ការបម្រើសាសនា ត្រូវតែផាត់ចោលជាដាច់ខាត

តាំងពីដើមដំបូងដែលកិច្ចការរបស់ព្រះជាម្ចាស់បានចាប់ផ្ដើមនៅទូទាំងសាកលលោកមក ព្រះអង្គបានតម្រូវទុកមនុស្សជាច្រើនជាមុនរួចស្រេចដើម្បីបម្រើទ្រង់ ដោយរាប់ទាំងមនុស្សមកពីគ្រប់ដំណើរជីវិតផង។ គោលបំណងរបស់ទ្រង់ គឺដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ និងដើម្បីធ្វើឱ្យកិច្ចការរបស់ទ្រង់នៅលើផែនដី បានសម្រេចទៅយ៉ាងរលូន។ នេះគឺជាគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការរើសតាំងមនុស្សឱ្យបម្រើទ្រង់។ មនុស្សគ្រប់រូបដែលបម្រើព្រះជាម្ចាស់ ត្រូវតែយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់។ គឺកិច្ចការរបស់ទ្រង់នេះហើយ ដែលធ្វើឱ្យមនុស្សមើលឃើញពីព្រះប្រាជ្ញាញាណ និងសព្វានុភាពរបស់ព្រះជាម្ចាស់ ព្រមទាំងគោលការណ៍នៃកិច្ចការរបស់ទ្រង់នៅលើផែនដីបានកាន់តែច្បាស់។ ព្រះជាម្ចាស់ពិតជាបានយាងមកកាន់ផែនដីដើម្បីបំពេញកិច្ចការរបស់ទ្រង់មែន ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្ស ដើម្បីឱ្យពួកគេអាចស្គាល់កិច្ចការរបស់ទ្រង់បានកាន់តែច្បាស់។ សព្វថ្ងៃ មានមនុស្សមួយក្រុមពោលគឺអ្នករាល់គ្នានេះឯង ដែលមានសំណាងបានបម្រើព្រះដ៏ជាក់ស្ដែង។ នេះពិតជាព្រះពរដ៏ច្រើនឥតគណនាសម្រាប់អ្នករាល់គ្នា ដែលព្រះជាម្ចាស់បានរើសតាំងអ្នករាល់គ្នាឡើង។ ព្រះជាម្ចាស់តែងតែមានគោលការណ៍របស់ទ្រង់នៅក្នុងការរើសតាំងមនុស្សឱ្យបម្រើទ្រង់។ ការបម្រើព្រះជាម្ចាស់មិនមែនជារឿងសាមញ្ញគួរឱ្យសប្បាយរីករាយ ដូចអ្វីដែលមនុស្សស្រមើស្រមៃឡើយ។ សព្វថ្ងៃនេះ អ្នករាល់គ្នាមើលឃើញហើយថា មនុស្សទាំងអស់ដែលបម្រើនៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ គឺពួកគេបម្រើទ្រង់ដោយសារតែពួកគេមានការណែនាំពីព្រះជាម្ចាស់ និងមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងដោយសារតែពួកគេជាមនុស្សដែលស្វែងរកសេចក្ដីពិត។ លក្ខខណ្ឌទាំងនេះតិចតួចណាស់សម្រាប់អ្នកដែលបម្រើព្រះនោះ។

ការបម្រើព្រះជាម្ចាស់ មិនមែនជាកិច្ចការសាមញ្ញឡើយ។ អ្នកណាដែលមិនទាន់បានផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់ខ្លួននៅឡើយទេនោះ មិនអាចបម្រើព្រះជាម្ចាស់បានទេ។ ប្រសិនបើនិស្ស័យរបស់អ្នកមិនទាន់បានវិនិច្ឆ័យ និងវាយផ្ចាលពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះនិស្ស័យរបស់អ្នក នៅតែតំណាងឱ្យសាតាំងដដែល ហើយការបម្រើព្រះរបស់អ្នក គឺផ្អែកតាមនិស្ស័យបែបសាតាំង ដែលនេះបញ្ជាក់ថា អ្នកបម្រើព្រះគ្រាន់តែដើម្បីបង្ហាញចេតនាល្អប៉ុណ្ណោះ។ អ្នកបម្រើព្រះជាម្ចាស់ទៅតាមចរិតពីកំណើតរបស់អ្នក និងតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនអ្នក។ ជាងនេះទៅទៀត អ្នកតែងតែគិតថា កិច្ចការដែលអ្នកព្រមធ្វើនោះ គឺសុទ្ធតែជាកិច្ចការដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ទាំងអស់ ហើយកិច្ចការដែលអ្នកមិនចង់ធ្វើ គឺសុទ្ធតែជាកិច្ចការដែលព្រះជាម្ចាស់ស្អប់។ ដូច្នេះ អ្នកក៏ធ្វើកិច្ចការគ្រប់យ៉ាងទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នកទាំងស្រុង។ តើទង្វើបែបនេះ អាចរាប់ថាជាការបម្រើព្រះជាម្ចាស់បានដែរឬទេ? នៅទីបំផុត និស្ស័យជីវិតរបស់អ្នកនឹងគ្មានការផ្លាស់ប្តូរសូម្បីតែបន្តិចសោះឡើយ តែផ្ទុយទៅវិញ ការបម្រើព្រះរបស់អ្នក កាន់តែធ្វើឱ្យអ្នកមានចិត្តរឹងរូសខ្លាំងឡើង ហេតុនេះ អ្នកក៏ប្រកាន់ខ្ជាប់តាមនិស្ស័យពុករលួយរបស់ខ្លួនដោយបែបនេះ។ ហេតុនេះហើយទើបអ្នកបង្កើតជាច្បាប់ទម្លាប់នៅក្នុងបម្រើព្រះជាម្ចាស់ ដែលភាគច្រើនផ្អែកលើចរិតផ្ទាល់ខ្លួនរបស់អ្នក និងផ្អែកលើបទពិសោធដែលទទួលបានពីការបម្រើព្រះតាមនិស្ស័យផ្ទាល់ខ្លួនរបស់អ្នក។ ទាំងនេះជាបទពិសោធ និងជាមេរៀនរបស់មនុស្ស ជាទស្សនៈវិជ្ជានៃការរស់នៅរបស់មនុស្សនៅក្នុងពិភពលោកនេះ។ មនុស្សដែលមានលក្ខណៈបែបនេះ អាចចាត់ថ្នាក់ជាពួកផារីស៊ី និងជាអ្នកដឹកនាំសាសនាបាន។ ប្រសិនបើពួកគេមិនភ្ញាក់ខ្លួន និងប្រែចិត្តទេ នោះពួកគេនឹងក្លាយជាព្រះគ្រីស្ទក្លែងក្លាយ និងជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលបោកបញ្ឆោតមនុស្សនៅគ្រាចុងក្រោយមិនខាន។ ព្រះគ្រីស្ទក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទដែលគេនិយាយនោះ នឹងលេចមកពីក្នុងចំណោមមនុស្សប្រភេទនេះឯង។ ប្រសិនបើអ្នកណាដែលបម្រើព្រះជាម្ចាស់ ធ្វើតាមចរិតផ្ទាល់របស់គេ និងប្រព្រឹត្តទៅតាមបំណងរបស់គេផ្ទាល់ អ្នកនោះនឹងប្រឈមនឹងការផាត់ចោលនៅពេលណាមួយជាក់ជាមិនខាន។ អ្នកណាដែលប្រើបទពិសោធរាប់សិបឆ្នាំដែលខ្លួនទទួលបានពីការបម្រើព្រះ ដើម្បីយកឈ្នះចិត្តមនុស្ស ដើម្បីបង្រៀននិងគ្រប់គ្រងមនុស្ស និងដើម្បីឱ្យបានខ្ពស់មុខខ្ពស់មាត់ តែមិនដែលកែប្រែចិត្ត មិនដែលលន់តួបាប និងមិនដែលលះបង់ប្រយោជន៍ពីមុខតំណែងរបស់ខ្លួនទេនោះ មនុស្សទាំងនេះនឹងត្រូវដួលចុះនៅចំពោះព្រះជាម្ចាស់មិនខាន។ ពួកគេជាប្រភេទមនុស្សដូចជាប៉ុលដែរ ដែលចូលចិត្តអួតអាងអំពីឋានៈបុណ្យសក្តិខ្ពង់ខ្ពស់របស់ខ្លួន និងសម្ញែងពីគុណសម្បត្តិរបស់ពួកគេ។ ព្រះជាម្ចាស់នឹងមិនប្រោសមនុស្សបែបនេះឱ្យបានគ្រប់លក្ខណ៍ឡើយ។ ការបម្រើព្រះបែបនេះ គឺជាការជ្រៀតជ្រែកដល់កិច្ចការរបស់ព្រះជាម្ចាស់វិញទេ។ មនុស្សតែងតែប្រកាន់ខ្ជាប់ទៅនឹងទម្លាប់ចាស់។ ពួកគេប្រកាន់ខ្ជាប់ទៅនឹងសញ្ញាណចាស់ៗ ទៅនឹងអ្វីគ្រប់យ៉ាងដែលកន្លងហួសទៅ។ នេះហើយគឺជាឧបសគ្គដ៏ធំក្នុងការបម្រើព្រះជាម្ចាស់របស់ពួកគេនោះ។ ប្រសិនបើអ្នកមិនអាចលះបង់អ្វីទាំងនេះបានទេ នោះវានឹងនៅរួបរឹតជីវិតរបស់អ្នកទាំងមូលមិនខាន។ ទោះបីនៅពេលអ្នកបម្រើព្រះជាម្ចាស់ អ្នកប្រឹងរត់ដល់បាក់ជើង ឬធ្វើការធ្ងន់ដល់បាក់ខ្នង ឬទោះបីអ្នកត្រូវស្លាប់ដោយសារតែជំនឿរបស់អ្នកក៏ដោយ ក៏ទ្រង់នឹងមិនសរសើរអ្នកសូម្បីបន្តិចណាដែរ។ ផ្ទុយទៅវិញ ទ្រង់នឹងមានបន្ទូលថា អ្នកជាមនុស្សប្រព្រឹត្តអាក្រក់។

ចាប់ពីថ្ងៃនេះតទៅ ព្រះជាម្ចាស់នឹងប្រោសអ្នកដែលគ្មានសញ្ញាណសាសនាឱ្យបានគ្រប់លក្ខណ៍ជាផ្លូវការ ជាអ្នកដែលព្រមលះបង់អ្វីដែលជារបស់ចាស់ផ្ទាល់ខ្លួនចោល និងជាអ្នកដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ត។ ព្រះអង្គនឹងប្រោសឱ្យអ្នកដែលស្រេកឃ្លានព្រះបន្ទូលរបស់ព្រះជាម្ចាស់បានគ្រប់លក្ខណ៍។ មនុស្សទាំងអស់នេះគួរតែក្រោកឡើង និងបម្រើព្រះជាម្ចាស់។ ព្រះជាម្ចាស់មានមានព្រះប្រាជ្ញាញាណពេញបរិបូរគ្មានទីបញ្ចប់ និងគ្មានដែនកំណត់។ កិច្ចការដ៏អស្ចារ្យនិងព្រះបន្ទូលដ៏មានតម្លៃរបស់ទ្រង់ កំពុងរង់ចាំឱ្យមនុស្សកាន់តែច្រើនឡើងៗត្រេកអរទទួលយក។ បច្ចុប្បន្ននេះ អ្នកដែលមានសញ្ញាណសាសនា អ្នកដែលអួតអាងពីឋានៈ និងអ្នកដែលមិនអាចលះបង់ខ្លួនឯងបាន នឹងពិបាកទទួលយកអ្វីៗដែលថ្មីទាំងនេះណាស់។ ព្រះវិញ្ញាណបរិសុទ្ធគ្មានឱកាសប្រោសឱ្យមនុស្សទាំងនេះបានគ្រប់លក្ខណ៍ឡើយ។ ប្រសិនបើមនុស្សម្នាក់ គ្មានការតាំងចិត្តក្នុងការស្ដាប់បង្គាប់ ហើយគ្មានការស្រេកឃ្លានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះពួកគេគ្មានផ្លូវនឹងទទួលយកអ្វីៗដែលថ្មីទាំងនេះទេ។ ពួកគេនឹងកាន់តែបះបោរខ្លាំងឡើង កាន់តែមានល្បិចកល ហើយចុងបញ្ចប់ ពួកគេនឹងដើរនៅលើផ្លូវខុសមិនខាន។ ក្នុងការបំពេញកិច្ចការរបស់ទ្រង់នៅពេលនេះ ព្រះជាម្ចាស់នឹងលើកមនុស្សជាច្រើននាក់ថែមទៀត ជាអ្នកដែលស្រឡាញ់ទ្រង់ពិតប្រាកដ និងជាអ្នកដែលអាចទទួលយកពន្លឺថ្មីបាន ហើយទ្រង់នឹងកាត់បន្ថយអ្នកដឹកនាំសាសនាណាដែលអួតអាងពីឋានៈរបស់ខ្លួនចេញឱ្យអស់។ ចំពោះមនុស្សណាដែលរឹងត្អឹង មិនចង់ផ្លាស់ប្រែ គឺទ្រង់មិនត្រូវការពួកគេសូម្បីតែម្នាក់ណាឡើយ។ តើអ្នកចង់ក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនេះដែរឬទេ? តើអ្នកបម្រើព្រះជាម្ចាស់ទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ឬក៏តាមអ្វីដែលព្រះជាម្ចាស់តម្រូវ? ចំណុចនេះ អ្នកត្រូវតែដឹងដោយខ្លួនឯង។ តើអ្នកជាអ្នកដឹកនាំសាសនាម្នាក់ ឬក៏ជាទារកទើបនឹងកើត ដែលត្រូវព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍? តើការបម្រើព្រះរបស់អ្នកទទួលបានការសរសើរពីព្រះវិញ្ញាណបរិសុទ្ធច្រើនប៉ុនណា? តើព្រះជាម្ចាស់មិនយកព្រះទ័យទៅចាំពីការបម្រើរបស់អ្នកនោះច្រើនប៉ុនណា? តាមរយៈការបម្រើព្រះជាម្ចាស់រាប់សិបឆ្នាំមកនេះ តើជីវិតរបស់អ្នកបានផ្លាស់ប្ដូរច្រើនប៉ុនណាហើយ? តើអ្នកដឹងច្បាស់អំពីចំណុចទាំងអស់នេះដែរឬទេ? ប្រសិនបើអ្នកមានសេចក្តីជំនឿពិតប្រាកដមែន នោះអ្នកនឹងលះបង់សញ្ញាណសាសនាចាស់ៗរបស់អ្នកកាលពីមុនចោល ហើយអាចបម្រើព្រះជាម្ចាស់បានកាន់តែប្រសើរជាងមុនតាមរបៀបថ្មីមួយមិនខាន។ ឥឡូវនេះ ក្រោកឈរក៏មិនទាន់ហួសពេលដែរ។ សញ្ញាណសាសនាចាស់ៗ អាចធ្វើឱ្យជីវិតរបស់មនុស្ស្មម្នាក់ទាំងមូល ត្រូវអសារបង់បាន។ បទពិសោធដែលមនុស្សម្នាក់ទទួលបាន អាចឱ្យគេឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ហើយធ្វើអ្វីតាមតែអំពើចិត្តរបស់គេបាន។ ប្រសិនបើអ្នកមិនលះបង់អ្វីទាំងនេះចោលទេ នោះវានឹងក្លាយជាថ្មជំពប់ជើងដែលរារាំងដល់ការរីកចម្រើននៅក្នុងជីវិតរបស់អ្នកមិនខាន។ ព្រះជាម្ចាស់តែងប្រោសអ្នកដែលបម្រើទ្រង់ឱ្យបានគ្រប់លក្ខណ៍ ហើយមិនងាយផាត់ពួកគេចោលឡើយ។ ប្រសិនបើអ្នកពិតជាទទួលយកការជំនុំជម្រះ និងការវាយផ្ចាលពីបន្ទូលរបស់ព្រះជាម្ចាស់មែន ប្រសិនបើអ្នកអាចលះបង់ការអនុវត្ត និងក្បួនច្បាប់សាសនាចាស់ៗចោលបាន ហើយឈប់ប្រើសញ្ញាណសាសនាចាស់គំរឹលជាខ្នាតដើម្បីវាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងពេលសព្វថ្ងៃនេះ នោះអ្នកនឹងមានអនាគតមិនខាន។ ប៉ុន្តែ ប្រសិនបើអ្នកប្រកាន់ខ្ជាប់តាមវិធីចាស់ ប្រសិនបើអ្នកនៅតែឱ្យតម្លៃវាខ្លាំងដដែល នោះអ្នកគ្មានផ្លូវត្រូវបានសង្គ្រោះឡើយ។ ព្រះជាម្ចាស់មិនឱ្យតម្លៃមនុស្សបែបនេះទេ។ ប្រសិនបើអ្នកពិតជាចង់ឱ្យព្រះជាម្ចាស់ប្រោសអ្នកឱ្យបានគ្រប់លក្ខណ៍មែន នោះអ្នកត្រូវតែតាំងចិត្តលះបង់អ្វីៗទាំងអស់កាលពីមុនចេញ។ បើទោះបីជាអ្វីៗដែលបានធ្វើកាលពីមុននោះត្រូវក៏ដោយ ហើយទោះបីវាជាកិច្ចការរបស់ព្រះជាម្ចាស់ក៏ដោយ ក៏អ្នកត្រូវតែលះបង់ និងឈប់ប្រកាន់ខ្ជាប់តាមកិច្ចការនោះដែរ។ ទោះបីដឹងច្បាស់ថាកិច្ចការនោះជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ជាកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើផ្ទាល់ក៏ដោយ ក៏នៅថ្ងៃនេះ អ្នកត្រូវតែលះបង់កិច្ចការនោះចោលដែឬ។ ដាច់ខាត អ្នកមិនត្រូវប្រកាន់តាមកិច្ចការនោះទៀតទេ។ ព្រះជាម្ចាស់តម្រូវឱ្យធ្វើបែបនេះ។ អ្វីៗគ្រប់យ៉ាងត្រូវតែផ្លាស់ថ្មីវិញ។ នៅក្នុងកិច្ចការនិងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទ្រង់មិនដែលមានបន្ទូលសម្អាងទៅលើរឿងចាស់ៗដែលកន្លងហួសទៅហើយទេ ហើយទ្រង់ក៏មិនជីកកកាយពីរឿងរ៉ាវចាស់ៗដែរ។ ព្រះជាម្ចាស់ជាព្រះដែលតែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ ហើយទ្រង់មិនទាំងប្រកាន់តាមព្រះបន្ទូលរបស់ទ្រង់ផ្ទាល់កាលពីអតីតកាលផង។ ចំណុចនេះសបញ្ជាក់់ឱ្យឃើញថា ព្រះជាម្ចាស់មិនគោរពតាមក្បួនច្បាប់ណាមួយឡើយ។ ដូច្នេះ ក្នុងនាមជាមនុស្សម្នាក់ ប្រសិនបើអ្នកតែងតែប្រកាន់ខ្ជាប់ទៅនឹងរឿងពីអតីតកាល ប្រសិនបើអ្នកមិនព្រមលះបង់វាចោលទេ ហើយប្រណិប័តន៍យ៉ាងខ្ជាប់ខ្ជួនទៅតាមក្បួនច្បាប់ ចំណែកឯព្រះជាម្ចាស់វិញ លែងប្រើមធ្យោបាយដែលទ្រង់បានប្រើពីមុនដើម្បីបំពេញកិច្ចការទ្រង់ទៀតនោះ ដូច្នេះ តើពាក្យសម្ដី និងសកម្មភាពរបស់អ្នក មិនមែនជាការរំខានទេឬអ្វី? តើអ្នកមិនមែនក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ទេឬអ្វី? តើអ្នកព្រមឱ្យជីវិតរបស់អ្នកទាំងមូលប្រែជាក្រឡាប់ចក្រ និងត្រូវបំផ្លាញដោយសារតែវិធីចាស់គំរឹលទាំងនេះដែរទេ? អ្វីៗដែលចាស់គំរឹលទាំងអស់នេះ នឹងធ្វើឱ្យអ្នកក្លាយជាមនុស្សម្នាក់ដែលរារាំងដល់កិច្ចការរបស់ព្រះជាម្ចាស់។ តើអ្នកចង់ក្លាយជាមនុស្សបែបនេះមែនទេ? ប្រសិនបើអ្នកពិតជាមិនចង់ក្លាយជាមនុស្សបែបនេះទេ ដូច្នេះ ចូរប្រញាប់បញ្ឈប់ទង្វើដែលអ្នកកំពុងធ្វើ ហើយបកក្រោយ ចាប់ផ្ដើមសាជាថ្មីវិញ។ ព្រះជាម្ចាស់នឹងមិនចងចាំពីការបម្រើរបស់អ្នកកាលពីអតីតកាលឡើយ។

ខាង​ដើម៖ មនុស្សពុករលួយ មិនអាចតំណាងព្រះជាម្ចាស់បានឡើយ

បន្ទាប់៖ អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ