មានតែអ្នកដែលស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះទេ ដែលអាចបម្រើព្រះជាម្ចាស់បាន
ដើម្បីធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ និងដើម្បីធ្វើឱ្យនាគដ៏ធំមានសម្បុរក្រហមអាម៉ាស់មុខ អ្នកត្រូវតែមានគោលការណ៍ ហើយអ្នកត្រូវតែបំពេញទៅតាមលក្ខខណ្ឌមួយ៖ អ្នកត្រូវស្រលាញ់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នក ហើយចូលមករកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនចូលមករកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះអ្នកនឹងគ្មានផ្លូវណាដើម្បីធ្វើឱ្យសាតាំងអាម៉ាស់មុខបានឡើយ។ តាមរយៈការលូតលាស់ក្នុងជីវិតរបស់អ្នក អ្នកបោះបង់នាគដ៏ធំមានសម្បុរក្រហមនោះចោល ហើយធ្វើឱ្យវាអាម៉ាស់មុខយ៉ាងខ្លាំង។ មានតែពេលនោះទេដែលនាគដ៏ធំមានសម្បុរក្រហម ត្រូវអាម៉ាស់មុខដោយពិតប្រាកដ។ កាលណាអ្នកអាចអនុវត្តតាមព្រះបន្ទូលព្រះជាម្ចាស់ឱ្យបានកាន់តែច្រើន ពេលនោះភស្តុងតាងដែលអ្នកស្រលាញ់ព្រះជាម្ចាស់ និងស្អប់ខ្ពើមនាគដ៏ធំមានសម្បុរក្រហមក៏កាន់តែច្រើនដែរ។ កាលណាអ្នកធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន ពេលនោះភស្តុតាងដែលអ្នកស្រេកឃ្លានចង់បានសេចក្តីពិតក៏កាន់តែច្រើនដែរ។ មនុស្សដែលមិនស្រេកឃ្លានចង់បានព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាមនុស្សគ្មានជីវិត។ មនុស្សរបៀបនេះ គឺជាមនុស្សស្ថិតនៅក្រៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយជាកម្មសិទ្ធិរបស់សាសនា។ មនុស្សដែលជឿលើព្រះជាម្ចាស់ពិតប្រាកដ មានចំណេះដឹងជ្រាលជ្រៅអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរយៈការហូប និងការផឹកព្រះបន្ទូលរបស់ទ្រង់។ ប្រសិនបើអ្នកមិនស្រេកឃ្លានចង់បានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះអ្នកមិនអាចហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ ហើយប្រសិនបើអ្នកមិនស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេនោះ អ្នកនឹងគ្មានមធ្យោបាយណាដើម្បីធ្វើទីបន្ទាល់ថ្វាយដល់ព្រះជាម្ចាស់ ឬគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។
នៅក្នុងការជឿលើព្រះជាម្ចាស់ តើមនុស្សម្នាក់គួរស្គាល់ព្រះជាម្ចាស់យ៉ាងដូចម្តេច? គេគួរស្គាល់ព្រះជាម្ចាស់ដោយផ្អែកលើព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ន ដោយគ្មានងាករេ ឬដោយគ្មានជំនឿខុសឆ្គងឡើយ ហើយគេត្រូវស្គាល់កិច្ចការរបស់ព្រះជាម្ចាស់មុននឹងស្គាល់កិច្ចការដទៃផ្សេងទៀតទាំងអស់។ នេះគឺជាមូលដ្ឋានគ្រឹះនៃការស្គាល់ព្រះជាម្ចាស់។ ជំនឿខុសឆ្គងទាំងអស់ដែលខ្វះការទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយចិត្តស្មោះ គឺគ្រាន់តែជាសញ្ញាណសាសនាប៉ុណ្ណោះ។ សញ្ញាណទាំងនេះគឺជាការទទួលយកដោយខុសឆ្គង និងមិនត្រឹមត្រូវ។ ជំនាញដ៏ពូកែរបស់អ្នកកាន់សាសនា គឺយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលគេទទួលយកនាពេលអតីតកាល ទៅផ្ទៀងផ្ទាត់ជាមួយនឹងព្រះបន្ទូលបច្ចុប្បន្ន ដើម្បីប្រឆាំងទាស់នឹងព្រះបន្ទូលទាំងនោះ។ ប្រសិនបើក្នុងពេលបម្រើព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ អ្នកប្រកាន់ខ្ជាប់តាមរឿងរ៉ាវនៃការបើកសម្តែងដោយការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលកន្លងមក នោះការបម្រើរបស់អ្នកនឹងបង្កឱ្យមានការរំខាន ហើយការអនុវត្តរបស់អ្នកនឹងហួសសម័យ ហើយក៏មិនខុសអ្វីពីពិធីសាសនាដែរ។ ប្រសិនបើអ្នកជឿថា អស់អ្នកណាដែលបម្រើព្រះជាម្ចាស់ត្រូវបន្ទាបខ្លួន ត្រូវមានភាពអត់ធ្មត់ និងត្រូវមានអ្វីៗផ្សេងទៀតតែសំបកក្រៅនោះ ហើយប្រសិនបើអ្នកយកចំណេះដឹងបែបនេះទៅអនុវត្តនាពេលបច្ចុប្បន្ន នោះចំណេះដឹងបែបនេះគ្រាន់តែជាសញ្ញាណសាសនាប៉ុណ្ណោះ ហើយការអនុវត្តបែបនេះបានក្លាយទៅជាការប្រតិបត្តដោយពុតត្បុត។ ពាក្យថា «សញ្ញាណសាសនា» សំដៅទៅលើអ្វីៗដែលហួសសម័យ និងចាស់គំរឹល (រួមទាំងការទទួលយកនូវព្រះបន្ទូលទាំងឡាយដែលព្រះជាម្ចាស់មានបន្ទូលពីមុនៗមក និងពន្លឺដែលបើកសម្តែងដោយផ្ទាល់ពីព្រះវិញ្ញាណបរិសុទ្ធដែរ) ប្រសិនបើយកសញ្ញាណទាំងនេះទៅអនុវត្តនាពេលបច្ចុប្បន្ន នោះវានឹងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនផ្តល់ប្រយោជន៍អ្វីដល់មនុស្សសោះឡើយ។ ប្រសិនបើមនុស្សមិនអាចដកសញ្ញាណនេះ (សញ្ញាណសាសនា) ចេញពីក្នុងខ្លួនពួកគេបានទេ នោះសញ្ញាណទាំងអស់នេះនឹងក្លាយជាឧបសគ្គយ៉ាងធំសម្រាប់មនុស្ស ក្នុងការបម្រើព្រះជាម្ចាស់។ មនុស្សដែលមានសញ្ញាណសាសនា មិនមានវិធីណាដើម្បីដើរតាមឱ្យទាន់ជំហាននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ។ ពួកគេដើរយឺតជាងមួយជំហាន បន្ទាប់មកពីរជំហាន ហើយនេះគឺដោយសារតែសញ្ញាណសាសនាទាំងនេះឯងដែលធ្វើឱ្យមនុស្សរាប់ខ្លួនឯងជាសុចរិត និងក្រអឺតក្រទមហួសហេតុ។ ព្រះជាម្ចាស់មិនមានព្រះហឫទ័យនឹកអាឡោះអាល័យចំពោះបន្ទូលដែលទ្រង់បានថ្លែង និងកិច្ចការដែលទ្រង់បានធ្វើកន្លងមកឡើយ។ ប្រសិនបើការនោះហួសសម័យទៅហើយ ទ្រង់នឹងលុបវាចោល។ ពិតណាស់ តើអ្នកអាចបោះបង់ចោលសញ្ញាណរបស់អ្នកបានដែរទេ? ប្រសិនបើអ្នកប្រកាន់ខ្ជាប់តាមព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងកាលពីអតីតកាល តើនេះអាចបញ្ជាក់ថា អ្នកស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ដែរឬទេ? ប្រសិនបើអ្នកមិនអាចទទួលយកពន្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ននេះបានទេ ផ្ទុយទៅវិញ បែរជាប្រកាន់ខ្ជាប់ទៅនឹងពន្លឺពីអតីតកាល តើនេះអាចបញ្ជាក់ថា អ្នកដើរតាមលំអានរបស់ព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅតែមិនទាន់អាចបោះបង់ចោលសញ្ញាណសាសនាបានមែនទេ? បើដូច្នេះមែន នោះអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ជាមិនខាន។
ប្រសិនបើមនុស្សអាចលះបង់សញ្ញាណសាសនាបាន នោះពួកគេមិនចាំបាច់ប្រើគំនិតរបស់ពួកគេទៅវាស់ស្ទង់ព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះឡើយ តែផ្ទុយទៅវិញ ពួកគេនឹងស្ដាប់បង្គាប់ដោយផ្ទាល់តែម្ដង។ ទោះបីកិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះខុសគ្នាស្រឡះពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលអតីតកាលក៏ដោយ ក៏អ្នកអាចលះបង់នូវទស្សនពីអតីតកាលចោលបានដែរ ហើយស្ដាប់បង្គាប់តាមកិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះដោយផ្ទាល់តែម្ដង។ មិនថាព្រះជាម្ចាស់បានធ្វើការយ៉ាងណាកាលពីអតីតកាលនោះទេ ប្រសិនបើអ្នកអាចយល់ពីកិច្ចការនោះបាន អ្នកត្រូវផ្ដល់តម្លៃអាទិភាពដល់កិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះ ដូច្នេះអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលបានលះបង់សញ្ញាណរបស់ខ្លួន ជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលអាចស្ដាប់បង្គាប់តាមកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន ព្រមទាំងដើរតាមលំអានរបស់ទ្រង់ទៀតផង។ នៅក្នុងលក្ខណៈនេះ អ្នកនឹងក្លាយទៅជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ដ៏ពិតប្រាកដ។ អ្នកនឹងមិនវិភាគ ឬពិនិត្យពិច័យកិច្ចការរបស់ព្រះជាម្ចាស់ទៀតឡើយ។ ការនេះហាក់បីដូចជាព្រះជាម្ចាស់បានបំភ្លេចកិច្ចការពីមុនរបស់ទ្រង់ចោល ហើយអ្នកក៏បានបំភ្លេចកិច្ចការនេះដែរ។ បច្ចុប្បន្នគឺបច្ចុប្បន្ន អតីតកាលគឺអតីតកាល ហើយដោយសារព្រះជាម្ចាស់ឈប់អើពើនឹងកិច្ចការដែលទ្រង់បានបំពេញកាលពីអតីតកាលទៅហើយ អ្នកក៏មិនគួរគិតគូរដល់កិច្ចការទាំងនោះទៀតដែរ។ ទាល់តែអ្នកអាចធ្វើបែបនេះបាន ទើបអ្នកនឹងអាចក្លាយជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង និងអាចលះបង់នូវសញ្ញាណសាសនាបានទាំងស្រុង។
ពីព្រោះជានិច្ចកាល មានការអភិវឌ្ឍន៍ថ្មីៗនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ដូច្នេះ មានកិច្ចការថ្មី ហើយក៏មានកិច្ចការដែលចាស់ហួសសម័យដែរ។ ប្រភេទកិច្ចការផ្សេងៗគ្នានេះ ទាំងថ្មី ទាំងចាស់ មិនប្រឆាំងគ្នាទេ ប៉ុន្តែបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ព្រោះជំហាននីមួយៗបន្តគ្នាពីជំហានមុនៗមក។ ជាការពិតណាស់ ដោយសារមានកិច្ចការថ្មី ដូច្នេះកិច្ចការចាស់ត្រូវតែផាត់ចោល។ ឧទាហរណ៍ ការអនុវត្ត និងពាក្យទំនៀមដែលបានបង្កើតឡើងជាយូរមកហើយ គួបផ្សំនឹងបទពិសោធ និងការបង្រៀនជាច្រើនឆ្នាំរបស់មនុស្សផងនោះ បានបង្កើតជាសញ្ញាណគ្រប់បែបយ៉ាងនៅក្នុងចិត្តមនុស្ស។ ប៉ុន្តែ អ្វីដែលកាន់តែអំណោយផលដល់ការបង្កើតសញ្ញាណរបស់មនុស្ស គឺដោយសារព្រះជាម្ចាស់មិនទាន់បើកសម្ដែងព្រះភ័ក្រ្ត និងនិស្ស័យពិតប្រាកដរបស់ទ្រង់ឱ្យមនុស្សបានឃើញពេញលេញនៅឡើយ គួបផ្សំនឹងការផ្សព្វផ្សាយទ្រឹស្តីប្រពៃណីពីបុរាណក្នុងរយៈពេលជាច្រើនឆ្នាំផង។ អាចនិយាយបានថា នៅក្នុងអំឡុងពេលដែលមនុស្សជឿលើព្រះជាម្ចាស់ ឥទ្ធិពលនៃសញ្ញាណនានា បាននាំឱ្យមានការបង្កើត និងការវិវឌ្ឍន៍ជាបន្តបន្ទាប់នូវចំណេះដឹងរបស់មនុស្ស ដែលពួកគេមានសញ្ញាណគ្រប់បែបយ៉ាងអំពីព្រះជាម្ចាស់ ទើបធ្វើឱ្យអ្នកកាន់សាសនាជាច្រើនដែលបម្រើព្រះ បានក្លាយទៅជាសត្រូវរបស់ទ្រង់ទៅវិញ។ ដូច្នេះ កាលណាមនុស្សមានសញ្ញាណសាសនាកាន់តែច្រើន ពេលនោះពួកគេកាន់តែប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយពួកគេនឹងក្លាយជាសត្រូវរបស់ព្រះជាម្ចាស់កាន់តែច្រើនឡើងដែរ។ កិច្ចការរបស់ព្រះជាម្ចាស់តែងតែថ្មីជានិច្ច មិនដែលចាស់សោះឡើយ កិច្ចការនោះមិនដែលក្លាយជាគោលលទ្ធិទេ ហើយផ្ទុយទៅវិញ កិច្ចការនោះមានការផ្លាស់ប្ដូរ និងផ្លាស់ថ្មីជានិច្ច មានតិចមានច្រើន។ កិច្ចការនេះ ជាការបើកសម្តែងនូវនិស្ស័យរបស់ព្រះជាម្ចាស់ដោយផ្ទាល់។ វាក៏ជាគោលការណ៍ជាប់ពាក់ព័ន្ធទៅនឹងកិច្ចការរបស់ព្រះជាម្ចាស់ដែរ និងជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយនានា ដែលព្រះជាម្ចាស់សម្រេចការគ្រប់គ្រងរបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់មិនបានបំពេញកិច្ចការតាមវិធីនេះទេ មនុស្សនឹងមិនផ្លាស់ប្រែ ឬមិនអាចស្គាល់ព្រះជាម្ចាស់បានឡើយ ហើយសាតាំងក៏នឹងមិនអាចបង្រ្កាបបានដែរ។ ដូច្នេះហើយ នៅក្នុងកិច្ចការរបស់ទ្រង់តែងមានការផ្លាស់ប្តូរជាបន្តបន្ទាប់ ដែលមើលទៅដូចជាមិនស្ថិតស្ថេរ ប៉ុន្តែតាមពិតទៅ កើតមានតាមពេលវេលាកំណត់។ ប៉ុន្តែ មនុស្សជឿលើព្រះជាម្ចាស់ តាមរបៀបផ្សេងៗពីគ្នា។ មនុស្សប្រកាន់ខ្ជាប់ទៅនឹងគោលលទ្ធិ និងប្រព័ន្ធចាស់ដែលគេធ្លាប់ស្គាល់ ហើយនៅពេលគោលលទ្ធិ និងប្រព័ន្ធនោះកាន់តែយូរកាលទៅ មនុស្សកាន់តែងាយនឹងទទួលយកវា។ តើគំនិតដ៏ល្ងីល្ងើរបស់មនុស្ស ដែលចចេសរឹងរូសដូចជាដុំថ្ម អាចទទួលយកកិច្ចការថ្មី និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមិនអាចវាស់ស្ទង់បានដូចម្តេចទៅ? មនុស្សស្អប់ព្រះជាម្ចាស់ដែលមានលក្ខណៈថ្មីជានិច្ច និងមិនដែលចាស់សោះនោះ។ មនុស្សចូលចិត្តតែព្រះចាស់បុរាណ មានព្រះទន្ដវែង មានសក់ស្កូវ នៅនឹងថ្កល់។ ដូច្នេះ ដោយសារព្រះជាម្ចាស់ និងមនុស្សមានចំណូលចិត្តរៀងៗខ្លួន ទើបមនុស្សក្លាយជាសត្រូវរបស់ព្រះជាម្ចាស់។ ភាពផ្ទុយគ្នាជាច្រើននេះ នៅតែកើតមាននាពេលបច្ចុប្បន្ននេះដដែល គឺនៅពេលដែលព្រះជាម្ចាស់បានបំពេញកិច្ចការអស់ពេលជិតប្រាំមួយពាន់ឆ្នាំកន្លងមកហើយ។ ដូច្នេះ ពួកគេទាំងនោះគ្មានអ្វីអាចជួយបានទេ។ ប្រហែលនេះមកពីភាពចចេសរឹងរូសរបស់មនុស្ស ឬមកពីភាពដែលមនុស្សមិនអាចបំពានលើបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់បាន ប៉ុន្តែបុព្វជិតប្រុសស្រីទាំងនោះនៅតែប្រកាន់ខ្ជាប់នឹងក្រដាសសៀវភៅចាស់ៗដុះផ្សិតដដែល នៅពេលដែលព្រះជាម្ចាស់បន្តកិច្ចការនៃការគ្រប់គ្រងដែលមិនទាន់ចប់សព្វគ្រប់របស់ទ្រង់ ហាក់ដូចជាគ្មាននរណាម្នាក់នៅខាងទ្រង់សោះឡើយ។ បើទោះបីជាភាពផ្ទុយគ្នានេះធ្វើឱ្យមនុស្ស និងព្រះជាម្ចាស់ក្លាយជាសត្រូវនឹងគ្នា និងមិនអាចផ្សះផ្សាគ្នាបានក៏ដោយ ក៏ព្រះជាម្ចាស់មិនបានយកព្រះហឫទ័យទុកដាក់ចំពោះភាពផ្ទុយគ្នាទាំងនេះដែរ ហាក់ដូចជាមាន ឬគ្មានភាពផ្ទុយគ្នាទាល់តែសោះ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សនៅតែប្រកាន់ខ្ជាប់នូវជំនឿ និងសញ្ញាណរបស់ខ្លួន និងមិនដែលលះបង់វាចោលឡើយ។ ប៉ុន្តែរឿងមួយដែលបង្ហាញឱ្យឃើញដោយខ្លួនឯងនោះគឺថា ទោះបីមនុស្សមិនងាកចេញពីជំហររបស់ខ្លួនក្តី ក៏ព្រះបាទារបស់ព្រះជាម្ចាស់នៅតែបោះជំហានទៅមុខជានិច្ច ហើយទ្រង់តែងតែផ្លាស់ប្តូរជំហររបស់ទ្រង់ទៅតាមមជ្ឈដ្ឋានជុំវិញ។ នៅទីបញ្ចប់ គឺមនុស្សទេដែលនឹងត្រូវចុះចាញ់ ដោយមិនចាំបាច់ច្បាំង។ ក្នុងពេលជាមួយគ្នានេះ ព្រះជាម្ចាស់គឺជាសត្រូវដ៏ធំជាងគេបំផុតនៃសត្រូវទាំងអស់ដែលបានបង្រ្កាបរួច ហើយក៏ជាជើងឯកក្នុងចំណោមមនុស្សដែលត្រូវបានបង្ក្រាប និងក្នុងចំណោមអ្នកដែលមិនទាន់បានបង្ក្រាបដែរ។ តើនរណាអាចប្រកួតជាមួយព្រះជាម្ចាស់ ហើយទទួលបានជោគជ័យនោះ? សញ្ញាណរបស់មនុស្សមើលទៅដូចជាមកអំពីព្រះជាម្ចាស់ ដ្បិតសញ្ញាណភាគច្រើនបានកើតចេញពីកិច្ចការរបស់ព្រះជាម្ចាស់។ ប៉ុន្តែ ព្រះជាម្ចាស់មិនអត់ទោសឱ្យមនុស្សដោយព្រោះការនេះទេ ហើយលើសពីនេះទៅទៀត ទ្រង់ក៏មិនសរសើរមនុស្សដែលបង្កើតផលិតផលមួយហើយមួយទៀត «សម្រាប់ព្រះជាម្ចាស់» ដែលខុសពីកិច្ចការរបស់ទ្រង់ដែរ ក្រោយពីកិច្ចការរបស់ព្រះជាម្ចាស់បញ្ចប់។ ផ្ទុយទៅវិញ ទ្រង់ស្អប់ខ្ពើមយ៉ាងខ្លាំងចំពោះសញ្ញាណរបស់មនុស្ស និងជំនឿស៊ប់និងចាស់គំរឹល ហើយទ្រង់ក៏មិនមានបំណងព្រះហឫទ័យទទួលស្គាល់សូម្បីតែថ្ងៃដែលសញ្ញាណទាំងនោះលេចឡើងជាលើកដំបូងដែរ។ ទ្រង់មិនទទួលយកសោះឡើយថា សញ្ញាណទាំងនេះកើតចេញពីកិច្ចការរបស់ទ្រង់ ដ្បិតសញ្ញាណរបស់មនុស្ស ត្រូវបានផ្សាយដោយមនុស្ស។ ប្រភពនៃសញ្ញាណទាំងនេះ គឺចិត្ត និងគំនិតរបស់មនុស្ស មិនមែនមកអំពីព្រះជាម្ចាស់នោះទេ គឺមកពីសាតាំង។ ព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺចង់ឱ្យកិច្ចការរបស់ទ្រង់ក្លាយជាថ្មី និងរស់រវើក មិនមែនចាស់ និងគ្មានជីវិតនោះទេ ហើយតាមរយៈកិច្ចការនេះ ទ្រង់ធ្វើឱ្យមនុស្សប្រកាន់យ៉ាងខ្ជាប់ខ្ជួនទៅនឹងភាពខុសគ្នាទៅតាមសម័យកាល និងពេលវេលា មិនស្ថិតស្ថេរ និងអាចប្រែប្រួលបាន។ នោះដោយសារទ្រង់គឺជាព្រះជាម្ចាស់ដែលធ្វើឱ្យមនុស្សមានជីវិត និងក្លាយជាមនុស្សថ្មី ផ្ទុយទៅវិញ អារក្សធ្វើឱ្យមនុស្សស្លាប់ និងក្លាយជាមនុស្សចាស់។ តើអ្នករាល់គ្នានៅតែមិនយល់ទៀតឬអី? អ្នកមានសញ្ញាណអំពីព្រះជាម្ចាស់ ហើយមិនអាចលះបង់សញ្ញាណទាំងនោះបានទេ ដ្បិតអ្នកមិនព្រមបើកចិត្ត។ វាមិនមែនដោយសារកិច្ចការរបស់ព្រះជាម្ចាស់មានអត្ថន័យតិចតួចពេក ឬដោយសារកិច្ចការរបស់ព្រះជាម្ចាស់មិនស្របតាមបំណងប្រាថ្នារបស់មនុស្សនោះទេ ហើយក៏មិនមែនដោយសារព្រះជាម្ចាស់តែងតែធ្វេសប្រហែសក្នុងភារកិច្ចរបស់ទ្រង់នោះដែរ។ ការដែលអ្នកមិនអាចលះបង់សញ្ញាណរបស់អ្នកចោលបាន គឺដោយសារតែអ្នកខ្វះការស្ដាប់បង្គាប់ ហើយដោយសារតែអ្នកមិនមានលក្ខណៈដូចជាសត្តនិកររបស់ព្រះជាម្ចាស់សូម្បីបន្តិចសោះឡើយ។ មិនមែនដោយសារព្រះជាម្ចាស់ធ្វើឱ្យមានការលំបាកដល់អ្នកនោះទេ។ គ្រប់អ្វីៗទាំងអស់នេះកើតចេញពីអ្នកខ្លួនឯង ហើយគ្មានជាប់ទាក់ទងជាមួយព្រះជាម្ចាស់សោះឡើយ។ រាល់ទុក្ខវេទនា និងសំណាងអាក្រក់ គឺបង្កឡើងដោយមនុស្ស។ ព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺល្អជានិច្ច។ ទ្រង់គ្មានបំណងព្រះហឫទ័យចង់ឱ្យអ្នកបង្កើតសញ្ញាណណាមួយនោះទេ ផ្ទុយទៅវិញទ្រង់សព្វព្រះហឫទ័យចង់ឱ្យអ្នកផ្លាស់ប្រែ និងប្តូរយុគសម័យដែលកន្លងផុតទៅ។ ប៉ុន្តែ អ្នកមិនអាចប្រាប់ពីភាពខុសគ្នារវាងវត្ថុពីរបានឡើយ ហើយតែងតែពិនិត្យពិច័យ ឬក៏វិភាគលើវត្ថុនោះជានិច្ច។ មិនមែនដោយសារព្រះជាម្ចាស់ធ្វើឱ្យរឿងលំបាកសម្រាប់អ្នកនោះទេ ប៉ុន្តែគឺដោយសារអ្នកមិនមានការគោរពព្រះជាម្ចាស់ ហើយការមិនស្ដាប់បង្គាប់របស់អ្នកនោះ គឺច្រើនលើសលប់ណាស់។ សត្តនិករដ៏តូចដែលហ៊ានយកចំណែកបន្តិចបន្តួចដែលព្រះជាម្ចាស់បានប្រទាននាពេលកន្លងមក ហើយបែរជាងាកមកវាយប្រហារព្រះជាម្ចាស់វិញ តើនេះមិនមែនជាការមិនស្ដាប់បង្គាប់របស់មនុស្សទេឬអី? អាចនិយាយដោយត្រង់បានថា មនុស្សគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបញ្ចេញទស្សនៈរបស់គេនៅចំពោះព្រះភ័ក្តព្រះជាម្ចាស់ឡើយ ហើយពួកគេកាន់តែគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការប្រើពាក្យពេចន៍ថ្លែងចេញនូវភាសារោយរាយ ដែលឥតប្រយោជន៍ ធំក្លិនស្អុយគគ្រុក និងស្អុយរលួយ តាមតែអំពើចិត្ត ពោលគឺដើម្បីនិយាយតែអំពីសញ្ញាណដែលដុះផ្សិតនោះ។ តើពួកគេមិនរឹតតែឥតប្រយោជន៍ទេឬអី?
អ្នកដែលបម្រើព្រះជាម្ចាស់ដោយពិតប្រាកដ គឺជាមនុស្សម្នាក់ដែលធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាអ្នកស័ក្តិសមឱ្យព្រះជាម្ចាស់ប្រើ និងជាអ្នកដែលអាចលះបង់នូវសញ្ញាណសាសនារបស់ពួកគេបាន។ ប្រសិនបើអ្នកចង់ហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឱ្យទទួលបានផលផ្លែនោះ ដូច្នេះ អ្នកត្រូវតែលះបង់សញ្ញាណសាសនារបស់អ្នក។ ប្រសិនបើអ្នកមានបំណងចង់បម្រើព្រះជាម្ចាស់ នោះវារឹតតែចាំបាច់ក្នុងការបោះបង់សញ្ញាណសាសនាជាមុនសិន ហើយស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅគ្រប់ការទាំងអស់ដែលអ្នកធ្វើ។ នេះជាអ្វីដែលអ្នកបម្រើព្រះគួរមាន។ ប្រសិនបើអ្នកខ្វះចំណេះដឹងនេះ នោះនៅពេលអ្នកបម្រើព្រះជាម្ចាស់ អ្នកនឹងបង្កការរំខាន និងភាពវឹកវរ ហើយប្រសិនបើអ្នកនៅប្រកាន់ខ្ជាប់តាមសញ្ញាណរបស់ខ្លួនទៀត នោះអ្នកនឹងចៀសមិនផុតពីត្រូវព្រះជាម្ចាស់វាយផ្ដួល និងមិនអាចក្រោកឈរឡើងវិញបានឡើយ។ ចូរយកពេលបច្ចុប្បន្ននេះធ្វើជាឧទាហរណ៍ចុះ។ ព្រះសូរសៀង និងកិច្ចការបច្ចុប្បន្នជាច្រើន មិនស៊ីគ្នាទៅនឹងព្រះគម្ពីរ និងកិច្ចការដែលព្រះជាម្ចាស់បានបំពេញនាពេលកន្លងមកទេ ហើយប្រសិនបើអ្នកមិនចង់ស្ដាប់បង្គាប់ទេ នោះអ្នកអាចនឹងដួលគ្រប់ពេលទាំងអស់បាន។ ប្រសិនបើអ្នកចង់បម្រើឱ្យស្របទៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះអ្នកត្រូវលះបង់សញ្ញាណសាសនារបស់អ្នក ហើយកែតម្រូវទស្សនផ្ទាល់ខ្លួនរបស់អ្នកជាមុនសិន។ ភាគច្រើន អ្វីដែលគេនិយាយនាពេលអនាគត នឹងមិនដូចគ្នានឹងអ្វីដែលគេបាននិយាយកាលពីពេលអតីតកាលឡើយ ហើយបច្ចុប្បន្ននេះ ប្រសិនបើអ្នកខ្វះឆន្ទះក្នុងការស្ដាប់បង្គាប់ អ្នកនឹងមិនអាចដើរលើមាគ៌ានៅខាងមុខបានឡើយ។ ប្រសិនបើវិធីសាស្រ្តបំពេញកិច្ចការណាមួយរបស់ព្រះជាម្ចាស់ បានចាក់ឫសក្នុងខ្លួនអ្នក ហើយអ្នកមិនដែលបោះបង់វិធីសាស្រ្តនោះចោលទេ ដូច្នេះ វិធីសាស្រ្តនោះនឹងក្លាយជាសញ្ញាណសាសនារបស់អ្នក។ ប្រសិនបើលក្ខណៈរបស់ព្រះជាម្ចាស់ បានចាក់ឫសនៅក្នុងខ្លួនអ្នក នោះអ្នកបានទទួលសេចក្តីពិត ហើយប្រសិនបើព្រះបន្ទូល និងសេចក្តីពិតរបស់ព្រះជាម្ចាស់ អាចក្លាយជាជីវិតរបស់អ្នកបាន នោះអ្នកនឹងលែងមានសញ្ញាណអំពីព្រះជាម្ចាស់ទៀតហើយ។ អ្នកដែលមានចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់ នឹងគ្មានសញ្ញាណអ្វីឡើយ ហើយនឹងមិនកាន់តាមគោលលទ្ធិណាមួយដែរ។
ចូរដាស់សតិខ្លួនអ្នកឱ្យភ្ញាក់ឡើង ដោយសួរសំណួរខាងក្រោមនេះ៖
១. តើចំណេះដឹងនៅក្នុងខ្លួនអ្នករំខានដល់ការបម្រើព្រះជាម្ចាស់ដែរឬទេ?
២. នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក តើអ្នកគោរពប្រតិបត្តិសាសនាប៉ុន្មានដែរ? ប្រសិនបើអ្នកបង្ហាញការគោរពសាសនាតែសម្បកខាងក្រៅ តើនេះមានន័យថា ជីវិតរបស់អ្នកលូតលាស់ធំធាត់ និងចាស់ទុំហើយឬនៅ?
៣. នៅពេលដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើអ្នកអាចលះបង់សញ្ញាណសាសនារបស់អ្នកបានដែរឬទេ?
៤. នៅពេលអ្នកអធិដ្ឋាន តើអ្នកអាចលះបង់ចោលពិធីសាសនាបានដែរឬទេ?
៥. តើអ្នកជាមនុស្សម្នាក់ដែលស័ក្តិសមឱ្យព្រះជាម្ចាស់ប្រើដែរឬទេ?
៦. តើចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់ មានសញ្ញាណសាសនាច្រើនកម្រិតណា?