ជំពូកទី ១០៤

មនុស្ស ហេតុការណ៍ និងអ្វីៗទាំងអស់ដែលនៅក្រៅខ្ញុំ នឹងត្រូវស្លាប់ទៅក្នុងភាពទទេ ខណៈដែលមនុស្ស ហេតុការណ៍ និងអ្វីៗទាំងអស់ដែលនៅក្នុងខ្ញុំនឹងទទួលបានអ្វីៗគ្រប់យ៉ាងពីខ្ញុំ ហើយចូលទៅក្នុងសិរីល្អជាមួយខ្ញុំ ចូលទៅក្នុងភ្នំស៊ីយ៉ូនរបស់ខ្ញុំ ចូលទៅក្នុងនិវេសនដ្ឋានរបស់ខ្ញុំ និងនៅជាមួយខ្ញុំជារៀងរហូត។ ខ្ញុំបានបង្កើតរបស់សព្វសារពើនៅគ្រាដំបូងបង្អស់ ហើយខ្ញុំនឹងបញ្ចប់កិច្ចការរបស់ខ្ញុំនៅទីចុងក្រោយ។ ខ្ញុំក៏នឹងរស់នៅ ហើយត្រួតត្រាជាសេ្ដចជារៀងរហូតដែរ។ ក្នុងអំឡុងពេលអន្ដរាគមន៍ ខ្ញុំក៏ដឹកនាំ និងបញ្ជាសកលលោកទាំងមូល។ គ្មាននរណាម្នាក់អាចយកសិទ្ធិអំណាចរបស់ខ្ញុំពីខ្ញុំបានទេ ដោយសារតែខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គមួយអង្គ។ ជាងនេះទៅទៀត ខ្ញុំមានព្រះចេស្ដាដើម្បីផ្ទេរសិទ្ធិអំណាចរបស់ខ្ញុំ ទៅដល់ពួកកូនប្រុសច្បងរបស់ខ្ញុំ ប្រយោជន៍ឱ្យពួកគេអាចសោយរាជ្យជាមួយខ្ញុំ។ អ្វីៗទាំងនេះនឹងកើតមានជារៀងរហូត ហើយមិនអាចផ្លាស់ប្ដូរឡើយ។ នេះគឺជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ (ទីណាក៏ដោយដែលខ្ញុំពិភាក្សាអំពីបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ គឺខ្ញុំសំដៅទៅលើអ្វីដែលកើតឡើងនៅក្នុងនគររបស់ខ្ញុំ និងអ្វីដែលនឹងកើតមានជារៀងរហូត ហើយមិនអាចផ្លាស់ប្ដូរ)។ គ្រប់គ្នាត្រូវតែជឿដោយអស់ពីចិត្ត ហើយត្រូវតែមើលឃើញព្រះចេស្ដាដ៏អស្ចារ្យរបស់ខ្ញុំនៅក្នុងអស់អ្នកដែលខ្ញុំស្រឡាញ់។ គ្មាននរណាម្នាក់អាចធ្វើឱ្យព្រះនាមរបស់ខ្ញុំអាម៉ាស់ទេ។ នរណាដែលធ្វើឱ្យព្រះនាមរបស់ខ្ញុំអាម៉ាស់ ត្រូវតែចេញពីទីនេះ! វាមិនមែនដោយសារខ្ញុំគ្មានសេចក្ដីមេត្តាករុណានោះទេ ប៉ុន្តែគឺដោយសារតែអ្នកមិនសុចរិត។ ប្រសិនបើអ្នកបំពានការវាយផ្ចាលរបស់ខ្ញុំ នោះខ្ញុំនឹងដោះស្រាយជាមួយអ្នក ហើយបណ្ដាលឱ្យអ្នកស្លាប់ដ៏អស់កល្បជានិច្ច។ (ពិតណាស់ ទាំងអស់នេះ ត្រូវបានសំដៅទៅរកមនុស្សដែលមិនមែនជាពួកកូនប្រុសច្បងរបស់ខ្ញុំ។) សំរាមបែបនេះ គឺមិនត្រូវបានស្វាគមន៍នៅក្នុងដំណាក់របស់ខ្ញុំឡើយ ដូច្នេះ ចូរប្រញាប់ឡើង ហើយចេញពីទីនេះទៅ! ចូរកុំបង្អង់មួយនាទីឡើយ ឬសូម្បីតែមួយវិនាទីឡើយ! អ្នកត្រូវតែធ្វើអ្វីដែលខ្ញុំមានបន្ទូល បើមិនដូច្នោះទេ ខ្ញុំនឹងបំផ្លាញអ្នកដោយព្រះបន្ទូលមួយម៉ាត់។ យកល្អ អ្នកមិនត្រូវនៅស្ទាក់ស្ទើរឡើយ ហើយយកល្អ អ្នកមិនត្រូវព្យាយាមបោកបញ្ឆោតឡើយ។ ពេលនៅមុខព្រះភ័ក្ត្ររបស់ខ្ញុំ អ្នកនិយាយដោយឥតហេតុផល ហើយភូតកុហកនៅចំពោះព្រះភ័ក្រ្ដរបស់ខ្ញុំ។ ចូរប្រញាប់ឡើង ហើយចេញទៅ! ពេលវេលាដែលខ្ញុំមានសម្រាប់អ្វីៗបែបនេះ គឺមានកំណត់។ (នៅពេលដែលវាដល់ពេលបម្រើ មនុស្សទាំងនេះនឹងបម្រើ ហើយនៅពេលដែលដល់ពេលចាកចេញ នោះពួកគេនឹងចាកចេញ។ ខ្ញុំធ្វើអ្វីៗដោយប្រាជ្ញា មិនលើសពេលវេលាត្រឹមមួយនាទី ឬសូម្បីតែមួយវិនាទីឡើយ។ គឺមិនដែលលើសបន្តិចឡើយ។ សកម្មភាពរបស់ខ្ញុំទាំងអស់គឺសុចរិត ហើយត្រឹមត្រូវទាំងស្រុង។) ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលនិយាយអំពីពួកកូនប្រុសច្បងរបស់ខ្ញុំ គឺខ្ញុំអត់ទ្រាំឥតដែនកំណត់ ហើយសេចក្ដីស្រឡាញ់របស់ខ្ញុំសម្រាប់អ្នកគឺអស់កល្បជានិច្ច ដោយធ្វើឱ្យអ្នករាល់គ្នាអាចរីករាយនឹងព្រះពរដ៏ល្អ និងជីវិតដ៏អស់កល្បជារៀងរហូតជាមួយខ្ញុំ។ ស្របពេលជាមួយគ្នានេះ អ្នកនឹងមិនដែលទ្រាំនឹងឧបសគ្គណាមួយ ឬត្រូវតែឆ្លងកាត់ការជំនុំជម្រះរបស់ខ្ញុំឡើយ។ (នេះសំដៅទៅលើ នៅពេលដែលអ្នកចាប់ផ្ដើមរីករាយនឹងព្រះពរ)។ នេះគឺជាព្រះពរដ៏ឥតកំណត់ ហើយគឺជាសេចក្ដីសន្យាដែលខ្ញុំបានធ្វើចំពោះពួកកូនប្រុសច្បងរបស់ខ្ញុំ នៅពេលដែលខ្ញុំបានបង្កើតពិភពលោក។ អ្នករាល់គ្នាគួរតែមើលឃើញសេចក្ដីសុចរិតរបស់ខ្ញុំនៅទីនេះ៖ ខ្ញុំស្រឡាញ់អស់អ្នកដែលខ្ញុំបានកំណត់ទុកជាមុន ហើយខ្ញុំស្អប់អស់អ្នកដែលខ្ញុំបានបោះបង់ចោល និងផាត់ចោលជារៀងរហូត។

ក្នុងនាមជាពួកកូនប្រុសច្បងរបស់ខ្ញុំ អ្នកទាំងអស់គ្នាគួរតែប្រកាន់ខ្ជាប់ភារកិច្ចផ្ទាល់ខ្លួនរបស់អ្នក ហើយឈរយ៉ាងរឹងមាំនៅក្នុងជំហរផ្ទាល់ខ្លួនរបស់អ្នក។ ចូរធ្វើជាផ្លែឈើទុំដំបូងដែលមកដល់នៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ហើយទទួលយកការត្រួតពិនិត្យដោយផ្ទាល់របស់ខ្ញុំ នោះទើបអ្នករាល់គ្នាអាចបង្ហាញអំពីសរូបអង្គដ៏រុងរឿងរបស់ខ្ញុំ ហើយទើបពន្លឺនៃសិរីល្អរបស់ខ្ញុំអាចបញ្ចេញពន្លឺតាមយៈមុខរបស់អ្នករាល់គ្នា នោះទើបសូរសៀងរបស់ខ្ញុំអាចត្រូវបានចែកចាយចេញពីមាត់របស់អ្នករាល់គ្នា នោះទើបនគររបស់ខ្ញុំអាចត្រូវបានគ្រប់គ្រងដោយអ្នករាល់គ្នា ហើយទើបរាស្ត្ររបស់ខ្ញុំអាចត្រូវបានត្រួតត្រាដោយអ្នករាល់គ្នា។ នៅទីនេះ ខ្ញុំលើកឡើងអំពី «ផ្លែឈើទុំដំបូង» ក៏ដូចជាពាក្យ «មកដល់។» តើ «ផ្លែឈើទុំដំបូង» ជាអ្វី? ផ្អែកលើសញ្ញាណរបស់មនុស្ស ពួកគេគិតថា ពួកវាគឺជាមនុស្សក្រុមដំបូងដែលបានមកដល់ ឬជាអ្នកទទួលជ័យជម្នះ ឬមនុស្សដែលជាពួកកូនប្រុសច្បង។ ទាំងអស់នេះគឺជាការជឿខុស និងជាការបកស្រាយខុសអំពីព្រះបន្ទូលរបស់ខ្ញុំ។ ផ្លែឈើទុំដំបូង គឺជាមនុស្សដែលបានទទួលការបើកសម្ដែងពីខ្ញុំ ហើយជាអ្នកដែលខ្ញុំបានប្រទានសិទ្ធិអំណាចឱ្យ។ ពាក្យ «ទុំដំបូង» សំដៅលើការស្ថិតនៅក្នុងកម្មសិទ្ធិរបស់ខ្ញុំ និងការដែលត្រូវបានកំណត់ទុកជាមុន និងជ្រើសរើសដោយខ្ញុំ។ «ទុំដំបូង» មិនមានន័យថា «ទីមួយនៅក្នុងលំដាប់លំដោយ» នោះទេ។ «ផ្លែឈើទុំដំបូង» មិនមែនជាអ្វីៗខាងសម្ភារៈដែលមនុស្សមើលឃើញនឹងភ្នែកឡើយ។ អ្វីដែលហៅថា «ផ្លែឈើ» សំដៅទៅលើអ្វីៗដែលបញ្ចេញក្លិនក្រអូប (នេះគឺជាអត្ថន័យតំណាង)។ មានន័យថា វាសំដៅលើមនុស្សដែលអាចសម្ដែងចេញពីខ្ញុំ បើកបង្ហាញពីខ្ញុំ ហើយរស់នៅជាមួយខ្ញុំជារៀងរហូត។ នៅពេលដែលខ្ញុំនិយាយដល់ «ផ្លែឈើ» ខ្ញុំកំពុងសំដៅលើពួកកូនប្រុស និងរាស្ត្ររបស់ខ្ញុំទាំងអស់ ខណៈពេលដែល «ផ្លែឈើទុំដំបូង» សំដៅលើពួកកូនប្រុសច្បងដែលនឹងសោយរាជ្យជាស្ដេចជាមួយខ្ញុំ។ ដូច្នេះហើយ «ទុំដំបូង» គួរតែត្រូវបានពន្យល់ថា ជាការមានសិទ្ធិអំណាច។ នោះគឺជាអត្ថន័យពិតរបស់វា។ «ការមកដល់» មិនមានន័យថា ត្រូវបានយកពីកន្លែងទាបមកដាក់កន្លែងខ្ពស់ ដូចដែលមនុស្សគិតស្រមៃនោះទេ។ នោះគឺជាការយល់ខុសដ៏ធ្ងន់ធ្ងរ។ «ការមកដល់» សំដៅទៅលើការកំណត់ទុកជាមុនរបស់ខ្ញុំ ហើយក្រោយមករើសតាំង។ វាសំដៅទៅលើអស់អ្នកដែលខ្ញុំបានកំណត់ទុកជាមុន និងបានរើសតាំង។ អស់អ្នកដែលបានមកដល់ គឺជាមនុស្សដែលបានទទួលឋានៈជាពួកកូនប្រុសច្បង ឬពួកកូនប្រុស ឬអ្នកដែលជារាស្ត្ររបស់ព្រះជាម្ចាស់។ នេះគឺវាមិនស្របគ្នាទៅនឹងសញ្ញាណរបស់មនុស្សឡើយ។ អស់អ្នកណាដែលនឹងមានចំណែកនៅក្នុងដំណាក់របស់ខ្ញុំនៅពេលអនាគត គឺជាអស់អ្នកដែលបានមកដល់ចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ។ នេះគឺពិតប្រាកដណាស់ មិនដែលផ្លាស់ប្ដូរ និងមិនអាចបដិសេធបានឡើយ។ វាគឺជាការវាយបកប្រឆាំងនឹងសាតាំង។ នរណាដែលខ្ញុំបានកំណត់ទុកជាមុននឹងបានមកដល់ចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ។

តើមនុស្សម្នាក់អាចពន្យល់ពី «ត្រែបរិសុទ្ធ» បានយ៉ាងដូចម្ដេច? តើអ្វីជាការយល់ដឹងរបស់អ្នករាល់គ្នាអំពីរឿងនេះ? ហេតុអ្វីបានជានិយាយថា បរិសុទ្ធ ហើយថាវាត្រូវបានបន្លឺសម្លេងរួចហើយទៅវិញ? សំណួរនេះ គួរតែត្រូវបានពន្យល់ចេញពីជំហាននៃកិច្ចការរបស់ខ្ញុំ ហើយត្រូវបានយល់ចេញពីវិធីសាស្ត្រដែលខ្ញុំធ្វើកិច្ចការ។ ពេលវេលាដែលការជំនុំជម្រះរបស់ខ្ញុំត្រូវបានប្រកាស គឺនៅពេលដែលនិស្ស័យរបស់ខ្ញុំត្រូវបានបើកសម្ដែងទៅដល់ជាតិសាសន៍ និងមនុស្សទាំងអស់។ នោះគឺជាពេលដែលត្រែបរិសុទ្ធត្រូវបានបន្លឺសម្លេងឡើង។ មានន័យថា ជារឿយៗ ខ្ញុំតែងតែមានបន្ទូលថា និស្ស័យរបស់ខ្ញុំគឺបរិសុទ្ធ និងមិនអាចប្រមាថមើលងាយបានទេ ដូច្នេះហើយបានជាពាក្យ «បរិសុទ្ធ» ត្រូវបានប្រើដើម្បីពណ៌នាអំពី «ត្រែ»។ ចេញពីការពន្យល់នេះ វាបញ្ជាក់ឱ្យឃើញថា «ត្រែ» សំដៅលើនិស្ស័យរបស់ខ្ញុំ ហើយតំណាងឱ្យអ្វីដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ខ្ញុំ។ វាក៏អាចនិយាយបានថា ការជំនុំជម្រះរបស់ខ្ញុំ គឺកំពុងដំណើរការទៅមុខជារៀងរាល់ថ្ងៃដែរ សេចក្ដីក្រោធរបស់ខ្ញុំកំពុងត្រូវបានបញ្ចេញជារៀងរាល់ថ្ងៃ ហើយបណ្ដាសារបស់ខ្ញុំកើតឡើងជារៀងរាល់ថ្ងៃលើរឿងនីមួយៗ ដែលមិនស្របនឹងនិស្ស័យរបស់ខ្ញុំ។ ដូច្នេះ វាអាចនិយាយបានថា ពេលវេលាដែលការជំនុំជម្រះរបស់ខ្ញុំចាប់ផ្ដើម គឺជាពេលដែលត្រែដ៏បរិសុទ្ធត្រូវបានបន្លឺសម្លេងឡើង ហើយវាបន្តបន្លឺសម្លេងជារៀងរាល់ថ្ងៃ ដោយគ្មានបន្ថយមួយរយៈ ឬដោយឥតឈប់សូម្បីតែមួយនាទី ឬមួយវិនាទីឡើយ។ ចាប់ពីពេលនេះទៅ ត្រែដ៏បរិសុទ្ធនឹងបន្លឺសម្លេងកាន់តែខ្លាំងឡើងៗ ជាមួយនឹងការកើតឡើងជាបន្តបន្ទាប់នៃគ្រោះមហន្តរាយដ៏ធំធេង។ ម៉្យាងទៀត ជាមួយនឹងការបើកសម្ដែងពីការជំនុំជម្រះដ៏សុចរិតរបស់ខ្ញុំ នោះនិស្ស័យរបស់ខ្ញុំនឹងត្រូវបង្ហាញឱ្យឃើញជាសាធារណៈកាន់តែច្រើនឡើងៗ ហើយអ្វីដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ខ្ញុំ នឹងត្រូវបន្ថែមកាន់តែច្រើនឡើងៗទៅដល់ពួកកូនប្រុសច្បងរបស់ខ្ញុំ។ នេះគឺជាវិធីដែលខ្ញុំនឹងធ្វើកិច្ចការនៅពេលអនាគត៖ ម៉្យាង ការរក្សា និងការសង្គ្រោះអស់អ្នកដែលខ្ញុំស្រឡាញ់ រីឯម៉្យាងទៀត ការប្រើប្រាស់ព្រះបន្ទូលរបស់ខ្ញុំគឺដើម្បីបើកសម្ដែងពីអស់អ្នកដែលខ្ញុំស្អប់។ ចូរចងចាំទុកចុះ! នេះគឺជាវិធីសាស្ត្រនៃកិច្ចការរបស់ខ្ញុំ ជាជំហាននៃកិច្ចការរបស់ខ្ញុំ ដែលពិតប្រាកដយ៉ាងច្បាស់។ ខ្ញុំបានដាក់ផែនការនេះចាប់តាំងពីការបង្កើតមក ហើយវាមិនអាចត្រូវបានផ្លាស់ប្ដូរដោយនរណាម្នាក់ឡើយ។

នៅមានផ្នែកជាច្រើនទៀតនៃព្រះបន្ទូលរបស់ខ្ញុំ ដែលមនុស្សពិបាកយល់ ដូច្នេះ ខ្ញុំបានកែលម្អរបៀបមានបន្ទូលរបស់ខ្ញុំ និងវិធីសាស្ដ្រនានាដែលខ្ញុំបើកសម្ដែងពីអាថ៌កំបាំង។ មានន័យថា របៀបនៃការមានបន្ទូលរបស់ខ្ញុំ គឺផ្លាស់ប្ដូរ និងកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ ជាមួយនឹងទម្រង់ និងវិធីសាស្ត្រថ្មីជាប្រចាំថ្ងៃ។ ទាំងនេះគឺជាជំហាននៃកិច្ចការរបស់ខ្ញុំ ហើយពួកវាមិនអាចត្រូវបានផ្លាស់ប្ដូរដោយនរណាម្នាក់បានទេ។ មនុស្សអាចគ្រាន់តែនិយាយ និងធ្វើសកម្មភាពស្របតាមអ្វីដែលខ្ញុំមានបន្ទូលប៉ុណ្ណោះ។ នេះគឺជាសេចក្ដីពិតយ៉ាងពិតប្រាកដ។ ខ្ញុំបានបង្កើតការរៀបចំដ៏សមរម្យទាំងក្នុងអង្គរបស់ខ្ញុំ និងក្នុងសាច់ឈាមរបស់ខ្ញុំ។ នៅក្នុងគ្រប់សកម្មភាព និងទង្វើនៃភាពជាមនុស្សរបស់ខ្ញុំ គឺមានទិដ្ឋភាពមួយអំពីប្រាជ្ញានៃភាពជាព្រះរបស់ខ្ញុំ។ (ដោយសារតែមនុស្សជាតិមិនមានប្រាជ្ញាណាមួយទាល់តែសោះ ការនិយាយថា ពួកកូនប្រុសច្បងមានព្រះប្រាជ្ញាញាណរបស់ខ្ញុំ សំដៅទៅលើការពិតដែលថា ពួកគេមាននិស្ស័យជាព្រះរបស់ខ្ញុំនៅក្នុងពួកគេ។) នៅពេលដែលពួកកូនប្រុសច្បងធ្វើរឿងល្ងីល្ងើ នោះគឺដោយសារតែអ្នកនៅមានសមាសធាតុរបស់មនុស្សនៅក្នុងអ្នករាល់គ្នា។ ដូច្នេះ អ្នកត្រូវតែយកភាពល្ងីល្ងើរបស់មនុស្សបែបនេះចេញ ហើយធ្វើអ្វីដែលខ្ញុំស្រឡាញ់ និងបដិសេធអ្វីដែលខ្ញុំស្អប់។ អ្នកណាដែលចេញពីខ្ញុំ ត្រូវតែវិលត្រឡប់មកនៅក្នុងខ្ញុំវិញ ហើយអ្នកណាដែលកើតនៅក្នុងខ្ញុំ ត្រូវតែវិលត្រឡប់មកក្នុងសិរីល្អរបស់ខ្ញុំវិញ។ អស់អ្នកដែលខ្ញុំស្អប់ ត្រូវតែបានបោះបង់ចោល ហើយកាត់ចេញពីខ្ញុំម្ដងម្នាក់ៗ។ ទាំងនេះគឺជាជំហាននៃកិច្ចការរបស់ខ្ញុំ។ វាគឺជាការគ្រប់គ្រង ហើយវាគឺជាផែនការនៃការបង្កើតរយៈពេល ៦ពាន់ឆ្នាំរបស់ខ្ញុំ។ អស់អ្នកដែលខ្ញុំបោះបង់ចោលទាំងអស់គួរតែចុះចូល និងចាកចេញពីខ្ញុំយ៉ាងស្ដាប់បង្គាប់។ អស់អ្នកដែលខ្ញុំស្រឡាញ់ទាំងអស់ គួរតែសរសើរតម្កើងខ្ញុំ ដោយផ្អែកលើព្រះពរដែលខ្ញុំបានប្រទានដល់ពួកគេ នោះទើបព្រះនាមរបស់ខ្ញុំអាចមានសិរីល្អកាន់តែច្រើនឡើង ហើយទើបពន្លឺដ៏រុងរឿងអាចត្រូវបានបន្ថែមទៅលើព្រះភ័ក្ត្រដែលពេញដោយសេរីល្អរបស់ខ្ញុំ ហើយទើបពួកគេអាចពេញទៅដោយព្រះប្រាជ្ញាញាណរបស់ខ្ញុំនៅក្នុងសិរីល្អរបស់ខ្ញុំ ហើយលើកសរសើរព្រះនាមរបស់ខ្ញុំកាន់តែច្រើននៅក្នុងពន្លឺដែលពេញដោយសេរីល្អរបស់ខ្ញុំ!

ខាង​ដើម៖ ជំពូកទី ១០៣

បន្ទាប់៖ ជំពូកទី ១០៥

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ