ភាពសំខាន់នៃការស្គាល់រសជាតិទុក្ខវេទនាខាងលោកីយ៍របស់ព្រះជាម្ចាស់
ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស រងទុក្ខលំបាកជំនួសមនុស្ស ជាថ្នូរនឹងទិសដៅដ៏ស្រស់បំព្រងរបស់មនុស្សនាពេលអនាគត។ ជំហានកិច្ចការដែលព្រះយេស៊ូវបានធ្វើ គឺត្រូវជាប់ឆ្កាងទុកជារូបភាពនៃតួបាប ដើម្បីក្លាយជាតង្វាយលោះបាប ដើម្បីប្រោសលោះមនុស្សជាតិទាំងអស់ ដើម្បីចាក់គ្រឹះមូលដ្ឋានសម្រាប់ច្រកចូលរបស់មនុស្សទៅរកទិសដៅដ៏ស្រស់បំព្រង។ ព្រះអង្គត្រូវបានគេឆ្កាង និងទទួលយកអំពើបាបរបស់មនុស្ស ហើយទ្រង់បានប្រោសលោះមនុស្សជាតិពីអំពើបាប។ ក្នុងន័យម្យ៉ាងទៀត ទ្រង់បានបម្រើជាភស្តុតាងអំពីមនុស្សដែលត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន និងអាចចូលមកចំពោះព្រះជាម្ចាស់ ព្រះអង្គគឺជាថ្នូរទៅតយុទ្ធនឹងសាតាំង។ សព្វថ្ងៃនេះ គ្រាចុងក្រោយបានមកដល់ហើយ ព្រះជាម្ចាស់ចង់បិទបញ្ចប់កិច្ចការរបស់ទ្រង់ ចង់បិទបញ្ចប់យុគសម័យនេះ រួចដឹកនាំមនុស្សដែលនៅសេសសល់ទៅរកទិសដៅដ៏ស្រស់បំព្រងមួយ។ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមជាថ្មីម្ដងទៀត ហើយក្នុងពេលដែលទ្រង់កំពុងយកឈ្នះ ជំនុំជម្រះ និងបន្សុទ្ធមនុស្សនេះ ព្រះអង្គក៏រងទុក្ខជំនួសមនុស្ស ហើយផ្ដល់ការនេះទុកជាភស្តុតាង និងជាការពិតផងដែរ ដើម្បីឱ្យមនុស្សអាចរួចផុតពីការឈឺចាប់គ្រប់បែបយ៉ាង។ ព្រះជាម្ចាស់ធ្វើបន្ទាល់របស់ទ្រង់ដោយផ្ទាល់ ហើយទ្រង់ប្រើភស្តុតាង ប្រើទីបន្ទាល់នេះ ដើម្បីយកឈ្នះលើសាតាំង ដើម្បីបំបាក់មុខពួកអារក្ស និងទុកជាថ្នូរសម្រាប់ទិសដៅដ៏ស្រស់បំព្រងរបស់មនុស្ស។
មនុស្សខ្លះនិយាយថា៖ «កិច្ចការខាងរូបកាយនៃការយកកំណើតជាមនុស្ស គឺព្រះជាម្ចាស់នៅតែធ្វើការដដែលហ្នឹង។ នេះមិនមែនជាកិច្ចការខាងសាច់ឈាមនៃរូបកាយនោះទេ។ ព្រះវិញ្ញាណគ្រប់គ្រងលើទ្រង់ពីខាងក្នុង»។ តើគំនិតនេះត្រឹមត្រូវដែរឬទេ? គឺមិនត្រឹមត្រូវទេ។ គេធ្លាប់និយាយពីមុនមកថា ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ក្នុងការអនុវត្តជំហាននៃកិច្ចការយកឈ្នះ ត្រូវបានធ្វើឡើងក្នុងភាពជាមនុស្សធម្មតា។ អ្វីដែលអ្នកមើលឃើញ គឺជាភាពជាមនុស្សធម្មតា ប៉ុន្តែតាមពិតទៅ នេះគឺជាព្រះជាម្ចាស់ដែលធ្វើការដោយផ្ទាល់ព្រះអង្គ។ នៅពេលដែលរូបកាយខាងសាច់ឈាមនេះធ្វើការ តាមពិតទៅ នោះជាព្រះជាម្ចាស់ដែលកំពុងធ្វើការដោយផ្ទាល់ព្រះអង្គ។ នៅពេលពន្យល់ និងប្រកបគ្នាបែបនេះ ជារឿយៗ មនុស្សជឿថា រូបកាយខាងសាច់ឈាមនេះ ត្រឹមជាឧបករណ៍ ជាសម្បកក្រៅមួយ ដែលព្រះអង្គធ្វើការ នៅពេលព្រះវិញ្ញាណមានបន្ទូល និងគ្រប់គ្រងលើទ្រង់ពីខាងក្នុងប៉ុណ្ណោះ ហើយគេជឿទៀតថា បើគ្មានការគ្រប់គ្រងនេះ ក៏ព្រះអង្គធ្វើការមិនកើតដែរ។ រូបកាយខាងសាច់ឈាមមានបន្ទូលតាមការណែនាំគ្រប់បែបយ៉ាងពីព្រះវិញ្ញាណ ហើយនៅពេលដែលព្រះវិញ្ញាណមិនបានណែនាំ ព្រះអង្គក៏មិនមានបន្ទូលអ្វីដែរ។ តើបែបនេះមែនទេ? គឺមិនបែបនេះទេ។ កាលណាព្រះវិញ្ញាណតំណាងនៅក្នុងសាច់ឈាម ព្រះវិញ្ញាណ និងសាច់ឈាម ត្រលប់ជាតែមួយ។ ការប្រព្រឹត្តរបស់សាច់ឈាម គឺជាការប្រព្រឹត្តរបស់ព្រះវិញ្ញាណ ហើយការប្រព្រឹត្តរបស់ព្រះវិញ្ញាណ ក៏ជាការប្រព្រឹត្តរបស់សាច់ឈាមដែរ ពោលគឺមានតែបែបនេះទេ ទើបត្រូវបានហៅថាជាការយកកំណើតជាមនុស្ស។ សេចក្តីពន្យល់ដ៏មានអានុភាពបំផុតមួយនាពេលសព្វថ្ងៃគឺថា៖ កាលណាព្រះជាម្ចាស់ត្រលប់ជាសាច់ឈាមក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ម្យ៉ាង ព្រះអង្គកំពុងយាងមក ដើម្បីធ្វើកិច្ចការយកឈ្នះ និងបិទបញ្ចប់យុគសម័យនេះ។ ម្យ៉ាងទៀត រូបកាយខាងសាច់ឈាមដែលយាងមកដកពិសោធន៍ការឈឺចាប់របស់មនុស្សនេះ គឺជាការយាងមករបស់ព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ ដើម្បីដកពិសោធន៍នូវការឈឺចាប់របស់មនុស្ស។ សាច់ឈាមរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ គឺតែមួយ។ រូបកាយខាងសាច់ឈាម មិនមែនជាឧបករណ៍មួយដែលមនុស្សជឿថា ព្រះអង្គត្រឹមជាសម្បក ឬជាតួអង្គខាងរូបកាយដែលអាចគ្រប់គ្រងបាននោះឡើយ។ សាច់ឈាមនេះ គឺជាតំណាងឱ្យព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ។ ការយល់ដឹងពីមុនរបស់មនុស្ស គឺរាក់កំផែលពេកហើយ។ ប្រសិនបើការប្រកបគ្នាប្រព្រឹត្តទៅតាមសញ្ញាណរបស់មនុស្ស នោះមនុស្សមុខជាបំបែកសាច់ឈាម និងព្រះវិញ្ញាណ ដោយសាច់ឈាមជាសាច់ឈាម ហើយព្រះវិញ្ញាណជាព្រះវិញ្ញាណមិនខាន។ នេះជាការភាន់ច្រឡំ។ ដូច្នេះហើយបានជាមនុស្សងាយនឹងមានសញ្ញាណនោះ។
ចំណុចដែលមនុស្សក៏ត្រូវយល់នៅថ្ងៃនេះដែរនោះគឺថា៖ ព្រះជាម្ចាស់បានត្រលប់ជាមនុស្ស ដើម្បីដកពិសោធន៍នូវការឈឺចាប់របស់មនុស្ស ប៉ុន្តែការឈឺចាប់ និងជំងឺដែលការយកកំណើតជាមនុស្សត្រូវរងទុក្ខនោះ មិនមែនជាអ្វីដែលទ្រង់គួរតែរងទុក្ខឡើយ។ មនុស្សខ្លះជឿថា ដោយសារតែព្រះអង្គជាសាច់ឈាមធម្មតា និងសាមញ្ញ ហើយមិនមែនជាបុគ្គលអភិធម្មជាតិ តែជាមនុស្សធម្មតាម្នាក់ ពេលនោះ ការឈឺចាប់នេះមិនអាចចៀសផុតបានឡើយ។ ពួកគេគិតថា ទ្រង់គួរតែឈឺក្បាល និងរងការលំបាករបស់មនុស្ស គិតថា ទ្រង់គួរតែមានអារម្មណ៍ក្ដៅ នៅពេលមនុស្សមានអារម្មណ៍ក្ដៅ និងគិតថា ទ្រង់គួរតែមានអារម្មណ៍ត្រជាក់រួមជាមួយអ្នកផ្សេងទៀត នៅពេលដែលធាតុអាកាសខ្វះភាពកក់ក្ដៅ។ ប្រសិនបើអ្នកគិតបែបនេះ នោះអ្នកមើលឃើញរូបកាយខាងសាច់ឈាមធម្មតា និងសាមញ្ញនេះ ដូចគ្នាទៅនឹងមនុស្សឯទៀតហើយ ពោលគឺគ្មានអ្វីខុសគ្នាឡើយ។ ប៉ុន្តែតាមពិតទៅ ការលំបាកដែលរូបកាយនេះត្រូវរងទុក្ខ មានអត្ថន័យរបស់វា។ ជំងឺ ឬការលំបាកផ្សេងទៀតរបស់មនុស្សធម្មតា គឺជាអ្វីដែលមនុស្សគួរតែរងទុក្ខ ទាំងនេះគឺជាទុក្ខលំបាកដែលមនុស្សជាតិពុករលួយគួរតែរងទុក្ខ ពោលគឺនេះជាច្បាប់ធម្មតាមួយទៅហើយ។ ប៉ុន្តែ តើរូបកាយខាងសាច់ឈាមរបស់ព្រះជាម្ចាស់ត្រូវរងការលំបាកទាំងនេះដល់ពេលណា? តើការដែលព្រះយេស៊ូវត្រូវគេឆ្កាង គឺជាអ្វីដែលគួរកើតមានចំពោះទ្រង់ឬ? ព្រះយេស៊ូវ គឺជាការយកកំណើតជាមនុស្ស ទ្រង់គ្មានអំពើបាបទេ ហើយបើយោងតាមច្បាប់នាពេលនោះ និងអ្វីដែលទ្រង់បានធ្វើនៅពេលនោះ ព្រះអង្គមិនគួរត្រូវគេឆ្កាងឡើយ ចុះហេតុអ្វីបានជាគេឆ្កាងព្រះអង្គនៅលើឈើឆ្កាង? នោះគឺដើម្បីប្រោសលោសមនុស្សជាតិទាំងអស់។ ទុក្ខលំបាកទាំងអស់ដែលការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្នបានរងទុក្ខ រាល់ការបៀតបៀនដែលបានធ្លាក់លើព្រះអង្គ តើវាកើតឡើងដោយចៃដន្យឬ? ឬមួយក៏ហេតុការណ៍ទាំងនេះត្រូវបានរៀបចំដោយព្រះជាម្ចាស់? ហេតុការណ៍ទាំងនេះមិនត្រូវបានរៀបចំដោយចេតនានោះទេ ហើយក៏មិនបានកើតឡើងដោយចៃដន្យនោះដែរ។ ផ្ទុយទៅវិញ ហេតុការណ៍ទាំងនេះបានកើតឡើងស្របតាមច្បាប់ធម្មតា។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? នោះព្រោះតែព្រះជាម្ចាស់បានដាក់អង្គទ្រង់នៅក្នុងចំណោមមនុស្ស បានប្រទានឱ្យអង្គទ្រង់មានសេរីភាពប្រព្រឹត្តបែបនេះ ហើយក្នុងអំឡុងពេលនៃកិច្ចការនេះ ព្រះអង្គបានរងការឈឺចាប់ដូចមនុស្សដែរ។ ប្រសិនបើព្រះជាម្ចាស់បានរៀបចំការឈឺចាប់នេះរួចជាស្រេច ពេលនោះ ទ្រង់នឹងមិនត្រឹមតែរងការឈឺចាប់តែពីរបីថ្ងៃប៉ុណ្ណោះទេ។ ភាគច្រើន អ្វីៗនឹងមិនមែនជាទុក្ខវេទនាឡើយ។ ជាមួយគ្នាផងដែរ នៅពេលទ្រង់ធ្វើការ ទុក្ខវេទនាដែលព្រះជាម្ចាស់ដកពិសោធន៍ក្នុងចំណោមមនុស្ស មិនត្រូវបានរៀបចំទុកជាមុនឡើយ ប៉ុន្តែ ទ្រង់ក៏មិនបានរងទុក្ខលំបាកបន្តិចបន្តួចដោយអចេតនាដែរ។ ផ្ទុយទៅវិញ ទ្រង់បានយាងមកដកពិសោធន៍នូវទុក្ខវេទនាដែលកើតមានក្នុងចំណោមមនុស្ស ទ្រង់បានដាក់អង្គទ្រង់ក្នុងចំណោមមនុស្ស បានរងទុក្ខដូចមនុស្ស ហើយត្រូវគេប្រព្រឹត្តដូចគ្នា ដោយគ្មានការលើកលែងឡើយ។ ដូចអ្នករាល់គ្នាដែលជួបការបៀតបៀនដែរ តើព្រះគ្រីស្ទមិនជួបការបៀតបៀនដែរទេឬ? គេតាមប្រមាញ់អ្នករាល់គ្នា តើព្រះគ្រីស្ទក៏មិនត្រូវគេតាមប្រមាញ់ដែរឬទេអី? មនុស្សរងទុក្ខដោយជំងឺ តើព្រះគ្រីស្ទរងទុក្ខតិចជាងនេះឬ? ព្រះអង្គមិនបានរួចខ្លួនឡើយ។ តើនេះមិនងាយស្រួលយល់ទេឬ? ក៏មានមនុស្សខ្លះទៀតជឿថា ព្រះជាម្ចាស់គួរតែរងទុក្ខ ក្រោយពេលយាងមកធ្វើការនៅក្នុងប្រទេសរបស់នាគដ៏ធំមានសប្បុរក្រហម តើគំនិតនេះមិនខុសឆ្គងទេឬ? សម្រាប់ព្រះជាម្ចាស់ វាមិនមែនជារឿងថាតើទ្រង់គួរ ឬមិនគួររងទុក្ខនោះឡើយ។ ព្រះជាម្ចាស់បង់ថ្លៃនៃការរងទុក្ខនៅក្នុងចំណោមមនុស្សដោយផ្ទាល់ព្រះអង្គ ដើម្បីកុំឱ្យមនុស្សត្រូវរងទុក្ខតទៅទៀត ហើយក្រោយមក ទ្រង់ដឹកនាំមនុស្សទៅរកទិសដៅដ៏ស្រស់បំព្រង ដោយធ្វើឱ្យសាតាំងជឿជាក់ទាំងស្រុង។ សម្រាប់ព្រះជាម្ចាស់ នេះជាការចាំបាច់ដែលត្រូវរងការឈឺចាប់ទាំងនេះ។ ប្រសិនបើទ្រង់មិនចង់រងការឈឺចាប់នេះ ក្នុងអំឡុងនៃជំហានកិច្ចការនេះទេ ប៉ុន្តែគ្រាន់តែចង់យល់ពីការឈឺចាប់របស់មនុស្ស ហើយគ្មានអ្វីលើសពីនេះ រួចប្រើពួកសិស្សពីរបីនាក់ ឬមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើឱ្យរងទុក្ខជំនួសទ្រង់ ក្រោយមក រាយការណ៍ទៅព្រះជាម្ចាស់អំពីការឈឺចាប់ដែលពួកគេបានរងទុក្ខ ឬក៏បើទ្រង់ប្រើមនុស្សពិសេសពីរបីនាក់ឱ្យធ្វើបន្ទាល់ និងឱ្យពួកគេរងការឈឺចាប់បំផុតក្នុងចំណោមមនុស្ស ពេលនោះ ប្រសិនបើពួកគេអាចរងការឈឺចាប់ និងធ្វើបន្ទាល់បាន សាតាំងក៏នឹងអាចជឿទាំងស្រុងដែរ ហើយវិធីសាស្ត្រនេះក៏នឹងអាចធ្វើជាថ្នូរមិនឱ្យមនុស្សត្រូវរងទុក្ខនាពេលអនាគតបានផងដែរ។ តើព្រះជាម្ចាស់អាចធ្វើកិច្ចការនេះបានដែរឬទេ? ព្រះអង្គអាចធ្វើបាន ប៉ុន្តែមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះដែលធ្វើកិច្ចការរបស់ព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គបាន។ មិនថាទីបន្ទាល់របស់មនុស្សខ្ពង់ខ្ពស់បែបណា ក៏មិនលាន់រំពងដល់សាតាំងដែរ ហើយវានឹងនិយាយថា៖ «ដោយសារទ្រង់បានត្រលប់ជាសាច់ឈាម ហេតុអ្វីបានជាមិនដកពិសោធន៍នូវការឈឺចាប់របស់មនុស្សដោយផ្ទាល់ព្រះអង្គទៅ?» នេះចង់មានន័យថា ប្រសិនបើព្រះជាម្ចាស់មិនធ្វើបែបនេះទេ នោះទីបន្ទាល់បែបនេះនឹងមិនមានអានុភាពខ្លាំងឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ត្រូវតែធ្វើឡើងដោយព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ ដ្បិតមានតែបែបនេះទេ ទើបវានឹងក្លាយជាការពិត និងជាក់ស្ដែង។ ហើយតាមរយៈជំហានកិច្ចការរបស់ព្រះជាម្ចាស់មួយនេះ ក៏អាចមើលឃើញដែរថា គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើមានបង្កប់នូវអត្ថន័យ ឃើញថា រាល់ការឈឺចាប់ដែលការយកកំណើតជាមនុស្សបានរងទុក្ខ សុទ្ធតែមានន័យ និងឃើញទៀតថា ព្រះអង្គមិនធ្វើអ្វីមួយបែបចៃដន្យ ឬធ្វើកិច្ចការដែលគ្មានប្រយោជន៍ឡើយ។ ការយាងមករបស់ព្រះដែលយកកំណើតជាមនុស្ស ដើម្បីធ្វើការ និងដកពិសោធន៍នូវការឈឺចាប់របស់មនុស្ស មិនមែនជាជម្រើសនោះទេ ប៉ុន្តែជាភាពចាំបាច់បំផុត៖ កិច្ចការនេះមានភាពចាំបាច់បំផុតសម្រាប់មនុស្សជាតិ និងទិសដៅនាពេលអនាគតរបស់មនុស្សជាតិ កិច្ចការនេះត្រូវបានអនុវត្ត និងលះបង់ ដើម្បីសង្រ្គោះមនុស្ស ទទួលយកមនុស្ស និងនាំមនុស្សទៅរកទិសដៅដ៏ស្រស់បំព្រង។
សេចក្តីពិតទាក់ទងនឹងការយកកំណើតជាមនុស្ស គួរតែត្រូវបានពិភាក្សាចេញពីមុំជាច្រើន៖
១. ភាពចាំបាច់នៃសាច់ឈាមធម្មតា និងសាមញ្ញ។
២. ទិដ្ឋភាពជាក់ស្ដែងនៃកិច្ចការរបស់សាច់ឈាមធម្មតា និងសាមញ្ញនេះ។
៣. អត្ថន័យនៃការយាងមករបស់ព្រះជាម្ចាស់ក្នុងចំណោមមនុស្ស ដើម្បីដកពិសោធន៍នូវការឈឺចាប់របស់មនុស្ស ដែលក៏អាចនិយាយបានថាជាភាពចាំបាច់ផងដែរ។
ហេតុអ្វីបានជាព្រះជាម្ចាស់ត្រូវដកពិសោធន៍នូវការឈឺចាប់របស់មនុស្សដោយផ្ទាល់ព្រះអង្គ? តើវាមិនអីទេឬដែលទ្រង់មិនធ្វើកិច្ចការនេះ? អត្ថន័យនៅត្រង់នេះ ក៏មានទិដ្ឋភាពមួយទៀតផងដែរ។ កិច្ចការនៃសាច់ឈាមធម្មតា និងសាមញ្ញនេះ អាចយកឈ្នះ និងប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ ប៉ុន្តែសារជាតិរបស់មនុស្ស និងច្បាប់នៃអត្ថិភាពរបស់មនុស្ស មានន័យថា ពួកគេនឹងនៅតែរស់នៅក្នុងភាពទទេ ការឈឺចាប់ ទារុណកម្ម និងការដកដង្ហើមធំដដែល ហើយវាក៏មានន័យដែរថា ពួកគេនឹងបន្តគ្មានសមត្ថភាពអាចរួចផុតពីជំងឺរបស់ខ្លួនឡើយ។ ឧទាហរណ៍ សេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ បានឈានដល់កម្រិតជាក់លាក់មួយ អ្នកមានបទពិសោធខ្លះទាក់ទងនឹងការយល់ដឹងអំពីព្រះជាម្ចាស់ និស្ស័យពុករលួយរបស់អ្នកត្រូវបានដោះស្រាយ ហើយព្រះជាម្ចាស់មានបន្ទូលថា អ្នកត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ និងថាអ្នកជាបុគ្គលម្នាក់ដែលស្រឡាញ់ព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់សង្រ្គោះមនុស្សត្រឹមកម្រិតនេះ រួចចាកចេញទៅ ពោលគឺប្រសិនបើកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្សបញ្ចប់ទៅបែបនេះ ពេលនោះ ជំងឺរបស់មនុស្ស ភាពទទេ ទុក្ខព្រួយ និងបញ្ហាខាងសាច់ឈាម នឹងនៅតែមានដដែល ដែលមានន័យថាកិច្ចការសង្រ្គោះមនុស្សរបស់ព្រះជាម្ចាស់ នឹងមិនត្រូវបានបញ្ចប់ឡើយ។ មនុស្សអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ហើយគេអាចដឹង អាចស្រឡាញ់ និងអាចថ្វាយបង្គំព្រះជាម្ចាស់បាន ប៉ុន្តែតើពួកគេអាចដោះស្រាយជំងឺ និងបញ្ហារបស់ខ្លួនបានដែរឬទេ? ការមានសេចក្តីពិត មិនអាចដោះស្រាយរឿងនេះបានទេ។ គ្មាននរណាម្នាក់និយាយថា ឥឡូវ ពួកគេមានសេចក្តីពិតហើយ ដូចនេះ ជំងឺខាងសាច់ឈាមក៏លែងកើតលើពួកគេ ឬធ្វើឱ្យពួកគេរងទុក្ខទៀតឡើយ ពោលគឺគ្មាននរណាម្នាក់អាចដោះស្រាយការឈឺចាប់បែបនេះបានឡើយ។ អ្នកអាចត្រឹមនិយាយថា៖ «សព្វថ្ងៃនេះ ជីវិតរស់នៅមានអត្ថន័យខ្លាំងចំពោះខ្ញុំ ប៉ុន្តែខ្ញុំនៅតែឈឺចាប់ដដែល នៅពេលមានជំងឺ»។ តើវាបែបនេះដែរទេ? តើអារម្មណ៍នេះពិតប្រាកដឬទេ? ហេតុនេះ ប្រសិនបើព្រះដែលយកកំណើតជាមនុស្សបានត្រឹមធ្វើកិច្ចការយកឈ្នះ និងការប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ បើព្រះដែលយកកំណើតជាមនុស្សត្រឹមធ្វើឱ្យមនុស្សគ្រប់លក្ខណ៍ ហើយមិនដោះស្រាយការឈឺចាប់ដែលសាច់ឈាមរបស់មនុស្សត្រូវរងទុក្ខនោះទេ នោះរាល់ការឈឺចាប់ដែលមនុស្សត្រូវជួបនៅលើផែនដី រាល់ជំងឺ ភាពរីករាយ និងទុក្ខសោករបស់មនុស្ស ព្រមទាំងក្ដីកង្វល់របស់មនុស្សម្នាក់ៗ ពោលគឺទាំងអស់នេះនឹងមិនអាចដោះស្រាយបានឡើយ ហើយទោះបើអ្នកអនុញ្ញាតឱ្យមនុស្សរស់នៅបានមួយពាន់ឆ្នាំ មួយម៉ឺនឆ្នាំនៅលើផែនដីនេះក៏ដោយ ក៏បញ្ហា និងរឿងរ៉ាវនៃការកើត ចាស់ ឈឺ ស្លាប់នេះ នឹងមិនត្រូវបានដោះស្រាយនោះដែរ។ ព្រះជាម្ចាស់បានយាងមក ដើម្បីដកពិសោធន៍នូវការឈឺចាប់របស់មនុស្ស។ តាមរយៈការដកពិសោធន៍នេះ ព្រះអង្គដោះស្រាយបញ្ហានេះដល់ឫសគល់ ហើយក្រោយមក មនុស្សលែងមានបញ្ហាជាមួយនឹងការកើត ចាស់ ឈឺ ស្លាប់ទៀតហើយ។ ព្រះយេស៊ូវបានដកពិសោធន៍នូវសេចក្តីស្លាប់។ ព្រះដែលយកកំណើតជាមនុស្សនេះដកពិសោធន៍នូវការឈឺចាប់នៃជីវិត និងជំងឺតែប៉ុណ្ណោះ (មិនបាច់ដកពិសោធន៍នូវវ័យចំណាស់ឡើយ ហើយទៅថ្ងៃអនាគត មនុស្សនឹងគ្មានវ័យចំណាស់ឡើយ)។ នៅពេលទ្រង់បានដកពិសោធន៍នូវការឈឺចាប់ទាំងអស់នេះ ការឈឺចាប់របស់មនុស្ស នឹងត្រូវលុបបំបាត់នៅទីចុងបញ្ចប់។ បន្ទាប់ពីព្រះជាម្ចាស់រងការឈឺចាប់ទាំងអស់នេះជំនួសមនុស្សរួច ព្រះអង្គនឹងមានភស្តុតាងដ៏មានអានុភាពដែលចុងក្រោយត្រូវបានដោះដូរសម្រាប់ទិសដៅដ៏ស្រស់បំព្រងរបស់មនុស្សជាតិ ដោយលុបបំបាត់ការកើត ចាស់ ឈឺ និងស្លាប់របស់មនុស្ស។ តើចំណុចនេះគ្មានអត្ថន័យទេឬ? ដូច្នេះ មិនថាជាជីវិត ជំងឺ ទុក្ខលំបាក ឬទុក្ខសោកឡើយ ព្រះដែលយកកំណើតជាមនុស្សដកពិសោធន៍នូវការឈឺចាប់របស់មនុស្ស ហើយមិនថាការឈឺចាប់នោះមានទិដ្ឋភាពបែបណាក៏ដោយ ក៏ព្រះដែលយកកំណើតជាមនុស្សទទួលការឈឺចាប់ជំនួសមនុស្សដែរ ដោយបម្រើជានិមិត្តរូប និងជាសញ្ញាទំនាយដែរ។ ព្រះអង្គបានដកពិសោធន៍នូវការឈឺចាប់ទាំងអស់នេះ ទ្រង់បានប្រសូតមកសម្រាប់កិច្ចការនេះតែម្ដង ដើម្បីកុំឱ្យមនុស្សជាតិទទួលការឈឺចាប់តទៅទៀតឡើយ។ នេះហើយជាភាពសំខាន់របស់វានោះ។ នៅពេលមនុស្សត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ពួកគេអាចថ្វាយបង្គំព្រះជាម្ចាស់ និងស្រឡាញ់ព្រះជាម្ចាស់បាន ហើយពួកគេអាចប្រព្រឹត្តតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ប្រព្រឹត្តតាមព្រះបន្ទូលព្រះជាម្ចាស់ និងតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ ដែលក្រោយមក បញ្ហា និងការឈឺចាប់របស់ពួកគេ ត្រូវបានដោះស្រាយ។ នេះជាភាពសំខាន់នៃការរងទុក្ខរបស់ព្រះជាម្ចាស់ជំនួសមនុស្ស ហើយវាអនុញ្ញាតឱ្យមនុស្សមិនត្រឹមតែថ្វាយបង្គំព្រះជាម្ចាស់នៅលើផែនដីប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួចពីទារុណកម្ម និងការទទួលបន្ទុកនៃជំងឺរបស់ពួកគេ រួចពីរឿងរ៉ាវនៃការកើត ចាស់ ឈឺ ស្លាប់ ព្រមទាំងរួចពីវដ្ដនៃជីវិតផងដែរ។ នៅក្នុងការរងទុក្ខ និងការយល់ដឹងពីការឈឺចាប់នេះ ក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្ន ព្រះជាម្ចាស់ទទួលយកបញ្ហាទាំងនេះជំនួសមនុស្ស ហើយនៅពេលទ្រង់បានទទួលយករឿងទាំងនេះរួច មនុសដែលនៅសេសសល់មិនចាំបាច់រងការឈឺចាប់នេះតទៅទៀតឡើយ ពោលគឺនេះហើយជាសញ្ញាខាងទំនាយនោះ។ មនុស្សដែលគ្មានហេតុផលមួយចំនួនសួរថា៖ «អ៊ីចឹង ព្រះជាម្ចាស់ធ្វើកិច្ចការនេះជំនួសមនុស្ស ដោយផ្ទាល់ព្រះអង្គឬ?» ការដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម និងរងទុក្ខជំនួសមនុស្ស គឺគ្រប់គ្រាន់ហើយ តើមានអ្នកណាត្រូវការទៀត? នេះព្រោះតែព្រះជាម្ចាស់អាចធ្វើកិច្ចការទាំងអស់នេះដោយផ្ទាល់ព្រះអង្គ និងអាចជំនួសអ្វីៗ ទ្រង់អាចតំណាងគ្រប់យ៉ាង ហើយទ្រង់អាចធ្វើជានិមិត្តរូបគ្រប់យ៉ាង ពោលគឺគ្រប់យ៉ាងដែលស្រស់ស្អាត ល្អ និងវិជ្ជមាន។ ជាងនេះទៅទៀត ការដែលព្រះអង្គដកពិសោធន៍នូវការឈឺចាប់របស់មនុស្សយ៉ាងពិតប្រាកដ និងជាក់ស្ដែងនាពេលសព្វថ្ងៃ ព្រះអង្គកាន់តែមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីប្រើទីបន្ទាល់ និងភស្តុតាងកាន់តែមានអានុភាពក្នុងការលុបបំបាត់នូវការឈឺចាប់ទាំងអស់របស់មនុស្សទៅថ្ងៃអនាគត។
ធ្វើដូច្នេះ កិច្ចការនៃការយកកំណើតជាមនុស្សទាំងពីរដំណាក់កាល នឹងត្រូវបានបញ្ចប់ ហើយលែងមានមន្ទិលសង្ស័យទៀតហើយ៖ ចាប់ពីដំណាក់កាលទីមួយនៃការយកកំណើតជាមនុស្ស រហូតដល់ការយកកំណើតជាមនុស្សនៅដំណាក់កាលនេះ កិច្ចការទាំងពីរដំណាក់កាលនេះ បានដោះស្រាយរាល់ការឈឺចាប់នៃជីវិតរបស់មនុស្សលោក និងទុក្ខផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ។ ហេតុអ្វីបានជាព្រះជាម្ចាស់ត្រូវបំពេញកិច្ចការនេះដោយផ្ទាល់ព្រះអង្គនៅក្នុងសាច់ឈាម? ដំបូងបង្អស់ មនុស្សត្រូវតែដឹងថាតើការឈឺចាប់នៃការកើត ចាស់ ឈឺ ស្លាប់ពេញមួយជីវិតរបស់ពួកគេ មានប្រភពមកពីណា ហើយហេតុអ្វីបានជាមនុស្សត្រូវរងទុក្ខទាំងនេះ។ នៅពេលដែលមនុស្សត្រូវបានបង្កើតមកនៅគ្រាដំបូង ពួកគេគ្មានទុក្ខវេទនាទាំងនេះទេ មែនទេ? តើការឈឺចាប់ទាំងនេះមកពីណា? ការឈឺចាប់ទាំងនេះកើតមាន បន្ទាប់ពីមនុស្សត្រូវបានសាតាំងល្បួង និងធ្វើឱ្យពុករលួយ ហើយបន្ទាប់មក ពួកគេក៏ធ្លាក់ចុះ។ ការឈឺចាប់ បញ្ហា និងភាពឥតន័យខ្លឹមសារនៃសាច់ឈាមមនុស្ស ព្រមទាំងការលំបាកវេទនាទាំងអម្បាលម៉ានផង នៅក្នុងពិភពរបស់មនុស្សនេះ សុទ្ធតែកើតមានឡើង បន្ទាប់ពីសាតាំងធ្វើឱ្យមនុស្សពុករលួយ។ បន្ទាប់ពីមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយរួចហើយ សាតាំងក៏ចាប់ផ្ដើមធ្វើបាបមនុស្ស ដូច្នេះហើយបានជាមនុស្សធ្លាក់ចុះកាន់តែខ្លាំង ជំងឺរបស់ពួកគេកាន់តែធ្ងន់ធ្ងរទៅៗ ការឈឺចាប់របស់ពួកគេកាន់តែខ្លាំងទៅៗ ហើយពួកគេកាន់តែមានអារម្មណ៍ថា ពិភពលោកនេះគ្មានខ្លឹមសារ និងវេទនាណាស់ ថាពួកគេមិនអាចរស់នៅក្នុងពិភពលោកនេះបានទេ ហើយថាការរស់នៅក្នុងពិភពលោកនេះ កាន់តែគ្មានសង្ឃឹមទៅៗ។ ដូច្នេះ ការឈឺចាប់នេះ គឺសាតាំងជាអ្នកនាំមកឱ្យមនុស្ស ហើយកើតមាន បន្ទាប់ពីសាតាំងធ្វើឱ្យមនុស្សពុករលួយ និងពេលមនុស្សធ្លាក់ចុះ។ ដើម្បីយកមនុស្សចេញពីកណ្ដាប់ដៃរបស់សាតាំងវិញ និងផ្ដល់ទិសដៅដ៏ស្រស់បំព្រងមួយដល់ពួកគេ តម្រូវឱ្យព្រះជាម្ចាស់ដកពិសោធការឈឺចាប់នេះដោយផ្ទាល់ព្រះអង្គ។ ទោះបីជាមនុស្សគ្មានអំពើបាបក៏ដោយ ក៏នៅតែមានរឿងជាច្រើនដែលធ្វើឱ្យពួកគេឈឺចាប់ដដែល សាតាំងនៅតែគ្រប់គ្រងលើពួកគេ នៅតែអាចកាន់កាប់លើពួកគេបាន និងធ្វើឱ្យពួកគេរងការឈឺចាប់ និងទារុណកម្មខ្លាំងបំផុតដដែល។ ដូច្នេះហើយ ការដកពិសោធការឈឺចាប់ទាំងនេះដោយផ្ទាល់តាមរយៈការយកកំណើតជាមនុស្ស និងការយកមនុស្សចេញពីកណ្ដាប់ដៃរបស់សាតាំងវិញ ព្រមទាំងការជួយការពារពួកគេកុំឱ្យរងការឈឺចាប់តទៅទៀត តើនេះមិនមានអត្ថន័យជ្រាលជ្រៅទេឬ? នៅពេលព្រះយេស៊ូវបានយាងមកបំពេញកិច្ចការនៃការប្រោសលោះ ប្រសិនបើមើលពីសម្បកក្រៅ ហាក់ដូចជាទ្រង់មិនប្រកាន់តាមក្រឹត្យវិន័យ និងបទប្បញ្ញត្តិឡើយ ប៉ុន្តែតាមពិតទៅ នេះគឺជាបំពេញតាមក្រឹត្យវិន័យ ដោយបានបិទបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ និងចាប់ផ្ដើមយុគសម័យនៃព្រះគុណ ដោយនាំមកនូវសេចក្តីមេត្តាករុណា និងសេចក្ដីអាណិតស្រឡាញ់ដល់មនុស្ស ហើយក្រោយមកទៀត នៅពេលដែលព្រះយេស៊ូវត្រូវគេឆ្កាង គ្រប់ទាំងអំពើបាបរបស់មនុស្សក៏ត្រូវបានអត់ទោសឱ្យ។ ព្រះយេស៊ូវបានប្រើព្រះលោហិតដ៏មានតម្លៃរបស់ទ្រង់ផ្ទាល់ ដើម្បីប្រទានសិទ្ធិឱ្យមនុស្សត្រឡប់មកចំពោះបល្ល័ង្កព្រះជាម្ចាស់វិញ។ អាចនិយាយបានថា ព្រះអង្គបានប្រើការឆ្កាងនេះជាទីសម្អាងនិងសច្ចភាព ដើម្បីប្រោសលោះមនុស្ស។ ទោះបីជាព្រះជាម្ចាស់បានអត់ទោសបាបដល់មនុស្សក៏ដោយ ក៏មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់ឆ្អឹងរួចបាត់ទៅហើយ ធម្មជាតិមានបាបរបស់ពួកគេនៅតែមានដដែល ហើយពួកគេបន្តប្រព្រឹត្តអំពើបាប និងប្រឆាំងនឹងព្រះជាម្ចាស់។ នេះជាការពិតដែលមិនអាចប្រកែកបានឡើយ ដូច្នេះហើយបានជាព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាមជាលើកទីពីរ ដើម្បីបំពេញកិច្ចការនៃការបន្សុទ្ធមនុស្សពីធម្មជាតិមានបាបរបស់ពួកគេ ពោលគឺទ្រង់ជំនុំជម្រះ និងវាយផ្ចាលមនុស្ស ដើម្បីបន្សុទ្ធពួកគេពីនិស្ស័យពុករលួយរបស់ពួកគេ។ លើកទីមួយដែលព្រះជាម្ចាស់បានយកកំណើតជាមនុស្ស ទ្រង់ត្រូវបានគេឆ្កាងក៏ព្រោះអំពើបាបរបស់មនុស្ស ទ្រង់បានប្រោសលោះមនុស្សជាតិ ហើយមនុស្សក៏បានត្រលប់មកចំពោះព្រះជាម្ចាស់វិញ។ លើកទីពីរដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ទ្រង់បានយាងមកដើម្បីបង្ក្រាបមនុស្ស ដើម្បីសង្រ្គោះមនុស្សតាមរយៈការបង្ក្រាបលើពួកគេ។ ទោះបីមនុស្សជាច្រើនបានទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងបានហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាញឹកញាប់ក៏ដោយ ក៏ពួកគេនៅតែល្ងង់មិនស្គាល់ព្រះជាម្ចាស់ ពួកគេមិនដឹងថាទ្រង់គង់នៅកន្លែងណា ពួកគេមិនស្គាល់ទ្រង់ ទោះបើទ្រង់នៅចំពោះមុខពួកគេក៏ដោយ ហើយពួកគេក៏មានសញ្ញាណ និងការយល់ច្រឡំជាច្រើនអំពីព្រះជាម្ចាស់ផងដែរ ហើយពេលខ្លះ របៀបដែលពួកគេយល់ឃើញអំពីអ្វីមួយ មិនស្របគ្នានឹងព្រះជាម្ចាស់ទេ។ ហេតុអ្វីបានជាបែបនេះ? នោះក៏ព្រោះតែពួកគេមិនយល់ពីសេចក្តីពិត និងខ្វះចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់។ នៅពេលមនុស្សមានចំណេះដឹងអំពីព្រះជាម្ចាស់ ពួកគេពេញចិត្តនឹងរងទុក្ខ និងរស់នៅដើម្បីព្រះជាម្ចាស់ ប៉ុន្តែសាតាំងនៅតែអាចគ្រប់គ្រងលើចំណុចខ្សោយនៅក្នុងខ្លួនពួកគេបានដដែល សាតាំងនៅតែអាចធ្វើឱ្យពួកគេរងទុក្ខបានដដែល ពួកវិញ្ញាណអាក្រក់នៅតែអាចធ្វើការ និងបង្កការរំខានក្នុងខ្លួនពួកគេបានដដែល ចូលសណ្ឋិតក្នុងខ្លួនពួកគេ ធ្វើឱ្យពួកគេឡប់សតិ និងឈឺថ្កាត់បានយ៉ាងងាយ និងរំខានពួកគេជាខ្លាំង។ នៅក្នុងគំនិត និងសតិសម្បជញ្ញៈរបស់មនុស្ស មានរឿងជាច្រើនដែលអាចឱ្យសាតាំងគ្រប់គ្រង និងក្ដោបក្ដាប់បាន។ ហេតុនេះ ពេលខ្លះ អ្នកមានជំងឺ ឬមានបញ្ហា មានពេលខ្លះ ដែលអ្នកមានអារម្មណ៍ថា ពិភពលោកហាក់ដូចសោះកក្រោះ ឬគ្មានហេតុផលដើម្បីរស់នៅឡើយ ហើយមានពេលខ្លះទៀត ដែលអ្នកអាចនឹងស្វែងរកសេចក្តីស្លាប់ និងចង់សម្លាប់ខ្លួនទៀតផង។ និយាយឱ្យចំទៅ ការឈឺចាប់ទាំងនេះ គឺសាតាំងជាអ្នកគ្រប់គ្រង ហើយវាជាចំណុចខ្សោយស្លាប់រស់របស់មនុស្ស។ អ្វីមួយដែលសាតាំងធ្លាប់បានធ្វើឱ្យពុករលួយ និងជាន់ឈ្លីរួចហើយ នោះសាតាំងនៅតែអាចប្រើវាបានដដែល។ នេះគឺជាអ្វីដែលសាតាំងអាចប្រើដើម្បីដាក់សម្ពាធបាន។ ដូច្នេះហើយបានជាព្រះជាម្ចាស់ត្រលប់ជាសាច់ឈាមម្ដងទៀត ក្នុងអំឡុងនៃគ្រាចុងក្រោយនេះ ដើម្បីបំពេញកិច្ចការនៃការជំនុំជម្រះ ហើយក្នុងពេលដែលទ្រង់បំពេញកិច្ចការនៃការយកឈ្នះ ទ្រង់រងទុក្ខជំនួសមនុស្ស លះបង់តម្លៃនៃការរងទុក្ខនៅក្នុងសាច់ឈាម ដោយបានលះបង់តម្លៃនេះ ដើម្បីដោះស្រាយនិងបំបាត់នូវការឈឺចាប់ និងចំណុចខ្សោយស្លាប់រស់នៅក្នុងខ្លួនមនុស្ស។ នៅពេលទ្រង់បានយកមនុស្សត្រលប់មកវិញ តាមរយៈការលះបង់ក្នុងការរងទុក្ខក្នុងចំណោមមនុស្សរួច សាតាំងនឹងលែងអាចគ្រប់គ្រងលើមនុស្សបានទៀតហើយ ហើយមនុស្សនឹងបានត្រលប់មកព្រះជាម្ចាស់វិញទាំងស្រុង ហើយមានតែពេលនោះទេ ទើបមនុស្សនឹងក្លាយជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ទាំងស្រុង! ហេតុអ្វីបានជាអ្នកអាចរស់នៅដើម្បីព្រះជាម្ចាស់ និងថ្វាយបង្គំព្រះជាម្ចាស់បាន ប៉ុន្តែអ្នកបែរជាមិនមែនជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ទាំងស្រុងទៅវិញ? ពួកវិញ្ញាណអាក្រក់នៅតែអាចប្រើចំណុចខ្សោយរបស់អ្នកបានដដែល ពួកវានៅតែអាចលេងសើចជាមួយអ្នកបានដដែល នៅតែអាចប្រើអ្នកបានដដែល ព្រោះថាមនុស្សល្ងង់ខ្លាំងណាស់។ មនុស្សខ្លះមិនអាចបែងចែកភាពខុសគ្នារវាងការបណ្ដាលចិត្តពីព្រះវិញ្ញាណបរិសុទ្ធ និងការរំខានពីវិញ្ញាណអាក្រក់បានទេ។ ពួកគេមិនទាំងអាចបែងចែកពីភាពខុសគ្នារវាងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការនៃពួកវិញ្ញាណអាក្រក់បានផង។ តើនេះមិនមែនជាចំណុចខ្សោយស្លាប់រស់ទេឬអី? នៅពេលពួកវិញ្ញាណអាក្រក់ធ្វើការ គ្មានចន្លោះណាដែលពួកវានឹងមិនកេងចំណេញនោះទេ។ ពួកវាអាចនឹងនិយាយនៅក្នុងខ្លួនអ្នក ឬខ្សឹបដាក់ត្រចៀកអ្នក ឬក៏ពួកវាអាចរំខានចិត្តអ្នក និងបង្អាក់ការគិតរបស់អ្នក ដោយធ្វើឱ្យអ្នកស្ពឹកមិនដឹងពីការប៉ះពាល់នៃព្រះវិញ្ញាណបរិសុទ្ធ ដោយរារាំងអ្នកមិនឱ្យមានអារម្មណ៍ដឹង ហើយពេលនោះ ពួកវិញ្ញាណអាក្រក់នឹងចាប់ផ្ដើមរំខានអ្នក ធ្វើឱ្យគំនិតអ្នកច្របូកច្របល់ និងឱ្យអ្នកបាត់បង់ហេតុផលរបស់អ្នក ថែមទាំងធ្វើឱ្យព្រលឹងរបស់អ្នកមិននៅក្នុងខ្លួនទៀតផង។ នេះជាកិច្ចការដែលពួកវិញ្ញាណអាក្រក់ធ្វើនៅក្នុងខ្លួនមនុស្ស ហើយមនុស្សនឹងជួបគ្រោះថ្នាក់ធំមិនខាន ប្រសិនបើពួកគេមិនអាចបែងចែកថាអ្វីជាអ្វីឱ្យពិតប្រាកដនោះ។ សព្វថ្ងៃនេះ ព្រះជាម្ចាស់បានទទួលយកការឈឺចាប់នេះជំនួសមនុស្ស ហើយនៅពេលដែលមនុស្សមានទិសដៅដ៏ស្រស់បំព្រងមួយហើយ នោះពួកគេនឹងមិនត្រឹមតែរស់នៅដើម្បីព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងលែងជាកម្មសិទ្ធិរបស់សាតាំងទៀតដែរ ហើយក៏លែងមានអ្វីមួយដែលសាតាំងអាចគំរាមដាក់សម្ពាធបានទៀតដែរ។ គំនិត វិញ្ញាណ ព្រលឹង និងរូបកាយរបស់មនុស្ស នឹងសុទ្ធតែជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ទាំងអស់។ សព្វថ្ងៃនេះ ចិត្តរបស់អ្នកអាចនឹងបែរទៅរកព្រះជាម្ចាស់ ប៉ុន្តែមានពេលខ្លះ អ្នកមិនអាចធ្វើអ្វីបាន ក្រៅពីឱ្យសាតាំងប្រើប្រាស់នោះទេ ដូច្នេះហើយ នៅពេលមនុស្សទទួលបានសេចក្តីពិត ពួកគេអាចចុះចូល និងថ្វាយបង្គំព្រះជាម្ចាស់បានទាំងស្រុង ប៉ុន្តែពួកគេមិនអាចរួចផុតពីការតាមរំខានរបស់សាតាំងបានទាំងស្រុងឡើយ ហើយពួកគេរឹតតែមិនអាចរស់នៅដោយគ្មានជំងឺណាមួយណាស់ ដ្បិតរូបកាយ និងព្រលឹងរបស់មនុស្ស ត្រូវបានសាតាំងជាន់ឈ្លីរួចហើយ។ ព្រលឹងរបស់មនុស្ស គឺជាកន្លែងស្មោកគ្រោក ជាកន្លែងដែលសាតាំងធ្លាប់នៅ និងជាកន្លែងដែលសាតាំងធ្លាប់កេងចំណេញ។ សាតាំងនៅតែអាចរំខាននិងគ្រប់គ្រងបាន នៅតែអាចរារាំងគំនិតរបស់អ្នកមិនឱ្យជ្រះស្រឡះដដែល ដោយរារាំងកុំឱ្យអ្នកអាចបែងចែកការពិតបាន។ ដូច្នេះហើយ ការដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ដើម្បីដកពិសោធការឈឺចាប់របស់មនុស្ស និងរងទុក្ខជំនួសមនុស្ស មិនមែនជារឿងបន្ទាប់បន្សំនោះទេ ប៉ុន្តែវាជារឿងសំខាន់ចាំបាច់បំផុត!
អ្នករាល់គ្នាត្រូវយល់ថា ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមចំនួនពីរលើក ដើម្បីបញ្ចប់កិច្ចការសង្រ្គោះមនុស្សជាតិ។ ប្រសិនបើមានការយកកំណើតជាមនុស្សតែមួយលើក នោះវានឹងមិនអាចសង្រ្គោះមនុស្សបានទាំងស្រុងឡើយ ដ្បិតការយកកំណើតជាមនុស្សលើកទីមួយ ធ្វើកិច្ចការប្រោសលោះ ហើយជាចម្បង លេចមក ដើម្បីដោះស្រាយបញ្ហានៃការអត់ទោសអំពើបាបរបស់មនុស្ស និងធ្វើឱ្យមនុស្សស័ក្ដិសមចូលមកចំពោះព្រះជាម្ចាស់តែប៉ុណ្ណោះ។ ការយកកំណើតជាមនុស្សលើកទីពីរ គឺជាការធ្វើកិច្ចការជំនុំជម្រះ ដើម្បីសម្អាតសេចក្តីពុករលួយរបស់មនុស្ស និងដោះស្រាយនិស្ស័យពុករលួយរបស់មនុស្ស ប៉ុន្តែវានឹងនៅតែមិនអាចដោះស្រាយបញ្ហារបស់មនុស្សក្លាយជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់បានទាំងស្រុងឡើយ។ លើសពីនេះទៅទៀត វាក៏ត្រូវមានការដកពិសោធន៍នូវការឈឺចាប់របស់មនុស្សពីសំណាក់ព្រះដែលយកកំណើតជាមនុស្សលើកទីពីរ ដើម្បីដោះស្រាយទាំងស្រុងនូវផ្នែករបស់មនុស្សដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយផងដែរ ពោលគឺជាការដោះស្រាយដល់ឫសគល់ទាំងស្រុង ដែលជាបញ្ហានៃការរងទុក្ខ និងទារុណកម្មរបស់មនុស្ស។ បែបនេះ ទើបជាជំហាននៃកិច្ចការយកកំណើតជាមនុស្សទាំងពីរលើក។ គ្មានជំហានណាមួយដែលមិនសំខាន់នោះឡើយ។ ដូច្នេះ អ្នកមិនត្រូវមើលស្រាលការឈឺចាប់របស់ព្រះដែលយកកំណើតជាមនុស្ស ត្រូវរងទុក្ខនោះឡើយ។ ពេលខ្លះ ទ្រង់យំ ពេលខ្លះ ទ្រង់ឈឺចាប់ និងពិបាកចិត្ត ហើយពេលខ្លះទៀត ទ្រង់ហាក់ដូចជាទន់ខ្សោយ និងទួញសោក។ អ្នកមិនត្រូវមើលស្រាលចំណុចណាមួយឡើយ ហើយក៏មិនត្រូវមានសញ្ញាណអំពីចំណុចនេះដែរ។ ប្រសិនបើអ្នកមានសញ្ញាណអំពីចំណុចនេះ នោះអ្នកពិតជាល្ងង់ខ្លៅ និងបះបោរខ្លាំងណាស់។ ជាងនេះទៅទៀត អ្នកក៏មិនគួរជឿថា នេះជាអ្វីដែលសាច់ឈាមធម្មតាគួររងទុក្ខនោះដែរ។ នេះកាន់តែខុសទៀតហើយ ហើយប្រសិនបើអ្នកនិយាយបែបនេះ នោះអ្នកប្រមាថនឹងព្រះជាម្ចាស់ហើយ។ មនុស្សត្រូវយល់ថា ការឈឺចាប់របស់ព្រះដែលយកកំណើតជាមនុស្សទាំងពីរលើក គឺជារឿងចាំបាច់។ វាមិនចាំបាច់បំផុតសម្រាប់ព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គទេ ប៉ុន្តែវាចាំបាច់សម្រាប់មនុស្សជាតិ។ សេចក្តីពុករលួយរបស់មនុស្សជាតិ គឺធំធេងខ្លាំងណាស់ រហូតដល់ការនេះមិនអាចមិនធ្វើបានឡើយ គឺត្រូវតែធ្វើ ដើម្បីឱ្យមនុស្សជាតិពុករលួយត្រូវបានសង្រ្គោះទាំងស្រុង។ របៀបដែលព្រះជាម្ចាស់ធ្វើការ គឺត្រូវធ្វើឱ្យមនុស្សមើលឃើញផ្ទាល់នឹងភ្នែក។ ព្រះអង្គធ្វើកិច្ចការគ្រប់យ៉ាងជាសាធារណៈ ឥតលាក់លៀមចំពោះបុគ្គលណាម្នាក់ឡើយ។ ព្រះអង្គមិនស៊ូទ្រាំស្ងាត់ៗ ដោយផ្ទាល់ព្រះអង្គឡើយ ព្រោះខ្លាចមនុស្សនឹងមើលឃើញ ហើយមានសញ្ញាណនោះទេ។ ព្រះអង្គមិនបានលាក់ព្រះអង្គទ្រង់ពីនរណាម្នាក់ទេ មិនថាពួកគេមានជឿព្រះជាម្ចាស់ក្នុងរយៈពេលវែង ឬខ្លី មិនថាពួកគេចាស់ឬក្មេង ឬថាតើពួកគេអាចយល់ពីសេចក្ដីពិតឬអត់នោះទេ។ ព្រោះតែភស្តុតាងបែបនេះ ហើយនរណាក៏អាចបញ្ជាក់បានថា ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ បានទទួលនូវការឈឺចាប់ខ្លាំងបំផុត បញ្ជាក់ថា ទ្រង់បានទទួលយកការឈឺចាប់របស់មនុស្សយ៉ាងពិតប្រាកដមែន។ ព្រះអង្គមិនត្រឹមតែរងទុក្ខការឈឺចាប់តែពីរបីថ្ងៃនៅកន្លែងមួយដែលគ្មាននរណាម្នាក់ដឹងប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏មិនបានចំណាយពេលវេលាភាគច្រើនរបស់ទ្រង់នៅក្នុងភាពលួងលោមសប្បាយនោះដែរ ពោលគឺមិនបែបនេះទេ។ កិច្ចការ និងទុក្ខវេទនារបស់ព្រះគ្រីស្ទ មិនត្រូវបានលាក់កំបាំងពីនរណាម្នាក់ឡើយ។ ព្រះអង្គមិនខា្លចថា អ្នកនឹងទន់ខ្សោយ ឬខ្លាចថា អ្នកនឹងមានសញ្ញាណ ឬឈប់ជឿលើទ្រង់ឡើយ។ តើមានអ្វីដែលបង្ហាញថា ការនេះមិនត្រូវបានលាក់កំបាំងពីនរណាម្នាក់? នោះគឺថា វាមានអត្ថន័យបំផុត! ការយកកំណើតជាមនុស្ស មិនមែនជារឿងឥតប្រយោជន៍ឡើយ។ អ្នកឃើញថា ពេលខ្លះ នៅពេលទ្រង់មិនមានបន្ទូល ឬមិនមានព្រះសូរសៀង ប៉ុន្តែទ្រង់នៅតែធ្វើការដដែល ទ្រង់នៅតែរងទុក្ខនៅក្នុងព្រះទ័យទ្រង់ដដែល! តើមនុស្សដឹងរឿងនេះដែរឬទេ? ទោះបីមនុស្សមើលឃើញចំណុចនេះក៏ដោយ ក៏ពួកគេមិនយល់ដែរ។ មនុស្សខ្លះដឹងថា សព្វថ្ងៃនេះ ព្រះជាម្ចាស់គឺជាសាច់ឈាមសាមញ្ញ និងធម្មតាប៉ុន្តែតើអ្នកដឹងថា សាច់ឈាមសាមញ្ញ និងធម្មតានេះធ្វើកិច្ចការអ្វីខ្លះនាពេលសព្វថ្ងៃដែរឬទេ? អ្នកមិនដឹងទេ។ ភ្នែករបស់អ្នកឃើញតែសម្បកក្រៅប៉ុណ្ណោះ អ្នកមិនអាចមើលឃើញពីសារជាតិខាងក្នុងនោះទេ។ ដូច្នេះហើយ មិនថាព្រះដែលយកកំណើតជាមនុស្សបានលេចមកធ្វើការជាផ្លូវការប៉ុន្មានឆ្នាំឡើយ ព្រះជាម្ចាស់មិនដែលមានពេលសម្រាកនោះទេ។ ទោះបីពេលខ្លះ ទ្រង់មិនបានមានបន្ទូល ឬថ្លែងព្រះសូរសៀង និងមិនធ្វើការក្នុងទ្រង់ទ្រាយធំក៏ដោយ ក៏កិច្ចការរបស់ទ្រង់មិនបានឈប់ដែរ ហើយទ្រង់នៅតែរងទុក្ខជំនួសមនុស្សដដែល។ នៅពេលព្យាយាមវាស់វែងថាតើព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម និងថាតើទ្រង់ជាព្រះគ្រីស្ទឬអត់ មនុស្សខ្លះពិនិត្យមើលថាតើព្រះជាម្ចាស់មានបន្ទូលឬអត់៖ ប្រសិនបើទ្រង់មិនមានបន្ទូលពីរបីឆ្នាំ នោះទ្រង់មិនមែនជាព្រះជាម្ចាស់ឡើយ ដូច្នេះ ពួកគេក៏ប្រញាប់ចាកចេញទៅ ហើយឈប់ជឿលើព្រះជាម្ចាស់។ មនុស្សបែបនេះមានអាកប្បកិរិយាបែប «ចាំមើលសិន» ចំពោះសេចក្តីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ហើយគ្មានចំណេះដឹងអំពីព្រះជាម្ចាស់ឡើយ។ សព្វថ្ងៃនេះ មនុស្សខ្លះប្រហែលកំពុង «រង់ចាំមើល» រួចមើលឃើញថា ព្រះជាម្ចាស់មិនបានមានបន្ទូលក្នុងពេលមួយរយៈ នៅក្នុងដួងចិត្តពួកគេគិតថា «តើព្រះវិញ្ញាណបានចាកចេញ យាងឡើងទៅស្ថានសួគ៌ហើយឬ?» តើគំនិតបែបនេះខុសឆ្គងដែរឬទេ? កុំវិនិច្ឆ័យបែបធ្វេសប្រហែសឡើយ។ ប្រសិនបើអ្នកមានសញ្ញាណ ឬមន្ទិល ចូរអធិស្ឋានទៅព្រះជាម្ចាស់ ចូរស្វែងរកសេចក្ដីពិត ចូរអានព្រះបន្ទូលព្រះជាម្ចាស់ថែមទៀត នោះគ្រប់បញ្ហានឹងត្រូវបានដោះស្រាយមិនខាន។ កុំកំណត់រឿងរ៉ាវដោយគិតថា «ប្រហែលបែបនេះ ឬប្រហែលបែបនោះ» ឡើយ។ ពាក្យ «ប្រហែល» របស់អ្នក គឺជាគំនិតខុសឆ្គង ហើយពាក្យទាំងនេះគឺជាយោបល់របស់អារក្សសាតាំង! កិច្ចការរបស់ព្រះជាម្ចាស់មិនបានឈប់សូម្បីតែបន្តិចឡើយ។ ទ្រង់មិនបានសម្រាកទេ ទ្រង់ធ្វើការជានិច្ច និងតែងតែបម្រើមនុស្សជាតិជានិច្ច!
មនុស្សត្រូវតែយល់ពីសារជាតិរបស់ព្រះគ្រីស្ទចេញពីគ្រប់ទិដ្ឋភាព។ តើអ្នកអាចដឹងពីសារជាតិរបស់ព្រះគ្រីស្ទបានដោយរបៀបណា? គន្លឹះគឺថា អ្នកត្រូវដឹងពីគ្រប់កិច្ចការដែលរូបកាយខាងសាច់ឈាមនេះបានធ្វើ។ ប្រសិនបើអ្នកគ្រាន់តែជឿថា ព្រះវិញ្ញាណប្រព្រឹត្តបែបនេះ ហើយជឿថា សាច់ឈាមមិនប្រព្រឹត្ត ជឿថាសាច់ឈាមគ្រាន់តែត្រូវព្រះវិញ្ញាណគ្រប់គ្រង នោះជាជំនឿខុសឆ្គងហើយ! ហេតុអ្វីក៏និយាយថា ការរងទុក្ខ ការជាប់ឆ្កាង ការយកឈ្នះមនុស្សជាតិទាំងអស់ និងការដកពិសោធន៍ទុក្ខវេទនារបស់មនុស្ស គឺជាកិច្ចការដែលត្រូវធ្វើដោយព្រះគ្រីស្ទ? នោះព្រោះតែព្រះជាម្ចាស់បានត្រលប់ជាមនុស្ស និងធ្វើការនៅក្នុងចំណោមមនុស្ស។ ព្រះវិញ្ញាណ និងសាច់ឈាម ធ្វើការក្នុងពេលដំណាលគ្នា។ វាមិនដូចអ្វីដែលមនុស្សស្រមើស្រមៃដែលថា សាច់ឈាមមិនមានបន្ទូល ហើយព្រះវិញ្ញាណបង្ខំទ្រង់ឱ្យមានបន្ទូលនោះទេ ពោលគឺវាមិនបែបនេះទេ។ ផ្ទុយទៅវិញ វាមានសេរីភាពដ៏ធំធេង៖ ព្រះវិញ្ញាណ និងសាច់ឈាមធ្វើកិច្ចការដូចគ្នា។ នៅពេលដែលសាច់ឈាមទតឃើញកិច្ចការមួយដែលជិតសម្រេចរួចរាល់ ព្រះវិញ្ញាណក៏ទតឃើញកិច្ចការនោះដូចគ្នាដែរ។ ពួកទ្រង់ធ្វើការក្នុងពេលតែមួយ។ ដូច្នេះ ការនិយាយថា រូបកាយគ្របសង្កត់លើ ក៏ខុសដែរ។ តើវាមានន័យថា «រូបកាយគ្របសង្កត់លើ» ឬ? ចំពោះចំណុចនេះ មានបរិបទរបស់វា៖ នៅពេលព្រះជាម្ចាស់ត្រលប់ជាមនុស្ស គ្រប់យ៉ាងដែលមនុស្សមើលឃើញ គឺជាសកម្មភាពខាងរូបកាយ និងឃើញទៀតថា រូបកាយគ្របសង្កត់លើ ក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ ព្រះវិញ្ញាណ និងសាច់ឈាមធ្វើការក្នុងពេលដំណាលគ្នា។ វាគ្មានករណីដែលថា ព្រះវិញ្ញាណបង្ខំសាច់ឈាមឱ្យមានបន្ទូល ប៉ុន្តែសាច់ឈាមមិនព្រមឡើយ ឬក៏សាច់ឈាមចង់មានបន្ទូល តែព្រះវិញ្ញាណមិនប្រទានព្រះបន្ទូលនោះឡើយ។ ការនេះនឹងមិនដែលកើតឡើងឡើយ។ ប្រសិនបើមនុស្សជឿបែបនេះ នោះពួកគេជឿខុស និងជាជំនឿគួរឱ្យអស់សំណើចណាស់។ ព្រះវិញ្ញាណ និងសាច់ឈាម គឺតែមួយ។ ព្រះវិញ្ញាណគង់នៅក្នុងសាច់ឈាម ដូច្នេះ តើវាអាចកើតឡើងយ៉ាងដូចម្ដេចដែលថា ព្រះវិញ្ញាណចង់មានបន្ទូល តែសាច់ឈាមមិនចង់មានបន្ទូលនោះ? ឬក៏សាច់ឈាមចង់មានបន្ទូល តែព្រះវិញ្ញាណមិនប្រទានព្រះបន្ទូលនោះ? វាមិនអាចមានរឿងបែបនេះទេ។ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ គឺជាតំណាងអំពីព្រះវិញ្ញាណគង់នៅក្នុងសាច់ឈាម។ នៅពេលសាច់ឈាមធ្វើការ ទ្រង់អាចមានបន្ទូលបានគ្រប់ពេល ឬ គ្រប់ទីកន្លែង ដែលខុសគ្នាស្រឡះពីពេលដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងបុគ្គលណាម្នាក់។ មានតែព្រះវិញ្ញាណបរិសុទ្ធគង់តំណាងនៅក្នុងសាច់ឈាមប៉ុណ្ណោះ ទើបជាការយកកំណើតជាមនុស្ស ហើយមិនត្រូវឆ្ងល់អំពីការចាកចេញរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ នៅពេលព្រះវិញ្ញាណធ្វើការនៅក្នុងមនុស្ស វាពាក់ព័ន្ធនឹងជម្រើស និងបរិបទ។ ប្រសិនបើមនុស្សមិនដេញតាមសេចក្តីពិត បើពួកគេធ្វើតាមចិត្តរបស់ខ្លួន រួចព្រះវិញ្ញាណបរិសុទ្ធចាកចេញពីពួកគេ នោះពួកគេនឹងមានអារម្មណ៍ដឹង។ ការយល់ដឹងរបស់មនុស្សតែងតែមានសេចក្តីខុសឆ្គងជានិច្ច។ ពួកគេគិតថា ព្រោះតែកិច្ចការរបស់ព្រះជាម្ចាស់បានឈានដល់ដំណាក់កាលនេះ ដូច្នេះ ទ្រង់គ្មានព្រះបន្ទូលទៀតទេ និងគិតទៀតថា ទ្រង់មិនអាចមានបន្ទូលបានឡើយ ទោះបីជាទ្រង់ចង់មានបន្ទូលក៏ដោយ។ តើវាបែបនេះដែរឬទេ? ព្រះជាម្ចាស់អាចមានបន្ទូលបានគ្រប់ពេល វាមិនដែលមានការបាក់បែកណាមួយរវាងព្រះវិញ្ញាណ និងរូបកាយឡើយ។ មិនថាមានកិច្ចការ ឬទិដ្ឋភាពនៃសេចក្តីពិតអ្វី កំពុងត្រូវបានសម្ដែងចេញនោះទេ មិនថាអ្នកមើលឃើញវាចេញពីទិដ្ឋភាពណាឡើយ នេះគឺជាតំណាងនៃព្រះវិញ្ញាណនៅក្នុងសាច់ឈាម ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដែលអាចនិយាយបានថា រាល់ការឈឺចាប់ដែលសាច់ឈាមបានរងទុក្ខ ព្រះវិញ្ញាណក៏កំពុងដកពិសោធន៍នូវការឈឺចាប់របស់មនុស្សដោយផ្ទាល់ព្រះអង្គដែរ។ រូបកាយ និងព្រះវិញ្ញាណ មិនអាចនិយាយដាច់ចេញពីគ្នាបានឡើយ។ សេចក្តីពិតអំពីការយកកំណើតជាមនុស្ស គឺជ្រាលជ្រៅខ្លាំងណាស់ ហើយតម្រូវឱ្យមនុស្សមានបទពិសោធដប់ម្ភៃឆ្នាំ ឬសូម្បីមួយជីវិតទៀតផង មុនពេលពួកគេអាចដឹងអំពីចំណុចនេះបានយ៉ាងពិតប្រាកដ។
និទាឃរដូវឆ្នាំ ១៩៩៧