះមានចំនួនសរុបបួនផ្នែក ដែលសុទ្ធតែត្រូវបានសម្ដែងចេញដោយព្រះគ្រីស្ទនៅចន្លោះខែមិថុនា ឆ្នាំ ១៩៩២ និងខែកញ្ញា ឆ្នាំ ២០០៥។ ភាគច្រើនជាកំណត់ត្រានៃសេចក្តីអធិប្បាយ និងការប្រកបគ្នារបស់ព្រះគ្រីស្ទ នៅពេលដែលព្រះអង្គបានយាងនៅកណ្ដាលចំណោមពួកជំនុំ។ មេរៀនទាំងនេះមិនទាន់ត្រូវបានកែ ឬប្ដូរនៅក្នុងរបៀបណាមួយ ដោយព្រះគ្រីស្ទឡើយ។ ផ្នែកសេសសល់ត្រូវបាននិពន្ធដោយព្រះគ្រីស្ទផ្ទាល់ (នៅពេលដែលព្រះគ្រីស្ទនិពន្ធ ព្រះអង្គសរសេរយ៉ាងរលូន ដោយមិនបានឈប់គិត ឬកែសម្រួលទេ ហើយព្រះបន្ទូលរបស់ទ្រង់គឺជាការសម្ដែងចេញទាំងស្រុងចេញពីព្រះវិញ្ញាណបរិសុទ្ធ។ នេះជាអ្វីមួយដែលហួសពីការនឹកគិតរបស់យើង)។ ជំនួសឲ្យការញែកព្រះសូរសៀងទាំងពីរប្រភេទនេះ យើងបានបង្ហាញព្រះបន្ទូលទាំងនេះជាមួយគ្នា ដោយប្រើលំដាប់លំដោយដើម ដែលព្រះបន្ទូលទាំងនេះត្រូវបានសម្ដែងចេញ។ ដោយចេញពីភាពទាំងស្រុងនៃព្រះសូរសៀងរបស់ព្រះអង្គ ការនេះអនុញ្ញាតឲ្យយើងមើលឃើញជំហាននៃកិច្ចការរបស់ព្រះ ព្រមទាំងយល់ពីរបៀបដែលទ្រង់ធ្វើការក្នុងអំឡុងនៃដំណាក់កាលនីមួយៗ ដែលជាប្រយោជន៍ដល់ចំណេះដឹងរបស់មនុស្សអំពីជំហាននៃកិច្ចការរបស់ព្រះ និងព្រះប្រាជ្ញាញាណរបស់ព្រះ។

ជំពូកទាំងប្រាំបីដំបូងនៃ «ព្រះបន្ទូលរបស់ព្រះគ្រីស្ទ ខណៈដែលទ្រង់យាងក្នុងពួកជំនុំនានា (ភាគទី១)» ជារួមមក ដែលសំដៅទៅលើ «ផ្លូវ» នោះ គឺជាបំណែកតូចមួយនៃព្រះបន្ទូលដែលត្រូវបានថ្លែង ដោយព្រះគ្រីស្ទ កាលព្រះអង្គបានគង់នៅកម្រិតស្មើគ្នាជាមួយមនុស្ស។ ទោះបីព្រះបន្ទូលទាំងនេះមានភាពសោះកក្រោះបែបណាក៏ដោយ ក៏ព្រះបន្ទូលទាំងនេះពេញពោរដោយសេចក្តីស្រឡាញ់ និងការយកព្រះទ័យទុកដាក់របស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិដែរ។ មុននោះ ព្រះជាម្ចាស់បានមានបន្ទូលចេញពីទស្សនៈនៃស្ថានសួគ៌ជាន់ទីបី ដែលបានបើកផ្លូវយ៉ាងឆ្ងាយរវាងព្រះអង្គ និងមនុស្ស ហើយបានធ្វើឲ្យមនុស្សខ្លាចក្នុងការចូលទៅរកព្រះជាម្ចាស់ ក៏ដូចជាទូលសុំទ្រង់ឲ្យផ្គត់ផ្គង់ដល់ជីវិតរបស់ពួកគេ។ ដូច្នេះ នៅក្នុង «ផ្លូវ» ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់មនុស្សនៅក្នុងកម្រិតស្មើគ្នា ហើយបានចង្អុលបង្ហាញផ្លូវនៃទិសដៅទៅរកការស្ដារទំនាក់ទំនងរបស់មនុស្សជាមួយព្រះជាម្ចាស់ទៅកាន់សភាពដើមរបស់វាវិញ ហើយមនុស្សលែងសង្ស័យថាតើព្រះជាម្ចាស់នៅតែកំពុងប្រើវិធីសាស្ត្រនៃការមានបន្ទូល និងលែងមានអារម្មណ៍ភ័យខ្លាច ដោយសេចក្តីរន្ធត់ចិត្តចេញពីការកាត់ទោសនៃសេចក្តីស្លាប់ទៀតហើយ។ ព្រះជាម្ចាស់បានយាងចុះពីស្ថានសួគ៌ជាន់ទីបីមកកាន់ផែនដី មនុស្សបានចូលមកនៅចំពោះបល្ល័ង្កនៃព្រះ ចេញពីបឹងភ្លើង និងស្ពាន់ធ័រ ពួកគេបោះចោលរូបស្រមោលជា «អ្នកស៊ីឈ្នួល» ហើយដូចជាកូនគោដែលទើបនឹងកើតដែរ ពួកគេបានទទួលយកការជ្រមុជក្នុងព្រះបន្ទូលរបស់ព្រះជាផ្លូវការ។ មានតែបែបនេះទេ ទើបព្រះជាម្ចាស់អាចមានបន្ទូលយ៉ាងស្និទ្ធស្នាលជាមួយពួកគេ និងធ្វើកិច្ចការប្រទានជីវិតបានច្រើនជាមួយពួកគេ។ គោលបំណងនៃការដែលព្រះជាម្ចាស់បន្ទាបអង្គទ្រង់ជាមនុស្ស គឺដើម្បីឲ្យព្រះអង្គចូលកាន់តែកៀកមនុស្ស កាត់បន្ថយគម្លាតរវាងពួកគេ និងទ្រង់ អនុញ្ញាតឲ្យព្រះអង្គបាននូវការទទួលស្គាល់ និងការទុកចិត្តរបស់មនុស្ស ហើយបណ្ដាលចិត្តមនុស្សឲ្យមានសេចក្តីជឿជាក់ក្នុងការដេញតាមជីវិត និងដើរតាមព្រះជាម្ចាស់។ ជំពូកទាំងប្រាំបីនៃអត្ថបទ «ផ្លូវ» អាចត្រូវបានបូកសរុបមកថាជាកូនសោដែលព្រះជាម្ចាស់ប្រើ ដើម្បីចាក់សោដួងចិត្តរបស់មនុស្ស ហើយជាមួយគ្នា វាបង្កើតបានជាថ្នាំគ្រាប់ស្រោបជាតិស្ករដែលព្រះអង្គប្រទានដល់មនុស្ស។ មានតែព្រះជាម្ចាស់ធ្វើបែបនេះទេ ទើបមនុស្សអាចយកចិត្តទុកដាក់ចំពោះសេចក្តីបង្រៀន និងការស្ដីប្រដៅដដែលៗរបស់ព្រះជាម្ចាស់។ គឺអាចនិយាយបានថា មានតែបន្ទាប់ពីកិច្ចការនេះទេ ទើបព្រះជាម្ចាស់ចាប់ផ្ដើមជាផ្លូវការនូវកិច្ចការប្រទានជីវិត និងការសម្ដែងចេញសេចក្តីពិតនៅក្នុងដំណាក់កាលបច្ចុប្បន្ននៃកិច្ចការនេះ ពេលព្រះអង្គបន្តមានបន្ទូលអំពី៖ «តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី» និង «អំពីជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់»...។ តើវិធីសាស្ត្របែបនេះមិនបង្ហាញពីព្រះប្រាជ្ញាញាណ និងបំណងព្រះហឫទ័យដ៏ទៀងត្រង់របស់ទ្រង់ទេឬ? នេះគឺជាទីចាប់ផ្ដើមនៃការប្រទានជីវិតរបស់ព្រះគ្រីស្ទ ដូច្នេះ សេចក្តីពិតមានកម្រិតរាក់ជាងផ្នែកបន្តបន្ទាប់។ គោលការណ៍នៅពីក្រោយផ្នែកនេះគឺសាមញ្ញ៖ ព្រះជាម្ចាស់ធ្វើការស្របតាមតម្រូវការរបស់មនុស្សជាតិ។ ព្រះអង្គមិនប្រព្រឹត្ត ឬមានបន្ទូលទាំងងងឹតងងល់ឡើយ។ មានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះ ដែលយល់ទាំងស្រុងអំពីតម្រូវការរបស់មនុស្សជាតិ ហើយក៏គ្មាននរណាម្នាក់មានសេចក្តីស្រឡាញ់ និងការយល់ដឹងដ៏ធំធេងអំពីមនុស្សជាងព្រះអង្គនោះដែរ។

នៅក្នុងព្រះសូរសៀងពីមួយដល់ដប់នៅក្នុង «កិច្ចការ និងការចូលទៅក្នុង» ព្រះបន្ទូលរបស់ព្រះចូលដល់ដំណាក់កាលមួយថ្មី។ ជាលទ្ធផល ព្រះសូរសៀងទាំងនេះត្រូវបានដាក់នៅទីដើមដំបូង។ បន្ទាប់មក «ព្រះបន្ទូលរបស់ព្រះគ្រីស្ទ ខណៈដែលទ្រង់យាងក្នុងពួកជំនុំនានា (ភាគទី២)» បានលេចឡើងជារូបរាង។ ក្នុងអំឡុងពេលនៃដំណាក់កាលនេះ ព្រះជាម្ចាស់បានធ្វើការទាមទារកាន់តែលម្អិតពីអ្នកដើរតាមទ្រង់ ជាការទាមទារដែលរាប់បញ្ចូលទាំងចំណេះដឹងអំពីរបៀបរស់នៅរបស់មនុស្ស អ្វីដែលតម្រូវឲ្យមានចេញពីគុណសម្បត្តិរបស់ពួកគេ ជាដើម។ ដោយសារតែមនុស្សទាំងនេះបានតាំងចិត្តក្នុងការដើរតាមព្រះជាម្ចាស់ ហើយលែងមានមន្ទិលសង្ស័យអំពីអត្តសញ្ញាណ និងសារជាតិរបស់ព្រះ ព្រះជាម្ចាស់ក៏បានចាប់ផ្ដើមប្រព្រឹត្តចំពោះពួកគេជាផ្លូវការ ក្នុងនាមជាសមាជិកនៃក្រុមគ្រួសាររបស់ទ្រង់ផ្ទាល់ ដោយការប្រកបសេចក្តីពិតខាងក្នុងនៃកិច្ចការរបស់ព្រះ ចាប់តាំងពីកំណើតពិភពលោក រហូតដល់ពេលសព្វថ្ងៃ ដោយការបើកសម្ដែងនូវសេចក្តីពិតដែលនៅពីក្រោយព្រះគម្ពីរ និងដោយការបង្រៀនពួកគេអំពីសារៈសំខាន់ដ៏ពិតនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ ព្រះសូរសៀងរបស់ព្រះជាម្ចាស់នៅក្នុងផ្នែកនេះបានផ្ដល់ឲ្យមនុស្សនូវការយល់ដឹងកាន់តែប្រសើរអំពីសារជាតិរបស់ព្រះ និងសារជាតិនៃកិច្ចការរបស់ទ្រង់ ហើយបានអនុញ្ញាតឲ្យពួកគេយល់ថា អ្វីដែលពួកគេបានទទួលពីសេចក្តីសង្រ្គោះរបស់ព្រះនោះ លើសហួសពីអ្វីដែលពួកហោរា និងពួកសាវ័កបានទទួលកាលពីអតីតកាលទៅទៀត។ ចេញពីគ្រប់ឃ្លានៃព្រះបន្ទូលរបស់ព្រះ អ្នកអាចយល់គ្រប់ទាំងពាក្យពេចន៍នៃព្រះប្រាជ្ញាញាណរបស់ទ្រង់ ក៏ដូចជាសេចក្តីស្រឡាញ់ និងការយកព្រះទ័យទុកដាក់យ៉ាងហ្មត់ចត់របស់ទ្រង់សម្រាប់មនុស្ស។ បន្ថែមពីលើការសម្ដែងចេញនូវព្រះបន្ទូលទាំងនេះ ព្រះជាម្ចាស់ក៏បានបើកសម្ដែងម្ដងមួយៗជាសាធារណៈនូវសញ្ញាណ និងជំនឿខុសឆ្គងដំបូងៗអំពីមនុស្ស និងអ្វីៗដែលមនុស្សមិនធ្លាប់បានស្រមៃឃើញកាលពីមុនមក ក៏ដូចជាផ្លូវដែលមនុស្សត្រូវដើរនាពេលអនាគតផងដែរ។ នេះប្រហែលជា «សេចក្តីស្រឡាញ់» ដ៏ចង្អៀត ដែលមនុស្សមានសមត្ថភាពដកពិសោធន៍! ជារួមមក ព្រះជាម្ចាស់បានប្រទានដល់មនុស្សនូវអ្វីៗគ្រប់យ៉ាងដែលពួកគេត្រូវការ ហើយបានប្រទានដល់ពួកគេនូវអ្វីដែលពួកគេបានទូលសុំ ដោយឥតលាក់ទុក ឬសុំអ្វីមួយជាផលតបស្នងវិញឡើយ។

ជំពូកពិសេសៗជាច្រើនទៀតនៅក្នុងផ្នែកនេះក៏លើកឡើងអំពីព្រះគម្ពីរផងដែរ។ ព្រះគម្ពីរបានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្រមនុស្សលោកអស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ។ ជាងនេះទៅទៀត មនុស្សចាត់ទុកព្រះគម្ពីរដូចជាព្រះជាម្ចាស់អ៊ីចឹង ដល់កម្រិតមួយដែលនៅគ្រាចុងក្រោយ វាបានជំនួសកន្លែងរបស់ព្រះជាម្ចាស់ ដែលធ្វើឲ្យព្រះជាម្ចាស់ស្អប់ខ្ពើមយ៉ាងខ្លាំង។ ដូច្នេះ នៅពេលអំណោយផល ព្រះជាម្ចាស់មានកាតព្វកិច្ចត្រូវបញ្ជាក់អំពីសាច់រឿងខាងក្នុង និងប្រភពដើមនៃព្រះគម្ពីរ ព្រោះថាបើទ្រង់មិនធ្វើបែបនេះទេ នោះព្រះគម្ពីរនឹងបន្តជំនួសកន្លែងរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់មនុស្ស ហើយមនុស្សនឹងប្រើព្រះបន្ទូលនៃព្រះគម្ពីរ ដើម្បីវាស់វែង និងថ្កោលទោសទង្វើរបស់ព្រះជាម្ចាស់មិនខាន។ តាមរយៈការពន្យល់អំពីសារជាតិ រចនាសម្ព័ន្ធ និងកន្លែងខ្វះចន្លោះនៃព្រះគម្ពីរ ព្រះជាម្ចាស់គ្មានចេតនាបដិសេធអត្ថិភាពនៃព្រះគម្ពីរ ឬក៏ចង់ថ្កោលទោសព្រះគម្ពីរនោះឡើយ។ ផ្ទុយទៅវិញ ព្រះអង្គកំពុងតែប្រទាននូវសេចក្តីពណ៌នាដ៏សមហេតុផល និងស័ក្ដិសមមួយ ដើម្បីស្ដាររូបភាពដើមនៃព្រះគម្ពីរឡើងវិញ ដោះស្រាយជាមួយការយល់ច្រឡំដែលមនុស្សមានចំពោះព្រះគម្ពីរ ព្រមទាំងផ្ដល់ឲ្យពួកគេនូវទស្សនៈដ៏ត្រឹមត្រូវអំពីព្រះគម្ពីរ ដើម្បីឲ្យពួកគេលែងថ្វាយបង្គំព្រះគម្ពីរ និងលែងវង្វេងតទៅទៀត។ គឺអាចនិយាយបានថា ដើម្បីឲ្យពួកគេលែងមានសេចក្តីជំនឿដ៏ងងឹតងងល់បែបយល់ច្រឡំនៅលើព្រះគម្ពីរ ថាជាសេចក្តីជំនឿលើព្រះជាម្ចាស់ និងជាការថ្វាយបង្គំព្រះជាម្ចាស់ ថែមទាំងមានអារម្មណ៍ខ្លាចក្នុងការប្រឈមចំពោះសាវតារដ៏ពិត និងកន្លែងខ្វះចន្លោះរបស់ព្រះគម្ពីរ។ ពេលដែលមនុស្សមានការយល់ដឹងដ៏ត្រឹមត្រូវអំពីព្រះគម្ពីរ នោះពួកគេអាចទុកព្រះគម្ពីរនៅម្ដុំ ដោយគ្មានអារម្មណ៍សោកសៅ ហើយមានភាពក្លាហានក្នុងការទទួលយកព្រះបន្ទូលថ្មីរបស់ព្រះជាម្ចាស់។ នេះគឺជាគោលដៅរបស់ព្រះជាម្ចាស់នៅក្នុងជំពូកទាំងប៉ុន្មាននេះ។ សេចក្តីពិតដែលព្រះជាម្ចាស់ចង់ប្រាប់ដល់មនុស្សនៅត្រង់នេះគឺថា គ្មានទ្រឹស្ដី ឬការពិតណាមួយអាចជំនួសកន្លែងនៃកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ ហើយក៏គ្មានអ្វីមួយអាចជំនួសកន្លែងរបស់ព្រះជាម្ចាស់បានដែរ។ ប្រសិនបើមនុស្សមិនអាចរត់គេចចេញពីអន្ទាក់នៃព្រះគម្ពីរទេ នោះពួកគេនឹងមិនអាចចូលទៅចំពោះព្រះជាម្ចាស់បានឡើយ។ ប្រសិនបើពួកគេចង់ចូលទៅចំពោះព្រះជាម្ចាស់ ជាដំបូង ពួកគេត្រូវតែលាងជម្រះដួងចិត្តរបស់ពួកគេពីអ្វីៗដែលអាចជំនួសកន្លែងទ្រង់ជាមុនសិន បន្ទាប់មក ពួកគេនឹងក្លាយជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់មិនខាន។ ទោះបីជាព្រះជាម្ចាស់ពន្យល់តែព្រះគម្ពីរនៅត្រង់នេះក៏ដោយ ក៏សូមកុំភ្លេចដែរថា មាននូវរឿងភាន់ច្រឡំជាច្រើនផ្សេងទៀតដែលមនុស្សថ្វាយបង្គំនៅខាងក្នុងចេញពីព្រះគម្ពីរ ហើយរឿងតែមួយគត់ដែលពួកគេមិនថ្វាយបង្គំ គឺជារឿងដែលចេញមកពីព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ព្រះជាម្ចាស់គ្រាន់តែប្រើប្រាស់ព្រះគម្ពីរជាឧទាហរណ៍មួយ ដើម្បីដាស់តឿនដល់មនុស្សមិនឲ្យដើរតាមផ្លូវខុស ហើយធ្លាក់ទៅក្នុងភាពជ្រុលនិយម និងភាពភាន់ច្រឡំម្តងទៀត ក្នុងពេលដែលពួកគេជឿលើព្រះជាម្ចាស់ និងទទួលយកព្រះបន្ទូលរបស់ទ្រង់។

ព្រះបន្ទូលដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស ចាប់ផ្ដើមពីកម្រិតរាក់ទៅរកកម្រិតជ្រៅ។ ប្រធានបទនៃព្រះសូរសៀងរបស់ទ្រង់បង្កើតឲ្យមានវឌ្ឍនភាពជាបន្តបន្ទាប់មួយចេញពីឥរិយាបថ និងសកម្មភាពខាងក្រៅរបស់មនុស្សទៅកាន់និស្ស័យដ៏ពុករលួយរបស់ពួកគេ ចេញពីទីកន្លែងដែលព្រះជាម្ចាស់តម្រង់ចុងលំពែងនៃព្រះបន្ទូលរបស់ទ្រង់សំដៅទៅកាន់ផ្នែកដ៏ស៊ីជម្រៅបំផុតនៃព្រលឹងរបស់មនុស្ស ដែលជាសារជាតិរបស់ពួកគេ។ ក្នុងអំឡុងពេលដែល «ព្រះបន្ទូលរបស់ព្រះគ្រីស្ទ ខណៈដែលទ្រង់យាងក្នុងពួកជំនុំនានា (ភាគទី៣)» ត្រូវបានសម្ដែងចេញ ព្រះសូរសៀងរបស់ព្រះជាម្ចាស់សង្កត់ធ្ងន់ទៅលើសារៈសំខាន់ និងអត្តសញ្ញាណរបស់មនុស្ស ព្រមទាំងតើក្លាយជាមនុស្សពិតប្រាកដម្នាក់មានន័យដូចម្តេច ដែលជាសេចក្តីពិតដ៏ស៊ីជម្រៅ និងសំណួរដ៏សំខាន់ៗទាក់ទងនឹងច្រកចូលទៅកាន់ជីវិតរបស់មនុស្ស។ ពិតណាស់ ដោយគិតឡើងវិញអំពីសេចក្តីពិតដែលព្រះជាម្ចាស់ប្រទានដល់មនុស្សនៅក្នុង «ព្រះបន្ទូលរបស់ព្រះគ្រីស្ទ ខណៈដែលទ្រង់យាងក្នុងពួកជំនុំនានា (ភាគទី១)» បើប្រៀបធៀបទៅ ខ្លឹមសារនៃ «ព្រះបន្ទូលរបស់ព្រះគ្រីស្ទ ខណៈដែលទ្រង់យាងក្នុងពួកជំនុំនានា (ភាគទី៣)» មានអត្ថន័យជ្រាលជ្រៅខ្លាំងជាង។ ព្រះបន្ទូលនៅក្នុងផ្នែកនេះលើកឡើងអំពីមាគ៌ាទៅថ្ងៃអនាគតរបស់មនុស្ស និងរបៀបដែលពួកគេអាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ ហើយក៏លើកឡើងអំពីទីដៅអនាគតរបស់មនុស្សជាតិ និងរបៀបដែលព្រះជាម្ចាស់ និងមនុស្សនឹងចូលទៅក្នុងការសម្រាកជាមួយគ្នាផងដែរ។ (គឺអាចនិយាយបានថា មកដល់ពេលបច្ចុប្បន្ន នេះគឺជាព្រះបន្ទូលដែលព្រះជាម្ចាស់បានសម្ដែងទៅកាន់មនុស្សទាក់ទងនឹងសារជាតិរបស់ពួកគេ បេសកកម្មរបស់ពួកគេ និងទីដៅរបស់ពួកគេ ដែលមានភាពងាយស្រួលយល់បំផុត។) ព្រះជាម្ចាស់សង្ឃឹមថា មនុស្សដែលអានព្រះបន្ទូលទាំងនេះ គឺជាមនុស្សដែលបានញែកខ្លួនចេញពីសញ្ញាណ និងការស្រមើស្រមៃជាមនុស្ស ជាអ្នកដែលអាចមានការយល់ដឹងដ៏បរិសុទ្ធអំពីគ្រប់ទាំងព្រះបន្ទូលរបស់ព្រះនៅក្នុងជម្រៅចិត្តរបស់ពួកគេ។ លើសពីនេះ ព្រះអង្គក៏សង្ឃឹមផងដែរថា អស់អ្នកដែលអានព្រះបន្ទូលទាំងនេះ អាចយកព្រះបន្ទូលរបស់ព្រះទុកជាសេចក្តីពិត ជាផ្លូវ និងជាជីវិត ហើយសង្ឃឹមថា ពួកគេយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ចំពោះព្រះជាម្ចាស់ ឬមិននិយាយបញ្ជោរទ្រង់នោះឡើយ។ ប្រសិនបើមនុស្សអានព្រះបន្ទូលទាំងនេះដោយប្រកាន់យកចិត្តគំនិតបែបត្រួតពិនិត្យ ឬពិនិត្យពិច័យព្រះជាម្ចាស់យ៉ាងផ្ចិតផ្ចង់ នោះព្រះសូរសៀងទាំងនេះនឹងប្រៀបដូចជាសៀវភៅបិទជិតមួយក្បាលចំពោះពួកគេអ៊ីចឹង។ មានតែអស់អ្នកដែលដេញតាមសេចក្តីពិត អ្នកដែលតាំងចិត្តដើរតាមព្រះជាម្ចាស់ និងអ្នកដែលគ្មានចិត្តសង្ស័យទាល់តែសោះចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ ទើបមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលយកព្រះបន្ទូលទាំងនេះ។

«ព្រះបន្ទូលរបស់ព្រះគ្រីស្ទ ខណៈដែលទ្រង់យាងក្នុងពួកជំនុំនានា (ភាគទី៤)» គឺជាផ្នែកមួយទៀតនៃព្រះសូរសៀងរបស់ព្រះដែលបន្តពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល។» ផ្នែកនេះរាប់បញ្ចូលទាំងសេចក្តីដាស់តឿន សេចក្តីបង្រៀន និងការបើកសម្ដែងរបស់ព្រះជាម្ចាស់ទៅកាន់មនុស្សនៅតាមនិកាយគ្រីស្ទបរិស័ទ ដូចជា៖ «ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណ របស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» «មនុស្សដែលមិនចុះសម្រុងនឹងព្រះគ្រីស្ទ គឺជាសត្រូវព្រះជាម្ចាស់ប្រាកដណាស់។» វាក៏រាប់បញ្ចូលលក្ខខណ្ឌតម្រូវដ៏ជាក់លាក់បំផុតរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ ដូចជា៖ «ចូរត្រៀមខ្លួនធ្វើអំពើល្អឲ្យបានគ្រប់គ្រាន់សម្រាប់វាសនារបស់អ្នក» «សេចក្ដីដាស់តឿនទាំងបី» «អំពើរំលងនឹងនាំមនុស្សទៅកាន់ស្ថាននរក។» ទិដ្ឋភាពជាច្រើនត្រូវបានគ្របដណ្ដប់ ដូចជា ការបើកសម្ដែង និងការជំនុំជម្រះសម្រាប់មនុស្សគ្រប់ប្រភេទ និងព្រះបន្ទូលស្ដីពីរបៀបស្គាល់ព្រះជាម្ចាស់។ គឺអាចនិយាយបានថា ផ្នែកនេះគឺជាស្នូលនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ។ ផ្នែកដែលមិនអាចបំភ្លេចបានបំផុតនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់នេះគឺថា នៅពេលដែលព្រះជាម្ចាស់ហៀបនឹងបិទបញ្ចប់កិច្ចការរបស់ទ្រង់ ព្រះអង្គបានលាតត្រដាងអំពីអ្វីដែលស្ថិតនៅក្នុងឆ្អឹងខ្នងរបស់មនុស្ស ដែលជាអំពើក្បត់។ គោលបំណងរបស់ទ្រង់គឺឲ្យមនុស្សដឹងអំពីការពិតនៅទីបំផុត ហើយដុតបំផ្លាញចោលឲ្យដល់ផ្នែកដ៏ជ្រៅបំផុតនៃដួងចិត្តរបស់ពួកគេ៖ រយៈពេលដែលអ្នកបានក្លាយជាអ្នកដើរតាមព្រះជាម្ចាស់មិនសំខាន់ឡើយ ដ្បិតធម្មជាតិរបស់អ្នកនៅតែក្បត់ព្រះជាម្ចាស់។ ក្នុងន័យម្យ៉ាងទៀត មនុស្សមានធម្មជាតិក្បត់ព្រះជាម្ចាស់ ដោយសារតែមនុស្សគ្មានសមត្ថភាពទទួលបានភាពចាស់ទុំទាំងស្រុងនៅក្នុងជីវិតរបស់ពួកគេ ហើយវាអាចមានតែការផ្លាស់ប្ដូរតិចតួចនៅក្នុងនិស្ស័យរបស់ពួកគេប៉ុណ្ណោះ។ ទោះបីជាជំពូកទាំងពីរនេះ «អំពើក្បត់ (១)» និង «អំពើក្បត់ (២)» ផ្ដល់ជាភាពភ្ញាក់ផ្អើលដល់មនុស្សក៏ដោយ ក៏ជំពូកទាំងនេះគឺជាសេចក្តីព្រមានដ៏ស្មោះត្រង់ និងសប្បុរសបំផុតរបស់ព្រះចំពោះមនុស្សដែរ។ យ៉ាងហោចណាស់ នៅពេលដែលមនុស្សឆ្អែតចិត្ត និងបញ្ឆោតខ្លួនឯង ក្រោយបានអានជំពូកទាំងពីរនេះរួច សេចក្តីទុច្ចរិតរបស់ពួកគេនឹងត្រូវបានត្រួតពិនិត្យ ហើយពួកគេនឹងស្ងាត់មាត់ជាងមុន។ តាមរយៈជំពូកទាំងពីរនេះ ព្រះជាម្ចាស់រំឭកមនុស្សទាំងអស់ថា មិនថាជីវិតរបស់ពួកគេចាស់ទុំប៉ុនណា អ្នកមានបទពិសោធន៍ស៊ីជម្រៅកម្រិតណា អ្នកមានទំនុកចិត្តខ្លាំងបែបណា ហើយមិនថាអ្នកកើតមកនៅកន្លែងណា និងមានគម្រោងចង់ទៅទីណានោះឡើយ ធម្មជាតិនៃការក្បត់ព្រះជាម្ចាស់របស់អ្នក ត្រូវបើកសម្ដែងចេញនៅគ្រប់ពេល និងគ្រប់ទីកន្លែងមិនខាន។ អ្វីដែលព្រះជាម្ចាស់ចង់ប្រាប់ដល់បុគ្គលម្នាក់ៗគឺថា៖ មនុស្សម្នាក់ៗមានធម្មជាតិពីកំណើតក្នុងការក្បត់ព្រះជាម្ចាស់។ ពិតណាស់ គោលបំណងរបស់ព្រះជាម្ចាស់ក្នុងការសម្ដែងចេញនូវជំពូកទាំងពីរនេះ គឺមិនមែនរកលេស ដើម្បីលុបបំបាត់ ឬថ្កោលទោសមនុស្សជាតិឡើយ ប៉ុន្តែដើម្បីធ្វើឲ្យមនុស្សដឹងកាន់តែច្រើនអំពីធម្មជាតិរបស់ខ្លួន ឲ្យពួកគេអាចរស់នៅយ៉ាងប្រុងប្រយ័ត្នចំពោះព្រះជាម្ចាស់គ្រប់ពេលវេលា ដើម្បីទទួលបានការចង្អុលបង្ហាញរបស់ទ្រង់ ហើយការនេះនឹងបញ្ឈប់ពួកគេកុំឲ្យបាត់បង់ព្រះវត្តមានរបស់ព្រះ និងបោះជំហាននៅលើផ្លូវមួយដែលគ្មានថ្ងៃបកក្រោយនោះឡើយ។ ជំពូកទាំងពីរនេះប្រៀបដូចជាកណ្ដឹងរោទិ៍សម្រាប់អស់អ្នកដែលដើរតាមព្រះជាម្ចាស់។ សង្ឃឹមថា មនុស្សនឹងយល់អំពីបំណងព្រះហឫទ័យដ៏ស្មោះរបស់ព្រះជាម្ចាស់។ ជារួមមក ព្រះបន្ទូលទាំងនេះគឺជាសេចក្តីពិតដែលមិនអាចប្រកែកបាន ដូច្នេះ តើមានតម្រូវការអ្វីខ្លះដែលមនុស្សជជែកតវ៉ាទាក់ទងនឹងពេល និងរបៀបដែលព្រះជាម្ចាស់សម្ដែងដល់ពួកគេ? ប្រសិនបើព្រះជាម្ចាស់លាក់ទុករឿងទាំងនេះសម្រាប់តែអង្គទ្រង់ ហើយរង់ចាំរហូតដល់ពេលដែលមនុស្សជឿថាជាពេលដ៏ស័ក្ដិសមដែលទ្រង់ថ្លែងព្រះបន្ទូលទាំងនោះ តើវាមិនយឺតពេលទេឬអី? ចុះនៅពេលណាទៅជាពេលដ៏ស័ក្ដិសមបំផុតនោះ?

ព្រះជាម្ចាស់ប្រើប្រាស់វិធីសាស្ត្រ និងទស្សនៈជាច្រើននៅក្នុងផ្នែកទាំងបួននេះ។ ឧទាហរណ៍ ពេលខ្លះព្រះអង្គប្រើការដៀលត្មះ ហើយពេលខ្លះទៀត ព្រះអង្គប្រើវិធីសាស្ត្រនៃការផ្គត់ផ្គង់ និងការបង្រៀនដោយផ្ទាល់។ ពេលខ្លះ ព្រះអង្គប្រើឧទាហរណ៍ ហើយពេលខ្លះទៀត ព្រះអង្គប្រើការស្ដីបន្ទោសធ្ងន់ៗ។ ជារួមមក មាននូវវិធីសាស្ត្រគ្រប់ប្រភេទខុសៗគ្នា ហើយគោលដៅគឺដើម្បីបំពេញសភាព និងរសជាតិផ្សេងៗគ្នារបស់មនុស្ស។ ទស្សនៈនៃការមានបន្ទូលរបស់ទ្រង់ផ្លាស់ប្ដូរទៅតាមវិធីសាស្ត្រ និងខ្លឹមសារខុសៗគ្នានៃព្រះសូរសៀងរបស់ទ្រង់។ ឧទាហរណ៍ ពេលខ្លះ ព្រះអង្គមានបន្ទូលថា «ខ្ញុំ» ហើយនេះជាពេលដែលទ្រង់មានបន្ទូលទៅកាន់មនុស្សចេញពីទស្សនៈរបស់ព្រះជាម្ចាស់ផ្ទាល់។ ពេលខ្លះ ព្រះអង្គមានបន្ទូលចេញពីបុគ្គលទីបី ដោយចែងអំពី «ព្រះជាម្ចាស់» នៅក្នុងរបៀបបែបនេះ ឬបែបនោះ ហើយមានពេលខ្លះទៀត ព្រះអង្គមានបន្ទូលចេញពីទស្សនៈជាមនុស្សលោក។ មិនថាព្រះអង្គមានបន្ទូលចេញពីទស្សនៈអ្វីនោះទេ សារជាតិរបស់ទ្រង់មិនផ្លាស់ប្ដូរឡើយ ព្រោះថាទោះបីព្រះអង្គមានបន្ទូលតាមរបៀបណាក៏ដោយ ក៏អ្វីៗគ្រប់យ៉ាងដែលព្រះអង្គសម្ដែងចេញ គឺជាសារជាតិរបស់ព្រះជាម្ចាស់ផ្ទាល់ដែរ ពោលគឺសុទ្ធតែជាសេចក្តីពិត និងជាអ្វីដែលមនុស្សជាតិត្រូវការតែម្ដង។

ខាង​ដើម៖ ជំពូកទី ៤៦

បន្ទាប់៖ ផ្លូវ ... (១)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ