ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ និស្ស័យ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ២៤៣
02-12-2025
មនុស្សត្រូវតែប្រកាន់ខ្ជាប់នូវកាតព្វកិច្ចដែលពួកគេគួរបំពេញ។ មនុស្សគួរតែប្រកាន់ខ្ជាប់កាតព្វកិច្ចទាំងនេះ ហើយពួកគេក៏ត្រូវតែបំពេញកាតព្វកិច្ចនេះដែរ។ ចូរអនុញ្ញាតឱ្យព្រះវិញ្ញាណបរិសុទ្ធ ធ្វើកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធត្រូវធ្វើទៅចុះ។ មនុស្សមិនអាចជួយអ្វីបានឡើយ។ មនុស្សគួរប្រកាន់ខ្ជាប់កិច្ចការដែលមនុស្សគួរធ្វើ ដោយគ្មានពាក់ព័ន្ធនឹងព្រះវិញ្ញាណបរិសុទ្ធទេ។ មនុស្សគ្មានអ្វីក្រៅពីត្រូវគោរពតាមកិច្ចការដែលមនុស្សគួរធ្វើនោះទេ ហើយគួរគោរពតាមកិច្ចការទាំងនោះឱ្យដូចជាបញ្ញត្តិ ឱ្យដូចទៅនឹងការគោរពតាមក្រឹត្យវិន័យនៅក្នុងគម្ពីរសញ្ញាចាស់ដែរ។ ទោះបីពេលនេះ មិនមែនជាយុគសម័យនៃក្រឹត្យវិន័យក៏ដោយ ក៏នៅតែមានព្រះបន្ទូលជាច្រើន ដែលគួរតែគោរពតាមដដែល ជាប្រភេទព្រះបន្ទូលតែមួយដែលបានថ្លែងនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ មិនមែនគ្រាន់តែត្រូវអនុវត្តតាមព្រះបន្ទូលទាំងនេះដោយពឹងអាងលើការបណ្ដាលចិត្តពីព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ មនុស្សគួរតែគោរពតាមព្រះបន្ទូលទាំងនេះ។ ឧទាហរណ៍៖
អ្នកមិនត្រូវធ្វើការវិនិច្ឆ័យចំពោះកិច្ចការរបស់ព្រះដ៏ជាក់ស្ដែងឡើយ។
អ្នកមិនត្រូវប្រឆាំងទាស់នឹងមនុស្សដែលព្រះជាម្ចាស់បានធ្វើបន្ទាល់ឡើយ។
នៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ អ្នកត្រូវស្គាល់តួនាទីខ្លួនឯងនៅកន្លែងណា ហើយមិនត្រូវព្រហើនគ្មានសីលធម៌ទេ។
អ្នកគួរតែនិយាយស្ដីឱ្យចេះប្រមាណខ្លួន ហើយទាំងពាក្យសម្ដី និងសកម្មភាពរបស់អ្នក ត្រូវតែប្រព្រឹត្តទៅតាមការរៀបចំរបស់មនុស្សដែលត្រូវព្រះជាម្ចាស់បានធ្វើបន្ទាល់។
អ្នកគួរកោតខ្លាចទីបន្ទាល់របស់ព្រះជាម្ចាស់។ អ្នកមិនគួរព្រងើយកន្ដើយចំពោះកិច្ចការរបស់ទ្រង់ និងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ឡើយ។
អ្នកមិនគួរត្រាប់តាមសំឡេង និងបំណងនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ឡើយ។
ឫកពារខាងក្រៅ អ្នកមិនត្រូវធ្វើអ្វីប្រឆាំងនឹងមនុស្សដែលព្រះជាម្ចាស់បានធ្វើបន្ទាល់ឡើយ។
មនុស្សម្នាក់ៗគួរប្រកាន់ខ្ជាប់តាមចំណុចទាំងនេះ។ នៅក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់ចែងពីក្បួនច្បាប់ជាច្រើន ដែលស្រដៀងគ្នានឹងក្រឹត្យវិន័យដែរ ហើយមនុស្សត្រូវតែគោរពតាម។ តាមរយៈកិច្ចការនេះ ទ្រង់រឹតត្បិតនិស្ស័យរបស់មនុស្ស ហើយស្វែងរកភាពស្មោះត្រង់របស់ពួកគេ។ ឧទាហរណ៍៖ ចូរពិចារណាអំពីព្រះបន្ទូលទ្រង់ថា «ចូរគោរពប្រណិប័តន៍ដល់ឪពុកម្ដាយរបស់អ្នក» នៅក្នុងយុគសម័យនៃព្រះគម្ពីរសញ្ញាចាស់ចុះ។ ព្រះបន្ទូលទាំងនេះ មិនអនុវត្តនៅក្នុងពេលសព្វថ្ងៃនេះទេ។ នៅគ្រានោះ បន្ទូលនេះគ្រាន់តែជាការរឹតត្បិតនិស្ស័យខាងក្រៅរបស់មនុស្សមួយចំនួនប៉ុណ្ណោះ ហើយត្រូវបានប្រើដើម្បីបង្ហាញពីភាពស្មោះត្រង់នៃជំនឿរបស់មនុស្សមកលើព្រះជាម្ចាស់ ក៏ដូចជាសញ្ញាសម្គាល់របស់អ្នកដែលបានជឿលើព្រះជាម្ចាស់រួចហើយ។ ទោះបីជាឥឡូវនេះជាយុគសម័យនៃនគរព្រះក៏ពិតមែន ក៏ប៉ុន្តែ នៅតែមានក្រឹក្យវិន័យជាច្រើន ដែលមនុស្សត្រូវតែគោរពតាមដែរ។ ក្បួនច្បាប់ពីយុគសម័យមុន មិនត្រូវយកមកអនុវត្តនោះទេ ហើយសព្វថ្ងៃនេះ មានការអនុវត្តសមស្របជាច្រើនទៀតសម្រាប់ឱ្យមនុស្សប្រតិបត្តតាម ហើយជាការអនុវត្តដ៏ចាំបាច់បំផុត។ កិច្ចការទាំងនេះ មិនទាក់ទងនឹងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ហើយតម្រូវឱ្យមនុស្សបំពេញកិច្ចការទាំងនេះ។
នៅក្នុងយុគសម័យនៃព្រះគុណ ការអនុវត្តជាច្រើននៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ត្រូវបានគេបោះបង់ចោល ដោយសារតែក្រឹត្យវិន័យទាំងនោះគ្មានប្រសិទ្ធភាពពិសេសអ្វីសម្រាប់កិច្ចការនៅពេលនោះ។ ក្រោយពីក្រឹត្យវិន័យទាំងនោះត្រូវបានគេបោះបង់ចោល ការអនុវត្តជាច្រើនក៏ត្រូវបានគេកំណត់ឡើង ដែលសមស្របសម្រាប់យុគសម័យនោះ ហើយបានក្លាយទៅជាក្បួនច្បាប់នាពេលសព្វថ្ងៃនេះ។ នៅពេលដែលព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះយាងមក ក្បួនច្បាប់ទាំងនេះ ត្រូវគេឈប់ប្រើ ហើយក៏លែងតម្រូវឱ្យមានការគោរពតាមទៀតដែរ ហើយមានកំណត់នូវការអនុវត្តជាច្រើនដែលសមស្របសម្រាប់កិច្ចការនាពេលសព្វថ្ងៃនេះ។ សព្វថ្ងៃនេះ ការអនុវត្តទាំងនេះមិនមែនជាក្បួនច្បាប់នោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺមានគោលបំណងដើម្បីឱ្យមានប្រសិទ្ធភាព។ ការអនុវត្តទាំងនេះសមស្របសម្រាប់ពេលបច្ចុប្បន្ននេះ ហើយទៅអនាគត ការអនុវត្តទាំងនេះនឹងអាចក្លាយជាក្បួនច្បាប់បាន។ សរុបសេចក្ដីមក អ្នកគួរតែគោរពតាមការអនុវត្តណាដែលមានផលផ្លែសម្រាប់កិច្ចការនៅថ្ងៃនេះ។ ចូរកុំខ្វាយខ្វល់នឹងថ្ងៃអនាគតធ្វើអ្វី៖ កិច្ចការដែលធ្វើនៅថ្ងៃនេះ គឺសម្រាប់ថ្ងៃនេះ។ ប្រហែលជានៅពេលដែលថ្ងៃស្អែកមកដល់ អាចនឹងមានការអនុវត្តប្រសើរជាងនេះ ដែលតម្រូវឱ្យអនុវត្តតាមផងក៏មិនដឹង។ ចូរកុំយកចិត្តទុកដាក់នឹងរឿងនេះខ្លាំងពេក។ ផ្ទុយទៅវិញ ត្រូវប្រកាន់ខ្ជាប់នូវអ្វីដែលគួរគោរពតាមនៅថ្ងៃនេះ ដើម្បីចៀសវាងការប្រឆាំងទាស់នឹងព្រះជាម្ចាស់។ សព្វថ្ងៃនេះ គ្មានអ្វីដែលសំខាន់សម្រាប់មនុស្សជាងការគោរពតាមប្រការទាំងនេះឡើយ៖
អ្នកដាច់ខាតមិនត្រូវព្យាយាមលួងលោមបញ្ឆោតព្រះជាម្ចាស់ដែលឈរនៅនឹងមុខអ្នក ឬព្យាយាមបិទបាំងអ្វីមិនឱ្យទ្រង់ទតឃើញឡើយ។
អ្នកមិនត្រូវពោលពាក្យស្មោកគ្រោក ឬនិយាយក្រអឺតក្រទមនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ដែលគង់នៅចំពោះមុខអ្នកឡើយ។
អ្នកមិនត្រូវបោកបញ្ឆោតព្រះជាម្ចាស់ ដែលគង់នៅនឹងមុខអ្នក ដោយពាក្យសម្ដីផ្អែមដូចទឹកឃ្មុំ និងសម្ដីត្រឹមត្រូវ ដើម្បីទទួលបានការជឿទុកចិត្តពីទ្រង់ឡើយ។
អ្នកមិនគួរប្រព្រឹត្តដោយគ្មានការគោរពនៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ឡើយ។ អ្នកត្រូវតែចុះចូលនឹងព្រះបន្ទូលទាំងអស់ដែលថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយមិនត្រូវរឹងទទឹង ប្រឆាំងទាស់ ឬប្រកែកតវ៉ានឹងព្រះបន្ទូលរបស់ទ្រង់ឡើយ។
អ្នកមិនត្រូវបកស្រាយតាមដែលអ្នកយល់ឃើញថាសមស្របទៅតាមព្រះបន្ទូលដែលថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ឡើយ។ អ្នកគួរតែប្រយ័ត្នអណ្ដាតរបស់ខ្លួន ដើម្បីចៀសវាងកុំឱ្យអណ្ដាតនោះធ្វើឱ្យអ្នកធ្លាក់ខ្លួនក្លាយជាចំណីនៃគ្រោងការបោកបញ្ឆោតរបស់ពួកមនុស្សអាក្រក់។
អ្នកគួរតែប្រយ័ត្តជំហានរបស់អ្នក ដើម្បីចៀសវាងកុំឱ្យបំពានលើព្រំដែនដែលព្រះជាម្ចាស់បានកំណត់សម្រាប់អ្នក។ ប្រសិនបើអ្នកបំពានព្រំដែននេះ នោះវានឹងបណ្តាលឱ្យអ្នកឈរនៅទីតាំងរបស់ព្រះជាម្ចាស់ និងពោលពាក្យក្រអឺតក្រទម ដូច្នេះ ព្រះជាម្ចាស់នឹងស្អប់អ្នកមិនខាន។
អ្នកមិនត្រូវផ្សាយព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដោយធ្វេសប្រហែសឡើយ ក្រែងលោអ្នកដទៃណាសើចចំអកមើលងាយអ្នក ហើយក្រែងលោពួកអារក្សលេងល្បិចដាក់អ្នក។
អ្នកត្រូវចុះចូលនឹងកិច្ចការទាំងអស់របស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ។ បើទោះបីជាអ្នកមិនយល់ពីកិច្ចការនោះក៏ដោយ ក៏អ្នកមិនត្រូវរិះគន់កិច្ចការនោះដែរ។ អ្វីដែលអ្នកអាចធ្វើបាន គឺត្រូវស្វែងរក និងប្រកបគ្នា។
គ្មាននរណាម្នាក់អាចបំពានកន្លែងដើមរបស់ព្រះជាម្ចាស់បានឡើយ។ ក្រៅតែពីបម្រើព្រះជាម្ចាស់នាពេលបច្ចុប្បន្នតាមទស្សនៈរបស់មនុស្ស អ្នកមិនអាចធ្វើអ្វីផ្សេងពីនេះបានទេ។ អ្នកមិនអាចបង្រៀនព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះតាមទស្សនៈរបស់មនុស្សបានទេ ព្រោះការដែលធ្វើដូច្នេះ គឺជារឿងខុសឆ្គង។
គ្មាននរណាម្នាក់អាចឈរនៅទីតាំងរបស់មនុស្សដែលព្រះជាម្ចាស់បានធ្វើបន្ទាល់ឡើយ។ ក្នុងពាក្យសម្ដី ការប្រព្រឹត្តិ និងគំនិតកប់ជ្រៅរបស់អ្នក អ្នកត្រូវប្រកាន់តាមទស្សនៈរបស់មនុស្ស។ មនុស្សត្រូវតែគោរពតាម ព្រោះវាជាទំនួសខុសត្រូវរបស់មនុស្ស ហើយគ្មាននរណាម្នាក់អាចកែប្រែបានឡើយ។ ការប៉ុនប៉ងធ្វើការកែប្រែ នឹងបំពានលើបញ្ញត្តិរដ្ឋបាលមិនខាន។ គ្រប់គ្នាគួរតែចងចាំចំណុចនេះទុក។
ដកស្រង់ពី «បញ្ញត្តិនៅក្នុងយុគសម័យថ្មី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត