ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលេចមកនិងកិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ៧៤

14-11-2025

ព្រះជាម្ចាស់ និងមនុស្សមិនអាចត្រូវបាននិយាយនៅកម្រិតស្មើគ្នាឡើយ។ សារជាតិ និងកិច្ចការរបស់ទ្រង់ ជាអ្វីមួយដែលមនុស្សមិនអាចវាស់ស្ទង់ និងយល់បានឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនធ្វើកិច្ចការរបស់ទ្រង់ និងមានបន្ទូលដោយផ្ទាល់នៅក្នុងពិភពលោករបស់មនុស្សទេ នោះមនុស្សនឹងមិនអាចយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ដូច្នេះ សូម្បីតែអ្នកដែលបានដាក់ជីវិតរបស់គេទាំងស្រុងចំពោះព្រះជាម្ចាស់ ក៏នឹងមិនអាចទទួលបានការយល់ព្រមពីទ្រង់ដែរ។ ប្រសិនបើព្រះជាម្ចាស់មិនចាប់ផ្ដើមធ្វើការទេ ទោះបីមនុស្សធ្វើការបានល្អយ៉ាងណាក៏វានៅតែគ្មានតម្លៃអ្វីសោះឡើយ ព្រោះថាព្រះតម្រិះរបស់ព្រះជាម្ចាស់នឹងតែងតែខ្ពង់ខ្ពស់ជាងគំនិតរបស់មនុស្ស ហើយព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់តែងតែលើសហួសពីការយល់ដឹងរបស់មនុស្សជានិច្ច។ ហេតុនេះហើយបានជាខ្ញុំនិយាយថា អស់អ្នកដែលអះអាងថា «ខ្លួនយល់ទាំងស្រុង» អំពីព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់ តាមពិតទៅជាមនុស្សល្ងីល្ងើវិញទេ។ ពួកគេទាំងអស់គ្នា សុទ្ធតែជាមនុស្សដែលគិតតែពីខ្លួនឯង និងល្ងង់ខ្លៅ។ មនុស្សមិនគួរកំណត់និយមន័យអំពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ មួយវិញទៀត មនុស្សមិនអាចកំណត់និយមន័យអំពីកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សគឺតូចជាងសត្វស្រមោចទៅទៀត។ តើមនុស្សអាចវាស់ស្ទង់អំពីកិច្ចការរបស់ព្រះជាម្ចាស់បានដោយរបៀបណា? អស់អ្នកដែលចូលចិត្តនិយាយប៉ប៉ាច់ប៉ប៉ោចថា «ព្រះជាម្ចាស់មិនធ្វើការបែបនេះ ឬបែបនោះ» ឬ «ព្រះជាម្ចាស់មានលក្ខណៈបែបនេះ ឬបែបនោះ» តើពួកគេមិនមែនកំពុងនិយាយទាំងអួតក្អេងក្អាងទេឬអី? យើងទាំងអស់គ្នាគួរតែដឹងថា មនុស្សដែលរស់នៅខាងសាច់ឈាមបែបនេះ ត្រូវបានអារក្សសាតាំងធ្វើឱ្យពុករលួយរួចទៅហើយ។ និស្ស័យដើមរបស់មនុស្សជាតិគឺប្រឆាំងទាស់នឹងព្រះជាម្ចាស់។ មនុស្សជាតិមិនអាចមានឋានៈស្មើនឹងព្រះជាម្ចាស់ឡើយ ហើយមនុស្សជាតិក៏គ្មានថ្ងៃសង្ឃឹមចង់ផ្ដល់ដំបូន្មានដល់កិច្ចការរបស់ព្រះជាម្ចាស់នោះដែរ។ ទាក់ទងនឹងរបៀបដែលព្រះជាម្ចាស់ដឹកនាំមនុស្ស នោះជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់។ វាជារឿងសក្ដិសមដែលមនុស្សគួរតែចុះចូលធ្វើតាម ដោយមិនចាំបាច់ហាមាត់និយាយអំពីទស្សនៈបែបនេះ ឬបែបនោះឡើយ ដ្បិតមនុស្សគ្មានអ្វីក្រៅពីជាធូលីដីឡើយ។ ដោយសារនេះជាចេតនារបស់យើងក្នុងការស្វែងរកព្រះជាម្ចាស់ ដូច្នេះ យើងមិនគួរដាក់សញ្ញាណរបស់យើងពីលើកិច្ចការរបស់ទ្រង់ ដើម្បីឱ្យព្រះជាម្ចាស់យកទៅពិចារណាឡើយ ហើយជាងនេះទៅទៀត យើងមិនគួរប្រើនិស្ស័យពុករលួយរបស់យើងទាំងអស់មកប្រឆាំងយ៉ាងដាច់អហង្ការនឹងកិច្ចការរបស់ព្រះជាម្ចាស់នោះទេ។ តើការធ្វើបែបនេះមិនធ្វើឱ្យយើងក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? តើមនុស្សបែបនេះអាចជឿលើព្រះជាម្ចាស់បានយ៉ាងដូចម្ដេច? ដោយសារតែយើងជឿថា មានព្រះជាម្ចាស់ ហើយដោយសារតែយើងចង់បំពេញតាមព្រះហឫទ័យរបស់ទ្រង់ និងចង់ឃើញទ្រង់ ដូច្នេះ យើងគួរតែស្វែងរកផ្លូវនៃសេចក្តីពិត និងស្វែងរកផ្លូវ ដើម្បីស្របគ្នាជាមួយទ្រង់វិញ។ យើងមិនគួរប្រឆាំងនឹងទ្រង់ ដោយចិត្តបះបោរទាស់នឹងទ្រង់ឡើយ។ តើទង្វើបែបនេះអាចនាំឱ្យមានផលល្អអ្វីទៅ?

សព្វថ្ងៃនេះ ព្រះជាម្ចាស់បានធ្វើកិច្ចការថ្មី។ អ្នកប្រហែលជាមិនទទួលយកពាក្យទាំងនេះឡើយ ហើយពាក្យទាំងនេះក៏ប្រហែលជាចម្លែកសម្រាប់អ្នកផងដែរ ប៉ុន្តែខ្ញុំសូមដាស់តឿនថា អ្នកមិនត្រូវបង្ហាញសារជាតិដើមរបស់អ្នកឡើយ ព្រោះថាមានតែអស់អ្នកដែលពិតជាស្រេកឃ្លាន និងចង់បានសេចក្តីសុចរិតនៅចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចទទួលបានសេចក្តីពិត ហើយមានតែអស់អ្នកដែលពិតជាប្ដូរផ្ដាច់ចំពោះទ្រង់ប៉ុណ្ណោះ ទើបអាចទទួលបានការបំភ្លឺ និងការដឹកនាំពីទ្រង់។ លទ្ធផលទទួលបានតាមរយៈការស្វែងរកសេចក្តីពិត ដោយចិត្តស្ងប់សុខ មិនមែនដោយការឈ្លោះប្រកែក និងការទាស់ទែងនោះឡើយ។ នៅពេលដែលខ្ញុំមានបន្ទូលថា «សព្វថ្ងៃនេះ ព្រះជាម្ចាស់បានធ្វើកិច្ចការថ្មី» ខ្ញុំកំពុងតែសំដៅលើកិច្ចការនៃការយាងត្រឡប់មកជាសាច់ឈាមរបស់ព្រះជាម្ចាស់។ ប្រហែលពាក្យទាំងនេះមិនធ្វើឱ្យអ្នកខ្វល់ចិត្តឡើយ។ ប្រហែលអ្នកស្អប់ខ្ពើមពាក្យទាំងនេះ ឬមួយក៏វាធ្វើឱ្យអ្នកចាប់អារម្មណ៍យ៉ាងខ្លាំង។ មិនថាក្នុងករណីណាមួយឡើយ ខ្ញុំសង្ឃឹមថា អស់អ្នកណាដែលពិតជាចង់ឱ្យព្រះជាម្ចាស់លេចមក គឺអាចទទួលយកការពិតនេះ ហើយពិចារណាយ៉ាងល្អិតល្អន់អំពីពាក្យទាំងនេះ ជាជាងឆាប់ធ្វើសេចក្តីសន្និដ្ឋាន។ នេះហើយជាអ្វីដែលមនុស្សមានប្រាជ្ញាគួរតែធ្វើ។

វាមិនពិបាកឡើយក្នុងការសួរនាំរកចម្លើយ ប៉ុន្តែវាតម្រូវឱ្យយើងម្នាក់ៗដឹងអំពីសេចក្តីពិតមួយនេះជាមុនសិន៖ ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្រេចកិច្ចការដែលទ្រង់ចង់ធ្វើ ហើយដោយសារតែព្រះជាម្ចាស់ បានត្រលប់ជាសាច់ឈាម ដូច្នេះទ្រង់នឹងសម្ដែងអំពីលក្ខណៈរបស់ទ្រង់ ហើយទ្រង់នឹងអាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងដឹកនាំផ្លូវគេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្ស។ ដូច្នេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់សួរនាំថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែបញ្ជាក់អះអាងការនេះ ដោយចេញពីនិស្ស័យដែលទ្រង់បង្ហាញចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីបញ្ជាក់អះអាងថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដើម្បីកំណត់ថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ចំណុចគន្លឹះស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាងងឹតងងល់ និងល្ងង់ខ្លៅហើយ។ រូបរាងខាងក្រៅមិនអាចកំណត់ពីសារជាតិបានឡើយ។ ជាងនេះទៅទៀត កិច្ចការរបស់ព្រះជាម្ចាស់មិនអាចស្របតាមសញ្ញាណរបស់មនុស្សបានទេ។ តើរូបរាងខាងក្រៅរបស់ព្រះយេស៊ូវមិនផ្ទុយពីសញ្ញាណរបស់មនុស្សទេឬអី? តើទឹកមុខ និងសម្លៀកបំពាក់របស់ទ្រង់មិនអាចផ្ដល់ជាតម្រុយអំពីអត្តសញ្ញាណដ៏ពិតរបស់ទ្រង់ទេឬអី? តើពួកផារីស៊ីនៅគ្រាដំបូងមិនបានប្រឆាំងនឹងព្រះយេស៊ូវ ដោយសារតែពួកគេគ្រាន់តែមើលទៅកាន់រូបរាងខាងក្រៅរបស់ទ្រង់ និងមិនអាចទទួលព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ទេឬអី? ខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រីម្នាក់ៗដែលស្វែងរកការលេចមករបស់ព្រះជាម្ចាស់ នឹងមិនដើរជាន់ដានប្រវត្តិសាស្ត្រដែលពេញដោយសោកនាដកម្មនេះឡើយ។ អ្នកមិនត្រូវក្លាយជាពួកផារីស៊ីសម័យទំនើប ហើយដំដែកគោលព្រះជាម្ចាស់ទៅនឹងឈើឆ្កាងម្ដងទៀតឡើយ។ អ្នកគួរតែពិចារណាយ៉ាងយកចិត្តទុកដាក់អំពីរបៀបស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះជាម្ចាស់ ហើយអ្នកគួរតែមានគំនិតជ្រះថ្លាទាក់ទងនឹងរបៀបក្លាយជាមនុស្សម្នាក់ដែលចុះចូលចំពោះសេចក្តីពិតវិញ។ នេះជាទំនួលខុសត្រូវរបស់មនុស្សគ្រប់គ្នា ដែលកំពុងរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវនៅលើពពក។ យើងគួរតែញីភ្នែកខាងវិញ្ញាណរបស់យើង ដើម្បីឱ្យមើលឃើញច្បាស់ ហើយមិនផុងជ្រៅនៅក្នុងពាក្យនិយាយបំផ្លើសបែបរវើរវាយ។ យើងគួរតែគិតអំពីកិច្ចការដ៏ពិតជាក់របស់ព្រះជាម្ចាស់ និងមើលទៅកាន់ទិដ្ឋភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់វិញ។ ចូរកុំបណ្ដោយខ្លួនឱ្យអណ្ដែតអណ្ដូង ឬវង្វេងនៅក្នុងការរវើរវាយឡើយ ប៉ុន្តែចូរទន្ទឹងរង់ចាំជានិច្ចនូវថ្ងៃដែលព្រះអម្ចាស់ព្រះយេស៊ូវយាងនៅលើពពក ចុះមកភ្លាមៗក្នុងចំណោមអ្នករាល់គ្នា ហើយនាំយកអ្នករាល់គ្នាដែលមិនធ្លាប់ស្គាល់ ឬធ្លាប់ឃើញទ្រង់ និងអស់អ្នកដែលមិនដឹងពីរបៀបធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ដូច្នេះ ការគិតអំពីកិច្ចការជាក់ស្ដែង គឺជារឿងដែលប្រសើរជាង!

ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល