ជំពូកទី ១១២
ការដែល «ព្រះបន្ទូល និងភាពពិតដំណើរការព្រមគ្នា» គឺជាផ្នែកមួយនៃនិស្ស័យដ៏សុចរិតរបស់ខ្ញុំ។ ចេញពីព្រះបន្ទូលទាំងនេះ ខ្ញុំនឹងច្បាស់ជាឱ្យអ្នករាល់គ្នាឃើញពីនិស្ស័យរបស់ខ្ញុំទាំងស្រុងជាមិនខាន។ មនុស្សគិតថា រឿងនេះមិនអាចសម្រេចបានទេ ប៉ុន្តែចំពោះខ្ញុំ វាងាយស្រួល និងជាទីសព្វព្រះទ័យ ហើយមិនត្រូវការកិច្ចខិតខំប្រឹងប្រែងឡើយ។ ដរាបណាព្រះបន្ទូលរបស់ខ្ញុំចេញពីព្រះឱស្ឋរបស់ខ្ញុំ ភ្លាមៗនោះមានតថភាពមួយដែលគ្រប់គ្នាអាចឃើញ។ នេះគឺជានិស្ស័យរបស់ខ្ញុំ។ ដោយសារខ្ញុំបានមានបន្ទូលអំពីអ្វីៗជាក់លាក់ នោះអ្វីៗទាំងនោះនឹងច្បាស់ជាសម្រេចបានជាមិនខាន។ បើមិនដូច្នោះទេ ខ្ញុំនឹងមិនមានព្រះបន្ទូលឡើយ។ នៅក្នុងសញ្ញាណរបស់មនុស្ស ពាក្យ «សេចក្ដីសង្គ្រោះ» ត្រូវបានមានបន្ទូលសម្រាប់មនុស្សទាំងអស់ ប៉ុន្តែការនេះមិនស្របនឹងចេតនារបស់ខ្ញុំឡើយ។ នៅក្នុងអតីតកាល ខ្ញុំបានមានបន្ទូលថា «ខ្ញុំតែងតែសង្គ្រោះអ្នកដែលល្ងង់ខ្លៅ និងអ្នកស្វែងរកដ៏ក្លៀវក្លា»។ នៅទីនេះ ពាក្យ «សង្គ្រោះ» ត្រូវបានមានបន្ទូលអំពីអ្នកដែលថ្វាយការបម្រើចំពោះខ្ញុំ ហើយវាមានន័យថា ខ្ញុំនឹងប្រទានការប្រព្រឹត្តដ៏ពិសេសចំពោះអ្នកស៊ីឈ្នួលបែបនេះ។ ម៉្យាងទៀត ខ្ញុំនឹងកាត់បន្ថយការដាក់វិន័យចំពោះមនុស្សទាំងនោះ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកស៊ីឈ្នួលទាំងនោះដែលវៀចវេរ និងបោកប្រាស់ នឹងស្ថិតក្នុងចំណោមកម្មវត្ថុនៃការបំផ្លាញ មានន័យថា ខ្ញុំនឹងតម្រូវឱ្យពួកគេទទួលរងនូវការដាក់ទោសយ៉ាងធ្ងន់ធ្ងរ។ (ទោះបីជាអ្នកស៊ីឈ្នួលស្ថិតក្នុងចំណោមកម្មវត្ថុនៃការបំផ្លាញក៏ដោយ ក៏ពួកគេខុសគ្នាឆ្ងាយពីអ្នកដែលនឹងត្រូវបានបំផ្លាញ៖ ពួកគេនឹងទទួលការដាក់ទោសយ៉ាងធ្ងន់ធ្ងរអស់កល្បជានិច្ច ហើយការដាក់ទោសដែលមនុស្សទាំងនោះនឹងទទួល គឺជាការដាក់ទោសរបស់អារក្សសាតាំង។ នេះក៏ជាអត្ថន័យពិតនៃអ្វីដែលខ្ញុំសំដៅ នៅពេលដែលខ្ញុំបានមានបន្ទូលថា មនុស្សនោះគឺជាកូនចៅរបស់នាគដ៏ធំមានសម្បុរក្រហមផងដែរ។) ប៉ុន្តែ ខ្ញុំមិនប្រើប្រាស់ព្រះបន្ទូលប្រភេទទាំងនេះ ស្ដីពីពួកកូនប្រុសច្បងរបស់ខ្ញុំឡើយ។ អំពីពួកគេ ខ្ញុំមានបន្ទូលថា ខ្ញុំនឹងស្ដារពួកកូនប្រុសច្បងរបស់ខ្ញុំ ហើយថាពួកគេនឹងវិលត្រឡប់ទៅកាន់ស៊ីយ៉ូនម្ដងទៀត។ ដូច្នេះហើយ ខ្ញុំតែងតែបានមានបន្ទូលថា ពួកកូនប្រុសច្បងរបស់ខ្ញុំ គឺជារាស្ដ្ររើសតាំង និងត្រូវបានកំណត់ទុកជាមុនរបស់ខ្ញុំ។ ពួកកូនប្រុសច្បងរបស់ខ្ញុំ ជាកម្មសិទ្ធិរបស់ខ្ញុំតាំងពីដើមមកម៉្លេះ ហើយពួកគេមកពីខ្ញុំ ដូច្នេះពួកគេត្រូវតែត្រឡប់មករកខ្ញុំនៅទីនេះ។ ការប្រៀបធៀបពួកកូនប្រុស និងរាស្ត្រ ទៅនឹងពួកកូនប្រុសច្បង គឺពិតជាខុសគ្នាដូចមេឃ និងផែនដីអ៊ីចឹង៖ ទោះបីជាពួកកូនប្រុស និងរាស្ដ្រប្រសើរជាងអ្នកស៊ីឈ្នួលយ៉ាងច្រើនក៏ដោយ ក៏ពួកគេគ្មានផ្លូវជាអ្នកដែលជាកម្មសិទ្ធិរបស់ខ្ញុំឡើយ។ វាក៏អាចនិយាយបានដែរថា ពួកកូនប្រុស និងរាស្ត្រគឺត្រូវបានរើសតាំងបន្ថែមចេញពីក្នុងចំណោមមនុស្សជាតិ។ ដូច្នេះហើយ ខ្ញុំតែងតែផ្ដោតថាមពលរបស់ខ្ញុំលើពួកកូនប្រុសច្បង ហើយបន្ទាប់មក ខ្ញុំនឹងអនុញ្ញាតឱ្យពួកកូនប្រុសច្បងធ្វើឱ្យពួកកូនប្រុស និងរាស្ត្រទាំងនេះពេញខ្នាត។ ទាំងនេះគឺជាជំហាននៃកិច្ចការក្នុងពេលអនាគតរបស់ខ្ញុំ។ ពេលនេះ វាគ្មានប្រយោជន៍នឹងប្រាប់អ្នករាល់គ្នាឡើយ ដូច្នេះ ខ្ញុំបានលើកឡើងអំពីវាយ៉ាងកម្រទៅកាន់ពួកកូនប្រុសនិងរាស្ដ្រ ប៉ុន្តែមានតែពួកកូនប្រុសច្បងប៉ុណ្ណោះ ដែលខ្ញុំបានមានបន្ទូលម្ដងហើយម្ដងទៀត ហើយលើកឡើងអំពីបញ្ហាទាំងនេះម្ដងហើយម្ដងទៀត។ នេះគឺជាវិធីដែលខ្ញុំមានបន្ទូល និងធ្វើកិច្ចការ។ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរវិធីនេះបានទេ ខ្ញុំតែមួយអង្គគត់ដែលសម្រេចអំពីអ្វីៗគ្រប់យ៉ាង។
រាល់ថ្ងៃ ខ្ញុំកំពុងតែវាយបកប្រឆាំងនឹងសញ្ញាណរបស់អ្នករាល់គ្នា ហើយពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំកំពុងតែពិនិត្យវិភាគអ្នករាល់គ្នាម្នាក់ៗ។ នៅពេលដែលខ្ញុំបានមានបន្ទូលត្រង់ចំណុចជាក់លាក់មួយ នោះអ្នករាល់គ្នាត្រឡប់ជាដូចដើមវិញ ហើយជាថ្មីម្ដងទៀត បំបែកភាពជាមនុស្សរបស់ខ្ញុំចេញពីភាពជាព្រះរបស់ខ្ញុំ។ នៅត្រង់ចំណុចនេះ ពេលវេលាបានមកដល់សម្រាប់មនុស្សដែលនឹងត្រូវបានបើកសម្ដែង៖ មនុស្សគិតថា ខ្ញុំនឹងរស់នៅក្នុងសាច់ឈាម ហើយខ្ញុំមិនមែនជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទាល់តែសោះ គិតថាខ្ញុំនៅតែជាមនុស្ស ហើយព្រះជាម្ចាស់នៅតែជាព្រះជាម្ចាស់ ហើយគិតថា ព្រះជាម្ចាស់គ្មានអ្វីពាក់ព័ន្ធនឹងអង្គរបស់ខ្ញុំឡើយ។ មនុស្សជាតិម្ដេចក៏ពុករលួយយ៉ាងនេះ! ពីមុនខ្ញុំបានថ្លែងព្រះបន្ទូលជាច្រើន ប៉ុន្តែតាំងពីយូរមកហើយ អ្នករាល់គ្នាប្រព្រឹត្តចំពោះព្រះបន្ទូលទាំងនោះ ដូចជាព្រះបន្ទូលទាំងនោះគ្មានវត្តមានអ៊ីចឹង ហើយអំពើនេះធ្វើឱ្យខ្ញុំពេញដោយសេចក្ដីស្អប់ចំពោះអ្នក ដែលត្រូវបានធ្លាក់ដល់ឆ្អឹងរបស់ខ្ញុំ! ពិតណាស់ អំពើនេះធ្វើឱ្យខ្ញុំស្អប់អ្នក! តើនរណាហ៊ានប្រមាថខ្ញុំម្ដងម្កាល ខ្ញុំដែលជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពេញលេញ ខ្ញុំដែលមានភាពជាមនុស្សផង និងភាពជាព្រះដ៏ពេញលេញផងនោះ? តើនរណាហ៊ានទាស់ទទឹងនឹងខ្ញុំនៅក្នុងគំនិតរបស់ពួកគេ? បន្ទាប់ពីគ្រោះកាចរបស់ខ្ញុំចាប់ផ្ដើមចុះមក នោះខ្ញុំនឹងដាក់ទោសពួកគេម្ដងម្នាក់ៗ ដោយមិនឱ្យនរណាម្នាក់រួចខ្លួនឡើយ ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំនឹងដាក់ទោសពួកគេទាំងអស់យ៉ាងធ្ងន់ធ្ងរ។ ព្រះវិញ្ញាណរបស់ខ្ញុំធ្វើកិច្ចការនៅក្នុងមនុស្ស។ នេះមិនមានន័យថា ខ្ញុំមិនមែនជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឡើយ។ ផ្ទុយទៅវិញ វាមានន័យជាងនេះទៅទៀតថា ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏មានគ្រប់ព្រះចេស្ដា។ មនុស្សមិនស្គាល់ខ្ញុំឡើយ ពួកគេទាំងអស់ទាស់ទទឹងនឹងខ្ញុំ ហើយមិនសង្កេតមើលអំពីសព្វានុភាពរបស់ខ្ញុំ ចេញពីព្រះបន្ទូលរបស់ខ្ញុំឡើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេព្យាយាមស្វែងរកអ្វីមួយនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ ដែលពួកគេអាចប្រើប្រាស់ប្រឆាំងនឹងខ្ញុំ និងដើម្បីរកឱ្យឃើញកំហុសរបស់ខ្ញុំ។ នៅពេលដែលថ្ងៃមួយខ្ញុំលេចមកជាមួយនឹងពួកកូនប្រុសច្បងរបស់ខ្ញុំនៅក្នុងស៊ីយ៉ូន នោះខ្ញុំនឹងចាប់ផ្ដើមដោះស្រាយជាមួយភាវៈដែលអកុសលទាំងនេះ។ នៅក្នុងអំឡុងពេលនេះ ខ្ញុំកំពុងធ្វើកិច្ចការនេះជាចម្បង។ នៅពេលដែលខ្ញុំបានមានបន្ទូលដល់ចំណុចជាក់លាក់មួយ នោះអ្នកស៊ីឈ្នួលជាច្រើននឹងបានដកថយ ហើយពួកកូនប្រុសច្បងក៏នឹងទទួលរងទុក្ខនូវរាល់ការលំបាកគ្រប់ប្រភេទផងដែរ។ ជាមួយនឹងដំណើរការនៃកិច្ចការទាំងពីរជំហាននេះ នោះដំណាក់កាលនៃកិច្ចការរបស់ខ្ញុំនឹងមកដល់ទីបញ្ចប់។ ស្របពេលជាមួយគ្នានេះ ខ្ញុំនឹងយកពួកកូនប្រុសច្បងរបស់ខ្ញុំត្រឡប់ទៅកាន់ស៊ីយ៉ូនវិញ។ ទាំងនេះគឺជាជំហាននៃកិច្ចការរបស់ខ្ញុំ។
ពួកកូនប្រុសច្បងរបស់ខ្ញុំ គឺជាផ្នែកមួយដែលមិនអាចបំបែកបានពីនគររបស់ខ្ញុំឡើយ ដែលវាអាចត្រូវបានឃើញថា អង្គរបស់ខ្ញុំ តាមពិតគឺជានគរព្រះ កំណើតនៃនគររបស់ខ្ញុំកើតមានចាប់តាំងពីកំណើតពួកកូនប្រុសច្បងរបស់ខ្ញុំមកម៉្លេះ។ ម៉្យាងទៀត នគររបស់ខ្ញុំ កើតមានតាំងពីសម័យកាលនៃការបង្កើតពិភពលោកមកម៉្លេះ ហើយដើម្បីទទួលបានពួកកូនប្រុសច្បងរបស់ខ្ញុំ (មានន័យថា ដើម្បីស្ដារពួកកូនប្រុសច្បងរបស់ខ្ញុំ) នោះគឺដើម្បីស្ដារនគររបស់ខ្ញុំ។ ចេញពីនេះ អ្នកអាចឃើញថា ពួកកូនប្រុសច្បងគឺមានសារៈសំខាន់ជាពិសេស។ មានតែពេលដែលពួកកូនប្រុសច្បងរបស់ខ្ញុំមានវត្តមានប៉ុណ្ណោះ ទើបនគរព្រះនឹងកើតមាន ភាពពិតនៃការកាន់កាប់អំណាចនឹងកើតមាន ជីវិតថ្មីនឹងកើតមាន ហើយសម័យកាលចាស់អាចត្រូវបានបញ្ចប់ទាំងស្រុង។ នេះគឺជានិន្នាការដែលមិនអាចចៀសវាងបាន។ ដោយសារតែពួកកូនប្រុសច្បងស្ថិតនៅក្នុងតួនាទីនេះ នោះពួកគេជានិមិត្តរូបនៃការបំផ្លាញលោកីយ៍ ការបំផ្លាញសាតាំង ការបើកសម្ដែងអំពីពណ៌ដ៏ពិតរបស់អ្នកស៊ីឈ្នួល និងជានិមិត្តរូបនៃតថភាពដែលនាគដ៏ធំមានសម្បុរក្រហមនឹងគ្មានកូនចៅ ហើយនឹងចុះទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ។ ដូច្នេះហើយ អ្នកដែលកាន់កាប់អំណាច និងអស់អ្នកដែលជាកូនចៅរបស់នាគដ៏ធំមានសម្បុរក្រហម ជួបប្រទះម្ដងហើយម្ដងទៀត នូវការទាស់ទែងគ្នា ការជំទាស់គ្នា និងការបំផ្លាញគ្នា។ ស្របពេលជាមួយគ្នានេះ ខ្ញុំលើកតម្កើង ធ្វើបន្ទាល់ និងបើកសម្ដែងពីពួកកូនប្រុសច្បងរបស់ខ្ញុំម្ដងហើយម្ដងទៀត។ មានតែអ្នកដែលមកពីខ្ញុំប៉ុណ្ណោះ ដែលអាចធ្វើបន្ទាល់ចំពោះខ្ញុំបាន។ មានតែពួកគេទេដែលមានសមត្ថភាពបង្ហាញជាក់ស្ដែងអំពីខ្ញុំ ហើយមានតែពួកគេប៉ុណ្ណោះដែលជាមូលដ្ឋានគ្រឹះ ដើម្បីប្រយុទ្ធនៅក្នុងសមរភូមិ ហើយនាំយកជ័យជម្នះដ៏ស្រស់ត្រកាលសម្រាប់ខ្ញុំ។ អ្នកដែលនៅឆ្ងាយពីខ្ញុំ គឺគ្មានអ្វីលើសពីដីឥដ្ឋដ៏តូចនៅក្នុងព្រះហស្ដរបស់ខ្ញុំឡើយ ពួកគេម្នាក់ៗគឺជាវត្ថុដែលត្រូវបានបង្កើត។ អ្នកដែលជាពួកកូនប្រុសនិងរាស្ត្រ គឺគ្មានអ្វីលើសពីអ្នកដែលល្អជាង ដែលត្រូវបានជ្រើសរើសចេញពីក្នុងចំណោមសត្តនិករនៃការបង្កើតឡើយ ប៉ុន្តែពួកគេមិនមែនជាកម្មសិទ្ធិរបស់ខ្ញុំឡើយ។ ដូច្នេះ វាមាននូវភាពខុសគ្នាដ៏ធំធេងរវាងពួកកូនប្រុសច្បង និងពួកកូនប្រុស។ ពួកកូនប្រុសគឺមិនមានលក្ខណៈសម្បត្តិដើម្បីប្រៀបធៀបជាមួយពួកកូនប្រុសច្បងបានទាល់តែសោះ។ ពួកគេត្រូវបានគ្រប់គ្រង និងត្រួតត្រាដោយពួកកូនប្រុសច្បង។ ពេលនេះ អ្នករាល់គ្នាគួរតែច្បាស់អំពីបញ្ហានេះ! ព្រះបន្ទូលនីមួយៗដែលខ្ញុំបានថ្លែងគឺពិត ហើយគ្មានផ្លូវក្លែងក្លាយឡើយ។ ទាំងអស់នេះគឺជាផ្នែកនៃការសម្ដែងចេញអំពីអង្គរបស់ខ្ញុំ ហើយនេះគឺជាព្រះសូរសៀងរបស់ខ្ញុំ។
ខ្ញុំបានមានបន្ទូលថា ខ្ញុំមិនមានបន្ទូលនូវព្រះបន្ទូលដែលឥតខ្លឹមសារឡើយ ហើយខ្ញុំមិនបង្កើតកំហុសឡើយ។ ការអះអាងនេះ គឺគ្រប់គ្រាន់ដើម្បីបង្ហាញអំពីឫទ្ធានុភាពរបស់ខ្ញុំ។ ប៉ុន្តែមនុស្សមិនអាចនិយាយល្អពីអ្វីដែលអាក្រក់ឡើយ ហើយមានតែនៅពេលដែលការវាយផ្ចាលរបស់ខ្ញុំកើតឡើងចំពោះពួកគេប៉ុណ្ណោះ ទើបពួកគេជឿទាំងស្រុង។ បើមិនដូច្នោះទេ ពួកគេនៅតែបះបោរ និងក្បាលរឹង។ នេះគឺជាមូលហេតុដែលខ្ញុំប្រើប្រាស់ការវាយផ្ចាល ដើម្បីវាយបកប្រឆាំងនឹងមនុស្សជាតិទាំងអស់។ នៅក្នុងសញ្ញាណរបស់មនុស្ស ដោយសារមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហេតុអ្វីបានជាមានពួកកូនប្រុសច្បងច្រើនម៉្លេះដែលចេញមកពីខ្ញុំ? ខ្ញុំអាចមានបន្ទូលបែបនេះ៖ ក្នុងចំណោមកិច្ចការរបស់អង្គខ្ញុំផ្ទាល់ ខ្ញុំមានបន្ទូលអំពីកិច្ចការនោះតាមវិធីដែលខ្ញុំសព្វព្រះទ័យមានបន្ទូល។ តើមនុស្សអាចធ្វើអ្វីចំពោះខ្ញុំបាន? ខ្ញុំក៏អាចមានបន្ទូលបែបនេះ៖ ទោះបីជាពួកកូនប្រុសច្បង និងខ្ញុំមិនមែនជារូបតែមួយក៏ដោយ ក៏ពួកយើងមានវិញ្ញាណដូចគ្នាដែរ ដូច្នេះពួកគេទាំងអស់អាចមានគំនិតតែមួយជាមួយខ្ញុំ ខណៈពេលដែលពួកគេសហការជាមួយខ្ញុំ។ មូលហេតុដែលពួកយើងមិនមែនជារូបតែមួយ គឺដើម្បីឱ្យមនុស្សទាំងអស់អាចមើលឃើញគ្រប់ផ្នែកទាំងអស់នៃអង្គរបស់ខ្ញុំដោយភាពច្បាស់ដ៏ពិសេស។ នេះគឺជាមូលហេតុដែលខ្ញុំឱ្យពួកកូនប្រុសច្បងរបស់ខ្ញុំកាន់កាប់សិទ្ធិអំណាចជាមួយខ្ញុំលើជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់។ នេះគឺជាការកត់ត្រាចុងក្រោយនៃបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ («កំណត់ត្រាចុងក្រោយ» ដែលខ្ញុំមានបន្ទូលនេះ មានន័យថា សំនៀងរបស់ខ្ញុំគឺធម្មតា ហើយខ្ញុំបានចាប់ផ្ដើមមានបន្ទូលទៅកាន់ពួកកូនប្រុស និងរាស្ត្រ)។ មនុស្សភាគច្រើនមានមន្ទិលសង្ស័យពាក់ព័ន្ធនឹងការយល់ឃើញនេះ ប៉ុន្តែមិនចាំបាច់ឱ្យពួកគេពេញដោយមន្ទិលសង្ស័យច្រើនឡើយ។ ខ្ញុំនឹងបើកបង្ហាញសញ្ញាណរបស់មនុស្សទាំងអស់ម្ដងមួយៗ ដើម្បីធ្វើឱ្យមនុស្សមានអារម្មណ៍អាម៉ាស់ដោយគ្មានកន្លែងលាក់បាំងឡើយ។ ខ្ញុំយាងទៅទូទាំងពិភពលោក ហើយទៅដល់ចុងបំផុតនៃផែនដី ព្រមទាំងសង្កេតពិនិត្យរូបរាងទាំងមូលនៃសកលលោក។ ខ្ញុំត្រួតពិនិត្យមនុស្សគ្រប់ប្រភេទ គ្មាននរណាម្នាក់ដែលអាចរត់គេចពីព្រះហស្ដរបស់ខ្ញុំបានឡើយ។ ខ្ញុំចូលរួមនៅក្នុងអ្វីៗគ្រប់ប្រភេទ ហើយគ្មានអ្វីមួយដែលខ្ញុំមិនដោះស្រាយដោយផ្ទាល់ឡើយ។ តើនរណាហ៊ានបដិសេធសព្វានុភាពរបស់ខ្ញុំ? តើនរណាហ៊ានមិនជឿទាំងស្រុងអំពីខ្ញុំ? តើនរណាហ៊ានមិនក្រាបនៅខាងមុខខ្ញុំ? គ្រប់ស្ថានសួគ៌ទាំងអស់នឹងផ្លាស់ប្ដូរដោយសារតែពួកកូនប្រុសច្បងរបស់ខ្ញុំ ហើយជាងនេះទៅទៀត ផែនដីទាំងអស់នឹងរញ្ជួយយ៉ាងខ្លាំងដោយសារតែខ្ញុំ និងពួកកូនប្រុសច្បងរបស់ខ្ញុំ។ មនុស្សទាំងអស់នឹងលុតជង្គង់នៅចំពោះអង្គរបស់ខ្ញុំ ហើយរបស់សព្វសារពើនឹងច្បាស់ជាស្ថិតក្រោមការគ្រប់គ្រង់នៃព្រះហស្ដរបស់ខ្ញុំជាមិនខាន ដោយគ្មានកំហុសបន្តិចឡើយ។ គ្រប់គ្នាត្រូវតែជឿទាំងស្រុង ហើយវត្ថុនីមួយៗនឹងចូលមកក្នុងដំណាក់របស់ខ្ញុំ ហើយថ្វាយការបម្រើចំពោះខ្ញុំ។ នេះគឺជាផ្នែកចុងក្រោយនៃបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ ចាប់ពីពេលនេះតទៅ គ្រប់មាត្រានានានៃបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ដែលមានគោលដៅចំពោះមនុស្សផ្សេងៗគ្នានឹងចាប់ផ្ដើមបង្កើតលទ្ធផល (ពីព្រោះបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំត្រូវបានធ្វើឱ្យឃើញជាសាធារណៈ និងការរៀបចំដ៏សមស្របសម្រាប់មនុស្សគ្រប់ប្រភេទ ព្រមទាំងរបស់នីមួយៗត្រូវបានបង្កើតឡើង។ មនុស្សទាំងអស់នឹងនៅទីកន្លែងដ៏សមស្របរបស់ពួកគេ ហើយពណ៌ដ៏ពិតរបស់មនុស្សគ្រប់ប្រភេទនឹងត្រូវបានលាតត្រដាងដោយសារតែបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ)។ នេះនឹងក្លាយជាការមកដល់នៃបញ្ញត្តិរដ្ឋបាលដ៏ជាក់ស្ដែង និងពិតប្រាកដ។
ពេលនេះ យោងទៅលើជំហាននៃកិច្ចការរបស់ខ្ញុំ នោះខ្ញុំមានបន្ទូលអ្វីដែលខ្ញុំសព្វព្រះទ័យនឹងមានបន្ទូល ហើយគ្រប់គ្នាត្រូវតែទទួលយកព្រះបន្ទូលរបស់ខ្ញុំយ៉ាងយកចិត្តទុកដាក់។ ទូទាំងយុគសម័យនានា ពួកបរិសុទ្ធម្នាក់ៗបាននិយាយអំពី «យេរូសាឡឹមថ្មី» ហើយគ្រប់គ្នាស្គាល់វា ប៉ុន្តែគ្មាននរណាម្នាក់យល់ពីអត្ថន័យពិតនៃពាក្យនេះឡើយ។ ស្របពេលដែលកិច្ចការរបស់បច្ចុប្បន្នបានដំណើរការដល់ដំណាក់កាលនេះ នោះខ្ញុំនឹងបើកសម្ដែងអត្ថន័យពិតនៃពាក្យនេះដល់អ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាអាចយល់វាបាន។ ប៉ុន្តែមានដែនកំណត់ចំពោះការបើកសម្ដែងរបស់ខ្ញុំ មិនថាខ្ញុំពន្យល់វាបែបណាឡើយ អ្នករាល់គ្នាមិនអាចយល់ទាំងស្រុងឡើយ ដោយសារតែគ្មានមនុស្សណាម្នាក់អាចប៉ះពាល់ភាពពិតនៃពាក្យនេះបានឡើយ។ នៅក្នុងអតីតកាល យេរូសាឡឹមបានសំដៅលើទីកន្លែងស្នាក់នៅរបស់ខ្ញុំនៅលើផែនដី មានន័យថា ជាទីកន្លែងដែលខ្ញុំយាង និងផ្លាស់ទី។ ប៉ុន្តែពាក្យ «ថ្មី» ផ្លាស់ប្ដូរពាក្យនេះ ហើយពេលនេះ យេរូសាឡឹមគ្មានអ្វីដូចវាពីមុនឡើយ។ មនុស្សមិនអាចយល់វាសូម្បីតែបន្តិច។ មនុស្សមួយចំនួនគិតថា យេរូសាឡឹមសំដៅលើនគររបស់ខ្ញុំ។ មនុស្សមួយចំនួនគិតថា យេរូសាឡឹមគឺជាអង្គរបស់ខ្ញុំ។ មនុស្សមួយចំនួនគិតថា យេរូសាឡឹមគឺជាផ្ទៃមេឃ និងផែនដីថ្មី។ ហើយមនុស្សមួយចំនួនគិតថា យេរូសាឡឹមគឺជាពិភពលោកថ្មី ដែលនឹងកើតមានបន្ទាប់ពីខ្ញុំបំផ្លាញពិភពលោកនេះ។ ទោះបីជាគំនិតរបស់មនុស្សម្នាក់ស្មុគស្មាញយ៉ាងលើសលប់ និងអាចគិតស្រមៃយ៉ាងច្រើនក៏ដោយ ក៏ពួកគេនៅតែមិនអាចយល់អ្វីមួយអំពីយេរូសាឡឹមបានឡើយ។ ទូទាំងយុគសម័យនានា មនុស្សបាន និងកំពុងសង្ឃឹមចង់ស្គាល់ ឬចង់ឃើញអត្ថន័យពិតនៃពាក្យនេះ ប៉ុន្តែពួកគេមិនអាចបំពេញបំណងរបស់ពួកគេបានឡើយ ពួកគេទាំងអស់បានខកចិត្ត និងបានស្លាប់ ដោយបន្សល់ទុកសេចក្ដីប្រាថ្នារបស់ពួកគេនៅពីក្រោយ។ ពីព្រោះពេលនោះ ពេលវេលារបស់ខ្ញុំនៅមិនទាន់បានមកដល់ នោះខ្ញុំមិនអាចមានបន្ទូលប្រាប់នរណាម្នាក់ដោយងាយៗឡើយ។ ដោយសារតែពេលនេះ កិច្ចការរបស់ខ្ញុំបានសម្រេចមកដល់ដំណាក់កាលនេះ នោះខ្ញុំនឹងមានបន្ទូលប្រាប់អ្នករាល់គ្នាគ្រប់យ៉ាង។ យេរូសាឡឹមថ្មីគឺទាក់ទងទៅនឹងរឿងបួនយ៉ាង៖ សេចក្ដីក្រោធរបស់ខ្ញុំ បញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ នគររបស់ខ្ញុំ និងព្រះពរដ៏គ្មានទីបញ្ចប់ដែលខ្ញុំប្រទានដល់ពួកកូនប្រុសច្បងរបស់ខ្ញុំ។ មូលហេតុដែលខ្ញុំប្រើប្រាស់ពាក្យ «ថ្មី» គឺដោយសារតែទាំងបួនយ៉ាងនេះត្រូវបានលាក់បាំង។ ដោយសារតែគ្មាននរណាម្នាក់ស្គាល់ពីសេចក្ដីក្រោធរបស់ខ្ញុំ គ្មាននរណាម្នាក់ស្គាល់ពីបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ គ្មាននរណាម្នាក់បានឃើញនគររបស់ខ្ញុំ ហើយគ្មាននរណាម្នាក់បានរីករាយនឹងព្រះពររបស់ខ្ញុំ នោះពាក្យ «ថ្មី» សំដៅលើអ្វីដែលត្រូវបានលាក់បាំង។ គ្មាននរណាម្នាក់អាចយល់ទាំងស្រុងអំពីអ្វីដែលខ្ញុំបានមានបន្ទូលឡើយ ដោយសារតែយេរូសាឡឹមថ្មីបានចុះមកផែនដី ប៉ុន្តែគ្មាននរណាម្នាក់មានបទពិសោធដោយផ្ទាល់អំពីភាពពិតនៃយេរូសាឡឹមថ្មីឡើយ។ មិនថាខ្ញុំមានបន្ទូលអំពីវាយ៉ាងពេញលេញបែបណា ក៏មនុស្សនឹងមិនយល់ទាំងស្រុងឡើយ។ ទោះបីជាមាននរណាម្នាក់យល់ ក៏ការយល់នេះត្រឹមតែជាពាក្យសម្ដីរបស់ពួកគេ គំនិតរបស់ពួកគេ និងសញ្ញាណរបស់ពួកគេប៉ុណ្ណោះ។ នេះគឺជានិន្នាការដែលមិនអាចចៀសរួចឡើយ។ និន្នាការនេះគឺជាមាគ៌ាទៅមុខតែមួយគត់ ហើយគ្មាននរណាម្នាក់អាចដកខ្លួនចេញពីនិន្នាការនេះបានឡើយ។