ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលេចមកនិងកិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ៦១
25-01-2026
នៅពេលដែលពន្លឺចេញពីទិសខាងកើត ក៏ជាពេលវេលាដ៏ប្រាកដដែលខ្ញុំចាប់ផ្តើមបញ្ចញព្រះសូរសៀងរបស់ខ្ញុំផងដែរ។ នៅពេលដែលផ្លេកបន្ទោរបញ្ចេញពន្លឺ នោះសាកលលោកទាំងមូលនឹងត្រូវបំភ្លឺ ហើយការផ្លាស់ប្តូរកើតឡើងនៅក្នុងគ្រប់តារានិករទាំងអស់។ ពូជសាសន៍មនុស្សទាំងមូលក៏ដូចគ្នាដែរ ប្រសិនបើបានទទួលរងនូវការបន្សុទ្ធនោះ។ នៅក្រោមរស្មីដែលចាំងចែងពីទិសខាងកើតមក ទម្រង់ដើមរបស់មនុស្សជាតិទាំងអស់ ក៏ត្រូវបើកសម្តែង ភ្នែករបស់គេក៏ត្រូវស្រវាំងដោយពន្លឺ មិនដឹងថាត្រូវធ្វើបែបណានោះទេ ហើយក៏មិនដឹងវិធីដើម្បីលាក់បាំងសណ្ឋានដ៏កខ្វក់របស់ពួកគេនោះដែរ។ ពួកគេប្រៀបដូចជាសត្វដែលរត់គេចពីពន្លឺរបស់ខ្ញុំ ទៅចូលជ្រកនៅក្នុងល្អាងភ្នំដូច្នោះដែរ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ អាចលាក់ខ្លួនផុតពីពន្លឺរបស់ខ្ញុំបានឡើយ។ មនុស្សទាំងអស់វង្វេងស្មារតី ដោយគ្រប់គ្នាកំពុងរង់ចាំ គ្រប់គ្នាកំពុងសម្លឹងមើល។ ជាមួយនឹងការមកដល់នៃពន្លឺរបស់ខ្ញុំ គ្រប់គ្នារីករាយនៅថ្ងៃកំណើតរបស់ពួកគេ ព្រមជាមួយគ្នានេះ គ្រប់គ្នាក៏ដាក់បណ្តាសាចំពោះថ្ងៃកំណើតរបស់ពួកគេដែរ។ អារម្មណ៍ច្របូកច្របល់ គឺមិនអាចបញ្ចេញបានទេ។ ទឹកភ្នែកនៃការធ្វើទណ្ឌកម្មខ្លួនបានបង្កើតទៅជាទន្លេ ហើយបានហូរទៅក្នុងទឹកភ្លៀងដែលកំពុងធ្លាក់ដោយបាត់ខ្លួនមួយរំពេចគ្មានស្នាមដាននោះទេ។ ជាថ្មីម្ដងទៀត ពេលកំណត់របស់ខ្ញុំកាន់តែខិតចូលមកកៀកនឹងមនុស្សជាតិទាំងអស់ហើយ ដោយដាស់ពូជមនុស្សឱ្យភ្ញាក់ជាថ្មីម្តងទៀត ដោយប្រទានការចាប់ផ្តើមថ្មីមួយដល់មនុស្សជាតិ។ បេះដូងរបស់ខ្ញុំលោត ហើយភ្នំទាំងឡាយក៏លោតកញ្ឆេងដោយក្ដីអរសប្បាយ ទឹកក៏រេរាំដោយក្ដីអរសប្បាយ ហើយទឹករលកក៏បក់បោកលើថ្មប៉ប្រ៉ះទឹក ទៅតាមចង្វាក់នៃបេះដូងរបស់ខ្ញុំដែរ។ ខ្ញុំពិបាកនឹងសម្ដែងអារម្មណ៍ដែលមាននៅក្នុងព្រះហឫទ័យរបស់ខ្ញុំណាស់។ ចង់ធ្វើឱ្យរបស់គ្រប់យ៉ាងដែលកខ្វក់ ត្រូវដុតទៅជាផេះ ក្រោមខ្សែព្រះនេត្រទតមើលរបស់ខ្ញុំ។ ខ្ញុំចង់ឱ្យពួកបុត្រាដែលបះបោរទាំងអម្បាលម៉ាន ត្រូវវិនាសបង់ចេញពីមុខព្រះនេត្ររបស់ខ្ញុំ មិនឱ្យមានវត្តមានតទៅទៀតឡើយ។ ខ្ញុំមិនត្រឹមតែបង្កើតការចាប់ផ្តើមថ្មីមួយនៅក្នុងកន្លែងដែលនាគដ៏ធំមានសម្បុរក្រហមរស់នៅនោះទេ ខ្ញុំថែមទាំងចាប់ផ្តើមកិច្ចការថ្មីនៅលើសាកលលោកផងដែរ។ មិនយូរនោះទេ នគរនានានៃផែនដីនេះនឹងក្លាយជានគររបស់ខ្ញុំ។ មិនយូរនោះទេ នរគរនានានៃផែនដីនេះនឹងបាត់បង់ជារៀងរហូតព្រោះតែនគររបស់ខ្ញុំ ដោយសារតែខ្ញុំបានទទួលជ័យជម្នះរួចទៅហើយ ហើយដោយសារតែខ្ញុំបានត្រឡប់មកវិញដោយជ័យជម្នះ។ នាគដ៏ធំមានសម្បុរក្រហម ហត់នឿយក្នុងការប្រើមធ្យោបាយបោកប្រាស់ដើម្បីរំខានដល់ផែនការរបស់ខ្ញុំ ដោយរំពឹងថានឹងលុបបំបាត់កិច្ចការរបស់ខ្ញុំនៅលើផែនដី ប៉ុន្តែតើខ្ញុំអាចបាក់ទឹកចិត្តដោយសារតែយុទ្ធសាស្ត្របោកប្រាស់របស់វាឬទេ? តើខ្ញុំអាចភ័យខ្លាច រហូតដល់បាត់បង់ភាពជឿជាក់ដោយសារតែការគំរាមកំហែងរបស់វាឬទេ? មិនដែលមានភាវៈណាមួយទាំងនៅលើស្ថានសួគ៌ ទាំងនៅលើផែនដី ដែលខ្ញុំមិនបានក្តាប់នៅក្នុងបាតព្រះហស្ដរបស់ខ្ញុំឡើយ។ តើពិតប៉ុនណាទៅ ដែលនាគដ៏ធំមានសម្បុរក្រហមប្រើស្នៀតនេះដើម្បីជាគ្រឿងបន្ទាប់បន្សំចំពោះខ្ញុំ? តើវាមិនមែនជាវត្ថុមួយដែលព្រះហស្តរបស់ខ្ញុំគ្រប់គ្រងទេឬអី?
អំឡុងពេលនៃការយកកំណើតជាមនុស្សរបស់ខ្ញុំនៅក្នុងពិភពមនុស្ស ក្រោមការដឹកនាំរបស់ខ្ញុំ នោះមនុស្សជាតិបានមកដល់ថ្ងៃនេះដោយមិនដឹងខ្លួន ហើយបានស្គាល់ខ្ញុំដោយមិនដឹងខ្លួន។ ប៉ុន្តែ សម្រាប់វិធីដែលត្រូវដើរនៅលើផ្លូវដែលនៅខាងមុខ គ្មាននរណាម្នាក់មានតម្រុយ គ្មាននរណាម្នាក់ដឹង ហើយជាងនេះទៅទៀត គ្មាននរណាម្នាក់មានសញ្ញាដែលអាចប្រាប់ពីទិសដៅដែលពួកគេដើរនៅលើផ្លូវនោះទេ។ មានតែតាមរយៈព្រះដ៏មានគ្រប់ព្រះចេស្តាដែលកំពុងឃ្លាំមើលពួកគេប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចដើរនៅលើផ្លូវរហូតដល់ទីបញ្ចប់បាន។ មានតែតាមរយៈការដឹកនាំរបស់ផ្លេកបន្ទោរនៅទិសខាងកើតប៉ុណ្ណោះ ទើបមនុស្សនឹងអាចឆ្លងកាត់ទ្វារដែលនាំទៅរកនគររបស់ខ្ញុំបាន។ នៅក្នុងចំណោមមនុស្ស ដែលបានឃើញផ្លេកបន្ទោរនៅទិសខាងកើត មិនដែលមាននរណាម្នាក់បានឃើញព្រះភ័ក្ត្ររបស់ខ្ញុំនោះទេ។ តើអ្នកដែលបានឮព្រះសូរសៀងចេញពីបល្ល័ង្ករបស់ខ្ញុំតិចប៉ុនណា? តាមពិត តាំងពីសម័យបុរាណ គ្មានមនុស្សណាម្នាក់បានចូលមកទាក់ទងដោយផ្ទាល់ជាមួយរាងកាយរបស់ខ្ញុំនោះទេ។ មានតែបច្ចុប្បន្ននេះ ពេលនេះ ដែលខ្ញុំបានយាងមកក្នុងពិភពលោកទេ ទើបមនុស្សមានឱកាសបានឃើញខ្ញុំ។ ប៉ុន្តែទោះបីជាពេលនេះក៏ដោយ មនុស្សនៅតែមិនស្គាល់ខ្ញុំ គេបានត្រឹមតែសម្លឹងមើលព្រះភ័ក្ត្ររបស់ខ្ញុំ ហើយគេគ្រាន់តែឮព្រះសូរសៀងរបស់ខ្ញុំប៉ុណ្ណោះ ប៉ុន្តែគេមិនយល់ពីអត្ថន័យរបស់ខ្ញុំនោះទេ។ មនុស្សទាំងអស់គឺបែបនេះ។ ក្លាយជាមនុស្សម្នាក់ក្នុងចំណោមរាស្ត្ររបស់ខ្ញុំ តើអ្នករាល់គ្នាមិនមានមោទនភាពខ្លាំងទេឬ នៅពេលដែលអ្នកឃើញព្រះភ័ក្ត្ររបស់ខ្ញុំ? ហើយតើអ្នកមិនមានអារម្មណ៍អៀនខ្មាស ដោយសារតែអ្នកមិនស្គាល់ខ្ញុំទេឬអី? ខ្ញុំយាងនៅក្នុងចំណោមមនុស្ស ហើយខ្ញុំរស់នៅក្នុងចំណោមមនុស្ស ដោយសារខ្ញុំបានក្លាយជាសាច់ឈាម ហើយខ្ញុំបានយាងចុះមកពិភពរបស់មនុស្ស។ គោលបំណងរបស់ខ្ញុំ មិនមែនគ្រាន់តែធ្វើឱ្យមនុស្សអាចមើលឃើញសាច់ឈាមរបស់ខ្ញុំនោះទេ សំខាន់ជាងនេះ គឺដើម្បីឱ្យមនុស្សស្គាល់ខ្ញុំ។ ជាងនេះទៅទៀត តាមរយៈសាច់ឈាមជាមនុស្សរបស់ខ្ញុំ នោះខ្ញុំនឹងកាត់ទោសមនុស្សដោយសារបាបរបស់ពួកគេ។ តាមរយៈសាច់ឈាមជាមនុស្សរបស់ខ្ញុំ ខ្ញុំនឹងយកឈ្នះនាគដ៏ធំមានសម្បុរក្រហម ហើយបំផ្លាញជម្រករបស់វាឱ្យវិនាសសាបសូន្យ។
ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១២ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត