ជំពូកទី ១០៥
ដោយសារតែគោលការណ៍នៅពីក្រោយព្រះបន្ទូលរបស់ខ្ញុំ និងដោយសារតែវិធីដែលខ្ញុំធ្វើកិច្ចការ នោះមនុស្សបដិសេធខ្ញុំ។ នេះគឺជាគោលបំណងនៅពីក្រោយការមានបន្ទូលរបស់ខ្ញុំតាំងពីយូរមកហើយ (នេះត្រូវបានសំដៅលើកូនចៅរបស់សត្វនាគដ៏ធំមានសម្បុរក្រហមទាំងអស់)។ នេះគឺជាវិធីសាស្ត្រប្រកបដោយព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ខ្ញុំ។ វាគឺជាការជំនុំជម្រះរបស់ខ្ញុំចំពោះសត្វនាគដ៏ធំមានសម្បុរក្រហម។ នេះគឺជាយុទ្ធសាស្ត្ររបស់ខ្ញុំ ហើយគ្មានមនុស្សណាម្នាក់អាចយល់វាយ៉ាងពេញលេញឡើយ។ រាល់ចំណុចគឺផ្លាស់ប្ដូរ មានន័យថា រាល់ដំណាក់កាលផ្លាស់ប្ដូរនៃផែនការគ្រប់គ្រងរបស់ខ្ញុំ មនុស្សមួយចំនួនត្រូវតែបានលុបបំបាត់។ ពួកគេត្រូវបានលុបបំបាត់ដោយផ្អែកលើជំហាននៃកិច្ចការរបស់ខ្ញុំ។ នេះហើយជាវិធី និងជាវិធីតែមួយគត់ដែលផែនការគ្រប់គ្រងទាំងមូលរបស់ខ្ញុំធ្វើកិច្ចការ។ បន្ទាប់ពីខ្ញុំបោះចោលមនុស្សដែលខ្ញុំចង់លុបបំបាត់ម្ដងម្នាក់ៗ នោះខ្ញុំចាប់ផ្ដើមជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ។ ទោះបីជាយ៉ាងណាក៏ដោយ នេះគឺជាពេលវេលាចុងក្រោយ ដែលការលុបបំបាត់នេះនឹងត្រូវបានធ្វើ (ហើយនេះសំដៅលើពួកជំនុំនៅក្នុងប្រទេសចិន) ហើយវាក៏ជាពេលវេលាដែលមនុស្សជាច្រើននឹងត្រូវបានលុបបំបាត់ ក្នុងអំឡុងពេលនៃដំណាក់កាលផ្លាស់ប្ដូរនេះ ចាប់តាំងពីការបង្កើតពិភពលោកមក។ ក្នុងប្រវត្តិសាស្ត្រ គ្រប់ពេលដែលមនុស្សត្រូវបានលុបបំបាត់ គឺមានមួយចំណែកដែលនៅសេសសល់ដើម្បីថ្វាយការបម្រើសម្រាប់កិច្ចការនៅពេលក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះមិនដូចទៅនឹងពេលមុនឡើយ។ វាជាពេលដ៏ស្អាតស្អំ និងពេញដោយសមត្ថភាព។ នេះគឺជាពេលវេលាដែលសំខាន់ និងគ្រប់ជ្រុងជ្រោយបំផុតក្នុងចំណោមពេលវេលាទាំងអស់។ ទោះបីជាមនុស្សភាគច្រើន បន្ទាប់ពីអានព្រះបន្ទូលរបស់ខ្ញុំ ព្យាយាមយកឈ្នះមន្ទិលសង្ស័យនៅក្នុងគំនិតរបស់ពួកគេក៏ដោយ ក៏ទីបំផុត ពួកគេមិនអាចយកឈ្នះវាបានឡើយ ហើយនៅទីបញ្ចប់ ពួកគេធ្លាក់ក្នុងការតស៊ូរបស់ពួកគេ។ នេះមិនមែនអាស្រ័យលើពួកគេជាអ្នកសម្រេចចិត្តឡើយ ពីព្រោះអ្នកដែលខ្ញុំបានកំណត់ទុក មិនអាចរត់គេចបានឡើយ ហើយអ្នកដែលខ្ញុំមិនបានកំណត់ទុក ខ្ញុំគ្រាន់តែអាចមិនទទួលយកប៉ុណ្ណោះ។ មានតែមនុស្សដែលខ្ញុំស្រឡាញ់ប៉ុណ្ណោះ គឺជាអ្នកដែលខ្ញុំរាប់រកយ៉ាងសមរម្យ។ បើមិនដូច្នោះទេ គ្មានបុគ្គលណាម្នាក់អាចចាកចេញ និងចូល ក្នុងនគររបស់ខ្ញុំដោយសេរីបានឡើយ។ នេះគឺជាដំបងដែករបស់ខ្ញុំ ហើយមានតែការណ៍នេះទេដែលជាទីបន្ទាល់ដ៏មានអំណាច និងជាការបើកបង្ហាញដ៏ពេញលេញនៃការអនុវត្តបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ ប្រាកដណាស់នេះមិនមែនជាបញ្ហានៃការគ្រាន់តែមានវិញ្ញាណឡើយ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលថា សាតាំងគ្មានអំណាចដើម្បីទប់ទល់នឹងការដួល? ជាដំបូង វាមានកម្លាំង ប៉ុន្តែសាតាំងនៅក្នុងព្រះហស្ដរបស់ខ្ញុំ។ ប្រសិនបើខ្ញុំបង្គាប់ឱ្យវាក្រាបចុះ នោះវាត្រូវតែក្រាបចុះ ហើយប្រសិនបើខ្ញុំបង្គាប់ឱ្យវាក្រោកឡើងដើម្បីថ្វាយការបម្រើចំពោះខ្ញុំ នោះវាត្រូវតែក្រោកឡើង ហើយថ្វាយការបម្រើចំពោះខ្ញុំ ហើយធ្វើយ៉ាងល្អ។ វាមិនមែនដោយសារសាតាំងចង់ធ្វើបែបនេះឡើយ។ វាដោយសារតែដំបងដែករបស់ខ្ញុំត្រួតត្រាសាតាំង ហើយមានតែវិធីនេះទេ ទើបវាជឿក្នុងចិត្ត និងក្នុងពាក្យសម្ដី។ បញ្ញត្តិរដ្ឋបាលរបស់ខ្ញុំគ្រប់គ្រងវា ហើយខ្ញុំមានព្រះចេស្ដារបស់ខ្ញុំ ដូច្នេះ សាតាំងមិនអាចធ្វើអ្វីបានក្រៅពីជឿទាំងស្រុងឡើយ។ វាត្រូវតែបានជាន់នៅក្រោមទ្រនាប់ព្រះបាទរបស់ខ្ញុំ ដោយគ្មានដាននៃភាពរឹងទទឹងឡើយ។ នៅក្នុងអតីតកាល នៅពេលដែលវាកំពុងតែថ្វាយការបម្រើចំពោះពួកកូនប្រុសរបស់ខ្ញុំ សាតាំងព្រហើនខ្លាំងណាស់ ហើយចង់សម្លុតពួកគេ ដោយសង្ឃឹមថានឹងធ្វើឱ្យខ្ញុំអាម៉ាស់ និងចង់អះអាងថា ខ្ញុំគ្មានសមត្ថភាព។ អីក៏ខ្វាក់ម៉្លេះ! ខ្ញុំនឹងជាន់ឈ្លីអ្នកដល់ស្លាប់! ធ្វើទៅ។ ខ្ញុំមិនខ្លាចនឹងឱ្យអ្នកសាហាវម្ដងទៀតឡើយ! ខ្ញុំមិនខ្លាចនឹងឱ្យអ្នកប្រព្រឹត្តចំពោះពួកកូនប្រុសរបស់ខ្ញុំដោយភាពព្រងើយកន្តើយដ៏ឥតមេត្តាម្ដងទៀតឡើយ! កាលណាមនុស្សកាន់តែស្មោះត្រង់ ហើយពួកគេកាន់តែស្ដាប់ព្រះបន្ទូលរបស់ខ្ញុំ និងចុះចូលចំពោះខ្ញុំ នោះអ្នកអ្នកកាន់តែបំពានពួកគេ និងទុកពួកគេចោល (នៅទីនេះ ខ្ញុំកំពុងតែសំដៅលើការប្រមូលផ្ដុំអ្នកផ្សំគំនិតរបស់អ្នក ដើម្បីបង្កើតក្រុមបះបោរ)។ ពេលនេះ ពេលវេលានៃភាពសាហាវរបស់អ្នកបានមកដល់ទីបញ្ចប់ហើយ ហើយបន្តិចម្ដងៗ ខ្ញុំនឹងបញ្ចប់អ្នក។ ខ្ញុំនឹងមិនឱ្យអ្នកយកអ្វីបន្តិចដែលអ្នកបានធ្វើចេញទៅបានឡើយ។ ពេលនេះ វាមិនមែនអ្នកទេ សាតាំងអើយ ដែលបានទទួលអំណាចនោះ។ ផ្ទុយទៅវិញ ខ្ញុំបានទទួលអំណាចនោះមកវិញហើយ ហើយពេលវេលាដើម្បីកោះហៅពួកកូនប្រុសរបស់ខ្ញុំ ដើម្បីដោះស្រាយជាមួយអ្នក បានមកដល់ហើយ។ អ្នកត្រូវតែស្ដាប់បង្គាប់ ហើយមិនត្រូវរឹងទទឹងសូម្បីតែបន្តិចឡើយ។ មិនថាអ្នកបានប្រព្រឹត្តល្អបែបណានៅចំពោះខ្ញុំកាលពីអតីតកាលឡើយ ទង្វើនោះនឹងមិនជួយអ្នកនៅបច្ចុប្បន្ននេះឡើយ។ ប្រសិនបើអ្នកមិនមែនជាម្នាក់ក្នុងចំណោមអ្នកដែលខ្ញុំស្រឡាញ់ទេ នោះខ្ញុំមិនចង់បានអ្នកឡើយ។ ចំនួនច្រើនពេក គឺមិនអាចទទួលយកបានឡើយ។ វាត្រូវតែជាចំនួនដែលខ្ញុំបានកំណត់ ហើយតិចជាងចំនួននោះតែមួយ គឺកាន់តែអាក្រក់ថែមទៀត។ សាតាំងអើយ ចូរកុំរំខានអី! តើទៅរួចទេ ដែលខ្ញុំមិនច្បាស់នៅក្នុងព្រះទ័យរបស់ខ្ញុំ ថានរណាដែលខ្ញុំស្រឡាញ់ និងនរណាដែលខ្ញុំស្អប់នោះ? តើខ្ញុំត្រូវការឱ្យអ្នករំលឹកខ្ញុំឬ? តើសាតាំងអាចបង្កើតពួកកូនប្រុសរបស់ខ្ញុំបានទេ? គ្រប់យ៉ាងគឺមិនសមហេតុផលឡើយ! គ្រប់យ៉ាងគឺអាក្រក់ណាស់! ខ្ញុំនឹងបោះបង់ចោលគ្រប់យ៉ាងទាំងស្រុង។ ខ្ញុំមិនសព្វព្រះទ័យចង់បានសូម្បីតែម្នាក់ឡើយ។ គ្រប់គ្នាត្រូវតែចេញទៅ! ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំដល់ទីបញ្ចប់ កិច្ចការរបស់ខ្ញុំត្រូវបានបំពេញ ហើយខ្ញុំត្រូវតែជម្រះចេញនូវហ្វូងសត្វតិរច្ឆាន និងមនុស្សតិរច្ឆាននេះ!
អ្នកដែលជឿលើព្រះបន្ទូលរបស់ខ្ញុំ និងអនុវត្តព្រះបន្ទូល ត្រូវតែជាអ្នកដែលខ្ញុំស្រឡាញ់។ ខ្ញុំនឹងមិនបោះបង់ចោលពួកគេសូម្បីតែម្នាក់ឡើយ ហើយខ្ញុំនឹងមិនឱ្យនរណាម្នាក់ទៅឡើយ។ ដូច្នេះ អ្នកដែលជាពួកកូនប្រុសច្បង មិនត្រូវព្រួយបារម្ភឡើយ។ ដោយសារតែព្រះពរនោះត្រូវបានខ្ញុំប្រទានឱ្យ នោះគ្មាននរណាម្នាក់អាចយកព្រះពរនោះទៅណាបានឡើយ ហើយខ្ញុំត្រូវតែប្រទានព្រះពរនោះដល់អ្នកដែលខ្ញុំប្រទានពរ។ អ្នកដែលខ្ញុំបានយល់ព្រម (មុនពេលបង្កើតពិភពលោក) នោះខ្ញុំប្រទានព្រះពរ (ថ្ងៃនេះ)។ នេះគឺជាវិធីដែលខ្ញុំធ្វើកិច្ចការ ហើយវាក៏ជាគោលការណ៍ចម្បងនៅពីក្រោយខនីមួយៗដែលមានចែងនៅក្នុងបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំដែរ ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរវាបានឡើយ។ គ្មានមួយពាក្យ ឬគ្មានមួយប្រយោគណាត្រូវបានបន្ថែមឡើយ ហើយក៏គ្មានសូម្បីតែមួយពាក្យ ឬមួយប្រយោគត្រូវបានរំលងដែរ។ នៅក្នុងអតីតកាល ខ្ញុំតែងតែបានមានបន្ទូលថា អង្គរបស់ខ្ញុំលេចមកចំពោះអ្នករាល់គ្នា។ ដូច្នេះ តើអ្វីជា «អង្គ» របស់ខ្ញុំ ហើយតើអង្គរបស់ខ្ញុំលេចមកយ៉ាងដូចម្ដេច? តើនេះគ្រាន់តែសំដៅលើអង្គរបស់ខ្ញុំឬ? តើវាគ្រាន់តែសំដៅលើប្រយោគនីមួយៗដែលខ្ញុំមានបន្ទូលឬ? ខណៈដែលមិនអាចកាត់ផ្ដាច់ពីគ្នាបាន ចំណុចទាំងពីរនេះគ្រាន់តែបង្កើតជាផ្នែកដ៏តូចមួយប៉ុណ្ណោះ។ មានន័យថា ចំណុចទាំងពីរនេះ មិនមានការពន្យល់ដ៏ពេញលេញអំពីអង្គរបស់ខ្ញុំឡើយ។ អង្គរបស់ខ្ញុំរួមមាន អង្គជាសាច់ឈាមរបស់ខ្ញុំ ព្រះបន្ទូលរបស់ខ្ញុំ និងទង្វើរបស់ខ្ញុំផងដែរ ប៉ុន្តែ ការពន្យល់ដ៏ចំបំផុត គឺថា ពួកកូនប្រុសច្បងរបស់ខ្ញុំ និងខ្ញុំ គឺជាអង្គរបស់ខ្ញុំ។ មានន័យថា ក្រុមគ្រីស្ទបរិស័ទមួយក្រុម ដែលសោយរាជ្យ និងកាន់កាប់អំណាច គឺជាអង្គរបស់ខ្ញុំ។ ដូច្នេះ ពួកកូនប្រុសច្បងម្នាក់ៗគឺមិនអាចកាត់ផ្ដាច់ចេញពីគ្នាបានឡើយ ហើយគឺជាផ្នែកមួយនៃអង្គរបស់ខ្ញុំ ដូច្នេះហើយ ខ្ញុំសង្កត់ធ្ងន់ថា ចំនួនមនុស្សមិនអាចច្រើនពេកឡើយ (ដូច្នេះ នឹងនាំភាពអាម៉ាស់ដល់ព្រះនាមរបស់ខ្ញុំ) ហើយកាន់តែសំខាន់ជាងនេះ ចំនួនមនុស្សក៏មិនអាចតិចពេកដែរ (ដូច្នេះ មិនអាចបើកបង្ហាញខ្ញុំយ៉ាងពេញលេញឡើយ)។ ជាងនេះទៅទៀត ខ្ញុំសង្កត់ធ្ងន់ម្ដងហើយម្ដងទៀថា ពួកកូនប្រុសច្បងគឺជាមនុស្សជាទីស្រឡាញ់បំផុតរបស់ខ្ញុំ ជារតនសម្បត្តិរបស់ខ្ញុំ និងជាការបង្ហាញឱ្យឃើញនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ខ្ញុំ។ មានតែពួកគេទេដែលអាចតំណាងការបើកបង្ហាញដ៏ពេញលេញរបស់ខ្ញុំ។ ខ្ញុំផ្ទាល់ អាចត្រឹមតែជាការបើកបង្ហាញដ៏ពេញលេញនៃអង្គរបស់ខ្ញុំប៉ុណ្ណោះ។ មានតែជាមួយគ្នានឹងពួកកូនប្រុសច្បងប៉ុណ្ណោះ ទើបខ្ញុំផ្ទាល់អាចត្រូវបាននិយាយថា ជាការបើកបង្ហាញដ៏ពេញលេញ និងគ្រប់លក្ខណ៍។ ដូច្នេះ ខ្ញុំបានដាក់ការទាមទារយ៉ាងតឹងរ៉ឹងលើពួកកូនប្រុសច្បងរបស់ខ្ញុំ ដោយគ្មានរំលងអ្វីមួយឡើយ ហើយខ្ញុំកាត់បន្ថយ និងសម្លាប់អ្នកដែលក្រៅពីពួកកូនប្រុសច្បងរបស់ខ្ញុំម្ដងហើយម្ដងទៀត។ នេះគឺជាឫសគល់នៃគ្រប់យ៉ាងដែលខ្ញុំបានមានបន្ទូល ហើយជាគោលដៅចុងក្រោយនៃគ្រប់យ៉ាងដែលខ្ញុំបានមានបន្ទូល។ ជាងនេះទៅទៀត ម្ដងហើយម្ដងទៀត ខ្ញុំសង្កត់ធ្ងន់ថា ពួកគេត្រូវតែជាមនុស្សដែលត្រូវបានខ្ញុំទទួល ជាអ្នកដែលខ្ញុំបានជ្រើសរើសដោយផ្ទាល់ចាប់តាំងពីការបង្កើតពិភពលោក។ ដូច្នេះ តើពាក្យ «លេចមក» អាចត្រូវបានពន្យល់យ៉ាងដូចម្ដេច? តើវាស្ដីអំពីពេលវេលាដែលមនុស្សចូលទៅក្នុងពិភពខាងវិញ្ញាណឬទេ? មនុស្សភាគច្រើនជឿថា វាគឺជាពេលវេលាដែលអង្គជាសាច់ឈាមរបស់ខ្ញុំត្រូវបានតែងតាំង ឬជាពេលវេលាដែលពួកគេបានឃើញអង្គជាសាច់ឈាមរបស់ខ្ញុំ ប៉ុន្តែការនិយាយទាំងអស់នេះគឺខុសទាំងអស់។ សូម្បីតែក្បែរក៏មិនក្បែរផង។ ផ្អែកតាមអត្ថន័យដើម ពាក្យ «លេចមក» គ្មានពិបាកយល់សោះ ប៉ុន្តែដើម្បីយល់វាដោយផ្អែកលើបំណងព្រះហឫទ័យរបស់ខ្ញុំ គឺពិបាកជាងនេះ។ វាអាចត្រូវបាននិយាយដូច្នេះ៖ នៅពេលដែលខ្ញុំបានបង្កើតមនុស្សជាតិ ខ្ញុំបានដាក់គុណភាពរបស់ខ្ញុំចូលទៅក្នុងក្រុមមនុស្សដែលខ្ញុំបានស្រឡាញ់នេះ ហើយមនុស្សក្រុមនេះគឺជាអង្គរបស់ខ្ញុំ។ និយាយមួយបែបទៀត ពេលនោះអង្គរបស់ខ្ញុំបានលេចមករួចហើយ។ វាមិនមែនអង្គរបស់ខ្ញុំបានលេចមកបន្ទាប់ពីព្រះនាមនេះត្រូវបានទទួលឡើយ។ ផ្ទុយទៅវិញ គឺវាបានលេចមកបន្ទាប់ពីខ្ញុំបានកំណត់មនុស្សក្រុមនេះ ពីព្រោះពួកគេមានលក្ខណសម្បត្តិគុណភាពរបស់ខ្ញុំ (ធម្មជាតិរបស់ពួកគេមិនផ្លាស់ប្ដូរ ហើយពួកគេនៅតែជាផ្នែកមួយនៃអង្គរបស់ខ្ញុំ)។ ដូច្នេះ ចាប់ពីពេលនៃការបង្កើតពិភពលោករហូតដល់ពេលបច្ចុប្បន្ន អង្គរបស់ខ្ញុំតែងតែបានលេចមកជានិច្ច។ មនុស្សភាគច្រើនជឿលើសញ្ញាណថា អង្គជាសាច់ឈាមរបស់ខ្ញុំ គឺជាអង្គរបស់ខ្ញុំ ដែលពិតជាមិនមែនដូច្នោះឡើយ។ ការយល់ឃើញនោះ គ្រាន់តែកើតឡើងក្នុងគំនិត និងសញ្ញាណរបស់ពួកគេប៉ុណ្នោះ។ ប្រសិនបើអង្គជាសាច់ឈាមរបស់ខ្ញុំ គឺជាអង្គរបស់ខ្ញុំ នោះនឹងគ្រប់គ្រាន់ដើម្បីធ្វើឱ្យសាតាំងអាម៉ាស់។ វានឹងមិនផ្ដល់សិរីល្អដល់ព្រះនាមរបស់ខ្ញុំឡើយ ហើយពិតណាស់ វានឹងមានលទ្ធផលផ្ទុយ ដែលនោះនឹងនាំយកភាពអាម៉ាស់ចំពោះព្រះនាមរបស់ខ្ញុំ និងក្លាយជាសញ្ញាសម្គាល់មួយ នៃការធ្វើឱ្យអាម៉ាស់របស់សាតាំង ចំពោះព្រះនាមរបស់ខ្ញុំ ទូទាំងយុគសម័យនានា។ ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប្រកបដោយព្រះប្រាជ្ញាញាណ ហើយខ្ញុំនឹងមិនដែលធ្វើរឿងដែលឆ្កួតលេលាបែបនេះឡើយ។
កិច្ចការរបស់ខ្ញុំត្រូវតែមានលទ្ធផល ហើយជាងនេះទៅទៀត ខ្ញុំត្រូវតែថ្លែងព្រះបន្ទូលដោយវិធីសាស្ត្រ។ គ្រប់កិច្ចការ និងព្រះសូរសៀងរបស់ខ្ញុំ ត្រូវបានមានបន្ទូលព្រមជាមួយនឹងព្រះវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំមានបន្ទូលដោយផ្អែកលើគ្រប់យ៉ាងដែលព្រះវិញ្ញាណរបស់ខ្ញុំធ្វើ។ ដូច្នេះហើយ តាមរយៈព្រះបន្ទូលរបស់ខ្ញុំ គ្រប់គ្នាគួរតែមានអារម្មណ៍អំពីព្រះវិញ្ញាណរបស់ខ្ញុំ និងមើលឃើញអ្វីដែលព្រះវិញ្ញាណរបស់ខ្ញុំកំពុងតែធ្វើ។ ពួកគេគួរតែឃើញអ្វីដែលខ្ញុំចង់ធ្វើយ៉ាងពិតប្រាកដ ពួកគេគួរតែឃើញវិធីសាស្ត្រដែលខ្ញុំធ្វើកិច្ចការដោយផ្អែកលើព្រះបន្ទូលរបស់ខ្ញុំ ហើយឃើញអ្វីដែលជាគោលការណ៍នៃផែនការគ្រប់គ្រងទាំងមូលរបស់ខ្ញុំ។ ខ្ញុំទតមើលរូបភាពទាំងមូលនៃពិភពលោក៖ គ្រប់មនុស្ស គ្រប់ព្រឹត្តិការណ៍ និងគ្រប់ទីកន្លែងទាំងអស់ គឺស្ថិតក្រោមការបញ្ជារបស់ខ្ញុំ។ គ្មាននរណាម្នាក់ហ៊ានបំពានផែនការរបស់ខ្ញុំបានឡើយ។ គ្រប់យ៉ាងគឺបោះជំហានទៅមុខជាជំហានៗតាមលំដាប់លំដោយដែលខ្ញុំបានបញ្ជា។ នេះគឺជាព្រះចេស្ដារបស់ខ្ញុំ។ នេះគឺជាកន្លែងដែលព្រះប្រាជ្ញាញាណនៃការគ្រប់គ្រងផែនការទាំងមូលរបស់ខ្ញុំស្ថិតនៅ។ គ្មាននរណាម្នាក់អាចយល់ទាំងស្រុង ឬនិយាយយ៉ាងច្បាស់បានឡើយ។ គ្រប់យ៉ាងត្រូវបានបំពេញដោយខ្ញុំផ្ទាល់ និងត្រូវបានត្រួតត្រាដោយខ្ញុំតែមួយអង្គគត់។