មនុស្សពុករលួយ មិនអាចតំណាងព្រះជាម្ចាស់បានឡើយ

មនុស្សធ្លាប់រស់នៅក្រោមស្រមោលឥទ្ធិពលនៃសេចក្ដីងងឹត ដោយត្រូវជាប់ចំណងឥទ្ធិពលរបស់សាតាំង មិនអាចគេចចេញបានឡើយ ហើយនិស្ស័យរបស់គេ ដែលត្រូវសាតាំងកែប្រែរួចហើយនោះ ក៏រឹតតែពុករលួយខ្លាំងឡើងៗ។ អាចនិយាយបានថា មនុស្សតែងតែរស់នៅក្នុងនិស្ស័យដ៏ពុករលួយបែបសាតាំងរបស់ខ្លួនជានិច្ច មិនអាចស្រឡាញ់ព្រះជាម្ចាស់ដោយពិតប្រាកដបានឡើយ។ ដូច្នេះហើយ ប្រសិនបើមនុស្សចង់ស្រឡាញ់ព្រះជាម្ចាស់ គេត្រូវតែលះបង់ការរាប់ខ្លួនឯងជាសុចរិត ការរាប់ខ្លួនឯងជាសំខាន់ ភាពក្រអឺតក្រទម ការអួតខ្លួនហួសហេតុ និងលក្ខណៈស្រដៀងគ្នានេះ ពោលគឺគ្រប់យ៉ាងដែលជានិស្ស័យរបស់សាតាំងចេញ។ បើពុំដូច្នោះទេ សេចក្ដីស្រឡាញ់របស់គេ ត្រឹមជាសេចក្ដីស្រឡាញ់មិនបរិសុទ្ធ ជាសេចក្ដីស្រឡាញ់បែបសាតាំង និងជាសេចក្ដីស្រឡាញ់ដែលមិនអាចទទួលបានការពេញព្រះទ័យពីព្រះជាម្ចាស់ជាដាច់ខាត។ គ្មាននរណាម្នាក់ អាចស្រឡាញ់ព្រះជាម្ចាស់ដោយពិតប្រាកដ ដោយមិនឆ្លងកាត់ការប្រោសឱ្យបានគ្រប់លក្ខណ៍ ការដោះស្រាយជាមួយ ការបំបាក់ធ្មុង ការលួសកាត់ ការប្រៀនប្រដៅ ការវាយផ្ចាល និងការបន្សុទ្ធពីព្រះវិញ្ញាណបរិសុទ្ធដោយផ្ទាល់នោះទេ។ ប្រសិនបើអ្នកនិយាយថា និស្ស័យរបស់អ្នកមួយចំណែកណានោះ តំណាងឱ្យព្រះជាម្ចាស់ ហើយថាអ្នកពិតជាអាចស្រឡាញ់ព្រះជាម្ចាស់បានយ៉ាងពិតប្រាកដមែន នោះអ្នកជាមនុស្សមានសម្ដីក្រអឺតក្រទម និងជាមនុស្សល្ងង់ខ្លៅហើយ។ មនុស្សបែបនេះ ជាមហាទេវតា! ធម្មជាតិពីកំណើតរបស់មនុស្ស មិនអាចតំណាងឱ្យព្រះជាម្ចាស់ដោយផ្ទាល់បានឡើយ។ គេត្រូវតែជម្រុះចោលនូវធម្មជាតិកំណើតរបស់ខ្លួន តាមរយៈការប្រោសឱ្យបានគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ ហើយមានតែតាមរយៈការយកចិត្តទុកដាក់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ការបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ និងការឆ្លងកាត់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ទើបការរស់នៅរបស់ពួកគេ ទទួលបានការពេញព្រះទ័យពីព្រះជាម្ចាស់។ អ្នកដែលរស់នៅក្នុងសាច់ឈាមនេះ គ្មាននរណាម្នាក់អាចតំណាងព្រះជាម្ចាស់ដោយផ្ទាល់បានឡើយ លុះត្រាតែគេជាមនុស្សដែលត្រូវព្រះវិញ្ញាណបរិសុទ្ធប្រើប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ សូម្បីតែគេជាមនុស្សដែលមានលក្ខណៈបែបនេះក្ដី ក៏មិនអាចនិយាយថា និស្ស័យរបស់គេ និងការរស់នៅរបស់គេ តំណាងឱ្យព្រះជាម្ចាស់ទាំងស្រុងបានដែរ។ អាចនិយាយបានត្រឹមថា ការរស់នៅរបស់គេ ត្រូវបានព្រះវិញ្ញាណបរិសុទ្ធដឹកនាំតែប៉ុណ្ណោះ។ និស្ស័យរបស់មនុស្សបែបនេះ មិនអាចតំណាងឱ្យព្រះជាម្ចាស់បានទេ។

ទោះបីជានិស្ស័យរបស់មនុស្ស ត្រូវបានព្រះជាម្ចាស់តម្រូវទុកជាមុន នេះជាការពិតមិនអាចប្រកែកបាន ហើយអាចចាត់ទុកជារឿងវិជ្ជមាន ក៏ពិតមែន តែនិស្ស័យនោះត្រូវសាតាំងកែប្រែអស់ហើយ ដូច្នេះហើយនិស្ស័យរបស់មនុស្សទាំងមូល គឺជានិស្ស័យរបស់សាតាំង។ មនុស្សខ្លះនិយាយថា និស្ស័យរបស់ព្រះជាម្ចាស់ គឺធ្វើអ្វីៗដោយត្រង់ៗ មួយគឺមួយពីរគឺពីរ ហើយថាពួកគេក៏ធ្វើកិច្ចការដោយបែបនេះ និងមានចរិតដូចគ្នានេះដែរ ហេតុនេះហើយទើបពួកគេនិយាយថា និស្ស័យរបស់ពួកគេតំណាងឱ្យព្រះជាម្ចាស់។ តើមនុស្សទាំងនេះ ជាមនុស្សបែបណា? តើនិស្ស័យពុករលួយបែបសាតាំង អាចតំណាងឱ្យព្រះជាម្ចាស់បានទេ? អ្នកណាដែលប្រកាសថា និស្ស័យរបស់ពួកគេតំណាងឱ្យព្រះជាម្ចាស់ អ្នកនោះប្រមាថដល់ព្រះជាម្ចាស់ និងមើលងាយព្រះវិញ្ញាណបរិសុទ្ធហើយ! វិធីសាស្ត្រដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ បង្ហាញថា កិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដី គឺជាកិច្ចការនៃការយកឈ្នះតែមួយគត់។ បែបនេះហើយទើបនិស្ស័យពុករលួយបែបសាតាំងដ៏ច្រើនរបស់មនុស្ស នៅមិនទាន់បានបន្សុទ្ធរួចរាល់នៅឡើយទេ ហើយការរស់នៅរបស់ពួកគេ ក៏នៅតែជារូបភាពរបស់សាតាំងដដែល។ វាជាអ្វីដែលមនុស្សជឿថាល្អ និងតំណាងឱ្យទង្វើខាងសាច់ឈាមរបស់មនុស្ស។ បើនិយាយឱ្យចំទៅ និស្ស័យបែបនោះគឺតំណាងឱ្យសាតាំងវិញទេ មិនអាចតំណាងឱ្យព្រះជាម្ចាស់បានជាដាច់ខាត។ បើទោះជាមានមនុស្សណាម្នាក់ស្រឡាញ់ព្រះជាម្ចាស់ខ្លាំងរហូតដល់ថ្នាក់គេអាចសោយសុខនឹងជីវិតស្ថានសួគ៌នៅផែនដីនេះបាន អាចដល់ថ្នាក់និយាយថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំស្រឡាញ់ទ្រង់យ៉ាងណា ក៏មិនល្មមដែរ» និងបានឈានដល់ពិភពខ្ពស់បំផុតក៏ដោយ ក៏នៅតែមិនអាចនិយាយបានថា គេរស់នៅដូចជាព្រះជាម្ចាស់ ឬជាតំណាងព្រះជាម្ចាស់បានឡើយ ដ្បិតសារជាតិរបស់មនុស្ស មិនដូចជាសារជាតិរបស់ព្រះជាម្ចាស់ទេ ហើយមនុស្សមិនអាចរស់នៅដូចជាព្រះជាម្ចាស់ឡើយ ក៏រឹតតែមិនអាចក្លាយជាព្រះជាម្ចាស់បានដែរ។ អ្វីដែលព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំមនុស្សឱ្យរស់នៅ គឺស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្សតែប៉ុណ្ណោះ។

គ្រប់សកម្មភាព និងទង្វើទាំងអស់របស់សាតាំង ត្រូវបង្ហាញឱ្យឃើញតាមរយៈខ្លួនមនុស្ស។ សព្វថ្ងៃនេះ គ្រប់ទាំងសកម្មភាព និងទង្វើរបស់មនុស្ស គឺជាការបង្ហាញឱ្យឃើញពីលក្ខណៈសាតាំង ហេតុដូច្នេះហើយ មិនអាចតំណាងព្រះជាម្ចាស់បានទេ។ មនុស្សជារូបតំណាងរបស់សាតាំង ចំណែកនិស្ស័យរបស់មនុស្សមិនអាចតំណាងឱ្យនិស្ស័យរបស់ព្រះជាម្ចាស់បានទេ។ មនុស្សខ្លះមានចរិតល្អ។ ព្រះជាម្ចាស់អាចធ្វើកិច្ចការខ្លះតាមរយៈចរិតរបស់មនុស្សបែបនេះ ហើយកិច្ចការដែលពួកគេធ្វើ ត្រូវព្រះវិញ្ញាណបរិសុទ្ធដឹកនាំ។ ប៉ុន្ដែ និស្ស័យរបស់ពួកគេមិនអាចតំណាងព្រះជាម្ចាស់បានឡើយ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើលើពួកគេ គឺគ្មានអ្វីក្រៅពីការសហការ និងការពង្រីកបន្ថែមលើកិច្ចការដែលមានស្រាប់នៅក្នុងខ្លួនពួកគេនោះទេ។ មិនថាជាពួកហោរាកាលពីយុគសម័យមុនៗ ឬជាមនុស្សដែលព្រះជាម្ចាស់បានប្រើនោះទេ គ្មាននរណាម្នាក់អាចតំណាងព្រះជាម្ចាស់ដោយផ្ទាល់បានឡើយ។ មនុស្សបែរមកស្រឡាញ់ព្រះជាម្ចាស់ដោយសារកាលៈទេសៈបង្ខំប៉ុណ្ណោះ ហើយគ្មាននរណាម្នាក់ខំប្រឹងប្រែងសហការដោយការស្ម័គ្រចិត្តឡើយ។ តើមានចំណុចវិជ្ជមានអ្វីខ្លះ? អ្វីៗគ្រប់យ៉ាង ដែលមកអំពីព្រះជាម្ចាស់ដោយផ្ទាល់ សុទ្ធតែវិជ្ជមានទាំងអស់។ ក៏ប៉ុន្តែនិស្ស័យរបស់មនុស្ស ត្រូវបានសាតាំងកែប្រែអស់ហើយ និងមិនអាចតំណាងព្រះជាម្ចាស់បានទេ។ មានតែសេចក្តីស្រឡាញ់ ការសុខចិត្តរងទុក្ខ សេចក្តីសុចរិត ការចុះចូល ការបន្ទាបខ្លួន និងការលាក់បាំងរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ទើបអាចតំណាងឱ្យព្រះជាម្ចាស់ដោយផ្ទាល់បាន។ នេះគឺដោយសារតែពេលដែលទ្រង់យាងមក គឺទ្រង់យាងមកដោយគ្មានធម្មជាតិមានបាប ហើយមកអំពីព្រះជាម្ចាស់ដោយផ្ទាល់ ដោយពុំមានការកែប្រែពីសាតាំងឡើយ។ ព្រះយេស៊ូវ គ្រាន់តែស្ថិតក្នុងសភាពដូចគ្នានៃសាច់ឈាមដែលមានបាបប៉ុណ្ណោះ តែទ្រង់មិនតំណាងអំពើបាបនោះទេ។ ហេតុនេះហើយ សកម្មភាព ទង្វើ និងព្រះបន្ទូលរបស់ទ្រង់ តាំងពីដើមមកដល់មុនពេលដែលទ្រង់សម្រេចកិច្ចការទ្រង់តាមរយៈការត្រូវគេឆ្កាង (រួមទាំងគ្រាដែលទ្រង់ត្រូវគេឆ្កាងផង) សុទ្ធតែតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់។ គំរូរបស់ព្រះយេស៊ូវ គ្រប់គ្រាន់នឹងបញ្ជាក់ថា មនុស្សណាក៏ដោយដែលមាននិស្ស័យមានបាប មិនអាចតំណាងព្រះជាម្ចាស់បានទេ ហើយអំពើបាបរបស់មនុស្ស តំណាងឱ្យអារក្សសាតាំង។ ដូច្នេះ អាចនិយាយបានថា អំពើបាបមិនតំណាងឱ្យព្រះជាម្ចាស់ទេ ហើយព្រះជាម្ចាស់ក៏គ្មានអំពើបាបដែរ។ សូម្បីតែកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើនៅក្នុងខ្លួនមនុស្ស ក៏អាចចាត់ទុកត្រឹមជាកិច្ចការដែលដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ មិនអាចនិយាយថា កិច្ចការដែលមនុស្សធ្វើ ជំនួសព្រះជាម្ចាស់បានឡើយ។ ឱ្យតែពាក់ព័ន្ធនឹងមនុស្ស មិនថាអំពើបាប ឬនិស្ស័យរបស់ពួកគេទេ គឺមិនតំណាងឱ្យព្រះជាម្ចាស់ឡើយ។ បើពិនិត្យមើលពីកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើចំពោះមនុស្ស តាំងពីអតីតកាលរហូតមកដល់សព្វថ្ងៃនេះ គេឃើញថា មនុស្សអាចរស់នៅគ្រប់ការទាំងអស់បានគឺដោយសារព្រះវិញ្ញាណបរិសុទ្ធបានធ្វើកិច្ចការមកលើពួកគេ។ ក្រោយពីត្រូវព្រះវិញ្ញាណបរិសុទ្ធដោះស្រាយជាមួយ និងប្រៀនប្រដៅរួច មានមនុស្សតិចតួចណាស់ ដែលអាចរស់នៅតាមសេចក្តីពិតនេះបាន។ នេះមានន័យថា មានតែកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ គ្មានការសហការរបស់មនុស្សឡើយ។ ពេលនេះ តើអ្នកយល់ច្បាស់ទេ? ដូច្នេះ តើអ្នកនឹងត្រូវខំប្រឹងសហការជាមួយទ្រង់ និងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងដូចម្ដេច នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការ?

ខាង​ដើម៖ អំពីជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់

បន្ទាប់៖ ការបម្រើសាសនា ត្រូវតែផាត់ចោលជាដាច់ខាត

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ