ជំពូកទី ១១១
ជាតិសាសន៍ទាំងអស់នឹងច្បាស់ជាបានពរដោយសារតែទ្រង់។ មនុស្សទាំងអស់នឹងអបអរសាទរ ព្រមទាំងសរសើរតម្កើងខ្ញុំដោយសារតែទ្រង់។ នគររបស់ខ្ញុំនឹងរីកចម្រើន និងអភិវឌ្ឍ ហើយនឹងស្ថិតនៅជារៀងរហូត។ គ្មាននរណាម្នាក់នឹងត្រូវបានអនុញ្ញាតឱ្យជាន់ឈ្លីនគររបស់ខ្ញុំបានឡើយ ហើយគ្មានអ្វីមួយដែលមិនស្របនឹងខ្ញុំ ត្រូវបានអនុញ្ញាតឱ្យមានឡើយ ដោយសារតែខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏មានឫទ្ធានុភាព ដែលមិនអត់ទ្រាំនឹងការប្រមាថឡើយ។ ខ្ញុំមិនអនុញ្ញាតឱ្យនរណាម្នាក់ជំនុំជម្រះខ្ញុំឡើយ ហើយខ្ញុំមិនអនុញ្ញាតឱ្យនរណាម្នាក់មិនស្រុះស្រួលជាមួយខ្ញុំឡើយ។ នេះគឺគ្រប់គ្រាន់ដើម្បីបង្ហាញអំពីនិស្ស័យរបស់ខ្ញុំ និងឫទ្ធានុភាពរបស់ខ្ញុំ។ នៅពេលដែលនរណាម្នាក់ទាស់ទទឹងនឹងខ្ញុំ នោះខ្ញុំនឹងដាក់ទោសគេក្នុងពេលវេលារបស់ខ្ញុំ។ ហេតុអ្វីបានជាគ្មាននរណាម្នាក់បានឃើញខ្ញុំដាក់ទោសនរណាម្នាក់អ៊ីចឹង? វាគឺដោយសារតែពេលវេលារបស់ខ្ញុំមិនទាន់មកដល់ប៉ុណ្ណោះ ហើយព្រះហស្ដរបស់ខ្ញុំនៅមិនទាន់ធ្វើសកម្មភាពយ៉ាងពិតប្រាកដនៅឡើយ។ ទោះបីជាគ្រោះមហន្ដរាយដ៏ធំៗបានធ្លាក់មកក៏ដោយ ហេតុការណ៍នេះ មានតែការមានបន្ទូលអំពីអ្វីដែលទាក់ទងនឹងគ្រោះមហន្តរាយដ៏ធំៗប៉ុណ្ណោះ ស្របពេលដែលភាពពិតនៃគ្រោះមហន្តរាយដ៏ធំៗ នៅមិនទាន់ធ្លាក់មកលើមនុស្សណាមួយនៅឡើយ។ តើអ្នករាល់គ្នាយល់អ្វីមួយដែលចេញពីព្រះឱស្ឋរបស់ខ្ញុំទេ? បច្ចុប្បន្ននេះ ខ្ញុំនឹងចាប់ផ្ដើមបញ្ចេញភាពពិតនៃគ្រោះមហន្តរាយដ៏ធំៗ។ បន្ទាប់ពីនេះ នរណាក៏ដោយដែលទាស់ទទឹងនឹងខ្ញុំនឹងត្រូវវាយផ្ដួលដោយព្រះហស្ដរបស់ខ្ញុំ។ នៅក្នុងអតីតកាល គ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺដើម្បីបង្ហាញឱ្យឃើញមនុស្សមួយចំនួនតូច។ គ្មានគ្រោះមហន្តរាយដ៏ធំៗណាមួយបានមកដល់នៅឡើយទេ។ បច្ចុប្បន្ននេះ ខុសពីអតីតកាល។ ដោយសារខ្ញុំបានមានបន្ទូលប្រាប់អ្នករាល់គ្នាទាំងអស់អំពីអ្វីដែលទាក់ទងនឹងគ្រោះមហន្តរាយដ៏ធំៗ នោះខ្ញុំនឹងប្រកាសជាសាធារណៈ នៅពេលវេលាកំណត់មួយ អំពីភាពពិតនៃគ្រោះមហន្តរាយដ៏ធំៗ។ មុនការប្រកាសនេះ គ្មាននរណាម្នាក់ត្រូវបានប៉ះពាល់ដោយគ្រោះមហន្តរាយណាមួយឡើយ ដូច្នេះ មនុស្សភាគច្រើន (មានន័យថា ពួកកូនប្រុសរបស់នាគដ៏ធំមានសម្បុរក្រហម) បានបន្តធ្វើសកម្មភាពដោយមិនប្រយ័ត្ន និងតាមអំពើចិត្ត។ នៅពេលដែលភាពពិតមកដល់ សត្តនិករដ៏អកុសលទាំងនេះនឹងជឿទាំងស្រុង។ បើមិនដូច្នោះទេ គ្រប់គ្នានឹងមិនច្បាស់អំពីខ្ញុំឡើយ ហើយគ្មាននរណាម្នាក់នឹងច្បាស់អំពីខ្ញុំឡើយ។ នេះគឺជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ ចេញពីនេះ វាអាចត្រូវបានមើលឃើញថា វិធីនៃការធ្វើកិច្ចការរបស់ខ្ញុំ (សំដៅទៅលើវិធីនៃការធ្វើកិច្ចការនៅក្នុងមនុស្សទាំងអស់) បានចាប់ផ្ដើមផ្លាស់ប្ដូរ៖ ខ្ញុំកំពុងតែបង្ហាញសេចក្ដីក្រោធរបស់ខ្ញុំ ការជំនុំជម្រះរបស់ខ្ញុំ និងបណ្ដាសារបស់ខ្ញុំតាមរយៈកូនចៅនៃនាគដ៏ធំមានសម្បុរក្រហម ហើយព្រះហស្ដរបស់ខ្ញុំបានចាប់ផ្ដើមវាយផ្ចាលអស់អ្នកដែលទាស់ទទឹងនឹងខ្ញុំ។ ខ្ញុំកំពុងតែបង្ហាញសេចក្ដីមេត្តាករុណារបស់ខ្ញុំ និងសេចក្ដីសប្បុរសរបស់ខ្ញុំតាមរយៈពួកកូនប្រុសច្បង។ ជាងនេះទៅទៀត តាមរយៈពួកកូនប្រុសច្បង នោះខ្ញុំកំពុងតែបង្ហាញនិស្ស័យដ៏បរិសុទ្ធរបស់ខ្ញុំ ដែលមិនអត់ទ្រាំនឹងការប្រព្រឹត្តល្មើសឡើយ។ ខ្ញុំកំពុងតែបង្ហាញសិទ្ធិអំណាចរបស់ខ្ញុំ ហើយខ្ញុំកំពុងតែបង្ហាញអង្គរបស់ខ្ញុំ។ អ្នកស៊ីឈ្នួលបានចាប់ផ្ដើមរស់នៅដើម្បីថ្វាយការបម្រើចំពោះខ្ញុំ ហើយពួកកូនប្រុសច្បងរបស់ខ្ញុំនឹងត្រូវធ្វើឱ្យដឹងឮកាន់តែច្រើនឡើងៗ។ តាមរយៈការវាយផ្ដួលអ្នកដែលទាស់ទទឹងនឹងខ្ញុំ នោះខ្ញុំឱ្យអ្នកស៊ីឈ្នួលឃើញព្រះហស្ដដ៏ឥតអាសូររបស់ខ្ញុំ ដើម្បីឱ្យពួកគេថ្វាយការបម្រើចំពោះខ្ញុំដោយការភ័យខ្លាច និងភាពញាប់ញ័រ។ ខ្ញុំក៏ឱ្យពួកកូនប្រុសច្បងរបស់ខ្ញុំឃើញសិទ្ធិអំណាចរបស់ខ្ញុំ និងយល់ដឹងអំពីខ្ញុំកាន់តែប្រសើរផងដែរ ដើម្បីឱ្យពួកគេរីកចម្រើនក្នុងជីវិត។ ព្រះបន្ទូលដែលខ្ញុំបានមានបន្ទូលនៅក្នុងអំឡុងពេលចុងក្រោយ (រួមទាំងបញ្ញត្តិរដ្ឋបាល ទំនាយ និងការជំនុំជម្រះមនុស្សគ្រប់ប្រភេទ) គឺកំពុងតែចាប់ផ្ដើមសម្រេចតាមលំដាប់លំដោយ។ មានន័យថា មនុស្សនឹងឃើញព្រះបន្ទូលរបស់ខ្ញុំក្លាយជាការពិតនៅខាងមុខភ្នែករបស់ពួកគេ ឃើញថាគ្មានព្រះបន្ទូលរបស់ខ្ញុំណាមួយដែលមិនមានផលផ្លែឡើយ ប៉ុន្តែឃើញថាគ្រប់ទាំងព្រះបន្ទូលគឺជាក់ស្ដែង។ មុនពេលដែលព្រះបន្ទូលរបស់ខ្ញុំត្រូវបានសម្រេច មនុស្សជាច្រើននឹងចាកចេញ ដោយសារតែពួកគេមិនត្រូវបានសម្រេច។ នេះគឺជាវិធីដែលខ្ញុំធ្វើកិច្ចការ វាមិនមែនគ្រាន់តែជាតួនាទីនៃដំបងដែករបស់ខ្ញុំឡើយ ប៉ុន្តែជាងនេះទៅទៀត វាគឺជាព្រះប្រាជ្ញាញាណនៃព្រះបន្ទូលរបស់ខ្ញុំ។ ចេញពីការទាំងនេះ មនុស្សអាចឃើញសព្វានុភាពរបស់ខ្ញុំ និងសេចក្ដីស្អប់របស់ខ្ញុំចំពោះនាគដ៏ធំមានសម្បុរក្រហម។ (ការនេះអាចត្រូវបានឃើញបន្ទាប់ពីខ្ញុំចាប់ផ្ដើមកិច្ចការរបស់ខ្ញុំប៉ុណ្ណោះ។ ពេលនេះ មនុស្សមួយចំនួនត្រូវបានបើកសម្ដែង វាគ្រាន់តែជាផ្នែកតូចមួយនៃការវាយផ្ចាលរបស់ខ្ញុំប៉ុណ្ណោះ ប៉ុន្តែវាមិនអាចត្រូវបានរាប់បញ្ចូលទៅក្នុងគ្រោះមហន្តរាយដ៏ធំបានទេ។ រឿងនេះមិនពិបាកយល់ឡើយ។ ដូច្នេះ វាអាចត្រូវបានមើលឃើញថា ចាប់ពីពេលនេះតទៅ វិធីនៃការធ្វើកិច្ចការរបស់ខ្ញុំ នឹងធ្វើឱ្យមនុស្សកាន់តែពិបាកយល់។ ថ្ងៃនេះ ខ្ញុំកំពុងមានបន្ទូលប្រាប់អ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នានឹងមិនទន់ខ្សោយដោយសារតែវិធីធ្វើការនេះឡើយ នៅពេលដែលពេលវេលាមកដល់។ នេះគឺជាអ្វីដែលខ្ញុំកំពុងតែប្រគល់ឱ្យអ្នករាល់គ្នា ដោយសារតែអ្វីៗនឹងកើតឡើង ដែលមនុស្សមិនធ្លាប់បានឃើញតាំងពីបុរាណកាលមក ហើយជាអ្វីៗដែលនឹងធ្វើឱ្យមនុស្សពិបាកនឹងទុកចោលនូវអារម្មណ៍របស់ពួកគេ និងការរាប់ខ្លួនឯងជាសុចរិតរបស់ពួកគេ។) មូលហេតុដែលខ្ញុំប្រើប្រាស់វិធីផេ្សងៗគ្នាដើម្បីដាក់ទោសនាគដ៏ធំមានសម្បុរក្រហម គឺដោយសារតែវាគឺជាសត្រូវរបស់ខ្ញុំ និងជាគូប្រឆាំងរបស់ខ្ញុំ។ ខ្ញុំត្រូវតែបំផ្លាញកូនចៅរបស់វាទាំងអស់ មានតែដូច្នោះទេ ទើបខ្ញុំអាចយកសេចក្ដីស្អប់ចេញពីព្រះទ័យរបស់ខ្ញុំបាន ហើយមានតែធ្វើដូច្នោះទេទើបខ្ញុំអាចបំបាក់មុខនាគដ៏ធំមានសម្បុរក្រហមបានយ៉ាងរៀបរយ។ មានតែការធ្វើដូច្នេះទេ ទើបជាការបំផ្លាញទាំងស្រុងនូវនាគដ៏ធំមានសម្បុរក្រហម និងបោះវាចូលទៅក្នុងបឹងភ្លើង និងស្ពាន់ធម៌ ក៏ដូចជាបោះវាចូលទៅក្នុងជង្ហុកធំ។
វាមិនត្រឹមតែម្សិលមិញទេ ដែលខ្ញុំបានឱ្យពួកកូនប្រុសច្បងរបស់ខ្ញុំសោយរាជ្យជាមួយខ្ញុំ និងចូលរួមជាមួយខ្ញុំក្នុងការគ្រប់គ្រងជាតិសាសន៍ទាំងអស់ ព្រមទាំងនៅក្នុងការរីករាយនឹងព្រះពរ។ ខ្ញុំក៏ធ្វើដូច្នេះនៅថ្ងៃនេះផងដែរ ហើយសំខាន់ជាងនេះ ខ្ញុំក៏នឹងធ្វើដូច្នេះនៅថ្ងៃស្អែកផងដែរ។ ខ្ញុំបានសម្រេចកិច្ចការរបស់ខ្ញុំយ៉ាងជោគជ័យ ខ្ញុំបាន និងកំពុងមានព្រះបន្ទូលដូចនេះរហូតមក ហើយវាក៏អាចត្រូវបាននិយាយថា ខ្ញុំបានចាប់ផ្ដើមមានព្រះបន្ទូលដូចនេះចាប់តាំងពីសម័យកាលនៃការចាប់ផ្ដើមការបង្កើតមកម៉្លេះ ប៉ុន្តែមនុស្សមិនយល់ពីអ្វីដែលខ្ញុំកំពុងតែមានបន្ទូលឡើយ។ ចាប់តាំងពីពេលនៃការបង្កើតរហូតមកដល់ពេលនេះ ខ្ញុំមិនបានបំពេញកិច្ចការដោយផ្ទាល់ឡើយ។ ម៉្យាងទៀត ព្រះវិញ្ញាណរបស់ខ្ញុំមិនដែលចុះមកយ៉ាងពេញលេញលើមនុស្ស ដើម្បីមានបន្ទូល និងធ្វើកិច្ចការឡើយ។ ប៉ុន្តែបច្ចុប្បន្ននេះ គឺខុសគ្នាពីអតីតកាល៖ ព្រះវិញ្ញាណរបស់ខ្ញុំកំពុងតែធ្វើកិច្ចការដោយផ្ទាល់នៅគ្រប់ទីកន្លែងនៅក្នុងពិភពចក្កវាឡ។ ដោយសារតែនៅគ្រាចុងក្រោយ ខ្ញុំចង់ទទួលយកមនុស្សមួយក្រុមដែលនឹងសោយរាជ្យដោយអំណាចជាមួយខ្ញុំ នោះជាដំបូង ខ្ញុំទទួលយកមនុស្សម្នាក់ដែលមានចិត្តដូចខ្ញុំ គឺជាម្នាក់ដែលអាចគិតគូរពីបន្ទុករបស់ខ្ញុំ។ បន្ទាប់ពីនោះ ព្រះវិញ្ញាណរបស់ខ្ញុំនឹងចុះមកសណ្ឋិតលើពួកគេយ៉ាងពេញលេញ ដើម្បីសម្ដែងចេញនូវព្រះសូរសៀងរបស់ខ្ញុំ និងដើម្បីបញ្ចេញបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ព្រមទាំងបើកសម្ដែងអាថ៌កំបាំងរបស់ខ្ញុំទៅកាន់ពិភពចក្កវាឡ។ ព្រះវិញ្ញាណរបស់ខ្ញុំនឹងធ្វើឱ្យទ្រង់គ្រប់លក្ខណ៍ដោយផ្ទាល់។ ព្រះវិញ្ញាណរបស់ខ្ញុំនឹងប្រៀនប្រដៅទ្រង់ដោយផ្ទាល់។ ដោយសារតែទ្រង់រស់នៅក្នុងភាពជាមនុស្សធម្មតា នោះគ្មាននរណាម្នាក់មើលឃើញយ៉ាងច្បាស់ឡើយ។ នៅពេលដែលពួកកូនប្រុសច្បងរបស់ខ្ញុំចូលទៅក្នុងរូបកាយ នោះវានឹងច្បាស់ទាំងស្រុងថាតើអ្វីដែលខ្ញុំធ្វើនៅពេលនេះ គឺជាភាពពិតឬអត់។ ពិតណាស់ នៅក្នុងភ្នែករបស់មនុស្ស នៅក្នុងសញ្ញាណរបស់មនុស្ស គ្មាននរណាម្នាក់ជឿ ហើយគ្មាននរណាម្នាក់អាចស្ដាប់បង្គាប់ឡើយ។ ប៉ុន្តែនេះគឺជាការអត់ធ្មត់របស់ខ្ញុំចំពោះមនុស្ស។ ដោយសារតែភាពពិតនៅមិនទាន់បានមកដល់ ដូច្នេះហើយ មនុស្សមិនអាចជឿ ឬយល់បានឡើយ។ មិនដែលមាននរណាម្នាក់ដែលនឹងជឿព្រះបន្ទូលរបស់ខ្ញុំ នៅក្នុងសញ្ញាណមនុស្សរបស់ពួកគេឡើយ។ មនុស្សទាំងអស់គឺដូច្នេះ៖ ពួកគេត្រឹមតែជឿលើអ្វីដែលអង្គខាងសាច់ឈាមរបស់ខ្ញុំមានបន្ទូល ហើយពួកគេក៏ត្រឹមតែជឿលើព្រះសូរសៀងនៃព្រះវិញ្ញាណរបស់ខ្ញុំប៉ុណ្ណោះ។ នេះគឺជារឿងដែលពិបាកបំផុតដើម្បីដោះស្រាយជាមួយមនុស្ស។ ប្រសិនបើពួកគេមិនបានឃើញអ្វីមួយកើតឡើងដោយភ្នែករបស់ពួកគេផ្ទាល់ទេ នោះគ្មាននរណាម្នាក់អាចបោះបង់ចោលសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេឡើយ ហើយគ្មាននរណាម្នាក់អាចជឿអ្វីដែលខ្ញុំមានបន្ទូលឡើយ។ នេះគឺជាមូលហេតុដែលខ្ញុំប្រើប្រាស់បញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ដើម្បីដាក់ទោសកូននៃការមិនស្ដាប់បង្គាប់ទាំងនោះ។
ខ្ញុំបានមានបន្ទូលរឿងបែបនេះពីមុនមក៖ ខ្ញុំគឺជាដើម និងជាចុង ហើយខ្ញុំគឺជាព្រះអង្គដែលទទួលខុសត្រូវលើគ្រប់យ៉ាង ចាប់ពីការចាប់ផ្ដើមរហូតដល់ទីបញ្ចប់។ នៅគ្រាចុងក្រោយ ខ្ញុំនឹងទទួលបានបុត្រាជ័យចំនួន ១៤៤ ០០០ នាក់។ អ្នករាល់គ្នាមានការយល់តាមន័យត្រង់ខ្លះៗអំពីព្រះបន្ទូលទាំងនេះគឺ «បុត្រាជ័យ» ប៉ុន្តែអ្នករាល់គ្នាមិនច្បាស់អំពីចំនួន ១៤៤ ០០០ នាក់ឡើយ។ នៅក្នុងសញ្ញាណរបស់មនុស្ស តួលេខមួយត្រូវតែសំដៅលើចំនួនមនុស្ស ឬចំនួនវត្ថុអ្វីមួយ។ ពាក់ព័ន្ធនឹង «បុត្រាជ័យ» ដែលបង្ហាញបញ្ជាក់ចំនួន «១៤៤ ០០០» នាក់ ពោលគឺ «បុត្រាចំនួន ១៤៤ ០០០ នាក់» មនុស្សគិតថា មានបុត្រាជ័យចំនួន ១៤៤ ០០០ នាក់។ ជាងនេះទៅទៀត មនុស្សមួយចំនួនគិតថា មានអត្ថន័យតំណាងនៅក្នុងតថភាពនៃចំនួននេះ ហើយពួកគេយកចំនួន ១៤០ ០០០ និងចំនួន ៤ ០០០ ជាផ្នែកដាច់ពីគ្នា។ ប៉ុន្តែការបកស្រាយទាំងពីរនេះគឺខុស។ ចំនួននេះ មិនសំដៅលើតួលេខជាក់ស្ដែង ហើយកាន់តែមិនមែនជាអត្ថន័យតំណាងឡើយ។ ក្នុងចំណោមនុស្ស គ្មាននរណាម្នាក់អាចយល់អំពីចំនួននេះឡើយ មនុស្សនៅក្នុងជំនាន់មុនៗទាំងអស់បានគិតថា ចំនួននេះអាចសំដៅលើអត្ថន័យតំណាង។ លេខ «១៤៤ ០០០» គឺទាក់ទងទៅនឹងបុត្រាជ័យ។ ដូច្នេះ ១៤៤ ០០០ សំដៅលើក្រុមមនុស្សនៅគ្រាចុងក្រោយដែលនឹងសោយរាជ្យ នឹងអ្នកដែលខ្ញុំស្រឡាញ់។ នោះគឺជាអ្វីដែល ១៤៤ ០០០ គួរតែត្រូវបានបកស្រាយថាជាក្រុមមនុស្សដែលមកពីស៊ីយ៉ូន និងអ្នកដែលនឹងវិលត្រឡប់ទៅកាន់ស៊ីយ៉ូនវិញ។ ការពន្យល់ដ៏ពេញលេញនៃបុត្រាជ័យ ១៤៤ ០០០ នាក់ គឺមានដូចខាងក្រោម៖ ពួកគេគឺជាមនុស្សដែលចេញមកពីស៊ីយ៉ូនទៅកាន់ពិភពលោក និងត្រូវបានសាតាំងធ្វើឱ្យពុករលួយ ហើយគឺពួកគេដែលនឹងត្រូវបានខ្ញុំទទួលយកឡើងវិញនៅទីបញ្ចប់ ហើយនឹងវិលត្រឡប់ទៅកាន់ស៊ីយ៉ូនវិញជាមួយខ្ញុំ។ ចេញពីព្រះបន្ទូលរបស់ខ្ញុំ មនុស្សម្នាក់អាចមើលឃើញជំហាននៃកិច្ចការរបស់ខ្ញុំ មានន័យថា ពេលវេលាដែលអ្នករាល់គ្នានឹងចូលទៅក្នុងរូបកាយគឺនៅមិនឆ្ងាយប៉ុន្មានទេ។ ដូច្នេះហើយបានជាខ្ញុំបានពន្យល់ទិដ្ឋភាពនេះទៅកាន់អ្នកម្ដងហើយម្ដងទៀត ហើយផ្ដល់ការរំលឹកដល់អ្នកអំពីទិដ្ឋភាពនេះ។ អ្នករាល់គ្នានឹងឃើញយ៉ាងច្បាស់ ហើយចេញពីព្រះបន្ទូលរបស់ខ្ញុំ អ្នកនឹងរកឃើញមាគ៌ាដើម្បីអនុវត្ត។ ចេញពីព្រះបន្ទូលរបស់ខ្ញុំ អ្នកនឹងរកឃើញនូវទីកន្លែងនៃកិច្ចការរបស់ខ្ញុំ។ ដើម្បីរកឱ្យឃើញទីកន្លែងនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ អ្នកត្រូវតែពិនិត្យទីកន្លែងនោះចេញពីអាថ៌កំបាំងដែលខ្ញុំបើកសម្ដែង (ដោយសារតែគ្មាននរណាម្នាក់អាចមើលឃើញ ហើយគ្មាននរណាម្នាក់អាចយល់អំពីកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធឡើយ)។ នេះគឺជាមូលហេតុដែលខ្ញុំបើកសម្ដែងអាថ៌កំបាំងនៅគ្រាចុងក្រោយ។
នៅក្នុងដំណាក់របស់ខ្ញុំ នឹងគ្មានអ្វីមួយដែលមិនស្របនឹងខ្ញុំឡើយ ហើយចាប់ពីពេលនេះតទៅ ខ្ញុំនឹងចាប់ផ្ដើមជម្រះ និងបន្សុទ្ធបន្តិចម្ដងៗ។ នៅក្នុងចំណោមមនុស្ស គ្មាននរណាម្នាក់អាចជ្រៀតជ្រែក ហើយគ្មាននរណាម្នាក់អាចធ្វើកិច្ចការនេះបានឡើយ។ ការនេះបើកសម្ដែងអំពីមូលហេតុដែលខ្ញុំកំពុងតែធ្វើកិច្ចការដោយផ្ទាល់នៅក្នុងគ្រាចុងក្រោយ។ ហើយនេះគឺជាមូលហេតុដែលខ្ញុំបានមានបន្ទូលប្រាប់អ្នករាល់គ្នាជាច្រើនលើកថា អ្នករាល់គ្នាគ្រាន់តែត្រូវការធ្វើឱ្យខ្លួនរីករាយប៉ុណ្ណោះ ហើយមិនត្រូវការធ្វើចលនាម្រាមដៃមួយឡើយ។ គឺតាមរយៈនេះ ដែលព្រះចេស្ដារបស់ខ្ញុំត្រូវបានបើកសម្ដែង។ សេចក្ដីសុចរិត និងឫទ្ធានុភាពរបស់ខ្ញុំ ត្រូវបានបើកសម្ដែង ហើយគ្រប់អាថ៌កំបាំងរបស់ខ្ញុំទាំងអស់ដែលមនុស្សមិនអាចបើកបាន ត្រូវបានបើកសម្ដែង។ (ដោយសារតែមនុស្សមិនដែលមានចំណេះដឹងអំពីផែនការគ្រប់គ្រងរបស់ខ្ញុំ ឬមិនដែលមានការយល់ដឹងណាមួយអំពីជំហាននៃកិច្ចការរបស់ខ្ញុំ នោះផែនការ និងជំហានទាំងនោះត្រូវបានហៅថា «អាថ៌កំបាំង។») អ្វីដែលខ្ញុំនឹងទទួលបាន និងអ្វីដែលខ្ញុំនឹងធ្វើនៅគ្រាចុងក្រោយ គឺអាថ៌កំបាំង។ មុនពេលដែលខ្ញុំបានបង្កើតពិភពលោក ខ្ញុំមិនដែលបានធ្វើអ្វីដែលខ្ញុំធ្វើនៅបច្ចុប្បន្ននេះឡើយ ហើយខ្ញុំមិនដែលបានបង្ហាញមនុស្សអំពីព្រះភ័ក្រ្តដ៏មានសិរីល្អរបស់ខ្ញុំ ឬផ្នែកណាមួយនៃអង្គរបស់ខ្ញុំឡើយ។ មានតែព្រះវិញ្ញាណរបស់ខ្ញុំប៉ុណ្ណោះ ដែលបានធ្វើកិច្ចការលើមនុស្សមួយចំនួន។ (ចាប់តាំងពីសម័យកាលនៃការបង្កើតមក ដោយសារតែគ្មាននរណាម្នាក់អាចបើកបង្ហាញអំពីខ្ញុំ ហើយគ្មាននរណាម្នាក់អាចថ្លែងអំពីខ្ញុំ នោះខ្ញុំមិនដែលអនុញ្ញាតឱ្យមនុស្សឃើញអង្គរបស់ខ្ញុំឡើយ ហើយព្រះវិញ្ញាណរបស់ខ្ញុំបានធ្វើកិច្ចការលើមនុស្សមួយចំនួន។) មានតែបច្ចុប្បន្ននេះទេ ដែលខ្ញុំបានបើកសម្ដែងរូបអង្គដ៏មានសិរីល្អរបស់ខ្ញុំ និងអង្គរបស់ខ្ញុំទៅកាន់មនុស្ស ហើយមានតែពេលនេះប៉ុណ្ណោះ ដែលពួកគេបានឃើញអ្វីៗទាំងនេះ។ ប៉ុន្តែអ្វីដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ គឺនៅតែមិនពេញលេញដដែល ហើយវានៅតែមិនមែនជាអ្វីដែលខ្ញុំសព្វព្រះទ័យឱ្យអ្នករាល់គ្នាឃើញ។ អ្វីដែលខ្ញុំសព្វព្រះទ័យឱ្យអ្នករាល់គ្នាឃើញ គឺមានតែនៅក្នុងរូបកាយប៉ុណ្ណោះ ហើយពេលនេះ គ្មាននរណាម្នាក់បំពេញតាមលក្ខខណ្ឌនេះនៅឡើយទេ។ ម៉្យាងទៀត គ្មាននរណាម្នាក់អាចឃើញអង្គរបស់ខ្ញុំ មុនពេលដែលពួកគេចូលទៅក្នុងរូបកាយឡើយ។ ដូច្នេះហើយ ខ្ញុំមានបន្ទូលថា ខ្ញុំនឹងបើកសម្ដែងអង្គរបស់ខ្ញុំទៅកាន់ពិភពចក្រវាឡនៅលើភ្នំស៊ីយ៉ូន។ ចេញពីចំណុចនេះ វាអាចត្រូវបានឃើញថា ការចូលទៅក្នុងភ្នំស៊ីយ៉ូន គឺជាផ្នែកចុងក្រោយនៃគម្រោងរបស់ខ្ញុំ។ ក្នុងពេលចូលទៅក្នុងភ្នំស៊ីយ៉ូន នោះនគររបស់ខ្ញុំនឹងត្រូវបានកសាងដោយជោគជ័យ។ ម៉្យាងទៀត អង្គរបស់ខ្ញុំគឺជានគររបស់ខ្ញុំ។ ពេលវេលាដែលពួកកូនប្រុសច្បងចូលទៅក្នុងរូបកាយ គឺច្បាស់ជាពេលដែលនគរព្រះនឹងបានសម្រេច ដូច្នេះហើយ ខ្ញុំបានមានបន្ទូលម្ដងហើយម្ដងទៀត អំពីពួកកូនប្រុសច្បងចូលទៅក្នុងភ្នំស៊ីយ៉ូន។ នេះគឺជាចំណុចស្នូលនៃផែនការគ្រប់គ្រងទាំងមូលរបស់ខ្ញុំ ដែលគ្មាននរណាម្នាក់ធ្លាប់យល់ទេពីមុនមក។
នៅពេលដែលខ្ញុំផ្លាស់ប្ដូរវិធីនៃការធ្វើកិច្ចការ នោះនឹងមានអ្វីៗបន្ថែមទៀត ដែលហួសពីគំនិតរបស់មនុស្ស ដូច្នេះ ចូរប្រុងប្រយ័ត្នអំពីបញ្ហានេះ។ មានអ្វីៗដែលហួសពីគំនិតរបស់មនុស្ស ប៉ុន្តែរឿងនេះមិនមានន័យថា អ្វីដែលខ្ញុំមានបន្ទូលគឺខុសឡើយ។ វាគ្រាន់តែថា វាកាន់តែចាំបាច់សម្រាប់មនុស្សដើម្បីទទួលរងទុក្ខ ហើយវាកាន់តែចាំបាច់សម្រាប់មនុស្សដើម្បីសហការជាមួយខ្ញុំ។ ចូរកុំប្រព្រឹត្តខុសឆ្គងអសីសធម៌ឡើយ ហើយចូរកុំត្រឹមតែធ្វើតាមសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឱ្យសោះ។ ព្រោះថា មនុស្សភាគច្រើនដែលថ្វាយការបម្រើចំពោះខ្ញុំដួលចុះដោយសារតែបញ្ហានេះ។ ខ្ញុំកំពុងតែប្រើប្រាស់ព្រះបន្ទូលរបស់ខ្ញុំដើម្បីបើកបង្ហាញពីធម្មជាតិរបស់មនុស្ស និងដើម្បីបើកសម្ដែងសញ្ញាណរបស់មនុស្ស។ (ប៉ុន្តែអ្នកដែលថ្វាយការបម្រើចំពោះខ្ញុំ ត្រឹមតែដួលចុះដោយសារតែខ្ញុំមិនផ្លាស់ប្ដូរសញ្ញាណរបស់ពួកគេប៉ុណ្ណោះ ស្របពេលដែលខ្ញុំផ្លាស់ប្ដូរសញ្ញាណរបស់អ្នកដែលជាពួកកូនប្រុសច្បងរបស់ខ្ញុំ និងយកការគិតរបស់ពួកគេចេញតាមរយៈការផ្លាស់ប្ដូរនេះ។) ដូច្នេះ នៅទីបញ្ចប់ ពួកកូនប្រុសច្បងរបស់ខ្ញុំទាំងអស់នឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ដោយសារតែអាថ៌កំបាំងដែលខ្ញុំបានបើកសម្ដែង។