ទិដ្ឋភាពទីពីរអំពីសារៈសំខាន់នៃការយកកំណើតជាមនុស្ស
តើអ្វីទៅជាអត្ថន័យនៃភាពធម្មតា និងភាពសាមញ្ញរបស់ព្រះដែលយកកំណើតជាមនុស្ស? តើវាមានអត្ថន័យត្រឹមជាអ្វីៗដែលមានស្រាប់ ដើម្បីព្រះអង្គអាចធ្វើកិច្ចការបានឬ? តើវាដើម្បីសបញ្ជាក់ឱ្យឃើញថា ទ្រង់ជាព្រះគ្រីស្ទឬ? មនុស្សខ្លះនិយាយថា៖ «ព្រះដែលយកកំណើតជាមនុស្ស ត្រូវតែមានសាច់ឈាមសាមញ្ញ និងធម្មតាជាប្រាកដ»។ តើវាមានន័យត្រឹមបែបនេះឬ? ដោយនិយាយថា «ប្រសិនបើព្រះអង្គជាព្រះគ្រីស្ទមែន ទ្រង់ត្រូវតែមានសាច់ឈាមសាមញ្ញ និងធម្មតាជាប្រាកដ» តើនេះមិនដាក់កម្រិតព្រះជាម្ចាស់ទេឬអី? តើពាក្យថា «ជាប្រាកដ» មានន័យដូចម្ដេចដែរ? អ្នកខ្លះនិយាយថា «វាគឺដើម្បីសម្ដែងចេញនូវព្រះបន្ទូលព្រះជាម្ចាស់ ដូច្នេះ មនុស្សអាចមានទំនាក់ទំនងជាមួយទ្រង់ដោយងាយស្រួល»។ តើនេះជាគោលបំណងតែមួយគត់ឬ? ដោយក្រឡេកមើលចំណុចនេះទាក់ទងនឹងសារជាតិរបស់ព្រះគ្រីស្ទ សារជាតិរបស់ព្រះគ្រីស្ទ គឺជាព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ ទាំងស្រុង និងពេញលេញ។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ មាននូវអត្ថន័យ។ ការជ្រើសរើសសាច់ឈាមជាពិសេស ជ្រើសរើសរូបរាងជាពិសេស ជ្រើសរើសគ្រួសារជាពិសេស ជ្រើសរើសមជ្ឈដ្ឋានរស់នៅជាពិសេស ពោលគឺចំណុចទាំងអស់ដែលព្រះជាម្ចាស់ធ្វើនេះ សុទ្ធតែមានអត្ថន័យ។ មនុស្សខ្លះសួរថា៖ «ចុះហេតុដូចម្ដេចក៏ខ្ញុំមើលមិនឃើញពីសារៈសំខាន់ដ៏ធំធេងនៅពីក្រោយការដណ្ដប់សាច់ឈាមធម្មតា និងសាមញ្ញរបស់ព្រះជាម្ចាស់អ៊ីចឹង? តើសាច់ឈាមរបស់ទ្រង់មិនត្រឹមជាសម្បកក្រៅទេឬ? នៅពេលព្រះជាម្ចាស់បានបញ្ចប់កិច្ចការរបស់ទ្រង់ តើសម្បកក្រៅនេះ នឹងមិនប្រែជាគ្មានន័យទេឬ?» នៅក្នុងការស្រមើស្រមៃរបស់មនុស្ស និងការយល់ដឹងរបស់ខ្លួន ពួកគេគិតថា សម្បកក្រៅនៃសាច់ឈាមធម្មតា និងសាមញ្ញនេះ គ្មានប្រយោជន៍ធំដុំឡើយ យល់ថាវាមិនបម្រើដល់គោលបំណងដ៏អស្ចារ្យនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ឬក្នុងផែនការគ្រប់គ្រងរបស់ទ្រង់ទេ ហើយសម្បកក្រៅនេះទៀតសោត បានត្រឹមសម្រេចកិច្ចការនៅដំណាក់កាលនេះប៉ុណ្ណោះ។ មនុស្សជឿថា សម្បកក្រៅនេះគឺ ដើម្បីឱ្យពួកគេងាយស្រួលទាក់ទងជាមួយទ្រង់ និងស្ដាប់ឮព្រះបន្ទូលទ្រង់ ដើម្បីឱ្យពួកគេអាចមើលឃើញ និងមានអារម្មណ៍ដឹងពីទ្រង់ ហើយពួកគេយល់ទៀតថា សាច់ឈាមសម្បកក្រៅនេះ គ្មានប្រយោជន៍ផ្សេងទៀតឡើយ។ កាលពីអតីតកាល មនុស្សក៏យល់បែបនេះអំពីសារៈសំខាន់នៃការយកកំណើតជាមនុស្សផងដែរ។ ប៉ុន្តែតាមពិតទៅ ក្នុងអំឡុងពេលនៃកិច្ចការក្នុងសាច់ឈាមសាមញ្ញ និងធម្មតា និងក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្ស ក្រៅពីការរែកពុនកិច្ចការរបស់ព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ ទ្រង់ក៏បំពេញការងារមួយដែលមិនទាន់មាននរណាម្នាក់គិតពិចារណាដែរ។ តើនោះជាការងារអ្វីទៅ? ក្រៅពីការបំពេញកិច្ចការរបស់ព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ ទ្រង់ក៏យាងមក ដើម្បីដកពិសោធន៍នូវទុក្ខវេទនារបស់មនុស្សដែរ។ កាលពីអតីតកាល មនុស្សមិនបានដឹងអំពីចំណុចនេះទេ។
កាលពីអតីតកាល មនុស្សមិនដែលយល់ពីមូលហេតុដែលនាំឱ្យព្រះដែលយកកំណើតជាមនុស្ស តែងរងទុក្ខពីជំងឺ ឬក៏យល់ពីគោលបំណងនៃទុក្ខវេទនានេះឡើយ។ មនុស្សខ្លះនិយាយថា៖ «ព្រះជាម្ចាស់បន្ទាបខ្លួន និងលាក់កំបាំង ព្រះជាម្ចាស់ឆ្លងកាត់ទុក្ខវេទនានេះ ដើម្បីសង្រ្គោះមនុស្ស ព្រះជាម្ចាស់ស្រឡាញ់មនុស្ស...»។ សេចក្តីពន្យល់របស់ពួកគេនេះ មិនមានភាពច្បាស់លាស់ទេ។ តើវាចាំបាច់បំផុតឬទេដែលទ្រង់ត្រូវរងទុក្ខលំបាកទាំងនេះ ដើម្បីសង្រ្គោះមនុស្សជាតិ? ប្រសិនបើព្រះដែលយកកំណើតជាមនុស្សមិនឆ្លងកាត់ទុក្ខវេទនានេះ តើព្រះជាម្ចាស់ផ្ទាល់ព្រះអង្គអាចសម្រេចកិច្ចការនេះបានដែរឬទេ? ព្រះអង្គអាចសម្រេចបាន។ មនុស្សខ្លះនិយាយថា៖ «នៅយុគសម័យនៃព្រះគុណ យើងគ្រាន់តែអធិស្ឋានទៅព្រះជាម្ចាស់ប៉ុណ្ណោះ ពេលនោះ រាល់ជំងឺអាចត្រូវបានប្រោសឱ្យជាភ្លាមៗ។ យើងមិនត្រូវការថ្នាំពេទ្យទេ ហើយមនុស្សខ្លះបានអធិស្ឋាន រួចជំងឺមហារីកក៏ត្រូវបានប្រោសឱ្យជាទៀតផង។ ចុះហេតុអ្វីបានជាព្រះដែលយកកំណើតជាមនុស្សតែងរងទុក្ខដោយជំងឺបែបនេះ? ហេតុអ្វីបានជាព្រះអង្គមិនមានសុខភាពល្អដូច្នេះ? ហេតុអ្វីបានជាព្រះដែលយកកំណើតជាមនុស្សមិនទទួលបានព្រះគុណច្រើនដូចមនុស្ស?» ចំណុចនេះតែងតែជាអាថ៌កំបាំងចំពោះមនុស្សជាតិជានិច្ច។ នេះជាចំណងមួយនៅក្នុងចិត្តរបស់មនុស្ស ហើយមនុស្សមិនសូវយកចិត្តទុកដាក់ចំពោះរឿងនេះខ្លាំងប៉ុន្មានទេ។ ផ្ទុយទៅវិញ ពួកគេផ្ដល់នូវសេចក្តីពន្យល់បែបភាន់ច្រឡំថា ព្រះជាម្ចាស់ស្រឡាញ់មនុស្ស ថាព្រះជាម្ចាស់រងទុក្ខសម្រាប់មនុស្សជាតិទៅវិញ។ សូម្បីតែសព្វថ្ងៃ មនុស្សនៅមិនទាន់យល់បានត្រឹមត្រូវអំពីចំណុចនេះនៅឡើយទេ។ ការដកពិសោធន៍ទុក្ខវេទនារបស់ពិភពលោក គឺជាការទទួលខុសត្រូវរបស់ព្រះដែលយកកំណើតជាមនុស្ស។ តើការដកពិសោធន៍ទុក្ខវេទនារបស់ពិភពលោក មានគោលបំណងអ្វីដែរ? នេះជាបញ្ហាមួយទៀត។ ព្រះជាម្ចាស់យាងមក ដើម្បីដកពិសោធន៍ទុក្ខវេទនារបស់ពិភពលោក ដែលជាអ្វីមួយដែលព្រះវិញ្ញាណមិនអាចសម្រេចបានឡើយ។ មានតែព្រះដែលយកកំណើតជាមនុស្ស ដែលចេញពីសាច់ឈាមសាមញ្ញ ធម្មតា និងទាំងស្រុង ហើយបានត្រលប់ជាមនុស្សទាំងស្រុងប៉ុណ្ណោះ ទើបអាចដកពិសោធន៍បានទាំងស្រុងនូវទុក្ខវេទនារបស់ពិភពលោក។ ប្រសិនបើព្រះវិញ្ញាណត្រូវធ្វើកិច្ចការនេះ នោះព្រះអង្គនឹងមិនអាចដកពិសោធន៍ទុក្ខវេទនាណាមួយបានឡើយ។ ព្រះអង្គអាចត្រឹមទតឃើញ និងយល់ប៉ុណ្ណោះ។ តើការទតឃើញ ការយល់ និងការដកពិសោធន៍ ដូចគ្នាដែរឬទេ? អត់ទេ វាមិនដូចគ្នាទេ។ កាលពីមុន ព្រះជាម្ចាស់បានមានបន្ទូលថា៖ «ខ្ញុំដឹងអំពីភាពទទេនៃពិភពលោក ហើយខ្ញុំដឹងពីទុក្ខលំបាកដែលកើតមាននៅក្នុងជីវិតរបស់មនុស្ស។ ខ្ញុំបានធ្វើដំណើរទៅកន្លែងនានានៅក្នុងពិភពលោក និងបានឃើញសេចក្តីវេទនាយ៉ាងខ្លាំង។ ខ្ញុំបានឃើញសេចក្តីលំបាក សេចក្តីវេទនា និងភាពទទេនៅក្នុងជីវិតរបស់មនុស្ស»។ ប៉ុន្តែ ចំពោះសំណួរថាតើព្រះអង្គបានដកពិសោធន៍វាឬអត់ នោះជាបញ្ហាមួយផ្សេងទៀត។ ឧទាហរណ៍ សូមពិចារណាអំពីគ្រួសារមួយដែលមានជីវភាពក្រលំបាក។ អ្នកឃើញស្ថានភាពនេះ ហើយអ្នកក៏មានការយល់ដឹងខ្លះដែរ ប៉ុន្តែតើអ្នកបានដកពិសោធន៍នូវស្ថានភាពរបស់ពួកគេដោយខ្លួនឯងឬទេ? តើអ្នកយល់ពីការលំបាករបស់ពួកគេ យល់ពីទុក្ខវេទនារបស់ពួកគេ និងយល់ពីអារម្មណ៍ទាំងនេះ ឬមានបទពិសោធនេះដែរឬទេ? គឺអ្នកគ្មានឡើយ។ គេអាចនិយាយបានថា ការមើលឃើញ និងការដកពិសោធន៍ គឺជារឿងពីរផ្សេងទៀត។ គឺអាចនិយាយបានថា រឿងនេះ កិច្ចការនេះ ត្រូវធ្វើឡើងជាចាំបាច់ដោយព្រះដែលយកកំណើតជាមនុស្ស។ ចំពោះរឿងនេះ ព្រះវិញ្ញាណគ្មានសមត្ថភាពធ្វើទេ។ នេះជាទិដ្ឋភាពមួយទៀតអំពីសារៈសំខាន់នៃការយកកំណើតជាមនុស្ស៖ ព្រះជាម្ចាស់យាងមក ដើម្បីដកពិសោធន៍នូវទុក្ខវេទនារបស់ពិភពលោក និងទុក្ខវេទនាដែលមនុស្សស៊ូទ្រាំ។ តើមានទុក្ខវេទនាអ្វីខ្លះដែលព្រះអង្គត្រូវដកពិសោធន៍ទៅ? ព្រះអង្គដកពិសោធន៍នូវការលំបាកដែលកើតមានក្នុងជីវិតមនុស្ស សំណាងអាក្រក់ក្នុងគ្រួសារ ការបោកបញ្ឆោត ការបោះបង់ និងការបៀតបៀនរបស់មនុស្ស ក៏ដូចជាជំងឺនៃរាងកាយ ពោលគឺទាំងអស់នេះ គឺជាទុក្ខវេទនានៃពិភពលោក។ ទុក្ខវេទនានៃជំងឺ ការវាយប្រហារពីសំណាក់មនុស្ស និងវត្ថុជុំវិញ សំណាងអាក្រក់នៅក្នុងគ្រួសារ ការបោះបង់របស់មនុស្ស ការប្រមាថ ការមួលបង្កាច់ ការទាស់ទទឹង ការបះបោរ ការជេរប្រទេច និងការយល់ច្រឡំរបស់មនុស្ស ជាដើម ពោលគឺ ព្រះដែលយកកំណើតជាមនុស្ស ត្រូវដកពិសោធន៍រឿងទាំងអស់នេះទុកជាការវាយប្រហារ។ ចំពោះអស់អ្នកដែលជួបបញ្ហាទាំងអស់នេះ នោះក៏ជាការវាយប្រហារផងដែរ។ មិនថាគេជាមហាមនុស្ស ជាមនុស្សអស្ចារ្យ ឬជាមនុស្សមានចិត្តទូលាយនោះទេ ទុក្ខវេទនានេះ រឿងរ៉ាវទាំងនេះ គឺជាការវាយប្រហារចំពោះគេហើយ។ ព្រះជាម្ចាស់ឆ្លងកាត់ការបៀតបៀនរបស់ពិភពលោក ដោយគ្មានកន្លែងសម្រាកព្រះសិរសាទ្រង់ គ្មានកន្លែងស្នាក់នៅ និងគ្មានមនុស្សជំនិតឡើយ។... រឿងទាំងអស់នេះ គឺឈឺចាប់ណាស់។ ថ្វីត្បិតតែរឿងទាំងនេះ ប្រហែលមិនឈានដល់ចំណុចកំពូលនៃទុក្ខវេទនាក៏ដោយ ក៏ព្រះអង្គត្រូវដកពិសោធន៍រឿងទាំងអស់នេះដែរ។ មនុស្សខ្លះធ្លាប់ឆ្ងល់ថា៖ «នៅក្នុងកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្ស តើព្រះជាម្ចាស់មិនអាចដកជំងឺទាំងនេះចេញបានទេឬអី? ដើម្បីឱ្យព្រះអង្គបំពេញកិច្ចការរបស់ទ្រង់ដោយងាយស្រួល និងដើម្បីកុំឱ្យមានមនុស្សប្រឆាំងបះបោរ ឬទាស់ទទឹងនឹងទ្រង់ តើព្រះអង្គមិនអាចធ្វើកិច្ចការទាំងនេះបានទេឬ? ប្រសិនបើព្រះអង្គដាក់ទោសមនុស្ស ពេលនោះ ពួកគេនឹងមិនហ៊ានទាស់ទទឹងនឹងទ្រង់ឡើយ។ ព្រះជាម្ចាស់មានសិទ្ធិអំណាច ចុះហេតុអ្វីបានជាទ្រង់អនុញ្ញាតឱ្យអង្គទ្រង់ផ្ទាល់ធ្លាក់ខ្លួនឈឺទៀត? ប្រសិនបើនរណាម្នាក់មានជំងឺ គេគ្រាន់តែអធិស្ឋានប៉ុណ្ណោះ នោះគេនឹងត្រូវបានប្រោសឱ្យជា ចុះហេតុអ្វីក៏ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គត្រូវមានជំងឺបែបនេះ?» ព្រះអង្គធ្វើបែបនេះ ដើម្បីឱ្យទ្រង់អាចដកពិសោធន៍នូវទុក្ខវេទនារបស់ពិភពលោក។ តាមរយៈការយកកំណើតជាសាច់ឈាម ព្រះអង្គមិនបានដកទុក្ខលំបាក ឬជំងឺចេញទេ ហើយទ្រង់ក៏មិនបានដកចេញនូវការបោះបង់ចោល ដែលរងទុក្ខនៅក្រោមដៃរបស់មនុស្សនោះដែរ។ ព្រះអង្គគ្រាន់តែរីកចម្រើនតាមធម្មតា និងធ្វើការនៅក្នុងមជ្ឈដ្ឋានដ៏លំបាកនេះប៉ុណ្ណោះ។ បែបនេះ ទ្រង់អាចដកពិសោធន៍នូវទុក្ខវេទនារបស់ពិភពលោកបាន។ ប្រសិនបើគ្មានរឿងទាំងនេះទេ នោះព្រះអង្គនឹងមិនស្គាល់រសជាតិនៃទុក្ខវេទនានេះឡើយ។ ប្រសិនបើជំងឺមិនកើតមានចំពោះទ្រង់ទេ ឬបើទ្រង់មិនមានជំងឺណាមួយដែលកើតមានចំពោះមនុស្សធម្មតាទេ ពេលនោះ តើទ្រង់នឹងមានទុក្ខវេទនាតិចជាងទេឬ? តើវាអាចត្រូវបានរៀបចំមកថា ព្រះអង្គមិនដែលឈឺក្បាល ឬមានអារម្មណ៍នឿយហត់ បន្ទាប់ពីប្រើខួរក្បាលច្រើនពេក ក្នុងពេលដែលអ្នកផ្សេងនឿយហត់ឬ? មែនហើយ វាអាចត្រូវបានរៀបចំបែបនេះមែន។ ប៉ុន្តែ នៅលើកនេះ អ្វីៗត្រូវបានធ្វើឡើងតាមរបៀបផ្សេង។ ក្នុងអំឡុងយុគសម័យដែលព្រះយេស៊ូវធ្វើការ ព្រះអង្គអាចធ្វើការ ដោយមិនបរិភោគអាហារ ឬទឹករយៈពេល៤០ថ្ងៃ៤០យប់ ហើយមិនមានអារម្មណ៍ឃ្លានបាន។ ប៉ុន្តែនៅយុគសម័យបច្ចុប្បន្ន ព្រះដែលយកកំណើតជាមនុស្សមានអារម្មណ៍ឃ្លាន សូម្បីតែទ្រង់ខកខានអាហារមួយពេលក៏ដោយ។ អ្នកខ្លះនិយាយថា «តើព្រះជាម្ចាស់មិនពេញដោយព្រះចេស្ដាទេឬ? បើតាមរបៀបដែលខ្ញុំយល់ឃើញ ព្រះអង្គមិនពោរពេញដោយព្រះចេស្តានោះទេ។ ព្រះអង្គមិនទាំងអាចធ្វើកិច្ចការដ៏តូចមួយនេះបានផងហ្នឹង។ តាមរយៈរបៀបដែលទ្រង់មានបន្ទូល យើងអាចឃើញថា ព្រះអង្គជាព្រះជាម្ចាស់ ចុះហេតុអ្វីក៏ទ្រង់មិនអាចសម្រេចរឿងទាំងនេះបានអ៊ីចឹង?» វាមិនមែនព្រះជាម្ចាស់មិនអាចសម្រេចបានរឿងទាំងនេះនោះទេ ប៉ុន្តែផ្ទុយទៅវិញ ព្រះអង្គមិនធ្វើការបែបនោះវិញទេ។ គោលបំណងនៃការយកកំណើតជាមនុស្សរបស់ទ្រង់ គឺមិនមែនធ្វើកិច្ចការដែលមនុស្សគិតថា ព្រះជាម្ចាស់អាចធ្វើបាននោះទេ។ ព្រះអង្គដកពិសោធន៍នូវទុក្ខវេទនារបស់ពិភពលោក ហើយការដែលទ្រង់ធ្វើបែបនេះ មានសារៈសំខាន់របស់វា។ ពេលនោះ អ្នកខ្លះសួរថា៖ «តើការដែលព្រះជាម្ចាស់កំពុងដកពិសោធន៍នូវទុក្ខវេទនារបស់ពិភពលោកនេះ មានប្រយោជន៍អ្វីទៅ? តើទ្រង់អាចរងទុក្ខជំនួសកន្លែងរបស់មនុស្សបានដែរឬទេ? សព្វថ្ងៃនេះ តើមនុស្សមិនកំពុងតែរងទុក្ខវេទនាទេឬ?» គ្មានកិច្ចការណាមួយដែលព្រះជាម្ចាស់ធ្វើ ត្រូវបានធ្វើឡើងដោយចៃដន្យនោះទេ។ ព្រះអង្គមិនបានចាកចេញ នៅពេលទ្រង់បានរងទុក្ខវេទនារបស់ពិភពលោក នៅពេលទ្រង់បានទតមើល ហើយឃើញពីលក្ខណៈរបស់ពិភពលោកនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់យាងមក ដើម្បីបញ្ចប់ទាំងស្រុងនូវកិច្ចការទាំងអស់ដែលតម្រូវទុកសម្រាប់ការយកកំណើតជាមនុស្សរបស់ទ្រង់។ មនុស្សខ្លះគិតថា ព្រះជាម្ចាស់ប្រហែលជាស៊ាំងនឹងការសប្បាយរីករាយចំពោះជីវិតមួយដែលស្រណុក និងសុខស្រួល គិតថា ទ្រង់គ្រាន់តែចង់រងទុក្ខតិចតួច គិតទៀតថា ទ្រង់រស់នៅយ៉ាងរីករាយ និងមិនដែលស្គាល់រសជាតិនៃទុក្ខវេទនានោះទេ ដូច្នេះ ព្រះអង្គគ្រាន់តែចង់ស្គាល់រសជាតិនៃទុក្ខវេទនាប៉ុណ្ណោះ។ ទាំងអស់នេះគ្រាន់តែជាការស្រមើស្រមៃរបស់មនុស្សប៉ុណ្ណោះ។ ការដកពិសោធន៍នូវទុក្ខវេទនារបស់ពិភពលោកនាពេលសព្វថ្ងៃ គឺជាអ្វីមួយដែលអាចសម្រេចបានក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សប៉ុណ្ណោះ។ ប្រសិនបើកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្ស ត្រូវបានបញ្ចប់ទាំងស្រុង ហើយកិច្ចការនៅដំណាក់កាលបន្ទាប់ បានចាប់ផ្ដើម ពេលនោះ វាគួរតែគ្មាន «ការដកពិសោធន៍នូវទុក្ខវេទនារបស់ពិភពលោក» ទៀតឡើយ។ ដូច្នេះ តើការដែលព្រះជាម្ចាស់ដកពិសោធន៍នូវទុក្ខវេទនារបស់ពិភពលោក មានហេតុផលអ្វីឱ្យប្រាកដទៅ? តើមាននរណាដឹងទេ? គឺត្រូវបានថ្លែងទុកមកថា មនុស្សនឹងគ្មានទឹកភ្នែក គ្មានការយំសោក និងគ្មានទុក្ខវេទនា ហើយនៅក្នុងពិភពលោក ក៏នឹងគ្មានជំងឺនោះដែរ។ សព្វថ្ងៃនេះ ព្រះដែលយកកំណើតជាមនុស្ស កំពុងតែដកពិសោធន៍នូវទុក្ខវេទនានេះ ហើយនៅពេលទ្រង់បានបញ្ចប់ ព្រះអង្គនឹងនាំមនុស្សជាតិទៅកាន់ទិសដៅដ៏ស្រស់បំព្រងមួយ ហើយរាល់ទាំងទុក្ខវេទនាកាលពីមុន នឹងលែងមានតទៅទៀតហើយ។ ហេតុអ្វីបានជាវានឹងលែងមានបែបនេះ? វានឹងលែងមានតទៅទៀត ព្រោះតែព្រះដែលយកកំណើតជាមនុស្សដោយផ្ទាល់ព្រះអង្គ បានដកពិសោធន៍នូវទុក្ខវេទនាទាំងអស់នោះរួចហើយ ហើយព្រះអង្គនឹងដកទុក្ខវេទនានេះចេញពីមនុស្សជាតិ។ គឺព្រោះតែគោលបំណងនេះហើយ ទើបព្រះជាម្ចាស់ដកពិសោធន៍នូវទុក្ខវេទនារបស់មនុស្សនោះ។
ព្រះដែលយកកំណើតជាមនុស្ស ដកពិសោធន៍នូវទុក្ខវេទនារបស់ពិភពលោក ដើម្បីរៀបចំទិសដៅអនាគតរបស់មនុស្សជាតិឱ្យកាន់តែប្រសើរ ធ្វើឱ្យវាកាន់តែស្រស់ស្អាត និងកាន់តែគ្រប់លក្ខណ៍។ នេះគឺជាទិដ្ឋភាពដ៏សំខាន់បំផុតនៃការយកកំណើតជាមនុស្ស ហើយក៏ជាផ្នែកមួយនៃកិច្ចការយកកំណើតជាមនុស្សផងដែរ។ ត្រង់ចំណុចនេះ មានបញ្ហាមួយទៀត។ ដើម្បីត្រលប់ជាសាច់ឈាម និងដកពិសោធន៍នូវទុក្ខវេទនានេះ ព្រះជាម្ចាស់នឹងដកទុក្ខវេទនាចេញពីមនុស្សជាតិនៅពេលក្រោយ។ ប៉ុន្តែ ប្រសិនបើគ្មានការយកកំណើតជាមនុស្ស និងគ្មានការដកពិសោធន៍ទេ តើទុក្ខវេទនាអាចត្រូវបានដកចេញបានដែរឬទេ? គឺនៅតែអាចដកចេញបានអ៊ីចឹង។ នៅក្នុងយុគសម័យនៃព្រះគុណ នៅពេលព្រះយេស៊ូវត្រូវបានគេឆ្កាង ព្រះអង្គជាមនុស្សសុចរិតម្នាក់ ដែលបានត្រលប់ជារូបសាច់ដែលមានបាប និងយកអង្គទ្រង់ជាតង្វាយលោះបាប ដែលជាហេតុនាំទៅរកការប្រោសលោះមនុស្សជាតិទាំងអស់ និងរំដោះពួកគេចេញពីកណ្ដាប់ដៃរបស់សាតាំង។ នេះគឺជាគោលបំណង និងសារៈសំខាន់នៃការឆ្កាងព្រះយេស៊ូវ៖ ព្រះអង្គកំពុងប្រោសលោះមនុស្សជាតិ ដោយព្រះលោហិតដ៏មានតម្លៃរបស់ទ្រង់ ដើម្បីអត់ទោសដល់អំពើបាបរបស់មនុស្សជាតិ។ ឥឡូវ ព្រះជាម្ចាស់ដកពិសោធន៍នូវទុក្ខវេទនារបស់មនុស្ស ដែលមានន័យថា ព្រះអង្គដកពិសោធន៍គ្រប់យ៉ាងជំនួសកន្លែងរបស់មនុស្ស ហើយក្រោយមក មនុស្សមិនត្រូវរងទុក្ខម្ដងទៀតឡើយ។ អ្នកមិនអាចបំភ្លេចពាក្យខាងក្រោមនេះទេ៖ នៅគ្រប់ដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់ ព្រះអង្គធ្វើសង្គ្រាមទល់នឹងសាតាំង ហើយនៅគ្រប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ គឺពាក់ព័ន្ធនៅក្នុងរបៀបណាមួយទៅនឹងការធ្វើសង្រ្គាមទល់នឹងសាតាំងនេះ។ នៅក្នុងដំណាក់កាលនៃកិច្ចការដែលត្រូវបានអនុវត្តនៅក្នុងអំឡុងយុគសម័យនៃព្រះគុណ អំពើបាបរបស់មនុស្សជាតិទាំងអស់ត្រូវបានអត់ទោស ពោលគឺ ពួកគេត្រូវបានប្រោសលោះតាមរយៈការឆ្កាង។ ប្រសិនបើគ្មានការពិតនេះ ពោលគឺការពិតនៃការឆ្កាងនេះទេ តែផ្ទុយទៅវិញ ប្រសិនបើការអត់ទោសចំពោះអំពើបាបរបស់មនុស្ស ត្រូវពឹងអាងលើព្រះបន្ទូលតែមួយមុខ ពេលនោះ វានឹងមិនធ្វើឱ្យសាតាំងជឿជាក់បានឡើយ។ វានឹងនិយាយថា៖ «ព្រះអង្គគ្មានបានរងទុក្ខអ្វីផងហ្នឹង ហើយទ្រង់ក៏មិនបានទទួលយកអំពើបាបរបស់មនុស្សនោះដែរ។ ជាមួយព្រះបន្ទូលមួយម៉ាត់ អំពើបាបរបស់មនុស្សជាតិត្រូវបានអត់ទោសកើតឬ? វាមិនអាចទទួលយកបានឡើយ! មនុស្សជាតិត្រូវបានបង្កើតមកដោយព្រះអង្គ ដូច្នេះ ប្រសិនបើទ្រង់មិនទទួលយកអំពើបាបជំនួសកន្លែងរបស់មនុស្សជាតិទេ ព្រះអង្គមិនអាចអត់ទោសអំពើបាបរបស់ពួកគេបានឡើយ»។ ឥឡូវ នៅក្នុងដំណាក់កាលនៃកិច្ចការនាពេលបច្ចុប្បន្ន មនុស្សដែលត្រូវបានសង្រ្គោះទាំងអស់ ត្រូវបាននាំទៅកាន់ទិសដៅដ៏ស្រស់បំព្រង នាំទៅក្នុងយុគសម័យបន្ទាប់។ មនុស្សជាតិលែងត្រូវរងទុក្ខ លែងត្រូវមានជំងឺទៀតហើយ។ ប៉ុន្តែ តើមនុស្សលែងត្រូវមានជំងឺទៀតនេះ ដោយផ្អែកលើមូលដ្ឋានអ្វីទៅ? តើពិភពលោកលែងមានទុក្ខវេទនាតទៅទៀត ដោយផ្អែកលើមូលដ្ឋានអ្វីដែរ? វាជារឿងសមហេតុផលក្នុងការនិយាយថា ដោយសារតែមនុស្សមាននិស្ស័យពុករលួយ និងអាចទាស់ទទឹងនឹងព្រះជាម្ចាស់បាន ពួកគេគួរតែហែលឆ្លងទុក្ខវេទនានេះ។ តើបញ្ហានេះអាចត្រូវបានដោះស្រាយដោយរបៀបណា? ដូច្នេះ ព្រះដែលយកកំណើតជាមនុស្សនៅលើកនេះ ក៏ធ្វើអ្វីមួយដែលសំខាន់បំផុតដែរ ហើយកិច្ចការនោះ គឺត្រូវជំនួសកន្លែងរបស់មនុស្សជាតិ ហើយទទួលយកការឈឺចាប់ទាំងអស់របស់ពួកគេ។ «បទពិសោធ» នៃការត្រលប់ជាសាច់ឈាមរបស់ព្រះជាម្ចាស់ និងការដកពិសោធន៍នូវការឈឺចាប់របស់មនុស្សនេះ គឺស្ដីពីព្រះអង្គដែលកំពុងរងទុក្ខវេទនាជំនួសកន្លែងរបស់មនុស្សជាតិ។ មនុស្សខ្លះនិយាយថា៖ «ឥឡូវ ព្រះជាម្ចាស់រងទុក្ខជំនួសកន្លែងរបស់មនុស្សជាតិ ចុះហេតុអ្វីក៏យើងនៅតែរងទុក្ខដដែលបែបនេះ?» សព្វថ្ងៃនេះ អ្នកកំពុងតែដកពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់។ អ្នកមិនទាន់ត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ទាំងស្រុងឡើយ អ្នកមិនទាន់បានចូលទាំងស្រុងទៅក្នុងយុគសម័យបន្ទាប់នោះទេ ហើយនិស្ស័យរបស់អ្នកនៅតែពុករលួយដដែល។ កិច្ចការរបស់ព្រះជាម្ចាស់ មិនទាន់ដល់កម្រិតកំពូលនៅឡើយទេ ហើយកិច្ចការនេះនៅកំពុងដំណើរការនៅឡើយ។ ដូច្នេះ មនុស្សមិនត្រូវរអ៊ូរទាំអំពីទុក្ខវេទនារបស់ពួកគេទេ។ ព្រះដែលយកកំណើតជាមនុស្សនៅតែរងទុក្ខដដែល ចុះទម្រាំមនុស្សនោះ។ តើវាមិនមានសារៈសំខាន់បំផុតទេឬអី ដែលព្រះជាម្ចាស់ដកពិសោធន៍នូវទុក្ខវេទនារបស់មនុស្ស? ព្រះដែលយកកំណើតជាមនុស្សមិនបានយាងមក ដើម្បីធ្វើកិច្ចការពីរបី រួចក៏ចាកចេញទៅនោះឡើយ។ ការយល់ដឹងរបស់មនុស្សរាក់កំផែលពេកហើយ។ ពួកគេជឿថា ព្រះដែលយកកំណើតជាមនុស្សបានយាងមក ដើម្បីធ្វើកិច្ចការរបស់ព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ ជឿថា សាច់ឈាមនេះគ្រាន់តែយាងមក ដើម្បីសម្ដែងចេញនូវព្រះបន្ទូលព្រះជាម្ចាស់ និងធ្វើការតំណាងឱ្យព្រះជាម្ចាស់ប៉ុណ្ណោះ។ មានអ្នកខ្លះទៀតថែមទាំងគិតថា សាច់ឈាមនេះគ្រាន់តែជាទម្រង់ខាងក្រៅប៉ុណ្ណោះ ប៉ុន្តែនេះជាទស្សនៈខុសឆ្គងទាំងស្រុង ហើយក៏ជាការប្រមាថទាំងស្រុងចំពោះព្រះដែលយកកំណើតជាមនុស្សផងដែរ។ កិច្ចការនៃសាច់ឈាម មានន័យថា ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានយាងមក ហើយទ្រង់បានត្រលប់ជាសាច់ឈាម ដើម្បីដកពិសោធន៍នូវទុក្ខវេទនារបស់មនុស្ស។ វាមានន័យថា ព្រះជាម្ចាស់បានត្រលប់ជាមនុស្ស ដើម្បីដកពិសោធន៍នូវទុក្ខវេទនារបស់មនុស្ស។ តើមនុស្សមានជំនឿត្រឹមត្រូវដែរឬទេថា ទម្រង់ខាងក្រៅនៃសាច់ឈាមរបស់ព្រះជាម្ចាស់បានយាងមក ដើម្បីដកពិសោធន៍នូវទុក្ខវេទនានេះ និងថា ព្រះវិញ្ញាណរបស់ទ្រង់មិនបានរងទុក្ខពីខាងក្នុងនោះ? ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់រងទុក្ខ នៅពេលដែលសាច់ឈាមរងទុក្ខ។ នៅពេលព្រះយេស៊ូវត្រូវបានគេឆ្កាង ព្រះអង្គបានអធិស្ឋានថា៖ «ឱព្រះវរបិតានៃទូលបង្គំអើយ ប្រសិនបើអាច សូមឱ្យពែងនេះរំលងពីទូលបង្គំទៅ សូមកុំតាមចិត្តទូលបង្គំឡើយ តែសូមតាមបំណងព្រះហឫទ័យរបស់ទ្រង់វិញ» (ម៉ាថាយ ២៦:៣៩)។ ព្រះអង្គប្រាថ្នាចង់បានការនេះ ព្រោះថា នៅពេលសាច់ឈាមរបស់ទ្រង់រងទុក្ខ ព្រះវិញ្ញាណរបស់ទ្រង់ក៏រងទុក្ខនៅខាងក្នុងសាច់ឈាមដែរ។ ប្រសិនបើអ្នកនិយាយថា មានតែសម្បកសាច់ឈាមខាងក្រៅដែលរងទុក្ខ ថាព្រះជាម្ចាស់ដែលគង់ក្នុងភាពជាព្រះរបស់ទ្រង់មិនរងទុក្ខទាល់តែសោះ ថាទ្រង់មិនរងទារុណកម្ម ពេលនោះ អ្នកយល់ខុសហើយ។ ប្រសិនបើយល់បែបនេះ នោះវាសបញ្ជាក់ឱ្យឃើញថា អ្នកមិនបានឃើញទិដ្ឋភាពនៃសារជាតិរបស់ព្រះដែលយកកំណើតជាមនុស្សឡើយ។ ចុះហេតុអ្វីក៏គេនិយាយថា ឥឡូវនេះ ព្រះជាម្ចាស់គង់នៅក្នុងរូបកាយជាសាច់ឈាម? ព្រះជាម្ចាស់អាចយាងមក និងត្រលប់ទៅវិញបានគ្រប់ពេលដែលទ្រង់ចង់ ប៉ុន្តែទ្រង់មិនបានធ្វើបែបនេះទេ។ ព្រះអង្គបានត្រលប់ជាមនុស្ស ដើម្បីឆ្លងកាត់នូវទុក្ខវេទនានេះ ជាទុក្ខវេទនាពិតជាក់ស្ដែង ដើម្បីឱ្យមនុស្សអាចមើលឃើញ និងមានអារម្មណ៍ដឹង នៅពេលដែលវាកើតឡើង។ ព្រះអង្គអាចមានអារម្មណ៍ដឹងពីទុក្ខវេទនាដែលទ្រង់ឆ្លងកាត់ ទ្រង់ដកពិសោធន៍ទុក្ខលំបាកនោះដោយផ្ទាល់ព្រះអង្គ។ គ្មានពេលម្ដងណាដែលសាច់ឈាមរបស់ទ្រង់បានរងទុក្ខ ឬរងទារុណកម្មនៅផ្នែកមួយណា ដែលព្រះវិញ្ញាណរបស់ទ្រង់មិនមានអារម្មណ៍ដឹងនោះឡើយ ពោលគឺ សាច់ឈាម និងព្រះវិញ្ញាណរបស់ទ្រង់ មានអារម្មណ៍ដឹង និងរងទុក្ខវេទនាដូចគ្នា។ តើវាស្រួលយល់ដែរឬទេ? វាមិនស្រួលទេ។ វាមិនស្រួល ព្រោះថា អ្វីគ្រប់យ៉ាងដែលមនុស្សអាចមើលឃើញ គឺជាសាច់ឈាម ហើយពួកគេមិនអាចមើលឃើញព្រះវិញ្ញាណរងទុក្ខឡើយ ទោះបីជាសាច់ឈាមរងទុក្ខក៏ដោយ។ តើអ្នកជឿថា នៅពេលនរណាម្នាក់រងទុក្ខ ព្រលឹងរបស់ពួកគេរងទុក្ខដែរឬទេ? ហេតុអ្វីក៏មនុស្សនិយាយថា ពួកគេមានអារម្មណ៍ជ្រាលជ្រៅខ្លាំងបែបនេះនៅក្នុងដួងចិត្តពួកគេ? នោះព្រោះតែសាច់ឈាម និងវិញ្ញាណរបស់មនុស្ស គឺតែមួយ។ វិញ្ញាណ និងសាច់ឈាមរបស់មនុស្សគ្រប់រូប គឺតែមួយ និងដូចគ្នា។ ពួកគេរងទុក្ខដូចគ្នា និងមានអារម្មណ៍រីករាយដូចគ្នា។ គ្មានមនុស្សណាម្នាក់ នៅពេលរងការឈឺចាប់ពិតប្រាកដ បែរជាមានអារម្មណ៍តែនៅក្នុងសាច់ឈាម ប៉ុន្តែដួងចិត្តរបស់ពួកគេបែរជាអរសប្បាយនោះទេ។ ហើយក៏គ្មាននរណាម្នាក់ដែលនឹងនិយាយថា សាច់ឈាមរបស់ពួកគមិនរងទុក្ខទាល់តែសោះ ក្នុងពេលដែលដួងចិត្តរបស់ខ្លួនកំពុងតែរងទុក្ខនោះឡើយ។ អ្វីៗនៅក្នុងចិត្តដែលបង្កើតឱ្យមានអារម្មណ៍ ឬការឈឺចាប់ ឬអ្វីដែលអាចត្រូវបានដកពិសោធន៍នៅក្នុងចិត្ត ពោលគឺ សាច់ឈាមក៏អាចមានអារម្មណ៍ដឹងអំពីអ្វីៗទាំងនេះដែរ។
ព្រះដែលយកកំណើតជាមនុស្សបានយាងមក ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ដែលជាការដកពិសោធន៍នូវទុក្ខវេទនារបស់ពិភពលោក ដើម្បីយកការឈឺចាប់ទាំងអស់របស់មនុស្សមកដាក់លើអង្គទ្រង់ផ្ទាល់។ នៅពេលព្រះអង្គបានស៊ូទ្រាំនឹងទុក្ខវេទនានេះ រហូតដល់វាត្រូវបានបញ្ចប់ កិច្ចការបែបនេះនឹងមិនចាំបាច់កើតឡើងម្ដងទៀតនៅក្នុងដំណាក់កាលបន្ទាប់នៃកិច្ចការឡើយ។ ផ្ទុយទៅវិញ មនុស្សជាតិអាចត្រូវបាននាំទៅកាន់ទិសដៅដ៏ស្រស់បំព្រងបាន។ ដោយសារតែទ្រង់បានរងការឈឺចាប់នេះជំនួសមនុស្ស ហេតុនេះ ព្រះអង្គមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីនាំមនុស្សទៅកាន់ទិសដៅដ៏ស្រស់បំព្រង។ នេះហើយជាផែនការរបស់ទ្រង់នោះ។ មនុស្សដែលគ្មានហេតុផលមួយចំនួននិយាយថា៖ «ហេតុអ្វីក៏ខ្ញុំមើលមិនឃើញព្រះដែលយកកំណើតជាមនុស្សកំពុងរងទុក្ខវេទនាទាំងអស់នេះ? មិនមែនទាំងអស់ ត្រូវបានស៊ូទ្រាំក្នុងភាពពេញលេញរបស់វានោះទេ។ ការរងទុក្ខគ្រប់បែបយ៉ាង គួរតែត្រូវបានស៊ូទ្រាំ ហើយយ៉ាងហោចណាស់ ទ្រង់គួរតែរងការជាប់ឆ្កាងដែរ»។ ការឈឺចាប់នៃការឆ្កាង ត្រូវបានស៊ូទ្រាំកាលពីមុន និងមិនត្រូវរងទុក្ខម្ដងទៀតឡើយ។ ក្រៅពីនេះ មនុស្សមិនត្រូវនិយាយបែបនេះទេ។ តើព្រះដែលយកកំណើតជាមនុស្សមិនបានរងទុក្ខច្រើន ក្នុងអំឡុងប៉ុន្មានឆ្នាំនេះទេឬ? មានតែមនុស្សគ្មានដែលហេតុផលប៉ុណ្ណោះដែលគិតបែបនេះ។ នៅក្នុងវិសាលភាពនៃការរងទុក្ខ ដែលអាចស៊ូទ្រាំបានដោយព្រះដែលយកកំណើតជាមនុស្ស ជាទូទៅ រាល់ទុក្ខវេទនាដែលកើតមានចំពោះមនុស្សជាតិ អាចធ្លាក់លើទ្រង់។ ចំពោះទុក្ខវេទនាដែលធំពេក ទុក្ខវេទនាដែលមានតែមនុស្សម្នាក់ក្នុងចំណោមមួយពាន់នាក់ អាចស៊ូទ្រាំបាន ព្រះជាម្ចាស់មិនចាំបាច់ស៊ូទ្រាំនោះទេ ព្រោះទុក្ខវេទនានេះមានតំណាងរួចហើយ។ ព្រះជាម្ចាស់អាចដកពិសោធន៍ប្រភេទទុក្ខវេទនាទាំងនេះបាន ហើយការនេះសបញ្ជាក់ឱ្យឃើញថា ព្រះអង្គគ្មានខុសអ្វីពីមនុស្សធម្មតា ថាគ្មានការញែកទ្រង់ចេញពីមនុស្ស ថាគ្មានការបែងចែករវាងទ្រង់ និងមនុស្ស និងថាទ្រង់រងទុក្ខដូចមនុស្សផងដែរ។ នៅពេលមនុស្សរងទុក្ខ ព្រះជាម្ចាស់ក៏រងទុក្ខដែរ។ ពីមួយពេលទៅមួយពេល មនុស្សធ្លាក់ខ្លួនឈឺ និងរងការឈឺចាប់ ហើយព្រះជាម្ចាស់ផ្ទាល់ក៏ជួបរឿងបែបនេះដែរ ពោលគឺ ព្រះអង្គបានភ្លក់ការរងទុក្ខទាំងអស់នេះរួចហើយ។ នៅលើកនេះ ទុក្ខវេទនារបស់ព្រះដែលយកកំណើតជាមនុស្ស គឺមិនដូចលើកមុន ជាពេលដែលទ្រង់បានភ្លក់សេចក្តីស្លាប់នៅលើឈើឆ្កាងឡើយ។ វាមិនចាំបាច់នោះទេ ព្រោះថាទ្រង់បានដកពិសោធន៍រួចហើយ។ លើកនេះគឺស្ដីពីការដកពិសោធន៍នូវទុក្ខវេទនារបស់មនុស្ស និងការយកទុក្ខវេទនារបស់មនុស្សមកដាក់លើអង្គទ្រង់ប៉ុណ្ណោះ។ កាលពីមុន ព្រះយេហូវ៉ាបានធ្វើការជាព្រះវិញ្ញាណ ហើយតាមរយៈការនេះ មនុស្សអាចទទួលបានអ្វីមួយ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្ស អាចត្រូវបានមនុស្សមើលឃើញ និងមានអារម្មណ៍ដឹង ដោយធ្វើឱ្យវាកាន់តែងាយស្រួល និងងាយទទួលសម្រាប់មនុស្ស ជាងកិច្ចការរបស់ព្រះវិញ្ញាណទៅទៀត។ នេះជាទិដ្ឋភាពមួយ។ ទិដ្ឋភាពមួយទៀតគឺថា ព្រះដែលយកកំណើតជាមនុស្ស អាចដកពិសោធន៍នូវទុក្ខវេទនារបស់ពិភពលោក។ ការនេះមិនអាចសម្រេចបានដោយកិច្ចការនៃព្រះវិញ្ញាណនោះទេ។ ដោយភាពចាំបាច់ វាអាចសម្រេចបានតាមរយៈការយកកំណើតជាមនុស្សប៉ុណ្ណោះ។ ប្រសិនបើព្រះវិញ្ញាណត្រូវធ្វើការវិញ នោះព្រះវិញ្ញាណនឹងមានបន្ទូលអំពីអ្វីដែលទ្រង់ត្រូវមានបន្ទូល រួចក៏ចាកចេញទៅ។ ទោះបីពេលទ្រង់ទាក់ទងជាមួយមនុស្សក៏ដោយ ក៏ទ្រង់នៅតែមិនអាចដកពិសោធន៍នូវទុក្ខវេទនារបស់ពិភពលោកបានដែរ។ មនុស្សខ្លះចង់សួរថា៖ «ប្រសិនបើព្រះដែលយកកំណើតជាមនុស្សរងទុក្ខ តើព្រះវិញ្ញាណមិនរងទុក្ខដែរទេឬអី? តើព្រះវិញ្ញាណមិនអាចដកពិសោធន៍វាដែរឬទេ?» តើគំនិតនេះមិនសមហេតុផលទេឬ? ព្រះវិញ្ញាណអាចដកពិសោធន៍នូវទុក្ខវេទនាបាន បន្ទាប់ពីព្រះអង្គដណ្ដប់អង្គទ្រង់ដោយសាច់ឈាមប៉ុណ្ណោះ។ ព្រះវិញ្ញាណ និងសាច់ឈាម គឺមិនអាចដាច់ចេញពីគ្នាបានទេ។ ព្រះវិញ្ញាណក៏ដកពិសោធន៍នូវទុក្ខវេទនានៃសាច់ឈាមផងដែរ។ ប្រសិនបើព្រះវិញ្ញាណមិនដណ្ដប់អង្គទ្រង់ដោយសាច់ឈាមទេ នោះទ្រង់នឹងមិនអាចដកពិសោធន៍នូវរឿងនេះបានឡើយ។ អារម្មណ៍រងទុក្ខរបស់សាច់ឈាម មានលក្ខណៈលម្អិតជាង ជាក់ស្ដែងជាង និងច្បាស់លាស់ជាង។ ចំណុចទាំងនេះ គឺជាអ្វីដែលព្រះវិញ្ញាណមិនអាចសម្រេចបានទេ។ មានរឿងមួយចំនួននៅក្នុងពិភពខាងរូបកាយ ដែលកិច្ចការរបស់ព្រះវិញ្ញាណមិនអាចជំនួសបានឡើយ។ នេះគឺជាសារៈសំខាន់ដ៏ទូលំទូលាយបំផុតអំពីការយកកំណើតជាមនុស្ស។
កាលពីមុន គេបាននិយាយថា ព្រះគ្រីស្ទមិនរួមចំណែកក្នុងសេចក្តីសុខគ្រួសាររបស់ពិភពលោកឡើយ។ អ្នកខ្លះនិយាយថា៖ «មនុស្សបានទទួលព្រះគ្រីស្ទយ៉ាងល្អនៅគ្រប់ទីកន្លែងដែលទ្រង់បានយាងទៅ។ មនុស្សខ្លះថែមទាំងទិញរបស់ល្អៗថ្វាយដល់ទ្រង់ទៀតផង ហើយព្រះអង្គក៏ទទួលបានការគោរពយ៉ាងខ្លាំងនៅគ្រប់ទីកន្លែងដែរ។ ព្រះអង្គប្រាកដជាសប្បាយរីករាយណាស់ហើយ ហើយទ្រង់មិនបានរងទុក្ខសោះឡើយ ដូច្នេះ តើគេអាចនិយាយថា ទ្រង់មិនរួមចំណែកក្នុងការរងទុក្ខម្ដេចកើតទៅ?» ចុះឃ្លានេះយ៉ាងម៉េចវិញ? ការនិយាយថា ទ្រង់មិនរួមចំណែកក្នុងការរងទុក្ខ មិនមានន័យថា ទ្រង់មិនរីករាយនឹងរបស់ទាំងនេះទេ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់មិនបានរងទុក្ខតិចជាង ព្រោះតែរឿងទាំងនេះឡើយ។ នេះជាអត្ថន័យនៃឃ្លាថា «ទ្រង់មិនរួមចំណែកក្នុងការរងទុក្ខ»។ ឧទាហរណ៍ ឧបមាថា អ្នកកើតជំងឺ ហើយបុគ្គលម្នាក់ឱ្យសម្លៀកបំពាក់ស្អាតៗដល់អ្នក។ តើការរងទុក្ខពីជំងឺរបស់អ្នកនឹងបានធូរស្បើយ ព្រោះតែសម្លៀកបំពាក់ទាំងនេះដែរឬទេ? អត់ទេ។ ទុក្ខវេទនារបស់អ្នក នឹងមិនបានធូរស្បើយសោះឡើយ។ អ្នកច្បាស់ជានៅរងទុក្ខដដែលចំពោះអ្វីដែលអ្នករងទុក្ខ ហើយនេះជាអត្ថន័យនៃពាក្យថា «ការមិនរួមចំណែក» នោះ។ ឧទាហរណ៍ ទុក្ខវេទនាដែលកើតចេញពីជំងឺមួយ ឬពីការរឹតត្បិតនៃមជ្ឈដ្ឋានរបស់បុគ្គលម្នាក់ មិនអាចត្រូវបានធូរស្បើយដោយសារសេចក្តីសប្បាយរីករាយនៃរាងកាយទេ ហើយព្រះគ្រីស្ទមិនបានយករបស់ទាំងនេះធ្វើជាការសប្បាយរបស់ទ្រង់នោះទេ។ ហេតុនេះ គេក៏និយាយថា៖ «ទ្រង់មិនរួមចំណែកក្នុងទុក្ខវេទនានេះ» ទេ។ មនុស្សដែលគ្មានហេតុផលមួយចំនួននិយាយថា៖ «ប្រសិនបើព្រះជាម្ចាស់មិនរួមចំណែកក្នុងសេចក្តីសុខគ្រួសាររបស់ពិភពលោក នោះមិនថាយើងទទួលទ្រង់បែបណា វាមិនសំខាន់ទេ ដ្បិតព្រះជាម្ចាស់នឹងរងទុក្ខ មិនថាយើងធ្វើអ្វីឡើយ»។ ការយល់ដឹងបែបនេះ ពិតជាគ្មានហេតុផលទាល់តែសោះ ហើយវាបង្ហាញពីការព្យាបាទនៅក្នុងដួងចិត្តពួកគេ។ ដួងចិត្តរបស់មនុស្ស ត្រូវតែប្រើឱ្យអស់ពីលទ្ធភាព ហើយភារកិច្ចរបស់មនុស្ស ត្រូវតែធ្វើឡើងឱ្យអស់ពីសមត្ថភាពរបស់ពួកគេ។ ក្រោយមក មនុស្សបានយល់បែបនេះ៖ «ព្រះជាម្ចាស់ធ្លាប់មានអំណរយ៉ាងខ្លាំង ហើយឥឡូវ ទ្រង់បានយាងមក ដើម្បីសាកល្បងអ្វីមួយថ្មី ដែលជាទុក្ខវេទនារបស់ពិភពលោក»។ តើវាសាមញ្ញបែបនេះឬ? អ្នកត្រូវតែយល់ពីមូលហេតុដែលព្រះជាម្ចាស់យាងមក ដើម្បីដកពិសោធន៍នូវទុក្ខវេទនារបស់ពិភពលោក។ សារៈសំខាន់នៃអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ មានភាពជ្រាលជ្រៅខ្លាំងណាស់។ ឧទាហរណ៍ សូមពិចារណាអំពីការឆ្កាងរបស់ព្រះយេស៊ូវ។ ហេតុអ្វីបានជាព្រះយេស៊ូវត្រូវគេឆ្កាង? តើមិនមែនដើម្បីប្រោសលោះមនុស្សជាតិទាំងអស់ទេឬ? ដូច្នេះ វាក៏មានភាពសំខាន់ខ្លាំងផងដែរនៅក្នុងការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងបទពិសោធនៃការរងទុក្ខខាងលោកីយ៍របស់ទ្រង់។ វាគឺដើម្បីទិសដៅដ៏ស្រស់បំព្រងរបស់មនុស្សជាតិ។ នៅក្នុងកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់តែងតែធ្វើនូវកិច្ចការជាក់ស្ដែងបំផុត។ ហេតុអ្វីបានជាព្រះជាម្ចាស់ទតឃើញមនុស្សជាអ្នកគ្មានបាប ហើយមនុស្សនោះអាចមានសំណាងបានមកចំពោះព្រះជាម្ចាស់? នោះគឺដោយសារតែព្រះយេស៊ូវបានជាប់ឆ្កាង បានទទួលបាបរបស់មនុស្ស និងបានប្រោសលោះមនុស្សជាតិ។ ចុះហេតុអ្វីបានជាមនុស្សជាតិនឹងលែងរងទុក្ខ លែងមានអារម្មណ៍ទុក្ខព្រួយ លែងបង្ហូរទឹកភ្នែក និងលែងដកដង្ហើមធំតទៅទៀត? នោះដោយសារតែការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ បានទទួលយកទុក្ខវេទនាទាំងអស់នេះមកដាក់លើអង្គទ្រង់ ហើយទុក្ខវេទនានេះ ឥឡូវទ្រង់បានរងទុក្ខជំនួសមនុស្សវិញ។ ដូចជាអ្នកម្ដាយដែលឃើញកូនរបស់ខ្លួនឈឺ ហើយអធិស្ឋានទៅស្ថានសួគ៌ ដោយបន់ឱ្យកាត់អាយុរបស់ខ្លួនចុះ ឱ្យតែកូនរបស់នាងអាចជាសះស្បើយ។ ព្រះជាម្ចាស់ក៏ធ្វើការតាមរបៀបនេះដែរ ដោយថ្វាយការឈឺចាប់របស់ទ្រង់ជាថ្នូរនឹងទិសដៅដ៏ស្រស់បំព្រងដែលនឹងមានសម្រាប់មនុស្សជាតិ។ វានឹងលែងមានទុក្ខព្រួយ លែងមានទឹកភ្នែក លែងមានការដកដង្ហើមធំ និងលែងមានទុក្ខវេទនាតទៅទៀត។ ព្រះជាម្ចាស់បង់ថ្លៃចេញពីការដកពិសោធន៍ផ្ទាល់ខ្លួននូវការរងទុក្ខខាងលោកីយ៍ ជាថ្នូរនឹងគោលដៅដ៏ស្រស់បំព្រងដែលនឹងមានសម្រាប់មនុស្សជាតិ។ ការនិយាយថា ការនេះត្រូវបានធ្វើឡើង «ជាថ្នូរនឹង» ទិសដៅដ៏ស្រស់បំព្រងបែបនេះ មិនមានន័យថា ព្រះជាម្ចាស់គ្មានព្រះចេស្ដា ឬគ្មានសិទ្ធិអំណាចក្នុងការប្រទានគោលដៅដ៏ស្រស់បំព្រងដល់មនុស្សជាតិនោះឡើយ ប៉ុន្តែផ្ទុយទៅវិញ វាមានន័យថា ព្រះជាម្ចាស់ចង់រកភស្តុតាងមួយដែលជាក់ស្ដែងជាង និងមានព្រះចេស្ដាជាង ដើម្បីធ្វើឱ្យមនុស្សជឿជាក់ទាំងស្រុង។ ព្រះជាម្ចាស់បានដកពិសោធន៍ទុក្ខវេទនានេះរួចទៅហើយ ដូច្នេះ ទ្រង់មានគុណសម្បត្តិគ្រប់គ្រាន់ ទ្រង់មានព្រះចេស្ដា ហើយថែមទាំងមានសិទ្ធិអំណាច ដើម្បីនាំមនុស្សជាតិទៅកាន់គោលដៅដ៏ស្រស់បំព្រង ប្រទានដល់មនុស្សជាតិនូវទិសដៅ និងសេចក្តីសន្យាដ៏ស្រស់បំព្រងនេះ។ សាតាំងនឹងជឿជាក់ទាំងស្រុង ហើយគ្រប់ទាំងរបស់សព្វសារពើនៃចក្រវាឡ ក៏នឹងជឿជាក់ទាំងស្រុងដែរ។ នៅទីបំផុត ព្រះជាម្ចាស់នឹងអនុញ្ញាតឱ្យមនុស្សជាតិទទួលបាននូវសេចក្ដីសន្យា និងសេចក្ដីស្រឡាញ់របស់ទ្រង់។ អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែជាក់ស្ដែង គ្មានអ្វីមួយដែលទទេស្អាតនោះឡើយ ហើយទ្រង់មានបទពិសោធន៍ពីវាដោយព្រះអង្គឯងផ្ទាល់។ ព្រះជាម្ចាស់បង់តម្លៃនៃបទពិសោធន៍ផ្ទាល់របស់ទ្រង់ក្នុងការរងទុក្ខ ជាថ្នូរនឹងវាសនាសម្រាប់មនុស្សជាតិ។ តើនេះមិនមែនជាកិច្ចការជាក់ស្ដែងទេឬ? ឪពុកម្ដាយអាចចំណាយអស់ពីចិត្តដើម្បីជាប្រយោជន៍ដល់កូនៗរបស់ខ្លួន ហើយការនេះតំណាងឱ្យសេចក្តីស្រឡាញ់របស់ពួកគេសម្រាប់កូនៗរបស់ខ្លួន។ ប្រាកដណាស់ តាមរយៈការធ្វើបែបនេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ទ្រង់ទៀងត្រង់ និងស្មោះត្រង់បំផុតចំពោះមនុស្សជាតិ។ សារជាតិរបស់ព្រះជាម្ចាស់គឺស្មោះត្រង់ ទ្រង់ធ្វើនូវអ្វីដែលទ្រង់មានបន្ទូល ហើយអ្វីៗដែលទ្រង់ធ្វើសុទ្ធតែបានសម្រេច។ អ្វីៗគ្រប់យ៉ាងដែលទ្រង់ធ្វើសម្រាប់មនុស្សគឺទៀងត្រង់។ ទ្រង់មិនគ្រាន់តែមានព្រះបន្ទូលប៉ុណ្ណោះទេ តែនៅពេលដែលទ្រង់មានបន្ទូល គឺទ្រង់នឹងបង់តម្លៃ ទ្រង់ពិតជាបង់តម្លៃនោះមែន។ នៅពេលដែលទ្រង់មានបន្ទូលថា ទ្រង់ទទួលយកការរងទុក្ខរបស់មនុស្ស និងរងទុក្ខជំនួសពួកគេ គឺទ្រង់ពិតជាយាងមកគង់នៅក្នុងចំណោមពួកគេ ដោយមានអារម្មណ៍ដឹង និងឆ្លងកាត់បទពិសោធន៍នៃការរងទុក្ខនេះដោយផ្ទាល់។ ក្រោយពីនោះមក អ្វីៗទាំងនៅក្នុងសកលលោកនឹងទទួលស្គាល់ថា អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែត្រឹមត្រូវ និងសុចរិត ពោលគឺអ្វីៗទាំងអស់ដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែពិត។ នេះជាភស្ដុតាងដ៏មានអំណាចមួយ។ បន្ថែមលើនេះទៀត មនុស្សជាតិនឹងមានវាសនាមួយដ៏ស្រស់ស្អាតនៅពេលអនាគត ហើយអស់អ្នកដែលនៅសល់នឹងសរសើរតម្កើងព្រះជាម្ចាស់។ ពួកគេនឹងលាន់មាត់សរសើរថា ទង្វើរបស់ព្រះជាម្ចាស់ពិតជាចេញមកពីសេចក្ដីស្រលាញ់របស់ទ្រង់ចំពោះមនុស្ស។ ព្រះជាម្ចាស់យាងមកក្នុងចំណោមមនុស្សដោយបន្ទាបព្រះអង្គទ្រង់ក្នុងនាមជាមនុស្សសាមញ្ញម្នាក់។ ទ្រង់មិនគ្រាន់តែបំពេញកិច្ចការខ្លះៗ ថ្លែងព្រះបន្ទូលមួយចំនួន ហើយក៏ចាកចេញទៅនោះទេ ផ្ទុយទៅវិញ ទ្រង់ពិតជាមានបន្ទូល និងធ្វើកិច្ចការ ខណៈដែលឆ្លងកាត់ការឈឺចាប់របស់ពិភពលោក។ មានតែពេលដែលព្រះអង្គបានបញ្ចប់ការដកពិសោធន៍នូវការឈឺចាប់នេះរួចប៉ុណ្ណោះ ទើបទ្រង់នឹងចាកចេញទៅ។ នេះហើយជាលក្ខណៈពិត និងជាក់ស្ដែងនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយអស់អ្នកដែលនៅសល់នឹងសរសើរតម្កើងទ្រង់ដោយព្រោះការនេះ ហើយពួកគេនឹងមើលឃើញភាពស្មោះត្រង់របស់ព្រះជាម្ចាស់ចំពោះមនុស្ស និងព្រះទ័យសប្បុរសរបស់ទ្រង់។ សារជាតិនៃភាពស្រស់ស្អាត និងសេចក្ដីល្អរបស់ព្រះជាម្ចាស់ អាចត្រូវបានមើលឃើញនៅក្នុងសារៈសំខាន់នៃការយកកំណើតជាមនុស្សរបស់ទ្រង់។ អ្វីៗដែលទ្រង់ធ្វើសុទ្ធតែទៀងត្រង់ ហើយអ្វីៗដែលទ្រង់មានបន្ទូលសុទ្ធតែស្មោះអស់ពីព្រះទ័យ និងស្មោះត្រង់។ អ្វីគ្រប់យ៉ាងដែលព្រះអង្គសព្វព្រះហឫទ័យចង់ធ្វើ ទ្រង់ធ្វើវាជាប្រាកដ។ នៅពេលមានតម្លៃដែលត្រូវបង់ ព្រះអង្គបង់ថ្លៃយ៉ាងពិតប្រាកដ ព្រះអង្គមិនគ្រាន់តែមានព្រះបន្ទូលប៉ុណ្ណោះទេ។ ព្រះជាម្ចាស់ជាព្រះដ៏សុចរិត។ ព្រះជាម្ចាស់ជាព្រះដ៏ស្មោះត្រង់។
និទាឃរដូវ ឆ្នាំ ១៩៩៧