អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៣)

នៅគ្រាដែលព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ទ្រង់ ទ្រង់យាងមកមិនមែនដើម្បីចូលរួមក្នុងការស្ថាបនា ឬចូលរួមក្នុងចលនាណាមួយឡើយ តែមកសម្រេចព័ន្ធកិច្ចរបស់ទ្រង់វិញ។ រាល់ពេលដែលទ្រង់ក្លាយជាសាច់ឈាម នោះគឺដើម្បីសម្រេចដំណាក់កាលកិច្ចការមួយ និងដើម្បីចាប់ផ្ដើមយុគសម័យថ្មីមួយប៉ុណ្ណោះ។ ពេលនេះយុគសម័យនៃនគរព្រះបានមកដល់ហើយ ហើយការបង្ហាត់បង្រៀននៃនគរព្រះ ក៏មកដល់ដែរ។ កិច្ចការដំណាក់កាលនេះ មិនមែនជាកិច្ចការរបស់មនុស្សទេ ហើយក៏មិនមែនសម្រាប់កែខៃមនុស្សឱ្យឈានទៅដល់កម្រិតជាក់លាក់មួយដែរ ប៉ុន្តែដើម្បីសម្រេចចំណែកមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ អ្វីដែលទ្រង់ធ្វើ មិនមែនជាកិច្ចការរបស់មនុស្សទេ ក៏មិនមែនដើម្បីសម្រេចនូវលទ្ធផលជាក់លាក់មួយ ក្នុងការកែខៃមនុស្ស មុនពេលគេចាកចេញពីផែនដីនេះដែរ។ វាជាការសម្រេចព័ន្ធកិច្ចរបស់ទ្រង់ និងបញ្ចប់កិច្ចការដែលទ្រង់គួរធ្វើ នោះគែធ្វើការរៀបចំដ៏ត្រឹមត្រូវសម្រាប់កិច្ចការរបស់ទ្រង់នៅលើផែនដី និងទទួលបាននូវសិរីល្អ។ កិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺមិនដូចនឹងកិច្ចការរបស់មនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើនោះទេ។ កាលព្រះជាម្ចាស់យាងមកធ្វើកិច្ចការរបស់ទ្រង់នៅលើផែនដី ទ្រង់មានព្រះទ័យខ្វល់ខ្វាយចំពោះតែការសម្រេចព័ន្ធកិច្ចរបស់ទ្រង់ប៉ុណ្ណោះ។ ចំពោះរឿងដទៃផ្សេងទៀតដែលមិនពាក់ព័ន្ធនឹងព័ន្ធកិច្ចរបស់ទ្រង់ គឺទ្រង់សឹងតែមិនចូលរួមសោះ សូម្បីតែយកព្រះនេត្រមើល ក៏មិនមើលផង។ ទ្រង់អនុវត្តតែកិច្ចការដែលទ្រង់គួរធ្វើប៉ុណ្ណោះ ទ្រង់មិនខ្វល់ខ្វាយនឹងកិច្ចការដែលមនុស្សគួរធ្វើ សូម្បីតែបន្តិច។ កិច្ចការដែលទ្រង់ធ្វើ ជាកិច្ចការដែលពាក់ព័ន្ធនឹងយុគសម័យដែលទ្រង់គង់នៅ ហើយពាក់ព័ន្ធនឹងព័ន្ធកិច្ចដែលទ្រង់ត្រូវបំពេញសុទ្ធសាធ ហាក់ដូចជា រឿងរ៉ាវដទៃផ្សេងទៀត ស្ថិតនៅក្រៅវិសាលភាពរបស់ទ្រង់ដូច្នោះដែរ។ ទ្រង់មិនប្រដាប់អង្គទ្រង់ដោយចំណេះដឹងមូលដ្ឋានបន្ថែម ស្ដីអំពីការរស់នៅជាមនុស្សក្នុងចំណោមមនុស្សជាតិទេ ហើយទ្រង់ក៏មិនរៀនបំនិនសង្គមបន្ថែមទៀត ឬប្រដាប់អង្គទ្រង់ដោយសេចក្ដីណាផ្សេងដែលមនុស្សយល់ដឹងនោះឡើយ។ គ្រប់យ៉ាងដែលមនុស្សគួរមាន មិនបានធ្វើឱ្យទ្រង់ខ្វល់ខ្វាយអ្វីសោះ ហើយទ្រង់ធ្វើតែកិច្ចការណាដែលជាកាតព្វកិច្ចរបស់ទ្រង់តែប៉ុណ្ណោះ។ ដូច្នេះហើយ តាមការមើលឃើញរបស់មនុស្ស ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានចំណុចខ្វះខាតច្រើន ដល់ថ្នាក់ទ្រង់មិនទាំងអាចយកព្រះទ័យទុកដាក់នឹងសេចក្ដីជាច្រើនដែលមនុសគួរមាន ហើយទ្រង់ពុំមានការយល់ដឹងអំពីរឿងទាំងនោះទាល់តែសោះ។ រឿងទាំងអស់នោះ ដូចជាចំណេះដឹងទូទៅអំពីការរស់នៅ ក៏ដូចជាគោលការណ៍គ្រប់គ្រងកិរិយារបស់បុគ្គល និងការធ្វើអន្តរកម្មជាមួយអ្នកដទៃ ហាក់ដូចជាគ្មានការទាក់ទងនឹងទ្រង់ទាល់តែសោះ។ ប៉ុន្តែ អ្នកមិនអាចដឹងពីគន្លឹះនៃភាពមិនប្រក្រតី តាមរយៈព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស សូម្បីតែបន្តិចសោះ។ មានន័យថា ភាពជាមនុស្សរបស់ទ្រង់ រក្សាតែការរស់នៅរបស់ទ្រង់ ក្នុងនាមជាមនុស្សធម្មតាម្នាក់ និងរក្សាការលើកហេតុផលនៃព្រះតម្រិះរបស់ទ្រង់ ទាំងផ្ដល់ឱ្យទ្រង់នូវសមត្ថភាពក្នុងការបែងចែកអ្វីដែលត្រូវ និងអ្វីដែលខុស។ យ៉ាងណាមិញ ទ្រង់មិនត្រូវបានប្រដាប់កាយដោយអ្វីផ្សេងពីនេះ ជាអ្វីៗគ្រប់យ៉ាងដែលមនុស្ស (សភាវៈដែលត្រូវបានបង្កើតមក) គួរមាននោះទេ។ ព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដើម្បីសម្រេចព័ន្ធកិច្ចរបស់ទ្រង់ប៉ុណ្ណោះ។ កិច្ចការរបស់ទ្រង់ ត្រូវបានតម្រង់ទៅរកយុគសម័យមួយទាំងមូល មិនមែនតម្រង់ទៅរកមនុស្សណាម្នាក់ ឬទីកន្លែងណាមួយឡើយ គឺតម្រង់ទៅរកសកលលោកទាំងមូល។ នេះគឺជាទិសដៅនៃកិច្ចការរបស់ទ្រង់ និងជាគោលការណ៍ដែលទ្រង់ធ្វើការ។ គ្មាននរណាម្នាក់អាចបង្វែរទិសដៅនេះបានឡើយ ហើយមនុស្សក៏គ្មានផ្លូវពាក់ព័ន្ធនឹងកិច្ចការនេះដែរ។ រាល់ពេលដែលព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាម ទ្រង់នាំយកកិច្ចការក្នុងយុគសម័យនោះ មកជាមួយនឹងទ្រង់ដែរ ហើយទ្រង់គ្មានចេតនារស់នៅជាមួយនឹងមនុស្សយូរដល់ម្ភៃឆ្នាំ សាមសិបឆ្នាំ សែសិបឆ្នាំ ចិតសិបឆ្នាំ ឬប៉ែតសិបឆ្នាំ ដើម្បីឱ្យទ្រង់អាចមានការយល់ដឹងកាន់តែច្បាស់ និងទទួលបានចំណេះដឹងក្នុងទ្រង់កាន់តែច្រើននោះឡើយ។ គ្មានអ្វីចាំបាច់ដល់ម្ល៉ឹងទេ! ធ្វើបែបនេះ គឺគ្មានផ្លូវធ្វើឱ្យចំណេះដឹងដែលមនុស្សមាន ចំពោះនិស្ស័យធម្មជាតិរបស់ព្រះជាម្ចាស់ មុជជ្រៅទៅឆ្ងាយបានឡើយ ផ្ទុយទៅវិញ វាមានតែបន្ថែមនូវសញ្ញាណ និងធ្វើឱ្យសញ្ញាណ និងគំនិតរបស់គេ ទៅជារឹងដូចថ្ម។ ដូច្នេះ ការនេះវាផ្ដល់ប្រយោជន៍ឱ្យអ្នករាល់គ្នាបានយល់ច្បាស់ថា អ្វីជាកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ ប្រាកដណាស់ថា អ្នករាល់គ្នាមិនអាចមិនយល់ពីបន្ទូលដែលខ្ញុំថ្លែងទៅកាន់អ្នករាល់គ្នាថា៖ «ខ្ញុំយាងមកនេះ គឺមិនមែនដើម្បីដកពិសោធន៍ជីវិតជាមនុស្សធម្មតានោះទេ»? តើអ្នករាល់គ្នាភ្លេចបន្ទូលដែលថា៖ «ព្រះជាម្ចាស់យាងមកផែនដី មិនមែនដើម្បីមករស់ក្នុងជីវិតជាមនុស្សធម្មតាទេ» នេះហើយមែនទេ? អ្នករាល់គ្នាមិនយល់ពីគោលបំណងរបស់ព្រះជាម្ចាស់ ក្នុងការត្រឡប់ជាសាច់ឈាមនេះទេ អ្នករាល់គ្នាក៏ដឹងពីអត្ថន័យសំណួរថា «តើព្រះជាម្ចាស់អាចយាងមកផែនដី ក្នុងចេតនាពិសោធឱ្យស្គាល់ជីវិតជាមនុស្សម្នាក់ ដោយរបៀបណា?» ព្រះជាម្ចាស់យាងមកផែនដី ដើម្បីមកបង្ហើយកិច្ចការបស់ទ្រង់ទាំងស្រុង ដូច្នេះហើយទើបកិច្ចការរបស់ទ្រង់នៅលើផែនដីនេះ នៅមិនបានយូរទេ។ ទ្រង់យាងមកផែនដីនេះ មិនមែនមកឱ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ បង្រៀនរូបកាយសាច់ឈាមរបស់ទ្រង់ ឱ្យក្លាយជាមនុស្សមានឋានៈខ្ពស់ ជាអ្នកដឹកនាំពួកជំនុំនោះឡើយ។ កាលព្រះជាម្ចាស់យាងមកផែនដី គឺព្រះបន្ទូលដែលត្រឡប់ជាសាច់ឈាម យ៉ាងណាមិញ មនុស្សមិនដឹងពីកិច្ចការរបស់ទ្រង់ ហើយដាក់បន្ទុកកិច្ចការនានាលើទ្រង់ដោយបង្ខំ។ ប៉ុន្តែអ្នករាល់គ្នាគួរដឹងថា ព្រះជាម្ចាស់គឺជាព្រះបន្ទូលដែលត្រឡប់ជាសាច់ឈាម មិនមែនជារូបកាយសាច់ឈាមដែលត្រូវបានបង្រៀនដោយព្រះវិញ្ញាណនៃព្រះ សម្រាប់ទទួលរ៉ាប់រងនូវតួនាទីរបស់ព្រះជាម្ចាស់ សម្រាប់វេលានោះទេ។ ព្រះជាម្ចាស់ផ្ទាល់ ក៏មិនមែនជាផលដែលបានមកពីការបង្ហាត់បង្រៀនដែរ ប៉ុន្តែជាព្រះបន្ទូលដែលត្រឡប់ជាសាច់ឈាម ហើយសព្វថ្ងៃនេះ ទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ជាផ្លូវការ ក្នុងចំណោមអ្នករាល់គ្នាទាំងអស់ផង។ អ្នករាល់គ្នាសុទ្ធតែដឹង និងទទួលស្គាល់ថា ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ គឺជាសេចក្ដីពិតដ៏ប្រាកដប្រជា ប៉ុន្តែអ្នករាល់គ្នាធ្វើដូចជាអ្នករាល់គ្នាដឹងពីរឿងនេះដូច្នោះដែរ។ ចាប់តាំងពីកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស រហូតដល់សារៈសំខាន់ និងសារជាតិរបស់ការយកកំណើតរបស់ទ្រង់ អ្នករាល់គ្នាអាចយល់បានតិចតួចណាស់ ហើយអ្នកគ្រាន់តែអនុវត្តតាមអ្នកដទៃ ដោយទន្ទេញពាក្យសម្ដីដ៏ឆាប់រហ័សតាមការចងចាំតែប៉ុណ្ណោះ។ តើអ្នកជឿថា ព្រះដែលយកកំណើតជាមនុស្ស ជាមនុស្សដូចដែលអ្នកស្រមៃមែនទេ?

ព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដើម្បីដឹកនាំយុគសម័យនេះទាំងស្រុង និងដើម្បីឱ្យកិច្ចការថ្មីដំណើរការ។ អ្នករាល់គ្នាចាំបាច់ត្រូវតែយល់ដឹងអំពីចំណុចនេះ។ មុខងារនេះខុសគ្នាខ្លាំងពីមុខងាររបស់មនុស្ស ហើយមុខងារទាំងពីរនេះ មិនអាចលើកឡើងក្នុងខ្យល់ដង្ហើមដូចតែមួយនោះទេ។ មនុស្សត្រូវទទួលនូវការបង្ហាត់បង្រៀន និងប្រោសឱ្យបានគ្រប់លក្ខណ៍ជាយូរ មុនពេលដែលគេអាចត្រូវយកទៅប្រើប្រាស់ ដើម្បីអនុវត្តកិច្ចការ ហើយចំពោះភាពជាមនុស្សដែលគេត្រូវការ គឺជាចំពូកមនុស្សពិសេសលំដាប់ខ្ពស់។ មនុស្សមិនត្រឹមតែអាចរក្សាស្មារតីនៃភាពជាមនុស្សធម្មតាប៉ុណ្ណោះទេ ប៉ុន្តែគេក៏ត្រូវតែយល់ដឹងបន្ថែមអំពីគោលការណ៍ និងច្បាប់នានាជាច្រើនដែលកំពុងគ្រប់គ្រងកិរិយារបស់គេ នៅក្នុងទំនាក់ទំនងជាមួយអ្នកដទៃ ហើយជាងនេះទៅទៀត គេត្រូវតែតាំងចិត្តរៀនសូត្របន្ថែមអំពីប្រាជ្ញាញាណ និងចំណេះដឹងដ៏ត្រឹមត្រូវតាមសីលធម៌របស់មនុស្ស។ នេះគឺជាអ្វីដែលមនុស្សគួរប្រដាប់ជាប់ខ្លួន។ ដោយឡែក ចំពោះព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម គឺមិនមែនដូច្នេះទេ ដ្បិតកិច្ចការរបស់ទ្រង់មិនតំណាងឱ្យមនុស្ស ហើយក៏មិនមែនជាកិច្ចការរបស់មនុស្សដែរ ផ្ទុយទៅវិញ កិច្ចការនោះគឺជាការបង្ហាញឱ្យឃើញផ្ទាល់ពីព្រះវត្ដមានរបស់ទ្រង់ និងជាការអនុវត្តផ្ទាល់នៃកិច្ចការដែលទ្រង់គួរតែធ្វើ។ (តាមធម្មតា កិច្ចការរបស់ទ្រង់ត្រូវបានអនុវត្តក្នុងពេលវេលាមួយដ៏ត្រឹមត្រូវ មិនមែនធ្វើឡើងម្ដងម្កាល ឬធ្វើដោយភាពព្រាវៗនោះទេ ហើយកិច្ចការនេះត្រូវបានចាប់ផ្ដើមពេលវេលាកំណត់ក្នុងការសម្រេចព័ន្ធកិច្ចរបស់ទ្រង់មកដល់)។ ទ្រង់មិនរួមចំណែកនៅក្នុងជីវិតរបស់មនុស្សលោក ឬកិច្ចការរបស់មនុស្សលោកនោះទេ ពោលគឺ ភាពជាមនុស្សរបស់ទ្រង់ មិនត្រូវបានប្រដាប់ដោយសេចក្ដីណាមួយ ក្នុងចំណោមសេចក្ដីទាំងនេះទេ (ទោះបីជាសេចក្ដីនេះមិនប៉ះពាល់ដល់កិច្ចការរបស់ទ្រង់ក៏ដោយ)។ ទ្រង់គ្រាន់តែបំពេញព័ន្ធកិច្ចរបស់ទ្រង់ តាមវេលាកំណត់សម្រាប់ឱ្យទ្រង់ធ្វើកិច្ចការនេះតែប៉ុណ្ណោះ ទោះទ្រង់មានឋានៈអ្វីក៏ទ្រង់បន្តកិច្ចការដែលទ្រង់ធ្វើតាមធម្មតាដែរ។ គ្រប់អ្វីៗដែលមនុស្សដឹងពីទ្រង់ និងគ្រប់អ្វីៗដែលគំនិតរបស់មនុស្សគិតចំពោះទ្រង់ មិនប៉ះពាល់ដល់កិច្ចការរបស់ទ្រង់ទាំងស្រុងឡើយ។ ឧទាហរណ៍ កាលព្រះយេស៊ូវអនុវត្តកិច្ចការរបស់ទ្រង់ គ្មាននរណាដឹងទេថា ទ្រង់ជានរណាឱ្យប្រាកដ ប៉ុន្តែទ្រង់ក៏បន្តធ្វើកិច្ចការរបស់ទ្រង់តាមធម្មតា។ កត្តានេះគ្មានរាំងស្ទះដល់ការអនុវត្តកិច្ចការដែលទ្រង់គួរធ្វើឡើយ។ ដូច្នេះ ជាដំបូង ទ្រង់មិនបានថ្លែង ឬប្រកាសប្រាប់ពីអត្តសញ្ញាណរបស់ទ្រង់ផ្ទាល់នោះទេ ហើយទ្រង់គ្រាន់តែឱ្យមនុស្សដើរតាមទ្រង់ប៉ុណ្ណោះ។ តាមធម្មតា រឿងនេះមិនត្រឹមតែជាការបន្ទាបខ្លួនរបស់ព្រះជាម្ចាស់ទេ តែក៏ជាវិធីដែលព្រះជាម្ចាស់ធ្វើការក្នុងសាច់ឈាមដែរ។ ទ្រង់បានត្រឹមតែធ្វើតាមរបៀបនេះប៉ុណ្ណោះ ដ្បិតមនុស្សគ្មានផ្លូវមើលទ្រង់ស្គាល់ ដោយភ្នែកទទេរបស់គេឡើយ។ ហើយបើទោះបីជាមនុស្សបានទទួលស្គាល់ទ្រង់ ក៏គេមុខជាមិនអាចជួយកិច្ចការរបស់ទ្រង់ដែរ។ ជាងនេះទៅទៀត ទ្រង់មិនបានក្លាយជាសាច់ឈាម ដើម្បីឱ្យមនុស្សចាប់ផ្ដើមស្គាល់សាច់ឈាមរបស់ទ្រង់ដែរ ទ្រង់ក្លាយជាសាច់ឈាម ដើម្បីមកអនុវត្តកិច្ចការ និងបំពេញព័ន្ធកិច្ចរបស់ទ្រង់។ ដោយព្រោះមូលហេតុនេះ ទ្រង់មិនបានផ្ដល់សារៈសំខាន់ដល់ការបង្ហាញអត្តសញ្ញាណរបស់ទ្រង់ជាសាធារណៈនោះទេ។ កាលទ្រង់បានបង្ហើយកិច្ចការទាំងអស់ដែលទ្រង់គួរធ្វើនោះហើយ អត្តសញ្ញាណ និងឋានៈទាំងអស់របស់ទ្រង់ នឹងបង្ហាញឱ្យមនុស្សឃើញច្បាស់ដោយឯកឯង។ ព្រះជាម្ចាស់ដែលបានត្រឡប់ជាសាច់ឈាមរក្សានូវភាពស្ងៀមស្ងាត់ និងមិនដែលធ្វើសេចក្ដីប្រកាសអ្វីទាំងអស់។ ទ្រង់មិនអើពើចំពោះមនុស្ស ក៏មិនអើពើចំពោះរបៀបដែលមនុស្សវិវឌ្ឍយ៉ាងណានៅក្នុងការដើរតាមទ្រង់នោះដែរ ទ្រង់គ្រាន់តែបន្តធ្វើការបំពេញព័ន្ធកិច្ចរបស់ទ្រង់ និងអនុវត្តកិច្ចការដែលទ្រង់គួរធ្វើប៉ុណ្ណោះ។ គ្មាននរណាម្នាក់អាចរាំរាំងកិច្ចការរបស់ទ្រង់បានឡើយ។ លុះដល់វេលាកំណត់ដែលទ្រង់ត្រូវបង្ហើយកិច្ចការរបស់ទ្រង់ កិច្ចការនោះនឹងត្រូវបង្ហើយ ព្រមទាំងត្រូវបញ្ចប់ទៅជាក់ជាមិនខាន ហើយគ្មាននរណាម្នាក់អាចបង្គាប់ផ្សេងពីនេះបានឡើយ។ លុះក្រោយពេលដែលទ្រង់ចាកចេញពីមនុស្ស ពេលទ្រង់បង្ហើយកិច្ចការរបស់ទ្រង់រួច ទើបមនុស្សយល់ពីកិច្ចការដែលទ្រង់ធ្វើ តែក៏នៅមិនទាន់យល់ច្បាស់ទាំងស្រុងដែរ។ ហើយមនុស្សនឹងត្រូវការពេលវេលាយូរ ដើម្បីយល់ឱ្យច្បាស់ពីចេតនាដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ជាលើកទីមួយ។ និយាយម្យ៉ាងទៀតគឺ កិច្ចការក្នុងយុគសម័យរបស់ព្រះដែលយកកំណើតជាមនុស្ស ត្រូវបានបែងចែកជាពីរផ្នែក។ ផ្នែកទីមួយបន្សំឡើងដោយកិច្ចការដែលព្រះជាម្ចាស់ដែលបានយកកំណើតជាសាច់ឈាមធ្វើដោយផ្ទាល់ព្រះអង្គ និងព្រះបន្ទូលដែលសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ថ្លែងចេញមក។ កាលណាព័ន្ធកិច្ចនៃសាច់ឈាមរបស់ទ្រង់ត្រូវសម្រេចបានទាំងស្រុង នោះចំណែកមួយទៀតនៃកិច្ចការដែលនៅសេសសល់ នឹងត្រូវអនុវត្តដោយមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើ។ វេលានេះហើយជាវេលាដែលមនុស្សគួរបំពេញមុខងាររបស់គេ ដ្បិតព្រះជាម្ចាស់បានបើកផ្លូវរួចជាស្រេចហើយ ហើយមនុស្សចាំបាច់ត្រូវដើរដោយខ្លួនឯង។ មានន័យថា ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម អនុវត្តកិច្ចការមួយចំណែក ហើយបន្ទាប់មក ព្រះវិញ្ញាណបរិសុទ្ធ និងមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ នឹងធ្វើកិច្ចការនេះបន្តទៀត។ ដូច្នេះ មនុស្សគួរដឹងថា កិច្ចការដែលត្រូវបានអនុវត្តជាចម្បងដោយព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាមក្នុងដំណាក់កាលនេះ ត្រូវតម្រូវឱ្យមានអ្វីខ្លះ ហើយគេត្រូវយល់ឱ្យច្បាស់ពីសារៈសំខាន់របស់ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម និងពីកិច្ចការដែលទ្រង់គួរធ្វើ ហើយមិនត្រូវទាមទារពីព្រះជាម្ចាស់ តាមការទាមទារពីមនុស្សនោះឡើយ។ ក្នុងនេះមានរៀបរាប់ពីកំហុសរបស់មនុស្ស សញ្ញាណរបស់គេ ហើយជាងនេះទៅទៀតគឺ ការមិនស្ដាប់បង្គាប់របស់គេ។

ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម គ្មានចេតនាឱ្យមនុស្សស្គាល់សាច់ឈាមរបស់ទ្រង់ ឬឱ្យមនុស្សបែងចែកភាពខុសគ្នារវាងសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងសាច់ឈាមរបស់មនុស្សនោះឡើយ ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម ក៏មិនបណ្ដុះសមត្ថភាពនៃការដឹងខុសត្រូវរបស់មនុស្ស ហើយទ្រង់រឹតតែមិនធ្វើដូច្នេះក្នុងចេតនាឱ្យមនុស្សថ្វាយបង្គំសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ ដើម្បីទទួលបានការថ្វាយសិរីល្អយ៉ាងអស្ចារ្យនោះដែរ។ ក្នុងចំណោមសេចក្ដីទាំងនេះ គ្មានអ្វីជាចេតនារបស់ព្រះជាម្ចាស់ក្នុងការក្លាយជាសាច់ឈាមនេះទេ។ ព្រះជាម្ចាស់ក៏មិនមែនក្លាយជាសាច់ឈាមដើម្បីថ្កោលទោសមនុស្ស ឬបើកសម្ដែងដល់មនុស្សដោយចេតនា និងបង្កនូវការលំបាកដល់គេនោះឡើយ។ ក្នុងចំណោមសេចក្ដីទាំងនេះ គ្មានអ្វីជាចេតនារបស់ព្រះជាម្ចាស់ក្នុងការក្លាយជាសាច់ឈាមនេះទេ។ គ្រប់ពេលដែលព្រះជាម្ចាស់ក្លាយជាសាច់ឈាម គឺទម្រង់កិច្ចការនេះហើយ ដែលជារឿងចៀសមិនរួច។ ដែលទ្រង់ប្រព្រឹត្តដូចដែលទ្រង់ធ្វើនេះ គឺដើម្បីកិច្ចការដែលធំជាងនេះ និងការគ្រប់គ្រងដែលធំជាងនេះរបស់ទ្រង់ និងមិនមែនសម្រាប់មូលហេតុដែលមនុស្សស្រមើស្រមៃនោះឡើយ។ ព្រះជាម្ចាស់យាងមកផែនដី ក៏ដោយសារតែកិច្ចការរបស់ទ្រង់តម្រូវ និងតាមភាពចាំបាច់ប៉ុណ្ណោះ។ ទ្រង់មិនមែនយាងមកផែនដីនេះដោយចេតនាទតសម្លឹងមើលជុំវិញប៉ុណ្ណោះទេ តែមកអនុវត្តកិច្ចការដែលទ្រង់គួរធ្វើវិញ។ តើមានហេតុផលអ្វីទៀតបានជាទ្រង់ត្រូវរ៉ាប់រងអម្រែកដ៏ធ្ងន់ធ្ងរបែបនេះ ហើយទទួលយកហានិភ័យធំៗបែបនេះ ដើម្បីអនុវត្តកិច្ចការនេះ? ព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាមតែពេលណាដែលទ្រង់ចាំបាច់ត្រូវធ្វើប៉ុណ្ណោះ ហើយទ្រង់តែងមានសារៈសំខាន់ពិសេសមកជាមួយជានិច្ច។ ប្រសិនបើកិច្ចការនេះ គឺដើម្បីអនុញ្ញាតឱ្យតែមនុស្សសម្លឹងមើលមកទ្រង់ និងដើម្បីពង្រីកវិសាលភាពនៃចំណេះដឹងរបស់គេ នោះទ្រង់ប្រាកដជាមិនយាងមកក្នុងចំណោមមនុស្សដោយធ្វេសប្រហែសជាដាច់ខាត។ ទ្រង់យាងមកផែនដីនេះ ដើម្បីជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់ទ្រង់ និងកិច្ចការដ៏ធំជាងមុនរបស់ទ្រង់ដែរ ហើយដើម្បីឱ្យទ្រង់អាចទទួលបានមនុស្សជាតិបន្ថែមទៀត។ ទ្រង់យាងមកដើម្បីបង្ហាញឱ្យឃើញពីយុគសម័យនេះ ទ្រង់យាងមកដើម្បីយកឈ្នះសាតាំង ហើយទ្រង់គ្រងអង្គអ្នកដោយសាច់ឈាម ដើម្បីយកឈ្នះសាតាំង។ ជាងនេះទៀត ទ្រង់យាងមកដើម្បីដឹកនាំមនុស្សលោកទាំងមូល នៅក្នុងការរស់នៅតាមបែបបទជីវិតរបស់គេ។ ទាំងអស់នេះ សុទ្ធតែពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ ហើយពាក់ព័ន្ធនឹងកិច្ចការនៃសកលលោកទាំងមូល។ ប្រសិនបើព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដើម្បីអនុញ្ញាតឱ្យមនុស្សចាប់ផ្ដើមស្គាល់សាច់ឈាមរបស់ទ្រង់ និងដើម្បីបើកភ្នែកមនុស្ស នោះហេតុអ្វីបានជាទ្រង់មិនធ្វើដំណើរទៅគ្រប់ជាតិសាសន៍? តើកិច្ចការនេះមិនក្លាយជារឿងងាយស្រួលខ្លាំងពេកទេឬអី? ប៉ុន្តែ ទ្រង់មិនធ្វើដូច្នេះទេ ផ្ទុយទៅវិញ ទ្រង់ជ្រើសរើសយកកន្លែងដ៏ស័ក្ដិសមមួយ ដើម្បីបញ្ចប់ និងចាប់ផ្ដើមកិច្ចការដែលទ្រង់គួរធ្វើ។ ត្រឹមសាច់ឈាមមួយនេះ គឺសំខាន់ខ្លាំងណាស់ទៅហើយ។ ទ្រង់បង្ហាញឱ្យឃើញពីយុគសម័យមួយទាំងមូល ហើយក៏អនុវត្តកិច្ចការនៃយុគសម័យមួយទាំងមូលដែរ។ ទ្រង់បានបញ្ចប់យុគសម័យចាស់ ហើយចាប់ផ្ដើមយុគសម័យថ្មី។ ទាំងអស់នេះ សុទ្ធតែជារឿងសំខាន់ពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយទាំងអស់នេះ សុទ្ធតែជាសារៈសំខាន់នៃកិច្ចការមួយដំណាក់កាល ដែលព្រះជាម្ចាស់យាងមកផែនដី ដើម្បីអនុវត្ត។ កាលព្រះយេស៊ូវយាងមកផែនដី ទ្រង់ថ្លែងព្រះបន្ទូលខ្លះ និងអនុវត្តកិច្ចការមួយចំនួនតែប៉ុណ្ណោះ។ ព្រះអង្គមិនដាក់ព្រះកាយទៅខ្វល់នឹងជីវិតរបស់មនុស្សលោកឡើយ រួចទ្រង់ក៏ចាកចេញទៅ ពេលទ្រង់បង្ហើយកិច្ចការរបស់ទ្រង់រួចហើយភ្លាម។ សព្វថ្ងៃនេះ កាលណាខ្ញុំបញ្ចប់ការថ្លែងព្រះបន្ទូល និងផ្ទេរព្រះបន្ទូលរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយកាលណាអ្នករាល់គ្នាបានយល់អស់ហើយ ជំហាននៃកិច្ចការរបស់ខ្ញុំនេះ ក៏នឹងបញ្ចប់ទៅដែរ ទោះបីជាជីវិតរបស់អ្នករាល់គ្នាទៅជាយ៉ាងណាក៏ដោយ។ នៅថ្ងៃអនាគត នឹងមានមនុស្សមកបន្តជំហាននៃកិច្ចការរបស់ខ្ញុំ ហើយបន្តធ្វើកិច្ចការនៅលើផែនដី ស្របតាមព្រះបន្ទូលទាំងនេះទៀតផង នៅពេលនោះ កិច្ចការរបស់មនុស្ស និងការស្ថាបនារបស់មនុស្សនឹងចាប់ផ្ដើមឡើង។ ប៉ុន្តែ បច្ចុប្បន្ននេះ ព្រះជាម្ចាស់ធ្វើតែកិច្ចការរបស់ទ្រង់ប៉ណ្ណោះ ដើម្បីសម្រេចព័ន្ធកិច្ចរបស់ទ្រង់ និងដើម្បីបង្ហើយជំហានមួយក្នុងកិច្ចការរបស់ទ្រង់។ ព្រះជាម្ចាស់ធ្វើការក្នុងលក្ខណៈមួយខុសពីមនុស្ស។ មនុស្សចូលចិត្តជំនួប និងការប្រមូលផ្ដុំជាវេទិកា ហើយផ្ដល់សារៈសំខាន់ចំពោះពិធីអធិកអធម ចំណែកអ្វីដែលព្រះជាម្ចាស់ស្អប់បំផុតនោះ គឺជំនួប និងការប្រមូលផ្ដុំរបស់មនុស្សនេះហើយ។ ព្រះជាម្ចាស់ សន្ទនា និងជជែកជាមួយមនុស្សក្នុងលក្ខណៈមិនផ្លូវការ នេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ ជាកិច្ចការដែលត្រូវបានដោះលែងជាពិសេស ហើយដោះអ្នករាល់គ្នាឱ្យដែរ។ យ៉ាងណាមិញ ខ្ញុំស្អប់បំផុតការជួបជុំជាមួយអ្នករាល់គ្នា ហើយខ្ញុំមិនអាចស៊ាំនឹងជីវិតដ៏តឹងរ៉ឹង ដូចជាជីវិតរបស់អ្នករាល់គ្នានោះឡើយ។ ខ្ញុំស្អប់ក្បួនច្បាប់ជាងគេបំផុត។ ក្បួនច្បាប់ទាំងនេះដាក់កំហិតឱ្យមនុស្សដល់ថ្នាក់ធ្វើឱ្យគេខ្លាច លែងហ៊ានកម្រើក លែងហ៊ាននិយាយស្ដី និងលែងហ៊ានច្រៀង ភ្នែករបស់គេសម្លឹងមកចំអ្នកតែម្ដង។ ខ្ញុំស្អប់ណាស់ លក្ខណៈនៃការជួបជុំរបស់អ្នករាល់គ្នា ហើយខ្ញុំស្អប់ណាស់ការជួបជុំធំៗ។ ខ្ញុំបដិសេធមិនជួបជុំជាមួយនឹងអ្នករាល់គ្នា តាមវិធីបែបនេះតែម្ដង ដ្បិតលក្ខណៈនៃការរស់នបែបនេះ ធ្វើឱ្យមនុស្សមានអារម្មណ៍ដូចជាប់ចំណង ហើយអ្នករាល់គ្នាកាន់ខ្ជាប់តាមពិធីបុណ្យ និងក្បួនច្បាប់ច្រើនពេក។ ប្រសិនបើអ្នករាល់គ្នាត្រូវបានអនុញ្ញាតឱ្យដឹកនាំ អ្នកនឹងដឹកនាំមនុស្សទាំងអស់ទៅក្នុងអំណាចគ្រប់គ្រងនៃក្បួនច្បាប់ ហើយពួកគេនឹងគ្មានផ្លូវយកក្បួនច្បាប់ទុកមួយឡែក នៅក្នុងការដឹកនាំរបស់អ្នករាល់គ្នានោះឡើយ។ ផ្ទុយទៅវិញ មជ្ឈដ្ឋានសាសនានឹងរឹតតែមានភាពតឹងតែងកាន់តែខ្លាំង ហើយទំនៀមទម្លាប់របស់មនុស្សនឹងនៅតែបន្តកើនឡើងដែរ។ មនុស្សខ្លះក៏បន្តប្រកាស និងថ្លែងព្រះបន្ទូល ពេលដែលពួកគេជួបជុំគ្នា ហើយពួកគេមិនដែលមានអារម្មណ៍ខ្វល់ខ្វាយទេ ចំណែកអ្នកខ្លះក៏អាចបន្តប្រកាសព្រះបន្ទូលបានរាប់សិបថ្ងៃ ដោយមិនសម្រាក។ ទាំងអស់នេះរាប់ជាការជួបជុំធំៗ និងជាការជួបជុំរបស់មនុស្ស។ ពិធីទាំងនេះគ្មានអ្វីពាក់ព័ន្ធនឹងរបៀបរបបនៃការហូប និងផឹក របៀបរបបនៃអំណរសប្បាយ ឬរបៀបរបបនៃការដែលវិញ្ញាណត្រូវបានប្រោសឱ្យរួចនោះឡើយ។ ទាំងអស់នេះ គឺសុទ្ធតែជាការជួបជុំ! ការប្រជុំសហការីរបស់អ្នករាល់គ្នា ក៏ដូចជាការជួបជុំពួកជំនុំ ទាំងតូចទាំងធំ សុទ្ធតែជាទីស្អប់ខ្ពើមចំពោះខ្ញុំ ហើយខ្ញុំក៏មិនដែលចាប់អារម្មណ៍នឹងពិធីទាំងអស់នេះទេ។ នេះគឺជាគោលការណ៍ដែលខ្ញុំធ្វើការ៖ ខ្ញុំមិនព្រមប្រកាសព្រះបន្ទូលក្នុងពួកជំនុំឡើយ ខ្ញុំក៏មិនចង់ប្រកាសអ្វីនៅក្នុងចំណោមជំនុំសាធារណជនធំៗដែរ ហើយខ្ញុំរឹតតែមិនចង់ប្រជុំជាមួយអ្នករាល់គ្នាពីរបីថ្ងៃ ក្នុងកម្មវិធីសន្និសីទពិសេសមួយផង។ ខ្ញុំយល់ថាមិនពេញចិត្តដែលអ្នករាល់គ្នាត្រូវអង្គុយ រៀបឫករៀបពារនៅក្នុងការប្រជុំគ្នានោះឡើយ។ ខ្ញុំស្អប់នឹងឃើញអ្នករាល់គ្នារស់នៅក្នុងកំហិតនៃពិធីណាមួយ ហើយជាងនេះទៅទៀត ខ្ញុំមិនព្រមរួមចំណែកនៅក្នុងពិធីណាមួយរបស់អ្នករាល់គ្នាទេ។ អ្នករាល់គ្នាកាន់តែធ្វើរឿងនេះ ខ្ញុំរឹតតែយល់ថា វាគួរឱ្យស្អប់។ ខ្ញុំគ្មានចំណាប់អារម្មណ៍នឹងពិធី និងក្បួនច្បាប់របស់អ្នករាល់គ្នា សូម្បីបន្តិចណាឡើយ។ ទោះបីជាអ្នករាល់គ្នាប្រារព្ធពិធីនេះបានល្អយ៉ាងណា ក៏ខ្ញុំយល់ថា ពិធីទាំងអស់នេះសុទ្ធតែគួរឱ្យស្អប់។ មិនមែនមកពីការរៀបចំរបស់អ្នករាល់គ្នាមិនសម ឬមកពីអ្នករាល់គ្នាអន់ពេកនោះទេ គឺមកពីខ្ញុំស្អប់លក្ខណៈនៃការរស់នៅរបស់អ្នករាល់គ្នា ហើយជាងនេះទៀត ខ្ញុំមិនអាចស៊ាំនឹងការរស់នៅបែបនេះ។ អ្នករាល់គ្នាមិនយល់កិច្ចការដែលខ្ញុំចង់ធ្វើសូម្បីបន្តិច។ កាលព្រះយេស៊ូវធ្វើកិច្ចការរបស់ទ្រង់នាសម័យនោះ បន្ទាប់ពីអធិប្បាយព្រះបន្ទូលនៅតាមកន្លែងខ្លះរួច ទ្រង់នឹងដឹកនាំពួកសិស្សរបស់ទ្រង់ចេញពីក្រុង រួចជជែកជាមួយពួកគេពីរបៀបដែលព្រះបន្ទូលនោះ ដែលបណ្ដាលឱ្យពួកគេយល់។ ទ្រង់ធ្វើការក្នុងលក្ខណៈបែបនេះជារឿយៗ។ កិច្ចការរបស់ទ្រង់នៅក្នុងចំណោមបណ្ដាជន មានតិច និងនៅចន្លោះឆ្ងាយពីគ្នា។ តាមអ្វីដែលអ្នករាល់គ្នាទូលសុំពីទ្រង់ ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម មិនគួរមានជីវិតជាមនុស្សធម្មតាម្នាក់នោះទេ។ ទ្រង់ត្រូវតែអនុវត្តកិច្ចការរបស់ទ្រង់ ហើយទោះបីជាទ្រង់គង់ ឈរ ឬយាងដើរ ទ្រង់ត្រូវតែថ្លែងព្រះបន្ទូល។ ទ្រង់ត្រូវតែធ្វើកិច្ចការគ្រប់ពេលវេលា ហើយមិនអាចបញ្ឈប់ «ប្រតិបត្តិការ» របស់ទ្រង់បានឡើយ ពុំនោះទេ គឺទ្រង់កំពុងតែធ្វេសនឹងកាតព្វកិច្ចរបស់ទ្រង់ហើយ។ តើការទាមទាររបស់មនុស្សទាំងនេះ សមទៅនឹងញាណជាមនុស្សដែរឬទេ? ឯណាទៅសច្ចភាពរបស់អ្នករាល់គ្នា? តើអ្នករាល់គ្នាមិនសុំច្រើនពេកហើយមែនទេ? តើខ្ញុំចាំបាច់ត្រូវឱ្យអ្នកមកពិនិត្យពិច័យខ្ញុំ ពេលខ្ញុំធ្វើការដែរមែនទេ? តើខ្ញុំចាំបាច់ត្រូវឱ្យអ្នកកត្រួតពិនិត្យ ពេលខ្ញុំបំពេញព័ន្ធកិច្ចរបស់ខ្ញុំដែរមែនទេ? ខ្ញុំដឹងច្បាស់ថា កិច្ចការណាដែលខ្ញុំគួរធ្វើ ហើយគួរធ្វើនៅពេលណា មិនចាំបាច់ឱ្យអ្នកដទៃមកលូកដៃទេ។ ប្រហែលជាអ្នកមើលឃើញថា ខ្ញុំមិនបានធ្វើអ្វីច្រើនទេ ប៉ុន្តែមកទល់នឹងពេលនោះ កិច្ចការរបស់ខ្ញុំ ជិតនឹងចប់ទៅហើយ។ ចូរយកព្រះបន្ទូលរបស់ព្រះយេស៊ូវនៅក្នុងដំណឹងល្អទាំងបួនមកធ្វើជាឧទាហរណ៍៖ តើព្រះបន្ទូលនេះមិនត្រូវបានកំហិតដែរទេឬអី? នៅគ្រានោះ កាលព្រះយេស៊ូវយាងចូលសាលាប្រជុំ និងបង្រៀនព្រះបន្ទូល ភាគច្រើនគឺទ្រង់ធ្វើចប់ក្នុងរយៈពេលតែពីរបីនាទីប៉ុណ្ណោះ ហើយកាលណាទ្រង់មានបន្ទូលចប់ ទ្រង់ក៏នាំសិស្សរបស់ទ្រង់ទៅលើទូក ហើយចាកចេញទៅដោយគ្មានការបកស្រាយអ្វីសោះ។ ភាគច្រើន អស់អ្នកដែលនៅក្នុងសាលាប្រជុំនោះ ពិភាក្សាតែក្នុងចំណោមគ្នាគេនោះទៅ តែព្រះយេស៊ូវមិនចូលរួមនឹងការពិភាក្សានេះទេ។ ព្រះជាម្ចាស់ធ្វើតែកិច្ចការដែលទ្រង់គួរធ្វើប៉ុណ្ណោះ ហើយគ្មានអ្វីលើស ឬគ្មានអ្វីក្រៅពីកិច្ចការនេះឡើយ។ ពេលនេះ មនុស្សជាច្រើនចង់ឱ្យខ្ញុំថ្លែងព្រះបន្ទូលច្រើនជាងនេះ និងមានបន្ទូលច្រើនជាងនេះ យ៉ាងហោចណាស់ក៏មួយថ្ងៃបីបួនម៉ោងដែរ។ ដូចអ្នករាល់គ្នាឃើញហើយ ព្រះជាម្ចាស់លែងក្លាយជាព្រះជាម្ចាស់ហើយ ទាល់តែទ្រង់ថ្លែងព្រះបន្ទូល ហើយមានតែអស់អ្នកដែលថ្លែងព្រះបន្ទូលទេ ទើបជាព្រះជាម្ចាស់។ អ្នករាល់គ្នាសុទ្ធតែងងឹតងងល់! ទាំងអស់គ្នាសុទ្ធតែគ្មានវិចារណញាណ! អ្នករាល់គ្នាសុទ្ធតែជាសភាវៈល្ងង់ខ្លៅ ហើយមិនដឹងអ្វីឡើយ! អ្នករាល់គ្នាមានសញ្ញាណច្រើនហួសប្រមាណ! អ្នករាល់គ្នាទាមទារហួសហេតុ! អ្នករាល់គ្នាគ្មានមនុស្សធម៌! អ្នករាល់គ្នាមិនបន្តិចសោះថា ព្រះជាម្ចាស់គឺជាអ្វី! អ្នករាល់គ្នាជឿថា អ្នកថ្លែងព្រះបន្ទូល និងអ្នកពូកែអធិប្បាយ សុទ្ធតែជាព្រះជាម្ចាស់ និងយល់ថា មនុស្សណាដែលព្រមផ្ដល់ព្រះបន្ទូលដល់អ្នករាល់គ្នា អ្នកនោះហើយគឺជាឪពុករបស់អ្នករាល់គ្នា។ ចូរប្រាប់ខ្ញុំមកមើល តើអ្នករាល់គ្នានៅដឹងអំពីលក្ខណៈដែលត្រឹមត្រូវ និងរូបរាងដែលមិនធម្មតារបស់អ្នករាល់គ្នាបន្តិចដែរទេ? ប៉ុន្តែ អ្នកពិតជាស្គាល់ព្រះអាទិត្យពីស្ថានសួគ៌! អ្នករាល់គ្នាម្នាក់ៗ ប្រៀបដូចជាមន្ត្រីលោភលន់ និងពុករលួយ ដូច្នេះ តើអ្នកអាចមើលឃើញញាណដោយវិធីណា? តើអ្នកអាចបែងចែកត្រូវ និងខុសបានទេ? ខ្ញុំបានប្រទានឱ្យអ្នករាល់គ្នាច្រើនណាស់ ប៉ុន្តែក្នុងចំណោមអ្នករាល់គ្នា តើមានមនុស្សប៉ុន្មាននាក់ឱ្យតម្លៃដល់អ្វីដែលខ្ញុំប្រទានឱ្យ? តើនរណាយកសេចក្ដីនេះជាកម្មសិទ្ធិពេញលេញ? អ្នករាល់គ្នាមិនដឹងថា នរណាជាអ្នកបើកផ្លូវដែលអ្នករាល់គ្នាដើររហូតដល់សព្វថ្ងៃនេះទេ ដូច្នេះ អ្នករាល់គ្នាក៏បន្តធ្វើការទាមទារពីខ្ញុំ ដោយធ្វើការទាមទារដ៏គួរឱ្យអស់សំណើច ហើយលេលាផង។ តើអ្នករាល់គ្នាមិនដិតដៅដោយសារសេចក្ដីខ្មាសទេឬអី? តើខ្ញុំនិយាយមិនទាន់គ្រប់ទៀតមែនទេ? តើខ្ញុំធ្វើមិនទាន់គ្រប់ទៀតមែនទេ? ក្នុងចំណោមអ្នករាល់គ្នា តើមាននរណាដែលអាចចាត់ទុកព្រះបន្ទូលរបស់ខ្ញុំ ជាកំណប់យ៉ាងពិតប្រាកដ? អ្នកនិយាយអួតពីខ្ញុំនៅនឹងមុខខ្ញុំ ប៉ុន្តែអ្នកនិយាយកុហក និងបោកប្រាស់នៅពីក្រោយខ្នងវិញ! សកម្មភាពរបស់អ្នករាល់គ្នាគួរឱ្យស្អប់ណាស់ ហើយវាធ្វើឱ្យខ្ញុំក្ដៅក្រហាយ! ខ្ញុំដឹងថា អ្នករាល់គ្នាសុំឱ្យខ្ញុំនិយាយ និងមិនឱ្យខ្ញុំធ្វើការសម្រាប់ហេតុផលណាផ្សេង ក្រៅតែពីចម្អែតក្រសែភ្នែករបស់អ្នករាល់គ្នា និងពង្រីកវិសាលភាពចំណេះដឹងរបស់អ្នករាល់គ្នាផង មិនមែនដើម្បីជាប្រយោជន៍ដល់ការបំផ្លាស់បំប្រែជីវិតរបស់អ្នករាល់គ្នានោះឡើយ។ ខ្ញុំបាននិយាយនឹងអ្នករាល់គ្នាច្រើនណាស់ហើយ។ ជីវិតរបស់អ្នករាល់គ្នា គួរតែបានផ្លាស់ប្ដូរជាយូរណាស់មកហើយ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នា នៅតែត្រឡប់ទៅរកសភាពរបស់ខ្លួនឯង សូម្បីតែក្នុងពេលបច្ចុប្បន្នដូច្នេះ? តើអាចមកពីព្រះបន្ទូលរបស់ខ្ញុំត្រូវគេដណ្ដើមពីអ្នករាល់គ្នាទៅ ហើយអ្នករាល់គ្នាមិនបានទទួលព្រះបន្ទូលទាំងនេះមែនទេ? និយាយតាមត្រង់ទៅ ខ្ញុំមិនចង់និយាយអ្វីលើសពីនេះ ទៅកាន់មនុស្សអន់ដូចជាអ្នករាល់គ្នាទេ និយាយទៅគឺឥតប្រយោជន៍ទទេ! ខ្ញុំមិនចង់ធ្វើកិច្ចការឥតប្រយោជន៍ច្រើនពេកទេ! អ្នករាល់គ្នាគ្រាន់តែចង់ពង្រីកវិសាលភាពនៃចំណេះដឹងរបស់ខ្លួន ឬចម្អែតក្រសែភ្នែករបស់ខ្លួន និងមិនមែនឱ្យបានជីវិតនោះឡើយ! អ្នករាល់គ្នាសុទ្ធតែកំពុងបោកប្រាស់ខ្លួនឯង! ខ្ញុំសួរអ្នករាល់គ្នាទៅចុះថា តើអ្នករាល់គ្នាបានយកអ្វីដែលខ្ញុំមានបន្ទូលទៅកាន់អ្នករាល់គ្នា មុខទល់នឹងមុខ ទៅអនុវត្តបានច្រើនប៉ុនណាហើយ? គ្រប់យ៉ាងដែលអ្នករាល់គ្នាធ្វើ គឺលេងល្បិចបោកប្រាស់អ្នកដទៃ! ក្នុងចំណោមអ្នករាល់គ្នា ខ្ញុំស្អប់ណាស់មនុស្សដែលរីករាយនឹងសម្លឹងមើល ក្នុងនាមជាទស្សនិកជន ហើយខ្ញុំយល់ថា ចម្ងល់របស់អ្នករាល់គ្នា គឺពិតជាគួរឱ្យស្អប់ខ្លាំងណាស់។ ប្រសិនបើអ្នករាល់គ្នាមិនមកទីនេះដើម្បីស្វះស្វែងរកផ្លូវពិត ឬស្រេកឃ្លានសេចក្ដីពិត នោះអ្នករាល់គ្នាគឺជាកម្មវត្ថុនៃសេចក្ដីសម្អប់របស់ខ្ញុំហើយ! ខ្ញុំដឹងថា អ្នករាល់គ្នាស្ដាប់ខ្ញុំនិយាយទាំងអស់ ដើម្បីបំពេញចម្ងល់របស់អ្នករាល់គ្នា ឬដើម្បីបំពេញចំណង់ចិត្តដ៏លោភលន់មួយហើយមួយទៀតរបស់អ្នករាល់គ្នា។ អ្នករាល់គ្នាមិនគិតស្វែងរកវត្តមាននៃសេចក្ដីពិតឡើយ ក៏មិនស្វែងរកផ្លូវត្រូវ សម្រាប់ការចូលទៅឯជីវិតនោះដែរ។ ការទាមទារទាំងអស់នេះ មិនមែនមានស្រាប់នៅក្នុងអ្នករាល់គ្នាតែម្ដងនោះទេ។ គ្រប់យ៉ាងដែលអ្នករាល់គ្នាធ្វើ គឺប្រព្រឹត្តចំពោះព្រះជាម្ចាស់ដូចជារបស់លេង ដែលអ្នករាល់គ្នាស្រាវជ្រាវ និងសរសើរ។ អ្នករាល់គ្នាមានបំណងចិត្តតិចតួចណាស់ក្នុងការស្វះស្វែងរកជីវិត ប៉ុន្តែមានបំណងចិត្តចង់ដឹងចង់ឮច្រើន! ការបកស្រាយអំពីផ្លូវនៃជីវិត ដល់មនុស្សបែបនេះ គឺប្រៀបដូចជាចាក់ទឹកលើក្បាលទា។ ខ្ញុំក៏ប្រហែលជាមិននិយាយអ្វីសោះតែម្ដង! ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះ៖ ប្រសិនបើអ្នករាល់គ្នាគ្រាន់តែព្យាយាមបំពេញចន្លោះក្នុងដួងចិត្តរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នាមិនបានខំប្រឹងមករកខ្ញុំអស់ពីលទ្ធភាពទេ! អ្នករាល់គ្នាគួរតែផ្ដល់សារៈសំខាន់ចំពោះការទទួលបាននូវជីវិត! ចូរកុំបញ្ឆោតខ្លួនឯងឡើយ! អ្នករាល់គ្នាមិនទាន់បានយកការចង់ដឹងចង់ឮរបស់អ្នករាល់គ្នា មកធ្វើជាមូលដ្ឋានសម្រាប់ការស្វះស្វែងឱ្យបានជីវិតរបស់អ្នករាល់គ្នា ឬប្រើវាជាលេស សម្រាប់ការសុំឱ្យខ្ញុំនិយាយមកកាន់អ្នករាល់គ្នានោះឡើយ។ ទាំងអស់នេះសុទ្ធតែជាល្បិចដែលអ្នករាល់គ្នាស្ទាត់ជំនាញខ្លាំងណាស់! ខ្ញុំសុំសួរអ្នករាល់គ្នាម្ដងទៀតថា៖ អ្វីដែលខ្ញុំមានបន្ទូលប្រាប់ឱ្យអ្នកចូលទៅក្នុងនោះ តើអ្នកប្រកាន់ខ្ជាប់ពិតប្រាកដបានច្រើនប៉ុនណាហើយ? តើអ្នកយល់ពីអ្វីៗគ្រប់យ៉ាងដែលខ្ញុំនិយាយទៅកាន់អ្នកទេ? តើអ្នករាល់គ្នាព្យាយាមយកអ្វីៗគ្រប់យ៉ាងដែលខ្ញុំនិយាយទៅកាន់អ្នករាល់គ្នានេះ ទៅអនុវត្តទេ?

កិច្ចការគ្រប់យុគសម័យទាំងអស់ សុទ្ធតែផ្ដួចផ្ដើមឡើងដោយព្រះជាម្ចាស់ផ្ទាល់ ប៉ុន្តែអ្នកគប្បីដឹងថា ទោះបីជាព្រះជាម្ចាស់ធ្វើកិច្ចការតាមវិធីណាក៏ដោយ ក៏ទ្រង់មិនមែនយាងមកដើម្បីចាប់ផ្ដើមចលនាមួយ ឬធ្វើសន្និសីទពិសេស ឬបង្កើតស្ថាប័នណាមួយ ជំនួសមុខឱ្យអ្នករាល់គ្នានោះឡើយ។ ទ្រង់យាងមក ដើម្បីអនុវត្តកិច្ចការដែលទ្រង់គួរធ្វើទាំងស្រុង។ កិច្ចការរបស់ទ្រង់មិនទទួលរងនូវកំហិតពីមនុស្សណាម្នាក់ឡើយ។ ទ្រង់ធ្វើកិច្ចការរបស់ទ្រង់ តាមវិធីដែលទ្រង់សព្វព្រះទ័យ ទោះបីជាមនុស្សគិតអ្វី ឬដឹងអ្វីពីរឿងនេះក៏ដោយ ក៏ទ្រង់យកព្រះទ័យទុកដាក់តែពីការអនុវត្តកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ។ ចាប់តាំងពីកំណើតផែនដីរហូតមកទល់នឹងបច្ចុប្បន្ន មានកិច្ចការបីដំណាក់កាលហើយ ពីព្រះយេហូវ៉ា ដល់ព្រះយេស៊ូវ និងពីយុគសម័យនៃក្រឹត្យវិន័យ ដល់យុគសម័យនៃព្រះគុណ ព្រះជាម្ចាស់ពុំដែលចូលរួមក្នុងសន្និសីទពិសេសណាមួយរបស់មនុស្សឡើយ ហើយទ្រង់ក៏មិនបានប្រមូលផ្ដុំមនុស្សទាំងអស់ឱ្យមូលគ្នា ដើម្បីឱ្យចូលរួមក្នុងសន្និសីទការងារជាសកលពិសេសណាមួយ ក្នុងគោលបំណងពង្រីកវិសាលភាពនៃកិច្ចការរបស់ទ្រង់ដែរ។ គ្រប់យ៉ាងដែលទ្រង់ធ្វើ គឺអនុវត្តកិច្ចការផ្ដួចផ្ដើមយុគសម័យមួយទាំងមូល ក្នុងពេលវេលាសមស្របមួយ និងក្នុងទីកន្លែងដ៏ត្រឹមត្រូវមួយ ពោលគឺការចាប់ផ្ដើមយុគសម័យ និងការដឹកនាំមនុស្សមនុស្សលោក ឱ្យរស់នៅតាមបែបផែននៃជីវិតរបស់គេ។ សន្និសីទពិសេសៗ គឺជាការជួបជុំរបស់មនុស្ស ការប្រមូលផ្ដុំមនុស្សឱ្យមូលគ្នា ដើម្បីអបអរថ្ងៃសម្រាកនានា គឺជាកិច្ចការរបស់មនុស្ស។ ព្រះជាម្ចាស់មិនកាន់តាមថ្ងៃសម្រាកទេ ហើយជាងនេះទៀត ទ្រង់យល់ឃើញថា ពិធីទាំងអស់នេះគួរឱ្យស្អប់ណាស់។ ទ្រង់មិនចូលរួមក្នុងសន្និសីទពិសេសណាឡើយ ហើយលើសពីនេះ ទ្រង់យល់ថា សន្និសីទទាំងនេះគួរឱ្យស្អប់ណាស់។ ពេលនេះ អ្នកគួរយល់ច្បាស់ថា អ្វីទៅជាកិច្ចការដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សហើយ!

ខាង​ដើម៖ អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (២)

បន្ទាប់៖ អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ