ជំពូកទី ៩៤
ខ្ញុំយាងត្រឡប់ទៅភ្នំស៊ីយ៉ូនជាមួយពួកកូនប្រុសច្បងរបស់ខ្ញុំ។ តើអ្នកពិតជាយល់អំពីអត្ថន័យនៃព្រះបន្ទូលទាំងនេះទេ? ដូចខ្ញុំបានថ្លែងប្រាប់អ្នកជាថ្មីម្ដងទៀតរួចហើយ ខ្ញុំចង់ឱ្យអ្នករាល់គ្នាធំធាត់ឱ្យបានឆាប់ និងគ្រងរាជ្យជាមួយខ្ញុំ។ តើអ្នករាល់គ្នាចាំដែរឬទេ? ចំណុចទាំងអស់នេះ គឺសុទ្ធតែជាប់ពាក់ព័ន្ធដោយផ្ទាល់នឹងការយកកំណើតជាមនុស្សរបស់ខ្ញុំ៖ ចាប់ពីភ្នំស៊ីយ៉ូនទៅ ខ្ញុំបានយាងមកកាន់ផែនដីក្នុងលក្ខណៈជាសាច់ឈាម ដើម្បីទទួលបានសាច់ឈាមរបស់មនុស្សមួយក្រុមដែលមានចិត្តគំនិតតែមួយនឹងខ្ញុំ ហើយនៅពេលសម្រេចដូច្នេះហើយ ខ្ញុំនឹងយាងត្រឡប់ទៅភ្នំស៊ីយ៉ូនវិញ។ នេះមានន័យថា យើងនៅតែត្រូវត្រឡប់ពីខាងសាច់ឈាមទៅជារូបអង្គដើមវិញដដែល។ នេះគឺអត្ថន័យពិតនៃ «ការយាងត្រឡប់ទៅភ្នំស៊ីយ៉ូនវិញ»។ នេះក៏ជាអត្ថន័យពិត និងជាការផ្ដោតសំខាន់លើផែនការគ្រប់គ្រងទាំងស្រុងរបស់ខ្ញុំដែរ ហើយបន្ថែមលើនេះ វាគឺជាផ្នែកដ៏សំខាន់ជាងគេបំផុតនៃផែនការគ្រប់គ្រងរបស់ខ្ញុំ ដែលគ្មាននរណាម្នាក់អាចរារាំងបានឡើយ ហើយនឹងត្រូវសម្រេចឱ្យបានភ្លាមៗ។ នៅពេលនៅជាសាច់ឈាម មនុស្សមិនអាចលះបង់សញ្ញាណ និងការគិតរបស់មនុស្សបានឡើយ ហើយកាន់តែមិនអាចបណ្ដេញខ្យល់របស់ផែនដី ឬបណ្ដេញធូលីចេញបាន ហើយមនុស្សនឹងនៅតែជាដីឥដ្ឋជាដរាប។ មានតែការស្ថិតក្នុងរូបអង្គនេះប៉ុណ្ណោះដែលមនុស្សម្នាក់មានសិទ្ធិទទួលបានព្រះពរ។ តើព្រះពរជាអ្វី? តើអ្នករាល់គ្នាចាំដែរឬទេ? នៅខាងសាច់ឈាម អាចគ្មានការគិតគូរអំពីព្រះពរ ដូច្នេះផ្លូវដែលមកអំពីសាច់ឈាមទៅកាន់រូបអង្គនេះ គឺជាផ្លូវមួយដែលកូនប្រុសច្បងគ្រប់រូបត្រូវតែដើរតាម។ នៅខាងសាច់ឈាម អ្នកត្រូវបានសត្វនាគដ៏ធំមានសម្បុរក្រហមគាបសង្កត់ និងធ្វើទុក្ខបុកម្នេញ (ដែលនេះគឺដោយសារអ្នកគ្មានអំណាច និងពុំទទួលបានសិរីល្អ) ប៉ុន្តែនៅខាងរូបកាយវិញ វានឹងមានភាពខុសគ្នា ហើយអ្នកនឹងមានមោទនភាព និងបានអរសប្បាយ។ ថ្ងៃដែលត្រូវគេគាបសង្កត់នឹងត្រូវបញ្ចប់ទាំងស្រុង ហើយអ្នកនឹងត្រូវបានដោះលែង និងដាក់ឱ្យមានសេរីភាពទាំងស្រុង។ មានតែបែបនេះទេដែលខ្ញុំអាចបញ្ចូលនូវលក្ខណៈរបស់ខ្ញុំ និងកម្មសិទ្ធិរបស់ខ្ញុំទៅក្នុងខ្លួនអ្នករាល់គ្នាបាន។ បើពុំដូច្នេះទេ អ្នកនឹងមានត្រឹមគុណសម្បត្តិរបស់ខ្ញុំប៉ុណ្ណោះ។ មិនថាមនុស្សណាម្នាក់ត្រាប់តាមមនុស្សណាម្នាក់ទៀតតែសំបកក្រៅឬយ៉ាងណានោះទេ ពួកគេមិនអាចធ្វើបានដូចគ្នាបេះបិទនោះទេ។ មានតែរូបកាយខាងវិញ្ញាណដ៏បរិសុទ្ធប៉ុណ្ណោះ (ដែលសំដៅលើរូបកាយនេះ) ដែលអាចដូចគ្នាបេះបិទបាន (ដែលសំដៅលើការមានលក្ខណសម្បត្តិដូចគ្នា មានលក្ខណៈ និងកម្មសិទ្ធិដូចគ្នា និងការអាចមានចិត្តគំនិតតែមួយ មិនអាចបំបែកបាន និងជាចំណែកតែមួយ ដ្បិតអ្វីគ្រប់យ៉ាងគឺជារូបកាយខាងវិញ្ញាណដ៏បរិសុទ្ធ)។
តើហេតុអ្វីបានជាអ្នកពេលនេះចាប់ផ្ដើមស្អប់លោកីយ៍នេះ ចាប់ផ្ដើមខ្ពើមរអើមនឹងការញ៉ាំ ការស្លៀកពាក់ និងគ្រប់យ៉ាងពីរបស់ដែលគួរឱ្យធុញទ្រាន់ ហើយថែមទាំងមិនអាចចាំឱ្យវាបាត់ទៅវិញបាន? នេះគឺជាទីសម្គាល់ដែលអ្នកនឹងចូលទៅក្នុងពិភពខាងវិញ្ញាណ (រូបអង្គ)។ អ្នករាល់គ្នាមានការដឹងហេតុជាមុនអំពីសេចក្ដីនេះ (បើទោះបីជាពួកគេមានកម្រិតខុសគ្នាក៏ដោយ)។ ខ្ញុំនឹងប្រើមនុស្សខុសគ្នា ហេតុការណ៍ខុសគ្នា និងរបស់ខុសគ្នា ទាំងអស់នេះដើម្បីធ្វើកិច្ចការនៃដំណាក់កាលដ៏សំខាន់ជាងគេបំផុតរបស់ខ្ញុំ ហើយអ្នកទាំងអស់នេះ នឹងត្រូវបម្រើខ្ញុំ។ ខ្ញុំត្រូវតែធ្វើបែបនេះ។ (ជាការពិតណាស់ ខ្ញុំមិនអាចសម្រេចកិច្ចការនេះនៅខាងសាច់ឈាមបានទេ ហើយមានតែព្រះវិញ្ញាណបរិសុទ្ធផ្ទាល់ព្រះអង្គទ្រង់ប៉ុណ្ណោះដែលអាចបំពេញកិច្ចការនេះបាន ដោយសារពេលវេលាមិនទាន់មកដល់។) នេះគឺជាចំណែកនៃមុខងារចុងក្រោយរបស់សាកលលោកទាំងមូល។ មនុស្សគ្រប់គ្នានឹងត្រូវសរសើរតម្កើងខ្ញុំ និងស្រែកប្រកាសអំពីខ្ញុំដោយអរសប្បាយ។ កិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ ត្រូវបានបញ្ចប់។ ពែងទាំងប្រាំពីរនៃសេចក្តីឃោរឃៅហូរចេញពីព្រះហស្ដរបស់ខ្ញុំ ផ្គរលាន់ទាំងប្រាំពីរលាន់ឮខ្ទរខ្ទារ សូរត្រែទាំងប្រាំពីរបន្លឺឡើង ហើយត្រាទាំងប្រាំពីរក៏បានបក ពោលគឺសំដៅមកកាន់សាកលលោក ទៅគ្រប់ជាតិសាសន៍ និងគ្រប់មនុស្សទាំងអស់ និងទៅអស់ទាំងភ្នំ ទាំងទន្លេ និងគ្រប់ទាំងសព្វសារពើផង។ តើពែងទាំងប្រាំពីរនៃសេចក្តីឃោរឃៅមានអ្វីខ្លះ? តើគោលដៅច្បាស់លាស់របស់វាចាក់ដាក់លើអ្វី? តើហេតុអ្វីបានជាខ្ញុំមានព្រះបន្ទូលថា ពែងទាំងនោះនឹងចាក់ចេញពីព្រះហស្ដរបស់ខ្ញុំ? ពេលវេលាដ៏យូរនឹងបានកន្លងផុតទៅ មុនពេលដែលមនុស្សរាល់គ្នាត្រូវបានឱ្យបញ្ចុះបញ្ចូលទាំងស្រុង នៅមុនពេលដែលមនុស្សរាល់គ្នាបានយល់ទាំងស្រុង។ បើទោះបីជាខ្ញុំប្រាប់អ្នកក្នុងពេលនេះក្ដី ក៏អ្នករាល់គ្នាគ្រាន់តែយល់បានតែចំណែកតូចមួយប៉ុណ្ណោះ។ តាមការស្រមើស្រមៃរបស់មនុស្ស ពែងទាំងប្រាំពីរនៃសេចក្តីឃោរឃៅ គឺមានគោលដៅលើគ្រប់ប្រទេស និងគ្រប់មនុស្សទាំងអស់នៅលើលោកនេះ ប៉ុន្តែតាមពិតទៅ នេះមិនមែនដូច្នេះទេ។ «ពែងទាំងប្រាំពីរនៃសេចក្តីឃោរឃៅ» សំដៅលើឥទ្ធិពលរបស់សាតាំងដ៏ជាអារក្ស និងឧបាយកលទុច្ចរិតរបស់សត្វនាគដ៏ធំមានសម្បុរក្រហម (ជារបស់ដែលខ្ញុំប្រើឱ្យបម្រើខ្ញុំ)។ នៅពេលនោះ ខ្ញុំនឹងដោះលែងសាតាំង និងសត្វនាគដ៏ធំមានសម្បុរក្រហមឱ្យវាយផ្ចាលពួកកូនប្រុស និងរាស្ត្រ ហើយវានឹងបើកសម្ដែងឱ្យឃើញថា នរណាជាពួកកូនប្រុស ហើយនរណាជាពួករាស្រ្ត។ ពួកមនុស្សបោកប្រាស់ មិនមែនជាអ្នកត្រូវដាក់គោលដៅនៃការកំណត់ទុកជាមុនរបស់ខ្ញុំឡើយ ចំណែកឯពួកកូនប្រុសច្បងរបស់ខ្ញុំ នឹងត្រូវបានគ្រងរាជ្យជាមួយខ្ញុំក្នុងគ្រានោះ។ ក្នុងលក្ខណៈបែបនេះ ខ្ញុំនឹងប្រោសពួកកូនប្រុស និងរាស្រ្តឱ្យគ្រប់លក្ខណ៍។ ការចាក់ចេញពីពែងនៃសេចក្តីឃោរឃៅទាំងប្រាំពីរ នឹងមិនមែនជាបន្ទុកលើគ្រប់ជាតិសាសន៍ និងគ្រប់មនុស្សទាំងអស់ទេ ប៉ុន្តែគ្រាន់តែដាក់លើពួកកូនប្រុស និងរាស្ត្ររបស់ខ្ញុំប៉ុណ្ណោះ។ ព្រះពរពុំបានមកដោយងាយៗទេ។ ត្រូវតែមានការលះបង់តម្លៃឱ្យបានពេញលេញ។ នៅពេលដែលពួកកូនប្រុស និងរាស្រ្តបានធំធាត់ នោះពែងទាំងប្រាំពីរនៃសេចក្តីឃោរឃៅ នឹងត្រូវកម្ចាត់អស់ទាំងស្រុង ហើយបន្ទាប់ពីនោះទៅ នឹងលែងមានទៀតហើយ។ តើអ្វីទៅជា «សំឡេងផ្គរលាន់ទាំងប្រាំពីរ»? សេចក្ដីនេះមិនពិបាកយល់នោះទេ។ នៅពេលដែលពួកកូនប្រុសច្បងរបស់ខ្ញុំនិងខ្ញុំ បានក្លាយជារូបកាយ នោះសំឡេងផ្គរលាន់ទាំងប្រាំពីរនឹងបន្លឺឡើង។ សេចក្ដីនេះនឹងធ្វើឱ្យសាកលលោករញ្ជួយ ហាក់ដូចជាស្ថានសួគ៌ និងផែនដីត្រូវបានបង្វិលបញ្ច្រាសអ៊ីចឹងដែរ។ មនុស្សរាល់គ្នានឹងដឹងអំពីហេតុការណ៍នេះ។ គ្មាននរណាម្នាក់នៅតែល្ងីល្ងើមិនដឹងទៀតនោះទេ។ នៅពេលនោះ ពួកកូនប្រុសច្បងរបស់ខ្ញុំនិងខ្ញុំ នឹងមានសិរីល្អ និងចាប់ផ្ដើមដំណាក់កាលបន្ទាប់នៃកិច្ចការនោះរួមគ្នា។ មនុស្សជាច្រើននឹងលុតជង្គង់ចុះ ទូលសុំសេចក្ដីសណ្ដោសប្រណី និងការអត់ទោស ដោយសារសូរសំឡេងផ្គរលាន់ទាំងប្រាំពីរនោះ។ ប៉ុន្តែវានឹងលែងក្លាយជាយុគសម័យនៃព្រះគុណទៀតហើយ៖ វានឹងក្លាយជាពេលវេលានៃសេចក្ដីក្រោធវិញ។ សម្រាប់អស់អ្នកណាដែលប្រព្រឹត្តអាក្រក់ (ជាអ្នកដែលប្រព្រឹត្ត អំពើសហាយស្មន់ ឬជួញដូរលុយកខ្វក់ ឬមានព្រំដែនមិនច្បាស់លាស់ជាមួយមនុស្សភេទផ្ទុយគ្នា ឬអ្នកដែលបង្អាក់ ឬបំផ្លាញការគ្រប់គ្រងរបស់ខ្ញុំ ឬអ្នកដែលពុំយល់អំពីបញ្ហាខាងវិញ្ញាណ ឬអ្នកដែលមានវិញ្ញាណអាក្រក់ ។ល។ ទាំងអស់នេះ លើកលែងតែពួកអ្នកដែលត្រូវខ្ញុំជ្រើសតាំងចេញ) គ្មាននរណាម្នាក់រួចខ្លួនឡើយ ហើយក៏គ្មានការលើកលែងទោសដែរ ប៉ុន្តែនឹងត្រូវបណ្ដេញចេញ ពួកគេម្នាក់ៗនឹងទៅស្ថានឃុំព្រលឹង ដែលពួកគេនឹងត្រូវវិនាសហិនហោចជាអស់កល្ប! «សូរត្រែទាំងប្រាំពីរ» ពុំសំដៅលើមជ្ឈដ្ឋានដែលទទឹងទាស់ខ្លាំងនោះទេ ហើយវាក៏ពុំសំដៅលើសេចក្ដីប្រកាសណាមួយមកកាន់លោកីយ៍នេះដែរ។ ទាំងអស់នេះ គឺជាសញ្ញាណរបស់មនុស្សទាំងស្រុង។ «សូរត្រែទាំងប្រាំពីរ» សំដៅលើព្រះសូរសៀងនៃសេចក្ដីក្រោធរបស់ខ្ញុំ។ នៅពេលដែលព្រះសូរសៀងរបស់ខ្ញុំ (ការជំនុំជម្រះដ៏មានឫទ្ធានុភាព និងការជំនុំជម្រះដោយសេចក្ដីក្រោធ) បានបន្លឺមក នោះសូរត្រែទាំងប្រាំពីរក៏បានបន្លឺឡើង។ (នៅក្នុងបរិបទបច្ចុប្បន្ននេះ នៅក្នុងដំណាក់របស់ខ្ញុំ នេះគឺជារឿងធ្ងន់ធ្ងរបំផុត ហើយគ្មាននរណាម្នាក់អាចគេចផុតបានឡើយ។) ហើយវិញ្ញាណអាក្រក់ ទាំងអស់នៅស្ថានឃុំព្រលឹង និងស្ថាននរក ទាំងធំទាំងតូច នឹងកាន់ក្បាលរបស់ពួកគេក្នុងដៃ រួចរត់ប្រសាចទៅគ្រប់ទិសទី ដោយទួញយំ និងសង្កៀតធ្មេញរបស់ពួកគេ ដោយក្ដីអាម៉ាស់ និងគ្មានកន្លែងលាក់ខ្លួន។ នៅពេលនោះ មិនមែនសូរត្រែទាំងប្រាំពីរទេដែលបន្លឺឡើង តែជាសេចក្ដីខ្ញាល់យ៉ាងខ្លាំងរបស់ខ្ញុំ និងជាការជំនុំជម្រះដ៏ឃោរឃៅបំផុតរបស់ខ្ញុំ ដែលគ្មាននរណាម្នាក់អាចគេចផុតបានឡើយ ហើយមនុស្សគ្រប់គ្នាត្រូវតែឆ្លងកាត់វា។ នៅពេលនេះ អ្វីដែលបានបើកសម្ដែងឱ្យឃើញ គឺមិនមែនជាខ្លឹមសារនៃត្រាទាំងប្រាំពីរនោះទេ។ ត្រាទាំងប្រាំពីរគឺជាព្រះពរដែលអ្នករាល់គ្នានឹងទទួលបាននៅពេលអនាគត។ «ការបកត្រា» សំដៅលើការប្រាប់ដំណឹងឱ្យអ្នករាល់គ្នាបានដឹងអំពីសេចក្ដីទាំងនោះ ប៉ុន្តែអ្នកនៅមិនទាន់មានព្រះពរទាំងអស់នេះនៅឡើយទេ។ នៅពេលអ្នករាល់គ្នាពិតជាមានព្រះពរទាំងអស់នេះហើយ នោះអ្នកនឹងដឹងពីខ្លឹមសារនៃត្រាទាំងប្រាំពីរនេះ។ អ្នកកំពុងប៉ះចំចំណែកមួយដែលមិនទាន់ពេញខ្នាតនៅឡើយ។ ខ្ញុំអាចប្រាប់ត្រឹមតែដំណាក់កាលនីមួយៗដែលវាកើតមានក្នុងអំឡុងពេលកិច្ចការទៅអនាគតប៉ុណ្ណោះ ដូច្នេះ អ្នករាល់គ្នានឹងជួបប្រទះវាដោយផ្ទាល់ និងមានសិរីល្អដែលគ្មានអ្វីប្រៀបផ្ទឹមបាន ហើយអ្នករាល់គ្នា នឹងមានជីវិតនៅក្នុងសេចក្ដីអរសប្បាយដែលគ្មានទីបញ្ចប់។
ដើម្បីអាចទទួលបានព្រះពររបស់ពួកកូនប្រុសច្បង គឺមិនមែនជារឿងងាយស្រួលទេ ហើយក៏មិនមែនជារឿងដែលមនុស្សធម្មតាអាចសម្រេចបានដែរ។ ខ្ញុំនឹងថ្លែងបញ្ជាក់ជាថ្មីម្ដងទៀត និងមានព្រះបន្ទូលប្រកបដោយព្រះចេស្តាថា ខ្ញុំត្រូវតែមានសេចក្ដីតម្រូវតឹងតែងចំពោះពួកកូនប្រុសច្បងរបស់ខ្ញុំ។ បើពុំដូច្នោះទេ ពួកគេនឹងមិនអាចផ្ដល់សិរីល្អដល់ព្រះនាមរបស់ខ្ញុំបានទេ។ ខ្ញុំពិតជាមិនទទួលយកនរណាដែលមានកេរ្តិ៍ឈ្មោះមិនល្អនៅក្នុងលោកីយ៍នេះ ហើយបន្ថែមលើនេះទៀត ខ្ញុំនឹងមិនទទួលយកនរណាដែលប្រព្រឹត្តកាមមិនរើសមុខទេ។ (ខ្ញុំសូមបញ្ជាក់ចំណុចនេះជាពិសេសថា ពួកគេគ្មានចំណែកបានក្លាយជារាស្រ្តរបស់ព្រះជាម្ចាស់ឡើយ។) ចូរកុំគិតថាអ្វីដែលអ្នកបានធ្វើកាលពីអតីតកាលបានចប់ និងរួចរាល់នោះ។ តើអាចមានរឿងល្អបែបនេះមកពីណា! តើការទទួលបានឋានៈជាកូនប្រុសច្បងធម្មតាបែបនេះ? ខ្ញុំក៏មិនទទួលយកដូចគ្នាចំពោះអ្នកដែលប្រឆាំងនឹងខ្ញុំ និងអ្នកដែលមិនទាន់ស្គាល់ខ្ញុំនៅខាងសាច់ឈាម អ្នកណាដែលរំខានដល់ខ្ញុំនៅពេលដែលខ្ញុំធ្វើតាមបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយនិងអ្នកណាដែលធ្វើទុក្ខបុកម្នេញខ្ញុំ។ ខ្ញុំគឺខ្លាំងបែបនេះ (ដោយសារខ្ញុំបានយកព្រះចេស្ដារបស់ខ្ញុំត្រឡប់មកវិញទាំងស្រុង)! ចុងក្រោយ ខ្ញុំក៏មិនទទួលយកអ្នកណាដែលមិនធ្លាប់មានឧបសគ្គនៅក្នុងជីវិតដូចគ្នាដែរ។ ខ្ញុំចង់ឱ្យអស់អ្នកដែលស្រឡាញ់ខ្ញុំ បានងើបចេញពីទុក្ខវេទនារបស់ពួកគេ បើទោះបីជាវាជាទុក្ខវេទនាបន្តិចបន្ដួចក្ដី។ ប្រសិនបើពួកគេមិនស្រឡាញ់ខ្ញុំទេ នោះពួកគេគឺជាប្រភេទដែលខ្ញុំនឹងត្រូវទាត់ចោល។ ចូរកុំឥតអៀនខ្មាស ដោយចង់ក្លាយជាកូនប្រុសច្បងរបស់ខ្ញុំ ចង់បង្អួតខ្លួនចំពោះព្រះភ័ក្រ្តខ្ញុំអី។ ឆាប់ចេញឱ្យបាត់ពីព្រះភក្ត្ររបស់ខ្ញុំទៅ! កាលពីមុន អ្នកបាននិយាយប្រាប់ខ្ញុំអំពីរឿងកំប៉ិចកំប៉ុក ដោយព្យាយាមចង់ឱ្យខ្ញុំបានរីករាយ! នេះគឺជាភាពងងឹតងងល់ហើយ! តើអ្នកមិនដឹងថា ខ្ញុំមិនសព្វព្រះទ័យអ្នកដែលជាមនុស្សទុច្ចរិតដែលគ្មានតម្លៃទាល់តែសោះទេឬ? តើអ្នកគិតថាខ្ញុំមិនដឹងពីការដោះស្រាយមិនត្រឹមត្រូវនោះមែនទេ? អ្នកលាក់បាំងហើយលាក់បាំងទៀត! តើអ្នកមិនដឹងថា អ្នកបានបង្ហាញមុខមាត់អាក្រក់របស់អ្នកទេឬ? បើទោះបីជាមនុស្សមិនអាចមើលឃើញវាក្ដី តើអ្នកគិតថាខ្ញុំមិនអាចទតឃើញឬ? អស់អ្នកណាដែលបម្រើខ្ញុំមិនមែនជាមនុស្សល្អទេ។ ពួកគេជាក្រុមមនុស្សទុច្ចរិតដែលគ្មានតម្លៃ។ ខ្ញុំត្រូវតែដោះស្រាយជាមួយពួកគេ។ ខ្ញុំនឹងគប់ពួកគេចូលទៅក្នុងជង្ហុកធំ រួចដុតពួកគេចោល!
អ្នកនិយាយក្នុងលក្ខណៈមិនល្អ ប្រព្រឹត្តដោយគ្មានភាពស្មោះត្រង់ និងពុំសហការឱ្យបានត្រឹមត្រូវជាមួយអ្នកដទៃឡើយ។ មនុស្សបែបនេះ នៅតែចង់ធ្វើជាស្ដេចទៀត។ តើអ្នកមិនមែនកំពុងយល់សប្ដិទេឬ? តើអ្នកមិនមែនបាត់បង់ស្មារតីទេឬ? តើអ្នកមិនឃើញថាអ្នកជានរណាទេឬ? អ្នកគឺជាមនុស្សទុច្ចរិតដែលគ្មានតម្លៃ! តើមនុស្សបែបនេះមានប្រយោជន៍ប្រើការបានដែរឬទេ? ឆាប់ចេញពីព្រះភ័ក្រ្តរបស់ខ្ញុំឱ្យបាត់ទៅ! មនុស្សគ្រប់គ្នាគួរយល់អំពីអ្វីដែលខ្ញុំមានព្រះបន្ទូលមកច្បាស់ៗ ត្រូវឆេះឆួលដោយព្រះបន្ទូលរបស់ខ្ញុំ ទទួលស្គាល់នូវសព្វានុភាពរបស់ខ្ញុំ និងដឹងពីព្រះប្រាជ្ញាញាណរបស់ខ្ញុំ។ ជារឿយៗ គេតែងនិយាយថា រូបអង្គរបស់ព្រះវិញ្ញាណបរិសុទ្ធបានលេចមកហើយ។ ចុងក្រោយ តើអ្នករាល់គ្នានឹងនិយាយថា រូបអង្គរបស់ព្រះវិញ្ញាណបរិសុទ្ធបានលេចមកហើយឬនៅ? តើអ្វីដែលខ្ញុំថ្លែងមកគឺជាព្រះបន្ទូលឥតខ្លឹមសារឬ? តើរូបអង្គរបស់ព្រះវិញ្ញាណបរិសុទ្ធគឺជាអ្វីដែរ? តើក្នុងកាលៈទេសៈណាដែលមានរូបអង្គរបស់ព្រះវិញ្ញាណបរិសុទ្ធ? ចំពោះមនុស្សលោក សេចក្ដីនេះមិនអាចនឹកស្រមៃដល់ និងមិនអាចយល់បានទេ។ ខ្ញុំប្រាប់អ្នករាល់គ្នាចុះ៖ ខ្ញុំគ្មានចំណុចខ្វះខាតឡើយ ហើយក្នុងខ្លួនខ្ញុំ អ្វីទាំងអស់សុទ្ធតែបើកឱ្យឃើញ ហើយអ្វីគ្រប់យ៉ាងត្រូវបានបញ្ចេញឱ្យដឹង (ដោយសារខ្ញុំប្រព្រឹត្តដោយព្រះប្រាជ្ញាញាណ ហើយខ្ញុំមានព្រះបន្ទូលដោយសេរី)។ ក្នុងចំណោមទង្វើរបស់ខ្ញុំ គ្មានទង្វើណាមួយដែលគួរឱ្យអាម៉ាស់ឡើយ ហើយគ្រប់យ៉ាងសុទ្ធតែធ្វើឡើងក្នុងទីភ្លឺ ដូច្នេះ មនុស្សគ្រប់គ្នាអាចជឿជាក់បានទាំងស្រុង។ បន្ថែមលើនេះ គ្មានមនុស្សណាម្នាក់ដែលអាចប្រើឥទ្ធិពលអ្វីមួយពីក្នុងកិច្ចការនោះដើម្បីប្រើវាប្រឆាំងនឹងខ្ញុំបានឡើយ។ នោះគឺជាការពន្យល់មួយអំពីពាក្យ «បរិសុទ្ធ» នៅក្នុងពាក្យ «រូបអង្គរបស់ព្រះវិញ្ញាណបរិសុទ្ធ»។ ដូច្នេះ ខ្ញុំបានមានព្រះបន្ទូលបញ្ជាក់ជាដដែលៗថា ខ្ញុំមិនចង់បាននរណាម្នាក់ដែលធ្វើរឿងគួរឱ្យអាម៉ាស់នោះទេ។ នេះគឺជាប្រការមួយនៅក្នុងបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ហើយវាក៏ជាចំណែកមួយនៃនិស្ស័យរបស់ខ្ញុំផងដែរ។ «រូបអង្គរបស់ព្រះវិញ្ញាណបរិសុទ្ធ» សំដៅលើព្រះសូរសៀងរបស់ខ្ញុំ។ អ្វីដែលខ្ញុំមានព្រះបន្ទូលមក តែងតែមានគោលបំណង តែងតែមានព្រះប្រាជ្ញាញាណ ប៉ុន្តែមិនស្ថិតក្រោមការគ្រប់គ្រងណាមួយឡើយ។ (ខ្ញុំមានព្រះបន្ទូលអំពីអ្វីដែលខ្ញុំចង់មានព្រះបន្ទូល ហើយគឺព្រះវិញ្ញាណរបស់ខ្ញុំដែលបញ្ចេញព្រះសូរសៀងរបស់ទ្រង់ ហើយគឺរូបអង្គរបស់ខ្ញុំដែលកំពុងមានព្រះបន្ទូល។) អ្វីដែលខ្ញុំមានព្រះបន្ទូលមក គឺថ្លែងចេញដោយសេរី ហើយនៅពេលព្រះបន្ទូលនោះមិនត្រូវតាមសញ្ញាណរបស់មនុស្ស ពេលនោះគឺជាគ្រាដែលត្រូវបើកសម្ដែងឱ្យឃើញពីមនុស្សហើយ។ នេះគឺជាការរៀបចំដ៏ត្រឹមត្រូវរបស់ខ្ញុំ។ ហេតុនេះ នៅពេលមនុស្សដូចជារូបខ្ញុំនិយាយ ឬបំពេញកិច្ចការ នោះវាគឺជាឱកាសល្អដើម្បីសម្ដែងឱ្យយល់ពីសារជាតិរបស់សាតាំង។ នៅពេលដែលមនុស្សដូចជារូបខ្ញុំត្រូវបានចាក់ប្រេងតាំង រូបអង្គរបស់ព្រះវិញ្ញាណបរិសុទ្ធនឹងលេចមក។ នៅពេលអនាគត «រូបអង្គរបស់ព្រះវិញ្ញាណបរិសុទ្ធ» នឹងសំដៅលើរូបអង្គនេះ ហើយមានទិដ្ឋភាពពីរនៅក្នុងអត្ថន័យនេះ។ ទិដ្ឋភាពមួយនៃអត្ថន័យនេះ គឺនៅពេលបច្ចុប្បន្ន ហើយទិដ្ឋភាពនៃអត្ថន័យមួយទៀត គឺនៅពេលអនាគត។ ប៉ុន្តែនៅពេលអនាគត រូបអង្គរបស់ព្រះវិញ្ញាណបរិសុទ្ធនឹងមានភាពខុសគ្នាខ្លាំងពីពេលបច្ចុប្បន្ននេះ។ ភាពខុសគ្នានោះ គឺនៅរវាងស្ថានសួគ៌ និងផែនដី។ គ្មាននរណាម្នាក់អាចយល់វាបានឡើយ ហើយខ្ញុំនឹងត្រូវបើកសម្ដែងវាឱ្យអ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែក។