កិច្ចការប្រកាសដំណឹងល្អ ក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ

មនុស្សគ្រប់គ្នាត្រូវតែយល់ពីគោលបំណងនៃកិច្ចការរបស់ខ្ញុំនៅលើផែនដីនេះ ពោលគឺអ្វីដែលខ្ញុំសព្វព្រះហឫទ័យចង់ទទួលបាននៅពេលចុងក្រោយបំផុត និងកម្រិតដែលខ្ញុំត្រូវសម្រេចបាននៅក្នុងកិច្ចការនេះ មុនពេលវាត្រូវបញ្ចប់។ បន្ទាប់ពីបានដើរជាមួយខ្ញុំរហូតមកដល់ថ្ងៃនេះហើយ ប្រសិនបើមនុស្សនៅតែមិនយល់ពីអ្វីដែលជាកិច្ចការរបស់ខ្ញុំទៀត នោះតើពួកគេមិនមែនដើរជាមួយខ្ញុំដោយឥតប្រយោជន៍ទេឬអី? ប្រសិនបើមនុស្សដើរតាមខ្ញុំ នោះពួកគេគួរតែដឹងពីបំណងព្រះហឫទ័យរបស់ខ្ញុំ។ ខ្ញុំបានធ្វើការនៅលើផែនដី អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ហើយរហូតមកដល់សព្វថ្ងៃនេះ ក៏ខ្ញុំនៅតែបន្ដបំពេញកិច្ចការរបស់ខ្ញុំតទៅទៀតដែរ។ ទោះបីជាមានគម្រោងជាច្រើននៅក្នុងកិច្ចការរបស់ខ្ញុំក៏ដោយ ក៏គោលបំណងនៃកិច្ចការនោះមិនផ្លាស់ប្ដូរដែរ ហើយទោះបីជាខ្ញុំពេញដោយការជំនុំជម្រះ និងការដាក់ទោសចំពោះមនុស្សក៏ដោយ ក៏អ្វីដែលខ្ញុំធ្វើ នៅតែដើម្បីជួយសង្គ្រោះមនុស្ស និងដើម្បីធ្វើឱ្យដំណឹងល្អរបស់ខ្ញុំ កាន់តែរីកសុសសាយ ព្រមទាំងដើម្បីពង្រីកកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមសាសន៍ដទៃទាំងអស់ដែរ នៅពេលដែលមនុស្សបានជាបរិបូរ។ ដូច្នេះ ទោះបីជានៅពេលដែលមនុស្សជាច្រើនបានលិចលង់ជ្រៅទៅក្នុងសេចក្ដីអស់សង្ឃឹមជាយូរមកហើយក៏ដោយ ក៏ថ្ងៃនេះខ្ញុំនៅតែបន្ដធ្វើកិច្ចការរបស់ខ្ញុំតទៅទៀតដែរ គឺខ្ញុំបន្ដកិច្ចការដែលខ្ញុំត្រូវធ្វើដើម្បីជំនុំជម្រះ និងដាក់ទោសដល់មនុស្សលោក។ ទោះបីជាមនុស្សធុញទ្រាន់នឹងអ្វីដែលខ្ញុំមានបន្ទូល ហើយមិនខ្វល់ខ្វាយចំពោះកិច្ចការរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែបំពេញភារកិច្ចរបស់ខ្ញុំដែរ ព្រោះគោលបំណងនៃកិច្ចការរបស់ខ្ញុំ មិនផ្លាស់ប្ដូរឡើយ ហើយផែនការដើមរបស់ខ្ញុំក៏មិនបានបរាជ័យដែរ។ មុខងារនៃការជំនុំជម្រះរបស់ខ្ញុំ គឺដើម្បីជួយឱ្យមនុស្សកាន់តែស្ដាប់បង្គាប់ខ្ញុំ ហើយមុខងារនៃការវាយផ្ចាលរបស់ខ្ញុំ គឺដើម្បីឱ្យមនុស្សផ្លាស់ប្ដូរកាន់តែមានប្រសិទ្ធភាព។ ទោះបីជាអ្វីដែលខ្ញុំធ្វើ គឺដើម្បីជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំមិនធ្លាប់ធ្វើអ្វីដែលគ្មានប្រយោជន៍ដល់មនុស្សលោកដែរ ព្រោះខ្ញុំសព្វព្រះហឫទ័យចង់ឱ្យជាតិសាសន៍ទាំងអស់ក្រៅពីអ៊ីស្រាអែលស្ដាប់បង្គាប់ខ្ញុំ ដូចជាជនជាតិអ៊ីស្រាអែលដែរ ដើម្បីធ្វើឱ្យពួកគេក្លាយទៅជាមនុស្សពិតប្រាកដ ប្រយោជន៍ឱ្យខ្ញុំអាចមានមូលដ្ឋាននៅលើទឹកដីផ្សេងទៀតក្រៅពីអ៊ីស្រាអែល។ នេះហើយជាការគ្រប់គ្រងរបស់ខ្ញុំ។ វាជាកិច្ចការដែលខ្ញុំកំពុងសម្រេចក្នុងចំណោមសាសន៍ដទៃ។ សូម្បីតែឥឡូវនេះ ក៏នៅតែមានមនុស្សជាច្រើនមិនយល់ពីការគ្រប់គ្រងរបស់ខ្ញុំដែរ ព្រោះពួកគេមិនចាប់អារម្មណ៍ចំពោះរឿងបែបនេះ ហើយពួកគេយកចិត្តទុកដាក់តែចំពោះអនាគត ហើយនិងទិសដៅរបស់ខ្លួនប៉ុណ្ណោះ។ មិនថាខ្ញុំមានបន្ទូលអ្វីក៏ដោយ ក៏ពួកគេនៅតែមិនអើពើចំពោះកិច្ចការដែលខ្ញុំធ្វើដែរ ផ្ទុយទៅវិញ ពួកគេផ្ដោតទាំងស្រុងទៅលើទិសដៅរបស់ពួកគេនៅថ្ងៃស្អែក។ ប្រសិនបើអ្វីៗនៅតែបន្ដរបៀបនេះ តើឱ្យកិច្ចការរបស់ខ្ញុំរីកចម្រើនយ៉ាងដូចម្ដេចបាន? តើឱ្យដំណឹងល្អរបស់ខ្ញុំអាចផ្សព្វផ្សាយទៅពាសពេញពិភពលោកយ៉ាងដូចម្ដេចបាន? ចូរដឹងថានៅពេលដែលកិច្ចការរបស់ខ្ញុំរីកចម្រើន នោះខ្ញុំនឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ហើយវាយបំបាក់អ្នករាល់គ្នា ដូចជាព្រះយេហូវ៉ាបានវាយបំបាក់ពូជអំបូរអ៊ីស្រាអែលនីមួយៗដែរ។ ការទាំងអស់នេះនឹងកើតឡើង ដើម្បីឱ្យដំណឹងល្អរបស់ខ្ញុំ បានផ្សព្វផ្សាយទៅពាសពេញលើផែនដី ដើម្បីឱ្យកិច្ចការរបស់ខ្ញុំបានរីកសុះសាយទៅដល់សាសន៍ដទៃ ដើម្បីឱ្យទាំងមនុស្សពេញវ័យ និងកុមារបានលើកតម្កើងព្រះនាមខ្ញុំ ហើយដើម្បីឱ្យបបូរមាត់របស់មនុស្សពីគ្រប់ពូជអំបូរ និងគ្រប់ជាតិសាសន៍ទាំងអស់ បានសរសើរដល់ព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំ។ ដូច្នេះ គឺនៅក្នុងយុគសម័យចុងក្រោយនេះហើយ ដែលគេនឹងលើកតម្កើងព្រះនាមរបស់ខ្ញុំនៅក្នុងចំណោមសាសន៍ដទៃ ហើយពួកគេនឹងមើលឃើញការប្រព្រឹត្តរបស់ខ្ញុំ ព្រមទាំងហៅខ្ញុំថាជាព្រះដ៏មានគ្រប់ចេស្ដា ទៅតាមដំណើររឿងនៃការប្រព្រឹត្តរបស់ខ្ញុំ ហើយព្រះបន្ទូលរបស់ខ្ញុំនឹងសម្រេចក្នុងពេលឆាប់ៗនេះ។ ខ្ញុំនឹងធ្វើឱ្យមនុស្សទាំងអស់ដឹងថា ខ្ញុំមិនត្រឹមតែជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាព្រះជាម្ចាស់របស់ជាតិសាសន៍ដទៃទៀតដែរ រួមទាំងអស់អ្នកដែលខ្ញុំបានដាក់បណ្ដាសាផង។ ខ្ញុំនឹងឱ្យមនុស្សទាំងអស់ឃើញថា ខ្ញុំគឺជាព្រះជាម្ចាស់នៃអ្វីៗទាំងអស់។ នេះហើយជាកិច្ចការដ៏ធំបំផុតរបស់ខ្ញុំ ជាគោលបំណងនៃផែនការកិច្ចការរបស់ខ្ញុំនៅគ្រាចុងក្រោយ និងជាកិច្ចការតែមួយគត់ដែលត្រូវសម្រេចនៅគ្រាចុងក្រោយ។

មានតែនៅគ្រាចុងក្រោយទេ ទើបកិច្ចការដែលខ្ញុំបាន និងកំពុងគ្រប់គ្រងអស់រយៈពេលរាប់ពាន់ឆ្នាំមកនេះ ត្រូវបានបើកសម្ដែងទាំងស្រុងឱ្យមនុស្សឃើញ។ លើសពីនេះទៅទៀត មានតែនៅគ្រាឥឡូវនេះទេ ដែលខ្ញុំបានបង្ហាញអាថ៌កំបាំងនៃការគ្រប់គ្រងរបស់ខ្ញុំពេញលេញទៅដល់មនុស្ស ហើយមនុស្ស ក៏បានដឹងពីគោលបំណងនៃកិច្ចការរបស់ខ្ញុំដែរ ព្រមទាំងបានយល់ពីអាថ៌កំបាំងទាំងអស់របស់ខ្ញុំផង។ ខ្ញុំបានប្រាប់ដល់មនុស្សរួចហើយ អំពីអ្វីៗគ្រប់យ៉ាងនៃទិសដៅដែលពួកគេខ្វល់ខ្វាយ។ ខ្ញុំបានលាតត្រដាងឱ្យមនុស្សដឹងពីអាថ៌កំបាំងទាំងអស់របស់ខ្ញុំ ជាអាថ៌កំបាំងដែលបានលាក់ទុកជាង ៥ ៩០០ ឆ្នាំមកហើយ។ តើព្រះយេហូវ៉ាជានរណា? តើព្រះមែស្ស៊ីជានរណា? តើព្រះយេស៊ូវជានរណា? អ្នករាល់គ្នាគួរតែដឹងពីរឿងទាំងអស់នេះហើយ។ កិច្ចការរបស់ខ្ញុំ គឺផ្ដោតសំខាន់ទៅលើឈ្មោះទាំងនេះ។ តើអ្នករាល់គ្នាបានយល់ពីការនោះដែរឬទេ? តើព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំ គួរតែត្រូវបានគេប្រកាសយ៉ាងដូចម្ដេច? តើព្រះនាមរបស់ខ្ញុំ គួរតែបានឮទៅដល់ជាតិសាសន៍ដែលបានអំពាវនាវរកខ្ញុំ តាមព្រះនាមណាមួយរបស់ខ្ញុំ យ៉ាងដូចម្ដេច? កិច្ចការរបស់ខ្ញុំកំពុងរីកចម្រើន ហើយខ្ញុំនឹងផ្សព្វផ្សាយពីភាពពេញលេញនៃកិច្ចការនេះ ទៅដល់គ្រប់ជាតិសាសន៍ទាំងអស់។ ដោយសារកិច្ចការរបស់ខ្ញុំត្រូវបានអនុវត្តតាមរយៈអ្នករាល់គ្នា ខ្ញុំនឹងវាយបំបាក់អ្នករាល់គ្នា ដូចជាព្រះយេហូវ៉ាបានវាយបំបាក់អ្នកគង្វាលនៃដំណាក់របស់ដាវីឌនៅក្នុងប្រទេសអ៊ីស្រាអែលដែរ ដោយធ្វើឱ្យអ្នករាល់គ្នាខ្ចាត់ខ្ចាយទៅក្នុងគ្រប់ជាតិសាសន៍ទាំងអស់។ ដ្បិតនៅគ្រាចុងក្រោយ ខ្ញុំនឹងកម្ទេចជាតិសាសន៍ទាំងអស់ឱ្យទៅជាគំនរបាក់បែក ហើយឱ្យប្រជាជននៃជាតិសាសន៍ទាំងអស់នោះ បែកខ្ញែកគ្នាជាថ្មី។ នៅពេលដែលខ្ញុំត្រឡប់មកវិញ ជាតិសាសន៍ទាំងអស់ត្រូវបានញែកចេញពីគ្នាតាមខ័ណ្ឌសីមាដែលបានកំណត់ដោយអណ្ដាតភ្លើងដ៏សន្ធោសន្ធៅរបស់ខ្ញុំរួចទៅហើយ។ នៅគ្រានោះ ខ្ញុំនឹងបង្ហាញខ្លួនឱ្យមនុស្សជាតិឃើញសាជាថ្មី ដូចជាព្រះអាទិត្យដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅ ទាំងបង្ហាញខ្លួនខ្ញុំដោយបើកចំហដល់ពួកគេ ក្នុងរូបអង្គជាព្រះដ៏បរិសុទ្ធមួយអង្គ ដែលពួកគេមិនធ្លាប់បានឃើញ ហើយក៏ដើរក្នុងចំណោមប្រជាជាតិជាច្រើន ដូចដែលខ្ញុំបានដើរក្នុងនាមជាព្រះយេហូវ៉ានៅក្នុងចំណោមពូជអំបូរយូដាដែរ។ ចាប់ពីពេលនោះតទៅ ខ្ញុំនឹងដឹកនាំជីវិតមនុស្សជាតិនៅលើផែនដីនេះ។ នៅទីនោះ ពួកគេនឹងមើលឃើញសិរីរុងរឿងរបស់ខ្ញុំ ហើយពួកគេនឹងមើលឃើញបង្គោលពពកមួយនៅក្នុងខ្យល់ ដែលដឹកនាំជីវិតរបស់ពួកគេ ព្រោះខ្ញុំនឹងបង្ហាញខ្លួននៅកន្លែងដែលបរិសុទ្ធ។ មនុស្សនឹងឃើញថ្ងៃនៃសេចក្ដីសុចរិតរបស់ខ្ញុំ ហើយក៏ឃើញការបើកសម្ដែងដ៏រុងរឿងរបស់ខ្ញុំដែរ។ ការនោះកើតឡើងនៅពេលដែលខ្ញុំសោយរាជ្យលើផែនដីទាំងមូល ហើយខ្ញុំនឹងនាំពួកកូនប្រុសជាច្រើនរបស់ខ្ញុំចូលទៅក្នុងសិរីរុងរឿង។ មនុស្សគ្រប់ទីកន្លែងនៅលើផែនដីនឹងឱនក្រាបចុះ ហើយរោងឧបោសថរបស់ខ្ញុំនឹងត្រូវសាងសង់ឡើងយ៉ាងមាំនៅកណ្ដាលមនុស្សជាតិ គឺនៅលើថ្មដានៃកិច្ចការដែលខ្ញុំបំពេញសព្វថ្ងៃនេះ។ មនុស្សក៏នឹងបម្រើខ្ញុំនៅក្នុងព្រះវិហារដែរ។ ខ្ញុំនឹងកម្ទេចអាសនាដែលគ្របដណ្ដប់ដោយរបស់ស្មោកគ្រោក និងគួរឱ្យស្អប់ខ្ពើម ទៅជាបំណែកតូចៗ ហើយសាងសង់ឡើងជាថ្មី។ គេនឹងយកកូនចៀម ព្រមទាំងកូនគោដែលទើបកើតថ្មីៗទៅដាក់នៅលើអាសនាបរិសុទ្ធ។ ខ្ញុំនឹងបំផ្លាញព្រះវិហារសព្វថ្ងៃនេះចោល ហើយសាងសង់ព្រះវិហារថ្មីមួយ។ ព្រះវិហារដែលឈរនៅពេលនេះ ជាព្រះវិហារដែលសម្បូរដោយមនុស្សគួរឱ្យស្អប់ខ្ពើម នឹងត្រូវដួលរលំចុះ ហើយខ្ញុំនឹងសាងសង់ព្រះវិហារថ្មីមួយដែលពេញដោយអ្នកបម្រើដែលស្មោះត្រង់ចំពោះខ្ញុំ។ ពួកគេនឹងក្រោកឈរឡើងជាថ្មី ហើយបម្រើដល់ខ្ញុំ សម្រាប់ជាប្រយោជន៍ដល់សិរីរុងរឿងនៃព្រះវិហាររបស់ខ្ញុំ។ អ្នករាល់គ្នានឹងឃើញថ្ងៃដែលខ្ញុំទទួលសិរីរុងរឿងដ៏អស្ចារ្យយ៉ាងពិតប្រាកដ ហើយអ្នករាល់គ្នាក៏នឹងឃើញថ្ងៃដែលខ្ញុំបំផ្លាញព្រះវិហារនេះចោល ហើយសាងសង់ព្រះវិហារថ្មីមួយឡើងវិញ យ៉ាងពិតប្រាកដដែរ។ អ្នករាល់គ្នានឹងឃើញថ្ងៃដែលរោងឧបោសថរបស់ខ្ញុំចូលមកដល់ពិភពលោករបស់មនុស្សយ៉ាងពិតប្រាកដ។ កាលណាខ្ញុំកម្ទេចព្រះវិហារនេះចោល នោះខ្ញុំនឹងនាំយករោងឧបោសថរបស់ខ្ញុំ ចូលមកក្នុងពិភពលោករបស់មនុស្ស ដូចដែលពួកគេមើលឃើញការយាងមកដល់របស់ខ្ញុំដែរ។ ក្រោយពេលដែលខ្ញុំកម្ទេចជាតិសាសន៍ទាំងអស់ហើយ ខ្ញុំនឹងប្រមូលពួកគេមកជួបជុំគ្នាជាថ្មី ហើយសាងសង់ព្រះវិហារ និងអាសនារបស់ខ្ញុំឡើងវិញ ដើម្បីឱ្យមនុស្សទាំងអស់អាចថ្វាយយញ្ញបូជាដល់ខ្ញុំ បម្រើខ្ញុំនៅក្នុងព្រះវិហារ ព្រមទាំងលះបង់ចំពោះកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមសាសន៍ដទៃដោយស្មោះត្រង់។ ពួកគេនឹងបានដូចជនជាតិអ៊ីស្រាអែលនៅពេលបច្ចុប្បន្ន ដែលប្រដាប់កាយដោយសម្លៀកបំពាក់របស់បូជាចារ្យ និងមកុដ មានទាំងសិរីរុងរឿងរបស់ខ្ញុំដែលជាព្រះយេហូវ៉ា នៅកណ្ដាលចំណោមពួកគេផង ហើយឫទ្ធានុភាពរបស់ខ្ញុំក៏នៅរេរាលើពួកគេ និងនៅជាប់ជាមួយពួកគេដែរ។ កិច្ចការរបស់ខ្ញុំនៅក្នុងចំណោមសាសន៍ដទៃ ក៏នឹងអនុវត្តតាមរបៀបដូចគ្នានេះដែរ។ ដែលខ្ញុំអនុវត្តកិច្ចការរបស់ខ្ញុំ នៅក្នុងប្រទេសអ៊ីស្រាអែលជាយ៉ាងណា នោះខ្ញុំក៏នឹងអនុវត្តវា នៅក្នុងចំណោមសាសន៍ដទៃយ៉ាងនោះដែរ ព្រោះខ្ញុំនឹងពង្រីកកិច្ចការរបស់ខ្ញុំនៅក្នុងប្រទេសអ៊ីស្រាអែល ហើយផ្សព្វផ្សាយកិច្ចការនេះទៅដល់សាសន៍ដទៃទាំងអស់។

ឥឡូវនេះ ដល់ពេលដែលព្រះវិញ្ញាណរបស់ខ្ញុំធ្វើកិច្ចការដ៏អស្ចារ្យហើយ ក៏ដល់ពេលដែលខ្ញុំបំពេញកិច្ចការរបស់ខ្ញុំ នៅក្នុងចំណោមសាសន៍ដទៃដែរ។ លើសពីនោះទៅទៀត ដល់ពេលដែលខ្ញុំត្រូវញែកមនុស្សទាំងអស់ទៅតាមប្រភេទនីមួយៗរបស់ពួកគេរៀងៗខ្លួនហើយ ប្រយោជន៍ឱ្យកិច្ចការរបស់ខ្ញុំ ដំណើរការទៅមុខបានលឿន និងមានប្រសិទ្ធភាព។ ដូច្នេះហើយ អ្វីដែលខ្ញុំស្នើសុំពីអ្នក គឺឱ្យអ្នកលះបង់លក្ខណៈទាំងស្រុងរបស់អ្នកដើម្បីកិច្ចការទាំងអស់របស់ខ្ញុំ ហើយលើសពីនេះទៅទៀត គឺឱ្យអ្នកឈ្វេងយល់ឱ្យបានច្បាស់និងមានការប្រាកដចិត្តអំពីកិច្ចការទាំងអស់ដែលខ្ញុំបានធ្វើនៅក្នុងខ្លួនអ្នក ព្រមទាំងប្រឹងឱ្យអស់ពីកម្លាំងកាយក្នុងការបំពេញកិច្ចការរបស់ខ្ញុំ ដើម្បីឱ្យកិច្ចការនោះកាន់តែមានប្រសិទ្ធភាព។ នេះហើយជាអ្វីដែលអ្នកត្រូវយល់។ ចូរបោះបង់ការតយុទ្ធគ្នា ទៅវិញទៅមកក្នុងចំណោមអ្នករាល់គ្នា ដើម្បីស្វែងរកផ្លូវត្រឡប់ក្រោយ ឬស្វែងរកការកម្សាន្តចិត្តខាងសាច់ឈាម ដែលនឹងពន្យារពេលកិច្ចការរបស់ខ្ញុំ និងអូសបន្លាយអនាគតដ៏អស្ចារ្យរបស់អ្នក។ ក្រៅពីមិនអាចការពារអ្នកបាន ការធ្វើដូច្នេះនឹងនាំមកនូវការបំផ្លាញដល់ខ្លួនអ្នក។ តើនេះមិនមែនជាភាពល្ងង់ខ្លៅរបស់អ្នកទេឬអី? អ្វីៗដែលអ្នករីករាយដោយការលោភលន់នៅថ្ងៃនេះ គឺជាកត្តាដែលកំពុងបំផ្លាញដល់អនាគតរបស់អ្នក តែការឈឺចាប់ដែលអ្នកទទួលរងនៅថ្ងៃនេះ គឺជារនាំងដែលកំពុងការពារអ្នក។ អ្នកត្រូវតែដឹងឱ្យច្បាស់ពីរឿងទាំងអស់នេះ ដើម្បីចៀសវាងពីការធ្លាក់ទៅក្នុងសេចក្ដីល្បួង ដែលអ្នកពិបាកនឹងដកខ្លួនចេញ ហើយគេចពីការវង្វេងចូលទៅក្នុងអ័ព្ទដ៏ក្រាស់ និងមិនអាចរកពន្លឺព្រះអាទិត្យឃើញ។ នៅពេលដែលអ័ព្ទដ៏ក្រាស់នោះរសាត់អស់ទៅ អ្នកនឹងឃើញខ្លួនឯងស្ថិតនៅក្នុងការជំនុំជម្រះនៃថ្ងៃដ៏អស្ចារ្យ។ នៅពេលនោះ ថ្ងៃរបស់ខ្ញុំនឹងចូលមកជិតមនុស្ស។ តើអ្នកនឹងរត់គេចពីការជំនុំជម្រះរបស់ខ្ញុំបានយ៉ាងដូចម្ដេច? តើអ្នកអាចនឹងទ្រាំទ្រនៅក្រោមកម្ដៅព្រះអាទិត្យ ដែលឆេះយ៉ាងសន្ធោសន្ធៅយ៉ាងដូចម្ដេច? នៅពេលដែលខ្ញុំប្រគល់ភាពបរិបូររបស់ខ្ញុំទៅឱ្យមនុស្ស គេមិនបានឱបវាជាប់នឹងដើមទ្រូងរបស់គេដោយក្ដីស្រឡាញ់ទេ ប៉ុន្ដែពួកគេបែរជាបោះវាចោលទៅកន្លែងមួយដែលគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍សោះឡើយ។ នៅពេលដែលគ្រារបស់ខ្ញុំធ្លាក់មកលើមនុស្ស គេនឹងមិនអាចរកឃើញភាពបរិបូររបស់ខ្ញុំទៀតឡើយ តែគេនឹងរកឃើញពាក្យដ៏ជូរចត់នៃសេចក្ដីពិត ដែលខ្ញុំបាននិយាយទៅកាន់គេតាំងពីយូរមកហើយ។ គេនឹងស្រែកថ្ងូរ ហើយយំសោក ព្រោះគេបានបាត់បង់នូវពន្លឺដ៏ត្រចះត្រចង់ ហើយបានធ្លាក់ចូលទៅក្នុងសេចក្ដីងងឹត។ អ្វីដែលអ្នករាល់គ្នាមើលឃើញនៅថ្ងៃនេះ គឺគ្រាន់តែជាដាវមុតស្រួចនៃព្រះឱស្ឋរបស់ខ្ញុំប៉ុណ្ណោះ។ អ្នកមិនទាន់បានឃើញដំបងនៅក្នុងដៃរបស់ខ្ញុំ ឬក៏អណ្ដាតភ្លើងដែលខ្ញុំបញ្ឆេះមនុស្សនៅឡើយទេ ទើបបានជាអ្នកនៅតែព្រហើន និងហួសហេតុនៅចំពោះមុខខ្ញុំ។ ហេតុនោះហើយបានជាអ្នកនៅតែតយុទ្ធជាមួយខ្ញុំនៅក្នុងដំណាក់របស់ខ្ញុំ ដោយប្រើអណ្ដាតមនុស្សរបស់អ្នក មកប្រកែកនឹងអ្វីដែលខ្ញុំបានមានបន្ទូលដោយព្រះឱស្ឋរបស់ខ្ញុំផ្ទាល់។ មនុស្សមិនកោតខ្លាចខ្ញុំទេ ហើយទោះបីជាគេនៅតែបន្ដស្អប់ខ្ញុំរហូតដល់សព្វថ្ងៃនេះក៏ដោយ ក៏គេនៅតែគ្មានការកោតខ្លាចអ្វីដែរ។ អ្នករាល់គ្នាមានអណ្ដាត និងធ្មេញរបស់មនុស្សទុច្ចរិតនៅក្នុងមាត់របស់អ្នករាល់គ្នា។ ពាក្យសម្ដី និងការប្រព្រឹត្តរបស់អ្នករាល់គ្នា ប្រៀបដូចជាទង្វើដែលសត្វពស់បានបោកបញ្ឆោតនាងអេវ៉ាឱ្យធ្វើបាបដែរ។ អ្នករាល់គ្នាទាមទារពីគ្នាទៅវិញទៅមក ដោយយកភ្នែកធួននឹងភ្នែក ហើយយកធ្មេញធួននឹងធ្មេញ ហើយអ្នករាល់គ្នាតស៊ូនៅចំពោះមុខខ្ញុំដើម្បីដណ្ដើមឋានៈ កិត្តិនាម និងផលប្រយោជន៍សម្រាប់ខ្លួនឯង ប៉ុន្តែអ្នករាល់គ្នាមិនដឹងថា ខ្ញុំកំពុងឃ្លាំមើលពាក្យសម្ដី និងការប្រព្រឹត្តរបស់អ្នករាល់គ្នាដោយស្ងាត់ៗនោះទេ។ មុនពេលដែលអ្នករាល់គ្នាចូលមកចំពោះមុខខ្ញុំ គឺខ្ញុំបានដឹងពីជម្រៅចិត្តរបស់អ្នករាល់គ្នារួចទៅហើយ។ មនុស្សតែងតែប្រាថ្នាចង់គេចចេញពីកណ្ដាប់ព្រះហស្ដរបស់ខ្ញុំ និងបង្វែរការសង្កេតចេញពីព្រះនេត្ររបស់ខ្ញុំ ប៉ុន្ដែខ្ញុំមិនដែលគេចចេញពីពាក្យសម្ដី និងការប្រព្រឹត្តរបស់គេឡើយ។ ផ្ទុយទៅវិញ ខ្ញុំសព្វព្រះហឫទ័យឱ្យពាក្យសម្ដី និងការប្រព្រឹត្តទាំងនោះ ចូលមកក្នុងព្រះនេត្ររបស់ខ្ញុំ ប្រយោជន៍ឱ្យខ្ញុំអាចដាក់ទោសចំពោះអំពើទុច្ចរិតរបស់មនុស្ស និងជំនុំជម្រះការបះបោររបស់ពួកគេ។ ដូច្នេះ ពាក្យសម្ដី និងការប្រព្រឹត្តដោយអាថ៌កំបាំងរបស់មនុស្ស នៅតែត្រូវលាតត្រដាងចំពោះបល្ល័ង្កជំនុំជម្រះរបស់ខ្ញុំ ហើយការជំនុំជម្រះរបស់ខ្ញុំ មិនដែលចាកចេញពីមនុស្សឡើយ ព្រោះការបះបោររបស់ពួកគេច្រើនពេកហើយ។ កិច្ចការរបស់ខ្ញុំ គឺត្រូវដុតបញ្ឆេះ និងបន្សុទ្ធគ្រប់ទាំងពាក្យសម្ដី និងការប្រព្រឹត្តទាំងអស់របស់មនុស្សដែលបាននិយាយ និងបានធ្វើនៅចំពោះវត្តមាននៃព្រះវិញ្ញាណរបស់ខ្ញុំ។ តាមរយៈការធ្វើបែបនេះ[ក] នៅពេលដែលខ្ញុំចាកចេញពីផែនដីទៅ មនុស្សនឹងនៅតែរក្សាភាពស្មោះត្រង់របស់ខ្លួនចំពោះខ្ញុំ ហើយនឹងនៅតែបម្រើខ្ញុំ ដូចដែលអ្នកបម្រើដ៏បរិសុទ្ធរបស់ខ្ញុំធ្វើការបម្រើនៅក្នុងកិច្ចការរបស់ខ្ញុំដែរ ដោយអនុញ្ញាតឱ្យកិច្ចការរបស់ខ្ញុំនៅលើផែនដីនេះ បន្ដរហូតដល់ថ្ងៃដែលវាត្រូវបញ្ចប់។

លេខយោង៖

(ក) អត្ថបទដើមមិនមានឃ្លា «តាមរយៈការធ្វើបែបនេះ»។

ខាង​ដើម៖ ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញហើយ នៅលើ «ពពកស» មួយដុំ

បន្ទាប់៖ អ្នករាល់គ្នាសុទ្ធតែមានចរិតអន់ខ្សោយណាស់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ