ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៤៣៥

10-01-2022

តើអ្នកប្រណិប័តន៍តាមទំនៀមសាសនាចំនួនប៉ុន្មាន? តើប៉ុន្មានលើកហើយ ដែលអ្នកបានបះបោរប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះ ហើយដើរតាមផ្លូវរបស់ខ្លួនឯង? តើប៉ុន្មានលើកមកហើយ ដែលអ្នកអនុវត្តតាមព្រះបន្ទូលរបស់ព្រះ ដោយព្រោះតែអ្នកពិតជាគិតពិចារណាពីបន្ទុករបស់ទ្រង់ ហើយព្យាយាមបំពេញតាមព្រះហឫទ័យព្រះអង្គ? អ្នកគួរយល់នូវព្រះបន្ទូលរបស់ព្រះ ហើយអនុវត្តទៅតាមព្រះបន្ទូល។ ចូរមានគោលការណ៍នៅគ្រប់សកម្មភាព និងការប្រព្រឹត្តរបស់អ្នក គោលការណ៍នេះមិនមែនសំដៅលើការប្រកាន់ខ្ជាប់តាមច្បាប់ទម្លាប់ ឬធ្វើអ្វីមួយដោយទើសទាល់ ដើម្បីបង្ហាញឲ្យគេឃើញនោះឡើយ ផ្ទុយទៅវិញ វាសំដៅលើការអនុវត្តតាមសេចក្ដីពិត និងរស់នៅដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានតែការអនុវត្តបែបនេះប៉ុណ្ណោះ ទើបផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន។ សកម្មភាពទាំងឡាយណា ដែលផ្គាប់ព្រះហឫទ័យព្រះ គឺមិនមែនជាច្បាប់ទម្លាប់ទេ ប៉ុន្តែ ជាការអនុវត្តនូវសេចក្ដីពិត។ មនុស្សមួយចំនួនចូលចិត្តទាក់ទាញចំណាប់អារម្មណ៍មកលើខ្លួនឯង។ នៅចំពោះមុខបងប្អូនប្រុសស្រីរបស់ខ្លួន ពួកគេប្រហែលជានិយាយថា ខ្លួនជំពាក់ព្រះ ប៉ុន្តែ នៅក្រោយខ្នងអ្នកទាំងនោះ ពួកគេមិនអនុវត្តនូវសេចក្ដីពិតទេ ហើយប្រព្រឹត្តខុសស្រឡះ។ តើការទាំងនេះមិនមែនជាពួកផារិស៊ី ដែលកាន់សាសនាទេមែនទេ? មនុស្សម្នាក់ដែលពិតជាស្រលាញ់ព្រះមែន ហើយមាននូវសេចក្ដីពិត គេជាមនុស្សដែលស្មោះត្រង់នឹងព្រះ ប៉ុន្តែមិនបញ្ចេញឫកពារបែបនេះទេ។ បុគ្គលបែបនេះសុខចិត្តអនុវត្តនូវសេចក្ដីពិត នៅពេលមានស្ថានការណ៍កើតឡើង ហើយមិនស្រដី ឬប្រព្រឹត្តទង្វើដែលប្រឆាំងនឹងមនសិការរបស់គេឡើយ។ បុគ្គលបែបនេះបង្ហាញនូវប្រាជ្ញា នៅពេលដែលបញ្ហាកើតមានឡើង ហើយមានគោលការណ៍នៅក្នុងការប្រព្រឹត្តរបស់ខ្លួន មិនថាមានស្ថានការណ៍អ្វីក៏ដោយ។ បុគ្គលបែបនេះអាចផ្ដល់នូវការបម្រើយ៉ាងពិតប្រាកដ។ ជាញឹកញាប់ មានមនុស្សមួយចំនួននិយាយបានត្រឹមតែបបូរមាត់ អំពីការដែលគេជំពាក់គុណព្រះ ពួកគេចំណាយពេលក្នុងជីវិតរបស់គេដោយបង្ហាញទឹកមុខខ្វល់ខ្វាយ បង្ហាញឥរិយាបថថា ខ្លួនដូចជារងការប៉ះពាល់ ហើយធ្វើពុតគួរឲ្យអាណិត។ ពិតជាគួរឲ្យស្អប់ខ្ពើមណាស់! ប្រសិនបើអ្នកសួរគេថា «តើអ្នកអាចប្រាប់ខ្ញុំបានទេថា អ្នកជំពាក់គុណព្រះយ៉ាងណាដែរ?» នោះគេនឹងគាំងសម្ដី និយាយអ្វីមិនចេញ។ ប្រសិនបើអ្នកស្មោះត្រង់នឹងព្រះមែន ចូរកុំដើរនិយាយពីការនេះ ផ្ទុយទៅវិញ ចូរបង្ហាញសេចក្ដីស្រលាញ់របស់អ្នកចំពោះព្រះ ដោយវិធីអនុវត្តជាក់ស្ដែង ហើយអធិស្ឋានទៅកាន់ទ្រង់ដោយដួងចិត្តយ៉ាងពិតប្រាកដវិញ។ អស់អ្នកដែលគ្រាន់តែប្រព្រឹត្តចំពោះព្រះត្រឹមតែមាត់ និងគ្រាន់តែដើម្បីបង្គ្រប់កិច្ច គឺសុទ្ធតែជាមនុស្សកំពុត! មានមនុស្សមួយចំនួននិយាយពីការជំពាក់គុណនឹងព្រះនៅរាល់លើកដែលគេអធិស្ឋាន ហើយចាប់ផ្ដើមយំនៅរាល់លើកដែលគេអធិស្ឋាន ទោះបីជាមិនទទួលបានការប៉ះពាល់ចិត្តពីព្រះវិញ្ញាណបរិសុទ្ធក្ដី។ មនុស្សបែបនេះត្រូវបានគ្រប់គ្រងដោយច្បាប់ពិធី និងសញ្ញាណផ្នែកសាសនា ពួកគេរស់នៅដោយទំនៀម និងសញ្ញាណសាសនា ពួកគេរស់នៅកាន់តាមទំនៀម និងសញ្ញាណបែបនេះ ដោយជឿជាក់ជានិច្ចថា សកម្មភាពទាំងនោះគាប់ព្រះហឫទ័យព្រះ ហើយជឿថា ទ្រង់សព្វព្រះហឫទ័យនឹងការគោរពប្រតិបត្តិតាមព្រះបែបលំៗ ឬទឹកភ្នែកសោកសៅ។ តើមានអ្វីល្អចេញពីមនុស្សមិនសមហេតុផលបែបនេះ? ដើម្បីបង្ហាញនូវការបន្ទាបខ្លួន មនុស្សមួយចំនួនធ្វើពុតជាប្រកបដោយព្រះគុណ នៅពេលខ្លួននិយាយចំពោះមុខអ្នកដទៃ។ អ្នកខ្លះក្រាបលូនដោយចេតនា នៅចំពោះមុខអ្នកដទៃ ធ្វើខ្លួនដូចជាកូនចៀមដែលគ្មានកម្លាំងកំហែងបន្តិចសោះ។ តើនេះឬជាឫកពារដ៏សក្ដិសមរបស់ប្រជារាស្តនៃនគរព្រះ? ប្រជារាស្ដ្រនៅក្នុងនគរព្រះ គួរតែរស់រវើក និងមានសេរីភាព គ្មានទោស និងបើកចំហ ស្មោះត្រង់ និងគួរឲ្យស្រលាញ់ ហើយរស់នៅក្នុងស្ថានភាពមួយប្រកបដោយសេរីភាព។ ពួកគេគួរមានសច្ចភាព និងភាពថ្លៃថ្នូរ ហើយអាចឈរជាស្មរបន្ទាល់នៅគ្រប់ទីកន្លែងដែលគេទៅ ទាំងព្រះ ទាំងមនុស្សផងទាំងពួង សុទ្ធតែស្រឡាញ់មនុស្សបែបនេះ។ មនុស្សក្មេងខ្ចីខាងឯជំនឿ មានការអនុវត្តខាងក្រៅច្រើនពេក ពួកគេត្រូវឆ្លងកាត់រយៈពេលដែលត្រូវលាងជម្រះ និងបំបាក់បំបកជាមុនសិន។ មនុស្សដែលមានជំនឿលើព្រះយ៉ាងជ្រាលជ្រៅ គឺមិនអាចសម្គាល់ខុសពីអ្នកដទៃដោយមើលពីសំបកក្រៅទេ ប៉ុន្តែសកម្មភាព និងការប្រព្រឹត្តរបស់គេ គឺគួរឲ្យសរសើរវិញ។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ទើបអាចរាប់ទុកថារស់នៅតាមព្រះបន្ទូលរបស់ព្រះ។ ប្រសិនបើអ្នកប្រកាសដំណឹងល្អរាល់ថ្ងៃ ទៅកាន់មនុស្សជាច្រើន ដើម្បីខិតខំនាំគេចូលមកកាន់ការសង្គ្រោះ ប៉ុន្តែនៅទីបញ្ចប់ អ្នកនៅតែរស់នៅតាមច្បាប់ទម្លាប់ និងគោលលទ្ធិផ្សេងៗ នោះអ្នកមិនអាចថ្វាយសិរីល្អដល់ព្រះបានឡើយ។ មនុស្សបែបនេះ គឺជាអ្នកកាន់សាសនា ហើយក៏ជាមនុស្សកំពុតដែរ។

តើទង្វើល្អដ៏រាក់កំផែលរបស់មនុស្សតំណាងឲ្យអ្វី? ការណ៍ទាំងនោះតំណាងឲ្យសាច់ឈាម ហើយសូម្បីតែការអនុវត្តខាងក្រៅដ៏ល្អបំផុតក៏មិនតំណាងឲ្យជីវិតដែរ ការទាំងនោះអាចគ្រាន់តែបង្ហាញពីលក្ខណៈជាបុគ្គលផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ។ ការអនុវត្តពីខាងក្រៅរបស់មនុស្ស គឺមិនអាចបំពេញព្រះហឫទ័យចង់បានរបស់ព្រះបានទេ។ អ្នកនិយាយអំពីការជំពាក់ព្រះជាប់ជានិច្ច ប៉ុន្តែអ្នកមិនអាចផ្គត់ផ្គង់ជីវិតរបស់អ្នកដទៃ ឬលើកទឹកចិត្តពួកគេឲ្យស្រលាញ់ព្រះបានឡើយ។ តើអ្នកជឿថា សកម្មភាពនានាដែលអ្នកប្រព្រឹត្តនោះ នឹងបំពេញព្រះហឫទ័យព្រះដែរឬទេ? អ្នកគិតថា ទង្វើរបស់អ្នកសមស្របតាមព្រះហឫទ័យព្រះ ហើយសកម្មភាពទាំងនោះកើតចេញពីព្រះវិញ្ញាណ ប៉ុន្តែតាមការពិត គំនិតនេះ សុទ្ធតែជាគំនិតលេលា! អ្នកជឿថា អ្វីដែលគាប់ចិត្តអ្នក និងអ្វីដែលអ្នកសុខចិត្តធ្វើ គឺច្បាស់ជាអ្វីដែលព្រះសព្វព្រះហឫទ័យ។ តើអ្វីដែលអ្នកចូលចិត្ត អាចតំណាងឲ្យព្រះបានទេ? តើអត្តចរិតរបស់បុគ្គលម្នាក់ អាចតំណាងឲ្យព្រះបានទេ? ច្បាស់ណាស់ អ្វីដែលគាប់ចិត្តអ្នក គឺជាអ្វីដែលព្រះស្អប់ខ្ពើម ហើយទម្លាប់របស់អ្នក គឺជាអ្វីដែលព្រះមិនគាប់ព្រះហឫទ័យ ហើយបដិសេធ។ ប្រសិនបើអ្នកមានអារម្មណ៍ជំពាក់ព្រះ ចូរទៅអធិស្ឋាននៅចំពោះព្រះចុះ មិនចាំបាច់និយាយពីរឿងនេះប្រាប់អ្នកដទៃទេ។ ប្រសិនបើអ្នកមិនអធិស្ឋាននៅចំពោះព្រះទេ ហើយផ្ទុយទៅវិញ អ្នកចេះតែបង្វែរចំណាប់អារម្មណ៍មកលើខ្លួនឯង នៅចំពោះមុខអ្នកដទៃ តើទង្វើនេះអាចផ្គាប់ព្រះហឫទ័យព្រះបានដែរឬទេ? ប្រសិនបើសកម្មភាពរបស់អ្នក មានតែក្នុងអការៈសម្ដែងខាងក្រៅ នោះមានន័យថា អ្នកទៅជាឥតប្រយោជន៍ ដោយព្រោះទង្វើជ្រុលនិយមនេះហើយ។ តើចរិតបែបណាខ្លះ ជាចរិតមនុស្សដែលគ្រាន់តែប្រព្រឹត្តអំពើល្អបែបរាក់កំផែល ហើយគ្មានការពិត? មនុស្សបែបនេះគ្រាន់តែជាពួកផារិស៊ីដ៏កំពុត និងជាអ្នកកាន់សាសនាប៉ុណ្ណោះ! ប្រសិនបើអ្នកមិនបោះបង់ចោលនូវការប្រព្រឹត្តតែសំបកក្រៅរបស់អ្នក ហើយមិនអាចធ្វើការផ្លាស់ប្ដូរបានទេ នោះចរិតពុតត្បុតនៅក្នុងចិត្តអ្នកនឹងចម្រើនឡើងថែមទៀត។ បើចរិតពុតត្បុតរបស់អ្នកកាន់តែធំ នោះការទាស់ទទឹងនឹងព្រះជាម្ចាស់ក៏មានកាន់តែច្រើនដែរ។ នៅទីបញ្ចប់ មនុស្សបែបនេះនឹងត្រូវលុបបំបាត់ចោលជាប្រាកដ!

ដកស្រង់ពី «មនុស្សត្រូវតែផ្ដោតលើភាពជាក់ស្ដែងនៅក្នុងសេចក្ដីជំនឿ ពោលគឺការប្រណិប័តន៍តាមពិធីសាសនា មិនមែនជាជំនឿទេ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល