ការធ្វើឱ្យចិត្ដរបស់អ្នកបានស្ងប់ស្ងៀមនៅចំពោះព្រះជាម្ចាស់
ចំពោះការចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ គ្មានជំហានណាដែលសំខាន់ ជាជាងការធ្វើឱ្យចិត្តអ្នកស្ងប់នៅចំពោះព្រះវត្តមានរបស់ទ្រង់ឡើយ។ វាជាមេរៀនមួយដែលមនុស្សទាំងអស់ត្រូវការជាបន្ទាន់ ក្នុងការចូលទៅក្នុងព្រះវត្តមានរបស់ទ្រង់នាពេលបច្ចុប្បន្ននេះ។ ផ្លូវចូលដែលធ្វើឱ្យចិត្តអ្នកស្ងប់នៅចំពោះព្រះជាម្ចាស់ គឺមានដូចខាងក្រោម៖
១. ចូរដកចិត្តអ្នកចេញពីរឿងរ៉ាវខាងក្រៅ។ ចូរមានសន្ដិភាពនៅចំពោះព្រះជាម្ចាស់ ហើយផ្ដោតការយកចិត្ដទុកដាក់របស់អ្នកទាំងស្រុងទៅលើការអធិស្ឋានទៅកាន់ព្រះជាម្ចាស់។
២. ចូរហូប ផឹក និងរីករាយជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាមួយនឹងចិត្តរបស់អ្នកដែលមានសន្ដិភាពនៅចំពោះព្រះជាម្ចាស់។
៣. ចូរសញ្ជឹងគិត និងរំពឹងមើលនូវសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយពិចារណាអំពីកិច្ចការរបស់ព្រះអង្គនៅក្នុងចិត្តអ្នក។
ដំបូង ចូរចាប់ផ្តើមពីទិដ្ឋភាពនៃការអធិស្ឋាន។ ចូរអធិស្ឋានដោយការយកចិត្តទុកដាក់ទាំងស្រុង និងនៅពេលដែលបានកំណត់ណាមួយ។ មិនថាអ្នកមានការប្រញ៉ាប់ រវល់ជាមួយការងាររបស់អ្នក ឬមានអ្វីកើតឡើងចំពោះអ្នកយ៉ាងណាក៏ដោយ ចូរអធិស្ឋានរាល់ថ្ងៃដូចធម្មតា ហើយហូប និងផឹកនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចធម្មតាដែរ។ ដរាបណាអ្នកហូប និងផឹកនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនថាអ្នកដែលនៅជុំវិញអ្នកជានរណានោះទេ អ្នកនឹងមានសេចក្តីរីករាយដ៏អស្ចារ្យនៅក្នុងវិញ្ញាណរបស់អ្នក ហើយអ្នកនឹងមិនត្រូវបានរំខានដោយមនុស្ស ដោយព្រឹត្តិការណ៍ ឬដោយអ្វីៗដែលនៅជុំវិញអ្នកនោះឡើយ។ នៅពេលអ្នករំពឹងគិតជាធម្មតាទៅកាន់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នក អ្វីដែលកើតឡើងនៅខាងក្រៅមិនអាចរំខានអ្នកបានឡើយ។ នេះគឺជាអ្វីដែលមានន័យថាការទទួលបាននូវភាពលូតលាស់។ ចូរចាប់ផ្តើមដោយការអធិស្ឋាន៖ ការអធិស្ឋានដោយស្ងប់ស្ងៀមទៅចំពោះព្រះជាម្ចាស់ គឺទទួលបានផលច្រើនបំផុត។ បន្ទាប់ពីនោះ ចូរហូប និងផឹកនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្វែងរកពន្លឺនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយពិចារណានូវព្រះបន្ទូលរបស់ទ្រង់ ស្វែងរកផ្លូវដើម្បីអនុវត្ត ស្គាល់ព្រះហឫទ័យព្រះអង្គពេលថ្លែងពីព្រះបន្ទូលទ្រង់ ហើយយល់ពីព្រះបន្ទូលទ្រង់ដោយមិនមានការច្រឡំ។ ជាធម្មតា វាជារឿងសាមញ្ញទៅហើយដែលអ្នកអាចខិតចូលទៅជិតព្រះជាម្ចាស់នៅក្នុងចិត្តអ្នក ដើម្បីរំពឹងគិតអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងពិចារណាអំពីព្រះបន្ទូលរបស់ព្រះអង្គ ដោយមិនមានការរំខានពីអ្វីៗខាងក្រៅ។ នៅពេលដែលចិត្តរបស់អ្នកឈានទៅដល់កម្រិតជាក់លាក់មួយនៃសេចក្ដីសុខសាន្ត នោះអ្នកនឹងអាចសញ្ជឹងគិតដោយស្ងៀមស្ងាត់ ហើយនៅក្នុងចិត្តអ្នកអាចរំពឹងគិតអំពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងខិតចូលទៅជិតទ្រង់ ដោយមិនគិតពីអ្វីដែលនៅជុំវិញខ្លួនឯង រហូតដល់ទីបំផុត អ្នកឈានដល់ចំណុចដែលការសរសើរដក់ជាប់ក្នុងចិត្តអ្នក ហើយវាប្រសើរជាងការអធិស្ឋានទៅទៀត។ បន្ទាប់មក អ្នកនឹងទទួលបាននូវការលូតលាស់ក្នុងកម្រិតមួយ។ ប្រសិនបើអ្នកអាចសម្រេចបាននូវលក្ខណៈដូចដែលបានពិពណ៌នាខាងលើ វានឹងជាសក្ខីភាពបញ្ជាក់ថា ចិត្តអ្នកពិតជាមានសន្តិភាពដ៏ពិតនៅចំពោះព្រះជាម្ចាស់។ នេះជាមេរៀនមូលដ្ឋានដំបូង។ មានតែចាប់ពីពេលដែលមនុស្សអាចមានសន្ដិភាពនៅចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ ទើបពួកគេអាចនឹងមានការពាល់ចិត្តពីព្រះវិញ្ញាណបរិសុទ្ធ ហើយទទួលបានការបំភ្លឺ និងការធ្វើឱ្យយល់ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយក៏មានតែពេលនោះដែរ ដែលពួកគេអាចមានទំនាក់ទំនងដ៏ពិតជាមួយព្រះជាម្ចាស់ ក៏ដូចជាអាចយល់ពីព្រះហឫទ័យរបស់ព្រះអង្គ និងការណែនាំពីព្រះវិញ្ញាណបរិសុទ្ធបាន។ បន្ទាប់មក ពួកគេនឹងឈានចូលផ្លូវត្រូវក្នុងជីវិតខាងវិញ្ញាណរបស់ពួកគេបាន។ នៅពេលដែលការបណ្តុះបណ្តាលរបស់ពួកគេដើម្បីរស់នៅនៅចំពោះព្រះជាម្ចាស់បានឈានដល់ជម្រៅជាក់លាក់មួយ ហើយពួកគេអាចលះបង់ខ្លួនឯង ស្អប់ខ្ពើមខ្លួនឯង និងរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះចិត្តរបស់ពួកគេពិតជាមានសន្ដិភាពនៅចំពោះព្រះជាម្ចាស់បាន។ ការដែលអាចស្អប់ខ្ពើមខ្លួនឯង ដាក់បណ្ដាសាខ្លួនឯង និងលះបង់ខ្លួនឯងបាន គឺជាផលដែលទទួលបានពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយមនុស្សមិនអាចធ្វើការទាំងនេះបានដោយខ្លួនឯងឡើយ។ ដូច្នេះការអនុវត្តធ្វើឱ្យចិត្តស្ងប់នៅចំពោះព្រះជាម្ចាស់ គឺជាមេរៀនដែលមនុស្សគួរតែចូលទៅសិក្សាជាប្រញាប់។ សម្រាប់មនុស្សមួយចំនួន មិនត្រឹមតែពួកគេជាមនុស្សធម្មតាដែលមិនអាចមានសន្ដិភាពនៅចំពោះព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មិនអាចធ្វើឱ្យចិត្តពួកគេស្ងប់នៅចំពោះព្រះអង្គបានដែរ សូម្បីតែពេលអធិស្ឋានក៏ដោយ។ ការនេះមិនអាចឈានដល់ខ្នាតគំរូរបស់ព្រះជាម្ចស់បាននោះឡើយ! ប្រសិនបើចិត្តរបស់អ្នកមិនអាចមានសន្ដិភាពនៅចំពោះព្រះជាម្ចាស់នោះទេ តើអ្នកអាចឱ្យព្រះវិញ្ញាណបរិសុទ្ធពាល់ចិត្តអ្នកបានដែរឬទេ? ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលមិនអាចមានសន្ដិភាពនៅចំពោះព្រះជាម្ចាស់ នោះអ្នកនឹងទទួលរងនូវការរំខាននៅពេលនរណាម្នាក់មកក្បែរ ឬនៅពេលដែលអ្នកដទៃកំពុងនិយាយ ហើយគំនិតរបស់អ្នកអាចនឹងត្រូវអូសទាញចេញឆ្ងាយនៅពេលដែលអ្នកដទៃកំពុងធ្វើអ្វីមួយ ដែលក្នុងករណីនេះអ្នកមិនរស់នៅក្នុងវត្តមានរបស់ព្រះជាម្ចាស់នោះទេ។ ប្រសិនបើចិត្តរបស់អ្នកពិតជាមានសន្ដិភាពនៅចំពោះព្រះជាម្ចាស់មែន នោះអ្នកនឹងមិនមានការរំខានដោយអ្វីមួយដែលកំពុងកើតឡើងនៅក្នុងពិភពខាងក្រៅ ឬកាន់កាប់ដោយមនុស្សណាម្នាក់ ដោយព្រឹត្តិការណ៍ ឬដោយវត្ថុណាមួយឡើយ។ ប្រសិនបើអ្នកបានចូលក្នុងវត្តមានរបស់ព្រះជាម្ចាស់ ពេលនោះភាពអវិជ្ជមានទាំងនោះ និងរឿងរ៉ាវអវិជ្ជមានទាំងអស់ ដូចជាសញ្ញាណរបស់មនុស្ស ទស្សនវិជ្ជានៃការរស់នៅ ទំនាក់ទំនងមិនធម្មតារវាងមនុស្ស និងគំនិត ព្រមទាំងយោបល់ជាដើម នឹងរលាយបាត់តាមធម្មជាតិ។ ដោយសារតែអ្នកតែងតែគិតពិចារណាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចិត្តរបស់អ្នកតែងតែខិតចូលទៅជិតព្រះអង្គ និងតែងតែប្រកាន់ខ្ជាប់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន នោះរឿងរ៉ាវអវិជ្ជមានទាំងនោះនឹងឃ្លាតឆ្ងាយពីអ្នកដោយមិនដឹងខ្លួន។ នៅពេលដែលរឿងថ្មី និងវិជ្ជមានជាប់នៅជាមួយអ្នក នោះរឿងចាស់ដែលអវិជ្ជមាននឹងមិនមានទៀតទេ ដូច្នេះ កុំយកចិត្តទុកដាក់ចំពោះរឿងអវិជ្ជមានទាំងនោះអី។ អ្នកមិនចាំបាច់ខំប្រឹងប្រែងគ្រប់គ្រងរឿងរ៉ាវទាំងនោះឡើយ។ អ្នកគួរតែផ្តោតលើការមានសន្ដិភាពនៅចំពោះព្រះជាម្ចាស់ ហូប ផឺក និងរីករាយជាមួយនឹងព្រះបន្ទូលរបស់ព្រះអង្គឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ច្រៀងទំនុកតម្កើងសរសើរព្រះជាម្ចាស់ឱ្យបានច្រើនតាមដែលអាចធ្វើបាន ហើយទុកឱ្យព្រះជាម្ចាស់មានឱកាសធ្វើកិច្ចការសម្រាប់អ្នក ពីព្រោះព្រះជាម្ចាស់សព្វព្រះហឫទ័យធ្វើឱ្យមនុស្សលោកមានភាពគ្រប់លក្ខណ៍ផ្ទាល់ខ្លួន ហើយព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានចិត្តរបស់អ្នក។ ព្រះវិញ្ញាណរបស់ទ្រង់បានពាល់ចិត្តរបស់អ្នក ហើយប្រសិនបើធ្វើតាមការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ អ្នកនឹងរស់នៅក្នុងវត្តមានរបស់ព្រះជាម្ចាស់ ហើយអ្នកនឹងគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ប្រសិនបើអ្នកយកចិត្តទុកដាក់ក្នុងការរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយផ្សារភ្ជាប់បន្ថែមទៀតក្នុងការប្រកបនឹងសេចក្តីពិតដើម្បីទទួលបានការជ្រាបច្បាស់ និងការបំភ្លឺនៃព្រះវិញ្ញាណបរិសុទ្ធ នោះសញ្ញាណសាសនាទាំងនោះ និងសេចក្តីសុចរិតផ្ទាល់ខ្លួន និងភាពសំខាន់ផ្ទាល់ខ្លួនរបស់អ្នកនឹងរលាយបាត់ ហើយអ្នកនឹងដឹងពីរបៀបថ្វាយខ្លួនឯងសម្រាប់ព្រះជាម្ចាស់ ដឹងពីរបៀបស្រឡាញ់ព្រះជាម្ចាស់ និងដឹងពីរបៀបផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់។ ហើយអ្វីៗទាំងនោះដែលមិនផ្សារភ្ជាប់ជាមួយព្រះជាម្ចាស់ នឹងរលាយបាត់ពីមនសិការរបស់អ្នកទាំងស្រុង ដោយមិនដឹងខ្លួន។
ជំហានដំបូងដើម្បីមានសន្ដិភាពនៅចំពោះព្រះជាម្ចាស់ គឺត្រូវគិតពិចារណា និងអធិស្ឋានអំពីព្រះបន្ទូលរបស់ព្រះអង្គ ខណៈពេលបរិភោគ និងផឹកនូវព្រះបន្ទូលទ្រង់នាពេលបច្ចុប្បន្ន។ ប្រសិនបើអ្នកពិតជាអាចមានសន្ដិភាពនៅចំពោះព្រះជាម្ចាស់មែន នោះការជ្រួតជ្រាបច្បាស់ និងការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនឹងនៅជាប់ជាមួយអ្នក។ គ្រប់ទាំងជីវិតខាងឯវិញ្ញាណទាំងអស់ សម្រេចទៅបានដោយការមានសន្ដិភាពនៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់។ ក្នុងការអធិស្ឋាន អ្នកត្រូវតែមានសន្ដិភាពនៅចំពោះព្រះជាម្ចាស់ ហើយមានតែបែបនោះទេ ដែលអ្នកអាចត្រូវពាល់ចិត្តពីព្រះវិញ្ញាណបរិសុទ្ធបាន។ នៅពេលដែលអ្នកមានសន្ដិភាពនៅចំពោះព្រះជាម្ចាស់ នៅពេលដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកអាចទទួលបានការជ្រួតជ្រាបច្បាស់ និងការបំភ្លឺ ហើយអាចសម្រេចបាននូវការយល់ដឹងដ៏ពិតអំពីព្រះបន្ទូលរបស់ព្រះអង្គ។ នៅពេលអ្នកមានសន្តិភាពនៅក្នុងព្រះវត្តមានព្រះជាម្ចាស់ក្នុងសកម្មភាពជាធម្មតានៃការរំពឹងគិត និងការប្រកប ព្រមទាំងការខិតចូលទៅជិតព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នក នោះអ្នកនឹងអាចរីករាយនឹងភាពជិតស្និទ្ធពិតប្រាកដជាមួយព្រះជាម្ចាស់ ដើម្បីមានការយល់ដឹងដ៏ពិតប្រាកដអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់ ព្រមទាំងបង្ហាញនូវការគិត និងការយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះអង្គ។ បើអ្នកកាន់តែអាចមានសន្ដិភាពនៅចំពោះព្រះជាម្ចាស់ក្នុងភាពសាមញ្ញកាន់តែច្រើន នោះអ្នកនឹងទទួលបានការបំភ្លឺកាន់តែច្រើន ហើយអ្នកនឹងកាន់តែយល់ពីនិស្ស័យពុករលួយផ្ទាល់ខ្លួនរបស់អ្នកកាន់តែច្រើន យល់ពីអ្វីដែលអ្នកខ្វះខាត យល់ពីអ្វីដែលអ្នកគួរចូលទៅ យល់ពីមុខងារអ្វីដែលអ្នកគួរបម្រើ និងយល់ពីភាពខ្វះចន្លោះរបស់អ្នកផងដែរ។ ការទាំងអស់នេះសម្រេចបានដោយការមានសន្ដិភាពក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកពិតជាឈានចូលដោយស៊ីជម្រៅក្នុងសន្តិភាពរបស់អ្នកនៅចំពោះព្រះជាម្ចាស់ នោះអ្នកនឹងអាចយល់បានពីសេចក្តីអាថ៌កំបាំងដ៏ពិតនៃព្រះវិញ្ញាណ ដើម្បីយល់បានពីអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យអនុវត្តនៅក្នុងអ្នក ដើម្បីយល់បានកាន់តែច្បាស់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីយល់បានពីសារជាតិនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្លឹមសារនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ លក្ខណៈនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកនឹងអាចមើលឃើញផ្លូវនៃការអនុវត្តកាន់តែច្បាស់ និងត្រឹមត្រូវ។ ប្រសិនបើអ្នកមិនអាចឈានដល់ជម្រៅសមល្មមក្នុងការមានសន្តិភាពក្នុងវិញ្ញាណរបស់អ្នកបានទេ នោះអ្នកនឹងទទួលបានការពាល់ចិត្តតិចតួចប៉ុណ្ណោះពីព្រះវិញ្ញាណបរិសុទ្ធ។ អ្នកនឹងមានអារម្មណ៍ថារឹងមាំនៅខាងក្នុងចិត្ត ហើយនឹងមានអារម្មណ៍រីករាយ និងសុខសាន្ដក្នុងកម្រិតមួយ ប៉ុន្តែអ្នកនឹងមិនយល់អ្វីដែលស៊ីជម្រៅជាងនេះនោះទេ។ ខ្ញុំធ្លាប់បាននិយាយពីមុនហើយថា៖ ប្រសិនបើមនុស្សមិនប្រើកម្លាំងទាំងអស់របស់ពួកគេនោះទេ វានឹងពិបាកសម្រាប់ពួកគេក្នុងការឮសូរសៀងខ្ញុំ ឬឃើញព្រះភ័ក្ររបស់ខ្ញុំណាស់។ នេះសំដៅទៅលើការឈានទៅរកភាពស៊ីជម្រៅនៃសន្តិភាពរបស់នរណាម្នាក់នៅចំពោះព្រះជាម្ចាស់ ហើយមិនមែនជាការប្រឹងប្រែងសើៗនោះឡើយ។ មនុស្សណាម្នាក់ដែលអាចមានសន្តិភាពដ៏ពិតនៅចំពោះព្រះវត្តមានព្រះជាម្ចាស់ គឺអាចរំដោះខ្លួនចេញពីចំណងខាងលោកីយ៍ទាំងអស់ ហើយទទួលបានកម្មសិទ្ធិពីព្រះជាម្ចាស់។ អស់អ្នកណាដែលមិនអាចមានសន្តិភាពនៅចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់ នោះប្រាកដជាមានការប្រព្រឹត្ដខុស និងមិនអាចគ្រប់គ្រងបាន។ អស់អ្នកដែលអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ គឺជាអ្នកដែលមានភាពជឿជាក់ច្បាស់ចំពោះព្រះជាម្ចាស់ ហើយជាអ្នកដែលចង់បានព្រះអង្គ។ មានតែអ្នកដែលមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ ទើបឱ្យតម្លៃជីវិត ឱ្យតម្លៃក្នុងការប្រកបដោយវិញ្ញាណ ស្រេកឃ្លាននូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយស្វែងរកសេចក្តីពិត។ អ្នកណាដែលមិនឱ្យតម្លៃដល់ការមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ ហើយមិនអនុវត្តការមានសន្តិភាពនៅចំពោះព្រះអង្គ នោះជាមនុស្សដែលឥតប្រយោជន៍ និងមានភាពសើៗ ដោយភ្ជាប់ទៅនឹងលោកីយ៍ និងមិនមាននូវជីវិត។ ទោះបីពួកគេនិយាយថាពួកគេជឿលើព្រះជាម្ចាស់ក៏ដោយ ពួកគេគ្រាន់តែនិយាយឱ្យរួចពីបបូរមាត់ប៉ុណ្ណោះ។ អ្នកដែលព្រះជាម្ចាស់បានប្រោសឱ្យគ្រប់លក្ខណ៍ និងពេញខ្នាតបំផុតនោះ គឺជាមនុស្សដែលអាចមានសន្តិភាពនៅក្នុងវត្តមានរបស់ទ្រង់។ ដូច្នេះ អស់អ្នកដែលមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ នឹងទទួលបានព្រះគុណ រួមជាមួយនឹងព្រះពរដ៏អស្ចារ្យ។ មនុស្សដែលស្ទើតែមិនចំណាយពេលហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ពេញមួយថ្ងៃ ដោយរវល់នឹងកិច្ចការខាងក្រៅដែលបានត្រៀមទុកជាស្រេច ហើយផ្តល់តម្លៃតិចតួចពីការថ្វាយជីវិតទៅក្នុងទ្រង់ ពួកគេទាំងអស់នេះហើយគឺជាមនុស្សលាក់ពុត ហើយគ្មានសង្ឃឹមថានឹងមានការរីកចម្រើននាពេលអនាគតនោះឡើយ។ មានតែអ្នកដែលអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ ហើយជាអ្នកដែលអាចប្រកបជាមួយព្រះដ៏ពិតប្រាកដប៉ុណ្ណោះ ទើបជាមនុស្សរបស់ព្រះជាម្ចាស់។
ដើម្បីចូលមកកាន់ព្រះជាម្ចាស់ដើម្បីទទួលយកនូវព្រះបន្ទូលទ្រង់ជាជីវិតរបស់អ្នក អ្នកត្រូវតែមានសន្តិភាពនៅចំពោះព្រះជាមុនសិន។ មានតែពេលដែលអ្នកមានសន្ដិភាពនៅចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ ទើបទ្រង់ធ្វើឱ្យអ្នកជ្រួតជ្រាបច្បាស់ ហើយប្រទានចំណេះដឹងដល់អ្នក។ បើមនុស្សមានសន្តិភាពនៅចំពោះព្រះជាម្ចាស់កាន់តែច្រើន ពួកគេកាន់តែអាចទទួលការជ្រួតជ្រាបច្បាស់ និងការបំភ្លឺរបស់ព្រះជាម្ចាស់កាន់តែច្រើនផងដែរ។ ទាំងអស់នេះ តម្រូវឱ្យមនុស្សមានការគោរពស្រលាញ់ និងមានជំនឿ ដោយមានតែការធ្វើដូច្នេះទេ ទើបទ្រង់អាចប្រោសឱ្យពួកគេបានគ្រប់លក្ខណ៍។ មេរៀនគ្រឹះសម្រាប់ចូលទៅក្នុងជីវិតខាងវិញ្ញាណ គឺការមានសន្តិភាពនៅចំពោះព្រះវត្តមានព្រះជាម្ចាស់។ មានតែពេលដែលអ្នកមានសន្តិភាពក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ នោះទើបការបណ្តុះបណ្តាលខាងវិញ្ញាណទាំងអស់របស់អ្នកនឹងមានប្រសិទ្ធភាព។ ប្រសិនបើចិត្តរបស់អ្នកមិនអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់នោះទេ នោះអ្នកនឹងមិនអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ។ ប្រសិនបើចិត្តអ្នកមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ មិនថាអ្នកកំពុងធ្វើអ្វីក៏ដោយ អ្នកគឺជាមនុស្សដែលរស់នៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់។ ប្រសិនបើចិត្តរបស់អ្នកមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ ហើយខិតចូលទៅជិតទ្រង់ មិនថាអ្នកកំពុងធ្វើអ្វីក៏ដោយ នេះសបញ្ជាក់ថាអ្នកគឺជាមនុស្សដែលមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ហើយ។ ប្រសិនបើនៅពេលដែលអ្នកកំពុងនិយាយជាមួយអ្នកដទៃ ឬកំពុងដើរ អ្នកអាចនិយាយថា «ចិត្តខ្ញុំកំពុងខិតចូលជិតព្រះជាម្ចាស់ ហើយមិនផ្តោតលើរឿងខាងក្រៅទេ ហើយខ្ញុំអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់បាន» នៅពេលនោះ អ្នកជាមនុស្សដែលមានសន្តិភាពនៅចំពោះព្រះជម្ចាស់ហើយ។ ចូរកុំផ្សារភ្ជាប់ជាមួយអ្វីដែលទាញចិត្តអ្នកទៅរឿងរ៉ាវខាងក្រៅ ឬទៅជាមួយមនុស្សដែលបំបែកចិត្តអ្នកចេញពីព្រះជាម្ចាស់នោះឡើយ។ អ្វីក៏ដោយដែលអាចបង្វែរចិត្តអ្នកចេញពីការនៅជិតព្រះជាម្ចាស់ ចូរទុកវាមួយឡែក ឬនៅឱ្យឆ្ងាយពីវា។ នេះជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ជីវិតអ្នក។ ឥឡូវនេះជាពេលវេលាដ៏ជាក់លាក់មួយសម្រាប់ការងារដ៏អស្ចារ្យនៃព្រះវិញ្ញាណបរិសុទ្ធ ដែលជាពេលវេលាដែលព្រះជាម្ចាស់ផ្ទាល់ប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍។ ប្រសិនបើនៅពេលនេះ អ្នកមិនអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់បានទេ ពេលនោះអ្នកមិនមែនជាមនុស្សដែលនឹងវិលត្រឡប់ទៅឯបល្ល័ង្ករបស់ព្រះជាម្ចាស់បានឡើយ។ ប្រសិនបើអ្នកស្វែងរកអ្វីផ្សេងក្រៅពីព្រះជាម្ចាស់ នោះនឹងគ្មានផ្លូវណាដែលទ្រង់នឹងធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍បាននោះឡើយ។ អ្នកដែលអាចឮព្រះបន្ទូលបែបនេះពីព្រះជាម្ចាស់ ហើយនៅតែមិនមានសន្តិភាពនៅចំពោះទ្រង់នាសព្វថ្ងៃនេះទេ នោះគឺជាមនុស្សដែលមិនស្រឡាញ់សេចក្ដីពិត ហើយមិនស្រឡាញ់ព្រះជាម្ចាស់ទេ។ ប្រសិនបើអ្នកនឹងមិនថ្វាយខ្លួនឯងនៅពេលនេះទេ តើអ្នកកំពុងរង់ចាំអ្វីទៀត? ការថ្វាយខ្លួន គឺជាការធ្វើចិត្តឱ្យស្ងប់នៅចំពោះព្រះជាម្ចាស់។ នោះគឺជាតង្វាយដ៏ពិតប្រាកដ។ អ្នកណាដែលថ្វាយចិត្តដ៏ពិតប្រាកដរបស់ពួកគេដល់ព្រះជាម្ចាស់នាពេលនេះ គឺធានាថានឹងត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានពេញខ្នាតជាក់ជាមិនខាន។ ទោះបីវាជាអ្វីក៏ដោយ ក៏គ្មានអ្វីអាចរំខានអ្នកបានដែរ។ មិនថាវានឹងផ្ដាច់អ្នកចេញ ឬដោះស្រាយជាមួយអ្នក ឬក៏អ្នកជួបការខកចិត្ត ឬបរាជ័យក៏ដោយ ចិត្តរបស់អ្នកគួរតែមានសន្តិភាពនៅចំពោះព្រះជានិច្ច។ មិនថាមនុស្សប្រព្រឹត្តចំពោះអ្នកយ៉ាងណា ចិត្តអ្នកគួរតែមានសន្តិភាពនៅចំពោះព្រះជាម្ចាស់។ មិនថាអ្នកជួបប្រទះស្ថានភាពបែបណា មិនថាអ្នកត្រូវរុំព័ទ្ធដោយភាពខ្វះខាត ការឈឺចាប់ ការធ្វើបៀតបៀន ឬការល្បងលផ្សេងៗក៏ដោយ ចិត្តអ្នកគួរតែមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ជានិច្ច ដែលនេះគឺជាផ្លូវដែលទទួលបាននូវភាពគ្រប់លក្ខណ៍។ មានតែពេលដែលអ្នកមានសន្តិភាពដ៏ពិតប្រាកដនៅចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ នោះទើបព្រះបន្ទូលរបស់ព្រះជាម្ចាស់បច្ចុប្បន្ននឹងធ្វើឱ្យអ្នកជ្រាបច្បាស់។ បន្ទាប់មកអ្នកអាចអនុវត្តបានកាន់តែត្រឹមត្រូវដោយគ្មានការងាករេពីការស្រាយបំភ្លឺ និងការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ អាចយល់ច្បាស់ពីបំណងរបស់ព្រះអង្គ ដែលនឹងធ្វើឱ្យការបម្រើរបស់អ្នកមានទិសដៅកាន់តែច្បាស់ អាចដឹងបានកាន់តែច្បាស់អំពីការបណ្ដាលចិត្ត និងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយអាចប្រាកដចិត្តថានឹងរស់នៅក្រោមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នេះគឺជាផលដែលទទួលបានពីការមានសន្តិភាពដ៏ពិតនៅចំពោះព្រះជាម្ចាស់។ នៅពេលដែលមនុស្សមិនយល់ច្បាស់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនមានផ្លូវដើម្បីអនុវត្ត បរាជ័យក្នុងការយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬខ្វះគោលការណ៍នៃការអនុវត្ត នេះគឺដោយសារតែចិត្តរបស់ពួកគេមិនមានសន្តិភាពនៅចំពោះព្រះអង្គ។ គោលបំណងនៃការមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ គឺដើម្បីស្វែងរកភាពស្មោះអស់ពីចិត្ត និងភាពមានគោលការណ៍ ដើម្បីស្វែងរកឃើញភាពត្រឹមត្រូវ និងតម្លាភាពនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយទីបំផុតទទួលបានការយល់ដឹងពីសេចក្តីពិត និងការស្គាល់ព្រះអង្គ។
ប្រសិនបើចិត្តអ្នកតែងតែមិនមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ទេ នោះព្រះជាម្ចាស់ក៏គ្មានមធ្យោបាយណាធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍ដែរ។ បើគ្មានការតាំងចិត្ត នោះគឺជាការមិនមានចិត្ត ហើយមនុស្សម្នាក់ដែលមិនមានដួងចិត្ត មិនអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់បានទេ។ មនុស្សបែបនេះ មិនដឹងថាតើព្រះជាម្ចាស់ធ្វើការច្រើនប៉ុនណា ឬមានព្រះបន្ទូលច្រើនប៉ុនណាទេ ហើយពួកគេក៏មិនចេះអនុវត្តដែរ។ តើនេះមិនមែនជាមនុស្សដែលគ្មានចិត្តទេឬ? តើមនុស្សដែលគ្មានចិត្ត អាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់បានទេ? ព្រះជាម្ចាស់មិនមានមធ្យោបាយណាធ្វើឱ្យមនុស្សគ្មានចិត្ត បានគ្រប់លក្ខណ៍នោះឡើយ ពួកគេមិនខុសពីសត្វដែលគេប្រើសម្រាប់ធ្វើកិច្ចការឡើយ។ ព្រះជាម្ចាស់បានមានបន្ទូលយ៉ាងច្បាស់ និងមានតម្លាភាព តែអ្នកនៅតែមិនពាល់ចិត្ត ហើយអ្នកនៅតែមិនអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់បានដដែល។ តើអ្នកមិនមែនជាមនុស្សដែលល្ងីល្ងើគួរឱ្យស្អប់ខ្ពើមទេឬអី? មនុស្សខ្លះដើរផ្លូវខុសក្នុងការអនុវត្តសន្តិភាពនៅចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់។ ដល់ពេលចម្អិនអាហារ គេមិនចម្អិនទេ ហើយដល់ពេលធ្វើកិច្ចការផ្សេងៗ គេក៏មិនធ្វើដែរ តែចេះតែបន្តអធិស្ឋាន និងធ្វើសមាធិ។ ការមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ មិនមែនមានន័យថាមិនចម្អិនអាហារ ឬមិនធ្វើកិច្ចការផ្សេងៗ ឬមិនរស់នៅក្នុងជីវិតរបស់ខ្លួនឡើយ តែផ្ទុយទៅវិញ វាជាការដែលអាចធ្វើឱ្យចិត្តរបស់មនុស្សណាម្នាក់ស្ងប់ស្ងៀមនៅចំពោះព្រះជាម្ចាស់ក្នុងសភាពធម្មតាទាំងអស់ និងមានកន្លែងសម្រាប់ព្រះអង្គនៅក្នុងចិត្តមនុស្សណាម្នាក់។ នៅពេលអ្នកអធិស្ឋាន អ្នកគួរលុតជង្គង់ចុះដោយសមរម្យនៅចំពោះព្រះជាម្ចាស់ដើម្បីអធិស្ឋាន។ នៅពេលដែលអ្នកធ្វើកិច្ចការងារ ឬរៀបចំអាហារ ចូរធ្វើឱ្យចិត្តអ្នកស្ងប់ស្ងៀមនៅចំពោះព្រះជាម្ចាស់ ពិចារណាអំពីព្រះបន្ទូលរបស់ព្រះអង្គ ឬច្រៀងទំនុកតម្កើង។ មិនថាអ្នកជួបប្រទះស្ថានភាពបែបណាក៏ដោយ អ្នកគួរតែមានវិធីផ្ទាល់ខ្លួនដើម្បីអនុវត្ត អ្នកគួរតែធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបានដើម្បីខិតចូលទៅជិតព្រះជាម្ចាស់ ហើយអ្នកគួរតែព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យចិត្តអ្នកស្ងប់នៅចំពោះព្រះជាម្ចាស់។ ពេលណាកាលៈទេសៈអនុញ្ញាត ចូរអធិស្ឋានដោយការផ្ចង់ចិត្ត។ ពេលដែលកាលៈទេសៈមិនអនុញ្ញាត ចូរខិតចូលទៅជិតព្រះជាម្ចាស់ក្នុងចិត្ដរបស់អ្នក ខណៈពេលអ្នកកំពុងបំពេញកិច្ចការ។ នៅពេលដែលអ្នកអាចហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពេលនោះចូរហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ទៅ។ នៅពេលដែលអ្នកអាចអធិស្ឋាន ពេលនោះចូរអធិស្ឋានទៅ។ នៅពេលដែលអ្នកអាចសញ្ជឹងគិតអំពីព្រះជាម្ចាស់ ពេលនោះចូរសញ្ជឹងគិតអំពីទ្រង់ទៅ។ ម៉្យាងទៀត ចូរព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីហ្វឹកហាត់ខ្លួនឯងក្នុងការចូលទៅកាន់ទ្រង់ ស្របតាមមជ្ឍដ្ឋានរបស់អ្នក។ មនុស្សខ្លះអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់នៅពេលដែលគ្មានបញ្ហា ប៉ុន្តែនៅពេលដែលចាប់ផ្ដើមមានអ្វីកើតឡើង គំនិតរបស់ពួកគេក៏វិលវល់។ នោះមិនមែនជាការមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ទេ។ វិធីត្រឹមត្រូវដើម្បីទទួលបានបទពិសោធនេះគឺ៖ ទោះជាក្នុងកាលៈទេសៈដែលចិត្តរបស់មនុស្សឃ្លាតចេញពីព្រះជាម្ចាស់ ឬមានអារម្មណ៍រំខានពីមនុស្សខាងក្រៅ ពីព្រឹត្តិការណ៍ ឬពីរឿងរ៉ាវផ្សេងៗ ហើយមានតែពេលនោះប៉ុណ្ណោះ ដែលមនុស្សពិតជាមានសន្តិភាពនៅចំពោះព្រះបាន។ មនុស្សខ្លះនិយាយថា នៅពេលពួកគេអធិស្ឋាននៅក្នុងអង្គជំនុំ ចិត្តរបស់ពួកគេអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ ប៉ុន្តែចំពោះការប្រកបគ្នាជាមួយអ្នកដទៃវិញ ពួកគេមិនអាចរក្សាចិត្តស្ងប់នៅចំពោះព្រះជាម្ចាស់បានឡើយ ហើយគំនិតរបស់ពួកគេវិលវល់តាមតែចិត្ត។ នេះមិនមែនជាការមានចិត្តស្ងប់នៅចំពោះព្រះជាម្ចាស់ឡើយ។ សព្វថ្ងៃនេះ មនុស្សភាគច្រើនស្ថិតនៅក្នុងស្ថានភាពនេះ ចិត្តរបស់ពួកគេមិនអាចនៅស្ងប់បាននៅចំពោះព្រះជាម្ចាស់ឡើយ។ ដូច្នេះ អ្នករាល់គ្នាត្រូវខិតខំបន្ថែមទៀតក្នុងការហ្វឹកហ្វឺនខ្លួនឯងក្នុងចំណុចនេះ ចូលមួយជំហានម្តងៗ តាមផ្លូវត្រូវនៃបទពិសោធជីវិត ហើយដើរលើមាគ៌ាដែលព្រះជាម្ចាស់ប្រទានឱ្យបានគ្រប់លក្ខណ៍។