គ្មាននរណាម្នាក់ដែលមានសាច់ឈាមអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធបានឡើយ
ថ្ងៃនេះ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា សម្រាប់ជាប្រយោជន៍ដល់ការរស់រានផ្ទាល់របស់អ្នករាល់គ្នា និងដើម្បីឱ្យកិច្ចការរបស់ខ្ញុំរីកចម្រើនទៅដោយរលូន និងដើម្បីឱ្យកិច្ចការដំបូងរបស់ខ្ញុំនៅក្នុងសាកលលោកទាំងមូល អាចត្រូវបានអនុវត្តត្រឹមត្រូវ និងឥតខ្ចោះ ដោយបើកសម្ដែងពីព្រះបន្ទូល សិទ្ធិអំណាច ឫទ្ធានុភាព និងការជំនុំជម្រះរបស់ខ្ញុំចំពោះមនុស្សនៅគ្រប់ប្រទេស និងគ្រប់ជាតិសាសន៍ទាំងអស់។ កិច្ចការដែលខ្ញុំធ្វើក្នុងចំណោមអ្នករាល់គ្នា គឺជាការចាប់ផ្ដើមនៃកិច្ចការរបស់ខ្ញុំនៅក្នុងសាកលលោកទាំងមូល។ ទោះបីជាឥលូវនេះ ដល់ពេលវេលានៃគ្រាចុងក្រោយហើយក៏ដោយ ចូរចាំថា «គ្រាចុងក្រោយ» គឺត្រឹមជាឈ្មោះសម្រាប់យុគសម័យមួយ ដូចជាយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណដែរ ហើយវាបង្ហាញពីយុគសម័យទាំងមូល មិនមែនត្រឹមតែពីរបីឆ្នាំ ឬក៏ពីរបីខែចុងក្រោយនោះទេ។ ប៉ុន្ដែ គ្រាចុងក្រោយមិនមានលក្ខណៈដូចគ្នានឹងយុគសម័យនៃព្រះគុណ និងយុគសម័យនៃក្រឹត្យវិន័យទេ។ កិច្ចការនៃគ្រាចុងក្រោយ មិនមែនត្រូវអនុវត្តនៅក្នុងប្រទេសអ៊ីស្រាអែលទេ ប៉ុន្ដែនៅក្នុងចំណោមសាសន៍ដទៃវិញ ហើយវាគឺជាជ័យជម្នះរបស់មនុស្សពីគ្រប់ជាតិសាសន៍ និងពីគ្រប់ពូជអំបូរទាំងអស់ដែលនៅក្រៅអ៊ីស្រាអែល នៅចំពោះបល្ល័ង្ករបស់ខ្ញុំ ប្រយោជន៍ឱ្យសិរីល្អរបស់ខ្ញុំនៅលើសាកលលោកទាំងមូលអាចបំពេញចក្រវាឡ និងលំហអាកាសបាន។ យ៉ាងនោះទើបខ្ញុំអាចទទួលបានសិរីល្អកាន់តែច្រើន ប្រយោជន៍ឱ្យជីវិតទាំងអស់នៅលើផែនដី អាចបញ្ជូនសិរីល្អរបស់ខ្ញុំទៅកាន់ជាតិសាសន៍ទាំងអស់ និងទៅដល់មនុស្សគ្រប់ជំនាន់ជារៀងរហូត ហើយឱ្យជីវិតទាំងអស់នៅលើស្ថានសួគ៌ និងនៅលើផែនដី អាចមើលឃើញសិរីល្អដែលខ្ញុំបានទទួលនៅលើផែនដី។ កិច្ចការដែលបានអនុវត្តនៅគ្រាចុងក្រោយ គឺជាកិច្ចការនៃការយកឈ្នះ។ វាមិនមែនជាការណែនាំពីជីវិតមនុស្សទាំងអស់នៅលើផែនដីទេ ប៉ុន្ដែជាការបញ្ចប់នៃជីវិតដែលរងវេទនាគ្មានទីបញ្ចប់ និងរាប់ពាន់ឆ្នាំនៅលើផែនដី។ ជាលទ្ធផល កិច្ចការនៃគ្រាចុងក្រោយ មិនអាចមានលក្ខណៈដូចជាកិច្ចការរាប់ពាន់ឆ្នាំនៅក្នុងប្រទេសអ៊ីស្រាអែលទេ ហើយក៏មិនអាចមានលក្ខណៈដូចជាកិច្ចការត្រឹមតែប៉ុន្មានឆ្នាំនៅក្នុងស្រុកយូដា ដែលបានបន្ដអស់រយៈពេលពីរពាន់ឆ្នាំ រហូតដល់ការមកយកនិស្ស័យជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់នោះដែរ។ មនុស្សនៃគ្រាចុងក្រោយ ជួបប្រទះតែនឹងការលេចមកជាសាច់ឈាមម្ដងទៀតនៃព្រះដ៏ប្រោសលោះប៉ុណ្ណោះ ហើយពួកគេទទួលកិច្ចការ និងព្រះបន្ទូលផ្ទាល់ខ្លួនរបស់ព្រះជាម្ចាស់។ វានឹងមិនដល់ពីរពាន់ឆ្នាំនោះទេ មុនពេលដែលគ្រាចុងក្រោយឈានដល់ទីបញ្ចប់ ព្រោះវាជារយៈពេលមួយខ្លី ដូចកាលដែលព្រះយេស៊ូវបានអនុវត្តកិច្ចការរបស់ទ្រង់ នៅយុគសម័យនៃព្រះគុណ ក្នុងស្រុកយូដាដែរ។ នេះគឺដោយសារតែគ្រាចុងក្រោយគឺជាការបញ្ចប់នៃយុគសម័យទាំងមូល។ វាជាការបង្ហើយ និងជាទីបញ្ចប់នៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់រយៈពេលប្រាំមួយពាន់ឆ្នាំ ហើយវាក៏បញ្ចប់ដំណើររងទុក្ខនៃជីវិតមនុស្សជាតិដែរ។ វាមិនយកមនុស្សជាតិទាំងអស់ចូលទៅក្នុងយុគសម័យថ្មី ឬក៏អនុញ្ញាតឱ្យជីវិតរបស់មនុស្សជាតិបន្ដទៅទៀតដែរ ព្រោះវាគ្មានសារៈសំខាន់អ្វីសម្រាប់ផែនការគ្រប់គ្រងរបស់ខ្ញុំ ឬក៏សម្រាប់អត្ថិភាពរបស់មនុស្សទេ។ ប្រសិនបើមនុស្សជាតិបន្ដធ្វើបែបនេះទៀត នោះមិនយូរមិនឆាប់ ពួកគេនឹងត្រូវបំផ្លាញដោយអារក្ស ហើយព្រលឹងទាំងអស់ដែលជាកម្មសិទ្ធិរបស់ខ្ញុំនឹងត្រូវបំផ្លាញដោយដៃរបស់វាជាមិនខាន។ កិច្ចការរបស់ខ្ញុំមានរយៈពេលប្រាំមួយពាន់ឆ្នាំប៉ុណ្ណោះ ហើយខ្ញុំបានសន្យាថាការគ្រប់គ្រងរបស់អារក្សលើមនុស្សជាតិទាំងមូល ក៏ស្ថិតនៅមិនលើសពីប្រាំមួយពាន់ឆ្នាំដែរ។ ដូច្នេះ ឥលូវនេះដល់ពេលហើយ។ ខ្ញុំនឹងមិនបន្ដ ហើយក៏មិនពន្យារពេលតទៅទៀតដែរ៖ ក្នុងអំឡុងពេលគ្រាចុងក្រោយ ខ្ញុំនឹងធ្វើឱ្យសាតាំងវិនាស ខ្ញុំនឹងយកសិរីល្អទាំងអស់របស់ខ្ញុំត្រលប់មកវិញ ហើយខ្ញុំនឹងទាមទារព្រលឹងទាំងអស់ដែលជាកម្មសិទ្ធិរបស់ខ្ញុំនៅលើផែនដីត្រលប់មកវិញ ដើម្បីឱ្យព្រលឹងដែលរងទុក្ខព្រួយទាំងអស់នេះអាចគេចផុតពីសមុទ្រទុក្ខ ដើម្បីឱ្យកិច្ចការទាំងមូលរបស់ខ្ញុំនៅលើផែនដីនឹងត្រូវបញ្ចប់។ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងមិនត្រលប់មកជាសាច់ឈាមនៅលើផែនម្ដងទៀតឡើយ ហើយវិញ្ញាណគ្រប់គ្រងទាំងអស់របស់ខ្ញុំក៏នឹងមិនធ្វើកិច្ចការនៅលើផែនដីម្ដងទៀតដែរ។ ខ្ញុំនឹងមិនធ្វើកិច្ចការអ្វីទៀតឡើយនៅលើផែនដីនេះ ក្រៅតែពីកិច្ចការម្យ៉ាងគឺ៖ ខ្ញុំនឹងបង្កើតមនុស្សជាតិជាថ្មី ជាមនុស្សជាតិដែលបរិសុទ្ធ និងជាទីក្រុងដ៏ស្មោះត្រង់របស់ខ្ញុំនៅលើផែនដី។ ប៉ុន្ដែចូរដឹងថា ខ្ញុំនឹងមិនបំផ្លាញពិភពលោកទាំងមូលឡើយ ហើយខ្ញុំក៏នឹងមិនបំផ្លាញមនុស្សជាតិទាំងមូលដែរ។ ខ្ញុំនឹងរក្សាទុកមនុស្សមួយភាគបី ជាមនុស្សដែលស្រលាញ់ខ្ញុំ និងជាមនុស្សដែលខ្ញុំបានយកឈ្នះដោយហ្មត់ចត់ ហើយខ្ញុំនឹងធ្វើឱ្យមនុស្សមួយភាគបីនេះបង្កើតផលផ្លែ និងចម្រើនកូនចៅឡើងនៅលើផែនដី ដូចជាជនជាតិអ៊ីស្រាអែលបានធ្វើក្រោមក្រឹត្យវិន័យដែរ ដោយប្រទានឱ្យពួកគេមានហ្វូងចៀម គោក្របីជាច្រើន និងទ្រព្យសម្បត្តិទាំងអស់នៅលើផែនដី។ មនុស្សជាតិនេះនឹងនៅជាប់ជាមួយខ្ញុំជារៀងរហូត ប៉ុន្ដែមិនមែនជាមនុស្សជាតិដែលកខ្វក់គួរឱ្យស្អប់ខ្ពើមនាពេលសព្វថ្ងៃនេះទេ តែជាមនុស្សជាតិមួយក្រុមដែលខ្ញុំបានទទួលមក។ មនុស្សជាតិប្រភេទនេះនឹងមិនត្រូវបំផ្លាញ រំខាន ឬក៏ឡោមព័ទ្ធដោយសាតាំងឡើយ ហើយពួកគេគឺជាមនុស្សជាតិតែមួយក្រុមគត់ដែលរស់នៅលើផែនដីក្រោយពេលដែលខ្ញុំយកជ័យជម្នះលើសាតាំង។ នេះគឺជាមនុស្សជាតិមួយក្រុមដែលខ្ញុំបានយកឈ្នះនៅថ្ងៃនេះ និងបានទទួលសេចក្ដីសន្យារបស់ខ្ញុំ។ ដូច្នេះហើយ មនុស្សជាតិដែលត្រូវបានយកឈ្នះក្នុងអំឡុងពេលគ្រាចុងក្រោយ ក៏ជាមនុស្សជាតិដែលនឹងនៅរស់រានមានជីវិត និងទទួលព្រះពរដ៏នៅអស់កល្បជានិច្ចរបស់ខ្ញុំដែរ។ វានឹងក្លាយជាភស្ដុតាងតែមួយគត់អំពីជ័យជម្នះរបស់ខ្ញុំលើសាតាំង និងជាជ័យភណ្ឌតែមួយគត់នៃចម្បាំងរបស់ខ្ញុំជាមួយសាតាំង។ ខ្ញុំបានសង្គ្រោះជ័យភណ្ឌទាំងនេះចេញពីការគ្រប់គ្រងរបស់សាតាំង ហើយពួកគេជាការបង្ហាញយ៉ាងច្បាស់ និងជាផលផ្លែតែមួយនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ខ្ញុំ។ ពួកគេមកពីគ្រប់ជាតិសាសន៍ និងគ្រប់និកាយ ពីគ្រប់ទីកន្លែង និងគ្រប់ប្រទេសទាំងអស់នៅលើសាកលលោក។ ពួកគេមកពីពូជអំបូរផ្សេងគ្នា មានភាសា ទំនៀមទម្លាប់ និងពណ៌សម្បុរផ្សេងគ្នា ហើយពួកគេបែកខ្ញែកទៅគ្រប់ប្រជាជាតិ និងគ្រប់និកាយទាំងអស់នៅលើសាកលលោក ព្រមទាំងគ្រប់ផ្នែកទាំងអស់នៅលើពិភពលោក។ នៅទីបំផុត ពួកគេនឹងមករួមគ្នាបង្កើតជាមនុស្សជាតិពេញលេញមួយក្រុម គឺជាក្រុមមនុស្សដែលកម្លាំងរបស់សាតាំងមិនអាចឈោងទៅដល់។ ក្នុងចំណោមមនុស្សជាតិទាំងនោះ អស់អ្នកដែលខ្ញុំមិនបានសង្គ្រោះ និងមិនបានយកឈ្នះ នឹងលិចលង់ទៅក្នុងជម្រៅសមុទ្រដោយស្ងាត់ៗ ហើយនឹងត្រូវឆេះដោយភ្លើងសន្ធោសន្ធៅអស់កល្បជានិច្ចរបស់ខ្ញុំ។ ខ្ញុំនឹងបំផ្លាញមនុស្សជាតិចាស់ និងកខ្វក់បំផុតនេះចោល ដូចដែលខ្ញុំបានបំផ្លាញពួកកូនប្រុសច្បងរបស់ជនជាតិអេស៊ីព្ទ និងគោក្របីរបស់ពួកគេដែរ ដោយទុកតែជនជាតិអ៊ីស្រាអែលដែលបានបរិភោគសាច់កូនចៀម និងបានផឹកឈាមកូនចៀម ព្រមទាំងបានលាបឈាមកូនចៀមនៅលើធ្នឹមទ្វាររបស់ពួកគេប៉ុណ្ណោះ។ តើមនុស្សដែលខ្ញុំបានយកឈ្នះ និងមនុស្សដែលនៅក្នុងគ្រួសាររបស់ខ្ញុំ មិនមែនជាមនុស្សដែលបរិភោគសាច់កូនចៀមដែលជារូបខ្ញុំ និងផឹកឈាមកូនចៀមដែលជារូបខ្ញុំ ព្រមទាំងបានប្រោសលោះដោយខ្ញុំ និងថ្វាយបង្គំខ្ញុំទេឬអី? តើសិរីល្អរបស់ខ្ញុំមិននៅជាមួយមនុស្សបែបនេះជានិច្ចទេឬអី? តើអ្នករាល់គ្នាដែលគ្មានសាច់កូនចៀមដែលជារូបខ្ញុំ មិនបានលិចលង់នៅក្នុងជម្រៅសមុទ្រដោយស្ងាត់ៗហើយទេឬអី? ថ្ងៃនេះ អ្នករាល់គ្នាជំទាស់នឹងខ្ញុំ ហើយថ្ងៃនេះព្រះបន្ទូលរបស់ខ្ញុំគ្រាន់តែដូចជាព្រះបន្ទូល ដែលព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់កូនចៅរបស់អ៊ីស្រាអែលប៉ុណ្ណោះ។ ប៉ុន្ដែ ភាពរឹងរូសនៅក្នុងជម្រៅចិត្តរបស់អ្នករាល់គ្នាកំពុងជំរុញឱ្យសេចក្ដីក្រោធរបស់ខ្ញុំឆួលឡើង ដោយនាំការរងទុក្ខវេទនាបន្ថែមទៀតមកលើសាច់ឈាមរបស់អ្នករាល់គ្នា ការជំនុំជម្រះបន្ថែមទៀតមកលើអំពើបាបរបស់អ្នករាល់គ្នា និងសេចក្ដីក្រោធបន្ថែមទៀតមកលើសេចក្ដីទុច្ចរិតរបស់អ្នករាល់គ្នា។ តើនរណាអាចនៅរស់រានមានជីវិតបាននៅថ្ងៃនៃសេចក្ដីក្រោធរបស់ខ្ញុំ នៅពេលដែលអ្នករាល់គ្នាប្រព្រឹត្តចំពោះខ្ញុំដូចថ្ងៃនេះ? តើសេចក្ដីទុច្ចរិតរបស់នរណាដែលអាចគេចផុតពីព្រះនេត្រនៃការវាយផ្ចាលរបស់ខ្ញុំ? តើអំពើបាបរបស់នរណាដែលអាចគេចពីព្រះហស្ដរបស់ខ្ញុំ ដ៏ជាព្រះដ៏មានគ្រប់ចេស្ដាបាន? តើការប្រឆាំងទាស់របស់អ្នកណាដែលអាចគេចចេញពីការជំនុំជម្រះរបស់ខ្ញុំ ដ៏ជាព្រះដ៏មានគ្រប់ចេស្ដាបានទៅ? ខ្ញុំជាព្រះយេហូវ៉ា មានបន្ទូលដូច្នេះទៅកាន់អ្នករាល់គ្នាដែលជាកូនចៅនៃគ្រួសារសាសន៍ដទៃ ហើយព្រះបន្ទូលដែលខ្ញុំថ្លែងទៅកាន់អ្នករាល់គ្នា លើសពីព្រះសូរសៀងទាំងអស់ដែលខ្ញុំថ្លែងនៅយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ ប៉ុន្ដែអ្នករាល់គ្នាបែរជារឹងរូសជាងជនជាតិអេស៊ីព្ទទាំងអស់នោះទៅវិញ។ តើអ្នករាល់គ្នាមិនមែនប្រមូលសេចក្ដីក្រោធរបស់ខ្ញុំទុក នៅពេលដែលខ្ញុំសម្រាកធ្វើកិច្ចការរបស់ខ្ញុំទេឬអី? តើអ្នករាល់គ្នាអាចគេចផុតពីដោយគ្មានគ្រោះថ្នាក់នៅថ្ងៃរបស់ខ្ញុំ ដែលជាព្រះដ៏មានគ្រប់ចេស្ដាយ៉ាងដូចម្ដេចបាន?
ខ្ញុំបានធ្វើកិច្ចការ និងបានមានបន្ទូលតាមរបៀបនេះនៅក្នុងចំណោមអ្នករាល់គ្នា ហើយខ្ញុំបានចំណាយកម្លាំង និងការខំប្រឹងប្រែងយ៉ាងច្រើន ប៉ុន្ដែតើនៅពេលណាដែលអ្នករាល់គ្នាធ្លាប់ស្ដាប់អ្វីដែលខ្ញុំមានបន្ទូលប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់នោះ? តើនៅកន្លែងណាដែលអ្នករាល់គ្នាបានឱនចុះ នៅចំពោះខ្ញុំ ដែលជាព្រះដ៏មានគ្រប់ចេស្ដា។ តើហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្ដចំពោះខ្ញុំបែបនេះ? តើហេតុអ្វីបានជាអ្វីៗដែលអ្នករាល់គ្នានិយាយ និងធ្វើ ជំរុញឱ្យសេចក្ដីក្រោធរបស់ខ្ញុំឆួលឡើងបែបនេះ? តើហេតុអ្វីបានជាចិត្តរបស់អ្នករាល់គ្នារឹងរូសដូច្នេះ? តើខ្ញុំធ្លាប់វាយអ្នករាល់គ្នាឬទេ? តើហេតុអ្វីបានជាអ្នករាល់គ្នា មិនធ្វើអ្វីសោះ ក្រៅពីធ្វើឱ្យខ្ញុំព្រួយព្រះទ័យ និងថប់បារម្ភដូច្នេះ? តើអ្នករាល់គ្នាកំពុងរង់ចាំឱ្យថ្ងៃនៃសេចក្ដីក្រោធរបស់ខ្ញុំដែលជាព្រះយេហូវ៉ា ធ្លាក់មកលើអ្នករាល់គ្នាឬ? តើអ្នករាល់គ្នាកំពុងរង់ចាំឱ្យខ្ញុំបញ្ជូនសេចក្ដីក្រោធរបស់ខ្ញុំ ដែលបានឆួលឡើងដោយសារការមិនស្ដាប់បង្គាប់របស់អ្នករាល់គ្នាឬ? តើអ្វីៗគ្រប់យ៉ាងដែលខ្ញុំធ្វើ មិនមែនសម្រាប់អ្នករាល់គ្នាទេឬអី? ប៉ុន្ដែជានិច្ចកាល អ្នករាល់គ្នាតែងតែប្រព្រឹត្តចំពោះខ្ញុំដែលជាព្រះយេហូវ៉ាបែបនេះគឺ៖ លួចយញ្ញបូជារបស់ខ្ញុំ យកតង្វាយពីអាសនារបស់ខ្ញុំទៅកាន់ជម្រករបស់ឆ្កែចចក ដើម្បីផ្ដល់ចំណីដល់កូនឆ្កែចចកទាំងអស់នោះ ហើយនិងកូននៃកូនឆ្កែចចកទៀត មនុស្សប្រយុទ្ធប្រឆាំងគ្នាទៅវិញទៅមក ប្រឈមមុខដាក់គ្នាដោយសេចក្ដីក្រេវក្រោធ និងដាវលំពែង បោះចោលព្រះបន្ទូលរបស់ខ្ញុំដែលជាព្រះដ៏មានគ្រប់ចេស្ដា ទៅក្នុងបង្គន់ឱ្យក្លាយទៅជាលាមកដ៏កខ្វក់។ តើឯណាទៅសុចរិតភាពរបស់អ្នករាល់គ្នា? សារជាតិជាមនុស្សរបស់អ្នករាល់គ្នាបានក្លាយទៅជាសត្វសាហាវ! បេះដូងរបស់អ្នករាល់គ្នាបានក្លាយទៅជាដុំថ្មជាយូរមកហើយ។ តើអ្នករាល់គ្នាមិនដឹងទេឬអីថា នៅពេលដែលថ្ងៃនៃសេចក្ដីក្រោធរបស់ខ្ញុំមកដល់ គឺជាពេលដែលខ្ញុំនឹងជំនុំជម្រះការអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្តទាស់នឹងខ្ញុំ ដែលជាព្រះដ៏មានគ្រប់ចេស្ដា នៅថ្ងៃនេះ? តើអ្នករាល់គ្នាគិតថា តាមរយៈការបោកបញ្ឆោតខ្ញុំបែបនេះ ការបោះចោលព្រះបន្ទូលរបស់ខ្ញុំទៅក្នុងភក់ជ្រាំ និងមិនស្ដាប់តាមព្រះបន្ទូលទាំងនោះ តើអ្នករាល់គ្នាគិតថាតាមរយៈការធ្វើបែបនេះនៅក្រោយខ្នងខ្ញុំ អ្នករាល់គ្នាអាចគេចផុតពីការឃ្លាំមើលដែលពោរពេញដោយសេចក្ដីក្រោធរបស់ខ្ញុំឬអី? តើអ្នករាល់គ្នាមិនដឹងថាខ្ញុំដែលជាព្រះយេហូវ៉ា បានទតមើលឃើញអ្នករាល់គ្នាដោយព្រះនេត្ររបស់ខ្ញុំហើយទេឬអី នៅពេលដែលអ្នករាល់គ្នាបានលួចយកយញ្ញបូជារបស់ខ្ញុំ និងលោភយកទ្រព្យសម្បត្តិរបស់ខ្ញុំនោះ? តើអ្នករាល់គ្នាមិនដឹងទេឬអីថា នៅពេលដែលអ្នករាល់គ្នាបានលួចយកយញ្ញបូជារបស់ខ្ញុំ គឺអ្នករាល់គ្នាបានប្រព្រឹត្តទង្វើបែបនេះនៅមុខអាសនា ដែលគេបានថ្វាយយញ្ញបូជា? តើអ្នករាល់គ្នាអាចជឿបានយ៉ាងដូចម្ដេចថា ខ្លួនឯងឆ្លាតល្មមនឹងអាចបោកបញ្ឆោតខ្ញុំតាមរបៀបនេះបាន? តើសេចក្ដីក្រោធរបស់ខ្ញុំអាចឃ្លាតចេញពីអំពើបាបដ៏សាហាវរបស់អ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? តើសេចក្ដីក្រេវក្រោធដ៏លើសលប់របស់ខ្ញុំ អាចរំលងទង្វើអាក្រក់របស់អ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? ការអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្តនៅថ្ងៃនេះ មិនមែនបើកផ្លូវចេញសម្រាប់អ្នករាល់គ្នាទេ ប៉ុន្ដែគឺសន្សំទោសសម្រាប់អ្នករាល់គ្នានៅថ្ងៃស្អែកវិញ ព្រោះវាជំរុញការវាយផ្ចាល់របស់ខ្ញុំដែលជាព្រះដ៏មានគ្រប់ចេស្ដា ចំពោះអ្នករាល់គ្នា។ តើទង្វើ និងពាក្យសម្ដីអាក្រក់ៗរបស់អ្នករាល់គ្នា អាចគេចផុតពីការវាយផ្ចាលរបស់ខ្ញុំយ៉ាងដូចម្ដេចកើត? តើសេចក្ដីអធិស្ឋានរបស់អ្នករាល់គ្នាអាចទៅដល់ព្រះកាណ៌របស់ខ្ញុំយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចបើកផ្លូវចេញសម្រាប់សេចក្ដីទុច្ចរិតរបស់អ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចលើកលែងចំពោះទង្វើអាក្រក់របស់អ្នករាល់គ្នាដែលមិនគោរពខ្ញុំយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចមិនកាត់ផ្ដាច់អណ្ដាតរបស់អ្នករាល់គ្នា ដែលមានពិសដូចជាអណ្ដាតពស់យ៉ាងដូចម្ដេចកើត? អ្នករាល់គ្នាមិនអំពាវនាវរកខ្ញុំ សម្រាប់ជាប្រយោជន៍ដល់សេចក្ដីសុចរិតរបស់អ្នករាល់គ្នាទេ ប៉ុន្ដែអ្នករាល់គ្នាបែរជាសន្សំសេចក្ដីក្រោធរបស់ខ្ញុំទុកដោយសារសេចក្ដីទុច្ចរិតរបស់អ្នករាល់គ្នាទៅវិញ។ តើខ្ញុំអាចអត់ទោសឱ្យអ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? នៅក្នុងព្រះនេត្ររបស់ខ្ញុំដែលជាព្រះដ៏មានគ្រប់ចេស្ដា គឺពាក្យសម្ដី និងទង្វើរបស់អ្នករាល់គ្នាសុទ្ធតែកខ្វក់។ ព្រះនេត្ររបស់ខ្ញុំដែលជាព្រះដ៏មានគ្រប់ចេស្ដា ទតឃើញសេចក្ដីទុច្ចរិតរបស់អ្នករាល់គ្នាជាការវាយផ្ចាលដែលគ្មានបន្ធូរ។ តើការវាយផ្ចាល និងការជំនុំជម្រះដ៏សុចរិតរបស់ខ្ញុំ អាចឃ្លាតចេញពីអ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? ដោយព្រោះអ្នករាល់គ្នាធ្វើបែបនេះចំពោះខ្ញុំ ដោយធ្វើឱ្យខ្ញុំព្រួយព្រះទ័យ និងពេញដោយសេចក្ដីក្រោធ តើខ្ញុំអាចបណ្ដោយឱ្យអ្នករាល់គ្នាគេចផុតពីព្រះហស្ដរបស់ខ្ញុំ និងឃ្លាតចេញពីថ្ងៃដែលខ្ញុំជាព្រះយេហូវ៉ា វាយផ្ចាល និងដាក់បណ្ដាសាអ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? តើអ្នករាល់គ្នាមិនដឹងថាពាក្យសម្ដី និងសូរស័ព្ទដ៏អាក្រក់ដែលចេញពីមាត់របស់អ្នករាល់គ្នាបានឮទៅដល់ព្រះកាណ៌ខ្ញុំហើយទេឬអី? តើអ្នករាល់គ្នាមិនដឹងថាសេចក្ដីទុច្ចរិតរបស់អ្នករាល់គ្នាបានធ្វើឱ្យប្រឡាក់ព្រះពស្រ្ដនៃសេចក្ដីសុចរិតរបស់ខ្ញុំហើយទេឬអី? តើអ្នករាល់គ្នាមិនដឹងថាការមិនស្ដាប់បង្គាប់របស់អ្នករាល់គ្នាបានជំរុញឱ្យសេចក្ដីក្រោធដ៏ខ្លាំងក្លារបស់ខ្ញុំឆួលឡើងហើយទេឬអី? តើអ្នករាល់គ្នាមិនដឹងទេឬអីថា អ្នករាល់គ្នាបានទុកខ្ញុំចោលឱ្យខឹងក្រេវក្រោធ និងបានសាកល្បងភាពអត់ធ្មត់របស់ខ្ញុំជាយូរមកហើយ? តើអ្នករាល់គ្នាមិនដឹងទេឬអីថា អ្នករាល់គ្នាបានបំផ្លាញសាច់ឈាមរបស់ខ្ញុំរួចទៅហើយ ដោយកាត់បន្ថយទៅជាចំណិតៗ? ខ្ញុំបានស៊ូទ្រាំរហូតមកដល់ពេលនេះ ទើបខ្ញុំបង្ហាញសេចក្ដីក្រោធរបស់ខ្ញុំចេញទៅ ដោយមិនលើកលែងឱ្យអ្នករាល់គ្នាទៀតឡើយ។ តើរាល់គ្នាមិនដឹងថាព្រះនេត្ររបស់ខ្ញុំបានទតឃើញទង្វើអាក្រក់របស់អ្នករាល់គ្នា ហើយព្រះកន្សែងរបស់ខ្ញុំបានឮទៅដល់ព្រះកាណ៌របស់ព្រះវរបិតាខ្ញុំហើយទេឬអី? តើទ្រង់អាចបណ្ដោយឱ្យអ្នករាល់គ្នាប្រព្រឹត្តចំពោះខ្ញុំបែបនេះយ៉ាងដូចម្ដេចកើត? តើមានកិច្ចការណាមួយដែលខ្ញុំធ្វើនៅក្នុងអ្នករាល់គ្នា ដែលមិនមែនជាប្រយោជន៍សម្រាប់អ្នករាល់គ្នា? ប៉ុន្ដែ តើនរណាក្នុងចំណោមអ្នករាល់គ្នា បានស្រលាញ់កិច្ចការរបស់ខ្ញុំដែលជាព្រះយេហូវ៉ាកាន់តែខ្លាំង? តើខ្ញុំអាចមិនស្មោះត្រង់ចំពោះព្រះហឫទ័យនៃព្រះវរបិតារបស់ខ្ញុំដោយសារតែខ្ញុំទន់ខ្សោយ និងដោយសារតែខ្ញុំបានរងទុក្ខយ៉ាងដូចម្ដេចកើត? តើអ្នករាល់គ្នាមិនយល់ពីព្រះហឫទ័យរបស់ខ្ញុំទេឬអី? ខ្ញុំមានបន្ទូលទៅកាន់អ្នករាល់គ្នា ដូចដែលព្រះយេហូវ៉ាបានធ្វើ តើខ្ញុំមិនបានបូជាអ្វីច្រើនសម្រាប់អ្នករាល់គ្នាទេឬអី? ទោះបីជាខ្ញុំព្រមទទួលការរងទុក្ខទាំងអស់នេះសម្រាប់ជាប្រយោជន៍ដល់កិច្ចការនៃព្រះវរបិតារបស់ខ្ញុំក៏ដោយ តើអ្នករាល់គ្នាអាចរួចផុតពីការវាយផ្ចាលដែលខ្ញុំនាំមកលើអ្នករាល់គ្នា ដោយសារលទ្ធផលនៃការរងទុក្ខរបស់ខ្ញុំយ៉ាងដូចម្ដេចកើត? តើអ្នករាល់គ្នាមិនបានរីករាយយ៉ាងខ្លាំងចំពោះខ្ញុំទេឬអី? ថ្ងៃនេះ ព្រះវរបិតាខ្ញុំបានប្រទានខ្ញុំមកឱ្យអ្នករាល់គ្នា តើអ្នករាល់គ្នាមិនដឹងថា អ្នករាល់គ្នាបានរីករាយយ៉ាងខ្លាំង លើសពីព្រះបន្ទូលដ៏សប្បុរសរបស់ខ្ញុំទេឬអី? តើអ្នករាល់គ្នាមិនដឹងថាជីវិតរបស់ខ្ញុំត្រូវបានប្ដូរដើម្បីជីវិត និងអ្វីៗដែលអ្នករាល់គ្នារីករាយជាមួយទេឬអី? តើអ្នករាល់គ្នាមិនដឹងទេឬអីថា ព្រះវរបិតាខ្ញុំបានប្រើជីវិតរបស់ខ្ញុំ ដើម្បីធ្វើចម្បាំងជាមួយសាតាំង ហើយថាទ្រង់ក៏បានប្រទានជីវិតរបស់ខ្ញុំមកឱ្យអ្នករាល់គ្នា ដើម្បីធ្វើឱ្យអ្នករាល់គ្នាទទួលបានជីវិតមួយរយដង និងអនុញ្ញាតឱ្យអ្នករាល់គ្នាជៀសផុតពីសេចក្ដីល្បួងជាច្រើន? តើអ្នករាល់គ្នាមិនដឹងទេឬអីថា មានតែតាមរយៈកិច្ចការរបស់ខ្ញុំប៉ុណ្ណោះ ទើបអ្នករាល់គ្នាបានរួចផុតពីសេចក្ដីល្បួង និងពីការវាយផ្ចាលដ៏ធ្ងន់ធ្ងរជាច្រើន? តើអ្នករាល់គ្នាមិនដឹងទេឬអីថា ដោយសារខ្ញុំតែមួយគត់ ទើបព្រះវរបិតាខ្ញុំអនុញ្ញាតឱ្យអ្នករាល់គ្នារីករាយរហូតមកដល់ពេលនេះ? តើថ្ងៃនេះអ្នករាល់គ្នាអាចនៅរឹងរូស និងមិនបន្ទន់ចិត្ដ ហាក់ដូចជាភាពឃោរឃៅបានរីកចម្រើននៅក្នុងចិត្តរបស់អ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? តើការអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្ដនៅថ្ងៃនេះ អាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធ ដែលនឹងកើតឡើងក្រោយពេលដែលខ្ញុំចាកចេញពីផែនដីយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចបណ្ដោយឱ្យអស់អ្នកដែលរឹងរូស និងមិនបន្ទន់ចិត្ត គេចផុតពីសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេចកើត?
ចូរគិតពីអតីតកាលចុះ៖ តើនៅពេលណាដែលព្រះនេត្ររបស់ខ្ញុំក្រេវក្រោធ ហើយព្រះសូរសៀងរបស់ខ្ញុំទាស់នឹងអ្នករាល់គ្នា? តើនៅពេលណាដែលខ្ញុំបានធ្វើរឿងមិនចាំបាច់ជាមួយអ្នករាល់គ្នា? តើនៅពេលណាដែលខ្ញុំបានស្ដីបន្ទោសអ្នករាល់គ្នាដោយមិនសមហេតុផល? តើនៅពេលណាដែលខ្ញុំបានស្ដីបន្ទោសអ្នករាល់គ្នានៅចំពោះមុខ? តើវាមិនមែនសម្រាប់ជាប្រយោជន៍នៃកិច្ចការរបស់ខ្ញុំទេឬអី ដែលខ្ញុំទូលសុំព្រះវរបិតារបស់ខ្ញុំឱ្យជួយអ្នករាល់គ្នាគេចផុតពីសេចក្ដីល្បួងគ្រប់បែបយ៉ាង? តើហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តចំពោះខ្ញុំបែបនេះ? តើខ្ញុំធ្លាប់បានប្រើសិទ្ធិអំណាចរបស់ខ្ញុំ ដើម្បីវាយធ្វើបាបសាច់ឈាមរបស់អ្នករាល់គ្នាឬទេ? តើហេតុអ្វីបានជាអ្នករាល់គ្នាសងខ្ញុំវិញបែបនេះ? ក្រោយពេលដែលផ្លាស់ប្ដូរចិត្តចំពោះខ្ញុំយ៉ាងឆាប់រហ័ស អ្នករាល់គ្នាក៏លែងក្ដៅ និងលែងត្រជាក់តទៅទៀត ហើយបន្ទាប់មក អ្នករាល់គ្នាក៏ព្យាយាមបញ្ចុះបញ្ចូលខ្ញុំ និងលាក់បាំងអ្វីៗពីខ្ញុំ ហើយមាត់របស់អ្នករាល់គ្នាពេញដោយពាក្យសម្ដីរបស់មនុស្សទុច្ចរិត។ តើអ្នករាល់គ្នាគិតថាអណ្ដាតរបស់អ្នករាល់គ្នាអាចបោកប្រាស់វិញ្ញាណរបស់ខ្ញុំបានឬ? តើអ្នករាល់គ្នាគិតថាអណ្ដាតរបស់អ្នករាល់គ្នាអាចគេចផុតពីសេចក្ដីក្រោធរបស់ខ្ញុំឬ? ទោះជាពួកគេប្រាថ្នាបែបនេះក៏ដោយ តើអ្នករាល់គ្នាគិតថាអណ្ដាតរបស់អ្នករាល់គ្នាអាចធ្វើការវិនិច្ឆ័យចំពោះទង្វើរបស់ខ្ញុំ ដែលជាព្រះយេហូវ៉ាបានឬ? តើខ្ញុំគឺជាព្រះជាម្ចាស់ ដែលមនុស្សធ្វើការវិនិច្ឆ័យឬ? តើខ្ញុំអាចបណ្ដោយឱ្យដង្កូវដ៏តូចមួយប្រមាថខ្ញុំបែបនេះឬទេ? តើខ្ញុំអាចដាក់កូនដែលមិនស្ដាប់បង្គាប់បែបនេះនៅក្នុងចំណោមព្រះពរដ៏អស់កល្បជានិច្ចរបស់ខ្ញុំយ៉ាងដូចម្ដេចកើត? ពាក្យសម្ដី និងទង្វើរបស់អ្នករាល់គ្នាបានលាតត្រដាង និងបានថ្កោលទោសអ្នករាល់គ្នាជាយូរមកហើយ។ នៅពេលដែលខ្ញុំលាតសន្ធឹងផ្ទៃមេឃ និងបង្កើតអ្វីៗទាំងអស់មក ខ្ញុំមិនបានបណ្ដោយឱ្យសត្វលោកណាមួយ ចូលរួមតាមដែលពួកគេពេញចិត្តនោះទេ ព្រោះខ្ញុំមិនបណ្ដោយឱ្យអ្វីមករំខានដល់កិច្ចការ និងការគ្រប់គ្រងរបស់ខ្ញុំឡើយ ទោះបីជាពួកគេប្រាថ្នាចង់ធ្វើបែបនេះក៏ដោយ។ ខ្ញុំមិនលើកលែងចំពោះមនុស្សណាម្នាក់ ឬក៏វត្ថុណាមួយឡើយ តើខ្ញុំអាចអនុគ្រោះឱ្យអស់អ្នកដែលឃោរឃៅ និងគ្មានមនុស្សធម៌ចំពោះខ្ញុំយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចអត់ទោសដល់អស់អ្នកដែលបះបោរទាស់នឹងព្រះបន្ទូលរបស់ខ្ញុំយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចអនុគ្រោះឱ្យអស់អ្នកដែលមិនស្ដាប់បង្គាប់ខ្ញុំយ៉ាងដូចម្ដេចកើត? តើជោគវាសនារបស់មនុស្សមិនស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ ដែលជាព្រះដ៏មានគ្រប់ចេស្ដាទេឬអី? តើខ្ញុំអាចរាប់សេចក្ដីទុច្ចរិតនិងការមិនស្ដាប់បង្គាប់របស់អ្នកជាបរិសុទ្ធយ៉ាងដូចម្ដេចកើត? តើអំពើបាបរបស់អ្នកអាចធ្វើឱ្យកខ្វក់ដល់ភាពបរិសុទ្ធរបស់ខ្ញុំយ៉ាងដូចម្ដេចកើត? ខ្ញុំមិនកខ្វក់ដោយសារភាពមិនបរិសុទ្ធរបស់មនុស្សទុច្ចរិតឡើយ ហើយខ្ញុំក៏មិនរីករាយចំពោះតង្វាយរបស់មនុស្សទុច្ចរិតដែរ។ ប្រសិនបើអ្នកស្មោះត្រង់ចំពោះខ្ញុំដែលជាព្រះយេហូវ៉ា តើអ្នកអាចយកយញ្ញបូជានៅអាសនារបស់ខ្ញុំសម្រាប់ខ្លួនឯងយ៉ាងដូចម្ដេចកើត? តើអ្នកអាចប្រើអណ្ដាតពិសពុលរបស់អ្នកមកប្រមាថព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំឬទេ? តើអ្នកអាចបះបោរទាស់នឹងព្រះបន្ទូលរបស់ខ្ញុំតាមរបៀបនេះឬទេ? តើអ្នកអាចប្រព្រឹត្តចំពោះសិរីល្អ និងព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំ ទុកជាឧបករណ៍មួយដែលបម្រើដល់សាតាំង ដែលជាមេកំណាចឬទេ? ជីវិតរបស់ខ្ញុំបានប្រទានមកសម្រាប់ជាការរីករាយរបស់ពួកបរិសុទ្ធ។ តើខ្ញុំអាចអនុញ្ញាតឱ្យអ្នកលេងសើចជាមួយជីវិតរបស់ខ្ញុំតាមដែលអ្នកប្រាថ្នានិងប្រើប្រាស់ធ្វើជាឧបករណ៍បង្កទំនាស់នៅក្នុងចំណោមអ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? តើអ្នករាល់គ្នាអាចគ្មានចិត្ត និងខ្វះសេចក្ដីល្អចំពោះខ្ញុំយ៉ាងដូចម្ដេចកើត? តើអ្នករាល់គ្នាមិនដឹងថា ខ្ញុំបានកត់ត្រាទង្វើអាក្រក់របស់អ្នករាល់គ្នានៅក្នុងព្រះបន្ទូលនៃជីវិតទាំងនេះទេឬអី? តើអ្នករាល់គ្នាអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធ នៅពេលដែលខ្ញុំវាយផ្ចាលប្រទេសអេស៊ីព្ទយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចបណ្ដោយឱ្យអ្នករាល់គ្នាប្រឆាំង និងបំពានលើខ្ញុំតាមរបៀបនេះម្ដងហើយម្ដងទៀតយ៉ាងដូចម្ដេចកើត? ខ្ញុំសូមប្រាប់អ្នករាល់គ្នាដោយត្រង់ថា នៅពេលដែលថ្ងៃនោះមកដល់ ទោសរបស់អ្នករាល់គ្នានឹងកាន់តែពិបាកទ្រាំជាងទោសរបស់ប្រទេសអេស៊ីព្ទទៅទៀត។ តើអ្នករាល់គ្នាអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធរបស់ខ្ញុំយ៉ាងដូចម្ដេចបាន? ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាប្រាកដថា៖ ការស៊ូទ្រាំរបស់ខ្ញុំត្រូវបានរៀបចំសម្រាប់ទង្វើអាក្រក់របស់អ្នករាល់គ្នា ហើយក៏មានសម្រាប់ការវាយផ្ចាល អ្នករាល់គ្នានៅថ្ងៃនោះដែរ។ នៅពេលដែលការស៊ូទ្រាំរបស់ខ្ញុំដល់ទីបញ្ចប់ តើអ្នករាល់គ្នាមិនមែនជាមនុស្សដែលនឹងត្រូវទទួលរងការជំនុំជម្រះដែលពេញដោយសេចក្ដីក្រោធទេឬអី? តើអ្វីៗមិនស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំដែលជាព្រះដ៏មានគ្រប់ចេស្ដាទេឬអី? នៅក្រោមមេឃនេះ តើខ្ញុំអាចបណ្ដោយឱ្យអ្នករាល់គ្នាមិនស្ដាប់បង្គាប់ខ្ញុំបែបនេះយ៉ាងដូចម្ដេចកើត? ជីវិតអ្នករាល់គ្នានឹងជួបការលំបាកយ៉ាងខ្លាំង ព្រោះអ្នករាល់គ្នាបានជួបជាមួយព្រះមែស្ស៊ីដែលត្រូវបានថ្លែងថា ទ្រង់នឹងយាងមក ប៉ុន្ដែបែរជាមិនបានយាងមក។ តើអ្នករាល់គ្នាមិនមែនជាសត្រូវរបស់ទ្រង់ទេឬអី? ព្រះយេស៊ូវបានធ្វើមិត្តសម្លាញ់ជាមួយអ្នករាល់គ្នា ប៉ុន្ដែអ្នករាល់គ្នាគឺជាសត្រូវរបស់ព្រះមែស្ស៊ី។ តើអ្នករាល់គ្នាមិនដឹងទេឬអីថា ទោះបីជាអ្នករាល់គ្នាគឺជាមិត្តសម្លាញ់នឹងព្រះយេស៊ូវក៏ដោយ ក៏ទង្វើអាក្រក់របស់អ្នករាល់គ្នាបានបំពេញភាជន៍របស់អស់អ្នកដែលគួរឱ្យស្អប់ខ្ពើមទាំងនោះដែរ? ទោះបីជាអ្នករាល់គ្នាជិតស្និទ្ធយ៉ាងខ្លាំងជាមួយព្រះយេហូវ៉ាក៏ដោយ តើអ្នករាល់គ្នាមិនដឹងថាពាក្យសម្ដីដ៏អាក្រក់របស់អ្នករាល់គ្នា បានឮទៅដល់ព្រះកាណ៌របស់ព្រះយេហូវ៉ា និងបានធ្វើឱ្យសេចក្ដីក្រោធរបស់ទ្រង់ឆួលឡើងហើយទេឬអី? តើទ្រង់អាចជិតស្និទ្ធជាមួយអ្នកយ៉ាងដូចម្ដេចកើត ហើយតើទ្រង់អាចមិនដុតបំផ្លាញភាជន៍ទាំងអស់របស់អ្នក ដែលពេញដោយទង្វើអាក្រក់ យ៉ាងដូចម្ដេចកើត? តើទ្រង់អាចមិនធ្វើជាសត្រូវរបស់អ្នកយ៉ាងដូចម្ដេចកើត?